ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

កម្ពុជា បង្ហាញការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការសន្តិសុខសាយប័រ ក្នុងកម្មវិធី European Cyber Week នៅបារាំង

2025/11/24 07:46:23 pm        120
ឯកឧត្តម អ៊ឹង សុខឧត្តម ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកម្មវិធី European Cyber Week លើកទី១០ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលឧត្តមភាពសាយប័រ (The Pôle d'Excellence Cyber) នៃសាធារណរដ្ឋបារាំង និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អ្នកជំនាញបច្ចេកទេសសន្តិសុខសាយប័រ និងបញ្ញាសិប្បនិម្មិត សហគ្រិនឌីជីថល និងអ្នកស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗ មកពីបណ្តាប្រទេសជុំវិញអឺរ៉ុប ដើម្បីពិភាក្សា និងចែករំលែកអំពីការវិវឌ្ឍថ្មីៗនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ។ជាមួយគ្នានេះ ឯកឧត្តម ក៏បានថ្លែងសុន្ទរកថាអំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ជាមួយកម្ពុជា និងបានលើកឡើងពីបច្ចុប្បន្នភាពនៃបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា និងកិច្ចការងារជាអាទិភាពសំខាន់ៗមួយចំនួនរួមមាន៖ ១. ការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាលើកិច្ចការសន្តិសុខសាយប័រ តាមរយៈការរៀបចំច្បាប់សន្តិសុខសាយប័រ និងការបង្កើតគណៈកម្មាធិការសន្តិសុខឌីជីថលស្របតាមការអនុវត្តផែនការយុទ្ធសាស្រ្តបច្ចុកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលកំពុងផ្តោតយកចិត្តទុកលើការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលសំដៅដល់ការជឿជាក់លើការប្រើប្រាស់ប្រព័ន្ធឌីជីថល២. ការធ្វើបច្ចុប្បន្នភាព និងធ្វើឱ្យប្រសើរឡើងនៃមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខសាយប័រ ការបណ្តុះបណ្តាលធនធានមនុស្សសាយប័រ និងការបង្កើនកិច្ចសហប្រតិបត្តិការនានាទាំងវិស័យឯកជន និងវិស័យរដ្ឋលើបច្ចេកវិទ្យាឌីជីថល៣. ការបង្កើតឧទ្យានឌីជីថលកម្ពុជា ដែលជាមជ្ឈមណ្ឌលដ៏សំខាន់ក្នុងការជំរុញការគាំទ្រដល់ការវិនិយោគផ្នែកបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាមជ្ឈមណ្ឌលគាំទ្រការស្រាវជ្រាវនូវបច្ចេកវិទ្យា និងសម្រួលដល់កិច្ចការរដ្ឋបាលសម្រាប់សហគ្រិនភាពឌីជីថលផងដែរ៤. ការត្រៀមរៀបចំព្រឹត្តិការណ៍ហ្រ្វង់កូតិច-FrancoTech កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីឆ្នាំ២០២៦ ដែលគ្រោងរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ។បន្ថែមលើនេះ ឯកឧត្តម ក៏បានលើកពីសារៈសំខាន់នៃការចូលរួមពីក្រុមហ៊ុនបច្ចេកវិទ្យានៅតាមបណ្តាប្រទេសអឺរ៉ុប និងសាធារណរដ្ឋបារាំង ដើម្បីចូលរួមកម្មវិធីឱ្យបានច្រើន និងពិចារណាលើការវិនិយោគលើវិស័យបច្ចេកវិទ្យាឌីជីថល ជាពិសេសសន្តិសុខសាយប័រ និងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) នាពេលអនាគត់ នៅកម្ពុជា។ ដោយឡែកបន្ទាប់ពីការអញ្ជើញចូលរួមកម្មវិធី European Cyber Week លើកទី១០ នៅទីក្រុងរ៉េន នៃសាធារណរដ្ឋបារាំង ពីថ្ងៃទី១៧-២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម ក៏បានអញ្ជើញធ្វើដំណើរទៅទស្សនកិច្ចសិក្សានៅ Campus Cyber នៅទីក្រុងបារីស ដែលជាមជ្ឈមណ្ឌលបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីនៃសារធារណរដ្ឋបារាំង ដើម្បីជំរុញការប្រមូលផ្តុំក្រុមហ៊ុនសន្តិសុខសាយប័រ និងអង្គភាពជំនាញលើវិស័យសន្តិសុខសាយប័រជាតិរបស់សាធារណរដ្ឋបារាំង៕

ក្រសួងការងារ និង ILO ពិភាក្សា កាតាលិករសកល ស្តីពី ការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌

2025/11/24 06:54:33 pm        112
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Xiaoyan Qian នាយិកាការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ តាមប្រព័ន្ធអនឡាញ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីពិភាក្សាស្វែងយល់អំពីវឌ្ឍនភាព និងទិសដៅសម្រាប់ការអនុវត្តផែនទីបង្ហាញផ្លូវរបស់កម្ពុជាសម្រាប់កាតាលិករសកល ស្តីពី ការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ (ក.ផ.ក.អ.)។នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលសម្រេចបាននាពេលកន្លងមក ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវ ដែលរួមមានការបង្កើតក្រុមការងារអន្តរក្រសួង និងការដាក់ចេញនូវគម្រោងរបស់អង្គការសហប្រជាជាតិសម្រាប់គាំទ្រការអនុវត្តកាតាលិករសកលនេះ។ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីទិសដៅអនុវត្ត ក្នុងការបង្កើនកិច្ចសហការជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ ក្នុងការជំរុញការឈ្វេងយល់ឱ្យកាន់តែច្បាស់អំពីសូចនាករ និងពន្លឿនការអនុវត្តផែនទីបង្ហាញផ្លូវ។ ជាកិច្ចឆ្លើយតប ទីភ្នាក់ងារអង្គការសហប្រជាជាតិ ក៏បានបង្ហាញអំពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមជួយគាំទ្រ និងជំរុញការអនុវត្តផែនទីបង្ហាញផ្លូវនេះឱ្យបានសម្រេចជោគជ័យតាមការរំពឹងទុក។គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវ បានអនុម័តផែនទីបង្ហាញផ្លូវកម្ពុជាសម្រាប់កាតាលីករសកល ស្ដីពី ការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ កាលពីខែធ្នូ ឆ្នាំ២០២៤ ដែលមានរយៈពេលអនុវត្ត ៥ឆ្នាំ (២០២៤-២០២៨)។ ផែនទីនេះមានគោលបំណងបង្កើតការងារសមរម្យ ពង្រីកប្រព័ន្ធគាំពារសង្គម និងជំរុញកំណើនប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរនាយកដ្ឋានវិស្វកម្ម បានថែទាំផ្លូវរហូតបញ្ចប់សុពលភាពរក្សាគុណភាពល្អ

2025/11/24 06:31:06 pm        204
ឯកឧត្តម ផូ ផារិទ្ធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ នៅលើការងារស្ដារឡើងវិញ ផ្លូវក្រាលដីល្បាយក្រួសរហូតបញ្ចប់សុពលភាព នៅខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង ដោយរក្សាគុណភាពផ្លូវល្អប្រសើរ សម្រាប់កាប្រើប្រាស់យូរអង្វែង ដល់ សហគមន៍មូលដ្ឋាន និងសាធារណជនទូទៅ។ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន, ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះ ត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព លើការងារស្ដារឡើងវិញផ្លូវ លូ នឹងផ្លាកឈ្មោះផ្លូវ ស្ថិតក្នុងខេត្តចំនួនពីររួមមាន៖ គម្រោងទី១៖ ការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែងជា ១១ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិត នៅភូមិកំពង់ឈើទាល ឃុំសំបូរណ៍ ទៅភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ គម្រោងទី២៖ ការងារស្ដារឡើងវិញ ផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ មាន៦កំណាត់ ប្រវែងសរុប ៩ គីឡូម៉ែត្រ ទទឹង ៨ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅ ភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ទៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ជុំវិញផ្លូវខាងលើនេះ, ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានយក ចិត្តទុកដាក់ ចាប់តាំងពីការស្ថាបនា រហូតដល់បញ្ចប់សុពលភាព ដោយបានរក្សានូវគុណភាពផ្លូវបានល្អប្រសើរ ព្រោះការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធ និងគមនាគមន៍ជនបទនេះ គឺជាគន្លឹះគាំទ្រនូវរាល់កម្មវិធីកាត់បន្ថយភាពក្រីក្រនៅតាមជនបទរបស់រាជរដ្ឋាភិបាល ក្រោម ការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, សម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍ នេះ មិនថានៅទីក្រុង ទីប្រជុំជន និងតាមជនបទឡើយ។ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងបន្ថែមថា ជាក់ស្តែងផ្លូវជនបទទាំងពីរគម្រោងខាងលើនេះ ពិតជាមានសារៈសំខាន់ ក្នុងការលើកកម្ពស់ដល់រស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈសម្រួលដល់ការធ្វើដំណើរ ការរកស៊ីទទួលទានផ្សេងៗជាដើម, ហើយទាក់ទិន ជនបទនេះដែរ ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងបន្តយកចិត្តទុកដាក់ ចំពោះគម្រោងដែលស្ថិតនៅក្រោមក្របខណ្ឌរបស់ក្រសួង ដើម្បីកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់សុខភាព និងបរិស្ថាន ដែលជាកត្តាដ៏សំខាន់ សម្រាប់ប្រជាជននៅតំបន់ជនបទ ធ្វើយ៉ាងណាជួយឱ្យប្រជាជនមានសុខភាពល្អ តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹក និងអនាម័យ ជនបទ គម្រោងជីក និងស្តារស្រះសហគមន៍ ខួងអណ្តូង ការសាងសង់អាងត្រងទឹកភ្លៀង សាងសង់ប្រព័ន្ធចែកចាយទឹកតាមបំពង់ សហគមន៍ខ្នាតតូច ស្ថានីយ៍ផលិតទឹកស្អាតសហគមន៍ និងការសាងសង់បង្គន់អនាម័យជាដើម ជំរុញអភិវឌ្ឍន៍ឱ្យក្របដណ្តប់ទូទាំង ប្រទេស ដើម្បីឆ្លើយតបនិងការរស់នៅរបស់ប្រជាជន ប្រកបដោយភាពសុខសាន្ត៕អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្ត្រីសិទ្ធិមនុស្សឥណ្ឌូនេស៊ីលើកទឹកចិត្តឲ្យពង្រឹងកិច្ចសហប្រតិបត្តិការសិទ្ធិមនុស្សឥណ្ឌូនេស៊ី-កម្ពុជា

2025/11/24 06:19:05 pm        181
ភ្នំពេញ៖ ឯកឧត្តម Natalius Pigai រដ្ឋមន្ត្រីសិទ្ធិមនុស្សនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃនេះ បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្ស និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឥណ្ឌូនេស៊ី-កម្ពុជា ក្នុងការលើកកម្ពស់ការគោរព និងការការពារសិទ្ធិមនុស្សនៅក្នុងប្រទេសទាំងពីរ និងក្នុងតំបន់។យោងតាមស្ថានទូតឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា ក្រោយចប់ជំនួបការងារ កាលពីព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្សឥណ្ឌូនេស៊ី បានបង្ហាញពីផែនការរបស់ប្រទេសឥណ្ឌូនេស៊ី ក្នុងការរៀបចំវេទិកាកម្រិតខ្ពស់ស្តីពីសិទ្ធិមនុស្សនៅអាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំក្រោយ។ រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្សឥណ្ឌូនេស៊ី បានមានប្រសាសន៍ថា “វេទិកានេះត្រូវបានផ្តួចផ្តើមឡើងជាកន្លែងសម្រាប់ប្រទេសអាស៊ីប៉ាស៊ីហ្វិក ដើម្បីកសាងការយោគយល់គ្នារួមគ្នា បង្កើនគុណភាពនៃកិច្ចសហប្រតិបត្តិការ និងពង្រឹងសមត្ថភាពស្ថាប័នក្នុងការដោះស្រាយបញ្ហាសិទ្ធិមនុស្ស”។ ឯកឧត្តម បានសម្តែងក្តីសង្ឃឹមចំពោះការគាំទ្រ និងការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះ។រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្សឥណ្ឌូនេស៊ី ក៏បានសម្តែងក្តីសង្ឃឹមរបស់លោកចំពោះការគាំទ្ររបស់កម្ពុជាចំពោះបេក្ខភាពរបស់ឥណ្ឌូនេស៊ីសម្រាប់តំណែងប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិឆ្នាំ២០២៦។ ឯកឧត្តម បានពន្យល់ថា កិច្ចខិតខំប្រឹងប្រែងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ឥណ្ឌូនេស៊ី ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញបញ្ហាសិទ្ធិមនុស្សនៅទូទាំងពិភពលោក។ ប្រភពដដែលបានបញ្ជាក់ថា ជាការឆ្លើយតប ទេសរដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ចំពោះសន្តិភាព និងការអនុវត្តសិទ្ធិមនុស្ស និងស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូនេស៊ីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសិទ្ធិមនុស្សនៅក្នុងតំបន់។ឯកឧត្តមរដ្ឋមន្ត្រី Natalius Pigai បានបន្ថែមថា "យើងក៏សង្ឃឹមសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការផ្តល់ការការពារដល់កម្មករ ទាំងកម្មករឥណ្ឌូនេស៊ីនៅកម្ពុជា និងផ្ទុយមកវិញ"។ លោកបានសម្តែងការជឿជាក់ថា រដ្ឋាភិបាលឥណ្ឌូនេស៊ីផ្តល់សារៈសំខាន់យ៉ាងខ្លាំងទៅលើលក្ខខណ្ឌរបស់ពលរដ្ឋឥណ្ឌូនេស៊ីនៅបរទេស។ លោកសង្ឃឹមថានឹងបន្តអភិវឌ្ឍភាពជាដៃគូជាមួយប្រទេសម្ចាស់ផ្ទះដែលពលរដ្ឋឥណ្ឌូនេស៊ីធ្វើការដើម្បីធានាថាសិទ្ធិរបស់ពួកគេត្រូវបានបំពេញបានត្រឹមត្រូវ។បន្ទាប់មក ទេសរដ្ឋមន្ត្រីកម្ពុជាបានផ្តល់ព័ត៌មានថ្មីៗអំពីការវិវត្តន៍សិទ្ធិមនុស្សនៅក្នុងប្រទេសរបស់លោក។ កិច្ចប្រជុំបានបញ្ចប់ដោយការបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញរបៀបវារៈការពារសិទ្ធិមនុស្សនៅក្នុងតំបន់ រួមទាំងតាមរយៈកម្មវិធីកសាងសមត្ថភាពធនធានមនុស្សនៅក្នុងតំបន់នេះ។

ក្រសួងការបរទេសកម្ពុជាអះអាងថាពុំមានការសាងសង់ផ្លូវកាត់សមុទ្រទៅកាន់កោះត្រល់នោះឡើយ

2025/11/24 05:25:40 pm        158
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអះអាងថា ពុំមានការសាងសង់ផ្លូវកាត់ សមុទ្ររំលោភនឹងកិច្ចព្រមព្រៀងរវាងកម្ពុជា និងវៀតណាម(ផ្លូវកាត់សមុទ្រទៅកាន់កោះត្រល់)ដូចការចុះផ្សាយនៅតាមបណ្តាញសង្គមនោះឡើយ។ យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរ ជាតិ បានលើកឡើងថា ឆ្លើយតបនឹងការសាកសួររបស់អ្នកសារព័ត៌មាន អំពីការផ្សព្វផ្សាយក្នុងបណ្តាញ សង្គមថ្មីៗនេះដែលថា វៀតណាមកំពុងតែអនុវត្តគម្រោងសាងសង់ផ្លូវកាត់សមុទ្រភ្ជាប់ពីកោះទៀនហៃ នៃ ខេត្តអានយ៉ាង ទៅកាន់កោះហ្វូគក់ (កោះត្រល់)ផ្ទុយនឹងកិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្រ្តកម្ពុជា-វៀត ណាមឆ្នាំ១៩៨២នោះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាសូមបញ្ជាក់ថា តាមការបញ្ជាក់ពីឯកអគ្គរដ្ឋទូតវៀតណាម និងព័ត៌មានផ្តល់ដោយស្ថានទូតវៀតណាមនៅភ្នំពេញ«គឺពុំមានការសាងសង់ផ្លូវកាត់ សមុទ្ររំលោភនឹងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ»។ តាមរយៈសេចក្តីថ្លែងការណ៍នេះដែរ អ្នកនាំពាក្យរបស់ក្រសួងការទេស និងសហប្រតិបត្តិការអន្តរ ជាតិ ក៏បានបញ្ជាក់ផងដែរថា រូបភាពសំណង់ផ្លូវកាត់សមុទ្រ ដែលឃើញចែកផ្សព្វផ្សាយនៅលើបណ្តាញ សង្គមក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺជាសំណង់ផ្លូវចេញពីដីគោកនៃសង្កាត់ហាទៀត ខេត្តអានយ៉ាង គឺទៅកាន់កំពង់ផែពហុបំណងនៃទីក្រុងហាទៀត ដែលស្ថិតនៅក្នុងទឹកដីវៀតណាមប៉ុណ្ណោះ។ ជាមួយគ្នានោះដែរ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានស្នើសុំឲ្យបញ្ឈប់ការ ចែកផ្សាយព័ត៌មានខុសពីការពិតនេះ ដែលអាចបង្កឲ្យមានការយល់ខុស និងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំ នងមិត្តភាពរវាងកម្ពុជា និងវៀតណាម៕អត្ថបទ ៖ បាន ចក់

រដ្ឋមន្រ្តីកសិកម្ម៖ ទេសចរណ៍ក៏ជាផ្នែកមួយនៃការធ្វើពិពិធកម្មសម្រាប់រកចំណូលបន្ថែមជូនប្រជាកសិករ

2025/11/24 04:52:44 pm        128
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងជាអនុប្រធាននៃ​ ក.គ.អ.អ មានប្រសាសន៍ថា ទេសចរណ៍ក៏ជាផ្នែកមួយនៃការធ្វើពិពិធកម្មសម្រាប់រកចំណូលបន្ថែមជូនប្រជាកសិករ តាមរយៈផ្គត់ផ្គង់ផលិតផលជូនភ្ញៀវទេសចរផ្ទាល់ ដែលជាការនាំចេញនៅនឹងកន្លែង។ការថ្លែងនេះ ធ្វើនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្នុងឱកាស ឯកឧត្តម ឌិត ទីណា និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានអញ្ជេីញជាគណៈអធិបតីក្នុងពិធីបេីកវេទិកាជាតិអេកូទេសចរណ៍លេីកទី៤ នៅខេត្តសៀមរាប។ក្នុងឱកាសចូលរួមពិធីបើកវេទិកាជាតិអេកូទេសចរណ៍ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានរំលេចអំពី កិច្ចការអភិរក្សរបស់ក្រសួងកសិកម្ម ជាពិសេសកិច្ចខិតខំប្រឹងប្រែងការពារ គ្រប់គ្រង និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជារតនៈសម្បត្តិធម្មជាតិ និងជាការទាក់ទាញដ៏ធំមួយសម្រាប់អេកូទេសចរណ៍នៅកម្ពុជា។ឯកឧត្តមរដ្ឋមន្រ្តី សូមកោតសរសើរ និងវាយតម្លៃខ្ពស់នូវការដឹកនាំរបស់ក្រសួងទេសចរណ៍ និងការចូលរួមពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដែលបានសហការដើម្បីជំរុញវិស័យអេកូទេសចរណ៍ឱ្យកាន់តែរឹងមាំនិងមាននិរន្តរភាពធនធានធម្មជាតិនិងបរិស្ថាន៕

គណៈទន្តពេទ្យរាជធានីភ្នំពេញ បានខិតខំដើម្បីលើកកម្ពស់ស្តង់ដារ នៃការប្រតិបត្តវិជ្ជាជីវៈទន្តសាស្ត្រនៅកម្ពុជា

2025/11/24 04:48:26 pm        145
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យជំនួយ កែវ ឌីណាម៉ូរ៉ា ប្រធានគណៈទន្តពេទ្យរាជធានីភ្នំពេញ បានអៈអាងថា អស់រយៈពេលជិតពីរទសវត្សមកហើយ ដែលគណៈទន្តពេទ្យរាជធានីភ្នំពេញ បានខិតខំ បំពេញបេសកកម្មយ៉ាងសកម្ម ដើម្បីលើកកម្ពស់ស្តង់ដារ នៃការប្រតិបត្តវិជ្ជាជីវៈទន្តសាស្ត្រនៅកម្ពុជា។​ការថ្លែងរបស់លោកសាស្ត្រាចារ្យជំនួយ កែវ ឌីណាម៉ូរ៉ា យ៉ាងដូច្នេះ ក្នុងពិធីបើកសន្និសីទ ទន្តសាស្រ្តរាជធានីភ្នំពេញ និងការតាំងពិព័រណ៍សម្ភារបរិក្ខារ លើកទី២ ក្រោមប្រធានបទ «ការបណ្តុះបណ្តាល នឹងការអភិវឌ្ឍសមត្ថភាពរបស់អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យទន្តសាស្ត្រ» រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ រៀបចំដោយគណៈទន្តពេទ្យរាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមទន្តបណ្ឌិត សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់នៃគណៈទន្តពេទ្យកម្ពុជា និងលោកសាស្ត្រាចារ្យជំនួយ ប៉ូច សុភារ័ត្ន ប្រធានគណៈទន្តពេទ្យកម្ពុជា។លោកសាស្ត្រាចារ្យជំនួយ បានបន្តថា ការជួបជុំគ្នា ក្នុងឱកាសនេះ គឺជាការឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្ម ផុសផុលក្នុងការអភិវឌ្ឍវិជ្ជាជីវៈបន្ត។ សន្និសីទទន្តសាស្ត្រនេះ ប្រារព្ធឡើងក្រោមប្រធានបទ “ការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពរបស់អ្នកប្រកបវិជ្ជាជីវៈ ក្នុងវិស័យទន្តសាស្ត្រ” ដែលជាប្រធានបទមួយ ឆ្លើយតបទៅ នឹងការអភិវឌ្ឍយ៉ាងខ្លាំង ផ្នែកទន្តសាស្ត្រឌីជីថល និងការប្រតិបត្តិ វិជ្ជាជីវៈទន្តសាស្ត្រដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ។ គណៈកម្មការរៀបចំសន្និសីទត្រូវបានបង្កើតឡើង ហើយបានអញ្ជើញវាគ្មិនជាតិ និងអន្តរជាតិ ល្បីៗជាច្រើនរូប ក្នុងគោលបំណងធ្វើបទបង្ហាញចែករំលែកចំណេះដឹង ជំនាញ បទពិសោធ និងបច្ចេកទេសថ្មីៗ ដល់ទន្តពេទ្យរបស់យើង។ អង្គសន្និសីទនេះ គឺជាវេទិកាមួយដែលផ្តល់នូវការ ពិភាក្សា ផ្លាស់ប្តូរ គំនិតយោបល់ថ្មីៗ លទ្ធផលនៃការអនុវត្ត និងស្រាវជ្រាវគ្លីនិក ដែលអាចឆ្លើយតបបាន ទៅនឹងបញ្ហាប្រឈមនានា ដែលបានជួបប្រទះក្នុងការផ្តល់សេវាព្យាបាល ថែទាំសុខភាពមាត់ ធ្មេញ ជូនប្រជាពលរដ្ឋ។ លោកសាស្ត្រាចារ្យជំនួយ កែវ ឌីណាម៉ូរ៉ា បានបន្ថែមទៀតថា សមិទ្ធផលជាច្រើន ដែលយើងសម្រេចបានជាបន្តបន្ទាប់មកនេះ ក៏ដោយសារមានការគាំទ្រ យ៉ាងពេញទំហឹងរបស់សម្តេចមហាបវរធិបតី ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបវរធិបតីជាបុគ្គលដ៏ឆ្នើមរបស់កម្ពុជា និងការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាននឹងកំពុងយកចិត្តទុកដាក់ដល់ គណៈទន្តពេទ្យ ក៏ដូចជាការខិតខំប្រឹងប្រែង អស់ពីកំលាំងកាយចិត្ត និងដោយមិនខ្លាចនឿយហត់។នាឱកាសនោះលោកសាស្ត្រាចារ្យជំនួយ ប៉ូច សុភារ័ត្ន ប្រធានគណៈទន្តពេទ្យកម្ពុជា បានថ្លែងថា គណៈទន្តពេទ្យកម្ពុជា តែងតែលើកទឹកចិត្ត និងគាំទ្រដល់សកម្មភាពអភិវឌ្ឍវិជ្ជាជីវៈបន្តដែលរៀបចំឡើងដោយគណៈទន្តពេទ្យរាជធានី-ខេត្ត សមាគមវិជ្ជាជីវៈទន្តសាស្រ្ត គ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈ និងឯកជន និងដៃគូអភិវឌ្ឍបណ្តុះបណ្តាលវិជ្ជាជីវៈនានា សំដៅជំរុញឲ្យមានការចូលរួមពីសំណាក់ទន្តពេទ្យទាំងអស់នៅក្នុងការសិក្សាស្រាវជ្រាវ និងបន្តអភិវឌ្ឍនូវសមត្ថភាព ចំណេះ ជំនាញ និងបច្ចេកវិទ្យាថ្មីៗ ក្នុងគោលបំណងបង្កើននូវចំណេះដឹង ជំនាញវិជ្ជាជីវៈ ដើម្បីឆ្លើយតបបានទៅនឹងសមាហរណកម្មក្នុងតំបន់ ក៏ដូចជាសកលលោក ព្រមទាំងការលើកកកម្ពស់ការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពមាត់ធ្មេញ ជូនដល់ប្រជាពលរដ្ឋប្រកបដោយគុណភាព សុវតិ្ថភាព និងការទទួលខុសត្រូវខ្ពស់។ ប្រធានគណៈទន្តពេទ្យកម្ពុជា ក៏បានសម្តែងនូវមនោសញ្ចេតនាស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់វាគ្មិនជាតិ និងអន្តរជាតិ ដែលបានចូលរួមចំណែក ចែករំលែកភាពជាអ្នកដឹកនាំ នវានុវត្តន៍ ចែករំលែកនូវបទពិសោធន៍ថ្មីៗដល់ទន្តពេទ្យកម្ពុជា៕អត្ថបទ រដ្ឋា

រយៈពេលត្រឹមតែ៧ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ផ្តាច់ជីវិតមនុស្សជិត ៥០នាក់ និងរងរបួសធ្ងន់ស្រាលជាង ១០០នាក់

2025/11/24 04:08:59 pm        325
រយៈពេលត្រឹមតែ៧ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានបន្តកើតឡើងចំនួន៦៩ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៤៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១២០នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។បើតាមអ្នកនាំពាក្យរង ករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន នៅថ្ងៃទី១៧វិច្ឆិកា មាន៨ករណី ស្លាប់៥នាក់ របួស៩នាក់ ថ្ងៃទី១៨ មាន៧ករណី ស្លាប់១នាក់ របួស៩នាក់ ថ្ងៃទី១៩ មាន១៤ករណី ស្លាប់៥នាក់ របួស២៥នាក់ ថ្ងៃទី២០ មាន១៤ករណី ស្លាប់១៩នាក់ របួស៤២នាក់ ថ្ងៃទី២១ មាន៩ករណី ស្លាប់៧នាក់ របួស១៤នាក់ ថ្ងៃទី២២ មាន៧ករណី ស្លាប់២នាក់ របួស១០នាក់ និងថ្ងៃទី២៣ វិច្ឆិកា មាន១០ករណី ស្លាប់៥នាក់ របួស១១នាក់។លោក ទូច សុឃៈ បានឱ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង បណ្តាលឱ្យមានមនុស្សស្លាប់ និងរងបួសជាច្រើននាក់ក្នុងរយៈពេល៧ថ្ងៃមុននេះ គឺមាននៅតាមមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ កែប កំពត កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ កំពង់ចាម និងខេត្តព្រៃវែង។ខណៈគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងឥតស្រាកស្រាន្ត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្តក្រើនរំលឹក និងទទូចអំពាវនាវទៅកាន់អ្នកបញ្ជាយានយន្ត និងអ្នកដំណើរលើដងផ្លូវទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងមានស្មារតីបង្កើនការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា មិនថានៅលើផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខេត្ត ឫផ្លូវតាមសហគមន៍ភូមិ ឃុំ ក៏ដោយ ក៏ត្រូវតែប្រុងប្រយ័ត្នជានិច្ច គឺដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដ៏ទៃ។គួរបញ្ជាក់ថា ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានដាក់ឱ្យអនុវត្តឡើងវិញហើយ ក្រោយពីត្រូវបានផ្អាកសកម្មភាពមួយរយៈ។ បច្ចុប្បន្ន នៅតាមគោលដៅមួយចំនួនក្នុងប្រទេសកម្ពុជា មន្ត្រីនគរបាលចរាចរណ៍បាននិងកំពុងអនុវត្តវិធានការច្បាប់នេះ ជាបណ្តើរៗផងដែរ។ ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ ស្របតាមស្មារតីនៃគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ

2025/11/24 03:55:13 pm        380
តបតាមការអញ្ជើញរបស់ឯកឧត្តម ថងសាវណ្ណ ភុមវិហាន រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងធ្វើជាសហប្រធាន នៃកិច្ចប្រជុំ​លើក​ទី១៥ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងឡាវ នៅ​ទីក្រុង​វៀង​ចន្ទន៍ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ឯកឧត្តម ប្រាក់ សុខុន ក៏នឹងអញ្ជើញជួបសម្តែងការគួរសម ចំពោះឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានាធិបតី និងឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់​ដន​ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ដំណើរទស្សនកិច្ចផ្លូវការនេះ បញ្ជាក់ជាថ្មីនូវទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង រវាង​ប្រទេស​ទាំង​ពីរដែលបង្ហាញពីការប្តេជ្ញាចិត្តរួមនៃប្រជាជាតិទាំងពីរ ក្នុងការធ្វើឱ្យកាន់​តែ​ស៊ីជម្រៅ​នូវចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការពហុវិស័យ។

ប្រាក់រៀលបានរក្សានូវលំនឹងល្អ ដោយបានរួមចំណែកលើកបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់

2025/11/24 03:52:18 pm        107
កំពង់ឆ្នាំង៖ វឌ្ឍនភាពនៃកំណើនការប្រើប្រាស់ប្រាក់រៀលនេះ និងការរក្សាបាននូវលំនឹងល្អនៃតម្លៃប្រាក់រៀល ដោយមានតម្លៃជាមធ្យម ប្រមាណ ៤ ០៥០ រៀល ក្នុង១ដុល្លារ នៅក្នុងរយៈពេលជាង ២ ទសវត្សរ៍ចុងក្រោយ ដែលបានរួមចំណែកលើកការបង្កើនទំនុកចិត្ត ប្រាក់រៀលដល់អ្នកប្រើប្រាស់។ ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ប្រាក់រៀល ប្រព័ន្ធ បាគង និងខេអេចឃ្យូអរ” នៅខេត្តកំពង់ឆ្នាំង ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ជុំវិញការលើកកម្ពស់ប្រាក់រៀលនេះ រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាច្រើន ដោយក្នុងនោះការលើកកម្ពស់ប្រាក់រៀល ក៏ជាការងារអាទិភាព មួយ ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ ក្រោយកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ជាលទ្ធផល, និន្នាការនៃការប្រើប្រាស់ប្រាក់រៀលក៏មានការកើនឡើងជាលំដាប់។ឯកឧត្តម បន្តថា វឌ្ឍនភាពនៃកំណើនការប្រើប្រាស់ប្រាក់រៀលនេះ និងការរក្សាបាននូវលំនឹងល្អនៃតម្លៃប្រាក់រៀល ដោយមាន តម្លៃជាមធ្យមប្រមាណ ប្រមាណ ៤ ០៥០ រៀល ក្នុង១ដុល្លារ នៅក្នុងរយៈពេលជាង២ទសវត្សរ៍មកនេះ វាបានជួយទប់ស្កាត់កម្រិតដុល្លា រូបនីយកម្មមិនឱ្យកើនឡើងទៀត ទោះបីជាការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅមិនទាន់ថមថយនៅឡើយ ជាពិសេសនៅរាជធានី ភ្នំពេញ និងតាមទីប្រជុំជននៅតាមបណ្តាខេត្ត ដែលការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅបន្តមានកម្រិតខ្ពស់បើធៀប នឹងប្រាក់រៀល ក៏ដោយ។ នេះគឺជាមេរៀនប្រវត្តិសាស្រ្តដែលបានបង្ហាញថាការបាត់បង់ជំនឿទុកចិត្តលើប្រាក់រៀល កើតឡើងត្រឹមរយៈពេលដ៏ខ្លី តែការ ស្តារទំនុកចិត្តឡើងវិញ គឺជាការលំបាក ហើយទាមទារនូវពេលវេលា និងការចូលរួមយ៉ាងសកម្មរបស់ក្រសួង-ស្ថាប័ន វិស័យឯកជន និងជាពិសេសប្រជាពលរដ្ឋយើងទាំងអស់គ្នា។បញ្ហានេះ, យោងតាមលទ្ធផលសិក្សាស្រាវជ្រាវរវាងធនាគារជាតិនៃកម្ពុជា និង JICA កាលពីឆ្នាំ២០១៧ បានបង្ហាញថា ប្រាក់ រៀលបានទទួលការទុកចិត្ត និងការប្រើប្រាស់កាន់តែច្រើនក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់ជនបទ។ ចំណែកលទ្ធផលសិក្សាស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជា សហការជាមួយអង្គការ UNDP ក្នុងឆ្នាំ២០២៣ បានបង្ហាញថា កម្មករ និយោជិតរោងចក្រដែលរស់នៅតាមបណ្តាខេត្ត ចាយវាយប្រចាំថ្ងៃរហូតដល់ទៅ ៩២% នៃចំណាយសរុបជាប្រាក់រៀល ជាពិសេសទៅ លើការស្នាក់នៅ ថ្លៃទឹក-ភ្លើង ការធ្វើដំណើរ អាហារ សំលៀកបំពាក់ និងថ្នាំសង្កូវជាដើម។ ចំណែកកម្មករនិយោជិតរស់នៅទីក្រុង ចាយ វាយជាប្រាក់ រៀលមានអត្រា ៨២% នៃចំណាយសរុប។ ដោយឡែកប្រព័ន្ធបាគង និងស្តង់ដាខេអេចឃ្យូអរ (KHQR) ប្រព័ន្ធបាគង គឺជាប្រព័ន្ធទូទាត់ដែលអាចឱ្យអ្នកប្រើប្រាស់ ធ្វើ ប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិកដូចជា៖ ការទូទាត់ ផ្ទេរប្រាក់ ដាក់ប្រាក់ និងដកប្រាក់ទាំងក្នុងស្រុក និងជាមួយបណ្តាប្រទេសក្នុង តំបន់បានយ៉ាងឆាប់រហ័ស និងមានភាពងាយស្រួល កាត់បន្ថយចំណាយថ្លៃប្រតិបត្តិការ និងមានសុវត្ថិភាពខ្ពស់។ ចំណែក KHQR បាន សម្រួលដល់ការស្កេនទូទាត់ឆ្លង គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានយ៉ាងពិលាស ព្រមទាំងបានពង្រឹងការតភ្ជាប់ការទូទាត់ឆ្លងដែន នៅក្នុងតំបន់ផងដែរ។ បច្ចុប្បន្ន យើងអាចធ្វើការទូទាត់ប្រាក់ឆ្លងដែនតាមរយៈការស្កេន QR Code ជាប្រាក់រៀល តាមរយៈកម្មវិធីសេវា ធនាគារតាមទូរស័ព្ទ ដោយមិនចាំបាច់ប្តូរទៅជារូបិយប័ណ្ណនៅក្រៅប្រទេសនោះទេ៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM