សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា

ព័ត៌មានជាតិ

ក្រសួងការងារ សហការជាមួយសមាគម TAFTAC ផ្សព្វផ្សាយអំពីលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារដល់សហគ្រាស រោងចក្រ ក្រុមហ៊ុន នៅខេត្តបាត់ដំបង

2025/11/19 03:50:59 pm        116
បាត់ដំបង៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារដល់អ្នកគ្រប់គ្រងសហគ្រាស រោងចក្រ ក្រុមហ៊ុន និងបុគ្គលិកផ្នែកធនធានមនុស្ស និងរដ្ឋបាលអនុលោមភាព សរុបចំនួន ១៦នាក់ នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។លោក កូវ ប៊ុនធឿន អនុប្រធាននាយកដ្ឋាន តំណាងប្រធាននាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារចូលរួម និងធ្វើបទបង្ហាញ ដើម្បីការផ្សព្វផ្សាយ ណែនាំ និងបង្កើនការយល់ដឹងដល់សហគ្រាស រោងចក្រ ក្រុមហ៊ុន ស្ដីពីច្បាប់ បទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំដែលពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ។ក្រុមការងារបានពន្យល់ពីនីតិវិធីនៃការត្រួតពិនិត្យបញ្ជីអធិការកិច្ចផ្នែកលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ សុវត្ថិភាពគ្រឿងម៉ាស៊ីន មូលដ្ឋានគ្រឹះនៃសុវត្ថិភាពអគ្គិភ័យ និងនីតិវិធីស្នើសុំពិនិត្យកាយសម្បទាផងដែរ។ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត លី សារុន ប្រធានការិយាល័យនៃនាយកដ្ឋានពេទ្យការងារ បានផ្សព្វផ្សាយនូវព័ត៌មាន និងយុទ្ធនាការមួយចំនួនពាក់ព័ន្ធនឹងវិស័យការងារ និងរបៀបរស់នៅប្រកបដោយសុខុមាលភាពដល់សិក្ខាកាមតាមរយៈការផ្សព្វផ្សាយនូវនីតិវិធីក្នុងការស្វែងរកការងារធ្វើដល់សិក្ខាកាម ដោយបង្ហាញជា (QR Code) និងលេខទូរសព្ទទំនាក់ទំនង ១២៩៧។លោកវេជ្ជបណ្ឌិត បានបន្តផ្សព្វផ្សាយអំពីកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់សិក្ខាកាម ការផ្សព្វផ្សាយពីយុទ្ធនាការទប់ស្កាត់ជំងឺអេដស៍ និងគ្រឿងញៀន និងការផ្សព្វផ្សាយពីយុទ្ធនាការទប់ស្កាត់ជំងឺមិនឆ្លង ផលប៉ះពាល់ និងណែនាំឱ្យកាត់បន្ថយការបរិភោគស្ករ អំបិល និងខ្លាញ់លើសកម្រិត៕លើសពីនេះទៅទៀត លោក លន់ សុវណ្ណដា គ្រូបណ្តុះបណ្តាល បានធ្វេីបទបង្ហាញបន្ថែមពាក់ព័ន្ធនឹងសុវត្ថិភាពនៃការប្រេីប្រាស់ឡចំហាយ និងផលប៉ះពាល់ចំពោះសុខភាពដែលបណ្ដាលមកពីការស្រូបចូលនូវភាគល្អិត និងសារធាតុគីមីដែលកេីតចេញពីការដុតកម្ទេចក្រណាត់ ព្រមទាំងជំរុញដល់សហគ្រាស រោងចក្រ ក្រុមហ៊ុន ឱ្យធ្វេីការលុបបំបាត់ចោលការដុតកម្ទេចក្រណាត់ ដែលអាចឈានដល់ការបំពុលបរិយាកាសដល់បរិស្ថានជុំវិញ៕

រដ្ឋមន្រ្តីសុខាភិបាល ផ្តល់អនុសាសន៍ ១០ចំណុច ពង្រឹងគុណភាព សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

2025/11/19 03:46:54 pm        294
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានផ្តល់អនុសាសន៍ ១០ចំណុច ដើម្បីពង្រឹងគុណភាពសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តមសាស្រ្តាចារ្យ អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ចក្ខុវិស័យវែងឆ្ងាយ ស្មារតីបុរេសកម្ម និងភាពស្វាហាប់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការកសាងមូលធនមនុស្សជាអាទិភាពចម្បងបំផុត។ ឯកឧត្តមសាស្រ្តាចារ្យវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលបណ្តុះបណ្តាលដែលសម្រេចបាន និងភាពរីកចម្រើនឈានឡើងជាបន្តបន្ទាប់របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យ បានរំលេចពីការអនុវត្តការកែទម្រង់ និងការកែលម្អប្រព័ន្ធសុខាភិបាលជាបន្តបន្ទាប់ ដើម្បីធានាថា ពលរដ្ឋកម្ពុជាទាំងអស់ ទទួលបានសុខភាពល្អ និងជីវភាពប្រសើរ។ ឯកឧត្តមសាស្រ្តាចារ្យ បានអំពាវនាវដល់ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និង ទីតាំងកម្មសិក្សាផ្សេងៗទៀតទាំងអស់ សូមបន្តគាំទ្រសហការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដើម្បីយកទៅអនុវត្ត៖១. បន្តពង្រឹងគុណភាពនៃការបណ្តុះបណ្តាល ដោយធ្វើបច្ចុប្បន្នភាពជាប្រចាំលើកម្មវិធីសិក្សានៅគ្រប់កម្រិត។២. បន្តរៀបចំកម្មវិធីបណ្តុះបណ្តាលថ្មីៗ ដើម្បីឆ្លើយតបឱ្យបានទាន់ពេល និងសមស្រប តាមតម្រូវការថែទាំ និងព្យាបាលប្រជាពលរដ្ឋនៅប្រទេសកម្ពុជាយើង។៣. ខិតខំពង្រីកការផ្សព្វផ្សាយ និងការលើកស្ទួយកិត្យានុភាពវិជ្ជាជីវៈសុខាភិបាល ក្នុងចំណោមអនាគតនិស្សិត និងសាធារណជន សំដៅបង្កើនចិត្តចង់ចូលរៀន និងស្រឡាញ់វិជ្ជាជីវៈសុខាភិបាល ចូលរួមបម្រើសុខុមាលភាពប្រជាពលរដ្ឋយើង ឱ្យបានកាន់តែប្រសើរឡើង។៤. យកចិត្តទុកដាក់ពង្រឹងសមត្ថភាពគរុកោសល្យសម្រាប់សាស្រ្តាចារ្យ ដើម្បីសម្រេចបាននូវការបណ្តុះបណ្តាលបែបសមត្ថភាពស្នូលជាគោល សម្រាប់កម្មវិធីសិក្សាគ្រប់កម្រិត។៥. យកចិត្តទុកដាក់បន្ថែមទៀតលើការលើកកម្ពស់ក្រមសីលធម៌វីជ្ជាជីវៈ និងការអនុវត្តច្បាប់ក្នុងវិស័យសុខាភិបាល ដោយរិះរកវិធីសាស្រ្តក្នុងការបង្រៀន និងវាយតម្លៃឱ្យកាន់តែប្រសើរឡើង។៦. បន្តពង្រឹងការងារអភិបាលកិច្ច និងការងារគ្រប់គ្រង តាមរយៈការបណ្តុះបណ្តាលបន្តជាប្រចាំ អំពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តី បុគ្គលិក និងជំរុញការធ្វើទំនើបកម្មការងារអភិបាលកិច្ច និងគ្រប់គ្រងដោយប្រើប្រាស់នូវកាលានុវត្តភាព របស់បច្ចេកវិទ្យាឱ្យបានច្រើនបំផុតដែលអាចធ្វើទៅបាន។៧. បន្តពង្រីកហេដ្ឋារចនាសម្ព័ន្ធឱ្យបានសមស្រប បម្រើដល់ការរៀន និងបង្រៀន ផ្តោតលើសមត្ថភាព។៨. បន្តជំរុញការងារសិក្សាស្រាវជ្រាវដោយសហការជាមួយដៃគូជាតិ និងអន្តរជាតិបន្ថែមទៀត ដើម្បីស្វែងរកនូវរបកគំហើញថ្មីៗ សម្រាប់ជាធាតុចូលសំខាន់ ក្នុងការរៀបចំគោលនយោបាយ និងយុទ្ធសាស្រ្តសុខាភិបាលនាពេលអនាគត។៩. បន្តពង្រឹងនូវទំនាក់ទំនងភាពជាដៃគូ រវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងទីតាំងកម្មសិក្សាគ្រប់កម្រិត។ ១០. បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាសាកលវិទ្យាល័យ អង្គការ ស្ថាប័នជាតិនិងអន្តរជាតិ សំដៅជំរុញការកៀរគរធនធាន ទាំងបច្ចេកទេស និងថវិកា សម្រាប់ការអភិវឌ្ឍសាកលវិទ្យាល័យ ឱ្យកាន់តែឈានឡើងក្នុងកម្រិតអន្តរជាតិ។គួរបញ្ជាក់ថា សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាលបានដំណើរការកម្មវិធីបណ្តុះបណ្តាល ចំនួន ៥១ កម្មវិធី ដោយមាន និស្សិតសរុបចំនួន ៨,៦០១ នាក់ ក្នុងនោះជានិស្សិតស្រីចំនួន ៥,២៩៣ នាក់។ ក្នុងចំណោមនិស្សិតទាំងនោះ មាននិសិ្សត ចំនួន ៦១១ នាក់ (ស្រីចំនួន ៤២០ នាក់) បានទទួលអាហារូបករណ៏បង់ថ្លៃជំនួសដោយរាជរដ្ឋាភិបាលកម្ពុជា និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ចំនួន ៧៨ នាក់ (ស្រីចំនួន ៣៤ នាក់) បានទទួលអាហារូបករណ៍ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ០២ នាក់ ( ជាបុរស) បានទទួលអាហារូបករណ៍ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន៕

អគ្គលេខាធិការដ្ឋានរដ្ឋសភា ជ្រើសរើសមន្ត្រីកិច្ចសន្យាទាំងពីរភេទចំនួន ៣០នាក់

2025/11/19 03:44:22 pm        261
អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចេញសេចក្តីជូនដំណឹងដល់សាធារណជនជ្រាបថា អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងរៀបចំប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យាទាំងពីរភេទចំនួន ៣០នាក់ ដើម្បីបំពេញការងារ នៅអគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (IT)។  បេក្ខជនដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យចូលបម្រើការងារ សូមទំនាក់ទំនងមកទទួល និងដាក់ពាក្យប្រឡងនៅការិយាល័យធនធានមនុស្ស នៃនាយកដ្ឋានគ្រប់គ្រងបុគ្គលិក នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ រៀងរាល់ម៉ោងធ្វើការ ឬតាមតំណលីងQR ដូចមានភ្ជាប់ជូន។ ព័ត៌មានពិស្ដារ៖

កំណាត់ផ្លូវលំ និងកៅស៊ូ ប្រវែងជាង៨៤គីឡូម៉ែត្រនៅខេត្តក្រចេះ ត្រូវបាន​គណៈ​កម្មការ​ចុះ​ពិនិត្យ និង​វាយ​តម្លៃប្រគល់-ទទួល

2025/11/19 03:05:40 pm        488
គណៈកម្មាការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ចុះ​ពិនិត្យ និងវាយតម្លៃ ប្រគល់-ទទួលខ្សែផ្លូវ ដែលថែទាំប្រចាំ ដោយ​មន្ទីរ​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ក្រចេះ ​ដើម្បីសម្រួលចរាចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ នៅ​ខេត្ត​ក្រចេះ។កំណាត់​ខ្សែផ្លូវលំ និងកៅស៊ូសរុបប្រវែង ៨៤.២០០ម៉ែត្រ ស្ថិតក្នុងស្រុក/ក្រុង ចំនួន ៥ គឺ ៖ ស្រុកឆ្លូង ក្រុងក្រចេះ ស្រុកព្រែកប្រសព្វ ស្រុកចិត្របុរី និងស្រុកសំបូរ។ ក្នុងនោះ ផ្លូវក្រាលកៅស៊ូ DBST ចំនួន ៣ខ្សែ ប្រវែងសរុប ២១.២០០ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ។ ផ្លូវក្រាលល្បាយគ្រួស ល្បាយ​គ្រួសធម្មជាតិ ចំនួន ៣ខ្សែ ប្រវែងសរុប ៦៣.០០០ ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ ទៅ ៦ម៉ែត្រ និង៧ម៉ែត្រ ដែលជាគម្រោងថែទាំប្រចាំរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សម្រាប់​ឆ្នាំ​២០២៥​។កំណាត់ផ្លូវទាំងនេះ​ត្រូវបានត្រួតពិនិត្យ វាយតម្លៃការប្រគល់-ទទួល ពីគណៈកម្មាការក្រសួង មុន​នឹង​ប្រគល់​ជូនសម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន បានធ្វើដំណើរប្រកបដោយការជឿជាក់ និង​ការ​ទទួល​ខុស​ត្រូវ។ដំណើរការចុះពិនិត្យខាងលើនេះ ត្រូវបានធ្វើឡើងក្រោមការដឹកនាំពី លោក ផូ ផារិទ្ធ រដ្ឋ​លេខាធិការ​នៃ​ក្រសួងអភិវឌ្ឍន៍ជន រួមនិងប្រតិភូ ក្រសួងអភិវឌ្ឍន៍ និងក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួមជាមួយមន្រ្តីមន្ទីរជាច្រើនរូប នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥៕ ដោយ សេង ម័រ 

ក្រសួងព័ត៌មាន ផ្សព្វផ្សាយផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀននៅខេត្តស្វាយរៀង

2025/11/19 02:50:52 pm        137
ស្វាយរៀង ៖ ក្រសួងព័ត៌មាន រួមសហការជាមួយនឹងរដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះមានរៀបចំពិធីផ្សព្វផ្សាយផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ក្រោមប្រធានបទ(គ្រឿងញៀនបំផ្លាញការសិក្សា)ដែលពិធីនេះបានប្រព្រឹត្តទៅនៅក្រុងនិងខេត្តស្វាយរៀងក្រោមវត្តមានឯកឧត្តម ឡុង សេង រដ្ឋលេខាធិការក្រសួង និងជាតំណាងឯកឧត្តមនេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកម៉ែន អេងអភិបាលរងខេត្តស្វាយរៀង។ថ្លែងមានប្រសាសន៍ក្នុងពិធីផ្សព្វផ្សាយនាឱកាសនោះ ក្នុងនាមក្រសួងឯកឧត្តមឡុង សេង រដ្ឋលេខាធិការក្រសួងបានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលបានសហការនិងចូលរួមប្រកបដោយស្មារតីចលនាបញ្ឈប់ និងបញ្ជៀសសកម្មភាពការប្រើប្រាស់គ្រឿងញៀននិងផលប៉ះពាល់នៅថ្ងៃនេះ។ជាមួយគ្នានោះដែរក្នុងនាមក្រសួង ឯកឧត្តមឡុង សេង នូវបានផ្ដាំផ្ញើដល់ បងប្អូនពលរដ្ឋ ពិសេសយុវជន ជាសិស្សានុសិស្សហើយកំពុងសិក្សា ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន យើងដឹងហើយថាគ្រឿងញៀន ធ្វើអោយអសកម្មដល់កិច្ចការអភិវឌ្ឍន៏ប្រទេស ។ សូមបញ្ជាក់ថានៅក្នុង «យុទ្ធនាការផ្សព្វផ្សាយអប់រំ ស្តីពីបញ្ហាគ្រឿងញៀន» របស់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្រុងនិងខេត្តស្វាយរៀង ថ្ងៃនេះត្រូវបាន មន្ត្រីថ្នាក់ដឹកនាំនៅក្នុងរដ្ឋបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជន យុវនារី ចំនួនប្រហែលជាង ៥០០ នាក់ផងដែរ៕ ដោយ ៖ ភា សារិត

គណ:ប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា អញ្ជើញចុះពិនិត្យឈ្វេងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងចក្ខុវិស័យរបស់មន្ទីរពេទ្យព្រះអង្គឌួង

2025/11/19 02:44:56 pm        117
ភ្នំពេញ ៖ ដោយបានការអនុញ្ញាតពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា គណ:ប្រតិភូគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណ:កម្មការទី៨) ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យឈ្វេងយល់អំពីវឌ្ឍនភាពការងារ ក៏ដូចជាបញ្ហាប្រឈមនិងសំណូមពរនានា របស់មន្ទីពេទ្យព្រះអង្គឌួង ដោយទទួលស្វាគមន៍ពីសំណាក់លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល និងឯកឧត្តមសាស្ដ្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង។​ឯកឧត្តមសាស្ដ្រាចារ្យរង លូ លីឃាង បានធ្វើសេចក្តីរាយការណ៍ពីវឌ្ឍនភាពការងារក៏ដូចជាបញ្ហាប្រឈមនានាដែលមន្ទីរពេទ្យបានជួបប្រទះកន្លងមក។ ក្នុងនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតនិងប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តោតលើវិស័យសុខាភិបាល ជាវិស័យអទិភាព ដេីម្បីឈានឆ្ពោះទៅគ្របដណ្តប់សុខភាពជាសកល ដោយបានពង្រីកការផ្តល់សេវាព្យាបាលជូនដល់ប្រជាពលរដ្ឋដោយឥតបង់ថ្លៃ តាមរយៈការបង្កើតនូវប្រព័ន្ធគាំពារសង្គម មានដូចជាការប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌ ក្រ១ ក្រ២ និងប័ណ្ណប.ស.ស ។ ឯកឧត្តមសាស្រ្តាចារ្យរង បានបន្តទៀតថា មន្ទីរពេទ្យព្រះអង្គឌួង ចាប់តាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៥ ទាំងផ្នែកសេវាព្យាបាល បច្ចេកវិទ្យា មានការរីកចំរើនគួរឱ្យកត់សំគាល់ ដោយមានអ្នកជំងឺមកទទួលសេវាសុខាភិបាលក្នុងមន្ទីរពេទ្យព្រះអង្គឌួង បានកើនឡើងជារៀងរាល់ឆ្នាំ ដោយក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់លើក្រមសីលធម៌វិជ្ជាជីវៈ ការចែករំលែកចំណេះដឹងបច្ចេកទេស និងបទពិសោធន៍ការផ្តល់សេវា ការលើកទឹកចិត្តមន្រ្តីរាជការបុគ្គលិកត្រូវបានអនុវត្តតាមរបៀបផ្សេងៗត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ និងការគ្រប់គ្រង និងការពង្រឹងប្រសិទ្ធភាពការងារត្រូវបានអនុវត្តតាមបទបញ្ជាផ្ទៃក្នុងដោយផ្តោតលើភាពស្មោះត្រង់ ក្រមសីលធម៌ វិជ្ជាជីវៈ និងសាមគ្គីភាពផ្ទៃក្នុង ការប្រើប្រាស់បច្ចេកវិទ្យា និងបរិក្ខារទំនើបថ្មីៗ ហើយក៏បានជំរុញឱ្យការផ្តល់សេវាកាន់តែប្រសើរឡើង ជាពិសេស នាពេលអនាគត គឺបន្តពង្រឹងគុណភាពសេវាថែទាំ បន្តការលើកទឹកចិត្តបុគ្គលិកសុខភាពផ្លូវកាយ និងផ្លូវចិត្ត និងបណ្តុះបណ្តាលថ្នាក់ដឹកនាំបន្ត។ក្រោយពីបានស្តាប់នៅសេចក្តីរាយការណ៍របស់ឯកឧត្តមប្រធានមន្ទីរពេទ្យរួចមក លោកជំទាវ ឡោក ខេង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យព្រះអង្គឌួង ដោយបានវិវត្តខ្លួនយ៉ាងឆាប់រហ័សក្លាយជាស្ថាប័នដែលមានការសាទរ ទទួលស្គាល់ និងមានទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់លើការធានារ៉ាប់រងចំពោះការគាំពារសុខភាព នៅពេលមានជំងឺឬក៏គ្រោះថ្នាក់ផ្សេងៗ ។ លោកជំទាវ ឡោក ខេង បានសង្កត់ធ្ងន់ថា សម្រាប់នីតិកាលទី៧នេះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ចំពោះការពង្រឹងវិស័យសុខាភិបាល និងគោលនយោបាយអាទិភាពសំដៅឈានដល់ការគ្របដណ្ដប់សុខភាពជាសាកល ក្នុងន័យនេះ ប.ស.ស. ក៏ដើរតួយ៉ាងសំខាន់ក្នុងការជំរុញគោលនយោបាយមួយនេះផងដែរ ៕អត្ថបទ រដ្ឋា 

ក្រសួងអប់រំបើកវេទិកាស្រាវជ្រាវថ្នាក់ជាតិ និងពិព័រណ៍ស្ទែមឧត្តមសិក្សា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការស្រាវជ្រាវសម្រាប់ការអភិវឌ្ឍក្នុងយុគសម័យបញ្ញាសិប្បនិម្មិត»

2025/11/19 02:29:45 pm        306
នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាស្រាវជ្រាវថ្នាក់ជាតិ និងពិព័រណ៍ស្ទែមឧត្តមសិក្សា ឆ្នាំ២០២៥» ក្រោមប្រធានបទ៖ ការស្រាវជ្រាវសម្រាប់ការអភិវឌ្ឍក្នុងយុគសម័យបញ្ញាសិប្បនិម្មិត ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង សាកលវិទ្យាធិការ នាយក នាយិកា សាស្រ្តាចារ្យ នៃគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន តំណាងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងសិស្សានុសិស្ស។មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់នាយកដ្ឋានស្រាវជ្រាវ និងនវានុវត្តន៍ នៃអគ្គនាយកដ្ឋានឧត្តមសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានសហការជាមួយគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន និងភាគីពាក់ព័ន្ធ រៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាពនិងគុណភាពមូលធនមនុស្ស និងការបង្កើតនិងប្រព័ន្ធអេកូស៊ីស្រាវជ្រាវឱ្យរឹងមាំលើការអប់រំស្ទែម និងការស្រាវជ្រាវ តាមរយៈការលើកកម្ពស់វប្បធម៌សិក្សាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ធនធានស្រាវជ្រាវ និងការត្រៀមខ្លួនរបស់យុវជនលើការចាប់យកការរីកចម្រើនយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិតនៅកម្រិតឧត្តមសិក្សាដើម្បីបម្រើផលប្រយោជន៍ជាតិ និងវិស័យអាទិភាពរបស់កម្ពុជា។ការអប់រំឌីជីថល និងការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សាគឺជាអាទិភាពកំណែទម្រង់គន្លឹះមួយ ដែលក្រសួងកំពុងតែយកចិត្តទុកដាក់អនុវត្ត៖- ការអប់រំឌីជីថល៖ ដោយសង្កត់ធ្ងន់លើការរួមបញ្ចូលបច្ចេកវិទ្យាទៅក្នុងការសិក្សា ដើម្បីបរិវត្តកម្មសេដ្ឋកិច្ចសង្គមឌីជីថល និងការត្រៀមខ្លួនទទួលយក និងទាញយកប្រយោជន៍ឱ្យបានកម្រិតអតិបរិមា ពីការរីកចម្រើនបច្ចេកវិទ្យានៅលើសកលលោក។- ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថាន ឧត្តមសិក្សា៖ គ្រឹះស្ថានឧត្តមសិក្សាត្រូវផ្តោតលើការពង្រឹងអភិបាលកិច្ច ការលើកកម្ពស់គុណវុឌ្ឍិសាស្ត្រាចារ្យឱ្យមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតការស្រាវជ្រាវ និងជំរុញសហគ្រិនភាព និងនវានុវត្តន៍នៅតាមសាកលវិទ្យាល័យ។ ការលើកកម្ពស់គុណភាពសាស្ត្រាចារ្យបង្រៀន និងការបង្កើតភាពជាដៃគូជាមួយអាជីវកម្មសហគ្រាស ដើម្បីផ្តល់ឱកាសដល់និស្សិតសិក្សាមានសហគ្រិនភាព ការទទួលបានការងារ និងបទពិសោធជាក់ស្តែង។ក្នុងយុគសម័យបច្ចេកវិទ្យាដ៏ជឿនលឿននេះ បញ្ញាសិប្បនិម្មិត (AI) បានក្លាយជាកម្លាំងចលករដ៏សំខាន់បំផុតមួយក្នុងការផ្លាស់ប្តូរពិភពលោក ដោយជះឥទ្ធិពលស្ទើរគ្រប់វិស័យ ជាពិសេសវិស័យអប់រំ តាមរយៈការសិក្សាផ្ទាល់ខ្លួន (Personalized Learning) និងការផ្តល់មតិកែលម្អភ្លាមៗ AI កំពុងជួយគ្រឹះស្ថានឧត្តមសិក្សាក្នុងការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល ប្រកបដោយសមត្ថភាពស្រាវជ្រាវខ្ពស់ ដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ទីផ្សារការងារ និងការអភិវឌ្ឍជាតិប្រកបដោយនិរន្តរភាព។ ទន្ទឹមនឹងការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌ ដោយផ្តោតលើភាពចាំបាច់នៃការទទួលខុសត្រូវ និងការយល់ដឹងស៊ីជម្រៅអំពីឥទ្ធិពលនៃបច្ចេកវិទ្យាឌីជីថល ហើយគ្រឹះស្ថានឧត្តមសិក្សាត្រូវតែបណ្ដុះបណ្ដាលនិស្សិតឱ្យមានការគិតពិចារណាដោយភាពវាងវៃ ដើម្បីជៀសវាងការពឹងផ្អែកទាំងស្រុងលើ AI និងដើម្បីអាចវិនិច្ឆ័យភាពត្រឹមត្រូវ និងភាពជឿជាក់នៃព័ត៌មានដែលបង្កើតដោយ AI។ តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកធ្វើឱ្យកម្មវិធីនេះប្រព្រឹត្តទៅបានយ៉ាងរលូន និងសូមលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈ និងឯកជន យកចិត្តទុកដាក់ក្នុងការបញ្ចូលជំនាញ AI ក្នុងកម្មវិធីសិក្សា វិធីសាស្រ្តបង្រៀន និងការវាយតម្លៃការសិក្សាបែបឌីជីថល ជំរុញការបណ្តុះបណ្តាលគ្រូលើជំនាញឌីជីថល និងការរៀបចំបណ្ណាល័យ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីបណ្តុះមូលធនមនុស្សដែលមានជំនាញឌីជីថល ជំនាញស្រាវជ្រាវ និងជំនាញឯកទេស ឆ្លើយតបនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល៕

មន្ទីរប្រឆាំងគ្រឿងញៀន ប្រកាសច្រានចោលចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់គណនី TikTok អនាមិក ឈ្មោះ «បក្សីចាំក្រុង»

2025/11/19 01:51:01 pm        321
មន្ទីរប្រឆាំងគ្រឿងញៀន ប្រកាសច្រានចោល​ទាំង​ស្រុង​ចំពោះ​ការ​ផ្សព្វ​ផ្សាយព័ត៌មាន​មិន​ពិត​របស់​គណនី TikTok អនាមិក ឈ្មោះ «បក្សីចាំក្រុង» ដែលបានបានបង្កើត​ព័ត៌មាន​ចោទ​ប្រកាន់​ថ្នាក់​ដឹក​នាំ​មន្ទីរប្រឆាំងគ្រឿងញៀន ជុំវិញការបង្ក្រាបបទល្មើសគ្រឿងញៀន នៅទីតាំង ខារ៉ាអូខេ​ឈ្មោះ​ពេជ្រ​លើ​មេឃ (ដាយអឺម៉ិន ស្កាយ អ៊ិនធើធេនម៉ិន DIAMOND SKY ENTERTAINMENT) កាល​ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ដោយ TikTok ជនអនាមិកនោះបានចោទប្រកាន់ថា «ជនជាតិចិនគេចាប់បាន ជាង២០០នាក់ ត្រូវបានដោះលែងដោយប្រធានមន្ទីរគ្រឿងញៀន លោក ឃឹង សារ៉ាត់ ជាមួយនឹងថ្ងូរលុយម្នាក់ ៣០០០០$ និងចាយលុយ ១លានដុល្លារឱ្យបើកក្លឹបដំណើរការធម្មតាវិញធ្វើព្រងើយ បើរដ្ឋាភិបាលបណ្ដោយឱ្យ មានមន្ត្រីពុករលួយចឹង រាស្ត្ររស់នៅយ៉ាងម៉េច» ។ការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់គណនី TikTok អនាមិក ឈ្មោះ «បក្សីចាំក្រុង» គឺជា ការផ្សាយចោទប្រកាន់ដោយគ្មាន មូលដ្ឋាន មានចរិតញុះញុង ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំមន្ទីរប្រឆាំងគ្រឿងញៀន ក៏ដូចជា កងកម្លាំងទាំងអស់របស់មន្ទីរប្រឆាំងគ្រឿងញៀន ដែលបាននិងកំពុងខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃ អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល លើការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន៕ 

អភិបាលខេត្តកណ្ដាល កោតសរសើរដល់ប្រជាពលរដ្ឋក្នុងស្រុកល្វាឯម ដែលមានបញ្ហាទំនាស់ដីធ្លីតិចតួចបំផុត

2025/11/19 01:37:59 pm        254
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានកោតសរសើរដល់ប្រជាពលរដ្ឋក្នុងស្រុកល្វាឯម ដែលមានបញ្ហាទំនាស់ដីធ្លីតិចតួចបំផុតបើប្រៀបធៀបជាមួយក្រុង-ស្រុកទាំង១៣ទូទាំងខេត្តកណ្ដាល។ការថ្លែងកោតសរសើរនេះធ្វើឡើងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២ភូមិ សរុបចំនួន ១ ៤៦២ បណ្ណ គឺភូមិកោះកែវលើ និងភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណវត្តកោះកែវមុនីរ័ត្ន ស្ថិតនៅឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បន្តថា បញ្ហាទំនាស់ដីធ្លីមាននៅគ្រប់ក្រុង-ស្រុកក្នុងខេត្តកណ្ដាល ប៉ុន្តែសម្រាប់ស្រុកល្វាឯម គឺជាស្រុកមួយគំរូដែលមានទំនាស់ដីធ្លីតិចតួចបំផុតបើប្រៀបធៀប និងក្រុង-ស្រុកដទៃទៀតទូទាំងខេត្តកណ្ដាល។ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងជាការផ្ដល់ឱ្យប្រជាពលរដ្ឋមានសិទ្ធិកម្មកាន់កាប់ដីធ្លីរបស់ខ្លួនបានត្រឹមត្រូវស្របតាមច្បាប់ ហើយការទទួលបានប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់របស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ បានស្ដែងចេញឱ្យឃើញពីការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ និងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា ភូមិទាំងពីរដែលទទួលបានបណ្ណកម្មសិទ្ធនាពេលនេះ រាល់ឯកសារទាំងអស់ដែលមិនមែនជាប័ណ្ណកម្មសិទ្ធិនេះមិនអាចយកទៅលក់ ឬយកប្រើប្រាស់អ្វីផ្សេងទៀតបានទេ ហើយបើចង់លក់ ឬយកទៅប្រើប្រាស់អ្វីផ្សេងៗត្រូវចុះបញ្ជីដីធ្លីឡើងវិញ ពិសេសអាជ្ញាធរទាំងអស់មិនអាចបញ្ជាក់លើឯកាសារផ្សេងៗក្រៅពីបណ្ណដីធ្លីនេះបានឡើយ។ឯកឧត្តម អភិបាលខេត្ត បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានបណ្ណហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ ដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ពិសេសដីមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវគឺបញ្ជាក់បានថា ដីមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន កាត់បន្ថយជម្លោះ ហើយថែមទាំងងាយស្រួលក្នុងការទិញលក់ផងដែរ៕

បាតុភាពដុតកង់ឡាននៅខណ្ឌ៧មករា ជាជម្លោះពលរដ្ឋ និងពលរដ្ឋ អាជ្ញាធរបានជួយសម្របសម្រួលដោះស្រាយ ហើយ

2025/11/19 01:31:06 pm        235
ភ្នំពេញ ៖ បាតុភាពដុតកង់ឡាន បង្កឲ្យមានការភ្ញាក់ផ្អើលនៅមូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា គឺជាជម្លោះរវាងពលរដ្ឋ និងពលរដ្ឋ ទាក់ទិនរឿងបញ្ហាច្រកចេញចូលលំនៅឋាន ដោយបច្ចុប្បន្នអាជ្ញាធរបានជួយសម្របសម្រួលដោះស្រាយហើយ ។នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានបងប្អូនពលរដ្ឋជាង១០នាក់ដែលរស់នៅអាគារខុនដូរមួយកន្លែង បានប្រមូលផ្តុំគ្នា ធ្វើការដុតសម្បកកង់ឡាន នៅលើច្រកដីឡូតិ៍មួយកន្លែង កែងផ្លូវលេខ១៣៩ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បានបង្កឲ្យមានការភ្ញាក់ផ្អើល ។ការបង្កបាតុភាពតាមរយៈការដុតសម្បកកង់ឡាននេះ គឺដោយសារពលរដ្ឋទាំងជាង១០នាក់ខាងលើ ទាមទារឲ្យពលរដ្ឋជាម្ចាស់ដីឡូតិ៍មួយកន្លែង ដែលមានទីតាំងនៅខាងក្រោយខុនដូរដែលពួកគេរស់នៅនោះ សុំឲ្យបើកច្រកនោះជាផ្លូវសាធារណៈសម្រាប់ប្រើប្រាស់ជាផលប្រយោជន៍រួមសម្រាប់ពលរដ្ឋគ្រប់គ្នា ក៏ប៉ុន្តែភាគីម្ចាស់ដីឡូមិនយល់ព្រម ដោយបញ្ជាក់ថា វាជាកម្មសិទ្ធិឯកជន ពុំមែនជាសម្បត្តិរដ្ឋនោះឡើយ ។កន្លងទៅ ម្ចាស់ដីឡូតិ៍ ធ្លាប់បានជួលច្រកចូលខាងលើ ឲ្យអ្នកមើលការខុសត្រូវអាគារខុនដូរដែលនៅជាប់ផ្លូវនោះ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការចេញចូលរស់នៅប្រចាំថ្ងៃ ក៏ដូចជាការចតរថយន្តជាដើមរបស់ពលរដ្ឋរស់នៅអាគារខុនដូរ ក៏ប៉ុន្តែក្នុងមួយរយះពេលក្រោយមកនេះ ដោយម្ចាស់ដីឡូតិ៍ពុំទទួលបានថវិការថ្លៃជួល ពីភាគីអ្នកគ្រប់គ្រងខុនដូរ ទើបម្ចាស់ដីឡូតិ៍សម្រេចយកច្រកនោះមកគ្រប់គ្រងជាកម្មសិទ្ធិឯកជនភាពផ្ទាល់ខ្លួនវិញ ក៏បង្កឲ្យមានបាតុភាពកើតទុកមិនសុខចិត្តពីបងប្អូនពលរដ្ឋរស់នៅអាគារខុនដូរដែលឧស្សាហ៍ប្រើប្រាស់ច្រកនោះតែម្តងទៅ ។ជុំវិញ បាតុភាពដុតសម្បកកង់ឡានបង្កឲ្យមានការភ្ញាក់ផ្អើលនោះ អាជ្ញាធរខណ្ឌ៧មករា ក៏បានអញ្ចើញអ្នកពាក់ព័ន្ធទាំងជាង១០នាក់ យកទៅធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាស្នើឲ្យបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលបង្កឲ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមបន្តទៀត ។អាជ្ញាធរខណ្ឌ៧មករា បញ្ជាក់ថា ៖ បញ្ហាទំនាស់ច្រកដីឡូតិ៍នោះ បច្ចុប្បន្នក្រុមមន្ត្រីជំនាញ ទាំងថ្នាក់មន្ទីរ ក៏ដូចជាក្រសួងរៀបចំដែនដី នគររូបនីយ៍កម្ម និងសំណង់ បាននឹងកំពុងដោះស្រាយបញ្ហានេះយ៉ាងយកចិត្តទុកដាក់តាមជំនាញហើយ ដូច្នោះហើយ អាជ្ញាធរមូលដ្ឋានស្នើឲ្យបងប្អូនដែលកំពុងមានការកើតទុកមិនសុខចិត្តខាងលើ សូមរក្សាភាពស្ងប់ស្ងៀម និងរងចាំដំណោះស្រាយពីថ្នាក់នាំក្រសួងជំនាញ ដើម្បីទទួលបានលទ្ធផលត្រឹមត្រូវ និងវិជ្ជមានសម្រាប់គ្រប់ៗគ្នា ។ក្នុងនាមរដ្ឋបាលខណ្ឌ បញ្ជាក់ថា ៖ អ្វីដែលជាសម្បត្តិរដ្ឋ នៅតែជាកម្មសិទ្ធិរដ្ឋ ពុំអនុញ្ញាតឲ្យបុគ្គលណារំលោភបំពាននោះឡើយ ក៏ប៉ុន្តែប្រសិនបើសម្បត្តិណា ជាកម្មសិទ្ធិឯកជន គឺរដ្ឋអំណាចត្រូវតែថែរក្សាជូនគាត់ ទៅតាមច្បាប់ទម្លាប់ បញ្ចៀសដាច់ខាតពីការរំលោភបំពានពីភាគីណាមួយដែលពុំមែនជាម្ចាស់កម្មសិទ្ធិ ៕ អត្ថបទ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិកវាយប្រហារកោះ Qeshm របស់អ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់បាញ់មីស៊ីលទៅលើកូវ៉ែត និងបារ៉ែន​
06/03/2026 09:06 AM
អ៊ីរ៉ង់ កំពុងសិក្សាកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ខណៈភាពជាប់គាំងនៅតែបន្ត
06/03/2026 08:06 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
06/03/2026 07:06 AM
UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM