មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-អាម៉េរិក ពិភាក្សាអំពីការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា

ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីសម្ពោធឆ្លងសមិទ្ធផលនានា និងស្រោច​ស្រពសុគន្ធ​វារីប្រគេនព្រះអង្គគ្រូចៅអធិការ គ្រូសូធ្យស្តាំ គ្រូសូធ្យឆ្វេង វត្តកោះអណ្តែត

2025/12/01 09:54:51 am        144
នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារីប្រគេនព្រះអង្គគ្រូចៅអធិការ គ្រូសូធ្យស្តាំ គ្រូសូធ្យឆ្វេង វត្តកោះអណ្តែត និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិប្រឡាយមាស ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីសម្តេចព្រះពុទ្ធជ័យមុន្នីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឈនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះគ្រូមេគណខេត្តតាកែវ លោកជំទាវ ឯកឧត្តម សមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុកទាំង ១០ នៃខេត្តតាកែវ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋសរុបប្រមាណ ២១៤០ អង្គ/នាក់។ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា សមិទ្ធផលដែលត្រូវសម្ពោធនាពេលនេះ ពិតជាឆ្លុះបញ្ជាំងអំពីកិច្ចខិតខំប្រឹងប្រែងពូនជ្រុំ និងលើកកម្ពស់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ពីសំណាក់ព្រះគ្រូចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ពុទ្ធបរិស័ទ្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្ឋាក់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា កម្ពុជាយើង បានរងនូវការឈ្លានពានពីសំណាក់ប្រទេសថៃដែលស្រេកឃ្លានសង្គ្រាម។ ឆ្លើយតបនឹងការឈ្លានពាននេះ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនយើងបានស្រាក់ដៃគ្នាការពារជាតិយ៉ាងរឹងមាំតាមកិច្ចការរបស់ខ្លួន។ រដ្ឋាភិបាល បានខិតខំបំពេញការងារតាមលក្ខណៈការទូតកងទ័ពខិតខំប្រយុទ្ធនិងការពារទឹកដីស្របតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់បំផុតពីរាជរដ្ឋាភិបាល ហើយបងប្អូនប្រជាពលរដ្ឋយើងបានប្តេជ្ញាអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលខ្ជាប់ខ្ជួន ឯព្រះសង្ឈក៏បានចូលរួមដ៏សកម្ម ផងដែរ។លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់មន្ត្រីរាជការគ្រប់លំដាក់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ នៃស្រុកកោះអណ្តែត ត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យស្របតាមតម្រូវការ ព្រមទាំងថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖ កាកបាទក្រហមកម្ពុជា​កំណត់ការងារជាអាទិភាពចំនួន ៤ ដើម្បី​ចូលរួម​ឆ្លើយតប​នឹង​ជំងឺអេដស៍នៅកម្ពុជា

2025/12/01 09:41:41 am        243
ភ្នំពេញ៖ ក្នុងឱកាស ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៥ ក្រោម​មូល​បទ​សកល ​«យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍» សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ នៃ​វេទិកា​ភាព​ជា​អ្នក​ដឹក​នាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បាន​ដាក់​ចេញ​នូវ​ការងារជាអាទិភាពចំនួន ៤ ដើម្បីចូលរួម​ឆ្លើយតបនឹងជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជា។ តាមរយៈសារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាន​មាន​ប្រសាសន៍ថា ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ នៅកម្ពុជា អស់​រយៈ​ពេល​៣២​ឆ្នាំកន្លងទៅនេះបានបង្ហាញពីឆន្ទៈនយោបាយដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការ​ចូល​រួមជាមួយពិភពលោក ឆ្ពោះទៅបញ្ចប់អេដស៍។ ដោយឡែកនៅក្នុងឆ្នាំ២០២៥នេះការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ គឺជាឱកាស​គូស​បញ្ជាក់បន្ថែមទៀត ពីសារៈសំខាន់នៃការប្តេជ្ញាចិត្តបន្តកិច្ចខិតខំប្រឹងប្រែងរួមជាសកល ជ​ម្នះ​គ្រ​ប់​ឧបសគ្គដែលកើតមានឡើងដោយសារតែសង្គ្រាម, ជម្លោះប្រដាប់​អាវុធ​ដែល​កើត​មាន​ឡើង​ជា​ច្រើនកន្លែងនៅក្នុងពិភពលោក, ការធ្លាក់ចុះសេដ្ឋកិច្ចសកល និងការប្រែប្រួលអាកាសធាតុ។ លើសពីនេះទៅទៀត, វិបត្តិមូលនិធិជាប្រវត្តិសាស្ត្រកំពុងគំរាមកំហែងឈានទៅបំផ្លាញវឌ្ឍនភាពដែលខិតខំកសាងឡើងរាប់ទសវត្សរ៍។ ប្រទេសជាច្រើនត្រូវបង្ខំចិត្តធ្វើការផ្លាស់ប្តូរយ៉ាងធំធេង ក្នុងដំណើរការកម្មវិធីអេដស៍ និងការផ្តល់មូលនិធិ។នៅចំពោះមុខបរិការណ៍សកលនេះព្រះរាជាណាចក្រកម្ពុជា បើទោះបីកំពុងមានការរំខានដោយសារតែ ស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃក៏ដោយ ក៏រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបន្តសម្រេចឱ្យបាននូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០៣០ ដែលបច្ចុប្បន្នកម្ពុជាសម្រេចបាន រួចទៅហើយ នូវគោលដៅសកលចំនួនពីរគឺ៖ ទី១. អ្នកដែលបានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ចំនួន១០០% បានទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍, ទី២.ក្នុងចំណោមអ្នកដែលបានទទួលការ ព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍គឺ៩៨% ទទួលបានប្រសិទ្ធភាពខ្ពស់។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានប្រសាសន៍ថា នៅចំពោះមុខកម្ពុជា យើងត្រូវតែនាំគ្នាប្តេជ្ញាបន្តខិតខំប្រឹងប្រែង សម្រេចឱ្យបានគោលដៅសកលទី១ ពោល គឺធ្វើយ៉ាងណាឱ្យអ្នក ដែលសង្ស័យថាមានផ្ទុកមេរោគអេដស៍ ដែលបច្ចុប្បន្នមាន៩២%នោះឱ្យបានកើនជាង៩៥% ដើម្បីពួកគាត់បានទៅទទួលសេវាព្យាបាល បានទាន់ពេលវេលា និងទប់ស្កាត់ករណីឆ្លងថ្មីនៃមេរោគអេដស៍។សម្ដេចបានថ្លែងថាជាមួយគ្នានេះដើម្បីចូលរួមសម្រេចបានគោលនយោបាយជាតិដ៏ស្រួចស្រាវខាងលើនេះ កាកបាទក្រហម កម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ រួមទាំងរូបសម្ដេចផ្ទាល់បានកំណត់ការងារជាអាទិភាពចំនួន៤គឺ៖ ១-ពង្រឹងភាពជាអ្នកដឹកនាំនិងភាពធន់ ដោយលើកកម្ពស់ភាពជាម្ចាស់របស់សហគមន៍ចូលរួមជា ចរន្តជាតិតែមួយឈានឆ្ពោះទៅបញ្ចប់អេដស៍។ ២- បន្តពង្រឹង និងពង្រីកការអប់រំលើកកម្ពស់ការយល់ដឹងពីការបង្ការការចម្លងមេរោគអេដស៍ជារួមនៅ តាមគ្រឹះស្ថានអប់រំ សហគមន៍មូលដ្ឋាន ជាពិសេសក្នុងចំណោមយុវវ័យ ក្រុមប្រជាជនគន្លឹះ និង លើកកម្ពស់ការទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។ ៣- បន្តផ្តល់សេវាគាំទ្រសង្គម ជួយជនរងគ្រោះដោយសារមេរោគអេដស៍ ជំងឺអេដស៍ និង ៤- បន្តធ្វើជាគំរូនៅក្នុងសង្គមជាតិនិងរក្សាបរិយាកាស លើកកម្ពស់ការមិនរើសអើង និងមាក់ងាយ អ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នកជំងឺអេដស៍។ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ចូលរួមយ៉ាងសកម្ម និងឱ្យបានទ្វេដង ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា ក្នុងយន្តការជាតិតែមួយ ដើម្បីសម្រេចបានដោយជោគជ័យនូវគោល នយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០៣០។ ចំពោះយុវនារីយុវជនទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវផ្នត់គំនិត និងឥរិយាបថ វិជ្ជមានបង្ការខ្លួនពីការចម្លងមេរោគអេដស៍ និងដើរតួជាសកម្មជនប្រយុទ្ធនឹងជំងឺអេដស៍តាមរយៈ សកម្មភាពមិត្តអប់រំមិត្ត ការបង្កើតក្រុមជួយខ្លួនឯង ចែករំលែកចំណេះដឹង ផ្សព្វផ្សាយព័ត៌មានថ្មីៗ ស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ដល់មិត្តភក្តិ សហគមន៍ និងសង្គមជាតិរបស់យើង ជាពិសេស ត្រូវនាំគ្នាចៀសឱ្យឆ្ងាយ ពីការសេពគ្រឿងញៀន គ្រឿងស្រវឹង និងការប្រើបារីអេឡិចត្រូនិក និង ត្រូវលើកកម្ពស់ស្មារតី “ស្រឡាញ់ខ្លួន ស្ងួនចំណី”។ ចំពោះបងប្អូនដែលបានប្រព្រឹត្ត ឬសង្ស័យថាខ្លួនបានប្រឈមនឹងការឆ្លងមេរោគអេដស៍ ត្រូវតែស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ឱ្យបានឆាប់បំផុតដើម្បីអាចទទួលបាន នូវសេវាព្យាបាលទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ និងសូមចងចាំជានិច្ចថា «យើងអាច ភ្លេចអេដស៍ តែអេដស៍ពុំភ្លេចយើងឡើយ»។ ចំពោះស្ត្រីមានផ្ទៃពោះទាំងអស់ សូមទៅទទួលសេវាពិនិត្យ និងថែទាំផ្ទៃពោះឱ្យបានត្រឹមត្រូវ និង ទៀងទាត់ ទទួលបានការផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ មេរោគស្វាយ ទប់ស្កាត់ កាត់ការចម្លងមេរោគអេដស៍ មេរោគស្វាយពីម្តាយទៅកូន។សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវ កុំរើសអើង និងមាក់ងាយអ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នកជំងឺអេដស៍ជាដាច់ខាត ព្រោះវាជាអំពើផ្ទុយទៅនឹងច្បាប់ស្តីពី ការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និង ជំងឺអេដស៍នៅកម្ពុជា។ ផ្ទុយទៅវិញ សូមចូលរួមលើកទឹកចិត្ត ផ្តល់កិច្ចគាំពារ មិនបោះបង់ចោលឬទុកឱ្យនៅឯកាចំពោះអ្នករស់នៅជាមួយមេរោគអេដស៍និងអ្នកជំងឺអេដស៍ណាម្នាក់ឡើយ៕

ព្រះមហាក្សត្រ យាងទៅកាន់ប្រទេសបារាំងដើម្បីចូលរួមកិច្ចប្រជុំនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រ រយៈពេលមួយសប្ដាហ៍

2025/12/01 09:05:13 am        312
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ បានយាងចាកចេញពីរាជធានីភ្នំពេញ ដើម្បីឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំងរយៈពេលមួយសប្តាហ៍ ដើម្បីយាងចូលរួមកិច្ចប្រជុំនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រ។អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងចូលរួមកម្មវិធីបណ្ឌិត្យសភាវិទ្យាសាស្រ្តនៅព្រឹកនេះ ក៏មានការអញ្ជើញចូលរួមដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា, រួមនឹងមន្រ្ដីរាជការតាមបណ្ដាក្រសួង ស្ថាប័នជាច្រើនរូបទៀត។ តាមព្រះរាជសារផ្ញើជូនដល់ជនរួមជាតិ, ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះរាជបន្ទូលឱ្យដឹងថា ក្នុងឱកាសដែលព្រះអង្គគង់ប្រថាប់នៅក្រៅប្រទេសនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងទទួលជួយក្នុងព្រះបរមនាមរបស់ព្រះអង្គ ជាប្រមុខរដ្ឋស្តីទី។សូមបញ្ជាក់ថា ក្នុងឱកាសគង់ប្រថាប់នៅទីក្រុងប៉ារីស ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ក៏សព្វព្រះរាជហឫទ័យស្តេចយាងទតបណ្ណាគារ, យាងទតហាងលក់ DVD, យាងទតវត្តខេមរារាម, យាងទតបណ្ណាល័យឧត្តមសិក្សា និងអរិយធម៌ BULAC, យាងទតព្រះរាជដំណាក់ថ្មីនៅទីក្រុងប៉ារីស។សូមបញ្ជាក់ថា បណ្ឌិត្យសភាវិទ្យាសាស្ត្រ គឺជាសមាគមអ្នកសិក្សាមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២២។ សកម្មភាពរបស់បណ្ឌិត្យសភាវិទ្យាសាស្ត្រភាគច្រើនទាក់ទងនឹងភូមិសាស្ត្រ និងប្រវត្តិសាស្ត្រទូទៅនៃទ្វីបអាហ្វ្រិក អាមេរិកឡាទីន អាស៊ី និងអូសេអានី។ បណ្ឌិត្យសភាវិទ្យាសាស្ត្រ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២២ ដោយលោក Paul Bourdarie ដើម្បីសិក្សាអំពីបញ្ហាជាក់លាក់នៃទឹកដីនៃបណ្តាប្រទេស និងរដ្ឋដែលធ្លាប់បានស្ថិតក្រោមអាណាព្យាបាលបារាំង។ ដើមឡើយ បណ្ឌិត្យសភាវិទ្យាសាស្ត្រមានឈ្មោះថា បណ្ឌិត្យសភាវិទ្យាសាស្ត្រអាណានិគម និងត្រូវបានប្តូរឈ្មោះជាបណ្ឌិត្យសភាវិទ្យាសាស្ត្រនៃប្រទេសឯនាយសមុទ្រក្នុងខែមិថុនា ឆ្នាំ១៩៥៧។បណ្ឌិត្យសភាវិទ្យាសាស្ត្រ មានបាវចនា «ចំណេះដឹង ការយល់ដឹង ការគោរព សេចក្តីស្រឡាញ់»។ មានអាយុកាលជាង១០០ឆ្នាំ បណ្ឌិត្យសភាវិទ្យាសាស្ត្រនៃប្រទេសឯនាយសមុទ្រមានបណ្ណាល័យដែលតម្កល់សៀវភៅជាង៧ម៉ឺនក្បាល ធ្វើឱ្យបណ្ឌិត្យសភាវិទ្យាសាស្ត្រក្លាយជាធនធានឈានមុខគេសម្រាប់វប្បធម៌ នៃអតីតប្រទេសស្ថិតក្រោមអាណាព្យាបាលនៅឯនាយសមុទ្រ។បណ្ឌិត្យសភាវិទ្យាសាស្ត្រក៏ផ្តល់រង្វាន់ដែលទទួលស្គាល់ដល់ការសិក្សាទាក់ទងនឹងទឹកដីប្រវត្តិសាស្ត្រ វប្បធម៌នៃបណ្តាប្រទេសឯនាយសមុទ្រផងដែរ៕ 

ទំនប់ដូនទ្រី ជាអាងស្ដុកទឹកបានប្រមាណ​ ១៦៣លានម៉ែត្រគូប ស្ថិតក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង

2025/12/01 08:19:31 am        303
ទំនប់ដូនទ្រី​ ជាអាងស្តុកទឹកដ៏ធំមួយទៀត​ ក្នុងចំណោមអាងស្តុកជាច្រេីននៅខេត្តបាត់ដំបង​ ពោរពេញដោយសក្កានុពលកសិកម្ម​ អាចផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មរដូវវស្សាចំនួន ៣៣០០០ហិកតា និងរដូវប្រាំងចំនួន ៤៥០០ហិកតា គ្របដណ្តប់លើឃុំចំនួន ១១នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រមទាំងចូលរួមចំណែកនៅក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។ ទំនប់ដូនទ្រី បានសម្រេចការសាងសង់​ ១០០% ក្រោយពីបានចាប់ផ្តើមការដ្ឋានកាលពីឆ្នាំ២០១៨ ដោយមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ៖ទី១/ ទំនប់ស្នូលដីថ្មបំពេញ Earth-Core Rockfill Dam (ECRD) ដែលមានខ្នងលើទទឹង ៨ ម៉ែត្រ កម្ពស់ ៦០ ម៉ែត្រពីគ្រឹះ និងប្រវែងសរុប ៦៥៤ ម៉ែត្រ ដែលមានសមត្ថភាពផ្ទុកទឹកប្រសិទ្ធភាពបាន ១៣៣ លានម៉ែត្រគូប។ទី២/ សំណង់បង្អៀរ (Spillway) ដែលមានប្រវែងសរុប ៤១៤ ម៉ែត្រ និងសមត្ថភាពដោះទឹកបាន ៨៥០ ម៉ែត្រគូប/វិនាទី។ទី៣/ រូងក្រោមដីបង្វែរទឹក (Diversion Tunnel) ដែលមានអង្កត់ផ្ចិត ៤ ម៉ែត្រ និងប្រវែង ៤៦២ ម៉ែត្រ។និងទី៤/ សំណង់ប៉មគ្រប់គ្រងទឹកមានទ្វារទឹកច្រើនថ្នាក់ (Multi-Stage Intake Tower) ដែលមានវិមាត្រ ៨ ម៉ែត្រ (ទទឹង) × ២៤ ម៉ែត្រ (ប្រវែង) × ៤៩ ម៉ែត្រ (កម្ពស់) បំពាក់ដោយទ្វារសំរាប់ប្រតិបត្តិការចំនួនបួន ដែលនីមួយៗមានទំហំ ២,២ ម៉ែត្រ x ២,២ ម៉ែត្រ។ រាជរដ្ឋាភិបាល​ បានបន្តផ្តល់អាទិភាព​ និងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការពង្រឹង​ និងពង្រីកប្រព័ន្ធធារាសាស្ត្រ​ ពិសេសបង្កេីតអាងស្តុកទឹក​ ដែលជាប្រភពនៃតម្រូវការយ៉ាងសំខាន់សម្រាប់បម្រេីដល់វិស័យកសិកម្ម​ និងពហុបំណងនៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនផងដែរ។ ទឹក​ ជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៥​ នៃយុទ្ធសាស្ត្រចតុកោណ​ ហេីយក៏បានបន្តជំរុញអនុវត្តយ៉ាងសកម្ម​ តាមរយៈ​ក្រសួងធនធានទឹក​ និងឧតុនិយម​ជាប្រតិបត្តិករ។

សម្ដេចធិបតី៖ មេរោគអេដស៍មិនទាន់បំបាត់អស់នៅឡើយទេ និងជាបញ្ហាសុខភាពសាធារណៈមួយប៉ះពាល់ដល់ជីវិតមនុស្សជាច្រើន

2025/12/01 08:12:04 am        184
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាមានប្រសាសន៍ថា មេរោគអេដស៍មិនទាន់បំបាត់អស់នៅឡើយទេ ខណៈជំងឺអេដស៍នៅតែជាបញ្ហាសុខភាពសាធារណៈមួយដែលបាន ប៉ះពាល់ដល់ជីវិតមនុស្សជាច្រើន រួមទាំងជះផលអវិជ្ជមានដល់សង្គម សេដ្ឋកិច្ច នៅទូទាំងពិភពលោក។តាមរយៈសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍” នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ, សម្ដេចធិបតីបានចូលរួមជាមួយពិភពលោក ទាំងមូល ក្នុងការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍»។សម្ដេចធិបតីបានថ្លេងថា ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ គឺជា កាលានុវត្តភាពថ្មីដ៏សំខាន់មួយ ដើម្បីបង្ហាញពីផលប៉ះពាល់លើការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ជាមួយ ការប្រឈមថ្មីនានា រួមទាំងការកាត់បន្ថយថវិកាពីអ្នកផ្តល់ជំនួយអន្តរជាតិ ក៏ដូចជាដើម្បីបង្ហាញពីចីរភាពនិងភាពធន់ របស់ប្រទេស និងសហគមន៍ដែលក្រោកឈរយ៉ាងរឹងមាំក្នុងការការពារសមិទ្ធផលសម្រេចបាន ព្រមទាំងជំរុញការឆ្លើយតប នឹងមេរោគអេដស៍ ឈានឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០។ប្រធានបទ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍» មានន័យសំខាន់ក្នុងការជំរុញ ឱ្យសង្គមខិតខំប្រឹងប្រែងបន្តការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាព រឹងមាំជាងមុន។ ការរំខានដូចជា ការរើសអើង ការមាក់ងាយចំពោះអ្នកផ្ទុកមេរោគអេដស៍ ប្រជាជនគន្លឹះ កង្វះការយល់ដឹង ត្រឹមត្រូវពីប្រជាពលរដ្ឋ កង្វះធនធានឬកង្វះការយកចិត្តទុកដាក់របស់អ្នកពាក់ព័ន្ធ ដែលតម្រូវឱ្យយើងទាំងអស់ ពង្រឹងកិច្ចសហការគ្រប់តួអង្គ ដើម្បីគាស់រំលើងឧបសគ្គទាំងនោះ ហើយជំរុញឱ្យមានបរិវត្តកម្មឬការផ្លាស់ប្តូរដ៏វិជ្ជមានមួយ ក្នុងការដឹកនាំ គ្រប់គ្រង និងបង្ការជំងឺអេដស៍។ ការយកឈ្នះការរំខាន គឺជាគន្លងដ៏សំខាន់ក្នុងការអភិវឌ្ឍវិធានការ ឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធិភាព សមស្របតាមការប្រែប្រួល របស់សង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា។សម្ដេចធិបតីបានថ្លែងថា មេរោគអេដស៍មិនទាន់បំបាត់អស់នៅឡើយទេ។ ជំងឺអេដស៍នៅតែជាបញ្ហាសុខភាពសាធារណៈមួយដែលបាន ប៉ះពាល់ដល់ជីវិតមនុស្សជាច្រើន រួមទាំងជះផលអវិជ្ជមានដល់សង្គម សេដ្ឋកិច្ច នៅទូទាំងពិភពលោក។ ទោះជាយ៉ាងណា ក៏ដោយ ការឆ្លើយតបរបស់ប្រទេសកម្ពុជា បានធ្វើដំណើរឆ្ពោះទៅមុខគួរឱ្យកត់សម្គាល់ រីឯវិធីសាស្ត្របរិវត្តកម្ម គឺជាការចាំបាច់ក្នុងការកាត់បន្ថយហានិភ័យ និងជួយឱ្យសម្រេចបាននូវគោលដៅរួមរបស់យើង ទាំងលើការបង្ការ ការថែទាំ ការព្យាបាល និងការគាំទ្រ។ ប្រទេសកម្ពុជាបានធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំង ចំពោះកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍តាមរយៈ ការដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល ដោយផ្តោតលើការអនុវត្តអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ជាការពិតណាស់ ការឆ្លើយតបនឹងមេរោគអេដស៍ជាសកលមិនអាចពឹងផ្អែកលើធនធានក្នុងស្រុកតែមួយបានទេ។ សហគមន៍អន្តរជាតិត្រូវតែរួមគ្នា ដើម្បីកាត់បន្ថយគម្លាតថវិកា និងគាំទ្របណ្តាប្រទេសនានា ដើម្បីបិទគម្លាតដែលនៅ សេសសល់នៅក្នុងការគាំទ្រសេវាបង្ការ និងព្យាបាលមេរោគអេដស៍ លុបបំបាត់ឧបសគ្គផ្នែកច្បាប់និងសង្គម និងផ្តល់ អំណាចដល់សហគមន៍ ក្នុងការចូលរួមដឹកនាំឆ្លើយតប។ ភាពជាអ្នកដឹកនាំនយោបាយ ពិតជាមានសារៈសំខាន់ក្នុងការជំរុញ គោលនយោបាយដោយផ្តោតលើការដោះស្រាយវិសមភាព រចនាសម្ព័ន្ធឆ្លើយតប និងការពារប្រជាជនងាយរងគ្រោះ ដែលបណ្តាលមកពីមេរោគអេដស៍និងជំងឺអេដស៍៕

អាជ្ញាធរមីន៖កម្ពុជាបដិសេធយ៉ាងដាច់ខាតចំពោះការលើកឡើងណាមួយដែលថាកងកម្លាំងយោធាកម្ពុជាបានប្រើប្រាស់មីន

2025/12/01 08:01:42 am        147
អាជ្ញាធរមីនបានចេញមុខច្រានចោល និងបដិសេធយ៉ាងដាច់ខាតចំពោះការលើកឡើងណាមួយរបស់ភាគីថៃដែលថាកងកម្លាំងយោធាកម្ពុជាបានប្រើប្រាស់មីន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរមីន ឆ្លើយតបទៅនឹងការចោទប្រកាន់គ្មានមូលដ្ឋានរបស់យោធាថៃ។ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សូមសម្តែង ការសោកស្តាយចំពោះជនជាតិចិន ដែលបានរងរបួសក្នុងឧប្បត្តិហេតុផ្ទុះមីន នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ និងសូមជូនពរឱ្យជាសះស្បើយឆាប់រហ័ស។ ជាមួយគ្នានេះ អាជ្ញាធរមីន សូមផ្តល់ការបំភ្លឺ ទាក់ទងនឹងឧប្បត្តិហេតុនេះ ដូចខាងក្រោម។នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនជាតិចិនម្នាក់ឈ្មោះ Shi Jingui កាន់លិខិតឆ្លងដែនលេខ ២៣៥៦៩៧៥២៦៣ បានរងរបួសដោយសារឧប្បត្តិហេតុផ្ទុះមីន ខណៈពេលព្យាយាមឆ្លងកាត់ពីប្រទេសថៃចូល ប្រទេសកម្ពុជា នៅក្នុងភូមិសាស្ត្រភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ឧប្បត្តិហេតុ នេះ បានកើតឡើងនៅក្នុងទឹកដីកម្ពុជា ដែលជាតំបន់ចម្ការមីន បន្សល់ទុកពីសង្គ្រាមអូសបន្លាយជាច្រើន ទសវត្សរ៍ កាលពីអតីតកាល។កម្ពុជា បដិសេធដាច់ខាតចំពោះការចោទប្រកាន់ របស់យោធាថៃ ដែលបានធ្វើឡើងតាមរយៈសារព័ត៌មាន នា ពេលថ្មីៗនេះ ដោយបានចោទប្រកាន់គ្មានការពិត មាននិន្នាការនយោបាយ មិនស្របតាមស្តង់ដាររបាយការណ៍ អន្តរជាតិ និងផ្ទុយទាំងស្រុងទៅនឹងកិត្តិនាម និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសម្រេចបានតំបន់ព្រំដែនដែល គ្មានមីន។កម្ពុជាបញ្ជាក់ថា កម្ពុជាមិនប្រើប្រាស់មីនជាដាច់ខាត មិនថានៅពេលណា ឬក្នុងកាលៈទេសៈ ក៏ដោយ ហើយក្នុង នាមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា កម្ពុជាមិននឹងប្រើប្រាស់មីនឡើយ។ប្រសិនបើមានមីនថ្មី ដូចដែលថៃបានអះអាងមែន យើងគួរសួរវិញថា៖ ដោយកម្ពុជាមិនមានប្រើប្រាស់មីន តើ នរណាជាអ្នកដាក់មីន? កម្ពុជាមិនអាចឆ្លើយសំណួរនេះ ជំនួសប្រទេសថៃបានឡើយ។កម្ពុជាបដិសេធយ៉ាងដាច់ខាត ចំពោះការលើកឡើងណាមួយដែលថាកងកម្លាំងយោធាកម្ពុជាបានប្រើប្រាស់មីន។ មកទល់ពេលបច្ចុប្បន្ន ទាំងកម្ពុជា អាស៊ាន និងយន្តការអន្តរជាតិ មិនទាន់ទទួលបានលទ្ធផលស៊ើបអង្កេតជាផ្លូវ ការណាមួយឡើយនោះទេ។ ប្រសិនបើថៃមានភស្តុតាងដែលមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ គួរផ្តល់ជាផ្លូវការមកកាន់កម្ពុជា និងប្រកបដោយវិជ្ជាជីវៈ មិនមែនតាមរយៈសេចក្តីថ្លែងការណ៍សាធារណៈ ឬប្រព័ន្ធផ្សព្វផ្សាយសង្គមនោះ ទេ។កម្ពុជាបន្តអំពាវនាវឱ្យមានការស៊ើបអង្កេតរួមគ្នា ដោយឯករាជ្យ និងប្រកបដោយវិជ្ជាជីវៈ ព្រោះថា បើមិនទាន់រក ឃើញការពិតណាមួយនោះទេ ការចោទប្រកាន់ជាសាធារណៈ គឺជាការបង្កើនភាពតានតឹង និងធ្វើឱ្យសហគមន៍ អន្តរជាតិមានការភ័យច្រឡំ។ ជាថ្មីម្តងទៀត កម្ពុជាសម្តែងការសោកស្តាយចំពោះជនរងគ្រោះដោយសារមីន មិនថាជាតិសាសន៍ណានោះទេ តែកម្ពុជានឹងមិនទទួលយកការចោទប្រកាន់មិនពិត ការក្លែងបន្លំស្ថានការណ៍ និងមិនអាចទទួលបានឡើយ ចំពោះការលើកឡើងណាមួយ ដែលប៉ះពាល់ដល់កិត្តិនាម និងកិច្ចខិតខំប្រឹប្រែងរបស់កម្ពុជា ក្នុងការសម្រេចបាន អនាគតមួយដែលគ្មានមីន។ កម្ពុជានៅតែប្តេជ្ញាចិត្តគាំទ្រកិច្ចសហប្រតិបត្តិការ ការស៊ើបអង្កេតផ្អែកលើភស្តុតាង និងការដោះស្រាយបញ្ហាតាម បណ្តោយព្រំដែន ដោយសន្តិភាព និងផ្អែកលើច្បាប់អន្តរជាតិ។

ថ្ងៃនេះជា ថ្ងៃទី១២៥ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ

2025/12/01 07:01:43 am        199
កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។ សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។

ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពោធិបាន និងហេដ្ឋារចនាសម្ព័ន្ធជុំវិញ

2025/11/30 05:50:08 pm        272
នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពោធិបាន និងហេដ្ឋារចនាសម្ព័ន្ធជុំវិញ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក កោះធំ និងចុះមូលដ្ឋានឃុំពោធិបានជាច្រើនរូប។ពិធីសម្ពោធសមិទ្ធផលអគារទីស្នាក់ការគណបក្សនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធទាំងអស់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបម្រើការងាររដ្ឋបាលរបស់គណបក្ស ដើម្បីធានាដល់ប្រសិទ្ធភាពការងារ ដែលជាទីកន្លែងធ្វើការសមរម្យ និងជាចំណែកដ៏សំខាន់សម្រាប់ការបំពេញការងារ ព្រមទាំងជាទីតាំងសម្រាប់ការជួបជុំប្រជុំពិភាក្សាការងារ ដោះស្រាយបញ្ហាប្រឈមផ្សេងៗ របស់សមាជិក សមាជិកាគណបក្ស ហើយខ្ញុំសង្ឃឹមថាអគារទីស្នាក់ការនេះនឹងដើរតួនាទីសកម្មបម្រើឱ្យសកម្មភាពការងារគណបក្ស។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណចំពោះមន្ត្រីគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ដែលបានរួមដំណើរជាមួយគណបក្សតាំងពីគ្រាលំបាកបំផុត បានធ្វើការវិនិច្ឆ័យយ៉ាងត្រឹមត្រូវអំពីតួនាទីដឹកនាំ អំពីសមិទ្ធផលដែលសម្រេចបាន និងតថភាពនៃការរីកចម្រើនរបស់សង្គមជាតិយើង ដើម្បីគណបក្សនៅតែបន្តឈ្នះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៨ ខាងមុខទៀត សូមមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកាគណបក្សចូលរួមឱ្យបានទាំងអស់គ្នា៕

ឯកឧត្តម ហេង សួរ អំពាវនាវក្រុមការងារគណបក្សចុះមូលដ្ឋាន បន្តថែរក្សាសុខសន្តិភាពជូនប្រជាជននិងសង្គមជាតិ

2025/11/30 04:47:19 pm        206
ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម នៅថ្ងៃទី២៩ ខែវិច្ឆិកា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ១១ខែ ឆ្នាំ២០២៥ និងលើកទិសដៅបន្តរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ដោយមានអ្នកចូលរួមសរុបប្រមាណ ៥៣០នាក់។ក្នុងកិច្ចប្រជុំនេះ លោក ទុន ណេត ប្រធានគណៈកម្មាធិការគណបក្សស្រុកកំពង់សៀម បានរាយការណ៍ជូនអង្គពិធី អំពីការបំពេញការងារក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៥ ដែលបានឆ្លុះបញ្ចាំងពីស្មារតីបំពេញភារកិច្ចការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមអនុវត្តកម្មវិធីនយោបាយគណបក្ស ក្នុងនោះរួមមាន ការកសាងពង្រឹង ពង្រីកសមាជិកគណបក្ស, ការធានាបាននូវការគាំទ្រលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា, ការជំរុញការអនុវត្តសកម្មភាពរបស់គណៈចលនានីមួយៗ និងក្រុមការងារបណ្ដាញសង្គម ដើម្បីបំពាក់បំប៉នស្មារតីគ្រប់គ្រងសមរភូមិសតិអារម្មណ៍សាធារណៈ និងជំរុញចលនាមហាជនក្នុងបុព្វហេតុរួមរបស់គណបក្ស និងការពង្រឹងរចនាសម្ព័ន្ធអង្គការចាត់តាំងយុវជន ក៏ដូចជាការចុះសំណេះសំណាល និងដោះស្រាយបញ្ហាជូនសមាជិកគណបក្សដែលជួបការលំបាក។ឯកឧត្តម ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលសម្រេចបានស្របតាមកម្មវិធីនយោបាយគណបក្ស ព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមការងារបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសមាជិកគណបក្ស។ ឯកឧត្តម ក៏បានរំលេចផងដែរ អំពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តថែរក្សា “សន្តិភាព” ដែលជាកេរដំណែលមិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ ហ៊ុន សែន តាមរយៈការបន្តអនុវត្តនូវយុទ្ធសាស្រ្ត “ស្ងាត់តែមិនស្ងៀម” ក្នុងការទប់ស្កាត់ស្ថានភាពមិនឱ្យរីករាលដាលក្នុងទ្រង់ទ្រាយធំ, កាត់បន្ថយនូវផលប៉ះពាល់ឱ្យបានជាអតិបរមា និងឆាប់រហ័សបំផុត, ព្រមទាំងស្ដារស្ថានភាពឱ្យល្អប្រសើរឡើងវិញ សំដៅរក្សាបាននូវស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ ធានាបាននូវសុខសន្តិភាពសម្រាប់ប្រជាជន និងសង្គមជាតិទាំងមូល។ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បាននាំយកអាវរងាចំនួន ២ ៣៦២អាវ ប្រគល់ជូនក្រុមប្រឹក្សា មន្ត្រីរាជការ កងកម្លាំងទាំង ៣ប្រភេទ និងប្រជាការពារ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីចាត់ចែងតាមតម្រូវការជាក់ស្តែង៕អត្ថបទ៖ ឈិត បូរ៉ាវី

ល្ខោនខោល បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍សាទរតារាសាគរទេសចរណ៍សមុទ្រ ក្នុងខេត្តកោះកុង

2025/11/30 04:35:44 pm        260
រាត្រីសិល្បៈល្ខោនខោល បានបង្ហាញខ្លួនសម្តែងជូនទស្សនិជកនៅក្នុងព្រឹត្តិការណ៍សាទរតារាសាគរទេសចរណ៍សមុទ្រ នៅស្រុកគិរីសាគរ ខេត្តកោះកុង ដោយអ្នករៀបចំចាត់ទុកថា ផ្ទាំងទស្សនីយភាពសិល្បៈបុរាណដ៏អស្ចារ្យរបស់ខ្មែរ។ថ្លែងបើករាត្រីសិល្បៈល្ខោនខោលពីតំបន់វិស្សមកាលតារាសាគរ លោក ជា តិចហុក នាយកផ្នែកទំនាក់ ទំនងសាធារណៈនៃក្រុមហ៊ុនខូលថល ស៊ីធី បានឱ្យដឹងថា ល្ខោនខោល គឺជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ។លោក ជា តិចហុក គូសបញ្ជាក់នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ទៀតថា ទម្រង់សិល្បៈនេះ មិនត្រឹមតែបង្ហាញពីភាពរស់រវើក ភាពស្វាហាប់ និងសោភ័ណភាពនៃក្បាច់រាំប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កប់នូវទស្សនវិជ្ជា គុណធម៌ និង ព្រលឹងនៃដូនតាខ្មែរយើងផងដែរ។ លើសពីនេះ តាមជំនឿរបស់ដូនតាខ្មែរ ល្ខោនខោលមិនមែនគ្រាន់តែជា ការសម្ដែងដើម្បីកម្សាន្តភ្នែកប៉ុណ្ណោះទេ ប៉ុន្តែវាជា «ពិធីសក្ការៈ» ដ៏ពិសិដ្ឋមួយ ដើម្បីបួងសួងសុំសេចក្តីសុខ សុំទឹកភ្លៀង នឹងនាំមកនូវភាពចម្រុងចម្រើនជូនដល់សហគមន៍។លោកនាយកផ្នែកទំនាក់ ទំនងសាធារណៈនៃក្រុមហ៊ុនខូលថល ស៊ីធី ក៏បានចាត់ទុកថា រាត្រីនេះ ពុំមែនគ្រាន់តែជាការជួបជុំកម្សាន្តធម្មតានោះទេ ប៉ុន្តែជាឱកាសដ៏ពិសេសដែលយើង បាននាំយកនូវផ្ទាំងទស្សនីយភាពសិល្បៈបុរាណដ៏អស្ចារ្យរបស់ខ្មែរ។ការដែលព្រឹត្តិការណ៍សាទរតារាសាគរទេសចរណ៍សមុទ្រ សម្រេចចិត្តជ្រើសរើសយកការសម្តែងនេះមកកាន់តារាសាគរ ដើម្បីជាការបួងសួងសុំសិរីសួស្តីជូនដល់ភ្ញៀវទេសចរ និងតំបន់អភិវឌ្ឍន៍តារាសាគរទាំងមូល ព្រមទាំងបង្ហាញពីឆន្ទៈដ៏មុតមាំក្នុងការស្រឡាញ់ និងចូលរួមអភិរក្សវប្បធម៌ខ្មែរ ឱ្យបានគង់វង្ស។ ក្នុងន័យនេះ ក្រុមការងារចង់ឱ្យការ អភិវឌ្ឍនៅតារាសាគរ ដើរទន្ទឹមគ្នានឹងការថែរក្សាអត្តសញ្ញាណជាតិ ដោយផ្សារភ្ជាប់ «ទេសចរណ៍ធម្មជាតិ» ជាមួយ «ទេសចរណ៍វប្បធម៌» ឱ្យក្លាយជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ និងប្រកបដោយមោទកភាព។ទៀតសោត វត្តមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ក្រុមសិល្បករ ក្នុងការបន្តថែរក្សាមរតកដូនតាមួយនេះ ដោយក្រុមការងាររៀបចំសង្ឃឹមយ៉ាងមុតមាំថា លោកអ្នកនឹងរីករាយជាមួយទស្សនីយ ភាពដ៏អស្ចារ្យនៅរាត្រីនេះ និងទទួលបាននូវអនុស្សាវរីយ៍ល្អៗដែលមិនអាចបំភ្លេចបានពីទឹកដីតារាសាគរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​ ឯកសារ៖ ស្ថាប័ន​ការទូត EU បានស្នើបេសកកម្ម​ជើងទឹក ដើម្បីសម្អាត​ផ្លូវ នៅ​​ច្រកសមុទ្រ Hormuz
06/03/2026 07:06 PM
តៃវ៉ាន់ បញ្ជាក់​ថា ជប៉ុន និងហ្វីលីពីន ត្រូវតែគោរពសិទ្ធិរបស់ខ្លួន អំឡុង​ការចរចាព្រំដែនសមុទ្រ
06/03/2026 07:06 PM
នាយករដ្ឋមន្ត្រី បង្ហាញរដ្ឋាភិបាលដែល​មាន​ស្ត្រីភាគច្រើនជាលើកដំបូងរបស់ដាណឺម៉ាក
06/03/2026 06:06 PM
​ណាតូនឹងចាប់ផ្តើមសមយុទ្ធសមុទ្របាល់ទិកកម្រិត​តូច​ជាងមុន​ ខណៈមានការប្រកួតប្រជែង​ដាក់​​ពង្រាយយោធា
06/03/2026 06:06 PM
គេហទំព័រព័ត៌មាន៖ នាយករដ្ឋមន្ត្រីថ្មីរបស់ឡាតវី មានបំណងផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី
06/03/2026 06:06 PM
អ្នកជំនាញយោធា៖ អ៊ុយក្រែនបាត់បង់កងទ័ពនិងទាហានស៊ីឈ្នួលជាង ៣១.០០០នាក់ នៅក្នុងខែ ឧសភា
06/03/2026 06:06 PM
អ៊ុយក្រែនអំពាវនាវឲ្យមានការសន្ទនាជាមួយប៉ូឡូញ ខណៈភាពតានតឹងផ្ទុះឡើង​ ដោយសារ​ឈ្មោះ​អង្គភាពយោធា
06/03/2026 06:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-អាម៉េរិក ពិភាក្សាអំពីការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
06/03/2026 06:06 PM
មនុស្សរាប់រយនាក់រត់គេចខ្លួន ខណៈហ្វូងមនុស្សប្រឆាំងនឹងជនអន្តោប្រវេសន៍អាហ្វ្រិកខាងត្បូង ដើរពីផ្ទះមួយទៅផ្ទះមួយ
06/03/2026 05:06 PM
ជប៉ុនមាន​ក្ដី​បារម្ភយ៉ាងខ្លាំង ចំពោះប្រតិបត្តិការថ្មើរជើង​​របស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់
06/03/2026 05:06 PM