ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

ក្រសួងបរិស្ថានថ្កោលទោសចំពោះបុគ្គលបោះសំរាមចោលក្នុងទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្តាល

2025/11/23 12:38:46 pm        532
កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គម ក៏​ដូចជា​បណ្តាញ​សារ​ព័ត៌មាន​មួយ​ចំនួន​ ស្តីពីសកម្មភាពរបស់បុគ្គលចំនួន ២នាក់ ដោយម្នាក់ជាអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក ដឹក​ស្បោង​សំរាម សំណល់រឹង និងបុគ្គលម្នាក់ទៀត បានយកសំរាម​ក្នុង​ស្បោង​សំរាម​ជា​ច្រើន​នៅ​លើ​រ៉ឺម៉ក​ បោះចូលទៅក្នុងស្ទឹងព្រែកត្នោត ចំណុចស្ពានព្រែកហូរ ក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ខេត្ត​កណ្តាល​។ ករណីនេះនាំឲ្យមានការរិះគន់យ៉ាងខ្លាំងពីសាធារណជន។ ក្រសួងបរិស្ថាន​សូម​ធ្វើ​ការ​ថ្កោល​ទោស​ចំពោះបុគ្គល ដែលបានបោះសំរាមចោលក្នុងទឹកស្ទឹងព្រែត្នោត ជាមួយគ្នា​នេះ​ក្រសួង​បរិស្ថាន​ ស្នើសុំការអន្តរាគមន៍ពីរដ្ឋបាលខេត្តកណ្តាល និងអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធាន​ការ​ច្បាប់​ ចំពោះអ្នកដែលបានប្រព្រឹត្តល្មើសច្បាប់។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ បាន​ឱ្យ​ដឹងថា ចំពោះករណីខាងលើនេះ ក្រសួងបរិស្ថានបានសហការ ជាមួយរដ្ឋបាលក្រុងតាខ្មៅ និង​អាជ្ញាធរមូលដ្ឋាន ដើម្បីស្វែងរកបុគ្គល ដែលបានប្រព្រឹត្តល្មើសច្បាប់ យកម​ក​ធ្វើ​ការ​អប់រំ​ និង​ចាត់​ការ​តាមនីតិវិធីច្បាប់។ ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងបរិស្ថាន ស្នើសុំឱ្យបុគ្គល​ដែល​បាន​ប្រព្រឹត្ត​ល្មើស ចេញមកសារភាព និងទទួលស្គាល់កំហុសចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច និង​បញ្ឈប់​ការ​ដឹកសំណល់រឹង ទៅចោលផ្តេសផ្តាស់ ដូចជាបោះចូលទៅក្នុងប្រព័ន្ធទឹកសាធារណៈ ដែល​នាំ​ឱ្យមានការបំពុលទឹក ប៉ះបាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និង​បរិស្ថាន​ជា​បន្ត​ទៀត​។យោងតាមប្រសាសន៍អ្នកនាំពាក្យ បុគ្គលបោះចោលសំរាមផ្តេសផ្តាស់ ចូលទៅក្នុងទន្លេ បាន​ប្រព្រឹត្ត​ល្មើ​សច្បាប់ ជាមួយអនុក្រឹត្យលេខ ១១៣ ស្តពី«ការគ្រប់គ្រងសំរាម សំណល់រឹងនៅ​ទី​ប្រជុំ​ជ​​ន» ។ ក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រង់មាត្រា២៣០ ចំណុច១ ហាម​ឃាត់​បណ្ដាច់​ខាត​ការ​ចោល​សម្រាប់ប្លាស្ទិកនៅតាមផ្លូវទីសាធារណៈ ទីវាល ប្រព័ន្ធលូ ប្រភពទឹកសាធារណៈ។ មាត្រា​២១៨ ត្រង់ចំណុច១ នៃក្រមបរិស្ថាននិងធនធានធម្មជាតិក៏មានចែង ហាម​ឃាត់​ដាច់​ខាត​ការ​បោះចោលសំរាម សំណល់រឹងទីប្រជុំជន នៅតាមដងផ្លូវ ទីសាធារណៈ និងទីវាល ប្រព័ន្ធ​ទឹក​លូ​ប្រឡាយ​ទឹក ប្រភពទឹកសាធារណៈឬក្នុងដីកម្មសិទ្ធិ ដែលមិនត្រូវបានអនុញ្ញាត ជាកន្លែងស្តុក​ទុក​សំរាម​ ជាបណ្ដោះអាសន្នឬជាកន្លែងទុកដាក់ចុងក្រោយ៕

ជប៉ុនប្រកាសបន្តខិតខំប្រឹងប្រែងដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹងរវាងកម្ពុជា និងថៃ ដោយសហការ​ជាមួយ​បណ្តា​ប្រទេសពាក់ព័ន្ធនានា

2025/11/23 12:15:34 pm        418
ភ្នំពេញ៖ នៅថ្ងៃទី ២២-២៣ ខែវិច្ឆិកា លោកវរសេនីយ៍ឯក HARA Takashi ជាទីប្រឹក្សា និងអនុព័ន្ធយោធា បានចូលរួមសកម្មភាពចុះពិនិត្យទីតាំងជាក់ស្តែងទាក់ទងនឹងស្ថានការណ៍ព្រំដែន ដែលរៀបចំដោយក្រសួងការពារជាតិ ក្នុងឋានៈជាសមាជិកនៃក្រុមអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា(MACPP) ដើម្បីទទួលបានសេចក្តីសង្ខេបព័ត៌មានស្តីពីស្ថានភាពចុងក្រោយបង្អស់។តាមការបញ្ជាក់របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានឱ្យដឹងថា៖ជប៉ុនសូមសម្តែងការគោរពចំពោះក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី។ ជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹង ដោយសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា»៕

ក្រសួងអភិវឌ្ឍន៍ជនបទ ប្រជុំបូកសរុបលទ្ធផលការងារគម្រោង ឥណទានទូទាំងប្រទេស នៅខេត្តពោធិ៍សាត់

2025/11/23 11:22:47 am        220
ក្រសួងអភិវឌ្ឍន៍ជនបទ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគម្រោងឥណទាន ក្រសួង អភិវឌ្ឍន៍​ជនបទប្រចាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តមបណ្ឌិត លី ណារុន រដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី​ក្រសួងអភិវឌ្ឍន៍ជនបទ និងដោយមានអញ្ជើញចូលរួមពី លោក លោកស្រី មកពី​មន្ទីរ​អភិវឌ្ឍន៍​ជន​បទរាជធានី-ខេត្តទាំង២៥ សរុបចំនួន៧២រូប ដែលបានរៀបចំ​ឡើង​ដោយ​នាយក​ដ្ឋាន​អភិវឌ្ឍន៍​សេដ្ឋកិច្ចជនបទ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ស្ថិត​ក្នុង​ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ដោយសារ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈ​នាយកដ្ឋាន​អភិវឌ្ឍន៍​សេដ្ឋកិច្ចជនបទ ទើបមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានដំណើរការ​គម្រោង​ឥណទាន​ ដែលពិតជាមានសារៈសំខាន់ ក្នុងការចូលរួម​លើក​កម្ពស់​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជា​ពលរដ្ឋ​ តាមរយៈការផ្តល់ប្រាក់កម្ចីដល់ សហគ្រិនខ្នាតគ្រួសារ និងខ្នាតតូច​នៅ​ជន​បទ​ដែល​ខ្វះ​ដើម​ទុន​ក្នុងការបង្កើត ឬពង្រីអាជីវកម្ម។ ដោយបច្ចុប្បន្ន គម្រោងឥណទាននេះ បានផ្តល់កម្ចីជូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់មានចំនួន៩១៨គ្រួសារ ក្នុងនោះស្ត្រីចំនួន៨៤២នាក់ នៅតាមបណ្តាភូមិចំនួន៣៧ ស្ថិតក្នុងភូមិសាស្ត្រស្រុកចំនួន៦ ។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ណារុន បានមានប្រសាសន៍បញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីត្រួតពិនិត្យលើរបាយការណ៍គម្រោងឥណទានតាមបណ្ដារាជធានី-ខេត្តប្រចាំឆ្នាំ២០២៥ និងស្វែងរកបញ្ហាការប្រឈម និងដំណោះស្រាយដ៏សម ស្របឆ្លើយតបទៅនឹងបរិបទនានាឆ្នាំបន្តបន្ទាប់ ព្រមទាំងដាក់ចេញផែនការការងារអនុវត្តឲ្យសមស្របតាមគោលនយោបាយឥណទានជនបទ និងក្រុមសន្សំដែលបាននិងកំពុងរៀបចំផងដែរ។ ឯកឧត្តម រដ្ឋលេខាធិការ បានបន្ថែមថា គម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទ ជាផ្នែកមួយជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ នៅជនបទ និងសម្រួលលើអាជីវកម្មខ្នាតតូច និងខ្នាតគ្រួសារនៅជនបទ តាមរយៈការផ្តល់កម្ចី ជួយបំផុស និងលើកទឹកចិត្តឲ្យ បង្កើតជាមុខរបរសហគ្រាសខ្នាតតូច ក៏ដូចជាបានជួយស្វែងរកទីផ្សារ សម្រាប់ដោះដូរផលិតផលនិងបង្កើតបណ្តាញទំនាក់ទំនងរវាង ផលិតករ និងទីផ្សារផលិតផលក្នុងគោលដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា សមស្របទៅនឹងបរិយាកាសសង្គម សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ។ ឯកឧត្តម រដ្ឋលេខាធិការ សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមដែលមកពីរាជធានី-ខេត្តទាំង២៥ ក្រោយចូលរួមកិច្ចប្រជុំនេះរួច នឹងចេះរៀបចំជាយុទ្ធសាស្ត្រឬផែនការសកម្មភាពការងារ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលបានកើតឡើង។ កិច្ចប្រជុំនាពេលបនេះ នឹងមានការចូលរួមជួយបំផុសនិងជំរុញឲ្យមានការពិភាក្សា និងផ្ដល់ព័ត៌មានជាក់ស្ដែង ដែលមានលក្ខណៈបែបវិទ្យាសាស្ត្រឆ្លុះបញ្ចាំងពីបច្ចុប្បន្នភាព សម្រាប់គាំទ្រដល់ការអនុវត្តសកម្មភាពការងារនាពេលអនាគត់៕

ផលិតផលខ្មែរក្នុងស្រុក បន្លែសុវត្ថិភាព ផ្លែឈើ សាច់សត្វ អង្ករ អាហារកែច្នៃនានា បាននិងកំពុងដាក់លក់ នៅផ្សារផលិតផលខ្មែរខេត្តសៀមរាប

2025/11/23 10:11:56 am        280
ផ្សារផលិតផលខ្មែរ ខេត្តសៀមរាប បាននិងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរ ដែល​បាន​ដាំដុះ និងកែឆ្នៃដោយកសិករ និងផលិតករខ្មែរនៅខេត្តសៀមរាប នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៧ព្រឹក ដល់ ១២ថ្ងៃត្រង់ ដែលមានទីតាំងស្ថិតនៅភូមិមណ្ឌល២ សង្កាត់​ស្វាយ​ដង្គំ ក្រុងសៀមរាប នៅសួនច្បារហាត់ប្រាណ ជិតមាត់ស្ទឹងសៀមរាប ក្បែរសួន​ព្រះរាជ​ដំណាក់ ឬស្វែងរកតាមតំណភ្ជាប់៖ស្វែងរកផ្សារផលិតផលខ្មែរ ខេត្តសៀមរាប៖  https://maps.app.goo.gl/xTVrLCxMaqCU9iuu5​សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕

បច្ចុប្បន្ននេះតំបន់ «ឈើកាច់បាភ្នំ» ស្ថិតក្នុងស្រុកបាភ្នំ បានប្រែក្លាយ​ជា​គោល​ទេសចរណ៍​ដ៏​មាន​ភាព​ទាក់​ទាញ

2025/11/23 09:59:53 am        414
បច្ចុប្បន្ននេះ តំបន់ «ឈើកាច់បាភ្នំ» ស្ថិតក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង បាន​ប្រែក្លា​យ​ជា​គោល​ទេសចរណ៍​ដ៏​មានភាពទាក់ទាញ ស្របពេលដែលរដ្ឋបាលស្រុក ខេត្ត មន្ទីរជំនាញ និងអាជ្ញាធរ បាន​បង្កើនការយកចិត្តទុកដាក់ក្នុងការកែលម្អ និង​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​សម្រាប់​តំបន់​រមណីយ​ដ្ឋាន​ប្រវត្តិសាស្ត្រ និងធម្មជាតិ «ឈើកាច់បាភ្នំ» នេះ ក្នុងគោលដៅជំរុញការទស្សនា មក​លេង​កំសាន្ត​ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យកាន់តែច្រើនកុះករ។ ជាមួយគ្នានេះ ដោយ​មា​នការសហការល្អរវាងអាជ្ញាធរមូលដ្ឋាន ជាមួយរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្ត ការ​រៀប​ចំសោភ័ណភាព បរិស្ថាន អនាម័យ និងសេវាកម្មនៅក្នុងតំបន់រមណីយដ្ឋាន ត្រូវ​បាន​លើក​កម្ពស់​ឱ្យ​កាន់តែប្រសើរ និងមានលក្ខណៈស្តង់ដារ។ តំបន់«ឈើកាច់បាភ្នំ» ទាំងមូលត្រូវបានថែរក្សា ការពារ ឲ្យស្ថិត​ស្ថេរ​គង់​វង្ស​សម្រាប់​បម្រើ​ឲ្យ​សកម្ម​អភិវឌ្ឍន៍​លើ​វិស័យនានា ជាពិសេសវិស័យទេសចរណ៍។ ការអភិវឌ្ឍន៍នេះ មិនត្រឹម​តែ​ជួយ​លើក​កម្ពស់​មុខ​មាត់តំបន់បាភ្នំ ដែលជាទីតាំងសក្ការៈ និងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំង ជួយ​ជំរុញ​សេដ្ឋកិច្ច​ដល់​ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈវិស័យទេសចរណ៍នេះផងដែរ ។ សូមបញ្ជាក់ថា បាភ្នំ គឺជាតំបន់ដែលមានសក្ដានុពលខ្លាំងខាងទេសចរណ៍វប្បធម៌ និងជំនឿ ជាពិសេស​ពិធី​ឡើង​អ្នក​តាមេ ស ដ៏ល្បីល្បាញ៕

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រកាសទទួលស្គាល់ប្រធាន​កិត្តិយស​គណៈ​កម្មការ​​សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តស្វាយរៀង

2025/11/23 09:50:40 am        262
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាល​សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បាន​ប្រកាស​ទទួល​ស្គាល់​សមាស​ភាព​គណៈ​កម្មការ​សាខា​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និងអភិវឌ្ឍន៍ ខេត្តស្វាយរៀង និងកិច្ចប្រជុំបូក សរុបលទ្ធផលការងារ​របស់​សាខា សមាគមប្រចាំ ឆ្នាំ២០២៥និងលើក ទិសដៅអនុវត្តឆ្នាំ២០២៦។ពិធីប្រកាសសមាសភាពនេះបានត្រូវ​ធ្វើ​ឡើងនាព្រឹកថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅ​សាល​ប្រជុំសាកលវិទ្យាលល័យ ស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោក​ជំទាវ​ជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង និងសមាជិកសមាជិកាសាខា សមា គម នារី​កម្ពុជា​ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តស្វាយរៀង ។ឯកឧត្តម ម៉ែន វិបុល ប្រធាន​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង​បាន​លើក​ឡើង​អំពី​ការ​ចូល​រួម​ចំណែក​ក្នុងកា​រ​បន្តពង្រឹងនូវភាពអង់អាចរបស់ស្ត្រី បង្កើនសក្តានុពលរបស់ស្ត្រីចូលក្នុងការអភិវឌ្ឍសង្គម លើ​ក​កម្ពស់ជីវភាពរស់នៅរបស់ស្ត្រីនៅតាមជនបទឲ្យមានអាជីវកម្ម ស្របតា​ម​តម្រូវ​ការ​ទី​ផ្សារ​បច្ចុប្បន្ន​បន្ត​លើកកម្ពស់សុខុមាល ភាព និងគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ចំពោះ​ស្ត្រីមានផ្ទៃពោះ ក្មេងស្រី និងស្ត្រីងាយរងគ្រោះ បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​តួនាទី​រប​ស់ស្ត្រី និងក្មេងស្រីនៅក្នុងបរិវត្តកម្មឌីជីថល។ ថ្លែងក្នុងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និ​ងការ​នឹករលឹក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយស​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និងអភិវឌ្ឍន៍ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមក្នុង​កម្ម​វិធី​ថ្ងៃ​នេះ​។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់ កម្លាំង​កាយចិត្ត ស្មារតី និងទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចការងារចលនាស្រ្តី ក្នុងរយៈពេល​កន្ល​ងម​ក របស់លោកជំទាវ លោកស្រី ដែលជាថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ នៃខេត្តស្វាយរៀង​ទទួល​បាន​ជោគជ័យគួរឱ្យកត់សម្គាល់។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានចូលរួមអបអរសាទរចំពោះ លោកជំទាវ អាយ កុសុមា ប៉េង ពោធិ៍សា ​ដែលត្រូវបានប្រកាសជាប្រធានកិត្តិយសគណៈកម្មការសាខាសាមគមនារីកម្ពុជា ដើម្បី​សន្តិភាពនិងអភិវឌ្ឍន៍ ខេត្តស្វាយរៀង និងបានផ្តាំផ្ញើដល់គណៈកម្មការ សាខា​សមាគម​នារី​ខេត្ត​ស្វាយរៀង ដែលបានប្រកាសកែ សម្រួលនិងបំពេញបន្ថែមសមាសភាពនាថ្ងៃនេះ ត្រូវបន្ត​ការ​ខិតខំ​ប្រឹង​ប្រែង​គ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ ចេះបែងចែក​តួនាទី​ភារកិច្ច​ទទួល​ខុស​ត្រូវ ​ទៅដល់ថ្នាក់ដឹកនាំ នៃគណៈកម្មការសមាគមនារីសាខាអនុសាខា កាន់តែទូលំទូលាយ និង​ស៊ី​ជម្រៅ​ទៅ​តាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្គាល់ថា «ស្ត្រី​គឺ​ជា​ឆ្អឹង​ខ្នងដ៏រឹងមាំ នៃសេដ្ឋកិច្ច និងសង្គមជាតិ របស់យើងទាំងអស់គ្នា»៕

គណៈកម្មការទី៨រដ្ឋសភា៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈវិវត្តខ្លួន​ទៅ​ជាម​ន្ទី​រ​ពេទ្យ​ឯក​ទេស ​ទទួលបានការសាទរពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន

2025/11/23 09:41:20 am        269
លោកជំទាវ ឡោក ខេង បានកោតសរសើរ ចំពោះភាពរីកចម្រើនរបស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ដែលបាន វិវត្តន៍ខ្លួនក្លាយទៅជាមន្ទីរពេទ្យឯកទេសមួយ ដែលនាពេលបច្ចុប្បន្នមានការសាទរពីបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។លោកជំទាវបានលើកឡើងដូច្នេះក្នុងឱកាស ដែលលោកជំទាវបានអញ្ជើញដឹកនាំគណៈប្រតិភូគណៈ កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការ ងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨ ) នៃរដ្ឋសភា ចុះពិនិត្យឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ចក្ខុវិស័យនិងការផ្តល់សេវាសុខា ភិបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការចុះត្រួតពិនិត្យនិងឈ្វេងយល់នេះទទួលបានការស្វាគមន៍ពីសំណាក់ឯកឧត្តម ឡឹម តារា រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល និងឯកឧត្តមសាស្រ្តរាចារ្យជំនួយ តាន់ សុគុន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា- ចិន ព្រះកុសមៈ។លោកជំទាវ ឡោក ខេង បានមាន ប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចឈ្វេងយល់នេះធ្វើឡើងក្នុងគោល បំណងចម្បង ដើម្បីពិនិត្យលើកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលបន្តវេននីតិកាលទី៧ នៃរដ្ឋសភា និងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ចំពោះការផ្តល់ការថែទាំសុខភាពចម្បងឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល និងការពង្រីកការគាំពារថែទាំសុខភាពរបស់របបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ទាំងសម្រាប់កម្មករ និយោជិត និងមន្រ្តីសាធារណៈដែលគ្របដណ្តប់បន្ថែមដោយសមាជិកគ្រួសារនៅក្នុងបន្ទុក ការផ្តល់សេវាថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យ និងមូលនិធិសមធម៌ ដែលកម្មវិធីខាង ដើមកំពុងទទួលបានជំនឿទុកចិត្តគួរឱ្យកត់សម្គាល់ និងទទួលបានជោគជ័យប្រកបដោយលទ្ធផលជាផ្លែផ្កា។ លោកជំទាវប្រធានក៏បានសំណូមពរដល់ឯកឧត្តមវេជ្ជបណ្ឌិត សាស្ត្រាចារ្យ ទាំងអស់ខិតខំធ្វើកិច្ចសហការជាមួយបណ្តាមន្ទីរពេទ្យខេត្ត ស្រុក និងតាមមណ្ឌលសុខភាពឱ្យមានប្រសិទ្ធភាពខ្ពស់ទាំងគុណភាព និងសេវាធ្វើយ៉ាង ណាឱ្យបងប្អូនប្រជាពលរដ្ឋយើងមានជំនឿទុកចិត្តមកលើវិស័យសុខាភិបាលប្រកបដោយជំនាញវិជ្ជាជីវៈប៉ិនប្រសប់និងទទួលបានទំនុកទឹកចិត្តពីបងប្អូនប្រជាពលរដ្ឋដើម្បីប្រកួតប្រជែងក្នុងថ្នាក់ជាតិនិងថ្នាក់តំបន់ឱ្យបានល្អប្រសើរ។ ឯកឧត្តមសាស្រ្តរាចារ្យជំនួយ តាន់ សុគុន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា- ចិន ព្រះកុសមៈ បានធ្វើរបាយការណ៍ពីវឌ្ឍនភាពការងារមួយចំនួនរបស់មន្ទីរ ពេទ្យ ក្រោមជំនួយឧបត្ថមគាំទ្រពីសាធារណរដ្ឋប្រជាមានិតចិន ដែល បានជួយកសាងអគារសម្រាកព្យាបាលជំងឺទូទៅ និងជំងឺវះកាត់ខ្នាតធំដោយមន្ទីរពេទ្យបានបំពាក់ឧបករណ៍ទំនើបៗ សម្រាប់ការផ្តល់សេវាព្យាបាលជូនបងប្អូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា។ មន្ទីរពេទ្យបានបណ្ដុះស្មារតីឥរិយាបថសីលធម៌គ្រូពេទ្យក្នុងការបម្រើសេវា និងការធ្វើការធ្វើបដិសណ្ឋារកិច្ចល្អគួរជាទីរួសរាយរាក់ ទាក់យ៉ាងកក់ក្ដៅដល់ប្រជាឯកឧត្តមបានបន្តថាៈពលរដ្ឋដែល មកទទួលសេវាព្យាបាលនិងពិនិត្យ សុខភាព ហើយមន្ទីរពេទ្យក៏បានត្រៀមបម្រុងគ្រប់ពេលក្នុងការឆ្លើយតបការផ្ទុះឡើងវិញនូវជំងឺឆ្លង និងប្ដេជ្ញាបន្ដផ្ដល់សេវាពិនិត្យព្យាបាល ជូនប្រជាពលរដ្ឋដែលមកទទួលសេវាព្យាបាលនៅមន្ទីរ ពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ដោយមិនរើសអើងជាដាច់ខាត។ក្រោយពីបានស្តាប់នូវរបាយការណ៍បំភ្លឺអំពីវឌ្ឍនភាពការងារ ក៏ដូចជាបញ្ហាប្រឈមរួចមក លោកជំទាវឡោក ខេង បានកោតសរសើរដល់លោកនាយមន្ទីរពេទ្យ ក៏ដូចជាក្រុមគ្រូពេទ្យទាំងអស់ដែលបានលះបង់អស់ទាំងកម្លាំងកាយចិត្តក្នុងការផ្តល់សេវាព្យាបាលជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងមានក្រមសីលធម៌វិជា្ជជីវៈឱ្យសក្តិសមទៅនឹងពាក្យថា "កងទ័ពទេវតា" ដែលជាអ្នកជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋយើង ជាពិសេសគឺខិតខំអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុក ដាក់លើសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ លោក ជំទាវក៏បានផ្តល់អនុសាសន៍ដល់មន្ទីរពេទ្យព្រះកុសមៈ ខិតខំធ្វើការផ្សព្វ ផ្សាយឱ្យបានទូលំទូលាយរាល់បញ្ហាជំងឺមិនឆ្លងដល់បងប្អូនប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ផងដែរ៕

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ មាន​កត្តាសំខាន់ៗចំនួន៥ ដែល​ជា​ផ្លូវ​ឆ្ពោះ​ទៅ​រ​ក​ភាព​ជោគជ័យ​ក្នុងវិស័យអប់រំ

2025/11/23 08:56:53 am        423
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង​កីឡា បានថ្លែងលើកឡើងថា មានកត្តាសំខាន់ៗចំនួន៥ ដែល​ជា​ផ្លូវ​ឆ្ពោះ​ទៅ​រ​ក​ភាព​ជោគជ័យ​ក្នុង​វិស័យ​អប់រំ​ ក្នុងនោះរួមមាន៖ កត្តារាជរដ្ឋាភិបាល, កត្តាសាលារៀន រួមទាំងនាយកសាលា, កត្តា​សិស្ស​, ​កត្តាគ្រូបង្រៀន និងកត្តាឪពុកម្តាយ អ្នកអាណាព្យាបាល។ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះ​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់រង្វាន់លើកទឹកចិត្តជូនសិស្សានុសិស្សឆ្នើមនិទ្ទេស A លំដាប់​ពិន្ទុខ្ព​ស់​ជាង​គេ​នៅ​រាជ​ធានី​ភ្នំពេញ ​និងសិស្សានុសិស្សដែលជាកូនៗ អតិថិជនគណនីក្មេងឆ្លាតរបស់គ្រឹះស្ថានអម្រឹត នា​រសៀល​ថ្ងៃ​ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ម្សិលមិញ។ ពិធីនេះក៏​មានការចូលរួមពីសំណាក់ ឯកឧត្តម លោក​ជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ភាគី​ពាក់​ព័ន្ធជាតិនិងអន្តរជាតិ គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ តំណាងសាលារៀនរដ្ឋ និង​ឯក​ជន​មួយ​ចំនួ​ន​នៅរាជធានីភ្នំពេញ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សជ័យលាភី។ក្នុងឱកាសនោះដែរ​ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរ​ដល់​ក្មួយ​ៗ​ទាំងអ​ស់​ដែល​បាន​ខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបាន និទ្ទេស A ដោយការជោគជ័យនេះ គឺ​ជា​ផ្លែ​ផ្កានៃការតាំងចិត្តខ្ពស់របស់ក្មួយៗផ្ទាល់ ព្រមទាំងការ​យក​ចិត្ត​ទុក​ដាក់​បណ្ដុះ​បណ្ដាល​យ៉ាង​ស្ទាត់​ជំនាញ​របស់លោកគ្រូអ្នកគ្រូ និងការគាំទ្រយ៉ាងពេញទំហឹងពី មាតាបិតា និងអ្នកអាណា​ព្យាបាល​ផង​ដែរ។ ​ក្នុងបរិបទនៃការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេស បញ្ញា​សិប្ប​និម្មិត និងបរិវត្តកម្មបច្ចេកវិទ្យាឌីជីថល បានជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ ចំណេះដឹងបញ្ញាសិប្បនិម្មិត នឹងក្លាយជាតម្លៃបន្ថែមសម្រាប់ជួយសមត្ថភាពគិត វិភាគ និ​ង​ដោះស្រាយបញ្ហាជាក់លាក់ ដោយសារបច្ចេក​វិទ្យា​នេះ​បាន​វិវត្ត​ចេញ​ពី​ការ​យក​លំ​នាំ​តាម​សមត្ថភាព​ខួរ​ក្បាលរបស់មនុស្ស។ បច្ចុប្បន្ន បញ្ញាសិប្បនិម្មិតត្រូវបានប្រើប្រាស់ ក្នុងវិស័យ​ជា​ច្រើន​ដូច​ជា ​វិស័យអប់រំ ជាដើម។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡាបាន​និង​កំពុង​ធ្វើ​ការ​ងារ​យ៉ាងសកម្ម ដើម្បីជំរុញឱ្យគ្រូបង្រៀន និងសិស្សានុសិស្សមានចំណេះដឹង និងសមត្ថភាព​ប្រើ​ប្រាស់​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ប្រកបដោយការទទួលខុសត្រូវខ្ពស់។ឯក​ឧត្តម​បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីកត្តាសំខាន់ៗចំនួន៥ ដែល​ជា​ផ្លូវ​ឆ្ពោះ​ទៅរកភាពជោគជ័យក្នុងវិស័យអប់រំ ដោយក្នុងនោះរួមមាន៖- កត្តារាជរដ្ឋាភិបាល៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី នាយក​រដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានចាត់ទុកការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ជា​អាទិភាព​សំខាន់​មួយ ​ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដោយប្រទេសជាតិ​ខ្លាំង​ដោយ​សារ​ធន​ធាន​មនុស្ស​មាន​គុណភាព​។- កត្តាសាលារៀន រួមទាំងនាយកសាលា៖ ត្រូវតែមានអគារហេដ្ឋារចនាសម្ព័ន្ធសមស្រប រៀប​ចំ​បរិស្ថាន​សាលារៀ​នស្អាត ដើម្បីទាក់ទាញសិស្សឱ្យចង់ទៅរៀន និងជាពិសេសការដឹក​នាំ​គ្រប់​គ្រង​បាន​ល្អ​ពីសំណាក់នាយក នាយិកាសាលារៀន ដែលជំរុញបាន​នូវ​អភិបាល​កិច្ច​សាលា​រៀន​ប្រកប​ដោយ​ប្រសិទ្ធ​ភាពខ្ពស់ នាំឱ្យមានការគាំទ្រពីសហគមន៍។- កត្តាសិស្ស៖ សិស្សត្រូវមានសុខភាពរឹងមាំល្អ ខួរក្បាលឆ្លាតវៃទើបរៀនបានពូកែ ដែល​ទាម​ទារ​ការ​យក​ចិត្ត​ទុកដាក់អំពីការលូតលាស់របស់កូនពីសំណាក់ក្រុមគ្រួសារ ឪពុកម្តាយ និង​អ្នក​អាណា​ព្យាបា​ល ​តាំងពីវ័យកុមារ ក៏ដូចជាការបញ្ជូនកូនឱ្យចូលរៀនថ្នាក់មត្តេយ្យ ត្រៀមសម្រាប់​កម្រិត​សិក្សា​បន្ត​បន្ទាប់ទៀតជាដើម។- កត្តាគ្រូបង្រៀន៖ គ្រូបង្រៀន ត្រូវមានសមត្ថភាពវិជ្ជាជីវៈខ្ពស់ មានសីលធម៌ល្អ ត្រូវ​បន្ត​អភិវឌ្ឍ​ខ្លួន​ឯង​ជា​ប្រចាំ ពង្រឹងវិធីសាស្ត្របង្រៀនឱ្យកាន់តែសម្បូរបែប ស្របតាមបរិបទថ្មីៗនៃបច្ចេកវិទ្យា និង​ការ​ផ្លាស់ប្តូរនៃកម្មវិធីសិក្សា។ ក្រសួងបាន​និង​កំពុង​ព្យាយា​មប​ណ្ដុះបណ្តា​ល​គ្រូប​ង្រៀន​ឱ្យ​មាន​គុណ​ភាព ​ដោយផ្តោតលើស្តង់ដាវិជ្ជាជីវៈគ្រូ បន្តពង្រឹងគុណវុឌ្ឍិគ្រូបង្រៀន ដោយ​ពង្រឹង​ការ​ប្រឡង​ជ្រើស​រើសគ្រូ និងបន្តលើកកម្ពស់តួនាទី កិត្តិយស និងជីវភាពគ្រូបង្រៀន ឱ្យកាន់​តែមា​ន​តម្លៃ​ក្នុង​សង្គម​។- កត្តាឪពុកម្តាយ អ្នកអាណាព្យាបាល៖ ត្រូវចូលរួមជំរុញកូនឱ្យទៅរៀន និងប្រឹងប្រែងសិក្សា។ ទន្ទឹម​នឹងការខិតខំប្រឹងប្រែងរបស់សិស្សផ្ទាល់ ក៏ត្រូវមានការគាំទ្រទាំងផ្នែកស្មារតី និង​ធន​ធាន​ពី​សំណាក់​ក្រុម​គ្រួសារ ឪពុកម្តាយ អ្នកអាណាព្យាបាល និងសហគមន៍ផងដែរ។ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​គ្រឹះ​ស្ថាន​មី​ក្រូហិរញ្ញវត្ថុ អម្រឹត ដែលតែងតែមានឆន្ទៈចូលរួមសហការជាមួយក្រសួងអប់រំ យុវជន និង​កីឡា ​ក្នុងការគាំទ្រ និងលើកទឹក​ចិត្ត​ដល់​ក្មួយ​ៗ​សិស្សា​នុសិស្ស​ឆ្នើម​របស់​យើង​តាម​រយៈ​គណនី​ក្មេង​ឆ្លាត ​និងការរៀបចំពិធីដ៏មានអត្ថន័យនេះ ព្រមទាំងថ្លែងអំណរគុណដល់មាតាបិតា អ្នក​អា​ណា​ព្យាបាល ដែលជឿជាក់ និងវិនិយោគលើការអប់រំសម្រាប់កូនៗ និងណែ​នាំ​ឱ្យ​សិស្សា​នុសិស្ស​ជ្រើស​រើស​មុខជំនាញឱ្យបានត្រឹមត្រូវ នៅពេលឈានដល់កម្រិតឧត្តមសិក្សា ដោយការ​ជ្រើស​រើស​មុខ​ជំនាញ​ដែលត្រូវតាមទីផ្សារការងារនាពេលអនាគត និងត្រូវតាមចំណង់ចំណូលចិត្តរបស់ខ្លួន គឺដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរជីវិត និងភាពជោគជ័យរបស់ក្មួយៗ។សូមជម្រាបថា គណនីក្មេងឆ្លាត គឺជាគណនីសន្សំរួមគ្នារវាងឪពុកម្ដាយនិងបុត្រធីតា ដែល​មាន​ចក្ខុ​វិស័យ​លើកកម្ពស់ការសន្សំសម្រាប់ការអប់រំកម្រិតឧត្តមសិក្សា ជាមួយនឹង​គោល​បំណង​សំខាន់​ៗ​ចំនួន​ ៣គឺ ៖- ចូលរួមលើកកម្ពស់ទម្លាប់សន្សំ និងការគ្រប់គ្រងហិរញ្ញវត្ថុដល់ក្រុមគ្រួសារ និងកុមារកម្ពុជា ជា​ពិសេស​ក្នុង​ចំណោមប្រជាពលរដ្ឋដែលរស់នៅទីជនបទ- ចូលរួមលើកទឹកចិត្ត​ឪពុកម្តាយ​ឱ្យ​ចាប់​ផ្តើម​សន្សំ​តាំង​ពី​ដំបូង​សម្រា​ប់គាំទ្រ​ការសិ​ក្សា​អប់រំ​កម្រិត​ឧត្តម​សិក្សា​នាពេលអនាគតរបស់កូនៗជាទីស្រលាញ់ - ចូលរួ​ម​ចំណែក​ផ្លាស់​ប្តូរ​ជីវ​ភាព​រស់​នៅ​រប​ស់​កុមារ​កម្ពុជា​តាម​រយៈ​ការ​ផ្តល់​លទ្ធ​ភាព​ទទួ​លបា​ន​ការ​អប់រំ​ថ្នាក់​មហាវិទ្យាល័យ៕

ក្រសួងការពារជាតិ៖ រាជរដ្ឋាភិបាលកម្ពុជាបានបន្តធ្វើការយ៉ាងសស្រាក់សស្រាំ​ដើម្បីឲ្យ​ភាគី​ថៃ ដោះ​លែង​ទាហានកម្ពុជា១៨នាក់មកវិញ ខណៈមកដល់ថ្ងៃនេះមានរយៈពេល១​១៧​ថ្ងៃ​ហើយ

2025/11/23 08:39:49 am        274
រាជរដ្ឋាភិបាលកម្ពុជា បានបន្តធ្វើការយ៉ាងសស្រាក់សស្រាំ ដោយឥតឈប់​ឈរ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ភាគី​ថៃ ​ធ្វើការដោះលែងទាហានកម្ពុជា១៨នាក់ មកកម្ពុជាវិញប្រកប ដោយសុវត្ថិភាព និង​ស្រប​ទៅ​តាម​មនុស្សធម៌អន្តរជាតិ ខណៈមកដល់ថ្ងៃនេះ គឺមានរយៈពេល១​១៧​ថ្ងៃ​ហើយ​ក្រោយ​ថៃ​ចាប់​ពួក​គេទៅ​ដោយខុសច្បាប់។តាមរយៈបណ្ដាញសង្គមរបស់ក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា ថ្ងៃ​នេះ​ជា​ថ្ងៃ​ទី​១១៧​ហើយ​​ដែ​លវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និង​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ឃុំ​គ្រង​របស់​យោធា​​ថៃ​។ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា បាន​នឹង​កំពុង​​ធ្វើ​ការ​យ៉ាង​សស្រាក់​សស្រាំ​ឥត​ឈប់ឈរដោយបានប្រើប្រាស់គ្រប់មធ្យោបាយ និង​យន្តការ​ដោះ​ស្រាយ​ទាំង​អស់​ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបាន​ឆាប់​រហ័ស​ជា​ទី​បំផុត និងដោយសុខសុវត្ថិភាព»។ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង​កង​យោធ​ពល​ខេម​រភូ​មិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិន​ថា​ក្នុង​កាលៈ​ទេសៈ​ណា​ក៏ដោយ។ជាមួយគ្នានោះដែរ កម្ពុជាក៏បាន​បន្តអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និង​ដោយ​សុច្ឆន្ទៈ​ពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ត្រង់​ក​ថាខណ្ឌ​ទី៥ បានគូសបញ្ជាក់ថា «ភាគីថៃ​ត្រូវ​ដោះលែង​យោធិន​ទាំង​១៨​នាក់​របស់​កម្ពុជា​ជា​បន្ទាន់​ដោយ​មិន​បង្អែ​បង្អង់» ព្រម​ទាំង​គោរព និង​អនុវត្ត​នូវ​រាល់​កាតព្វ​កិច្ច​ទាំង​ឡាយ​នៅ​ក្រោម​ច្បាប់​អន្តរជាតិ​ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែង​វីរកង​ទ័ព​កម្ពុជា​ឱ្យ​បាន​ឆាប់​រហ័ស​ជា​ទីបំផុត ​ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកប​ដោយ​សុខ​សុវត្ថិភាព​​៕​

ឯកឧត្តម វង្សី វិស្សុត អញ្ជើញចុះពិនិត្យ និងលើកកម្ពស់ទេសចរណ៍វប្បធម៌ បេតិកភណ្ឌ​ និង​ធម្មជាតិ, តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ

2025/11/23 08:18:27 am        248
នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តី​ទទួល​បន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ​រាជរដ្ឋា​ភិបា​ល​ចុះមូលដ្ឋាន​ខេត្ត​កំពង់ធំ បានអញ្ជើញ​ដឹកនាំ​ក្រុម​ការ​ងារ​ចុះ​ពិនិត្យ និង​ទស្សនា​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​ និង​តំបន់​ជុំវិញ ព្រមទាំងជួបសំណេះសំណាល​ជាមួយសហគមន៍​ទេសចរណ៍សំ​បូរ​ព្រៃ​គុក​សហគមន៍​ស្វាយ​ចន្ទី ដំឡូងមី និងចិញ្ចឹមជ្រូក ក្នុងមូលដ្ឋាន​ស្រុក​ប្រាសាទ​សំបូរ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​​សំណាក់ ឯកឧត្តម នួន ផារ័ត្ន​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ, ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាននិងសមាជិកក្រុមការងាររាជរដ្ឋា​ភិបា​ល​ចុះ​មូល​ដ្ឋាន​ខេត្ត​កំពង់ធំ​ តំណាង​​អាជ្ញាធរជាតិសំបូរព្រៃគុក ព្រមទាំងអាជ្ញាធរមូលដ្ឋាននិងមន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ ក្នុង​គោលដៅឈ្វេង​យល់អំពីជីវភាពរបស់ប្រជាជនក្នុងមូលដ្ឋាន និងដោះស្រាយ​បញ្ហា​ប្រឈម​ជាក់​ស្តែង ដើម្បី​រួម​ចំណែកធ្វើឱ្យប្រជាជន​មាន​ជីវភាព​កាន់​តែ​ធូរធារ​ មា​ន​ប្រា​ក់ចំ​ណូល​ និង​ប្រាក់​ចំណេញ​ច្រើ​នជាងមុន មានសុខភាពល្អ និង​មានលទ្ធភាពអាចឱ្យកូនចៅរៀនសូត្របានខ្ពង់ខ្ពស់។នៅក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តម វង្សី វិស្សុត ​បា​ន​លើក​ឡើង​ថា ​ដោយ​មាន​ការគាំទ្រពីរាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា​ប្រមុខ ​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ រួមជាមួយរដ្ឋបាលខេត្ត ក៏ដូចជា​អាជ្ញា​ធរ​ដែន​ដី​គ្រប់​លំដាប់​ថ្នាក់ សម្រេចបាននូវវឌ្ឍនភាពនិងសមិទ្ធផលជាច្រើន ស្របតាមចក្ខុវិស័យ «លែង​ឱ្យ​ខេត្ត​កំពង់ធំ ជាកន្លែងទៅហួសមកហួស ទាំងទេសចរណ៍ វិនិយោគ ពាណិជ្ជកម្ម និង​គម្រោង​អភិវឌ្ឍ​» ​និង«លែងឱ្យខេត្តកំពង់ធំជាខេត្តក្រីក្រជាងគេទៀត»។ ជាក់ស្តែង ថ្មីៗនេះ រាជ​រដ្ឋាភិបាល ​តាមរយៈក្រសួងទេសចរណ៍ ​បានរៀបចំ និង​ដាក់​ឱ្យ​អនុវត្ត ​«ផែន​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​កំពង់ធំ ២០២៦-២០៣០» ដែលបាន​កំណត់​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក ​តំប​ន់​ព្រៃ​ប្រស់ ​ក្រុងស្ទឹងសែន និងភ្នំសន្ទុក ជាប៉ូលទេសចរណ៍​អាទិភាព​ដ៏​សំខាន់​ ក្នុង​គោល​ដៅ​លើក​កម្ពស់​វិស័យ​ទេសចរណ៍ក្នុងខេត្តកំពង់ធំ។ ជាមួយគ្នានេះ អនុវត្តតាមចក្ខុ​វិស័យ​ដ៏​ខ្ពង់​ខ្ពស់​របស់ ​សម្តេច​ធិបតី​ក្រុមការងាររា​ជរដ្ឋាភិបាល​ចុះមូ​ល​ដ្ឋាន​ខេត្តកំពង់ធំ​ផ្ទាល់​ក៏​តែងតែ​ខិតខំ​ប្រឹងប្រែង​ស្វែង​រក​វិធី​សាស្ត្រ​ផ្សេង​ៗ ​ដើម្បី​រួមចំណែក​លើក​កម្ពស់​ជីវភាព​របស់បងប្អូនប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ​តាមរយៈការខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិន ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការ​ស្វែង​រកទីផ្សារពាណិជ្ជកម្ម ការរៀបចំកម្មវិធីបណ្តុះបណ្តាល និងយន្តការគាំទ្រផ្សេងៗ និង​ការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យសំខាន់ៗពាក់ព័ន្ធនឹងជីវភាពរបស់ប្រជាជន។ក្រោយ​ពី​បានពិនិត្យស្ថានភាពអជីវកម្មក្នុងមូលដ្ឋាន ឯកឧត្តម វង្សី វិស្សុត បាន​កោតស​រសើរ​ចំពោះ​ប្រជាពលរដ្ឋ ដែលបានបង្ហាញនូវភាពម្ចាស់ការក្នុងការធ្វើពិពិធកម្មអាជីវកម្ម និង​ប្រភព​ចំណូល​របស់ខ្លួន ថែមទាំងបានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរមូលដ្ឋាន ដែល​បាន​រួម​ចំណែក​លើក​កម្ពស់​ជីវភា​ព​របស់​ប្រជាពលរដ្ឋ​។ ​ក្នុងគោលដៅគាំទ្រដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រជាពលរដ្ឋ​បន្ថែម​ទៀត ​ឯកឧត្តម ក៏បានណែនាំឱ្យក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងស្ថាប័ន​ពាក់ព័ន្ធ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ក្នុងការចុះជួយ​ពិនិត្យ ​ណែនាំ ​និង​ផ្តល់​យោប​ល់​ជូន​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើនវានុវត្តន៍ផលិតផល ផលិតកម្ម និងសេវាកម្ម ធ្វើយ៉ាងណាឱ្យកាន់តែមានគុណភាព មាន​ភាព​ទាក់ទាញ និងថ្លៃដើមទាបជា​ង​មុន​ និង​មាន​ស្តង់ដា​ខ្ពស់​ ក្នុង​គោល​ដៅ​លើកក​ម្ពស់​តម្លៃ​បន្ថែម​ និងទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើន។ជាមួយគ្នានេះ ឯកឧត្តម ​ក៏​បាន​រំលឹក ​និង​លើក​ទឹ​កចិត្ត​ឱ្យបងប្អូនប្រជាពលរដ្ឋត្រូវចេះជួយខ្លួនឯង ​និងអាស្រ័យ​លើ​ខ្លួន​ឯង​ ដោយ​ត្រូវ​កំណត់​ទស្សន​វិស័យ ព្រមទាំងគោលដៅ​អាជីវកម្ម​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់​លាស់​ ​ក្នុង​ខណៈ​ដែល​រាជរដ្ឋាភិបាល ​ក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងរដ្ឋបាល​ខេត្តនឹ​ង​ចូលរួ​ម​ចំណែកសម្រេចគោលដៅ​ទាំង​នេះ ​តាម​រយៈ​ការ​រៀបចំ​យន្តការ​គាំទ្រមួ​យចំ​នួន​ ដូច​ជាវ​គ្គ​បណ្តុះប​ណ្តាល ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការជួយស្វែងរកធនធានជាដើម ។ល។ក្នុ​ងគោលដៅពង្រឹងទេសចរណ៍ក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ឯកឧត្តម វង្សី វិស្សុត ​ក៏​បាន​ស្តាប់ ​និង​ដោះស្រា​យ​នូវកង្វល់សំខាន់ៗរបស់ប្រជាជនពាក់ព័ន្ធនឹង ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជា​ផ្លូវ​ថ្នល់ ​ទឹកស្អាត អគ្គិសនី និងអ៊ីនធឺណិត ក្នុងតំបន់ប្រាសាទ​សំបូរ​ព្រៃគុក​ ថែម​ទាំង​បាន​ណែនាំ​ឱ្យមា​ន​ការគិតគូររៀបចំ​កែលម្អ និង​បង្កើត​ផលិត​ផល​ទេសចរណ៍​ផ្សេងៗ​ទៀ​ត​ក្រៅ​ពី​ប្រាសាទ ​ដូច​ជារោង​តម្បាញ កន្លែងធ្វើនំបញ្ចុក នំជាល នំនាលិ ផ្ទះស្នាក់(Homestay) ​ម្ហូប​អាហារ​ប្រកប​ដោយ​ស្ដង់ដា និងចងក្រងទេសចរណ៍វប្បធម៌ ទំនៀមទំលាប់ និងបឹងធម្មជាតិជាដើម ឱ្យ​ក្លាយ​ជា​កញ្ចប់ ​ឬ ​ប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ប្រកបដោយភាពទាក់ទាញ។ ទន្ទឹមនេះ ឯកឧត្តម​ក៏បា​នណែនាំឱ្យអាជ្ញាធរដែនដីយក​ចិត្ត​ទុកដាក់ខ្ពស់លើការពង្រឹង​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់ឱ្យបានល្អ ជាពិសេសស្នើឱ្យក្រុមការងារពាក់ព័ន្ធ ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​មូល​ដ្ឋាន​គិត​គូរចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយតាមពាក្យស្លោក «ប្រជាជនសំបូរព្រៃគុកម្នាក់ អ្នក​ផ្សព្វ​ផ្សាយ​ទេសចរណ៍សំបូរព្រៃគុកម្នាក់» ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ​មក​ទស្សនា​ប្រាសាទ​សំបូរ​ព្រៃគុកឱ្យកាន់តែច្រើន។លើសពីនេះ ឯកឧត្តម វង្សី វិស្សុត បានណែនាំក្រុមការងារលើកកម្ពស់ជីវភាពប្រជាជន និង​ក្រុម​ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ចមូលដ្ឋាន​ និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ​សហការ​ជាមួយ​រដ្ឋ​បាល​ខេត្ត​ មូល​និធិ​អភិវឌ្ឍន៍ជំនាញ (SDF) និងសហគ្រិនខ្មែរ (KE) រៀបចំវគ្គបណ្ដុះបណ្ដាល ឬ​សិក្ខា​សាលាអំ​ពីជំនាញសំខាន់ៗដូចជា ជំនាញទេសចរណ៍​និងបដិសណ្ឋារ​កិច្ច​ ​លទ្ធ​ភាព​ទទួល​បានហិរញ្ញ​ប្បទាន ការគ្រប់គ្រងអាជីវកម្ម ជំនាញជ្រើសរើសពូជដំណាំ បច្ចេកទេសកសិកម្ម​ និង​កសិ​ឧស្សាហកម្ម និងជំនាញផ្សេងៗ​ទៀត​ជា​ច្រើន ​សំដៅ​លើក​កម្ពស់​ជំនាញ​សម្រាប់​សហគមន៍​ទូទៅ ទាំ​ង​សហគមន៍ទេសចរណ៍សំបូរព្រៃគុក និងសហគមន៍កសិកម្មដំឡូងមី ស្វាយ​ចន្ទី ​និង​ចិញ្ចឹម​ជ្រូក​។ចុងបញ្ចប់ ឯកឧត្តម វង្សី វិស្សុត បានណែនាំឱ្យក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទ​សំបូរ ​បន្ត​ចុះ​ស្វែងយល់ពីសុខទុក្ខនិងផលលំបាកទាំងឡាយ ដែលបងប្អូនប្រជាពលរដ្ឋជួបប្រទះ និងបន្ត​សហការ​ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន និងផ្នែកពាក់ព័ន្ធ ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​​ជា​ប្រចាំ​ទៅតាមលទ្ធភាពជាក់ស្ដែង និងបន្តរាយការណ៍ជូ​ន​ថ្នាក់​ដឹក​នាំពិនិត្យ និង​ដោះ​ស្រាយ​នូវ​បញ្ហា​ដែលពុំទាន់​អាចដោះស្រាយបាន ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួ​អង្គ​តែ​មួយ​» ​ដែលជាការឆ្លើយតបទៅនឹងបំណងប្រាថ្នា និង​ជំនឿ​ទុក​ចិត្ត​ពី​សំណាក់​របស់​ប្រជាជន​។ ឯ​កឧត្តម វង្សី វិស្សុត ក៏បានផ្តាំផ្ញើឱ្យសហគមន៍ទាំងមូលនៅក្នុងមូលដ្ឋានខិតខំបន្តសហការ ជួយ​គ្នាទៅ​វិ​ញទៅមក និងការពារប្រយោជន៍រួមរបស់សហគមន៍ ដោយគិតគូរអំពីសេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាជនជាធំ ដើម្បីធានាការអភិវឌ្ឍជាបន្តបន្ទាប់នៅក្នុងសហគមន៍៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM