សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា

ព័ត៌មានជាតិ

បង្រ្កាប ជនសង្ស័យ ៣នាក់ ករណីប្រើប្រាស់ឧបករណ៍ផ្តាច់ប្រព័ន្ធទូរស័ព្ទចល័ត ហើយផ្ញើសារក្លែងក្លាយ

2025/11/25 07:34:58 pm        646
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហោះលើបណ្ដាញសង្គមថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្រ្កាបបានករណី ការប្រើប្រាស់ឧបករណ៍ផ្តាច់ប្រព័ន្ធទូរស័ព្ទចល័ត ហើយផ្ញើសារ SMS (FAKE Base Transceiver Station)។យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់៖ ១. ឈ្មោះ ឡុ.រ ២. ឈ្មោះ ខ.ប.ប ៣. ឈ្មោះ ក.ច.រ ដែលកំពុងធ្វើសកម្មភាពបើកបររថយន្ត ដែលបំពាក់ឧបករណ៍ផ្តាច់ប្រព័ន្ធទូរស័ព្ទចល័ត ហើយផ្ញើសារ SMS (FAKE Base Transceiver Station) ដែលផ្សព្វផ្សាយអំពីល្បែងស៊ីសងខុសច្បាប់តាមអនឡាញ និងក្លែងគេហទំព័របន្លំជាក្រុមហ៊ុនបណ្តាញសង្គមតេឡេក្រាម ដែលមានខ្លឹមសារបំភិតបំភ័យពាក់ព័ន្ធនឹងសុវត្ថិភាពគណនីតេឡេក្រាមដើម្បីបោកបញ្ឆោតយកទិន្នន័យផ្ទាល់ខ្លួនរបស់ម្ចាស់គណនី ក្នុងគោលបំណងចូលគ្រប់គ្រងគណនី ឈានយកទៅប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។តាមការសាកសួរ ជនសង្ស័យទាំង ០៣នាក់ បានចូលធ្វើការជាអ្នកបើករថយន្តបំពាក់ឧបករណ៍ផ្តាច់ប្រព័ន្ធទូរស័ព្ទចល័ត ហើយផ្ញើសារ SMS (FAKE Base Transceiver Station) ក្នុងអំឡុងខែមីនា ឆ្នាំ២០២៥។បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សារធារណជន សូមកុំចុចលើតំណភ្ជាប់ណាមួយដែលមិនមានប្រភពច្បាស់លាស់ ដែលតម្រូវឱ្យយើងបំពេញនូវព័ត៌មានផ្ទាល់ខ្លួនឱ្យសោះ ជៀសវាងជនអានាមិកអាចគ្រប់គ្រងទិន្នន័យ ឬគណនីផ្សេងៗរបស់យើងបាន ឈានដល់ការប្រឈមហានិភ័យនានាដោយប្រការណាមួយ៕

អាជ្ញាធរ​ខេត្តកំពង់ស្ពឺ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោយល់ជាលើកទី២ ដើម្បីទទួលយកសំណូមពរ បញ្ហាប្រឈម និងក្តីកង្វល់ពលរដ្ឋ

2025/11/25 06:48:02 pm        116
កំពង់ស្ពឺ៖ ដើម្បីឆ្លើយតបចំពោះគោលបំណង និងសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ បានបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោយល់ជាលើកទី២ សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៥ នៅក្នុងសំរោងទង ដែលវេទិកានេះធ្វើឡើងក្រោមវត្តមានឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នាសាលាស្រុកសំរោងទង ។ឯកឧត្តម​ យឹម សុខុម មាន​ប្រសាសន៍​ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត គឺជាឧបករណ៍ដ៏មាន សារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងបុរស និងស្ត្រីក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងផ្តល់ឱកាសក្នុង ការពិភាក្សាប្រកបដោយតម្លាភាពគ្រប់ជ្រុងជ្រោយ ការទទួលបាននូវពហុគំនិតពីរដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល សាធារណជននានាដែលអាចទទួលបាននូវការផ្ទៀងផ្ទាត់ប្រកបដោយសុច្ចរិតភាព និង យុត្តិធម៌ក្នុងសង្គមកាន់តែល្អប្រសើរឡើង។ ឯកឧត្តម​បាន​បន្ត​ថា ម្យ៉ាងវិញទៀត ក៏ដើម្បីបង្ហាញនូវការទទួលខុសត្រូវមួយរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិចំពោះប្រជាពលរដ្ឋ និងសង្គមជាតិ ពិសេសការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់របស់ក្រុមប្រឹក្សា អាចចូលរួមដោះស្រាយរាល់បញ្ហាអាទិភាព និងធ្វើការឆ្លើយតបជូនប្រជាពលរដ្ឋទាន់ពេលវេលា។ ជាងនេះគឺផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមបញ្ចេញមតិយោបល់ លើកឡើងនូវរាល់សំណួរ សំណូមពរ បញ្ហាប្រឈម និងក្តីកង្វល់របស់ខ្លួន ដើម្បីពិភាក្សាគ្នារួមគ្នាដោះស្រាយ និងឆ្លើយតបតាមគោលការណ៍ច្បាប់ និងស្របតាមសភាពការណ៍ជាក់ស្តែង ដោយស្មារតីយោគយល់ អធ្យាស្រ័យ ប្រកបដោយគុណធម៌។ ជាមួយនិងការបញ្ចេញមតិយោបល់ សំនួរ សំនូមពររបស់ប្រជាពលរដ្ឋ ប្រធានក្រុមប្រឹក្សាខេត្ត​ ក៏បានបញ្ជាក់ដោយប្តេជ្ញាចិត្តថា​ និងរួមគ្នាយ៉ាងម៉ឺងម៉ាត់ដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយនូវរាល់សំណើរ សំណូមពរ របស់បងប្អូន សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងដើម្បីធានាចីរភាពក្នុងកិច្ចអភិវឌ្ឍន៍ ពង្រឹងសន្តិភាព ស្ថេរភាពសង្គម សេដ្ឋកិច្ច សង្គមកិច្ច ជំរុញនិងលើកកម្ពស់ការផ្តល់សេវាសាធារណៈ បម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ ប្រកបដោយសមធម៌ គុណធម៌ ក្នុងគោលដៅដើម្បីសេចក្តីសុខ សុភមង្គនិងផលប្រយោជន៍ពិតប្រាកដរបស់ប្រជាពលរដ្ឋ និង សង្គមជាតិទាំងមូល។ឆ្លើយតបនិងក្តីកង្វល់ពីប្រជាពលរដ្ឋដែលថា ស្រុកសំរោងទងមិនមានបរិស្ថានល្អ ពោរពេញ ដោយសំរាម ដីធ្លីមានវិវាទច្រើន សេវាសុខាភិបាលនៅមានកម្រិតអភិបាលខេត្តកំពង់ស្ពឺលោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា បច្ចុប្បន្នខេត្តមានការអភិវឌ្ឍន៍ខ្លាំង រោងចក្រសហគ្រាសមានចំនួនជាង១៣០០រោងចក្រ សហគ្រាស កម្មករនិយោជិកមានជាង៣០ម៉ឺននាក់កំពុងធ្វើការ ដែលធ្វើឱ្យការគ្រប់គ្រងផ្នែកបរិស្ថាននៅមានកម្រិត ថង់ប្លាស្ទិកត្រូវបានហោះហើរពាសវាលពាសកាលពេញផ្លូវ។ករណីនេះបើគេមើលមួយជ្រុងឃើញថាមានប្រជាពលរដ្ឋមួយចំនួនធំ បានចាប់ផ្តើមចេះសម្អាតអនាម័យ ប្រមូល វេចខ្ចប់ និងទុកដាក់សំរាមបានត្រឹមត្រូវរួចហើយ នៅឡើយតែពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះ ដែលនៅមិនទាន់យល់ដឹងពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសគឺបងប្អូនជាកម្មករ កម្មការិនីបានបោះចោលគ្មានសណ្តាប់ធ្នាប់ក្រោយវេចខ្ចប់និងបរិភោគរួច ។ឯកឧត្តម បា គូសបញ្ជាក់​ថា កាកសំណល់និងការចោលសំរាមរាយប៉ាយបាននិងកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរ ដែលទាមទារឱ្យមន្ទីរជំនាញពាក់ព័ន្ធទាំងអស់រួមនិងអាជ្ញាធរមូលដ្ឋានត្រូវពិនិត្យឡើងវិញនិងចូលរួមទាំងអស់គ្នាក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយនិងមានវិធានការតឹងរឹងក្នុងការគ្រប់គ្រងសំណល់ទាំងនេះ។មួយវិញទៀតចំពោះបញ្ហាវិវាទដីធ្លី បញ្ហាសុខាភិបាលក៏ជាបញ្ហាដែលមន្ទីរជំនាញនិងអាជ្ញាធរត្រូវបង្កើនការដោះស្រាយរួមគ្នាឱ្យបានលឿនផងដែរ ដើម្បីកាត់បន្ថយទំនាស់ផ្តល់លទ្ធភាពក្នុងការគ្រប់គ្រងស្របច្បាប់ជូនប្រជាពលរដ្ឋ។ហើយចំពោះប្រធានមន្ទីរសុខាភិបាលត្រូវដាក់សំណើរទៅក្រសួងដើម្បីសុំបរិក្ខាចាំបាច់ចំពោះមុខក្នុងការសង្គ្រោះបឋមពេលពលរដ្ឋទទួលរងគ្រោះថ្នាក់និងត្រូវការសង្គ្រោះបន្ទាន់៕

ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិការួមរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងតំបន់អាស៊ីលើកទី១៦

2025/11/25 06:39:49 pm        111
នារសៀលថៃ្ងអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិការួមរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងតំបន់អាស៊ីលើកទី១៦ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នរដ្ឋពាក់ព័ន្ធ អង្គការ JASIC (Japan Automobile Standards Internationalization Center) និងឯកជនអន្តរជាតិជាច្រើនប្រទេសចូលរួម។នេះជាលើកដំបូងដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិការួមរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងតំបន់អាស៊ីលើកទី១៦ ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ JASIC ចូលរួមសហការក្នុងការរៀបចំឡើង។វេទិកាដែលប្រព្រឹត្តទៅនាពេលនេះមានគោលបំណង ដើម្បីផ្សព្វផ្សាយ និងជំរុញប្រទេសក្នុងតំបន់អាស៊ី ចូលជាភាគី នៃកិច្ចព្រមព្រៀងឆ្នាំ១៩៥៨ ស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួម នៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត និងគ្រឿងបន្លាស់ដែលអាចបំពាក់និង/ឬប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ ផ្សព្វផ្សាយរបាយការណ៍ស្តីពីលទ្ធផល នៃកិច្ចប្រជុំក្រុមការងារបច្ចេកទេស(WP29) ចំនួន៣ដង នៅទីក្រុង ហ្សឺណែវ ប្រទេសស្វ៊ីស និងកិច្ចប្រជុំ ITC មាន១ដងក្នុងមួយឆ្នាំ ដើម្បីធ្វើការអនុម័តកែប្រែ និងទទួលយកបទប្បញ្ញត្តិបច្ចេកទេសថ្មីៗ នៃការផលិតយានយន្តសកល ដែលប្រទេសអ្នកផលិតបានស្នើសុំកែសម្រួល ឬបង្កើតថ្មីៗ។ របាយការណ៍លើកឡើងពីវិស័យឯកជន/អ្នកផលិត ពីបញ្ហាប្រឈមផ្សេងៗក្នុងវិស័យ យានយន្តសកល និងស្វែងរកដំណោះស្រាយរួមគ្នា ដូចជាផលប៉ះពាល់បរិស្ថាន ការបម្រែបម្រួលអាកាសធាតុជាដើម និងធ្វើស្តង់ដាតែមួយលើការផលិតតាមរយៈស្តង់ដាបច្ចេកទេស និងបទប្បញ្ញត្តិរួមក្នុងវិស័យយានយន្តសកល ដើម្បីកាត់បន្ថយរនាំងបច្ចេកទេសក្នុងឧស្សាហកម្មយានយន្ត ៕

ក្រសួងទេសចរណ៍-ក្រសួងកសិកម្ម ចុះអនុស្សរណៈយោគយល់គ្នាចំនួន៤ ក្នុងការបង្កើតបណ្តាញអេកូទេសចរណ៍ថ្មី ចំនួន២

2025/11/25 06:27:34 pm        134
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន ៤ ក្នុងការបង្កើតបណ្តាញអេកូទេសចរណ៍ថ្មី ចំនួន ២ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ រួមជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន៤ រួមមាន៖ ១. អនុស្សរណៈយោគយល់គ្នា ស្តីពី ការជំរុញការអភិវឌ្ឍបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបសម្រាប់ ឆ្នាំ២០២៦២. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពី ការបង្កើតបណ្តាញអេកូទេសចរណ៍តំបន់មេគង្គ៣. ការបង្កើតបណ្តាញអេកូទេសចរណ៍តំបន់ជួរភ្នំក្រវាញ ៤. កិច្ចព្រមព្រៀងអនុវត្តគម្រោង ស្តីពី ការពង្រឹងការអភិវឌ្ឍទេសចរណ៍នៅតំបន់ជួរភ្នំក្រវាញ សម្រាប់ឆ្នាំ២០២៥-២០២៧។

នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី កោតសរសើរ ចំពោះសមិទ្ធផលពីការខិតខំរបស់កម្ពុជា

2025/11/25 06:18:41 pm        117
លោកស្រី Yasmin Siddiqi នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយដែលកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើយោងតាមការផ្សាយរបស់ ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្នុងឱកាស ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតជូន លោកស្រី Yasmin Siddiqi រួមជាមួយសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។លោកស្រីនាយិកាធនាគារអភិវឌ្ឍន៍អាស៊ី បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយដែលកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ដែលធ្វើឱ្យសន្ទុះនៃការអភិវឌ្ឍនៅកម្ពុជាមានការប្រែប្រួលយ៉ាងឆាប់រហ័ស។ ជាមួយគ្នានោះ លោកស្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រសាសន៍ស្វាគមន៍ដ៏ក្បោះក្បាយ និងមានអត្ថន័យរបស់ ឯកឧត្តមរដ្ឋមន្ត្រី ដោយតាមរយៈប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ធ្វើឱ្យលោកស្រីទទួលបានបទពិសោធន៍ថ្មីៗជាច្រើនបន្ថែមទៀត លើវិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជា។ លោកស្រីក៏បានទទួលយកនូវសំណូមពររបស់ ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីពិនិត្យបន្ថែម និងប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងសេចក្តីអបអរសាទរចំពោះលោកស្រី ដែលទទួលបានការតែងតាំងជានាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា និងបានជម្រាបជូនប្រតិភូ អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តវេនពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៅកម្ពុជា ដើម្បីសំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមករបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្នសមធម៌ និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ដោយបានដាក់ចេញនូវកម្មវិធីអាទិភាព ចំនួន៥ ដែលធ្វើឱ្យតំបន់ជនបទមានសមាហរណកម្ម មានការអភិវឌ្ឍឆាប់រហ័ស និងធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាព។ តាមរយៈការអនុវត្តនូវកម្មវិធីអាទិភាពទាំង ៥ នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានសម្រេចបាននូវសមិទ្ធផលជាច្រើនជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដោយសមិទ្ធផលទាំងនោះក៏មានការចូលរួមចំណែកដោយដៃគូអភិវឌ្ឍន៍នានា ក្នុងនោះដៃគូដ៏សំខាន់របស់ក្រសួងក៏រួមមានធនាគារអភិវឌ្ឍន៍អាស៊ីផងដែរ។ គួរបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានរំលេចអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការជាច្រើនគម្រោងជាមួយធនាគារអភិវឌ្ឍន៍អាស៊ី នាពេលកន្លងមកដែលបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទបានប្រមាណ ៣០០០គីឡូម៉ែត្រ និងការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ព្រមទាំងគម្រោងផ្សេងទៀតដែលគ្រោងនឹងអនុវត្តនាពេលខាងមុខ។ ទន្ទឹមគ្នានោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការសំណូមពរចំពោះលោកស្រីនាយិកា ពិនិត្យលើការបន្តគាំទ្រលើគម្រោងចំនួន ២ ដែលត្រូវបញ្ចប់នៅឆ្នាំ២០២៦ ដើម្បីឱ្យគម្រោងនេះអាចបន្តជួយដល់ការលើកកម្ពស់ការអភិវឌ្ឍលើវិស័យកសិកម្ម ធារាសាស្រ្ត និងភូមិគំរូ ដើម្បីបន្តលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន ដែលជួយឱ្យប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង៕

កូរ៉េបន្តផ្តល់រថយន្តនិងឯកសណ្ឋានពន្លត់អគ្គិភ័យ និងឯកសណ្ឋានការពារសារធាតុគីមីដល់អគ្គស្នងការនគរបាលជាតិ

2025/11/25 05:36:48 pm        214
ភ្នំពេញ ៖ រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ តាមរយៈអង្គការGO&DO(NGO)នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះបានបន្តផ្តល់ជំនួយជារថយន្តពន្លត់អគ្គិភ័យ និងឯកសណ្ឋានពន្លត់អគ្គិភ័យ ព្រមទាំងឯកសណ្ឋានការពារសារធាតុគីមី ដល់អគ្គស្នងការនគរបាលជាតិជាច្រើន ខណៈជំនួយឥតសំណងនេះនឹងធ្វើឲ្យកងកម្លាំងនៃប្រតិបត្តិការលើការងារពន្លត់អគ្គិភ័យនេះកាន់តែងាយស្រួលក្នុងការអនុវត្តការងារ ជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋពេលជួបបញ្ហាអគ្គិភ័យ។ថ្លែងនៅក្នុងឱកាសផ្តល់និងទទួលនោះនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា ជំនួយឥតសំណង របស់ប្រជាជន និងរដ្ឋាភិបាលកូរ៉េនេះមានដូចជារថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង រថយន្តសង្រ្គោះបន្ទាន់ចំនួន២គ្រឿង ឯកសណ្ឋានពន្លត់អគ្គិភ័យ១០០ឈុត រួមទាំងឯកសណ្ឋានការពារសារធាតុគីមីចំនួន២ម៉ឺនឈុត។នាយឧត្តមសេនីយ៍ ស ថេត បានឲ្យដឹងផងដែរថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលកូរ៉េតាមរយៈ អង្គការGO&DO(NGO)បានផ្តល់រថយន្តពន្លត់អគ្គិភ័យដល់កម្ពុជាចំនួន១០០គ្រឿងហើយ រួមទាំងសម្ភារៈ ពន្លត់អគ្គិភ័យយ៉ាងច្រើនសន្ធឹកសន្ធាប់បន្ថែមទៀត ដោយជំនួននេះគឺពិតជាមានតម្លៃសម្រាប់ប្រជាជនកម្ពុជា និងបានបង្ហាញអំពីការយកចិត្តទុកដាក់ដោយសប្បុរសធម៌ពីប្រជាជន និងរដ្ឋាភិបាលកូរ៉េផងដែរ។មួយវិញទៀតជំនួយនេះក៏ជាការរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជាផងដែរ។ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត តាំងនាមឲ្យនគរបាលជាតិកម្ពុជាទាំងមូល សូមប្រកាសថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលកូរ៉េដែលបានបន្តផ្តល់ជំនួយឥតសំណងនេះដល់កម្ពុជា ដោយឯកឧត្តមបានបញ្ជាក់ថា សម្ភារៈទាំងនេះនឹងបម្រើដល់ប្រជាជនកម្ពុជាទាំងបច្ចុប្បន្ន និងទៅអនាគតឲ្យកាន់តែល្អប្រសើរបន្ថែមទៀត៕អត្ថបទ ៖ បាន ចក់

កម្ពុជា-ហុងគ្រី ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យនយោបាយ សេដ្ឋកិច្ច និង ការអភិវឌ្ឍ

2025/11/25 05:32:52 pm        133
លោកជំទាវ ជឹង បុទុមរង្សី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ភីធឺ ស្តារ៉ (Péter Sztáray) រដ្ឋលេខាធិការទទួលបន្ទុកគោលនយោបាយសន្តិសុខ និងសន្តិសុខថាមពល ន ក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បានធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគី លើកទី២ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើវិសាលភាពទូលំទូលាយនៃវិស័យនយោបាយ សេដ្ឋកិច្ច និង ការអភិវឌ្ឍ និងវិស័យសក្តានុពលជាច្រើនទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រួមមានពាណិជ្ជកម្ម និងកា រវិនិយោគ ការគ្រប់គ្រងធនធានទឹក កសិកម្ម និងកសិឧស្សាហកម្ម ថាមពល អប់រំ សុខាភិបាល ទេសចរណ៍។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ។ភាគីទាំងពីរក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការដែលមានស្រាប់ដូចជា គណៈកម្មាធិការចម្រុះ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវេទិកាធុរកិច្ច ក្នុងការស្វែងរកមធ្យោបាយថ្មីៗនៃកិច្ចសហប្រតិបត្តិការ។ព័ត៌មានពិស្ដារ៖

អាជ្ញាធរមីន ច្រានចោល ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ ពាក់ព័ន្ធនឹងឧបទ្ទវហេតុផ្ទុះមីននៅតំបន់ព្រំដែន

2025/11/25 05:30:23 pm        102
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានចេញ សេចក្ដីថ្លែងការណ៍ ស្តីពី ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ ពាក់ព័ន្ធនឹងឧប្បត្តិហេតុផ្ទុះមីននៅតំបន់ព្រំដែន។អាជ្ញាធរមីន បានកត់ សម្គាល់នូវការចែកចាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃ ពាក់ព័ន្ធនឹងការចោទប្រកាន់គ្មានការពិត មកលើកម្ពុជា ថា បានដាក់មីនថ្មីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចោទប្រកាន់ទាំងនេះ ជាថ្មីម្តងទៀត ត្រូវបានផ្សព្វផ្សាយដោយគ្មានរបាយការណ៍ស៊ើបអង្កេតផ្លូវការ មិនមានការផ្ទៀងផ្ទាត់រួមគ្នា និងគ្មានការពិគ្រោះ យោបល់តាមរយៈយន្តការទ្វេភាគី ដែលបានព្រមព្រៀងគ្នានោះឡើយ។កម្ពុជាបដិសេធដាច់ខាត ចំពោះរាល់ការចោទប្រកាន់ណាមួយដែលថា យោធាកម្ពុជាបានដាក់មីនថ្មី។ កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះកាតព្វកិច្ចរបស់ខ្លួនក្នុងក្របខណ្ឌអនុសញ្ញាហាមប្រាមការប្រើប្រាស់មីន ប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) សេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងគ្រប់យន្តការទ្វេភាគីទាំងអស់ជាមួយថៃ។ទាក់ទងនឹងការលើកឡើងអំពី "មីនប្រភេទ PMN-2 ទើបត្រូវបានដាក់ថ្មី" កម្ពុជាសូមគូសបញ្ជាក់ថា ការ លើកឡើងនេះ ត្រូវតែគាំទ្រដោយរបាយការណ៍បច្ចេកទេសផ្លូវការ រួមជាមួយរូបថតដែលមានការផ្ទៀងផ្ទាត់ ត្រឹមត្រូវ របាយការណ៍នៃការប្រមូលនិងរក្សាទុកភស្តុតាង ការវិភាគទីតាំងផ្ទុះ ទិន្នន័យ GIS ដែលមាន កំណត់ត្រាពេលវេលា និងការវាយតម្លៃដោយអង្គការសកម្មភាពមីនភាគីទីបីដែលអព្យាក្រឹត។ មកទល់ បច្ចុប្បន្ន កម្ពុជាមិនទាន់ទទួលបានរបាយការណ៍ណាមួយ តាមរយៈបណ្តាញផ្លូវការណាមួយនោះទេ។ ជាមួយគ្នានេះដែរ ការអះអាងពាក់ព័ន្ធនឹងការរើសបាន "ទូរស័ព្ទរបស់ទាហានកម្ពុជា" កម្ពុជា សូមសម្តែងនូវ ក្តីព្រួយបារម្ភ ចំពោះភាពពិតនៃរូបភាព ព្រោះព័ត៌មាន និងភស្តុតាងដែលបានលើកឡើងដោយថៃ មិនត្រូវ បានបញ្ជូនមកកាន់កម្ពុជា តាមរយៈគណៈកម្មាធិការព្រំដែនទូទៅ (GBC) ឬក្រុមការងារសម្របសម្រួល ចម្រុះ (JCTF) ហើយក៏មិនមានការស្នើសុំណាមួយឱ្យកម្ពុជា ផ្ទៀងផ្ទាត់រូបភាពផងដែរ។ បច្ចុប្បន្ន រូបភាព ឬវីឌីអូ អាចត្រូវបានកែប្រែដើម្បីបំភាន់ ដែលទាមទារឱ្យមានការពិនិត្យច្បាស់លាស់។ កម្ពុជាទទួលយកតែ ភស្តុតាងដែលត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យ និងធ្វើឡើងដោយក្រុមការងារចម្រុះតែប៉ុណ្ណោះ។ក្នុងនាមជាភាគីដែលបានស្នើសុំការគាំទ្រ និងអន្តរាគមន៍ពីអាស៊ាន កម្ពុជាកោតសរសើរចំពោះតួនាទីរបស់ អាស៊ាន ក្នុងការសម្របសម្រួលកិច្ចសន្ទនា និងការរក្សាស្ថិរភាពក្នុងតំបន់ ក៏ប៉ុន្តែ កម្ពុជាសូមបញ្ជាក់ជូនថា មកទល់ពេលបច្ចុប្បន្ន កម្ពុជាមិនទាន់ទទួលបានរបាយការណ៍ផ្លូវការណាមួយ ហើយកម្ពុជា នឹងមិនទទួល យកការវាយតម្លៃណាមួយ ដែលមិនអនុលោមតាមនីតិវិធីព្រមព្រៀងគ្នា នៅក្នុងក្របខ័ណ្ឌអាស៊ាននោះទេ។កម្ពុជាបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយ និងគោលការណ៍របស់ខ្លួន ដោយមិនមាន ការប្រើប្រាស់មីន ប្ដេជ្ញាសម្រេចឱ្យបានអនាគតមួយដែលគ្មានមីន និងគាំទ្រឱ្យមានការវិភាគចំពោះរាល់ ឧប្បត្តិហេតុ ប្រកបដោយវិជ្ជាជីវៈ តាមបែបវិទ្យាសាស្ត្រ និងមានភាពយុត្តិធម៌។ កម្ពុជាអំពាវនាវឱ្យមានការ ស៊ើបអង្កេតរួមគ្នាជាបន្ទាន់ ដោយមានការចូលរួមពីអ្នកជំនាញអន្តរជាតិអព្យាក្រឹត ដើម្បីធានាបាននូវការ វាយតម្លៃត្រឹមត្រូវ និងផ្អែកលើភស្តុតាង។អាជ្ញាធរមីន សម្តែងនូវការសោកស្តាយ ដែលការចោទប្រកាន់របស់ថៃ ម្តងហើយម្តងទៀត ត្រូវបានចេញ ផ្សាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ដោយមិនមានការជូនជាដំណឹងមកកម្ពុជា តាមរយៈយន្តការទ្វេភាគី។ ទង្វើ ជាឯកតោភាគីនេះ បានបំផ្លាញទំនុកចិត្ត បង្កឱ្យមានការយល់ច្រឡំជាសាធារណៈ និងបង្កភាពស្មុគស្មាញ ដល់ការងាររបស់ក្រុមបច្ចេកទេស ដែលកំពុងអនុវត្តការងារផ្ទាល់។កម្ពុជានៅតែប្តេជ្ញា ក្នុងការធ្វើកិច្ចសហប្រតិបត្តិការដោយសន្តិភាព តម្លាភាព និងនាំមកនូវសុវត្ថិភាពជូន ទាំងប្រជាជនកម្ពុជា និងប្រជាជនថៃ៕

ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អ៊ីស្រាអែល ស្នើឱ្យអ៊ីស្រាអែលបង្កើតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងកសិកម្ម

2025/11/25 05:24:17 pm        89
ឯកឧត្តម កែវ ពិសិដ្ឋ ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អ៊ីស្រាអែល និងជាលេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម (គណៈកម្មការទី៦) នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត Alona Fisher-Kamm ឯកអគ្គរដ្ឋទូតអីស្រាអែលដែលទើបតែងតាំងថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។នៅក្នុងឱកាសនេះ ឯកឧត្តម កែវ ពិសិដ្ឋ បានអបអរសាទរ លោកជំទាវ Alona Fisher-Kamm ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអីស្រាអែល ប្រចាំនៅកម្ពុជា។ តាមរយៈបេសកកម្មការទូតរបស់លោកជំទាវ ប្រទេសយើងទាំងពីរ នឹងបន្តសម្រេចបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀត។ឯកឧត្តម កែវ ពិសិដ្ឋ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបរវាងលោកជំទាវជាមួយ ឯកឧត្តម អនុប្រធានទី១ រដ្ឋសភា ព្រមទាំងបានគាំទ្រចំពោះគំនិតផ្តួចផ្តើមដែលបានលើកឡើងដោយ ឯកឧត្តម អនុប្រធានទី១ រដ្ឋសភា ក៏ដូចជាលោកជំទាវឯកអគ្គរដ្ឋទូត ក្នុងគោលបំណង ដើម្បីបន្តពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ កម្ពុជា-អ៊ីស្រាអែល។ឯកឧត្តម កែវ ពិសិដ្ឋ បានមានប្រសាសន៍ថា ក្រុមមិត្តភាពសភាមានតួនាទីស្នូលក្នុងបេសកកម្មការទូតសភាជាមួយសភាជាមិត្ត ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទាំងកម្រិតទ្វេភាគីផង និងពហុភាគីផង សំដៅរួមចំណែកដល់ការពង្រឹង និងការគាំទ្រទំនាក់ទំនងចំណងការទូតរបស់ស្ថាប័ននីតិប្រតិបត្តិ។ ក្រុមមិត្តភាពសភាកម្ពុជា-អ៊ីស្រាអែលនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។ ដោយសង្កេតឃើញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិតនៅឡើយ ឯកឧត្តម សង្ឃឹមថា រដ្ឋាភិបាលប្រទេសទាំងពីរ និងសម្រេចបាននូវកិច្ចព្រមព្រៀងថ្មីៗបន្ថែមទៀត ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ តាមរយៈ លោកជំទាវ ឯកអគ្គរដ្ឋទូត ឯកឧត្តម បានលើកទឹកចិត្តដល់អ្នកវិនិយោគអ៊ីស្រាអែល ស្វែងយល់ និងពិនិត្យឱកាសវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា ខណៈដែលកម្ពុជាមានសក្តានុពល និងមានអំណោយផលយ៉ាងខ្លាំង ជាពិសេសក្នុងវិស័យកសិកម្ម។ នៅក្នុងឱកាសនេះដែរ ឯកឧត្តម កែវ ពិសិដ្ឋ បានអរគុណរដ្ឋាភិបាលអ៊ីស្រាអែលដែលតែងតែគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា និងស្នើរដ្ឋាភិបាលអីស្រាអែល ពិនិត្យលទ្ធភាពបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សា និងអនុវត្តជាក់ស្តែងលើវិស័យកសិកម្ម និងវិស័យអាទិភាពដទៃៗទៀត នៅលើទឹកដីអ៊ីស្រាអែល ព្រមទាំងបានបញ្ជាក់ថា ក្រុមមិត្តភាពសភា កម្ពុជា-អ៊ីស្រាអែល គាំទ្រចំពោះអនុស្សរណៈនិងកិច្ចព្រមព្រៀងនានា ដែលរដ្ឋាភិបាលប្រទេសទាំងពីរបានធ្វើរួមគ្នាកន្លងមក និងសូមជំរុញឲ្យពិចារណារួមគ្នាបន្ថែមទៀត ដើម្បីបង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើនទៀត ជាពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងកសិកម្ម។ជាការឆ្លើយតប លោកជំទាវ Alona Fisher-Kamm បានជម្រាបជូន ឯកឧត្តម ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អ៊ីស្រាអែល ថា លោកជំទាវមានក្តីរំភើបរីករាយ និងកិត្តិយស់ជាខ្លាំងដែលបាននាំយកសារតាំងថ្វាយព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ជាមួយគ្នានេះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-អ៊ីស្រាអែល រយៈពេល ៣០ឆ្នាំកន្លងមកនេះ ពិសេសប្រទេសទាំងពីរ បានបើកនូវស្ថានកុងស៊ុលកិត្តិយសប្រចាំប្រទេសទាំងពីរនាពេលថ្មីៗនេះ ព្រមទាំងការបង្កើតបាននូវសភាពាណិជ្ជកម្មអ៊ីស្រាអែលនៅកម្ពុជា ដោយបានផ្តោតសំខាន់លើវិស័យកសិកម្ម អប់រំ សហគ្រិនភាព នវានុវត្តន៍ រួមនឹងវិស័យផ្សេងៗទៀត។ ក្រៅពីនេះ នៅសប្តាហ៍ក្រោយនេះ អ៊ីស្រាអែល និងកម្ពុជា តាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការងារ និងកសិកម្ម ដែលតាមរយៈកិច្ចព្រមព្រៀងនេះ អ៊ីស្រាអែលនឹងជួយបណ្តុះបណ្តាលដល់កម្មសិក្សាការីកម្ពុជា លើជំនាញកសិកម្ម និងជំនាញបច្ចេកទេសផ្សេងៗទៀត នៅក្នុងកសិដ្ឋាននៅប្រទេសអ៊ីស្រាអែលផ្ទាល់តែម្តង។លោកជំទាវឯកអគ្គរដ្ឋទូត បានប្តេជ្ញាខិតខំជំរុញទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-អ៊ីស្រាអែល ឱ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត៕

មន្រ្ដីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា ធ្វើបទបង្ហាញជូនអង្គទូតបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា អំពីការវិវត្តថ្មីៗនៃបញ្ហាព្រំដែនកម្ពុជា-ថៃ

2025/11/25 05:22:59 pm        18
លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំធ្វើបទបង្ហាញជូនអង្គទូតបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា អំពីការវិវត្តថ្មីៗនៃបញ្ហាព្រំដែនកម្ពុជា-ថៃ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។រូប៖AKP

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ កំពុងសិក្សាកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ខណៈភាពជាប់គាំងនៅតែបន្ត
06/03/2026 08:06 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
06/03/2026 07:06 AM
UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM