ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

ទេសចរអន្តរជាតិអះអាងថា រាជធានីភ្នំពេញជាគោលដៅទេសចរណ៍ល្អមួយលើពិភពលោក

2025/11/24 03:44:02 pm        348
ភ្ញៀវទេសចរអន្តរជាតិ បានបង្ហាញការចាប់អារម្មណ៍ជាខ្លាំងថា រាជធានីភ្នំពេញ គឺ​ជា​គោល​ដៅ​ទេសចរណ៍ ដែលគេចូលចិត្តជាងគេនៅក្នុងតំបន់អាស៊ាន និងលើពិភពលោក ហើយការ​បង្ហាញ​ការ​ពេញ​ចិត្តខ្លាំងរបស់ភ្ញៀវទេសចរអន្តរជាតិ គឺបានធ្វើឡើង ខណៈ Website ទេសចរណ៍​អន្តរជាតិ​មួយ​ចុះផ្សាយរាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់ទី១០ លើពិភពលោក ជាទីក្រុង​ដែល​មាន​ភ្ញៀវ​ទេសចរចូលចិត្តជាងគេ។ភ្ញៀវទេសចរអន្តរជាតិ មកពីប្រទេសនានា បានថ្លែងប្រាប់BTV នៅថ្ងៃទី២៤ ខែវិច្ឆិកា នេះថា អំឡុងពេលស្នាក់នៅដើរកម្សាន្តទេសចរណ៍នៅរាជធានីភ្នំពេញ គឺមានភាពបៃតង អគារជាច្រើន​មាន​រចនាបថ​ស្អាតប្លែក ម្ហូបអាហារឆ្ងាញ់ មានគោលដៅទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ ច្រើនកន្លែង ជាពិសេសនៅពេលរាត្រី មានគឺ​ភ្ញៀវ​ទេសចរ​ចេញ​ដើ​រ​កម្សាន្ត​ច្រើន​ដែលធ្វើឱ្យមកទស្សនាម្តងហើយចង់មកម្តងទៀត។លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា ជារួម ចាប់តាំងពី​រាជ​ធានី​ភ្នំពេញ បើកដំណើរការផ្លូវថ្មើជើង នៅមាត់ទន្លេចតុមុខមក គឺបានផ្តល់តម្លៃបន្ថែមជាច្រើន ជា​ពិសេស ​គឺការទាក់ទាញភ្ញៀវទេសចរក្នុងស្រុក មកពីតាមប​ណ្តាខេ​ត្ត​ជា​ច្រើន​អញ្ជើញ​មក​ទស្សនា​រាជ​ធានី​ភ្នំពេញនៅរៀងរាល់ថ្ងៃចុងសប្តាហ៍ ហើយក្នុងនោះភ្ញៀវទេសចរអន្តរជាតិ ក៏មានពេញចិត្ត ចូលចិត្តអញ្ជើញទៅដើរទស្សនាកម្សាន្តច្រើនផងដែរ។តាមប្រភពពី​ វេបសាយអន្តរជាតិ www.cbtraveler.com បានចុះផ្សាយថា ទីក្រុងភ្នំពេញ របស់​ប្រទេស​កម្ពុជា គឺបានជាប់ចំណាត់ថ្នាក់ទី១០ លើពិភពលោក ជាទីក្រុងដែល​មាន​ភ្ញៀវ​ទេសចរ​ចូល​ចិត្ត​ ខណៈចំណាត់ថ្នាក់ទី១ គឺបានទៅ ទីក្រុងTokyo ប្រទេសជប៉ុន។បើតាម​មន្ត្រី​ជំនាញនៃក្រសួងទេសចរណ៍ បានឲ្យដឹងថា ការផ្តល់ចំណាត់ថ្នាក់នេះ គឺបាន​ធ្វើ​ឡើង​តាម​រយៈ​ក្រុមហ៊ុនទីភ្នាក់ងារ និងក្រុមការងារទេសចរណ៍ធ្វើការងារជាអន្តរជាតិ ចុះធ្វើការ​ស្ទាប់​ស្ទង់​មតិ និងផ្តល់ការវាយតម្លៃ ពីសំណាក់ភ្ញៀវទេសចរអន្តរជាតិនានា ដែលបាន​អញ្ជើញ​ទៅ​ដើ​រ​កម្សាន្ត​ទេសចរណ៍នៅតាមទីក្រុងនានា តាមបណ្តាប្រទេសនៅពិភពលោក៕ អត្ថបទ ស៊ុម សុខជា

ថ្នាក់ដឹកនាំ អ.ន.ក ចូលរួមកិច្ចប្រជុំវេទិកាធុរកិច្ច នៅទីក្រុងហ្សាកាតា

2025/11/24 03:25:11 pm        365
ក្នុងឱកាសចូលរួមមហាសន្និបាតលើកទី២៤របស់សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា អគ្គលេខាធិការរង អ.ន.ក និង ឯកឧត្តម ឧត្តមសេនីយ៍ទោ គីម សុផារុន អគ្គលេខាធិការរង អ.ន.ក បានអញ្ជើញក្នុងកិច្ចប្រជុំវេទិកាធុរកិច្ច ព្រមទាំងមានការចូលរួមពីគណៈប្រតិភូបណ្តាប្រទេសដែលជាសមាជិកសមាគមអតីតយុទ្ធជនអាស៊ាន។កិច្ចប្រជុំវេទិកាធុរកិច្ចត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើនទំនាក់ទំនងសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដើម្បីផ្តល់អត្ថប្រយោជន៍ដល់បណ្តាប្រទេសជាសមាជិក និងជួយគ្នាទៅវិញទៅមក៕

កាកបាទក្រហមកម្ពុជា រៀបចំវេទិកាបញ្ចេញទស្សនៈលើកទី១៩ ស្តីពី «កម្ពុជា​ឆ្ពោះ​ទៅ​បញ្ចប់​អេដស៍​» ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ

2025/11/24 02:10:14 pm        154
ឆ្នាំ២០២៥នេះ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ នឹងប្រារព្ធឡើងក្រោមមូលបទសកល៖ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអដស៍»។ ដើម្បីចូលរួមទិវានេះ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្ដុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសហការជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំវេទិកាបញ្ចេញទស្សនៈ ស្ដីពី «កម្ពុជាឆ្ពោះទៅបញ្ចប់អេដស៍» ដោយមានការបកស្រាយពីវាគ្មិនដែលជាប្រជាជនគន្លឹះ ចំនួន ៤រូប។ វេទិកានេះ បានធ្វើឡើងនៅសាកលវិទ្យាល័យ ប៊ែល ធី អន្តរជាតិ (សាខាទី២ ស្ពានអាកាសចោមចៅ) ក្រោមអធិបតីភាព ឯកឧត្ដម​ យូ​ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ ព្រមទាំងអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា គណៈទីប្រឹក្សាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាល, តំណាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍,​ តំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សេីរស្បែក និងកាមរោគ, គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និស្សិត និងយុវជនស្ម័គ្រចិត្តនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានសរុបប្រមាណ ៦១០នាក់។ កម្មវិធីខាងលើនេះ បានដំណើរការក្រោមការសម្របសម្រួល និងដឹកនាំវេទិកាបញ្ចេញទស្សនៈដោយ លោកបណ្ឌិត វ៉ា សុភ័ក្ត្រ លេខាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងមានគណៈវាគ្មិនចំនួន ៤រូប រួមមានលោកស្រី ព្រុំ ដាលីស អ្នកគ្រប់គ្រងកម្មវិធីបណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍ក្នុងព្រះរាជាណាចក្រកម្ពុជា (CPN+), អ្នកនាង ម៉ាត់ តើតម៉ីស៊ី ប្រធានបណ្តាញចតុមុខ BC, លោកស្រី អ៊ុក សុម៉ាល័យ ប្រធានបណ្តាញស្ត្រីធ្វើការតាមសេវាកម្សាន្ត, និងលោក ខុម ដាវិត បុគ្គលិកសហគមន៍។ ក្នុងមតិសំណេះសំណាល និងបើកវេទិកាបញ្ចេញទស្សនៈខាងលើនេះ, ឯកឧត្ដម​ យូ ឡាណា បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះអង្គវេទិកាទាំងមូល និងបានគូសបញ្ជាក់ពីខ្លឹមសារ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍» មានន័យថា យើងត្រូវតែនាំគ្នាជំរុញឱ្យអ្នកដែលបានឆ្លងមេរោគអេដស៍ ឆាប់ទទួលបានការព្យាបាល ដោយឱសថប្រឆាំង មេរោគអេដស៍បានត្រឹមត្រូវ, ជួយការពារនិងពង្រីកសេវាធ្វើតេស្តរកមេរោគអេដស៍, ធ្វើឱ្យប្រាកដនៃចង្វាក់ផ្គត់ផ្គង់ឱសថ និងឧបករណ៍បរិក្ខារ, លើកកម្ពស់ឱ្យមានការចូលរួមកាន់តែខ្លាំងថែមទៀតពីសហគមន៍ដែលរងគ្រោះដោយសារមេរោគអេដស៍/ជំងឺអេដស៍, ពង្រីកសេវាបង្ការឱ្យបានកាន់តែទូលំទូលាយ, ប្រើដំណោះស្រាយឌីជីថល និងកសាងនូវប្រព័ន្ធភាពធន់សុខភាពរបស់សហគមន៍។ល។ជាមួយគ្នានេះ ឯកឧត្ដម​អគ្គលេខាធិការរងទី​២​ ក៏បានអានជូនអង្គពិធីទាំងមូលត្រងត្រាប់នូវខ្លឹមសារទាំងស្រុងសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី​-ប៉ាស៊ីហ្វិក ឆ្លេីយតបមេរោគអេដស៍​ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដោយបានរំលេចនូវចំណុចសំខាន់ៗក្នុងការអំពាវនាវដល់បងប្អូនជនរួមជាតិ ជាពិសេសយុវជនក្នុងការបង្ការខ្លួនពីមេរោគអេដស៍។ បន្ថែមពីនេះ អង្គពិធីក៏បានត្រងត្រាប់នូវបាឋកថារបស់ ឯកឧត្ដម​សាស្ត្រាចារ្យ​មហាបរិញ្ញា ហោ​ ប៊ុនឡេង សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងជាសមាជិកក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ ស្តីពី ការលើកកម្ពស់ចំណេះដឹង និស្សិតឱ្យមានសមត្ថភាព និង “ឥរិយាបទវិជ្ជមាន” ចំពោះជំងឺអេដស៍ និងជំងឺមិនឆ្លងប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់ ជាពិសេសដំណើរការនៃការអភិវឌ្ឍភាពជាមនុស្សប្រកបដោយភាពវិជ្ជមាន ដេីម្បីក្លាយជាមូលធនមនុស្សរបស់សង្គមជាតិ។ សូមជម្រាបជូនថា ខ្លឹមសារទាំងស្រុងនៃវេទិកាបញ្ចេញទស្សនៈនេះ នឹងចាក់ផ្សាយទាំងស្រុងតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញសង្គមនានា នៅថ្ងៃទី៣០ ខែវិច្ឆិកា, ថ្ងៃទី១ និងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៥៕

រាជរដ្ឋាភិបាល ប្រកាសត្រៀមអនុវត្តផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីអត្តសញ្ញាណកម្មដំណាក់​កាលទី២ ​

2025/11/24 01:49:53 pm        210
រាជរដ្ឋាភិបាលកម្ពុជា ត្រៀមអនុវត្តផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីអត្តសញ្ញាណកម្ម ដំណាក់​កាល​ទី២​ ឆ្នាំ២០២៦-២០៣៥ ដើម្បីសម្រេចចក្ខុវិស័យ «មនុស្សគ្រប់​រូប​ត្រូវ​បាន​កំណត់​អត្ត​សញ្ញាណ»​ និង«បុគ្គលម្នាក់មានអត្តសញ្ញាណតែមួយ» ខណៈផែនការយុទ្ធ​សាស្ដ្រ​ជាតិ​ដំណាក់​កាល​ទី១​ ឆ្នាំ២០១៧-២០២៦ នឹងត្រូវបិទបញ្ចប់ឆាប់។ថ្លែងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្ដី​ព្រាង​ផែន​ការ​យុទ្ធ​សាស្ដ្រ​ជាតិ​ស្ដីពី​អត្ត​សញ្ញាណ​កម្ម ដំណាក់កាលទី២ ឆ្នាំ២០២៦-២០៣៥ (ឬហៅកាត់ NSPI 2.0) នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆកា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្ត​សញ្ញាណក​ម្មក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការ​ជាតិ​ដឹក​នាំ​តម្រង់​ទិស ការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) បានលើកឡើង​ថា​ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី​៩ នៃការអនុវត្តផែនការយុទ្ធសាស្ត្រ១០ឆ្នាំ(ដំណាក់កាលទី១) ដែលនឹង​បញ្ចប់​នៅ​ឆ្នាំ​ក្រោយ​ឆ្នាំ២០២៦ខាងមុខ ខណៈផែនការយុទ្ធសាស្ដ្រនេះ បានរៀបចំ​ឡើង​ដោយ​មាន​ការ​គាំទ្រ​​ពី​រដ្ឋាភិបាល នៃប្រទេសអូស្ត្រាលី តាមរយៈអង្គការ UNICEF។ឯកឧត្ដមបានបន្ដថា មុននឹងឈានទៅរៀបចំផែនការថ្មី សម្រាប់រយៈពេល១០ឆ្នាំបន្ត អគ្គ​នាយក​ដ្ឋាន​អត្ត​សញ្ញាណកម្ម ចាំបាច់ត្រូវការការវាយតម្លៃជារួមមួយ (ជាការវិភាគបែប SWOT Analysis​)​ លើការអនុវត្តផែនការយុទ្ធសាស្ត្របច្ចុប្បន្ន ដើម្បីកំណត់ថា៖ តើយើងសម្រេចបានអ្វីខ្លះ? មាន អ្វី​ខ្លះ​ដែលមិនទាន់សម្រេច? អ្វីខ្លះជាបញ្ហាប្រឈម? អ្វីទៅជាដំណោះស្រាយ? និងអ្វីខ្លះ​ពី​នេះ​រហូត​ដល់​ឆ្នាំ២០៣៥។ឧត្តមសេនីយ៍ឯក តុប នេត លើកឡើងទៀតថា ក្នុងរយៈពេលជិត១០ឆ្នាំកន្លងទៅនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា លើការងារអត្តសញ្ញាណកម្ម បានខិតខំអនុវត្តផែនការយុទ្ធសាស្ត្រជាតិដំណាក់កាលទី១យ៉ាងខ្ជាប់ខ្ជួន ដោយសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើនក្នុងនោះរួមមាន ការអនុម័ត និងការប្រកាសឲ្យប្រើប្រាស់ ច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលជាជោគជ័យដ៏ធំមួយក្នុងការកែលម្អ ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងការលើកកម្ពស់ការផ្តល់សេវាសាធារណៈ សម្រេចបានការរៀបចំលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ចំនួន១៧ ដើម្បីជំរុញការអនុវត្តច្បាប់។ នៅក្នុងនោះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអភិវឌ្ឍប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (IPIS) និងការរៀបចំមជ្ឈមណ្ឌល គ្រប់គ្រងទិន្នន័យ ខ្នាតតូច) ដែលជាផ្នែកមួយនៃការកសាងប្រព័ន្ធអេកូឡូស៊ីន ប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន។បន្ថែមពីលើនេះ បានអនុវត្តសាកល្បងការចុះបញ្ជីអត្រានុកូលដ្ឋាន តាមប្រព័ន្ធបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានតាមរយៈប្រព័ន្ធជូនដំណឹងពីមូលដ្ឋានសុខាភិបាល នៅសង្កាត់ចំនួន៦ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលចាប់ផ្ដើមដាក់ឲ្យប្រើប្រាស់លេខកូដសម្គាល់អត្តសញ្ញាណបុគ្គល (UIC) បានរៀបចំយុទ្ធសាស្ត្រប្រាស្រ័យទាក់ទងនៃការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម ដើម្បីពង្រឹងដល់ការចុះបញ្ជីអត្រានុកូលដ្ឋាន (SBCC)។ មួយវិញទៀតអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានសម្រួលយន្តការផ្តល់សេវាឲ្យកាន់តែល្អជូនប្រជាពលរដ្ឋ (ដូចជាសេវាលិខិតឆ្លងដែនអនឡាញ សេវាផ្ញើឯកសារដល់ផ្ទះ សេវាកែតម្រូវទិន្នន័យ សេវាផ្ទៀងផ្ទាត់ទិន្នន័យ (តាមរយៈយន្តការ CamDX) និងសេវាអត្តសញ្ញាណកម្មចល័ត ជាដើម៕ អត្ថបទ៖ បាន ចក់

ក្រសួងសុខាភិបាល និង WFP បន្តពង្រឹង-ពង្រីកសហប្រតិបត្តិការបច្ចេកទេសលើកកម្ពស់ប្រព័ន្ធអាហារូបត្ថម្ភ និងទប់ស្កាត់ជំងឺមិនឆ្លងនានា

2025/11/24 01:45:09 pm        112
ភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជូបពិភាក្សាការងារជាមួយ គណៈប្រតិភូអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដឹកនាំដោយ អ្នកស្រី Kyung-nan Park អគ្គនាយកប្រតិបត្តិអង្គការ (World Food ProgrammeឥWFP) ប្រចាំប្រទេសកម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាពបន្ថែមដែលអង្គការ WFP អាចពង្រីកការចូលរួមចំណែកអភិវឌ្ឍវិស័យអាទិភាព របស់ក្រសួងសុខាភិបាល ក្នុងការកាត់បន្ថយកង្វះអាហារូបត្ថម្ភ និងកាត់បន្ថយហានិភ័យ នៃជំងឺមិនឆ្លងដែលទាក់ទងនឹងរបបអាហារ។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដែលបានសហការយ៉ាងជិតស្និទ្ធ និងផ្ដល់ការគាំទ្រយ៉ាងសកម្ម ចំពោះក្រសួងសុខាភិបាល ក្នុងការ អភិវឌ្ឍវិស័យសុខាភិបាល និងបង្កើនគុណភាពអាហារូបត្ថម្ភ សម្រាប់ប្រជាពលរដ្ឋកម្ពុជា នាពេលកន្លងមក។ ការចូលរួមរបស់ WFP បានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងការអភិវឌ្ឍ ប្រព័ន្ធសុខាភិបាលជាតិ កាន់តែប្រសើរឡើង។អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានអបអរសាទរ ចំពោះការប្រកាសដាក់ឱ្យអនុវត្ត ផែនការយុទ្ធសាស្ត្រសុខាភិបាល ឆ្នាំ២០២៥-២០៣៤ (HSP4) និងបានកោតសរសើរចំពោះចក្ខុវិស័យថ្មី របស់ក្រសួង សុខាភិបាល ដែលផ្តោតលើការការពារ ការលើកកម្ពស់សុខភាព និងការកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លង។អង្គប្រជុំបានពិភាក្សាលើអាទិភាពមួយចំនួនរួមមាន៖១.ការកែលម្អគោលការណ៍ណែនាំស្តីពី ជំងឺកង្វះអាហារូបត្ថម្ភស្រួចស្រាវ (Acute Malnutrition), ២.អាហារូបត្ថម្ភសម្រាប់កុមារវ័យសិក្សា ដោយបន្តគាំទ្រក្រសួងអប់រំ យុវជន និងកីឡា, ៣.ការចូលរួមទូលំទូលាយលើការផ្សព្វផ្សាយអាហារមានសុខភាពល្អ, ៤.ពិភាក្សាអំពីផែនការ ជាបន្តបន្ទាប់។ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានលើកឡើងពីការគាំទ្រយ៉ាងពេញទំហឹងចំពោះ សកម្មភាពរបស់អង្គការ WFP ក្នុងការកំណត់ទិសដៅ និងផែនការអាទិភាពសំខាន់ៗមួយចំនួនលើការអភិវឌ្ឍ កម្មវិធីអាហារូបត្ថម្ភ ការអប់រំសុខភាព និងការកែលម្អធនធានមនុស្ស។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តអង្គការ WFP បន្តពង្រឹងបណ្តុះបណ្តាល កម្លាំងពលកម្ម និងបន្តរួមចំណែកក្នុងការគាំទ្រ ផែនការយុទ្ធសាស្ត្រអាហារូបត្ថម្ភជាតិ និងការការពារជំងឺមិនឆ្លង នៅកម្ពុជា៕

គណៈកម្មការទី៤រដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យទៅលើសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

2025/11/24 01:37:28 pm        169
នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅវិមានរដ្ឋសភា ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណៈកម្មការទី៤) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យសិក្សាលើសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលមានការអញ្ជើញចូលរួមពីសំណាកឯកឧត្តមអនុប្រធានលោជំទាវលេខាធិការ សមាជិក ទីប្រឹក្សាអ្នកច្បាប់រដ្ឋសភា និងមន្រ្តីជំនួយការគណៈកម្មការផងដែរ។ សូមជម្រាបថា សេចក្តីស្នើច្បាប់នេះត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្នុងប្រជុំកាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានសម្រេចនិងឯកភាពប្រគល់ភារកិច្ចជូនដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចកាព្រំដែន នៃរដ្ឋសភា ដើម្បីពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។ សូមជម្រាបផងដែរថា សេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាមាន ២មាត្រា ៕

រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធពិធីអបអរសាទរទិវា បរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ»

2025/11/24 01:35:55 pm        95
ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវា បរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ» នៅបរិវេណសាលាខេត្តព្រះវិហារ។ពិធីនេះរៀបចំឡើង ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំ ផ្សព្វផ្សាយ និងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត ឱ្យចូលរួម ធ្វើអនាម័យ កែលម្អ សោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និងមជ្ឈមណ្ឌលសេដ្ឋកិច្ច សំដៅរួមចំណែកកសាងសង្គមកម្ពុជា ឱ្យមានបរិស្ថានល្អស្អាត និងភាពស្រស់បំព្រង។ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការលើកកម្ពស់អនាម័យ និងគុណភាពបរិស្ថាន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាបរិស្ថាន សំដៅការរស់នៅប្រកបដោយសុខមាលភាព និងចីរភាព៕

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសបារាំង ចុះពិនិត្យ​ព្យាបាលជំងឺទូទៅជូនពលរដ្ឋ នៅស្រុកស្អាង

2025/11/24 01:25:32 pm        133
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានដឹកនាំសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ក្រុមហ៊ុន Laboratoire Bioderma (ប្រទេសបារាំង) ពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយមិនយកកម្រៃ នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។តាងនាមឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុមកសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានមានប្រសាន៍នាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី១ និងឯកឧត្តមបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកស្រុក អាជ្ញាធរពាក់ព័ន្ធ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានជួយសម្របសម្រួល និងសហការយ៉ាងរលូនឱ្យមានពិធីពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយមិនយកកម្រៃនាពេលនេះ។ឯកឧត្តមប្រធានក្រុម បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិយើងសម្រេចបានជោគជ័យយ៉ាងធំធេង បង្កើតបាននូវសមិទ្ធផលធំៗ ជាប្រវត្តិសាស្រ្តជាច្រើនលើគ្រប់វិស័យ។ ក្នុងនោះសម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់ចំពោះសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ដែលក្នុងនោះ វិស័យសុខាភិបាល គឺជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ បង្ខិតសេវាសុខភាពឱ្យកាន់តែគៀកជិតនឹងមូលដ្ឋាន ដើម្បីលើកកម្ពស់សុខមាភាព ដែលជាកត្តាចម្បង សម្រាប់ប្រជាពលរដ្ឋក្នុងការទទួលបាននូវសុខភាពល្អ សំដៅរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង។ឯកឧត្តមប្រធានក្រុម បានបញ្ជាក់បន្ថែមថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃក្រុមហ៊ុន Laboratoire Bioderma របស់ប្រទេសបារាំង ចុះមកពិនិត្យ និងព្យាបាលជំងឺទូទៅជូនបងប្អូនប្រជាពលរដ្ឋដោយមិនយកកម្រៃ ព្រមទាំងផ្តល់ថ្នាំជូនទៅតាមប្រភេទជំងឺក្នុងស្មារតីមនុស្សធម៌ ដែលស្តែងចេញពីទឹកចិត្តសប្បុរស សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាល ជួយកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋបានមួយចំណែក។ ជាមួយគ្នានេះ ឯកឧត្តមសង្ឃឹមថា ក្រុមគ្រូពេទ្យនឹងបន្តធ្វើការងារមនុស្សធម៌ជូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ក៏ដូចជាចុះជួយនៅភូមិភាគទី៣ និងភូមិភាគនានាជាបន្តបន្ទាប់ទៀត។ឯកឧត្តមប្រធានក្រុម បានក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅស្រុកស្អាងទាំងអស់ សូមថែទាំសុខភាពឱ្យបានល្អ ខិតខំថែរក្សាសុខភាពរបស់ខ្លួន ដោយត្រូវយល់ដឹងឱ្យបានច្រើនអំពីបញ្ហាអនាម័យ តាមរយៈការហូបស្អាត រស់នៅស្អាត និងគោរពតាមការណែនាំរបស់គ្រូពេទ្យ និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល និងភ្នាក់ងារសុខាភិបាល។ក្នុងពិធីពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយមិនយកកម្រៃនាពេលនេះរៀចំឡើងដោយចំណាយថវិកាសរុបទាំងអស់ចំនួន៣,៩០០,០០០រៀល៕

ទូតសាធារណរដ្ឋតួកគីយ៉េប្រចាំកម្ពុជានាំយកជំនួយសប្បុរសធម៌ចែកជូនពលរដ្ឋភៀសសឹកនៅវត្តច័ន្ទស៊ីសាមគ្គីរតនារាម និងពិនិត្យទិដ្ឋភាពជាក់ស្តែងផលប៉ះពាល់បង្កដោយជម្លោះព្រំដែនកម្ពុជា-ថៃ

2025/11/24 01:25:14 pm        341
នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ទី នីតូរ្យ អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) បានចូលរួមជាមួយ លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េប្រចាំកម្ពុជា នាំយកជំនួយសប្បុរសធម៌ ដែលជាការបរិច្ចាគពីរដ្ឋាភិបាលតួកគីយ៉េ សរុបទឹកប្រាក់ប្រមាណ ៤ម៉ឺនដុល្លារអាម៉េរិក រួមមានគ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់ និងបង្គោលភ្លើងសូឡា ដើម្បីចែកជូនប្រជាពលរដ្ឋប្រមាណ ៧០០ គ្រួសារ នៅវត្តច័ន្ទស៊ីសាមគ្គីរតនារាម នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលត្រូវបានជម្លៀសពីភូមិព្រៃចាន់ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ ពិធីប្រគល់-ទទួលអំណោយនេះ ត្រូវបានរៀបចំក្រោមកិច្ចសហការរវាងក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ចនៃកបទ.សអ និងអាជ្ញាធរមូលដ្ឋាន ដោយមាន ឯកឧត្តម លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អញ្ជើញចូលរួមទទួល។ក្នុងឱកាសនោះ គណ:ប្រតិភូបានពិនិត្យមើលទិដ្ឋភាពជាក់ស្តែង និងឃើញនូវផលប៉ះពាល់ដែលបង្កដោយជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមអនុរដ្ឋលេខាធិការបានបង្ហាញនូវក្តីសង្ឃឹមថា ការផ្តល់ជំនួយនេះនឹងជំរុញឱ្យមានការចូលរួមបន្ថែមពីភាគីផ្សេងៗទៀត ខណៈដែលលោកជំទាវឯកអគ្គរដ្ឋទូតក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃការបន្តផ្តល់ជំនួយមនុស្សធម៌ជូនដល់តំបន់រងគ្រោះ៕

ក្រសួងមុខងារសាធារណៈ ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិភាក្សាលើសេចក្តីព្រាង ព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈនៃអង្គគ្រូបង្រៀន

2025/11/24 12:04:04 pm        338
​កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំ ពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈនៃអង្គគ្រូបង្រៀន។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងគ្រប់ក្រសួងស្ថាប័ន ដែលជាសមាជិកអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ ជាច្រើនរូប។ព្រះរាជក្រឹត្យនេះ កំណត់អំពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន ដើម្បីប្រមូលផ្តុំ និងគ្រប់គ្រងបុគ្គលិកអប់រំ ដែលទទួលការអប់រំ ការបណ្តុះបណ្តាលគរុកោសល្យ ឬវគ្គតម្រង់ទិស មានបទពិសោធការងារ មានចំណេះដឹង និងកំពុងបំពេញការងារក្នុងវិស័យអប់រំ។នៅក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ គូសបញ្ជាក់ថា ការរៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈនៃអង្គគ្រូបង្រៀននេះ នឹងទៅជំនួសព្រះរាជាក្រឹត្យពីមុន និងគ្រប់ដណ្តប់ទៅលើគ្រូបង្រៀនក្របខ័ណ្ឌ គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យស្ថិតក្រោមលក្ខន្តិកៈតែមួយ។ ឱ្យតែគ្រូបង្រៀន ទាំងនៅបឋមក៏ដោយ នៅអនុវិទ្យាក៏ដោយ នៅមធ្យមសិក្សាក៏ដោយ រួមទាំងកិច្ចសន្យាក៏ដោយ ក្របខ័ណ្ឌក៏ដោយ កិច្ចព្រមព្រៀងក៏ដោយ ត្រូវតែមានស្តង់ដាតែមួយ។ គ្រូបង្រៀនទាំងអស់ត្រូវគោរពស្តង់ដាក្រសួងអប់រំ យុវជន និងកីឡា។ នេះជាកិច្ចការមួយដែលយើងរៀបចំឡើង ដើម្បីឱ្យស្តង់ដារួមតែមួយរបស់វិជ្ជាជីវៈគ្រូបង្រៀន។ នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM