ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

ឯកឧត្តម គន់ គីម ដឹកនាំគណៈប្រតិភូចូលរួមពិធីបើកកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣៧ នៅទីក្រុងហ្សាកាតា

2025/11/24 11:51:32 am        177
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣៧ ដែលដឹកនាំដោយប្រធាន VECONAC ដើម្បីពិនិត្យ អនុម័តលើរបៀបវរៈកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣៧ និងពិនិត្យ អនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចដែលបានព្រាងក្នុងកិច្ចប្រជុំគណៈកម្មការការងារលើកទី៦ សម្រាប់មហាសន្និបាតលើកទី២៤។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីបណ្តាថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានទាំងអស់។

អូស្ត្រាលី និងកម្ពុជា សហការគ្នាកសាងកម្លាំងពលកម្មជំនាញសម្រាប់អនាគតកម្ពុជា

2025/11/24 11:38:50 am        359
ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នឹង​ផ្តល់​ជំនាញ​ដល់​អ្នក​ជំនាន់​ក្រោយ​របស់​កម្ពុជា ដើម្បីធ្វើការនៅក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើន ដូចជា ឧស្សាហកម្មយានយន្ត ថាមពល​ស្អាត ការផលិតឧបករណ៍ទំនើប ការកែច្នៃកសិកម្ម អេឡិចត្រូនិច និងព័ត៌មានវិទ្យា។ វិទ្យាស្ថាន Bendigo Kangan Institute (BKI) នៃប្រទេសអូស្ត្រាលី សហការជាមួយ ក្រសួង​ការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) និងក្រុមហ៊ុន RMA Cambodia បាន​បង្កើត​មជ្ឈ​មណ្ឌល​ឧត្តមភាពយានយន្តកម្ពុជា ដែលជាវិទ្យាស្ថាន TVET ស្តង់ដារអន្តរជាតិ ដើម្បីបណ្តុះ​បណ្តាល​ជំនាញដល់ប្រជាជនកម្ពុជាក្លាយជាអ្នកជំនាញផ្នែកយានយន្ត មេកានិច និងជួស​ជុល​ដែល​មាន​សមត្ថភាពខ្ពស់។ ជំនាញទាំងនេះមានសារៈសំខាន់ក្នុងការកសាងកម្លាំងពលកម្មជំនាញដែលមានសមត្ថភាពខ្ពស់សម្រាប់វិស័យផលិតយានយន្ត និងការដាក់ឱ្យដំណើរការរថយន្តអគ្គិសនី។ វិទ្យាស្ថាន BKI កំពុង​ធ្វើ​ការ​ដើម្បី​ធានាថា គំរូ TVET ឈានមុខគេលំដាប់ពិភពលោករបស់អូស្ត្រាលីអាចផ្ទេរ និងអនុវត្ត​បាន​នៅ​កម្ពុជា។នៅថ្ងៃទី ២១ ខែវិច្ឆិកា លោកឯកអគ្គរដ្ឋទូត យីប បានអញ្ជើញចូលរួមជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាតំណាងពីវិទ្យាស្ថាន BKI និងក្រុមហ៊ុន RMA ដើម្បីចូលរួមពិធីសម្ពោធសាកល្បងមជ្ឈមណ្ឌលនេះ។នេះ​ជា​ឧទាហរណ៍ដ៏អស្ចារ្យមួយទៀតបង្ហាញពីកិច្ចសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ក្នុងវិ​ស័យ​អប់រំ ​ដែលរួមចំណែកបង្កើតអនាគតភ្លឺស្វាងសម្រាប់កម្ពុជា៕

សមាគមអភិវឌ្ឍន៍សង្គមខ្មែរ បង្កើតព្រឹត្តិការណ៍ជិះស៊ីក្លូ ដើម្បីទេសចណ៍ និង​គាំទ្រ​ផលិត​ផល​ក្នុង​ស្រុក

2025/11/24 11:09:44 am        310
សមាគមអភិវឌ្ឍន៍សង្គមខ្មែរ បង្កើតព្រឹត្តិការណ៍ជិះស៊ីក្លូ មានការចូលរួមពីម្ចាស់សហគ្រិន អាជីវករ ផលិតករ សិប្បកររាប់រយអ្នក រួមគ្នាផ្សព្វផ្សាយ ក៏ដូចជាការលើកកម្ពស់ទេសចណ៍ ការ​អភិរក្ស​វប្បធម៌ ​និងការគាំទ្រផលិតផលក្នុងស្រុក ដើម្បីការរីកម្រើននៅក្នុង សេដ្ឋកិច្ច-សង្គម។ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងនៅក្នុងព្រឹត្តិការណ៍ (យើង​នាំ​គ្នាជិះស៊ីក្លូ ដើម្បី ទេសចរណ៍ ការគាំទ្រផលិតផលក្នុងស្រុក និងអភិរក្ស​វប្បធម៌​ជាតិ​យើង​) ​នៅចុងសប្តាហ៍កន្លងមកថា ជុំវិញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច រាជរដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង ជាក់ស្តែងវិស័យទេសចរណ៍ ដែលមានក្រសួង​ទេសរណ៍​ជា​សេនា​ធិការ​របស់​រាជរដ្ឋាភិបាល និងក្រសួងស្ថាប័ន ក៏ដូចជាវិស័យឯកជន បានចូលជាបន្តបន្ទាប់ ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​សក្តា​នុពលវិស័យទេសចរណ៍ និងដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេ​ស​ទេសចរ​អន្តរជាតិ​ចូល​មក​ទស្សនា​នៅ​កម្ពុ​ជាកាន់តែច្រើន។ឯកឧត្តម បន្តថា តាមរយៈនៃព្រឹត្តិការណ៍នេះដែរ ក៏ជាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ បន្ត​គាំទ្រ​ផលិត​ផល​ខ្មែរ គាំទ្រខ្មែរខ្លួនឯង តែយើងមិនមែនជាតិនិយមងុបងល់នោះទេ តែជាជាតិ​និយម​ប្រកប​ដោយ​វិជ្ជមាន ដើម្បីរួមគ្នាប្រើប្រាស់ផលិតផលខ្មែរ គាំទ្រផលិតករ ខ្មែរ អាជីវករខ្មែរ និង​កសិករខ្មែរដែលផលិតនូវវត្ថុធាតុដើម ដើម្បីភាពរីកចម្រើននៅក្នុងសេដ្ឋកិច្ចជាតិ។ ជុំវិញ​ផលិត​ផល​នេះដែ​រ ក្រៅពីការផ្គត់ផ្គង់លើទីផ្សារ និងការនាំចេញ ក៏ជាការចូលរួមក្នុង​ការ​អភិវឌ្ឍ​ផលិត​ផល ​និងសេវាទេសចរណ៍ប្រកបដោយនវានុវត្តន៍ និងការកែច្នៃ ដើម្បីផ្គត់ផ្គង់ដល់ភ្ញៀវទេសចរ ខណៈ​ដែល​វិស័យនេះ គឺជាវិស័យសក្តានុពលនៅក្នុងកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។ចំណែកអាជីវករ និងផលិតករ ថ្លែងនូវការសាទរ ចំពោះ​គំនិត​ផ្តួច​ផ្តើម​របស់​សមាគម​អភិវឌ្ឍន៍​សង្គម​ខ្មែរ ​ដែលបានបង្កើត ព្រឹត្តិការណ៍ជិះស៊ីក្លូនេះឡើង ដើម្បីស្វែងរកការ​គាំទ្រ​បន្ថែម​ពី​បង​ប្អូន​ប្រជា​ពលរដ្ឋ​ លើការប្រើប្រាស់ផលិតផលខ្មែរ, ការចូលរួមពី ប្រជាពលរដ្ឋ គឺជាការចូល​រួម​ចំណែក​ដល់​ការ​លើកកម្ពស់ផលិតករ អាជីវករ និងសិប្បករក្នុងស្រុក ដើម្បីការអភិវឌ្ឍទាំងអស់គ្នា ដើម្បី ប្រទេស​ជាតិទាំងមូល, ប្រទេសជាតិទាំងមូលដើម្បីអភិវឌ្ឍន៍។សូមបញ្ជាក់ថា ទាក់ទិននិងសេដ្ឋកិច្ចនេះ, រាជរដ្ឋាភិបាលបានកំពុងជំរុញធ្វើពិពិធកម្មសេដ្ឋកិច្ច និង​ការ​បង្កើនភាពប្រកួតប្រជែងដោយ ផ្តោតលើការអភិវឌ្ឍវិស័យគន្លឹះ និងប្រភព​ថ្មី​នៃកំ​ណើន​សេដ្ឋ​កិច្ច​ ការកែលម្អបរិយាកាស ធុរកិច្ច និងការវិនិយោគ ការពង្រឹងប្រសិទ្ធភាព និងភាព​ទាក់​ទាញ​នៃ​តំបន់​សេដ្ឋកិច្ច ពិសេសរួមបញ្ចូលទាំងសួនឧស្សាហកម្ម សួនកសិឧស្សាហកម្ម និងតំបន់​ពាណិជ្ជ​កម្ម​សេរី​ក្នុង​ស្រុក និងការធ្វើនវានុវត្តន៍យន្តការហិរញ្ញប្បទាន និងផលិតហិរញ្ញវត្ថុ​សម្រាប់​គាំទ្រ​ដល់​ការ​វិនិយោគ​ជាដើម ក្នុងនោះចំពោះវិស័យទេសចរណ៍ រាជរដ្ឋាភិបាលនឹងបន្តពង្រឹង និងពង្រីក​ការ​អភិវឌ្ឍ​ទេសចរណ៍នៅតាមគោលដៅដូចជា សហគមន៍ទេចរណ៍, អេកូទេសចរណ៍ និង កសិ​ទេសចរណ៍​ ក្រោមកិច្ចសហការជាមួយអន្តរស្ថាប័ន និងភាគីពាក់ព័ន្ធឱ្យកាន់តែប្រសើរ៕ អត្ថបទ៖ សុន រ៉ាឌី

សហគ្រិនស្រ្តីបង្ហាញនូវមោទនភាព នៃការទទួលបានពានរង្វាន់អាស៊ាន លើការអភិឌ្ឍអាជីវកម្ម

2025/11/24 10:37:21 am        255
សហគ្រិនជាស្រ្តីកម្ពុជាបង្ហាញនូវមោទនភាព នៃការទទួលបានពានរង្វាន់លំដាប់អាស៊ាន លើ​ការ​ចូល​រួម​ចំណែកក្នុងកិច្ចការសង្គម និងអភិវឌ្ឍអាជីវកម្មបៃតង ដែលជាការចូល​រួម​លើក​កម្ពស់​សហគ្រិន​ជា​ស្រ្តី ការបង្កើនភាពអង់អាចដល់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការ​ដឹក​នាំ​សាធារណៈជាដើម។ សហគ្រិនស្រ្តីកម្ពុជា លើកឡើងក្នុងការទទួលបានពានរង្វាន់បណ្តាញសហគ្រិនស្រ្តីអាស៊ាន (AWEN) នៅចុងសប្តាហ៍កន្លង មកថា ពានរង្វាន់បណ្តាញសហគ្រិនស្ត្រីអាស៊ាន គឺ​ជា​ការ​ទទួល​ស្គាល់​ដ៏​មាន​កិត្យានុភាព ដែលជាសមិទ្ធិផលឆ្នើម និងការរួមចំណែក របស់សហគ្រិន​ស្ត្រី​នៅ​ទូទាំង​អាស៊ាន​។ ​ពានរង្វាន់នេះបង្ហាញពីភាពធន់ ការច្នៃប្រឌិត និងភាពជាអ្នកដឹកនាំរបស់ស្ត្រី ជា​ពិសេស​នៅ​ក្នុងឧស្សាហកម្ម និងសហគមន៍របស់ពួកគេ។ តាមរយៈការផ្តល់ពានរង្វាន់ ក៏​មាន​គោល​បំណង​បំផុស​គំនិតអ្នកដឹកនាំស្ត្រីជំនាន់ក្រោយ និង ជំរុញប្រព័ន្ធអេកូឡូស៊ី​គាំទ្រ​សម្រាប់​ស្ត្រី​ក្នុង​អាជីវកម្ម​។ជុំវិញការទទួលបានពាននេះដែរ, សហគ្រិនស្រ្តីទាំងនោះបានបង្ហាញនូវមោទនភាព សប្បាយ​រីក​រាយ​ឥត​ឧបមា ដែលតាមរយៈ បានបង្ហាញឱ្យឃើញ​អំពី​ការ​អភិវឌ្ឍ​រីក​ចម្រើន​នៃ​បណ្តា​ញ​ស្រ្តី​កម្ពុជា ​លើការចូលរួមក្នុងសកម្មភាពសង្គម ជាពិសេសលើកការអភិវឌ្ឍ អាជីវកម្ម ដោយ​បាន​បង្ហាញ​ទៅ​កាន់​ពិភពលោកថា ស្រ្តីកម្ពុជាបាននិងកំពុងបង្កើនភាពអង់អាចនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ជាពិសេសនៅក្នុងសកម្មភាពអាជីវកម្ម ការ​ជំរុញ​បង្កើត​នូ​វ​គំរូអាជីវកម្មថ្មីៗ ដើម្បីគាំទ្រដល់ទីផ្សារក្នុងស្រុក ក៏ដូចជាការនាំចេញ។លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកឡើងថា ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​ជា​ប្រធានអាស៊ានរបស់ កម្ពុជានៅឆ្នាំ២០២២ យើងមាន​មោទន​ភាព​ចំពោះ​ភាព​ជា​ស​ហ​គ្រិន​របស់​ស្ត្រី ជាចំណុចកណ្តាលនៃរបៀបវារៈក្នុងតំបន់ ដែលបណ្តាល ឱ្យមានសេចក្តី​ប្រកាស​អាស៊ាន ​ស្តីពីការដោះសោរការអភិវឌ្ឍសហគ្រិនភាពរបស់ស្ត្រី។ តាមរយៈនេះ ការរីក​ចម្រើន​របស់​ប្រទេស​​កម្ពុជា ឆ្លុះបញ្ចាំងពីថាមពលនៃភាពធន់ និងសន្តិភាព។ នៅក្នុងបរិយាកាសស្ថិរភាព និង​សុវត្ថិភាព ស្ត្រីកម្ពុជាបានរីកចម្រើនជាសហគ្រិន អ្នកអប់រំ អ្នកច្នៃប្រឌិត និងអ្នក​ដឹកនាំ​សហ​គមន៍​ជា​ដើម​។ នេះហើយជាមូលហេតុដែលយើងឲ្យតម្លៃដល់សន្តិភាព វាអាចឲ្យស្រ្តីនៅ កម្ពុជា​រៀន​សូត្រ​ច្រើន ​ម្ដាយរបស់យើងមានភាពរីកចម្រើន និងស្ត្រីរបស់យើង​អាច​ដឹក​នាំ​ដោយ​ភាព​ជឿ​ជាក់​លើ​ការ​ដឹក​នាំ ជាពិសេស លើអាជីវកម្ម៕​ អត្ថបទ៖ សុន រ៉ាឌី

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីខេត្តបាត់ដំបងសម្រេចការសាងសង់ ១០០% មានលទ្ធភាពស្តុកទឹក ១៦៣​លាន​​ម៉ែត្រគូប និងផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីកសិកម្មរាប់ម៉ឺនហិកតា

2025/11/24 10:06:40 am        535
នា​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរ​ដោយ​ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បាន​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូនទ្រី ស្ថិតនៅក្នុងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដើម្បីត្រៀម​ធ្វើ​ពិធី​សម្ពោធ​ដាក់​ឱ្យប្រើប្រា​ស់​ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។ក្នុងនាមអាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បាន​សម្តែង​សេច​ក្តី​ត្រេក​អរ​សប្បាយរីករាយ និងសូមគោរពថ្លែងអំណរគុណដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលសម្ដេច​បានផ្ដ​ល់​សមិទ្ធ​ផល​ជា​ច្រើន​ដល់ប្រ​ជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ និងបន្តមកសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តីបា​នអភិវឌ្ឍន៍សមិទ្ធផលថ្មីៗបន្ថែមទៀត។ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា ទំនប់ដូនទ្រី ជាទំនប់ធំទីពីរក្នុងខេត្តដែលអាចស្តុកទឹកបាន ១៦៣​លានម៉ែត្រគូបហើយ គឺជាចំណងដៃមហាសាលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះ​ខេត្ត​បាត់ដំបង។ ឯកឧត្តម សង្កត់ធ្ងន់ថា ទំនប់ដូនទ្រីនឹងបម្រើប្រយោជន៍ដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋ ជា​ពិសេស​ប្រជាកសិករនៅស្រុករុក្ខគិរី និងស្រុកមោងឫស្សីដែលជាអ្នកទទួលផលផ្ទាល់ពីទំនប់នេះ។ឯកឧត្តម​អភិបាលខេត្ត បានប្ដេជ្ញាថែរក្សាសមិទ្ធផលដ៏ធំមួយនេះឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង ព្រម​ទាំងអប់រំណែនាំ​ដល់​សហគមន៍​ប្រើប្រាស់​ទឹក​ និង​ប្រជា​ពលរដ្ឋ​ត្រូវ​ចូល​រួម​ថែ​រក្សា​ និង​បែង​ចែក​ការ​ប្រើប្រា​ស់ទឹកឱ្យមានសមធម៌។សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងសាងសង់សម្រេចបាន ១០០% ហើយ ខណៈទំនប់នេះអាចមានលទ្ធភាពស្តុកទឹកបានប្រមាណ ១៦៣លានម៉ែត្រគូប និង​មានសក្តានុពលផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីបង្កបង្កើនកសិកម្មនៅរដូវវស្សាប្រមាណ ៣៣​០០០​ហិកតា និងរដូវប្រាំងប្រមាណ ៤៥០០ហិកតា ក្នុងឃុំចំនួន១៥នៃស្រុកចំនួនបីគឺ ស្រុក​មោង​ឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់។ គម្រោង​នេះ​ក៏​នឹង​ចូល​រួម​ចំណែកក្នុងការផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ ជាពិសេស​វិស័យ​ទឹក​ស្អាត​ដែល​បម្រើ​ឱ្យ​ការ​ប្រើ​ប្រាស់​ក្នុង​ជីវភាពរស់នៅប្រចាំថ្ងៃ និងជួយកាត់បន្ថយ​ទឹក​ជំនន់​តាម​តំប​ន់​មួយ​ចំនួន​នៅ​ផ្នែក​ខា​ង​ក្រោម​៕

មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ អំពាវនាវ​ឲ្យសម្ព័ន្ធ​មេត្រីភាព​ខិតខំ​បន្ថែម​ទៀត​ដើម្បី​លើក​កម្ពស់​សមត្ថភាព និងជីវភាពគ្រួសារយោធិន

2025/11/24 09:50:31 am        267
លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា និង​ជា​ប្រធាន​ក្រុម​ការ​ងារ​សម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជា​មួយ​ស្ថាប័ន​អង្គភាពស៊ីវិល បានធ្វើការអំពាវនាវឲ្យក្រុមសម្ព័ន្ធមេត្រីភាពទាំងអស់ខិតខំបន្ថែមទៀត ដើម្បី​ធ្វើ​យ៉ាងណាលើកកម្ពស់សមត្ថភាព និងជីវភាព​របស់​គ្រួសារ​យោធិន​ឲ្យ​កាន់​តែ​ល្អ​​ប្រសើរ​បន្ថែម​ទៀត​។ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារសម្ព័ន្ធមេត្រីភាព រវាង​អង្គភាព​នៃ​កង​យោធ​ពល​ខេម​រភូមិន្ទ ជាមួយស្ថាប័ន​អង្គភាពស៊ីវិលទិសយោធភូមិភាគទី១ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ ​នៅទីស្តីការក្រសួងការពារជាតិ លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី បាន​លើក​ឡើង​ថា សម្ព័ន្ធមេត្រីភាពគប្បីបន្តពង្រឹងថែមទៀតនូវចំណងសម្ព័ន្ធមេត្រីភាពដែលមានស្រាប់ និង​ខិត​ខំ​ទំនាក់​ទំនងសម្ព័ន្ធមេត្រីភាពថ្មីថែមទៀត ដើម្បីចងសម្ព័ន្ធ​មេត្រី​ភាព​ជាមួយ​អង្គ​ភាព​ដែល​មិន​ទាន់​មាន​ដៃគូ សំដៅលើកកម្ពស់សមត្ថភាព និងជីវភាពគ្រួសារយោធិនឱ្យកាន់តែប្រសើរឡើង។ បន្ត​យក​ចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពនូវរាល់គោលនយោបាយ ក៏ដូចជា​សេច​ក្តី​សម្រេច​នានា​របស់​រាជរដ្ឋាភិបាល​ដែល​បានដា​​ក់​ចេញ​ហើយ​បន្ត​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​វាយ​តម្លៃ​ឱ្យ​បាន​ច្បាស់​លាស់នូវរាល់បញ្ហាដែលនៅសេសសល់ នៅតាមកងឯកភាពនីមួយៗ ដកបទ​ពិសោធន៍​ចំណុច​ខ្លាំង​ បញ្ហាប្រឈមនានា ពិសេសនៅក្នុង​ព្រឹត្តិការណ៍​ឈ្លាន​ពាន​ពី​សំណាក់​ទាហាន​ថៃម​ក​លើ​ទឹក​ដី​កម្ពុជា​នាពេលនេះ។លោកជំទាវរដ្ឋលេខាធិការក្រសួងការពារជាតិ ក៏បាន​ឲ្យ​សម្ព័ន្ធ​មេត្រីភាព​ពិចារណា​ស្វែង​រកការ​គាំទ្រ​ជំនួយ​សម្ព័ន្ធមេត្រីភាព និងសប្បុរសជន រួមចំណែកក្នុងការកសាងនិង អភិវឌ្ឍន៍​ខឿន​ការពារ​ជាតិ​ប្រជាជន ដែលជាទស្សន និងយុទ្ធសាស្ត្រយូរអង្វែងរបស់ប្រទេសជាតិ ដូច​ជា​ការ​កែ​ទម្រង់​កង​យោធពលខេមរភូមិន្ទ ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ការ​ស្ថាបនា​សំណង់​ការ​ពារ​ជាតិ​នានា​ «ជំរុំ បន្ទាយ លេណដ្ឋាន ទីបញ្ជាការ និងហេដ្ឋារចនាសម្ព័ន្ធនានា» ដែល​ជា​ការ​ងារ​អាទិភាព​ចាំ​បាច់​ចំពោះមុខ តាមសភាពការណ៍​ជាក់​ស្តែង​នៅ​តំបន់​ព្រំដែន​ព្រោះ​យើង​ដឹង​ច្បាស់​ហើយ​ថា ​ថៃនៅតែមានមហិច្ចតាឈ្លានពានយកបូរណភាពទឹកដីជាតិយើង។លោកជំទាវបានបន្ថែមទៀតថា ត្រូវបន្តសហការជាមួយដៃគូសម្ព័ន្ធមេត្រីភាពដែលមានស្រាប់ ផ្តួច​ផ្តើម​រៀប​ចំ​គម្រោងអភិវឌ្ឍនានាតាមទស្សនៈ “ផ្តល់សន្ទូច ជាជាងផ្តល់ត្រី” ដើម្បីធានានិរន្តភាព​ទ្រទ្រង់​ដល់ជីវភាព និងសុខមាលភាព គ្រួសារយោធិន យូរ​អង្វែង​ស្រប​តាម​ផែន​ការ​យុទ្ធ​សាស្ត្រ​របស់​រាជ​រដ្ឋាភិបាល តាមស្ថានភាពភូមិសាស្ត្រជាក់ស្តែងប្រកបដោយភាពបត់បែនប៉ិនប្រសប់។ ជាមួយគ្នានេះ បន្តស្វែងរកមុខរបរឱ្យគ្រួសារកងទ័ព និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែល​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់យោ​ធិនត្រៀមចូលនិវត្តន៍ ព្រោះនេះជាការងារនយោបាយអប់រំចិត្តសាស្ត្រមួយ យ៉ាងសំខាន់ក្នុងការរួមចំណែកដល់ ការកែទម្រង់កងយោធពលខេមរភូមិន្ទ នាពេលអនាគត។ មួយ​វិញ​ទៀត បណ្តាអង្គភាពនីមួយៗ ត្រូវរៀប​ចំ​ផែន​ការ​គម្រោង​សេចក្តី​ត្រូវ​ការ​របស់​ខ្លួន​ឱ្យ​បាន​ជាក់​លាក់​សម្រាប់​បម្រើឱ្យយុទ្ធសាស្រ្ត ចំពោះមុខ និងយូរអង្វែងស្របតាមស្ថានភាព និង​ភូមិ​សាស្ត្រ​ជាក់​ស្តែងផងដែរ។នៅក្នុងកិច្ចប្រជុំនោះដែរ លោកជំទាវ ដាំ ដារីនី ក៏បានថ្លែងអំណរគុណ ចំពោះ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលតែង​តែ​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ជួយ​ដល់​បណ្តាកងឯកភាពយោធិន និងគ្រួសារយោធិនដោយផ្ទាល់ រួមទាំងការលើកស្ទួយ​កម្រិត​ជីវភាព ការហ្វឹកហ្វឺន ការកសាងជំរុំជម្រកស្នាក់នៅ ព្រមទាំងការ​បំពាក់​សម្ភា​រៈសម្រាប់​ប្រតិបត្តិការ​យោធា ការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាការថែទាំ​សុខ​ភាព​បង​ប្អូន​យោធិនជាប្រចាំផងដែរ។សូមបញ្ជាក់ថា នៅក្នុងអង្គប្រជុំបាន​ធ្វើកា​រ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​សម្ព័ន្ធ​មេត្រីភាព​ទិស​យោធ​ភូមិភាគទី១ សម្រេចបានកន្លងមក ពិតជាឆ្លើយតបនឹងកម្មវិធីនយោបាយ និង​យុទ្ធ​សាស្ត្រ​នានា​របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការយក​ចិត្ត​ដាក់​តម្រង់​ទិស​ជាប់​ជា​ប្រចាំ​របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ ដោយឈរលើស្មារតីទទួលខុសត្រូវចំពោះឧត្តមប្រយោជន៍ សាមគ្គីជាតិខ្ពស់ និង​បាន​ដើរ​តួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច ពាក់​ព័ន្ធ​នឹង​វិស័យការពារជាតិជាដើម៕ អត្ថបទ៖ បាន ចក់

អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ អំពាវនាវឲ្យថៃដោះលែងទាហានខ្មែរ១៨នាក់មកវិញ ដោយគ្មានលក្ខខណ្ឌ

2025/11/24 09:36:18 am        187
អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ CDI-IDC បានអំពាវនាវឲ្យភាគីថៃធ្វើការដោះលែង យោធិនកម្ពុជាទាំង១៨នាក់មកកម្ពុជាវិញជាបន្ទានដោយគ្មានលក្ខខណ្ឌ និងបានប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដោយអាវុធមកលើជនស៊ីវិលកម្ពុជាកាលពីកន្លងទៅថ្មីៗនេះបានបណ្តាល ឲ្យជនស៊ីវិលស្លូតត្រង់ខ្មែរម្នាក់បាត់បង់ជីវិត និងបីនាក់ទៀតរងរបួស។ក្នុងនាមជាគណបក្សជាសមាជិកនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ សូមប្រ កាសគាំទ្រចំពោះការដោះស្រាយគ្នា ដោយសន្តិវិធីរវាងកម្ពុជា និងថៃ ហើយអំពាវនាវដោយស្មោះដល់រដ្ឋាភិបាលថៃ និងទាហានថៃគោរពនូវកិច្ចព្រមព្រៀងសន្តិភាព ធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី រួមទាំងអំពាវនាវឲ្យមានការដោះលែងទាហានខ្មែរ១៨នាក់ដែលថៃចាប់ទៅដោយខុសច្បាប់នោះបញ្ជូនមកកម្ពុជាវិញជាបន្ទាន់ និងប្រកបដោយសុវត្ថិភាពបំផុត។អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ CDI-IDC បានសង្កត់ធ្ងន់ថា«យើងសូមអំពាវ នាវឲ្យមានការដោះលែងជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ ទាហានកម្ពុជាចំនួន១៨នាក់ ដែលត្រូវបានកង ទ័ពថៃចាប់ខ្លួនដោយខុសច្បាប់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ ចូលជាធរមាន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ យើងមានជំនឿជឿជាក់យ៉ាងម៉ុតមាំថា នេះជាកតព្វកិច្ចរបស់យើងក្នុង ការបញ្ចប់នូវរាល់អរិភាពមកលើប្រជាជន និងការរំលោភបំពានច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរ ជាតិដោយកងកម្លាំងប្រដាប់អាវុធនៃភាគីជម្លោះ»។ជាមួយគ្នានោះដែរ CDI-IDC ក៏បានកត់សម្គាល់ផងដែរថា បទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិ ភាពនៅតែមានភាពផុយស្រួយ ដែលស្តែងចេញតាមរយៈការវាយប្រហារបស់កងទ័ពថៃលើជនស៊ីវិលដែល គ្មានអាវុធ នៅខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជាកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ពេលថ្មីៗនេះ ដែល បណ្តាលឲ្យជនស៊ីវិលកម្ពុជាម្នាក់ស្លាប់ និងបីនាក់រងរបួស។ ដូច្នេះCDI-IDC សូមថ្កោលទោសយ៉ាងខ្លាំងចំពោះ ការវាយប្រហារ ដោយគ្មានហេតុផល ការប្រើប្រាស់ និងការគំរាមប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងការបង្ករ ហេតុជាប្រព័ន្ធ។ទន្ទឹមនេះដែរ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ បានសង្កត់ធ្ងន់ទៀតថា«យើង សូមអំពាវនាវដោយស្មោះដល់រដ្ឋាភិបាលថៃ និងកងទ័ពថៃឲ្យគោរពយ៉ាងពេញលេញប្រកបដោយភាព ស្មោះត្រង់ សុចរិតភាព ភាពត្រឹមត្រូវខ្ពស់បំផុតចំពោះកិច្ចព្រមព្រៀងសន្តិភាពដែលមានស្រាប់ ធម្មនុញ្ញអា ស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី»។CDI-IDC ក៏បានអំពាវនាវជាបន្ទាន់ផងដែរ ដល់សហគមន៍អន្តរជាតិឲ្យជួយស្តារឡើងវិញនូវតំបន់ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងបេតិកភណ្ដវប្បធម៌ផ្សេងទៀត ដែលរងការខូចខាតក្នុង អំឡុងពេលមានជម្លោះប្រដាប់អាវុធដោយការបាញ់ផ្លោងកាំភ្លើងធំធុនធ្ងន់ និងការទម្លាក់គ្រាប់បែកតាមអា កាស។ លើសពីនេះទៀត CDI-IDCក៏បានអំពាវនាវឲ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ចំពោះការបំផ្លិតបំ ផ្លាញ់សម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ និងការការពារទ្រព្យសម្បត្តិទាំងនោះឲ្យបានពេញលេញ ផងដែរ៕ អត្ថបទបាន ចក់

ពិព័រណ៍ការងារសម្រាប់បងប្អូនអតីតពលករមកពីប្រទេសថៃ នៅខេត្តបន្ទាយមានជ័យ បាននាំមកឱកាសការងារជាង៦ពាន់កន្លែង ទៅដល់មូលដ្ឋានដោយផ្ទាល់

2025/11/24 09:24:01 am        194
បន្ទាយមានជ័យ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ ដោយនាំយកឱកាសការងារប្រមាណជាង ៦ពាន់កន្លែង និងព័ត៌មានស្តីពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលស្រុកព្រះនេត្រព្រះ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ វិស័យឯកជន សមាគមមិត្តយើង អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធផ្សេងទៀត ដែលមានអ្នកចូលរួមប្រមាណជាង ១ពាន់នាក់។ នៅក្នុងពិព័រណ៍ដ៏សំខាន់នេះ មានសហគ្រាស ក្រុមហ៊ុន រោងចក្រចំនួន ១៨ បានចូលរួមសម្ភាស និងជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ និងមានតម្រូវការកម្លាំងពលកម្មប្រមាណ ៦ពាន់នាក់។ ជាមួយគ្នានេះ បងប្អូនអតីតពលករ និងអ្នកចូលរួមទាំងអស់ បានទទួលការដឹកជញ្ជូន អាហារ ភេសជ្ជៈ និងកាហ្វេ ព្រមទាំងទទួលបានការកាត់សក់ពីអ្នកជំនាញដោយឥតគិតថ្លៃថែមទៀតផង។ ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងថា ការរៀបចំពិព័រណ៍ការងារនៅថ្ងៃនេះ គឺបាននាំយកសហគ្រាស ក្រុមហ៊ុន រោងចក្រ មកដល់មូលដ្ឋានរបស់បងប្អូនអតីតពលករ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកព្រះនេត្រព្រះ ដើម្បីកុំឱ្យបងប្អូនពិបាក បើទោះបីជាសម្ភាសការងារជាប់ ឬមិនជាប់ ក៏បងប្អូនមិនចាំបាច់ចំណាយថ្លៃធ្វើដំណើរទៅរាជធានីភ្នំពេញ ឬក៏ទៅខេត្តផ្សេងៗនោះឡើយ។ ឯកឧត្ដមរដ្ឋមន្ត្រី លើកឡើងថា ការទៅធ្វើការងារនៅក្រៅប្រទេស មិនមែនជារឿងអាក្រក់នោះទេ តែបងប្អូនក៏ត្រូវជ្រើសរើសដែរថាតើយើងគួរទៅប្រទេសណាមានប្រាក់ឈ្នួលខ្ពស់ ២ទៅ៣ដង ជាងនៅក្នុងស្រុកយើង ព្រោះថា អាចទទួលបានប្រាក់ខែច្រើន និងត្រឡប់មកវិញក៏មានជំនាញថែមទៀត។ ឯកឧត្ដមរដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រាក់ឈ្នួលដែលបងប្អូននឹងចុះឈ្មោះនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាំយកមកដល់ទីនេះ អាចទាបជាងប្រទេសថៃបន្តិច ប៉ុន្តែអ្វីដែលបងប្អូនមានខុសពីការធ្វើការងារនៅប្រទេសថៃនោះ គឺនៅពេលបងប្អូនមានគ្រោះថ្នាក់ការងារ ប.ស.ស. ជួយព្យាបាល ហើយនៅពេលបងប្អូនគ្រោះថ្នាក់ការងារ ចៃដន្យធ្លាក់ខ្លួនពិការមិនអាចធ្វើការងារបានក៏ ប.ស.ស. នឹងចិញ្ចឹមបងប្អូនពេញមួយជីវិត និងកូនចៅរបស់បងប្អូនដែលនៅក្នុងបន្ទុកក៏ ប.ស.ស. នឹងចិញ្ចឹមរហូតដល់ពួកគេអាយុ ១៨ឆ្នាំ។ ឯកឧត្ដមរដ្ឋមន្ត្រី បានបន្តលើកឡើងអំពីអត្ថប្រយោជន៍ដែលបងប្អូនធ្វើការក្នុងស្រុក ដូចជា មានបណ្ណ ប.ស.ស. ដោយអាចទៅព្យាបាលជំងឺដោយឥតគិតថ្លៃ មានប្រាក់សោធនពេលធ្វើការដល់អាយុ ៦០ឆ្នាំ រស់នៅជួបជុំក្រុមគ្រួសារ ពិសេសផ្ដល់ភាពកក់ក្ដៅដល់កូនៗ អាចចូលរួមកម្មវិធីបុណ្យទាននានាបានច្រើន និងអាចដើរទៅណាក៏បានដោយសេរី៕

សភាអេឡិចត្រូនិកដែលអគ្គលេខាធិការដ្ឋានរដ្ឋសភាកំពុងដាក់ឱ្យដំណើរការជាបណ្តើរៗ បានជួយបង្កើននូវតម្លាភាព គណនេយ្យភាព និងយុត្តិធម៍ សម្រាប់ស្ថាប័នរដ្ឋសភា

2025/11/24 08:59:19 am        102
អញ្ជើញថ្លែងសុន្ទរកថាបើកកម្មវិធីវិបស្សនា ស្តីពី «ការវាយតម្លៃលទ្ធផលការងារឆ្នាំ ២០២៥ និងការផ្សព្វផ្សាយផែនការសកម្មភាពឆ្នាំ ២០២៦ សម្រាប់ការអនុវត្តកម្មវិធី ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ការកែទម្រង់រដ្ឋបាលសាធារណៈ» របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងជានាយកខុទ្ទកាល័យរបស់សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សភាអេឡិចត្រូនិក ដែលអគ្គលេខាធិការដ្ឋានរដ្ឋសភា បាននិងកំពុងដាក់ឱ្យដំណើរការជាបណ្តើរៗ បានជួយបង្កើននូវតម្លាភាព គណនេយ្យភាព និងយុត្តិធម៍ សម្រាប់ស្ថាប័នរដ្ឋសភា ដោយសារតែរាល់ទិន្នន័យ និងសកម្មភាពការងារទាំងអស់ ត្រូវបានកត់ត្រា និងត្រួតពិនិត្យយ៉ាងម៉ត់ចត់ ធ្វើឱ្យការងារប្រចាំថ្ងៃរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា មានភាពច្បាស់លាស់ ងាយស្រួលក្នុងការត្រួតពិនិត្យ ហើយអាចកំណត់អ្នកទទួលខុសត្រូវយ៉ាងច្បាស់លាស់ផងដែរ។ក្រោមការដឹកនាំរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អគ្គលេខា ធិការដ្ឋានរដ្ឋសភា ដែលជាសេនាធិការរបស់រដ្ឋសភា បានធ្វើកំណែទម្រង់ស៊ីជម្រៅការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កែទម្រង់រដ្ឋបាលសាធារណៈ និងគម្រោង សភាឌីជីថល(E-Parliament )។ ការកែទម្រង់និងការអភិវឌ្ឍនេះ បានកំពុងដំណើរការទៅមុខ ប្រកបដោយលទ្ធផលគួរជាទីមោទនៈ។ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងរដ្ឋបាលសាធារណៈ ព្រមទាំងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសភាអេឡិចត្រូនិក របស់រដ្ឋសភា នីតិកាលទី៧ នេះ បានសបញ្ជាក់ពីការប្តេជ្ញាចិត្តមោះមុតរបស់ រដ្ឋសភាក្នុងការបន្ស៊ីយុទ្ធសាស្រ្តការងារ ការបង្កើតភាពប្រទាក់ក្រឡា និងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងផែនការអនុវត្តការងាររបស់ស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីធ្វើយ៉ាងណា ជំរុញការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈនិងហិរញ្ញវត្ថុសាធារណៈ កាន់តែមានប្រសិទ្ធិភាព ស័ក្តិសិទ្ធភាព និងប្រកាន់ខ្ជាប់នូវទស្សនាទាននៃការធ្វើកំណែទម្រង់ជាប់ជាប្រចាំ ដោយមិនត្រូវភ័យខ្លាច ឬចុះញ៉មជាដាច់ខាត។ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើនេះ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ បានរំលឹកពីអនុសាសន៍ ថ្នាក់ដឹកនាំរដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលធ្លាប់បានលើកឡើងនាពេលកន្លងមកជូនដល់ថ្នាក់ដឹកនាំនិងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការបន្តអនុវត្តជាក់ស្តែង ដើម្បីសម្រេចបាននូវលទ្ធផលតាមការគ្រោងទុក ក្នុងនោះមាន អនុសាសន៍ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាចំនួន ៦ អនុសាសន៍ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា ចំនួន ៥ និងអនុសាសន៍របស់ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ចំនួន៣ចំណុច។ ឯកឧត្តមបណ្ដិត កែវ ពិសិដ្ឋ បានរំលឹកនូវ អនុសាសន៍ចំនួន ៦ របស់សម្តេចប្រធានរដ្ឋសភា ទាំង៦ចំណុចមាន ៖- ទី១៖ ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកសាងស្នាដៃថ្មីៗ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ ឬសេចក្តីសម្រេចនានាពាក់ព័ន្ធនឹងការកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចល្អ។ - ទី២៖ ត្រូវត្រៀមខ្លួនជាស្រេចក្នុងការផ្តល់សេវាជូនដល់គណៈកម្មាធិការអចិន្រៃ្តយ៍ គណៈកម្មការជំនាញ និងសមាជិក សមាជិកាសភា ឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងប្រកបដោយវិជ្ជាជីវៈខ្ពស់ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ។ - ទី៣៖ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍គុណាធិបតេយ្យ ដោយកំណត់ឱ្យឃើញ និងផ្តល់ការលើកទឹកចិត្តដល់មន្រ្តីដែលមានស្នាដៃ។ - ទី៤៖ បន្តលើកកម្ពស់សមត្ថភាពស្ថាប័ន និងពង្រឹងសមត្ថភាពជំនាញដល់មន្រ្តី ស្របទៅនឹងតម្រូវការ ការងាររបស់អង្គភាពទទួលបន្ទុក ក៏ដូចជាអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងមូល សំដៅធានាបាននូវការផ្តល់សេវាកម្មប្រកបដោយគុណភាព ប្រសិទ្ធភាព និងទាន់ពេលវេលា។ ការវាយតម្លៃសមត្ថភាពនិងជំនាញរបស់មន្រ្តី (Human Resource Mapping) និងការសិក្សាពីតម្រូវការ (Need Assessment)។ - ទី៥៖ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវមានគុណធម៌ ចេះដឹងសុខទុក្ខរបស់មន្រ្តី ហើយត្រូវលើកទឹកចិត្ត ឱ្យមានការចូលរួមគ្រប់ៗគ្នាពីមន្រ្តី ដោយចៀសវាងដាច់ខាតនូវ ជំងឺតួឯក និងការយកប្រយោជន៍សួនតួជាធំ- ទី៦៖ បន្តជំរុញ និងលើកកម្ពស់អភិបាលកិច្ចល្អ នៅក្នុងស្ថាប័នសំដៅធានាឱ្យបាននូវការចូលរួមប្រកបដោយបរិយាបន្ន(Inclusive) សមភាព (Equity) តម្លាភាព(Transparency) និងគណនេយ្យភាព (Accountability)។សូមជម្រាបថាអគ្គលេខាធិការដ្ឋានរដ្ឋសភា បានរៀបចំ កម្មវិធីវិបស្សនា ស្តីពី «ការវាយតម្លៃលទ្ធផលការងារឆ្នាំ ២០២៥ និងការផ្សព្វផ្សាយផែនការសកម្មភាព ឆ្នាំ ២០២៦ សម្រាប់ការអនុវត្តកម្មវិធីការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ» កាលពីថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២៥ នៅសណ្ឋាគារឌីយ៉ាម៉ង់ ក្នុងខេត្តកំពត៕

មហាសន្និបាត CDI-IDC គាំទ្រ «បទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ» និងអំពាវនាវឱ្យមានការដោះលែងទាហានកម្ពុជាទាំង១៨រូបដោយគ្មានលក្ខខណ្ឌ

2025/11/24 08:55:30 am        154
ភ្នំពេញ៖ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងមហាសន្និបាតនៃ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) នៅទីក្រុងសៅប៉ៅឡូ ប្រទេសប្រេស៊ីល ថ្ងៃទី២០-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអនុម័តនូវសេចក្តីថ្លែងការណ៍គាំទ្រ «បទឈប់បាញ់និងកិច្ចព្រមព្រៀង សន្តិភាពកម្ពុជា-ថៃ» និងបានអំពាវនាវឱ្យមានការដោះលែងទាហានកម្ពុជាទាំង១៨រូប ដោយគ្មានលក្ខខណ្ឌ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា ស្តីពីលទ្ធផលនៃកិច្ចប្រជុំ។យោងតាមសេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងមហាសន្និបាតនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល អន្តរជាតិ (CDI-IDC) នៅទីក្រុងសៅប៉ៅឡូ ប្រទេសប្រេស៊ីល នៅថ្ងៃទី២០-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ កិច្ចប្រជុំបានដាក់ចេញនូវសេចក្តីថ្លែងការណ៍ទីក្រុងសៅប៉ៅឡូ ដោយបានធ្វើការត្រួតពិនិត្យឡើងវិញនូវស្ថានភាពនៃលទ្ធិប្រជាធិបតេយ្យនិយមកណ្តាលដែលកំពុងស្ថិតនៅលើចំណុចរបត់ដ៏សំខាន់មួយ និងត្រូវការកំណែទម្រង់។CDI-IDC ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តចំពោះការលើកកម្ពស់ និងការការពារលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋាន នីតិរដ្ឋ និងប្រព័ន្ធអភិបាលកិច្ចពហុបក្ស និងការចូលរួមរបស់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតដោយសេរី យុត្តិធម៌ និងតម្លាភាព ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការឯកភាព ក្នុងចំណោមសមាជិក CDI-IDC និងការទទួលស្គាល់នូវគុណតម្លៃនៃភាពចម្រុះវប្បធម៌ ភូមិសាស្ត្រ និង ប្រវត្តិសាស្ត្រ។គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សត្រូវបានបោះឆ្នោតបន្តជាអនុប្រធាន CDI-IDC សម្រាប់អាណត្តិ៤ឆ្នាំ (២០២៥-២០២៩) ដោយមាន ឯកឧត្តម សួស យ៉ារ៉ា ជាតំណាងរបស់គណបក្សប្រជាជនកម្ពុជា។ មហាសន្និបាត CDI-IDC ដែលមានសមាជិក ១០៥ គណបក្សមកពី៨២ប្រទេស បានបោះឆ្នោតជ្រើសរើស ឯកឧត្តម Andres Pastrana អតីតប្រធានាធិបតីកូឡុំប៊ី ជាប្រធានសារជាថ្មីដោយសម្លេងឯកច្ឆ័ន្ធ និងបានបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន១៦រូប មកពីប្រទេសអាល់បានី អង់ហ្គោឡា អាហ្សង់ទីន ប្រេស៊ីល កម្ពុជា ឆាដ កូស្តារីកា កូដឌីវ័រ ក្រូអាស៊ី ហុងគ្រី ឥណ្ឌូនេស៊ី លីបង់ ម៉ិកស៊ិកកូ ម៉ារ៉ុក ប៉េរ៉ូ និងស្លូវេនី ក្នុងនោះមានឥស្សរជនថ្នាក់ដឹកនាំសំខាន់ៗ រួមមាន ឯកឧត្តម Victor Orban នាយករដ្ឋមន្ត្រីហុងគ្រី ឯកឧត្តម Andrej Plenković នាយករដ្ឋមន្ត្រីក្រូអាត ឯកឧត្តម Janez Jansa អតីត នាយករដ្ឋមន្ត្រីស្លូវេនី ព្រមទាំងបានជ្រើសតាំង ឯកឧត្តម Antonio Lopez Isturiz ជាអគ្គលេខាធិការ។កិច្ចប្រជុំក៏បានអនុម័តនូវសេចក្តីថ្លែងការណ៍គាំទ្រ «បទឈប់បាញ់និងកិច្ចព្រមព្រៀង សន្តិភាពកម្ពុជា-ថៃ» ដោយបាន ១) កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍ អន្តរជាតិជាពិសេស តួនាទីរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានអាស៊ានប្តូរវេនរបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អីប្រាហ៊ីម និងតួនាទីស្ថាបនារបស់សាធារណរដ្ឋប្រជាមានិតចិន ២) ស្នើឱ្យភាគីនៃជម្លោះគោរពសេចក្តីថ្លែងការណ៍រួមឱ្យបានពេញលេញនិងដោយស្មោះត្រង់ ដើម្បីស្តារ ឡើងវិញនូវប្រក្រតីភាពនៃទំនាក់ទំនងសង្គម វប្បធម៌ និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុង តំបន់រងផលប៉ះពាល់ ៣) អំពាវនាវឱ្យមានការដោះលែងទាហានកម្ពុជាទាំង១៨រូប ដោយគ្មានលក្ខខណ្ឌ ៤) ទទូចឱ្យបញ្ចប់នូវអំពើគ្រប់បែបយ៉ាងដែលប្រឆាំងនឹងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងការរំលោភ បំពានច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ និង ៥) អំពាវនាវឱ្យសហគមន៍អន្តរជាតិជួយស្តារ ឡើងវិញនូវតំបន់បេតិកភណ្ឌពិភពលោកយូណេស្កូ និងបេតិកភណ្ឌវប្បធម៌ ដែលរងការខូចខាតដោយ ការប៉ះទង្គិចប្រដាប់អាវុធដោយការបាញ់ផ្លោងកាំភ្លើងធំ និងការទំលាក់គ្រាប់បែក។ឯកឧត្តម Andres Pastrana ប្រធាន CDI-IDC និងសមាជិកគណៈកម្មាធិការប្រតិបត្តិ បានសម្តែង នូវការកោតសរសើរនិងគាំទ្រចំពោះជំហរអត់ធ្មត់ជាអតិបរិមារបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការ ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានបង្ហាញដល់ ពិភពលោកនូវគុណតម្លៃនៃភាពជាអ្នកដឹកនាំនិយមកណ្តាល ក្នុងការតម្កល់ផលប្រយោជន៍ប្រជាជនជាស្នូល ការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពនូវគោលការណ៍សន្តិសហវិជ្ជមានជាមួយនឹងប្រទេស ជិតខាង ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្នុងតំបន់រយៈពេលវែង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM