ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យ៖ ស្ថានភាពនៅភូមិព្រៃចាន់ និងភូមិជោគជ័យ នៅពេលនេះ មិន​មាន​អ្វី​កើត​ឡើងថ្មីនោះទេ

2025/11/21 12:49:06 pm        329
រដ្ឋបាលខេត្តបន្ទាយមានជ័យ កត់សម្គាល់ឃើញថា នៅប៉ុន្មានថ្ងៃកន្លងទៅនេះ មានការយករូបថត និង​វីដេអូចាស់ៗអំពីការដាក់ និងរាយបន្លាលួសនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ និងរូបភាពពីកន្លែងផ្សេងៗដែលជាព័ត៌មានចាស់ និង​ពេល​ខ្លះ​ជា​ព័ត៌​មាន​មិនពិត មកផ្សព្វផ្សាយនៅលើបណ្តាញសង្គម បង្កើតឱ្យមានការ​ភាន់​ច្រឡំ​ក្នុង​ចំណោម​សាធារណ​ជន​។ ចំពោះករណីនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមគូសបញ្ជាក់ថា ស្ថានភាព​នៅ​ភូមិ​ព្រៃចាន់ និងភូមិជោគជ័យ នៅពេលនេះ មិនមានអ្វីកើតឡើងថ្មីនោះទេ។រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងដែរថា ក្រុមវាស់វែងចម្រុះ កម្ពុជា-ថៃ បាន​និង​កំពុង​បន្ត​ចុះ​អនុវត្ត​ការងារលើដីជាក់ស្ដែងដោយប្រើប្រាស់ដូន ដើម្បី ថតរូបភាពពីលើអាកាស បន្ទាប់​មក​ភាគី​ទាំង​ពីរ​នឹងដំណើរការ ការងារបោះបង្គោលបណ្តោះអាសន្ននៅចន្លោះ បង្គោលព្រំដែនលេខ ៤២ ដល់ ៤៧ ស្ថិតក្នុងភូមិសាស្ត្រ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ របស់​ប្រទេស​កម្ពុជា និងខេត្តស្រះកែវ របស់ប្រទេសថៃ ដោយអនុវត្តការងារតាមស្មារតី បែបបទណែនាំ បច្ចេក​ទេស ​(Technical Instruction) ដែលភាគីទាំងពីរបានឯកភាពគ្នា។ ការចុះបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤២ និងលេខ៤៧ នេះ ធ្វើឡើងតាមស្មារតី នៃកិច្ចប្រជុំពិសេស គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។ ក្នុងពេលជាមួយគ្នានេះដែរ ភាគី​ទាំង​ពីរបានឯកភាពគ្នាថា ត្រូវចៀសវាងរាល់សកម្មភាពបង្កហេតុ ដែលអាចប៉ះ​ពាល់​ដល់​ការងារ និងសមត្ថកិច្ច របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ជា​ពិសេស​សកម្ម​ភាព​ទាំង​ឡាយណា ដែលបង្កើនភាពតានតឹង ឬរំលោភលើមាត្រា ៥ នៃ MOU 2000។រដ្ឋបាល​ខេត្តបន្ទាយមានជ័យ អំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម សូម​បញ្ឈប់​កា​រយករូបភាព និងវីដេអូចាស់ៗ និងរូបភាពពីកន្លែងផ្សេងមកផ្សព្វផ្សាយឡើងវិញ និងបំភ្ល ថា​ជា​ហេតុការណ៍ថ្មីៗ ដែលកំពុងកើតមានឡើង និងសូមកុំជឿ និងកុំចែកផ្សព្វផ្សាយបន្តនូវរូបថត រូបភាព វីដេអូ ឬព័ត៌មានចាស់ និងព័ត៌មានមិនពិត ដែលត្រូវបានបដិសេធរួចហើយ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ ស្នើសុំសាធារណជន មេត្តាតាមដាន និងទទួលយកតែព័ត៌មាន ពី​ប្រភព​ផ្លូវការ ដើម្បីបានព័ត៌មានពិត ត្រឹមត្រូវ និងកុំឱ្យមានការយល់ច្រឡំ៕

[UPDATE] ចំនួនអ្នកស្លាប់កើនដល់ ១៦នាក់ និងរបួស២៤នាក់ ករណីរថយន្ត​ក្រុងបើក​បុក​បង្កាន់​ដៃស្ពាន​ហើយធ្លាក់ចូលអូរនៅកំពង់ធំ

2025/11/21 12:20:06 pm        346
កំពង់ធំ៖ ករណីរថយន្ដក្រុងដឹកអ្នកដំណើរពេលយប់មួយគ្រឿង បើកទៅបុកបង្កាន់ដៃស្ពាន ហើយបានក្រឡាប់ធ្លាក់ចូលទឹកនៅខេត្តកំពង់ធំ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៦នាក់ និងអ្នករងរបួស២៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។លោក ឡុង គីសឹង អភិបាលស្រុកសន្ទុក បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ថា សមត្ថកិច្ចបានរកឃើញមនុស្សស្លាប់មានការកើនឡើង ៣នាក់ទៀត បន្ទាប់ពីក្រុមមុជទឹករាវរកសពអ្នករងគ្រោះ ក្រោយរកឃើញភ្លាមៗ ១៣នាក់បានស្លាប់នៅនឹងកន្លែងកាលពីព្រឹកថ្ងៃទី២០ វិច្ឆិកា ហើយមកដល់ម៉ោង១៧ល្ងាចថ្ងៃដដែល រកឃើញ ៣នាក់ទៀតនៅក្នុងទឹក ដែលចំនួននេះគឺសរុប មានអ្នកស្លាប់ ១៦នាក់ និងមានអ្នករងរបួស២៤នាក់។លោក ឡុង គីសឹង អភិបាលស្រុកសន្ទុក បានបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សមត្ថកិច្ចនៅតែបន្តតាមដានបន្តទៀត ក្រែងមានសពអងណ្ដែតទឹកបន្តទៀត។តាមប្រភពព័ត៌មានឱ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន វីរៈរិទ្ធី ត្រេនស្ព័ត ដឹកអ្នកដំណើរ ហើយរថយន្តគ្រោះថ្នាក់នេះ ធ្វើដំណើរចេញពីខេត្តឧត្ដរមានជ័យ បន្តចូលខេត្តសៀមរាប និងឆ្ពោះទិសដៅរាជធានីភ្នំពេញ។ ពេលមកដល់កន្លែងកើតហេតុនៅវេលាម៉ោងប្រមាណ៤ទៀបភ្លឺ អ្នកបើកបរអាចស្ថិតក្នុងស្ថានភាពងងុយ ទើបរេចង្កូតទៅបុកបង្កាន់ដៃស្ពាន៕ អត្ថបទ ៖ វ៉ាន់ដា

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងឯកអគ្គរាជទូតជប៉ុន បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើ​មជ្ឈ​មណ្ឌល​ប្រតិបត្តិការ​សន្តិសុខសាយប័រ

2025/11/21 12:12:41 pm        169
កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី​ក្រសួងប្រៃសណីយ៍​និង​ទូរ​គមនាគមន៍ (ក.ប.ទ.) និងឯកឧត្តម អាត់ស៊ូស៊ី អ៊ូអិណូ (Atsushi UENO) ឯកអគ្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា បានអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​មជ្ឈ​មណ្ឌល​ប្រតិបត្តិការ​សន្តិ​សុខ​សាយប័រ (Security Operation Centre - SOC) នៅទីស្ដីការ ក.ប.ទ.។ ថ្លែង​ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរាជទូតជប៉ុន បាន​សម្ដែង​នូវ​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​ការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យាឌីជីថល និងការ​បណ្តុះ​បណ្តាល​មូល​ធន​ឌីជីថលដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលឱ្យកាន់តែល្អប្រសើរ។សូមជម្រាបជូនថា មជ្ឈមណ្ឌល SOC ត្រូវបាន​បង្កើត​ឡើង​ក្រោម​គម្រោង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៃ​ជំនួយ​រដ្ឋាភិបាលជប៉ុន ក្នុងគោលបំណង​ពង្រឹង​ប្រព័ន្ធ​គ្រប់​គ្រង​ និង​ការ​ពារ​សន្តិសុខ​ឌីជីថល​នៃ​ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានជាតិ ដើម្បីកសាងភាពធន់ និងភាពជឿទុក​ចិត្ត​លើ​ប្រព័ន្ធ​រដ្ឋាភិបាល​ឌីជីថល​។ មជ្ឈមណ្ឌលនេះ មានបំពាក់នូវសម្ភារបរិក្ខារបច្ចេកទេស និងប្រព័ន្ធ​សុវត្ថិភាព​សន្តិសុខសាយប័រសម្រាប់តាមដាន ត្រួតពិនិត្យ ទប់ស្កាត់ និងឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធអ៊ីនធឺណិតមកលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធប្រតិបត្តិការ និង​បច្ចេក​វិទ្យា​ឌីជីថល​ស្នូល​របស់ក្រសួង ស្ថាប័ន នៅក្នុងក្របខណ្ឌរាជរដ្ឋាភិបាល។គិតចាប់ពីខែឧសភា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្ន ការវាយប្រហារ DDoS មកលើក្រសួង ស្ថាប័ន មាន​រហូតដល់ទៅ ៤៥១.៧ លានដង ប៉ុន្តែមជ្ឈមណ្ឌល SOC មានសមត្ថភាព​ការ​ពារ​ពី​ការ​វាយ​ប្រហារ​ DDoS នេះស្ទើរតែ ១០០%៕

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញប្រកាសតែងតាំងថ្នាក់ដឹកនាំ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះម​ហន្តរាយ (គ.ជ.គ.ម)

2025/11/21 12:03:17 pm        679
នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ (គ.ជ.គ.ម) បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ (គ.ជ.គ.ម) និងដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិស​ដៅ​អនុវត្ត​បន្ត​ប្រចាំ​ខែធ្នូ ដែលពិធីនឹងប្រព្រឹត្តទៅនៅទីស្តីការ គ.ជ.គ.ម។ពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ គ.ជ.គ.ម ចំនួន ៤រូប រួមមាន៖ ឯកឧត្តម អ៊ុក ឃ្នួច ជា​អនុ​ប្រធាន គ.ជ.គ.ម, ឯកឧត្តម គីម វីរៈ ជាអនុប្រធាន និងជាអគ្គលេខាធិការ គ.ជ.គ.ម, លោកជំទាវ សេង ច័ន្ទពិសី ជាជំនួយការ គ.ជ.គ.ម និងលោកជំទាវ ចេន សុភានាថ ជាជំនួយការ គ.ជ.គ.ម៕

ក្រសួងចំនួនបី ជួបពិភាក្សាការងារ​ត្រៀមរៀបចំព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូន-Village Francophone» នាឱកាសនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦

2025/11/21 11:50:46 am        193
កម្ពុជា​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ខាង​មុខ​នេះ​។ ដើម្បីឱ្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដំណើរ​ការ​ប្រកប​ដោយ​ភាព​ជោគ​ជ័យតា​ម​ការ​គ្រោង​ទុក និងស្របតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ, លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថា​ផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, អនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និង​ជា​ប្រធានអនុគណៈកម្មការទី៥ (រៀបចំព្រឹត្តិការណ៍អម), លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាអនុ​ប្រធាន​គណៈ​កម្មការ​ជាតិ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី, ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, អនុប្រធាន​គណៈ​កម្មការ​ជាតិ​រៀប​ចំ​កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងជាសហប្រធាន​ក្រុម​ការងារ​ដឹក​នាំ​រៀប​ចំ​ព្រឹត្តិការណ៍​អម (ភូមិហ្រ្វង់កូហ្វូន) បានជួបប្រជុំពិភាក្សាការងារអំពីការកំណត់ទីតាំង, ផែនការ, ការ​ត្រៀមរៀបចំ និងដំណើរការប្រព្រឹត្តទៅនៃព្រឹត្តិការណ៍ភូមិហ្រ្វង់កូហ្វូន។សូមជម្រាបជូនថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាជំនួបរវាងប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​ដែល​ជា​សមាជិក​អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដើម្បីពិភាក្សា ផ្លាស់​ប្តូរ​យោបល់​លើ​បញ្ហាផ្សេងៗដូចជា នយោបាយអន្តរជាតិ សេដ្ឋកិច្ចពិភពលោក កិច្ច​សហ​ប្រតិបត្តិ​ការ​ហ្វ្រង់​កូហ្វូនី សិទ្ធិមនុស្ស អប់រំ វប្បធម៌ និងប្រជាធិបតេយ្យ ជាដើម។ នាឱកាស​នៃ​កិច្ច​ប្រជុំ​កំពូល​ហ្រ្វង់​កូហ្វូ​នី ក៏មានរៀបចំព្រឹត្តិការណ៍អមសំខាន់ៗចំនួន ពីរ គឺ៖ ភូមិហ្រ្វង់កូហ្វូន (Village Francophone) និង ភូមិហ្វ្រង់កូតិច (FrancoTech)។ ព្រឹត្តិការណ៍អន្តរជាតិដ៏អស្ចារ្យនិងមានលក្ខណៈជាប្រវត្តិសាស្ត្រនេះ នឹងរំពឹង​ថាមាន​ការ​ចូល​រួម​ពី​ប្រទេស​សមាជិកជាង ៩០ ប្រទេសនៅលើពិភពលោក ព្រមទាំងអ្នកសារព័ត៌មានជាតិ និង​អន្តរជាតិ​យ៉ាង​ច្រើនកុះករ ដែលនឹងជួយជំរុញការ​ផ្សព្វ​ផ្សាយ​អំពី​សក្តានុពល​ទេសចរណ៍​កម្ពុជា​ទៅ​កាន់​ពិភព​លោក និងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ៕

សហជីព ដាក់ញត្តិទៅកាន់បណ្ដាស្ថានទូតមួយចំនួន​នៅ​កម្ពុជា ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ស្ត្រី​ខ្មែរ​ដែល​​ត្រូវ​ទាហានថៃចាប់រំលោភ

2025/11/21 10:54:59 am        283
នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ សហភាពពលកម្មជាតិកម្ពុជា (NLC) ដែលមានសមាជិក សមាជិកា​សរុបចំនួនជាង ៧ម៉ឺននាក់ បានដាក់​ញត្តិ​ទៅ​កាន់​បណ្ដា​ស្ថាន​ទូត​មួយ​ចំនួន​ប្រចាំ​នៅ​កម្ពុជា​ ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ករណី​កង​ទ័ព​ឈុត​ខ្មៅ​ថៃ​ចាប់​រំលោភ​មក​លើ​ពលករ​ស្ត្រី​កម្ពុជា​យ៉ាង​សាហា​វ​ព្រៃផ្សៃជាទីបំផុត។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានមានប្រសាសន៍ថា ក្នុង​នាម​សហជីព​តំណាង​ឱ្យកម្មករនិយោជិតនៅកម្ពុជា ពិតជាមិនទទួលយកបានទេនូវទង្វើដ៏អាក្រក់បំផុត សាហាវ​ព្រៃផ្សៃ ឃោរឃៅ អមនុស្សធម៌ រំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ទាហានឈុតខ្មៅថៃ ដែល​បាន​វាយធ្វើបាបពលករ និងរំលោភស្ត្រីជាពលករកម្ពុជាធ្វើការនៅប្រទេសថៃ។ លោកបានបន្តថា ការដាក់ញត្តិថ្កោលទោសទាហានឈុតខ្មៅថៃ និងសុំកិច្ចអន្តរាគមន៍ថ្ងៃនេះ នឹង​ដាក់​ទៅ​បណ្ដា​ស្ថាន​ទូតមួយចំនួនប្រចាំកម្ពុជា មានដូចជា៖ ស្ថានទូតសហរដ្ឋអាម៉េរិក បារំាង រុស្ស៉ី សហភាពអឺរ៉ុប ចិន និងអង្គការមួយចំនួនថែមទៀត ដូចជាអង្គការអន្តរជាតិខាងការងារ (ILO) អង្គការ​អន្តរជាតិទេសន្តរប្រវេសន៍ (IOM) ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិទ​ទួល​ប​ន្ទុកសិទ្ធិមនុស្ស (OHCHR) ភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និង​បង្កើន​ភាព​អង់អាចស្ត្រី (UN Women) និងអង្គការអន្តរជាតិពាក់ព័ន្ធផ្សេងទៀត។ទាក់ទងទៅនឹងទង្វើដ៏សាហាវព្រៃផ្សៃរបស់ទាហានឈុតខ្មៅថៃ ដែល​រំលោភ​បំពាន​ទៅ​លើ​ស្ត្រីជា​ពលករ​កម្ពុជា​នេះលោកប្រធានសហភាពពលកម្មជាតិកម្ពុជា បានស្នើទៅ​ដល់​រាជ​រដ្ឋាភិបាល​ប្រទេស​ថៃ ​សូមមានវិធានការស៊ើបអង្កេត និងវែកមុខជនអក្រិតជនទាំងនោះ ដើម្បីផ្តន្ទា​ទោស​តាម​ច្បាប់​។ លោកបន្ថែមទៀតថា ប្រសិនបើរាជរដ្ឋាភិបាលថៃមិនប្រញាប់ប្រញាល់ ស្រាវ​ជ្រាវ​រក​ជន​ល្មើស​មក​ផ្តន្ទាទោសដើម្បីផ្តល់យុត្តិធម៌ដល់ក្មេងស្រីជាជនរងគ្រោះនោះទេ គឺហាក់បី​ដូច​ជា​ប្រទេស​ថៃ ​ជាប្រទេសគ្មានច្បាប់ទម្លាប់ ហើយក៏ជាប្រទេសការពារឧក្រឹតជនផងដែរ។សហភាពពលកម្មជាតិកម្ពុជា (NLC) មានសហព័ន្ធសហជីព និងអង្គការ-សមាគមសរុបចំនួន ១៧ និងសហជីពមូលដ្ឋានមានចំនួន១៧៨ ដែលមានសមាជិកសរុបជាង ៧ម៉ឺននាក់ មក​ពី​គ្រប់​វិស័យ។ សូមបញ្ជាក់ថា ពាក់ព័ន្ធករណីខាងលើនេះដែរ ប្រជាជនកម្ពុជាទាំងមូល ក៏បាន​បង្ហាញ​អារម្មណ៍​ក្តុក​ក្តួល ​និង​ធ្វើការថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើអមនុស្សធម៌ ដែលក្រុម​ទាហាន​ឈុត​ខ្មៅ​បាន​ធ្វើ​មកលើក្រុមពលករទេសន្តប្រវេសន៍ខ្មែរចំនួន ១៣នាក់ ដោយបាន​ប្រើ​អំពើ​ហិង្សា​យ៉ាង​សាហាវ​យ៉ង់​ឃ្នង​ក្នុង​រូបភាពជាការវាយដំ ទាត់ធាក់ អុកស្វាយកំាំភ្លើង ជំរិតទារប្រាក់ និង​អំពើ​ថោក​ទាប​ជា​ករណី​រំលោភសពសន្ថវៈដោយទាហានឈុតខ្មៅថៃចំនួន ៧នាក់ ទៅលើពលករខ្មែរជាស្រ្តី ១​នាក់ ដែលករណីនេះបានកើតឡើងនៅក្នុងខេត្ដចាន់បុរី នៃប្រទេសថៃ ជាប់​ព្រំ​ប្រទល់​ស្រុក​កំរៀង ​ខេត្ត​បាត់ដំបង នៃប្រទេសកម្ពុជា នៅពេលដែលពលករខ្មែរបានធ្វើដំណើរ ចេញ​ពី​ប្រទេស​ថៃ​ត្រឡប់​មក​ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈ​​ដែល​ច្រក​ព្រំដែន​គោក​កម្ពុជា​-ថៃ​ ត្រូវបានបិទដោយឯកតោភាគីពីភាគីថៃ៕ អត្ថបទ៖ ឈិត បូរ៉ាវី

ឯកឧត្តម ហេង សួរ ចូលរួមសន្និសីទស្តីពី « គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវសម្រាប់ វិស័យ​វាយ​​នភណ្ឌ​» លើកទី៧ នៅសិង្ហបុរី

2025/11/21 10:16:40 am        216
(សិង្ហបុរី)៖ សន្និសីទស្តីពី «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវសម្រាប់វិស័យវាយនភណ្ឌ» លើកទី៧ ក្រោ​ម​ប្រធានបទ «ការជំរុញឧស្សាហកម្មវាយនភណ្ឌ និងកាត់​ដេរ​សកល​សម្រាប់​អនាគត​ប្រកប​ដោយ​កិច្ច​សហប្រតិបត្តិការ និងនវានុវត្តន៍» បានរៀបចំប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែ​វិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី ដែលមានអ្នកចូលរួមប្រមាណជាង ៣០០នាក់ ជា​តំណាង​រដ្ឋាភិបាល អង្គទូត អ្នកបញ្ជាទិញ អ្នកផលិតវត្ថុធាតុដើម អ្នកផ្គត់ផ្គង់ អ្នកគាំទ្រ​ផ្នែក​បច្ចេក​ទេស អ្នកសិក្សាស្រាវជ្រាវ និងអ្នកពាក់ព័ន្ធផ្សេងទៀត ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល នៃ​ឧស្សាហកម្ម​វាយនភណ្ឌ និងកាត់ដេរ។ សន្និសីទនេះ ផ្តល់ឱកាសឱ្យអ្នកចូលរួម​ទាំង​អស់​ពិភាក្សា​លើ​ប្រធាន​បទសំខាន់ៗពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវាយនភណ្ឌ ក្រោម​ក្រប​ខណ្ឌ​គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ តាមរយៈកិច្ចសហប្រតិបត្តិការចិន-អាស៊ាន, សមា​ហរណ​កម្ម​ខ្សែច្រវាក់ផ្គត់ផ្គង់សកល, ឱកាសភាពជាដៃគូ, និងទស្សនវិស័យ​នៃ​ការ​វិនិយោគ​ក្នុង​តំបន់​។ នៅក្នុងវេទិកាដ៏មានសារ:សំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បាន​ផ្តល់​បទ​អន្តរាគមន៍​ចែក​រំលែក​អំពី «គំរូកំណើន ឈ្នះ-ឈ្នះ សម្រាប់ចិន និងអាស៊ាន ក្នុងវិស័យវាយនភណ្ឌ ក្រោម​ក្រប​ខណ្ឌ​គំនិត​ផ្តួច​ផ្តើមខ្សែក្រវាត់ និងផ្លូវ» ដោយបានបង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​របស់​កម្ពុជា​ក្រោម​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់ និងផ្លូវ ដោយសង្កត់ធ្ងន់លើការធ្វើឱ្យប្រសើរឡើងនូវ ហេដ្ឋារចនាសម្ព័ន្ធ កម្លាំង​ពលកម្ម ដែលមានភាពប្រកួតប្រជែង ការរីកចម្រើននៃច្រវាក់ផលិតកម្មប្រកបដោយចីរភាព និង​ការ​ពង្រីក​លទ្ធភាពចាប់យកឱកាសវិនិយោគ ក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរ​សម្រាប់​កំណើន​រួម​គ្នារវាងកម្ពុជា និងចិនផងដែរ។ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏មានជំនួបដាច់ដោយឡែកជាមួយ អ្នកបញ្ជាទិញ អ្នក​ផលិត​វត្ថុ​ធាតុដើម អ្នកផ្គត់ផ្គង់ អ្នកគាំទ្រផ្នែកបច្ចេកទេសក្នុងវិស័យវាយនភណ្ឌ ក្នុង​គោល​បំណង​បង្ហា​ញ​ពីសក្តានុពល និងឱកាសវិនិយោគ និងគោលនយោបាយគាំទ្រនានា របស់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់វិស័យនេះ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជួបពិភាក្សាជាមួយ សាស្ត្រាចារ្យ Shen Bin ព្រឹទ្ធបុរសរង និង​ជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យ Donghau ប្រទេសចិន ដើម្បីពិភាក្សា​លទ្ធភាព​ក្នុង​ការ​សហការ​ជាមួយ​គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជាផងដែរ៕

អាល្លឺម៉ង់ផ្តល់ឥណទានសម្បទានចំនួន ៤៧,៥ លានអឺរ៉ូ សម្រាប់គម្រោងផ្គត់ផ្គង់អគ្គិសនីនៅជនបទ

2025/11/21 10:05:25 am        287
កម្ពុជា-អាល្លឺម៉ង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួនពីរ និងកិច្ចព្រមព្រៀងដោយឡែក ដែលមានទឹកប្រាក់សរុប ចំនួន ៤៧,៥ លានអឺរ៉ូ ក្នុងនោះទឹកប្រាក់ចំនួន ៣០ លានអឺរ៉ូ សម្រាប់អនុវត្តគម្រោងប្រសិទ្ធភាពថាមពល ផ្គត់ផ្គង់អគ្គិសនីនៅជនបទ ជំហានទី២ និងទឹកប្រាក់ចំនួន ១៧,៥ លានអឺរ៉ូ សម្រាប់ជំហានទី៣។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបុព្វសិទ្ធិដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាល, ជាមួយលោកស្រី Thao NGUYEN អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា ឡាវ និងវៀតណាម ប្រចាំការិយាល័យកណ្តាលនៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ក្នុងនាមរដ្ឋា ភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន ចំនួនពីរ និងកិច្ចព្រមព្រៀងដោយឡែក ដែលមានទឹកប្រាក់សរុបចំនួន ៤៧,៥ លានអឺរ៉ូ ត្រូវជាប្រមាណ ៥៥ លានដុល្លារអាម៉េរិក សម្រាប់ អនុវត្តគម្រោងប្រសិទ្ធភាពថាមពល នៃការផ្គត់ផ្គង់អគ្គិសនីនៅជនបទជំហានទី២ និងសម្រាប់គម្រោងជំហានទី៣។ជុំវិញគម្រោងទាំងពីរជំហានខាងលើនេះ មានទិសដៅធានាដល់ការផ្គត់ផ្គង់ថាមពលប្រកបដោយ ប្រសិទ្ធភាព និងនិរន្តភាពដល់ បរិស្ថាន និងសង្គម នៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា តាមរយៈការវិនិយោគទៅលើប្រព័ន្ធបញ្ជូន និងចែកចាយអគ្គិសនី។ ការវិនិយោគ នេះនឹងផ្តោតលើការពង្រីកបណ្តាញ តង់ស្យុងមធ្យម ២២ kV នៅតាមតំបន់ជុំវិញខេត្តសៀមរាប និងតំបន់ជនបទនៅខេត្តឧត្តរមានជ័យ កំពង់ធំ និងខេត្តព្រះវិហារការសាងសង់ និងពង្រីកអនុស្ថានីយ៍ ព្រមទាំងការសាងសង់ខ្សែបញ្ជូនក្រោមដី និងប្រព័ន្ធអាគុយស្តុកថាមពល។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានផ្តល់ហិរញ្ញប្បទានដ៏ថ្លៃថ្លា ក្នុងការរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា។ ពិធីចុះហត្ថលេខានេះ គឺជាសក្ខីភាពនៃការបន្តឧបត្ថម្ភ គាំទ្ររបស់រដ្ឋាភិបាលអាល្លឺម៉ង់ ដល់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានអបអរសាទរចំពោះកិច្ចចរចា ស្តីពីកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២៥ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ កាលពីថ្ងៃទី ១៨-១៩ ខែវិឆ្ឆិកា ឆ្នាំ២០២៥ សម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា ដែលបានឯកភាពគ្នាលើបញ្ជីគម្រោង/កម្មវិធី ដោយផ្តោតលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម គាំពារ និងសុខមាលភាពសង្គម សុខាភិបាល អភិវឌ្ឍន៍ផ្លូវជនបទ រួមទាំងការពង្រឹងវិស័យវាយនភណ្ឌនៅកម្ពុជា។ឯកឧត្តមឯកអគ្គរដ្ឋទូត ថ្លែងឱ្យដឹងថា រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បាននឹងកំពុងបន្តជួយគាំទ្រដល់ការអភិវឌ្ឍ សង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ដោយប្រកាន់ខ្ជាប់នូវគោលនយោបាយផ្តល់ហិរញ្ញប្បទាន ដែលឆ្លើយតបទៅនឹងតម្រូវការអាទិភាពរបស់ រាជរដ្ឋាភិបាលកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១។ ជាក់ស្តែងគម្រោងប្រសិទ្ធភាពថាមពល សម្រាប់ការផ្គត់ផ្គង់ អគ្គិសនីនៅជនបទជំហានទី២ និងជំហានទី៣ ដែលបានចុះហត្ថលេខានេះ នឹងឆ្លើយតបតាមតម្រូវការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យថាមពល សំដៅរក្សាលំនឹងថ្លៃ និងពិនិត្យលទ្ធភាពបញ្ចុះថ្លៃអគ្គិសនី ព្រមទាំងធានាភាពគ្រប់គ្រាន់ និងស្ថិរភាព នៃការ ផ្គត់ផ្គង់អគ្គិសនីសម្រាប់ឧស្សាហកម្ម និងកសិកម្ម, ជំរុញការប្រើប្រាស់ថាមពលក៏កើតឡើងវិញ និងអនុវត្តកម្មវិធីប្រសិទ្ធភាពថាមពល ឱ្យអស់សក្តានុពលដើម្បីធានាបាននូវសន្តិសុខថាមពល៕ អត្ថបទ៖ សុន រ៉ាឌី, 

ADB គ្រោងផ្តល់ហិរញ្ញប្បទាន ដើម្បីពង្រឹងដល់វិស័យឯកជន គាំទ្រការប្រកួតប្រជែងរបស់កម្ពុជា

2025/11/21 10:00:25 am        271
ក្រុមបេសកកម្មរបស់ ADB នឹងមកបំពេញបេសកកម្មនៅកម្ពុជា ដើម្បីពង្រឹងដល់វិស័យឯកជន រួមទាំងការផ្តល់ហិរញ្ញប្បទាន ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសម្រាប់វិស័យឯកជន នៅលើវិស័យអាទិភាពមួយចំនួន ដើម្បីជំរុញប្រសិទ្ធភាពពាណិជ្ជកម្ម និងការប្រកួតប្រជែងរបស់កម្ពុជា។  ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បាន ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក វីនហ្រ្វែត វីកក្លែន (Winfried Wicklein) អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងលោកស្រី យ៉ាសមីន ស៊ីឌីគី (Yasmin Siddiqi) នាយិកាស្ថានតំណាង ធនាគារអភិវឌ្ឍន៍អាស៊ីថ្មីប្រចាំកម្ពុជា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ, លោក វីនហ្រ្វែត វីកក្លែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏រឹងមាំ រវាងរាជរដ្ឋាភិបាល កម្ពុជា និង ADB និងបានគូសរំលេចអំពីការកែទម្រង់ជាយុទ្ធសាស្ត្ររបស់ ADB ជាមួយភាគីពាក់ព័ន្ធ ដើម្បីជំរុញ និងពង្រឹងកិច្ចសហ- ប្រតិបត្តិការក្នុងតំបន់, ជាពិសេសអាស៊ាន ដែលបច្ចុប្បន្នបាននិងកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងឆាកអន្តរជាតិ, ដោយផ្តោតលើវិស័យ អាទិភាពសំខាន់ៗជាច្រើន, ក្នុងនោះ ADB បានធ្វើបច្ចុប្បន្នកម្មលើប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួន ដែលនឹងអាចផ្តល់លទ្ធភាពដល់ ADB បង្កើនហិរញ្ញប្បទានបន្ថែមដល់ប្រទេសជាសមាជិកពី ២៥ ដល់ ៣៥ ប៊ីលានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ ។ ពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយកម្ពុជាននេះ, ក្នុងខែមីនា ឆ្នាំ ២០២៦ ខាងមុខ ក្រុមបេសកកម្មរបស់ ADB នឹងមកបំពេញបេសកកម្ម ដើម្បីធ្វើបច្ចុប្បន្នកម្មបញ្ជីគម្រោង/កម្មវិធីអាទិភាពរយៈពេលមធ្យម និងគិតគូរអំពីការពង្រឹងវិស័យឯកជនកម្ពុជា រួមទាំងការផ្តល់ហិរញ្ញប្បទានក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសម្រាប់វិស័យឯកជន (Non-Sovereign Loan) លើវិស័យអាទិភាពសំខាន់ៗ រួមមាន៖ វិស័យថាមពល និងយានយន្តអគ្គិសនី, វិស័យហេដ្ឋារចនាសម្ព័ន្ធ, ព្រមទាំងការជំរុញប្រសិទ្ធភាពពាណិជ្ជកម្ម និងការប្រកួតប្រជែងនៅកម្ពុជាជាដើម។ ជាមួយគ្នានេះ, ADB នឹងគាំទ្រកម្ពុជាក្រោមក្របខ័ណ្ឌ Counter-Cyclical Support Facility (CSF) ដែលជាយន្តការ គាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ និងហានិភ័យបណ្តាលមកពីការអនុវត្តគយបដិការផងដែរ។  ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ថ្លែងថា ជុំវិញបញ្ហាខាងលើនេះ, កម្ពុជាត្រៀមខ្លួនសហការជាមួយបេសកកម្មរបស់ ADB និងត្រូវ ការគាំទ្រចាំបាច់បន្ថែមរបស់ ADB ជាពិសេសក្នុងកាលៈទេសៈប្រឈមនៃសម្ពាធធំៗដូចជា៖ ការអនុវត្តពន្ធបដិការរបស់ សហរដ្ឋអាមេរិក និងភាពតានតឹងនៅតាមបណ្តោយព្រំដែន ដែលកំពុងផ្តល់ផលអវិជ្ជមានដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមក៏បានស្នើឲ្យ ADB បង្កើនការគាំទ្រ ជំរុញការអភិវឌ្ឍរបស់កម្ពុជាក្នុងវិស័យគន្លឹះសំខាន់ៗរួមមាន៖ ការគាំទ្រវិស័យឯកជនទាំងផ្នែកបច្ចេកទេស និង ហិរញ្ញវត្ថុ ក្នុងការពង្រឹងយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន, វិស័យថាមពល, ឌីជីថលភាវូបនីយកម្ម, វិស័យហិរញ្ញវត្ថុ, ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការជំរុញការស្រូបយកឥណទាន និងបង្កើនទំហំឥណទានសម្រាប់កម្ពុជាឱ្យធំជាងមុន៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ណសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥៩១១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋក្នុង ឃុំសំរោងធំ ស្រុកកៀនស្វាយ

2025/11/21 09:46:55 am        301
នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារសម្របសម្រួលដោះស្រាយវិវាទដីធ្លីខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាលបានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៥ភូមិ សរុបចំនួន ៥៩១១ បណ្ណ គឺភូមិព្រែកតាកែវ ភូមិជ្រោយដង ភូមិជ័យឧត្តម២ ភូមិព្រែកតាកែវ២ ភូមិជ្រោយដង២ ក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។មានប្រសាសន៍ក្នុងនោះផងដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា៖ ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងជាការផ្ដល់ឱ្យប្រជាពលរដ្ឋមានសិទ្ធិកម្មកាន់កាប់ដីធ្លីរបស់ខ្លួនបានត្រឹមត្រូវស្របតាមច្បាប់ ហើយការទទួលបានប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់របស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ បានស្ដែងចេញឱ្យឃើញពីការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ និងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។ ហើយភូមិណា ឃុំណា ដែលបានចុះបញ្ជីដីធ្លីរួចហើយ ហើយទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់ អាចយកដីធ្លីនោះទៅប្រើប្រាស់ធ្វើអ្វីក៏បាន ប៉ុន្តែដីធ្លីណាដែលនៅក្នុងភូមិ ឃុំដដែលមិនបានចុះបញ្ជីធ្លី គឺមិនអាចយកដីនោះធ្វើអ្វីបានឡើយ ដូចជាលក់ ផ្ទេរសិទ្ធិ សាងសង់ បញ្ជាក់ប្រវត្តដី ឬធ្វើអ្វីផ្សេងទុំតបានឡើយ បើចង់ធ្វើអ្វីនៅលើដីនោះ គឺត្រូវស្នើសុំចុះបញ្ជីដីធ្លីឡើងវិញអោយមានបណ្ណកម្មសិទ្ធិស្របច្បាប់ ទើបអាចយកទៅប្រើប្រាស់បាន។ ឯកឧត្តមបន្តថា៖ អាជ្ញាធរទាំងអស់មិនត្រូវធ្វើការបញ្ជាក់នៅលើឯកសារដីធ្លីទាំងឡាយណាដែលភូមិ ឃុំនោះបានចុះបញ្ជីដីធ្លីរួចហើយ ក្រៅពីបណ្ណកម្មសិទ្ធិស្របច្បាប់ឡើយ។ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានបណ្ណហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ ដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ពិសេសដីមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវគឺបញ្ជាក់បានថា ដីមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន កាត់បន្ថយជម្លោះ ហើយថែមទាំងងាយស្រួលក្នុងការទិញលក់ផងដែរ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរដល់រដ្ឋបាលស្រុកកៀនស្វាយ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចនានាតាមសំណូមពររបស់ប្រជាពលរដ្ឋ និងខិតខំប្រឹងប្រែងការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋបានលទ្ធផលល្អប្រសើរដោយបទល្មើសមានការថយចុះច្រើន កាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ នៅក្នុងមូលដ្ឋានរបស់យើងដែលជាការរួមចំណែកក្នុងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីភាពសុខសាន្តដល់បងប្អូនប្រជាពលរដ្ឋរបស់យើង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM