ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា
អ្នកជំនាញការអាដហុក អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលប្រាសាទបក្សីចាំក្រុង និងកំពង់ទឹកយសោតដាក

ព័ត៌មានជាតិ

រដ្ឋមន្រ្ដី៖ ការអភិវឌ្ឍគោលដៅលំហែបៃតងនៅតំបន់ខ្នងផ្សារ ជាទេសចរណ៍ផ្អែកលើធម្មជាតិជួយអភិរក្សបរិស្ថាន វប្បធម៌ និងលើកកម្ពស់ជីវភាពពលរដ្ឋមូលដ្ឋាន

2025/11/30 12:35:45 pm        131
នៅក្នុងឱកាសនៃការចុះពិនិត្យវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍គោលដៅលំហែបៃតងនៅតំបន់ភ្នំខ្នងផ្សារ នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការអភិវឌ្ឍន៍តំបន់ភ្នំខ្នងផ្សារ ជាចំណងដៃថ្មីមួយទៀត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ឯកឧត្តមមានប្រសាសន៍បន្ថែមថា ការជំរុញការអភិវឌ្ឍគោលដៅលំហែបៃតងផង និងជួយបង្កើនសមត្ថភាពចំណេះដឹង ដល់សហគមន៍ក្នុងការផ្ដល់សេវាកម្មទេសចរណ៍ផង នឹងចូលរួមលើកកម្ពស់សេដ្ឋកិច្ចសហគមន៍មូលដ្ឋានកាន់តែប្រសើរ។ «ការអភិវឌ្ឍន៍តំបន់ភ្នំខ្នងផ្សារ គឺជាការអភិវឌ្ឍន៍បែប«អេកូទេសចរណ៍ធម្មជាតិ»គឺជាទម្រង់ទេសចរណ៍ផ្អែកលើធម្មជាតិ ដែលមានគោលបំណងសំខាន់ ក្នុងការការពារនិងអភិរក្សបរិស្ថានធម្មជាតិ និងវប្បធម៌ក្នុងតំបន់ ជួយលើកកម្ពស់ជីវភាពរស់នៅ ជួយឱ្យការរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន មានសុខភាពល្អ ចូលរួមផ្តល់បទពិសោធន៍ល្អដល់ភ្ញៀវទេសចរណ៍ និងការធ្វើដំណើរក្នុងតំបន់ព្រៃភ្នំប្រកបដោយការទទួលខុសត្រូវ។» មានប្រសាសន៍បន្ថែម ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត។ ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្តថា អ្នកទេសចរណ៍ បានមកកម្សាន្តផង និង មករៀនសូត្រពីធម្មជាតិផង នៅក្នុងតំបន់ដ៏ស្រស់ស្អាតនិងកម្រនៅកម្ពុជា។សូមបញ្ជាក់ថា៖ គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ នៃគម្រោងអភិវឌ្ឍន៍គោលដៅលំហែបៃតង នៅតំបន់ខ្នងផ្សារ រួមមានផ្លូវចូលប្រវែងជាង៧ គ.ម ចំណតឡាន ប្រពន្ធ័ទឹកស្អាត ការបំពាក់អំពូលសូឡា ក្លោងទ្វាធំផ្លូវចូល ការដាំលម្អរុក្ខជាតិ និងផ្កាក្ងោកដ៏ស្រស់បំព្រង បន្ទប់ទឹក កន្លែងលក់អាហារ និងភេសជ្ជៈ កន្លែងសង្គ្រោះបន្ទាន់ កន្លែងបោះតង់ ផ្លូវថ្មើរជើរក្នុងព្រៃ បានកំពុងលេចចេញជារូបរាងជាបណ្តើរៗហើយ ដើម្បីទុកជាប្រយោជន៍ជូនសហគមន៍តំបន់ខ្នងផ្សារ។ សមិទ្ធផលទាំងអស់ ដែលគ្រោងរៀបចំឡើងជាបន្តបន្ទាប់ នឹងឆ្លើយតបតាមគោលបំណង ដ៏ពិសិដ្ឋរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញធ្វើដំណើរកម្សាន្ត លើភ្នំខ្នងផ្សារ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ កន្លងមកនេះ និងបានចង្អុលបង្ហាញនិងណែនាំឱ្យក្រសួងបរិស្ថាន សហការជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ធ្វើយ៉ាងណាជំរុញឱ្យមានការអភិវឌ្ឍនៅតំបន់ខ្នងផ្សារនេះ ដើម្បីលើកកម្ពស់ជីវភាព របស់ប្រជាសហគមន៍មូលដ្ឋានឱ្យមាននិរន្តរភាព មានន័យថា «ការអភិវឌ្ឍតំបន់ខ្នងផ្សារត្រូវតែផ្តល់ផលប្រយោជន៍ និងចំណូលបន្ថែមទៅដល់សហគមន៍នៅទីនោះ» ក៏ដូចជាជួយដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ផងដែរ៕

អបអរសាទរខួបលើកទី៩ ចាប៉ីដងវែងត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

2025/11/30 12:15:53 pm        124
នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ជាខួប៩ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (៣០ វិច្ឆិកា ២០១៦ - ៣០ វិច្ឆិកា ២០២៥)។នៅថ្ងៃនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារអបអរសាទរ ខួបលើកទី៩ ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិផងដែរ។សូមជម្រាបថា ចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ចាប៉ីដងវែង ជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លាក់ នៅជញ្ជាំងប្រាសាទ អង្គរវត្តផងដែរ។ ចាប៉ីអាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗ ដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម៕

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅ UN៖ អ្នករាយការណ៍ពិសេសត្រូវបានជំរុញឱ្យចូលរួមប្រកបដោយអត្ថន័យ និងស៊ីជម្រៅចំពោះបញ្ហាសិទ្ធិមនុស្សនៅតាមបណ្តោយព្រំដែន

2025/11/30 12:04:10 pm        165
ទីក្រុងហ្សឺណែវ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការ សហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ សូមកោតសរសើរចំពោះសេចក្តី ប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអ្នករាយការណ៍ពិសេស ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វីទីត មុនតាបិន។ ទោះជាយ៉ាងណាស្ថានបេសកកម្មកត់សម្គាល់ឃើញថា សេចក្តីប្រកាសព័ត៌មាននេះពុំបានផ្តោតសំខាន់ទៅលើបញ្ហាសិទ្ធិមនុស្សដែលពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ នៅតាមបណ្តោយព្រំដែនឡើយ។១. សេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូងរបស់លោក មុនតាបិន ទាក់ទងនឹងជម្លោះ ប្រដាប់អាវុធដែលកំពុងបន្តកើតមានឡើងរវាងកម្ពុជា និងថៃនៅតាមបណ្តោយព្រំដែនត្រូវ បានចេញផ្សាយ បន្ទាប់ពីមានការព្រួយបារម្ភជាបន្តបន្ទាប់ទាក់ទងនឹងភាពចាំបាច់ដែល តម្រូវឱ្យអ្នករាយការណ៍ពិសេសមានសកម្មភាពទាន់ពេលវេលា ជុំវិញការរាយការណ៍អំពី ការបំពានច្បាប់សិទ្ធិមនុស្ស និងមនុស្សធម៌ដែលកើតមានឡើងពីស្ថានការណ៍នេះ។២. ខណៈដែលកម្ពុជាកោតសរសើរចំពោះសេចក្តីថ្លែងការណ៍ជាសាធារណៈនេះ កម្ពុជាយល់ ឃើញថា ភាពធ្ងន់ធ្ងរ និងភាពជាក់លាក់នៃបញ្ហាដែលបានលើកឡើង ទាំងនៅចំពោះ មុខអ្នករាយការណ៍ពិសេស និងនៅក្នុងវេទិកាអន្តរជាតិនានា រួមទាំងក្រុមប្រឹក្សាសិទ្ធិមនុស្ស ផងដែរនោះ គួរតែត្រូវទទួលបានការយកចិត្តទុកដាក់ និងផ្តោតសំខាន់ច្រើនជាងនេះ។ ការបញ្ចេញមតិយោបល់ជាលក្ខណៈទូទៅ និងទូលំទូលាយបែបនេះពុំបានឆ្លុះបញ្ចាំង ពេញលេញ ស្របតាមព័ត៌មានដែលបានចងក្រង ឬហានិភ័យចំពោះមុខដែលប្រជាជន ស៊ីវិលរងផលប៉ះពាល់នោះទេ។៣. កម្ពុជាសូមរំលឹកថា ស្តង់ដានៃឯករាជ្យភាព ភាពមិនលម្អៀង ការប្រកាន់វិជ្ជាជីវៈ និងការយកចិត្តទុកដាក់ត្រឹមត្រូវ ដែលជាមាគ៌ាណែនាំចំពោះការអនុវត្តនៅក្នុងប្រព័ន្ធនីតិវិធី ពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ត្រូវបានកំណត់នៅក្នុងក្រមប្រតិបត្តិសម្រាបអ្នកកាន់ក្រមប្រតិបត្តិនេះ តម្រូវឱ្យអ្នកកាន់អាណត្តិធានាថា កិច្ចអន្តរាគមន៍របស់ពួកគេត្រូវមានលក្ខណៈមិនលម្អៀង ត្រឹមត្រូវ និងជាក់លាក់ ហើយពួកគេត្រូវផ្តល់ការពិចារណាត្រឹមត្រូវ និងពិតប្រាកដចំពោះ ព័ត៌មានដែលផ្តល់ជូនដោយរដ្ឋពាក់ព័ន្ធទាំងអស់។ កម្ពុជាកត់សម្គាល់ថា ភស្តុតាង និងការ ព្រួយបារម្ភផ្នែកច្បាប់ ដែលបានផ្តល់ទៅអ្នកកាន់អាណត្តិជាបន្តបន្ទាប់ មិនទាន់ទទួលបាន ការយកចិត្តទុកដាក់សមស្របនៅឡើយទេ ហើយសង្ឃឹមថា ការចូលរួមនៅពេលអនាគត នឹងមានភាពច្បាស់លាស់ តម្លាភាព និងការប្តេជ្ញាចិត្តខ្ពស់ជាងនេះ ក្នុងកម្រិតដែលអ្នកកាន់ អាណត្តិត្រូវមាន។៤. ដោយមើលឃើញពីហានិភ័យធ្ងន់ធ្ងរដែលប្រជាជនស៊ីវិលនៅតាមបណ្តោយព្រំដែនកំពុង ប្រឈមមុខនៅពេលបច្ចុប្បន្ន កម្ពុជាជឿជាក់ថា ការចូលរួមកាន់តែគ្រប់ជ្រុងជ្រោយបន្ថែម ទៀតនឹងរួមចំណែកធំធេងក្នុងការដោះស្រាយស្ថានការណ៍នេះ។ ការចូលរួមដោះស្រាយ បញ្ហាដោយបើកចំហ និងស៊ីជម្រៅពីសំណាក់អ្នករាយការណ៍ពិសេសនៅតែមានសារៈ សំខាន់។ អាស្រ័យហេតុនេះ កម្ពុជាសង្ឃឹមថា លោក មុនតាបិន នឹងបន្តប្រកាន់ខ្ជាប់ចំពោះ ក្រមប្រតិបត្តិ និងធ្វើការពិចារណាដោយប្រុងប្រយ័ត្នចំពោះការព្រួយបារម្ភដែលកើតមាន ឡើង ក្នុងន័យចូលរួមពង្រឹងសុចរិតភាពនៃប្រព័ន្ធនីតិវិធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិ មនុស្ស។យោងតាមចំណុចដែលបានលើកឡើងខាងលើ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាលើកទឹកចិត្តឱ្យ លោក វីទីត មុនតាបិន បន្តគោរពក្រមប្រតិបត្តិ និងឆ្លើយតបឱ្យបានសមស្រប និងទាន់ពេលវេលា ចំពោះស្ថានការណ៍បន្ទាន់ដែលប៉ះពាល់ដល់ប្រជាជនស៊ីវិលនៅតាមបណ្តោយព្រំដែន។ កម្ពុជា បន្តប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយភាពស្ថាបនាជាមួយនឹងយន្តការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ និងទន្ទឹងរង់ចាំឱ្យមានការចូលរួមប្រកបដោយអត្ថន័យ និងស៊ីជម្រៅ ចំពោះការព្រួយបារម្ភអំពីបញ្ហាសិទ្ធិមនុស្សដែលមានឡើងពីជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ។

ការងារចុះវាស់វែង និងខណ្ឌសីមាព្រំដែនកម្ពុជា-ថៃ គឺបានចុះអនុវត្តការងារលើដីតាំងពីឆ្នាំ២០០៦មក​ម្ល៉េះ

2025/11/30 11:16:58 am        193
ឆ្លើយតបទៅនឹងមតិលើកឡើងថា ការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ ៤២-៤៧ និង លេខ ៥២-៥៩ ធ្វើឡើងដោយ​ប្រញាប់ប្រញាល់ ក្នុងរយៈពេលខ្លី, រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំបានបញ្ជាក់ថា ការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោក កម្ពុជា-ថៃ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចាប់ផ្តើមចុះអនុវត្តការងារនៅលើដីជាក់ស្ដែងចាប់តាំងពីឆ្នាំ២០០៦ មកម្ល៉េះ ដើម្បីវាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែន (បេតុង) ចំនួន ៧៤ បង្គោល ដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម នៅចន្លោះឆ្នាំ១៩១៩-១៩២០ ផ្ទុយពីការលើកឡើងរបស់មតិមួយចំនួនខុសពីការពិត។ឯកឧត្តម ស្រ៊ឺ បូរ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ថា ការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្ន មិនមែនជាការងារដែលចាប់​ផ្ដើមថ្មី​ទាំងស្រុងនោះទេ ប៉ុន្តែវាជាការងារបច្ចេកទេស​ដែលបន្តជាជំហានៗពីអ្វីដែលក្រុមការងារ​បច្ចេកទេស​ព្រំដែននៃប្រទេសទាំងពីរបានរួមគ្នាធ្វើជិត ២០ឆ្នាំមកហើយ។ ឯកឧត្តម បានបន្តថា កិច្ចការដែលក្រុមវាស់វែងចម្រុះបានអនុវត្តនាពេលកន្លងមក ជាពិសេស​នៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ៤២-៤៧ និង ៥២-៥៩ ភាគីទាំងពីរបានត្រឹមតែចុះអនុវត្តការងារស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនតែប៉ុណ្ណោះ និងមិនទាន់បានអនុវត្តការងារខណ្ឌសីមាលើដីជាក់ស្ដែងនៅឡើយ។ ឯកឧត្តម ស្រ៊ឺ បូរ៉ា បានបញ្ជាក់ថា ការវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោល​ព្រំដែនលេខ៤២-៤៧ និង លេខ៥២-៥៩ នៅពេលនេះ គឺជាការបន្តអនុវត្តការងារជាជំហានៗ​ដើម្បី​ឈានទៅដល់ការខណ្ឌសីមាលើដីជាក់ស្ដែង ស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់​គ្នា (MOU) ឆ្នាំ២០០០ ស្របតាមបែបបទការងារ(TOR)ឆ្នាំ២០០៣ និងស្របតាមស្មារតី​នៃកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមក ព្រមទាំងអនុវត្តតាមបែបបទណែនាំបច្ចេកទេស (Technical Instruction) ដែលភាគីទាំងពីរបានឯកភាពគ្នា៕ អត្ថបទ៖វ៉ន ដារ៉ា

មន្រ្ដីជំនាញ៖ ការបោះបង្គោលព្រំដែនបណ្ដោះអាសន្នលេខ៤៣ ផ្អែកតាមឯកសារច្បាស់លាស់

2025/11/30 11:04:36 am        197
ឆ្លើយតបទៅនឹងមតិមួយចំនួនដែលបានលើកឡើងថា ការបោះបង្គោលព្រំដែនបណ្ដោះអាសន្នកម្ពុជា និងថៃ នៅត្រង់ចំណុច បង្គោលលេខ ៤៣ មានចូលមកលើដីកម្ពុជាក្នុងចម្ងាយប្រមាណ ៣ គីឡូម៉ែត្រ, ឯកឧត្តម ឡាយ សៀងលី រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ថា ការការចុះរុករក និងកំណត់ទីតាំងបង្គោលព្រំដែនបណ្ដោះអាសន្នកម្ពុជា-ថៃ គឺផ្អែកទៅលើឯកសារដែលបន្សល់ទុករបស់បារាំងដែលបានបន្សល់ទុកក្នុងឆ្នាំ១៩១៩ ដែលជាឯកសារចុងក្រោយ និងឯកសារពាក់ព័ន្ធជាច្រើនទៀត ដូច្នេះការបោះបង្គោលនេះគឺមានភាពច្បាស់លាស់ ត្រឹមត្រូវ មិនដូចការលើកឡើងរបស់មតិមួយចំនួនខុសពីការពិតនោះទេ។ ឯកឧត្តម ឡាយ សៀងលី រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានឱ្យដឹងទៀតថា គណៈកម្មាព្រំដែន បារាំង-សៀម ដែលបានបន្សល់ទុកការពីឆ្នាំ១៩១៩ ត្រង់ចំណុចបង្គោលព្រំដែនលេខ ៤៣ គឺជាបង្គោលបេតុង។ បង្គោលនេះស្ថិតនៅក្នុងចន្លោះ ភូមិយាងដង្គំ របស់កម្ពុជា និងភូមិ គោកធ្យូង របស់ថៃ ដូច្នេះបង្គោលនេះដែលអាចកំណត់ទៅបានគឺបានកំណត់ទៅតាមប្លង់ដែលបានបន្សល់ទុកដោយគណៈកម្មាកិច្ចការព្រំដែនបានកំណត់ព្រំដែនក្នុងឆ្នាំ ១៩១៩ បារាំង-សៀម ស្ថិតនៅត្រង់ចំណុចអូររលំឬស្សី ដែលជាអូរក្រែព្រំដែន បែកចេញពីអូរស្ទឹងកូនក្រៀល។ ដូច្នេះ ការស្រាវជ្រាវឯកសារ មុននឹងជានដល់ការចុះបោះបង្គោលព្រំដែនបណ្ដោះអាសន្ន គឺត្រូវបានស្រាវជ្រាវយ៉ាងច្បាស់លាស់ ទើបឈានទៅអនុវត្តការបោះបង្គោលព្រំដែនបណ្ដោះអាសន្នទៅបាន។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម៕អត្ថបទ៖វ៉ន ដារ៉ា

ក្រសួងការពារជាតិគូសបញ្ជាក់ជាថ្មី៖ កម្ពុជាគោរពអនុវត្តច្បាប់អន្តរជាតិ និងមិនដែលដាក់មីនថ្មីនោះទេ

2025/11/30 07:41:28 am        175
សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ជូននូវករណីនៃការផ្ទុះមីន ដែលជនជាតិចិនបានជាន់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដូចខាងក្រោម៖ យោងតាមសេចក្តីរាយការណ៍ពីយោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា កាលពីវេលាម៉ោង ៣:២០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កងការពារព្រំដែនលេខ៥០៣របស់កម្ពុជា ដែលឈរជើងនៅក្នុងភូមិសាស្រ្តភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានឮសូរសំឡេងផ្ទុះគ្រាប់មីនចំនួន ០១គ្រាប់ ហើយបើតាមការពិនិត្យទីតាំងឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់ចម្ការមីនរបស់កម្ពុជា ដែលមានគ្រាប់មីនចាស់មិនទាន់ផ្ទុះដែលជាសំណល់ពីសម័យសង្គ្រាមជាយូរឆ្នាំមកហើយ។ ជនជាតិចិនឈ្មោះ SHI JINGUI កាន់លិខិតឆ្លងដែនលេខ 2356975263 ដែលអាជ្ញាធរថៃបានផ្សាយថាជាជនរងគ្រោះក្នុងឧបទ្ទវហេតុជាន់មីននោះត្រូវបានក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថាពុំមានឈ្មោះនៅក្នុងប្រព័ន្ធទិន្នន័យកត់ត្រាអ្នកដំណើរចេញ-ចូលប្រទេសកម្ពុជារបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នោះឡើយ។ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធនូវការចោទប្រកាន់ទាំងឡាយរបស់ភាគីថៃ។ ក្រសួងការពារជាតិសូមគូសបញ្ជាក់ថា ប្រទេសកម្ពុជាគោរពអនុវត្តច្បាប់អន្តរជាតិ និងមិនដែលដាក់មីនថ្មីនោះទេ។ លើសពីនេះ ប្រទេសកម្ពុជាមិនត្រឹមតែបានខិតខំប្រឹងប្រែងបោសសម្អាតមីនដែលនៅសេសសល់ពីសង្គ្រាម ដើម្បីការពារអាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមយ៉ាងសកម្មនៅក្នុងការងារដោះមីននៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិផងដែរ។ពាក់ព័ន្ធនឹងការងារដោះមីនមនុស្សធម៌តាមព្រំដែនកម្ពុជា-ថៃ ក្រុមការងាររបស់អង្គភាព CMAC និង TMAC, ក្នុងនាមជាសេនាធិការឱ្យក្រុមការងារ JCTF, បានចុះទៅសិក្សាវាយតម្លៃ និងបន្តប្រជុំពិភាក្សាលើទីតាំងសាកល្បងនៅក្នុងតំបន់អាទិភាពនៅព្រំដែន ដោយទទួលបានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់។ ក្នុងន័យនេះ ភាគីកម្ពុជាជំរុញឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នារួចមកហើយ ដោយការងារដោះមីនមនុស្សធម៌នៅតាមព្រំដែន ត្រូវធ្វើឡើងតាមរយៈក្រុមការងារ JCTF និងស្របតាម SOP ដែលបានឯកភាពគ្នា។ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អជាមួយថៃ និងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងគោរពយ៉ាងខ្ជាប់ខ្ជួននូវសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

រដ្ឋមន្រ្តីសុខាភិបាល អញ្ជើញជាអធិបតីបើកទិវាវេជ្ជសាស្រ្តកុមារលើកទី២៨ និងសន្និបាតសមាគម គ្រូពេទ្យកុមារកម្ពុជាលើកទី៨ «រួមគ្នាប្រយុទ្ធនឹងជំងឺមហារីកកុមារ»

2025/11/29 09:07:48 pm        168
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាវេជ្ជសាស្រ្តកុមារលើកទី២៨ និងសន្និបាតសមាគម គ្រូពេទ្យកុមារកម្ពុជាលើកទី៨ ក្រោមប្រធានបទ៖ «រួមគ្នាប្រយុទ្ធនឹងជំងឺមហារីកកុមារ»។ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរដល់សមាគម ដែលកន្លងមក បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការពង្រឹងនូវសមត្ថភាពវិជ្ជាជីវៈផ្នែកវេជ្ជសាស្ត្រកុមារ និងការបម្រើសេវាជូនប្រជាជនជាកុមារ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព និងចូលរួមក្នុងការពង្រឹងនូវសុខុមាលភាពកុមារ និងកាត់បន្ថយនូវអត្រាឈឺ និងស្លាប់របស់កុមារ-ទារក ដែលជាគោលដៅចម្បងមួយ ក្នុងចំណោមគោលដៅចម្បងៗរបស់ក្រសួងសុខាភិបាល និងស្របតាមគោលនយោបាយអាទិភាពចំនួន៦ ក្នុងនោះអាទិភាពទី១ គឺពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ គតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួនដល់សមាជិក សមាជិកាសមាគម ដូចតទៅ៖1-បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងទៀងទាត់ នូវការរៀបចំសន្និសីទវិទ្យាសាស្រ្តនៃទិវាវេជ្ជសាស្ត្រកុមារ2-ជំរុញឱ្យមាននិរន្តភាពនូវការចេញផ្សាយព្រឹត្តិប័ត្រវេជ្ជសាស្ត្រកុមារ (Bulletin de Pediatrie)3-ពង្រឹង និងពង្រីកនូវវិសាលភាពនៃការបណ្ដុះបណ្ដាលបន្តផ្នែកវេជ្ជសាស្ត្រកុមារ ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងគ្របដណ្ដប់ដល់គ្រូពេទ្យកុមារទូទាំងប្រទេស4-បន្តជំរុញការចុះមូលដ្ឋានសុខាភិបាល ដោយក្តាប់ឱ្យជាប់នូវតម្រូវការចាំបាច់ ដើម្បីជួយជំរុញនិងបង្កើនគុណភាព សុវត្ថិភាពនៃការព្យាបាលជំងឺកុមារ5-បន្តគាំទ្រការធ្វើវិក្រឹត្យការ ឬការបណ្តុះបណ្តាលរយៈពេលខ្លី ដល់គ្រូពេទ្យនៅតាមមូលដ្ឋាន សម្រាប់ការបន្តធ្វើកម្មសិក្សានៅមន្ទីរពេទ្យជាតិនានា6-ចូលរួមសហការជាមួយអង្គភាពសុខាភិបាលផ្សេងទៀត ក្នុងការបណ្ដុះបណ្ដាល និងស្រាវជ្រាវពីផ្នែកវេជ្ជសាស្ត្រកុមារ7-បន្តការសហការជាមួយនឹងសហភាតរៈ ពាក់ព័ន្ធនឹងសុខភាពកុមារ8-ពង្រឹងនូវវប្បធម៌នៃការធ្វើការងារជាក្រុម និងពង្រីកនូវវិស័យពហុជំនាញ (subs-specialty) សម្រាប់វេជ្ជសាស្ត្រកុមារ9-បង្កើនសមត្ថភាពស្រាវជ្រាវការធ្វើរោគវិនិច្ឆ័យ និងព្យាបាលនៅមហារីកកុមារឱ្យបានឆាប់រហ័ស ទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព និងគុណភាព10-យកចិត្តទុកដាក់បញ្ចូលក្នុងកម្មវិធីបណ្ដុះបណ្ដាលនានារបស់សមាគម នូវកិច្ចការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួនទិវាវេជ្ជសាស្រ្តកុមារលើកទី២៨ និងសន្និបាតសមាគមគ្រូពេទ្យកុមារកម្ពុជាលើកទី៨ រៀបចំឡើងក្នុងគោលបំណងពង្រឹង និងបងើ្កនចំណេះដឹងវិជ្ជាជីវៈដល់បណ្តាគ្រូពេទ្យទាំងអស់ ឱ្យកាន់តែមានសមត្ថភាព ក្នុងការផ្តល់សេវាថែទាំព្យាបាលកុមារប្រកបដោយគុណភាព ប្រសិទ្ធិភាព ស័ក្តិសិទ្ធភាព ដើម្បីផ្តល់នូវវេទិកាដល់អ្នកឯកទេសផ្នែកវេជ្ជសាស្រ្តកុមារទូទាំងប្រទេស បានចែករំលែក និងផ្លាស់ប្តូរនូវបទពិសោធន៍រវាងគ្នា ក៏ដូចជាជួយផ្តល់នូវចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីឱ្យសិក្ខាកាមទាំងអស់ អាចទាញយកសារៈសំខាន់សម្រាប់ប្រើជាប្រយោជន៍ក្នុងការថែទាំ និងព្យាបាលកុមារកម្ពុជា។ពិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល សាស្រ្តាចារ្យ វេជ្ជបណិ្ឌត គ្រូពេទ្យ ដែលជាសមាជិកសមាគមគ្រូពេទ្យកុមារកម្ពុជា ចំនួន៤០០នាក់ ចូលរួមផ្ទាល់ និងតាមប្រព័ន្ធនិម្មិត Zoom ចំនួន ៣០០នាក់ ព្រមទាំងមានវាគ្មិនដែលជាសាស្ត្រាចារ្យ វេជ្ជបណ្ឌិតជំនាញៗ នៅកម្ពុជា បានធ្វើបទបង្ហាញក្នុងព្រឹត្តិការណ៍នេះ៕អត្ថបទ រដ្ឋា

អបអរសាទរ ទីបំផុតកម្មវិធី Sela Pak Hip Hop Battle បានរកឃើញម្ចាស់ជើងឯកជ័យលាភីទាំង០២ វិញ្ញាសាហើយ

2025/11/29 05:38:38 pm        162
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្មវិធី Sela Pak Hip Hop Battle បានធ្វើការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ទាំង០២វិញ្ញាសា ដែលមានក្រុមចូលរួមចំនួន ២៦ក្រុម ក្នុងនោះដែរក្រុមដែលចូលរួមប្រកួតនីមួយៗបានខិតខំប្រឹងប្រែងបញ្ចេញយ៉ាងអស់ពីសមត្ថភាព នៅពីមុខគណៈកម្មការ និងទស្សនិកជន។ កាន់តែពិសេសមានការគាំទ្រ និងស្រែកហូយ៉ាងពេញទំហឹងពីសំណាក់ទស្សនិកជនក្នុងទីតាំងកម្មវិធីថែមទៀតផងក្រោយការប្រកួតយ៉ាងជក់ចិត្តដិតអារម្មណ៍ ទីបំផុតយើងបានរកឃើញក្រុមរាំឆ្នើមដែលជាប់ជ័យលាភីសម្រាប់វិញ្ញាសា Breaking ដែលពួកគាត់អញ្ជើញមកពីបណ្ដារប្រទេសផ្សេងៗរួមមាន (១)ក្រុមជ័យលាភីលេខ១ មានឈ្មោះថា B Boy Mole & B Boy Bersin មកពីប្រទេសវៀតណាម (២)ក្រុមរាំជាប់ជ័យលាភីលេខ២ មានឈ្មោះ B Boy Tinkey មកពីប្រទេសវៀតណាម & B Girl Jazzy មកពីប្រទេសតួគី (៣)និងក្រុមរាំជាប់ជ័យលាភីលេខ៣ មានឈ្មោះ B Boy Firebird & B Boy Rattana មកពីប្រទេសកម្ពុជា។ ជាមួយគ្នានេះផងដែរ យើងបានរកឃើញក្រុមរាំឆ្នើមដែលជាប់ជ័យលាភី លើវិញ្ញាសា All Styles ផងដែរ ដែលក្រុមរបស់ពួកគាត់មានឈ្មោះដូចជា (១)ក្រុមជាប់ជ័យលាភីលេខ១ មានឈ្មោះថា Firebire & john មកពីប្រទេសកម្ពុជា(២)ក្រុមរាំជាប់ជ័យលាភីលេខ២ មានឈ្មោះថា Kim Siyung & Sovann មកពីប្រទេសកម្ពុជា(៣)និងក្រុមរាំជាប់ជ័យលាភីលេខ៣ មានឈ្មោះ Pich & Kon Neak មកពីប្រទេសកម្ពុជា។ គួរបញ្ជាក់ផងដែរថា ក្នុងនោះក្រុមដែលជាប់ជ័យលាភីលេខ១ ទទួលបានប្រាក់រង្វាន់ចំនួន ៥០០ដុល្លារ ពានរង្វាន់ចំនួន០១ និងកាដូ ចំនួន០១, ក្រុមដែលប្រកួតជាប់ជ័យលាភីលេខ២ ទទួលបានប្រាក់រង្វាន់ចំនួន ២៥០ដុល្លារ និងកាដូ ចំនួន០១, ក្រុមដែលប្រកួតជាប់ជ័យលាភីលេខ០៣ ទទួលបានប្រាក់រង្វាន់ចំនួន ១៥០ដុល្លារ និងកាដូ ចំនួន០១សូមរំលឹកផងដែរថា គោលបំណងនៃកម្មវិធីប្រកួតរាំចង្វាក់បែប Hip Hop នេះគឺចង់ឱ្យប្រជាជនខ្មែរយល់កាន់តែច្បាស់អំពីការរាំចង្វាក់ HIP HOP ក៏ដូចជាលើកទឹកចិត្តដល់យុវជនដែលមានជំនាញផ្នែកសិល្បៈរាំបែប HIP HOP អាចមានកន្លែងបញ្ចេញនូវ សមត្ថភាព និងទេពកោសល្យ ដែលខ្លួនមាន ជាពិសេសទៅទៀតអាចផ្ដល់ឱកាសដល់ពួកគាត់ក្នុងអាជីបជាសិល្បករ រាំចង្វាក់ HIP HOP ថែមទៀតផង៕

ឯកឧត្តម ឌិត ទីណា ស្នើរកាណាដាពិនិត្យលទ្ធភាពវិនិយោគវិស័យកសិកម្ម ពិសេសការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា

2025/11/29 05:31:04 pm        140
ភ្នំពេញ : ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់ភាគីកាណាដាពិនិត្យលទ្ធភាពក្នុងការវិនិយោគលើវិស័យកសិកម្ម ក៏ដូចជាការផ្តល់នូវបច្ចេកទេសកសិកម្មពីជំនាញការកាណាដា សំដៅអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។ ក្នុងជំនួបការងារ រវាងឯកឧត្តម គ្រីសស្ទៀន ដេសរ៉ូស (Christian DesRoches) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដាប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានសម្តែងការស្វាគមន៍ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសការបើកស្ថានទូតកាណាដានៅព្រះរាជាណាចក្រកម្ពុជា និងលទ្ធភាពនៃការបង្កើនការវិនិយោគលើវិស័យកសិ-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ខណៈប្រទេសកាណាដា ចាប់អារម្មណ៍លើកសិផលសក្តានុពលកម្ពុជា រួមមាន៖ ស្វាយចន្ទី ម្រេចកំពត និងកាហ្វេកម្ពុជាផងដែរ។ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់ភាគីកាណាដាពិនិត្យលទ្ធភាពក្នុងការវិនិយោគលើវិស័យកសិកម្ម ការផ្តល់នូវបច្ចេកទេសកសិកម្មពីជំនាញការកាណាដា សំដៅអភិវឌ្ឍន៍ធនធានមនុស្ស និងការកសាងសមត្ថភាពដល់គ្រឹះស្ថានកសិកម្មទាំងបីនៃក្រសួងកសិកម្ម ជាពិសេសរាជបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្ម ដែលផ្តោតលើការស្រាវជ្រាវ និងពិសោធន៍ជាសំខាន់។បើតាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កិច្ចប្រជុំបញ្ចប់ដោយលទ្ធផលជាផ្លែផ្កា ដោយឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត បង្ហាញគោលជំហរបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យកសិកម្ម ការពង្រឹងកសិ-ពាណិជ្ជកម្ម បំពេញបន្ថែមទៅវិញទៅមកជាដៃគូល្អ និងផ្តល់ផលចំណេញរួមគ្នា៕អត្ថបទ៖ ឈិត បូរ៉ាវី

នគរបាលរាជធានី នឹងចាប់ផ្តើមចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនផាកពិន័យ នៅថ្ងៃទី០១ ធ្នូខាងមុខ

2025/11/29 05:25:26 pm        26
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ ផែននគរបាលចរាចរណ៍ នឹងចាប់ផ្តើមចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនមានការផាកពិន័យនោះឡើយ ដែលនឹងធ្វើឡើងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ខាងមុខ ។ ដោយទទួលបានការអនុញ្ញាត ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងផែនការងារនគរបាលចរាចរណ៍ និងលោកវរសេនីយ៍ឯកមួន សុខា ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារជំនាញ ពិសេសផែនការចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមរយៈការអប់រំពលរដ្ឋអ្នកដំណើរល្មើសច្បាប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលចាប់ផ្តើមនៅថ្ងៃទៅ០១ ខែធ្នូ ឆ្នាំ២០២៥ខាងមុខ ។ កិច្ចប្រជុំផ្សព្វផ្សាយនេះ មានការចូលរួមពីលោកនាយការិយាល័យ នាយរងការិយាល័យ លោកនាយផ្នែក និងលោកអធិការរងផែនការងារចរាចរណ៍មកពីតាមបណ្តាខណ្ឌទាំង១៤ផងដែរ ។ លោកឧត្តមសេនីយ៍ទោ ហេង រតនា បានណែនាំដល់កម្លាំងសមត្ថកិច្ច ត្រូវពង្រឹងការគោរពវិន័យឲ្យបានខ្ពស់ និងត្រូវរក្សាឲ្យបាននូវក្រមសីលធម៌ល្អជាមួយពលរដ្ឋ ពេលចុះអនុវត្តភារកិច្ចការងារ ណែនាំឲ្យពលរដ្ឋដែលល្មើស ចូលរួមគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួន ដើម្បីសុខសុវត្ថិភាពលើដងផ្លូវសាធារណៈ រក្សាអាយុជីវិតខ្លួនឯង ក៏ដូចជាអ្នកដទៃ ។ ទន្ទឹមនឹងនោះ លោកឧត្តមសេនីយ៍ទោស្នងការរង ក៏បានផ្ញើសារដាស់តឿនដល់បងប្អូនពលរដ្ឋអ្នកដំណើរ បើស្រវឹងសូមកុំបើកបរ ព្រោះគ្រឿងស្រវឹងនឹងធ្វើឲ្យយើងគ្រប់គ្នាបាត់បង់ភាពម្ចាស់ការលើខ្លួនឯងពេលកំពុងធ្វើដំណើរ ។ ហើយអត្រា នៃគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន គឺកើតឡើងដោយសារកត្តាបើកបរដោយប្រើប្រាស់គ្រឿងស្រវឹង ពិសេសនាពេលរាត្រីតែម្តង ។ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៩៣ករណី ដោយបានឆក់យកអាយុជីវិតមនុស្សសរុប៣៤នាក់ និងរងរបួសធ្ងន់៨៥នាក់ និងរបួសស្រាល ៣៥នាក់ ៕ តារាវុទ្ធី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សរាប់រយនាក់រត់គេចខ្លួន ខណៈហ្វូងមនុស្សប្រឆាំងនឹងជនអន្តោប្រវេសន៍អាហ្វ្រិកខាងត្បូង ដើរពីផ្ទះមួយទៅផ្ទះមួយ
06/03/2026 05:06 PM
ជប៉ុនមាន​ក្ដី​បារម្ភយ៉ាងខ្លាំង ចំពោះប្រតិបត្តិការថ្មើរជើង​​របស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់
06/03/2026 05:06 PM
នាយករដ្ឋមន្ត្រី៖ ហុងគ្រីត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាអ៊ុយក្រែន
06/03/2026 05:06 PM
ប្រទេសឈូងសមុទ្រថ្កោលទោសការវាយប្រហារជាថ្មីរបស់អ៊ីរ៉ង់ដែលកំណត់គោលដៅលើប្រទេសកូវ៉ែត និងបារ៉ែន
06/03/2026 05:06 PM
​មនុស្ស​ត្រូវបាន​ចាប់​ជាចំណាប់​ខ្មាំង​ ខណៈការគំរាមកំហែងដោយ​គ្រាប់បែកបង្ក​​ឲ្យ​មាន​ការជម្លៀស នៅរដ្ឋ California
06/03/2026 05:06 PM
ចិនជំរុញឲ្យ​សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ «គោរព» បទឈប់បាញ់ អំឡុប​ពេលមាន «សង្គ្រាមថ្មី​»
06/03/2026 05:06 PM
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
06/03/2026 05:06 PM
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
06/03/2026 04:06 PM
អាមេរិកច្រានចោលរបាយការណ៍អំពីការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើទីស្នាក់ការកណ្តាលកងនាវាទី៥ របស់ខ្លួន
06/03/2026 04:06 PM
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា
06/03/2026 04:06 PM