ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

“របាយការណ៍អភិវឌ្ឍប្រកបដោយចីរភាពរបស់ China Huaneng នៅកម្ពុជា ឆ្នាំ២០២៤” បានផ្សាយជាផ្លូវការហើយ

2025/11/21 04:23:48 pm        261
“របាយការណ៍អភិវឌ្ឍប្រកបដោយចីរភាពរបស់ China Huaneng នៅកម្ពុជា ឆ្នាំ ២០២៤” នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានប្រកាសផ្សាយជាផ្លូវការនៅវេទិកាកំពូល “រូបភាពសកលសហគ្រាសចិន ឆ្នាំ ២០២៥”។“របាយការណ៍អភិវឌ្ឍប្រកបដោយចីរភាពរបស់ China Huaneng នៅកម្ពុជា ឆ្នាំ ២០២៤” គឺជារបាយការណ៍ពីរភាសាដែល Huanengបានបោះពុម្ពផ្សាយសម្រាប់កម្ពុជាជាបន្តបន្ទាប់រយៈពេល៦ឆ្នាំជាប់ៗគ្នា។របាយការណ៍នេះផ្គូផ្គងតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs) ហើយបែងចែកចេញជា៣ជំពូក៖“មូលដ្ឋានសេសាន៖ គោរពច្បាប់ ការគ្រប់គ្រងហានិភ័យរឹងមាំ”“អង្គរចងចិត្ត៖ ស្នេហារួមបង្កើតសន្តិភាព ភ្ជាប់ទំនាក់ទំនងសហគមន៍”“មេគង្គបៃតង៖ ទឹកស្អាត ព្រៃភ្នំ ធនធានធម្មជាតិអភិវឌ្ឍរួម”របាយការណ៍នេះបង្ហាញយ៉ាងប្រព័ន្ធអំពីការអនុវត្ត និងសមិទ្ធផលដ៏លេចធ្លោរបស់ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ ដែលជាគម្រោងវារីអគ្គិសនីធំបំផុតនៅកម្ពុជាក្នុងឆ្នាំ២០២៤ ក្នុងវិស័យអាជីវកម្មប្រកបដោយចីរភាព ការទំនួលខុសត្រូវសង្គម ការអភិរក្សបរិស្ថាន និងវិស័យអេកូឡូស៊ីផ្សេងៗទៀត។របាយការណ៍នេះក៏បង្ហាញពីបេសកកម្ម និងកាតព្វកិច្ចរបស់ Huaneng ក្នុងការ​បង្កើត​គំរូ​សហ​ប្រតិបត្តិ​ការ​ថាមពលបៃតង “ខ្សែក្រវាត់ និងផ្លូវ” រវាងកម្ពុជានិងចិន និងការកសាង​រូប​ភាព​ម៉ាក​អន្តរ​ជាតិ​កំរិតខ្ពស់៕

គម្រោងវិនិយោគចំនួន១០ មានទុនប្រមាណ ១១១លានដុល្លារ កំពុង​ត្រូវ​បាន​លើក​យក​មក​ពិនិត្យ ​ដើម្បីអនុម័តសំណើរ

2025/11/21 03:49:03 pm        491
នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​បាន​រៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ លើកទី១៧ ឆ្នាំ២០២៥​ ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំ​ចុះប​ញ្ជី​គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១០គម្រោង ក្រោម​អធិបតី​ភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមាន​ការ​អញ្ជើញ​ចូល​រួម​ពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១១១លានដុល្លារអាម៉េរិក អាច​បង្កើត​ការ​ងារ​បាន​ប្រមាណ ៦ពាន់កន្លែង និងមានមុខសញ្ញា​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហ​កម្ម​ចំនួន​ ៩​គម្រោង (ផលិតប្រេងកៅស៊ូ, ផលិតចំណីសត្វ, ផលិតខ្សែអំពូលភ្លើងលម្អគ្រប់ប្រភេទ, ផលិត​ដើម​ណូអែល គ្រឿងលម្អ និងគ្រឿងបន្លាស់ដើមណូអែលគ្រប់ប្រភេទ, តុក្កតាណូអែល និងគ្រឿង​តុប​តែង​លម្អ​សម្រាប់ពិធីបុណ្យណូអែល, ផលិតផលិតផលធ្វើពីប្លាស្ទិក (បន្ទះរក្សាកម្តៅ បន្ទះ​ការ​ពារ​សំទ្បេង កម្រាលការពារជង្គង់ និងកម្រាលហាត់យូហ្គា), ផលិតសម្ភារៈសត្វចិញ្ចឹម និងសម្ភារៈ​បន្ទា​ប់​បន្សំ, និងផលិតទូកខ្យល់ ទូកកៃយ៉ាក់ តង់ កៅអី សាទ្បុង និងសម្ភារៈ​បោះជំរំ​បន្ទាប់​បន្សំ​ពី​ប្លាស្ទិក,​ និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន១គម្រោង (បង្កើតផែស្ងួត)។គម្រោងវិនិយោគទាំង១០ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅខេត្តតាកែវ កំពង់ស្ពឺ ព្រៃ​វែង កំពត និងព្រះសីហនុ៕

នាយិការប្រចាំប្រទេសថ្មី ADB ចាប់អារម្មណ៍បេសកកម្មអាទិភាពថ្មីៗរបស់ក្រសួងអប់រំឆ្នាំ២០២៦

2025/11/21 03:14:20 pm        340
លោកជំទាវ Yasmin Siddiqi នាយិកាប្រចាំប្រទេសថ្មី នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ក្នុងការឈ្វេងយល់បន្ថែមអំពីបេសកកម្មអាទិភាពថ្មីៗ របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំ២០២៦ ខាងមុខនេះ។ ការបង្ហាញនេះ ធ្វើឡើង នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាស ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកជំទាវ Yasmin Siddiqi និងសហការី ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។ នេះដោយយោងតាម បណ្ដាញសង្គមរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ។ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកដល់កម្ពុជារបស់លោកជំទាវ Yasmin Siddiqi ដោយបានយកឱកាសនេះ បង្ហាញពីបច្ចុប្បន្នភាព និងវឌ្ឍនភាពសំខាន់ៗក្នុងវិស័យអប់រំនៅកម្ពុជាក្នុងអំឡុង ១០ឆ្នាំមកនេះ។នាឱកាសជំនួបនេះ លោកជំទាវ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ និងការផ្តល់កិច្ចសហប្រតិបត្តិការប្រកបដោយការយកចិត្តទុកដាក់ពីសំណាក់ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងបានបង្ហាញមោទនភាពដែលឃើញការអភិវឌ្ឍស្ទើរលើគ្រប់វិស័យនៅកម្ពុជា ដោយបានបង្ហាញចំណាប់អារម្មណ៍ក្នុងការឈ្វេងយល់បន្ថែមអំពីបេសកកម្មអាទិភាពថ្មីៗ របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំ២០២៦ ខាងមុខនេះ ក៏ដូចជាបញ្ហាប្រឈមនានា ដោយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចូលរួមដោះស្រាយ និងគាំទ្រដល់យុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ និងយុទ្ធសាស្ត្រអភិវឌ្ឍប្រទេសជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលបានគាំទ្រដល់គម្រោងកែលម្អគុណភាពអប់រំនៅកម្ពុជា និងបានលើកឡើងពីវឌ្ឍនភាព និងអាទិភាពនៃកំណែទម្រង់វិស័យអប់រំ ដែលបាន និងកំពុងផ្តោតលើ កំណែទម្រង់សាលារៀន ការលើកកម្ពស់លទ្ធផលសិក្សាសិស្ស អត្រាចុះឈ្មោះចូលរៀន អត្រាគង់វង្ស និងកាត់បន្ថយអត្រាបោះបង់, កំណែទម្រង់ការបណ្ដុះបណ្ដាលគ្រូបង្រៀន, ការអនុវត្តស្តង់ដាសាលារៀនគំរូ, កម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍, ការបង្កើនចំនួនសាលារៀនជំនាន់ថ្មី (NGS) ដោយផ្តោតលើការលើកកម្ពស់ការអប់រំ STEM, និងគម្រោងជាច្រើនទៀត ជាពិសេសសមិទ្ធផលនានាដែលលេចចេញពីកិច្ចសហប្រតិបត្តិការ រវាង ADB និងក្រសួងអប់រំ យុវជន និងកីឡា ដែលឆ្លុះបញ្ចាំងតាមរយៈ ១. លទ្ធផលល្អប្រសើរឡើងនៃការធ្វើតេស្តស្តង់ដា PISA ដែលវាយតម្លៃចំណេះដឹង និងជំនាញរបស់សិស្សអាយុ ១៥ឆ្នាំ ក្នុងវិស័យគណិតវិទ្យា វិទ្យាសាស្ត្រ និងការអាន ២. លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ នេះ ដែលមានអត្រាប្រឡងជាប់ ៨៤,៥៦% ជាមួយកំណើនសិស្សនិទ្ទេស A ច្រើនជាងឆ្នាំមុនៗ។តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជាជាច្រើនឆ្នាំមកនេះ។ ជាថ្មីម្តងទៀត សូមចូលរួមអបអរសាទរ ដល់លោកជំទាវ Yasmin Siddiqi ដែលត្រូវបានតែងតាំងជា នាយិកាប្រចាំប្រទេសថ្មីនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ដោយរំពឹងយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោកជំទាវ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី នឹងកាន់តែរីកចម្រើន ជាពិសេសសម្រេចបាននូវសមិទ្ធផលរួមគ្នាជាច្រើនបន្ថែមទៀតលើវិស័យអប់រំ៕

​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចូលរួមរំលែកទុក្ខសពសិល្បករ លោក អ៊ុន សិទ្ធា​

2025/11/21 02:45:15 pm        258
ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចាត់ឱ្យលោកជំទាវ ហួន ចន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញនាំយកនូវសម្ភាររួមជាមួយថវិកាមួយចំនួន ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកស្រី អ៊ុន លក្ស្មី និងក្រុមគ្រួសារទាំងអស់នៃសពលោក អ៊ុន សិទ្ធា ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៧:១៥នាទី ក្នុងជន្មាយុ ៤២ឆ្នាំ ដោយរោគាពាធ ។ស្ថិតក្នុងវេលាដ៏ក្រៀមក្រំនេះ លោកជំទាវ ហួន ចន្ទបូរ៉ា បាននាំយកនូវសារលិខិតរំលែកទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារនៃសព ដែលសារលិខិតរំលែកទុក្ខមានខ្លឹមសារថា « ក្នុងនាមខ្ញុំផ្ទាល់ និងសហការី នៃកាកបាទក្រហមកម្ពុជាទាំងអស់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោកស្រី អ៊ុន លក្ស្មី និងក្រុមគ្រួសារទាំងអស់នៃ សពលោក អ៊ុន សិទ្ធា ដែលបានទទួលមរណភា ព កាលពីថ្ងៃពុធ១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦ ៩ ត្រូវនឹ ង ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៧:១៥នាទី ក្នុងជន្មាយុ ៤២ឆ្នាំ ដោយរោគាពាធ ។ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំសូមសម្តែងនូវក្តីសង្វែកជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ព្រោះថាមរណភាពរបស់ លោក អ៊ុន សិទ្ធា គឺជាការបាត់បង់ប្អូនបង្កើត សាច់ញាតិជាទី ស្រឡាញ់និងជាពលរដ្ឋដ៏ល្អរបស់សង្គមជាតិមួយរូបដែលតែងតែប្រណិប័តន៍តាមគន្លងធម៌នៅក្នុងក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវធនធានមនុស្សប្រកបដោយ ទេពកោសល្ស វិជ្ជាជីវៈក្នុងវិស័យសិល្បៈ និងជួយក្នុងការងារមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញនាពេលកន្លងមក។ ខ្ញុំសូមកោតសរសើរ ដោយសុទ្ធចិត្ត ចំពោះឆន្ទៈ មនសិការបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ របស់លោក អ៊ុន សិទ្ធា ជាមួយសកម្មភាពដ៏ល្អនេះនឹងដិតជាប់នៅក្នុងដួង ចិត្តរបស់ប្រជាជនកម្ពុជា ជារៀងរហូត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក អ៊ុន សិទ្ធា សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕»

កម្ពុជា-កាណាដា ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទាំងក្នុងកម្រិតទ្វេភាគី និងតំបន់

2025/11/21 02:44:04 pm        313
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​ពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានគណៈកម្មាធិការចរចាពាណិជ្ជកម្ម នៃកិច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្មសេរីអាស៊ាន-កាណាដា តំណាងកម្ពុជា ជួបពិភាក្សាការងារជាមួយលោកជំទាវ Ambra Dickie និងគណៈប្រតិភូកាណាដា នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។នៅក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈ លើទិដ្ឋភាពទូទៅ នៃ​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម និងវិនិយោគទាំងក្នុងកម្រិតទ្វេភាគី និងតំបន់ ជាពិសេសក្នុង​បរិបទ​នៃ​កិច្ច​ព្រ​ម​ព្រៀង​ពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACAFTA) ដែលកំពុងស្ថិតក្នុងការចរចា។ក្នុងឱកាសនេះ ភាគីទំាងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់ក្នុងការជំរុញការចរចាកិច្ចព្រមព្រៀង ACAFTA នេះឱ្យបានសម្រេចជាដុំកំភួន ស្របតាមកាលកំណត់ក្នុងឆ្នាំ២០២៦។ ជាការឆ្លើយតប ឯកឧត្តម​អគ្គនាយកក៏បានបង្ហាញពីជំហរគាំទ្រ​យ៉ាង​មុតមាំ​រប​ស់​កម្ពុជា​ក្នុង​ការ​ជំរុញ​ការ​ចរចា​កិច្ច​ព្រម​ព្រៀង ACAFTA នេះ។ បន្ថែមពីលើនេះ ភាគីទាំងពីរក៏បានពិភាក្សាលើវិស័យសក្តានុពលសំខាន់ៗ មួយចំនួន រួមមាន៖ ពាណិជ្ជកម្ម សន្តិសុខស្បៀងអាហារ ពាណិជ្ជកម្មអេឡិចត្រូនិក ថាមពល និង​ឌីជីថល​ភាវូប​នីយ​កម្ម និងបញ្ញាសិប្បនិម្មិត សំដៅធ្វើឱ្យទំនាក់ទំនងលើវិស័យទាំងនេះកាន់តែស៊ីជម្រៅ ក៏ដូច​ជា​ស្វែង​រក​កាលានុវត្តភាពបន្ថែម ទាំងក្នុងកម្រិតទ្វេភាគី និងតំបន់៕

រម្លឹកកដល់បងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ ស្អែកនេះ ក្រសួង​ការងារ​នឹង​បើក​ពិព័រណ៍​ផ្តល់ឱកាសការងារនៅខេត្តបន្ទាយមានជ័យ

2025/11/21 02:37:15 pm        332
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅស្រុកចំនួន ២ របស់ខេត្តបន្ទាយមានជ័យគឺស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ ដើម្បីផ្តល់ឱកាសការងារ អត្ថប្រយោជន៍នៃរបបបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជាពិសេស អតីតពលករដែលត្រឡប់មកពីប្រទេសថៃ។អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹងថា ក្នុងពិព័រណ៍នេះ នឹងមានសហគ្រាស ក្រុមហ៊ុន និងរោងចក្រជាច្រើនចូលរួមផ្ដល់ឱកាសការងារជាង ៧ម៉ឺនកន្លែងជាមួយការសម្ភាសជ្រើសរើសបុគ្គលិកនៅកន្លែងផ្ទាល់។ ក្នុងនោះអ្នកចូលរួមទាំងអស់នឹងទទួលបានព័ត៌មានអំពីឱកាសការងារដ៏សម្បូរបែប វគ្គបណ្តុះបណ្តាលបច្ចេកទេស និងអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គមផងដែរ។ បន្ថែមពីនេះ អ្នកចូលរួមនឹងទទួលបាន សេវាកាត់សក់ អាហារ ភេសជ្ជៈ និងអាវយឺតដោយឥតគិតថ្លៃថែមទៀតផង។ទន្ទឹមនឹងនេះ លោក ស៊ុន មេសា បានអំពាវនាវឱ្យអតីតពលករទាំងអស់ ដែលបានត្រឡប់មកពីប្រទេសថៃ ចូលរួមឱ្យបានច្រើនក្នុងពិព័រណ៍នេះ ដើម្បីរកឱកាសការងារថ្មី បង្កើនជំនាញ និងបង្កើនគុណភាពជីវិត។សូមបញ្ជាក់ផងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ចំនួន ៣ខេត្តគឺ ក្នុងខេត្តបាត់ដំបងពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងខេត្តបន្ទាយមានជ័យពី ថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ និងក្នុងខេត្តសៀមរាបពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥៕

កម្ពុជា ទទួលការផ្ទេរតំណែងជា ប្រធានសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី នៅប្រទេសររ៉ាន់ដា

2025/11/21 02:22:14 pm        300
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងពិធីផ្ទេរតំណែងប្រធានសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៧ នៅទីក្រុងគីហ្គាលី ប្រទេសររ៉ាន់ដា នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ក្នុងឱកាសទទួលតំណែងជាប្រធានសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្រ្វង់កូហ្វូនី នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះសាធារណរដ្ឋរវ៉ាន់ដា ដែលជាម្ចាស់ផ្ទះ សាធារណរដ្ឋបារាំងក្នុងនាមជាប្រធានសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៦ និងលោកជំទាវអគ្គលេខាធិការអង្គការហ្រ្វង់កូហ្វូនី ក្នុងការបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំ និងប្រកបដោយប្រសិទ្ធភាព។  ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានប្រកាសអំពីអាទិភាពរបស់កម្ពុជា ក្នុងនាមជាប្រធានសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៧ និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរៀបចំកិច្ចប្រជុំទាំងពីរនេះ នៅកម្ពុជា ឲ្យទទទួលបានជោគជ័យ៕

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល៖ កម្ពុជាគឺជាបេះដូងនៅអាស៊ី និងជាកន្លែងវិនិយោគ និងការ​ធ្វើពាណិជ្ជ​កម្ម

2025/11/21 02:15:46 pm        220
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បង្ហាញទៅដល់ភ្ញៀវជាតិនិងអន្តរជាតិ ថា កម្ពុជា​គឺ​ជា​បេះដូង​មួយ​នៅ​អាស៊ី ​និងជាកន្លែងដ៏អស្ចារ្យ សម្រាប់ការវិនិយោគ និងការធ្វើពាណិជ្ជកម្មនៅក្នុងទីផ្សារអាស៊ាន ខណៈ​កម្ពុជា​បានផ្សាភ្ជាប់កិច្ចព្រមព្រៀងទៅនិងទីផ្សារសកល សម្រាប់ ការពង្រីក​ខ្លួន​នៅ​ក្នុង​អាជីវកម្ម​របស់​សហគ្រិន។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លើក​ឡើង​ក្នុង​វេទិកាសហគ្រិន PINNACLE 2025 ក្រោមប្រធានបទ៖ (ពិភពលោក​រីក​ចម្រើន​នៅ​ពេល​យើង​សហការ៖ ការជំរុញអាជីវកម្ម ឌីជីថល និងការច្នៃប្រឌិតក្នុងអាស៊ាន) នៅថ្ងៃទី២១ ខែ​វិច្ឆិកា ឆ្នាំ២០២៥ នេះថា កម្ពុជាគឺជាប្រទេសមួយដែលផ្តល់នូវភាពធន់ និង​ជា​ប្រទេស​ផ្តល់​នូវ​ភាព​ដ៏​អស្ចារ្យ​សម្រាប់សហគ្រិន ក៏ដូចអ្នកដែល ស្វែងរកនូវអ្វីមួយនៅក្នុងតំបន់អាស៊ាន ហើយ​កម្ពុជា​ក៏​ជា​ប្រ​ទេសដែលមានសេដ្ឋកិច្ចរីកចម្រើនឡើងខ្លាំងនៅក្នុងអាស៊ីគ្នេយ៍ ដែលមាន សេដ្ឋកិច្ច​ក្នុង​រង្វង់​ជាង ៧ភាគរយ នៅក្នុងប៉ុន្មានទស្សវត្សចុងក្រោយនេះ ដែលគាំទ្រដោយវិស័យឧស្សាហកម្ម, ទេសចរណ៍ និង កសិកម្មជាដើម សម្រាប់ការពង្រីកខ្លួនរបស់សហគ្រិនផងដែរ។ឯកឧត្តម លើកឡើងបន្តថា ចំណែកជុំវិញការវិនិយោគវិញឃើញថា គិតត្រឹមដើមឆ្នាំ២០២៥ មក​ដល់​ពេលនេះ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានអនុម័តការវិនិយោគ មានចំនួនជាង ៦០០ គម្រោង ដែលមានទុនវិនិយោគប្រមាណ ៩ ពាន់លានដុល្លារ។ នេះជា ការបង្កើត​នូវ​ប្រវត្តិសាស្រ្ត​ថ្មី​សម្រាប់​កម្ពុជា ព្រោះកម្ពុជាគឺជាប្រទេសនៅក្នុងបេះដូងអាស៊ី និងជាកន្លែង​មួយ​ដ៏​អស្ចារ្យ​សម្រាប់​ពង្រីក​ ការវិនិយោគទីផ្សាររបស់អាស៊ាន ហើយក៏​ជា​ផ្នែក​មួយ​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ផង​ដែរ ​តាមរយៈការផ្តល់នូវឱកាសដល់សហគ្រិន ខណៈកម្ពុជា​បាន​ផ្សារ​ភ្ជាប់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ទៅនិ​ងទីផ្សារពិភពលោក ព្រោះកម្ពុជាមិនមែនគ្រាន់តែទីផ្សារសម្រាប់លក់ដូរ ប៉ុណ្ណោះទេ ហើយ​កម្ពុជាក៏ជាកន្លែងពង្រីកខ្លួនក្នុងធ្វើការអាជីវកម្ម ផលិតសម្រាប់ទីផ្សារនាំចេញផងដែរ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា ជុំវិញការធ្វើពាណិជ្ជកម្មនេះ កម្ពុជា​បាន​បើក​របាំង​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ជាមួយសហរដ្ឋ- អាម៉េរិករួចហើយ ក្នុងនោះកម្ពុជា​ក៏​បាន​ចុះកិ​ច្ច​ព្រម​ព្រៀង​ជា​មួយ​សហរដ្ឋ​អាម៉េរិកផងដែរ ដែលបានប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួរ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០២៥ ដោយសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង​ឯក​ឧត្តម​ប្រធានា​ធិបតី ដូណា ជេ ត្រាំ។ នេះជាការបង្ហាញឱ្យឃើញអំពីការខិតខំប្រឹងប្រឹងរបស់កម្ពុជា ដើម្បី​បើក​ផ្លូវ​បន្ថែម​នៃ​ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយ សហរដ្ឋអាម៉េរិក។ឯកឧត្តម លើកឡើងបន្ថែមទៀតថា ចំណែកការរៀបចំវេទិកាសហគ្រិននាពេលនេះវិញ វា​ពិត​ជា​មាន​សារៈ​សំខាន់ណាស់ ក្នុងការចូល រួមដោះស្រាយនូវឧបសគ្គដែលរំខាននានា ជាពិសេស​សហ​គ្រិន​ដែល​ជាស្រ្តី, ហើយតាមរយៈនៃវេទិកាផងដែរ ក៏ជាការបើកផ្លូវរបស់ សហគ្រិននៅកម្ពុជា និង​អាស៊ាន​ទាំងមូល ដើម្បីពង្រីកខ្លួន និងការចាប់យកឱកាសក្នុងការធ្វើពាណិជ្ជកម្ម ក្នុង​គោល​ដៅ​ជំរុញ​ឱ្យ​កាន់តែ រីកចម្រើនសម្រាប់ទីផ្សារអាស៊ានទាំងមូល៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងអប់រំ ទទួលបានការជ្រើសរើសមន្ត្រីច្រើនជាងគេក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧នេះ

2025/11/21 01:44:22 pm        254
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បាន​បញ្ជាក់​ថា​ រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្នុងនីតិកាលទី ៧នេះ នៅតែបន្តផ្តោតលើអាទិភាព ក្នុងកសាងធន​ធាន​មនុស្ស​។ ​ជាក់ស្ដែងក្នុងនីតិកាលទី៧នេះដែរ ក្រសួងអប់រំ យុវជន និងកីឡា ក៏ទទួល​បាន​ការ​ជ្រើស​រើស​មន្ត្រី​ច្រើន​ជាង​គេ ពិសេសគឺជ្រើសរើសគ្រូបង្រៀន ដើម្បីទៅបំពេញ​បេសកកម្ម​ការងារ​ក្នុង​ការ​កសាង​ធន​ធានមនុស្សសម្រាប់សង្គមជាតិកម្ពុជា។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ពាក់​ព័ន្ធនឹង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កាលពីម្សិលម៉ិញ បានបញ្ជាក់ថា ការ​កសាងធនធានមនុស្សនៅតែជាអទិភាពមួយ ក្នុងចំណោមអាទិភាពគន្លឹះទាំង ៥ រួម​មាន​មនុស្ស ​ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី ៧នេះ។ ភាព​សំខាន់នៃធនធានមនុស្សនេះហើយ បានធ្វើឱ្យក្រសួងអប់រំ យុវជន និងកីឡា ទទួល​បាន​កា​រ​ជ្រើស​រើស​មន្ត្រី​ច្រើនជាងគេ បើធៀបនឹងក្រសួងស្ថាប័នដទៃ។ មន្ត្រីដែលជ្រើសរើសនេះ គឺផ្តោត​សំខាន់​លើ​ការជ្រើសរើសគ្រូបង្រៀន ដើម្បីបំពេញតម្រូវការបន្ថែម ចូលរួមផ្ដល់​ចំណេះ​ដឹង​ដល់​កុមារ​ យុវជនកម្ពុជា កសាង​ពួក​គេ​ឱ្យ​ក្លាយ​ជា​ធនធាន​មនុ​ស្ស​ពោពេញ​ដោយ​សមត្ថភាព​សម្រាប់​អនាគត​កម្ពុជា​។ ការប្រឡងជ្រើសរើសគ្រូបង្រៀននេះ ក៏ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដោយ​ចុង​ក្រោយ​មុនបវេសនកាលឆ្នាំសិក្សាថ្មីនេះ គឺជាការប្រឡង​ជ្រើសរើស​គ្រូ​បង្រៀន​ផ្អែក​លើ​កិច្ច​ព្រម​ព្រៀង​ការ​ងារ​សម្រាប់កម្រិតបឋមសិក្សា។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានលើកឡើងជាការអរគុណដល់គ្រូបង្រៀនគ្រប់រូប តាំង​ពីអតីតកាល ដែលផ្តើមពីអ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀ​ន​អ្នក​មិន​ចេះ​សោះ​។ ឯកឧត្តមបញ្ជាក់ថាវត្តមានគ្រូ បង្រៀនគ្រប់រូប ពិតជាសំខាន់ណាស់ សម្រាប់​ធន​ធាន​មនុស្ស​ដែល​មាននាពេលបច្ចុប្បន្ន និងទៅអនាគត។ ជាការតបស្នង រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលចាស់ បន្តមកដល់នីតិកាលថ្មីបច្ចុប្បន្ននេះ មាន​ការ​គិតគូ លើការគាំពារ និងការដំឡើងប្រាក់បៀវត្សជាបន្តបន្ទាប់ដល់គ្រូបង្រៀន។ផ្តោត​លើទិន្នន័យ នៃការប្រឡងជ្រើសរើសមន្ត្រីតាមក្រសួងស្ថាប័ន កន្លងទៅនេះ ក្រសួងអប់រំ យុវជន និងកីឡា ជ្រើសរើសបានគ្រូបង្រៀនច្រើនជាងគេ។ ជាក់ស្ដែង ទាំងគ្រូបង្រៀនក្របខណ្ឌ ក៏​ដូចជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ គឺជ្រើសរើសបានចំនួន ៥ ៣០១នាក់៕ អត្ថបទ៖ គឹម ហុក

ទំនិញក្នុងស្រុកបន្តវាយលុកលើទីផ្សារ ខណៈអាជីវករបង្កើនការលក់ ហើយ​ពលរដ្ឋ​បង្កើន​ការ​ប្រើប្រាស់​

2025/11/21 01:04:32 pm        270
ទំនិញ និងផលិតផលខ្មែរក្នុងស្រុកបន្តវាយលុកកាន់តែខ្លាំងលើទីផ្សារ ខណៈ​បណ្តា​អាជីវករ​បង្កើន​ការ​លក់​ ហើយប្រជាពលរដ្ឋក៏នៅតែបន្តបង្កើនការប្រើប្រាស់។ លោកថៃ ធួន ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឡាំពិក បានឲ្យដឹងថា ៖ បច្ចុប្បន្ននេះ កម្ពុជា​ជា​ប្រទេស​ដែលអាចមានសមត្ថភាពផលិតទំនិញក្នុងស្រុក សម្រាប់ប្រើប្រាស់បានដោយខ្លួនឯង ដោយ​ពុំចាំ​បាច់ពឹងផ្អែកទាំងស្រុងលើប្រទេសណាមួយនោះទេ។ ជាក់ស្តែង បងប្អូន​អាជីវករ​លក់​ដូរ​ក្នុង​ផ្សារ​កំពុងតែសប្បាយរីករាយ ក្នុងការលក់ដូរផលិតផល និងទំនិញក្នុងស្រុក ដើម្បី​ជា​ផ្នែក​មួយ ​នៃការជួយដល់សេដ្ឋកិច្ចជាតិ។ បងប្អូនជាអាជីវករលក់ដូរ ក្នុងផ្សារអូរឡាំពិក បានសម្តែងក្តីពេញចិត្ត និងបន្តគាំទ្រថ្នាក់ដឹកនាំ ក៏​ដូច​ជា​រាជរដ្ឋាភិបាលកម្ពុជា ដែលព្យាយាមជួយឲ្យផលិតផលក្នុងស្រុក កាន់តែសម្បូរបែប សម្រាប់​ពលរដ្ឋ​ប្រើប្រា​ស់។ ក្រុមអាជីវករបន្ថែមថា ទោះមិនមានផលិតផលមកពីប្រទេសថៃ ក៏កម្ពុជានៅតែមានដង្ហើមដកដែរ ព្រោះ​បច្ចុប្បន្ន​នេះ កម្ពុជាមានរោងចក្រធំៗក្នុងស្រុកជាច្រើន ដែលផលិតដោយកូនខ្មែរ ហើយ​ចែក​ចាយ​លក់​ក្នុង​ស្រុក​ខ្មែរ​ ដើម្បីបង្កើនចំណូលសេដ្ឋកិច្ចសម្រាប់ប្រជាជន និង​សេដ្ឋកិច្ច​សង្គម​ជាតិ​ទាំងមូ​ល។គួររំលឹកថា កាលពីពេលថ្មីៗ សម្តេចតេជោ ហ៊ុនសែន បានប្រកាន់គោលជំហរខ្ពស់ថា កម្ពុជា​មិន​ថោក​ទៅ​សុំ​អង្វរ​ថៃ​ឲ្យបើ​ក​ច្រក​ព្រំដែនវិញនោះទេ ទោះថៃបិទ១០០ឆ្នាំ ឬជារៀងរហូត ក៏​កម្ពុជា​អាច​មាន​ដង្ហើម​ដក​ដែរ ពិសេសទោះបីមិនមានទំនិញថៃចូល ក៏កម្ពុជាអាចមាន​លទ្ធភាព​គ្រប់​គ្រាន់​សម្រាប់​ការ​ផលិតប្រើប្រាស់ និងឈានដល់ការនាំចេញទៅបរទេសក៏មានដែរ៕ អត្ថបទ៖ លីហេង

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM