សម្តេចតេជោ ហ៊ុន សែន៖ «គ្មានការយោគយល់ណាមួយ ចំពោះទីកន្លែងណាក៏ដោយ ដែល​បើក​ឱកាស​ឲ្យ​ពួក​ឆបោក​តាម​ប្រព័ន្ធអនឡាញ ធ្វើសកម្មភាព»
មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសណែនាំឱ្យគ្រប់ជំនាញទាំងអស់បង្កើនការយកចិត្តទុកដាក់បង្ក្រាប Online Scams និងបទល្មើសផ្សេងៗ
ស្ថានទូតខ្មែប្រចាំនៅសាធារណរដ្ឋកូរ៉េ ចុះ MOU ជាមួយមន្ទីរពេទ្យដៃគូ ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋខ្មែរនៅកូរ៉េ
ក្រុមការងារអភិវឌ្ឍវិស័យឯកជនប្រមូលធាតុចូល និងលក្ខខណ្ឌនានា គាំទ្រការផលិតស៊ីម៉ងត៍ក្នុងស្រុក

ព័ត៌មានជាតិ

ព្រះមហាក្សត្រ៖ អបអរសាទរចំពោះស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិមានភាពប៉ិនប្រសប់ដឹកនាំ និងគ្រប់គ្រងសភាពការណ៍របស់ប្រទេសជាតិ ធានាបាននូវប្រក្រតីភាព និងបន្តការអភិវឌ្ឍ

2025/11/28 10:38:43 am        236
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈព្រះរាជសារ ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានមានព្រះរាជបន្ទូលថា អបអរសាទរចំពោះស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិមានភាពប៉ិនប្រសប់ដឹកនាំ និងគ្រប់គ្រងសភាពការណ៍របស់ប្រទេសជាតិ ធានាបាននូវប្រក្រតីភាព និងបន្តការអភិវឌ្ឍ។ព្រះករុណា ព្រះមហាក្សត្រមានព្រះរាជបន្ទូល អបអរសាទរចំពោះស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការជំរុញការអនុវត្តច្បាប់ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ អភិវឌ្ឍជាតិ ដោយបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់លើវិស័យអាទិភាពទាំង៥ គឺ៖ មនុស្ស ផ្លូវ ភ្លើង ទឹក និង បច្ចេកវិទ្យា ក្នុងស្មារតីរួមសាមគ្គីគ្នាជាធ្លុងមួយសំដៅកសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែល មានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព និងបរិយាបន្នឈានទៅសម្រេចបានចក្ខុវិស័យ កម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ជាប្រទេសមានចំណូល ខ្ពស់។ក្នុងឱកាសនេះ ព្រះករុណា ព្រះមហាក្សត្រ បានផ្ញើសេចក្តីនឹករលឹកដល់វីរៈកងទ័ពដ៏អង់អាចក្លាហាន ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមដើម្បីការពារឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។ព្រះករុណា ព្រះមហាក្សត្រ កោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំ ប្រកបដោយភាពវាងវៃ និង មនសិការស្នេហាជាតិដ៏ស្មោះសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ និងគ្រប់គ្រងសភាពការណ៍របស់ប្រទេសជាតិដើម្បី ធានាបាននូវប្រក្រតីភាព និងបន្តការអភិវឌ្ឍ ហើយជានិច្ចកាលតែងនៅរួមសុខ រួមទុក្ខជាមួយប្រជា ពលរដ្ឋនូវគ្រប់កាលៈទេសៈ ជាពិសេសបេសកកម្មក្នុងការការពារអធិបតេយ្យ ឯករាជ្យ បូរណភាព ទឹកដី សិទ្ធិ សេរីភាព និងភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋគ្រប់រូបតាមរយៈ យន្តការការទូត និងច្បាប់ អន្តរជាតិ។ជាមួយគ្នានេះ ព្រះករុណា ព្រះមហាក្សត្រ បានសម្តែងការកោតសរសើរចំពោះស្មារតីសាមគ្គីភាព ដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ក្នុងការការពារសន្តិភាព និងបូរណភាព ទឹកដី ប្រកបដោយសេចក្តីថ្លៃថ្នូរ អហិង្សា និងការអត់ធ្មត់ខ្ពស់ ស័ក្តិសមជាប្រជាពលរដ្ឋនៃប្រទេស មួយដែលមានអរិយធម៌ខ្ពង់ខ្ពស់ វប្បធម៌ចំណាស់ និងមានសីលធម៌ល្អប្រពៃជាទីបំផុត។នាឱកាសដ៏ឧត្តុង្គឧត្តមនេះ ព្រះករុណា ព្រះមហាក្សត្រ ក៏បានកោតសរសើរដោយស្មោះចំពោះ សម្តេចមហា រដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធាន ទី១ និងឯកឧត្តម វង សូត អនុប្រធានទី២ ដែលបានដឹកនាំស្ថាប័នរដ្ឋសភាប្រកបដោយភាពឈ្លាសវៃ ស្វាហាប់ ម៉ឺងម៉ាត់ ព្រមទាំងសមាជិក សមាជិការដ្ឋសភាទាំងអស់ ដែលបានបំពេញតួនាទីភារកិច្ច ស្នូលរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជាជន៕

ឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​កូរ៉េខាង​ត្បូង​ ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមសមាជិក​សភាកូរ៉េ

2025/11/28 10:32:36 am        255
នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាង​ត្បូង​ និង​សហការី ​បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Hong Keewon សមាជិក​សភាកូរ៉េ នៅវិមានរដ្ឋសភាជាតិកូរ៉េ។ឯកឧត្តម ឯកអគ្គរាជទូតបានថ្លែងអំណរគុណចំពោះឯកឧត្តម Hong Keewon ដែលបាន​អញ្ជើញ​ទៅ​ទស្សនកិច្ចនៅប្រទេសកម្ពុជាចំនួន២ដង និងបានព្យាយាមបក​ស្រាយ​អំ​ពី​ស្ថាន​ភាព​ពិត​ និងផ្ដល់យុត្តិធម៌ដល់ប្រទេសកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍របស់ឯកឧត្តម នៅក្នុង​កិច្ច​ប្រជុំ​សភា និងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានផ្សេងៗ បន្ទាប់ពីទស្សន​កិច្ច​របស់​ឯកឧត្ត​ម​នៅ​កម្ពុជា​។ ឯកឧត្តម ឯកអគ្គរាជទូតក៏បានស្នើសុំឱ្យ ឯកឧត្តម Hong Keewon ជួយជំរុញ​បន្ថែម​ទៅ​លើ​ការ​បន្ធូ​រ​បន្ថយការរឹតបន្តឹងការធ្វើដំណើរទៅប្រទេសកម្ពុជា ដែលវិធាន​ការ​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ជីវភាព និងការរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ។ ជាការឆ្លើយតប ឯកឧត្តម Hong Keewon បាន​សម្តែង​ការ​សោក​ស្តាយ​ដែល​យុវជន​កូរ៉េបា​ន​ស្លាប់​ក្នុង​ទឹក​ដី​កម្ពុជា ដែលវាបានបង្ក​ឱ្យមា​ន​ការ​ប៉ះ​ពា​ល់ដ​ល់​អារម្មណ៍​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​សង​ខាង​ និងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនកូរ៉េនៅកម្ពុជា និងប្រជាជន​កម្ពុជា​នៅ​កូរ៉េ​។ ​ឯកឧត្តមក៏បានបន្តថា រដ្ឋាភិបាល និងប្រជាជនកូរ៉េ គួរទទួលស្គាល់​ការ​ពិត​អំ​ពី​មូ​លហេ​តុ​នៃ​ការ​ស្លាប់​របស់យុវជនកូរ៉េនៅកម្ពុជា និងស្ថានភាពពិតរបស់កម្ពុជា ដែលកម្ពុជារក្សា​បាន​នូវ​សុខ​សុវត្ថិភាព​សម្រាប់​អ្នកទេសចរទូទៅ ហើយរដ្ឋាភិបាលកម្ពុជា​ក៏​បាន​បង្ហាញ​នូវ​ឆន្ទៈ​សហការ​ដោះ​ស្រាយ​ប​ញ្ហានេះផងដែរ។ ឯកឧត្តមក៏បានយល់ស្របនឹងសំណើរបស់ឯកឧត្តម ឯកអគ្គរាជទូត ថារដ្ឋាភិបាល​កូរ៉េ​គួរ​បន្ធូរ​បន្ថយ​ការ​រឹតបន្តឹងការធ្វើដំណើរទៅប្រទេសកម្ពុជា និងសន្យាថា នឹងលើកករណី​នេះ​ក្នុង​កិច្ច​ប្រជុំ​សភា​នៅ​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រជាជនកម្ពុជាដែលបានគាំទ្រ និងចូលចិត្តឯកឧត្តមតាមរយៈ ការចែករំលែក និង​ចូល​ចិត្ត​ផេក Facebook និង youtube ផ្ទាល់របស់ឯកឧត្តម៕

ក្រសួងអប់រំ ហាមឃាត់ការទទួលទាន លក់ និងផ្សាយពាណិជ្ជកម្ម​ផលិតផល​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រប់​ប្រភេ​ទក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន

2025/11/28 10:04:58 am        253
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញសេចក្តី​ណែនាំ​ស្តីពី​ការ​ហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិត​ផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។យោង​តាមសេចក្តីណែនាំ ស្តីពីការហាមឃាត់ការទទួលទាន ការចែកចាយ ការ​តាំង​លក់​ផលិត​ផល​ភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សា សាធារណៈនិងឯកជន គឺ​ដើម្បី​យក​ចិត្ត​ទុកដាក់បន្ថែមលើសុខភាពសិស្ស ការបង្ការហានិភ័យនៃជំងឺមិនឆ្លង ជា​ពិសេស​ជំងឺ​ទឹក​នោម​ផ្អែមដែលកំពុងកើនឡើងនៅក្នុងចំណោមសិស្សានុសិស្សពាក់ព័ន្ធនឹងទម្លាប់ទួលទាន ចំណី​អាហារ ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ។ «ក្រសួងអប់រំ យុវជន និងកីឡា សូមហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និង​ការ​ផ្សព្វ​ផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅក្នុង បរិវេណ​គ្រឹះស្ថាន​សិក្សា​សាធារណៈ និងឯកជន។ ក្នុងន័យនេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យ​អប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រប់គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ ​និងឯកជន ត្រូវអនុវត្ត ហាមឃាត់ដាច់ខាតនូវការទទួលទាន ការចែកចាយ ការ​តាំង​លក់ និងការផ្សព្វផ្សាយ ពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង​បរិវេណ​គ្រឹះ​ស្ថា​​នសិក្សា»។ នេះបើតាមការបញ្ជាក់ក្នុងសេចក្ដីណែនាំ។ក្រសួង​អប់រំក៏បានណែនាំដល់ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និង​កីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន ត្រូវ​អនុវត្ត​ឱ្យ​បាន​ម៉ឺងមាត់នូវបទប្បញ្ញត្តិនានា ដែលពាក់ព័ន្ធនឹងការលើកកម្ពស់សុវត្ថិភាព ចំណីអាហារ និង​អាហារ​ប្រកប​ដោយសុខភាពនៅតាមគ្រឹះស្ថានសិក្សា ដែលក្រសួងបានណែនាំ កន្លងមក និងត្រូវដាក់បញ្ចូលបន្ថែមនៅក្នុងបទបញ្ជាផ្ទៃក្នុង ឬក្រមប្រតិបត្តិរបស់គ្រឹះស្ថានសិក្សាស្តីពីការ ហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សា។មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន ត្រូវអប់រំ និងក្រើនរំឭកជាប្រចាំអំពីខ្លឹមសារនៃសេចក្តីណែនាំ បទបញ្ជាផ្ទៃក្នុង និងក្រមប្រតិបត្តិ របស់គ្រឹះស្ថានសិក្សាស្តីពីការហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការ ផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សា និងត្រូវចលនាអ្នកសិក្សានិងបុគ្គលិកអប់រំ ចូលរួមក្នុងការផលិតស្លាកសញ្ញា ឬសារអប់រំ។មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន ត្រូវផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការទទួលទានភេសជ្ជៈប៉ូវកម្លាំងឱ្យបានទូលំទូលាយ នៅពេល គោរពទង់ជាតិ កិច្ចប្រជុំ ឬកម្មវិធីប្រមូលផ្តុំផ្សេងៗរបស់គ្រឹះស្ថានសិក្សា និងត្រូវពិនិត្យតាមដានរាល់សកម្មភាពនៃការទទួលទាន ការចែកចាយ ការតាំងលក់ ការផ្សព្វផ្សាយ ពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅក្នុងបរិវេណគ្រឹះស្ថានសិក្សា ដើម្បីមាន វិធានការដោះស្រាយតាមស្ថានភាពជាក់ស្តែង បញ្ឈប់ភ្លាមៗនូវការទទួលទាន ការចែកចាយ ការតាំងលក់ ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការដកហូតភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅនឹង កន្លែង និងបញ្ឈប់កិច្ចសន្យាលក់ដូរក្នុងករណីរកឃើញជាក់ស្តែងនៅក្នុងបរិវេណគ្រឹះស្ថានសិក្សា។មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន ត្រូវសហការជាមួយស្ថាប័ននិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមអនុវត្តសេចក្តីណែនាំនេះសំដៅធ្វើឱ្យ “គ្រឹះស្ថានសិក្សា គ្មានភេសជ្ជៈប៉ូវកម្លាំង” និងត្រូវធ្វើរបាយការណ៍ប្រចាំឆមាស និងប្រចាំឆ្នាំ ឆ្លងតាមឋានានុក្រម និងផ្ញើជូនក្រសួងអប់រំ យុវជន និងកីឡា (នាយកដ្ឋានសុខភាពសិក្សា)៕

ព្រឹកនេះ រដ្ឋសភាកំពុងបើកសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ លើរបៀបវារៈសំខាន់ៗចំនួន ៥

2025/11/28 09:48:32 am        203
នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២៥នេះ រដ្ឋសភា បើកសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ ក្រោមអធិបតីដ៏ខ្ពងខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានរបៀបវារៈ ចំនួន៥មាន៖ទី១- ព្រះរាជសារ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧។ទី២-របាយការណ៍សង្ខេបស្ដីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៤ និងលើកទី៥ នីតិកាលទី៧។ទី៣-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ទី៤-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។ទី៥- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ    -កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។-ពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នានិងការបង្ការការកិបកេង បន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សា​លើរបៀបវារៈ​សំខាន់ៗចំនួន៥

2025/11/28 09:44:24 am        251
នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយ​ពិភាក្សា​លើ​របៀប​វារៈ​សំខាន់ៗចំនួន៥ នៅវិមានសន្តិភាព។១- ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន។២- ការពិនិត្យ និងសម្រេច លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។៣- ការពិនិត្យ និងសម្រេចទៅលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។៤- ការពិនិត្យសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ។៥- ការពិនិត្យសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព ស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០២៤ ។

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ​សង្គម​និយម​វៀតណាម ចូលជួបសម្តែងការគួរសម

2025/11/28 09:39:11 am        218
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាត​ឱ្យឯកឧត្តម Bui Thanh Son ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ​សង្គម​និយម​វៀតណាម ចូលជួបសម្តែងការគួរសម។ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ៨កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

អគ្គិភ័យឆេះផ្ទះពលរដ្ឋចំនួន៩ខ្នង លើកំណាត់ផ្លូវ៥៩៨ នៅខណ្ឌសែនសុខ

2025/11/28 09:32:11 am        295
អគ្គិភ័យឆាបឆេះទីតាំងផ្ទះកែច្នៃឈើធ្វើ តុ ទូ ទ្វារ បង្អួច រាលដាលដល់ផ្ទះប្រជាពលរដ្ឋសរុប៩ខ្នង ឆេះ​យ៉ាងសន្ធោសន្ធៅ តែមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២យប់រំលងអធាត្រ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ ស្ថិតនៅលើកំណាត់ផ្លូវ៥៩៨ ស្ថិតនៅក្បែរស្តុបត្រឡោកបែក សង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មាន​ភ្លើង​ឆា​ប​ឆេះចេ​ញ​ពី​ទីតាំង​កែច្នៃឈើធ្វើ តុ ទូ ទ្វារ បង្អួច បង្កជាផ្សែងខ្មៅយ៉ាងខ្លាំង ផ្អើលដល់អ្នក​ភូមិ​នាំគ្នាស្រែ​ក​ឆោឡោ ​រត់យកបំពង់ពន្លត់ អគ្គិភ័យ មកជួយបាញ់ពន្លត់ និងខ្លះទៀតយកទឹកជះ ប៉ុន្តែភ្លើង​មិន​ថម​ថយ​នោះទេ បានឆាបឆេះយ៉ាងសន្ធោសន្ធៅកាន់តែខ្លាំង។ ភ្លាមៗកម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញពីគ្រប់គោលដៅការិយាល័យ ឆ្ពោះ​ទៅ​កាន់ទីតាំងកើតហេតុ ដើម្បីជួយអន្តរាគមន៍ភ្លាមៗផងដែរ។លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃ​ស្នង​ការដ្ឋាន​នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាក្នុងប្រតិបត្តិការនេះ ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង។ អគ្គិភ័យនេះបានឆេះផ្ទះប្រជាពលរដ្ឋសរុបចំនួន៩ខ្នង និងបង្កការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ស្ទើរ​ទាំងស្រុង ប៉ុន្តែមិនបង្កអោយមាន​មនុស្ស​រង​របួស​ក្នុង​ហេតុ​ការណ៍​ខាង​លើ​នេះ​ទេ។​ ចំពោះមូលហេតុដែលបង្កអោយឆាបឆេះ កំពុងធ្វើការស្រាវជ្រាវ ៕ អត្ថបទ៖ កុម្ភៈ

ព្រះមហាក្សត្រ៖ រដ្ឋសភានីតិកាលទី៧ បានបំពេញមុខងារយ៉ាងសកម្មលើតួនាទីនីតិកម្ម និងការ​អនុវត្តច្បាប់

2025/11/28 09:22:34 am        211
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា តាមរយៈព្រះរាជសារ ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើក​ទី​៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានមានព្រះរាជបន្ទូលថា រដ្ឋសភា​នីតិកាល​ទី៧ ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បាន​ដឹកនាំ ​និងបំពេញមុខងារតួនាទីស្នូលរបស់រដ្ឋសភាយ៉ាងសកម្ម ដែលក្នុងនោះរួមមាន តួនាទី​នីតិកម្ម​ តាមដានការអនុវត្តច្បាប់ និងភាពជាតំណាងព្រមទាំងបានពង្រឹង និងលើក​កម្ពស់​ការងា​រ​ការ​ទូត​សភាប្រកបដោយភាពបុរេសកម្ម ស្វាហាប់ និងមោះមុត ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និង​បទ​បញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាហើយសម្រេចបានសមិទ្ធផលគួរ ជាទីមោទនៈ។ តាមរយៈ ព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា ក្នុង​ពិធី​បើកបវេសនកាលនៃរដ្ឋសភា ដែលប្រារព្ធឡើងនាសម័យប្រជុំ រដ្ឋសភា លើកទី៥ នីតិកាល​ទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ព្រះករុណាព្រះមហាក្សត្រ ពេញ​ព្រះហឫ​ទ័យ​យ៉ាង​ខ្លាំង ដោយបានកត់សម្គាល់ឃើញថា ប្រជាជាតិកម្ពុជា បានឯកភាពគ្នា សាមគ្គីគ្នាដ៏រឹងមាំ ក្នុង​កាលៈទេសៈ ដែលព្រះរាជាណាចក្រកម្ពុជា​យើង​ប្រឈម​នឹង​ការ​គំរាម​កំហែង​ចំពោះ​អធិប​តេយ្យភា​ព និងបូរណភាព ដែនដីពីសំណាក់សត្រូវឈ្លានពាន ។ព្រះករុណា មហាក្សត្រ មានព្រះរាជបន្ទូលថា រដ្ឋសភានីតិកាលទី៧ ទោះបីស្ថិត​ក្នុង​វិស្សមកា​ល​ក៏​ដោយ​ក៏​នៅ​រក្សាបាននូវប្រពៃណីរូបរួមសាមគ្គីជាធ្លុងមួយ ជាមួយប្រជាជាតិកម្ពុជាទាំងមូល ជា​អាទិ៍​រាជ​រដ្ឋាភិបាល ព្រមទាំងវីរៈកងទ័ពខេមរ ភូមិន្ទកម្ពុជា ដែលដឹកនាំដោយ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត បង្កើតបាន​ជា​កម្លាំង​សរុប​យ៉ាង​ខ្លាំង​មហិមា ធានាការពារបានដោយជោគជ័យ នូវបុព្វហេតុដ៏ថ្លៃថ្លានៃកម្ពុជាយើង។ព្រះករុណា មហាក្សត្រ មានព្រះរាជបន្ទូលបន្ថែមថា៖«ក្នុងអំឡុងចន្លោះសម័យប្រជុំកន្លងទៅនេះ រដ្ឋសភា​នីតិកាលទី៧ ដឹកនាំដោយ សម្តេចមហា រដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា បានដឹកនាំ និងបំពេញមុខងារ តួនាទីស្នូលរបស់រដ្ឋសភាយ៉ាង សកម្ម ដែលក្នុងនោះរួមមាន តួនាទីនីតិកម្ម តាមដានការអនុវត្តច្បាប់ និងភាពជាតំណាង ព្រមទាំងបានពង្រឹង និងលើកកម្ពស់ការងារការទូតសភាប្រកបដោយភាពបុរេសកម្ម ស្វាហាប់ និងមោះមុត ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា ហើយសម្រេចបានសមិទ្ធផលគួរ ជាទីមោទនៈ រួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍជាតិមាតុភូមិ ឈានឆ្ពោះទៅរកវឌ្ឍនភាពរីកចម្រើន ថ្កុំថ្កើងរុងរឿងជានិច្ចនិរន្តរ៍»។ទន្ទឹមគ្នានេះ ថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មការនានានៃរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភា បានចុះបំពេញការងាររបស់ខ្លួនយ៉ាងសស្រាក់សស្រាំនៅតាមមណ្ឌលរាជធានីខេត្ត នៅទូទាំងប្រទេស ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង អំពីវឌ្ឍនភាព បញ្ហាប្រឈម តម្រូវការ និងក្តីកង្វល់នានា របស់ ប្រជាពលរដ្ឋម្ចាស់ឆ្នោត ព្រមទាំងបានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរៈកងទ័ព ដែលកំពុង បំពេញបេសកកម្មប្រចាំការនៅសមរភូមិជួរមុខ និងប្រជារាស្ត្រដែលបានជម្លៀសចេញពីតំបន់ប្រឈម តាមព្រំដែនមកស្នាក់នៅទីសុវត្ថិភាព៕

កម្ពុជា បង្ហាញកង្វល់ ទៅ អគ្គនាយកអង្គការយូណេស្កូ អំពី ការចម្លងប្រាសាទអង្គរវត្ត និងការខូចខាតប្រាសាទព្រះវិហារ

2025/11/27 10:09:03 pm        252
នៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ នាទីក្រុងប៉ារីស លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: កម្ពុជា បានដឹកនាំគណ:ប្រតិភូកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Khaled Ahmed El-Enany Ali Ezz អគ្គនាយកអង្គការយូណេស្កូ។ នាឱកាសក្នុងកិច្ចជំនួប នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានលើកអំពីកង្វល់របស់កម្ពុជាចំពោះការសាងសង់ចម្លងប្រាសាទអង្គរវត្តរបស់ប្រទេសជិតខាង និងបានអំពាវនាវឲ្យមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ព្រមទាំងក្រុមប្រឹក្សាអ្នកច្បាប់អង្គការយូណេស្កូ សិក្សាអំពីយន្តការគតិយុត្តនានា នៃស្មារតីអនុសញ្ញាឆ្នាំ១៩៧០ និងអនុសញ្ញាឆ្នាំ១៩៧២ដើម្បីទប់ស្កាត់បញ្ហានេះ។ បន្ថែមពីលើនេះទៀត លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានពិភាក្សាអំពីលទ្ធភាពក្នុងការបញ្ជូនអ្នកជំនាញការរបស់អង្គការយូណេស្កូ ចុះពិនិត្យ វាយតម្លៃផ្ទាល់ដោយឯករាជ្យអំពីការខូចខាតមកលើប្រាសាទព្រះវិហារដោយការប៉ះទង្គិចតាមព្រំដែននាពេលកន្លង។ទន្ទឹមនេះដែរ លោកជំទាវបណ្ឌិតសភាចារ្យ បានសម្តែងនូវការអបអរចំពោះឯកឧត្តម Khaled Ahmed El-Enany Ali Ezz ដែលត្រូវបានអង្គមហាសន្និបាតលើកទី៤៣ នៃអង្គការយូណេស្កូ បោះឆ្នោតតែងតាំងជាអគ្គនាយកនៃស្ថាប័នដ៏មានសារ:សំខាន់នេះ។ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានសម្តែងនូវការប្ដេជ្ញាចិត្តរបស់ប្រទេសកម្ពុជាក្នុងនាមជារដ្ឋសមាជិកក្នុងការសហការ អនុវត្តកម្មវិធី និងគោរពតាមគោលការណ៍សំខាន់ៗរបស់អង្គការយូណេស្កូ។ ជាពិសេស កិច្ចសហការរវាងកម្ពុជា និងអង្គការយូណេស្កូ បានក្លាយជាកិច្ចសហការប្រកបដោយជោគជ័យទាំងក្នុងទម្រង់អនុវត្តនៃយន្តការ អាយស៊ីស៊ីអង្គរ សំបូរព្រៃគុក និងព្រះវិហារ ក៏ដូចជាទម្រង់កិច្ចសហការ នៃកិច្ចការពារ លើកតម្លៃ និងអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកទាំងរូបីនិងអរូបី។ ឯកឧត្តម Khaled Ahmed El-Enany Ali Ezz បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី និងបានកោតសរសើរកម្ពុជាក្នុងនាមជារដ្ឋសមាជិកដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយអង្គការយូណេស្កូនាពេលកន្លងមក។ ឯកឧត្តម ក៏បានបញ្ជាក់អំពីគោលបំណងក្នុងការបន្តនូវរាល់កិច្ចសហការជាមួយកម្ពុជា ក៏ដូចជាពិនិត្យទៅលើកិច្ចការមួយចំនួនដែលជាការព្រួយបារម្ភរបស់កម្ពុជា៕

រដ្ឋមន្រ្តីសុខាភិបាល៖ «រាល់ការផ្តល់របាយការណ៍មិនគ្រប់ជ្រុងជ្រោយ ថ្នមស្ថានការណ៍ ស្មើនឹងការមិនទទួលខុសត្រូវពិតប្រាកដក្នុងភារកិច្ចការងារ»

2025/11/27 07:29:47 pm        112
រសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងរៀបចំផែនការបន្ត ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព និងស័ក្តិសិទ្ធិភាព ក្នុងការអនុវត្តការងារប្រចាំថ្ងៃបន្ថែមទៀត។កិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងអំពីការចូលរួមជំនួសក្នុងកិច្ចប្រជុំ ដែលធ្វើឱ្យដំណើរការប្រជុំប្រព្រឹត្តទៅជាធម្មតា និងទទួលបាននូវអនុសាសន៍ល្អៗ សម្រាប់ជម្រាបជូនថ្នាក់ដឹកនាំ និងអនុវត្តបន្ត។ បន្ថែមក្នុងនេះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានរំលឹកដល់នាយកដ្ឋាន និងអង្គភាពទាំងអស់ ក្នុងការត្រៀមលក្ខណៈរៀបចំការងារសន្និបាតក្រសួងសុខាភិបាល លើកទី៤៥ ឱ្យបានល្អប្រសើរ និងទាន់ពេលវេលា។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានកោតសរសើរ និងណែនាំឱ្យខិតខំបន្ថែមទៀត ក្នុងការរៀបចំបំពេញការងាររបស់ខ្លួន គ្រប់អគ្គនាយកដ្ឋាន នាយកដ្ឋាន ការិយាល័យ និងសូមបន្តពង្រឹងបន្ថែមជាប្រចាំ។ ក្នុងនេះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ដល់មន្ទីរពេទ្យជាតិ និងមន្រ្តីសុខាភិបាលរាជធានី ខេត្ត ទាំងអស់ និងការងារព្រំដែន ដែលបានជួយសហការ ក្នុងការជួយគាំទ្រគ្នា ជាពិសេសខេត្តជាប់ព្រំដែន និងអ្នកដែលបានជួយ ព្រមទាំងខេត្តដែលបានចូលរួមជួយ និងអង្គភាពសម្ព័ន្ធមេត្រីភាព ដែលចូលរួមគាំទ្រ និងត្រៀមក្នុងការជួយសង្រ្គោះគ្រប់ពេលវេលា ក្នុងករណីមានការកើតឡើងជាយថាហេតុ។លើសពីនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំជូន ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ សូមយកចិត្តទុកដាក់ និងបង្ការទៅលើការងារជំងឺគ្រុនឈាម ជំងឺមហារីកមាត់ស្បូន និងជំងឺផ្សេងៗ កាន់តែទទួលបានប្រសិទ្ធភាពខ្ពស់។ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តាំផ្ញើសូមយកចិត្តទុកដាក់ និងត្រៀមលក្ខណៈការងារ ផែនការ ដែលនៅសេសសល់ ត្រូវពន្លឿន និងអនុវត្តឱ្យបានចប់សព្វគ្រប់ នាដំណាច់ឆ្នាំខាងមុខនេះ ដើម្បីជាការវាយតម្លៃលទ្ធផលការងារប្រចាំឆ្នាំ។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួងសុខាភិបាល អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធានានយដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ នៃទីស្តីការក្រសួងសុខាភិបាល និងឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានអង្គភាពថ្នាក់កណ្តាល មន្ទីរពេទ្យជាតិ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ដែលចូលរួមតាមប្រព័ន្ធ Zoom ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បើក Soccer League នឹងរំលេចទស្សនីយភាពជាច្រើន ពិសេសការច្រៀងចម្រៀងជាតិ ដើម្បីលើកទឹកចិត្តវីរកងទ័ព និងជនភៀសសឹក
06/03/2026 02:06 PM
សមាជិកសភា៖ អ៊ីរ៉ង់ចង់ធ្វើជាតូបនីយកម្មច្រកសមុទ្រហ័រមូស
06/03/2026 02:06 PM
មេដឹកនាំសហគមន៍លីបង់នឹងដាក់ពាក្យប្តឹងប្រឆាំងការគាំទ្ររបស់អាមេរិកចំពោះសង្គ្រាមរបស់អ៊ីស្រាអែលនៅលីបង់
06/03/2026 02:06 PM
អ្នកជំនាញ៖ អ៊ីរ៉ង់មានតួនាទីសំខាន់នៅក្នុងដំណើរការរំសាយអាវុធរបស់ក្រុមហេសបូឡា
06/03/2026 02:06 PM
FIFA បើកដំណើរការមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិសម្រាប់ World Cup នៅក្រុង Dallas
06/03/2026 02:06 PM
ក្រុមហ៊ុនអឺរ៉ុបជាច្រើនទទួលស្គាល់ថា មានការលំបាកក្នុងការផលិតអាវុធល្បឿនលឿនជាងសំឡេង
06/03/2026 02:06 PM
មូស្គូ៖ រុស្ស៊ីត្រៀមធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអាមេរិកឡើងវិញ ប្រសិនបើផលប្រយោជន៍របស់ខ្លួនត្រូវបានគោរព
06/03/2026 02:06 PM
UN ស្នើជម្រើសដើម្បីជួយបញ្ចប់ជម្លោះអ៊ីស្រាអែល-ក្រុមហេសបូឡា បន្ទាប់ពីកងកម្លាំងរក្សាសន្តិភាពចាកចេញពីលីបង់
06/03/2026 02:06 PM
ស្ត្រីមានផ្ទៃពោះ ១៣.៥០០នាក់ នៅលីបង់ តស៊ូស្វែងរកការថែទាំដែលមានសុវត្ថិភាព ខណៈអ៊ីស្រាអែលបន្តវាយប្រហារ
06/03/2026 02:06 PM
រុស្ស៊ី៖ UN និង IAEA កំពុងប្រកាន់យកជំហរអព្យាក្រឹតចំពោះបញ្ហារោងចក្រនុយក្លេអ៊ែរ ZAPOROZHYE
06/03/2026 02:06 PM