មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-អាម៉េរិក ពិភាក្សាអំពីការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា

ព័ត៌មានជាតិ

ឯកឧត្តម ឌិត ទីណា៖ ការធ្វើពិពិធកម្មផលិតកម្មកសិកម្មឱ្យមានភាពចម្រុះ គឺជួយឱ្យកសិករទទួលបានប្រាក់ចំណូលបន្ថែម

2025/11/30 04:13:37 pm        210
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្ដម Rt Hon Winston Peters រដ្ឋមន្រ្តីការបរទេសនៃប្រទេសនូវែលសេឡង់ កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធី Launching of Growing Transformative Horticulture in Cambodia (GROWTH) នៅរាជធានីភ្នំពេញ។យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងក្រោយចប់កម្មវិធីថា នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីគោលដៅក្នុងការពង្រឹងភាពធន់ ពង្រីកការកែច្នៃ និងធ្វើការតភ្ជាប់ទីផ្សារ សម្រាប់គាំទ្រនិងជ្រោមជ្រែងការបង្វែរមករកសាកវប្បកម្ម ឬការធ្វើផលិតកម្មបន្លែ ផ្លែឈើ និងដំណាំរួមផ្សំដទៃទៀត នៅខេត្តគោលដៅកំពត កោះកុង សៀមរាប និងបន្ទាយមានជ័យ។ឯកឧត្តមរដ្ឋមន្រ្តី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនូវែលសេឡង់ ដែលបាននាំមកនូវការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការអនុវត្តគម្រោងនេះនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ជឿជាក់ថា គម្រោងនេះ នឹងរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មកមកម្ពុជាឆ្ពោះទៅរកអនាគតប្រកបដោយភាពប្រកួតប្រជែង និងនិរន្តរភាព៕អត្ថបទ៖ ឈិត បូរ៉ាវី

ឯកឧត្តម ហេង សួរ លើកទឹកចិត្តដល់យុវជនគួរអភិវឌ្ឍន៍ខ្លួន ឱ្យតាមទាន់សម័យបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI)

2025/11/30 04:00:33 pm        184
ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញលើកទឹកចិត្ត​ដល់យុវជនបន្តខិតខំអភិវឌ្ឍន៍ខ្លួនឱ្យតាមទាន់សម័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬហៅកាត់ថា អេអាយ (AI) ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល។ ក្នុងឱកាសអញ្ជើញចូលរួមកម្មវិធីបិទ ទិវាស្វែងយល់ពីខ្លួនឯង ឆ្នាំ២០២៥ (Self-Awareness Festival 2025) កាលពីរសៀលថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តី ​បានបព្ជាក់ពីចំណុច​សំខាន់ៗ​ចំនួន៣ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការផ្តល់នូវសេវាគាំទ្រ មានដូចជា៖ ១.ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ, ២. ទីភ្នាក់ងារជាតិមុខរបរ និងការងារ និងទី៣. បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលផ្តល់ឱកាសឱ្យពលរដ្ឋខ្មែរគ្រប់រូបអាច​ធ្វើការ​ប្រកប​ដោយគុណតម្លៃ, លើកកម្ពស់ភាពជឿជាក់លើខ្លួនឯង ដោយអាចចូលរួមចំណែក​អភិវឌ្ឍន៍​សង្គមដោយសុវត្ថិភាព និងកិត្តិយស។សូមបញ្ជាក់ថា ទិវាស្វែងយល់ពីខ្លួនឯង ឆ្នាំ២០២៥ ក៏មានការអញ្ជើញចូលរួមជាអធិបតីរបស់ លោកស្រី Bernice Seow លេខាទី១ នៃស្ថានទូតសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា និងមានអ្នកចូលរួមប្រមាណ ២០០នាក់ មកពីគណៈប្រតិភូយុវជនមកពីបណ្តាប្រទេសអាស៊ាន និងក្រៅតំបន់ សិស្ស-និស្សិត និងភ្ញៀវជាតិ-អន្តរជាតិ វិស័យឯកជន វិស័យសាធារណៈ និងវិស័យអប់រំ ។ វេទិកានេះផ្តល់ឱកាស ក្នុងការស្វែងយល់ពីសារៈសំខាន់នៃការយល់ដឹងអំពីខ្លួនឯង​ក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្ត និងការគ្រប់គ្រងអារម្មណ៍ រួមទាំងពង្រឹងជំនាញទន់ (Soft Skills) ដែលជួយដល់ទំនាក់ទំនងរវាងបុគ្គល ការគាំទ្រគ្នាទៅវិញទៅមក និងផ្នត់គំនិតវិជ្ជមាន៕ អត្ថបទ៖ ឈិត បូរ៉ាវី

អាជ្ញាធរជាតិអប្សរា៖ ការចងក្រងឯកសារដើរតួនាទីសំខាន់ នៅក្នុងវិស័យអភិរក្សធនធានបេតិកភណ្ឌ

2025/11/30 03:34:05 pm        184
ការអភិរក្ស គឺជាសកម្មភាពនៃការថែរក្សា ការពារ គ្រប់គ្រង និងស្តារឡើងវិញនូវមរតកបុរាណដើម្បីរក្សាទុកកុំឱ្យបាត់បង់ ការបំផ្លាញ ឬរឹចរិលដោយប្រការផ្សេងៗ។ គោលដៅនៃការអភិរក្សគឺធានាការប្រើប្រាស់កេរមរតកដូនតាប្រកបដោយនិរន្តរភាព ដើម្បីបំពេញតម្រូវការមនុស្សបច្ចុប្បន្ន និងអ្នកជំនាន់ក្រោយ។ ឧទាហរណ៍ ការអភិរក្សសំណង់ប្រវត្តិសាស្ត្រ គឺថែរក្សាមរតករូបី ដូចជាប្រាសាទ បារាយណ៍ ស្ពានថ្នល់បុរាណ និងអរូបី ដោយផ្តោតលើចំណេះដឹង ទំនៀមទម្លាប់ប្រពៃណី និងទំនាក់ទំនងជាដើម។ ដូច្នេះការចងក្រងឯកសារទាំងមុន និងក្រោយជួសជុលសំណង់ប្រាសាទបុរាណ គឺជាកត្តាដ៏សំខាន់នៅក្នុងផ្នែកនេះ។លោក ជា សារិទ្ធិ បុរាណវិទូ និងជាអ្នកគ្រប់គ្រងកិច្ចការអភិរក្សនៅប្រាសាទបន្ទាយប្រិយ៍ លើកឡើងថា ការអភិរក្ស គឺថែរក្សា និងប្រើប្រាស់មរតកបុរាណដោយភាពឈ្លាសវៃ និងប្រុងប្រយ័ត្នខ្ពស់។ លោក សារិទ្ធិ បញ្ជាក់ថា ក្នុងនោះកិច្ចការចងក្រង និងរក្សាទុកឯកសារ គឺមានសារសំខាន់ខ្លាំងចំពោះវិស័យអភិរក្សធនធានវប្បធម៌ ដូចជា ការកំណត់អត្តសញ្ញាណសំណង់បុរាណ, រៀបចំផែនការជួសជុល និងថែទាំជាដើម។សរុបមក ការសិក្សាស្រាវជ្រាវ ចងក្រង និងរក្សាទុកឯកសារ គឺជារឿងមិនអាចខ្វះបាន ចំពោះវិស័យអភិរក្សព្រោះអាចធានាបាននូវភាពត្រឹមត្រូវ និរន្តរភាព ក្រមសីលធម៌ និងវិជ្ជាជីវៈនៃការអភិរក្ស និងជួសជុលសំណង់បេតិកភណ្ឌ ហើយធានាថា សម្បត្តិបេតិកភណ្ឌត្រូវបានថែរក្សានូវតម្លៃដើមរបស់វាយ៉ាងពិតប្រាកដ៕

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជំរុញមន្ត្រីជម្រះក្តីត្រូវយកចិត្តទុកដាក់លើការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌

2025/11/30 03:25:21 pm        227
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងមន្ត្រីអនុវត្តច្បាប់ទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់លើការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ការណែនាំរបស់ឯកឧត្តម កើត រិទ្ធ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងបរិវេណសាលាដំបូងខេត្តបាត់ដំបង។សូមជម្រាបថា ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ត្រូវបានផ្ទេរភារកិច្ចពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប មកជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ជំនួសឯកឧត្តម កែវ សុជាតិ ដែលត្រូវបានផ្ទេរភារកិច្ចពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងទៅជា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមវិញ។ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាព និងយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ប្រកបដោយតម្លាភាព សុច្ចរិតភាព ដោយត្រូវប្រកាន់ភ្ជាប់ នូវអនាគតិធម៌ទាំង៤ និងសុគតិធម៌ទាំង៥ នៅពេលជំនុំជម្រះក្តី និងអភិក្រមដ៏ថ្លៃថ្លាទាំង៥ រួមមាន៖ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ដើម្បីឱ្យការកែទម្រង់វិស័យយុត្តិធម៌ទទួលបានជោគជ័យ។ឯកឧត្តម ណែនាំឱ្យពង្រឹង និងយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាពធនធានមនុស្សចំពោះថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការក្រោមឱវាទទាំងផ្នែកបច្ចេកទេស សំដៅដល់ការបំពេញកាតព្វកិច្ចលើកកម្ពស់យុត្តិធម៌សង្គម និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យយុត្តិធម៌នៅកម្ពុជា។ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់ឯកឧត្តម កែវ សុជាតិ អតីតព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងដែលបានបំពេញតួនាទី ភារកិច្ច មានកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្រប់ផ្នែកមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននៅខេត្តបាត់ដំបងលើក្របខណ្ឌកិច្ចការតុលាការ និងយុត្តិធម៌សង្គម។ឯកឧត្តមអភិបាលខេត្ត សង្ឃឹមជឿជាក់ថា ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ដែលទើបចូលកាន់មុខតំណែងថ្មី នឹងយកចិត្តទុកដាក់បំពេញការងារតាមសមត្ថកិច្ចជំនាញ និងវិជ្ជាជីវៈ ក្រមសីលធម៌ការងាររបស់ខ្លួន ឱ្យទទួលបានជោគជ័យ តាមបំណងប្រាថ្នារបស់ស្ថាប័ន និងបានផ្តល់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋក្នុងខេត្តឱ្យបានល្អប្រសើរជាក់ជាពុំខាន៕

កម្ពុជាដាក់តាំងបង្ហាញស្តង់ចំនួន១៥ ក្នុងពិព័រណ៍សិប្បកម្ម និងមុខរបរលើកទី១៥ នៅប្រទេសបារាំង ខណៈស្តង់ចំនួនពីរបានទទួលពានរង្វាន់

2025/11/30 03:06:33 pm        184
បារាំង៖ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋបារាំង បានឱ្យដឹងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ក្នុងឆ្នាំ ២០២៥ នេះ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសជាប្រទេសកិត្តិយស (Pays à l’Honneur) សម្រាប់ពិព័រណ៍សិប្បកម្ម និងមុខរបរលើកទី១៥ ដែលត្រូវបានរៀបចំដោយ វេទិការធុរកិច្ចហ្វ្រង់កូហ្វូន (Forum Francophone des Affaires - FFA) នៅ Pavillon Baltard ក្រុង Nogent-sur-Marne នៃប្រទេសបារាំង ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ឯកឧត្តមបានឱ្យដឹងថា ពិព័រណ៍នេះ រៀបចំឡើងក្រោមប្រធានបទស្តីអំពីភាពច្នៃប្រឌិត និងការឆ្លុះបញ្ចាំងវប្បធម៌ ដែលបានប្រមូលផ្តុំសិប្បករ សហគ្រិន និងអ្នកបង្កើតស្នាដៃជាច្រើន មកពីបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង ដែលមានស្តង់ប្រមាណជាង ២០០ស្តង់។ ឯកឧត្តមឯកអគ្គរាជទូតបានបញ្ជាក់ថា ប្រទេសកម្ពុជា មានស្តង់ចំនួន ១៥ ដើម្បីបង្ហាញពីភាពសម្បូរបែប និងភាពចម្រុះនៃសិប្បកម្មរបស់យើង រួមមាន គ្រឿងអលង្ការធ្វើពីប្រាក់ និងស្ពាន់, ក្រណាត់សូត្រ, គំនូរ, និង ផលិតផលតាមតំបន់ដូចជា ម្រេចកំពត និងគ្រាប់ស្វាយចន្ទី។ ឯកឧត្តមបន្តថា ក្នុងឱកាសនោះ ស្តង់កម្ពុជាចំនួនពីរបានទទួលពានរង្វាន់ “Prix de l’Artisanat 2025” រួមមាន៖ (១) ស្តង់របស់សិល្បករខ្មែរ លោក នូ សារី (Nou Sary) ដែលស្នាដៃរបស់គាត់មានលក្ខណៈសិល្បៈបែប Impressionnisme; និង (២)ស្តង់របស់ក្រុម Yuvachun Khmer en France ដែលបានតាំងបង្ហាញក្រណាត់សូត្រខ្មែរដ៏ល្អឆ្នើម៕

ក្រសួងវប្បធម៌ប្រារព្ធព្រឹត្តិការណ៍សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជា លើកទី១ នៅបរិវេណរូបសំណាកតេជោមាស តេជោយ៉ត

2025/11/30 02:54:59 pm        210
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រារព្ធព្រឹត្តិការណ៍ “សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជាលើកទី១” ក្រោមប្រធានបទ “ខួប១០ឆ្នាំ នៃការបញ្ចូលល្បែងទាញព្រ័ត្រក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ” រៀបចំឡើងរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៩ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណជុំវិញរូបសំណាក តេជោមាស តេជោយ៉ត (តាមបណ្តោយផ្លូវ Walk Street )។លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋ​មន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញចូលរួមជាអធិបតី ក្នុងព្រឹត្តិការណ៍ “សប្តាហ៍បេតិកភណ្ឌ​វប្បធម៌អរូបីនៃកម្ពុជាលើកទី១ ឆ្នាំ២០២៥” ដែលរៀបចំដោយអគ្គនាយកដ្ឋាន​បច្ចេកទេសវប្បធម៌ សហការរៀបចំដោយសាលារាជធានីភ្នំពេញ មន្ទីវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ឧបត្ថម្ភដោយ ស.ស.យ.ក.រាជធានីភ្នំពេញ-ស.ស.យ.ក. វិស័យវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរីក្នុងគោលបំណងរៀបចំកម្មវិធីនេះ គឺដើម្បីអបអរសាទរកម្ពុជា​ក្នុងនាមជារដ្ឋភាគី​ដែលបានដាក់បញ្ចូលបេតិកភណ្ឌវប្បធម៌អរូបីក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ របស់អង្គការយូណេស្កូ ដែលសរុបទាំងអស់មានចំនួន ៧ បេតិកភណ្ឌវប្បធម៌អរូបី រាប់ចាប់តាំងពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០២៤។ ដោយឡែក “ល្បែងទាញព្រ័ត្រ” បានចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥។ គិតមកទល់ពេលនេះ គឺមានរយៈពេល ១០ឆ្នាំមកហើយ ទើបក្រសួងវប្បធម៌និងវិចិត្រសិល្បៈសម្រេចរៀបចំកម្មវិធីសប្តាហ៍នៃមរតកវប្បធម៌អរូបីនៅកម្ពុជាលើកទី១ ក្រោមប្រធានបទ “ខួប១០ឆ្នាំ នៃការបញ្ចូលល្បែងទាញព្រ័ត្រក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី​នៃមនុស្សជាតិរបស់អង្គការយូណេស្កូ” ដើម្បីបង្ហាញពីសមិទ្ធផលដែលកម្ពុជាសម្រេច បានក្នុងការពង្រឹង លើកកម្ពស់ល្បែងទាញព្រ័ត្រ និងបង្កើតវេទិកាមិត្តភាព​ដែលផ្តល់លទ្ធភាពជូន​សិល្បករ ប្រតិបត្រករសិល្បៈនិងវប្បធម៌ ពិភាក្សា ចែករំលែកចំណេះដឹង និងបទពិសោធន៍ទៅវិញ​ទៅមក ផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយស្តីពីទម្រង់ល្បែងប្រពៃណីមួយនេះ និងយន្តការលើក​កម្ពស់​មរតកវប្បធម៌អរូបីកម្ពុជា ព្រមទាំងរួមចំណែកប្រែក្លាយភំ្នពេញ​ទៅជារាជធានីនៃវប្បធម៌ទេសចរណ៍ផង។នៅក្នុងកម្មវិធីនេះមានកម្មវិធី ក្រសួងក៏បានរៀបចំឱ្យមានការតាំងពិព័រណ៍​ពីសម្បត្តិបេតិកភណ្ឌ​វប្បធម៌អរូបី សិប្បកម្ម និងមរតកវប្បធម៌តាមដងទន្លេសាបសរុបចំនួន២៣ស្ដង់ ហើយនៅ​តាមស្ដង់នីមួយៗមាននូវសកម្មភាពផ្សេងៗរបស់សហគមន៍នីមួយៗ ការលេងល្បែងកំសាន្ត និងមានការសម្ដែងទស្សនីយភាពនានានៃមរតកវប្បធម៌អរូបី ជូនអ្នកទស្សនាផងដែរ៕អត្ថបទ រដ្ឋា 

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ការជិះកង់ ដើម្បីបរិស្ថាន ជិះកង់ដើម្បីភពផែនដី ដើម្បីជំរុញដល់បរិស្ថានស្អាតប្រកបដោយចីរភាព

2025/11/30 02:37:56 pm        200
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ការជិះកង់ដើម្បីបរិស្ថាន ជិះកង់ដើម្បីភពផែនដី ( Pedal for the Planet Cycle for Tomorrow )2025 ដែលរៀបចំដោយសហភាពអ៊ឺរ៉ុប ប្រចាំកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសាលារាជធានីភ្នំពេញ និងមានអ្នកចូលរួមជិះកង់ប្រមាណជាង៣០០០នាក់។ព្រឹត្តិការណ៍ជិះកង់ដ៏ធំប្រចាំឆ្នាំ 2025 នៅប្រទេសកម្ពុជា រៀបចំឡើងដើម្បីជំរុញដល់បរិស្ថានស្អាតប្រកបដោយចីរភាពហើយក៏ជាព្រឹត្តិការណ៍ នាំមកនូវការជួបជុំគ្នាពីមហាជន យុវជន និងដៃគូសហការនានាជាច្រើនដើម្បីជំរុញដល់ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិចថែរក្សាបរិស្ថានបៃតង!តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានកោតសរសើរ និងថ្ងៃអំណរគុណចំពោះឯកឧត្តម Igor Driesmans ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលបានរៀបចំផ្តួចផ្តើមព្រឹត្តិការណ៍នេះ ហើយព្រឹត្តិការណ៍នេះក៏ជាសក្ខីភាព ភាពជាដៃគូដ៏រឹងមាំរវាងសហភាពអឺរ៉ុប និងកម្ពុជា ជាពិសេសការលើកទឹកចិត្តដល់ការចូលរួមរបស់សហគមន៍ យុវជនគ្រប់ជំនាន់ ឱ្យចេះស្រឡាញ់ការពារបរិស្ថានបៃតង ស្រលាញ់សុខភាពជួយកាត់បន្ថយផ្សែងឧស្ម័ន នឹងបានផ្តល់នូវភាពសប្បាយរីករាយ រក្សានូវសុខភាពល្អ កាយសម្បទារឹងមាំ រួមទាំងជួយរក្សាភាពសកម្មនៃរាងកាយ បំបាត់នូវទុកកង្វល់ ជម្រុញដល់ចលនាសសៃឈាមនិងធ្វើឱ្យសុខភាពរឹងមាំជាដើម៕

កីឡាករកីឡាការិនីជាង១ពាន់ ចូលរួមរត់ប្រណាំងក្នុងព្រឹត្តការណ៍តារាសាគរសមុទ្រ នៅខេត្តកោះកុង

2025/11/30 02:32:31 pm        492
ក្រុមកីឡាករ និងកីឡាការិនីជាង១ពាន់នាក់ បាននាំគ្នាចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង ក្នុងព្រឹត្តការណ៍តារាសាគរសមុទ្រឆ្នាំ២០២៥ ដើម្បីលើកកម្ពស់សក្តានុពលវិស័យកីឡា និងទាក់ទាញទេសចរណ៍តំបន់ឆ្នេរដ៏ស្រស់ស្អាតនៅខេត្តកោះកុង ប្រទេសកម្ពុជា។វគ្គរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនៅក្នុងតំបន់វិស្សមកាលតារាសាគរ មានរយៈចម្ងាយ៣ប្រភេទ៖ ទី១ រយៈចម្ងាយ២១គីឡូម៉ែត្រ ទី២ ១០គីឡូម៉ែត្រ និងទី៣ រយៈចម្ងាយ៥គីឡូម៉ែត្រ មានអ្នកចូលរួមប្រមាណជាង១ពាន់នាក់ គ្រាផ្តើមចាប់ពីម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។លោក ជា តិចហុក នាយកផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុនខូលថល ស៊ីធី បានឱ្យដឹងថាការរៀបចំព្រឹត្តិការណ៍ «តារាសាគរសាទរទេសចរណ៍សមុទ្រ»តាមរយៈបង្កើតកម្មវិធីរត់ប្រណាំងនេះ ក្នុងគោលបំណងចម្បងដើម្បីលើកកម្ពស់សក្តានុពលវិស័យកីឡា និងទាក់ទាញទេសចរណ៍តំបន់ឆ្នេរដ៏ស្រស់ស្អាត នៅប្រទេសកម្ពុជា។លោក ជា តិចហុក បានបន្តទៀតថា តំបន់តារាសាគរ តែតែងបំផុសស្មារតីស្រឡាញ់ និងអភិរក្សធនធានធម្មជាតិសមុទ្រតាមការបង្កើតព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ទាក់ទាញកន្លងទៅ ឆ្លើយតបនឹងផែនការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកោះកុងរបស់រាជរដ្ឋាភិបាល និងរដ្ឋបាល ​ខេត្តកោះកុង ស្របពេលកំពុងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំជាច្រើន ដូចជា អាកាសយានដ្ឋានអន្តរជាតិ4F ផ្លូវថ្នល់ខ្វាត់ខ្វែង ប្រព័ន្ធអ៊ីនធឺណិត និងទីតាំងសេវាកម្មទេសចរណ៍កម្រិតស្តង់ដារនានា។លោកនាយកផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុនខូលថល ស៊ីធី រំពឹងទុកជាមុនថា តំបន់តារាសាគរនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្តនៅខេត្តកោះកុង។តាមរយៈលទ្ធផលនៃការរត់ប្រណាំងកណ្តាលម៉ារ៉ាតុងខាងលើ គឺលេខ១រយៈចម្ងាយ៥គីឡូម៉ែត្រប្រភេទ បុរសបានទៅលើកីឡាករឈ្មោះ វីសាល និងកីឡាការីឈ្មោះDeck។ លេខ១រយៈចម្ងាយសម្រាប់រត់១០គីឡូម៉ែត្រប្រភេទបុរសឈ្មោះ សន ពិសី និងកីឡាការីឈ្មោះពិន ឆាំ។ និងលទ្ធផលលេខ១ សម្រាប់រយៈចម្ងាយ២១គីឡូម៉ែត្រប្រភេទបុរសបានទៅលើឈ្មោះ វ៉ាន ភារ៉ា និងកីឡាការីឈ្មោះ កាន់ ស្រីរ័ត្ន។ព្រឹត្តិការណ៍តារាសាគរសាទរទេសចរណ៍សមុទ្រ ឆ្នាំ២០២៥ ក្រុមហ៊ុនខូលថល ស៊ីធី បានរៀបចំ​ជាកីឡាស្ទូចត្រី បាល់ទះ កីឡាជិះម៉ូតូទឹក ប្រណាំងកង់ កីឡាប្រដាល់ ការប្រគុំតន្រ្តី និងតាំងពិពរណ៍​ផលិតផល ដែលសុទ្ធសឹងតែជាកីឡាមួយដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋ និងអ្នកទេសចរទូទៅ៕

រដ្ឋមន្រ្ដីក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ប្រឡាយមេរលាំងជ្រៃស្លាគូ គម្រោងរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងខេត្តកំពង់ស្ពឺ ខណៈសម្រេចបានប្រមាណ៩៩%

2025/11/30 02:18:39 pm        165
នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងខេត្តកណ្តាល ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារប្រឡាយមេរលាំងជ្រៃខាងត្បូង(រលាំងជ្រៃ-ស្លាគូ) ស្ថិតក្នុងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលសម្រេចបានប្រមាណ ៩៩%។សូមជម្រាបថា អនុគម្រោងប្រឡាយមេរលាំងជ្រៃខាងត្បូងឬប្រឡាយមេរលាំងជ្រៃស្លាគូប្រវែង ៥៨,៤៥គីឡូម៉ែត្រគឺជាផ្នែកមួយនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់ជុំវិញ ដែលមានតួនាទីជួយពង្វាងទឹកចេញពីស្ទឹងព្រែកត្នោត ពីប៉ែកខាងលើនៃខេត្តកំពង់ស្ពឺ ក្នុងបរិមាណ ២០០ម៉ែត្រគូបក្នុង១វិនាទី ដើម្បីជួយរម្លែកទឹកចេញពីស្ទឹងព្រែកត្នោត និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ឱ្យធ្លាក់ចូលទៅស្ទឹងស្លាគូ ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខេត្តតាកែវ។សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងអនុវត្តគម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់ជុំវិញ ជំហានទី១ និងទី២ ដែលការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ស្តារស្ទឹង និង ប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបប្រមាណ ៣៦៦កន្លែង។ គម្រោងនេះគ្របដណ្ដប់ឃុំចំនួន១៨ ស្រុកចំនួន៤ ក្នុងខេត្តកំពង់ស្ពឺ ឃុំចំនួន២៨ ក្រុង-ស្រុកចំនួន៥ ក្នុងខេត្តកណ្តាល សង្កាត់ចំនួន១០ ខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ និងភូមិចំនួន១៥ ឃុំចំនួន២ ស្រុកចំនួន១ ក្នុងភូមិសាស្ត្រខេត្តតាកែវ៕

អនុប្រធានទី១ ព្រឹទ្ធសភាចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងទ័ព និងគ្រួសារកងទ័ពនៅខេត្តចំនួនពីរ

2025/11/30 01:12:50 pm        181
នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា តំណាង ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយឯកឧត្តម លោកជំទាវសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ទីប្រឹក្សានិងសមាជិកខុទ្ទកាល័យ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ និងថវិកា ជូនវីរយុទ្ធជនការពារប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងគ្រួសារយុទ្ធជនចំនួន៣០០គ្រួសារ ក្នុងបរិវេណទីស្នាក់ការកងពលតូចថ្មើជើងលេខ៤២ និងសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាតាមន្តសែនជ័យ ដែលស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។នៅរសៀលថ្ងៃដដែល ឯកឧត្តមអនុប្រធានទី១ បានអញ្ជើញដឹកនាំគណៈប្រតិភូចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ផ្សេងៗ និងថវិកាប្រគល់ជូនយោធភូមិភាគទី៥ និងគ្រួសារយុទ្ធជន ចំនួន៤០០គ្រួសារ នៅក្នុងបញ្ជាការដ្ឋានយោធភូមិភាគទី៥ ខេត្តបាត់ដំបង។ ក្នុងកិច្ចសំណេះសំណាលក្នុងកម្មវិធីទាំងពីរខាងលើ ឯកឧត្តមអនុប្រធានទី១ បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់វីរយុទ្ធជនដែលបាននិងកំពុងឈរជើងយ៉ាងរឹងមាំ តស៊ូ ក្រាញននៀល ការពារទឹកដីមាតុភូមិកម្ពុជា និងជីវភាពរស់នៅរបស់ក្រុមគ្រួសារវីរយុទ្ធជន ដែលបានរួមចំណែកតស៊ូប្តូរផ្តាច់ លះបង់គ្រួសារ កូន ចៅ ជាទីស្រឡាញ់ ដើម្បីប្រទេសជាតិ។ ជាមួយគ្នានេះ ឯកឧត្តមអនុប្រធានទី១ បានសម្តែងនូវការដឹងគុណនិងគារវកិច្ចដ៏ជ្រាលជ្រៅ ចំពោះវីរភាពអង់អាចក្លាហាន មោះមុតដ៏គួរឱ្យកោតស្ញប់ស្ញែងរបស់វីរយុទ្ធជន ដើម្បីបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា ព្រមទាំងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី សូមតាមអភិបាលប្រោះព្រំ ឃុំគ្រងថែរក្សា និងប្រសិទ្ធពរជ័យជូនវីរយុទ្ធជនដ៏អង់អាចក្លាហាននៅតាមព្រំដែន សូមជួបតែសុខសុវត្ថិភាព និងទទួលបានជ័យជម្នះលើសមរភូមិ កម្ចាត់បច្ចាមិត្តឈ្លានពានឱ្យវិនាសអន្តរាយ។ជាមួយនឹងការសម្តែងនូវមនោសញ្ចេតនាជាភាតរៈ រួមសុខរួមទុក្ខជាមួយបងប្អូនយុទ្ធជន និងប្រជាពលរដ្ឋ ឯកឧត្តមអនុប្រធានទី១ បានសម្តែងនូវមោទនភាពជាតិខ្ពស់ចំពោះទឹកចិត្តស្នេហារជាតិ សាមគ្គីឯកភាពជាតិ ជាធ្លុងមួយ នៅគ្រប់ស្រទាប់សង្គមជាតិ គាំទ្រទាំងកម្លាំងកាយ ចិត្ត និងសម្ភារៈជួយដល់សមរភូមិមុខ ក្នុងការការពារទឹកដីមាតុភូមិកម្ពុជា វាយបំបាក់ឱ្យបរាជ័យរាល់ការប៉ុនប៉ងរំលោភបំពាន និងមហិច្ឆតាប្លន់ទឹកដីរបស់ពួកចោរឈ្លានពាន។ឯកឧត្តមក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានជំនឿជឿជាក់មកលើការដឹកនាំប្រកបដោយគិតិបណ្ឌិត និងវៃឆ្លាតរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការចាត់វិធានការនានាដើម្បីការពារបូរណភាពដែនដី និងដោះស្រាយវិវាទព្រំប្រទល់ជាមួយប្រទេសថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន សំដៅធានាបាននូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជូនជាតិមាតុភូមិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី បង្ហាញរដ្ឋាភិបាលដែល​មាន​ស្ត្រីភាគច្រើនជាលើកដំបូងរបស់ដាណឺម៉ាក
06/03/2026 06:06 PM
​ណាតូនឹងចាប់ផ្តើមសមយុទ្ធសមុទ្របាល់ទិកកម្រិត​តូច​ជាងមុន​ ខណៈមានការប្រកួតប្រជែង​ដាក់​​ពង្រាយយោធា
06/03/2026 06:06 PM
គេហទំព័រព័ត៌មាន៖ នាយករដ្ឋមន្ត្រីថ្មីរបស់ឡាតវី មានបំណងផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី
06/03/2026 06:06 PM
អ្នកជំនាញយោធា៖ អ៊ុយក្រែនបាត់បង់កងទ័ពនិងទាហានស៊ីឈ្នួលជាង ៣១.០០០នាក់ នៅក្នុងខែ ឧសភា
06/03/2026 06:06 PM
អ៊ុយក្រែនអំពាវនាវឲ្យមានការសន្ទនាជាមួយប៉ូឡូញ ខណៈភាពតានតឹងផ្ទុះឡើង​ ដោយសារ​ឈ្មោះ​អង្គភាពយោធា
06/03/2026 06:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-អាម៉េរិក ពិភាក្សាអំពីការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
06/03/2026 06:06 PM
មនុស្សរាប់រយនាក់រត់គេចខ្លួន ខណៈហ្វូងមនុស្សប្រឆាំងនឹងជនអន្តោប្រវេសន៍អាហ្វ្រិកខាងត្បូង ដើរពីផ្ទះមួយទៅផ្ទះមួយ
06/03/2026 05:06 PM
ជប៉ុនមាន​ក្ដី​បារម្ភយ៉ាងខ្លាំង ចំពោះប្រតិបត្តិការថ្មើរជើង​​របស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់
06/03/2026 05:06 PM
នាយករដ្ឋមន្ត្រី៖ ហុងគ្រីត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាអ៊ុយក្រែន
06/03/2026 05:06 PM
ប្រទេសឈូងសមុទ្រថ្កោលទោសការវាយប្រហារជាថ្មីរបស់អ៊ីរ៉ង់ដែលកំណត់គោលដៅលើប្រទេសកូវ៉ែត និងបារ៉ែន
06/03/2026 05:06 PM