ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធជនបទរងការខូចខាតដោយសារជំនន់ទឹកភ្លៀងក្នុងខេត្តពោធិ៍សាត់

2025/11/22 08:36:09 pm        432
ពោធិ៍សាត់៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ អញ្ជើញទៅពិនិត្យជាក់ស្ដែងផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធជនបទ ចំនួន ៤ទីតាំង ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង នៅក្នុងខេត្តពោធិ៍សាត់ ដូចខាងក្រោម៖- ទីតាំង១៖ ឈ្មោះផ្លូវវត្តទួលវែង ជាផ្លូវល្បាយក្រួស មានប្រវែង ៩,៧០គ.ម តភ្ជាប់ពីភូមិព្រៃឪម៉ាល់ ទៅកាន់ភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ត្រូវបានជន់លិចប្រវែង ៣ ៥០០ម៉ែត្រ ។ ផ្លូវនេះគ្រោងនឹងលើកកម្រិតគុណភាពដោយការស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ក្នុងក្របខ័ណ្ឌគម្រោង RRCIP នៅពាក់កណ្តាល ឆ្នាំ២០២៦ ខាងមុខនេះ។- ទីតាំងទី២៖ ឈ្មោះផ្លូវលលកសចាស់-រលាប ជាផ្លូវល្បាយក្រួស មានប្រវែង ៤,៥០គ.ម តភ្ជាប់ពីភូមិលាវ សង្កាត់ចំរើនផល ទៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ត្រូវបានជន់លិចប្រវែង ១ ២០០ម៉ែត្រ។- ទីតាំងទី៣៖ ឈ្មោះផ្លូវទួលគ្រួស-វត្តឯក ជាផ្លូវល្បាយក្រួស មានប្រវែង ៤,៩០គ.ម តភ្ជាប់ពីភូមិអូរតូង ទៅកាន់ភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ត្រូវបានជន់លិចប្រវែង ១ ២០០ម៉ែត្រ។ - ទីតាំងទី៤៖ ឈ្មោះផ្លូវទួលចា-កែវមុនី ជាផ្លូវល្បាយក្រួស មានប្រវែង ៩,៣១គ.ម តភ្ជាប់ពីភូមិអូរបាក់ក្រងក្រោម ឃុំអន្លង់វិល ស្រុកកណ្ដៀង ទៅភូមិកែវមុន្នី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ត្រូវបានជន់លិចប្រវែង ៩៥០ម៉ែត្រ។ ផ្លូវនេះគ្រោងនឹងលើកកម្រិតគុណភាពដោយការស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ក្នុងក្របខ័ណ្ឌគម្រោង RRCIP នៅពាក់កណ្តាល ឆ្នាំ២០២៦ ខាងមុខនេះផងដែរ។សូមជម្រាបជូនដែរថា ដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ នៅតាមតំបន់ជួរភ្នំក្រវ៉ាញនៃខេត្តពោធិ៍សាត់ ធ្វើឱ្យទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងគំហុក បណ្តាលឱ្យលិចលង់ផ្ទះសំបែង និងស្រែចំការរបស់ប្រជាពលរដ្ឋ ជាមួយគ្នានោះដែរ ហេដ្ឋារចនាសម្ព័ន្ធជនបទនៅតាមដងស្ទឹង ចំនួន ៧ ខ្សែ សរុបប្រវែង ៤៧,២១ គ.ម. ក៏ត្រូវបានជន់លិចជាអន្លើៗ សរុបប្រវែង ៧,៩០គ.ម. ដែលបង្កឱ្យមានការលំបាកដល់ធ្វើដំណើររបស់ប្រជាពលរដ្ឋ។ជាមួយនឹងការបញ្ហាខាងលើនេះ ឯកឧត្ដមរដ្ឋមន្រ្ដី បានណែនាំឱ្យមន្ដ្រីបច្ចេកទេស សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បូកសរុបផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធជនបទ បន្ទាប់ពីទឹកស្រកទៅវិញ និងធ្វើការជួសជុលបន្ទាន់ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូរួមដំណើរ បានអញ្ជើញពិនិត្យស្ថានភាព ស្ពានបេតុង១ទីតាំង ប្រវែង ៧៥ ម៉ែត្រ ទទឹង ៨ម៉ែត្រ ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ តភ្ជាប់ពីភូមិស្ពាន ឃុំកណ្តៀង ទៅភូមិព្រៃក្តី ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ស្ថិតនៅក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ៕

គណៈឱសថការីខេត្តកណ្តាល លើកកម្ពស់ការយល់ដឹងដល់សមាជិកឱសថការី ធានាការប្រកបវិជ្ជាជីវៈ ប្រកបដោយគុណវុឌ្ឍិ

2025/11/22 06:04:39 pm        321
គណៈឱសថការីខេត្តកណ្តាល ផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងអនុក្រឹត្យស្ដីពីក្រមសីល- ធម៌ឱសថការី ដល់សមាជិក-សមាជិកឱសថការី ដើម្បីទទួលបានចំណេះដឹង និងការស្វែងអំពីច្បាប់ ធានាការប្រកបវិជ្ជាជីវៈសុខាភិបាល មានគុណវុឌ្ឍិ សមត្ថភាព និងកាយសម្បទាគ្រប់គ្រាន់ក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួន។ឯកឧត្តមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ លើក ឡើងនៅក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងអនុក្រឹត្យស្ដីពីក្រម សីលធម៌ឱសថការី នៅខេត្តកណ្តាល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ការចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងអនុក្រឹត្យស្ដីពីក្រមសីលធម៌ឱសថការី ពិតជាមានសារៈសំខាន់ណាស់ ដើម្បី បង្កើននូវចំណេះដឹង និងសមត្ថភាពរបស់ខ្លួន នៅក្នុងការគ្រប់គ្រង និងប្រកបរបរវិជ្ជាជីវៈក្នុងវិស័យឱសថសាស្រ្ត អមវិជ្ជសាស្រ្ត ក្នុង ដែនកំណត់នៃឱសថការី។ឯកឧត្តមឱសថការី លើកឡើងបន្តថា កន្លងមកនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី លោកបានជំរុញឱ្យគណៈវិជ្ជាជីវៈទាំង៥ បន្តផ្សព្វផ្សាយដល់សមាជិក-សមាជិកា ត្រូវតែគោរពក្រមសីលធម៌ និងច្បាប់ ដោយសារកន្លងមកអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិ បាល ភាគច្រើនគឺមិនបានយល់ច្បាប់ ទើបតម្រូវឱ្យអ្នកប្រកបវិជ្ជាជីវៈ ត្រូវតែចូលរួមក្នុងវគ្គបណ្តុះបណ្តាល ទើបទទួលបានអាជ្ញាបណ្ណ ទាំងការស្នើសុំដំបូង និងអ្នកស្នើសុំបន្តអាជ្ញាបណ្ណជាដើម។ឯកឧត្តមឱសថបណ្ឌិត ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានផ្តាំផ្ញើរដល់សមាជិកសមាជិកាឱសថការីខេត្ត កណ្តាលទាំងអស់ ដែលប្រកបវិជ្ជាជីវៈសុខាភិបាល ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ បទដ្ឋានវិជ្ជាជីៈ និងនិយាមវិជ្ជាជីវៈរបស់ខ្លួន ឱ្យបានល្អប្រសើរ ស្របតាមការយកចិត្តទុកដាក់របស់ក្រសួង ដែលបាននិងកំពុងជំរុញលើកកម្ពស់នៅក្នុងវិស័យសុខាភិបាលនេះ។ជុំវិញការប្រកបរបរវិជ្ជាជីវៈនេះដែរ, លោក កូ តាត ប្រធានគណៈឱសថការីខេត្តកណ្តាល លើកឡើងឱ្យដឹងថា ក្រុមប្រឹក្សា គណៈឱសថការីខេត្តកណ្តាលអាណត្តិទី៣ មានសមាជិកពេញសិទ្ធិចំនួន ៥ រូប និងសមាជិកជំនួសចំនួន ៥ រូប។ ចំណែកអ្នកប្រកប វិជ្ជាជីវៈ គិតត្រឹមខែតុលា ឆ្នាំ២០២៥នេះ ខេត្តកណ្តាលមានឱសថស្ថានចំនួន ២៣៦ កន្លែង, ឱសថស្ថានរង (ក) ២៤ កន្លែង និង ឱសថស្ថានរង (ខ) ចំនួន ១៥ កន្លែង។ សមាជិកគណៈឱសថការីខេត្តកណ្តាល មានចំនួនសរុប ៣២១ រូប ស្រីចំនួន ២៤៦ រូប ប្រុស ៧៥ រូប ក្នុងនោះឱសថបណ្ឌិតចំនួន ៣ រូប, ឱសថការីឧត្តម ២៨៨ រូប, ឱសថការីមធ្យមចំនួន ៣០ រូប និងបានចេញ អាជ្ញាបណ្ណឱសថការីដំបូង ជូនសមាជិកចំនួន ៣០៨ រូប, បន្តអាជ្ញាបណ្ណលើកទី១ ជូនសមាជិកចំនួន ២៥៤ រូប និងបន្តលើកទី២ ជូនសមាជិកចំនួន ១៤៦ រូប៕អត្ថបទ៖ សុន រ៉ាឌី,

សម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ១០០.០០០ដុល្លារ (មួយសែនដុល្លារអាមេរិក) ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

2025/11/22 05:50:44 pm        366
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យចំនួន ១០០.០០០ដុល្លារ (មួយសែនដុល្លារអាមេរិក) ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជារាស្ត្រភៀសសឹក ដែលកំពុងជួបការលំបាកតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមខាងលើនេះត្រូវបាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នាំយកមកប្រគល់ជូនលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃរសៀលថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានប្រគល់ជូនសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានទូលថ្វាយថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសារលិខិតនោះមានខ្លឹមសារថា៖ «ខ្ញុំម្ចាស់ ព្រមទាំងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយជាអនេកប្បការ ដោយបានទទួលព្រះរាជទ្រព្យ ចំនួន ១សែនដុល្លារអាម៉េរិក ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមជួយដល់ប្រជារាស្ត្រភៀសសឹក ដែលកំពុងជួបប្រទះការលំបាកខ្វះខាត នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ តាមរយៈ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាត ថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុត ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែសព្វព្រះ រាជហឫទ័យសន្តោសប្រោសប្រណី និងគិតគូរទុកដាក់យ៉ាងខ្ជាប់ខ្ជួនពីសុខទុក្ខប្រជារាស្ត្ររបស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា តាមរយៈព្រះរាជទានព្រះរាជទ្រព្យដល់សកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា គ្រប់ពេលវេលា។ខ្ញុំម្ចាស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ-ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យ បវរមហាប្រសើរថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់សម្រាប់ប្រជារាស្ត្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាកូនចៅ ចៅទួត របស់ព្រះអង្គជ្រកកោន តរៀងទៅ។»ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី ក៏បានជម្រាបជូនសម្តេចមហាមន្ត្រី ឧបនាយករដ្ឋមន្ត្រី អំពីព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានកសាងជាព្រះរាជសមិទ្ធផលនានាជូនដល់ប្រជានុរាស្ត្រងាយរងគ្រោះបំផុតរស់នៅទីជនបទឆ្ងាយដាច់ស្រយាល ដែលមានដូចជា៖ បានសាងសង់ផ្ទះចំនួន ២៨ខ្នង (ក្នុងនោះ ផ្ទះ ២ខ្នង នៅខេត្តព្រះវិហារ, ៤ខ្នង នៅឧត្តរមានជ័យ, ៥ខ្នង នៅកំពង់ឆ្នាំង, ៥ខ្នង នៅកំពង់ស្ពឺ, ១០ខ្នង នៅពោធិ៍សាត់, និងផ្ទះ ២ខ្នង នៅខេត្តកំពង់ធំ)។ ជាមួយគ្នានេះ បានសាងសង់អណ្តូងទឹកស្អាតចំនួន ៣៣អណ្តូង (ក្នុងនោះ អណ្តូងចំនួន៣ នៅខេត្តព្រះវិហារ, អណ្តូង១៦ នៅឧត្តរមានជ័យ, អណ្តូង៣ នៅមណ្ឌលគិរី, អណ្តូង៦ នៅកំពង់ឆ្នាំង, អណ្តូង២ នៅកំពង់ស្ពឺ, និងអណ្តូង៣ នៅខេត្តកំពង់ធំ)។ ទន្ទឹមនឹងនេះ ក៏បានសាងសង់កន្លែងលាងសម្អាតដៃចំនួន ១៣កន្លែង (ក្នុងនោះកន្លែងលាងសម្អាតដៃ ៦កន្លែងនៅខេត្តកំពង់ធំ និង ៧កន្លែង នៅខេត្តមណ្ឌលគិរី)។ បន្ថែមពីនេះ ក៏បានសាងសង់បង្គន់អនាម័យ ៤ខ្នង (មាន១៣បន្ទប់) ក្នុងនោះបង្គន់អនាម័យ ៣ខ្នង នៅខេត្តកំពង់ធំ និង ១ខ្នង នៅខេត្តមណ្ឌលគិរី ផងដែរ៕ អត្ថបទ: សំ ងីម

នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី៣១ បើកវគ្គបន្តជំនាន់ទី៣២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស (ភ្នំស្រង់ ខេត្តកំពង់ស្ពឺ)

2025/11/22 04:22:37 pm        589
នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី៣១ បើកវគ្គបន្តជំនាន់ទី៣២ ដែលមានសិក្ខាកាមសរុបចំនួន ៣០០នាក់ ព្រមទាំងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស (ភ្នំស្រង់ ខេត្តកំពង់ស្ពឺ) ។ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន ពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស ដែលបានខិតខំពុះពារគ្រប់ឧបសគ្គ នៅក្នុងការបំពេញតួនាទីភារកិច្ច ការហ្វឹកហ្វឺនពង្រឹងសមត្ថភាព ចូលរួមការបូរណភាពទឹកដី ការពារថ្នាក់ដឹកនាំ និងការកែច្នៃកសាងអង្គភាពជាច្រើនឆ្នាំកន្លងមកនេះ ដោយទទួលបានលទ្ធផលគួជាទីមោទនៈ។ នាយឧត្តមសេនីយ៍ ស ថេត បានចាត់ទុកថា បញ្ជាការដ្ឋានអង្គរក្ស គឺជាកម្លាំងពហុវិស័យ និងក៏ជាកម្លាំងចល័តអន្តរាគមន៍ពិសេសយ៉ាងឆាប់រហ័សរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃ ខ.ភ.ម ជាពិសេសបទបញ្ជារបស់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត គឺបានចល័តកម្លាំងអន្តរាគមន៍ទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់បំផុត។ជាមួយគ្នានេះឯកឧត្តម ស ថេត បានរំលេចអំពីជោគជ័យធំៗរបស់រាជរដ្ឋាភិបាល នាពេលកន្លងមក នេះ ក្នុងនោះ ដោយមានការចូលរួមចំណែកពីបញ្ជា ការដ្ឋានអង្គរក្ស និងកងនគរបាលជាតិ ដូចជាជោគជ័យរៀបចំធានាសុវត្ថិភាពជូនព្រះមហាក្សត្រ ថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល និងការ ការពារអធិបតេយ្យបូរណភាពទឹកដី ទប់ស្កាត់ការឈ្លានពានពីបរទេស។ឯកឧត្តម បានផ្តាំផ្ញើដល់បញ្ហាការដ្ឋានអង្គរក្ស ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់​ប្តេជ្ញា​ចិត្តរក្សាខឿនការពារជាតិ ការពារសុខសន្តិភាព ​ស្ថិរភាពសង្គម ចូលរួមអនុវត្តគោល​នយោបាយ​យុទ្ធសាស្ត្របញ្ចកោណ នីតិកាលទី១ ​អាណត្តិទី៧ ​របស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍ​ប្រទេសប្រកបដោយបរិយាបន្ន ​សំដៅពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជន លើកស្ទួយកីត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ។ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ស ថេត បានផ្តល់អំណោយឧបត្ថម្ភ​ដល់បញ្ជាការដ្ឋាន​អង្គរក្ស មានអង្ករ ចំនួន ១០តោន, ត្រីខ ១០០កេស, មី ១០០០កេសតូច, ទឹកដោះគោ ១០០កេស, ទឹកបរិសុទ្ធ ៥០០កេស, ស្រាបៀ ២០០កេស និងបានឧបត្ថម្ភថវិកា​ ដល់បញ្ជាការដ្ឋានអង្គរក្ស ៥០លានរៀល​ និងឧបត្ថម្ភដល់មជ្ឈមណ្ឌលហ្វឹកហ្វឺន​ ២០លានរៀល​ ហើយសម្រាប់សិក្ខាកាម ក្នុងម្នាក់ៗ ​៨ម៉ឺនរៀល ​និងយោធាចារ្យ ក្នុងម្នាក់ៗ ១០ម៉ឺនរៀល ផងដែរ។សូមជម្រាបថា បញ្ជាការដ្ឋានអង្គរក្ស បង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺននៅឆ្នាំ ២០០៤ បាន​បើក​វគ្គហ្វឹកហ្វឺន​បណ្តុះបណ្តាល និងបំប៉នសិក្ខាកាមរហូតមកដល់បច្ចុប្បន្ននេះ រយៈពេល ២១ឆ្នាំបានចំនួន ៤៩វគ្គ ។ ក្រោយពីផ្លាស់ប្តូរទីតាំងភូមិ សាស្ត្រពីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មករៀបចំកសាងមជ្ឈមណ្ឌល ហ្វឹក ហ្វឺនថ្មី នៅភូមិស្វាយឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងឆ្នាំ២០១៩ ៕

ក្រុមអនុព័ន្ធយោធាបរទេសចុះទៅសួរសុខទុក្ខពលរដ្ឋភៀសសឹកនៅវត្តចាន់ស៊ី

2025/11/22 04:02:28 pm        422
នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៤:១០នាទី ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា (CLG) បានសម្របសម្រួលជូនក្រុមអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា (Military Attaché Corps of Phnom Penh - MACPP) ចុះទៅសួរសុខទុក្ខដល់ប្រជាជនស្លូតត្រង់កម្ពុជាដែលជាជនភៀសសឹក ស្នាក់នៅបណ្តោះអាសន្ននៅវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ។សូមគូសបញ្ជាក់ផងដែរថា ជនភៀសសឹកទាំងនោះត្រូវបានជម្លៀសចេញពីផ្ទះសម្បែងភ្លាមៗ បន្ទាប់ពីហេតុការណ៍យោធាថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាដោយគ្មានមូលហេតុ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៥:៥០នាទី នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលហេតុការណ៍នោះបានបណ្តាលឱ្យប្រជាពលរដ្ឋរងរបួសធ្ងន់ ចំនួន ០៣រូប និងបាត់បង់ជីវិតនៅនឹងកន្លែងចំនួន ០១រូប។

គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ សំណេះសំណាល និងផ្ដល់អំណោយដល់គ្រួសារ និងមានសមាជិកធ្វើកងទ័ពកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខ

2025/11/22 02:46:11 pm        258
ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ម៉ប់ សារិន ប្រធានគណៈប្រចាំការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌកំបូល រាជធានីភ្នំពេញ ដែលជាខណ្ឌទី១៤ មានប្រជាពលរដ្ឋចំនួន២៨៧ គ្រួសារ និងមានសមាជិកធ្វើកងទ័ពកំពុង​ឈរជើង​ប្រយុទ្ធនៅសមរភូមិមុខ សរុបចំនួន ២៩៦នាក់ ។ឯកឧត្តម ម៉ប់ សារិន មានប្រសាសន៍ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់កងទ័ព និងគ្រួសារកងទ័ពនៅសមរភូមិមុខក្នុងការលះបង់ ដើម្បីការពារបូរណៈភាពទឹកដី។នៅក្នុងឱកាសនោះដែរ ឯកឧត្ដមប្រធានគណៈប្រចាំការបាននាំយកនូវអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ យកទៅចែកជូនបងប្អូនប្រជាពលរដ្ឋទៅតាមចំនួនសមាជិកគ្រួសារ ដែលបានចូលធ្វើកងទ័ព​ក្នុងម្នាក់ៗថវិកា ៤០ម៉ឺនរៀល អង្ករ ៥០គីឡូក្រាម និងមី ២កេស ។គួរបញ្ជាក់ដែរថា កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ម៉ប់ សារិន ប្រធានគណៈប្រចាំការគណបក្សកម្ពុជារាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌច្បារអំពៅ ដែលជាខណ្ឌទី១៣ មានចំនួន ៧៤គ្រួសារ ដែលមានសមាជិកធ្វើកងទ័ពកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខ សរុបចំនួន ៧៦នាក់ ។កាលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ឯកឧត្តម ម៉ប់ សារិន ប្រធានគណៈប្រចាំការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ដែលជាខណ្ឌទី១២ មានចំនួន ១៣១គ្រួសារ ដែលមានសមាជិកធ្វើកងទ័ពកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខ សរុបចំនួន ១៣៨នាក់។ កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ម៉ប់ សារិន បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌដង្កោ ដែលជាខណ្ឌទី១១ មានចំនួន ៦២គ្រួសារ ដែលមានសមាជិកធ្វើកងទ័ពកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខ សរុបចំនួន ៦៨នាក់ ៕

សមាគម​នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ ចុះសំណេះសំណាល និងផ្ដល់អំណោយជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ

2025/11/22 02:40:59 pm        348
ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ លោកជំទាវ​ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ បានធ្វើការលើកទឹកចិត្តទៅដល់បងប្អូនប្រជាពលរដ្ឋដែលបាន​ និងកំពុងស្នាក់នៅក្នុងជំរំភៀសសឹកឱ្យអត់ធ្មត់ ហើយបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដឹកនាំនិងដោះស្រាយជម្លោះព្រំដែន។ការលើកទឹកចិត្តដូច្នេះធ្វើឡើងក្នុងឱកាសដឹកនាំ សមាជិកានៃសមាគមនារីខេត្តចុះជួបសំណាលនិងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋប្រមាណ៧៦១គ្រួសារ ដែលបាននិងកំពុងស្នាក់នៅក្នុងជំរំភៀសសឹក ក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ដែលជាជំហានវិជ្ជមានដ៏សំខាន់ និងជាប្រវត្តិសាស្រ្តក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ក្រោមយុទ្ធសាស្រ្ត«ស្ងាត់តែមិនស្ងៀម»របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រហូតទទួលបានលទ្ធផលផ្លែផ្កា ដោយសម្រេចបានការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាង កម្ពុជា និងថៃ នៅប្រទេសម៉ាឡេស៊ី ក្រោមវត្តមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។លោកជំទាវ​បានបន្ថែមថា លទ្ធផលដែលសម្រេចបាននូវការថ្លែងការណ៍រួមស្តីពីសន្តិភាពរវាង កម្ពុជា និងថៃនេះ គឺកើតចេញការខិតខំប្រឹងប្រែងឥតឈប់ឈររបស់សម្តេចធិបតី ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល និងក្រុមការងារ ដើម្បីស្វែងរកសន្តិភាពតាមបន្ទាត់ព្រំដែន ឈានឆ្ពោះទៅរកប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងកម្ពុជា-ថៃ ដែលជាកត្តាចាំបាច់សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាសម្រាប់ការអភិវឌ្ឍទៅមុខរបស់ប្រទេសកម្ពុជា។តែដោយមហិច្ឆតាឈ្លានពានរបស់ប្រទេសថៃ បានរំលោភលើកិច្ចឈប់បាញ់ ហើយបន្តការឈ្លានពានមកលើកម្ពុជា និងបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋស្លូតត្រង់ត្រូវបង្ខំចិត្តចាកចេញពីលំនៅដ្ឋានមករស់នៅក្នុងជំរំជនភៀសសឹក។ហើយក្នុងនោះលោកជំទាវ​ក៏បានសម្តែងការឈឺចាប់ចំពោះទាហានថៃដែលបានធ្វើការបាញ់ប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់ បណ្តាលឱ្យស្លាប់ម្នាក់និងរបួស៣នាក់កាលពីពេលកន្លងមកផងដែរ។លោកជំទាវ​ ម៉េង វ៉ាន់ដានីន ជាម ចន្ទ័សោភ័ណ បានបន្ថែមថា ដោយមើលឃើញពីការស្នាក់នៅក្នុងជំរំរបស់បងប្អូនមានការលំបាក សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ពិសេសលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត បានផ្តាំផ្ញើនូវការសួរសុខទុក្ខនិងនឹករលឹកដល់បងប្អូន ដោយក្នុងនោះបានណែនាំដល់សមាគមនារីខេត្តកំពង់ស្ពឺឱ្យនាំយកនូវគ្រឿងឧបភោគ បរិភោគ សម្លៀកបំពាក់និងថ្នាំពេទ្យមកផ្តល់ជូនដើម្បីដោះស្រាយចំពោះមុខជាបណ្តោះអាសន្ន គ្រាដែលការស្នាក់នៅត្រូវបានអូសបន្លាយ។លោក​ជំទាវ​បានបន្តថា ក្នុងដំណាក់កាលដែលកំពុងស្នាក់នៅនេះ សូមបងប្អូនត្រូវថែរក្សាសុខភាព ប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ បង្កឡើងដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ជាដើម និងបង្កើនការប្រុងប្រយ័ត្នក្នុងការមើលថែកុមារតូចៗ កុំឱ្យគាត់ទៅលេងទឹក ចៀសវាងការបាត់បង់អាយុជីវិតដោយប្រការណាមួយ។មួយវិញទៀត ខែនេះជាខែមានភ្លៀងធ្លាក់ ជាពេលដែលពពួកមូសកើតមានច្រើន តោងឱ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម និងគ្រុនចាញ់ ដោយសារបច្ចុប្បន្ននេះជំងឺគ្រុនឈាមតែងកើតមានឡើងលើកុមារ។ ត្រូវថែរក្សាសុខភាព ទប់ស្កាត់ចំពោះជំងឺមិនឆ្លងដូចជា លើសឈាម ជំងឺទឹកនោមផ្អែម ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺមហារីក តាមរយៈការបរិភោគចំណីអាហារ ស្ករតិចអំបិលតិច ខ្លាញ់តិច។លើសពីនេះសូមបង្កើនការដាំបន្លែជុំវិញកន្លែងស្នាក់នៅ សម្រាប់បរិភោគ ចៀសវាងការចំណាយទិញបន្លែ ពីខាងក្រៅ និងកាត់បន្ថយការចំណាយ ព្រមទាំងថែរក្សាបាននៅសុខភាពល្អ ៕

សម្តេច ម៉ែន សំអន អញ្ជើញប្រកាសទទួលស្គាល់ប្រធានកិត្តិយស គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តស្វាយរៀង

2025/11/22 02:11:58 pm        259
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៅថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីប្រកាសទទួលស្គាល់សមាសភាព​គណៈកម្មការ​សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍​ ខេតស្វាយរៀង និង​កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់សាខាសមាគមប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ ដែលពិធីនេះ បានប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំសាកលវិទ្យាលល័យស្វាយរៀង ។ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានលើកឡើងអំពីការចូលរូមចំណែកក្នុងការបន្តពង្រឹងនូវភាពអង់អាចរបស់ស្ត្រី បង្កើនសក្តានុពលរបស់ស្ត្រីចូលក្នុងការអភិវឌ្ឍសង្គម លើកកម្ពស់ជីវភាពរស់នៅរបស់ស្ត្រីនៅ​តាមជនបទឲ្យមានអាជីវកម្មស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន បន្តលើកកម្ពស់សុខមាលភាព និងគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ចំពោះ ស្ត្រីមានផ្ទៃពោះ ក្មេងស្រី និង​ស្ត្រីងាយ​រង​គ្រោះ បង្កើនការយកចិត្តទុកដាក់លើកកម្ពស់តួនាទីរបស់ស្ត្រី និង ក្មេងស្រីនៅ​ក្នុងបរិវត្តកម្ម​ឌីជីថល។ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់​កម្លាំងកាយចិត្ត ស្មារតី និងទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចការងារចលនាស្រ្តី ក្នុងរយៈពេល​កន្លងមក របស់លោកជំទាវ លោកស្រី ដែលជាថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ នៃខេត្តស្វាយរៀង ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានចូលរួមអបអរសាទរចំពោះ លោកជំទាវ អាយ កុសុមា ប៉េង ពោធិ៍សា ដែលត្រូវបានប្រកាសជាប្រធានកិត្តិយសគណៈកម្មការសាខាសាមគមនារីកម្ពុជា ដើម្បី​សន្តិភាព និងអភិវឌ្ឍន៍ ខេត្តស្វាយរៀង និងបានផ្តាំផ្ញើ​ដល់គណៈកម្មការសាខាសមាគមនារី​ខេត្តស្វាយរៀង ​ដែលបានប្រកាសកែសម្រួល​ និងបំពេញបន្ថែមសមាសភាពនាថ្ងៃនេះ ត្រូវ​បន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ ចេះបែងចែក តួនាទីភារកិច្ច​ទទួលខុសត្រូវ ទៅដល់ថ្នាក់ដឹកនាំ នៃគណៈកម្មការ សមាគមនារីសាខា អនុសាខា កាន់តែ​ទូលំទូលាយ និងស៊ីជម្រៅទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបាន​ទទួលស្គាល់ថា «ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំ នៃសេដ្ឋកិច្ច និងសង្គមជាតិ របស់យើងទាំងអស់គ្នា»៕

ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់៤៣៤គ្រួសារ នៅក្រុងបូកគោ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

2025/11/22 02:02:12 pm        203
កំពត៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត រួមដំណើរដោយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា និងអាជ្ញាធរមូលដ្ឋាន បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៤៣៤គ្រួសារ មកពីសង្កាត់ព្រែកត្នោត និងសង្កាត់កោះតូច ក្រុងបូកគោ ដែលពិធីនេះ រៀបចំធ្វើឡើងនៅបរិវេណរោងម៉ាស៊ីនស្រូវគ្រីស្តារ៉ាយ សង្កាត់ព្រែកត្នោត។ នាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា បានសម្តែងនូវការសោកស្តាយចំពោះការខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិដែលបង្កឡើងដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងបានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ​ដោយគ្រោះទាំង​អស់ដោយក្តីនឹករឭកបំផុត។ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានបន្តថា កាកបាទក្រហម ក្រោមការដឹកនាំប្រកប​ដោយកិត្តិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាល​សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ពោលគឺមិនទុកពលរដ្ឋណាម្នាក់ចោល ឲ្យស្លាប់ដោយដាច់បាយនោះទេ ។សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនដល់ពលរដ្ឋក្នុងមួយគ្រួសារមាន អង្ករ២០គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកត្រី១យួរ សារុង១ និងថវិកា៥ម៉ឺនរៀល៕

ជនសង្ស័យដុតផ្ទះឆេះស្លាប់មនុស្ស នៅខណ្ឌដង្កោយប់មិញ ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួន ដល់ស្រុកកោះធំ

2025/11/22 01:52:35 pm        1103
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងការដុតផ្ទះម្តាយមីង រហូតឆេះរាលដល់លំនៅឋានពលរដ្ឋដទៃ អស់ជាច្រើនខ្នង ដែលបណ្តាលឲ្យម្តាយមីងស្លាប់ និងបុរសជាប្តីរងរបួសធ្ងន់ នៅក្នុងខណ្ឌដង្កោកាលពីយប់មិញ ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវ តាមចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដល់ទឹកដីស្រុកកោះធំ ខេត្តកណ្តាល ។ ការស្រាវជ្រាវតាមចាប់ខ្លួននេះ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើឡើងដោយកម្លាំងនគរបាល នៃអធិកាដ្ឋាននគរបាលខណ្ឌដង្កោ ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ ដឹកនាំកម្លាំងជំនាញផែនការងារព្រហ្មទណ្ឌចុះស្រាវជ្រាវ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងនាំខ្លួន ពីអធិការដ្ឋាននគរបាលស្រុកកោះធំ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីបន្តនីតិវិធីច្បាប់ ។ គួររំលឹកថា លំនៅឋានពលរដ្ឋ១១ខ្នងផ្ទះ ត្រូវអគ្គីភ័យឆេះអស់ទាំងស្រុង កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីជនសង្ស័យកើតជម្លោះជាមួយម្តាយបង្កើត និងម្តាយមីង ហើយក៏បានដុតផ្ទះម្តាយមីង បណ្តាលឲ្យឆេះយ៉ាង​សន្ធោសន្ធៅ​តែម្តង ហើយក៏បន្តឆេះរាលដាលដល់លំនៅឋានពលរដ្ឋក្បែរនោះចំនួន១០ខ្នងបន្ថែមទៀត ៕ លីហេង

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM