ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

គម្រោងសំខាន់ៗចំនួន៦លើវិស័យបរិស្ថានកម្ពុជាទទួលបានការគាំទ្រពី UN និងដៃគូអភិវឌ្ឍក្នុងសន្និសីទភាគីលើកទី៣០នៃអនុសញ្ញា UN ស្តីពីការប្រែប្រួលអាកាសធាតុ

2025/11/24 08:28:14 am        150
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ដិភាព មកដល់ព្រលានយន្តហោះអន្តរជាតិតេជោ បន្ទាប់ពីអញ្ជើញចូលរួមសន្និសីទភាគីលើកទី៣០ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុង Belem ប្រទេសប្រេស៊ីល ប្រកបដោយលទ្ធផលជាផ្លែផ្កា។ លទ្ធផលផ្លែផ្កា តាមប្រសាសន៏ឯកឧត្តមរដ្ឋមន្ត្រី ក្នុងសន្និសីទសារព័ត៌មាន នាអាកាសយានដ្ឋានអន្តរជាតិតេជោ គម្រោងសំខាន់ៗចំនួន៦ ត្រូវបានទទួលការគាំទ្រពីអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍធ្វើឱ្យប្រសើរឡើងនូវភាពស្អាត ភាពបៃតង កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការរស់នៅប្រកបដោយចិរភាព។ គម្រោងទាំង៦ ដែលទទូលបានការគាំទ្រនោះគឺ៖១. កម្មវិធីចីរភាពបឹងទន្លេសាបសម្រាប់អនុវត្តរយៈពេល២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០ ដោយផ្តោតលើសុខភាពនៃបឹងសាប ការការពារបរិស្ថានទប់ស្កាត់ការបំពុល ការបង្កើននូវជីវចម្រុះ និងមច្ឆាជាតិ និងការបង្កើនជីវភាពសហគមន៍មូលដ្ឋានដែលធន់ការប្រែប្រួលអាកាសធាតុ។ ២. គម្រោងរៀបចំកោះស្រឡៅ ក្នុងភូមិសាស្ត្រខេត្តកោះកុង ឱ្យក្លាយជាកោះអព្យាក្រិតកាបូន និងជាកោះដែលល្អជាងគេបំផុតនៅអាស៊ី៣. គម្រោងអភិរក្សពូជក្តាមតំបន់ឆ្នេរក្នុងភូមិសាស្រ្តស្រុកស្រែអំបិល ខេត្តកោះកុង៤. គម្រោងអភិវឌ្ឍន៍តំបន់ខ្នងផ្សារ ខេត្តកំពង់ស្ពឺ ស្របតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់ជូនសហគមន៍មានការអភិវឌ្ឍជីវភាពឱ្យកាន់តែប្រសើរ និងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព៥. គម្រោងអភិវឌ្ឍន៏តំបន់ទេទឹកពុះ នៅខេត្តកំពង់ស្ពឺ ដើម្បីប្រែក្លាយឱ្យសហគមន៍ជាសហគមន៍អព្យាក្រឹតកាបូន និងផ្តល់ប្រយោជន៏ផ្ទាល់ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលបានទទួលប្រយោជន៍ពីគម្រោងសម្រាប់ការបង្កើនជីវភាពកាន់តែប្រសើរ។ ៦. កម្ពុជាទទួលបានគម្រោងអភិវឌ្ឍន៍ក្នុងទឹកប្រាក់ប្រមាណ ៤លានដុល្លារ សម្រាប់ការកាត់បន្ថយការសាយភាយកាបូនខ្មៅ ចូលរួមក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល។សូមបញ្ជាក់ថា ក្នុងឱកាសនៃសន្និសីទ COP30 ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗចំនួន១១ និងបានឡើងថ្លែងសន្ទរកថាគន្លឹះតំណាងឱ្យប្រទេសកម្ពុជា និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី សម្រាប់ភាពជាដៃគូកិច្ចដឹកនាំសម្រាប់វិស័យព្រៃឈើ និងអាកាសធាតុ រួមទាំងការចែករំលែក និងបង្ហាញពីដំណើរការរបស់កម្ពុជា រួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈផែនការរួមចំណែកជាតិ NDC3.0 ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា និងបានបន្តវេនដឹកនាំប្រកបដោយស្វាហាប់និងវាងវៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ជូនយ៉ាងជោគជ័យ ទៅកាន់អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។ ការដាក់ជូននូវផែនការជាតិនេះ សបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល និងដើម្បីសម្រេចគោលបំណងនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ កម្ពុជាបានគូសបញ្ជាក់អំពីការពង្រឹងគោលដៅក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈវិស័យអាទិភាព ចំនួន៥ គឺវិស័យឧស្សាហកម្ម ថាមពល កសិកម្ម ព្រៃឈើ និងសំណល់ ក្នុងគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥% នៅឆ្នាំ ២០៣៥។ក្រៅពីការចូលរួមជាអធិបតី និងជាភ្ញៀវកិត្តិយស ក្នុងឱកាសស្នាក់នៅនិងអញ្ជើញចូលរួមក្នុងសន្និសីទ COP30 ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសមួយចំនួន បណ្តាដៃគូសហការ និងដៃគូអភិវឌ្ឍអន្តរជាតិ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី រួមចំណែកជាមួយសហគមន៍អន្តរជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការពង្រឹងកិច្ចការការពារបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជាឱ្យបានកាន់តែប្រសើរថែមទៀត៕

ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតលើកទី២៤របស់សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) នៅប្រទេសឥណ្ឌូនេស៊ី

2025/11/24 08:21:32 am        174
ដោយទទួលបានការអនុញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូទស្សនកិច្ចចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣៧ និងមហាសន្និបាតលើកទី២៤របស់សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។សូមជម្រាបថា សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨០ ដើម្បីធ្វើសកម្មភាពផ្សព្វផ្សាយ លើកកម្ពស់ប្រណិតភាពជីវិត ផលប៉ះពាល់នៃអាយុកាល និងផលប៉ះពាល់ដោយសារសង្គ្រាមមកលើសុខភាព និងសង្គមកិច្ចចំពោះជនរងគ្រោះដោយសារសង្គ្រាម និងផ្សព្វផ្សាយយល់ដឹងឱ្យបានស៊ីជម្រៅដល់ប្រជាជន ដើម្បីសម្រេចកិច្ចសហប្រតិបត្តិការឈានទៅរកភាពសុខដុមរមនា យុត្តិធម៌សង្គម និងសន្ដិភាព៕

ថ្ងៃនេះជា ថ្ងៃទី១១៨ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ

2025/11/24 08:15:11 am        199
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ជាថ្ងៃទី១១៨ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ ដោយខុសច្បាប់ រំលោភទៅលើកិច្ចព្រមព្រៀងឈប់បាញ់ និងកិច្ចព្រមព្រៀងសន្ដិភាពរវាងប្រទេសទាំងពីរដែលបានទទួលស្គាល់ជាអន្តរជាតិ។កម្ពុជាបន្ត អំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។ ក្រសួងការពារជាតិកម្ពុជា គូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕

អតីតពលករត្រឡប់មកពីថៃ នៅខេត្តបន្ទាយមានជ័យ អរគុណរាជរដ្ឋាភិបាល និងក្រសួងការងារ ដែលនាំយកឱកាសការងារដល់ផ្ទះពួកគាត់

2025/11/23 05:35:29 pm        468
អតីតពលករត្រឡប់មកពីថៃ នៅស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ នៃខេត្តបន្ទាយមានជ័យ បានអរគុណរាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានរៀបចំពិព័រណ៍ការងារដល់ផ្ទះរបស់ពួកគាត់ ដោយមិនមានចំណាយលើអ្វីទាំងអស់។ ការអរគុណនេះ បន្ទាប់ពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅស្រុកមង្គលបូរី នៅថ្ងៃទី ២២ ខែវិច្ឆិកា និងនៅស្រុកព្រះនេត្រព្រះ នៅថ្ងៃទី ២៣ ខែវិច្ឆិកា ដោយបាននាំយកឱកាសការងារជាង ៦ពាន់កន្លែង ជូនបងប្អូនអតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ។លោក អួប បូរិន អតីតពលករមកពីថៃ ប្រាប់ថា ពិព័រណ៍ការងារដែលក្រសួងការងារ បានរៀបចំនៅក្នុងស្រុករបស់លោកនេះ គឺពិតជាល្អសម្រាប់អតីតពលករត្រឡប់មកពីប្រទេសថៃ ដោយបាននាំយកឱកាសការងារជាច្រើនពាន់កន្លែង។ ក្រៅពីនេះ ក្រសួងការងារ ក៏បានរៀបចំការដឹកជញ្ជូន អាហារ ភេសជ្ជៈ កាហ្វេ និងកាត់សក់ដោយឥតគិតថ្លៃ ថែមទៀតផង។ លោក អួប បូរិន បន្ថែមថា «សម្រាប់ខ្ញុំអរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារយ៉ាងខ្លាំង ដែលបានរៀបចំពិព័រណ៍ការងារ ដែលងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ស្វែងរកការងារកាន់តែងាយស្រួលជាងមុន»។ ចំណែកអ្នកស្រី ចេក រ៉យ អតីតពលករមកពីថៃដែរ ប្រាប់ឱ្យដឹងថា អ្នកស្រី និងអតីតពលករផ្សេងទៀតក្នុងស្រុកព្រះនេត្រព្រះ បានទទួលការដឹកជញ្ជូន អាហារ ភេសជ្ជៈ និងកាហ្វេដោយឥតគិតថ្លៃ នៅពេលមកចូលរួមពិព័រណ៍ការងារ ដែលរៀបចំដោយក្រសួងការងារ។ អ្នកស្រីថា ក្រុមការងាររបស់ក្រសួង មានភាពរួសរាយរាក់ទាក់ និងបានណែនាំឱ្យអ្នកស្រី និងអតីតពលករផ្សេងទៀត ដាក់ពាក្យធ្វើការងារដែលមានជាច្រើនកន្លែង និងច្រើនវិស័យ។ អតីតពលកររូបនេះ បន្ថែមថា «ខ្ញុំអរគុណដល់ក្រសួង និងថ្នាក់ដឹកនាំធំៗតែម្ដង ដែលបានរៀបចំពិព័រណ៍ការងារជូនដល់អតីតពលករ»។ ទាំងលោក អួប បូរិន និងអ្នកស្រី ចេក រ៉យ សុទ្ធតែបានអំពាវនាវដល់បងប្អូនអតីតពលករ នៅក្នុងខេត្តសៀមរាបដែលមិនទាន់មានការងារធ្វើ សូមទៅចូលរួមពិព័រណ៍ការងារ ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅចុងសប្ដាហ៍ក្រោយនេះ៕

សមត្ថកិច្ចចម្រុះខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ២៨នាក់ ពាក់ព័ន្ធការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា

2025/11/23 05:02:36 pm        606
‎ស្វាយរៀង៖ ជនសង្ស័យចំនួនចំនួន២៨នាក់ ក្នុងនោះស្ត្រី០៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច​ចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងចំនួន ២ទីតាំង នៅបុរី CK នៅផ្ទះលេខ M47 និងផ្ទះលេខ M29 ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ។‎ ជាមួយគ្នានេះ សមត្ថកិច្ចបានរឹបអូសសម្ភារៈជាវត្ថុតាងរួមមាន កុំព្យូទ័រលើតុ ៤៧គ្រឿង, ទូរសព្ទដៃ ២៥រឿង, ដុំ Mobile Tri Band Repeater ០១, ដុំ WiFi ចំនួន ៤គ្រឿង, កាត ១សន្លឹក, រថយន្ត ១គ្រឿង ម៉ាក Lexus RX400h ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BZ-4107, ម៉ូតូ ៤គ្រឿង, ឯកសណ្ឋានសមត្ថកិច្ច, លិខិតឆ្លងដែន ១២ក្បាល, អត្តសញ្ញាណបណ្ណ ២៤សន្លឹក, បណ្ណបើកបរ ៥សន្លឹក និងផ្លាកលេខម៉ូតូវៀតណាម ១សន្លឹក។‎ប្រតិបត្តិការនេះ ត្រូវបានដឹកនាំធ្វើ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងមានការចូលរួមពីអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពខេត្តខេត្តស្វាយរៀង អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យទាំងពីរ និងបានឈានដល់ការ ឃាត់ខ្លួនជនសង្ស័យពាក់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើនេះ។‎ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញបច្ចុប្បន្នកំពុងសហការជាមួយ ភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការ ផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកឯ ទីតាំងខាងលើត្រូវបានបិទបណ្តោះអាសន្ន។‎សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕

ស.ស.យ.ក ចូលរួមយ៉ាងសកម្មជាមួយ NEA ក្នុងការចែករំលែកព័ត៌មាន និងផ្សព្វផ្សាយ​ឱកាស​ការងារ​ដល់បងប្អូនអតីតពលករមកពីថៃ និងអ្នកស្វែងរកការងារធ្វើ នៅតាមមូលដ្ឋានឃុំ-សង្កាត់​នីមួយៗ

2025/11/23 04:55:58 pm        338
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាខេត្តបន្ទាយមានជ័យ មានការរៀបចំកម្មវិធី «ប្រគល់កង់ជូនដល់យុវជនស្ម័គ្រចិត្តឃុំ-សង្កាត់ ជាតំណាងភ្នាក់ងារព័ត៌មានទីផ្សារការងារ នៃ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ» ក្រោមសហអធិបតីភាព ឯកឧត្តម ហេង សួរ សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យដោយមានអ្នកចូលរួមដែលជាសមាជិក សមាជិកា ស.ស.យ.ក. និងយុវជនស័្មគ្រចិត្តឃុំ-សង្កាត់ ជាភ្នាក់ងារព័ត៌មានទីផ្សារការងារប្រមាណជាង ៤០០នាក់។ ឯកឧត្ដមអភិបាលខេត្ត បានលើកឡើងថា ការប្រគល់កង់ជូនយុវជន ស្ម័គ្រចិត្ត ស.ស.យ.ក ឃុំ-សង្កាត់ សម្រាប់ជាមធ្យោបាយចុះផ្សព្វផ្សាយផ្ដល់ព័ត៌មានអំពីឱកាសការងារ ដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនអតីតពលករ គឺពិតជាចាំបាច់ក្នុងការជួយដល់មូលដ្ឋាននីមួយៗផ្ទាល់។  នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បាននិងកំពុងផ្តល់គ្រប់មធ្យោបាយដើម្បីដោះស្រាយនូវការឆ្លើយតបចំពោះតម្រូវការព័ត៌មានទីផ្សារការងារចំគោលដៅ។ ឯកឧត្តមបានថ្លែងអំណរគុណនិងកោតសសើរចំពោះការចូលរួមរបស់ប្អូនៗក្មួយៗយុវជនស័្មគ្រចិត្តឃុំ-សង្កាត់ ជាភ្នាក់ងារព័ត៌មានទីផ្សារការងារ ជួយចុះឈ្មោះអ្នកស្វែងរកការងារ ក្នុងគោលបំណងដើម្បីជួយបងប្អូនអតីតពលករនៅតាមភូមិ ឃុំ-សង្កាត់ និងដល់អ្នកស្វែងរកការងារធ្វើ ព្រមទាំងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ។ បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ប្អូនៗក្មួយៗ យុវជនទាំងអស់នៅទីនេះ គឺជាអ្នកផ្សព្វផ្សាយព័ត៌មានទីផ្សារការងារជាប្រចាំ ពីផ្ទះមួយទៅផ្ទះមួយ និងពីភូមិមួយទៅភូមិមួយ ដើម្បីជួយឱ្យបងប្អូននៅមូលដ្ឋានបានដឹង និងអាចរកការងារធ្វើបានឆាប់រហ័ស ដោយសារពួកគាត់ជាអ្នកស្រុកផ្ទាល់ដឹងច្បាស់អំពីស្ថានភាពជាក់ស្តែងនៅតាមភូមិ ឃុំ-សង្កាត់ និងស្គាល់បងប្អូនអតីតពលករដែលទើបត្រឡប់ពីថៃ ក៏ដូចជាបងប្អូនដែលកំពុងត្រូវការការងារធ្វើ។ឯកឧត្តមរដ្ឋមន្រ្តី បានអះអាងថា តាមរយៈយុទ្ធនាការ “ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ” និង “យុវជនស្ម័គ្រចិត្តនៅតាមឃុំ-សង្កាត់ ជាភ្នាក់ងារព័ត៌មានទីផ្សារការងារ” រួមគ្នាជាធ្លុងមួយជាមួយក្រសួង អាជ្ញាធរមូលដ្ឋាន ដៃគូនានា ក្នុងការផ្សព្វផ្សាយឱកាសការងារដល់បងប្អូនអតីតពលករខ្មែរគ្រប់ៗរូប ដែលត្រឡប់មកកាន់មាតុប្រទេសវិញដែលសម្រេចបានលទ្ធផលគួរជាទីមោទន ហើយរហូតមដល់ពេលនេះ មានពលករចំនួនជាង ២៨ម៉ឺននាក់ ទទួលបានការងារក្នុងប្រព័ន្ធ និងបងប្អូនអតីតពលកររាប់ម៉ឺនផ្សេងទៀត បានទទួលការងារដោយខ្លួនឯងដូចជាផ្នែកសំណង់ ភោជនីយដ្ឋាន និងសិប្បកម្ម ជាដើម។ ជាមួយគ្នានេះ នៅមានឱកាសការងារចំនួនជាង៨,២ម៉ឺនកន្លែងនៅទូទាំងរាជធានី-ខេត្តទាំង២៥កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើជាពិសេសបងប្អូនអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃលើវិស័យឧស្សាហកម្ម កសិកម្ម និងសេវាកម្ម។ នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានប្រគល់កុំព្យូទ័រយួរដៃចំនួន ៨០គ្រឿង និងអាវរងាជាង ១០០អាវ ជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ចែងប្រើប្រាស់ទៅតាមតម្រូវការជាក់ស្ដែង។ គិតចាប់ពីថ្ងៃទី១៦ ខែសីហា ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុម័តចុះឈ្មោះសមាជិក សមាជិកា ស.ស.យ.ក. ជាភ្នាក់ងារព័ត៌មានទីផ្សារការងារសរុបចំនួន ៣ ២៩៦នាក់ មកពីគ្រប់ឃុំ-សង្កាត់ នៅទូទាំងប្រទេស។ ក្នុងនោះដែរ ភ្នាក់ងារព័ត៌មានទីផ្សារការងារទាំងនោះ បានចុះឈ្មោះអ្នកស្វែងរកការងារធ្វើបានចំនួន ៧ ៣១៧នាក់ ដោយក្នុងនោះខេត្តបន្ទាយមានជ័យ មានចំនួន ១ ៣១១នាក់៕

កាកបាទក្រហមកម្ពុជារៀបចំកម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ «បរិច្ចាគឈាម ផ្តល់ក្តីសង្ឃឹម កសាងសន្តិភាព» ខណៈទទួលបានឈាមចំនួន ១៦០ប្លោក

2025/11/23 04:47:26 pm        309
នៅថ្ងៃអាទិត្យទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីក្នុងកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ "បរិច្ចាគឈាម ផ្តល់ក្តីសង្ឃឹម កសាងសន្តិភាព"។ ពិធីនេះមានវត្តមានអញ្ជើញចូលរួមពី លោកវេជ្ជ. សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកទីស្នាក់ការកណ្តាល មន្រ្តីបុគ្គលិកនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម សប្បុរសជន សាស្ត្រាចារ្យ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យទាំង ២៥ក្នុងរាជធានីភ្នំពេញ សរុប៥០០នាក់ និងអ្នកដែលបានចូលរួមបរិច្ចាគឈាម ១៩៥នាក់ ដោយទទួលបានឈាមចំនួន ១៦០ប្លោក ក្នុងនោះបុរស ៨៧នាក់ និងនារី ៧៣នាក់ ដែលពិធី នេះធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។មានចំណាប់អារម្មណ៍នាពេលនោះ លោកវេជ្ជ. សុខ ប៉ូ មានប្រសាសន៍ថា ក្នុងនាមមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល មន្ត្រីរាជការ បុគ្គលិកទាំងអស់ ខ្ញុំបាទសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះសប្បុរស ជនទាំងអស់ ដែលបានធ្វើអំណោយទានជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាងដើម្បីលើកកម្ពស់ការ បរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃរួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្តីសប្បុរស។ យុទ្ធនាការ “បរិច្ចាគឈាម ផ្តល់ក្តីសង្ឃឹម កសាងសន្តិភាព” នាថ្ងៃនេះ គឺជាប្រធានបទដ៏មានអត្ថន័យសម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់២ គឺទី១.បង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជំរុញការលើកកម្ពស់ឱ្យយុវជន និងប្រជាជនទូទៅចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឱ្យ មានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ដោយ គ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយ និងទី២.ផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម។នាឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ មានសាសន៍ថា កាកបាទក្រហមកម្ពុជា ក្រោមម្លប់ដ៏ឧត្តុង្គឧត្តម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន លោកទាំងទ្វេយកព្រះទ័យ លោកទាំងទ្វេតែងតែយកព្រះទ័យ យកចិត្តទុកដាក់ចំពោះ កម្លាំងយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលជាកម្លាំងចលករ/ឆ្អឹងខ្នងរបស់សមាគមជាតិកាកបាទក្រហមកម្ពុជា ដោយជំរុញ និងបណ្ដុះនូវឆន្ទៈផ្នត់គំនិត បំពេញការងារស្ម័គ្រចិត្តដោយ មិនគិតប្រយោជន៍តបស្នងវិញស្របតាមគោលការណ៍គ្រឹះទាំង៧របស់ចលនា និងអនុវត្តតាមយុទ្ធសាស្ដ្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលមានវិស័យអាទិភាពចំនួន៤ ក្នុងនោះវិស័យជាអាទិភាព សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ដោយគោលដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលកាត់បន្ថយ អត្រាឈឺ និងស្លាប់នៃមាតា ទារក និងកុមារ, ការពារ និងលុបបំបាត់ ជំងឺឆ្លង មិនឆ្លង, អន្ដរាគមន៍សុខភាព គ្រាអាសន្ន, សុខភាពមនុស្សចាស់ សង្គ្រោះបឋម និងលើកកម្ពស់សុខភាពបឋម។ ការចូលបរិច្ចាគឈាមនាពេលនេះ មិនត្រឹមតែផ្តល់ការលើកទឹកចិត្តដល់អ្នកបរិច្ចាគឈាមតែប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយពីការយល់ដឹង និងសារៈសំខាន់នៃការបរិច្ចាគឈាមជាប្រចាំ ដើម្បីជួយសង្គ្រោះ ជីវិតនិងការលើកកម្ពស់ការយល់ដឹងពីវិជ្ជាសង្រ្គោះបឋម សហគមន៍មានសុខភាពល្អ និងមានភាពធន់ នឹងអាកាសធាតុ ថែមទៀតផង។ ជាក់ស្តែងប្រធានបទ “បរិច្ចាគឈាម ផ្តល់ក្តីសង្ឃឹម កសាងសន្តិភាព” បង្ហាញឱ្យឃើញពីភាពមនុស្សធម៌ ក្តីមេត្តាករុណា និងទស្សនៈសន្តិភាពរបស់យើងទាំងអស់គ្នា។ ឈាមមួយប្លោក អាចជួយរក្សាជីវិតមនុស្ស៣នាក់។ ហើយការបរិច្ចាគរបស់យើងម្នាក់ៗ មិនត្រឹមជាការផ្តល់ឈាមប៉ុណ្ណោះទេ ប៉ុន្តែជាការផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺដែលកំពុងរង់ចាំ។ នៅពេលដែលមនុស្សម្នាក់ទទួលបានឱកាសរស់រានមានជីវិតឡើងវិញគឺជាសញ្ញានៃការកសាងសន្តិភាពក្នុងសហគមន៍ និងសង្គមទាំងមូល។ លើសពីនេះទៅទៀត អ្នកបរិច្ចាគឈាម នឹងទទួលបានអត្ដប្រយោជន៍៦យ៉ាងដូចជា៖កាត់បន្ថយជំងឺមហារីកនានា, កាត់បន្ថយកូលេស្តេរ៉ុល និងភាពតានតឹងក្នុងចិត្ត, កាត់បន្ថយការដាច់សរសៃឈាមខួរក្បាល, កាត់បន្ថយកំហាប់ឈាម និងលើសជាតិដែកដែលធ្វើឲ្យប៉ះពាល់ដល់ថ្លើមនិងលំពែង, ជួយឲ្យប្រសើរឡើងនូវសុខភាពបេះដូងនិងកាត់បន្ថយការឡើងទម្ងន់មនុស្សធ៌មប្រកបដោយសុឆន្ទៈក្នុងការជួយសង្រ្គោះជីវិតអ្នកជំងឺ។សូមបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងជួយសង្រ្គោះជីវិតអ្នកដែលរងគ្រោះ កាកបាទក្រហមកម្ពុជា បានរៀបកម្មវិធីបរិច្ចាគឈាមលើកទី២ ក្នុងឆ្នាំ២០២៥នេះ ដែលមានគោលបំណង៖ លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីតម្រូវការឈាមនិងដឹងនូវគុណចំពោះអ្នកបរិច្ចាគឈាម។ លើកទឹកចិត្តដល់អ្នកបរិច្ចាគឈាមទាំងថ្មី និងអ្នកបរិច្ចាគទៀងទាត់ ជួយធានាឱ្យមានការផ្គត់ផ្គង់ ឈាមមាន ស្ថេរភាព និងគ្រប់គ្រាន់ ព្រមទាំងមានសុវត្ថិភាពទៀតផង។ គូសបញ្ជាក់ពីអត្ថប្រយោជន៍អ្នកបរិច្ចាគឈាមទទួលបានពីការផ្តល់ឈាម និងសុខុមាលភាពរបស់អ្នកដទៃ ដែលត្រូវការឱ្យជួយ។ ប្រមូលការគាំទ្រពីរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ដើម្បីវិនិយោគ និងទ្រទ្រង់កម្មវិធីឈាមជាតិ ដើម្បី សម្រេច បាន នូវលទ្ធភាពទទួលបានជាសកល ក្នុងការបញ្ចូលឈាមប្រកបដោយសុវត្ថិភាពនៅទូទាំងពិភពលោក។លោកជំទាវបានឱ្យដឹងថា ពាក្យស្លោកនៃកម្មវិធីពេលនេះ “បរិច្ចាគឈាម ផ្តល់ក្តីសង្ឃឹម កសាងសន្តិភាព” រំលេចពីគុណសម្បត្តិ នៃការ ផ្លាស់ប្តូរជីវិត ដែលអ្នកបរិច្ចាគឈាមបានធ្វើចំពោះអ្នកដែលត្រូវការឈាម។ ដើម្បីសង្រ្គោះជវិត ការបង្ហាញអំពី អំណាច នៃសហគមន៍ និងសាមគ្គីភាពក្នុងការសង្គ្រោះជីវិត តាមរយៈទង្វើដ៏សាមញ្ញគឺ ផ្តល់ឈាម។ កម្មវិធីនេះ ស្វែងរកការបំផុសគំនិត ដោយការចែករំលែករឿងពិតរបស់មនុស្ស ដែលជីវិតរបស់ពួកគេត្រូវបានសង្គ្រោះដោយសារការបរិច្ចាគឈាម ឬបទពិសោធន៍ផ្ទាល់ខ្លួនពីម្ចាស់ជំនួយផ្ទាល់ ការលើកទឹកចិត្តអ្នកបរិច្ចាគទៀងទាត់ ឱ្យបន្តការផ្តល់ឱ្យ និងការលើកទឹកចិត្តបុគ្គលដែលមានសុខភាពល្អ ជាពិសេសមនុស្សវ័យជំទង់ ឱ្យក្លាយជាអ្នកបរិច្ចាគមុនគេបង្អស់ និងសូមអំពាវនាវដល់យុវជនទាំងអស់ សូមចូលរួមក្នុងបេសកកម្មសង្គ្រោះជីវិត តាមរយៈការក្លាយជាម្ចាស់ជំនួយជាប្រចាំ និងជាអ្នករួមចំណែកដល់ការផ្គត់ផ្គង់ឈាមមានសុវត្ថិភាព ដែលអាចទុកចិត្តបាន។ សូមចងចាំថា ការបរិច្ចាគនីមួយៗអាចជួយសង្គ្រោះជីវិតបានដល់ទៅបីនាក់ អំពើសប្បុរសរបស់អ្នកអាច មានឥទ្ធិពលដល់ក្តីសង្ឃឹម និងការព្យាបាល៕

រដ្ឋបាលខេត្តកំពង់ចាម៖ ឃាតកម្មដុតផ្ទះ និងអារ.កសម្លាប់ បណ្តាលឲ្យមនុស្ស ៩នាក់ស្លាប់ ខណៈជន​សង្ស័យ​ជាឃាតក​ត្រូវ​ជាប្តីរបស់ជនរងគ្រោះម្នាក់

2025/11/23 04:39:13 pm        1025
កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមបានបញ្ជាក់ឱ្យដឹងថា ឃាតកម្មដុតផ្ទះ និង​អារ.ក​សម្លាប់​បាន​បណ្តាល​ឲ្យ​មនុស្ស ៩នាក់ស្លាប់ ខណៈជនសង្ស័យជាឃាតករ​ត្រូវ​ជា​ប្តី​របស់​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រង​គ្រោះទាំង៩នាក់។ នេះបើតាមសេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​។រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ៦:០០ ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ រដ្ឋបាលខេត្តកំពង់ចាម បានទទួលព័ត៌មាន ពីករណីឃាតកម្ម ដុតផ្ទះ និងអារកសម្លាប់ នៅ​ភូមិពោន ឃុំទទួលសំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ភ្លាមៗ ឯកឧត្តម​អភិបាល​ខេត្ត​កំពង់​ចាម ​បានបញ្ជាស្នងការនគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត ក្រោម ការដឹក​នាំ​សម្រប​សម្រួល​ពី​តំណាង​អយ្យការអមសាលាដំបូងខេត្ត ធ្វើការចុះពិនិត្យ ស្រាវជ្រាវអំពីមូលហេតុ និងវែកមុខ​ជន​ល្មើស ​ទទួលបានលទ្ធផលដូចខាងក្រោម៖១. ហេតុការណ៍ឃាតកម្ម ដុតផ្ទះ និងអារកសម្លាប់ ខាងលើនេះ កើតឡើងនៅវេលាម៉ោង ៥:៣០ ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ពោលគឺប្រមាណ ៣០នាទីមុនសមត្ថកិច្ចទទួលបានព័ត៌មាន។ ទីតាំងផ្ទះកើតហេតុ គឺស្ថិតក្នុងដីចម្ការ ដាច់ស្រយ៉ាល។២. ឃាតកម្មដុតផ្ទះ និងអារករសម្លាប់នេះ បានបណ្តាលឲ្យមនុស្ស ៩នាក់ បាត់បង់ជីវិត ក្នុងនោះ ៨នាក់ បាត់បង់ជីវិតក្នុងភ្នក់ភ្លើងផ្ទះឆេះ និងម្នាក់ទៀតត្រូវបានអារកសម្លាប់នៅចម្ងាយ ប្រហែល ១០០ម៉ែត្រ ពីទីតាំង ផ្ទះឆេះ។ ជនរងគ្រោះទាំង ៩នាក់ មាន ស្រី ៧នាក់ និង ប្រុស ២នាក់ និងសុទ្ធតែជាសាច់ញាតិនឹងគ្នា។៣.ជនសង្ស័យជាឃាតក ត្រូវបានកំណត់អត្តសញ្ញាណ មានឈ្មោះ សុបិន្ត មិនា អាយុ ២១ឆ្នាំ ត្រូវជា ប្តីរបស់ជនរងគ្រោះម្នាក់ និងត្រូវបានឃាត់ខ្លួននៅវេលាម៉ោង ៩:៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅ ចំណុចអូរហោះ ភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាស្រុករបស់ជនសង្ស័យ ហើយជនសង្ស័យ ក៏បានសារភាពនូវឃាតកម្មរបស់ខ្លួនរួចហើយ។ នៅពេលសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ ហាក់មានស្មារតីមិនប្រក្រតី។ តាមការពិនិត្យទឹកម៉ូត ជនសង្ស័យពុំត្រូវបានរកឃើញថាមានពាក់ព័ន្ធនឹងសារធាតុ ញៀនឡើយ។ សមត្ថកិច្ចនឹងបន្តយកឈាមរបស់ជនសង្ស័យទៅពិនិត្យ និងបន្តវិភាគបញ្ហាស្មារតីរបស់គាត់ បន្ថែមទៀត។បើតាម រដ្ឋបាលខេត្តកំពង់ចាម ជាការសន្និដ្ឋានបឋម ជនសង្ស័យ និងក្រុមជនរងគ្រោះ គឺជាសាញ់ញាតិនឹងគ្នា ដូច្នេះ បញ្ហា ឃាតកម្មនេះ គឺជាបញ្ហាផ្ទៃក្នុងគ្រួសារ។ ចំពោះមូលហេតុដែលនាំទៅដល់ការបង្កើតឲ្យមានឃាតកម្មនេះ គឺ ជនសង្ស័យបានសារភាពថា “ខ្លួនមានការគុំគួនប្រពន្ធដែលតែងតែមានជម្លោះគ្នាជាប្រចាំ រហូតដល់ខ្លួនបាន សម្រេចចិត្តសម្លាប់ម្តាយក្មេក ប្រពន្ធ ប្អូនថ្លៃ និងក្មួយៗ សរុបទាំងអស់ ៩នាក់”។រដ្ឋបាលខេត្តកំពង់ចាម ចូលរួមសោកស្តាយចំពោះសោកនាដកម្ម ដែលបានកើតឡើង យ៉ាងសាហាវយង់ឃ្នងលើក្រុមគ្រួសារជនរងគ្រោះ និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ ព្រមទាំងសូមស្នើ ឲ្យសមត្ថកិច្ចអនុវត្តទោសយ៉ាងតឹងរ៉ឹងចំពោះជនល្មើស៕

និស្សិត និងសាស្ដ្រាចារ្យពីសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ចុះ​សិក្សា​ឈ្វេង​យល់​ពី​ស្ថាបត្យ​កម្ម​បុរាណនៅតំបន់អង្គរ

2025/11/23 04:29:47 pm        1081
ក្រុមនិស្សិត និងសាស្ដ្រាចារ្យ អាហារូបករណ៍ថ្នាក់ដឹកនាំកំពូលរាជរដ្ឋាភិបាលជាង២៦០នាក់ មក​ពី​សាកល​វិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បានធ្វើទស្សនៈកិច្ច​សិក្សា​ឈ្វេង​យល់​ពី​ប្រវត្ដិ​សាស្ដ្រ​វប្បធម៌ សំណង់ស្ថាបត្យកម្មបុរាណនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោកបណ្ឌិត កុល សារូ ព្រឹទ្ធបុរសមហាវិទ្យាល័យ វិទ្យាសាស្ដ្រសង្គម នៃ​សាកល​វិទ្យាល័យ​សម្ដេច​ព្រះ​មហា​សង្ឃរាជ បួរ គ្រី រាជធានីភ្នំពេញ មានប្រសាសន៍ថា ការធ្វើទស្សនៈកិច្ចសិក្សានេះ ត្រូវ​បាន​ធ្វើ​បទបង្ហាញយ៉ាងយកចិត្ដទុកដាក់ពីលោកសាស្ដ្រាចារ្យ ក្រោមប្រធានបទ ដំណើរ​នៃ​ការ​គ្រប់​គ្រង​សម័យ​អតីតកាល។ លោកបណ្ឌិតបានបន្ដថា ក្រុមនិស្សិត​ពួក​គាត់​ធ្លាប់​បាន​តែ​សិក្សា​លើ​ទ្រឹស្ដី ​ប៉ុន្ដែនៅពេលសិក្សាឈ្វែងយល់ផ្ទាល់នៅតាមប្រាសាទ ពួកគាត់​យល់​កាន់​តែ​ច្បាស់​ពី​ប្រវ​ត្ដិ​សាស្ដ្រ​វប្បធម៌ អរិយធម៌ខ្មែរ និងសំណង់ស្ថាបត្យកម្មប្រាសាទបុរាណ។លោកបណ្ឌិតបន្ដថា ក្រុមនិស្សិត ក៏ដូចជាយុវជន ត្រូវតែចេះចឹងពីប្រវត្ដិសាស្ដ្ររបស់ខ្លួន ព្រោះ​ការ​គ្រប់​គ្រង​រដ្ឋមួយត្រូវការចេះច្រើនជំនាញ សម្រាប់ការដឹកនាំទៅថ្ងៃអនាគត ហើយ​ទស្សន​កិច្ច​សិក្សា​នេះ ក៏ជាការឆ្លើយតមនូវអនុសាសន៍ខ្ពង់ខ្ពស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ដ្រី​ ក្នុងការបំផុសមហាជន ពិសេសយុវជន ដើម្បី​ធ្វើ​សកម្ម​ភាព​រួម​គ្នា​ផ្សព្វ​ផ្សាយ​ឱ្យ​កាន់​តែ​ទូ​លាយ​​ នៅតំបន់ទេសចរណ៍វប្បធម៌។ លោកបណ្ឌិត ក៍បានថ្លែង​អំណរ​គុណ​ដល់ថ្នាក់​ដឹក​នាំ​សាកល​វិទ្យាល័យ​សម្ដេចព្រះមហាសង្ឈរាជបួរគ្រីផងដែរ ដែល​បាន​ផ្ដល់​ឱ្យ​និស្សិត និង​សាស្ដ្រា​ចារ្យ​ចុះកម្ម​សិក្សាឈ្វេង​យល់​ពីប្រាសាទបុរាណនៅតំបន់រមណីយដ្ឋានអង្គរ។តំណាង​ឱ្យ​ក្រុមនិស្សិតនីមួយៗ ពួកគាត់បានលើកឡើងថា ការធ្វើទស្សកិច្ចរយៈពេលបីថ្ងៃនេះ បាន​ធ្វើ​ឱ្យ​ពួកគាត់ស្គាល់កាន់តែច្បាស់ពីសំណង់ស្ថាបត្យកម្មរបស់បុព្វការីជន ដែល​បាន​បន្សល់​ទុក​ឱ្យ​ខ្មែរ​ជំនាន់​ក្រោយ បានស្គាល់ពីវប្បធម៌ អរិយធម៌របស់ខ្លួន។ ពួកគាត់បន្ដថា សំណង់​ប្រាសាទ​បុរាណ ​ពិត​ជាបេតិកភណ្ឌរបស់ជាតិខ្មែរ មិន​អាច​រក​អ្វី​មក​កាត់​ថ្លៃ​បាន​ឡើយ​។ ការ​កសាង​ប្រាសាទ​នីមួយរបស់បុព្វបុរសខ្មែរ គឺមានភាពសច្ចារ្យខ្លាំងណាស់ ដែល​ប្រទេស​ដ​ទៃ​ទៀត​មិន​អាច​ធ្វើ​បាន។ ពួក​គាត់នឹងចូលរួមថែរក្សានូវ​វប្បធម៌របស់ខ្មែរឱ្យបានគង់វង្ស។សូមបញ្ជាក់ថា ការធ្វើទស្សនកិច្ចសិក្សារបស់សាស្ដ្រាចារ្យ និស្សិត នៃសាកល​វិទ្យាល័យ​សម្ដេច​ព្រះ​មហា​សង្ឃ​រាជ​បួរគ្រីនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ នៅតាមប្រាសាទរួមមាន ប្រាសាទព្រះគោ ប្រាសាទបន្ទាយស្រី ព្រះលានជល់ដំរី ប្រាសាទ​បាយ័ន និងប្រាសាទអង្គរវត្ដ៕

ក្រុមអនុព័ន្ធយោធាបរទេសនៅកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤កម្ពុជា

2025/11/23 03:43:34 pm        279
នៅថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៤:៥០នាទីរសៀល ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា (CLG) បានសម្របសម្រួលជូនក្រុមអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា (Military Attaché Corps of Phnom Penh - MACPP) ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ នៅទីបញ្ជាការយោធភូមិភាគទី៤ ខេត្តសៀមរាប។ នេះបើតាម លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM