ក្រុមការងារអភិវឌ្ឍវិស័យឯកជនប្រមូលធាតុចូល និងលក្ខខណ្ឌនានា គាំទ្រការផលិតស៊ីម៉ងត៍ក្នុងស្រុក
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់បង្កើនថវិកាការពារជាតិមិនចាំបាច់កាត់ពីវិស័យផ្សេងទេ
សម្ដេចធិបតី៖ បរិការណ៍ពិភពលោកបច្ចុប្បន្ន កម្ពុជាត្រូវពន្លឿនការកែទម្រង់លើវិស័យសេដ្ឋកិច្ច និងការពារជាតិ
សម្ដេចតេជោ ហ៊ុន សែន ណែនាំមន្រ្ដីត្រូវបម្រើប្រជាជនដោយស្មោះត្រង់ និង​លុប​បំបាត់​ទង្វើ​ខុស​ឆ្គង​ចំពោះ​ពលរដ្ឋ

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលជួបសម្តែងការគួរសមចំពោះនាយករដ្ឋមន្ត្រីឡាវ នៅទីក្រុងវៀងចន្ទន៍

2025/11/27 03:41:16 pm        190
នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សម្តែងនូវការពេញចិត្តចំពោះមិត្តភាពទ្វេភាគីដ៏ខ្លាំងក្លាគ្រប់វិស័យ រួមមាន៖ ពាណិជ្ជកម្ម ការវិនិយោគ ថាមពល ការតភ្ជាប់ និងការដឹកជញ្ជូន ដែលទាំងអស់នេះជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងអនាគតដ៏រឹងមាំនិង វិបុលភាពសម្រាប់ប្រទេសទាំងពីរ។

រដ្ឋសភាកម្ពុជា-សភាតំណាងប្រជាជនចិនតំបន់ស្វយ័តស៊ីចាង ផ្លាស់ប្តូរបទពិសោធន៍និងរៀនសូត្រពីគ្នាពីការអភិវឌ្ឍនិងការអនុវត្តល្អៗ

2025/11/27 03:36:52 pm        212
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការសាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ (គណៈកម្មការទី៧)នៃរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជៀន ឆាន (JIANCAN) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិនតំបន់ស្វយ័តស៊ីចាង (Xizang) នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ជំនួបពិភាក្សានេះផ្តោតទៅលើការចែករំលែកបទពិសោធន៍និងស្វែងយល់ក្នុងការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ វិស័យកសិកម្ម វប្បធម៌ និងវិស័យមួយចំនួនទៀត ព្រមទាំងរៀនសូត្រពីការអនុវត្ត និងបទពិសោធន៍របស់ប្រទេសកម្ពុជាក្នុងការជំរុញឧស្សាហកម្មទេសចរណ៍។ក្នុងឱកាសនោះ ឯកឧត្តម ជៀន ឆាន បានចែករំលែកបទពិសោធន៍និងការអនុវត្តល្អៗអំពីវឌ្ឍនភាព ដំណោះស្រាយបញ្ហាប្រឈម ការដឹកនាំ និងការអភិវឌ្ឍនៅក្នុងវិស័យសេដ្ឋកិច្ច កំណែទម្រង់ ទេសចរណ៍ អប់រំ សុខាភិបាល វប្បធម៌ និងសាសនា ។ឯកឧត្តមអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិនតំបន់ស្វយ័តស៊ីចាង បានជម្រាបថា តំបន់ស្វយ័តស៊ីចាង នឹងជំរុញអ្នកវិនិយោគនិងអ្នកទេសចរពីខេត្តស៊ីចាង មកកាន់កម្ពុជាឱ្យបានច្រើនបន្ថែមទៀត។ឯកឧត្តមជៀន ឆានក៏បានជម្រាបពីស្ថានភាពភូមិសាស្រ្តនិងការរីកចម្រើនដ៏ឆាប់រហ័សរបស់ខេត្តស៊ីចាង។ក្រោមការយកចិត្តទុកដាក់ពីបក្សកុម្មុយនីសចិន និងរដ្ឋាភិបាលចិន ក្រោមការដឹកនាំរបស់ ឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង ធ្វើឱ្យខេត្តស៊ីចាងមានការរីកចម្រើនគ្រប់វិស័យ និងជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយរបស់ប្រទេសចិន មានផ្លូវគមនាគមន៍ខ្វាត់ខ្វែង។ GDP បានកើនឡើងខ្ពស់បំផុតលំដាប់ទី៣នៅចិន។ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជនកម្ពុជានិងខេត្តស៊ីចាងឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ឯកឧត្តម ជៀន ធាន បានគោរពអញ្ជើញឯកឧត្តមប្រធានគណៈកម្មការទី៧រដ្ឋសភា បំពេញទស្សនកិច្ចនៅខេត្តស៊ីចាងតាមពេលវេលាសមស្របណាមួយ។ឯកឧត្តម ប៉ា សុជាតិវង្ស បានថ្លែងថា៖ជំនួបប្រជុំថ្ងៃនេះ គឺជាឱកាសដ៏មានតម្លៃក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងសហការ។កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា និងសភាខេត្តស៊ីចាង គឺជាស្ពានដ៏សំខាន់ដែល នាំឱ្យប្រជាជននិងស្ថាប័ននៃប្រទេសទាំងពីរកាន់តែមានទំនាក់ទំនងកាជិតស្និទ្ធ។ជាពិសេសចែក រំលែកបទពិសោធន៍ ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិរួមគ្នា។ឯកឧត្តមបានរំលេចពីវិស័យទេសចរណ៍កម្ពុជានិងចិន។ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥ ត្រូវបានប្រកាសដោយថ្នាក់ដឹកនាំកម្ពុជា និងចិន កាលពីខែមេសា ក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋ របស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង មកកាន់កម្ពុជា។ គំនិតផ្តួចផ្តើមនេះសង្កត់ធ្ងន់លើសក្តានុពលដ៏ធំធេង សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងប្រទេសអាស៊ីទាំងពីរ។ «ទិដ្ឋាការមេគង្គ-ឡានឆាង» ដែលដាក់ចេញដោយ ប្រទេសចិននៅខែវិច្ឆិកា ឆ្នាំ ២០២៤ នឹងជួយសម្រួលដល់ការធ្វើដំណើររវាងប្រទេសទាំងពីរ។ កម្ពុជា និងចិន គឺជាប្រទេសដែលមានអរិយធម៌បុរាណ និងមានប្រវត្តិសាស្ត្រយូរលង់។ ប្រទេសទាំងពីរជាប្រទេស លេចធ្លោ ក្នុងការគោរពភាពចម្រុះនៃអរិយធម៌ ក្នុងពិភពលោក តម្លៃរួមនៃមនុស្សជាតិ បេតិកភណ្ឌវប្បធម៌ និងនវានុវត្តន៍។ឯកឧត្តមបានបន្តថា៖ ការប្រកាសឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍ កម្ពុជា-ចិន និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការថែរក្សា បេតិកភណ្ឌវប្បធម៌នៃរមណីដ្ឋានអង្គរ នឹងលើកកម្ពស់អត្តសញ្ញាណតំបន់រួមគ្នា ពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៅទូទាំង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ កម្ពុជា និងចិន ជាមិត្តដែកថែប ដែលជឿទុក ចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ។ ឆ្នាំទេសចរណ៍កម្ពុជា-ចិន២០២៥ បាន ចាប់ផ្តើមជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី និងពង្រឹងទំនាក់ទំនងមិត្តភាព ប្រពៃណីកម្ពុជា-ចិន។ ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥ រួមជាមួយនឹងគំនិតផ្តួចផ្តើម ពិភពលោកដែលមានស្រាប់របស់ចិន ដូចជាគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល នឹងចាក់ បញ្ចូលកម្លាំងជំរុញកាន់តែខ្លាំងក្នុងការកសាងសហគមន៍ វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ក្នុងឱកាសនោះដែរឯកឧត្តមក៏បានជម្រាបភាគីចិន អំពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់កម្ពុជា។កម្ពុជា មានស្ថិរភាពនយោបាយ កម្លាំងពលករវ័យក្មេង និងឆ្លាតវៃ និងការចូលដំណើរការទីផ្សារអន្តរ ជាតិជាច្រើនតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម ។ វិស័យដែលមានសក្តានុពលរួមមាន កសិកម្មបៃតង ឧស្សាហកម្មស្អាត សហគ្រាសតូច-មធ្យម និងទេសចរណ៍។ ឯកឧត្តមប្រធានគណៈកម្មការទី៧ បានអំពាវនាវដល់វិនិយោគិនស៊ីចាងពិចារណាមកវិនិយោគនៅកម្ពុជា។ការវិនិយោគ នឹងទទួលបានអត្ថប្រយោជន៍ពីបរិយាកាសអាជីវកម្មល្អ គោលនយោបាយលើកទឹកចិត្តសម្រាប់វិស័យវិនិយោគទុនហើយជាដំណាក់កាលក្នុងការពង្រឹងមិត្តភាពដ៏វែងឆ្ងាយនិងសេចក្តីចម្រើនរួមរបស់ប្រទេសទាំងពីរ៕

ក្រសួងបរិស្ថានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានី និងខេត្តទូទាំងប្រទេស ចូលរួម​ពង្រឹងការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ

2025/11/27 03:27:30 pm        227
ដើម្បីការពារ និងទប់ស្កាត់បញ្ហាបំពុលខ្យល់នៅកម្ពុជា ក្រសួងបរិស្ថានស្នើ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ និងសង្កាត់ ជំរុញការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ ដូចខាងក្រោម៖ ១- អប់រំ ណែនាំប្រជាពលរដ្ឋកុំឱ្យដុតវាលស្មៅ សំណល់កសិកម្ម រានព្រៃ គល់ជញ្ជ្រាំង សំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅទីចំហ។ ២- ទប់ស្កាត់ការដុតវាលស្មៅ សំណល់កសិកម្ម រានព្រៃ គល់ជញ្ជ្រាំង ការដុតសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅទីចំហ និងការឆេះទីលានចាក់សំរាម។៣- ទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារសំណង់។៤- ធ្វើការសម្អាតធូលី និងធ្វើអនាម័យនៅតាមដងផ្លូវនិងទីសាធារណៈឱ្យបានជាប់ជាប្រចាំ។៥- ត្រៀមមធ្យោបាយ សម្ភារ បរិក្ខារ ដើម្បីទប់ស្កាត់ ឬ ពន្លត់ភ្លើង ករណីមានការដុតវាលស្មៅ សំណល់កសិកម្ម រានព្រៃ គល់ជញ្ជ្រាំង និងការដុតសំណល់ផ្សេងៗទៀត។ជាមួយគ្នានេះ ក្រសួងបរិស្ថានស្នើរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការជាបន្ទាន់ ដោយអនុលោមទៅតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ដោយមិនមានការលើកលែងដល់ ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្ម ដែលមិនបានអនុវត្តនូវវិធានការដូចខាងក្រោម៖១- បញ្ឈប់ការដុតកម្ទេចក្រណាត់ និងសំណល់ឧស្សាហកម្មគ្រប់ប្រភេទនៅក្នុងឡចំហាយ ឡកំដៅ ឬ ឡឥដ្ឋ ដែលមិនមានបំពាក់ប្រព័ន្ធសម្អាត និងកាត់បន្ថយសារធាតុបំពុលខ្យល់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។២- បញ្ឈប់រាល់ការដុតសំណល់គ្រប់ប្រភេទនៅក្នុង និងក្រៅបរិវេណរោងចក្រ សហគ្រាស សិប្បកម្ម និងទីសាធារណៈ។៣- រៀបចំបំពាក់ប្រព័ន្ធសម្អាតផ្សែងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីធានាថាការបញ្ចេញសារធាតុបំពុលខ្យល់ឆ្លើយតបតាមស្តង់ដារបញ្ចេញ៕

TOP STORY | សម្ដេចធិបតី ប្រាប់ក្រុមជ្រុលនិយមក្រៅស្រុកថា បើមិនយល់ច្បាស់រឿងផែនទី ឬ​កិច្ចការ​ព្រំដែន​ទេ​សូម​កុំតាំង​ខ្លួន​ធ្វើ​ជា​អ្នកចេះ​ជាងអ្នក​ជំនាញ​ព្រំដែន​ដែល​បាន​ធ្វើ​កិច្ច​ការងារ​នេះរាប់​ទសវត្សរ៍​មក​ហើយ

2025/11/27 03:13:34 pm        227
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកានេះ បានចេញសារមួយប្រាប់ទៅប់ក្រុមជ្រុលនិយមក្រៅស្រុកថា បើមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែនទេសូមកុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញព្រំដែនដែលបានធ្វើកិច្ចការងារនេះរាប់ទសវត្សរ៍មកហើយ។សម្ដេចធិបតីបានសរសេរថា ក្នុងកាលៈទេសៈដែលយើងកំពុងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ខ្ញុំមិនចង់មានការឆ្លើយឆ្លងជាមួយអ្នកនយោបាយខ្មែរមួយចំនួននោះទេ។ ក៏ប៉ុន្តែពេលខ្លះក៏មានការចាំបាច់ក្នុងការលើកឡើងនៅចំណុចមួយចំនួនកុំឱ្យក្រុមអ្នកនយោបាយខ្លះឆ្លៀតប្រឌិតរឿងមិនពិតក្នុងចេតនាកេងចំណេញនយោបាយ និងដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល។សម្ដេចបានថ្លែងថា កាលពីព្រឹកមិញនេះ លោក អ៊ុំ សំអាន បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា៖ Pong Nam Ron នេះជាប់ស្រុកកំរៀង ខេត្តបាត់ដំបងដែលជាអតីតតំបន់មូលដ្ឋានយោធាខ្មែរក្រហម ដែលលោក អៀង សារី បានកាន់កាប់ហើយមានលោក អ៊ី ឈាន ជាមេទ័ពនាសម័យសង្រ្គាមស៊ីវិលនាទសវត្សទី៨០។ លោក អ៊ី ឈាន អតីតអភិបាលខេត្តប៉ៃលិនធ្លាប់និយាយថា ថៃបានបង្ខិតចូលដីខ្មែររាប់រយម៉ែត្រនៅតំបន់ Pong Nam Ron ជាប់ស្រុកកំរៀងនេះ។ ព្រំដែនចាស់មិនមែនស្ថិតនៅព្រំដែនបច្ចុប្បន្ននេះទេ។ ប៉ុន្តែឥឡូវនេះ កម្ពុជាទទួលស្គាល់ព្រំដែនថ្មី គឺធ្វើអោយបាត់បង់ទឹកដីខ្មែរជាច្រើនគីឡូម៉ែត្រការ៉េនៅតំបន់នោះ។ប៉ុន្តែប៉ុន្មានមួយម៉ោងក្រោយមក ឯ.ឧ អ៊ី ឈាន បានចេញសារបញ្ជាក់ជូនបងប្អូនជនរួមជាតិថា៖ អ្វីដែល អ៊ុំ សំអាន សរសេរនេះគឺជាការប្រឌិតទាំងស្រុង និងមានចរិតញុះញង់ដើម្បីបង្ករឿង និងកេងចំណេញនយោបាយក្នុងចេតនាបង្កចលាចលសង្គម និងការយល់ច្រឡំមកលើកិច្ចការព្រំដែន ដែលរាជរដ្ឋាភិបាល និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជាកំពុងអនុវត្តដោយឈរលើមូលដ្ឋានច្បាប់អន្ដរជាតិ អនុសញ្ញា សទ្ធិសញ្ញា ផែនទីនិងឯកសារដែលបន្សល់ទុកពីបារាំង។សម្ដេចធិបតី និងប្រជាជនទាំងអស់នឹងរង់ចាំមើលថាតើលោក អ៊ុំ សំអាន ដែលតាំងខ្លួនជាអ្នកជំនាញព្រំដែន នឹងឆ្លើយតបយ៉ាងណាចំពោះ ឯ.ឧ អ៊ី ឈាន? ហើយតើ លោក អ៊ុំ សំអាន មានឯកសារឬភស្តុតាងអ្វីផ្សេងទៀតទេដើម្បីការពារអំណះអំណាងរបស់ខ្លួន និងបញ្ជាក់ថាខ្លួនជាអ្នកជំនាញព្រំដែនពិតប្រាកដ។ សង្ឃឹមថាលោកមិនគ្រាន់តែចេញមកចោទប្រកាន់ ឯកឧត្តម អ៊ី ឈាន ថាគាត់និយាយកុហក ឬក្បត់ឧត្តមគតិដូចអ្វីដែលលោកតែងតែចោទអ្នកដែលមិនមានទស្សនៈស្របជាមួយលោក និងក្រុមរបស់លោកនោះទេ។សម្ដេចបានបន្តថា និយាយដោយត្រង់ តាមដែលខ្ញុំមើលឃើញ និងប្រហែលដូចដែលអ្វីបងប្អូនប្រជាពលរដ្ឋមើលឃើញដូចគ្នាដែរនោះ គឺរហូតមកដល់ពេលនេះ អ្វីដែលលោក អ៊ុំ សំអាន និយាយពាក់ព័ន្ធនឹងកិច្ចការព្រំដែន ហាក់ដូចជាគ្មានអ្វីច្បាស់លាស់ អាចយកជាការបានទាំងមូលដ្ឋានបច្ចេកទេសផែនទី (ក្រៅតែពីបានទៅសុំ ហ្វូតូកូពីផែនទីមួយផ្ទាំង ពីពីបណ្ណាល័យ សភាសហរដ្ឋអាមេរិក ដើម្បីធ្វើការសិក្សាស្រាវជ្រាវ) ទាំងមូលដ្ឋានច្បាប់ ឬឯកសារយោងនានា (ឃើញតែលើកឡើងថា អ្នកនេះឬអ្នកនោះ បាននិយាយថាដីខ្មែរពីមុននៅនោះ មិនមែននៅនេះទេ ដូចជាករណីដែលគាត់លើកឡើងថា ឯ.ឧ អ៊ី ឈាន បាននិយាយដូច្នេះ នៅពេលដែល ឯ.ឧ អ៊ី ឈាន ច្រានចោលថាជាការប្រឌិត ។ល។)។សម្ដេចធិបតី សូមឲ្យយោបល់ដូច្នេះថា៖ បើលោកឬក្រុមអស់លោកមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែនទេ សូមកុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញព្រំដែនដែលបានធ្វើកិច្ចការងារនេះរាប់ទសវត្សរ៍មកហើយ។ បើសិនអស់លោកមិនប្រកាន់ខ្លួនឬខ្លាចគេថាអន់ទេ ហើយចង់រៀនសូត្រអំពីវិធីសាស្ត្រឬបច្ចេកទេសក្នុងការប្រើប្រាស់ផែនទី (ដែលអស់លោកបាន ហ្វូតូកូពីនៅបណ្ណាល័យសភាសហរដ្ឋអាមេរិក) ដើម្បីជាជំនួយក្នុងការវាស់វែង បោះបង្គោលនិងខណ្ឌសីមានៅលើដីឲ្យបានត្រឹមត្រូវនោះ លោកអាចស្នើសុំមករាជរដ្ឋាភិបាល ដើម្បីអោយអ្នកមានជំនាញព្រំដែនពិតប្រាកដ អាចធ្វើបទបង្ហាញខ្លីមួយពាក់ព័ន្ធនឹងមូលដ្ឋានបច្ចេកទេសក្នុងការប្រើប្រាស់ផែនទី។សម្ដេចបានបញ្ជាក់ថា បើអស់លោកមិនមកប្រទេសខ្មែរទេ លោកអាចចាត់តំណាងដែលនៅខ្មែរដើម្បីអោយអ្នកបច្ចេកទេសធ្វើបទបង្ហាញអោយ ដែលតំណាងអស់លោកអាចយកទៅបង្រៀនបន្តដល់លោកនិងក្រុមលោក។ ខ្ញុំជឿថានៅពេលដែលអស់លោកបានយល់ដឹងខ្លះៗពីមូលដ្ឋានបច្ចេកទេសផែនទី អស់លោកនឹងអាចមានសមត្ថភាពនិយាយស្ដីសមហេតុផលជាងមុនច្រើន ក្នុងករណីដែលអស់លោកប្រកាន់សច្ចៈភាព៕

អាជ្ញាធរខេត្តដឹកនាំក្រុមការងារចម្រុះចុះពិនិត្យមើលឃ្លាំង២កន្លែង ដែលស្តុបទុកសាច់បង្កក ស្ថិតនៅភូមិបាលិលេយ្យ២ និងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត

2025/11/27 03:13:30 pm        192
បន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អភិបាលរងខេត្តតំណាងឲ្យឯកឧត្តម អុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារចម្រុះ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលទីតាំងឃ្លាំង២កន្លែងដែលបានស្តុបទុកសាច់បង្កក ស្ថិតនៅភូមិបាលិលេយ្យ២ និងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥។ក្នុងការចុះពិនិត្យពេលនោះដែរ មន្ត្រីជំនាញបានដកហូតយកសាច់បង្កកចំនួន ៦ប្រភេទដូចជា ទាមូល ចុងស្លាបមាន់ គល់ស្លាប់មាន់ (ទាំងមូល) ស្លាប់កណ្ដាល ភ្លៅមាន់ និងប្រហិតសាច់ជ្រូក យកទៅពិសោធន៍រកសារធាតុគីមី ដើម្បីឲ្យដឹងថាសាច់នោះ មានគុណភាពល្អទៅតាមស្តង់ដារ បច្ចេកទេស ឬមិនមានគុណភាព។លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកឡើងថា ដើម្បីទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែន សូមឱ្យកងកម្លាំង ឬស្ថាប័នដែលមានការពាក់ព័ន្ធ ទាំងអស់ ជួយសហការបង្ក្រាបបទល្មើសតាមព្រំដែនឲ្យខានតែបាន ដោយសង្កេតឃើញថា សព្វថ្ងៃនេះក្រុមឈ្មួញតែងតែនាំឥវ៉ាន់គេចពន្ធតាមច្រករបៀងជាច្រើន តាមបណ្ដោយបន្ទាត់ព្រំដែន ដែលមានក្រុង-ស្រុកចំនួន ៥ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាមុខសញ្ញា។លោក បានបន្តទៀតថា ការទប់ស្កាត់សាច់បង្កកដែលដាក់លក់តាមទីផ្សារអាចប្រឈមនិងជំងឺជាច្រើនប្រសិនបើយើងមិនបានទប់ស្កាត់ និងពិនិត្យមើលឲ្យបានច្បាស់លាស់ ដោយសារតែមានជនខិលខូចតែងតែនាំផលិតផលលួចចូលតាមច្រករបៀងជាហូរហែ ដែលអាចបង្ករធ្វើឲ្យប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋដែលកំពុងតែបរិភោគជាប្រចាំថ្ងៃ។គួរបញ្ជាក់ផងដែរថា ការដកហូតគ្រឿងបង្កកចំនួន ២៨០គីឡូក្រាម ដោយពិនិត្យឃើញថាមានក្លិនស្អុយ នឹងខូចគុណភាព សាច់ទាំងអស់នេះក៏បានបញ្ជូនយកទៅដុតកំទេចចោល ដោយមានការចូលរួមពីរមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ៕ដោយឃិនសារិទ្ធ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញធ្វើជាសហប្រធាន និងហត្ថលេខាលើកំណត់ហេតុ កិច្ចប្រជុំ​លើកទី១៥ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ឡាវ នៅទីក្រុងវៀងចន្ទន៍

2025/11/27 03:00:54 pm        259
នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញធ្វើជាសហប្រធានជាមួយ ឯកឧត្តម ថងសាវណ្ណ ភុមិវិហាន រដ្ឋមន្ត្រីការបរទេសឡាវ ក្នុងកិច្ចប្រជុំ លើកទី១៥ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ឡាវ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។នៅក្នុងសុន្ទរកថាបើក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ពីសារៈសំខាន់នៃការរីកចម្រើនទំនាក់ទំនងទ្វេភាគីកម្ពុជា និងឡាវ ដែលត្រូវបានផ្សារភ្ជាប់តាមរយៈសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាច្រើនឆ្នាំ។ ភាគីទាំងពីរក៏បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការបន្តពង្រឹងភាពជាដៃគូដ៏សំខាន់នេះដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ។ កិច្ចប្រជុំក៏បានត្រួតពិនិត្យវឌ្ឍនភាពនៃកិច្ចប្រជុំ លើកទី១៤ នៃJCBC និងស្វែងរកវិស័យថ្មីៗដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរបន្ថែមទៀត។នាពេលបញ្ចប់នៃកិច្ចប្រជុំ ភាគីទាំងពីរបានអញ្ជើញចុះហត្ថលេខាលើកំណត់ហេតុ កិច្ចប្រជុំ លើកទី១៥ នៃ JCBC កម្ពុជា-ឡាវ៕

នាយឧត្តមសេនីយ៍ អ៊ី ឈាន៖ «ខ្ញុំជាសាក្សីរស់! ការលើកឡើងរបស់ Um Sam An ជា​ការ​ប្រឌិត​ទាំង​ស្រុង ក្នុងចេតនាទុច្ចរិត និងនាំឱ្យយល់​ច្រឡំ​មក​លើ​កិច្ចការ​ព្រំដែន​ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​ដោះស្រាយ»

2025/11/27 02:41:17 pm        415
នាយឧត្តមសេនីយ៍ អ៊ី ឈាន នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញមុខឆ្លើយតបទៅកាន់ការប្រឌិតព័ត៌មានមិនពិតរបស់ក្រុមជ្រុលនិយមពាក់ព័ន្ធនឹងរឿងបោះបង្គោលបណ្ដោះអាសន្នព្រំដែនកម្ពុជា-ថៃ ដោយបានបញ្ជាក់ថា លោកគឺជាសាក្សីរស់ដូច្នេះការលើកឡើងរបស់ឈ្មោះ Um Sam An គឺជាការប្រឌិតទាំងស្រុង ក្នុងចេតនាទុច្ចរិត និងនាំឱ្យការយល់ច្រឡំមកលើកិច្ចការព្រំដែនដែលរាជរដ្ឋាភិបាលបានខិតខំដោះស្រាយ។ នាយឧត្តមសេនីយ៍ អ៊ី ឈាន បានសរសេរថា ខ្ញុំបាទឃើញគណនីហ្វេសប៊ុកឈ្មោះ Um Sam An បានសរសេរព័ត៌មានដោយលើកឈ្មោះខ្ញុំមកពាក់ព័ន្ធដោយលើកឡើងថា «លោក អ៊ី ឈាន អតីតអភិបាលខេត្តប៉ៃលិនធ្លាប់និយាយថា ថៃបានបង្ខិតចូលដីខ្មែររាប់រយម៉ែត្រនៅតំបន់ Pong Nam Ron ជាប់ស្រុកកំរៀងនេះ។ ព្រំដែនចាស់ មិនមែនស្ថិតនៅព្រំដែនបច្ចុប្បន្ននេះទេ។ ប៉ុន្តែឥឡូវនេះ កម្ពុជាទទួលស្គាល់ព្រំដែនថ្មីគឺធ្វើអោយបាត់បង់ទឹកដីខ្មែរជាច្រើនគីឡូម៉ែត្រការ៉េនៅតំបន់នោះ»។ ចំពោះករណីនេះ នាយឧត្តមសេនីយ៍ អ៊ី ឈាន បញ្ជាក់ជូនបងប្អូនជនរួមជាតិថា អ្វីដែល Um Sam An សរសេរនេះគឺជាការប្រឌិតទាំងស្រុង និងមានចរិតញុះញង់ដើម្បីបង្ករឿង និងកេងចំណេញនយោបាយក្នុងចេតនាបង្កចលាចលសង្គម និងការយល់ច្រឡំមកលើកិច្ចការព្រំដែន ដែលរាជរដ្ឋាភិបាល និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជាកំពុងអនុវត្តដោយឈរលើមូលដ្ឋានច្បាប់អន្ដរជាតិ អនុសញ្ញា សទ្ធិសញ្ញា ផែនទីនិងឯកសារដែលបន្សល់ទុកពីបារាំង។ តំបន់ដែលស្ថិតនៅចន្លោះព្រំដែនលេខ៥២ និង៥៩ គឺក្នុងសង្គ្រាមស្ថិតក្រោមការគ្រប់គ្រងរបស់ សុន សេន មិនមែនអៀង សារី ទេ។នាយឧត្តមសេនីយ៍ អ៊ី ឈាន បញ្ជាក់ថា តាំងពីសម័យសង្គ្រាមរហូតមកដល់បបច្ចុប្បន្ន និងតទៅអនាគត ខ្ញុំការពារទឹកដីបូរណភាពទឹកដីកម្ពុជាដាច់ខាត ខ្ញុំជាសាក្សីរស់ម្នាក់ដែលបានរស់នៅតាំងពីយូរណាស់មកហើយនៅតំបន់នោះ។ ហើយបង្គោលព្រំដែនដែលក្រុមការងារភាគីកម្ពុជានិងថៃ កំពុងចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននោះគឺឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (ProcèsVerbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន- សៀម ឆ្នាំ១៩០៨- ១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០ និងស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (Mou) ឆ្នាំ២០០០ និងបែបបទការងារដែលភាគីទាំងពីរបានឯកភាពគ្នា។ ដូច្នេះអ្វីដែលបុគ្គល អ៊ុ សំអាន ដែលជាជនក្បត់ជាតិលើកឡើងនេះ គឺជាការប្រឌិតញុះញង់សុទ្ធសាធមិនមែនជាការពិតឡើយ។ នាយឧត្តមសេនីយ៍ អ៊ី ឈាន ជម្រាបជូនបងប្អូនថា បុគ្គល Um Sam An នេះ តែងតែនិយាយញុះញង់និងបំភ្លៃខុសពីការពិត ហើយពេលខ្លះយកឈ្មោះអ្នកនេះឬអ្នកនោះមកភ្ជាប់ដើម្បីទាញចំណាប់អារម្មណ៍ក្នុងគោលដៅកេងចំណេញនយោបាយ និងមហិច្ឆតាដ៏អាក្រក់របស់ខ្លួន។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ អ៊ី ឈាន ស្នើបងប្អូនជនរួមជាតិជឿទុកចិត្ត លើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា ដែលបានប្រកាន់ខ្ជាប់ជានិច្ចនូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ ព្រំដែនមិនកែប្រែនិងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុក ដោយ គណៈកម្មការព្រំដែន រវាង ឥណ្ឌូចិន-សៀម»៕

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅខណ្ឌសែនសុខ ប្រជាពលរដ្ឋបានលើកសំណើ និងសំណូមពរដោយផ្ទាល់មាត់ ផ្តោតលើការស្ថាបនា និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ

2025/11/27 02:15:43 pm        159
ភ្នំពេញ ៖ លោក ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ កត់សម្គាល់ឃើញថា ប្រជាពលរដ្ឋភាគច្រើនបានលើកសំណើ និងសំណូមពរដោយផ្ទាល់មាត់ ផ្តោតលើការស្ថាបនា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ ដូចជាអំពូលភ្លើងបំភ្លឺផ្លូវជាដើម ខណៈបញ្ហាទាក់ទិននិងសន្តិសុខសុវត្ថិភាពផ្សេងៗ ស្ទើតែគ្មាន ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌសែនសុខ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។វេទិកានេះបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សា តំណាងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ពេញ ធារម្យ អភិបាលរងរាជធានី តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងនោះក៏មានវត្តមាន ឯកឧត្តម ស្រេង ជ្រិន អគ្គាធិការ នៃក្រសួងសុខាភិបាល តំណាង ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌសែនសុខ និងមានប្រជាពលរដ្ឋចូលរួមប្រមាណជាង៥០០នាក់។លោក ពេញ ធារម្យ បានលើកឡើងថា ក្នុងនាមជាអាជ្ញាធរ ចង់បានបំផុតការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ដែលទទួលផលដោយផ្ទាល់ បើទោះសំណើ និងសំណូមពរខ្លះ មិនអាចសម្រេចបានភ្លាមៗ តែយ៉ាងណាក៏ត្រូវតែដោះស្រាយជូន។ បន្ថែមថា អ្វីដែលលើកឡើង ក្រុមការងារនឹងមិនបិទភ្នែកឡើយ ជាការសម្គាល់ថា ភាគច្រើនសំណើ និងសំណូមពរ ពាក់ព័ន្ធនឹងអាជ្ញាធរមូលដ្ឋាន ជាមួយនិងជំនាញសាធារណការ ដោយឡែកខាងសន្តិសុខ លោក ពេញ ធារម្យ ក៏បានអរគុណដល់អធិការនគរបាលខណ្ឌ ក៏ដូចជាអាវុធហត្ថខណ្ឌ ពិតជា បម្រើពលរដ្ឋបានល្អ រហូតមិនមានបងប្អូនប្រជាពលរដ្ឋ លើកឡើងអ្វីបន្តិចឡើយពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់នេះតែម្តង។ឆ្លើយតបនឹងសំណើ ក៏ដូចជាសំណូមពរ របស់ប្រជាពលរដ្ឋ ស្នើសុំអំពូលភ្លើងបំភ្លឺផ្លូវសូឡា លោក ចេង មុន្នីរ៉ា អភិបាលខណ្ឌសែនសុខបានធានាថា មិនឱ្យលើសពី១សប្តាហ៍ លោកនឹងចាត់ឱ្យគេតម្លើងជូនតាមសំណូមពរ ខណៈដែលសំណើនិងសំណូមពរផ្សេងៗដែលនៅសេសសល់ លោកនឹងចុះពិនិត្យផ្ទាល់តាមទីតាំងជាក់ស្តែង និងខិតខំដោះស្រាយឱ្យអស់លទ្ធភាព តាមដែលអាចធ្វើបានជូនប្រជាពលរដ្ឋ។វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌសែនសុខ មានប្រជាពលរដ្ឋ ៨នាក់ បានលើកសំណើ និងសំណូមពរផ្ទាល់មាត់ ដោយភាគច្រើន សុំអំពូលភ្លើង ការលើកកម្ពស់ផ្លូវ ការពង្រីកផ្លូវ និងការជួសជុលស្ថាបនាផ្លូវ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង៕

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផលប្រតិបត្តិការរក្សាសន្តិសុខ

2025/11/27 02:05:51 pm        147
នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រិត្យស្តីពី ឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា និងប្រជុំបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផលប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែវិច្ឆិកា លើកទិសដៅការងារ ខែធ្នូ ឆ្នាំ២០២៥ ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែន លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ លោក-លោកស្រី ក្រុមជំនួយការ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំដល់កម្លាំងសមត្ថកិច្ចទាំងអស់ ពិសេសអធិការនគរបាលខណ្ឌទាំង១៤ បន្តការខិតខំបំពេញភារកិច្ចគ្រប់ផ្នែក គ្រប់ជំនាញ អនុវត្តវិធានការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទមានប្រសិទ្ធភាពខ្ពស់ ដែលនាំឲ្យបទល្មើសមានការថយចុះ ។ បន្តក្តាប់សភាពការណ៍បទល្មើស និងធ្វើការវាយតម្លៃចំពោះរាល់សភាពការណ៍នានា ដើម្បីគ្រប់គ្រងនិងធ្វើការដោះស្រាយឲ្យទាន់ពេលវេលា។ឯកឧត្តមស្នងការ ណែនាំឲ្យបន្តពង្រឹងឲ្យខ្លាំងបន្ថែមទៀតលើ បង្ការទប់ស្កាត់ និង​បង្រ្កាប​ក្រុម​ក្មេង​ទំនើង និងជំរុញកិច្ចការងារបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសលួច ឆក់ ប្លន់ ។ ត្រូវបញ្ចេញកម្លាំងចុះទៅសម្រួលចរាចរណ៍ ដើម្បីការធ្វើដំណើរ របស់ប្រជាពលរដ្ឋ តាម​គោល​ដៅនានា ដែលប្រឈមនឹងការកកស្ទះ រួមទាំងការបន្តបង្ក្រាបទីតាំងឆបោក​តាមប្រព័ន្ធ​បច្ចេកវិទ្យា Online Scams ឲ្យបានម៉ឺងម៉ាត់បំផុត ៕ លីហេង

ក្រសួងបរិស្ថាន បើកសិក្ខាសាលាស្តីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើក​ទិសដៅ​ការងារឆ្នាំ២០២៦

2025/11/27 01:54:18 pm        129
នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការទទួលបន្ទុកអគ្គនាយកដ្ឋានគាំពារបិរស្ថាន តំណាងដ៏ខ្ពងខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញបើកសិក្ខាសាលាស្តីពីការបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦។ ពិធីនេះមានការចូលរួមឯកឧត្តម ជា ស៊ីណា អនុរដ្ឋលេខាធិការ ឯកឧត្តម ដាញ់ សេរី អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងអគ្គនាយកដ្ឋាន នាយកដ្ឋានចំណុះក្រសួងបរិស្ថានលោក លោកស្រី តំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ លោកប្រធាន ប្រធានស្តីពី និងតំណាងមន្ទីរបរិស្ថានរាជធានី ខេត្ត និងតំណាងអង្គការ ដៃគូអភិវឌ្ឍ វិស័យឯកជន ចំនួន២៥០នាក់ចូលរួម។ឯកឧត្តម ដាញ់ សេរី អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានបានលើកឡើងថា ដើម្បីបន្តជំរុញការអនុវត្តលើកិច្ចគាំពារបរិស្ថានកាន់តែប្រសើរឡើង អគ្គនាយកដ្ឋានគាំពារបរិស្ថាន បានរៀបចំនិងអនុវត្តផែនការយុទ្ធសាស្ត្រកិច្ចគាំពារបរិស្ថាន (២០២៤-០២៨) ក្នុងគោលដៅកាត់បន្ថយ ទប់ស្កាត់ និងលុបបំបាត់ការបំពុលបរិស្ថានពីប្រភពបំពុល ជាមួយការពង្រឹងក្របខណ្ឌលិខិតបទដ្ឋានគតិយុត្ត ការពង្រឹងធនធានមនុស្ស និងការធ្វើទំនើបកម្មស្ថាប័ន សំដៅធានាបាននូវគុណភាពបរិស្ថានល្អប្រសើរ ដោយគ្មានការបំពុលទឹក ដី ខ្យល់ ដើម្បីកម្ពុជាស្អាតដែលនាំឱ្យមានភាពបៃតង និងការអភិវឌ្ឍដោយចីរភាព និងឈានទៅសម្រេចបានតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងដើម្បីឆ្លើយតបទៅនឹងស្ថានភាពនៃការរីកចម្រើនរបស់សង្គម និងពិភពលោកនាពេលបច្ចុប្បន្ន។មានប្រសាសន៍បើកនាឱកាសនោះឯកឧត្តម សាបូ អូហ្សាណូ បានថ្លែងថា ទន្ទឹមនឹងកំណើនប្រជាជន និងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមដែលមានការកើនឡើងយ៉ាងឆាប់រហ័សស្ទើរគ្រប់វិស័យ បញ្ហាប្រឈមដោយបង្កឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់គុណភាពបរិស្ថាន តុល្យភាពប្រព័ន្ធអេកូឡូស៊ី សោភ័ណភាពទីក្រុង ជនបទ សុខភាពសាធារណៈ និងសុខមាលភាពសង្គម ដែលមានការកើតឡើងផងដែរ ដូចជា ការកើនឡើងសំណល់រឹង រាវ នៅទីប្រជុំជនរាជធានីខេត្ត ក្រុង ស្រុក បាននិងកំពុងប្រឈម ធ្វើឱ្យមានការថយចុះនូវគុណភាពទឹក ដី ខ្យល់ ការរំខានដោយសម្លេងនិងរំញ័រ បញ្ហាកកស្ទះចរាចរណ៍ កំណើនតម្រូវការថាមពល ក៏ដូចជាកង្វះលំហបៃតងជាដើម ដែលតម្រូវឱ្យក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ព្រមទាំងដៃគូអភវិឌ្ឍន៍ វិស័យឯកជននិងផ្នែកពាក់ព័ន្ធ ត្រូវចូលរួមគ្នាដោះស្រាយឱ្យបានសមស្របតាមស្ថានភាពនិងឱ្យទាន់ពេលវេលាតាមភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវនិងមានមនសិការខ្ពស់។ សិក្ខាសាលានេះមានគោលបំណងដើម្បីផ្សព្វផ្សាយលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥ ពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដើម្បីរកដំណោះស្រាយ និងកំណត់ទិសដៅការងារសម្រាប់អនុវត្តនៅឆ្នាំ២០២៦បន្ត និងជជែកពិភាក្សាលើប្រធានបទស្តីពីសុក្រឹតកម្មកិច្ចគាំពារបរិស្ថាន (ភាពស្អាត) ដើម្បីជំរុញការអនុវត្តការងារកិច្ចគាំពារបរិស្ថានឱ្យកាន់ តែប្រសិទ្ធភាពឆ្លើយតបតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន (២០២៣-២០២៨)៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តេជោលីគ រកឃើញក្រុមខ្លាំងឡើងជុំទី២ ខណៈបញ្ជាការដ្ឋានអង្គរក្ស ជាក្រុមតែមួយគត់ មិនស្គាល់ចាញ់
06/03/2026 01:06 PM
ក្រុមការងារអភិវឌ្ឍវិស័យឯកជនប្រមូលធាតុចូល និងលក្ខខណ្ឌនានា គាំទ្រការផលិតស៊ីម៉ងត៍ក្នុងស្រុក
06/03/2026 12:06 PM
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់បង្កើនថវិកាការពារជាតិមិនចាំបាច់កាត់ពីវិស័យផ្សេងទេ
06/03/2026 12:06 PM
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ទទួល​បាន​ការលើកលែងទោសពីព្រះមហាក្សត្រ
06/03/2026 12:06 PM
សម្ដេចធិបតី៖ បរិការណ៍ពិភពលោកបច្ចុប្បន្ន កម្ពុជាត្រូវពន្លឿនការកែទម្រង់លើវិស័យសេដ្ឋកិច្ច និងការពារជាតិ
06/03/2026 12:06 PM
សម្ដេចតេជោ ហ៊ុន សែន ណែនាំមន្រ្ដីត្រូវបម្រើប្រជាជនដោយស្មោះត្រង់ និង​លុប​បំបាត់​ទង្វើ​ខុស​ឆ្គង​ចំពោះ​ពលរដ្ឋ
06/03/2026 12:06 PM
ចិន រិះគន់ប្រមុខការពារជាតិហ្វីលីពីនជុំវិញការលើកឡើងពី «ការគំរាមកំហែង» របស់ចិន
06/03/2026 12:06 PM
សម្តេចតេជោ ហ៊ុន សែន៖ កំពង់ធំជាគោលដៅការចាប់អារម្មណ៍លើការវិនិយោគកែច្នៃស្វាយចន្ទី ខណៈ​មហិច្ឆតាកម្ពុជាចង់ប្រែក្លាយជាអធិរាជស្វាយចន្ទី
06/03/2026 12:06 PM
ក្រុមអ្នកតវ៉ា ដុតសំបកកង់រថយន្ត បន្តទាមទារឱ្យប្រធានាធិបតីប្រទេសបូលីវី ចុះចេញពីតំណែង
06/03/2026 11:06 AM
អង្គការឧតុនិយមពិភពលោក(WMO)៖ បាតុភូត El Nino បង្កើនហានិភ័យអាកាសធាតុធ្ងន់ធ្ងរ
06/03/2026 11:06 AM