ឆ្នាំនេះ និស្សិតកម្ពុជា​១០នាក់ ជាប់ជ័យលាភីអាហារូបករណ៍ France Excellence បន្តការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង​
កម្មកររោងចក្រទទូចចង់បានសន្តិភាព និងទាមទាឱ្យភាគីថៃដោះស្រាយបញ្ហាដោយសន្តិភាព និងគោរពតាមច្បាប់អន្តរជាតិ
កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ បានចាប់ផ្តើមជាផ្លូវការ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ

ព័ត៌មានជាតិ

សហគមន៍ខ្មែរនៅប្រទសជប៉ុនចេញញត្តិថ្កោលទោសទង្វើអមនុស្សធម៌ ដែលក្រុមទាហានឈុតខ្មៅថៃបានធ្វើ មកលើក្រុមពលករទេសន្តរប្រវសន៍កម្ពុជា

2025/11/19 10:16:16 am        269
សហគមន៍ខ្មែរនៅប្រទេសជប៉ុនទាំងអស់ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញញត្តិប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ព្រៃផ្សៃយង់ឃ្នង របស់ក្រុមទាហានឈុតខ្មៅថៃដែលបានធ្វើមកលើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរចំនួន ១៣នាក់ និងអំពើថោកទាបជាករណីរំលោភសេពសន្ថវៈយ៉ាងព្រៃផ្សៃ។តាមរយៈញត្តិថ្កោលទោសសហគមន៍ខ្មែរនៅជប៉ុន លើកឡើងថា ទាហានឈុតខ្មៅថៃបានប្រើអំពើហិង្សាយ៉ាងសាហាវឃោរឃៅក្នុងរូបភាពប្រើអំពើហិង្សាជាការវាយដំ ទាត់ធាក់ អុកស្វាយកាំភ្លើង ជំរិតទារប្រាក់ និងករណីរំលោភសេពសន្ថវៈ (រំលោភបូក) ដោយទាហានឈុតខ្មៅថៃចំនួន ៧នាក់ ទៅលើពលករខ្មែរជាស្ត្រី ១នាក់។សហគមន៍ខ្មែរនៅជប៉ុនបញ្ជាក់ថា ករណីអំពើព្រៃផ្សៃនេះបានកើតឡើងនៅក្នុងខេត្ដចាន់បុរី នៃប្រទេសថៃ ជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង នៃប្រទេសកម្ពុជា នៅពេលដែលពលករខ្មែរបានធ្វើដំណើរ ចេញពីប្រទេសថៃត្រឡប់មកប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈពេលដែលច្រកព្រំដែនគោកកម្ពុជា-ថៃត្រូវបានបិទដោយឯកតោភាគីពីភាគីថៃ។ជាមួយគ្នានេះ សហគមន៍ខ្មែរនៅជប៉ុនបានទទូចដល់សហគមន៍អន្តរជាតិ ជាពិសេស អង្គការអន្តរជាតិខាងការងារ (ILO) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចស្ត្រី (UN Women) និងអង្គការអន្តរជាតិពាក់ព័ន្ធ សូមផ្តោតការយកចិត្តទុកដាក់ជាពិសេសក្នុងការតាមដាន និងជំរុញរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ចថៃឱ្យធ្វើការស៊ើបអង្កេតលើករណីនេះជាបន្ទាន់ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រកបដោយតម្លាភាព សំដៅធានាឱ្យបាននូវយុត្តិធម៌ និងសិទ្ធិមនុស្សជូនជនរងគ្រោះ ដែលជាពលករទេសន្តរប្រវេសន៍ខ្មែរ៕

អណ្តើកសមុទ្រ២ក្បាល ត្រូវបានលែងចូលសមុទ្រវិញ ក្រោយទទួលបានពីអ្នកនេសាទ

2025/11/19 10:08:59 am        264
កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តកែប បានទទួលអណ្ដើកសមុទ្រ(ល្មិច) ចំនួន​២​ក្បាល​ពី​ប្រជា​នេសាទ​រស់​នៅកោះពោធិ៍ តាមរយៈស្នាក់ការសន្តិសុខ លម្ហសមុទ្រប្រចាំកោះពោធិ៍ ដោ​យ​អណ្តើក​ទាំង​នេះត្រូ​វបានកឹបស្លាកលេខ នឹងលែងចូលសមុទ្រវិញ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជា​ប្រធាន​ក្រុម​ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥​ នេះ។ តានការបញ្ជាក់ពី ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានអោយដឹងថា អណ្តើកសមុទ្រទី១ មានភេទញី ទម្ងន់៦០គីឡូក្រាម បណ្ដោយប្រវែង៧១សង់ទីម៉ែត្រ ទទឹងប្រវែង៣៨សង់ទីម៉ែត្រ បានកឹបស្លាកមានលេខ KH 2088 និងអណ្ដើកសមុទ្រទី២ ភេទ ឈ្មោល មានទម្ងន់១៤គីឡួក្រាម បណ្ដោយប្រវែង៥១សង់ទីម៉ែត្រ ទទឹងប្រវែង៤៨ សង់ទីម៉ែត្រ បានកឹបស្លាកមានលេខ KH 2089។យ៉ាងណាមិញ មួយរយ:ចុងក្រោយនេះ អ្នកនេសាទតែងប្រទះនិងចាប់បានដោយចៃដន្យ នូវពពួកសត្វសមុទ្រ កម្រៗច្រើនប្រភេទ និងបានប្រគល់ជូនកម្លាំងជំនាញ​ ដើម្បីលែងចូលក្នុងសមុទ្រវិញ។ ដែលនេះសបញ្ជាក់ពីការយល់ដឹងរបស់ប្រជានេសាទខេត្តកែបផ្ទាល់ និងមានស្មារតីក្នុងការចូលរួមអភិរក្សធនធានសមុទ្រកម្រជាមួយអាជ្ញាធរខេត្តផងដែរ៕

សមាគមខ្មែរចំនួន៦ នៅកូរ៉េខាងត្បូងចេញញត្តិថ្កោលទោសទង្វើអមនុស្សធម៌ដែលទាហានឈុតខ្មៅថៃបានធ្វើមកលើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរ

2025/11/19 10:02:03 am        232
សមាគមខ្មែរចំនួន៦ នៅរ៉េខាងត្បូង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញញត្តិដាច់ដោយឡែកពីគ្នាប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដែលក្រុមទាហានឈុតខ្មៅថៃបានធ្វើមកលើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរចំនួន ១៣នាក់ និងអំពើថោកទាបជាករណីរំលោភសេពសន្ថវៈយ៉ាងព្រៃផ្សៃ។សមាគមទាំង៦នោះរួមមាន៖ សមាគមខ្មែរជួយខ្មែរ នៅក្រុងហ្វាសុង សាធារណរដ្ឋកូរ៉េ, សមាគមកម្ពុជាសាមគ្គី, សមាគមអភិវឌ្ឍន៍អនាគតកូរ៉េ-កម្ពុជា, សមាគមខ្មែររួមគ្នាដើម្បីខ្មែរ នៅសាធារណរដ្ឋកូរ៉េ, សមាគមបញ្ញវន្ដខ្មែរនៅកូរ៉េ និងសមាគមស្ត្រីខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ។តាមរយៈញត្តិថ្កោលទោសសមាគមខ្មែរទាំង៦ បានលើកឡើងពីទង្វើរបស់ទាហានឈុតខ្មៅថៃដែលប្រើអំពើហិង្សាយ៉ាងសាហាវយង់ឃ្នងក្នុងរូបភាពជាការវាយដំ ទាត់ធាក់ អុកស្វាយកាំភ្លើង ជំរិតទារប្រាក់ និងអំពើថោកទាបជាទីបំផុតគឺករណីចាប់រំលោភសេពសន្ថវៈ (រំលោភបូក) ដោយទាហានឈុតខ្មៅថៃចំនួន ៧នាក់ ទៅលើពលករខ្មែរជាស្ត្រី ១នាក់។ប្រភពដដែលបញ្ជាក់ថា ករណីនេះបានកើតឡើងនៅក្នុងខេត្តចាន់បុរី នៃប្រទេសថៃ ជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង នៃប្រទេសកម្ពុជានៅពេលដែលពលករខ្មែរបានធ្វើដំណើរចេញពីប្រទេសថៃត្រឡប់មកប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈពេលដែលច្រកព្រំដែនគោកកម្ពុជា-ថៃត្រូវបានបិទដោយឯកតោភាគីពីភាគីថៃ។សមាគមខ្មែរនៅកូរ៉េខាងត្បូង បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេស អង្គការអន្តរជាតិខាងការងារ (ILO) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និង បង្កើនភាពអង់អាចដល់ស្ត្រី (UN Women) និងអង្គការអន្តរជាតិពាក់ព័ន្ធ សូមផ្តោតការយកចិត្តទុកដាក់ ជាពិសេស ក្នុងការតាមដាននិងជំរុញរាជរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ចថៃឱ្យធ្វើការស៊ើបអង្កេតលើករណីនេះ ជាបន្ទាន់ប្រកបដោយតម្លាភាព សំដៅធានាឱ្យបាននូវយុត្តិធម៌ជូនជនរងគ្រោះ ដែលជាពលករទេសន្តរប្រវេសន៍ខ្មែរ និងការការពារសិទ្ធិ៕

កម្ពុជាបញ្ជាក់ជាថ្មីការប្តេជ្ញាចិត្តចំពោះសម្ព័ន្ធភាពនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ

2025/11/19 09:55:52 am        260
កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីបន្តចូលរួមចំណែកចែករំលែកបទពិសោធន៍ និងស្វែងយល់ពីប្រទេសនានា ដើម្បីពន្លឿនការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ ធ្វើឱ្យមានភាពធន់ និងបញ្ចេញកាបូនទាប។ យើងអាចធានាថាប្រព័ន្ធស្បៀងអាហារក្លាយជាមូលដ្ឋានគ្រឹះនៃសកម្មភាពអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ នេះប្រសាសន៍របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញថ្លែងសន្ទរកថាគន្លឺះនៅក្នុងកិច្ចប្រជុំ “សម្ព័ន្ធនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ (ACF)” ក្នុងក្របខណ្ឌនៃសន្និសីទកំពូល លើកទី៣០ នៃរដ្ឋភាគីនៃអនុសញ្ញអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ COP30 នៅទីក្រុងBelem ប្រទេសប្រេស៊ីល នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្ថែមថា ប្រទេសកម្ពុជាទទួលស្គាល់ថាការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ គឺជាចំណុចកណ្តាលនៃការសម្រេចបាន ទាំងគោលដៅអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា ផែនការរួមចំណែកជាតិលើកទី៣ NDC 3.0 របស់កម្ពុជា បានរួមបញ្ចូលការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ ដែលជាផ្លូវស្នូលសម្រាប់ការកាត់បន្ថយ ការសម្របខ្លួន និងកសាងភាពធន់នឹងអាកាសធាតុ។ កម្ពុជា បានចាត់ទុកអាទិភាពសំខាន់ៗរួមមាន៖ ការលើកកម្ពស់របបអាហារប្រកបដោយចីរភាព និងមានសុខភាពល្អ; ការពង្រីកកសិកម្មឆ្លាតវៃ និងធន់នឹងអាកាសធាតុ; ការជំរុញការស្តារតំបន់ការពារទេសភាព និងវិធីសាស្រ្តផ្អែកលើប្រព័ន្ធអេកូឡូស៊ី; ការកាត់បន្ថយសំណល់ចំណីអាហារ; និងការបញ្ចូលសមភាពយេនឌ័រទៅក្នុងសកម្មភាពទាំងអស់។ លើសពីនេះ អាទិភាពទាំងនេះត្រូវបានចង្អុលបង្ហាញ ក្នុងផែនទីបង្ហាញផ្លូវចំនួនពីរ របស់កម្ពុជា ទី១ ផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ២០២៥-២០៣០ និងយុទ្ធសាស្ត្រជាតិលើកទី ៣ សម្រាប់សន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភឆ្នាំ ២០២៤-២០២៨។ក្នុងនាមជាប្រទេសសមាជិកនៃសម្ព័ន្ធACF ប្រទេសកម្ពុជាសូមកោតសរសើរ ចំពោះសម្ព័ន្ធចំពោះជំនួយ ដែលបានផ្តល់ឱ្យយើងក្នុងការបង្កើតផ្លូវផ្ទាល់ខ្លួន របស់យើងឆ្ពោះទៅរកការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន នៅក្នុងកិច្ចប្រជុំ COP28 ។ ឯកឧត្តមបានថ្លែងបន្តថា តាមរយៈសម្ព័ន្ធភាពនេះ កម្ពុជាទទួលបានបទពិសោធន៍រួមគ្នា លើការរួមបញ្ចូលប្រព័ន្ធស្បៀងអាហារ និងគោលនយោបាយអាកាសធាតុនៅតាមក្រសួង និងស្ថាប័ននានានៅកម្រិតជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាការពង្រីកទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍ រួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងអ្នកផ្តល់ជំនួយទ្វេភាគីជាដើម។ ការដាក់ឱ្យដំណើរការក្របខ័ណ្ឌវឌ្ឍនភាពរបស់សម្ព័ន្ធ ACF នៅថ្ងៃនេះ ក៏ជាការបង្ហាញការរួមគ្នាចែករំលែកបទពិសោធន៍ ពង្រីកកិច្ចសហប្រតិបត្តិការ និងការកៀរគរធនធានបន្ថែមទៀត។សូមបញ្ជាក់ថា សម្ព័ន្ធAlliance of Champions for Food System Transformation ,ACF នៅក្នុងឆ្នាំនេះ បានទទួលស្វាគមន៍ ប្រទេសអ៊ីតាលី និងវៀតណាម ជាសមាជិកថ្មី។ សម្ព័ន្ធនេះបានដំណើរការចាប់ពីCOP28 ឆ្នាំ២០២៣ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងមានប្រទេសសមាជិកចំនួន៥ប្រទេសរួចមកហើយ រួមមានប្រទេសប្រេស៊ីល កម្ពុជា ន័រវែស រវ៉ាន់ដា និងសៀរ៉ាឡេអូន។ ប្រទេសទាំងអស់ បានធ្វើការប្ដេជ្ញាចិត្ត ជំរុញការផ្លាស់ប្តូរជាប្រព័ន្ធ នៅក្នុងប្រព័ន្ធស្បៀងអាហាររបស់ប្រទេសខ្លួន ដើម្បីផ្តល់លទ្ធផលកាន់តែប្រសើរសម្រាប់មនុស្ស ធម្មជាតិ និងអាកាសធាតុ៕

មន្រ្ដីក្រសួងកសិកម្មបន្តចុះពិនិត្យ និងសម្របសម្រួលការប្រមូលទិញស្រូវពីគ្រួសារកងទ័ពនៅស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ

2025/11/19 09:36:04 am        272
នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារដឹកនាំគ្រប់គ្រងអន្តរកម្មវិធីប្រចាំតំបន់មេគង្គលើ អមដោយមន្ត្រីពាក់ព័ន្ធនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រះវិហារ បានចុះពិនិត្យ សម្របសម្រួលការប្រមូលទិញស្រូវពីគ្រួសារកងទ័ព នៅស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ។ក្នុងការដំណើរចុះពិនិត្យ ឯកឧត្ដមរដ្ឋលេខាធិការ បានអញ្ជើញជួបជាមួយតំណាង ក្រុមហ៊ុន ជីប ម៉ុង (Khmer Beverages) និងបងប្អូនគ្រួសារកងទ័ព កងពលលេខ៣។ ក្រុមហ៊ុន បានជួយទិញស្រូវពីគ្រួសារកងទ័ពក្នុងទំហំសរុបជាង ៦០០តោន ក្នុងស្រុកជាំក្សាន្ដ ក្នុងមួយថ្ងៃ ក្រុមហ៊ុន ប្រមូលទិញស្រូវបានជាង ១១០តោន (ជាមធ្យម ៤ថ្ងៃបាន ៤៥០-៦០០តោន) ដោយក្រុមហ៊ុនប្រមូលទិញ ប្រភេទស្រូវ ផ្ការំដួល និងនាងអំ ក្នុងតម្លៃ ១០០០រៀល ក្នុង១គីឡូក្រាម។ ជំនួបនេះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះក្រុមហ៊ុនជីប ម៉ុង ចំពោះការចូលរួមប្រមូលទិញស្រូវពីក្រុមគ្រួសារយុទ្ធជន និងក៏បានពិភាក្សាពីស្ថានភាពទីផ្សារស្រូវ ការប្រមូលទិញស្រូវ និងការជួយដោះស្រាយការកកស្ទះដើម្បីរក្សាលំហូរទីផ្សាររបស់ប្រជាកសិករ ដោយមានមន្ទីរកសិកម្មខេត្ដជាសេនាធិការរបស់ក្រសួងកសិកម្ម ជួយសម្របសម្រួល៕

កសិករសប្បាយចិត្តនឹងការងារសម្របសម្រួលទីផ្សារស្រូវដោយមន្រ្តីកសិកម្មនៅមូលដ្ឋាន

2025/11/19 09:07:40 am        865
ឯកឧត្តម យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា បណ្ដា​កសិករសប្បាយចិត្តនឹងការងារសម្របសម្រួលទីផ្សារស្រូវដោយមន្រ្តីកសិកម្មសង្កាត់ផ្ទះព្រៃ ខណៈ​គិតត្រឹមថ្ងៃទី ៣០ ខែតុលា ដល់ ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥ មន្រ្តីកសិកម្មសង្កាត់ ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានជួយសម្របសម្រួលទីផ្សារស្រូវឲ្យកសិករបានចំនួន ២៦ គ្រួសារ មានបរិមាណស្រូវសរុប ជាង ៧៤ តោន។ក្នុងនោះ​មាន​បរិមាណស្រូវតាមប្រភេទពូជ៖ ផ្ការំដួល: ៤៨,៩៣៥ គីឡូ, សូម៉ាលី: ២,៦០៩ គីឡូ, ស្រង៉ែ: ៧,៨៧០គីឡូ, អូអ៊ឹម (OM): ៤,៩២៣ គីឡូ, ក្រវ៉ាន់: ១០,០០០ គីឡូ។ឯកឧត្តម យ៉ង់ សាំងកុមារ បានឱ្យដឹងថា តម្លៃស្រូវដែលកសិករទទួលបាន (អាស្រ័យ​លើ​គុណ​ភាព​ និងប្រភេទពូជ) ក្នុងនោះប្រភេទផ្ការំដួលតម្លៃមធ្យម៖ ៩៣០ រៀល/គីឡូ (គុណ​ភាព​លេខ​២)​, សូម៉ាលី ស្រូវល្អមធ្យម៖ ៨០០ រៀល/គីឡូ, ស្រង៉ែ ស្រូវល្អមធ្យម៖ ៦៤០រៀល/គីឡូ, អូអ៊ឹម (OM) ស្រូវលាយ៖៦០០ រៀល/គីឡូ, ក្រវ៉ាន់ ស្រូវល្អមធ្យម៖ ៧៤០ រៀល/គីឡូឯកឧត្តម យ៉ង់ សាំងកុមារ បានឱ្យដឹងថា តាមរយៈការ​សម្រប​សម្រួល​របស់​​មន្រ្ដី​កសិកម្ម​នៅ​មូល​ដ្ឋាន​នេះ កសិករបានបង្ហាញពី ការសប្បាយចិត្តខ្លាំង ពេលបានមន្រ្តី​កសិកម្ម​ឃុំ​ចុះ​ជួយ​សម្រប​សម្រួល​ក្នុង​ការ​ស្វែងរកអ្នកទិញស្រូវផ្ទាល់។ មានករណីខ្លះ កសិករ រកអ្នកទិញមិនបាន ប៉ុន្តែ​បាន​មន្រ្តី​កសិកម្មជួយដោះស្រាយ និងរកទីផ្សារឲ្យទាន់ពេល។ឯកឧត្តម យ៉ង់ សាំងកុមារ បញ្ជាក់ថា ទោះបីតម្លៃ​ស្រូវ​មិន​ត្រឹម​ត្រូវ​តាម​បំណង​កសិករ​ខ្លះ​ៗ​ក៏​ដោយ​កសិករ​នៅ​តែពេញ​ចិត្ត និង​អរគុណ​ចំពោះ​ការ​ខិតខំ​របស់​មន្រ្តី​កសិកម្ម​ដែល​ជួយ​អោយ​ពួក​គាត់​លក់​ស្រូវ​បាន​ទាន់ពេលវេលា៕

ឯកឧត្តម ហែម វណ្ណឌី ដឹកនាំគណៈប្រតិភូសិក្សាពីនវានុវត្តន៍បញ្ញាសប្បនិម្មិត និងប្រព័ន្ធក្លោដនៅទីក្រុងប៉េកាំង

2025/11/19 08:58:21 am        268
រដ្ឋធានីប៉េកាំង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅក្រុមហ៊ុនបច្ចេកវិទ្យាសំខាន់ពីរដែលជាដៃគូរបស់ក្រុមហ៊ុន Huawei គឺក្រុមហ៊ុន CapitalOnline និង អេឡិចត្រូនិចនិងបញ្ញាឌីជីថល (BEDI) ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការពន្លឿនបរិវត្តកម្មបច្ចេកវិទ្យានៅកម្ពុជា។ដំណើរទស្សនកិច្ចនេះផ្តោតលើការសិក្សាពីបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) និងប្រព័ន្ធកុំព្យូទ័រក្លោដ (Cloud Computing) ដោយផ្តោតលើឱកាសសម្រាប់ការផ្ទេរបច្ចេកវិទ្យា ដើម្បីបង្កើនផលិតភាព ធ្វើទំនើបកម្មប្រព័ន្ធ និងលើកកម្ពស់អភិបាលកិច្ច ទាំងក្នុងវិស័យសាធារណៈ និងឯកជននៅកម្ពុជា៕

ឯកឧត្តម គន់ គីម អញ្ជើញប្រកាស​សមាសភាព​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធជន និងនិវត្តជន ខេត្តតាកែវ

2025/11/19 08:31:25 am        300
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គ​លេខា​ធិការ​សមាគម​អតីត​យុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) នៅថ្ងៃទី១៨ ខែវិច្ឆិកាបាន​អញ្ជើញ​ជា​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និង​និវត្តជន ខេត្តតាកែវ។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម-លោកជំទាវ ប្រតិភូអមរបស់សមាគម, ឯកឧត្តម យស់ ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត, ស្នង​ការ​នគរបាលខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជា​ការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ខេត្ត, បណ្តាមន្ទីរ-អង្គភាពពាក់ព័ន្ធ, អភិបាលក្រុង-ស្រុក, មេឃុំ-ចៅសង្កាត់, នាយប៉ុស្តិ៍, កង​កម្លាំង​ទាំង​៣, អតីតយុទ្ធជន និងនិវត្តជន ដែលពិធីនេះរៀបចំឡើងនៅសាលប្រជុំ សាលា​ខេត្តតាកែវ។ក្នុងឱកាសនេះ ឯកឧត្ត វ៉ី សំណាង ត្រូវបានតែងតាំងជា ប្រធាន​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តតាកែវ ព្រមទាំងបានតែងតាំងអនុប្រធានចំនួន ៧រូប និង​សមាជិក​-សមាជិកាចំនួន ៣០រូបទៀត។ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជាខេត្ត បានប្រកាសប្តេជ្ញាចិត្តគោរព និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវលក្ខន្តិកៈ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាពិសេសអនុវត្ត​ធ្វើ​ជា​សេនាធិការ​ជូន​គណៈកម្មាធិការសមាគមថ្នាក់កណ្តាល និងគណៈកម្មាធិការសមាគមថ្នាក់ខេត្ត ដោយ​រក្សា​នូវ​សាមគ្គីភាព ឯកភាពផ្ទៃក្នុងប្រកបដោយឆន្ទៈតែមួយ៕

គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ចុះពិនិត្យឈ្វេង​យល់អំពីវឌ្ឍនភាពការងារ បញ្ហា​ប្រឈម និងសំណូមពររបស់មន្ទីរពេទ្យព្រះអង្គឌួង

2025/11/19 08:15:07 am        328
ដោយបានការអនុញ្ញាតពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរា ជា​ណា​ចក្រ​កម្ពុជា គណៈប្រតិភូគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨)នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យ និងឈ្វេង​យល់អំពី វឌ្ឍនភាពការងារ ក៏ដូចជា​បញ្ហា​ប្រឈម​នានា និងសំណូមពររបស់មន្ទីរពេទ្យព្រះអង្គឌួង ។គណៈប្រតិភូទទួលបានការស្វាគមន៍ពីសំណាក់លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋ​លេខា​ធិការ​ក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល ។ឯកឧត្តមសាស្ដ្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បាន​ធ្វើ​សេចក្តី​រាយ​ការណ៍​ពី​វឌ្ឍនភា​ព​ការងារក៏ដូចជាបញ្ហាប្រឈមនានាដែលមន្ទីរពេទ្យបានជួបប្រទះកន្លងមក ក្នុង​នីតិកាល​ទី​៧ នៃរដ្ឋសភា ដែលបាន​ផ្តោត​លើវិស័យ​សុខាភិបាល​ជា​វិស័យ​អាទិភាព​សម្រាប់​ផ្តល់​សេវា​ព្យាបាល​ជូន​ដល់ប្រជាពលរដ្ឋដោយឥតបង់ប្រាក់តាមរយ:ការបង្កើតនូវប្រព័ន្ធគាំពារសង្គម មាន​ដូច​ជា​ការប្រើប្រាស់ប័ណ្ណសមធម៌ ប័ណ្ណក្រីក្រ និងប័ណ្ណ ប.ស.ស ។ ឯកឧត្តមបន្តថាមន្ទីរពេទ្យព្រះអង្គឌួងចាប់តាំងពីឆ្នាំ២០០៩ ដល់ ២០២៥ ទាំងផ្នែក​សេវា​ព្យាបាល បច្ចេកវិទ្យា មានការរីកចំរើនគួរឱ្យកត់សំគាល់ ។ អ្នកជំងឺ​មកទ​ទួល​សេវា​សុខាភិ​បាល​នៅ​មន្ទីរ​ពេទ្យព្រះអង្គឌួង បានកើនឡើងជារៀងរាល់ឆ្នាំ ដោយក្រុមគ្រូពេទ្យបាន យកចិត្ត​ទុក​ដាក់​លើ​ក្រម​សីល​ធម៌វិជ្ជាជីវៈ ការចែករំលែកចំណេះបច្ចេកទេស និងបទពិសោធន៍ ការផ្តល់សេវា ការ​លើក​ទឹ​កចិត្ត។ បុគ្គលិកត្រូវអនុវត្តយ៉ាងត្រឹមត្រូវ និងការគ្រប់គ្រង ហើយការពង្រឹង​ប្រសិទ្ធ​ភាព​ការងារ​ត្រូវ​បាន​អនុវត្តតាមបទបញ្ជាផ្ទៃក្នុងដោយផ្តោតលើការស្មោះត្រង់ ក្រមសីលធម៌ វិជ្ជាជីវៈនិង​សាមគ្គី​ភាព​ផ្ទៃ​ក្នុង ការប្រើប្រាស់បច្ចេកវិទ្យា និងបរិក្ខារទំនើបថ្មីៗ ហើយក៏បានជំរុញ​ឱ្យ​ផ្តល់​សេវា​កាន់​តែ​ប្រសើរ​ឡើង​ ជាពិសេសនាពេលអនាគតគឺបន្តពង្រឹង គុណភាពសេវាថែទាំ បន្តការលើកទឹ​ក​ចិត្ត​បុគ្គលិក​សុខភាពផ្លូវកាយ និងផ្លូវចិត្ត និងបណ្តុះបណ្តាលថ្នាក់ដឹកនាំបន្ត។លោកជំទាវ ឡោក ខេង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យព្រះអង្គឌួង ដោយបានវិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សក្លាយជាស្ថាប័នដែលមានការសាទរ ទទួលស្គាល់ និងមានទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់លើការធានារ៉ាប់រងចំពោះការគាំពារសុខភាព នៅពេលមានជំងឺឬក៏គ្រោះថ្នាក់ផ្សេងៗ ។ លោកជំទាវ ឡោក ខេង បានបន្ថែមថា សម្រាប់នីតិកាលទី៧នេះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ចំពោះការពង្រឹងវិស័យសុខាភិបាល និងគោលនយោបាយអាទិភាពសំដៅឈានដល់ការគ្របដណ្ដប់សុខភាពជាសាកល ។ ក្នុងន័យនេះ ប.ស.ស. ក៏ដើរតួយ៉ាងសំខាន់ក្នុងការជំរុញគោលនយោបាយមួយនេះផងដែរ ៕

ក្រសួងព័ត៌មានលុបចោល និងហាមឃាត់មិនឱ្យធ្វើសកម្មភាពក្នុងវិស័យព័ត៌មានទៀតចំពោះបុគ្គលឈ្មោះ ខាន់ សារ័ត្ន ពាក់ព័ន្ធការអត្ថាធិប្បាយពាក្យសម្តីមិនសមរម្យលើរូបរាងកាយស្ត្រី

2025/11/19 07:27:52 am        719
នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបករណីរំដោះឧក្រិដ្ឋជនជនជាតិវៀតណាម ចេញពីសាលាដំបូងខេត្តស្វាយរៀង មានរូបភាពដែលត្រូវបានបង្ហោះអមដោយការអត្ថាធិប្បាយជាមួយពាក្យសម្តីមិនសមរម្យលើរូបរាងកាយស្ត្រី និងការយកដៃទៅអង្អែលថ្ពាល់របស់ជនសង្ស័យជាស្ត្រី។ តាមការស្រាវជ្រាវ ភាសាដែលបានប្រើប្រាស់ និងដៃដែលអង្អែលថ្ពាល់ស្ត្រីជនសង្ស័យ គឺជាដៃរបស់អ្នកកាសែតអនឡាញម្នាក់ឈ្នោះ ខាន់ សារ័ត្ន ដែលរស់នៅនិងបម្រើការនៅខេត្តស្វាយរៀង។ ទង្វើនេះជាទង្វើខ្វះសីលធម៌ និងបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលហាមឃាត់ មិនឱ្យអ្នកសារព័ត៌មានប្រើប្រាស់ពាក្យសម្តី និងបៀតបៀនរូបរាងកាយរបស់ស្ត្រីឡើយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន។ ក្រសួងបានបញ្ជាក់ថា វិធានការនៅចំពោះមុខ គឺក្រសួងព័ត៌មានបានសម្រេចលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលឈ្មោះ ខាន់ សារ័ត្ន នេះភ្លាមៗក្រោយពីបានរកឃើញមានកំហុសឆ្គងវិជ្ជាជីវៈធ្ងន់ធ្ងរ។ ក្រសួងព័ត៌មាន ក៏បានដាក់បុគ្គលនេះក្នុងបញ្ជីហាមឃាត់មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងសកម្មភាពនានាក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ចាប់ពីពេលនេះតទៅ។ បន្ថែមលើនេះ នៅព្រឹកស្អែក មន្ត្រីជំនាញនៃក្រសួងព័ត៌មាននឹងកោះហៅបុគ្គលឈ្មោះ ខាន់ សារ័ត្ន នេះមកធ្វើការណែនាំនិងអនុវត្តវិធានការស្របតាមលិខិតបទដ្ឋានគតិយុត្តនិងច្បាប់ជាធរមាន។ ជាមួយគ្នានេះ ក្រសួងព័ត៌មានក៏អំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានផ្សេងទៀត និងសាធារណជន មេត្តាបញ្ឈប់ការចែកចាយ និងផ្សព្វផ្សាយនូវរូបភាពឃ្លីបវីដេអូដែលមានបញ្ហានេះ និងសូមក្រើនរំឭកដល់អ្នកសារព័ត៌មានទាំងអស់សូមប្រកាន់ខ្ជាន់នូវក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ជាធរមាន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកតវ៉ា ដុតសំបកកង់រថយន្ត បន្តទាមទារឱ្យប្រធានាធិបតីប្រទេសបូលីវី ចុះចេញពីតំណែង
06/03/2026 11:06 AM
អង្គការឧតុនិយមពិភពលោក(WMO)៖ បាតុភូត El Nino បង្កើនហានិភ័យអាកាសធាតុធ្ងន់ធ្ងរ
06/03/2026 11:06 AM
WHO៖ ករណីសង្ស័យមានជំងឺអេបូឡាធ្លាក់មកត្រឹម១១៦ ករណីក្រោយមនុស្សរាប់រយនាក់ត្រូវបានដកចេញពីការតាមដាន
06/03/2026 11:06 AM
កងកម្លាំងរក្សាសន្តិភាព UN ត្រូវបានគេឃើញនៅព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈកងទ័ពអ៊ីស្រាអែលមានវត្តមាន
06/03/2026 11:06 AM
ប្រភពព័ត៌មានអ៊ីរ៉ង់៖ ការផ្លាស់ប្តូរសារត្រូវបានផ្អាក ខណៈអាមេរិកអះអាងថាការចរចាកំពុងដំណើរការ
06/03/2026 11:06 AM
លោក Rubio៖ ប្រទេសយ៉ាងហោចណាស់៥ បើកទូលាយសម្រាប់ការទទួលយកពលរដ្ឋអាហ្វហ្គានីស្ថានដែលជាប់គាំងខ្លួន
06/03/2026 11:06 AM
លោក Netanyahu មានបំណងពង្រឹងភាគខាងជើងអ៊ីស្រាអែល និងដោះស្រាយការវាយប្រហារដោយយានដ្រូន
06/03/2026 11:06 AM
កូរ៉េខាងជើងរិះគន់សម្ដីមន្ត្រីយោធាអាមេរិកដែលប្រៀបធៀបកូរ៉េខាងត្បូងទៅនឹងដាវដ៏មុតស្រួចនៅចំកណ្ដាលទ្វីបអាស៊ី
06/03/2026 11:06 AM
ឆ្នាំនេះ និស្សិតកម្ពុជា​១០នាក់ ជាប់ជ័យលាភីអាហារូបករណ៍ France Excellence បន្តការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង​
06/03/2026 11:06 AM
ព្យុះត្រូពិក Jangmi វាយប្រហារប្រទេសជប៉ុន ដោយបានកាត់ផ្តាច់ចរន្តអគ្គិសនីដល់លំនៅឋាន៦ម៉ឺនខ្នង
06/03/2026 11:06 AM