ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា
អ្នកជំនាញការអាដហុក អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលប្រាសាទបក្សីចាំក្រុង និងកំពង់ទឹកយសោតដាក

ព័ត៌មានជាតិ

សន្និសីទប្រចាំឆ្នាំលើកទី១០ ស្តីអំពីជំងឺសើស្បែក របស់សមាគមគ្រូពេទ្យសើស្បែកកម្ពុជា

2025/11/29 03:26:56 pm        454
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកសន្និសីទប្រចាំឆ្នាំលើកទី១០ ស្តីអំពី ជំងឺសើស្បែក របស់សមាគមគ្រូពេទ្យសើស្បែកកម្ពុជា ក្រោមប្រធានបទ«យើងរួមគ្នា ដើម្បីពង្រឹងសមត្ថភាព និងនវានុវត្ត» រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែវិចិ្ឆកា ២០២៥។​លោកសាស្ត្រាចារ្យ ចាន់ វិចិត្រ ប្រធានសមាគមគ្រូពេទ្យសើស្បែកកម្ពុជា និងជាប្រធានរៀបចំសន្និសីទប្រចាំឆ្នាំលើកទី១០ បានលើកឡើងថា សមាគមបានបង្កើតឡើងដំបូងនៅឆ្នាំ២០១២ ដែលមានសមាជិកនៅពេលនោះចំនួន៧រូប ហើយបច្ចុប្បន្ននេះមានសមាជិកសកម្មរបស់សមាគមគ្រូពេទ្យសើស្បែកកម្ពុជា ចំនួន៨៦រូប។ ហើយនេះជាលើកទី១០ ដែលសមាគមគ្រូពេទ្យសើស្បែកកម្ពុជា បានរៀបចំអង្គសន្និសីទប្រចាំឆ្នាំ ស្ដីអំពីជំងឺសើស្បែករបស់ខ្លួន ក្រោមប្រធានបទ «យើងរួមគ្នា ដើម្បីពង្រឹងសមត្ថភាព និងនវានុវត្ត» (Advancing Dermatology: Innovation, Collaboration, and Patient Care) ក្នុងគោលបំណងចែករំលែកចំណេះដឹង បទ ពិសោធន៍ ប្រកបដោយនវានុវត្តន៍ទៅដល់សមាជិកសមាគម ដើម្បីជួយពង្រឹងសមត្ថភាពក្នុងការធ្វើរោគវិនិច្ឆ័យ ពិនិត្យ និងព្យាបាលជំងឺសើស្បែកប្រកបដោយប្រសិទ្ធភាព យកចិត្តទុកដាក់សុវត្ថិភាពអ្នកជំងឺជាចំបង ដោយបានការអញ្ជើញចូលរួមធ្វើបទបង្ហាញពីវាគ្មិនជាតិ និងអន្តរជាតិ មកពីប្រទេសសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី តៃវ៉ាន់ ថៃ អារ៉ាប់អេមីរ៉ាត់ និងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ម្យ៉ាងវិញទៀតសមាគមគ្រូពេទ្យសើស្បែកកម្ពុជា សង្កេតឃើញថាប្រជាពលរដ្ឋមួយចំនួន កំពុងទទួលរងនូវផលប៉ះពាល់ពីការប្រើប្រាស់ ផលិតផលថែរក្សាស្បែក និងឱសថព្យាបាលស្បែក តាមរយៈបណ្តាញសង្គម និងការលក់តាមទីផ្សារ ដែលគ្មានការត្រួតពិនិត្យ និងអនុញ្ញាតត្រឹមត្រូវពីអ្នកជំនាញសុខាភិបាល ហើយប្រជាពលរដ្ឋមួយចំនួនទៀតនិយមទទួលសេវាថែទាំ ព្យាបាល ឬវះកាត់ស្បែកកែសម្ផស្សពីសំណាក់គ្លីនិក ឬមណ្ឌលកែសម្ផស្សមិនស្របច្បាប់ ហើយប្រឈមនឹងហានិភ័យខ្ពស់។លោកសាស្រ្តាចារ្យ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោក លោកស្រីសាស្ត្រាចារ្យ វេជ្ជបណ្ឌិត សមាជិកនៃអង្គសន្និសីទទាំងមូល នឹងទទួលបានចំណេះដឹង បទពិសោធន៍ ពីវាគ្មិនជាតិ អន្តរជាតិ បង្កើនសាមគ្គីភាពគ្នាក្នុងជំនាញសើស្បែក ដើម្បីយកទៅអនុវត្តនៅអង្គភាព ឬកន្លែងប្រកបវិជ្ជាជីវៈរបស់ខ្លួនដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈពេទ្យ និងទទួលបានការទុកចិត្តពីប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី សូមថ្លែងអំណរគុណ និងសរសើរដល់សមាគមសើស្បែកកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំវិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី១០ ស្តីពីសើស្បែក ដែលរួមចំណែកដល់ការពង្រឹងវិស័យសុខាភិបាលកម្ពុជា តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍ថ្មីៗជាមួយវេជ្ជបណ្ឌិត និងនិស្សិតវេជ្ជសាស្ត្រ។ នេះត្រូវបានសម្រេចតាមរយៈបទបង្ហាញដោយវាគ្មិនល្បីៗ មកពីព្រះរាជាណាចក្រកម្ពុជា ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី តៃវ៉ាន់ និងអារ៉ាប់អេមីរ៉ាត់ និងកោតសរសើរចំពោះគណៈកម្មាធិការរៀបចំ ដែលស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព ផ្តោតលើសុវត្ថិភាពអ្នកជំងឺ និងសុខុមាលភាពសាធារណៈ និងសុខភាពស្បែក ជាពិសេសស្របនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់អាទិភាពដល់ការពង្រឹងគុណភាពវិស័យសុខាភិបាល។ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ក្រសួងសុខាភិបាល បានសង្កេតឃើញថា អ្នកជំងឺមួយចំនួនកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីការប្រើប្រាស់ផលិតផលថែរក្សាស្បែក និងថ្នាំព្យាបាលសើស្បែកតាមរយៈបណ្តាញសង្គម និងការលក់តាមទីផ្សារ ដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវពីអ្នកជំនាញថែទាំសុខភាព។ លើសពីនេះ ក៏មានអ្នកជំងឺកាន់តែច្រើនឡើងៗដែលស្វែងរកការព្យាបាលពីគ្លីនិក និងមជ្ឈមណ្ឌលសម្ផស្សដែលគ្មានអាជ្ញាប័ណ្ណផងដែរ។ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី សង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ សមាជិករបស់សមាគម និងប្អូនៗនិស្សិតវេជ្ជសាស្រ្តគ្រប់គ្នា នឹងទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដើម្បីអនុវត្តក្នុងការអនុវត្តគ្លីនិករបស់ខ្លួន និងធានាបាននូវលទ្ធផលល្អបំផុតរបស់អ្នកជំងឺ។ យើងត្រូវតែលើកកម្ពស់ការអនុវត្តប្រកបដោយក្រមសីលធម៌ សុវត្ថិភាព និងស្តង់ដារទាំងផ្នែកវេជ្ជសាស្ត្រ និងសោភ័ណភាពសើស្បែក ដែលនឹងជួយបង្កើនសុវត្ថិភាពអ្នកជំងឺនៅក្នុងសហគមន៍របស់យើង៕អត្ថបទ រដ្ឋា 

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ស្នើដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ទើបប្រកាសបញ្ចូលថ្មី រក្សាគោលជំហរ និងភាពស្មោះត្រង់ចំពោះគណបក្សប្រជាជនកម្ពុជា

2025/11/29 03:03:07 pm        133
កំពង់ឆ្នាំង ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានស្នើដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាដែលទើបប្រកាសបញ្ចូលថ្មី មកពីក្រុងស្រុកទាំង៨ ចំនួន៥០៩នាក់ អោយរក្សាគោលជំហរ និងភាពស្មោះត្រង់ចំពោះគណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្សមានលទ្ធភាពក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃអនាគត។ ឯឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើសុំបែបនេះក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាថ្មី ដោយមានការចូលរួមពី ឯកឧត្តមឧកញ៉ា លឹម ប៊ុណ្ណា តំណាង ឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សមូលដ្ឋានរាជធានី ខេត្ត, ឯកឧត្តម ភឺន ផល្លា អនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សមូលដ្ឋានរាជធានី ខេត្ឯ, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង, ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ចូលរួមផងដែរ។ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយក្ដីសោមនស្សរីករាយ និងស្និទ្ធស្នាលបំផុត ចំពោះបងប្អូនដែលមានស្មារតី និងឆន្ទៈចូលរួមគាំទ្រនិងចូលរួមជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា។ ទាំងនេះ គឺដោយសារការមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវ និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និង ជានាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍បន្តទៀតថាៈ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានប្រវត្តិយូរជាងគេ និងបានអភិវឌ្ឍន៍សមិទ្ធផលរីកចម្រើនយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន៕ កាំង ហុងវាស្នា 

គណៈកម្មាធិការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅខេត្តកណ្តាល

2025/11/29 02:56:35 pm        209
ភ្នំពេញ ៖ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ បើកយុទ្ធនាការផ្សព្វផ្សាយចុះឈ្មោះតាមថ្នាលឌីជីថលអ្នក សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅខេត្តកណ្តាល ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមកែលម្អជីវភាពប្រជាជន តាមរយៈការលើកកម្ពស់ គាំពារសង្គម និងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពន្លឿនសេដ្ឋកិច្ចទៅក្នុងសេដ្ឋកិច្ចប្រព័ន្ធ។​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក) នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ អញ្ជើញចូលរួមជាអធិបតី នៃកម្មវិធីយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្តកណ្តាល យុទ្ធនាការនេះមាន គោលបំណងផ្សព្វផ្សាយ និងជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង ការថែបំប៉នអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងអាចឈានទៅក្នុងប្រព័ន្ធ។ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាកិច្ចការអាទិភាព និង ចាំបាច់ ដើម្បីជំរុញការចូលរួមរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងការបង្កើតតម្លៃបន្ថែមក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ព្រមទាំងចូលរួមដោយផ្ទាល់ក្នុងការកាត់បន្ថយអត្រាភាពក្រីក្រ និងវិសមភាពសង្គម។ ជុំវិញយុទ្ធនានេះ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ បាននិងកំពុងជំរុញបន្តផ្សព្វផ្សាយនៅតាម បណ្តាខេត្តនានា ជាក់ស្តែងនៅក្នុងខេត្តកណ្តាលនាពេលនេះ ធ្វើយ៉ាងណាឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានយល់ដឹងបន្ថែម អំពីអត្ថ- ប្រយោជន៍នៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីលើកកម្ពស់អំពីគុណតម្លៃ ការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។ សេដ្ឋកិច្ចក្រៅប្រព័ន្ធដើរតួនាទីសំខាន់ណាស់ ទាំងក្នុងប្រទេសកំពុងអភិវឌ្ឍ និងអភិវឌ្ឍ ក្នុងនោះការប្រកបមុខរបរ និងការធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាប្រភពចំណូលដ៏សំខាន់របស់ប្រជាជន ដោយការចាប់ ផ្តើមសកម្មភាព អាជីវកម្ម និងមុខរបរ និងការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះឯង។ជុំវិញយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ កន្លងមកនេះ បានផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថលចុះឈ្មោះដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានី ភ្នំពេញ ខេត្តបាត់ដំបង កំពង់ធំ សៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។ សូមបញ្ជាក់ថា នៅឆ្នាំ២០២៣ កន្លងមកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍក្រៅប្រព័ន្ធឆ្នំា២០២៣- ២០២៨ ដែលការដាក់ចេញនូវយុទ្ធសាស្រ្តនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងជាប្រទីបបង្ហាញផ្លូវដ៏សំខាន់ ត្រួសត្រាយផ្លូវនៅតាមគន្លងមួយ ដែលពោរពេញទៅដោយភាពស្មុគស្មាញ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការអភិវឌ្ឍ សេដ្ឋកិច្ច ក្រៅប្រព័ន្ធនេះ ក៏នឹងក្លាយជាកាតាលីករជួយជំរុញ និងលើកទឹកចិត្តឱ្យបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន អង្គការជាតិនិងអន្តរជាតិ និងសមាគមនានា ដែលបាននិងកំពុងខិតខំលើកស្ទួយសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោលតាមសមត្ថកិច្ចរៀងៗខ្លួន និងដាច់ដោយឡែកពីគ្នា៕អត្ថបទ៖ សុន រ៉ាឌី

សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ដល់ផ្ទះមួយដល់គ្រួសារយុទ្ធជនពលីនៅស្រុកឆ្លូង

2025/11/29 02:41:41 pm        152
ក្រចេះ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានការសណ្ដោសអាណិត និងផ្ដល់ផ្ទះមួយខ្នង ទៅដល់គ្រួសារយុទ្ធជនពលី ក្នុងជម្លោះប្រដាប់អាវុធរយៈពេល ៥ថ្ងៃ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ រួមទាំងផ្ដល់នូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ។ ក្នុងឱកាសអញ្ជើញផ្ដល់ផ្ទះ ដល់គ្រួសារយុទ្ធជនពលី ស្ថិតក្នុងភូមិព្រែកបេង ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តដាក់ ចំពោះគ្រួសារយុទ្ធពលី មិនបានបោះបង់អ្នកណាម្នាក់ឲ្យនៅឯកោ បើទោះបីជាគ្រួសាររបស់ពួកគេ បានពលីទៅហើយនោះ ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានលើកទឹកចិត្តដល់ស្ត្រីកូន ៤នាក់ ដែលទទួលបានផ្ទះមួយខ្នងនេះ ត្រូវពង្រឹងកម្លាំងចិត្ត ដើម្បីបន្តចិញ្ចឹមមើលថែកូនៗ ឲ្យបានរៀនសូត្រចប់ចុងចប់ដើម ពីព្រោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី នៅឈរជ្រោមជ្រែង និងផ្ដល់កម្លាំងចិត្ត ជាមួយនឹងការផ្ដល់ឱកាសអាហារូបករណ៍ដល់កូនៗរបស់យុទ្ធជនពលី ដោយធ្វើយ៉ាងណា ឲ្យពួកគេរៀនចប់ ហើយមានការងារធ្វើសមរម្យ ។ ជាមួយនេះ លោកជំទាវបណ្ឌិត បានជំរុញដល់ស្ត្រីដែលជាគ្រួសារយុទ្ធជនពលី អាចទៅសិក្សាជំនាញវិជ្ជាជីវៈ ហើយក៏ជំរុញទៅក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន ជួយសម្របសម្រួលរូបគាត់ឲ្យមានការងារធ្វើ ឬបានសិក្សាជំនាញ ដើម្បីអាចចិញ្ចឹមជីវិតបាន មួយវិញទៀត ក៏បន្តចុះសួរសុខទុក្ខ និងគិតគូរពីបញ្ហាសុខភាពរបស់ពួកគេ ឲ្យបានជាប់ជាប្រចាំ ។ ក្នុងឱកាសទទួលបានអំណោយផ្ទះពីសម្ដេចធិបតី និងលោកជំទាវបណ្ឌិត អ្នកស្រី ពេញ លីណា ភរិយាយុទ្ធជនពលីឈ្មោះ ប្រាក់ ពិសិដ្ឋ បានឲ្យដឹងថា ខ្លួនគឺមានការសោកស្ដាយ ចំពោះការបាត់បង់ប្តី ប៉ុន្តែក៏មានមោទនភាពចំពោះរូបគាត់ ដែលបានលះបង់អាយុជីវិត ក្នុងការការពារទឹកដីកុំមានការបាត់បង់ ។ ស្ត្រីមេម៉ាយកូន៤នាក់រូបនេះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានផ្ដល់ផ្ទះមួយខ្នងនេះ ដែលជាជម្រកដ៏ចាំបាច់ ហើយអរគុណដល់សប្បុរសជននានា ដែលបានផ្ដល់អំណោយ និងជ្រោមជ្រែងគ្រួសារគាត់ ហើយនឹងតស៊ូខិតខំចិញ្ចឹមបីបាច់កូនៗ ដើម្បីឲ្យពួកគេបានរៀនសូត្រចប់ និងមានការងារល្អធ្វើ ។​គួរបញ្ជាក់ថា ជាហូរហែរសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តែងតែគិតគូរជាប្រចាំ ចំពោះគ្រួសារអតីតយុទ្ធជន និវត្តជន រួមទាំងគ្រួសារយុទ្ធជនពលីថ្មីៗ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលក្នុងនោះមានដូចជាការផ្ដល់ផ្ទះ គ្រឿងឧបភោគបរិភោគ ការជួយសម្របសម្រួបផ្ដល់ការងារ និងការផ្ដល់អាហារូបករណ៍ដល់កូនៗរបស់ពួកគេ បានសិក្សារៀនសូត្របន្តផងដែរ ៕អត្ថបទ បាន សុខរិទ្ធ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញដឹកនាំក្រុមគ្រូពេទ្យ TYDA ចុះព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃនៅស្រុកឆ្លូង

2025/11/29 02:32:18 pm        197
ក្រចេះ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (TYDA) អញ្ជើញដឹកនាំក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ ។ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងពេលពិនិត្យ និងព្យាបាលជំងឺទូទៅ និងពិនិត្យសុខភាពស្ត្រី នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត មានប្រសាសន៍ថា ការចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាននេះ គឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ខិតសេវាសុខាភិបាល មានបង្កើតមន្ទីរពេទ្យបង្អែកតាមស្រុក រួមទាំងប៉ុស្តិ៍សុខភាព និងមណ្ឌលសុខភាព ជូនប្រជាពលរដ្ឋឲ្យកាន់តែជិត ក្នុងការពិនិត្យ និងព្យាបាលជំងឺរបស់ពួកគេ ហើយក៏បានកាត់បន្ថយការចំណាយទាំងថវិកា និងពេលវេលា ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបន្តថា មួយវិញទៀត កិច្ចគាំពារសុខមាលភាពសង្គមនេះ គឺជាការគិតគូរយ៉ាងយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាល ដូចនេះហើយទើបសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញដល់ពេទ្យ TYDA ចូលរួមក្នុងការងារលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ ។ជាមួយនេះ លោកជំទាវបណ្ឌិត ក៏បានអំពាវនាវប្រជាពលរដ្ឋ សូមបន្តខិតខំថែរក្សាសុខភាព តាមរយៈការហាត់ប្រាណប្រចាំថ្ងៃ ការធ្វើអនាម័យជាប្រចាំ ការបរិភោគកុំប្រៃពេក ផ្អែមពេក និងកាត់បន្ថយអាហារដែលសម្បូរទៅដោយជាតិខ្លាញ់។ក្នុងពេលទៅទទួលសេវាសុខាភិបាលដោយឥតគិតថ្លៃពី TYDA ប្រជាពលរដ្ឋ បានលើកឡើងថា សកម្មភាពរបស់ TYDA គឺពិតជាបានជួយលើកកម្ពស់សុខភាព និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ជនបទ ព្រោះការពិនិត្យ និងព្យាបាលជំងឺ រួមទាំងផ្ដល់ថ្នាំលេប ដោយមិនយកប្រាក់កម្រៃ ។ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលត្រូវទៅទទួលសេវាសុខាភិបាល មានការពិនិត្យ និងការព្យាបាលជំងឺ ពីសំណាក់ គ្រូពេទ្យ TYDA មានប្រមាណជាង ៣ពាន់នាក់ ហើយសូមថ្លែងអំណរគុណដល់សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ដែលបានគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋ ហើយបានបញ្ជូនពេទ្យ TYDA ចុះព្យាបាលជំងឺដល់ពលរដ្ឋ នៅតាមមូលដ្ឋានផ្ទាល់ ។គួរបញ្ជាក់ថា សម្រាប់ប្រភេទជំងឺ ដែលក្រុមគ្រូពេទ្យស្ម័គ្រិចិត្តសម្ដេចតេជោ សរុបជាង ៣៤០នាក់ ចុះជួយពិនិត្យ និងព្យាបាលជំងឺពលរដ្ឋនោះ រួមមានជំងឺទូទៅ ជំងឺមាត់ធ្មេញ ត្រចៀក ច្រមុះ បពង់ក ជំងឺភ្នែក ជំងឺរោគស្រ្តី អេកូសាស្ត្រ វះកាត់តូច ជំងឺបេះដូង ជំងឺសើស្បែក ជំងឺឬសដូងបាត ជំងឺសន្លាក់ មន្ទីរពិសោធន៍ ថតកាំរស្មី និងផ្នែកកុមារ ដែលមានការពិនិត្យជំងឺសរុបចំនួនជាង ៤ ៦០០ករណី ខណៈអ្នកជំងឺចំនួន ៤២នាក់ ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ ក្រោមការជួយផ្គត់ផ្គង់ ពីសំណាក់សម្ដេចធិបតី និងលោកជំទាវ ទាំងការព្យាបាល និងហូបចុកស្នាក់នៅដោយឥតគិតថ្លៃ ៕អត្ថបទ៖ សុខរិទ្ធ

កម្ពុជា-នូវែលសេឡង់ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំថែមទៀត

2025/11/29 12:07:56 pm        182
នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Winston Peters រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ និង គណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ឯកឧត្តមរដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា។ ជាមួយគ្នានេះ, ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ នូវែលសេឡង់-កម្ពុជា និងបានគូសបញ្ជាក់ថា នូវែលសេឡង់ ជាដៃគូដ៏យូរអង្វែងរបស់កម្ពុជា ហេីយនូវែលសេឡង់នឹងបន្តគាំទ្រ ក៏ដូចជាការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអរគុណកម្ពុជា ដែលបានគាំទ្រដល់ការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងនូវែលសេឡង់ និងអាស៊ាន ពិសេស ការគាំទ្រលើការបង្កើត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង អាស៊ាន និងនូវែលសេឡង់” ដែលបានប្រកាសជាផ្លូវការក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅប្រទេសម៉ាឡេស៊ី កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ។ សម្ដេចបវរធិបតី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូមកកម្ពុជានាពេលនេះ និងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះនឹងចូលរួមចំណែកដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត។ សម្ដេចបវរធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជននូវែលសេឡង់ ដែលបានគាំទ្រដល់ដំណើរការស្វែងរកសុខសន្ដិភាពនៅកម្ពុជា និងបានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ចាប់តាំងពីទសវត្សរ៍ ឆ្នាំ១៩៩០ រហូតមកដល់ពេលបច្ចុប្បន្ន។ សម្ដេចបវរធិបតី ក៏បានស្វាគមន៍ចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចពិគ្រោះយោបល់លើកទី៣ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដែលបានរៀបចំឡើងកាលពីខែសីហា កន្លងទៅ និងលើកទឹកចិត្តដល់ក្រសួងការបរទេសនៃប្រទេសទាំងពីរបន្តនូវយន្តការនេះឱ្យបានទៀងទាត់ ដោយ សម្ដេចបវរធិបតី ជឿជាក់ថា យន្តការនេះនឹងរួមចំណែកកាន់តែច្រើន ដល់ការពង្រឹង និងពង្រីកកិច្ចសហ-ប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរ ដោយមិនត្រឹមតែភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងពង្រីកការតភ្ជាប់រវាងវិស័យឯកជន និងឯកជន ព្រមទាំងរវាងប្រជាជន និងប្រជាជន ថែមទៀតផង។ ទន្ទឹមនឹងនេះ សម្ដេចបវរធិបតី បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា ពាក់ព័ន្ធនឹងការពង្រីកការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននេះ, កម្ពុជាក៏បានបង្កើតការិយាល័យតំណាង នៃសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសនូវែលសេឡង់ ផងដែរ ក្នុងគោលបំណងពង្រីកនូវកាលានុវត្តភាពការវិនិយោគ និងជំរុញការធ្វើពាណិជ្ជកម្មឱ្យកាន់តែល្អថែមទៀត។សម្ដេចបវរធិបតី និងឯកឧត្តមរដ្ឋមន្ត្រី ក៏បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ ពាណិជ្ជកម្ម វិនិយោគ អប់រំ កសិកម្ម ទេសចរណ៍ ការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន និងបានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ផងដែរ។ មុននឹងបញ្ចប់ សម្ដេចបវរធិបតី បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីការបរទេស អំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសង្កត់ធ្ងន់ថា កម្ពុជានឹងនៅតែប្ដេជ្ញាអនុវត្តតាមខ្លឹមសារ នៃសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កម្ពុជាបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ និងច្បាប់អន្តរជាតិ៕

មន្រ្តីជាន់ខ្ពស់សុខាភិបាល ផ្តល់អនុសាសន៍៥ចំនុច ដើម្បីពង្រឹងសុខភាពមាតា និងទារក និងសុខភាពផ្លូវភេទ

2025/11/29 09:29:17 am        149
ភ្នំពេញ : លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានផ្តល់អនុសាសន៍ចំនួន៦ចំនុច ដើម្បីពង្រឹងសុខភាពមាតា និងទារក និងសុខភាពផ្លូវភេទឲ្យកាន់តែល្អប្រសើរឡើង។ការថ្លែងរបស់លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ យ៉ាងដូច្នេះក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការពិនិត្យមរណភាពមាតា និង ទារកជុំវិញកំណើត និងការឆ្លើយតបសម្រាប់ថ្នាក់រាជធានី-ខេត្ត (ជុំទី ៤) នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវសាស្ត្រាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល, ឯកឧត្តមវេជ្ជបណ្ឌិត ខូយ ឌី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ ទុង រដ្ឋាវី, ឯកឧត្តមសាស្ត្រាចារ្យ សាន់ ចាន់សឿន ទីប្រឹក្សាក្រសួង លោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារ មាតា និងទារក និងអស់លោក លោកស្រីដែលបានចូលរួមផ្ទាល់ និងតាមប្រព័ន្ធ Zoom។លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ បានលើកឡើងថា ឆ្លងតាមរបាយការណ៌នៃវគ្គបណ្តុះបណ្តាលដែលបានរៀបចំ៥ថ្ងៃកន្លងមកនេះ ឃើញថាលោក លោកស្រីដែលជាថ្នាក់ដឹកនាំរបស់សុខាភិបាលរាជធានី-ខេត្តនិងមន្ទីពេទ្យខេត្តទាំង៥ (រាជធានីភ្នំពេញ កណ្តាល ព្រះវិហារ ពោធិ៍សាត់ និងព្រៃវែង) បានខិតខំ និងចូលរួមយ៉ាងសកម្ម រួមទាំងទេពកោសល្យ បង្ហាត់បង្ហាញដោយយកចិត្តទុកដាក់ពីគ្រូបង្គោលថ្នាក់ជាតិ ឃើញថាបានទទួលលទ្ឋផលល្អប្រសើរគួរជា ទីពេញចិត្ត។ ជាក់ស្តែងលទ្ធផលនៃការវាស់ស្ទង់សមត្ថភាពមុនសិក្សារបស់សិក្ខាកាមបង្ហាញថា ការយល់ដឹងពី ការងារពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប (MPDSR) ជាមធ្យមគឺ៥៩% ខណៈលទ្ធផលវាយតម្លៃក្រោយវគ្គសិក្សាសិក្ខាកាម (៣៦រូប) ទទួលបានពិន្ទុជាមធ្យមភាគ៩៥% (ក្នុងនោះ ពិន្ទុ១០០% ចំនួន ១៨ រូប, ពិន្ទុ៩៥% ចំនួន ១០ រូប,ពិន្ទុ ៨០-៩០% ចំនួន ៧រូប និង ពិន្ទុទាប ជាងគេ៧៥% មានតែ ១រូប)។ ជាមួយគ្នានោះលោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ សង្កេតឃើញថាលោក លោកស្រីជាថ្នាក់ដឹកនាំតំណាងឲ្យមន្ទីរសុខាភិបាលរាជធានី ខេត្តទាំង ៥ រូប បានឡើងធ្វើការប្តេជ្ញាចិត្តមានឆន្ទះនិងធ្វើការងារនេះបន្ត លោកជំទាវសាស្រ្តាចារ្យសង្ឃឹមថាយើងនឹងធ្វើការងារនេះបានសម្រេច។នាឱកាសនោះលោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ បានផ្តល់អនុសាសន៍ផ្តាំផ្ញើ ដូចតទៅ ៖ទី១) ត្រូវរៀបចំចាប់ផ្តើមរៀបចំគណៈកម្មាធិការMPDSR ថ្នាក់ខេត្ត ថ្នាក់មនី្ទរពេទ្យខេត្ត ឬមនី្ទរពេទ្យស្រុក ឲ្យបានតាមអនុលោមតាមការណែនាំរបស់ពិធីសារជាតិ ស្តីពីការពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប ឆ្នាំ២០២៥ដែលបានដាក់ប្រកាស ដាក់ឲ្យប្រើប្រាស់កាលពីខែកក្កដាកន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល។ទី២) ផែនការបណ្តុះបណ្តាលដែលបានធ្វើរួចហើយនោះ សូមយកទៅអនុវត្តតាមផែនការ និងព្យាយាម បណ្តុះណ្តាល បន្តដល់មន្ត្រីពាក់ព័ន្ធក្នុងមន្ទីរពេទ្យ និងមណ្ឌលសុខភាពឱ្យបានគ្រប់គ្នា។ទី៣) ពង្រឹងគុណភាពការពិនិត្យរាល់ករណីមរណភាពមាតា និងទារកដោយប្រើទម្រង់ទាំង៣ (ការវិភាគរកឬសគល់MCCD, ស្វែងរកកត្តាយឺតយ៉ាវទាំងបី 3 Delays និង ផែនការឆ្លើយតបដើម្បីកែលម្អនូវអ្វីដែលជាចំណុចខ្វះខាតដែលបានរកឃើញ) និងត្រូវធ្វើរបាយការណ៍ឱ្យបានទាន់ពេលវេលាមក គណៈកម្មាការពិនិត្យមរណភាពមាតា និងទារកថ្នាក់ជាតិតាមរយះលេខាធិការដ្ឋានរបស់គណៈកម្មការ MPDSRថ្នាក់ជាតិ ឱ្យបានមុន៣ម៉ោងក្រោយពីបានបញ្ចូលទិន្នន័យក្នុងប្រពន្ធ័។ទី៤) ត្រូវមានកិច្ចសហប្រតិបតិ្តការគ្នាឲ្យបានល្អរវាងផ្នែកពាក់ព័ន្ធ ដូចជា ផ្នែកសម្ភព ផ្នែកទារក ផ្នែកសង្គ្រោះ បន្ទាន់/សណ្តំក្នុងមន្ទីរពេទ្យក្នុងការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ដើម្បីវិភាគករណីនិមួយៗឱ្យបានគ្រប់ជ្រុងជ្រោយ។ទី៥) ត្រូវពង្រឹងទំនាក់ទំនងរវាងមនី្ទរពេទ្យជាតិ និងក្រោមជាតិ ក្នុងការផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យការវិភាគមានលក្ខណៈគ្រប់ជ្រុងជ្រោយ។លោកជំទាវសាស្រ្តាចារ្យ សូមថ្លែងអំណរគុណដល់ ស្ថានទូតអូស្ត្រាលី អង្គការ UNFPA ដែលតែងតែជួយក្រសួងសុខាភិបាលលើការងារជាច្រើន ដែលទាក់ទងនឹងសុខភាពមាតា និងទារក និងសុខភាពផ្លូវភេទ។ ក្នុងនោះក៏មានអង្គការ WHO ផងដែរ ដែលតែងតែជួយក្នុងកិច្ចការនេះ។ សូមថ្លែងអំណរគុណដល់គ្រូបង្គោលទាំង អស់ដែលបានចំណាយពេលក្នុងការចែករំលែកចំណេះដឹងដល់មន្ត្រីសុខាភិបាលលើការងារ MPDSR ព្រមទាំង លោក លោកស្រីទាំងអស់ដែលបានចំណាយពេលវេលាមកចូលរួមក្នុងពេលនេះ ទាំងនៅទី នេះផ្ទាល់ និង តាមប្រព័ន្ធ ZOOM។ ជាពិសេសថ្លែងអំណរគុណដល់មជ្ឈមណ្ឌលជាតិ ដែលបានផ្តល់ទីតាំងបណ្តុះបណ្តាលសមរម្យសម្រាប់វគ្គនេះ៕អត្ថបទ រដ្ឋា

ឃាត់ខ្លួនបានហើយជនសង្ស័យ០៣នាក់ គាស់បន្ទប់ជួលស្រ្តីម្នាក់យកប្រាក់អស់៣ម៉ឹនដុល្លារអាមេរិក

2025/11/29 08:48:36 am        665
ភ្នំពេញ ៖ នគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនបានហើយជនសង្ស័យ ០៣នាក់ គាស់បន្ទប់ជួលស្រ្តីម្នាក់យកប្រាក់អស់៣ម៉ឹនដុល្លារអាមេរិក ។ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កាលពីវេលាម៉ោង១៨ និង៣០នាទីថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២៥ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន ០៣នាក់ ជាបន្តបន្ទាប់ករណីលួចមានស្ថានទម្ងន់ទោសដោយការកាប់គាស់ទម្លុះទម្លាយ និងសមគំនិតអំពើលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម (ឆ្កិះសោបន្ទប់ជួលលួចប្រាក់ចំនួន ៣០០០០ដុល្លារ នៅចំណុចបន្ទប់ជួល ផ្លូវ១០៣ ក្រុម៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៥ និង៣០នាទីទាបភ្លឺ។ ការឃាត់ខ្លួនជនសង្ស័យទាំង ០៣នាក់នោះ ដោយសមត្ថកិច្ចឃាត់ជនសង្ស័យបានចំនួន ០១នាក់ នៅចំណុចផ្លូវK5 ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ ខណ្ឌឬស្សកែវ រាជធានីភ្នំពេញ និងជនសង្ស័យចំនួន ០២នាក់ទៀត ក្នុងនោះស្រី ០១នាក់ ឃាត់ខ្លួននៅចំណុចភូមិបន្ទាយឈើ ឃុំទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។១,ឆោម ទិត្យរង្សី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅ មុខមិនពិតប្រាកដ ផ្ទះលេខF១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។(មានសារធាតុញៀន) ២,យឹម ស្រីប៉ុច ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ (មានសារធាតុញៀន) ធ្លាប់ជាប់ពន្ធនាគារ ០១ លើក។៣,អាន វិនា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងដែក មានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ធ្លាប់ជាប់ពន្ធនាគារ ០១ លើក។ចំណែកជនរងគ្រោះ ឈ្មោះ អេង លាងហៀង ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវ១០៣ ក្រុម៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកហាង។ វត្ថុតាងដកហូតម៉ូតូចំនួន ០១គ្រឿង ម៉ាក ADV ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1MB.5101ទូរសព្ទ ចំនួន ០៣គ្រឿង លោហៈធាតុខ្សែក ប្រវែង ៥៥ សង់ទីម៉ែត្រ ចំនួន ១ខ្សែមានបន្តោងរូបយុទ្ធនាការលោហៈធាតុប្រភេទខ្សែដៃ ប្រវែង ១៨សង់ទីម៉ែត្រលោហ:ធាតុប្រភេទចិញ្ចៀន ១វង់ ប្រាក់ចំនួន ២១០០$ ប្រាក់ចំនួន ១០២៤០០០យេន (ជប៉ុន) ។  ចំពោះជនសង្ស័យទាំង ៣នាក់ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕តារាវុទ្ធី

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃណែនាំឲ្យអគារនុរក្សពង្រឹងសមត្ថភាពបន្ថែមដោយត្រូវមានជំនាញប្រើប្រាស់ អាវុធខ្លី និងក្បាច់គុណ

2025/11/29 08:41:46 am        138
រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលការងារអគ្គនាយកដ្ឋានពន្ធនាគារ ឯកឧត្តម ឆែម សាវុធ បានធ្វើការ ណែនាំដល់អគារនុរក្ស នៃអគ្គនាយកពន្ធនាគារ គប្បីពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត តាមរយៈការ បណ្តុះបណ្តាលជំនាញ ប្រើប្រាស់អាវុធខ្លី ក្បាច់គុណ និងប្រើប្រាស់ដំបងនៅនឹងកន្លែង រួមទាំងជំនាញ ផ្សេងៗទៀត។ក្នុងឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានពន្ធនាគារ នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ឆែម សាវុធ បានលើកឡើងថា ក្នុងនាមជាអគារនុរក្ស «ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស លើកកម្ពស់ ការស្វែងយល់ពីច្បាប់ លិខិតបទដ្ឋាននានា និងពង្រឹងសមត្ថភាពការងារជំនាញដល់មន្ត្រីត្រូវជំរុញការងារបណ្តុះបណ្តាលជំនាញដល់មន្ត្រីទាំងនៅក្នុងប្រទេស និងក្រៅប្រទេស តាមរយៈការធ្វើផែនការការងារបណ្តុះបណ្តាលជំនាញប្រចាំឆ្នាំ ពង្រឹងសមត្ថភាពបច្ចេក វិទ្យាឌីជីថល និងត្រូវមានកម្មវិធីបណ្តុះបណ្តាលជំនាញប្រើប្រាស់អាវុធខ្លី ក្បាច់គុណនិងការប្រើប្រាស់ដំបងនៅនឹងកន្លែង»។ឯកឧត្តមបានបន្ថែមទៀតថា ត្រូវបន្តពង្រឹងវិន័យមន្ត្រី ការគ្រប់គ្រងជនជាប់ឃុំ ស្របតាមជំនាញវិជ្ជាជីវៈ បទដ្ឋានគតិយុត្ត បទបញ្ជាផ្ទៃក្នុងពន្ធនាគារ នីតិវិធីពន្ធនាគារ និងច្បាប់ស្តីពីពន្ធនាគារ ពិសេសផ្តោតលើការបែងចែកចំណាត់ថ្នាក់សន្តិសុខបានត្រឹមត្រូវ ហើយត្រូវបន្តរឹតបន្តឹង វិធានការឆែកឆេរ ដើម្បីទប់ស្កាត់ការលួចនាំចូលវត្ថុ សម្ភារហាមឃាត់នានាចូលក្នុងពន្ធនាគារជាដើម។ ឯកឧត្តមបានលើកឡើងទៀតថា ត្រូវពង្រឹងរបៀបរបបធ្វើការងារពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងតាមរយៈការងារនិងកិច្ចសហការតាមតួនាទី ភារកិច្ចរៀងៗខ្លួន ជៀសវាងបែងចែកការប្រកាន់បក្សពួកនិយមក្នុងអង្គភាព និងត្រូវពិនិត្យឱ្យបានហ្មត់ចត់ការស្នើសុំតែងតាំង ការដំឡើង ឋានន្តរស័ក្តិត្រូវផ្អែកតាមគោលការណ៍ច្បាប់នីតិវិធីដែលបានកំណត់ និងស្របតាមគោលការណ៍វិភាគមុខងារក្របខ័ណ្ឌមន្ត្រីពន្ធនាគារ។ ត្រូវបន្តលើកកម្ពស់សេវាសុខភាព អនាម័យជនជាប់ឃុំ តាមរយៈការពង្រឹងនូវសមត្ថភាពជំនាញដល់មន្ត្រីពេទ្យពន្ធនាគារ ការស្វែងរកជំនួយផ្នែកបច្ចេកទេស និងសម្ភារៈពេទ្យ ឬស្វែងរកដៃគូសហការផ្នែកសេវាសុខាភិបាលក្នុងគោលដៅធានាបាននូវការពិនិត្យថែទាំព្យាបាលទាន់ពេលវេលា។ជាមួយគ្នានោះឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំឲ្យបន្តយកចិត្តទុកដាក់លើការងារសមាហរណកម្មជនជាប់ឃុំ តាមរយៈការពង្រឹងកម្មវិធី អប់រំកែប្រែ បណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនជាប់ឃុំ និងត្រូវបន្តកិច្ចសហការ ជាមួយអង្គការដៃគូរនានា ដើម្បីស្វែងរកការគាំទ្រទាំងមធ្យោបាយ សម្ភារៈបច្ចេកទេស បម្រើដល់កម្មវិធីអប់រំកែប្រែបណ្តុះណ្តាលវិជ្ជាជីវៈ និងសមាហរណកម្មជនជាប់ឃុំ រៀបចំឱ្យមានកម្មវិធីធ្វើវិបស្សនា និងជំរុញការអានសៀវភៅឱ្យបានទៀងទាត់ ព្រមទាំងអនុវត្តកម្មវិធីប្រឡងប្រណាំងក្នុងទណ្ឌិតឱ្យបានហ្មត់ចត់និងសុក្រិត្យបំផុត។ក្នុងឱកាសនោះដែរ ឯកឧត្តម ឆែម សាវុធ ក៏បានស្នើឲ្យបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយបញ្ហាភាពចង្អៀតណែន នៃជនជាប់ឃុំក្នុងនោះត្រូវសហការល្អជាមួយក្រសួងយុត្តិធម៌ដើម្បីពង្រឹងការងារបន្ធូរបន្ថយទោស និងលើកលែងទោសការងារដោះលែងដោយមានលក្ខខណ្ឌ និងជំរុញការអនុវត្តទោសការងារសហគមន៍ ព្រមទាំងត្រូវបន្តសហការជាមួយស្ថាប័នតុលាការដើម្បីពន្លឿននីតិវិធីជំនុំជម្រះក្តី និងចេញសាលក្រម សាលដីកាស្ថាពរផងដែរ៕អត្ថបទ បាន ចក់

ថ្ងៃនេះជា ថ្ងៃទី១២៣ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។

2025/11/29 07:06:09 am        185
កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។ សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រទេសឈូងសមុទ្រថ្កោលទោសការវាយប្រហារជាថ្មីរបស់អ៊ីរ៉ង់ដែលកំណត់គោលដៅលើប្រទេសកូវ៉ែត និងបារ៉ែន
06/03/2026 05:06 PM
​មនុស្ស​ត្រូវបាន​ចាប់​ជាចំណាប់​ខ្មាំង​ ខណៈការគំរាមកំហែងដោយ​គ្រាប់បែកបង្ក​​ឲ្យ​មាន​ការជម្លៀស នៅរដ្ឋ California
06/03/2026 05:06 PM
ចិនជំរុញឲ្យ​សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ «គោរព» បទឈប់បាញ់ អំឡុប​ពេលមាន «សង្គ្រាមថ្មី​»
06/03/2026 05:06 PM
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
06/03/2026 05:06 PM
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
06/03/2026 04:06 PM
អាមេរិកច្រានចោលរបាយការណ៍អំពីការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើទីស្នាក់ការកណ្តាលកងនាវាទី៥ របស់ខ្លួន
06/03/2026 04:06 PM
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា
06/03/2026 04:06 PM
អ្នកជំនាញការអាដហុក អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលប្រាសាទបក្សីចាំក្រុង និងកំពង់ទឹកយសោតដាក
06/03/2026 04:06 PM
យោធាស្វែងរកការកាត់ទោសទាហានឥណ្ឌូនេស៊ីឲ្យជាប់ពន្ធនាគារសម្រាប់ការវាយប្រហារដោយទឹក អាស៊ីត
06/03/2026 04:06 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះជួបសំណេះសំណាល និង​ទទួល​ទាន​អាហារ​ជាមួយ​បងប្អូន​កម្មករ​និយោជិត​នៅ​រោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង
06/03/2026 04:06 PM