ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

រថយន្តក្រុងបើកបុកបង្កាន់ដៃស្ពាន ហើយធ្លាក់ចូលអូរ បណ្តាលឱ្យស្លាប់១៣នាក់ និងរបួស២៤នាក់

2025/11/20 11:11:59 am        1722
កំពង់ធំ៖ រថយន្ដក្រុងដឹកអ្នកដំណើរពេលយប់មួយគ្រឿង បានបើកទៅបុកបង្កាន់ដៃស្ពាន ហើយក្រឡាប់ធ្លាក់ចូលទឹកនៅវេលាម៉ោងប្រមាណ ៤ទៀបភ្លឺ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ចំណុចស្ពានអូរប្រាសាទ ស្ថិតក្នុងភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។លោក ឡុង គីសឹង អភិបាលស្រុកសន្ទុក បានឱ្យដឹងថា សមត្ថកិច្ចបានស្ទួចយករថយន្តចេញពីទឹក និងរកឃើញមនុស្ស ១៣នាក់បានស្លាប់ និងមានអ្នករងរបួស២៤នាក់។តាមប្រភពព័ត៌មានឱ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរនេះផ្ទុកមនុស្ស ៣៧នាក់ ធ្វើដំណើរចេញពីខេត្តសៀមរាប ឆ្ពោះទិសដៅរាជធានីភ្នំពេញ។ ពេលមកដល់កន្លែងកើតហេតុអ្នកបើកអាចស្ថិតក្នុងស្ថានភាពងងុយ ទើបរេចង្កូតទៅបុកបង្កាន់ដៃស្ពាន៕ អត្ថបទ ៖ វ៉ាន់ដា

​​កម្ពុជា-អាល្លឺម៉ង់បើកការកិច្ចចរចា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២៥

2025/11/20 10:56:01 am        265
កម្ពុជា-អាល្លឺម៉ង់បើកការកិច្ចចរចា និងពិភាក្សាលើវឌ្ឍនភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី ទាំងទិដ្ឋភាពបច្ចេកទេស និង ទិដ្ឋភាពនយោបាយ ការពិនិត្យ និងតម្រង់ទិសវិស័យអាទិភាព នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរនាពេលអនាគត។ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកជំទាវ Christina Laun ប្រធានទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ នៃក្រសួងសហប្រតិបត្តិការ សេដ្ឋកិច្ចនិងការអភិវឌ្ឍ (BMZ) នៅថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំកិច្ចចរចា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២៥ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធ ដោយមានការចូលរួមពីឯកឧត្តម Stefan Anton Masserer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា, តំណាងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិប្រចាំកម្ពុជា (GIZ), តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ប្រចាំកម្ពុជា (KFW) និងតំណាងជាន់ខ្ពស់ក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ។ ឯកឧត្តម ឈៀង យ៉ាណារ៉ា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូអាល្លឺម៉ង់ និងបានកោតសរសើរ ចំពោះ ភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងអាល្លឺម៉ង់ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាកិច្ចចរចារឆ្នាំ២០២៥ នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព។លោកជំទាវ Christina Laun ក៏បានកោតសរសើរផងដែរ ចំពោះវឌ្ឍនភាពដែលរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាន ក្នុងការអនុវត្តអាទិភាពអភិវឌ្ឍន៍ជាតិ ប្រកបដោយប្រសិទ្ធភាព ជាពិសេសក្រោមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយក្នុង នោះ ភាគីអាល្លឺម៉ង់បានគូសបញ្ជាក់ ពីកិច្ចខិតខំរបស់កម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ច, ប្រព័ន្ធគាំពារសង្គម និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ជាលទ្ធផលនៃកិច្ចចរចានេះ, ភាគីអាល្លឺម៉ង់បានវាយតម្លៃខ្ពស់ និងចាត់ទុកកម្ពុជាជាដៃគូសំខាន់ ក្នុងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍អាល្លឺម៉ង់។ ភាគីទាំងពីរបានឯកភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឈន៍លើវិស័យអាទិភាពចំនួន៣រួមមាន៖ ១) ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព, ២) សុខាភិបាលនិងគាំពារសង្គម, និង ៣) ថាមពល និងអាកាសធាតុ និងវិស័យផ្សេងៗ ដូចជា វិមជ្ឈការនិងវិសហមជ្ឍការ និងឌីជីថលូបនីយកម្ម៕អត្ថបទ៖ សុន រ៉ាឌី 

កម្ពុជាកំពុងបើកផ្លូវ លើការចរចាបង្កើតរោងចក្រចម្រាញ់ប្រេងកាតនៅក្នុងស្រុក

2025/11/20 10:48:08 am        566
រាជរដ្ឋាភិបាលកម្ពុជាកំពុងបើកផ្លូវដល់ក្រុមហ៊ុនមានសក្តានុពលនានា នៅក្នុងវិស័យប្រេងឥន្ធនៈ ចរចាលើគម្រោងបង្កើតរោងចក្រ ចម្រាញ់ប្រេង កាតនៅខេត្តកោះកុង ដើម្បីឱ្យកម្ពុជាឈានទៅមានសន្និធិប្រេងយុទ្ធសាស្រ្តបម្រុងកាន់តែប្រសើរនៅក្នុងស្រុក។ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងវេទិកាកិច្ចសន្ទនាជាមួយនិស្សិត នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ជុំវិញវិស័យប្រេងឥន្ធនៈនេះគោលនយោបាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺការបើកចំហការប្រកួតប្រជែងនៅក្នុងការចែកចាយ និងការនាំចូល ប្រេងឥន្ធនៈដោយគ្មានការផ្តាច់មុខដាច់ខាត។ ចំណែកតម្លៃវិញ វានិងប្រែប្រួលទៅតាមតម្លៃប្រេងអន្តរជាតិ នេះគឺជារឿងធម្មតា ក្នុង នោះកម្ពុជាក៏មិនអនុញ្ញាត្តិឱ្យតួអង្គណាមួយយកឱកាសដើម្បីប្រមូលផ្តុំ បង្កើតថ្លៃខុសតម្លៃទីផ្សារផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងបន្ថែមថា ជុំវិញប្រេងឥន្ធនៈនេះគឺរក្សាស្ថិរភាពល្អប្រសើរ ហើយនៅក្នុងអាណត្តិទី៧នេះដែរ រាជរដ្ឋាភិបាលក៏បានបង្កើនលើមុំពីរបន្ថែមទៀត នៅលើអ្វីដែលជាមូលដ្ឋានគ្រឹះពីអាណត្តិមុន ក្នុងនោះអ្វីដែលសំខាន់គឺការឈានទៅរក ការចម្រាញ់ប្រេងក្នុងស្រុក ដើម្បីឱ្យកម្ពុជាឈានទៅមានសន្និធិប្រេងយុទ្ធសាស្រ្តបម្រុងកាន់តែប្រសើរ ខណៈបច្ចុប្បន្ននេះសេដ្ឋកិច្ច កម្ពុជា ក្រោមការដឹកនាំប្រកបដោយគិតបណ្ឌិតរបស់សម្តេចតេជោ ពីអតីតកាល និងការបន្តកំណើនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបច្ចុប្បន្ន បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកំពុងមានសម្ទុះកើនឡើងបន្ថែមទៀត ជាក់ស្តែងកម្ពុជាកំពុងទទួលបានរោងចក្រថ្មីៗ មកវិនិយោគជាបន្តបន្ទាប់ បញ្ហានេះក៏ធ្វើឱ្យតម្រូវការប្រេងមានការកើនឡើងផងដែរ។ឯកឧត្តម កែវ រតនៈបញ្ជាក់ឱ្យដឹងថា ទាក់ទិនគម្រោងបង្កើតរោងចក្រនេះ ក្រសួងបានកំពុងធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បី ចាប់យកដៃគូដែលមានសក្តានុពល វិនិយោគលើការបង្កើតរោងចក្រចម្រាញ់ប្រេងនេះ ប៉ុន្តែអ្វីដែលយើងមានការបារម្ភណ៍ គឺមិនមែន ឆន្ទៈនយោបាយ ឬការខ្វះខាតខិតប្រឹងប្រែងនោះទេ គឺដោយសារកម្ពុជាមានទំហំតូចលើការផ្គត់ផ្គង់ប្រេងឥន្ធនៈ តែទោះបីយ៉ាងណា ឯកឧត្តមនូវតែមានក្តីរំពឹងខ្ពស់ថា កម្ពុជានឹងមានរោងចក្រនេះកើតឡើង ដើម្បីកសាងសន្និធិបម្រុងរបស់ជាតិនៅពេលមានអាសន្ន។សូមបញ្ជាក់ថា នៅក្នុងវេទិកាកិច្ចសន្ទនានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានធ្វើបាថកថា ជូនដល់និស្សិតផ្នែកច្បាប់ និងសេដ្ឋកិច្ច នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សម្រាប់ជាពុទ្ធិនៅក្នុងការសិក្សា ដែលពួកគាត់គឺជជាទំពាំងស្នងឫស្សីនៃប្រទេសជាតិ៕អត្ថបទ៖ សុន រ៉ាឌី  

ក្រុមការងារបច្ចេកទេសនៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង បន្តកិច្ចប្រជុំដើម្បីត្រៀមលក្ខណៈក្នុងការចាប់ផ្តើមធ្វើជំរឿនមន្រ្តីនៅគោលដៅ គ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋានក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

2025/11/20 09:45:16 am        131
បន្ទាប់ពីការធ្វើជំរឿនមន្រ្តីនៅតាមរចនាសម្ព័ន្ធក្រសួងមុខងារសាធារណៈ បានបញ្ចប់ទៅដោយជោគជ័យរួចមក នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្រុមការងារបច្ចេកទេសនៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង បានជួបជុំគ្នាដើម្បីពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាលើកិច្ចការការងារពាក់ព័ន្ធការត្រៀមលក្ខណៈក្នុងការចាប់ផ្តើមធ្វើជំរឿនមន្រ្តីនៅគោលដៅ គ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន ស្ថិតក្នុងភូមិសាស្រ្តរដ្ឋបាលរាជធានីភ្នំពេញ។កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មការ នៅសាលប្រជុំសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធដូចជា៖ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ, រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤នៃរដ្ឋបាលរាជធានីភ្នំពេញ, មន្ទីរមុខងារសាធារណៈ មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសុខាភិបាល និងការិយាល័យអប់រំ នៃរាជធានីភ្នំពេញ, ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសក្រសួងមុខងារសាធារណៈ មានចំនួនសរុបប្រមាណ ១៤០នាក់។ ជាលទ្ធផលកិច្ចប្រជុំនេះ ក្រុមការងារបច្ចេកទេសតាមវិស័យ និងក្រុមការងារបច្ចេកទេសគាំទ្រ ទទួលបានការយល់ពីគ្នា ឯកភាពគ្នា ក្នុងការអនុវត្តកិច្ចការងារទៅតាមគោលដៅរៀងៗខ្លួន ព្រមទាំងបានបង្ហាញឆន្ទៈសហការចូលរួមគាំទ្រ និងជំរុញដំណើរការការងារធ្វើជំរឿនឱ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនេះ ក្រុមការងារបច្ចេកទេសទាំងអស់ក៏ទទួលបានការយល់ដឹងបន្ថែមពីរំហូរការងារដែលត្រូវអនុវត្ត តាមរយៈការចែករំលែកបទពិសោធរបស់ក្រុមការងារបច្ចេកទេសក្រសួងមុខងារសាធារណៈ ដូចជា៖ ការបែងចែកក្រុមការងារ តួនាទីភារកិច្ច និងការទទួលខុសត្រូវ ការរៀបចំទីតាំងធ្វើជំរឿន និងការងារពាក់ព័ន្ធមួយចំនួនផ្សេងៗទៀត ផងដែរ។សូមជម្រាបដែរថា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងទាំង២គោលដៅនេះ នឹងចាប់ផ្តើមដំណើរការប្រព្រឹត្តដូចតទៅ៖- គ្រឹះស្ថានសិក្សាសាធារណៈ នឹងចាប់ផ្តើមធ្វើជំរឿនដំបូងគេនៅក្នុងខណ្ឌដូនពេញនៃរដ្ឋបាលរាជធានីភ្នំពេញ - អង្គភាពសុខាភិបាលមូលដ្ឋាន នឹងចាប់ផ្តើមធ្វើជំរឿនដំបូងគេនៅក្នុងសង្កាត់ចតុមុខនៃរដ្ឋបាលរាជធានីភ្នំពេញ។

កម្ពុជាត្រៀមខ្លួនជាស្រេចប្រែក្លាយជាគោលដៅទេសចរណ៍ម្ហូបអាហារចម្រុះពីគ្រប់តំបន់ជុំវិញពិភពលោក

2025/11/20 09:39:08 am        147
នាល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២ឆ្នាំ និងការសម្ពោធភោជនីយដ្ឋានដែលជាការវិនិយោគរួមគ្នារវាងកម្ពុជា និងជប៉ុនឈ្មោះ KYŌ Shabu សាខាកោះពេជ្រ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រជប៉ុនប្រចាំកម្ពុជា ព្រមទាំងពាណិជ្ជករជាតិ និងអន្តរជាតិ អ្នកផលិតមាតិកា និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរួប នៅសាខាកោះពេជ្រ។នាឱកាសនេះ វិនិយោគិនជប៉ុន បានជម្រាបជូនគណៈអធិបតី និងភ្ញៀវកិត្តិយសអំពីចំណាប់អាម្មរណ៍ស្រលាញ់ប្រទេសកម្ពុជាជាផ្ទះទី២ របស់ខ្លួន បដិសណ្ឋារកិច្ច ដែលពោរពេញដោយភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា និងជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនូវយន្តការលើកទឹកចិត្ត និងអនុគ្រោះដល់ការវិនិយោគ ជាហេតុនាំឱ្យមានការសម្រេចចិត្តក្នុងជំរុញការបោះទុនវិនិយោគបង្កើតសាខាបន្តបន្ទាប់នាពេលនេះ។ទន្ទឹមនឹងនេះដែរ ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងថាបច្ចុប្បន្ននេះ​ ស្ថានទូតបានធ្វើស្ថិតិឃើញមានភោជនីយដ្ឋានម្ហូបជប៉ុនជិត៣០០កន្លែង នៅរាជធានីភ្នំពេញកើនឡើងគួរឱ្យកត់សម្គាល់ ដែលអាចបញ្ជាក់ថាម្ហូបជប៉ុនកំពុងតែទទួលការពេញនិយមជាខ្លាំងនៅកម្ពុជា។ តាមរយៈការផ្លាស់ប្តូរបទពិសោធម្ហូបអាហារ នឹងធ្វើឱ្យប្រជាជនមានការយល់ដឹងពីវប្បធម៌ និងទំនៀមទំលាប់គ្នាទៅវិញទៅមកដែលជួយជំរុញការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិរវាងគ្នានិងគ្នា។ថ្លែងក្នុងឱកាសដ៏មានសារៈសំខាន់ ឯកឧត្តមរដ្ឋមន្រ្តី បានអបអរសាទរចំពោះជោគជ័យរបស់អ្នកវិនិយោគកម្ពុជា-ជប៉ុន និងការចូលរួមចំណែកមិនត្រឹមតែការអភិវឌ្ឍវិស័យភោជនីយដ្ឋាន និងបដិសណ្ឋារកិច្ចទេ តែក៏បានចូលរួមចំណែកបង្ហាញពីសុខដុមរមនា និងចំណងមិត្តភាពដ៏ល្អរបស់ប្រទេសទាំងពីរកម្ពុជា-ជប៉ុន បរិយាកាសវិនិយោគដ៏ល្អរបស់កម្ពុជា ជាពិសេសគឺការត្រៀមខ្លួនរបស់ប្រទេសកម្ពុជា ប្រជាជនកម្ពុជាក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ម្ហូបអាហារចម្រុះដ៏សំបូរបែបពីគ្រប់តំបន់នៃពិភពលោក។

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិដើម្បីសម្រេចបាននូវគោលដៅប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2025/11/20 09:28:29 am        229
នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យឯកឧត្តម NIU HAIFENG អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តម ក៏បានជម្រាបជូនពីលទ្ធផលនៃកិច្ចប្រតិបត្តិការនាពេលកន្លងមកដោយទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់។ ឯកឧត្តមសន្តិបណ្ឌិត បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិដោយជំនឿទុកចិត្តរវាងគ្នាដើម្បីសម្រេចបាននូវគោលដៅប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលជាបញ្ហាស្មុគស្មាញ និងសកលនេះ។ ជាកិច្ចឆ្លើយតប ឯកឧត្តម អគ្គនាយករង បានសម្តែងនូវការកោតសរសើដល់សមត្ថកិច្ចកម្ពុជាដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិល្អ ឆាប់រហ័សក្នុងការចាប់បញ្ជូនជនជាតិចិន និងវត្ថុតាងក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រលប់ទៅកាន់ប្រទេសចិនវិញដើម្បីអនុវត្តនីតិវិធីនិងការស្រាវជ្រាវ ស៊ើបអង្កេតបន្ត។ ឯកឧត្តម អគ្គនាយករង បានធ្វើការវាយតម្លៃខ្ពស់ចំពោះការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.) ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីសម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលក្នុងរយៈពេលដ៏ខ្លីបន្ទាប់ពីការដាក់ចេញនូវបទបញ្ជាទូទាំងប្រទេសសម្រេចបានលទ្ធផលជាច្រើន។ភាគីទាំងពីរបានពិភាក្សាអំពីជំហានបន្ទាប់ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត រួមទាំងការកសាងសមត្ថភាព និងដកពិសោធរវាងគ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណារួមគ្នាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គ និងថ្លែងបទអន្តរាគមន៍ ក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្រ្វង់កូហ្វូនី លើកទី៤៦

2025/11/20 08:56:37 am        114
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្រ្វង់កូហ្វូនី លើកទី៤៦ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងគីហ្គាលី សាធារណរដ្ឋរវ៉ាន់ដា និងថ្លែងបទអន្តរាគមន៍លើប្រធានបទមួយចំនួនរួមមាន៖ ការតាមដានការប្ដេជ្ញាចិត្តនៃសេចក្ដីថ្លែងការណ៍ Villers-Cotterêts ដែលបានអនុម័តកាលពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩, ៣០ឆ្នាំ ក្រោយសន្និសីទនឡទីក្រុងប៉េកាំង៖ ការចូលរួមចំណែករបស់ស្ត្រីនៅក្នុងលំហហ្វ្រង់កូហ្វូន ព្រមទាំងកិច្ចសហប្រតិបត្តិការពហុភាគីនិយមហ្វ្រង់កូហ្វូន និងបញ្ហារដ្ឋបាល និងហិរញ្ញវត្ថុរបស់អង្គការ OIF។

នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជាអធិបតីបើកជាផ្លូវការនៃកិច្ចប្រជុំថ្នាក់ដឹកនាំសាកលវិទ្យាល័យ មហាវិទ្យាល័យ និងវិទ្យាស្ថានការពារជាតិ វេទិកាតំបន់អាស៊ាន លើកទី២៧

2025/11/20 08:43:09 am        264
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាគណៈអធិបតីក្នុង ពិធីបើកជាផ្លូវការនៃកិច្ចប្រជុំថ្នាក់ដឹកនាំ សាកលវិទ្យាល័យ មហាវិទ្យាល័យ និងវិទ្យាស្ថានការពារជាតិ វេទិកាតំបន់អាស៊ាន លើកទី២៧ នៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំធ្វើជាម្ចាស់ផ្ទះបានយ៉ាងល្អដោយសាកលវិទ្យាល័យការពារជាតិកម្ពុជា ជាសហប្រធាននៃកិច្ចប្រជុំ ជាមួយសាលាបណ្ឌិត្យសភាយោធាកាណាដា ដែលប្រព្រឹត្តទៅនៅ សណ្ឋាគារសុខាភ្នំពេញ។

កម្ពុជានឹងរៀបចំកម្មវិធីចីរភាពពីបឹងទន្លេសាបសម្រាប់អនុវត្តរយៈពេល២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០

2025/11/20 08:37:16 am        160
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ឱ្យដឹងថា៖រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យក្រសួងបរិស្ថានរៀបចំកម្មវិធីចីរភាពនៃបឹងទន្លេសាបសម្រាប់អនុវត្តរយៈពេល២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០ ដោយផ្តោតលើសុខភាពនៃបឹងសាប ការការពារបរិស្ថានទប់ស្កាត់ការបំពុល ការបង្កើននូវជីវចម្រុះ និងបច្ឆាជាតិ និងការបង្កើនជីវភាពសហគមន៍មូលដ្ឋានដែលធនការប្រែប្រួលអាកាសធាតុ។គួរបញ្ជាក់ថា ការលើកឡើងពីសំណាក់ រដ្ឋមន្រ្តីក្រសួងបរិស្ថាននេះធ្វើឡើងនៅក្នុងពេលចូលរួមសន្និសីទបណ្តាភាគីលើកទី៣០ នៅទីក្រុង ប៊ែឡឹម ប្រទេសប្រេស៊ីល នាដើមសប្តាហ៍នេះបាន ទទួលជួបជាមួយលោកស្រី Mathilde Laurans នាយករងប្រតិបត្តមូលនិធិសម្រាប់ការឆ្លើយតបការបាត់បង់ និងការខូចខាត (Fund for Responding to Loss and Damage-FRLD)និងសហការី និងតំណាង GGGI។

នៅម៉ោង៨ព្រឹកនេះ កម្ពស់ជំនន់ទឹកភ្លៀងស្ទឹងពោធិ៍សាត់មិនទាន់ស្រក់ចុះនៅឡើងទេ

2025/11/20 08:15:42 am        420
ពោធិ៍សាត់ ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ កម្ពស់ទឹកជំនន់ទឹកភ្លៀងស្ទឹងពោធិ៍សាត់មិនទាន់ស្រក់ចុះនៅឡើយទេ ។ ហើយតាំងពីយប់រហូតដល់ពេលនេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ កំពុងបន្តដឹកនាំកម្លាំងចម្រុះចុះជួយអន្តរាគមន៍ក្នុងការទបទឹកតាមដងស្ទឹងដែលទំនាបកុំឲ្យបន្តហូរលិចផ្ទះសម្បែងប្រជាជន និងជម្លៀសប្រជាពលរដ្ឋដែលប្រឈមខ្លាំង ។សូមជម្រាបជូនថា នារាត្រីឈានចូលថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៥ ទឹកស្ទឹងពោធិ៍សាត់បានហក់ឡើងយ៉ាងគំហុក បណ្តាលឲ្យទីតាំងមួយចំនួននៅតាមដងស្ទឹងពោធិ៍សាត់ ក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ត្រូវបានជនលិចផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ ។មន្ត្រីជំនាញនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ បានបព្ជាក់ឲ្យដឹងថា ខេត្តពោធិ៍សាត់ បានទទួលឥទ្ធិពលពីខ្យល់មូលសុងមានល្បឿនពី ២ទៅ ៥ម៉ែត្រវិនាទី មានភ្លៀងធ្លាក់ពីតិចទៅច្រើន គ្រប់ដណ្តប់ស្ទើរគ្រប់ទី កន្លែងទូទាំងខេត្តពោធិ៍សាត់ ដែលជាហេតុបង្កមានជំនន់ទឹកភ្លៀង ។ ស្ថានភាពបែបនេះបានធ្វើឱ្យមានភ្លៀងធ្លាក់ ផ្គររន្ទះពីតិចទៅច្រើន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២៥ ។ មានភ្លៀងធ្លាក់នៅតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ និងស្ទឹងធំ មានកម្រិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់ ។ ឥទ្ធិពល នៃស្ទឹងខាងលើនេះ នឹងធ្វើអោយទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើងបន្តបន្ទាប់ និងបង្កអោយមានទឹកជំនន់ នៅក្នុងខេត្តពោធិ៍សាត់។ មន្ត្រីជំនាញដដែលបានបន្ថែមថា ខណៈពេលនេះកម្ពស់ទឹកស្ទឹងធំដែលនៅផ្នែកខាងលើបានស្រក់ចុះវិញខ្លះហើយ ប្រសិនបើស្ថានភាពនៅស្រុកវាលវែង និងស្រុកភ្នំក្រវាញ មិនមានភ្លៀងធ្លាក់បន្តទៀត នោះកម្ពស់ទឹកជំនន់ទឹកភ្លៀងស្ទឹងពោធិ៍សាត់ អាចនឹងស្រក់ចុះទៅវិញឆាប់ៗ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM