អាជ្ញាធររាជធានីភ្នំពេញបន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំចំនួន ៨២ទីតាំង រកឃើញជនបរទេសខ្លះពុំមានលិខិតឆ្លងដែន និងផាកពិន័យម្ចាស់ ឬអ្នកគ្រប់គ្រង ៣ទីតាំង
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស ២៦នាក់ ពាក់ព័ន្ធករណី Online Scams
សម្តេចតេជោ ហ៊ុន សែន៖ «គ្មានការយោគយល់ណាមួយ ចំពោះទីកន្លែងណាក៏ដោយ ដែល​បើក​ឱកាស​ឲ្យ​ពួក​ឆបោក​តាម​ប្រព័ន្ធអនឡាញ ធ្វើសកម្មភាព»
មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសណែនាំឱ្យគ្រប់ជំនាញទាំងអស់បង្កើនការយកចិត្តទុកដាក់បង្ក្រាប Online Scams និងបទល្មើសផ្សេងៗ

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាបន្ទាន់ឲ្យសមត្ថកិច្ចពាក់ព័ន្ធ​ចុះ​បង្ក្រាប​ឲ្យ​អស់​នូវ​មុខ​សញ្ញា​ក្រុម​ក្មេង​ទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

2025/11/28 02:14:02 pm        653
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និង​ជា​ស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញ​បទ​បញ្ជា​បន្ទាន់​មួយ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធទាំងអស់សហការជាមួយលោកអធិការទាំង១៤ខណ្ឌ បើកការ​ចុះ​បង្ក្រាប​ឲ្យ​អស់នូវរាល់មុខសញ្ញាក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ បទបញ្ជាបន្ទាន់របស់លោកឧត្តមសេនីយ៍ឯកស្នងការ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជា និង​ការ​ណែ​នាំ​ដ៏​ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និង​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមទាំងឯកឧត្តម នាយ​ឧត្តម​សេនីយ៍​អគ្គ​ស្នងការនគរបាលជាតិផងដែរ។ បទបញ្ជានេះ ក៏ធ្វើឡើងបន្ទាប់ពីការកើតមាននូវអំពើហិង្សាដ៏សាហាវព្រៃផ្សៃមួយនៅខេត្តកណ្តាល ដោយ​ក្រុមក្មេងទំនើងបានកាប់ប្រហារយុវជន០២នាក់ បណ្តាលឲ្យស្លាប់ដាច់.កម្នាក់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ធ្ងរ។ តាមរយៈអំពើហិង្សាដ៏សាហាវនេះ ជាសញ្ញាណមួយ​ដែល​កម្លាំង​សមត្ថកិច្ច​គម្បី​ចាំ​បាច់​ត្រូវ​បន្សុត​កម្លាំង​ឲ្យ​បាន​ខ្លាំងចុះទៅទប់ស្កាត់ និងបង្ក្រាបឲ្យអស់ នូវសកម្មភាព​ប្រមូល​ផ្តុំ​នានា​ទាំង​នៅ​ពេល​ថ្ងៃ ពិសេសនៅពេលរាត្រីរបស់ក្រុមក្មេងៗ និងមុខសញ្ញាក្មេងទំនើង ទាំង​មុខ​សញ្ញា​ដែល​មិន​ទាន់​បាន​ធ្វើ​សកម្មភាព និងមុខសញ្ញាដែលធ្វើសកម្មភាពហើយកំពុងរត់គេចខ្លួន ដើម្បីបង្កា​ជៀស​វៀង​ក្រុម​ក្មេង​ៗ​យុវជន ឬក្រុមក្មេងទំនើងទាំងនោះ យកអំពើហិង្សាខាងលើជាគំរូ យកទៅប្រព្រឹត្តិ​សកម្មភាព​ណា​មួយប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពលើពលរដ្ឋស្លូតត្រង់ក្នុងសង្គមជាតិ។ ឧត្តមសេនីយ៍ឯកស្នងការ ប្រកាន់​ខ្ជាប់​គោល​ជំហរ​មិនលើក​លែង​ដាច់​ខាត​ចំពោះ​ក្រុម​ក្មេង​ទំនើង​ទាំង​ឡាយ​ណាដែ​លចេញមកបង្កសកម្មភាពអុកឡុកក្នុងសង្គមជាតិ ហើយក៏មិនបណ្តែត​បណ្តោយ​ឲ្យ​សកម្មភាព​ទាំង​នោះកម្រើក​ឡើង​មក​វិញ​បង្ក​ជា​ភាព​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​ក្នុង​សង្គម​នោះ​ឡើយ ពិសេសក្នុងរាជធានីភ្នំពេញ ដែលជាបេះដូង នៃប្រទេសជាតិ។ ទន្ទឹមនឹងនោះដែរ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អំពាវនាវឲ្យសាធារណជន ពិសេស​ក្មួយ​ៗ​ជា​យុវជន សូមកុំយកខ្លួនបៀតចូលជាមួយបក្សពួកក្រុមបងតូចបងធំ និងកុំចូល​រួម​ជាមួយ​សកម្ម​ភាព​ទំនើង​ទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ ព្រោះវាពុំ​មាន​លទ្ធផល​ចំណេញ​អ្វី​នោះ​ឡើយ ក្រៅតែ​ពីការ​ទទួល​រង​នូវការ​អនុវ​ត្ត​ទោស​ទណ្ឌ​តា​ម​ផ្លូវ​ច្បាប់​ប៉ុណ្ណោះ​នៅ​ពេល​ដែល​ខ្លួន​បាន​ប្រឹព្រឹត្តិ​បទល្មើសរួច។ ហើយ​ក្នុង​ពេលយប់ព្រលប់ បើមិនមានការចាំបាច់នោះទេ ឯកឧត្តមស្នងការ ស្នើឲ្យ​ក្រុម​ក្មួយ​ៗ​ជា​យុវជន​ សូមចូលទៅតាមលំនៅឋានរៀងៗខ្លួន ជៀសវៀងការប្រមូលផ្តុំណាមួយតាមទីសាធារណៈ ព្រោះ​ពី​ពេលនេះទៅ កម្លាំងសមត្ថកិច្ចនឹងចុះទៅព័ទ្ធចាប់សួរនាំរាល់មានការប្រមូលផ្តុំទាំងអស់ ពិសេស​បើ​រកឃើញមានពាក់ព័ន្ធនឹងបទល្មើសណាមួយ គឺនឹងចាប់​ឃាត់​យក​ទៅ​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់​ជា​ធរមានដោយមិនលើកលែង៕ លីហេង

ក្រសួងអប់រំ និងដៃគូពាក់ព័ន្ធរួមគ្នាអភិវឌ្ឍយុវជនកម្ពុជាក្នុងសម័យបច្ចេកវិទ្យាឌីជីថល

2025/11/28 01:51:30 pm        247
ក្រសួងអប់រំយុវជននិងកីឡា តាមរយៈអគ្គនាយកដ្ឋានយុវជន បានរៀបចំសិក្ខាសាលា លើកទី៦ ភាព​ជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា ដែល​មាន​ដៃគូពាក់ព័ន្ធជិត១០០ស្ថាប័ន បានរួមគ្នា​រៀបចំ​គម្រោង​ផែនការ​អភិវឌ្ឍ​យុវជន​កម្ពុជា​ក្នុង​វិស័យ​សម័យបច្ចេកឌីជីថលឱ្យកាន់តែរីកចម្រើនថែមទៀត។ថ្លែងក្នុងសិក្ខាសាលានេះ លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកដ្ឋានយុវជន និង​ជា​អគ្គ​លេខា​ធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន បានបញ្ជាក់ថា សិក្ខាសាលានេះ គឺជា​វេទិកា​ពិភាក្សា ជំនួបរវាងតំណាងរាជរដ្ឋាភិបាលកម្ពុជា អង្គការក្រៅរដ្ឋាភិបាល អង្គការជាតិ និង​អន្តរជាតិ​ដែលធ្វើការអភិវឌ្ឍការអប់រំ ពង្រឹងចំណេះដឹង សីលធម៌ សុខភាព លើកកម្ពស់​ការ​ចូល​រួម​របស់​យុវជន និងឱកាសការងារសមរម្យ សម្រាប់​ការ​អភិវឌ្ឍ​យុវជន​កម្ពុជា​ក្នុង​សម័យ​បច្ចេក​វិទ្យា​ឌីជីថល ជារបៀបវារៈដែលសំខាន់មិនអាចខ្វះបានក្នុងការរកចំណុចរួមដើម្បីរៀបចំអនាគតយុវជន (ទាំង​ក្នុង និងក្រៅប្រព័ន្ធ) ដែលជាកម្លាំងស្នូលរបស់ប្រទេសជាតិ ឱ្យកាន់តែមានសមត្ថភាព មាន​សក្ដា​នុពល​ប្រកបដោយសីលធម៌ សុជីវធម៌ និងមានច្បាប់វិន័យ ចូលរួមចំណែក​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ​របស់សង្គមឱ្យសាកសមជាប្រទេសដែលធ្លាប់មានអារ្យធម៌ខ្ពស់។លោកជំទាវ ស្រូយ សុជាតិ បានជំរុញ និងលើកទឹកចិត្តដល់ តំណាងអង្គការយុវជន សង្គមស៊ីវិល អង្គការ​ដៃគូ វិស័យឯកជន ស្ថាប័នពាក់ព័ន្ធ ចូលរួមឱ្យបានគ្រប់សកម្មភាពរបស់សិក្ខាសាលា ប្រកប​ដោយការយកចិត្តទុកដាក់ខ្ពស់ និងមានភាពបុរេសកម្ម ព្រមទាំង​ជជែក​ពិភាក្សា​លើ​ខ្លឹមសារ​នៃ​ប្រ​ធានបទនីមួយៗឱ្យបានផុសផុល ដើម្បីយកមូលដ្ឋានចំណេះដឹងទាំងអស់នេះ ទៅ​អភិវឌ្ឍន៍​យុវជន ព្រោះដើម្បីអភិវឌ្ឍយុវជនឱ្យរីកចម្រើន ត្រូវការចូលរួមពី អង្គការក្រៅរដ្ឋាភិបាល អង្គការ​ជាតិ អង្គារអន្តរជាតិ និងវិស័យឯកជននានា ដើម្បីឱ្យយុវជនក្លាយជាអ្នកបន្តវេន អ្នក​ដឹក​នាំ​ជាតិ​សំខាន់​ៗ និងជាពិសេសជាកម្លាំងពូនផ្តុំបន្តដំណើរកសាងភាពធន់រឹងមាំរបស់កម្ពុជា ឆ្លងកាត់​បង្គោល​ចរនៃការប្រែក្លាយខ្លួនឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕ អត្ថបទ៖ គង់ រ៉េន

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីបើក​សិក្ខាសាលា​ស្តីពី “ភាព​ជា​អ្នក​ដឹកនាំ​របស់​ស្រ្តី​ប្រកប​ដោយ​បរិយាបន្ន​ក្នុងដំណើរឆ្ពោះទៅរកសង្គមឌីជីថលដ៏ល្អ និងរស់រវើក”

2025/11/28 01:40:29 pm        250
នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរ​គម​នាគមន៍ (ក.ប.ទ.) បានអញ្ជើញ​អធីបតី​ក្នុង​ពិធី​បើក​សិក្ខា​សាលា​ស្តីពី​“ភាព​ជា​អ្នក​ដឹក​នាំ​រប​ស់​ស្រ្តី​ប្រកប​ដោយបរិយាបន្នក្នុងដំណើរឆ្ពោះទៅរកសង្គមឌីជីថលដ៏ល្អនិងរស់រវើក” ដោយ​មាន​ការ​ចូលរួម​ពី​លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារី ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តី​រាជការ បុគ្គលិក និយោជិត នៃ ក.ប.ទ និងមន្ទីរ ប.ទ. គ្រប់ខេត្ត ប្រមាណជាង ៤០០រូប នៅ​សណ្ឋាគារ​សាន់វ៉េ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា តាំងពីដើមរៀង​មកស្រ្តី​គឺ​កម្លាំង​ស្នូល​ក្នុង​ការ​ចូល​រួម​កសាង និងស្ថាបនាជាតិ ព្រមទាំងបានចូលរួមដ៏សកម្មលើគ្រប់វិស័យទាំងសាធារណៈ និង​ឯកជន​។ ​ឯកឧត្តមរដ្ឋមន្រ្តី បន្តថា រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់​អាទិភាព និង​លើក​ទឹក​ចិត្ត​ដល់​ស្រ្តី​ក្នុង​ការបំពេញកិច្ចការងារផ្សេងៗដូចបុរស ដោយគ្មានការរើសអើង។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរ និងវាយតម្លៃ​ខ្ពស់​ដល់​ក្រុម​ការ​ងារ​បញ្ជ្រាប​យេនឌ័រនៃ ក.ប.ទ. ដែលបានរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង ដើម្បីពង្រឹង​ និង​អភិវឌ្ឍ​សមត្ថភាពមន្ត្រីរាជការជាស្ត្រីដែលបម្រើការក្នុងក្រសួង និងអង្គភាពចំណុះក្រសួង ក៏ដូច​ជា​អ្នក​ពាក់​ព័ន្ធ​ផ្សេងទៀត សំដៅជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថល និងការធ្វើបរិវត្តកម្មឌីជីថល ព្រម​ទាំង​លើកកម្ពស់ភាពជាអ្នកដឹកនាំឌីជីថលរបស់ស្ត្រី។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បាន​លើក​ទឹក​ចិត្តឱ្យមានការៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលនិងវគ្គបណ្តុះបណ្តាលផ្សេងទៀត និង​អំពាវនាវឱ្យមានការចូលរួមពីស្ដ្រីក្នុងវិស័យឌីជីថល៕

អាកាសចរណ៍ស៊ីវិល សម្រេច​បង្កើត​ក្រុម​ការងារ​គ្រប់គ្រង​នៅ​តាម​ច្រកទ្វារ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ

2025/11/28 01:33:11 pm        285
មកដល់ពេលនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បាន​សម្រេច​បង្កើត​ក្រុម​ការងារ​មួយ​ក្រុម ​ដើម្បីដឹកនាំ និងសម្របសម្រួលលើការងារច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ដើម្បី​ពង្រឹង​ប្រសិទ្ធ​ភាព​ការងារនៅតាមព្រលានទំាងអស់នៅកម្ពុជា។ថ្លែងក្នុងពិធីប្រកាសសម្រេចបង្កើតក្រុមការងារដឹកនាំ និង​សម្រប​សម្រួល​លើ​ការងារ​ច្រក​ទ្វារ​អាកាស​យាន​ដ្ឋានអន្តរជាតិ ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់ថា រដ្ឋ​លេខាធិកា​រដ្ឋានអាកាសចរណ៍ស៊ីវិល ជាស្ថាប័នរដ្ឋ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់​ពី​រាជ​រដ្ឋាភិបាល​ ដូចនេះដើម្បីឱ្យព្រលានយន្តហោះទំាងអស់នៅកម្ពុជា កាន់តែធានា​បាន​នូវ​ប្រសិទ្ធ​ភាព​ការ​ងារ​ ទើបអាកាសចរណ៍ស៊ីវិលសម្រេចបង្កើតក្រុមការងារគ្រប់គ្រងមួយក្រុម ដើម្បី​ពង្រឹង​ប្រសិទ្ធ​ភាព​ការងារ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីរៀបចំក្នុងព្រលានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បី​ត្រៀម​លក្ខណៈដោះស្រាយនៅពេលមានបញ្ហាណាមួយនឹងកើតឡើង ត្រៀមឆ្លើយតប និង​សម្រប​សម្រួល​ជា​មួយអ្នកដំណើរ ពិសេសដើម្បីគ្រប់គ្រងមន្ត្រី គ្រប់អង្គភាព រួមនឹងវិស័យឯកជន ដែល​បាន​បម្រើ​ការងារនៅតាមអាកាសយានដ្ឋានអន្តរជាតិ ឱ្យអនុវត្តន៍ត្រូវ​នឹង​តួនាទី​ភារ​កិច្ច​ក្នុង​ការ​អាកាស​យាន​ដ្ឋាន និងដើម្បីផ្តល់ភាពងាយស្រួលដល់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បាន​ត្រៀមលក្ខណៈរាយការណ៍ជូនរាជរដ្ឋាភិបាលបានគ្រប់ជ្រុងជ្រោយ។ ឯកឧត្តម សយ សុខាន់ បាន​បន្ត​ទៀតថា ចាប់ពីសេចក្តីសម្រេចនេះតទៅ សូមឱ្យក្រុមការងារ ដែលបាន​សម្រេច​បង្កើត​ឡើង​នា​ពេលនេះ ត្រូវអនុវត្តន៍ការងារឱ្យមានប្រសិទ្ធភាព និងចំគោលដៅ ដើម្បីជៀស​វាង​ការ​អនុវត្ត​ខុស​ពីតួនាទីភារកិច្ច ហើយត្រូវអនុវត្តការងារឱ្យសកម្ម ដើម្បីរួមគ្នាដោះ​ស្រាយ​បញ្ហា​នានា​ដែល​អាច​នឹង​កើតឡើងជាយថាហេតុ៕ អត្ថបទ៖ គង់ រ៉េន

សហជីព៖ របាយការណ៍​អង្គការឃ្លាំមើល​សិទ្ធិ​មនុស្ស​ទាក់​ទង​ពលករ​មកពីថៃ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់

2025/11/28 12:33:28 pm        271
សហជីពកម្មករ មកតាមបណ្តា រាជធានី-ខេត្ត មើលឃើញថា របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) ដែលចុះផ្សាយកាលពីពេលថ្មីៗនេះ ទាក់​ទង​នឹង​ពលករ​ខ្មែរ​វិលត្រឡប់មកពីប្រទេសថៃ គឺជារបាយការណ៍គ្មានមូលដ្ឋានច្បាស់លាស់ គ្មាន​វិជ្ជាជីវៈ និងមានចរិតញុះញង់បង្ខូចរាជរដ្ឋាភិបាល។ តំណាងសហជីពកម្មករ មកពីតាមបណ្តា រាជធានី-ខេត្ត បានថ្លែងប្រាប់ BTV នៅព្រឹកថ្ងៃទី២៨ ខែ​វិច្ឆិកានេះថា ជាក់ស្តែងបណ្តាសហជីព បានមើលឃើញថា ក្រសួងការងារ និងអាជ្ញាធរ​មូល​ដ្ឋាន​នៅ​គ្រប់លំ​ដាប់ថ្នាក់ បាននឹងកំពុង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ខ្លាំង​ជួយ​សម្រប​សម្រួល​ផ្តល់​ឱកាស​ការងារ​ជូនពលករ និងអតីតពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ តាំងពីនៅតាម​បណ្តា​ច្រក​ព្រំដែន​អន្តរជាតិនានា រហូតដល់មូលដ្ឋានផ្ទះសំបែងរបស់ពលករនៅតាមរាជធានីខេត្ត សំដៅ​ផ្តល់​ឱកាសការងារ និងទប់ស្កាត់ការវិលត្រលប់ទៅរកការងារចំណាកស្រុកនៅក្រៅប្រទេស។បណ្តា​សហជីពកម្មករលើកឡើងថា របាយការណ៍ដែលបានចុះសាកសួរ មនុស្ស ៥០ នាក់​របស់​អង្គការ​ឃ្លាំ​មើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) យកមកពីធ្វើជា​របាយការណ៍​អន្តរជាតិ​នោះ​គឺ មិនមានភាពច្បាស់លាស់ គ្មានការថ្លឹងថ្លែងពីភាពពិត និងមានបំណង​ញុះញង់​មួល​បង្កាច់​ការ​រាជរដ្ឋាភិបាល ដែលបានដែលកំពុង​ខិតខំ​ប្រឹងប្រែង​ជួយ​បង​ប្អូនព​លករ​ខ្មែរ​វិញ​មក​ពី​ប្រទេស​ថៃឱ្យទទួលបានការងារធ្វើ និងប្រកបរបបរចិញ្ចឹមជីវិតនៅក្នុងប្រទេស។ទាក់ទិននឹងរបាយការណ៍នេះ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជា​ជីវៈ ​ក៏បានចេញបដិសេធទាំងស្រុង និងថ្កោលទោស​យ៉ាង​ដាច់​អហង្កាចំ​ពោះ​ការ​ផ្សាយ​របាយការណ៍​មិនពិត គ្មានវិជ្ជាជីវៈ និងគ្មានមូលដ្ឋានច្បាស់លាស់របស់អង្គការ HRW នេះដែរ។ សូមបញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារដែលជាសេនាធិការ កំពុង​បន្ត​ខិតខំ​ជួយសម្របសម្រួលបងប្អូនពលករមកពីប្រទេសថៃដោយយកចិត្តទុកដាក់ខ្ពស់ ក្នុង​នោះបា​ន​ធ្វើយុទ្ធនាការផ្ដល់ឱកាសការងារភ្លាមៗដល់ពលការវិលត្រលប់ពីថៃ និងការចុះឈ្មោះ​រក​ការងារ​ធ្វើ​តាម​ប្រព័ន្ធទូរសព្ទ លេខ ១២៩៧ជាដើម ខណៈមកទល់ពេលនេះ បងប្អូនពលករ​បាន​ទទួល​ឱកាស​ការងារធ្វើក្នុងប្រព័ន្ធបានប្រមាណជាង២៨ម៉ឺននាក់ ហើយក្រសួងកំ​ពុងមាន​ឱកា​ស​ការ​ងារ​ប្រមាណ ៨ម៉ឺនកន្លែង កំពុងរងចាំពលករចូលធ្វើការងារ៕ អត្ថបទ ស៊ុម សុខជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ចា អញ្ជើញដឹកនាំកិច្ចប្រជុំដកពិសោធន៍ការងាររបស់ក្រុមប្រតិបត្តិការជំនាញទី១ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ

2025/11/28 12:27:30 pm        399
ភ្នំពេញ ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមប្រតិបត្តិការជំនាញទី១ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំដកពិសោធន៍ការងាររបស់ក្រុមប្រតិបត្តិការជំនាញទី១ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលប្រព្រឹត្តឡើងនៅសាលប្រជុំនាយកដ្ឋានអង្គរក្ស ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក​ ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងអភិបាលរងខេត្តទទួលការងារសន្តិសុខ ប្រធាន-អនុប្រធាននាយកដ្ឋាន ស្នងការរងពាក់ព័ន្ធ រួមនិងសមាសភាពជាច្រីនរូបទៀតតាមបណ្តារាជធានី-ខេត្ត ចូលរួមតាមរយៈប្រព័ន្ធ ZOOM ផងដែរ។

សម្ដេចតេជោ និងមន្រ្ដីជាន់ខ្ពស់វៀតណាម វាយតម្លៃ​ខ្ពស់​លើ​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​តាម​បណ្ដោយ​ព្រំដែន​ប្រទេសទាំងពីរ ខណៈ៩ខែឆ្នាំនេះ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​សម្រេច​បាន​ជាង​៩​ពាន់​លានដុល្លារ

2025/11/28 12:18:41 pm        361
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង​ឯកឧត្តម​ Bui Thanh Son ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បាន​វាយ​តម្លៃ​ខ្ពស់​លើកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ក្នុងនោះការ​រក្សា​បាន​នូវ​សន្ដិសុខ​តាម​ព្រំដែន​ប្រទេស​ទាំងពីរ និងការធ្វើពាណិជ្ជកម្ម៩ខែឆ្នាំនេះសម្រេចបានជាង ៩ ពាន់លានដុល្លារ។ភាគីទាំងពីរបានវាយម្លៃខ្ពស់បែបនេះ ក្នុងឱកាសសម្ដេចតេជោ បានអនុញ្ញាតឱ្យ ឯកឧត្តម Bui Thanh Son ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង​គណៈ​ប្រតិភូ​ចូល​ជួប​សម្តែង​ការ​គួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ​។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះ ជាកិច្ច​ចាប់ផ្ដើម​សម្ដេច​តេជោ ​ប្រធានព្រឹទ្ធសភា បានបង្ហាញនូវក្ដីរីករាយដែលបានជួបជាមួយ ឯកឧត្តម Bui Thanh Son ​ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈ​ប្រតិភូ​ដែល​បាន​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ។ក្នុងឱកាសនោះសម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ទាំង​ក្រប​ខណ្ឌននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ និងគណបក្ស គឺមាន​ភាព​រីក​ចម្រើន​គួរ​ឱ្យ​គត់​សម្គាល់​។ ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានឆ្លៀត​ឱកាស​ចូលរួម​សោក​ស្ដាយចំពោះ​គ្រោះមហន្ត​រាយ​ធម្មជាតិ​ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​វៀត​ណាម​ដែល​បង្ក​ឱ្យ​មាន​ការ​ខូច​ខាត​មួយ​ចំនួន​ផង​ដែរ។ ក្នុង​ឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី វៀតណាម បានសម្ដែង​នូវ​ការ​អរគុណ​ជា​អនេក​ដែល​សម្ដេច​តេជោ​បានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូបានចូ​ល​ជួប​សម្ដែង​ការ​គួរ​ស​ម​នា​ឱកាស​នេះ។​ ឯកឧត្តម បានសម្ដែងនូវក្ដីអរគុណចំពោះនូវមនោសញ្ចេតនារបស់សម្ដេចតេជោ ដែល​បាន​ចូលរួ​មស​ម្ដែង​នូវ​ការ​សោក​ស្ដាយ​ចំពោះ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​វៀតណាម។ ឯកឧត្តម ក៏បាននាំនូវសារផ្ដាំសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម​អគ្គ​លេខា​ធិការ​បក្សគម្មុនីសវៀតណាម, ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្ដី និងប្រធានរដ្ឋ វៀតណាម​ផង​ដែរ​។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី វៀតណាម ក៏បានវាយតម្លៃខ្ពស់ចំពោះ ចំពោះ​ទំនាក់​ទំនង​រវាង​កម្ពុជា​ និងវៀតណាមនាពេលបច្ចុប្បន្ន ជាពិសេសមិនត្រឹមតែទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិ និង​ស្ថាប័ននីតិប្រតិបត្តិទេ ក៏ប៉ុន្ដែទំនាក់ទំនងគណបក្ស និងគណបក្ស រវាងប្រទេសទាំងពីរ មាន​ភាព​រីក​ចម្រើនគួរឱ្យគត់សម្គាល់។ឯកឧត្តម ក៏បានរំលេច​នូវ​កិច្ច​សហ​ប្រតិបត្តិការ​មួយ​ចំនួន​ដែល​ប្រទេស​ទាំង​ពីរ​បា​ន​ធ្វើ​ជា​មួយ​គ្នា​ជាពិសេស​លើការធ្វើពាណិជ្ជកម្មដែលមានការកើនឡើង ក្នុងនោះត្រឹមរយៈពេល ៩ខែឆ្នាំ២​០២៥​នេះ​ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានចំនួនជាង ៩ពាន់លានដុល្លារ ហើយនឹ​ង​មាន​ការ​កើន​ឡើង​នៅ​ពេល​ខាង​មុខថែមទៀត ដែលជាការបង្ហាញ​អំពី​សញ្ញា​វិជ្ជមាន​នៃ​ទំនាក់​ទំនង​ពាណិជ្ជ​ក​ម្ម​រវាង​ប្រទេស​ទាំងពីរ។ ឯកឧត្តមក៏បានរំលេចនៅការចង់ចាំមួយដែលមិនអាចបំភ្លេចបាន ដោយបានកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់ចំពោះការរក្សាបានសន្ដិសុខនៅតាមព្រំដែនរវាងកម្ពុជា និងវៀតណាម​មាន​ភាព​ល្អ​ប្រសើរ​ដែល​ភាគីទាំងពីរបានសហការគ្នា ធ្វើសហប្រតិបត្តិការដើម្បីពង្រីក និងពង្រឹងនូវសន្ដិសុខ សណ្ដាប់​ធ្នាប់ ធ្វើយ៉ាងណារក្សាឱ្យបានដើម្បីជាផលប្រយោជន៍រវាងប្រទេសទាំងពីរ ជាពិសេស​ប្រជាជន​នៅ​តាមព្រំដែនប្រទេសទាំងពីរ។ ក្នុងឱកាសនោះសម្ដេចតេជោ បានសម្ដែងនូវការឯកភាពទាំងស្រុង ចំពោះការលើកឡើងរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី វៀតណាម លើការ​រក្សា​បាន​នូវ​សន្ដិសុខ​នៅ​តាម​បណ្ដោយ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ដែលភាគីទាំងពីរបានដោះស្រាយបានយ៉ាងល្អជាមួយគ្នា មានទាំង​កិច្ច​សហ​ប្រតិបត្តិ​ការ​ប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗជាមួយគ្នាបានយ៉ាងល្អ ហើយប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ឱ្យ​ព្រំដែនក្លាយជាព្រំដែនដែលមានសុខសន្ដិភាពជាមួយគ្នា ប្រជាជនអាចធ្វើពាណិជ្ជកម្ម និង​ដោះដូរទំនិញគ្នាទៅវិញទៅមកបានយ៉ាងមានភាពល្អប្រសើរ។ សម្ដេចតេជោ ក៏បានលើកឡើងអំពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងពីរ ដើម្បី​អំណោយ​ផល​ដល់ការធ្វើកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម ការដឹកជញ្ជូនទំនិញ និងការផ្សារ​ភ្ជាប់​រវាង​ប្រជាជន និងប្រជាជនដែលជាសញ្ញាណដ៏ល្អ និងជាទិសដៅដែ​ល​សម្ដេច​តេជោច​ង់​បា​នតាំង​ពី​ដើម​មក។ សម្ដេចតេជោ ក៏បានសម្ដែងការពេញចិត្តចំពោះការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម​ផង​ដែរ ​ដោយសម្ដេចតេជោ សង្ឃឹមថា គោលដៅ​របស់​ប្រទេស​ទាំង​ពីរ​ដែល​ចង់​សម្រេច​បាន​ក្នុង​គោល​ដៅ ២​០ ពាន់លានដុល្លារនោះ គឺប្រទេសទាំងពីរអាចមានលទ្ធភាពធ្វើទៅរួច និងសម្រេច​បាន​ក្នុង​ពេលដ៏ឆាប់ខាងមុខ។ សម្ដេចតេជោ ក៏បានរំលេចថា កម្ពុជា និងវៀតណាម ក៏គ្រោងនឹងសម្ពោធនូវច្រកព្រំដែនអន្តរជាតិ ម៉ឺនជ័យ នៅដើមខែធ្នូនេះ ដែលជាសញ្ញាណបង្ហាញយ៉ាងវិជ្ជមានចំពោះការផ្លាស់ប្ដូរប្រជាជន ការ​ដឹក​ជញ្ជូនទំនិញ កសិផលជាដើមរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពរីកចម្រើន ហើយ​ក៏​ដើរ​ទន្ទឹម​គ្នា​ជាមួយទំនាក់ទំនងល្អទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរផងដែរ៕

ពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាលក្រោយលទ្ធផលវិជ្ជមានជាបន្តបន្ទាប់លើការដោះស្រាយបញ្ហាជាមួយថៃ

2025/11/28 12:07:28 pm        340
ក្រោយបានឃើញជាក់ស្ដែងនូវលទ្ធផលវិជ្ជមានជាបន្តបន្ទាប់តាមរយៈយុទ្ធសាស្រ្ដ «ស្ងាត់​តែ​មិន​ស្ងៀម​» របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ក្នុង​ការ​ដោះស្រាយវិវាទព្រំដែនជាមួយភាគីថៃ ប្រជាពលរដ្ឋ​នៅ​រាជ​ធានី​ភ្នំពេញ​បាន​បង្ហាញ​ការ​សាទរ និងជំនឿ​ជឿ​ជាក់​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​ចំពោះ​យន្ត​ការ​ដោះ​ស្រាយ​របស់​រាជ​រដ្ឋាភិបាល​លើ​ការដោះស្រាយជម្លោះជាមួយភាគីថៃ។ប្រជាពលរដ្ឋ បានបង្ហាញការគាំទ្រលើការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី លើ​ការ​បន្ត​ដាក់​ចេញ​នូវ​យន្តការជាច្រើន ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយថៃឲ្យកាន់តែល្អប្រសើរឡើង និង​ឆ្ពោះ​ទៅ​រកសន្តិភាព។ ជាក់ស្តែងថ្មីៗនេះ ស្របតាមស្មារតី​ដែល​បាន​ឯកភាព​គ្នារវាង​គណៈកម្មកា​រ​ចម្រុះ​ខណ្ឌ​សីមាព្រំដែនគោកកម្ពុជា-ថៃ ( JBC ) ភាគីកម្ពុជា-ថៃ បានឯកភាពគ្នា​បញ្ជូន​ក្រុម​វាស់​វែង​ចម្រុះ​ចុះ​ទៅបោះបង្គោលព្រំដែនបណ្តោះអាសន្ន ក្នុងគោលដៅធានាឲ្យបានអធិបតេយ្យភាព និង​បូរណភាពទឹកដី ស្របតាមសន្ធិសញ្ញា និងច្បាប់អន្តរជាតិ។ ការឯកភាពបោះបង្គោលព្រំដែនបណ្តោះអាសន្ននេះក៏ជាសញ្ញាវិជ្ជមានខ្ពស់មួយទៀត ដើម្បី​ឈាន​ទៅ​ធ្វើ​ឲ្យស្ថានភាពនៅតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរ កាន់តែមានភាពប្រសើរវិញ។ សូមបញ្ជាក់ថា ទាក់ទិននឹងបញ្ហាជម្លោះព្រំដែននេះដែរ ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា នៅតែ​ប្រកាន់​ខ្ជាប់​ខ្ពស់លើគោលជំហរសន្តិភាព ដោយរក្សាបាននូវបទឈប់បាញ់ បន្តគោរពបាន​នូវ​កិច្ច​ព្រម​ព្រៀង​សន្តិភាពកូឡាឡាំពួរ និងព្យាយាមដោះស្រាយបញ្ហាតាមរយៈយន្តការការទូត និងច្បាប់​អន្តរជាតិ​ជាសំដៅធ្វើយ៉ាងណារក្សាសន្តិភាពរវាងប្រទេសទាំងពីរ៕ អត្ថបទ៖ លីហេង

ក្រសួងមហាផ្ទៃនឹងសាងសង់អគារពន្ធនាគារថ្មីបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនអ្នកជាប់ឃុំ

2025/11/28 11:37:33 am        334
ក្រសួងមហាផ្ទៃ នឹងធ្វើការសាងសង់នូវអគារពន្ធនាគារថ្មីបន្ថែមទៀតស្របទៅតាមស្តង់ដា ដើម្បីឆ្លើយតបទៅនឹងកំណើនអ្នកជាប់ឃុំ ខណៈគិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះអ្នកជាប់ឃុំក្នុងព័ន្ធនាគារមាន រហូតដល់ជាង៦ម៉ឺននាក់ ដោយក្នុងនោះជនបរទេសជិត៥ពាន់នាក់ ហើយអ្នកដែលជាប់ច្រើនជាងគេ គឺ ជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។យោងតាមរបាយការណ៍របស់អគ្គនាយដ្ឋានពន្ធនាគារ ដែលបានបង្ហាញនៅក្នុងសន្និបាត ស្តីពីលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឧត្តមអគារនុរក្ស ថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារបានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធធានាគារ នឹងបន្តជំរុញលើកកម្ពស់គុណភាពការងារអប់រំកែប្រែ ស្តារនីតិសម្បទា ការងារសុខភាព និងអនាម័យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ ព្រមទាំងអនុវត្តកម្មវិធីសមា ហរណកម្ម និងបន្តពង្រឹងកិច្ចការពារសន្តិសុខសុវត្ថិភាពការអនុវត្តនីតិវិធី បទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងប្រ សិទ្ធភាពត្រួតពិនិត្យ ឆែកឆេររកឧបករណ៍ វត្ថុសម្ភារហាមឃាត់ចូលពន្ធនាគារស៊ើបអង្កេតស្រាវជ្រាវបង្ការ ទប់ស្កាត់អំពើល្មើសផ្សេងៗពិសេសទូរស័ព្ទដៃ និងគ្រឿងញៀនតែម្តង។បើតាមរបាយការណ៍បានបញ្ជាក់ថា សព្វថ្ងៃកំណើនជនជាប់ឃុំមានការកើនឡើងបង្កឲ្យមានភាព ចង្អៀត ខ្វះអគារឃុំឃាំងស្របតាមស្តង់ដា អប្បបរមាសំណង់ពន្ធនាគារ ខណៈពេលដែលអគារឃុំឃាំង បច្ចុប្បន្នមានសភាពចាស់ទ្រុឌទ្រោម នៅតាមមណ្ឌលកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត។យ៉ាងណាក៏ដោយក្រសួងមហាផ្ទៃ នឹងបន្តជំរុញអនុវត្តគម្រោងសាងសង់ពន្ធនាគារថ្មីនៅភ្នំពេញ ខេត្តកែប និងគោលការណ៍សាងសង់មណ្ឌលអប់រំកែប្រែទណ្ឌិតបទល្មើសគ្រឿងញៀន(សាខាទី២ ចំណុះ មណ្ឌលកែប្រែអប់រំទី៤)។ ជំរុញសិក្សា គម្រោងដោះដូរទីតាំងថ្មីពន្ធនាគារខេត្តបន្ទាយមានជ័យ កណ្តាល កំពង់ស្ពឺ ស្វាយរៀង ក្រចេះ និងខេត្តកោះកុងជាដើម។ទាក់ទងនឹងការសាងសង់នូវអគារថ្មីនៃពន្ធនាគារនេះ ឯកឧត្តមឧត្តមអគារនុរក្ស ថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសការសម្រេចផ្តល់ក្របខ័ណ្ឌថ្មី ការពិនិត្យពង្រីកបន្ថែម ហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ និងស្វែងរកយន្តការផ្សេងៗទៀតដើម្បីដោះស្រាយភាពចង្អៀតណែនក្នុងពន្ធ នាគារ រួមទាំងផ្តល់គោលការណ៍គន្លឹះ ទាំងក្នុងក្របខ័ណ្ឌច្បាប់ និងការងារបច្ចេកទេស ទាំងដំណោះស្រាយ ចំពោះមុខ និងដំណោះស្រាយយូរអង្វែង៕អត្ថបទបាន ចក់

រាជរដ្ឋាភិបាល និងវិស័យឯកជន កំពុងដើរទន្ទឹមគ្នា ដើម្បីឈានសម្រេចចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជា

2025/11/28 11:30:42 am        193
រាជរដ្ឋាភិបាល និងវិស័យឯកជន និងបានកំពុងធ្វើការយ៉ាងជិតស្និទជាមួយគ្នា ការដោះស្រាយបញ្ហាប្រឈម និងជំរុញធ្វើពិពិធកម្ម លើវិស័យដែលគាំទ្រនានា ដើម្បីធ្វើឱ្យកម្ពុជាឈានទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៃការប្រែក្លាយទៅជាប្រទេសដែលមាន ចំណូលខ្ពស់។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ ស្តីពីការឈានទៅសម្រេចនូវចក្ខុវិស័យឆ្នាំ២០៥០ ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួច ជាកញ្ចប់ ដែលដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះថា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី គឹបានយកចិត្តទុកដាក់ក្នុងការលើកកម្ពស់តួនាទីរបស់វិស័យឯកជន តាមរយៈការលើកកម្ពស់សហគ្រិនភាព និងពង្រឹងសមត្ថភាពវិស័យឯកជន ដែលជាកម្លាំងចលករជំរុញយ៉ាងសំខាន់ ដើម្បីរួមគ្នាអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចកម្ពុជា។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា ឆ្នាំ២០២៥០ គឺជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយប្រទេសកម្ពុជាឱ្យមាន ចំណូលខ្ពស់ ក្នុងដើម្បីឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាត្រូវតែធ្វើពិធិធកម្មសេដ្ឋកិច្ចបន្ថែមតាមរយៈនៃការទាក់ទាញអ្នក វិនិយោគលើវិស័យអេឡិចត្រូនិច យានយន្ត និងការកែច្នៃកសិ-ឧស្សាហកម្មជាដើម។ បញ្ហានេះ ប្រសិនកម្ពុជានៅត្រឹមឧស្សាហកម្ម កាត់ដេរ សម្លៀកបំពាក់ កាបូប និងស្បែកជើង វានឹងធ្វើឱ្យពិបាកក្នុងការឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០។ចំណែកអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលវិស័យឯកជន លើកឡើងផងដែរថា ដើម្បីឱ្យឆ្នាំ២០៥០ នៅក្នុងរយៈពេល២៥ទៅមុខនេះ ទាល់តែយើងធ្វើការកែទម្រង់ទាំងអស់គ្នាដូចជា ការកែ ទម្រង់នូវនីតិវិធី នៃការបំពេញបែបបទឯកសារផ្សេងៗ នៅលើស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ដល់ការធ្វើធុរកិច្ច ការស្រូបយក វិនិយោគបន្ថែម រួមជាមួយកត្តាផ្សេងៗមួយចំនួន ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចខ្ពស់ នឹងធ្វើឱ្យកម្ពុជាសម្រេចតាមបំណង។ជុំវិញឆ្នាំ២០៥០នេះ, បើយោងតាមយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ គឺសម្លឹង ២៥ ឆ្នាំទៅមុខ យុទ្ធសាស្រ្តបញ្ចាកោណនឹង ត្រូវជំរុញអនុវត្តប្រកបដោយភាពប្រទាក់ក្រឡា ក្នុងស្មារតីបរេសកម្ម និងច្បាស់លាស់ ក្នុងគោលដៅកសាងកម្ពុជាទៅជាអរិយប្រទេស ដោយឆ្លើយតបនិងលក្ខណៈសម្បត្តិដូចជា៖ កម្ពុជាគឺជាសង្គមជាតិមួយរស់រវើក, ប្រទេសដែលមានចំណូលខ្ពស់និងមានភាពធន់ និង រឹងមាំ, ប្រជាជនមានចំណេះដឹងខ្ពស់ និងជំនាញមួយយ៉ាងតិចប្រចាំជីវិត, ប្រជាជនកម្ពុជារស់ក្នុងសេចក្តីថ្លៃថ្នូរ សុភមង្គល និងការ ទទួលបានការគាំពារសង្គម ប្រកបដោយសមធម៌ ស្មើសិទ្ធ ស្មើឱកាស, និងកម្ពុជាគឺជាប្រទេសមានបរិស្ថានរូបវន្ត និងធម្មជាតិប្រកប ដោយសុខដុមភាព ភាពធន់ បរិយាកាស និងតុល្យភាពរវាងការអភិវឌ្ឍ និងការអភិវឌ្ឍធនធានធម្មជាតិ៕អត្ថបទ៖ សុន រ៉ាឌី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធររាជធានីភ្នំពេញបន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំចំនួន ៨២ទីតាំង រកឃើញជនបរទេសខ្លះពុំមានលិខិតឆ្លងដែន និងផាកពិន័យម្ចាស់ ឬអ្នកគ្រប់គ្រង ៣ទីតាំង
06/03/2026 03:06 PM
អាមេរិក ទទូចថាបទឈប់បាញ់នៅតែបន្ត ទោះបីមានការវាយប្រហារការពារខ្លួនទៅលើកោះ Qeshm របស់អ៊ីរ៉ង់ក៏ដោយ
06/03/2026 03:06 PM
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស ២៦នាក់ ពាក់ព័ន្ធករណី Online Scams
06/03/2026 03:06 PM
តើមានអ្វីកើតឡើងនៅថ្ងៃទី៩៦នៃសង្គ្រាមនៅអ៊ីរ៉ង់ ខណៈអាមេរិកនិងអ៊ីរ៉ង់ មានការវាយប្រហារថ្មី
06/03/2026 03:06 PM
មេដឹកនាំថ្មីរបស់​សូឡូម៉ុន ពិនិត្យ​កតិកាសញ្ញាសន្តិសុខជាមួយចិន និងស្វែងរកសន្ធិសញ្ញាជាមួយអូស្ត្រាលី
06/03/2026 03:06 PM
ជប៉ុនបដិសេធការទាមទាររបស់កោះ​តៃវ៉ាន់ សម្រាប់ការពិភាក្សា​ ជុំវិញការកំណត់ព្រំដែនជាមួយហ្វីលីពីន
06/03/2026 03:06 PM
អាមេរិកស្នើដាក់​អត្រា​យ៉ាង​ហោចណាស់​​ ១០% ខណៈលោក Trump កំពុងសាងជញ្ជាំងពន្ធឡើងវិញ
06/03/2026 03:06 PM
ក្រសួងរតនាគារអាមេរិកចេញទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ ដោយ​ផ្តោតលើការដោះដូរ​រូបិយប័ណ្ណគ្រីបតូ
06/03/2026 03:06 PM
អាមេរិកសម្លឺង​ដល់​ការ​បើក​ច្រកសមុទ្រ Hormuz ដោយ​ទម្រង់ស្ងាត់ៗ ​​សម្រាប់​គម្រោង Project Freedom
06/03/2026 03:06 PM
ក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ចំនួន ២ ប្រកាសពីការកំណត់អាវុធឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ
06/03/2026 03:06 PM