សម្តេចតេជោ ហ៊ុន សែន៖ «គ្មានការយោគយល់ណាមួយ ចំពោះទីកន្លែងណាក៏ដោយ ដែល​បើក​ឱកាស​ឲ្យ​ពួក​ឆបោក​តាម​ប្រព័ន្ធអនឡាញ ធ្វើសកម្មភាព»
មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសណែនាំឱ្យគ្រប់ជំនាញទាំងអស់បង្កើនការយកចិត្តទុកដាក់បង្ក្រាប Online Scams និងបទល្មើសផ្សេងៗ
ស្ថានទូតខ្មែប្រចាំនៅសាធារណរដ្ឋកូរ៉េ ចុះ MOU ជាមួយមន្ទីរពេទ្យដៃគូ ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋខ្មែរនៅកូរ៉េ
ក្រុមការងារអភិវឌ្ឍវិស័យឯកជនប្រមូលធាតុចូល និងលក្ខខណ្ឌនានា គាំទ្រការផលិតស៊ីម៉ងត៍ក្នុងស្រុក

ព័ត៌មានជាតិ

ក្រសួងមុខងារសាធារណៈ ចែករំលែកបទពិសោធ នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ នៅខេត្តបាត់ដំបង

2025/11/27 07:11:16 pm        168
នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ សម្រាប់កម្រិតវិទ្យាល័យ ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តបាត់ដំបង។មានប្រសាសន៍ស្វាគមន៍ លោក ធូ ភា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានលើកឡើងអំពីស្ថានភាពទូទៅរបស់ខេត្ត ព្រមទាំងសមិទ្ធផលនានា ដែលខេត្តសម្រេចបាន ជាពិសេសការផ្ដល់សេវាសាធារណៈជូនប្រជាជនបានល្អប្រសើរ ក្នុងការចូលរួមចំណែកធ្វើឱ្យប្រទេសជាតិក្លាយជាប្រទេសអភិវឌ្ឍតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះលោកអភិបាលរង ក៏បានលើកឡើងបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍន៍មូលធនមនុស្ស និងការបង្កើនសមត្ថភាព អាចឈានចូលទៅក្នុងទីផ្សារការងារបានងាយស្រួល រដ្ឋបាលខេត្តបាត់ដំបង បានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ ព្រមទាំងការអភិវឌ្ឍកុមារ និងយុវជនឱ្យមានសក្តានុពល ពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា និងផ្លូវចិត្ត ដើម្បីឱ្យក្លាយទៅជាកូនល្អ មិត្តល្អ សិស្សល្អ ពលរដ្ឋល្អ ក្នុងសង្គម ព្រមទាំងក្លាយទៅជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ។ មានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលានាព្រឹកនេះ ឯកឧត្តម យក់ ប៊ុនណា ក្នុងនាមជាតំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធាន គ.វ.ជ. ឯកឧត្តមបានលើកឡើងថា ដើម្បីសម្រេចចក្ខុវិស័យដ៏មានតម្លៃសម្រាប់ប្រជាជន រាជរដ្ឋាភិបាល បានកំណត់ និងបេ្តជ្ញាបន្តកសាង និងអភិវឌ្ឍធនធាននិងហេដ្ឋារចនាសម្ព័ន្ធជាអាទិភាពគន្លឹះចំនួន ៥គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ព្រមទាំងអនុវត្តកាន់តែស៊ីជម្រៅនូវការកែទម្រង់អភិបាលកិច្ច សំដៅធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប គាំទ្រដល់ការបម្រើកាន់តែប្រសើរឡើងនូវសេចក្តីត្រូវការរបស់ប្រជាជន និងការសម្រេចបានគោលនយោបាយអភិវឌ្ឍ និងការពារប្រទេសជាតិប្រកបដោយប្រសិទ្ធភាព ចីរភាព ភាពធន់ និងបរិយាបន្ន។"កិច្ចការអាទិភាពមួយចំនួន ក្នុងការពង្រឹងនិងការកែទម្រង់ស្ថាប័ន ឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ និងការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តការងារតាមរយៈ ការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវ ត្រូវបានអនុវត្តជាបន្តបន្ទាប់ ស្របគ្នាជាមួយនឹងការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ វិធានការគន្លឹះក្នុងវិស័យអប់រំ និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ក្នុងទម្រង់ជាជវភាពនៃតួរអង្គតែមួយ ក្រោមការតម្រង់ទិសដ៏ប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី។" ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបន្ថែម។ទន្ទឹមនេះ ឯកឧត្តម បានបញ្ជាក់លម្អិតពីការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានផ្តោតទៅលើការងារអាទិភាពចំនួនបី ក្នុងគោលដៅដើម្បីដោះស្រាយបញ្ហាប្រឈមជាអាទិភាព និង ដើម្បីពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មរបស់មន្ត្រី និងស្ថាប័ន ការលើកកម្ពស់គុណភាពសេវាអប់រំ សុខាភិបាល និងកសិកម្មនៅមូលដ្ឋាន។សូមជម្រាបដែរថា បន្ទាប់ពីពិធីប្រកាសបើកអង្គសិក្ខាសាលារួចមក ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងគណៈប្រតិភូ អញ្ជើញធ្វើទស្សនកិច្ចនៅតាមស្តង់ពិព័រណ៍នានាស្ដីពីឧត្ដមានុវត្តន៍ និងនវានុវត្តន៍ នៃការគ្រប់គ្រងនិងការផ្ដល់សេវាសាធារណៈរបស់អង្គភាពជ័យលាភីផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ ដែលបានដាក់តាំងបង្ហាញពីសមិទ្ធផលសំខាន់ៗរបស់ខ្លួន នៅក្នុងបរិវេណទីធ្លានៃទីកន្លែងសិក្ខាសាលា។ ទន្ទឹមនេះ ឯកឧត្ដម ក៏បានបន្តទស្សនកិច្ច នៅវិទ្យាល័យពេជ្រចិន្តា ខេត្តបាត់ដំបង ដែលជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ១ ឆ្នាំ២០២៤ សម្រាប់កម្រិតវិទ្យាល័យ និងជួបផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិក និងប្រជាពលរដ្ឋ ក្នុងសហគមន៍ដែលគាំទ្រវិទ្យាល័យពេជ្រចិន្តា៕

ក្រុងម៉ាណដាលូយ៉ុង នៃសាធារណរដ្ឋហ្វ៊ីលីពីន នឹងសិក្សារៀនសូត្រពីរាជធានីភ្នំពេញ លើការរៀបចំក្រុងពិសេសក្នុងការកាត់ខ្សែកាប្លអុបទិក ខ្សែអ៊ីនធើណេតពីលើអាកាសទៅដាក់ក្រោមដី

2025/11/27 07:08:02 pm        141
ភ្នំពេញ ៖ រាជធានីភ្នំពេញគឺជារាជធានី ដែលមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយក៏ជាទីក្រុងដែលមានសោភ័ណ្ឌភាព មានសណ្ដាប់ធ្នាប់ល្អ ជាទីក្រុងមានភាពវៃឆ្លាត។ ក្រុងម៉ាណដាលូយ៉ុង ( Mandaluyong) នៃសាធារណរដ្ឋហ្វ៊ីលីពីន នឹងសិក្សារៀនសូត្រពីរាជធានីភ្នំពេញ លើការរៀបចំក្រុងពិសេស គឺការរៀបចំសណ្ដាប់ធ្នាប់នៃការកាត់ខ្សែកាប្លអុបទិក ខ្សែអ៊ីនធើណេតពីលើអាកាសទៅដាក់ក្រោមដី។ នេះជាការលើកឡើងរបស់លោកជំទាវ ខា មេលីតា មែនឈី អាហ្គីឡា អាបាឡូស ( Carmelita " Menchie " Aguilar Abalos ) អភិបាលក្រុងម៉ាណដាលូយ៉ុង ( Mandaluyong ) នៃសាធារណរដ្ឋហ្វ៊ីលីពីន ក្នុងឱកាសលោកជំទាវជំនួបសម្ដែងការគួរសម ជាមួយឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នៅសាលារាជធានីភ្នំពេញ។ លោកជំទាវ ខា មេលីតា មែនឈី អាហ្គីឡា អាបាឡូស បានមានប្រសាសន៍ថា ទីក្រុងម៉ាណដាលូយ៉ុង របស់លោកជំទាវជាទីក្រុងតូច តែជាទីក្រុងដែលបានជាប់ចំណាត់ថ្នាក់លេខ២ នៅប្រទេសហ្វីលីពីន មានទំហំត្រឹមតែ២២,២៤គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅអចិន្ត្រៃយ៍ត្រឹមតែ៤៥ម៉ឺននាក់ប៉ុណ្ណោះ។ ប៉ុន្តែទីក្រុងមួយនេះ មានប្រជាពលរដ្ឋចេញចូល រហូតទៅដល់២លាន៣សែននាក់ ដែលចំនួននេះប្រហាក់ប្រហែលនិងរាជធានីភ្នំពេញដែរ។លោកជំទាវ បានបញ្ជាក់ថា ការមកបំពេញទស្សនកិច្ច និងសម្ដែងការគួរសមនាពេលនេះ មានគោលបំណងចង់សិក្សារៀនសូត្រពីរាជធានីភ្នំពេញ លើការរៀបចំក្រុង ពិសេសគឺការកាត់ខ្សែកាប្ល ខ្សែអុបទិក ខ្សែអ៊ីនធើណេតពីលើអាកាសទៅដាក់ក្រោមដី។ នេះជាគំរូដ៏ល្អរបស់រាជធានីភ្នំពេញដែលនាំឱ្យរាជធានីមួយនេះមានភាពស្រស់ស្អាត និងឆ្លាតវៃ។ ការមកបំពេញទស្សនះកិច្ច និងសិក្សាស្វែងយល់រៀនសូត្រពីរាជធានីភ្នំពេញ វាមិនគ្រាន់តែជាការផ្សារភ្ជាប់ទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្សាភ្ជាប់បទពិសោធន៍ឱ្យគ្នាទៅវិញទៅមកថែមទៀត។ លោកជំទាវបន្តថា គំរូដ៏ល្អរបស់រាជធានីភ្នំពេញដែលកាត់ខ្សែកាបដាក់ទៅក្រោមដី វាមិនត្រឹមតែលើកសោភ័ណភាពរាជធានីភ្នំពេញប៉ុណ្ណោះទេ។ ប៉ុន្តែវាបានកាត់បន្ថយនូវគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋថែមទៀតផង។ ក្រោយការសិក្សារៀនសូត្រពីរាជធានីភ្នំពេញ ទីក្រុងម៉ាណដាលូយ៉ុង និងមានភាពស្រស់ស្អាតមានសោភ័ណភាព ជាទីក្រុងដែលមានភាពវ័យឆ្លាតដូចទីក្រុងភ្នំពេញដែរ។ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះ បានលើកឡើងពីភូមិសាស្រ្តក៏ដូចជាប្រវត្តិនៃការកកើតរាជធានីភ្នំពេញ ដែលមានប្រវត្តិដ៏សែនជូរចត់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទាំងស្រុងរបស់រាជធានីភ្នំពេញ។ ប៉ុន្តែក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសមួយនេះមានការអភិវឌ្ឍន៍រីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។ឯកឧត្ដម ឃួង ស្រេង បានបន្តថា រាជធានីភ្នំពេញមិនបានទទួលរងនៅការជន់លិចដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរនោះទេ ទាំងនេះគឺដោយសាបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូក្រោមដីល្អ ហើយគួបផ្សំនិងស្ថានភាពភូមិសាស្ត្ររបស់ប្រទេសកម្ពុជា មានភាពល្អប្រសើរ អំណោយផលផងដែរនោះ ទើបមិនបណ្ដាលឱ្យមានការលិចលង់ដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរដូចប្រទេសក្បែរខាងរបស់កម្ពុជា។ឯកឧត្ដម ឃួង ស្រេង ក៏បានបន្តទៀតថា រាជធានីភ្នំពេញមានតំបន់ទេសចរណ៍ជាច្រើន ហើយនៅពេលថ្មីៗនេះក៏បានបង្កើតឱ្យមានតំបន់ទេសចរថ្មីមួយទៀត នោះគឺផ្លូវថ្មើជើងចតុមុខ។ តំបន់ទេសចរថ្មីនេះ ទទួលបានការគាំទ្រ និងពេញនិយមពីសំណាក់ភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនកុះករ ដោយក្នុងមួយថ្ងៃមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិប្រមាណជាង១០ម៉ឺននាក់ មកដើរលេងកំសាន្ត។ ជាមួយគ្នានេះរាជធានីភ្នំពេញក៏មានគម្រោងបង្កើតឱ្យមានតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀតផងដែរ។ ឯកឧត្ដមអភិបាលរាជធានីក៏បានបញ្ជាក់ផងដែរថា គម្រោងកាត់ខ្សែកាប្ល ខ្សែអុបទិក ខ្សែអ៊ីនធើណេតពីលើអាកាសទៅដាក់ក្រោមដីនេះ រដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តគម្រោង កាលពីឆ្នាំ២០១៥ ជាគម្រោងនិងបញ្ចប់នៅក្នុងឆ្នាំ២០២៧ ប៉ុន្តែដោយការរំខានដោយជម្ងឺ covid-19 គម្រោងនេះមិនត្រូវបានបញ្ចប់ទៅតាមផែនការនោះទេ គឺអាចបញ្ចប់នៅក្នុងឆ្នាំ២០២៩៕

ឧបនាយករដ្ឋមន្ត្រីនេត សាវឿន និងឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញ​ធ្វើ​ជា​សហអធិបតីផ្សព្វផ្សាយបទបញ្ជារាជរដ្ឋាភិបាល ស្តីពី ការ ហាមប្រាមបារីអេឡិចត្រូនិច និងស៊ីស្សា

2025/11/27 07:03:18 pm        225
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញជាសហអធិបតីផ្សព្វផ្សាយបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា លេខ០២ បប ស្ដីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។សូមបញ្ជាក់ថា បទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចុះកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ក្រោយសង្កេតឃើញពីការរីករាលដាលការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងចំណោមកុមារ និងយុវជន ដែលផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សង្គម សុខភាព សាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំ។ទន្ទឹមនេះការប្រើប្រាស់ផលិតផលទាំងនេះ អាចជាច្រកផ្លូវទៅកាន់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ផ្សេងទៀត ព្រោះប្រភេទឧបករណ៍អេឡិចត្រូនិក ដូចជាបារីអេឡិចត្រូនិក ផលិតផល អេចណ៍ ធី ភី អាចប្រើសម្រាប់ជក់គ្រឿងញៀនផ្សេងទៀតបាន ព្រមទាំងជាច្រកផ្លូវដែលនាំឲ្យកុមារ និងយុវជនឈានទៅជក់បារីធម្មតាផងដែរ នៅពេលដែលពួកគេមានភាពញៀននឹងសារធាតុនីកូទីន ដែលជាកត្តានាំដល់កំណើននៃជំងឺមិនឆ្លងនៅក្នុងសង្គម។ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំ រាជរដ្ឋាភិបាលដាក់ចេញបទបញ្ជ ដូចខាងក្រោម៖ ១៖ ហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្ដុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សាគ្រប់ប្រភេទគ្រប់ទម្រង់ និងគ្រប់មធ្យោបាយ។ ២៖ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវមានវិធានការទប់ស្កាត់ការនាំចូល ការចែកចាយ ការផ្សាយពាណិជ្ជកម្ម ការលក់ និងការស្ដុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។៣៖ ក្រសួងសុខាភិបាល ត្រូវចេញសេចក្តីណែនាំ ដើម្បីអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់សុខភាពនិង គ្រោះថ្នាក់នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។៤៖ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវចេញសេចក្តីណែនាំ ដើម្បីអប់រំ បង្ការ ទប់ស្កាត់ និងហាមឃាត់ ដាច់ខាតការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា នៅក្នុង និងជុំវិញបរិវេណ គ្រឹះស្ថានសិក្សាសាធារណៈ គ្រឹះស្ថានសិក្សាឯកជន គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន អន្តវាសិកដ្ឋាន មជ្ឈមណ្ឌលសិក្សាសហគមន៍ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា កន្លែងហ្វឹកហាត់កីឡា និងកន្លែងប្រកួតកីឡា។៥៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្ដុកទុក ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា នៅតាមមូលដ្ឋានស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។៦៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំ ហាមឃាត់ចំពោះ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ឬមានការពាក់ព័ន្ធនឹងឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សានេះ។៧៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការចំពោះបុគ្គលណាដែលប្រើប្រាស់ និង/ឬកាន់កាប់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្យាគ្រប់ប្រភេទ និងត្រូវព្រមាន ដោយផ្ទាល់មាត់ ព្រមទាំងដកហូតឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។ ករណីមិន រាងចាល ត្រូវព្រមានជាលាយលក្ខណ៍អក្សរ និងធ្វើកិច្ចសន្យាឈប់ប្រើប្រាស់។៨៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការស្របតាមច្បាប់និងលិខិតបទដ្ឋាន គតិយុត្តជាធរមានចំពោះបុគ្គលណាដែលបានចែកចាយ លក់ ស្តុកទុក ផ្សព្វផ្សាយពាណិជ្ជកម្ម ឬផ្សព្វផ្សាយ លក់ផលិត និង/ឬនាំចូលឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្យា តាមមធ្យោបាយណាក៏ដោយ ត្រូវព្រមានជាលាយលក្ខណ៍អក្សរ ដកហូត និងព្យួរវិញ្ញាបនបត្រ បញ្ជាក់ការចុះបញ្ជីពាណិជ្ជកម្ម អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម សេវាកម្មដែលចេញដោយក្រសួង ស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធ ទោះជាប្រភេទ អាជីវកម្ម សេវាកម្មអ្វីក៏ដោយ។និងទី៩៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការដាក់ទណ្ឌកម្មរដ្ឋបាលចំពោះមន្តី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ឬមានការពាក់ព័ន្ធនឹងឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា៕អត្ថបទ បាន ចក់​

បង្ក្រាបក្រុមចោរឆក់ប្រដាប់អាវុធ ៣នាក់ ដែលធ្វើសកម្មភាពក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដកហូតអាវុធខ្លី៣ដើម

2025/11/27 06:39:50 pm        235
ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមចោរឆក់ប្រដាប់អាវុធចំនួន៣នាក់ ដែលធ្វើសកម្មភាពក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដកហូតអាវុធខ្លី៣ដើម ។នគរបាលប្រាប់ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តកំពង់ចាម និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ធ្វើការស្រាវជ្រាវបង្រ្កាបករណី លួចមានស្ថានទម្ងន់ទោស (ឆក់យ៉ាងសកម្ម) ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង និងបណ្តារាជធានី-ខេត្ត ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ។ជនសង្ស័យទាំង នាក់ ទី១៖ ឈ្មោះ គុណ បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទី២៖ ឈ្មោះ ចាន់ ប្រុសពេជ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ និងទី៣៖ឈ្មោះ ចាប មករា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ឃាត់ត្រង់ចំណុច ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដកហូតអាវុធខ្លីចំនួន ៣ដើម ម៉ាក K54, ម៉ាក CF98 និងម៉ាក Glock19។ ចំពោះជនសង្ស័យជំនាញកំពុងសាកសួ ដើម្បីកសាងសំណុំបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕តារាវុទ្ធី

ប្រជាពលរដ្ឋនៅតំបន់ជនបទនៃខេត្តស្វាយរៀង ទទួលបានផ្លូវពីរខ្សែទៀតសម្រាប់ប្រើប្រាស់

2025/11/27 06:16:46 pm        331
ស្វាយរៀង ៖ ផ្លូវក្រាលល្បាយក្រួសស ចំនួនពីរខ្សែទៀត ត្រូវបានស្ថាបនារួចរាល់ និងប្រកាសដាក់ឱ្យប្រជាពលរដ្ឋក្នុងស្រុករមាស ហៀក ខេត្តស្វាយរៀង ប្រើប្រាស់ ដែលផ្លូវថ្មីនេះ នឹងចូលរួមចំណែកសំខាន់ក្នុងការជួយលើកកម្ពស់សេដ្ឋកិច្ចតំបន់ជនបទ មួយនេះ ។​លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៏ជនបទ នៅថ្ងៃទី២៦  ខែវិច្ឆិកា  ឆ្នាំ២០២៥នេះ បានអញ្ជើញពិនិត្យ និងប្រកាសដាក់អោយប្រើប្រាស់ផ្លូវក្រាលល្បាយក្រួសសចំនួន២ខ្សែ ប្រវែង១ម៉ឺន ២ពាន់ ៥០០ម៉ែត្រ ទទឹង ៥.៦ម៉ែត្រ  ខ្សែទី១ ស្ថិតនៅ (ភូមិជីកដី) ឃុំអណ្តូងត្របែក ស្រុករមាសហែក ប្រវែង ៩ពាន់ ម៉ែត្រ ទទឹងខ្នងលើ ៥ ម៉ែត្រ -ខ្សែទី២ ស្ថិតនៅផ្សារចន្រ្តី ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង) ប្រវែង ៣ ពាន់ ៥០០ ម៉ែត្រ ទទឹងខ្នងលើ៦ ម៉ែត្រ បន្ទាប់ពីក្រុមការងាររបស់មន្ទីរ និងក្រសួងអភិវឌ្ឍន៍ជនបទស្ថាបនានិងជួសជុលរួច។ស្តិតក្នុងពេលចុះពិនិត្យគុណភាពផ្លូវទាំង២ទីតាំង លោកជំទាវអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងអបអរសាទរចំពោះក្រុមការងារ មន្ទីរក៏ដូចជាក្រសួង ដែលកន្លងមកបានធ្វើការស្ថាបនាផ្លូវ បានល្អទៅតាមគម្រោងដែលបានគ្រោងទុក។លោកជំទាវ បានណែនាំដល់មន្ត្រីថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវបន្តចុះសហការជា មួយរដ្ឋបាលមូលដ្ឋាន ធ្វើការថែទាំជួសជុលផ្លូវឲ្យបានញឹកញាប់ ពិសេសធ្វើការអប់រំដល់អ្នកប្រើប្រាស់ផ្លូវ ឲ្យពួកគេធ្វើការដឹកជញ្ជូនទៅតាមបទដ្ឋាន សំដៅប្រើប្រាស់ផ្លូវបានយូរអង្វែង ខណៈដែលរាជរដ្ឋាភិបាលបានវិភាជន៏ថវិកា ស្ថាបនានិងជួសជុលមានកាលកំណត់និងពេលវេលាច្បាស់លាស់។ ទាក់ទងផ្លូវលំជនបទដែលក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទ បានស្ថាបនារួចរាល់នៅក្នុងភូមិសាស្ត្រខេត្ត មន្ត្រីមន្ទីរបន្តចុះធ្វើការជួសជុស ថែទាំ ករណីផ្លូវប្រឈមនឹងការខូចខាតដោយចម្រោះទឹកភ្លៀង និងប្រើប្រាស់ខុសបទដ្ឋាន ដើម្បីផ្ដល់ឱ្យពលរដ្ឋប្រើប្រាស់ ពោលគឺបញ្ជៀសការរិះគន់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលផងដែរ។ អត្ថបទ ៖ ភា សារិត

កម្ពុជា-ធនាគារពិភពលោក ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម

2025/11/27 06:06:22 pm        98
នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកស្រី Tania Meyer នាយិកាធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម។នាឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើឱ្យប្រសើរឡើងនៃការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងពង្រឹងបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យមានភាពប្រកួតប្រជែង ការជំរុញការធ្វើពាណិជ្ជកម្មដោយគ្មានក្រដាសស្នាម និងការត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) របស់កម្ពុជា។ លោកស្រីតំណាងធនាគារពិភពលោក ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អយ៉ាងជិតស្និទ្ធិជាមួយក្រសួងពាណិជ្ជកម្ម និងចូលរួមរបស់ធនាគារពិភពលោកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការអនុវត្តគម្រោងឱ្យមានប្រសិទ្ធិភាព។

អភិបាលខណ្ឌ៧មករា ចុះពិនិត្យ ដំណើរការជួសជុលកែលម្អ អគារផ្សារអូរឫស្សី នឹងសណ្តាប់ធ្នាប់នៅក្នុងផ្សារ

2025/11/27 05:31:28 pm        219
ភ្នំពេញ៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធនៃរដ្ឋបាលខណ្ឌ និងគណៈកម្មការផ្សារអូរឫស្សី ចុះត្រួតពិនិត្យការដ្ឋានជួសជុលកែលម្អអាគារផ្សារអូរឫស្សីដំណាក់ទី៣ បានជំរុញពន្លឿនការជួសជុលឲ្យបានលឿន។ ជាក់ស្ដែងនៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា រួមជាមួយ លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឬស្សី ចុះត្រួតពិនិត្យវឌ្ឍនភាពនៃកែលម្អ អគារផ្សារអូរឫស្សី ដំណាក់កាលទី៣ ដើម្បីផ្ដល់ទីតាំងជូនអាជីវករ បានលក់ដូរនៅតាមតូបរៀងៗខ្លួនវិញ អោយបានឆាប់រហ័សបង្កភាពងាយស្រួលទាំងអ្នកលក់ដូរ និងពលរដ្ឋ។ លោក ថេង សុថុល អភិបាលខណ្ឌបានបញ្ជាក់ថា កិច្ចការងារសន្តិសុខសណ្តាប់ធ្នាប់នេះ មិនសំដៅតែការរៀបចំនៅបរិវេណខាងក្រៅជុំវិញផ្សារនោះឡើយ ពោលផ្នែកខាងក្នុងក៏ជាអាទិភាពសំខាន់ដែរ ពេលផ្នែកខាងក្នុងមានរបៀបរៀបរយ និងធំទូលាយ វាក៏បង្កភាពងាយស្រួលទាំងអ្នកលក់ដូរ និងពលរដ្ឋ ដែលចូលទៅទិញឥវ៉ាន់ ឬសម្ភារប្រើប្រាស់ជាដើម ។ លោក អភិបាលខណ្ឌបានបន្តចុះសំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូនអាជីវកលក់ដូរនៅផ្សារអូរឫស្សី និងសូមការអធ្យាស្រ័យយោគយល់ នូវការលំបាកមួយរយៈពេល ដើម្បីជួសជុលអគារផ្សារ។ក្នុងឱកាសនេះដែរ លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការផ្សារបានបញ្ជាក់ផងដែរថា បញ្ហាសណ្ដាប់ធ្នាប់ អនាម័យ ទាំងក្រៅទាំងក្នុងបរិវេណផ្សារ លោកបន្តបង្កើនយកចិត្តទុកដាក់ដើម្បីរក្សាបានរបៀបរៀបរយ កាត់បន្ថយការកក់ស្ទះចរាចរណ៍ជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរ ក៏ដូចជាអ្នកចេញចូលផ្សារ។សូមបញ្ជាក់ថា ផ្សារអូរឬស្សី គឺជាផ្សាររដ្ឋធំមួយ ក្នុងចំណោមផ្សាររដ្ឋទាំង២៥ ក្នុងរាជធានីភ្នំពេញ ដែលមានភ្ញៀវចេញចូលទៅទិញទំនិញ និងឥវ៉ាន់ច្រើនជាប្រចាំថ្ងៃ ទើបគណៈកម្មការគ្រប់គ្រងផ្សារ ចាំបាច់ត្រូវតែគិតគូរខ្ពស់លើការថែរក្សាបរិស្ថានអនាម័យ សន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជនភ្ញៀវ ៕អត្ថបទ៖កុម្ភៈ

អភិបាលខេត្តកំពង់ស្ពឺជំរុញឱ្យមន្ត្រីពាក់ព័ន្ធនិងអាជ្ញាធរបង្កើនការយកចិត្តទុកដាក់លើកិច្ចការងារ ដើម្បីឆ្លើយតបរាល់តម្រូវការពលរដ្ឋ

2025/11/27 05:09:11 pm        102
កំពង់ស្ពឺ៖ នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ឯកឧត្តម​ ជាម ចន្ទ័សោភ័ណ បានធ្វើការក្រើនរំឭកទៅដល់មន្ទីរជំនាញពាក់ព័ន្ធនិងអាជ្ញាធរក្រុងស្រុកទាំង៩ឱ្យបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធិភាពនិងតម្លាភាពរាល់សំណើរ សំនូមពរនិងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ការជម្រុញបែបនេះ ធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺក្រោមវត្តមានឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ឯកឧត្តម​បណ្ឌិត ជាម ចន្ទ័សោភ័ណ ប្រធានគណបញ្ជាការឯកភាពនិងជាអភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា អាជ្ញាធរដែលបម្រើពលរដ្ឋបានល្អ មូលដ្ឋានមិនមានបញ្ហាប្រឈមនោះទេ ហើយបើសេវាល្អ នោះពលរដ្ឋក៏គ្មានកង្វល់ដែរ ដូច្នេះជាមន្ត្រី ជាអាជ្ញាធរគឺត្រូវតែចុះជាប់និងតាមដានរាល់សំណើរ សំនូមពរនិងតម្រូវការចាំបាច់នានារបស់ពលរដ្ឋ ហើយក្នុងករណីទទួលបាននូវសំណើរ សំនូមពរ និងតម្រូវការក្នុងនាមជាមន្ត្រី ជាអាជ្ញាធរគឺត្រូវឆ្លើយតបឱ្យទាន់ពេលវេលា ក្នុងករណីមិនអាចដោះស្រាយបានត្រូវដាក់រាល់សំណើរនិងសំនូមពរទាំងនោះមករដ្ឋបាលខេត្តដើម្បីពិនិត្យនិងដោះស្រាយបន្ត។ឯកឧត្តម​បន្តថា រាល់ការផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុង ដំណើរការពិនិត្យមើល លើការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលខេត្ត រដ្ឋបាលស្រុក និង រដ្ឋបាលឃុំ-សង្កាត់ ក្នុងគោលបំណងដើម្បីធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតប។ក្នុងនោះគ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលបរិយាប័នទៅក្នុងដំណើរការនៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ជាមួយនេះ ប្រធានគណបញ្ជាការឯកភាពនិងជាអភិបាលខេត្តកំពង់ស្ពឺក៏បានបញ្ជាក់បន្ថែមថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ គឺជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅរវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលស្រុក-ក្រុងនិងរដ្ឋបាលឃុំ-សង្កាត់ ប្រជាពលរដ្ឋ តំណាងសង្គមស៊ីវិល និងវិស័យឯកជន ក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយ ចីរភាព តម្លាភាព ប្រសិទ្ធភាព និងបរិយាបន្ន។សូមបញ្ជាក់ថា នៅក្នុងវេទិកាផ្សព្វផ្សាយនេះ តំណាងពលរដ្ឋក្នុងក្រុងច្បារមនបានធ្វើការសំនូមពរដល់អាជ្ញាធរនិងមន្ទីរពាក់ព័ន្ធឱ្យជួយពិនិត្យនិងដោះស្រាយចំពោះប្រជាពលរដ្ឋ ចំនួន៥គ្រួសាររំលោភយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធិ សង់សំណង់មិនរៀបរយបង្កផលប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សុំឱ្យមានការកែលម្អស្ថានភាពផ្លូវក្នុងក្រុងជាច្រើនខ្សែកំពុងរងផលប៉ះពាល់ក្នុងខែវស្សាពិបាកក្នុងការធ្វើដំណើរ ស្ពានលូមួយចំនួនត្រូវបានជនឱកាសនិយមចាក់ដីរំលោភបិទមុខទឹកបង្កករជនលិច និងសុំឱ្យមានចុះបញ្ជីក្បាលដីបំពេញបន្ថែម។ជាងនេះបានសុំឱ្យមន្ត្រីមូលដ្ឋានយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈកុំចាំទាល់តែបានប្រយោជន៍ ទើបខ្នះខ្នែងនិងពន្លឿនលើកិច្ចការងារផ្តល់សេវា៕

ក្រសួងសុខាភិបាល ធ្វើសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ការវិភាគខ្សែសង្វាក់ផ្គត់ផ្គង់អាហារូបត្ថម្ភ

2025/11/27 04:38:39 pm        115
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ស្តីពីការវិភាគខ្សែសង្វាក់ផ្គត់ផ្គង់អាហារូបត្ថម្ភ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។សិក្ខាសាលាផ្សព្វផ្សាយមានគោលបំណង៖  - ចែករំលែករបកគំហើញ និងអនុសាសន៍ ដើម្បីពង្រឹង និងគូសផែនទីខ្សែសង្វាក់ផ្គត់ផ្គង់អាហារូបត្ថម្ភ។ - កំណត់ភាពខ្លាំង និងកត្តារាំងស្ទះនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អាហារូបត្ថម្ភ។  - លើកសកម្មភាព ដើម្បីកែលម្អលទ្ធភាពទទួលបានផលិតផលអាហារូបត្ថម្ភនៅកម្ពុជា។ជាកិច្ចចាប់ផ្តើមលោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អង្គការយូនីសេហ្វដែលបានគាំទ្ររាជរដ្ឋាភិបាលតាមរយះក្រសួងសុខាភិបាលលើសកម្មភាពអាហារូបត្ថម្ភជាច្រើន រួមទាំងលទ្ធកម្ម និងការផ្គត់ផ្គង់ផលិតផលអាហារូបត្ថម្ភ។ លោកជំទាវក៏បានថ្លែងអំណរគុណផងដែរ ចំពោះនាយកដ្ឋានពាក់ព័ន្ធ កម្មវិធីជាតិ ក៏ដូចជាមន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដែលបានចំណាយពេលវេលាចូលរួមក្នុងពេលអនុវត្តការវាយតម្លៃនេះ។លោកជំទាវរដ្ឋលេខាធិការ ក៏បានលើកឡើងថា ការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់អាហារូបត្ថម្ភ បានរួមចំណែកដោយផ្ទាល់ដល់ចក្ខុវិស័យទូលំទូលាយសម្រាប់ប្រព័ន្ធសុខាភិបាលមួយដ៏រឹងមាំ និងមានប្រសិទ្ធភាពជាងមុន។ តាមរយះរបកគំហើញនេះបានបង្ហាញឲ្យយើងឃើញពីលំហូរផលិតផលអាហារូបត្ថម្ភ កំណត់បាននូវភាពខ្លាំង និងកត្តារាំងស្ទះមួយចំនួនក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អាហារូបត្ថម្ភ ដើម្បីធ្វើការកែលម្អឲ្យបានកាន់តែប្រសើរឡើង។ ដូចនេះការធ្វើសមាហរណកម្មជាមួយកម្មវិធីពាក់ព័ន្ធផ្សេងៗទៀត អាចកាត់បន្ថយបាននូវសកម្មភាពដែលត្រួតស៊ីគ្នា ហើយធ្វើឲ្យការប្រើប្រាស់ធនធានកាន់តែប្រសើរឡើង ដែលនេះគឺជាគន្លឹះសម្រាប់កសាងប្រព័ន្ធមួយដែលរឹងមាំ មានការសម្របសម្រួលល្អ និងមាននិរន្តរភាព។ គួរបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពី លោកបណ្ឌិត Anirban Chatterjee នាយករងប្រចាំប្រទេសនៃអង្គការយូនីសេហ្វកម្ពុជា លោកស្រី Julia Battle ប្រធានផ្នែកសុខភាព និងអាហារូបត្ថម្ភនៃអង្គការយូនីសេហ្វកម្ពុជា លោកស្រីសាស្រ្តាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក លោកឱសថការី ថន ខៃលី ប្រធានឃ្លាំងឱសថកណ្តាល លោកស្រី Chiho Zusuki អ្នកឯកទេសសុខភាពជាន់ខ្ពស់ និងជាប្រធានក្រុមការងារសម្រាប់គម្រោង CNP លោកលោកស្រីតំណាងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មន្ទីរសុខាភិបាលខេត្ត ការិយាល័យស្រុកប្រតិបត្តិ មណ្ឌលសុខភាព និងអង្គការដៃគូរអភិវឌ្ឍ។ សរុបអ្នកចូលរួមផ្ទាល់មានចំនួន៩៤រូប និងចូលរួមតាមប្រព័ន្ធនិម្មិតចំនួន ៨៦៤រូប៕

ក្រសួងអប់រំ មានបេសកកម្ម បង្កើតគំរូសាលាជប៉ុននៅកម្ពុជា

2025/11/27 04:19:50 pm        321
នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមជាគណៈអធិបតី ក្នុងពិធីបើកសម្ពោធជាផ្លូវការ អន្តរជាតូបនីយកម្ម និងកម្រិតអនុវិទ្យាល័យ នៃ ជេផេន អ៊ីនធ័រណាសិនណល់ ស៊ីសេហ្វ លីឌ័រ អាខាដេមី នៅសាលអង្គរ-គីហ្សូណា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី លើកឡើងពីបេសកកម្មចំនួន២ រួមមាន៖ ១. ការបង្កើតគំរូសាលាជប៉ុននៅកម្ពុជា ២. ការអភិវឌ្ឍប្រព័ន្ធអប់រំឱ្យមាន​ប្រសិទ្ធិភាពកាន់តែប្រសើរជាមុនដែលអនុវត្តតាមប្រព័ន្ធអប់រំប្រទេសជប៉ុនតែមានទម្រង់ជាភាសាខ្មែរ ហើយនឹងផ្តល់នូវក្របខ័ណ្ឌអប់រំមួយ​ដែល​អាច​ទាញ​យកទៅប្រើប្រាស់បាននៅតាមលារៀនជាច្រើនទៀតនៅកម្ពុជា។ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ បានសម្ដែងការអបអរសាទរ និងកោតសរសើរក្នុងពិធីបើកសម្ពោធផ្លូវការនៃអន្តរជាតូបនីយកម្ម និងកម្រិតអនុវិទ្យាល័យ ជេផេន អ៊ីនធ័រណាសិនណល់ ស៊ីសេហ្វ លីឌ័រ អាខាដេមី ដែលជាផ្នែកមួយដ៏សំខាន់ នៃកិច្ចសហការយ៉ាងរឹងមាំរវាងកម្ពុជា-ជប៉ុន។ លើសពីនេះ ឯកឧត្តមបណ្ឌិត បានលើកឡើងពីចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ចំពោះការសហប្រតិបត្ដិការជាមួយភាគីជប៉ុនលើកការបណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយ ឱ្យប្រកបទៅដោយសមត្ថភាព ចំណេះដឹង បញ្ញា វិបុលភាព និងសុខដុមរមនា។ ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះស្ថានទូតជប៉ុន នៅព្រះរាជាណាចក្រកម្ពុជា អង្គការដៃគូ CIESF និងវិនិយោគិនទាំងអស់ដែលបានសម្រេចចិត្តវិនិយោគលើវិស័យអប់រំ ជាពិសេសការបង្កើតសាលារៀន ដែលជាការចូលរួមចំណែកគាំទ្រយ៉ាងខ្លាំងដល់គោលនយោបាយ ចក្ខុវិស័យ ក្នុងការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជាឱ្យកាន់រីកចម្រើនទៅមុខ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រុស្ស៊ី៖ UN និង IAEA កំពុងប្រកាន់យកជំហរអព្យាក្រឹតចំពោះបញ្ហារោងចក្រនុយក្លេអ៊ែរ ZAPOROZHYE
06/03/2026 02:06 PM
ក្រុមហាម៉ាសនិយាយថា ខ្លួនត្រៀមរួចជាស្រេចដើម្បីប្រគល់ការគ្រប់គ្រងនៅក្នុងតំបន់ហ្កាហ្សា
06/03/2026 02:06 PM
កម្ពុជាបញ្ជូនអត្តពលិកបាល់បោះអង្គុយជនពិការចំនួន៣២នាក់ចូលរួមប្រកួតជើងឯកអាស៊ីលើកទី២ នៅប្រទេសម៉ាឡេស៊ី
06/03/2026 02:06 PM
សម្តេចតេជោ ហ៊ុន សែន៖ «គ្មានការយោគយល់ណាមួយ ចំពោះទីកន្លែងណាក៏ដោយ ដែល​បើក​ឱកាស​ឲ្យ​ពួក​ឆបោក​តាម​ប្រព័ន្ធអនឡាញ ធ្វើសកម្មភាព»
06/03/2026 01:06 PM
មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសណែនាំឱ្យគ្រប់ជំនាញទាំងអស់បង្កើនការយកចិត្តទុកដាក់បង្ក្រាប Online Scams និងបទល្មើសផ្សេងៗ
06/03/2026 01:06 PM
ស្ថានទូតខ្មែប្រចាំនៅសាធារណរដ្ឋកូរ៉េ ចុះ MOU ជាមួយមន្ទីរពេទ្យដៃគូ ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋខ្មែរនៅកូរ៉េ
06/03/2026 01:06 PM
ក្រុមជម្រើសជាតិបារាំងជួបប្រធានាធិបតីបារាំង Emmanuel Macron មុនចេញដំណើរទៅ World Cup
06/03/2026 01:06 PM
តេជោលីគ រកឃើញក្រុមខ្លាំងឡើងជុំទី២ ខណៈបញ្ជាការដ្ឋានអង្គរក្ស ជាក្រុមតែមួយគត់ មិនស្គាល់ចាញ់
06/03/2026 01:06 PM
ក្រុមការងារអភិវឌ្ឍវិស័យឯកជនប្រមូលធាតុចូល និងលក្ខខណ្ឌនានា គាំទ្រការផលិតស៊ីម៉ងត៍ក្នុងស្រុក
06/03/2026 12:06 PM
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់បង្កើនថវិកាការពារជាតិមិនចាំបាច់កាត់ពីវិស័យផ្សេងទេ
06/03/2026 12:06 PM