សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា

ព័ត៌មានជាតិ

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បើវគ្គបណ្តុះបណ្តាល ដល់អង្គភាពពាក់ព័ន្ធ ខេត្តរតនគិរី

2025/11/19 05:27:17 pm        124
ថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. បានអញ្ជើញជាអធិបតីភាពក្នុងពីធីបើកវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តរតនគិរី។ កម្មវិធីបើកវគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម វ៉ាន់ សោភា អភិបាលរង តំណាង ឯកឧត្តមអភិបាលនៃ គណៈអភិបាលខេត្តរតនគិរី, ឯកឧត្តម ហួត ហេង អគ្គលេខាធិការរងនៃ អ.ដ.ក., លោក ចាន់ ណាលីន ប្រធានការិយាល័យតំណាង អ.ដ.ក. ប្រចាំខេត្តរតនគិរី, និងដោយមានសិក្ខាកាមចូលរួមពី មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តរតនគិរី សរុបចំនួន ៥០ រូប។ សូមគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺកើតចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាង អ.ដ.ក. និងរដ្ឋបាលខេត្តរតនគិរី ក្នុងគោលដៅលើកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃកាដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រោមជាតិ លើជំនាញសម្រុះសម្រួលដោះស្រាយវិវាទ សំដៅធ្វើឱ្យ៖១. មន្ត្រីយល់ដឹងជាទូទៅនូវជំនាញសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ២. មន្ត្រីបានយល់ដឹងអំពីក្រមសីលធម៌ បច្ចេកទេស និងនីតិវិធីនៃការសម្រុះសម្រួលដោះស្រាយវិវាទ៣. មន្ត្រីអាចមានជំនាញកាន់តែល្អប្រសើរឡើងក្នុងការផ្តល់សេវាសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

វិស័យធនាគារ និងបច្ចេកវិទ្យា បានចូលរួមយ៉ាងសកម្មក្នុងសន្និសីទឧស្សាហកម្ម និងពិព័រណ៍ការងារនៅសាកលវិទ្យាល័យខេមតិច និងផ្ដល់ឱកាសអាហារូបករណ៍

2025/11/19 05:18:56 pm        100
ភ្នំពេញ៖ សាកលវិទ្យាល័យខេមតិចបានរៀបចំសន្និសីទឧស្សាហកម្ម និងពិព័រណ៍ការងារ ដែលមានការប្រមូលផ្ដុំនៃវិស័យធនាគារ និងវិស័យបច្ចេកវិទ្យាជាដើម ខណៈព្រឹត្តិការណ៍នេះ ក៏មានការចុះកិច្ចព្រមព្រៀម (MOU) ដើម្បីផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតផងដែរ ។ ក្នុងពិព័រណ៍ការងារ ចាប់ពីម៉ោង៨ព្រឹក ដល់៥ល្ងាច នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កញ្ញា ក្រង កន្នីកា ប្រធានផ្នែកជ្រើសរើសនិស្សិត និងទំនាក់ទំនងសាធារណៈ នៃសាកលវិទ្យាល័យខេមតិច លើកឡើងថា កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់រវាងសាកលវិទ្យាល័យ ជាមួយក្រុមហ៊ុនឧស្សាហកម្មមួយចំនួន ដែលផ្តល់ដល់និស្សិតនូវការចុះកម្មសិក្សាក្នុងឆ្នាំទី៤ ដើម្បីទទួលបានបទពិសោធន៍តាមរយៈការអនុវត្តផ្ទាល់ និង ឱកាសការងារនាពេលអនាគតផងដែរ ។កញ្ញាបានបន្តថា សម្រាប់ក្រុមហ៊ុនដែលបានចូលរួមតាំងពិព័រណ៍ការងារនេះ មានដូចជាវិស័យធនាគារ ផ្នែកបច្ចេកវិទ្យា (ការបង្កើតវេបសាយ ឬបង្កើតអែប) ផ្នែកស្ថាបត្យកម្ម និងស្ថាប័នរដ្ឋផងដែរ ហើយកម្មវិធី គឺធ្វើយ៉ាងណាសហការជាមួយស្ថាប័ននីមួយៗមកចែករំលែកបទពិសោធន៍ និងឱកាសការងារឲ្យចំនឹងជំនាញ របស់និស្សិតដែលកំពុងសិក្សា ។សម្រាប់និស្សិត ដែលបានចូលរួមក្នុងកម្មវីធីនេះ បានឲ្យដឹងថាព្រឹត្តិការណ៍នេះ គឺពិតជាមានសារសំខាន់ សម្រាប់ពួកគេដែលចង់មានបទពិសោធន៍ការងារ ជាពិសេសការងារដែលត្រូវនឹងជំនាញរបស់ពួកគេ ខណៈបទបង្ហាញពីវាគ្មិន និងការពន្យល់ណែនាំពីបុគ្គលិករបស់ក្រុមហ៊ុននានា ក៏បានផ្ដល់ចំណេះដឹងបន្ថែមទៀត ។គួរបញ្ជាក់ថា សន្និសីទឧស្សាហកម្ម និងពិព័រណ៍ការងារនៅសាកលវិទ្យាល័យខេមតិចនេះ គឺបានដើរស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការជួយឲ្យប្រជាពលរដ្ឋគ្រប់រូបមានការងារធ្វើ ដើម្បីបង្កើតនូវប្រាក់ចំណូលក្នុងគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ៕ អត្ថបទ បាន សុខរិទ្ធិ 

សង្ឃប្រកាស៖ គប្បីបើកវគ្គខ្លីបណ្តុះបណ្តាល ព្រះចៅអធិការ គ្រូសូត្រ លេខាធិការវត្ត អំពីភាពជាអ្នកដឹកនាំ វិន័យសីលធម៌

2025/11/19 05:15:28 pm        142
គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ នៃគណៈសង្ឃព្រះពុទ្ធសាសនារដ្ឋនៃព្រះរាជាណាចក្រកម្ពុជា។អង្គអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស នៃគណៈសង្ឃនាយកទាំងពីរគណៈ បានសម្រេចឯកភាពដាក់ចេញនូវសង្ឃប្រកាស ពោលគឺ ដើម្បីពង្រឹងការដឹកនាំវត្តអារាមទូទាំងប្រទេស ប្រកបដោយគុណភាព និងប្រសិទ្ធភាព គណៈសង្ឃរាជធានី-ខេត្ត គប្បីបើកវគ្គខ្លីបណ្តុះបណ្តាលបព្វជិតជាបេក្ខសមណៈ ដែលត្រូវបានជ្រើសរើសជាគណៈសង្ឃវត្ត ក្នុងនោះរួមមាន៖ ព្រះចៅអធិការ គ្រូសូត្រស្តាំ គ្រូសូត្រឆ្វេង វិន័យធរ លេខាធិការវត្ត អំពីភាពជាអ្នកដឹកនាំការគ្រប់គ្រង វិន័យសីលធម៌ របៀបស្វាធ្យាយព្រះធម៌ កិច្ចវត្ត របៀប នៃការគោរពព្រះមហាថេរ ចតុប្បារិសុទ្ធិសីល និងអភិសមាចារ ឱ្យស័ក្តិសមជាសមណៈសក្យបុត្តិយ៍។បន្ថែមពីនេះ មន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់សហការជាមួយក្រសួងធម្មការ និងសាសនា បន្តពង្រឹង និងលើកកម្ពស់ វិស័យពុទ្ធិកសិក្សាគ្រប់កម្រិត ដែលជាឆ្អឹងខ្នងដ៏សំខាន់ នៃពុទ្ធសាសនាថេរវាទកម្ពុជា ក្នុងនោះរួមមាន : ពុទ្ធិកបឋមសិក្សា ពុទ្ធិកមធ្យមសិក្សា ពុទ្ធិកឧត្តមសិក្សា និងពុទ្ធិកក្រោយឧត្តមសិក្សា ដើម្បីធានាបាន នូវគុណភាពសិក្សានិងមូលធនសង្ឃក្នុងពុទ្ធសាសនមណ្ឌល។ ដោយឡែក ពុទ្ធិកបឋមសិក្សាទាមទារ ឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតពីគណៈសង្ឃមូលដ្ឋានគឺ គណៈសង្ឃរាជធានី-ខេត្ត គណៈសង្ឃ ក្រុង-ស្រុក-ខណ្ឌ និងគណៈសង្ឃវត្ត ដោយសហការជាមួយមន្ទីរធម្មការនិងសាសនារាជធានី-ខេត្ត ជៀសវាងការឆកល្វែងនិងធ្វេសប្រហែសក្នុងការពន្លឿនលើដំណើរការអភិវឌ្ឍពុទ្ធិកបឋមសិក្សា ដែលជា មូលដ្ឋានដ៏រឹងមាំ នៃចំណេះដឹង។គួរបញ្ជាក់ថា អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសបានប្រារព្ធពិធីបិទនៅសាលវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

សង្ឃប្រកាស៖ ព្រះសង្ឃទូទាំងប្រទេស គប្បីចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក វីរៈកងទ័ព និងវីរៈនគរបាលជាតិខ្មែរ

2025/11/19 05:11:38 pm        133
គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ នៃគណៈសង្ឃព្រះពុទ្ធសាសនារដ្ឋនៃព្រះរាជាណាចក្រកម្ពុជា។អង្គអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស នៃគណៈសង្ឃនាយកទាំងពីរគណៈ បានសម្រេចឯកភាពដាក់ចេញនូវសង្ឃប្រកាស ពោលគឺដើម្បីចូលរួមចំណែកក្នុងការសម្រាលទុក្ខលំបាករបស់សង្គម មន្ត្រីសង្ឃគ្រប់ឋានានុក្រម និងព្រះសង្ឃទូទាំងប្រទេស គប្បីចែករំលែកលើកិច្ចការមនុស្សធម៌ ក្នុងការចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក វីរៈកងទ័ព និងវីរៈនគរបាលជាតិខ្មែរ ដែលមានស្មារតីលះបង់ខ្ពស់ក្នុងការការពារជាតិ សំដៅបាន រួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលកំពុងតែមមាញឹកក្នុងបេសកកម្មបម្រើជាតិមាតុភូមិ និងបុព្វហេតុការពារសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដីសម្រាប់ប្រជាជន និង ជាតិ សាសនា ព្រះមហាក្សត្រ។គួរបញ្ជាក់ថា អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ បានប្រារព្ធពិធីបើកនៅ សាលវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការយាង និមន្ត និងអញ្ជើញចូលរួមពី សម្តេចព្រះអភិសិរី សុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ និងជាសម្តេច ព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះមេគណ សហការីគណ ព្រះគ្រូអនុគណ ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងថ្នាក់ដឹកនាំ នៃក្រសួងធម្មការនិងសាសនា សរុបចំនួន ១ ២០០ អង្គ/នាក់ នាថ្ងៃចន្ទ-អង្គារ-ពុធ ១២-១៣-១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧-១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៥៕

គណៈសង្ឃនាយក នឹងរៀបចំឱ្យមានការសូត្រស្វាធ្យាយ ព្រះត្រៃបិដក ៥ឆ្នាំម្ដង និង ១ឆ្នាំម្ដង

2025/11/19 05:08:14 pm        268
គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ នៃគណៈសង្ឃព្រះពុទ្ធសាសនារដ្ឋនៃព្រះរាជាណាចក្រកម្ពុជា។ អង្គអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស នៃគណៈសង្ឃនាយកទាំងពីរគណៈ បានសម្រេចឯកភាពដាក់ចេញនូវសង្ឃប្រកាស ដោយបានលើកឡើងថា គម្ពីរព្រះត្រៃបិដកគឺជាទីប្រជុំចុះនៃពុទ្ធវចនៈ ដែលពុទ្ធសាសនិកសិក្សាស្រាវជ្រាវយកមក បដិបត្តិក្នុងវិថីជីវិតប្រចាំថ្ងៃ។ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាសហការជាមួយក្រសួងធម្មការ និងសាសនា រៀបចំ ដូច្នេះដើម្បីអភិរក្សរក្សាពុទ្ធវចនៈឱ្យមានតម្លៃស្ថិតស្ថេរគង់វង្សយូរអង្វែង កាលបរិច្ឆេទនៃការសូត្រស្វាធ្យាយព្រះត្រៃបិដកដូចខាងក្រោម៖ក. គណៈសង្ឃថ្នាក់ជាតិរៀបចំសូត្រស្វាធ្យាយព្រះត្រៃបិដករៀងរាល់ ៥ឆ្នាំម្តង (ក្នុង ៥ឆ្នាំម្តង) រយៈពេល៣ថ្ងៃ ដោយកំណត់ទីតាំងណាមួយសមស្រប សម្រាប់សូត្រស្វាធ្យាយព្រះត្រៃបិដក។ខ. គណៈសង្ឃថ្នាក់ជាតិប្រគល់សិទ្ធិ និងតួនាទីជូនដល់គណៈសង្ឃថ្នាក់មូលដ្ឋាន និងមន្ទីរ ធម្មការ និងសាសនារាជធានី-ខេត្ត សូត្រស្វាធ្យាយព្រះត្រៃបិដករៀងរាល់ឆ្នាំ (ក្នុង ១ឆ្នាំម្តង) រយៈពេល ៣ថ្ងៃ ដោយប្រមូលផ្តុំ ៥ខេត្តសម្រាប់មួយក្រុម ដើម្បីទ្រទ្រង់ដំណើរការ នៃការសូត្រស្វាធ្យាយព្រះត្រៃបិដកនេះ ឱ្យបានជោគជ័យនិងប្រសិទ្ធភាព។ ចំពោះទីតាំងនៃការសូត្រស្វាធ្យាយរៀងរាល់ឆ្នាំ អាស្រ័យទៅលើ ការសម្រេចរបស់ខេត្តទាំង៥ ព្រមព្រៀងគ្នាប្រកបដោយមហាកុសលខ្ពស់។គួរឱ្យដឹងថា ព្រះត្រៃបិដក ប្រែថា កញ្រ្ចែង ឬ ល្អី ៣ សម្រាប់ផ្ទុកពាក្យពេចន៍របស់ព្រះសម្មាសម្ពុទ្ធគឺ៖ ព្រះវិន័យ ឬហៅថា វិនយបិដក (ចាប់ពីសៀវភៅភាគ១ ដល់ភាគ១៣)ព្រះសូត្រ ឬហៅថា សុត្តន្តបិដក (ចាប់ពីសៀវភៅភាគ១៤ ដល់ ភាគ៧៧)ព្រះអភិធម្ម ឬហៅថា អភិធម្មបិដក (ចាប់ពីសៀវភៅភាគ៧៨ ដល់ ភាគ១១០)គួរបញ្ជាក់ថា មហាសន្និបាតពេញអង្គ ក្រោមការដឹកនាំ និងចាត់ចែងរបស់គណៈសង្ឃនាយក គណៈមហានិកាយ និងគណៈសង្ឃនាយក គណៈធម្មយុត្តិកនិកាយ សហការជាមួយក្រសួងធម្មការ និងសាសនា បានបើកកិច្ចប្រជុំពិភាក្សា ផ្លាស់ប្តូរមតិយោបល់ ស្តីពី ការអនុវត្តសង្ឃប្រកាសលើកទី៣២ និងសង្ឃប្រកាសក្នុងឆ្នាំកន្លងមក ព្រមទាំង លើកទិសដៅប្រចាំឆ្នាំសម្រាប់ការអនុវត្តបន្តក្នុងឆ្នាំខាងមុខអស់រយៈពេល ៣ថ្ងៃ៕

ក្រសួងការងាររៀបចំវគ្គបណ្ដុះបណ្ដាលបំប៉នគ្រូបង្គោលអំពីការកែលម្អរបៀបធ្វើការនៅតាមការដ្ឋានសំណង់ខ្នាតតូច និងទម្រង់របាយការណ៍គ្រូពេទ្យសហគ្រាសនៅខេត្តព្រះសីហនុ

2025/11/19 05:04:49 pm        121
សីហនុ៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ និង ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្ដុះបណ្ដាលបំប៉នគ្រូបង្គោលស្ដីពី៖ «ការកែលម្អរបៀបធ្វើការនៅតាមការដ្ឋានសំណង់ខ្នាតតូច និងទម្រង់របាយការណ៍គ្រូពេទ្យសហគ្រាស» ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ ដែលមានអ្នកចូលរួមសរុបចំនួន ៦០នាក់។ លោក យី កន្និដ្ឋា អនុប្រធាននាយកដ្ឋាន តំណាងប្រធាននាយកដ្ឋានពេទ្យការងារ បានចូលរួមជាសហអធិបតីជាមួយ លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ និងបានដឹកនាំមន្រ្តីនៃនាយកដ្ឋានពេទ្យការងារឡើងធ្វើបទបង្ហាញ ដើម្បីចែករំលែកបញ្ជ្រាបនូវចំណេះដឹង និងបទពិសោធដល់មន្រ្តីរាជការនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំង២៥រាជធានី-ខេត្ត។ គ្រូបង្គោលដែលចូលរួមវគ្គនេះ ទទួលបាននូវចំណេះដឹងបន្ថែមយកទៅធ្វើការបណ្តុះបណ្តាលបន្តដល់កម្មករនិយោជិតក្នុងវិស័យសំណង់ ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ការងារ និងហានិភ័យផ្សេងៗ ក្នុងពេលបំពេញការងាររបស់កម្មករនិយោជិត និងជំរុញដល់ការយកចិត្តទុកដាក់បន្ថែមលើការប្រើប្រាស់វិធីសាស្រ្តសាមញ្ញ និងលើកកម្ពស់ផ្នែកសុវត្ថិភាព និងសុខភាពការងារ និងនីតិវិធីក្នុងការផ្តល់របាយការណ៍គ្រូពេទ្យសហគ្រាសឱ្យស្របតាមប្រកាសរួមលេខ ១៣៩ ស.ក.ប.យ ស្តីពីលក្ខខណ្ឌ និងបេសកកម្មសេវាពេទ្យការងារ។ជាមួយគ្នានេះ លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះនាយកដ្ឋានពេទ្យការងារ ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពីការកែលម្អរបៀបធ្វើការនៅតាមការដ្ឋានសំណង់ខ្នាតតូច និងទម្រង់របាយការណ៍គ្រូពេទ្យសហគ្រាស។ លោកប្រធានមន្ទីរបានសំណូមពរដល់នាយកដ្ឋានពេទ្យការងារ ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តជំរុញការអប់រំផ្សព្វផ្សាយពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារបន្ថែមទៀត ដើម្បីឱ្យបងប្អូនកម្មករនិយោជិតបានយល់ដឹង និងបំពេញការងារប្រកបដោយសុវត្ថិភាព និងមានសុខភាពល្អ ព្រមទាំងមានផលិតភាពការងារកាន់តែប្រសើរ៕

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញលើកទឹកចិត្តការពង្រឹងសមត្ថភាពក្រុមយុវជនក្នុងវិស័យឧស្សាហកម្មយានយន្ត

2025/11/19 04:53:36 pm        116
ភ្នំពេញ៖ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលមូលធនមនុស្ស ជាពិសេសការពង្រឹងសមត្ថភាពលើក្រុមយុវជនក្នុងវិស័យឧស្សាហកម្មយានយន្តផ្ទាល់ដល់គណៈប្រតិភូក្រុមហ៊ុន RMA Cambodia និង Bendigo Kangan Institute (BKI) Group ដោយហេតុថាកម្លាំងពលកម្មដែលមានជំនាញច្បាស់លាស់ នឹងចូលរួមផ្ដល់តម្លៃបន្ថែមដល់សេដ្ឋកិច្ច ហើយកិច្ចការងារនេះក៏ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងជំរុញលើកទឹកចិត្តការវិនិយោគលើវិស័យឧស្សាហកម្មយានយន្ត ការផ្គុំតម្លើង និងឧស្សាហកម្មគ្រឿងអេឡិចត្រូនិចជាដើម។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់បែបនេះក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន RMA Cambodia និង Bendigo Kangan Institute (BKI) Group របស់ប្រទេសអូស្ត្រាលី ដឹកនាំដោយ លោកស្រី Bridget Collier ឯកអគ្គរដ្ឋទូតរងអូស្រ្តាលី ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះ។ក្នុងជំនួបនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូទាំងអស់ដែលបានចូលរួម និងបានសម្តែងនូវអំណរសាទរលើកិច្ចសហការរវាងក្រុមហ៊ុនទាំងពីរ ក្នុងការផ្តល់ឱកាសឱ្យយុវជនបានបង្កើនជំនាញបច្ចេកទេសឱ្យកាន់តែល្អប្រសើរថែមទៀត។ ឯកឧត្តម ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលមូលធនមនុស្ស ជាពិសេស ការពង្រឹងសមត្ថភាពលើក្រុមយុវជនក្នុងវិស័យឧស្សាហកម្មយានយន្តផ្ទាល់ ដោយហេតុថាកម្លាំងពលកម្មដែលមានជំនាញច្បាស់លាស់ នឹងចូលរួមផ្ដល់តម្លៃបន្ថែមដល់សេដ្ឋកិច្ច ហើយកិច្ចការងារនេះក៏ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងជំរុញលើកទឹកចិត្តការវិនិយោគលើវិស័យឧស្សាហកម្មយានយន្ត ការផ្គុំតម្លើង និងឧស្សាហកម្មគ្រឿងអេឡិចត្រូនិចជាដើម។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ ដែលជាបច្ច័យល្អមួយសម្រាប់ការធ្វើពាណិជ្ជកម្ម និងផ្ដល់ភាពច្បាស់លាស់ជូនដល់ពាណិជ្ជករ និងវិនិយោគិន។ភ្ជាប់ទៅប្រធានបទខាងលើនេះដែរ ដើម្បីជំរុញសុខុមាលភាពប្រជាជនឱ្យកាន់តែប្រសើរឡើង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្នើឱ្យក្រុមហ៊ុនចូលរួមចំណែកឱ្យបានសកម្មក្នុងសកម្មភាពទំនួលខុសត្រូវសង្គម (Corporate Social Responsibility - CSR) ពិសេសពាក់ព័ន្ធនឹងការរៀបចំគ្លីនិកចល័ត (Mobile Clinic) ដើម្បីគាំទ្រការផ្ដល់សេវាថែទាំសុខភាពជូនបងប្អូនប្រជាពលរដ្ឋ នៅតាមតំបន់ដាច់ស្រយាល និងតំបន់ងាយរងគ្រោះនានា។ ជាការឆ្លើយតប លោកតំណាងក្រុមហ៊ុន RMA Cambodia បានបង្ហាញឆន្ទៈក្នុងការចូលរួមចំណែកគាំទ្រដល់សកម្មភាពខាងលើ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់លើបញ្ហាសង្គម នៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ជាមួយនឹងរាជរដ្ឋាភិបាល។សូមបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រីអំពីផែនការយុទ្ធសាស្រ្តរបស់មជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា (Automotive Centre of Excellence in Cambodia - ACEC) លើគម្រោងរៀបចំឱ្យមានការបណ្ដុះបណ្ដាល និងបំពាក់បំប៉នជំនាញជូនដល់យុវជនកម្ពុជាលើវិស័យយានយន្ត និងវិស័យពាក់ព័ន្ធផ្សេងទៀត ក្រោមកិច្ចសហការរវាង ក្រុមហ៊ុន RMA Cambodia និង ក្រុមហ៊ុន BKI Group។ កិច្ចសហការនេះក៏ស្នើសុំឱ្យមានការគាំទ្រពីរាជរដ្ឋាភិបាល ពីក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីបានជាធាតុចូល និងអាចជំរុញឱ្យក្រុមហ៊ុនដាក់ចេញនូវយុទ្ធសាស្រ្តពង្រឹងជំនាញយុវជន ត្រៀមសម្រាប់ផ្គត់ផ្គង់ដល់ផ្នែកឯកជនតាមតម្រូវការបច្ចេកទេស៕

អភិបាលខេត្តព្រះវិហារ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មី ១ខ្នង ៤បន្ទប់ និងសមិទ្ធផលនានា ជាអំណោយរបស់សប្បុរសជនជនជាតិឥណ្ឌូនេស៊ី និងម៉ាឡេស៊ី

2025/11/19 04:20:33 pm        205
នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីស្រឡាង ១ខ្នង មាន ៤បន្ទប់ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាតេជោភ្នំដងរែក ស្ថិតនៅភូមិស្ទឹងខៀវ ឃុំស្រអែម ស្រុកជាំក្សាន្ត ដែលជាអំណោយរបស់សប្បុរសជន ជនជាតិឥណ្ឌូនេស៊ី និងម៉ាឡេស៊ី តាមរយៈលោក សុខ វុទ្ធី និងលោកស្រី តាំង សុខមុំ ដោយដំណើរការសាងសង់ចាប់ផ្តើមពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ និងរួចរាល់ជាស្ថាពរនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។លោក សុខ វុទ្ធី បានថ្លែងថា ដើមឡើយ លោកបានមកដល់សាលាបឋមសិក្សាតេជោភ្នំដងរែក ដែលជាតំបន់ដាច់ស្រយោល ហើយឃើញស្ថានភាពសាលាមានសភាពចាស់ទ្រុឌទ្រោម និងជាពិសេសគឺ ការខ្វះខាតទីកន្លែងសិក្សាសមរម្យ និងមានសុវត្ថិភាពដល់សិស្សតូចៗ ដែលស្ថានភាពនេះបានជំរុញឱ្យលោក សម្រេចចិត្តគៀងគរសប្បុរសជន និងថវិកាផ្ទាល់ខ្លួន ដើម្បីសាងសង់សាលាថ្មីនេះឡើងភ្លាមៗ ដើម្បីឱ្យក្មួយៗសិស្សានុសិស្សបានសិក្សារៀនសូត្រប្រកបដោយផាសុកភាព សុវត្ថិភាព ដោយមិនបារម្ភពីបញ្ហាត្រូវទទឹកភ្លៀង ឬកម្ដៅថ្ងៃទៀតឡើយ។ ជាមួយនេះ លោកក៏បានផ្ដាំផ្ញើឱ្យសិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រឱ្យបានពូកែ ដើម្បីយកចំណេះជំនាញមកអភិវឌ្ឍប្រទេសជាតិ របស់យើងទៅថ្ងៃអនាគត។ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានសម្តែងនូវការអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ ដែលទទួលបានសមិទ្ធផលថ្មីនេះ ជាមួយនឹងការថ្លែងអំណរគុណ និងកោតសរសើរយ៉ាងស្មោះចំពោះទឹកចិត្តសប្បុរសធម៌របស់លោក សុខ វុទ្ធី និងសប្បុរសជននានា ដែលបានលះបង់ធនធានផ្ទាល់ខ្លួនជួយសាងសង់អគារសាលាបឋមសិក្សានេះ ក៏ដូចជាការងារមនុស្សធម៌ជាច្រើនទៀតនៅតាមតំបន់ផ្សេងៗ។ ឯកឧត្តមបានបញ្ជាក់ថា កាយវិការដ៏ប្រពៃនេះ គឺជាការបង្ហាញនូវទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអនាគតកុមារជំនាន់ក្រោយ ដែលនឹងក្លាយជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងកោតសរសើរចំពោះអាជ្ញាធរស្រុកជាំក្សាន្ត ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការគៀងគរ និងទាក់ទាញសប្បុរសជន ឱ្យចូលរួមចំណែកជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមបានបន្តថា កិច្ចខិតខំប្រឹងប្រែងនេះបានបង្ហាញពីឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់អាជ្ញាធរមូលដ្ឋានក្នុងការលើកកម្ពស់វិស័យអប់រំ ដើម្បីផ្តល់លទ្ធភាពឱ្យសិស្សានុសិស្សបានសិក្សារៀនសូត្រក្នុងបរិយាកាសសមរម្យ និងប្រកបដោយគុណភាព។បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្ត បានជម្រុញ និងលើកទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការស្វែងរក និងគៀងគរអ្នកវិនិយោគ ក៏ដូចជាសប្បុរសជននានា ទាំងក្នុងនិងក្រៅប្រទេស ឱ្យមកបន្តចូលរួមវិនិយោគ និងជួយឧបត្ថម្ភគាំទ្រលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំនេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តព្រះវិហារឱ្យកាន់តែរីកចម្រើន។ក្នុងឱកាសនោះផងដែរ សប្បុរសជនក៏បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនចាស់ជរា ព្រមទាំងឧបត្ថម្ភកង់ និងសម្ភារៈសិក្សាដល់សិស្សានុសិស្ស នៅក្នុងសាលាបឋមសិក្សានេះផងដែរ ដើម្បីជាការលើកទឹកចិត្ត និងសម្រួលដល់ការរស់នៅ និងការសិក្សារបស់ពួកគាត់៕

ជីធម្មជាតិតម្លៃជាង២មុឺនដុល្លារត្រៀមសម្រាប់ការដាំម្ទេសជាង ៣០ហិកតា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

2025/11/19 04:14:45 pm        105
ការប្រមូលទិញល្បាយជីសម្រាប់ប្រើប្រាស់ក្នុងដំណើរការគម្រោងសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង បានចំណាយថវិកាសរុបប្រមាណជាង ២មឺុនដុល្លារអាមេរិក ដើម្បីគាំទ្រដល់ផលិតកម្មដាំដុះម្ទេសលើផ្ទៃដីប្រមាណ ៣០ ហិកតារបស់បងប្អូនអតីតយុទ្ធជនឱ្យទទួលបានទិន្នផលល្អ និងមានគុណភាពខ្ពស់។ នេះបើតាមការបញ្ជាក់ពីលោក វ៉ាង ចាន់ធី អ្នកសម្របសម្រួលក្នុងសហគមន៍ បានប្រាប់ក្រុមការងារព័ត៌មានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ។ លោក វ៉ាង ចាន់ធី អ្នកសម្របសម្រួលក្នុងសហគមន៍ បានគូសបញ្ជាក់ទៀតថា ជីសម្រាប់ប្រើប្រាស់នៅដំណាក់កាលទី១នៃការដាំដុះម្ទេសនេះ មានជីទឹកធម្មជាតិ ជីទ្រាប់បាត និងការលាយជីកំប៉ុសដែលមានសារធាតុផ្សំដូចជា លាមកគោ, កំបោរកសិកម្ម និងធ្យូងអង្កាម ដើម្បីត្រៀមដាក់នៅតាមរងដំណាំបងប្អូនអតីតយុទ្ធជនជាសមាជិកសហគមន៍។ដាក់សម្ភាស៖ លោក វ៉ាង ចាន់ធី អ្នកសម្របសម្រួលក្នុងសហគមន៍ម្ទេសដំណាក់ទ្រយឹងគួរជម្រាបជូនដែរថា ការប្រមូលទិញជីសម្រាប់ប្រើប្រាស់លើដំណាំម្ទេសនេះ គឺជាថវិកាចំណាយរបស់សមាជិកសហគមន៍ផ្ទាល់ ដែលមានការសម្របសម្រួលដើររកទិញធាតុផ្សំផ្សេងៗ និងជួយផ្គត់ផ្គង់ដោយក្រុមហ៊ុនគិរីទេស។ជាមួយគ្នានោះដែរ លោក វ៉ាង ចាន់ធី ក៏បានឱ្យដឹងបន្ថែមថា នៅក្នុងសហគមន៍ម្ទេសដំណាក់ទ្រយឹងនេះ ក៏មានឃ្លាំងចំនួន២ ដែលបានសាងសង់ដោយថវិការបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា និងកម្ចីរបស់សហគមន៍ពីធនាគារដៃគូរ សរុបចំនួន២៤៩០០ ដុល្លារអាមេរិក ដើម្បីត្រៀមសម្រាប់ទុកដាក់ជី និងថ្នាំកម្ចាត់សត្វល្អិត ព្រមទាំងកសិផលនានា ដែលបង្កលក្ខណៈងាយស្រួលក្នុងការរក្សាទុក និងផលិតកម្មដាំដុះម្ទេសរបស់បងប្អូនអតីតយុទ្ធជនកាន់តែប្រសើរឡើង៕

ឯកឧត្តម គន់ គីម៖ សម្តេចតេជោ ហ៊ុន សែន បានគិតគូរអតីតយុទ្ធជន និងនិវត្តជនគ្រប់កាលៈទេសៈ

2025/11/19 04:10:09 pm        111
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងថា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានគិតគូរដល់សុខទុក្ខអតីតយុទ្ធជន និងនិវត្តជន រាប់តាំងពីពេលនៅជាមន្រ្តីរាជការ រហូតដល់ពេលចូលនិវត្តន៍។នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) បានអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តកំពង់ស្ពឺ។ ពិធីនេះមានការអញ្ជេីញចូលរួមពី ឯកឧត្ដម-លោកជំទាវ ប្រតិភូអមរបស់សមាគម, ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត, ស្នងការនគរបាលខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, បណ្តាមន្ទីរ-អង្គភាពពាក់ព័ន្ធ, អភិបាលក្រុង-ស្រុក, មេឃុំ-ចៅសង្កាត់, នាយប៉ុស្តិ៍, កងកម្លាំងទាំង៣, អតីតយុទ្ធជន និងនិវត្តជន ដែលពិធីនេះរៀបចំឡើងនៅសាលប្រជុំ សាលាខេត្តកំពង់ស្ពឺ។ក្នុងឱកាសនេះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ត្រូវបានតែងតាំងជា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ស្ពឺ ព្រមទាំងបានតែងតាំងអនុប្រធានចំនួន ១៨រូប និងសមាជិក-សមាជិកាចំនួន ១៧រូបទៀត។ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានប្រកាសប្តេជ្ញាចិត្តគោរព និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាពិសេសអនុវត្តធ្វើជាសេនាធិការជូនគណៈកម្មាធិការសមាគមថ្នាក់កណ្តាល និងគណៈកម្មាធិការសមាគមថ្នាក់ខេត្ត ដោយរក្សានូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងប្រកបដោយឆន្ទៈតែមួយ។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានសម្តែងការដឹងគុណចំពោះគុណបំណាច់របស់អតីតយុទ្ធជន ដែលបានតស៊ូគ្រប់ដំណាក់កាលដែលប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់នូវសង្គ្រាម បូករួមទាំងសង្គ្រាមផ្ទៃក្នុង រហូតមកបញ្ចប់សង្គ្រាមដោយជោគជ័យក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាព ទើបអាចដឹកនាំយុទ្ធជន យុទ្ធនារី ជួយឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ។ ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានរម្លឹកពីវីរភាពអង់អាចក្លាហានរបស់អតីតយុទ្ធជនគ្រប់ជំនាន់ ក៏ដូចជានិវត្តជនដែលដៃម្ខាងជួយកសាងជាតិ និងការពារជាតិ ក្នុងការរួមចំណែកធានាជួយឱ្យប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិមកដល់សព្វថ្ងៃ គឺមានការរួមចំណែកពីអតីតយុទ្ធជន និងនិវត្តជន ទើបមានប្រទេសកម្ពុជាដ៏រុងរឿង។ក្នុងនាម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា ដោយមេីលឃេីញពីការរួមចំណែក មិនថាទាំងអតីតយុទ្ធជន និងនិវត្តជន ទេីបសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម ត្រូវតែសម្រេចបញ្ជូលអតីតយុទ្ធជន និងនិវត្តជន ឱ្យជ្រកក្រោមឆ័ត្រតែមួយ និងដឹកនាំដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម។ ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា អស់រយៈពេលជាង១៨ឆ្នាំមកហើយ ដែលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវបានបង្កើតឡើងដោយគំនិតផ្តួចផ្តើម ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានគិតគូរ និងដោះស្រាយការលំបាកជូនអតីតយុទ្ធជន និងនិវត្តជន រាប់តាំងពីពេលនៅជាមន្រ្តីរាជការ រហូតដល់ពេលចូលនិវត្តន៍។ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផែនការសាងសង់ផ្ទះក្នុងរយៈពេល៥ឆ្នាំ ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ ជាកាដូជូនអតីតយុទ្ធជន និងនិវត្តជនដែលជួបការលំបាកឱ្យទទួលបានជីវភាពរស់នៅសមរម្យ។ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា រាជរដ្ឋភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា បានបន្តយកចិត្តទុកដាក់ជាប់ជានិច្ចទាំងការផ្តល់អត្ថប្រយោជន៍ផ្សេងៗ ក៏ដូចដោះស្រាយជីវភាពរស់នៅដល់អតីតយុទ្ធជនណាដែលជួបការលំបាក ដេីម្បីផ្តល់ផ្ទះ និងដីសម្បទានសង្គមកិច្ចសម្រាប់ជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែប្រសេីរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ កំពុងសិក្សាកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ខណៈភាពជាប់គាំងនៅតែបន្ត
06/03/2026 08:06 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
06/03/2026 07:06 AM
UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM