មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-អាម៉េរិក ពិភាក្សាអំពីការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា

ព័ត៌មានជាតិ

សិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A និងB នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ពី​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង

2025/12/01 03:17:36 pm        462
រយៈពេល ១០ឆ្នាំចុងក្រោយ សិស្សថ្នាក់ទី១២ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ដែលបានប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A និង និទ្ទេស B តែងទទួលបានរង្វាន់លើកទឹកចិត្ត ជាម៉ូតូ កុំព្យូទ័រ ថវិកា និងសម្ភារៈសិក្សាផ្សេងៗ ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ។កាលពីរសៀល ថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកកំពឹស បានប្រារព្ធពិធីប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ស្ថិតនៅក្នុង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ជាប់និទ្ទេសA ចំនួន០១នាក់ និងនិទ្ទេសB ចំនួន ១០នាក់ នៅទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងការអបអរសាទរចំពោះលទ្ធផលសិក្សា របស់ក្មួយៗ ដែលបានសម្រេចជោគជ័យនាពេលនេះ ក៏ដូចជាសម្តែងការអបអរសាទរចំពោះលោកនាយក លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស ដែលបានចូលរួមសហការគ្នាយ៉ាងល្អ ក្នុងការគ្រប់គ្រង អប់រំ បណ្តុះបណ្តាលកូនក្មួយសិស្សានុសិស្ស ឲ្យក្លាយជាកូនល្អ សិស្សល្អ ដែលជាធនធានដ៏មានតម្លៃ មានគុណភាព មានប្រសិទ្ធិភាព ក្នុងការចូលរួមជួយជ្រោមជ្រែងគ្រួសារ បម្រើសង្គម និងអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ដើម្បីចូលរួមលើកទឹកចិត្តលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានធ្វើការផ្តល់ជូននូវរង្វាន់ដូចរាល់ឆ្នាំតាមការសន្យា ដោយសិស្សនិទ្ទេសA ឆ្នាំនេះ មានឈ្មោះ ជឿន សំណាង ភេទប្រុស ទទួលបានម៉ូតូហុងដា វ៉េវ១១០ ស៊ែរីឆ្នាំ២០២៥ ចំនួន០១គ្រឿង ថវិកា២០ម៉ឺនរៀល និងនិទ្ទេសB ចំនួន១០នាក់ ម្នាក់ៗទទួលបានកុំព្យូទ័រយួរដៃ០១គ្រឿង ថវិកា ២០ម៉ឺនរៀល។ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មានប្រសាសន៍បន្ថែមថា ចាប់តាំងពីលោកបានផ្លាស់ពីមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មកកាន់តំណែងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៣ និងបានចុះជួយការងារមូលដ្ឋានក្នុងសង្កាត់ព្រែកកំពឹសរហូតមក លោក ពិតជាមានមនោសញ្ចេតនាជ្រាលជ្រៅជាមួយគ្រួសារអ្នកព្រែកកំពឹសស្ទើរដូចសាច់ញាតិទៅហើយ ដោយកន្លងមក លោក ក៏បានផ្តល់អំណោយជាប្រចាំរាល់ខែ មាន អង្ករ ថវិកា និងគ្រឿងឧបភោគបរិភោគផ្សេងៗ ដល់ចាស់ជរាគ្មានទីពឹងក៏ដូចជាទុរគត់ជន ប្រមាណជាង ២០គ្រួសារមកដល់ឥឡូវ ។ រីឯចំពោះបងប្អូនដែលខ្វះលទ្ធភាពហើយឈឺស្កាត់ លោក តែងបញ្ជូនគ្រូពេទ្យអង្គភាពឲ្យទៅជួយពិនិត្យព្យាបាល ជូនទៅមន្ទីរពេទ្យ និងជួយសម្រួលចេញថ្លៃព្យាបាលឲ្យពួកគាត់ ។ ដោយឡែកគ្រប់គ្រួសារដែលមានពិធីបុណ្យសព លោក តែងចាត់ក្រុមការងារឲ្យទៅចូលរួមរំលែកទុក្ខនិងចូលរួមថវិកា អង្ករ និងគ្រឿងឧបភោគបរិភោគក្នុងកម្មវិធីបុណ្យផងដែរ ក្រៅពីនេះលោកក៏ធ្លាប់បង្កើតបរិយាកាសជួបជុំបរិភោគអាហាររួមគ្នាជាមួយអ្នកភូមិនិងមានកម្មវិធីកម្សាន្តសប្បាយជាមួយពួកគាត់ជាញឹកញាប់៕ តារាវុទ្ធី

យោធភូមិភាគទី៤ បាននាំយកថវិកាមូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផា ខេត្តសៀមរាប

2025/12/01 03:11:15 pm        371
នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ប្រតិភូយោធភូមិភាគទី៤ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បាននាំយកថវិកាចំនួន ១០០,០០០,០០០រៀល (មួយរយលានរៀល) ប្រគល់ជូនដល់មន្ទីរពេទ្យជ័យវរ័្មនទី៧ (គន្ធបុប្ផា) ខេត្តសៀមរាប។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង បានមានប្រសាសន៍ថា ថវិកាដែលនាំមកចូលរួមក្នុងមូលនិធិគន្ធបុប្ផាកម្ពុជានាពេលនេះ ជាការចូលរួមវិភាគទានដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្ត របស់នាយទាហាន នាយទាហានរង និងពលទាហាន យោធភូមិភាគទី៤ ហើយក៏ជាការឆ្លើយតបទៅតាមការអំពាវនាវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្នសម្តេចជាប្រធានព្រឹទ្ធ សភា នីតិកាលទី៥ និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរជាផ្លូវការ «មូលនិធិគន្ធបុប្ផាកម្ពុជា» នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅវិមានសន្តិភាព រាជធានីភ្នំពេញកន្លងទៅ និងបន្តមករាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តអនុវត្តយ៉ាងសកម្មនូវ កម្មវិធីគាំពារសង្គម ការពាររឹងមាំខឿនសុខភាពរបស់ប្រជាជន ជាពិសេសសកម្មភាពមនុស្សធម៌ រួមចំណែកគាំទ្រលើកស្ទួយកិច្ចដំណើរការគាំពារផ្នែកសុខភាព ប្រកបដោយគុណភាពជូនស្រ្តីសម្រាលកូន និងកុមារកម្ពុជាដោយមិនគិតថ្លៃ។ ឯកឧត្តម ក៏បានថ្លែងនូវការកោតសរសើរ ចំពោះលោកវេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ អគ្គនាយក មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា និងសហការីព្រមទាំងប្រជាជននៃប្រទេសស្វីស ដែលបានបន្តបេសម្មរបស់សាស្រ្តាចារ្យបណ្ឌិត Dr.med.Beat Richner ស្ថាបនិកមូលនិធិគន្ធបុប្ផាកម្ពុជា-ស្វីស ជួយឧបត្ថម្ភគាំទ្រ ប្រកបដោយកាយវិការមនុស្សធម៌ចំពោះប្រជាជនកម្ពុជា និងសូមថ្លែងអំណរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោក លោកស្រីវិជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ បុគ្គលិក មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាទាំងអស់ ដែលបានលះបង់ប្រកបដោយគំរូវីរភាពដ៏ឧត្ដម ជួយសង្គ្រោះស្រ្តីសម្រាលកូន និងជួយសង្គ្រោះព្យាបាលកុមារកម្ពុជា បង្កើតបានស្នាមញញឹម និងក្ដីសង្ឃឹម ជាទីទុកចិត្តដល់ប្រជាជនកម្ពុជា។  លោកសាស្រ្តាចារ្យមហាបរិញ្ញា យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានកោតសរសើរចំពោះវីរៈភាពអង់អាចក្លាហានរបស់ នាយទាហាន នាយទាហានរង ពលទាហាន យោធភូមិភាគទី៤ ដែលបានការពារយ៉ាងរឹងមាំអធិបតេយ្យ បូរណភាពទឹកដី ការពារសន្តិភាព ស្ថិរភាពសង្គម។ មិនត្រឹមតែបំពេញភារកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដី ប្រកបដោយការតស៊ូ ហ៊ានលះបង់គ្រប់បែបយ៉ាងប៉ុណ្ណោះទេ ប៉ុន្តែឆ្លៀតចំណាយពេលវេលាដ៏មានតម្លៃ ថែមទាំងលះបង់ថវិកាផ្ទាល់ខ្លួនមកជួយដល់កិច្ចការមនុស្សធម៌សង្គមថែមទៀតផង។ ក្នុងនោះដែរលោកនាយកក៏បានថ្លែងអំណរគុណចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់របស់ យោធភូមិភាគទី៤ ដែលតែងតែនាំយកថវិកា មកចូលរួមមូលនិធិគន្ធបុប្ផាកម្ពុជា ផ្ដល់នូវលទ្ធភាពបន្ថែមទៀតដល់កិច្ចការបម្រើសុខមាលភាពជូនស្រ្តី និងកុមារកម្ពុជា ជាបន្តបន្ទាប់៕

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតី​បើកសន្និសីទ​វិទ្យាសាស្ត្រ​ថ្នាក់ជាតិ​លើកទី៩ ក្រោមប្រធានបទ៖«ឧត្តមភាពបច្ចេកវិទ្យាកសិកម្ម ដើម្បីចីរភាពសេដ្ឋកិច្ចសង្គម និងបរិស្ថាន»

2025/12/01 03:02:29 pm        439
នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងសន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិលើកទី៩ ក្រោមប្រធានបទ៖ “ឧត្តមភាពបច្ចេកវិទ្យាកសិកម្ម ដើម្បីចីរភាពសេដ្ឋកិច្ចសង្គម និងបរិស្ថាន” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដៃគូទាំង១៤ អាជ្ញាធរមូលដ្ឋាន សាស្តាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ក្នុងឱកាសនេះឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញសេចក្ដីរីករាយ ចូលរួមក្នុងសន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិលើកទី៩ ដែលរៀបចំឡើងដោយសាកលវិទ្យាល័យជាតិមានជ័យ និងការចូលរួមពីសហគមន៍អ្នកស្រាវជ្រាវជាច្រើន បានធ្វើឱ្យសន្និសីទនាពេលនេះ ក្លាយជាវេទិកាដ៏សំខាន់មួយ សម្រាប់ការអភិវឌ្ឍ ការសិក្សាស្រាវជ្រាវ កិច្ចសហការ និងការច្នៃប្រឌិត ព្រមទាំងយកឱកាសនេះដែរ វាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិមានជ័យ សាស្ត្រាចារ្យ និងសហគមន៍អ្នកស្រាវជ្រាវទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងធ្វើកំណែទម្រង់សាកលវិទ្យាល័យជាតិមានជ័យ ដោយទទួលបាននូវលទ្ធផលជាបន្តបន្ទាប់ ជាពិសេសការផ្តល់ការបណ្តុះបណ្តាល ថ្នាក់ឧត្តមសិក្សាដល់និស្សិតនៅតំបន់ជាយដែន និងការប្រមូលផ្តុំអ្នកស្រាវជ្រាវ មកដល់បច្ចុប្បន្ននេះ មាន ៣២៤ អត្ថបទផ្តោតលើបច្ចេកវិទ្យាកសិកម្ម ដើម្បីចីរភាពសេដ្ឋកិច្ចសង្គម និងបរិស្ថាន ដែលជាចំនួនលើសពីការគ្រោងទុក។ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ជាពិសេសជូនចំពោះឯកឧត្តមអភិបាល និងអាជ្ញាធរនៃខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដីក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែង រក្សាបាននូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំដែលឱ្យយើងទាំងអស់គ្នាអាចកសាង និងអភិវឌ្ឍប្រទេសជាតិ រួមទាំងការវិនិយោគលើវិស័យអប់រំ និងស្រាវជ្រាវនាពេលនេះ។វិស័យកសិកម្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ហើយគោលដៅរបស់យើងគឺប្រែក្លាយកសិកម្មប្រពៃណី ទៅជា «កសិកម្មវៃឆ្លាត» ដែលមានផលិតភាពខ្ពស់ និងភាពម្ចាស់ការ ដែលទាមទារនូវការ៖ ពង្រីកដីដាំដុះ តាមរយៈការកែច្នៃចម្ការមីនទៅជាដីកសិកម្មប្រកបដោយសុវត្ថិភាព។បង្កើនទិន្នផល និងគុណភាព តាមរយៈការផលិតពូជស្រូវដែលផ្តល់គុណភាពខ្ពស់ និងការប្រើប្រាស់ជីឱ្យបានត្រឹមត្រូវតាមបច្ចេកទេស។ ប្រើប្រាស់បច្ចេកវិទ្យាទំនើប ដូចជាការប្រើប្រាស់គ្រឿងយន្តកសិកម្ម ការប្រើប្រាស់ Drone សម្រាប់តាមដានស្ថានភាពដី និងការអនុវត្តកសិកម្មសុក្រិត។បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួនដល់ សាកលវិទ្យាល័យក្រចេះ ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានរៀបចំសន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិលើកទី១០ នាពេលខាងមុខ។ ដើម្បីធានាបាននូវភាពជោគជ័យបន្តបន្ទាប់ និងឆ្លើយតបទៅនឹងភាពចាំបាច់ក្នុងការអភិវឌ្ឍតំបន់ រួមមាន៖ ការកំណត់ប្រធានបទផ្តោតលើសក្តានុពលតំបន់, បង្កើនការចូលរួមពីតំបន់អាស៊ាន, ពង្រឹងគណៈកម្មការវិទ្យាសាស្ត្រ និងការត្រួតពិនិត្យគុណភាព, ការរៀបចំវគ្គបណ្តុះបណ្តាលមុនសន្និសីទ, ភាពជាដៃគូជាមួយវិស័យឯកជន, ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល, ជំរុញវប្បធម៌អេកូឡូស៊ី និងទេសចរណ៍, ការបោះពុម្ពផ្សាយជាអន្តរជាតិ។ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងសហគមន៍អ្នកស្រាវជ្រាវទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រែក្លាយសន្និសីទនេះ ទៅជាកម្លាំងចលករជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងការអប់រំនៅកម្ពុជា និងជឿជាក់ថា តាមរយៈការប្រមូលផ្តុំអ្នកស្រាវជ្រាវ និងការចែករំលែកបទពិសោធក្នុងសន្និសីទនេះ យើងនឹងអាចរកឃើញដំណោះស្រាយល្អៗ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ និងការប្រកួតប្រជែងសេដ្ឋកិច្ចសកល និងត្រូវបន្តជំរុញការបោះពុម្ពផ្សាយឯកសារសិក្សាស្រាវជ្រាវ ដើម្បីផ្សព្វផ្សាយចំណេះដឹង និងបច្ចេកទេស ទៅដល់ប្រជាពលរដ្ឋ ដើម្បីឱ្យបន្តកែលម្អជីវភាពរស់នៅរបស់ពួកគាត់ និងកាត់បន្ថយភាពក្រីក្រ៕

រដ្ឋមន្រ្តីក្រសួងសាធារណការ អញ្ជើញជាអធិបតី​បើកសិក្ខាសាលា​ពិគ្រោះ​យោបល់​ក្នុងការ​សិក្សា​ជម្រើស​ខ្សែផ្លូវ​ក្នុងគម្រោងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅតំបន់ភូមិភាគឦសានកម្ពុជា

2025/12/01 02:39:21 pm        180
នាព្រឹកថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើក​សិក្ខាសាលាពិគ្រោះយោបល់​ក្នុងការសិក្សា​ជម្រើស​ខ្សែផ្លូវក្នុងគម្រោងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតំបន់ភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ក្រោមក្របខ័ណ្ឌជំនួយបច្ចេកទេសពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង តំណាងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្រ្តីជំនាញជាច្រើនរូបទៀត។សិក្ខាសាលានេះត្រូវបានប្រារព្ធធ្វើឡើង ដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ការស្ទង់មតិ និងការពិភាក្សាពិគ្រោះយោបល់ដើម្បីវាយតម្លៃលើជម្រើសខ្សែផ្លូវក្នុងគម្រោងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតំបន់ភូមិភាគឦសាន ដែលក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស បានបញ្ចប់ការសិក្សាបឋមសម្រាប់តភ្ជាប់ខេត្តទាំង៤នៅភូមិភាគឦសាន៕

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អំពាវនាវឲ្យប្រជាពលរដ្ឋ រួមគ្នា​ទប់ស្កាត់​ការ​រីករាល​ដាល​នៃ​មេរោគ​អេដស៍

2025/12/01 02:33:52 pm        148
ឯកឧត្តមវេជ្ជបណ្ឌិត ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ពន្ធ័ទាំងអស់ សូមរួមគ្នាទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ដើម្បីឆ្ពោះទៅសម្រេចបាននូវការលុបបំបាត់ការឆ្លងរីករាលដាលមេរោគអេដស៍ ដោយជោគជ័យ ។ការថ្លែងបែបនេះក្នុងពិធីអបអរសាទរ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ក្រោមប្រធានបទ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍» ដែលពិធីនេះធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្តកំពង់ចាម តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។ឯកឧត្តមវេជ្ជបណ្ឌិត ហោ ប៊ុនឡេង បាន លើកឡើងថា ដើម្បីអាចឈានទៅលុបបំបាត់ទាំងស្រុងនៃមេរោគអេដស៍ក្នុងខេត្តកំពង់ចាម និងទូទាំងប្រទេស សូមយុវវ័យទាំងអស់កុំឆាប់ប្រឡូកនឹងការរួមភេទ ហើយត្រូវចាកចេញឱ្យឆ្ងាយពីគ្រឿងញៀន ដែលជាកត្តាប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍។ សូមស្រ្តីមានផ្ទៃពោះទាំងអស់ទៅទទួលយកការធ្វើតេស្តឈាមរកមេរោគអេដស៍នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យដើម្បីដឹងពីស្ថានភាពរបស់ខ្លួន និងដើម្បីបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។ លើសពីនេះ ឯកឧត្តម ស្នើសូមអ្នកដែលមានការប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ ប្រញាប់ទៅស្វែងរកការធ្វើតេស្តឈាមរកមេរោគ អេដស៍ឱ្យបានឆាប់រហ័សនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ ឬ បណ្តាញអង្គការសង្គមស៊ីវិល ដើម្បីបានដឹងពីស្ថានភាពរបស់ខ្លួន និងបានទទួលការថែទាំព្យាបាលទាន់ពេលវេលា ជាពិសេសការប្រើប្រាស់ស្រោមអនាម័យ ១០០% នៅតែជាវិធានការណ៍ដ៏មានប្រសិទ្ធិភាព ក្នុងការបង្ការការចំលង មេរោគអេដស៍ និងជំងឺកាមរោគ។ក្នុងឱកាសនោះដែរ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត បានអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៥។ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ទិវានេះ ប្រារព្ធឡើង ដើម្បីឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តជារួមរបស់ពិភពលោក ក៏ដូចជារាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ក្នុងការចូលរួមចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធក្នុងការប្រយុទ្ធទប់ស្កាត់ការរាលដាល នៃមេរោគអេដស៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្ហាញពីការគាំទ្រដល់អ្នកផ្ទុកមេរោគអេដស៍ និងអ្នករងផល ប៉ះពាល់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍ឱ្យទទួលបានសេវាថែទាំ ព្យាបាល និងសេវាគាំពារសង្គម ឆ្ពោះទៅ បញ្ចប់អេដស៍ឱ្យបានឆាប់បំផុត។ជាមួយគ្នានោះ ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្ត នៃរដ្ឋបាលខេត្ត បានឲ្យដឹងថា ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ មានគោលបំណង លើកកំពស់យល់ដឹងថ្មីៗ ពីការរីករាលដាលមេរោគអេដស៍ និងចំណេះដឹងបែបវិទ្យាសាស្ត្រប្រកបដោយប្រសិទ្ធភាពជូនទៅដល់ប្រជាពលរដ្ឋទូទៅនិងជាការដាស់ស្មារតី ដល់ប្រជាពលរដ្ឋឲ្យចងចាំជានិច្ចពីគ្រោះថ្នាក់នៃការចំលងមេរោគអេដស៍ផងដែរ៕

អាវុធហត្ថរាជធានី បង្ក្រាបក្មេងទំនើង ៦នាក់ បង្ហោះម៉ូតូលើផ្លូវសាធារណៈ

2025/12/01 02:27:05 pm        298
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌដង្កោ កាលពីចុងសប្តាហ៍ បានធ្វើការបង្ក្រាប ក្រុម​ក្មេងទំនើង ០៦នាក់ ដែលតែងធ្វើសកម្មភាពបង្ហោះម៉ូតូនៅចំណុចក្បែរ វត្ត ព្រះបាទជាន់ឯក ឬ វត្ត ជើងឯក ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភំ្នពេញ យក​មក​ធ្វើ​ការ​អប់រំ ណែនាំធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញ​ទ្រព្យ​សម្បត្តិ​ ក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្កការភ័យខ្លាចដល់អ្នកជុំវិញ និង​បង្ក​ភាព​អនាធិប​តេយ្យ​ក្នុង​សង្គម ព្រមទាំងដកហូត ម៉ូតូ ០៣គ្រឿង យកទៅរក្សាទុករយៈពេល ០៣ខែ នៅទី​បញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ។អាវុធហត្ថខណ្ឌដង្កោ ប្រាប់ឲ្យដឹងថា ការងារបង្ក្រាបក្រុមក្មេងទំនើងទាំង ៦នាក់នេះ ដោយ​អនុវត្ត​តាម​បទ​បញ្ជា​ដ៏ម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រកម្ពុជា ដែលធ្លាប់មានប្រសាសន៍នាពេលកន្លងមកពាក់ព័ន្ធនឹងក្រុមក្មេងទំនើង ត្រូវ​អនុវត្ត​គ្រប់​វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ពិសេស ក្រុមក្មេង​ទំនើង​បង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេល ៣ខែ ចំពោះ​ការ​ប្រព្រឹត្ត​លើក​ទីមួយ ដោយឡែកសម្រាប់ ៦ខែ ប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្ត​លើក​ទី​ពីរ​បន្ត​ទៀត។អាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បើ​មាន​តម្រូវ​ការ​ឲ្យ​ជួយ​អន្តរាគមន៍ករណីណាមួយ ជាពិសេសក្រុមក្មេងទំនើង​ដែល​តែងកែច្នៃស៊ីម៉ាំងម៉ូតូ និង​ធ្វើ​សកម្ម​ភាព​បង្ហោះម៉ូតូតាមផ្លូវសាធារណៈនាំឲ្យប៉ះពាល់សន្តិសុខសង្គម សូមទំនាក់​ទំនង​តាម​រយៈ​ទូរស័ព្ទ​ Hotline លេខ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញនឹងចុះជួយអន្តរាគមន៍គ្រប់ពេលវេលា៕ តារាវុទ្ធី

អាករលើតម្លៃបន្ថែមលើទំនិញផលិតក្នុងស្រុក ដែលជាអាហារ​ជាមូលដ្ឋានត្រូវ​បានចាត់​ទុកជា​បន្ទុករដ្ឋ

2025/12/01 02:10:10 pm        176
អាករលើតម្លៃបន្ថែមសម្រាប់មុខទំនិញផលិតក្នុងស្រុក ដែលជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ត្រូវ បានរាជរដ្ឋាភិបាលចាត់ទុកជាបន្ទុករបស់រដ្ឋ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរកស៊ីទទួលទាន លើផ្នែកទាំងនេះ និងត្រូវបានចាត់ជាបន្ទុករបស់ រដ្ឋចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ រហូតដល់ដំណាច់ឆ្នាំ២០២៨។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញប្រកាសស្តីពីការចាត់ទុកាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារ ជាមូលដ្ឋានការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយប្រកាសនេះមានគោលបំណងដាក់ជាបន្ទុករបស់រដ្ឋ នូវអាករលើតម្លៃបន្ថែម លើមុខទំនិញផលិតក្នុងស្រុកដែលជាអាហារជាមូលដ្ឋាន និងមានវិសាលភាពអនុវត្តចំពោះការផ្គត់ផ្គង់ទំនិញផលិតក្នុងស្រុក ដែលជា អាហារជាមូលដ្ឋានដោយអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។សម្រាប់គោលដៅនៃប្រកាសនេះ, អាហារជាមូលដ្ឋាន គឺសំដៅដល់មុខទំនិញផលិតក្នុងស្រុកមួយចំនួនដែលចាំបាច់ សម្រាប់ ជីវភាពរស់នៅប្រចាំថ្ងៃដូចជា៖ ១- សាច់សត្វចិញ្ចឹម ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។ ២- ស៊ុត សត្វចិញ្ចឹមគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាស៊ុតស្រស់ ឬកែច្នៃ។ ៣- ត្រីទឹកសាប ឬទឹកប្រៃគ្រប់ប្រភេទ រួមទាំងបង្កង បង្គា កំពឹស ក្ដាម និងសិប្បីជាតិគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។ ៤- ស្ករគ្រប់ប្រភេទ ដែលមិន មានលក្ខណៈជាស្ករគ្រាប់។ ៥- អំបិលគ្រប់ប្រភេទ និង៦- ទឹកត្រី ឬទឹកស៊ីអីវគ្រប់ប្រភេទ។សូមបញ្ជាក់ថា អាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ក្នុងស្រុក នូវអាហារជាមូលដ្ឋានដូចមានចែងក្នុងប្រកាសនេះ ត្រូវបានចាត់ជាបន្ទុករបស់ រដ្ឋចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ រហូតដល់ដំណាច់ឆ្នាំ២០២៨។ ការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមក្នុងប្រការនេះ មិនរាប់បញ្ចូលការផ្គត់ផ្គង់ម្ហូបអាហារ ដោយភោជនីយដ្ឋានឡើយ៕ អត្ថបទ៖ សុន រ៉ាឌី

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃដំណើរការ​សាងសង់​អគារព្រឹទ្ធសភាថ្មី ខណៈគ្រោងនឹងបញ្ចប់ការដ្ឋានសាងសង់ទាំស្រុងនៅដំណាច់ឆ្នាំនេះ

2025/12/01 02:00:32 pm        391
នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និង​ថ្នាក់​ដឹកនាំ​នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងក្រុមការងារបច្ចេកទេសសាងសង់អគារ បានអញ្ជើញអមដំណើរឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការសាងសង់អគារថ្មីនៃព្រឹទ្ធសភា ចុះពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសាងសងអាគារថ្មីនៃព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។អគារព្រឹទ្ធសភាថ្មីនេះ មានទំហំ៧៩m x ៤៧m កម្ពស់៤ជាន់ ត្រូវបានប្រារព្ធពិធីបញ្ចុះ​បឋមសិលា​បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ គ្រោងនឹងបញ្ចប់ការដ្ឋាន​សាងសង់​ទាំងស្រុងនៅដំណាច់ឆ្នាំ២០២៥នេះ៕

១១ខែឆ្នាំនេះ ទេសចរអន្តរជាតិទិញសំបុត្រទស្សនារមណីយដ្ឋានអង្គរជាង ៨៦ម៉ឺននាក់ទទួលចំណូលជាង ៤០លានដុល្លារពីការលក់សំបុត្រ

2025/12/01 01:54:44 pm        239
យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានបង្ហាញនៅថ្ងៃទី១ខែធ្នូឆ្នាំ២០២៥នេះថាក្នុងរយៈពេល១១ខែឆ្នាំ២០២៥នេះ ភ្ញៀវទេសចរណ៍អន្តរជាតិទិញសំបុត្រទស្សនារមណីយដ្ឋានអង្គរមានចំនួន៨៦៧,១៩៥នាក់ ដោយទទួលបានប្រាក់ចំណូលចំនួន៤០លាន៤៨ម៉ឺន០៩៤៥ដុល្លា បើធៀបនឹងឆ្នាំ២០២៤ ថយចុះ៣ភាគរយ។របាយការណ៍ដដែលបានបង្ហាញថា ក្នុងខែវិច្ឆិកាឆ្នាំ២០២៥នេះ មានអ្នកទេសចរអន្ដរជាតិចំនួន១០ម៉ឺន១ ៦៧៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះ មានការថយចុះជាង១៨ភាគរយ បៀបធៀបនឹងឆ្នាំ២០២៤ ដោយទទួលបានប្រាក់ចំណូលពីការលក់បណ្ណនេះ មានចំនួន៤លាន៩០ម៉ឺន៥១៦៤ដុល្លាអាមេរិក ថយចុះជាង១៧ភាគរយ បើធៀបនឹងឆ្នាំ២០២៤កន្លងកន្លងមក។ គ្រឹះស្ថានអង្គរ បន្ថែមថាក្នុងរយៈពេល១១ខែ ចាប់ពីខែមករា ដល់ខែដំណាច់ខែវិច្ឆិកាឆ្នាំ២០២៥នេះ ភ្ញៀវទេសចរបរទេសទិញសំបុត្រចូលទស្សនាអង្គរមានចំនួន៨៦៧,១៩៥នាក់ ថយចុះជាង៣ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ និងទទួលបានប្រាក់ចំណូលចំនួន ៤០លាន៤៨ម៉ឺន០៩៤៥ដុល្លាអាមេរិក ថយចុះជាង៣ភាគរយ បើធៀបនឹងឆ្នាំ២០២៤កន្លងទៅ៕

ស៊ីម៉ាក់ធ្វើពិធីបញ្ចប់ការងារចាក់បេតុងសំណង់អគាររាងគ្រាប់មីន PMN-2 ដែលជានិមិត្តរូបបង្ហាញការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការអនុវត្តអនុសញ្ញាអូតាវ៉ាប្រកបដោយជោគជ័យ

2025/12/01 01:48:37 pm        118
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ នៅសារមន្ទីតេជោសន្តិភាព ស្ថិតនៅឃុំត្រពាំងធំ ស្រុកបាគង ខេត្តសៀមរាប អង្គភាពស៊ីម៉ាក់ និងក្រុមការងារព្រមក្រុមវិស្វករជប៉ុននៃក្រុមហ៊ុន SATO KOGYO បានរៀបចំពិធីបញ្ចប់ការងារចាក់បេតុងទាំងស្រុងសម្រាប់សំណង់អគាររាងគ្រាប់មីន PMN-2 ដែលអគារនេះមានទំហំផ្ទៃបាត ១០៨ម៉ែត្រ x ១០៨ ម៉ែត្រ និងមានកម្ពស់ ១៧ម៉ែត្រ ជាអគាររាងគ្រាប់មីន PMN-2 ធំជាងគេលើពិភពលោក។ ឯកឧត្តម ហេង រតនា បានថ្លែងថា អគាររាងគ្រាប់មីន PMN-2 នេះ ជានិមិត្តរូបបង្ហាញឱ្យឃើញច្បាស់នូវឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តអនុសញ្ញាមីនអន្តរជាតិអូតាវ៉ាប្រកបដោយជោគជ័យ។ ឯកឧត្តមបានបន្តថា សមិទ្ធិផលនេះក៏បង្ហាញឱ្យឃើញនូវស្មារតីរួមគ្នារបស់រដ្ឋភាគីទាំងឡាយដែលបានរួមគ្នាអនុវត្តន៍អនុសញ្ញាអូតាវ៉ាប្រកបដោយការទទួលខុសត្រូវខ្ពស់។ ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា គម្រោងសាងសង់អគាររាងគ្រាប់មីន PMN-2 នេះ បានផ្តួចផ្តើមអនុវត្តតាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ និងគ្រោងបញ្ចប់នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM
ការវាយប្រហាររបស់សត្វខ្លាឃ្មុំបណ្តាលឲ្យមនុស្ស ៤នាក់រងរបួសនៅភាគឦសានប្រទេសជប៉ុន
06/03/2026 08:06 PM