ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា រៀបចំកម្មវិធីអប់រំបរិស្ថានដល់សិស្សានុសិស្ស នៅតាមសាលាបឋមសិក្សាចំនួន៣ ក្នុងតំបន់រមណីយដ្ឋានអង្គរ

2025/11/25 05:15:40 pm        94
សិស្សានុសិស្សដែលកំពុងរៀនថ្នាក់ទី៤,៥ និងទី៦ នៅក្នុងរមណីយដ្ឋានអង្គរ ទទួលបានការបណ្ដុះបណ្តាលក្នុងគម្រោងអប់រំបរិស្ថាន ដែលជាគម្រោងសហការជាមួយអាជ្ញាធរជាតិអប្សរា ស្ថាប័នធានាគុណភាពជប៉ុន (JQA) មន្ទីរអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យសូហ្វីយ៉ា ចាប់ពីថ្ងៃទី២៥ដល់២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ សិស្សានុសិស្សទាំងនោះ ត្រូវបានអប់រំឱ្យស្គាល់សំរាម ប្រភពដែលបណ្ដាលឱ្យមានសំរាម របៀបកាត់បន្ថយការប្រើប្រាស់សំរាម រួមនិងដំណោះស្រាយជាដើម។ល។ ការអប់រំបរិស្ថានចំពោះកុមារតូចៗ ពិតជាមានសារសំខាន់ ព្រោះវាជាគ្រឹះសម្រាប់ការអប់រំ ដោយឱ្យយល់ពីបញ្ហាទាំងអស់ នោះពួកគេនឹងងាយចាប់បាន និងយល់ពីផលប៉ះពាល់បរិស្ថាន។ ប្រធានបទសំខាន់ៗសម្រាប់ការអប់រំកុមារទាក់ទងនឹងបរិស្ថាននេះ ដំបូងឱ្យក្មេងទាំងនោះយល់ដឹង តើអ្វីជាសំរាមជាមុនសិន និងថាតើរាល់ថ្ងៃពួកគេបានធ្វើអ្វីខ្លះទាក់ទងនឹងបរិស្ថាន?។ សាលាបឋមសិក្សាចំនួន៣ ដែលត្រូវបានជ្រើសរើសជាសាលាគំរូសម្រាប់អនុវត្តន៍គម្រោងលើកនេះមានសាលាបឋមសិក្សាគោកគ្រើល សាលាបឋមសិក្សាដូនឪ និងសាលាបឋមសិក្សាត្រពាំងស្វាយ។ គម្រោងនេះ បានប្រមូលសិស្សទាំង៣ថ្នាក់បញ្ចូលគ្នា មានសិស្សថ្នាក់ទី៤,៥ និងទី៦ ដើម្បីបង្រៀនពីមេរៀនបរិស្ថានផ្សេងៗ ហើយពួកគេនឹងឆ្លងកាត់ការអនុវត្តផ្ទាល់ជាមួយគ្រូបន្ទុកថ្នាក់បន្ថែមទៀត៕

លើកដំបូង កម្ពុជាធ្វើជាម្ចាស់ផ្ទះ វេទិការួមរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងតំបន់អាស៊ី

2025/11/25 05:12:06 pm        109
នេះជាលើកដំបូងដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិការួមរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងតំបន់អាស៊ីលើកទី១៦ ដែលមាន ក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ JASIC ចូលរួមសហការក្នុងការរៀបចំឡើង។នារសៀលថៃ្ងអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិការួមរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងតំបន់អាស៊ីលើកទី១៦ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នរដ្ឋពាក់ព័ន្ធ អង្គការ JASIC (Japan Automobile Standards Internationalization Center) និងឯកជនអន្តរជាតិជាច្រើនប្រទេសចូលរួម។វេទិកាដែលប្រព្រឹត្តទៅនាពេលនេះមានគោលបំណង ដើម្បីផ្សព្វផ្សាយ និងជំរុញប្រទេសក្នុងតំបន់អាស៊ី ចូលជាភាគី នៃកិច្ចព្រមព្រៀងឆ្នាំ១៩៥៨ ស្តីពី ការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួម នៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត និងគ្រឿងបន្លាស់ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ ផ្សព្វផ្សាយរបាយការណ៍ស្តីពីលទ្ធផល នៃកិច្ចប្រជុំក្រុមការងារបច្ចេកទេស(WP29) ចំនួន ៣ដង នៅទីក្រុង ហ្សឺណែវ ប្រទេសស្វ៊ីស និងកិច្ចប្រជុំ ITC មាន ១ដងក្នុងមួយឆ្នាំ ដើម្បីធ្វើការអនុម័តកែប្រែ និងទទួលយកបទប្បញ្ញត្តិបច្ចេកទេសថ្មីៗ នៃការផលិតយានយន្តសកល ដែលប្រទេសអ្នកផលិតបានស្នើសុំកែសម្រួល ឬបង្កើតថ្មីៗ។ របាយការណ៍លើកឡើងពីវិស័យឯកជន/អ្នកផលិត ពីបញ្ហាប្រឈមផ្សេងៗក្នុងវិស័យ យានយន្តសកល និងស្វែងរកដំណោះស្រាយរួមគ្នា ដូចជាផលប៉ះពាល់បរិស្ថាន ការបម្រែបម្រួលអាកាសធាតុជាដើម និងធ្វើស្តង់ដាតែមួយលើការផលិតតាមរយៈស្តង់ដាបច្ចេកទេស និងបទប្បញ្ញត្តិរួមក្នុងវិស័យយានយន្តសកល ដើម្បីកាត់បន្ថយរនាំងបច្ចេកទេសក្នុងឧស្សាហកម្មយានយន្ត៕

ក្រុមហ៊ុនអូស្ត្រាលីជំរុញការពង្រីកឧស្សាហកម្មរ៉ែនៅកម្ពុជា

2025/11/25 05:09:22 pm        93
ការវិនិយោគរបស់អូស្ត្រាលីនេះនាំមកជាមួយនូវស្តង់ដារអភិវឌ្ឍន៍បរិស្ថាន សង្គម និងការគ្រប់គ្រងលំដាប់ពិភពលោក ដែលជួយកម្ពុជាកសាងសេដ្ឋកិច្ចឲ្យកាន់តែរឹងមាំ និងមានភាពធន់ជាងមុន។ថ្មីៗនេះ លោកឯកអគ្គរដ្ឋទូត យីប បានចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែ រវាង ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក Morgan Hart នាយកគ្រប់គ្រងក្រុមហ៊ុន Renaissance Minerals (គ្រប់គ្រងដោយ Emerald Resources ដែលមានទីតាំងនៅប្រទេសអូស្ត្រាលី)។ ក្រុមហ៊ុន Renaissance នឹងពង្រីកអណ្តូងរ៉ែមាសអូរខ្វាវក្នុងខេត្តមណ្ឌលគិរី ហើយចាប់ផ្តើមដំណើរការលើអណ្តូងរ៉ែទីពីរនៅខេត្តត្បូងឃ្មុំ។នៅពេលដែលដំណើរការពេញលេញ អណ្តូងរ៉ែទាំងពីរនេះត្រូវបានគេរំពឹងថានឹងបង្កើតប្រាក់ចំណូលសារពើពន្ធប្រមាណ ១៥០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ និងផ្តល់ការងារដល់ប្រជាជនចំនួន ១២០០ នាក់សម្រាប់គម្រោងទាំងពីរ។

មហាជនប្រមាណជាង១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា នៅខេត្តតាកែវ

2025/11/25 04:59:13 pm        113
មហាជនមកពីគ្រប់មជ្ឈដ្ឋានប្រមាណជាង១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ» នៅខេត្តតាកែវ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ាត សីលា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ លោកគ្រូ-អ្នកគ្រូ យុវជនកាយឫទ្ធិ យុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងសិស្សានុសិស្ស។ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម អ៊ាត សីលា រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ទិវានាថ្ងៃនេះ មិនមែនគ្រាន់តែជាពិធីជួបជុំ ដើម្បីនាំគ្នាសម្អាតអនាម័យបរិស្ថានតែមួយថ្ងៃ ហើយបញ្ចប់ទៅនោះឡើយ ប៉ុន្តែគឺជាទិវាជួបជុំមួយដែលអាចចាត់ទុកបានថា ជាការកំណត់នូវប្រវត្តិសាស្រ្តរួមគ្នាថ្មីមួយទៀត ដោយធ្វើការរំលឹក និងពង្រឹងស្មារតី របស់យើងទាំងអស់គ្នា អំពីតួនាទីដ៏សំខាន់របស់បរិស្ថានស្អាត ក្នុងការកសាងសង្គមកម្ពុជា ជាសង្គមមួយ មានសុខភាពល្អ មានសេចក្តីថ្លៃថ្នូរ និងមានការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សំដៅកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីកសាងសង្គមកម្ពុជាជាប្រទេសដែលមានបរិស្ថាន រូបវន្ត និងធម្មជាតិប្រកបដោយសុខដុមភាព ភាពធន់ បរិយាបន្ន និងតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្សធនធានធម្មជាតិ សម្រាប់ការរស់នៅប្រកបដោយផាសុកភាព ដោយផ្តោតសំខាន់ចំពោះសន្តិសុខថាមពល ការរៀបចំប្រព័ន្ធគ្រប់គ្រងកាកសំណល់ ប្រកបដោយប្រសិទ្ធភាព ការកសាងប្រព័ន្ធបន្ស៊ាំ រឹងម៉ាំទៅនឹងការប្រែប្រួលអាកាសធាតុ ប្រែក្លាយកម្ពុជាជាប្រទេសចំណូលខ្ពស់ និងជាប្រទេសដែលមានអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០។ជាក់ស្តែង ក្រោមការដឹកនាំប្រកបដោយភាពបុរេសកម្មរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក្រសួងបរិស្ថាន បានអនុវត្តនូវយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលជាចលនាជាតិមួយកំពុងមានការផុលផុស និងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាង១៤លាននាក់ ក្នុងគោលដៅផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋម្នាក់ៗ ឱ្យមានការចូលរួមទទួលខុសត្រូវ ថែរក្សាបរិស្ថាន។ យុទ្ធនាការនេះផងដែរ គឺជាសកម្មភាពដែលកើតចេញពីលទ្ធផលជោគជ័យនៃយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក» ។ ទាំងនេះ គឺជាភស្តុតាងដែលបញ្ជាក់ថា ខ្មែរពិតជាធ្វើបាន!បច្ចុប្បន្ន យើងកំពុងឈានមួយជំហានទៀត គឺការបង្កើតបទដ្ឋានសង្គមមួយថ្មីទៀត គឺការប្រែក្លាយផ្ទះមួយ ភូមិមួយ ឃុំមួយ ខេត្តមួយ ឱ្យទៅជាតំបន់ស្អាត គ្មានសំរាមរាយប៉ាយតាមដងផ្លូវ និងគ្មានសំណល់ប្លាស្ទិក។ ដើម្បីធានាបាននូវគុណភាពបរិស្ថាន សោភ័ណភាពទីប្រជុំជន និងសុខភាពសាធារណៈ ចាំបាច់ត្រូវយកចិត្តទុកដាក់លើកកម្ពស់ការគ្រប់គ្រងសំណល់រឹងឱ្យបានត្រឹមត្រូវ ដោយត្រូវចេះវេចខ្ចប់ និងញែកសំរាមតាមប្រភេទដូចជា សំណល់ដែលអាចកែច្នៃបាន(អេតចាយ) សារធាតុសំណល់សរីរាង្គ សំណល់គ្រោះថ្នាក់ និង សំណល់ផ្សេងៗ ដើម្បីប្រែក្លាយសំណល់មួយចំនួនឱ្យមានតម្លៃសេដ្ឋកិច្ច និងកាត់បន្ថយបរិមាណសំណល់នៅតាមទីលានទុកដាក់សំរាម។ជាចុងក្រោយ ឯកឧត្តម សូមថ្លែងអំណរគុណ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាល ខេត្តតាកែវ ក្រុមហ៊ុនវឌ្ឍនៈ និងអង្គការការីតាស ដែលបានផ្តល់កិច្ចសហកាគាំទ្រដល់ការរៀបចំពិធីនាថ្ងៃនេះ និងសូមសំណូមពរដល់សាធារណជន នៅតែបន្តចលនាស្អាត និងរួមចំណែកជាមួយក្រសួងបរិស្ថានបន្តទៀត ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ កម្ពុជាឆ្ពោះទៅវិបុលភាព ភាពធន់ និងបរិយាប័ន្ន៕

រដ្ឋមន្រ្ដីក្រសួងទេសចរណ៍៖ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍បានចូលរួមចំណែកយ៉ាងសំខាន់លើកកម្ពស់សេដ្ឋកិច្ចប្រជាជននៅមូលដ្ឋាន និងកំណើនសេដ្ឋកិច្ចជាតិ

2025/11/25 04:56:07 pm        120
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ រួមជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាជាតិអេកូទេសចរណ៍ ឆ្នាំ២០២៥ ដែលនេះគឺជាវេទិកានៃការជួបជុំប្រចាំឆ្នាំដ៏សំខាន់ដែលមានគ្រប់សមាសភាពពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិវិស័យ ឯកជន រួមជាមួយស្ថាប័នដៃគូអភិវឌ្ឍ អង្គការជាតិ និងអង្គការអន្តរជាតិ បងប្អូនប្រជាសហគមន៍ និងដៃគូពាក់ព័ន្ធនានា ដើម្បីរួមគ្នាពិភាក្សាផ្លាស់ប្តូរមតិយោបល់ និងបទពិសោធលើការងារអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ នៅក្នុងក្របខណ្ឌទូទាំងប្រទេស។ក្នុងពិធីនាព្រឹកនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប, ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន គណៈអភិបាលរាជធានី ខេត្ត ដែលជាសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍, ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ វិស័យឯកជន តំណាងដៃគូអភិវឌ្ឍ អង្គការជាតិនិងអន្តរជាតិ ជាពិសេសបងប្អូនប្រជាសហគមន៍ដែលអញ្ជើញមកពីទូទាំងប្រទេសសរុបប្រមាណ ៦០០នាក់។ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគ.ជ.អ.អ. បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន, ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ក្នុងការជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ នាពេលកន្លងមក។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលស្គាល់ជាសត្យានុម័តថា ការអភិវឌ្ឍអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ គឺជាយន្តការមួយដ៏សមស្របសម្រាប់ការអភិវឌ្ឍ និងអភិរក្សធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងជីវចម្រុះនានាប្រកបដោយប្រសិទ្ធភាពនិងស័ក្ដិសិទ្ធិភាព ដែលផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋមូលដ្ឋាន អាចចូលរួមយ៉ាងសកម្មក្នុងការសម្រេចចិត្ត, ការរៀបចំចាត់ចែង និងអភិវឌ្ឍសហគមន៍របស់ខ្លួនដោយខ្លួនឯង, ការទាញយកផលប្រយោជន៍ផ្ទាល់ពីទេសចរណ៍ប្រកបដោយសមធម៌, ការបែងចែកផលចំណេញពីសេវាកម្មទេសចរណ៍ និងអេកូទេសចរណ៍ សំដៅចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ, ការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានរំលឹកជូនអំពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍនៅតាមសហគមន៍ ដោយធ្វើយ៉ាងណាត្រូវធានាផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន ជូន ប្រជាសហគមន៍ ជាអាទិភាពទីមួយ ដូចដែល សម្តេច បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ នាឱកាសចុះធ្វើទស្សនកិច្ចនៅតំបន់អេកូទេសចរណ៍តេទឹកពុះ និងសហគមន៍អេកូទេសចរណ៍ខ្នងផ្សារ សហគមន៍ទេសចរណ៍កំពង់ភ្លុក និងសហគមន៍ភ្នំគូលែនជាដើម។ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសរំលេចបន្ថែមថា កម្ពុជា ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិលើការងារសហគមន៍ និងអេកូទេសចរណ៍ ពិសេសក្នុងក្របខណ្ឌអាស៊ានតាមរយៈការអនុវត្តគំរូអភិវឌ្ឍសហគមន៍ទេសចរណ៍ ក្រោមទម្រង់ភាពជាដៃគូ-រដ្ឋ-ឯកជន-ប្រជាជន (4Ps : Public Private People Partnership) ដើម្បីផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋសហគមន៍,ផ្តល់ប្រយោជន៍អតិបរមាដល់មូលដ្ឋាន, កាត់បន្ថយភាពក្រីក្រ និងគោរពតាមគោលការណ៍ចីរភាព និងទទួលខុសត្រូវ ស្របតាមទស្សនទាន “ការអភិរក្សបម្រើដល់ការអភិវឌ្ឍ ការអភិវឌ្ឍបម្រើដល់ការអភិរក្ស” និងស្របតាមគោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ (Equitable Profit-Sharing Model)។ក្នុងវេទិកាដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគ.ជ.អ.អ. មានប្រសាសន៍ថា ទេសចរណ៍ គឺជាផ្នែកមួយនៃការធ្វើពិពិធកម្មសម្រាប់រកចំណូលបន្ថែមជូនប្រជាកសិករ តាមរយៈការផ្គត់ផ្គង់ផលិតផលឱ្យភ្ញៀវទេសចរផ្ទាល់ ដែលជាការនាំចេញនៅនឹងកន្លែង ពិសេសក៏បានរំលេចអំពីកិច្ចការអភិរក្សរបស់ក្រសួងកសិកម្ម ជាពិសេសកិច្ចខិតខំប្រឹងប្រែងការពារ គ្រប់គ្រង និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជារតនៈសម្បត្តិធម្មជាតិ និងជាការទាក់ទាញដ៏ធំមួយសម្រាប់អេកូទេសចរណ៍នៅកម្ពុជា។

វិស័យអប់រំបានដើរតួនាទីស្នូល លើការកសាងធនធានមនុស្ស ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេស

2025/11/25 04:51:00 pm        116
ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រាកដនិយមរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យវិស័យអប់រំ មានការរីកចម្រើន និងបានដើរតួនាទីស្នូលលើការកសាងធនធានមនុស្ស ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែខ្លាំងក្លា។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអង្គការរក្សាកុមារ លើកឡើងក្នុងពិធី ប្រគល់-ទទួលអគារបន្ទប់ទឹកស្អាតនៅសាលាបឋមសិក្សា តាំងក្រសាំង ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែវិច្ឆិកា នេះថា ក្នុងនាមជាអ្នកបន្តវេនជំនាន់ក្រោយ យើងត្រូវចងចាំជានិច្ច និងដឹងគុណឧបការៈចំពោះថ្នាក់ដឹកនាំទាំងអស់ ដែលបានបន្សល់ទុកនូវ ស្នាដៃជាច្រើន ដែលនាំមកនូវការអភិវឌ្ឍរីកចម្រើន ជាពិសេសតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ និងមានកិត្តិនាមល្បីរន្ទឺ ទាំងក្នុង តំបន់ និងលើឆាក់អន្តរជាតិ ក្នុងនោះវិស័យអប់រំក៏មានការរីកចម្រើន និងបានដើរតួនាទីស្នូលក្នុងការកសាងធនធានមនុស្ស សម្រាប់រួម ចំណែកអភិវឌ្ឍប្រទេសជាតិយ៉ាងសកម្មប្រកបដោយប្រសិទ្ធភាព។ជុំវិញសមិទ្ធផលកំពុងកើតឡើងក្នុងវិស័យអប់រំនេះ, លោកជំទាវបណ្ឌិត បានថ្លែងអបអរសាទរ ចំពោះសាលាបឋមសិក្សា តាំងក្រសាំង ដែលទទួលបានអគារបន្ទប់ទឹកស្អាតដ៏ស្អាត និងមានសោភ័ណ្ឌភាព ដែលបានរចនាដោយគិតគូរគ្រប់ជ្រុងជ្រោយពីពន្លឺ ខ្យល់ អនាម័យ ក្លិន និងភាពងាយស្រួលមួយខ្នងនេះ ដែលមានចំនួន ៨បន្ទប់ ៤បន្ទប់សម្រាប់កុមារា ៣បន្ទប់ សម្រាប់កុមារី និង ១ បន្ទប់សម្រាប់សិស្សមានពិការភាព និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងធនាគារស៊ិនហាន (ខេមបូឌា) ម.ក ដែលបានគាំទ្រឧបត្ថម្ភផ្នែកហិរញ្ញវត្ថុកសាងអគារបន្ទប់ទឹកស្អាតនេះឡើង, និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់, មន្ទីរអប់រំ យុវជន និងកីឡា, លោកនាយក, លោកគ្រូ-អ្នកគូ និងដៃគូអភិវឌ្ឍនានា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ និងរួមសាមគ្គីគ្នាកសាង អគារបន្ទប់ទឹកស្អាតថ្មីនេះឡើង សម្រាប់លើកកម្ពស់អនាម័យ គាំទ្រសុខមាលភាពក្មេងៗដែរជាសិស្សានុសិស្ស និងបង្កើនលទ្ធភាព ទទួលបានសេវា អនាម័យ បរិស្ថាន និងអនាម័យផ្ទាល់ខ្លួនប្រកបដោយសុវត្ថិភាពសម្រាប់សិស្សានុសិស្សទាំងអស់នៅក្នុងសាលានេះ។ក្នុងពិធីនេះដែរ, លោកជំទាវក៏បាននាំយកនូវអំណោយ និងប្រាក់ឧបត្ថម្ភចែកជូនរួមមាន ឧបត្ថម្ភ សាលាបឋមសិក្សា តាំង ក្រសាំង ថវិកាចំនួន ២ លានរៀល, ឧបត្ថម្ភមន្ត្រីការិយាល័យអប់រំចំនួន ១២រូប រដ្ឋបាលស្រុក និងសមាជិកគណៈកម្មការបក្សភូមិ-ឃុំ ចំនួន២៥រូប និងលោកគ្រូ-អ្នកគ្រូចំនួន ២៨រូប ក្នុងម្នាក់ៗទទួលបានភួយ ១ និងថវិកាចំនួន ៣ម៉ឺនរៀល, និងឧបត្ថម្ភសិស្សានុសិស្ស ចំនួន ២៤៩រូប ក្នុងម្នាក់ៗទទួលបានសៀវភៅ ២ក្បាល ប៉ិច ១ដើម ខ្មៅដៃ ១ដើម និងថវិកាចំនួន ១ម៉ឺនរៀល។សូមបញ្ជាក់ថា នៅរសៀលថ្ងៃដដែលនោះដែរ លោកជំទាវបណ្ឌិត ជា សិរី ក៏បានអញ្ជើញទៅប្រគល់ផ្ទះថ្មី ២ខ្នង ជូនគ្រួសារខ្វះខាត រស់ នៅឃុំជ្រាប់ ស្រុកសន្ទុករួមមាន គ្រួសារឈ្មោះ យឿន ឡូត និងគ្រួសាឈ្មោះ ម៉ើ ឌីណា ក្នុងនោះក៏បាននាំយកសម្ភារៈប្រើប្រាស់ គ្រឿង ឧបភោគ-បរិភោគ និងថវិកាមួយចំនួន សម្រាប់ជាចំដៃនៃថ្ងៃឡើងផ្ទះផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

គិតត្រឹមខែតុលា ឆ្នាំ២០២៥ សហគ្រាសនៅកម្ពុជាកើនឡើងជាង ៤ម៉ឺនសហគ្រាស

2025/11/25 04:32:40 pm        318
ក្នុងរយៈពេល ១០ខែដើមឆ្នាំ២០២៥ សហគ្រាសនៅកម្ពុជាកើនឡើងជាង ៤ម៉ឺន ខណៈវិស័យកាត់ដេរកើនឡើងដល់ ១៨១០ រោងចក្រសហគ្រាស ដែលបានផ្តល់ឱកាសការងារដល់កម្មករនិយោជិតប្រមាណជាង ២លានកន្លែង។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។អ្នកនាំពាក្យដដែលរូបនេះ គូសបញ្ជាក់ថា កំណើននៃរោងចក្រសហគ្រាសនេះបង្ហាញពីភាពល្អប្រសើរនៃវិស័យការងារ និងសេចក្តីទុកចិត្តរបស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាលកម្ពុជា។លោក ស៊ុន មេសា លើកឡើងថា៖ “កំណើននៃរោងចក្រដ៏ច្រើននេះ បង្ហាញពីវឌ្ឍនភាពនៃវិស័យកាត់ដេរនៅកម្ពុជា និងបង្ហាញពីសេចក្តីទុកចិត្តរបស់វិស័យឯកជន និងវិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបន្តអនុគ្រោះទៅដល់រោងចក្រសហគ្រាសថ្មីៗជាបន្តបន្ទាប់ ក្នុងនោះក្រសួងការងារ បានកាត់បន្ថយនូវសេវារបស់ខ្លួន ជិត ២០សេវា ដើម្បីសម្រួលដល់ការធ្វើអាជីវកម្មរបស់វិនិយោគិន”។ បន្ថែមពីនេះ អ្នកនាំពាក្យរូបនេះ មានប្រសាសន៍ថា នៅកម្ពុជាមិនត្រឹមតែមានលក្ខខណ្ឌការងារល្អប្រសើរនោះទេ ថែមទាំងសម្បូរទៅដោយកម្លាំងពលកម្មដែលមានជំនាញគ្រប់គ្រាន់ ដែលជាកត្តាគួរផ្សំក្នុងការទាក់ទាញអ្នកវិនិយោគផងដែរ។លោក ស៊ុន មេសា បន្ថែមថា៖ “យើងឃើញថា លក្ខខណ្ឌការងារនៅកម្ពុជាមានភាពល្អប្រសើរ ដែលធ្វើឱ្យអ្នកវិនិយោគចាប់អារម្មណ៍កាន់តែខ្លាំង មកលើព្រះរាជាណាចក្រកម្ពុជា បន្ថែមពីនេះ គឺការចូលរួមរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដែលក្រសួងការងារជាសេនាធិការជូនរាជរដ្ឋាភិបាល ផ្តល់នូវភាពបត់បែននូវឱកាសនៃការបណ្តុះបណ្តាលជូនបងប្អូនកម្មករកម្មការិនីគ្រប់ពេល។ យើងអាចនិយាយបានថា លក្ខខណ្ឌការងារល្អ កម្មករមានជំនាញ ស្ថិរភាពនយោបាយ និងការទាក់ទាញវិនិយោគិនកាន់តែសម្បូរបែបដែលធ្វើឱ្យមានការវិនិយោគជាបន្តបន្ទាប់”។ អ្នកនាំពាក្យក្រសួងការងារគូសបញ្ជាក់ថា គិតត្រឹមខែតុលា ដើមឆ្នាំ២០២៥ នេះ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៥៧៩គម្រោង ជាមួយនឹងទុនវិនិយោគ ៩,២ពាន់លានដុល្លារអាម៉េរិក ដែលនឹងផ្តល់ឱកាសការងារ ៤០ម៉ឺនកន្លែងបន្ថែមទៀត ពីលើឱកាសការងារជាង ៨,២ម៉ឺនកន្លែងដែលកម្ពុជាមានស្រាប់៕ 

អន្តរភាគីជាតិ និងអន្តរជាតិ រៀបចំ យុទ្ធនាការ ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ

2025/11/25 04:27:43 pm        322
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អន្តរភាគីជាតិ និងអន្តរជាតិ រួមមាន ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អង្គការអន្តរជាតិខាងការងារ (ILO) កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងវិទ្យាស្ថានបណ្តុះបណ្តាលកាត់ដេរកម្ពុជា (CGTI) សហការរៀបចំយុទ្ធនាការ ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ» ដោយមានអ្នកចូលរួមប្រមាណ ៤៣០នាក់។ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើក ដែលយុទ្ធនាការនេះប្រារព្ធដើម្បីលើកកម្ពស់ការយល់ដឹង ពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ និងជំរុញវិធានការ ដើម្បីឆ្លើយតបទៅនឹងអំពើហិង្សា និងការបៀតបៀននៅកន្លែងធ្វើការ ដោយរំលេចនូវការប្ដេជ្ញាចិត្តរបស់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការបង្កើតវប្បធម៌សុវត្ថិភាព សេចក្ដីថ្លៃថ្នូរ និងការគោរពគ្នា ក្នុងវិស័យការងារនៅកម្ពុជា ជាពិសេសគឺវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ។ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា នៅក្នុងឆ្នាំនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជ្រើសរើសយកប្រធានបទនេះពិតជាបានគ្របដណ្តប់លើការការពារសុវត្ថិភាពរបស់កម្មករនិយោជិត ជាពិសេសការពារសិទ្ធស្រ្តី ដែលងាយរងនូវអំពើហិង្សា និងការបៀតបៀនគ្រប់រូបភាពនៅកន្លែងធ្វើការ ហើយការរៀបចំយុទ្ធនាការនេះ ជាការចូលរួមដ៏សំខាន់របស់កម្ពុជា ជាមួយនឹងពិភពលោកក្នុងការប្រារព្ធទិវា ១៦ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ របស់អង្គការសហប្រជាជាតិ ក្រោមប្រធានបទ៖ «UNITE ដើម្បីបញ្ចប់អំពើហិង្សាឌីជីថលប្រឆាំងនឹងស្រ្តី និងក្មេងស្រីទាំងអស់» ដើម្បីបង្កើនការផ្សព្វផ្សាយ សំដៅបញ្ចប់អំពើហិង្សានៅកន្លែងធ្វើការ ព្រមទាំងជំរុញដល់ការគិតគូរ និងការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ តាមរយៈការដាក់ចេញនូវយន្តការបង្ការ ទប់ស្កាត់ និងឆ្លើយតបនឹងអំពើហិង្សា និងការបៀតបៀននៅកន្លែងធ្វើការ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព សមភាព និងសមធម៌ និងការពង្រឹងការប្តេជ្ញាចិត្តក្នុងការបង្កើតកន្លែងធ្វើការឱ្យមានសុវត្ថិភាព និងគោរពគ្នាទៅវិញទៅមក។នាឱកាសនោះផងដែរ លោកស្រី Froukje Boele ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេស នៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ក្នុងពិធីបើកនៃយុទ្ធនាការ ១៦ថ្ងៃ ប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ ដែលជាចលនាសកលមួយដែលយើងទាំងអស់គ្នាត្រូវចូលរួមបង្កើតកន្លែងការងារឱ្យមានសុវត្ថិភាពសម្រាប់ស្ត្រី និងក្មេងស្រី។ ជាការពិតណាស់ នៅពេលដែលកន្លែងធ្វើការមានសុវត្ថិភាព និងមានការគោរពសិទ្ធគ្នាទៅវិញទៅមក គឺធ្វើឱ្យមានផលិតភាព និងអាជីវកម្មមានភាពជោគជ័យកាន់តែរីកចម្រើន។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយនិយោជក និងតំណាងកម្មករនិយោជិត រៀបចំយុទ្ធនាការដូចគ្នានៅតាមខេត្ត ដើម្បីចូលរួមលើកកម្ពស់ការប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក៏ដូចជាជំរុញការគោរពសិទ្ធិគ្នានៅកន្លែងធ្វើការ។ ម្ចាស់សហគ្រាស និយោជក និងកម្មករនិយោជិត ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធ រួមគ្នាប្រែក្លាយការលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នា ទៅជាវប្បធម៌នៃការអនុវត្តដ៏ល្អប្រសើរមួយ ដែលចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងអំពើហិង្សា និងការបៀតបៀន ដោយផ្អែកលើយេនឌ័រ ក៏ដូចជាធានាបាននូវសុវត្ថិភាព និងសុខភាពនៅកន្លែងធ្វើការ ដែលចូលរួមចំណែកដល់ការបង្កើនផលិតភាពការងារ៕

កម្ពុជាគ្រោងរៀបចំពិព័រណ៍ផលិតផលខ្មែរភូមិ១ ផលិតផល១ ៤លើកក្នុងមួយឆ្នាំ ដើម្បី​ជំរុញ​ការ​នាំចេញ

2025/11/25 04:22:19 pm        369
គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ នៅថ្ងៃទី៥, ៦ និង៧ ខែធ្នូ ឆ្នាំ​២០២៥​ខាង​មុខ​នេះ នឹងរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផលខ្មែរ ភូមិ១ ផលិតផល១ ដើម្បី​ចាប់​ដៃគូ​វិនិយោគ​បរទេស និងជំរុញការនាំចេញ ក្នុងទស្សនទាន៖ «លើកកម្ពស់កិត្យានុភាពផលិតផលខ្មែរ តាម​រយៈការជំរុញផលិតផលក្នុងស្រុក ពិសេសភូមិ១ ផលិតផល១ ទៅកាន់ទីផ្សារពិភពលោក។លោក វ៉ៅ សុវ៉ាង ប្រធាននាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃគណៈកម្មាធិការជាតិជំរុញចលនា ភូមិ​មួយផលិតផលមួយ បានឱ្យព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះថា គោល​បំណង​សំខាន់​នៃ​ព្រឹត្តិការណ៍ ដែលគ្រោងនឹងធ្វើនៅខែធ្នូខាងមុខនេះ គឺចង់ប្រមូល​ផលិតផល​សក្តា​នុ​ពល​តាម​បណ្តា​រាជធានី ខេត្ត ជូនដល់ដៃគូវិនិយោគ ក៏ដូចជាដៃគូសហការ ធ្វើការនាំចេញ​ផលិត​ផល​ខ្មែរ​ទៅ​កាន់ទីផ្សារអន្តរជាតិ។លោកបានបន្តថា ក្នុងរយៈពេលថ្មីៗនេះ អ្នកផលិត ក៏ដូចជា​សិប្បករ​ខ្មែរ​បាន​បង្កើត​នូវ​គំនិត​ថ្មី​ៗ​ដោយ​បា​​នបង្កើតនូវផលិតផលជាច្រើនដើម្បីគាំទ្រដល់សេដ្ឋកិច្ចជាតិ ក៏ដូចជាអាច​ធានា​នូវ​ការ​ប្រើ​ប្រាស់ ​និងការទាក់ទាញអ្នកវិនិយោគទុនផងដែរ។ លើសពីនេះថែមទៀត គឺដើម្បីចាប់​ដៃ​គូ​វិនិយោ​គ​បរទេស និងជំរុញការនាំចេញ មានបេសកកម្មចំបងៗ រួមមាន៖ លើកកម្ពស់​កិត្យា​នុភាព​ផលិត​ផល​ខ្មែរ​ ដើម្បីឱ្យសាធារណជនគាំទ្រផលិតផលក្នុងស្រុក ពិសេសផលិតផលរបស់ភូមិ១ ផលិតផល​១​។ រុញច្រានផលិតផលខ្មែរ ជ្រៀតចូលទៅក្នុងទីផ្សារបរទេស តាមរយៈការ​ស្វែង​រក​ទីផ្សារ​ទាំង​ក្នុង និងក្រៅប្រទេសសំដៅរួមចំណែកបង្កើនប្រាក់ចំណូល ដល់ម្ចាស់អាជីវកម្ម មីក្រូ​សហគ្រាសជាតិ និងសហគ្រាសភូមិ១ផលិតផល១។សូមជម្រាបជូនបន្ថែមថា ព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផលខ្មែរ ភូមិ១ ផលិតផល១ នេះ មានស្តង់ចំនួន៥០ នឹងបង្ហាញផលិតផលនានា មកពីសមាជិកភូមិ១ផលិតផល១ ក៏ដូចជាសហគ្រាសខ្មែរទូទៅ។ ក្រៅពីនេះ ក៏នឹងមានរៀបចំជាកិច្ចពិភាក្សាតុមូល ដើម្បីផ្តល់ឱកាសដល់ម្ចាស់អាជីវកម្មមុខរបរ មីក្រូសហគ្រាស សហគមន៍សេដ្ឋកិច្ចមូលដ្ឋាន និងសហគ្រាស ភូមិ១ ផលិតផល១ យល់ដឹងពីផ្នត់គំនិតកាន់តែល្អប្រសើរ ក្នុងការផលិត កែច្នៃ និងវេចខ្ចប់ ដើម្បីគាំទ្រការនាំចេញប្រកបដោយតម្លៃបន្ថែម និងការការផូផ្គងអាជីវកម្ម និងកសាងបណ្តាញជាដើម រវាងម្ចាស់អាជីវកម្មមុខរបរ មីក្រូសហគ្រាស សហគមន៍សេដ្ឋកិច្ចមូលដ្ឋាន និងសហគ្រាសភូមិ១ ផលិតផល១ មានឱកាសស្វែងរក និងចាប់ដៃគូអាជីវកម្មដូច ឬបំពេញគ្នា ដើម្បីពង្រីកវិសាលភាពអាជីវកម្មទាំងផ្នែកហិរញ្ញវត្ថុ ផ្នែកផលិត និងទីផ្សារ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អនុប្រធានទី១រដ្ឋសភា បញ្ជាក់ជូនឯកអគ្គរដ្ឋទូតអ៊ីស្រាអែល​អំពីបច្ចុប្បន្ន​ភាព​ស្ថាន​ការ​ណ៍ព្រំដែន​កម្ពុជា​-ថៃ និងការគោរពយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាចំពោះកិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួ

2025/11/25 02:47:22 pm        348
អនុប្រធានទី១រដ្ឋសភាបញ្ជាក់ជូនឯកអគ្គរដ្ឋទូតអ៊ីស្រាអែលអំពីស្ថានការព្រំដែនកម្ពុជា-ថៃ និង​ការ​គោរព​យ៉ាងម៉ឺងម៉ាត់របស់កម្ពុជាចំពោះកិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួ។ ឯកឧត្តមកិត្តិ​សេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​មហា​រដ្ឋស​ភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​បញ្ជាក់​បែប​នេះ ក្នុងឱកាស អនុញ្ញាតអោយលោកជំទាវ អាឡូណា ហ្វីសស៊ឺ-ខេម (Alona Fisher-Kamm) ឯកអគ្គរដ្ឋទូត នៃរដ្ឋអ៊ីស្រាអែល ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និង​ពិភាក្សា​ការងារ​ នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ក្នុងឱកាសនោះ លោកជំទាវ អាឡូណា ហ្វីសស៊ឺ-ខេម (Alona Fisher-Kamm) បាន​ថ្លែង​អំណរ​គុណ​ដល់​ឯកឧត្តមអនុប្រធានទី១រដ្ឋសភា ដែលបានអនុញ្ញាត​អោយ​លោក​ជំទាវ​ចូល​ជួប​សម្តែង​ការ​គួរ​សម និងពិភាក្សាការងារនាថ្ងៃនេះ ដើម្បីលើកកម្ពស់ទំនាក់ ទំនងការទូត និងកិច្ច​សហ​ប្រតិបត្តិ​កា​រទ្វេភាគីរវាងប្រទេសយើងទាំងពីរ។ជាការឆ្លើយតបឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ក្នុង​នាម​រដ្ឋសភា​កម្ពុជា​ឯកឧត្តម មានសេចក្តីសោមនស្សរីករាយដែលបាន ជួបពិភាក្សាការងារជាមួយលោកជំទាវ ឯក​អគ្គរដ្ឋទូត នៅពេលនេះ ដែលនេះជាការបង្ហាញពីស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃ ប្រទេស​យើងទាំងពីរ។ ឯកឧត្តម មានសេចក្តីរីករាយ ដោយលោកជំទាវ ឯកអគ្គរដ្ឋទូត បានជួប ពិភាក្សាការងារ ប្រកប​ដោយ​ភាពស្និទ្ធស្នាល និងជោគជ័យជាមួយ ថ្នាក់ដឹកនាំសំខាន់ៗ ក៏ដូចជាថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន មួយចំនួនទៀតផងដែរ។ ឯកឧត្តមសង្ឃឹមថា ជំនួបពិភាក្សាការងាររបស់យើងនាពេលនេះ នឹង​រួមចំណែកបន្ថែមទៀត ដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និង​នាំ​មក​នូវ​ផល​ប្រយោជន៍​សម្រាប់​ប្រទេស និងប្រជាជន យើងទាំងពីរកម្ពុជា-អ៊ីស្រាអែល។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងការទូតរវាងប្រទេស យើងទាំង​ពីរ​មាន​ការ​វិវត្ត​កាន់​តែ​ល្អ​ប្រសើរគួរឱ្យកត់សម្គាល់។ ប្រទេសយើងទាំងពីរបានបំពេញការងារយ៉ាង សកម្ម ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសំខាន់ៗ ជាច្រើន រួមមាន៖ កសិកម្ម អប់រំ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាដើម។ ជាមួយគ្នានេះ កម្ពុជា បាន​តែង​តាំង​ឯក​អគ្គ​រាជ​ទូតកម្ពុជា និងកុងស៊ុល កិត្តិយសរបស់ខ្លួនប្រចាំរដ្ឋអ៉ីស្រាអែល នាដើមឆ្នាំ២០២៥នេះ ហើយឯកឧត្តម សង្ឃឹមថា តាមរយៈការតែងតាំងឯកអគ្គរាជទូត និងកុងស៊ុលកិត្តិយសនេះ នឹង​ធ្វើ​ឱ្យ​ទំនាក់​ទំនងទ្វេភាគីរបស់យើង មានការវិវត្តកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។ ឯកឧត្តម​បានវាយតម្លៃខ្ពស់ ចំពោះប្រសាសន៍លោកជំទាវ ឯកអគ្គរដ្ឋទូត ដែលបាន​ឆ្លុះ​បញ្ចាំង​ពី​វឌ្ឍនភាព​នៃ​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ តាមរយៈការលើកកម្ពស់ទំនាក់ទំនង ការទូត​ និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរ ក៏ដូចជា​ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រជាជន និងប្រជាជន ការគោរព គ្នាទៅវិញទៅមក ព្រមទាំងការយោគយល់ និងទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅមក ដែលជាមូលដ្ឋានគ្រឹះនៃការរឹតចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទំាងពីរកម្ពុជា-អ៊ីស្រាអែល។ ឯកឧត្តម បានជម្រាបជូនពីសភាពការណ៍ពិភពលោក និងសភាពការណ៍ថ្មីៗនៃជំលោះ​ព្រំដែ​ន​កម្ពុជា-ថៃ ដែល​រាជរដ្ឋាភិបាល​កម្ពុ​ជា​គោរព​យ៉ាង​ម៉ឹងម៉ាត់​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​គូឡា​ឡាំ​ពួ ​ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ ដោយមានការចូលរួមពី សំណាក់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋ​មន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេនធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាព និង​មាន​ការ​ចូលរួមគាំទ្រពីសាធារណរដ្ឋប្រមានិតចិន និងសហគម អន្តរជាតិ ក្នុងដំណើរ​ការ​សន្តិភាព​នេះ​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM