ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ច្រាន​ចោល​ការអះអាង​ពី​ការ​ជ្រៀត​ជ្រែក​ក្នុង​ជម្លោះ​ព្រំដែន​ថៃ-កម្ពុជា

2025/11/23 03:20:26 pm        774
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ពីការជ្រៀតជ្រែកក្នុងជម្លោះព្រំដែនរបស់ថៃជាមួយកម្ពុជា ដោយ​រក្សា​តួនាទី​អព្យាក្រឹត​របស់​ម៉ាឡេស៊ី ​ក្នុងការសម្របសម្រួលការចរចារវាងប្រទេសទាំងពីរ។លោក Anwar បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសៅរ៍ ២២ វិច្ឆិកាសប្ដាហ៍នេះ នៅ​ទី​ក្រុងចូហាណេស្បឺក(Johannesburg) ប្រទេសអាហ្វ្រិកខាងត្បូង ជាទីដែល​លោក​កំពុង​ចូល​រួម​កិច្ច​ប្រជុំកំពូល G20 ឆ្នាំនេះថា លោកសូមស្រាយបំភ្លឺឱ្យច្បាស់ ទីមួយ ក្នុងនាម​ជា​ប្រទេស​ជិត​ខាង​ប្រទេស​របស់លោកពិតជាមានការព្រួយបារម្ភពីជម្លោះនេះខ្លាំងណាស់ ប៉ុន្តែពួក​លោក​មិន​ពាក់​ព័ន្ធ​ឡើយ​។លោកបានមានប្រសាសន៍ថា «យើងគ្រាន់តែសម្របសម្រួល - ដើម្បីជួយពួកគេ​ឱ្យ​សម្រេច​បាន​នូវ​ការ​ដោះស្រា​យ ឬដំណោះស្រាយចំពោះជម្លោះរបស់ពួកគេតែប៉ុណ្ណោះ។ យើងមិន​បាន​ផ្តល់​ការ​ណែ​នាំ​ជាក់លាក់ណាមួយដល់ប្រទេសទាំងពីរថាត្រូវដោះស្រាយជម្លោះបែបណានោះដែរ ដោយ​បន្ថែម​ថា​ប្រទេសទាំងពីរចាត់ទុកម៉ាឡេស៊ីជា «មិត្ត»។ លោក Anwar បានបន្ថែមថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump ) ក៏បាននិយាយជាមួយពួកគេដែរ។លោកថា នៅពេលរូបលោកធ្វើជាប្រធានកិច្ចប្រជុំ រវាង​ភាគី​ទាំងពីរ លោកបាននិយាយយ៉ាងច្បាស់អស់ហើយ។លោកគិត​ថា​យើងមិន​គួរ​ត្រូវ​បាន​រារាំង​ពី​ភារកិច្ច​ចម្បង​របស់​យើង​ក្នុង​ការ​សម្រេច​បាន​សន្តិភាព​ដោយ​សារ​តែសេចក្តីថ្លែងការណ៍មួយចំនួនបង្កើតឡើងដោយបញ្ហាតូចតាច ដែលមិនពេញចិត្ត និង​ខកចិត្តនោះទេ។ ប្រតិកម្ម​របស់លោកបានកើតមាន​ឡើង​ក្រោយ​ក្រុម​បាតុករ​ថៃ​ជ្រុល​និយម​បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុ​កម្ម​តវ៉ា​នៅខាងមុខស្ថានទូតម៉ាឡេស៊ី ក្នុងទីក្រុងបាងកក ដោយចោទប្រកាន់រូបលោកថា បាន​បំពាន​លើ​តួនាទីជាប្រធានអាស៊ាន និងលូកដៃចូល​កិច្ចការ​របស់​ថៃ​ដើម្បី​ការពារ​អធិបតេយ្យ​របស់​ខ្លួន​៕

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៣វិច្ឆិកា កើតឡើងចំនួន១០លើក បណ្តាលឲ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល១១នាក់

2025/11/23 03:07:52 pm        495
គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥) បានកើតឡើងចំនួន ១០លើក (យប់ ៥លើក) បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ (ស្រី ១នាក់), រងរបួសសរុប ១១នាក់ (ស្រី ២នាក់), រងរបួសធ្ងន់ ៥នាក់ (ស្រី ០នាក់) រងរបួសស្រាល ៦នាក់ (ស្រី ២នាក់) និងមិនពាក់មួកសុវត្ថិភាព ៧នាក់ (យប់ ៣នាក់)។យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៦លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ៣នាក់, របួសស្រាល ៥នាក់), មិនគោរពសិទ្ឋិ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់) និងប្រជែង ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ១នាក់) ៕

ឯកឧត្តម ថោ ជេដ្ឋា ចុះពិនិត្យការងារសាងសង់ទំនប់អាងស្តុបទឹកលេខ២ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ខណៈការសាងសង់សម្រេចបានជាង ៤០%

2025/11/23 02:43:56 pm        214
នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ គម្រោងទំនប់អាងស្តុបទឹកលេខ២ កាត់ស្ទឹងអារ៉ៃ ស្ថិតក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។មន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នគម្រោងទំនប់អាងស្តុបទឹកលេខ២សម្រេចការសាងសងបានប្រមាណជាង៤០%ហើយ លើការងារកាយសម្អាតបាតអាង សាងសង់តួទំនប់ និងរៀបចំគ្រឹះទំនប់។ ដោយ ទំគម្រោងទំនប់អាងទឹកលេខ២នេះ លាតសន្ធឹងផ្ទៃអាងទំហំ ៤,០១៦ហិកតា អាចស្តុកទឹកបាន៨៦០លានម៉ែត្រគូប និងមានសមត្ថភាពអាចស្រោចស្រពលើផ្ទៃដីប្រមាណ២៦២,៥០០ហិកតា។ ចំពោះការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ទី១-ទំនប់ដី ប្រវែង៤១០ម៉ែត្រ ចាក់បេតុងពីលើកម្រាស់ ២០សង់ទីម៉ែត្រ កម្ពស់៤០ម៉ែត្រ មានទទឹងខ្នងលើ១០ម៉ែត្រ, ទី២-ទំនប់បង្ហៀរមួយកន្លែង ប្រវែង២៨១ម៉ែត្រ មានប្រវែងរំហូរទឹក១៦៥ម៉ែត្រ ព្រមទាំងមានស្ពានពីលើ១៦៥ម៉ែត្រ និងមានទទឹង១០ម៉ែត្រ មានលូបញ្ចេញទឹក២កន្លែង មុខកាត់១,២ម៉ែត្រ ប្រវែង២៤៨.៥០ម៉ែត្រ,ទី៣-សាងសង់ផ្លូវត្រីមួយកន្លែង មានទទឹង២,៩ម៉ែត្រ បណ្តោយ១៦៥២ម៉ែត្រ, ទី៤-អគារសហគមន៍មួយ និងរោងម៉ាស៊ីនភ្លើង ១កន្លែង,ទី៥-រៀបថ្មជើងទេរមុខក្រោយ ប្រវែង១គីឡូម៉ែត្រ ទី៦-សាងសង់ផ្លូវបេតុងចូលទៅសំណង់ ១១,៥៥គីឡូម៉ែត្រ និងទទឹង៨ម៉ែត្រ និងទី៧-សាងសង់សំណង់សិល្បការ្យតាមផ្លូវ ចំនួន៥០កន្លែង។ ក្នុងឱកាសនោះ ឯកឧត្តម ថោ ជេដ្ឋា មានប្រសាសន៍លើកឡើងថា គម្រោងទំនប់អាងស្តុបទឹកលេខ២នេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនប្រជាណលរដ្ឋក្នុងខេត្តពោធិ៍សាត់ ហើយនៅពេលដែលទំនប់នេះបញ្ចប់ការសាងសង់ នឹងផ្តល់គុណប្រយោជន៍យ៉ាងសម្បើម ទី១លើវិស័យកសិកម្ម ទី២លើវិស័យទេសចរណ៍ និងទី៣ គឺជួយកាត់បន្ថយគ្រោះទឹកជំនន់ខេត្តពោធិ៍សាត់។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឲ្យមន្ត្រីបច្ចេកទេស និងអ្នកពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់លើគុណភាពក្នុងការសាងសង់ ហើយបន្តសហការជាមួយអាជ្ញាធរខេត្ត ក្នុងការដោះស្រាយរាលបញ្ហាប្រឈមនានាដើម្បីជម្រុញ ការសាងសង់គម្រោងនេះឲ្យសម្រេចតាមផែនការកំណត់ ៕ 

ខេត្តបាត់ដំបង កំពុងដំណើរការលក់ផលិតផលខ្មែរ ផលិតនៅក្នុងស្រុក បន្លែសុវត្ថិភាព ផ្លែឈើ សាច់សត្វ អង្ករ និងអាហារកែច្នៃនានា

2025/11/23 02:12:34 pm        304
បាត់ដំបង៖ ផ្សារផលិតផលខ្មែរ នៅខេត្តបាត់ដំបង សហការរៀបចំដោយមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង និងសមាគមនិរន្តរភាពដីដើម្បីជីវិត កំពុងដំណើរការលក់កសិផល ផលិតផលខ្មែរ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦:០០ព្រឹក ដល់ ៦:០០ល្ងាច នៅបរិវេណខាងមុខផ្សារទំនើប-បុរីថ្មី (តាមបណ្តោយផ្លូវលេខ៣) ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ស្វែងរកផ្សារផលិតផលខ្មែរខេត្តបាត់ដំបង៖https://maps.app.goo.gl/44Jyc9M2bWEokxbc8សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕ 

នាយឧត្តមសេនីយ៍ ស ថេត ជំរុញកងកម្លាំងទាំងអស់ប្តេជ្ញាចិត្តរក្សាខឿនការពារជាតិ ការពារ​សុខសន្តិភាព

2025/11/23 01:53:52 pm        364
នាយឧត្តមសេនីយ៍ ស ថេត ជម្រុញដល់បញ្ហាការដ្ឋានអង្គរក្ស ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ប្តេជ្ញាចិត្តរក្សាខឿនការពារជាតិ ការពារសុខសន្តិភាពសង្គមចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ នីតិ កាលទី១ អាណត្តិទី៧ របស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍប្រទេសប្រកបដោយបរិយាបន្ន សំដៅពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជន លើកស្ទួយកីត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ។ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិជំរុញបែបនេះខណះតំណាងសម្តេចធិបតី និងលោកជំទាវបណ្ឌិតជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី៣១ បើកវគ្គបន្តជំនាន់ទី៣២ ព្រមទាំងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស(ភ្នំស្រង់ ខេត្តកំពង់ស្ពឺ)នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។ថ្លែងនៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍បានកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះនាយទាហាន ពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស ដែលបានខិតខំពុះពារគ្រប់ឧបសគ្គ នៅក្នុងការបំពេញតួនាទីភារកិច្ច ការហ្វឹកហ្វឺនពង្រឹងសមត្ថភាព ចូលរួមការបូរណភាពទឹកដី ការពារថ្នាក់ដឹកនាំ និងការកែច្នៃកសាងអង្គភាពជាច្រើនឆ្នាំកន្លងមកនេះ ដោយទទួលបានលទ្ធផលគួជាទីមោទនៈ។ ឯកឧត្តម បានចាត់ទុកថា បញ្ជាការដ្ឋានអង្គរក្ស គឺជាកម្លាំងពហុវិស័យ និងក៏ជាកម្លាំងចល័តអន្តរាគមន៍ពិសេសយ៉ាងឆាប់រហ័សរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃ ខ.ភ.ម ជាពិសេសបទបញ្ជារបស់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត គឺបានចល័តកម្លាំងអន្តរាគមន៍ទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់បំផុត។ ជាមួយគ្នានេះ ឯកឧត្តម ស ថេត បានរំលេចអំពីជោគជ័យធំៗរបស់រាជរដ្ឋាភិបាល នាពេលកន្លងមកនេះ ក្នុងនោះ ដោយមានការចូលរួមចំណែកពីបញ្ជាការដ្ឋានអង្គរក្ស និងកងនគរបាលជាតិ ដូចជាជោគ ជ័យរៀបចំធានាសុវត្ថិភាពជូនព្រះមហាក្សត្រ ថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល និងការ ការពារអធិបតេយ្យបូរណភាពទឹកដី ទប់ស្កាត់ការឈ្លានពានពីបរទេស។សូមជម្រាបថា បញ្ជាការដ្ឋានអង្គរក្ស បង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺននៅឆ្នាំ ២០០៤ បានបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល និងបំប៉នសិក្ខាកាមរហូតមកដល់បច្ចុប្បន្ននេះ រយៈពេល ២១ឆ្នាំបានចំនួន ៤៩វគ្គ។ ក្រោយពីផ្លាស់ប្តូរទីតាំងភូមិ សាស្ត្រពីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មករៀបចំកសាងមជ្ឈមណ្ឌល ហ្វឹក ហ្វឺនថ្មី នៅភូមិស្វាយឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងឆ្នាំ២០១៩៕ អត្ថបទ៖ ភារម្យ 

មន្រ្ដីជំនាញចុះពិនិត្យវាយតំលៃស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តពោធិ៍សាត់ និងសួរសុខ​ទុក្ខពលរដ្ឋ​រងគ្រោះ

2025/11/23 01:43:40 pm        303
ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមជាមួយមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងក្រុមការងារ គ.ជ.គ.ម. នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែង ស្ថានភាពជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ ខណៈតួលេខបច្ចុប្បន្ន បានប៉ះពាល់ដល់ក្រុងស្រុក ចំនួន០៥, ប្រជាពលរដ្ឋ ចំនួន៦,៣០៨គ្រួសារ និងដំណាំស្រូវ ចំនួន៣,៣៣៨.៨៥ហិកតា រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។ ក្នុងថ្ងៃដដែលនោះ ប្រតិភូក៏បាននាំយកអំណោយ របស់រដ្ឋបាលខេត្ត ផ្ដល់ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ចំនួន៥០គ្រួសារ ដែលកំពុងរងផលប៉ះពាល់លិចលង់ផ្ទះសម្បែង ក្នុងសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់។ បើតាមរបាយការណ៍ របស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានបង្ហាញថា គិតត្រឹមនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថានភាពជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ បានបង្កឱ្យមានផលប៉ះពាល់ដល់៖ ក្រុងស្រុក ចំនួន០៥ (ក្រុងពោធិ៍សាត់, ស្រុកភ្នំក្រវាញ, ស្រុកកណ្តៀង, ស្រុកបាកាន និងស្រុកតាលោសែនជ័យ), ឃុំសង្កាត់ ចំនួន២១ ស្មើនឹង១១៩ភូមិ, ប៉ះពាល់ដល់ប្រជាពលរដ្ឋ ចំនួន៦,៣០៨គ្រួសារ, ជម្លៀសប្រជាពលរដ្ឋបាន ចំនួន៥៤៥នាក់ ស្មើនឹង៤៣២គ្រួសារ ក្នុងនោះយើងបានត្រៀមទីទួលសុវត្ថិភាព ចំនួន១៦កន្លែង។សម្រាប់ប៉ះពាល់ដល់ដំណាំស្រូវ ចំនួន៣,៣៣៨.៨៥ហិកតា (ការខូចខាតមិនទាន់កំណត់បាន), ប៉ះពាល់ដល់ផ្ទះ ចំនួន៤២០០ ខ្នង, ប៉ះពាល់ដល់សត្វពាហនៈ ចំនួន៣៦២ក្បាល, ប៉ះពាល់ផ្លូវប្រវែង៨៤,៩៦៦ម៉ែត្រ, ខូចខាតស្ពានឈើ និងបានជួសជុលចំនួន០៣កន្លែង។ សូមរម្លឹកថា រដ្ឋបាលខេត្តពោធិ៍សាត់ បានជូនដំណឹងដល់សាធារណជន ស្តីពីការកើនឡើងជាបន្តបន្ទាប់ នៃកម្ពស់ទឹកស្ទឹងពោធិ៍សាត់ ក្នុងកម្រិតមួយត្រូវប្រកាសអាសន្ន។ហើយនៅ រាត្រីឈានចូលថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៥ ទឹកស្ទឹងពោធិ៍សាត់បានហក់ឡើងយ៉ាងគំហុក បណ្តាលឲ្យទីតាំងមួយចំនួននៅតាមដងស្ទឹង ត្រូវបានជនលិចផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ ។ រហូតដល់ពេលនេះ កម្ពស់ទឹកស្ទឹងពោធិ៍សាត់បានស្រកចុះវិញជាបន្តបន្ទាប់ តែស្ថានភាពទឹកជំនន់កំពុងបន្តបែកវាលជនលិចស្រែចំការ និងផ្ទះសម្បែងប្រជាពលរដ្ឋនៅឡើយ៕ 

ឯកឧត្តម ចាយ បូរិន ចុះសួរសុខទុក្ខពលករចំណាកស្រុកនៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

2025/11/23 01:27:30 pm        189
ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អមដំណើរដោយឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលករចំណាកស្រុកដែលទើបវិលត្រឡប់មកពីប្រទេសថៃ កំពុងរស់នៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។មានប្រសាសន៍ទៅកាន់បងប្អូនពលករ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យបងប្អូនស្វែងរកការងារធ្វើនៅក្នុងស្រុកវិញ ដោយបច្ចុប្បន្ន ប្រទេសកម្ពុជា ជាពិសេសក្នុងខេត្តត្បូងឃ្មុំ មានតម្រូវការកម្លាំងពលកម្មជំនាញជាច្រើន នៅតាមបណ្តាក្រុមហ៊ុន និងសហគ្រាសនានា។ ក្នុងនោះប្រសិនបើបងប្អូនមិនទាន់មានជំនាញ អាចចុះឈ្មោះរៀនជំនាញបច្ចេកទេសដោយឥតគិតថ្លៃនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ដើម្បីមានជំនាញច្បាស់លាស់ ងាយស្រួលទទួលបានឱកាសការងារល្អៗក្នុងស្រុក។ដោយឡែកពាក់ព័ន្ធនឹងបញ្ហាការពារបូរណភាពទឹកដី ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមានភាពជឿជាក់ និងគាំទ្រចំពោះយុទ្ធសាស្ត្រ "ស្ងាត់ តែមិនស្ងៀម" របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះបញ្ហាការឈ្លានពានទឹកដីពីសំណាក់កងទ័ពសៀម។ ឯកឧត្តមបានគូសបញ្ជាក់ថា ការដឹកនាំប្រកបដោយភាពប្រាកដនិយម និងភាពអត់ធ្មត់នេះ បានធ្វើឱ្យពិភពលោកកោតសរសើរ និងនាំមកនូវជោគជ័យជូនជាតិមាតុភូមិ។សូមជម្រាបថា សម្រាប់ពលករដែលវិលមកពីប្រទេសថៃ គឺត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ពិសេសថ្នាក់ដឹកនាំខេត្ត និងក្រុមការងាររាជរដ្ឋាភិបាល ដែលតែងជួបសួរសុខទុក និងនាំយកអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅប្រគល់ជូនដើម្បីជួយសម្រួលដល់ការចំណាយក្នុងគ្រួសារប្រចាំថ្ងៃ ក្នុងនោះក៏ជម្រុញ និងលើកទឹកចិត្តឲ្យស្វែងរកការងារក្នុងស្រុកធ្វើ ពិសេសជម្រុញឳ្យមកចុះឈ្មោះចូលរៀនជំនាញអ្វីមួយដែលខ្លួនពេញនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តផងដែរ៕ ដោយ៖ ជឹង សេងឡុង 

ពលករមកពីថៃជាច្រើនក្នុងខេត្តបន្ទាយមានជ័យ នាំគ្នាចុះឈ្មោះ​ទទួល​យក​ឱកាស​ការងារ​ក្នុង​ពិព័រណ៍​ការងារ

2025/11/23 01:10:47 pm        302
ប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកពីតាមបណ្តាភូមិឃុំ​ក្នុងមូលដ្ឋានស្រុកព្រះនេត្រព្រះ ខេត្ត​បន្ទាយ​មាន​ជ័យ​ដែល​ជា​ពលករ​ចំណាក​ស្រុក​វិល​ត្រឡប់​ម​ក​ពី​ប្រទេស​ថៃ​ បាន​នាំ​គ្នាម​ក​ទទួល​ការ​ចុះ​ឈ្មោះ​ផ្ទាល់​ជា​មួយ​ក្រុម​ហ៊ុន​ ដើម្បី​ជ្រើ​ស​រើស​ទទួល​បាន​ជំនាញ​ការងារ​ធ្វើ​ដែល​ខ្លួន​ពេញ​ចិត្ត​ក្នុង​ឱកាសពិព័រណ៍​ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែល​ពិធីនេះ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទី​តាំង​បរិវេណសាលាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ប្រជាពលរដ្ឋដែលជាពលករមកពីប្រទេសថៃ បានសម្តែងការត្រេកអរសប្បាយរីករាយ និង​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះការរៀបចំពិព័រណ៌ការងារនៅខេត្តបន្ទាយមានជ័យនេះ ដើម្បីជួយ​ដល់​ពួក​គាត់​ពេល​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ឱ្យ​មាន​ការងារ​ធ្វើ​គ្រប់​ៗ​គ្នា​ទៅ​តាម​ជំនាញ​ដែល​ខ្លួន​ពេញ​ចិត្ត​។ប្រជាពលរដ្ឋដែលទើបមកពីប្រទេសថៃបានលើកឡើថា ពួក​គាត់​មិន​ចង់​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ឯ​ប្រទេស​ថៃ​វិញទេ ដោយសារការងារនៅប្រទេសថៃ គឺមានការលំបាក ណាមួយត្រូវ​ឃ្លាត​ឆ្ងាញ​ពី​ក្រុម​គ្រួសារផ​ងដែរ។ សូមបញ្ជាក់ បច្ចុប្បន្ននេះ ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បាន​ផ្តល់​ឱកាស​ការងារ​រៀប​ម៉ឺន​កន្លែង​សម្រាប់បងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃវិញ ដើម្បីទទួល​បាន​ការងារ​ធ្វើ​ភ្លាម​ៗ​ទៅ​តាមជំនាញដែលខ្លួនពេញចិត្ត និងទទួលបានប្រាក់ខែសមរម្យ។ នេះគឺជាការ​យក​ចិត្ត​ទុក​ដាក់​ និងគិតគូរខ្ពស់ពីសម្តេចធិបតីនាយករដ្ឋមន្រ្តី ចំពោះប្រជា​ពលរដ្ឋ​ដែល​ជា​ពលករ​គ្រប់​ៗ​គ្នា​ដែល​វិល​ត្រឡប់មកពីប្រទេសថៃវិញ៕ អត្ថបទ៖ ឃិន សារិទ្ធ

រយៈពេល១០ខែឆ្នាំនេះ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ៥៦ម៉ឺននាក់

2025/11/23 01:01:11 pm        392
រយៈពេល១០ខែឆ្នាំ២០២៥នេះ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជិត៥៦ម៉ឺននាក់ក្នុងនោះភ្ញៀវជាតិមានជាង៥៣ម៉ឺននាក់ និងភ្ញៀវអន្តរជាតិប្រមាណ២៤ ០០០នាក់។ នេះបើតាមលោក ហម អរុណ អនុប្រធានមន្ទីរ និងជាអ្នកនាំពាក្យមន្ទីរទេសចរណ៍ខេត្តបាត់ដំបងថ្លែងប្រាប់ BTV។លោក ហម អរុណ បានឱ្យដឹងថា ស្ថិតិភ្ញៀវទេសចរក្នុងរយៈពេល១០ខែឆ្នាំ២០២៥នេះកើនឡើងជាងកាលពីឆ្នាំកន្លងទៅ ដោយសារតែខេត្តបាត់ដំបងមានការអភិវឌ្ឍន៍ជាច្រើន ជាពិសេសការបង្កើតសមិទ្ធផលថ្មីៗក៏ដូចជាព្រឹត្តិការណ៍ទាក់ទាញទេសចរជាច្រើនដែលជំរុញឱ្យមានកំណើនទេសចរ។លោកបន្ថែមថា ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានជំរុញឱ្យមន្ទីរទេសចរណ៍ធ្វើការប្រឹងប្រែងក្នុងការបង្កើតអ្វីដែលថ្មីៗដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។សូមជម្រាបថា ខេត្តបាត់ដំបង គឺជាទឹកដីដ៏ស្រស់ប្រិមប្រិយមានទាំងរមណីយដ្ឋានបែបប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី សិល្បៈ ម្ហូបអាហារ និងមានគោលដៅទេសចរណ៍សរុបចំនួន១១៥កន្លែងក្នុងនោះរួមមាន ៖ រមណីយដ្ឋានទេសចរណ៍ចំនួន២២កន្លែង  សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ចំនួន៤កន្លែង តំបន់គោលដៅទេសចរណ៍ចំនួន៥៤កន្លែង សារមន្ទីរចំនួន២កន្លែង ទេសចរណ៍បែបសាសនាចំនួន២៩កន្លែង និងគោលដៅកសិទេសចរណ៍ចំនួន៤កន្លែង ៕

សមាគមនារីកម្ពុជាដើម្បីសន្តិភាព ផ្ដល់អំណោយដល់ពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមានជ័យ

2025/11/23 12:53:57 pm        230
ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ លោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ បានលើក​ទឹកចិត្ត​ប្រជា​ពលរដ្ឋ​កំពុង​ស្នាក់​នៅ​ភៀស​សឹក​ឱ្យ​អត់​ធ្មត់ ហើយបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដឹកនាំនិងដោះស្រាយជម្លោះព្រំដែន។លោកជំទាវបានលើកទឹកចិត្តដល់ពលរដ្ឋភៀសសឹកបែបនេះ ក្នុងឱកាសដឹកនាំ សមាជិកា​នៃ​សមាគម​នារី​ខេត្តចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋប្រមាណ ៧៦១ គ្រួសារ កំពុងស្នាក់នៅភៀសសឹក ដែលមកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុក​អូរ​ជ្រៅ ​ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ក្នុងឱកាស​នោះ លោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ បានលើកឡើង​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ប្រមុខរាជរដ្ឋាភិបាល ដែលជាជំហានវិជ្ជមានដ៏សំខាន់ និងជាប្រវត្តិសាស្រ្ត​ក្នុង​ការ​ដោះស្រាយ​ជម្លោះព្រំដែនជាមួយប្រទេសថៃ ក្រោមយុទ្ធសាស្រ្ត "ស្ងាត់តែមិនស្ងៀម" របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រហូតទទួលបានលទ្ធផលផ្លែផ្កា ដោយ​សម្រេច​បាន​ការ​អនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាង កម្ពុជា និងថៃ នៅប្រទេសម៉ាឡេស៊ី ក្រោម​វត្តមា​នលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។ លោក​ជំទាវបន្ថែមថា លទ្ធផលដែលសម្រេចបាននូវការថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃនេះ គឺកើតចេញការខិតខំប្រឹងប្រែងឥតឈប់ឈររបស់សម្តេចធិបតី ក្នុងនាម​ជា​ប្រមុខ​រាជ​រដ្ឋាភិបាល​ និងក្រុមការងារ ដើម្បីស្វែងរកសន្តិភាពតាមបន្ទាត់ព្រំដែន ឈានឆ្ពោះ​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​នូវទំនាក់ទំនងកម្ពុជា-ថៃ ដែលជាកត្តាចាំបាច់សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ក៏​ដូចជាការអភិវឌ្ឍទៅមុខរបស់ប្រទេសកម្ពុជា។ តែដោយមហិច្ឆតាឈ្លានពានរបស់ប្រទេសថៃ បាន​រំលោភលើកិច្ចឈប់បាញ់ ហើយបន្តការឈ្លានពានមកលើកម្ពុជា និងបានធ្វើ​ឱ្យ​ប្រជាព​លរដ្ឋ​ស្លូត​ត្រង់​ត្រូវបង្ខំចិត្តចាកចេញពីលំនៅដ្ឋានមករស់នៅក្នុងជំរំជនភៀសសឹក។ ក្នុងនោះ​លោក​ជំទាវ​ក៏​បាន​សម្តែង​ការ​ឈឺ​ចាប់​ចំពោះ​ទាហាន​ថៃ​ដែល​បាន​ធ្វើ​ការ​បាញ់​ប្រហារ​មក​លើ​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់​ បណ្តាលឱ្យស្លាប់ម្នាក់និងរបួស៣នាក់កាលពីពេលកន្លងមកផងដែរ៕ អត្ថបទ៖ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM