មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-អាម៉េរិក ពិភាក្សាអំពីការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញជាអធិបតីប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺ​អេដស៍​ក្រោមប្រធានបទ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍»

2025/12/01 01:00:53 pm        220
នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីពីធីប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមប្រធានបទ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍» នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។ ពិធីនេះក៏មាការចូលរួមពីសំណាក់ ឯកឧត្ដម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ព្រមទាំងមានសមាជិក សមាជិកាចូលរួមប្រមាណ ៥០០នាក់ រួមទាំងថ្នាក់ដឹកនាំ, មន្ត្រី និងយុវជនកាកបាទក្រហមកម្ពុជាចំនួន ៦០នាក់។ក្នុងឱកាសនោះដែរ ឯកឧត្ដម យូ ឡាណា បានអានជូនអង្គពិធីជ្រាបខ្លឹមសារទាំងស្រុងនូវសារលិខិតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ផ្ញេីជូនបងប្អូនជនរួមជាតិដោយបានកំណត់ការងារជាអាទិភាពចំនួន៤ សម្រាប់កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិគឺ៖ ១. ពង្រឹងភាពជាអ្នកដឹកនាំនិងភាពធន់ ដោយលើកកម្ពស់ភាពជាម្ចាស់របស់សហគមន៍ចូលរួមជាចរន្តជាតិតែមួយឈានឆ្ពោះទៅបញ្ចប់អេដស៍។ ២. បន្តពង្រឹងនិងពង្រីកការអប់រំលើកកម្ពស់ការយល់ដឹងពីការបង្ការការចម្លងមេរោគអេដស៍ ជារួមនៅ តាមគ្រឹះស្ថានអប់រំ សហគមន៍មូលដ្ឋានជាពិសេសក្នុងចំណោមយុវវ័យ ក្រុមប្រជាជនគន្លឹះ និងលើកកម្ពស់ការទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។ ៣. បន្តផ្តល់សេវាគាំទ្រសង្គម ជួយជនរងគ្រោះដោយសារមេរោគអេដស៍ជំងឺអេដស៍។ ៤. បន្តធ្វើជាគំរូនៅក្នុងសង្គមជាតិនិងរក្សាបរិយាកាស លើកកម្ពស់ការមិនរើសអើង និងមាក់ងាយអ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នកជំងឺអេដស៍។ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមអំពាវនាវ៖ ១. សូមបងប្អូនជនរួមជាតិទាំងអស់ចូលរួមយ៉ាងសកម្ម និងឱ្យបានទ្វេដង ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា ក្នុងយន្តការជាតិតែមួយ ដើម្បីសម្រេចបានដោយជោគជ័យនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០៣០។ ២. ចំពោះក្មួយៗយុវនារី យុវជនទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវផ្នត់គំនិត និងឥរិយាបថវិជ្ជមានបង្ការខ្លួនពីការចម្លងមេរោគអេដស៍ និងដើរតួជាសកម្មជនប្រយុទ្ធនឹងជំងឺអេដស៍តាមរយៈសកម្មភាពមិត្តអប់រំមិត្ត ការបង្កើតក្រុមជួយខ្លួនឯង ចែករំលែកចំណេះដឹង ផ្សព្វផ្សាយព័ត៌មានថ្មីៗស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ដល់មិត្តភក្តិ សហគមន៍ និងសង្គមជាតិរបស់យើង ជាពិសេសត្រូវនាំគ្នាចៀសឱ្យឆ្ងាយ ពីការសេពគ្រឿងញៀន គ្រឿងស្រវឹង និងការប្រើបារីអេឡិចត្រូនិក និងត្រូវលើកកម្ពស់ស្មារតី “ស្រឡាញ់ខ្លួន ស្ងួនចំណី”។ ៣. ចំពោះបងប្អូនដែលបានប្រព្រឹត្ត ឬសង្ស័យថាខ្លួនបានប្រឈមនឹងការឆ្លងមេរោគអេដស៍ ត្រូវតែស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ឱ្យបានឆាប់បំផុត ដើម្បីអាចទទួលបាននូវសេវាព្យាបាលទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ និងសូមចងចាំជានិច្ចថា “យើងអាចភ្លេចអេដស៍ តែអេដស៍ពុំភ្លេចយើងឡើយ”។៤. ចំពោះស្រ្តីមានផ្ទៃពោះទាំងអស់ សូមទៅទទួលសេវាពិនិត្យ និងថែទាំផ្ទៃពោះឱ្យបានត្រឹមត្រូវ និងទៀងទាត់ ទទួលបានការផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ មេរោគស្វាយ ទប់ស្កាត់កាត់ការចម្លងមេរោគអេដស៍ មេរោគស្វាយពីម្តាយទៅកូន។៥. ចំពោះបងប្អូនដែលមានការប្រព្រឹត្តប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ ចូរប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០% នៅរៀងរាល់ពេលរួមភេទ និងស្វែងរកការប្រើឱសថបង្ការការចម្លងមេរោគអេដស៍ឱ្យបានត្រឹមត្រូវ និងទៀងទាត់ ពីមូលដ្ឋានសុខាភិបាលដែលនៅជិតបំផុត។ ៦. ចំពោះបងប្អូនដែលរស់នៅជាមួយមេរោគអេដស៍ សូមបន្តការយកចិត្តទុកដាក់ លេបឱសថប្រឆាំងមេរោគអេដស៍ ឱ្យបានត្រឹមត្រូវ ទៀងទាត់ ជាប់លាប់ និងមកជួបគ្រូពេទ្យតាមការកំណត់។ ៧. សូមកុំរើសអើង និងមាក់ងាយអ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នកជំងឺអេដស៍ជាដាច់ខាត ព្រោះវាជាអំពើផ្ទុយទៅនឹងច្បាប់ស្តីពី ការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។ ផ្ទុយទៅវិញ សូមចូលរួមលើកទឹកចិត្ត ផ្តល់កិច្ចគាំពារ មិនបោះបង់ចោល ឬទុកឱ្យនៅឯកា ចំពោះអ្នករស់នៅជាមួយមេរោគអេដស៍និងអ្នកជំងឺអេដស៍ណាម្នាក់ឡើយ៕

ខេត្តកណ្តាលជាប់លំដាប់លេខ២ ក្នុងការទទួលបានការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

2025/12/01 12:56:14 pm        325
ខេត្តកណ្តាលឈរនៅចំណាត់ថ្នាក់លេខ២ បន្ទាប់ពីរាជធានីភ្នំពេញ ដែលមានអ្នកចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចំនួន ប្រមាណ ២៧ ពាន់នាក់ ខណៈខេត្តមួយនេះគឺជាខេត្តយុទ្ធសាស្ត្រមួយ ដែលមានប្រជាជនច្រើននិងមានសេដ្ឋកិច្ចផ្សារភ្ជាប់ នឹង រាជធានីភ្នំពេញ។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកឡើងក្នុងកម្មវិធីយុទ្ធនាការផ្សព្វផ្សាយ ការចុះឈ្មោះតាមថ្នាលឌីជីថលចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្តកណ្តាល នាចុងសប្តាហ៍កន្លងមកថា ការចុះឈ្មោះ និងការថែបំប៉នអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីធំធាត់ មានសារៈសំខាន់ណាស់ សម្រាប់ដំណើរការអភិវឌ្ឍជាតិ ពិសេសការសម្រេចចក្ខុវិស័យឆ្នាំ២០៥០របស់រាជរដ្ឋាភិបាល, ឯកឧត្តមក៏ បានពន្យល់អំពីអត្ថប្រយោជន៍នៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលរួមមានដូចជា ការទទួលបានអត្តសញ្ញាណច្បាស់លាស់ លទ្ធភាពទទួលសេវាហិរញ្ញវត្ថុផ្លូវការ អត្ថប្រយោជន៍របបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញសេវា គាំពារសង្គម ការលើកលែង កាតព្វកិច្ចពន្ធនិងការអនុគ្រោះពន្ធជាដើម។ទន្ទឹមនឹងនោះអត្ថប្រយោជន៍ថ្មីៗ ត្រូវបានបន្តរៀបចំដោយស្ថាប័នរដ្ឋនិងឯកជនដូចជា ការធានារ៉ាប់រងអាយុជីវិតសម្រាប់ គ្រោះថ្នាក់បុគ្គលជាក្រុមពីក្រុមហ៊ុន Manulife, បណ្ណជំនួយថវិកា (Grant Voucher) ចំនួន១លានរៀល ពីមជ្ឈមណ្ឌលបណ្តុះ ធុរកិច្ចថ្មី “តេជោ” សម្រាប់សហគ្រាសធុនមីក្រូ ចាប់យកដំណោះស្រាយ ការបណ្តុះបណ្តាល និងការប្រឹក្សាផ្នែកឌីជីថល សម្រាប់ អាជីវកម្ម។ មូលនិធិអភិវឌ្ឍន៍ជំនាញ និងក្រុមហ៊ុនធានារ៉ាប់រងទូទៅហ្វីលីព ក៏កំពុងរៀបចំកញ្ចប់អត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ដែលនឹងត្រូវប្រកាសនៅពេលខាងមុខ។ឯកឧត្តម ហែម វណ្ណឌី បានលើកទឹកចិត្តដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តកណ្តាល ឱ្យចូលរួមចុះឈ្មោះ ដើម្បី រក្សាដំណែងខេត្តកណ្តាល ជាខេត្តដែលបានចុះឈ្មោះច្រើនជាងគេ លំដាប់ទីពីរនៅទូទាំងប្រទេស ដោយបន្ថែមថា ការចុះឈ្មោះនឹង បម្រើដល់ការរីកចម្រើនផ្ទាល់ខ្លួន និងពង្រឹងសេដ្ឋកិច្ចរបស់ខេត្តជារួម។ គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្នាលឌីជីថលចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានទទួលសំណើចុះឈ្មោះចំនួន ២៣៤ ពាន់នៅទូទាំងប្រទេស ខណៈខេត្តកណ្តាលឈរនៅចំណាត់ថ្នាក់ លេខ២ បន្ទាប់ពីរាជធានីភ្នំពេញផងដែរ។យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្ត, ខេត្តកណ្តាលមានប្រជាជនជិត ១,៤ លាននាក់ និងមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ៦៦ ពាន់នាក់ នៅក្នុងអាជីវកម្មមុខរបរ និងការងារអាទិភាពទាំង ១៥ ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨។ ចំណូលមធ្យមរបស់ពលរដ្ឋម្នាក់ៗក្នុងឆ្នាំ២០២៤ មានចំនួន ២.៤៥៦ ដុល្លារ កើនឡើង ១៨១ ដុល្លារ ធៀបនឹងឆ្នាំ២០២៣។ នេះជាកំណើនគួរឱ្យកត់សម្គាល់ ដែលក្នុងនោះក៏មានការរួមចំណែកសំខាន់ ពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផងដែរ។ រដ្ឋបាលខេត្តក៏បានលើកឡើងពីយន្តការអនុវត្តជាក់ស្តែង រួមទាំងការបង្កើតគណៈកម្មាធិការថ្នាក់ខេត្តនិងក្រុង-ស្រុកដែលធ្វើ ឱ្យខេត្តទទួលបានលទ្ធផលចុះឈ្មោះខ្ពស់៕ អត្ថបទ៖ សុន រ៉ាឌី,

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ក្រសួងពាក់ព័ន្ធ​កំពុងគិតគូរ​រៀបចំ​ឲ្យ​ពលរដ្ឋ​មាន​ផ្ទះរស់​នៅ​សមរម្យ

2025/12/01 12:30:22 pm        315
ភ្នំពេញ៖ ឯឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់បានថ្លែងថា ក្រសួងរៀបចំដែនដី នឹងជួបជាមួយក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន ពិភា​ក្សា​គ្នា ដើម្បីរៀបចំធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មានផ្ទះសម្បែងរស់នៅសមរម្យ ក៏ដូចជា​រៀបចំ​លំនៅ​ដ្ឋាននៅកម្ពុជា ឲ្យមានរបៀបរៀបរយ ។ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ​២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប គួរ​មាន​ផ្ទះ​សម្បែង​រស់​នៅបានសមរម្យ ដោយជំហានបន្ទាប់ឯកឧត្តម នឹងជួបក្រសួងមហាផ្ទៃ ក្រសួងសង្គម​កិច្ច ​អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងកិច្ចការនារី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្កើត ​ឬបង្កលក្ខណៈ និងបរិយាកាសឲ្យមនុស្សមានផ្ទះនៅ ដែលបច្ចុប្បន្នក្រសួងរៀបចំដែនដី កំពុង​ធ្វើជាបណ្ដើរៗ លើបញ្ហាសំណង់មិនរៀបរយ ។ឯកឧត្តមបានបន្តថា ចំពោះការរៀបចំសំណង់លំនៅដ្ឋានឲ្យមានរបៀបរៀបរយនេះ គឺជា​ការ​ងារផ្ដើម​ ដើម្បីឈានឲ្យប្រជាពលរដ្ឋ មានផ្ទះសម្បែងរស់នៅបានសមរម្យ ដែលការងារនេះ ក្រសួង​បាន​ដាក់​ទិសដៅរួចហើយ ដែលជាដំបូងនៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តបាត់​ដំបង​។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ទន្ទឹមនឹងការគិតគូរ ដើម្បីរៀបចំ​ឲ្យ​ពលរដ្ឋ​មាន​ផ្ទះ​រស់​នៅ​សមរម្យ​នេះ រាជរដ្ឋាភិបាលកម្ពុជា នៅបន្តអនុវត្តគោលនយោបាយដីសម្បទានសង្គមកិច្ច សម្រាប់​ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ហើយការងារនេះកំពុងទទួលបានជោគជ័យ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ គូសបញ្ជាក់ថា នយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ បាន​ជួយ​ឲ្យ​ប្រជា​ពលរដ្ឋកន្លះលានគ្រួសារ ដែលស្មើនឹងមនុស្សជាង ២លានកន្លះ បានរួចផុតពីភាពក្រីក្រ និង​មាន​ជីវភាព​ល្អ​ប្រសើរ តាមរយៈនយោបាយដីសម្បទានសង្គមកិច្ចនេះ។គួរបញ្ជាក់ថា គម្រោងនៃការរៀបចំផ្ទះសម្បែង ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់រូប បាន​រស់​នៅ​សមរម្យ​នេះ គឺជាគោលដៅបន្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បន្ទាប់ពីការវាស់វែងដីធ្លីជាប្រព័ន្ធ ឲ្យចប់នៅក្នុងអាណត្តិទី៧នេះ ដែលគិត​ត្រឹម​ឆ្នាំ​២០២៥​នេះ ​នៅសល់ត្រឹមជាង ៥ម៉ឺនក្បាលដីទៀតប៉ុណ្ណោះ ហើយការងារ​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​ធ្វើ​ គឺមានការចុះបញ្ជីដីព្រៃលិចទឹក ក្នុងតំបន់បឹងទន្លេសាប ការងាររៀបចំតំបន់អប្សារា និង​ការងារ​ចុះបញ្ជីដីធ្លីរបស់រដ្ឋមួយចំនួនទៀត៕ អត្ថបទ បាន សុខរិទ្ធិ 

មន្រ្ដីជំនាញ៖ ការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្នកម្ពុជា-ថៃ មិនមែន​ជាការងារ​ថ្មី​ទាំង​ស្រុង​ទេ

2025/12/01 12:10:53 pm        264
មន្រ្ដីជំនាញ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ថា ការងារ ការវាស់វែង និង​បោះបង្គោល​ព្រំដែនបណ្តោះអាសន្នកម្ពុជា-ថៃ ដែលភាគីទាំងពីរកំពុងធ្វើនាពេលបច្ចុប្បន្ន គឺ​មិនមែនជាការងារថ្មីទាំងស្រុងនោះទេ ខណៈក្នុងការងារវាស់វែង និងខណ្ឌសីមាព្រំដែន​គោក​កម្ពុជា-ថៃ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ​បានចាប់ផ្តើម​ចុះអនុវត្ត​ការងារ​នៅ​លើ​ដីជាក់​ស្ដែង​ចាប់​តាំង​ពី​ឆ្នាំ២០០៦មកម្ល៉េះ។ឯកឧត្តម ស្រ៊ឺ បូរ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បាន​ឱ្យ​ដឹងថា ការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្នកម្ពុជា-ថៃ ជា​ការងារ​បច្ចេក​ទេស​ដែលបានបន្តធ្វើពីអ្វីដែលក្រុមការងារបច្ចេកទេសព្រំដែន នៃប្រទេស​ទាំង​ពីរ​បាន​រួម​គ្នា​ធ្វើ​ជិត​២០​ឆ្នាំ​មកហើយ។ ការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ក្រុមវាស់​វែង​ចម្រុះ​នៃ​ភាគី​ទាំង​ពីរបានចាប់ផ្តើមចុះអនុវត្តការងារនៅលើដីជាក់ស្ដែងចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ ដើម្បី​វាស់​វែង និងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែន(បេតុង)ចំនួន ៧៤ បង្គោល​ដែល​បាន​បោះ​ដោយគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀមនៅចន្លោះឆ្នាំ១៩១៩-១៩២០។ជាមួយគ្នានេះ ឯកឧត្តម អ៊ិត សុត្ថា រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បាន​ឱ្យ​ដឹងដែរថា ព្រំដែនកម្ពុជា-ថៃ គឺជា​ព្រំដែន​អន្តរជាតិ​ដែល​បាន​បន្សល់​ទុក​តាំង​ពី​ជំនាន់​អាណា​ព្យាបាលបារាំង និងបានកំណត់នៅក្នុងអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិ​សញ្ញា​បារាំង​-សៀម ឆ្នាំ១៩០៧ អមជាមួយនឹងពិធីសារឆ្នាំ១៩០៧ ជាមួយ​នឹង​ឯកសារ​ដទៃ​ទៀត​ដែល​ជា​ឯកសារ​ពាក់ព័ន្ធនឹងអនុញ្ញាទាំងនេះ ដូចជាផែនទីដែល​បាន​ផលិត​ឡើង​ដោយ​គណៈកម្មការ​កំណត់​ព្រំដែន​ឥណ្ឌូចិន-សៀម និងកំណត់ហេតុមួយ​ចំនួ​ន​ទៀត​ជា​ពិសេស​កំណត់​ហេតុ​ប្រជុំ​របស់​គណៈកម្មការ​កំណត់ព្រំដែនឥណ្ឌូចិន-សៀម ឆ្នាំ១៩០៧-៩០៨ ជាដើម។បើតាមមន្រ្ដីជំនាញកិច្ចការព្រំដែនបញ្ជាក់ថា បង្គោលព្រំដែនបណ្ដោះអាសន្នកម្ពុជា-ថៃ ដែលបាន​បោះ​នាពេល​បច្ចុប្បន្ន​នេះ​គឺ​ជា​ការ​បោះបង្គោល​សញ្ញាសម្គាល់ខ្សែព្រំដែនដែលភាគីទាំងពីរបាន​ឯកភាព​គ្នា​បោះនៅចន្លោះបង្គោលព្រំដែនអចិន្រ្ដៃយ៍ដែលមានស្រាប់ ខណៈបង្គោលព្រំដែន​អចិន្ត្រៃយ៍​ក​ម្ពុជា-ថៃ បានបោះនៅចន្លោះឆ្នាំ១៩១៩-១៩២០ សរុបទាំង​អស់​មាន​ចំនួន​៧៤​បង្គោល ​ក្នុងនោះបង្គោលមួយចំនួននៅសល់ និងមួយចំនួនបានបាត់បង់៕

អង្គការ ILO បង្ហាញ​សកម្មភាពការងារ​ជាច្រើន​ដែល​បាន​សហការ​ធ្វើ​ជាមួយ​រា​ជ​រដ្ឋាភិបាល​កម្ពុជា​ជួយ​ដល់​ពលករមកពីថៃ

2025/12/01 11:58:57 am        179
តំណាងអង្គការអន្តរជាតិខាងការងារ ហៅកាត់ថា ILO(អាយឡូ) បាន​បង្ហាញ​សកម្ម​ភាព​ការ​ងារ​ជា​ច្រើនធ្វើការកិច្ចសហប្រតិបត្តិការ និងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍ ជួយផ្សព្វផ្សាយឱកាសការងារ និង​បណ្តុះប​ណ្តាល​ជំនាញ​វិជ្ជាជីវៈនានា ជូនពលករខ្មែរ មកពីប្រទេសថៃ ។នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិលើជំនាញ ម្ហូបអាហារ និងភេសជ្ជៈ ស្រប​តាម​គុណ​វុឌ្ឍិជាតិកម្ពុជា ថ្ងៃទី១ ខែធ្នូនេះ លោកស្រី Marry Kent អ្នកជំនាញផ្នែកអភិឌ្ឍន៍ជំនាញ នៃ​អង្គ​ការ​អន្តរជាតិខាងការងារ ILO បានថ្លែងថា បច្ចុប្បន្ន អង្គការ ILO បានមើលឃើញថា រាជ​រដ្ឋាភិបាល បាននិង​កំពុង​ធ្វើ​កា​រ​ផ្តោត​ការ​យក​ចិត្តទុកដាក់ខ្លាំងជួយដល់បណ្តាពលករខ្មែរ​ត្រឡប់​មក​ពី​ប្រទេសថៃ តាំងពីច្រកព្រំដែនរហូតដល់ភូមិដ្ឋានស្រុកកំណើតរបស់ពលករ សំដៅជំ​រុញ​ឲ្យ​គ្រប់​ពលករទាំងនោះចូលធ្វើការងារនៅក្នុងស្រុកវិញទាំងអស់គ្នា និងទប់ស្កាត់​ការងារ​ទេសន្តរ​ប្រវេសន៍​។លោកស្រី តំណាងអង្គការ ILO រូបនេះ ក៏បានបង្ហាញសកម្មភាពរបស់អង្គការជាច្រើន ដែល​បាន​ធ្វើ​ការងារយ៉ាងជិតស្និតជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍ ដើម្បី​ជួយដល់បណ្តាពលករត្រឡប់មកពីប្រទេសថៃ ដែលរួមមាន៖ ទី១ ការគាំទ្រការ​ធ្វើ​សមាហរណ​កម្ម ការងារ ជូនគ្រប់ពលករដែលបានធ្វើមាតុភូមិនិវត្ត នៅតាម ព្រំដែន និងតាម​រាជ​ធានី​ខេត្ត ​តាមរយៈការផ្តល់សេវាកម្មរបស់មជ្ឈមណ្ឌលធនធានពលករទេសន្តរប្រវេសន៍ ទី២ ការធ្វើ​វេទិការការងារនិងផ្គូរផ្គង់ការងារជូនគ្រប់ពលករមកពីប្រទេសថៃ និង ៣. វាយតម្លៃ​ផ្អែក​លើ​សមត្ថភាព​ទទួលស្គាល់ការសិក្សាពីមុន RPL ដើម្បីផ្តល់វិញ្ញាបនបត្រ ទទួលស្គាល់ជំនាញ និង​សមត្ថភាព​របស់ពលករអំឡុងពេលធ្វើការងារនៅថៃ និងប្រើប្រាស់វិញ្ញាបនបត្រនោះ សម្រាប់​រក​ការងារ​ធ្វើ​នៅកម្ពុជាវិញ។ឯកឧត្តម ប៉ាក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា អង្គការអន្តរជាតិខាងការងារ (ILO) ជានិច្ចកាល គឺធ្វើការងារល្អជិតស្និតជាមួយរាជរដ្ឋាភិបាល និងបានគាំទ្រដល់​ការងារ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈទេសចរណ៍ និងជំនាញវិជ្ជាជីវៈនានាទៀត នៅតាមបណ្តាសាលាTVET របស់​ក្រសួង​ការងារផងដែរ សំដៅជំរុញរីកចម្រើនវិស័យការងារ បានបង្កើត និងបង្កើ​ន​ការងារ​សមរម្យ​យ៉ាង​ច្រើន​ដល់​ប្រជាពលរដ្ឋ ជាពិសេសយុវជននៅទូទាំងប្រទេស។ឯកឧត្តម ថ្លែងថា សម្រាប់តែវិស័យទេសចរណ៍មានតម្រូវការកម្លាំងពលកម្ម និងអ្នកជំនាញច្រើន ចូល​រួម​បម្រើការងារទាំងនៅក្នុងផ្នែករដ្ឋ និងឯកជន ហើយ តាមរយៈ​ការព្យាករណ៍​របស់​ក្រសួង​ទេសចរណ៍ កម្ពុជាត្រូវការកម្លាំង​ពលកម្ម​ថ្មី​ចូល​បម្រើកា​រងារ​ក្នុង​វិស័យ​ទេសចរណ៍​ប្រមាណ​១៧​ម៉ឺន​នាក់​បន្ថែមទៀត ចាប់ពីឆ្នាំ២០២៥-២០២៨៕ អត្ថបទ៖ ស៊ុម សុខជា 

ធុរកិច្ចបណ្តុះថ្មីជាប់ក្នុងការប្រកួតភាពជាសហគ្រិនឆ្នាំ២០២៥នឹងបន្តទៅប្រកួតនៅសហរដ្ឋអាមេរិក

2025/12/01 11:28:06 am        1149
ធុរកិច្ចបណ្តុះថ្មីជាប់ជ័យលាភីពីការប្រកួតប្រជែងភាពជាសហគ្រិនប្រចាំឆ្នាំ២០២៥ នឹង​ត្រូវ​បន្ត​ការ​ប្រកួត និងបង្ហាញផលិតផល ដែលមានភាពច្នៃប្រឌិតខ្ពស់របស់ខ្លួននៅសហរដ្ឋអាមេរិក ក្នុង​គោល​ដៅ​ជំរុញបង្កើតទំនាក់ទំនង រវាងអាជីវករខ្មែរជំនាន់ថ្មីស្គាល់ទីផ្សារ អាមេរិក ស្របពេល​ការ​ធ្វើ​ពាណិជ្ជកម្មនៃប្រទេសទាំងពីរកំពុងមានកិច្ចសហការល្អ។លោក ខេស៊ី បាណេត ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) និងជា​នាយក​វិទ្យាស្ថានខេមអេដ លើក ឡើងនៅក្នុងកម្មវិធីប្រកួតភាពជាសហគ្រិនភាពប្រចាំឆ្នាំ២០២៥ នៅ​ល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ជុំវិញការរៀបចំព្រឹត្តិការ ណ៍ប្រកួតប្រែង​ធុរ​កិច្ច​បណ្តុះ​ថ្មី គឺជាផ្នែក​មួយនៃការ​ចូលរួម​ចំណែក​ក្នុង​ការ​បង្កើត​ផលិត​ផល​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​សំបូរ​បែប ដើម្បីផ្គត់ផ្គង់ ទីផ្សារក្នុងស្រុកដោយខ្លួនឯង កាត់បន្ថយការនាំចូល ជាពិសេស​ជំរុ​ញ​ការ​នាំចេ​ញ​នូវ​ផលិតផលផ្សេងៗរបស់កម្ពុជាឱ្យបានកាន់តែច្រើន ថែមទៀត ក្រៅពីផលិត​ផល​សម្លៀក​បំពាក់​ វាយនភណ្ឌ និងស្បែកជើងជាដើម។លោក ខេស៊ី បាណេត បន្តឱ្យដឹងថា ជុំវិញការប្រកួតប្រជែងនេះគឺជាលើកទី៤ហើយ ដែលបានរៀបចំការប្រគួតប្រជែង គំនិតអាជីវកម្មទាំងនោះរួមមាន៖ ការគ្រប់ដណ្តប់ទៅលើវិស័យកសិកម្ម ដែលនិសិត្សបានស្រាវជ្រាវកែច្នៃកាកសំណល់ ឲ្យទៅជាសម្ភារ:ប្រើប្រាស់ម្សៅកាលស្យូម ចំណីសត្វ ល្បាយម្សៅ និងចំណីអាហារជាដើម ក្នុងនោះក្រុម Golden Longan ទទួលបានចំណាត់ថ្នាក់ លេខ១ មានគំនិតអាជីវកម្មលើប្រធានបទ “ការកែច្នៃផ្លែមានឲ្យក្លាយជាទឹកស្ករ ដែលជាស្ករល្អសម្រាប់សុខភាព”។ ចំណែកក្រុម Medi-Egg ការកែច្នៃសំបកស៊ុតឲ្យទៅជាអាហារបំប៉ន ទៅលើជាតិកាល់ស្យូមសម្រាប់បំពេញឲ្យរាងកាយមនុស្ស ជាប់ចំណាត់ថ្នាក់លេខ២ និងក្រុម ZeroBuzz ការកែច្នៃកាកសំណល់កាហ្វេ រួមជាមួយរុក្ខជាតិដើមស្លឹកក្រៃ ឲ្យក្លាយជាធូបសម្រាប់ ដេញ មុស ឬសត្វស្អិតផ្សេងៗ ជាប់ចំណាត់ថ្នាក់លេខ៣។ ក្រុមជាប់ជ័យលាភីទាំងនេះ នឹងត្រូវបន្តការប្រកួតប្រជែង និងបង្ហាញផលិតផល របស់ពួកគាត់នៅ សហរដ្ឋអាមេរិក ដែលតាមរយៈនេះក៏ជាការជំរុញបង្កើតទំនាក់ទំនង ដើម្បីអាជីវករខ្មែរជំនាន់ថ្មីស្គាល់ទីផ្សារអាមេរិកផងដែរ។សូមបញ្ជាក់ថា ជុំវិញការបណ្តុះធុរកិច្ចថ្មីនេះ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុង ជួយបណ្តុះធុរកិច្ច, ការពន្លឿនធុរកិច្ច, ការជួយកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ដែលជាការងារស្នូលរបស់មជ្ឈមណ្ឌល ក្នុងបេសកម្មបន្ត បណ្តុះធុរកិច្ចថ្មីជាបន្តបន្ទាប់ ក្នុងការអភិវឌ្ឍទិដ្ឋភាពនៃធុរកិច្ចថ្មីក្នុងស្រុក តាមរយៈកម្មវិធីពន្លឿនអាជីវកម្ម, កម្មវិធីសហគមន៍ ឬផ្តួចផ្តើម សកម្មភាពថ្មីៗបន្ថែមទៀត ដើម្បីបន្តការបណ្ដុះបណ្ដាលធនធាន ទេពកោសល្យ និងបណ្តុះស្មារតី ឱ្យក្លាយជាសហគ្រិនឆ្នើម ចូលរួមដល់ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕ អត្ថបទ៖ សុន រ៉ាឌី 

ធនាគារជាតិ និងគណៈមេធាវីកម្ពុជាចុះ MOU សហការ​លើក​កម្ពស់​ការ​អនុវត្ត​ច្បាប់​ក្នុង​វិស័យ​ធនាគារ

2025/12/01 11:13:52 am        196
ធនាគារជាតិនៃកម្ពុជា (NBC) និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (BAKC) ចុះ​ហត្ថ​លេខា​លើ​អនុស្សរណៈនៃការយោគ យល់គ្នា (MOU) សហការលើកកម្ពស់​ការ​អនុវត្ត​ច្បាប់​នៅ​ក្នុង​វិស័យ​ធនាគារ ដើម្បីធានាឱ្យបាននូវសង្គតិភាព និងប្រសិទ្ធភាពក្នុង ការអនុវត្តច្បាប់។ ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងឯកឧត្តម សាំង វណ្ណៈ ប្រធាន​គណៈ​មេធាវី​នៃព្រះរាជាណា ចក្រកម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហការលើក កម្ពស់ការអនុវត្តច្បាប់នៅក្នុងវិស័យ ធនាគារ ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​អនុវត្ត​ច្បាប់ និងបទប្បញ្ញត្តិនៅក្នុងវិស័យធនាគារ និងកំណត់ពីការពង្រឹង និងពង្រីក​វិសាល​ភាព​នៃ​ការបណ្តុះបណ្តាល ព្រមទាំងការផ្សព្វផ្សាយច្បាប់ ក្រមរដ្ឋប្បវេណី ព្រមទាំងច្បាប់ និង​បទ​ប្បញ្ញត្តិ​នានា ដែលពាក់ព័ន្ធនឹងវិស័យធនាគារ ដើម្បីធានាឱ្យបាននូវសង្គតិភាព និងប្រសិទ្ធភាព​ក្នុង​ការ​អនុវត្តច្បាប់។ អនុស្សរណៈនេះនឹងរួមចំណែកលើកកម្ពស់ការអនុវត្តច្បាប់នៅក្នុងវិស័យធនាគារ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ប្រសិទ្ធភាព ព្រមទាំង ការពារផលប្រយោជន៍របស់អតិថិជន និងរក្សា​ទំនុក​ចិត្ត​របស់​សាធារណ​ជន ក្នុងវិស័យធនាគារ។ ការងារដែលត្រូវបន្តអនុវត្តក្រោម វិសាលភាពនៃ​អនុស្សារណៈ​នៃ​ការ​យោគយល់​រួមមាន៖ ការអនុវត្តហ៊ីប៉ូតែក សន្តតិកម្ម និងការអនុវត្តពាក់​ព័ន្ធ​នឹង​មូល​ប្បទាន​ប​ត្រ​។ដើម្បី​ធានាបាននូវប្រសិទ្ធភាពក្នុងការការពារអតិថិជន និងរក្សាទំនុកចិត្តរបស់សាធារណជន ក្នុង​វិស័យធនាគារ, ធនាគារជាតិ នៃកម្ពុជា និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នឹង​រួម​គ្នា​សិក្សា​លើ​យន្តការដោះស្រាយវិវាទដូចជា នីតិវិធីផ្សះផ្សា សម្របសម្រួល និងការចរចា​ដោយ​សន្តិវិធី​។ កិច្ចសហការនេះ នឹងផ្តោតលើការ​សិក្សា​លើ​លទ្ធភាព​ដោះស្រាយ​ករណី​ឥណទាន​មិន​ដំណើរ​ការ (NPL) ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍អតិថិជន កាត់បន្ថយ​បំណុល​មិន​ដំណើរ​ការ​របស់​គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងជួយសម្រួល ដល់អតិថិជន​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទូទាត់​បំណុល ឬបញ្ហាហិរញ្ញវត្ថុផ្សេងៗមុនឈានដល់នីតិវិធីតុលាការ។ក្រៅពី​ចំណុចសហការជាក់លាក់ទាំងនេះ ស្ថាប័នទាំងពីរក៏បានលើកយកចំណុចសំខាន់ នៃ​ការ​គាំទ្រ​ការ​ប្រើប្រាស់ប្រាក់រៀល សម្រាប់ សេវាមេធាវី ដើម្បីលើកកម្ពស់ប្រើប្រាស់រូបិយវត្ថុជាតិ និង​អធិបតេយ្យ​ភាពសេដ្ឋកិច្ចរបស់កម្ពុជា ដែលជាសា្មរតីគាំទ្រ និងជំរុញការប្រើ ប្រាស់ប្រាក់​រៀល​ក្នុង​ជីវភាព​ពិត​ឱ្យកាន់តែទូលំទូលាយ៕ អត្ថបទ៖ សុន រ៉ាឌី 

ក្រសួងការងារបានរៀបចំវេទិកាការងារជិត ៦០០លើក ដើម្បីផ្តល់​ឱកាស​ការងារ​ជូន​ដល់​បងប្អូន​អតីត​ពលករ​ខ្មែរដែ​លត្រឡប់មកពីថៃ និងបន្តអំពាវនាវឱ្យទាក់ទងមក ១២៩៧

2025/12/01 10:51:42 am        174
គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​រៀបចំ​វេទិកា​ការងារ​ចំនួន ៥៧៧លើក ដោយនាំយកឱកាសការងារដ៏ច្រើនសម្បូរបែប និងការ​សម្ភាស​ការងារ​នៅ​ហ្នឹងក​ន្លែងផ្ទាល់តែម្តង ជូនដល់ពលរដ្ឋខ្មែរ ជាពិសេសបង​ប្អូន​អតីត​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេសថៃឱ្យទទួលបានការងារធ្វើគ្រប់ៗគ្នា។ នេះបើតាមការបញ្ជាក់របស់ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។បន្ថែមពីនេះ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ក្រៅពីការផ្តល់នូវឱកាសការងារដ៏សម្បូរបែប វេទិកា​ការងារទាំងអស់នេះក៏ផ្តល់នូវឱកាសក្នុង​ការ​សិក្សា​ជំនាញ​បច្ចេក​ទេស​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ ​ជូនដល់បងប្អូនពលករដែលមានបំណងសិក្សាជំនាញបន្ថែម ដើម្បីបង្កើនប្រាក់ចំណូល។លោក ស៊ុន មេសា លើកឡើងថា៖ “នៅក្នុងវេទិកាការងារទាំងអស់នេះ ក្រៅពី​ការ​ផ្តល់​នូវ​ឱកាស​ការងារ​ជូន​ដល់បងប្អូនអតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ ក៏មានការផ្តល់​នូវ​ឱកាស​ក្នុង​ការសិក្សាជំនាញបច្ចេកទេស ដោយឥតគិតថ្លៃផងដែរ ដែលជំនាញទាំង​នោះ​សុទ្ធ​តែ​ស្រប​ទៅ​តាម​តម្រូវការទីផ្សារ ហើយនៅពេលដែលបងប្អូនមានជំនាញច្បាស់លាស់ បងប្អូន​នឹង​ទទួល​បាន​ការងារដែលមានប្រាក់ចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ”។ជាមួយគ្នានេះ លោក បានបញ្ជាក់ផងដែរថា នៅថ្ងៃទី៦ និងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ក្រសួងការងារនឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅ​ស្រុក​ចំនួន២ ក្នុងខេត្តសៀមរាប គឺស្រុកសូទ្រនិគម និងស្រុកពួក ដើម្បីផ្តល់ឱកាសការងារ អត្ថ​ប្រយោជន៍​នៃ​របបបេឡាជាតិសន្តិសុខសង្គម និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលត្រឡប់មកពីប្រទេសថៃ។ទន្ទឹមនឹងនេះ អ្នកនាំពាក្យ​រូប​នេះ​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​អតីត​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពីប្រ​ទេ​ស​ថៃ​ ដែលមានបំណងស្វែងរកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួល​បាន​ឱកាស​ការងារ​ធ្វើ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលមន្ត្រីក្រសួង​ការងារ​នៅ​រង់​ចាំទទួលទូរសព្ទរបស់បងប្អូន ៧ថ្ងៃក្នុងមួយសប្តាហ៍។គួរបញ្ជាក់ថា ក្រសួងការងារដែលជាសេនាធិការជូនរាជរដ្ឋាភិបាលអាណត្តិទី៧ នេះ បានខិតខំ​ប្រឹង​ប្រែង និងបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីសម្រួលដល់​បងប្អូន​អតីត​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពីថៃឱ្យឆាប់ទទួលបានការងារធ្វើគ្រប់ៗគ្នា ដូចជាការដាក់​ពង្រាយ​មណ្ឌល​សំចត​នៅ​តាម​បន្ទាត់​ព្រំដែន ការធ្វើវេទិកាការងារនៅតាមភូមិស្រុក ការសម្រួលនូវឯកសារក្នុងការចូលធ្វើការ និង​យន្តការ ១២៩៧ ជាដើម ដែលបាន​ឆ្លុះ​បញ្ចាំង​ពី​ការ​គិតគូរ​យ៉ាង​ល្អិត​ល្អន់​ចំពោះ​បង​ប្អូន​អតីត​ពលករ​ខ្មែ​រដែលត្រឡប់មកពីថៃ៕ 

ឆ្នាំ២០២៥ ការវិនិយោគលើវិស័យសំណង់មាន ៣៥០៣គម្រោង ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង​៧ពាន់​លាន​ដុល្លារ កើន៦៨,៨៩%

2025/12/01 10:41:18 am        202
ភ្នំពេញ៖ ទោះបីជាបញ្ហាសេដ្ឋកិច្ចសកល មិនទាន់មានភាពល្អប្រសើរ ប៉ុន្តែនៅក្នុងឆ្នាំ២០២៥នេះ ដោយ​វិស័យសំណង់នៅក្នុងប្រទេសកម្ពុជា នៅតែមានសញ្ញាល្អ គឺមាន​ការ​វិនិយោគ​រហូតដ​ល់​ចំនួន​ ៣៥០៣គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួនជាង ១៨លានម៉ែត្រការ៉េ ដែល​មានទំហំទឹកប្រាក់ជាង ៧ពាន់ ៣២០លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០២៤ មាន​ការ​កើន​ឡើង ៦៨,៨៩ភាគរយ ។ក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត នៅថ្ងៃទី១ ខែ​ធ្នូ ​ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា គិតពីចាប់ផ្ដើមអនុវត្ត បានចេញ​លិខិត​អនុញ្ញាត​សាង​សង់នៅទូទាំងប្រទេសមានចំនួន ៧១ ៨២០គម្រោង គិតជាផ្ទៃក្រឡាសំណង់​សរុប​ជាង​ ២១៩​លាន​ម៉ែត្រការ៉េ បើគិតតម្លៃប៉ាន់ស្មានទុនវិនិយោគ សរុបប្រមាណជាង ៨៧ពាន់ ៦៩៦​លាន​ដុល្លារអាមេរិក ។របាយការណ៍ដដែលបន្តថា ក្នុងនោះការវិនិយោគលើវិស័យសំណង់អគារខ្ពស់ៗ ក្នុងឆ្នាំ២០២៥ ចាប់​ពី​៥ជាន់ឡើង ចំនួន២២៨គម្រោង ស្មើនឹង២៨៨អគារ, សំណង់លំនៅឋានមាន ២ ៧២៤​គម្រោង មានទុនវិនិយោគជាង ២ពាន់ ៥១២លានដុល្លារ, សំណង់សណ្ឋាគារចំនួន២៥គម្រោង ស្មើ​នឹងទុននិយោគជាង ២៧១លានដុល្លារ, សំណង់អគារពាណិជ្ជកម្ម ១៨៩គម្រោង ទុន​វិនិយោគ​ជាង ៧៩៤លានដុល្លារ, សំណង់អគាររោងចក្រចំនួន ២៣៤គម្រោង ទុនវិនិយោគជាង ២២៩​លានដុល្លារ, និងសំណង់អគារពហុមុខមានចំនួន ៣៧គម្រោង មានទុន​វិនិយោគ​ប្រមាណ​ជាង ៤៦៨លានដុល្លារ ។មិនត្រឹមតែប៉ុណ្ណោះ ក្នុងឆ្នាំ២០២៥នេះ ក្រសួងរៀបដំដែនដី នគរូបនីយកម្ម និងសំណង់ បាន​ប្រមូល​ចំណូលចូលថវិកាជាតិសរុបជាង ៧២៤ពាន់ ២១៩លានរៀល កើនឡើង ១០,០៦​ភាគ​រយ ​បើធៀបនឹងឆ្នាំ២០២៤ ដែលក្នុងនោះប្រមូលបានតាមរយៈរដ្ឋបាលកណ្ដាលចំនួនជាង ៣៩​ពាន់​ ៦៣៣លានរៀល និងតាមរយៈមន្ទីររាជធានីខេត្ត បានជាង ៦៨៤ពាន់ ៥៨៥លានរៀល ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍ថា ទន្ទឹម​នឹង​ការ​រីក​ចម្រើន​នៃ​វិស័យ​សំណង់​នេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំបញ្ចប់បញ្ហាជម្លោះដីធ្លីនៅក្នុងប្រទេសកម្ពុជា តាមរយៈ​ការវាស់វែងដីធ្លីចុះក្នុងបញ្ជីជាប្រព័ន្ធ នៅទូទាំងប្រទេស ដើម្បីធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជា​ពលរដ្ឋ​កាន់​កាប់ដីធ្លីដោយសុវត្ថិភាព ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា មួយវិញទៀត ចំពោះវិស័យសំណង់នេះ ក៏បាន​និង​កំពុ​​ង​ព​ង្រឹង​គុណ​ភាពសំណង់បន្ថែម រួមទាំងការរៀបចំលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ​ឲ្យ​មាន​របៀប​រៀប​រយ ​ដែលជាការរស់នៅដោយភាពក្សេមក្សាន្ត ស្របតាមគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដែលធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានផ្ទះសម្ដែងរស់នៅសមរម្យ៕ អត្ថបទ បាន សុខរិទ្ធិ 

ត្រឹមដំណាច់ខែវិច្ឆិកាគម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន៥៣%ហើយ ខណៈថ្ងៃនេះជាថ្ងៃចុងក្រោយនៃការរំកឹលធ្នឹមស្ពាន

2025/12/01 10:11:00 am        242
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានឱ្យឹងថា គិតត្រឹមដំណាច់ខែវិច្ឆិកាឆ្នាំនេះគម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រាសម្រេចបាន៥៣%ហើយ ខណៈថ្ងៃទី០១ ខែធ្នូជាថ្ងៃចុងក្រោយ នៃការរំកឹលធ្នឹមស្ពានឆ្លងកាត់ផ្លូវជាតិលេ២ ស្ថិតនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញដែលអាចបណ្ដាលឱ្យមានការកកស្ទះចរាចរន៍នៅតំបន់នោះ។លោក ផន រឹម បានឱ្យដឹងថា ដំណើរការរំកឹលធ្នឹមស្ពានព្រែកប្រា-ចាក់អង្រែក្រោមបានចាប់ផ្តើមពីថ្ងៃទី២៩,៣០ ខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទៅ០១ ខែធ្នូ ឆ្នាំ២០២៥ ដែលជាផ្នែកមួយបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ រំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់កំណាត់ផ្លូវជាតិលេខ២(ចំណុចការដ្ឋានស្ពាន-ក្បែរសាលាACE)។លោកបញ្ជាក់ថាគិតត្រឹមបំណាច់ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន៥៣%ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។បើតាមលោក ផន រឹម តាមប្រតិទិនការដ្ឋានបានស្តែងឱ្យឃើញថា ដំណើរការស្ថាបនា មិនមានភាពយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ដោយត្រៀមបញ្ចប់នៅចុងឆ្នាំ២០២៧ខាងមុខ។ពេលសាងសង់រួច ស្ពាននេះនឹងជួយ៖ កាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ។ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។ កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហាររបស់សត្វខ្លាឃ្មុំបណ្តាលឲ្យមនុស្ស ៤នាក់រងរបួសនៅភាគឦសានប្រទេសជប៉ុន
06/03/2026 08:06 PM
យន្តហោះចៀសវាងដែនអាកាសគូវ៉ែត ខណៈផ្អាកជើងហោះហើរ ក្រោយការវាយប្រហារយានដ្រូន និងមីស៊ីលអ៊ីរ៉ង់
06/03/2026 08:06 PM
ការនាំចេញតែរបស់ឥណ្ឌាទៅកាន់ប្រទេសអ៊ីរ៉ង់ រងផលប៉ះពាល់ដោយសារសង្រ្គាមមជ្ឈិមបូព៌ា
06/03/2026 08:06 PM
បំណាក់ដីបង្កឡើងដោយសារព្យុះត្រូពិក Jangmi បិទផ្លូវរថភ្លើងនៅតំបន់ភាគកណ្តាលជប៉ុន
06/03/2026 08:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅជិតព្រំដែនលីបង់ សង្ឃឹមថានឹងមានបទឈប់បាញ់ពិតប្រាកដនៅពេលនេះ
06/03/2026 08:06 PM
ចំណតប្រេងនៅទីក្រុង St Petersburgរបស់រុស្ស៊ី រងការឆាបឆេះ ក្រោយការវាយប្រហារយានដ្រូនរបស់អ៊ុយក្រែន
06/03/2026 08:06 PM
មនុស្ស ៧នាក់ស្លាប់ និង ១១នាក់រងរបួស នៅក្នុងការវាយប្រហារយានដ្រូនអ៊ុយក្រែននៅតំបន់ Donetsk
06/03/2026 08:06 PM
រូបភាពផ្កាយរណប៖ អ៊ីស្រាអែលសាងសង់ប៉ុស្តិ៍យោធាកាន់តែច្រើននៅតំបន់ហ្កាហ្សា
06/03/2026 08:06 PM
មន្ត្រីអ៊ីស្រាអែលមិនអាចបញ្ចប់សុន្ទរកថាបាន​ឡើយ នៅឯ​សន្និសីទ ILO ក្នុង​ទី​ក្រុងហ្សឺណែវ ដោយសារការតវ៉ា
06/03/2026 08:06 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់បានយល់ព្រមមិនស្វែង​រក​ការ​ផលិត​អាវុធនុយក្លេអ៊ែរ
06/03/2026 07:06 PM