ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

ធនាគារជាតិបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

2025/11/25 12:21:54 pm        218
កំពង់ឆ្នាំង៖ ធនាគារជាតិនៃកម្ពុជា បញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងពង្រឹង​វិសាលភាព​ នៃ​ការ​អនុវត្តវិធានការការពារអ្នកប្រើប្រាស់ សេវាធនាគារ និងហិរញ្ញវត្ថុ ដើម្បីរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​រយៈពេលវែង និងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាស្តីពី “​ចំណេះ​ដឹ​ងផ្នែកហិរញ្ញវត្ថុ និង កិច្ចការពារអតិថិជន” ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ​២០២៥​ថា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វ និងឈ្លាសវៃ របស់សម្តេច​មហាប​វរ​ធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបន្ត​សម្រេច​បាន​សមិទ្ធ​ផល​ធំ​ៗ​ជា​ច្រើន ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលធ្វើឱ្យប្រទេសជាតិ​យើង​ទទួល​បាន​នូវ​សន្តិភាព​សុវត្ថិភាព​សណ្តាប់​ធ្នាប់សង្គម និងស្ថិរភាព នយោបាយ ព្រមទាំងរក្សាបានយ៉ាងល្អ នូវស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ។ ទន្ទឹមនេះវិស័យធនាគារ និងហិរញ្ញវត្ថុ ក៏បាននិងកំពុង រីក​ចម្រើនឥតឈប់ឈរ ជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថលថ្មីៗ ស្របទៅនឹង​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​ឌីជីថល​។ ឯកឧត្តមបន្តថា ក្នុងបរិការណ៍នេះ សេវាធនាគារ និងហិរញ្ញវត្ថុក៏បានអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកប​ដោយគុណភាព ប្រសិទ្ធ ភាព បង្កើនភាពងាយស្រួល និងកាត់បន្ថយតម្លៃប្រតិបត្តិការ តាម​រយៈ​ថ្នាល​ឌីជីថល និងបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ប្រជាជន កម្ពុជា។ ប៉ុន្តែថ្នាលឌីជីថល ក៏​ប្រៀបបាននឹងអាវុធមុខពីរ ប្រាកដណាស់ថា វាអាចជួយ​ឱ្យ​យើង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់ ខណៈបច្ចេកវិទ្យាហិរញ្ញវត្ថុក៏បានបង្កឱ្យមានហានិភ័យផងដែរដូចជា៖ ការឆបោក ការ​លួច​ទិន្នន័យ និងការក្លែងបន្លំអត្តសញ្ញាណជាដើម (ឧទាហរណ៍៖ ការក្លែងបន្លំសម្លេងដោយប្រើ AI ជាសមាជិកគ្រួសារ ឬអ្នកជិតស្និទ្ធ ដើម្បីធ្វើការផ្ញើប្រាក់ឱ្យ)។ ឯកឧត្តម យឹម លាត បន្ថែមថា តាមរយៈនៃការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង​កិច្ច​ការពារ​អតិថិជន​នេះ គឺជាកាតព្វកិច្ច អាទិភាព និងចាំបាច់ ដែលធនាគារជាតិ​នៃ​កម្ពុជា​បាន​និង​កំពុង​អនុវត្ត​ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដើម្បី បញ្រ្ជាប​ការ​យល់​ដឹង​នេះ​ដល់​ប្រជាជនតាមមូលដ្ឋាន និងគ្រប់វិស័យពាក់ព័ន្ធ ដែលជាកាតាលីករ​ជួយ​ជំរុញ​ និង​លើក​កម្ពស់​បរិយាបន្ន​ ហិរញ្ញវត្ថុនៅកម្ពុជា។ ជាការពិតណាស់ យុទ្ធសាស្រ្តជាតិ​ស្តីពី​បរិយាបន្ន​ហិរញ្ញ​វត្ថុ​ឆ្នាំ​២០១៩-២០២៥ បានបញ្ជាក់ថា ឧបសគ្គចម្បងនៃ បរិយាបន្នហិរញ្ញវត្ថុ គឺការយល់​ដឹង​និង​ចំណេះ​ដឹង​ផ្នែកហិរញ្ញវត្ថុនៅកម្ពុជាមានកម្រិតទាប។ ហេតុដូច្នេះលទ្ធភាពក្នុងការស្វែងយល់អំពី ព័ត៌មាន​ហិរញ្ញវត្ថុ ការទាញយកអត្ថប្រយោជន៍ និងការប្រើប្រាស់​សេវា​ហិរញ្ញ​វត្ថុ​សម្រាប់​បង្កើន​សុខុមាល​ភាព​សេដ្ឋកិច្ចគ្រួសារ គឺ សមិទ្ធផលដែលកើតចេញ​ពី​ការ​យល់​ដឹង​អំពី​ការ​ប្រើ​ប្រាស់​ចំណេះ​ដឹ​ងផ្នែកហិរញ្ញវត្ថុ៕ អត្ថបទ៖ សុន រ៉ាឌី

ព្រឹត្តិការណ៍វាយកូនហ្គោល Vattanac Legends Championship 2025 រយៈពេល ៣ថ្ងៃ បញ្ចប់ទៅដោយជោគជ័យជាប្រវត្តិសាស្រ្តថ្មី​មិនធ្លាប់មាន​ ដែលប្រទេសកម្ពុជា​ធ្វើជាម្ចាស់ផ្ទះ​លើកដំបូង​រៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលកម្រិតអន្តរជាតិ

2025/11/25 12:03:40 pm        190
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់Vattanac Legends Championship 2025 ដល់កីឡាករស្កុតឡែន DAVID DRYSDALE ដែលជាម្ចាស់ជើងឯកការប្រកួតកីឡាវាយកូនហ្គោលលំដាប់អន្តរជាតិ Vattanac Legends Championship ជាមួយប្រាក់រង្វាន់ ៨២.៥០០ ដុល្លារ។ក្នុងពិធីដ៏មហាកិត្តិយសនេះ មានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា សំ អាង, អ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុនវឌ្ឍនៈ គ្រុប, អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ គ្រុប ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។សូមជម្រាបជូនថា ជោគជ័យនៃព្រឹត្តិការណ៍ Vattanac Legends Championship 2025 ជំរុញឲ្យស្ថាប័ន Legends Tour និងកីឡាករល្បីៗទាំងអស់បន្តស្នាក់នៅ ហើយធ្វើដំណើរទស្សនកិច្ចកម្សាន្តនៅខេត្តសៀមរាប និងបន្តធ្វើការប្រកួតពានរង្វាន់វាយកូនហ្គោលមួយទៀតឈ្មោះថា Vattanac Legends Championship Legacy Edition 2025 ដែលនឹងធ្វើការប្រកួតនៅថ្ងៃទី ២៦ - ២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីលានវាយកូនហ្គោលដ៏ប្រណីត វឌ្ឍនៈហ្គោលរីហ្សត៕

កម្ពុជានឹងអាចនាំចេញសំបុកត្រចៀកកាំទៅកាន់ប្រទេសចិនក្នុងពេលឆាប់ៗ

2025/11/25 11:54:39 am        245
ប្រធានសមាគមអ្នកផលិតនិងនាំចេញសំបុកត្រចៀកកាំកម្ពុជា រំពឹងថា កម្ពុជា​នឹង​អាច​នាំ​ចេញ​សំបុក​ត្រចៀក​កាំ​ទៅកាន់ប្រទេស ចិនបានក្នុងពេលឆាប់ៗ ខណៈកម្ពុជាបាន​និង​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ពង្រឹង​កិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ជាពិសេសជាមួយ ភាគីចិន ដើម្បីទម្លុះ​របាំង​បច្ចេក​ទេស​នៃការនាំចេញ។លោកជំទាវ វ៉ា សុជិន ប្រធានសមាគមអ្នកផលិតនិងនាំចេញសំបុកត្រចៀកកាំកម្ពុជា លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍ជាមួយ BTV ស្តីពីការអភិរក្ស ការនំាចេញ និងការ​កែច្នៃ​ផលិត​ផល​ចេញ​ពី​សំបុក​ត្រចៀ​ក​កាំនេះថា ជុំវិញការអភិវឌ្ឍលើវិស័យនេះ, បើធៀប ប្រទេសក្នុងអាស៊ាន កម្ពុជា​គឺ​ជា​ប្រទេស​កូន​ពៅ​ដែលបានអភិរក្សផ្ទះត្រចៀកកាំ ក្នុងនោះកម្ពុជា​ក៏​ជាប្រ​ទេស​ដែល​មាន​សក្តានុពល​ខ្លាំង​ លើការអភិវឌ្ឍលើវិស័យនេះផងដែរ ជាក់ស្តែងមកដល់ពេលនេះ យើងបាន​អភិរក្ស​ផ្ទះ​ត្រចៀក​កាំ​មានចំនួនរាប់ពាន់ផ្ទះ ដោយការ អភិរក្សនេះពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មាន​កំណើន​កើន​ឡើង​គួ​កត់សម្គាល់។លោកជំទាវ បន្តថា ជុំវិញការនាំចេញសំបុកត្រចៀកកាំនេះដែរ កន្លងមក​កម្ពុជា​បាន​​នាំ​ចេញ​សំបុក​ចៀក​កាំ​ទៅ​ប្រទេសជិតខាង មានចំនួនច្រើនគួរសម បច្ចុប្បន្នកម្ពុជា​ក៏​បាន​កំពុង​ខិតខំ​បង្កើត​កិច្ច​សហ​ប្រតិបត្តិការ តាមរយៈការបណ្តុះបណ្តាលជាមួយភាគីពាក់ព័ន្ធ ជាពិសេសជាមួយភាគីចិន និង​បានទំនាក់ទំនងជាមួយគយចិន និងការសុំគោលការណ៍គាំទ្រពីស្ថានទូតចិនជាដើម ដែល​តាម​រយៈ នៃកិច្ចសហការនេះ បានបង្កើតនូវទំនុកចិត្តខ្ពស់ ដល់ការនាំ​ចេញ​សំបុក​ត្រចៀក​កាំ​របស់​កម្ពុជា​ចូល​ទៅក្នុងទីផ្សារចិនក្នុងពេលឆាប់ៗ។លោកជំទាវ វ៉ា សុជិន បន្តឱ្យដឹងថា ចំពោះការផលិតនិងកែច្នៃសំបុកត្រចៀកកាំក្នុងស្រុកវិញ មក​ដល់​បច្ចុប្បន្ន​មានសិប្បកម្ម ជាច្រើន បាននិងកំពុង​កែច្នៃ​សម្រាប់​ការ​លក់​ដូរ​នៅលើ​ទីផ្សារ​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា បញ្ហានេះដែរ, លោកជំទាវបានលើកទឹកចិត្ត ដល់ម្ចាស់សិប្បកម្មកែច្នៃ សូម​ឱ្យ​ពង្រឹងនូវគុណភាពផលិតបន្ថែមទៀត ជាពិសេសការអនុវត្តស្តង់ដារ ដើម្បីការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​ក៏ដូច​ជាគាំទ្រដល់ទីផ្សារនាំចេញរបស់កម្ពុជាផងដែរ។សូមបញ្ជាក់ថា ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើផ្នែកពាណិជ្ជកម្មនេះ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹង​ប្រែងយ៉ាងខ្លាំង ជំរុញបង្កើត កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដៃគូរផ្សេងៗ ជា​ពិសេសជាមួយប្រទេសចិន ដោយបានជំរុញឲ្យមានពាណិជ្ជកម្មសេរី រវាង ប្រទេសទាំងពីរ ជាក់​ស្តែង​នា​ពេល​កន្លងមកនេះ កម្ពុជា-ចិនក៏បានបើកច្រកពាណិជ្ជកម្មលើផលិតផលសំបុកត្រចៀកកាំ រវាង​ប្រទេសទាំងពីរ, និងការពង្រឹងបណ្តាញធុរកិច្ច តាមរយៈការ​រៀបចំ​វេទិកា​រ​ពាណិជ្ជ​កម្ម​ផ្សេង​ៗ​ដូច​ជា៖​ វេទិការធុរកិច្ច ការផ្គត់ផ្គង់ពាណិជ្ជកម្ម និងការចូលរួម​ពិរព័ណ៍​លើ​ផលិត​ផល​សំបុក​ត្រចៀក​កាំ​ជាដើ​ម៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្រ្ដីកសិកម្មកម្ពុជា ជួបទូតអ៊ីស្រាអែលប្រចាំកម្ពុជា ពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មប្រទេសទាំងពីរ

2025/11/25 11:47:09 am        153
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបជាមួយនឹងលោកជំទាវ Alona Fisher-Kamm ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃរដ្ឋអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្ម បានស្វាគមន៍ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មរវាងប្រទេសទាំងពីរ ហើយបានលើកទឹកចិត្តដល់ភាគីអ៉ីស្រាអែលពិនិត្យលទ្ធភាពនៃការពង្រឹងការគាំទ្រនិស្សិតកសិកម្មកម្ពុជាក្នុងការចូលរួមកម្មវិធីហាត់ការនៅអ៉ីស្រាអែល ប្រកបដោយសុខសុវត្ថិភាព និងទទួលបានចំណេះដឹង និងចំណេះជំនាញពេញលេញ។ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងពីលទ្ធភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្មជាមួយភាគីអ៉ីស្រាអែល តាមរយៈគ្រឹះស្ថានអប់រំកសិកម្មទាំង៣ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មនៅពេលអនាគត ដើម្បីចែករំលែកចំណេះដឹងបច្ចេកវិទ្យាទំនើប និងនវានុវត្តថ្មីៗ សំដៅលើកស្ទួយវិស័យកសិកម្ម និងផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ឯកឧត្តម បានផ្ដាំផ្ញើភាគីអ៊ីស្រាអែលបន្តយកចិត្តទុកដាក់សុខសុវត្ថិភាពរបស់និស្សិតកសិកម្មកម្ពុជាដែលកំពុងបំពេញកម្មសិក្សានៅឯអ៉ីស្រាអែល៕

ក្រសួងសាធារណការ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា)​នឹង​ចាប់​ផ្តើម​រំកិលធ្នឹមស្ពាននៅចុងសប្ដាហ៍នេះ និងសូមឲ្យពលរដ្ឋ​ប្រើប្រាស់ផ្លូវវាង​តាមផ្លូវ៦០ម៉ែត្រ​

2025/11/25 11:41:01 am        377
ក្រសួងសាធារណការ និងដឹកជញ្ជូន ជូនដំណឹងដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និង​ក្រុមហ៊ុន​ដឹកជញ្ជូនទាំងអស់ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ២ឲ្យ​ជ្រាបថា ក្រសួង​បាន​និង​កំពុង​អនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា មាន ទី​តាំង​ភូមិ​សាស្ត្រខាងលិច ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងខាងកើត​នៅ​សង្កាត់​ព្រែក​ប្រា ​ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ក្នុងអំឡុងពេលនេះ នៅតំបន់ការដ្ឋានសាងសង់ស្ពានផ្នែកខាងលិច នៅចន្លោះ សសរស្ពានទី៥ កាត់​រំលង​ផ្លូវជាតិលេខ២ (ក្បែរសាលា ACE) នឹងចាប់ផ្តើមអនុវត្តរំកិលធ្នឹមស្ពាន ចាប់ពីថ្ងៃទី២៩ ខែ​វិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង៦ព្រឹក រហូតដល់ម៉ោង៤ រសៀល ដើម្បីសុវត្ថិភាពក្នុងអំឡុងពេលនៃការអនុវត្តរំកិលធ្នឹមស្ពានចំណុចខាងលើនេះ នឹង​ត្រូវ​បាន​បិទ​ចរាចរណ៍រយៈពេលខ្លីៗ ដែលអាចនឹងកកស្ទះ រំខានដល់អ្នកធ្វើចរាចរណ៍។ដូចនេះ​ដើម្បីសម្រួលដល់ការធ្វើដំណើរ និងធានាបាននូវសុវត្ថិភាពអ្នកដំណើរតាមផ្លូវជាតិលេខ២ ឆ្លង កាត់តំបន់ការដ្ឋានសាងសង់ ក្រសួងសាធារណការ និងដឹក​ជញ្ជូន​ អំពាវ​នាវ​ដល់​សាធារណ​ជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ មេត្តាប្រើប្រាស់ផ្លូវវាងតាមមហាវិថី សម្ដេច​តេជោហ៊ុន សែន (ផ្លូវ៦០ម.) ដើម្បីកាត់បន្ថយការកកស្ទះ។ ក្នុងដំណើរឆ្លងកាត់ការដ្ឋាន សូម​មេត្តាយកចិត្តទុកដាក់ក្នុងការបើកបរ ដោយមានការប្រុងប្រយ័ត្ន បន្ថយល្បឿនបើកបរ គោរព​តាម​ផ្លាក​សញ្ញាបង្ហាញ អនុវត្តតាមការផ្តល់សញ្ញានិងការ ណែនាំពីសមត្ថកិច្ច និងបុគ្គលិក​ការដ្ឋាន​សាង​សង់ ​ដើម្បីចៀសវាងឧបទ្ទវហេតុកើតឡើងជាយថាហេតុ។អាស្រ័យហេតុនេះ សូមសាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងយកចិត្តទុកដាក់ការធ្វើដំណើរឆ្លងកាត់តំបន់សាងសង់ ដូច​បាន​ជម្រាបជូនខាងលើ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត៕

១០ខែឆ្នាំនេះ កម្ពុជាទទួលបានគម្រោងវិនិយោគរោងចក្រជិត ៦០០ គម្រោងផ្ដល់ឱកាសការងារជាង៤០ម៉ឺននាក់

2025/11/25 11:37:51 am        145
រយៈពេល១០ខែ នៃ ឆ្នាំ ២០២៥នេះ កម្ពុជាទទួលបានការវិនិយោគលើរោងចក្រ សហគ្រាសគម្រោងជិត ៦០០ គម្រោងអាចផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋជាង ៤០ម៉ឺននាក់បន្ថែមទៀត។ នេះជាការបញ្ជាក់របស់ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្ពុជានៅតែមានដំណើរវិវត្តល្អ លើការវិនិយោគក្នុងវិស័យវាយណភណ្ឌ។ ភាពជាក់ស្ដែងគឺមានការវិនិយោគជាបន្តបន្ទាប់ ក្នុងការបង្កើតរោងចក្រ ដែលអាចផ្ដល់ជាឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជារាប់សិបម៉ឺនកន្លែង។លោកបញ្ជាក់ថា កម្ពុជាក្នុងរយៈពេល ១០ ខែនៃឆ្នាំ ២០២៥នេះ គឺទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រ សហគ្រាសរហូតដល់ ៥៧២ គម្រោង ដែលផ្ដល់ជាឱកាសការងាររហូតដល់ជាង ៤០ ម៉ឺនកន្លែងបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ លោកបានបន្តថា ទន្ទឹមនឹងឱកាសការងារបន្ថែមនេះ បច្ចុប្បន្នកម្ពុជា ក៏នៅមានតម្រូវការកម្លាំងពលកម្មជាង ៨ ម៉ឺននាក់បន្ថែមទៀត ដើម្បីទៅបំពេញតម្រូវការតាមបណ្ដារោងចក្រសហគ្រាស ដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន។ភ្ជាប់ជាមួយការវិនិយោគ និងឱកាសការងារជាច្រើនម៉ឺនកន្លែងនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសពលរដ្ឋដែលទើបត្រឡប់ពីប្រទេសជិតខាង សូមពិចារណា ចាប់យកការងារនៅក្នុងស្រុកវិញ។ បច្ចុប្បន្នគិតត្រឹមខែ តុលា ឆ្នាំ ២០២៥នេះ រោងចក្រសហគ្រាសនៅកម្ពុជា មានចំនួនជាង ៤៦ ០០០រោងចក្រ សហគ្រាស ដែលមានកម្មករនិយោជិត ជាង ២លាននាក់។ 

កម្ពុជាគឺជាប្រទេសដំបូងគេ ដែលចុះហត្ថលេខាលើពន្ធបដិការជាមួយអាមេរិក គាំទ្រ​ដល់​ទីផ្សារ​នាំ​ចេញ​

2025/11/25 11:21:36 am        318
មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្លែងឱ្យដឹងថា កម្ពុជាគឺជាប្រទេស​ដំបូង​គេ​បង្អស់​លើ​ពិភព​លោក​ ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការនេះជាមួយអាមេរិក ដោយ​បាន​ផ្ដល់​ភាព​ច្បាស់​លាស់ និងទំនុកចិត្តខ្ពស់ សម្រាប់វិនិយោគិនបរទេស ផលិត​ដើម្បី​ការ​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុ​ង​ជំនួប​ជា​មួយ​គណៈប្រតិភូ មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ដឹក​នាំ​ដោយ​លោក YAMADA Yasuhiro មន្ត្រីជាន់ខ្ពស់ផ្នែកគោល នយោបាយ ដើម្បីធ្វើការ​រាយ​ការណ៍​ជូន​អំពី​វឌ្ឍនភាពនៃការសិក្សា សមិទ្ធិលទ្ធភាព នៃគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង កម្ពុជា-ជប៉ុន ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥, ឯកឧត្តម​បាន​គូស​បញ្ជាក់​អំ​ពី​កាលានុវ​ត្ត​ភាព​ថ្មី​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា ជាពិសេសភាព ជោគជ័យនៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ​ជាមួយ​សហរដ្ឋ​អាមេរិក ក្នុងនោះកម្ពុជាគឺជាប្រទេសដំបូងគេបង្អស់លើពិភពលោក ដែល បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មបដិការនេះជាមួយអាមេរិក ដែលបានផ្ដល់ភាពច្បាស់លាស់ និង​ទំនុក​ចិត្តខ្ពស់សម្រាប់ វិនិយោគិនបរទេស រួមទាំងវិនិយោគិនជប៉ុនផងដែរ ក្នុង​កា​រ​នាំ​ចេញ​ផលិត​ផល​ទៅកាន់ទីផ្សារដ៏ធំរបស់សហរដ្ឋអាមេរិក។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានគូស​បញ្ជាក់​ពី​សារៈ​សំខាន់​ជា​យុទ្ធសាស្ត្រ​នៃ​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ ​ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលលំហូរភស្តុភារកម្ម កាត់​បន្ថយ​ថ្លៃ​ដើម​ដឹក​ជញ្ជូន និងធានាបាននូវការតភ្ជាប់ផ្លូវទឹកប្រកបដោយប្រសិទ្ធភាព។ ឯកឧត្ដម​ឧប​នាយករដ្ឋ​មន្ត្រី​ ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការគាំទ្រ និងការចូលរួមយ៉ាងសកម្មរបស់ ERIA ក្នុង​ការសិក្សាដ៏មានសារៈសំខាន់នេះ ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះ សម្រាប់​ការស​ម្រេច​ចិត្ត​លើ​ការ​អនុវត្ត​គម្រោងនាពេលអនាគត ព្រមទាំង បានសម្តែង​នូវ​អំណរ​គុណ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អរបស់ ERIA និងបានលើកទឹកចិត្តឱ្យក្រុមការងារ បន្តកិច្ចសហការឱ្យបាន ជិតស្និទ្ធ​ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីឱ្យ​គម្រោង​នេះ​បន្ត​បោះ​ជំហាន​ទៅ​មុខ​ដោយ​រលូន ​និងប្រកបដោយប្រសិទ្ធភាពខ្ពស់។សូមបញ្ជក់ថា រាជរដ្ឋាភិបាលកម្ពុជា និង ERIA បាននិងកំពុងខិតខំជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកប​ដោយចីរភាព និងបរិស្ថានល្អ ដែលស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា។ ភាគី​ទាំង​ពីរ​បានពិភាក្សាផ្លាស់ប្ដូរទស្សនៈយ៉ាងស៊ីជម្រៅ លើចំណុចគន្លឹះនានា ដើម្បីធានាថា គម្រោង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ចពិសេសបៃតងនេះ នឹងអាចរួមចំណែកទាក់​ទាញ​ការ​វិនិយោគ​ផ្ទាល់​ពីប​រទេស​ប្រកបដោយគុណភាពខ្ពស់ ព្រមទាំងផ្ដល់នូវឱកាសការងារ និងការផ្ទេរបច្ចេក​វិទ្យា​ទំនើប​ពាក់ព័ន្ធ ​ដែលនឹងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របតាមស្តង់​ដារ​អភិវឌ្ឍន៍​បៃតង​ជាស​កល​៕ ​អត្ថបទ៖ សុន រ៉ាឌី

គណៈកម្មការទី៦រដ្ឋសភា ប្រជុំពិនិត្យសិក្សាលើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា

2025/11/25 11:17:06 am        169
ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌  (គណៈកម្មការទី៦) នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំ សមាជិក សមាជិកា គណៈកម្មការ ប្រជុំផ្ទៃក្នុង នៅវិមានរដ្ឋសភា ដើម្បីពិនិត្យសិក្សាលើសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ សូមជម្រាបថា សេចក្តីស្នើច្បាប់ខាងលើ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានសម្រេច និងឯកភាព ប្រគល់ភារកិច្ចជូនដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាដោយសហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែននៃរដ្ឋសភាដើម្បីពិនិត្យសិក្សាហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។គួរជម្រាបដែរថា ខ្លឹមសារសំខាន់នៃសេចក្តីស្នើច្បាប់នេះ បានផ្លាស់ប្តូរចំណុចដែលទាក់ទងទៅនឹងមណ្ឌលបោះឆ្នោត ដែលបានបញ្ញត្តិនៅក្នុងមាត្រា៩ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលកន្លងមក នៅក្នុងខ្លឹមសារនៃមាត្រា៩នោះ គឺបានរៀបចំនិងបែងចែកមណ្ឌលបោះឆ្នោតជា៨ភូមិភាគ ដោយភូមិភាគខ្លះ មានរាជធានី ឬ ខេត្តមួយ រីឯភូមិភាគខ្លះទៀតយកខេត្តច្រើនបញ្ចូលគ្នា ហើយការកំណត់ចំនួនអាសនៈ ក៏បានកំណត់ទៅតាមភូមិភាគនីមួយៗនោះដែរ។ដោយឡែក នៅក្នុងសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ថ្មីនេះ គឺបានធ្វើការកែសម្រួលដោយយករាជធានី ខេត្តជាមណ្ឌលបោះឆ្នោតវិញ ហើយការបែងចែកអាសនៈក៏បែងចែកតាមមណ្ឌលបោះឆ្នោត រាជធានី ខេត្តដែរ។ ហេតុនេះ បទប្បញ្ញត្តិមួយចំនួននៃច្បាប់ស្តីពី “ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ចាំបាច់ត្រូវធ្វើវិសោធនកម្ម។សេចក្តីស្នើច្បាប់ស្តីពី “វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា” នេះរួមមាន២មាត្រាដែល មាត្រាមួយ៖ ចែងពីបទប្បញ្ញត្តិនៃមាត្រាណាខ្លះនៃច្បាប់ស្តីពី”ការបោះឆ្នោតជ្រើសតាំងសមា ជិក ព្រឹទ្ធសភា” ដែលត្រូវធ្វើវិសោធនកម្មនិងមាត្រាពីរ ៖ ចែងពីការអនុវត្តច្បាប់៕

គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកានេះ មានរយៈពេល២០ឆ្នាំហើយ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជាត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

2025/11/25 11:11:38 am        144
ភ្នំពេញ៖ អបអរសាទរ ខួបលើកទី២០ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ខណៈគិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺមានរយៈពេល ២០ឆ្នាំហើយ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់អង្គការយូណេស្កូ។សិល្បៈល្ខោនស្បែកធំ មានប្រវត្តិ និងអាយុកាលជាយូរលង់ណាស់មកហើយ លើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសកលលោកទទួលស្គាល់ និងឱ្យតម្លៃថា ជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ និងបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក ខាងបេតិកភណ្ឌបញ្ចេញសំឡេង និងអរូបីរបស់មនុស្សជាតិ ក្នុងឆ្នាំ២០០៥ របស់អង្គការយូណេស្កូទៀតផង ដែលនេះជាមោទនភាពជាតិមួយ ដ៏ត្រចះត្រចង់មិនអាចកាត់ថ្លៃបាន។ល្ខោនស្បែកធំ គឺជាសិល្បៈមួយមានប្រវត្តិនៅពេលព្រហ្មសាសនាចូលមកទឹកដីខ្មែរ។ កាលពីដើមឡើយ សិល្បៈប្រភេទនេះ ត្រូវបានគេឃើញសម្តែងក្នុងពិធីតែពីរ ឬបីប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយកម្រសម្តែង ជាសាធារណៈណាស់។ ពិធីទាំងនោះ មានដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ និងពិធីគ្រងរាជ្យ ឬក្នុងពិធីសក្ការៈរបស់ឥស្សរជនល្បីៗ។ រូបចម្លាក់ស្បែកនេះ ត្រូវគេឆ្លាក់ចេញពីស្បែកសត្វធំៗ ដូចជាស្បែកសត្វគោ ឬក្របីដែលត្រូវបានគេហាលឱ្យស្ងួត និងយកទៅជ្រលក់ពណ៌ជាមួយធាតុផ្សំ ដែលបានមកពីសម្បកដើមកណ្ដោល។ ក្រោយពីឆ្លាក់ និងលាបពណ៌រួច គេយកវាចងភ្ជាប់នឹងបន្ទះឬស្សីពីរដើម ដើម្បីឲ្យគេអាចកាន់ និងបង្វិលផ្ទាំងរូបនោះ នៅពេលសម្តែង។ល្ខោនស្បែកធំនេះ ជាប្រភេទល្ខោនស្រមោល គេតែងសម្តែងនៅទីងងឹត ឬក្នុងពេលយប់នៅទីវាលដែលមានបរិវេណធំទូលាយ ដូចជានៅវាលស្រែ និងទីវត្តអារាម ហើយសិល្បៈនេះ សម្តែងលើផ្ទាំងក្រណាត់ធំ ដែលត្រូវគេលាតជាលក្ខណៈបញ្ឈរឡើងលើ។ ក្រៅពីផ្ទាំងឆ្លាក់ពីស្បែក និងក្រណាត់ស គេត្រូវប្រើភ្លើងដើម្បីជះ ទៅលើផ្ទាំងក្រណាត់ស នៅសម័យដើមគេយកចន្លុះ ឬត្រឡោកដូង មកដុតជាភ្លើង។ ការសម្តែងសិល្បៈនេះ ត្រូវអមជាមួយនឹងការប្រគំភ្លេងខ្មែរដូចជា វង់ភ្លេងពិណពាទ្យ និងការនិទានរឿង ឬពោលប្រាប់រឿង។ ការប្រគំវង់ភ្លេង និងពោលប្រាប់រឿងបែបនេះ ធ្វើឱ្យបរិយាកាសនៃការសម្តែងកាន់តែមានភាពរស់រវើកស្រស់ត្រកាល និងកាន់តែជាទីចាប់អារម្មណ៍ពីទស្សនិកជន។ យើងខ្ញុំទាំងអស់គ្នា រួមគ្នា ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ៕

សម្ដេចធិបតី​បញ្ជាក់បីចំណុចជូនដល់ជនរួមជាតិពាក់ព័ន្ធការវាស់វែង និងការបោះបង្គោល​ព្រំដែន​បណ្ដោះ​អាសន្នកម្ពុជា និងថៃ

2025/11/25 10:45:02 am        162
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជានៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានផ្ញើសារបញ្ជាក់ចំនួនបីចំណុច ជូនចំពោះបងប្អូនជនរួមជាតិពាក់ព័ន្ធការវាស់វែង និងការបោះបង្គោលព្រំដែនបណ្ដោះអាសន្នកម្ពុជា និងថៃ។សម្ដេចធិបតីបានបញ្ជាក់ថា បញ្ហាព្រំដែន គឺជាបញ្ហាស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ហើយដែលយើងត្រូវរួមគ្នាដោះស្រាយ ដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្ត ក្នុងរយៈពេលវែងទៅខាងមុខ។ សម្ដេចធិបតីបានរម្លឹកថា សម្ដេចធ្លាប់បានបញ្ជាក់ជូនបងប្អូនជនរួមជាតិម្តងរួចហើយ អំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយមួយដែលត្រឹមត្រូវសម្រាប់រយៈពេលវែង និងជួយអោយបញ្ហាដូចដែលបានកើតឡើងនៅភូមិជោគជ័យនិងព្រៃចាន់អាចដោះស្រាយបញ្ចប់បាន ហើយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញបាន ជៀសវាងអូសបន្លាយបញ្ហាអោយបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខ។ សម្ដេចនាយករដ្ឋមន្រ្ដីបានបន្តថា ដំណោះស្រាយបែបនេះ គឺមិនអាចសម្រេចបានតាមរយៈការប្រើប្រាស់មធ្យោបាយហិង្សា ឬតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេ។ ផ្ទុយទៅវិញ មានតែការដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជានិងថៃ ទើបធានាបាននូវលទ្ធផលដូចចង់បានខាងលើ។ ក្នុងន័យនេះ ស្របតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែង និងបោះបង្គោលព្រំដែន បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង។ សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងថា សម្ដេចបានសង្កេតឃើញនៅតាមបណ្ដាញសង្គមមានការជជែកវែកញែក ក៏ដូចជាការបញ្ចេញមតិ ការចោទជាសំណួរ និងការបង្ហាញពីកង្វល់ របស់បងប្អូន ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការវាស់វែងនិងការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និងលេខ៥២-៥៩។ សម្ដេចបានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋបានជ្រាបពាក់ព័ន្ធនឹងចំណុចមួយចំនួន៖ ១. មានមតិខ្លះលើកឡើងថា ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និង លេខ៥២-៥៩ ធ្វើឡើងដោយប្រញ៉ាប់ប្រញ៉ាល់ ក្នុងរយៈពេលខ្លី។ នេះជាការពិតឬទេ? សម្ដេចធិបតីបានបញ្ជាក់ថា ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនខាងលើមិនមែនជាការងារដែលចាប់ផ្ដើមថ្មីទាំងស្រុងនោះទេ ប៉ុន្តែវាជាការងារបច្ចេកទេសដែលបន្តពីអ្វីដែលក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរបានរួមគ្នាធ្វើជិត ២០ឆ្នាំមកហើយ។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅពេលថ្មីៗនេះរួចហើយថា ក្នុងការងារវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចាប់ផ្តើមចុះអនុវត្តការងារនៅលើដីជាក់ស្ដែងចាប់តាំងពីឆ្នាំ២០០៦មកម្លេះ ដើម្បីវាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែន(បេតុង)ចំនួន ៧៤បង្គោល ដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម នៅចន្លោះឆ្នាំ១៩១៩-១៩២០។ កិច្ចការដែលក្រុមវាស់វែងចម្រុះបានអនុវត្តនាពេលកន្លងមក ជាពិសេសនៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ៤២-៤៧ និង ៥២-៥៩ ភាគីទាំងពីរបានត្រឹមតែចុះអនុវត្តការងារស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនតែប៉ុណ្ណោះ និងមិនទាន់បានអនុវត្តការងារខណ្ឌសីមាលើដីជាក់ស្ដែងនៅឡើយ។ ក្នុងន័យនេះ ការវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និង លេខ៥២-៥៩ នៅពេលនេះ គឺជាការបន្តអនុវត្តការងារជាជំហានៗដើម្បីឈានទៅដល់ការខណ្ឌសីមាលើដីជាក់ស្ដែង ស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា(MOU)ឆ្នាំ២០០០ ស្របតាមបែបបទការងារ(TOR)ឆ្នាំ២០០៣ និងស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមក ព្រមទាំងអនុវត្តតាមបែបបទណែនាំបច្ចេកទេស (Technical Instruction) ដែលភាគីទាំងពីរបានឯកភាពគ្នា។ ២. តើការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ន ផ្អែកលើមូលដ្ឋានអ្វី ដើម្បីធានានូវភាពត្រឹមត្រូវ តម្លាភាព និងសុក្រិតភាព ក្នុងគោលដៅធានាអោយបាននូវអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ស្របតាមសន្ធិសញ្ញា និងច្បាប់អន្តរជាតិ? ការងារវាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំងនេះ ដែលក្នុងនោះរួមទាំងបង្គោលព្រំដែនចន្លោះលេខ៤២-៤៧ និង បង្គោលព្រំដែនចន្លោះលេខ៥២-៥៩ ផងដែរ គឺធ្វើឡើងយ៉ាងហ្មត់ចត់និងទទួលខុសត្រូវខ្ពស់បំផុត ដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម។៣. តើការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ន នឹងធ្វើអោយកម្ពុជាខាតដីឬចំណេញដី? សម្ដេចបានឃើញ មានការជជែកគ្នាជាច្រើននៅតាមបណ្ដាញសង្គម អំពី ការបាត់បង់ ឬ ការទទួលបានដី បន្ទាប់ពីការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះសោះនេះ។ សម្ដេចធិបតីបញ្ជាក់ថា គោលដៅនៃការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្នខាងលើនេះមិនមែនដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេ ប៉ុន្តែគោលដៅចំបងគឺដើម្បីកំណត់នូវការខ័ណ្ឌសីមានៅលើដីជាក់ស្តែងដែលបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់រវាងប្រទេសកម្ពុជានិងថៃ ដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង និងច្បាប់អន្តរជាតិ។ កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍មិនរំលោភបំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេ ប៉ុន្តែកម្ពុជាក៏មិនយល់ព្រមឱ្យមានការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានោះដែរ។ ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននេះ គឺជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធី ដើម្បីឈានទៅបញ្ចប់ជម្លោះ និងបង្កលក្ខណៈអោយប្រជាពលរដ្ឋដែលរស់ក្នុងតំបន់ព្រំដែនដែលមានបញ្ហាអាចបានទទួលសេចក្តីសុខ និងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញ ព្រមទាំងធានាបាននូវការការពារជាដាច់ខាតនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។ ក្រោយពីការវាស់វែងបានបញ្ចប់ ក្រុមការងារចម្រុះនៃប្រទេសទាំងពីរ នឹងពិនិត្យមើលលើការកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំងសងខាង ប្រៀបធៀបជាមួយនឹងបង្គោលព្រំដែនបណ្តោះអាសន្ន ដើម្បីពិភាក្សាគ្នារកដំណោះស្រាយមួយដែលភាគីទាំងពីរអាចទទួលយកបាន ស្របតាមគោលការណ៍គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមក។ ជាថ្មីម្តងទៀត សម្ដេចធិបតីបានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ដែលជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM