ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

ជនជាតិវៀតណាមខុសច្បាប់ ១៥នាក់ ត្រូវបានបណ្ដេញចេញ តាមច្រកទ្វារព្រំដែនខេត្តកំពត

2025/11/20 06:49:23 pm        249
នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន ១៥នាក់ (ស្រី១នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា។ការបណ្ដេញជនជាតិវៀតណាមខាងលើ ធ្វើឡើងតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត លើ ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន ករណីសមគំនិតក្នុងអំពើកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងចាប់បង្ខាំងដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន (អនុវត្តទោសចប់) ករណីនេសាទដោយប្រើឧបករណ៍ឆក់ គ្មានលិខិតឆ្លងដែន (អនុវត្តទោសចប់) និងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន គ្មានលិខិតឆ្លងដែន (អនុវត្តទោសចប់)។

បុរសហុងគ្រី ព្រមព្រៀងប្រគល់វត្ថុសិល្បៈខ្មែរទាំងអស់ ដែលលោកកំពុងកាន់កាប់ ជូនមកកម្ពុជាវិញ

2025/11/20 06:35:46 pm        166
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចេញ សេចក្ដីប្រកាសព័ត៌មាន ឱ្យបានដឹងថា បន្ទាប់ពីការចរចា អស់រយៈពេលជាច្រើនឆ្នាំ និងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការស្វែងរក និងទាមទារសម្បត្តិវប្បធម៌ខ្មែរដែលបាន បាត់បង់ត្រឡប់មកកម្ពុជាវិញ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឈានដល់កិច្ចព្រមព្រៀងជាមួយលោក István Zelnik ស្តីពីការប្រគល់វត្ថុសិល្បៈខ្មែរទាំងអស់ ដែលលោក Zelnik កំពុងកាន់កាប់ ជូនមកកម្ពុជាវិញ។លោក István Zelnik ជាជនជាតិហុងគ្រី និងជាអ្នកកាន់កាប់សមុច្ច័យឯកជនមួយរូប ដែលបានប្រមូលវត្ថុសិល្បៈ នៅក្នុងតំបន់អាស៊ី រួមទាំងវត្ថុសិល្បៈខ្មែរផងដែរអស់រយៈពេលជាច្រើនទសវត្សរ៍។ លោកបានបង្កើតវិទ្យាស្ថានអាស៊ីអាគ្នេយ៍ ហុងគ្រី (Hungarian Southeast Asian Institute) នៅដើមទសវត្សរ៍ឆ្នាំ២០០០។ ក្រោមក្របខណ្ឌនៃវិទ្យាស្ថាននេះ ការស្រាវជ្រាវវិទ្យាសាស្ត្រសំខាន់ៗត្រូវបានអនុវត្តនៅតំបន់អង្គរ និងកោះកេរ ដោយមានការឧបត្ថម្ភថវិកាពីលោក Zelnik រួមទាំងការធ្វើអង្កេតបុរាណវិទ្យា ការស្រាវជ្រាវដោយបច្ចេកវិទ្យា (LiDAR) និងការសិក្សាប្រវត្តិសាស្ត្រ។ កិច្ចខិតខំប្រឹងប្រែង ទាំងនេះបានរួមចំណែកផងដែរដល់ការរៀបចំឯកសារដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ក្នុងចំណោមវត្ថុសិល្បៈខ្មែរសំខាន់ៗ ដែលបានព្រមព្រៀងប្រគល់មកកម្ពុជាវិញនាពេលនេះ មានជាអាទិ៍៖ វាយនភណ្ឌសូត្រខ្មែរចំនួន១៨៣ផ្ទាំង ដែលជាគំរូសូត្រខ្មែរដ៏ល្អពិចិត្រមួយ សម្រាប់សមុច្ច័យវាយនភណ្ឌរបស់សារមន្ទីរ ជាតិកម្ពុជា និងវត្ថុសម័យបុរេប្រវត្តិសាស្ត្រ ដូចជា៖ កាក់ អង្កាំ គ្រឿងអលង្ការ និងវត្ថុប្រើប្រាស់ធ្វើពីលោហៈធាតុមានតម្ល សំរិទ្ធ ថ្ម និងដីដុត ដែលភាគច្រើនត្រូវបានលួចនាំចេញពីកម្ពុជា ក្នុងអំឡុងសម័យសង្គ្រាមស៊ីវិលច្រើនទសវត្សរ៍កន្លងទៅ។ ក្នុងនោះដែរ ក៏មានសមុច្ច័យសំខាន់ៗមួយចំនួនទៀតដូចជា វត្ថុធ្វើពីថ្ម និងសំរិទ្ធ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ។ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ លោក Zelnik ដែលបច្ចុប្បន្នលោកមានអាយុជាង៧០ឆ្នាំហើយ ក្នុងការប្រគល់វត្ថុសិល្បៈខ្មែរទាំងអស់ជូនមកកម្ពុជាវិញ។ នាពេលកន្លងមក លោក Zelnik ក៏ធ្លាប់បានប្រគល់វត្ថុសិល្បៈខ្មែរមួយចំនួនជូនមកកម្ពុជាវិញ និងបានចូលរួមវិភាគទាន ដ៏សំខាន់ក្នុងគម្រោងស្រាវជ្រាវបុរាណវិទ្យា និងការបោះពុម្ពស្នាដៃស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនផងដែរពាក់ព័ន្ធនឹង បេតិកភណ្ឌវប្បធម៌ សិលាចារឹក និងសិល្បៈខ្មែរសម័យទំនើប។ព័ត៌មានពិស្ដារ៖

រដ្ឋបាលក្រុងពោធិ៍សាត់ ផ្អាកការធ្វើចរាចរណ៍របស់រថយន្តធុនធំគ្រប់ផ្លូវក្នុងក្រុង

2025/11/20 06:28:51 pm        225
រដ្ឋបាលក្រុងពោធិ៍សាត់ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បាន ចេញ សេចក្តីជូនដំណឹង ស្តីពី ការផ្អាកការធ្វើចរាចរណ៍របស់រថយន្តធុនធំគ្រប់ផ្លូវក្នុងក្រុងពោធិ៍សាត់ ដោយបានជម្រាបជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អូនជាម្ចាស់រថយន្ត ធុនធំទាំងអស់មេត្តាជ្រាបថា ដោយផ្អែកលើស្ថានភាពបច្ចុប្បន្នស្ទឹងពោធិ៍សាត់មានកម្រិតកម្ពស់ទឹកខ្ពស់ និងមាន ការកើនឡើងជាបន្តបន្ទាប់ក្នុងកម្រិតប្រកាសអាសន្ន ជាហេតុធ្វើឱ្យបណ្តាផ្លូវមួយចំនួនក្នុងក្រុងត្រូវបានហូរច្រោះ និង បាក់ស្រុត។ ហេតុនេះហើយដើម្បីទប់ស្កាត់ការខូចខាតផ្លូវដែលកំពុងមានបញ្ហាកាន់តែខ្លាំង ជាពិសេសធានាសុវត្ថិភាព ទ្រព្យសម្បត្តិ បង្ការ និងជៀសវាងគ្រោះថ្នាក់ដែលកើតឡើងដោយយថាហេតុ សូមបងប្អូនជាម្ចាស់រថយន្តធុនធំ ទាំងអស់ ផ្អាកការធ្វើចរាចរណ៍គ្រប់ផ្លូវទាំងអស់ក្នុងក្រុងពោធិ៍សាត់ជាបន្ទាន់។រដ្ឋបាលក្រុងពោធិ៍សាត់ សង្ឃឹមយ៉ាងមុតមាំលើការយោគយល់ និងចូលរួម របស់បងប្អូនទាំងអស់គ្នា។ ទទួលបានសេចក្ដីជូនដំណឹងនេះ សូមប្អូនជាម្ចាស់រថយន្តធុនធំទាំងអស់ចូលរួមសហការអនុវត្តដោយស្មារតីទទួលខុសត្រូវរៀងៗខ្លួន៕

អនុព័ន្ធយោធាអង់គ្លេសប្រចាំកម្ពុជា សង្ឈឹមថាថៃនឹងធ្វើការដោះលែងយោធិនកម្ពុជា១៨នាក់មកកម្ពុជា វិញឆាប់ៗ

2025/11/20 06:22:51 pm        188
អនុព័ន្ធយោធាអង់គ្លេស ប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅហាណូយ ប្រទេសវៀតណាម លោកវរសេនីយ៍ឯក JULIAN RL SMITH បានបង្ហាញក្តីសង្ឈឹមថា ភាគីថៃនឹងធ្វើការដោះលែងយោធិនកម្ពុជា១៨នាក់មកកម្ពុជាវិញឆាប់នាពេលខាងមុខ ហើយលោកក៏បានកោតសរសើរចំពោះកម្ពុជាដែលមានភាពអត់ធ្មត់ច្រើនទាក់ទង នឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃផងដែរ។ នៅក្នុងកិច្ចជំនួបជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិកម្ពុជា នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះលោកវរសេនីយ៍ឯក JULIAN RL SMITH បានចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតកងទ័ព និងប្រជាជនកម្ពុជានៅក្នុងជម្លោះព្រំដែន។ ជាមួយគ្ននោះលោកពិតជាត្រេកអរដែលបានឃើញកម្ពុជាបង្ហាញនូវភាពអត់ធ្មត់ និងបង្ហាញពីគោលបំណងដោះស្រាយបញ្ហាដោយសន្តិវិធី។ លោកបានគូបញ្ជាក់ទៀតថា«ចក្រភពអង់គ្លេស តែងតែគាំទ្រភាគីណាដែលគោរពច្បាប់អន្តរជាតិ និងយុត្តិធម៌ ហើយបច្ចុប្បន្ននេះខាងប្រព័ន្ធកាទូតជុំវិញពិភពលោកគឺមានការមមាញឹកខ្លាំង ហើយខ្ញុំក៏ចង់ជួយគ្រប់វិធីដែលអាចឲ្យកម្ពុជានិងថៃអាចបន្តមកវិញនូវកិច្ចសន្ទនាសន្តិភាពហើយសង្ឃឹមថាឆាប់ៗនេះ ថៃនឹងដោះ លែងមកវិញទាហាន កម្ពុជា១៨ នាក់ដែលត្រូវបានចាប់ខ្លួនទៅ»។ ទាក់ទងបញ្ហារវាងកម្ពុជា និងថៃនេះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានប្រាប់ទៅអនុព័ន្ធយោ ធាអង់គ្លេសផងដែរថា ក្រសួងការពារជាតិកម្ពុជានៅតែជឿជាក់ថា ទំនាក់ទំនងទ្វេភាគីជារឿងមួយដ៏ល្អប៉ុន្តែ ពហុភាគី គឺកាន់តែល្អប្រសើរថែមទៀតដើម្បីឱ្យមានសាក្សីមក ពិនិត្យមើលការពិត។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងទៀតថា បច្ចុប្បន្ននេះក្រុមការងារ AOT បានចុះទៅពិនិត្យទីតាំងផ្ទាល់ ហើយកម្ពុជាមានតួនាទីជួយសម្របសម្រួលឲ្យពួកគាត់ទៅពិនិត្យតាមចំណុចព្រំដែន។ អ្វីដែលសំខាន់គឺយើងការពារសុខសុវត្ថិភាពរបស់គាត់។ ឯកឧត្តមបានបញ្ជាក់ថា« យើងខ្ញុំមិនមានអ្វីលាក់បាំងទេ ឱ្យតែមានមិត្តច្រើនចុះទៅពិនិត្យទីតាំងផ្ទាល់តែម្ដងឲ្យឃើញពីដំណើរការនោះ គឺកាន់តែល្អ»។នាយឧត្តមសេនីយ ទៀ សីហាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានសង្កត់ធ្ងន់ទៀតថា« អ្វីដែលយើងត្រូវធ្វើគឺមានពីរ ទី១គឺកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ និងទី២ គឺអ្វីដែល ត្រូវអនុវត្តតាមស្មារតីកិច្ចប្រជុំឯកភាពJBC។ កម្ពុជាមិនចង់បានអ្វីលើសពីហ្នឹងទេគឺទាំងសងខាងពិសេសថៃសូមឱ្យគោរពកិច្ចព្រមព្រៀងទាំងពីរនេះកិច្ចព្រមព្រៀងសន្តិភាព និង GBCបើយើងអនុវត្តបានគឺកាត់បន្ថយកំដៅនៅព្រំដែន បង្ហាញនូវទំនុកចិត្ត ការជឿជាក់គ្នាឡើងវិញ អាចមានការប្រសើរឡើង» ។សូមបញ្ជាក់ថា នៅក្នុងកិច្ចជំនួបនោះដែរ លោកវរសេនីយ៍ឯក JULIAN RL SMITH ក៏បានបង្ហាញការសប្បាយរីករាយដែលបានចាប់ផ្ដើមអាណត្តិការងារថ្មីរបស់ខ្លួននៅកម្ពុជាផងដែរ ហើយក្នុងកិច្ចជំនួបនោះ លោកក៏បានរំលេចផងដែរថា បច្ចុប្បន្នកម្ពុជាមាននាយទាហានពីររូបដែលកំពុងសិក្សានៅរាជបណ្ឌិតយោធាសានហឺស នៃចក្រភពអង់គ្លេសក្នុងចំណោមនោះ ក៏មានចៅរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនម្នាក់ផងដែរ ដែលលោកបានឃ្លាំមើលយ៉ាងម៉ត់ចត់ចំពោះការងាររបស់ពួកគេ៕អត្ថបទ បាន ចក់

ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់តម្លាភាព នៃការចាប់ប៉ុស្តិ៍របស់បេក្ខជនបម្រុង គ្រូបង្រៀនបឋមសិក្សាផ្អែកលើកិច្ចព្រមព្រៀងការងារ

2025/11/20 05:10:24 pm        306
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ នៅរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានបញ្ជាក់តម្លាភាព ដំណើរការនៃការចាប់ប៉ុស្តិ៍របស់បេក្ខជនបម្រុង សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សាផ្អែកលើកិច្ចព្រមព្រៀងការងារ។តាមរយៈសារលើបណ្ដាញសង្គម ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា ដោយបានតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើមតិយោបល់ ជាបន្តបន្តាប់ លើដំណើរការនៃការចាប់ប៉ុស្តិ៍របស់បេក្ខជនបម្រុង សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សាផ្អែកលើកិច្ចព្រមព្រៀងការងារ, គណៈកម្មការប្រឡងប្រជែង បានរៀបចំសន្និសីទសារព័ត៌មានមួយ នាព្រឹកនេះ ដើម្បីផ្តល់នូវវឌ្ឍនភាព និងព័ត៌មានអំពីដំណើរការជ្រើសរើស និងគ្រប់គ្រងគ្រូង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅគ្រឹះស្ថានបឋមសិក្សាសាធារណៈដោយសង្ឃឹមថា សន្និសីទសារព័ត៌មានព្រឹកនេះ នឹងអាចជាចម្លើយឆ្លើយតបមន្ទិលនានាសម្រាប់សាធារណជន ជាពិសេសបេក្ខជនតែម្តង។ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែផ្តល់ការយកចិត្តទុកដាក់ លើវិស័យអប់រំ ជាអាទិភាព នៅគ្រប់ដំណាក់កាលទាំងអស់ រួមទាំងការយកចិត្តទុកដាក់ជាបន្តបន្ទាប់ទៅដល់គ្រូបង្រៀនក្របខ័ណ្ឌ គ្រូបង្រៀនជាប់កិច្ចសន្យា និងគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ។ ការយកចិត្តទុកដាក់ទាំងនេះ បានចាប់ផ្តើមក្រោមការដឹកនាំរបស់សម្តេចតេជោ និងបន្តដល់ សម្តេចធិបតី ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល និងក៏ជាកម្មវិធីរបស់គណបក្សប្រជាជនកម្ពុជា ផងដែរ។ឯកឧត្តម ហ៊ុន ម៉ានី អះអាងបន្តថា ក្នុងនាមជាគណៈកម្មការរៀបចំការប្រឡងប្រជែង នៃក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយ, គឺមានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីធានាដល់ដំណើរការនៃការរៀបចំការប្រឡងប្រជែង ប្រព្រឹត្តដោយតម្លាភាព យុត្តិធម៌ និងអាចទុកចិត្តបាន ស្របតាមការចង្អុលបង្ហាញរបស់ សម្តេចធិបតី ក្នុងការផ្តល់ឱកាសស្មើៗគ្នា និងឱកាសច្រើនដង ដល់យុវជន ដែលមានបំណងក្លាយខ្លួនជាមន្ត្រីដែលបម្រើការងារនៅក្នុងក្រសួង ស្ថាប័ន តាមរយៈការប្រើប្រាស់សមត្ថភាពរបស់ខ្លួន៕

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥!

2025/11/20 05:07:51 pm        134
នារសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំង នាយ-នាយរង អាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំរំលឹកអំពីវិន័យសណ្តាប់ធ្នាប់ ក្រមសីលធម៌ការងារ ពង្រឹងតួនាទីភារកិច្ច បង្ការ បង្រ្កាប សង្រ្គោះ ក៏ដូចជាសកម្មភាពការងារប្រចាំថ្ងៃ ដល់កម្លាំងក្រោមឱវាទទាំងអស់ ត្រូវអនុវត្តប្រកបដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់ និងត្រៀមអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើគ្រប់ពេលវេលា។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តទៀតថា ក្នុងនាមជាកងកម្លាំង គឺពិតជាមានពេលវេលាតិចតួចណាស់ សម្រាប់គ្រួសារ ជាពិសេស នៅគ្រប់ពិធីបុណ្យជាតិ សាសនា ដែលបងប្អូនប្រជាពលរដ្ឋ ជួបជុំគ្រួសារ ដើរលេងសប្បាយ គឺជាពេលដែលកម្លាំងសមត្ថកិច្ច រឹតតែត្រូវយកចិត្តទុកដាក់ លើកកម្ពស់ស្មារតី ទទួលខុសត្រូវ លើការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ កាន់តែមមាញឹក ជាងពេលធម្មតា និងត្រូវត្រៀមចូលរួមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលទទួលរងដោយគ្រោះមហន្តរាយ ឬហេតុការណ៍ផ្សេងៗដែលកើតមានឡើងផងដែរ។ នៅចុងបញ្ចប់កម្មវិធី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្តាំផ្ញើដល់បងប្អូន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវចេះសន្សំសំចៃដោយរៀបចំផែនការសេដ្ឋកិច្ចគ្រួសារ ឲ្យបានត្រឹមត្រូវ ដើម្បីជៀសឲ្យផុតពីហានិភ័យសេដ្ឋកិច្ចក្នុងគ្រួសារ និង ថែទាំសុខភាព ឲ្យបានល្អ ហាត់ប្រាណឲ្យបានជាប់ជាប្រចាំ រស់នៅប្រកបដោយ អនាម័យនិងបរិស្ថានស្អាត ដើម្បីសុខភាពគ្រប់គ្នា៕

កម្ពុជា-កេបិច ជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌហ្រ្វង់កូហ្វូនី

2025/11/20 05:02:41 pm        83
នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Christopher Skeete រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនីនៃរដ្ឋកេបិច។ក្នុងឱកាសនៃជំនួប ភាគីទាំងពីរបានពិភាក្សាពីការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរដ្ឋកេបិចក្នុងក្របខ័ណ្ឌហ្រ្វង់កូហ្វូនី ជាពិសេសការទទួលធ្វើម្ចាស់ផ្ទះរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ នៅកម្ពុជា។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី មានក្តីរំពឹងចង់ឃើញតួនាទីយ៉ាងសកម្ម និងគាំទ្ររបស់រដ្ឋកេបិចក្នុងការការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នាពេលខាងមុខនេះ ប្រកបដោយជោគជ័យ។គួរបញ្ជាក់ថា ជំនួបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្រ្វង់កូហ្វូនីលើកទី៤៦ ពីថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងគីហ្គាលី ប្រទេសររ៉ាន់ដា៕

ប្រធានសមាគមបារាំង-អាស៊ី សន្យាបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ

2025/11/20 04:57:21 pm        97
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Jean-Marie Cambacérès អតីតតំណាងរាស្រ្តបារាំង និងជាប្រធានសមាគមបារាំង-អាស៊ី ព្រមទាំងជាអ្នកនិពន្ធសៀវភៅអំពីព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដ៏ល្បីនៅប្រទេសបារាំង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា នៅទីស្តីការក្រសួង។ក្នុងជំនួបពិភាក្សាការងារប្រកបដោយផ្លែផ្កា នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមប្រធានសមាគម បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី ពីការចូលរួមរបស់សមាគមកន្លងមកក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជាដល់ប្រជាជនបារាំង ក៏ដូចជាវិនិយោគិនធំៗ ដែលជាសមាជិករបស់សមាគមក្នុងតំបន់អាស៊ី ឱ្យមកទស្សនា និងបោះទុនវិនិយោគនៅកម្ពុជា ដែលជាប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ សុខសុវត្ថិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសយន្តការលើកទឹកចិត្តដ៏ទាក់ទាញ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមប្រធានសមាគម ក៏បានលើកពីគំនិតផ្តួចផ្តើមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជាក្នុងទស្សនាវដ្តីដ៏ធំ និងល្បី "L’Essentiel des Relations Internationales" ដែលមានអ្នកអានជាច្រើនជុំវិញពិភពលោក ពិសេសក្នុងប្រទេសនិយាយភាសាបារាំង ហើយបោះពុម្ពជាច្រើនម៉ឺនច្បាប់ក្នុងមួយលេខៗ។ កន្លងមកទស្សនាវដ្តីនេះ ត្រូវបានជ្រើសរើសដោយប្រទេសធំៗ ជាច្រើនដូចជាប្រទេសកាហ្សាក់ស្ថាន និងឥណ្ឌូនេស៊ី ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់ខ្លួន ដោយទទួលបានការចាប់អាម្មរណ៍ជាច្រើនជាមួយនឹងលទ្ធផលគួរជាទីមោទនៈ។ ក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ក៏ដូចជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែកដ៏សកម្ម និងគំនិតផ្តួចផ្តើមរបស់ឯកឧត្តមប្រធានក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដែលកំពុងរះដ៏ចិញ្ចាច ជាមួយកាលានុវត្តវិនិយោគដ៏ល្អជាពិសេសក្នុងវិស័យទេសចរណ៍ឆ្ពោះទៅព្រឹត្តការណ៍ដ៏សំខាន់ និងជាប្រវត្តិសាស្រ្តដែលកម្ពុជាជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ (ហ្រ្វង់កូហ្វូនី) នាខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ខាងមុខនេះ៕

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ថ្ងៃនេះ ទទួលបានលទ្ធផល ៥ចំណុច សំខាន់

2025/11/20 04:53:01 pm        96
នាព្រឹក ថៃ្ងព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផល ៥ចំណុចសំខាន់ ដូចខាងក្រោម៖១. អង្គប្រជុំបានអនុម័តយល់ព្រមប្រគល់សេចក្តីស្នើច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពី ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ដោយសហការជាមួយ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែននៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើ របាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។២. អង្គប្រជុំបានអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ៣. អង្គប្រជុំបានអនុម័តយល់ព្រមសេចក្ដីព្រាងរបាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៤ និងលើកទី៥ នីតិកាលទី៧ ដោយប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋាន រដ្ឋសភា យករបាយការណ៍ទៅបំពេញបន្ថែមសកម្មភាព រហូតដល់ថ្ងៃបើកសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧។៤. ការពិនិត្យ និងអនុម័តសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ចំនួន ៣រូប។៥. អង្គប្រជុំបានអនុម័តយល់ព្រមកាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៨:០០នាទី ដែលមានរបៀបវារៈចំនួន៥។ព័ត៌មានពិស្ដារ៖

មន្រ្តីជាន់ខ្ពស់ធនាគារជាតិ អំពាវនាវដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋ ខេត្តពោធិ៍សាត់ ជួយផ្សព្វផ្សាយ អំពីសារៈសំខាន់ប្រាក់រៀល

2025/11/20 04:04:29 pm        92
ពោធិ៍សាត់៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា អំពាវដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅខេត្តពោធិ៍សាត់ ជួយផ្សព្វ ផ្សាយបន្ត អំពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀល ជំរុញការយល់ដឹងពីអត្ថប្រយោជន៍នៃរូបិយវត្ថុជាតិឱ្យកាន់តែទូលំទូលាយ ដើម្បី លើកកម្ពស់មោទនភាពជាតិ និងរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ” នៅខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ជុំវិញប្រាក់រៀល, កន្លងមកនេះ ធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំរួមស្តីពី “ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់សេវា ទូទាត់នៅតាមគ្រឹះស្ថានសិក្សា ដើម្បីជំរុញការកំណត់ថ្លៃសិក្សា និងការទូទាត់សេវានានា នៅក្នុងវិស័យអប់រំជាប្រាក់រៀល។ គ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវពិនិត្យលទ្ធភាពបើកគណនីជាប្រាក់រៀល តាមប្រព័ន្ធធនាគារ បើកប្រាក់បៀវត្ស ជាប្រាក់រៀល ជូនដល់គ្រប់បុគ្គលិក អប់រំ ជាពិសេសចូលរួមបង្ហាញតម្លៃសិក្សា និងសេវានានាជាប្រាក់រៀលតែម្តង។ ឯកឧត្តម បន្តថា ចំពោះការចូលរួម និងកិច្ចសហការក្នុងចំណោមក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ ជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តចូលរួមប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ តាមរយៈ ការទូទាត់ ការសន្សំការបើកប្រាក់ខែ ការកំណត់ថ្លៃ និងដាក់តាំងស្លាកតម្លៃទំនិញ និងសេវាជាប្រាក់រៀល ការជំរុញការប្រើប្រាស់ប្រាក់ រៀលជារូបិយប័ណ្ណចម្បង នៅក្នុងការកត់ត្រាបញ្ជីគណនេយ្យ និងការតាមដានវឌ្ឍនភាព នៃការប្រើប្រាស់ប្រាក់រៀល នៅតាមវិស័យ នីមួយៗជាដើម។ ឯកឧត្តមក៏បានអំពាវនាវ ឱ្យមានការផ្តល់ការអនុគ្រោះបានកាន់តែច្រើន ចំពោះការប្រើប្រាស់ ប្រាក់រៀលរបស់ជាតិ យើងទាំងអស់គ្នា ដោយសូមកុំគិតកន្ទុយ ឬយកកម្រៃសេវាបន្ថែមសម្រាប់អ្នកប្រើប្រាស់ប្រាក់រៀល និងបានអំពាវដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅក្នុងខេត្តពោធិ៍សាត់ទាំងអស់ នៅក្នុងខេត្តពោធិ៍សាត់ ជួយផ្សព្វផ្សាយបន្ត អំពីសារៈសំខាន់នៃការ ប្រើប្រាស់ប្រាក់រៀល ដើម្បីឱ្យការយល់ដឹងពីអត្ថប្រយោជន៍នៃរូបិយវត្ថុជាតិយើងកាន់តែទូលំទូលាយ ដែលនឹងលើកកម្ពស់មោទនភាព ជាតិយើង និងរួមចំណែកអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនឆាប់រហ័ស។ឯកឧត្តម យឹម លាត លើកឡើងបន្ថែមថា ចំពោះការងារលើកកម្ពស់ប្រាក់រៀលនេះ ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ, រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាច្រើន ដោយក្នុងនោះការលើកកម្ពស់ប្រាក់រៀល ក៏ជា ការងារអាទិភាពមួយផងដែរ ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០ មក ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង ល្អប្រសើរ ក្រោយកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុង ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ជាលទ្ធផល, និន្នាការនៃការប្រើប្រាស់ប្រាក់រៀល ក៏មានការកើនឡើងជាលំដាប់៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM