ក្រុមការងារអភិវឌ្ឍវិស័យឯកជនប្រមូលធាតុចូល និងលក្ខខណ្ឌនានា គាំទ្រការផលិតស៊ីម៉ងត៍ក្នុងស្រុក
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់បង្កើនថវិកាការពារជាតិមិនចាំបាច់កាត់ពីវិស័យផ្សេងទេ
សម្ដេចធិបតី៖ បរិការណ៍ពិភពលោកបច្ចុប្បន្ន កម្ពុជាត្រូវពន្លឿនការកែទម្រង់លើវិស័យសេដ្ឋកិច្ច និងការពារជាតិ
សម្ដេចតេជោ ហ៊ុន សែន ណែនាំមន្រ្ដីត្រូវបម្រើប្រជាជនដោយស្មោះត្រង់ និង​លុប​បំបាត់​ទង្វើ​ខុស​ឆ្គង​ចំពោះ​ពលរដ្ឋ

ព័ត៌មានជាតិ

ក្រុមឧក្រិដ្ឋជនដែលបាញ់រំដោះគ្នាក្នុងតុលាការខេត្តស្វាយរៀង ត្រូវបានចាប់ខ្លួនបានវិញអស់ហើយ

2025/11/18 06:46:00 pm        487
ស្វាយរៀង ៖ ក្រុមឧក្រិដ្ឋជនដែលបាញ់រំដោះគ្នាក្នុងបរិវេណតុលាការខេត្តស្វាយរៀង នៅព្រឹឹកមិញនេះ ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបានមកវិញអស់ហើយ។ប្រភពព័ត៌មានបានប្រាប់ទូរទស្សន៍ BTV ឱ្យដឹងថា ករណីក្រុមឧក្រិដ្ឋជនបាញ់រំដោះគ្នាក្នុងបរិវេណតុលាការខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ គិតមកដល់ព្រលប់ថ្ងៃដដែល ត្រូវបានកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបានទាំងអស់មកវិញហើយ។ ប្រភពព័ត៌មានបញ្ជាក់ថា មនុស្ស៧នាក់ត្រូវបានចាប់ខ្លួន គឺ៦នាក់ជា ជនជាប់ចោទដែលកម្លាំងសមត្ថកិច្ចនាំខ្លួនឡើងតុលការ និងម្នាក់ទៀតគឺជាស្ដ្រី ដែលជាអ្នកទៅរំដោះ។ ប្រតិបត្តិការបង្ក្រាបករណីបាញ់រះរំដោះមនុស្សពីស្ថាប័នតុលការនេះ ធ្វើឡើងដោយកម្លាំងនគរបាលមកពីនាយកដ្ឋានព្រហ្មទណ្ឌ និងកម្លាំងសមត្ថកិច្ចខេត្តស្វាយរៀង។ហេតុការណ៍បាញ់រំដោះមនុស្សពីស្ថាប័នតុលាការនេះបានកើតឡើងនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងបរិវេណសាលាដំបូងខេត្តស្វាយរៀង ខណៈដែលមន្ដ្រីពន្ធធនាគារខេត្តស្វាយរៀង នាំខ្លួនជនជាប់ចោទជាច្រើននាក់តាមរថយន្តដឹកអ្នកទោសយកទៅឡើងសវនាការ។ ក្នុងហេតុការណ៍កាលពីព្រឹកថ្ងៃទី១៨ វិច្ឆិកា គឺមានស្ដ្រីម្នាក់បានចូលទៅក្នុងបរិវេណសាលាដំបូងខេត្តស្វាយរៀង ហើយបានឈរចាំរួចជាស្រេច ដើម្បីផ្ដល់អាវុធខ្លីឱ្យទៅជនជាប់ចោទមួយក្រុមមានគ្នា៦នាក់ ដើម្បីបើកការបាញ់ប្រហារទៅលើសមត្ថកិច្ច ហើយរំដោះខ្លួនគេចចេញទៅ ប៉ុន្តែភ្លាមៗសមត្ថកិច្ចបានតាមទាន់រថយន្តមួយគ្រឿងម៉ាក លុចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2CA-0692 និងបានចាប់ខ្លួនក្រុមឧក្រិដ្ឋជនបានម្នាក់ ក្រោយធ្វើសកម្មភាពប្រមាណ១ម៉ោង រហូតមកដល់ព្រលប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្ងៃដដែល ទើបកម្លាំងសមត្ថកិច្ចតាមចាប់ក្រុមឧក្រិដ្ឋជនទាំង៧នាក់បានមកវិញ៕

ប្រធានសមាគមគាំទ្រការបោសសម្អាតមីនអន្តរជាតិ និងអភិវឌ្ឍន៍សហគមន៍ ទស្សនកិច្ចកម្ពុជា ខណៈធ្លាប់បំពេញការងារកាលឆ្នាំ១៩៩២

2025/11/18 05:14:20 pm        267
ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន អនុញ្ញាតឱ្យ លោក Ryoji TAKAYAMA អតីតសមាជិកនៃកងកម្លាំងស្វ័យការពារជប៉ុន (JSDF) និងជាប្រធានសមាគមគាំទ្រការបោសសម្អាតមីនអន្តរជាតិ និងអភិវឌ្ឍន៍សហគមន៍ (IMCCD) ចូលជួបសម្តែងការគួរសម។ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តាងនាមឱ្យរាជរដ្ឋាភិបាល បានថ្លែងអំណរគុណដល់ លោក TAKAYAMA ដែលធ្លាប់ចូលរួមជាផ្នែកមួយនៃប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(PKO) និងគាំទ្រការបោសសម្អាតមីន និងការកសាងឡើងវិញក្នុងតំបន់នៅកម្ពុជា។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះ លោក Ryoji Takayama ដែលធ្លាប់យកដំណាំដាំដុះលើដីចម្ការមីន កែឆ្នៃផលិតជាសុរាខ្មែរ ដោយទទួលបានការសាទរទូទាំងពិភពលោក និងឈ្នះមេដាយមាស និងពានរង្វាន់ជាច្រើនទៀត។ សូមបញ្ជាក់ នៅឆ្នាំ ១៩៩២ លោក TAKAYAMA ត្រូវបានបញ្ជូនជាសមាជិកនៃ JSDF PKO ទីមួយមកកាន់ប្រទេសកម្ពុជា។ ក្រោយពីត្រឡប់ទៅប្រទេសជប៉ុនវិញ លោកបានរក្សាបំណងប្រាថ្នាក្នុងចិត្តថា៖ «ថ្ងៃមួយ ខ្ញុំចង់ត្រឡប់មកជួយការកសាងឡើងវិញ»។ បន្ទាប់ពីចូលនិវត្តន៍ពី JSDF នៅអាយុ ៥៥ឆ្នាំ ក្នុងឆ្នាំ ២០០២ លោកបានត្រឡប់មកប្រទេសកម្ពុជាវិញ ហើយចាប់ផ្តើមការងារកំចាត់មីននៅក្នុងភូមិតាសែន នៅជិតព្រំដែនថៃ ភាគខាងលិចរបស់ប្រទេស ដែលជាតំបន់មួយធ្លាប់ជាសមរភូមិដ៏សាហាវបំផុត ក្នុងដំណាក់កាលចុងក្រោយនៃសង្រ្គាមស៊ីវិល ហើយត្រូវបានរងគ្រោះដោយគ្រាប់មីន។ក្នុងឆ្នាំ ២០០៨ លោក TAKAYAMA បានកត់សម្គាល់ឃើញថា ដំឡូងមីដែលដាំដុះនៅក្នុងភូមិត្រូវបានជួញដូរក្នុងតម្លៃថោកនៅក្នុងប្រទេសថៃ។ លោកបានគិតថា៖ «សម្រាប់ផលិតផលកសិកម្មដែលអាចប្រមូលផលបានតែក្នុងរដូវខ្លះ មធ្យោបាយតែមួយគត់ក្នុងការបង្កើតប្រាក់ចំណូលពេញមួយឆ្នាំគឺការកែច្នៃ»។ លោកតាកាយ៉ាម៉ា បានបង្កើតក្រុមហ៊ុន «ខ្មែរ Distillery» រួមគ្នាជាមួយអតីតអ្នកបកប្រែឈ្មោះ អ្នកស្រី សុខ មៀង (បច្ចុប្បន្នជាប្រធាន)។ ពួកគេបានបើកដំណើរការ "សូរ៉ាខ្មែរ" ដែលចំរាញ់ពីស្រូវផ្កាម្លិះ ដំឡូងមី ចេក ស្វាយ និងដំណាំផ្សេងៗទៀត ដែលដាំដុះនៅលើដីដែលពោរពេញទៅដោយគ្រាប់មីន រហូតទទួលបានការវាយតម្លៃខ្ពស់ក្នុងការប្រកួតប្រជែងជាសកល៕

ផ្លូវជនបទនៅក្នុងខេត្តកំពង់ចាម បាននិងកំពុងឆ្លើយតបការធ្វើអន្តរកម្មសេដ្ឋកិច្ចនៅតាមមូលដ្ឋាន

2025/11/18 05:08:20 pm        181
ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញការថែទាំផ្លូវជនបទនៅទូទាំងប្រទេស ជាពិសេសនៅខេត្តកំពង់ចាម ដើម្បីឆ្លើយតបទៅនិង ការរស់របស់ប្រជាជន ជំរុញដល់ដំណើរការអន្តរកម្មសេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូន ការលើកកម្ពស់ផលិតភាពដល់កសិករ ដែលដាំដុះ កសិកម្ម កសិ-ឧស្សាហកម្ម ឱ្យមានជីវភាពកាន់តែប្រសើរ។លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី២ លើការងារថែទាំជាប្រចាំផ្លូវដោយក្រាលកៅស៊ូពីរជាន់ DBST ចំនួន៦ខ្សែ ប្រវែង សរុបជាង ១០៤ គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកចំនួន ៥ ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ជុំវិញការអភិវឌ្ឍផ្លូវ ជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រោមការដឹកនាំរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តមបានយក ចិត្តទុកដាក់យ៉ាងខ្លំាង និងបានចុះពិនិត្យដោយផ្ទាល់ជាប្រចាំ នៅតាមបណ្តាខេត្តនានា នៅលើការងារស្ថាបនា ការស្តារ ការថែទាំ និង ការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលស្ថិតនៅក្រោមក្របខណ្ឌរបស់ក្រសួង ដើម្បីធ្វើយ៉ាងណាជំរុញស្ថាបនាផ្លូវជនបទ ឱ្យឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។លោកជំទាវ បន្តថា ជាក់ស្តែងផ្លូវដែលថែទាំខាងលើនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះខេត្តកំពង់ចាមគឺជាខេត្ត កសិកម្ម ដែលមានការដាំដុះដំណាំច្រើនជាងគេ ដោយខេត្តមួយនេះបាននិងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការផ្គត់ផ្គង់ស្បៀង ក្នុងស្រុក និងជំរុញដល់ទីផ្សារនាំចេញជាដើម។ បញ្ហានេះប្រសិនយើងមានផ្លូវគ្រប់ដណ្តប់ វានឹងចូលរួមចំណែកកាន់តែខ្លាំង ជំរុញដល់ ដំណើរការអន្តរកម្មសេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូនកសិផលនានា ពីជនបទចូលទីផ្សារ រោងចក្រ និងសហគ្រាសនានា និងសម្រួលដល់ ការធ្វើកសិកម្មរបស់កសិករនៅមូលដ្ឋានផងដែរ ក្រៅពីនេះ, តាមរយៈការដែលមានផ្លូវល្អ ក៏ជាការចូលរួមលើកកម្ពស់សេវាសង្គមនានា ដូចជា៖ សេវាអប់រំ, សេវាសុខាភិបាល និងការទទួលបានសេវាផ្សេងៗបានទាន់ពេលវេលាទៅតាមតម្រូវការ។ជុំវិញគម្រោងផ្លូវខាងលើនេះ, លោកជំទាវបានវាយតម្លៃខ្ពស់ ដល់នាយកដ្ឋានផ្លូវលំជនបទ ដែលបានខិតខំប្រឹងប្រែងលើការងារ ថែទាំផ្លូវចំនួន ៦ខ្សែ ដោយសម្រេចបានល្អប្រសើរ ស្របតាមគម្រោងរបស់ក្រសួង ដែលគិតគូរដល់គុណភាព ដើម្បីធានាដល់ប្រសិទ្ធភាព នៃការប្រើប្រាស់ផ្លូវជនបទបានយូរអង្វែង និងគ្រប់រដូវកាល ដើម្បីធានាអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌នៅតាមតំបន់ជនបទ និងការ ប្រែក្លាយតំបន់ជនបទឱ្យទៅជាតំបន់មានភាពរីកចម្រើន ក្រោមការដឹកនាំដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល៕អត្ថបទ៖ សុន រ៉ាឌី

សហជីពនៅកម្ពុជាថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើចាប់រំលោភបូកលើពលករស្ត្រីកម្ពុជាដោយកងទ័ពឈុតខ្មៅថៃ

2025/11/18 04:57:48 pm        313
សហជីពនៅកម្ពុជាតំណាងឱ្យកម្មករនិយោជិតរាប់ម៉ឺននាក់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើយ៉ាងសាហាវព្រៃផ្សៃយង់ឃ្នងតិរច្ឆានគ្មានមនុស្សធម៌របស់យោធាឈុតខ្មៅថៃ ដែលបានចាប់រំលោភបូកលើពលករជានារីខ្មែរម្នាក់ និងធ្វើទារុណកម្មដល់ពលករផ្សេងទៀតដែលវិលត្រឡប់មកមាតុប្រទេសវិញពេលជិតដល់ព្រំដែនកាលពីថ្ងៃទី១៥ វិច្ឆិកា ២០២៥។លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា អំពើហិង្សា និងការរំលោភបំពានផ្លូវភេទយ៉ាងសាហាវព្រៃផ្សៃយង់ឃ្នងរបស់យោធាឈុតខ្មៅថៃមកលើ ពលការិនីចំណាកស្រុកកម្ពុជា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិជាតិនៃពលករចំណាកស្រុក ដែលត្រូវបានការពារយ៉ាងខ្ជាប់ខ្ជួនដោយច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា លិខិតតុបករណ៍អាស៊ាន ច្បាប់អន្តរជាតិ និងអនុសញ្ញា CEDAW។លោកថ្លែងថា៖«ខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទាហានឈុតខ្មៅថៃ៧នាក់ ដែលបានរំលោភសេពសន្ថវៈលើរាងកាយ និងវាយដំប្រជាពលរដ្ឋខ្មែរដែលធ្វើការនៅប្រទេសថៃមានបំណងត្រឡប់ប្រទេសកំណើតវិញ។ ទង្វើរបស់យោធាថៃនេះ បានបង្ហាញពីអត្ថចរិតដ៏សាហាវឃោរឃៅព្រៃផ្សៃរបស់ក្រុមយោធាថៃដែលតែងប្រព្រឹត្តមកលើពលរដ្ឋកម្ពុជា»។ស្រដៀងគ្នានេះ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា លើកឡើងថា ករណីរំលោភ បំពានដ៏ឃោរឃៅមិនអាចទទួលយកបាននេះ មិនត្រឹមតែជាអំពើអមនុស្សធម៌ទៅលើជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបំពានលើគោលការណ៍មនុស្សធម៌ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេ យ៍ (ASEAN) ដែលមានបំណងលើកកម្ពស់ និងធានាសិទ្ធិមនុស្សនៅក្នុងតំបន់។ លោកបានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវប្បធម៌និទណ្ឌភាព និងការមិនគោរពសិទ្ធិនារីពាក់ព័ន្ធនឹងកងកម្លាំងយោធាឈុតខ្មៅរបស់ថៃ ដែលបង្កហានិភ័យធ្ងន់ធ្ងរដល់សុវត្ថិភាព និងសិទ្ធិរបស់ពលការិនីកម្ពុជា ព្រមទាំងក្រុមអ្នកចំណាកស្រុកដទៃទៀត។លោកថ្លែងថា៖«ខ្ញុំសូមថ្កោលទោសចំពោះទង្វើព្រៃផ្សៃអមនុស្សធម៌ របស់យោធាឈុតខ្មៅថៃ ដែលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ស្ត្រីជាពលការិនីចំណាកស្រុកកម្ពុជា។ ទង្វើនេះ យើងមិនអាចទទួលយកបាន ព្រោះជាទង្វើព្រៃផ្សៃ អាក្រក់ក្រៃលែង ដែលជាតិសាសន៍យើងមិនដែលមានសមត្ថកិច្ចណាធ្វើបែបនេះនោះទេលើជាតិសាសន៍ដទៃ»។ទន្ទឹមនេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ និងជាប្រធានសហភាពចលនាកម្មករកម្ពុជា បានបង្ហាញក្តីរន្ធត់ចិត្តចំពោះទង្វើអមនុស្សធម៌ដែលប្រព្រឹត្តដោយទាហានឈុតខ្មៅថៃ ដែលបានរំលោភស្ត្រីជាពលករខ្មែរ និងប្រើប្រាស់អំពើហិង្សាលើពលរដ្ឋកម្ពុជា។លោកថ្លែងថា៖«នេះជាទង្វើឧក្រិដ្ឋដែលមិនអាចអត់អោនឱ្យបាន ហើយខ្ញុំគិតថាទង្វើនេះអាចកើតមានឡើងតែចំពោះទាហានថៃទេ ដែលជាប្រភេទពួកមនុស្សគ្មានបេះដូងជាមនុស្ស ក្នុងការធ្វើទង្វើដែលយើងស្ទើរតែមិនដែលលឺទាល់តែសោះចំពោះទាហានបណ្តាប្រទេសផ្សេងៗ»។ជាមួយគ្នានេះ សហជីពនៅកម្ពុជា បានអំពាវនាវដល់សហគមន៍អន្តរជាតិទាំងអស់ចាត់វិធានការច្បាស់លាស់ និងបន្ទាន់ ដើម្បីធានាការបញ្ឈប់អំពើហិង្សា និងការរំលោភសិទ្ធិស្ត្រីទាំងអស់ជាបន្ទាន់ និងធានាឱ្យមានយុត្តិធម៌ពេញលេញសម្រាប់ជនរងគ្រោះ។ សូមសហគមន៍អន្តរជាតិមេត្តាចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងម៉ឹងម៉ាត់លើកងទ័ពឈុតខ្មៅថៃ ចំពោះអំពើជាឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនេះ៕

មន្រ្ដីជំនាញអគ្គស្នងការនគរបាលជាតិ ប្រាប់ពីទម្រង់សាមញ្ញៗនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2025/11/18 04:42:09 pm        316
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងពីទម្រង់នៃការប្រពឹ្រត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានកំពុងកើតមានទូទាំងពិភពលោក ដោយក្រុមជនល្មើសបានប្រើប្រាស់បច្ចេកវិទ្យាដើម្បីអូសទាញជនរងគ្រោះឱ្យធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួន។ នេះបើតាមប្រសាសន៍លោកឧត្តមសេនីយ៍ឯកអគ្គស្នងការរង ក្នុងកិច្ចសម្ភាសន៍ជាមួយអង្គភាពសារព័ត៌មានកម្ពុជាថ្មី។ បើតាមឧត្តមសេនីយ៍ឯក ជា ពៅ ទម្រង់នៃការឆបោកតាមប្រព័ន្ធអនឡាញមានច្រើន ក្នុងនោះមានទម្រង់ទិញទំនិញតាមប្រព័ន្ធអនឡាញ ទម្រង់វិនិយោគ និងមួយចំនួនទៀត ជាការបន្លំខ្លួនធ្វើជាមិត្តភក្តិក្នុងបណ្ដាញសង្គម ឬធ្វើជាសហការី ខណៈទម្រង់ផ្សេងទៀត ក៏អាចកើតចេញពីការលេងហ្គេមតាមប្រព័ន្ធអនឡាញផងដែរ។ ឧត្តមសេនីយ៍ឯក ជា ពៅ បានលើកឧទាហរណ៍ថា"បើករណីហ្គេម នៅពេលអ្នកលេងចាប់ផ្ដើមវក់នឹងហ្គេម ក្រុមឆោក ចាប់ផ្ដើមចុះតម្លៃសម្ភារៈ និងយកសម្ភារៈប្លែកៗមកទាក់ទាញចំណាប់អារម្មណ៍ឱ្យអ្នកហ្គេមទាំងនោះចុចទាញយកមកប្រើប្រាស់ ដោយចំណាយប្រាក់ ហើយក្លាយជាជនរងគ្រោះដោយពុំដឹងខ្លួន"។ លោកបន្ថែមទៀតថា ករណីខ្លះទៀត ជីវភាពប្រជាពលរដ្ឋខ្លះនៅមានកម្រិត ក៏ជាហេតុនាំឱ្យពួកគេខ្ចីលុយតាមប្រព័ន្ធអនឡាញ ឬហៅថាកម្ចីអនឡាញ ដែលកម្ចីទាំងនេះងាយនឹងឱ្យពួកគេធ្លាក់ទៅក្នុងអន្ទាក់ ពីព្រោះកម្ចីនេះ មិនបានតម្រូវលក្ខខណ្ឌអ្វីទាំងអស់ ប៉ុន្ដែយកការប្រាក់ខ្ពស់ជាងគេ។គួរបញ្ជាក់ថា ក្នុងរយៈពេល៩ខែឆ្នាំ២០២៥ សមត្ថកិច្ចបានស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ៤៨លើក ដោយបានឃាត់ខ្លួនបញ្ជូនទៅតុលាការ ១៦៨នាក់ និងបណ្តេញចេញពីកម្ពុជា ២.៧២២នាក់៕

ឯកឧត្តម គន់ គីម អញ្ជើញប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តកំពង់ស្ពឺ

2025/11/18 04:37:11 pm        136
កំពង់ស្ពឺ ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) បានអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តកំពង់ស្ពឺ។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម-លោកជំទាវ ប្រតិភូអមរបស់សមាគម, ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត, ស្នងការនគរបាលខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, បណ្តាមន្ទីរ-អង្គភាពពាក់ព័ន្ធ, អភិបាលក្រុង-ស្រុក, មេឃុំ-ចៅសង្កាត់, នាយប៉ុស្តិ៍, កងកម្លាំងទាំង៣, អតីតយុទ្ធជន និងនិវត្តជន ដែលពិធីនេះរៀបចំឡើងនៅសាលប្រជុំ សាលាខេត្តកំពង់ស្ពឺ។ក្នុងឱកាសនេះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ត្រូវបានតែងតាំងជា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ស្ពឺ ព្រមទាំងបានតែងតាំងអនុប្រធានចំនួន ១៨រូប និងសមាជិក-សមាជិកាចំនួន ១៧រូបទៀត។ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានប្រកាសប្តេជ្ញាចិត្តគោរព និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាពិសេសអនុវត្តធ្វើជាសេនាធិការជូនគណៈកម្មាធិការសមាគមថ្នាក់កណ្តាល និងគណៈកម្មាធិការសមាគមថ្នាក់ខេត្ត ដោយរក្សានូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងប្រកបដោយឆន្ទៈតែមួយ៕

តំណាង CHRC ធ្វើបទបង្ហាញអំពីទង្វើឃោរឃៅរបស់ទាហ៊ានថៃបានបាញ់រះមកលើពលរដ្ឋស្លូតត្រង់កម្ពុជាបណ្តាលឱ្យស្លាប់ និងរបួស និងស្នើឱ្យភាគីថៃគោរពអនុវត្តឱ្យបានពេញលេញសេចក្តីប្រកាសរួម

2025/11/18 04:28:25 pm        574
ហ្សាការតា៖ តាមការចាត់តាំងរបស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមក្នុងកិច្ចសន្ទនាអាស៊ានស្តីពីសិទ្ធិមនុស្សលើកទី៧ និងកម្មវិធីអបអរសាទរសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានខួបលើកទី១៣ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការរបស់លេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ កម្មវិធីនេះ មានការចូលរួមពីតំណាងប្រទេសអាស៊ានប្រចាំអាយឆា តំណាងប្រទេសសមាជិកអាស៊ាន គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងអង្គការសង្គមស៊ីវិល។ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា បានគូសបញ្ជាក់ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស បរិស្ថាន ធុរកិច្ច និងសិទ្ធិទទួលបានការអភិវឌ្ឍ តាមរយៈក្របខណ្ឌច្បាប់ គោលនយោបាយ បទដ្ឋាន និងយន្តការផ្សេងៗ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានធ្វើបទអន្តរាគមន៍ដោយលើកឡើងនូវព្រឹត្តិការណ៍ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលទាហ៊ានថៃបានបាញ់រះ មកលើប្រជាជនកម្ពុជាស្លូតត្រង់ នៅលើទឹកដីប្រទេសកម្ពុជា បណ្តាលឱ្យស្លាប់១នាក់ និងរបួស៣នាក់។ ឯកឧត្តមបានចាត់ទុកថា នេះជាទង្វើដ៏ព្រៃផ្សៃយង់ឃ្នង ដែលជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ផ្ទុយទៅនឹងច្បាប់អន្តរជាតិ ជាពិសេសសកម្មភាពរបស់យោធាថៃបានរំលោភទៅនឹងសេចក្តីប្រកាសរួមចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងប្រទេសកម្ពុជានិងប្រទេសថៃ ដោយមានឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន ជាសាក្សី។ ជាមួយគ្នានេះ ឯកឧត្តមបានស្នើ (១) ឱ្យភាគីថៃបញ្ឈប់រាល់សកម្មភាពបង្កើនភាពតានតឹង និងគោរពអនុវត្តឱ្យបានពេញលេញនូវសេចក្តីប្រកាសរួម (២) ស្នើឱ្យភាគីថៃដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ ជាបន្ទាន់និងឥតលក្ខខណ្ឌ និង (៣) ស្នើឱ្យសហគមន៍ថ្នាក់តំបន់និងអន្តរជាតិ បើកការស៊ើបអង្កេតរួមគ្នាមួយ ដែលឯករាជ្យ មិនលម្អៀង និងមានតម្លាភាព ចំពោះព្រឹត្តិការណ៍នេះ ព្រមទាំងធានាថាជនដែលអនុញ្ញាត ឬបង្កបទល្មើសខុសច្បាប់ ត្រូវទទួលទោស។កិច្ចសន្ទនាលើកទី៧នេះ មានគោលបំណង ក្នុងការផ្តល់ជាវេទិកាបែបស្ថាបនា សម្រាប់ប្រទេសសមាជិកអាស៊ាន និងភាគីពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរបទពិសោធ ការអនុវត្តល្អៗ និងចំណេះដឹង ក្នុងការលើកកម្ពស់និងការការពារសិទ្ធិមនុស្សក្នុងតំបន់ ក៏ដូចជាការដោះស្រាយបញ្ហាប្រឈមផងដែរ។

ផលិតផលសក្តានុពលកម្ពុជាចំនួន២០ ត្រូវបានចុះបញ្ជីជាផលិតផលអត្តសញ្ញាណជាតិ

2025/11/18 04:23:33 pm        369
មន្រ្តីនាយកដ្ឋានកម្មសិទ្ធបញ្ញានៃក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា គិតត្រឹមឆ្នាំ ២០២៥ មានផលិតផលចំនួន ២០ ត្រូវបានចុះបញ្ជីជាផលិតផលដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា ក្នុងនោះមានផលិតផលសមូហភាពចំនួន ១១ ផលិតផលសម្គាល់ភូមិសាស្រ្តចំនួន ៨ និងម៉ាកវិញ្ញាតិកម្មចំនួន ១។ ផលិតផលម៉ាកសមូហភាពដែលត្រូវបានចុះបញ្ជីរួមមាន៖ ១.ដូងខ្ទិះបាត់ដំបង ២. នំបញ្ចុកសៀមរាប ៣. ក្រូចថ្លុងកោះពីរ ៤. គុយទាវភ្នំពេញ ៥. អំបុកកំពង់ធំ ៦. អង្ករដំណើប DSMK ៧). អង្ករសែនក្រអូប SKO ៨. អង្ករព្រះវិហារ ៩. ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល ១០. ថ្នាំជក់កម្ពុជា និង១១. សំបុកត្រចៀកកាំ។ ចំណែកផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តមាន៖ ១. ម្រេចកំពត ២. ស្ករត្នោតកំពង់ស្ពឺ ៣. ក្រូចថ្លុងកោះទ្រង់ ៤. ទឹកឃ្មុំព្រៃមណ្ឌលគិរី ៥. ទឹកត្រីកំពតកែប ៦. អំបិលកំពតកែប ៧. បង្កងតាកែវ និង ៨. ប្រហុកសៀមរាប និង ផលិតផលម៉ាកវិញ្ញាតកម្មចំនួន ០១ គឺ MALYS ANGKOR។ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសចូលរួមវេទិកានិងពិព័រណ៍កសិកម្មឆ្នាំ ២០២៥ បានលើកឡើងពីការធ្វើពិពិធកម្មមុខទំនិញយុទ្ធសាស្រ្តរបស់កម្ពុជា រួមទាំងដំណាំកសិកម្មមានសក្ដានុពលដូចជា ស្រូវ អង្ករ ស្វាយចន្ទី ដំឡូងមី ស្វាយ ម្រេច និងមៀនប៉ៃលិនជាដើម ដើម្បីពង្រីកទីផ្សារនាំចេញ៕

កីឡាករវាយកូនគោលលំដាប់ពិភពលោក មកប្រកួតវាយកូនគោលលំដាប់អន្តរជាតិ និងជាលើកដំបូងនៅកម្ពុជា

2025/11/18 04:15:19 pm        422
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុនវឌ្ឍនៈ ហ្គោល រីហ្សត បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដល់កីឡាករវាយកូនគោលអាជីពថ្មីៗលំដាប់ពិភពលោកចំនួន ៦០នាក់ មកពី ១៦ប្រទេស ដើម្បីមកចូលរួមព្រឹត្តិការណ៍ប្រកួតវាយកូនគោលពានរង្វាន់ Vattanac Legends Championship ដែលជាការប្រកួតកម្រិតអន្តរជាតិ និងជាលើកដំបូងក្នុងប្រទេសកម្ពុជា។ថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិ នឹងបង្ហាញពិភពលោកឃើញថា កម្ពុជា ជាគោលដៅសុវត្ថិភាព, មានសមត្ថភាព និងសម្បទាគ្រប់គ្រាន់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិបាន ពោលគឺបានជួយលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ព្រមទាំងកិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិផងដែរ។គួរបញ្ជាក់ថា កីឡាករវាយកូនគោលអាជីពលំដាប់ពិភពលោក ទាំង ១៦ប្រទេសនោះមានដូចជា អាហ្សង់ទីន, បារាំង, ស៊ុយអ៊ែត, អេស្ប៉ាញ, ហូឡង់, អៀរឡង់, ស្កុតលែន, ឥណ្ឌា, ណូវែលសេឡង់, ប្រេស៊ីល, អូទ្រីស, អង់គ្លេស, អាល្លឺម៉ង់, សាធារណរដ្ឋអាហ្រិចខាងត្បូង, អៀរឡង់ខាងជើង និងអ៉ីតាលី៕

ក្រសួងវប្បធម៌ ថ្កោលទោស និងអំពាវនាវរកយុត្តិធម៌ ករណីក្រុមទាហានឈុតខ្មៅថៃ ប្រើហិង្សា និងរំលោភបូកលើពលករខ្មែរ

2025/11/18 04:07:03 pm        357
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញ សេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងដាច់អហង្ការ និងអំពាវនាវស្ថាប័នជាតិ អន្តរជាតិស្វែងរកយុត្តិធម៌ ចំពោះទង្វើដ៏សាហាវឃោរឃៅ ព្រៃផ្សៃ អមនុស្សធម៌របស់ក្រុមទាហានឈុតខ្មៅថៃ មកលើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរចំនួន ១៣នាក់ និងបានប្រព្រឹត្តអំពើថោកទាប ស្មោកគ្រោក រំលោភសេពសន្ថវៈ (រំលោភបូក) មកលើពលករខ្មែរ ជាស្ត្រី ១នាក់ ដោយទាហានឈុតខ្មៅថៃ ៧នាក់។ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមប្រកាស ថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះទង្វើអមនុស្សធម៌ សាហាវឃោរឃៅ ព្រៃផ្សៃ ដែលគួរឱ្យស្អប់ខ្ពើម និងមិនអាច ទទួលយកបានរបស់ក្រុមទាហានឈុតខ្មៅថៃ ដោយបានប្រើប្រាស់អំពើហិង្សាយ៉ាងសាហាវយង់ឃ្នង និងវាយដំ ទាត់ធាក់ លើរូបរាងកាយ ជំរិតទារប្រាក់ គំរាមកំហែងយកទ្រព្យសម្បត្តិ ដែលបានប្រព្រឹត្តមកលើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរ ចំនួន ១៣នាក់ ខណៈពេលធ្វើដំណើរត្រឡប់មកកាន់មាតុភូមិនិវត្តន៍វិញ ដោយនៅក្នុងនោះមានទាហានឈុតខ្មៅថៃ ៧នាក់ បានប្រព្រឹត្តអំពើថោកទាប ស្មោកគ្រោក រំលោភសេពសន្ថវៈ (រំលោភបូក) ទៅលើពលករខ្មែរ ជាស្ត្រី ១នាក់ ដែលមានវ័យត្រឹមតែ ១៨ឆ្នាំ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។នេះជាទង្វើដែលអមនុស្សធម៌ ឃោរឃៅ ព្រៃផ្សៃ គួរឱ្យស្អប់ខ្ពើម និងមិនអាចទទួលយកបាន ហើយជា បទឧក្រិដ្ឋ និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិពលករទេសន្តរប្រវេសន៍ ដែលមានចែងក្នុងច្បាប់ជាតិ និងលិខិតុបករណ៍របស់អង្គការសហប្រជាជាតិ (UN) អនុសញ្ញា ស្ដីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹង ស្ត្រីភេទ (CEDAW) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)។ក្រសួងវប្បធម៌ សូមសម្ដែងនូវសេចក្ដីសោកស្តាយជាពន់ពេក ចំពោះហេតុការណ៍ដែលបានកើតឡើងទៅលើ ពលករខ្មែរទាំង ១៣នាក់ ជាពិសេស ករណីស្ត្រីរងគ្រោះ ដោយអំពើរំលោភសេពសន្ថវៈ (រំលោភបូក) ដែលប្រព្រឹត្តដោយ ពួកទាហានឈុតខ្មៅថៃទាំង ៧នាក់។ ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បន្តតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់ ក្នុងការចាត់វិធានការ តាមនីតិវិធីច្បាប់ដើម្បីផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ និងសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងបង្កើន ភាពអង់អាចដល់ស្ត្រី (UN Women) និងអង្គការអន្តរជាតិពាក់ព័ន្ធក្នុងការតាមដាន និងជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចថៃធ្វើការ ស៊ើបអង្កេត និងចាត់វិធានការជាបន្ទាន់ ដើម្បីនាំយកឧក្រិដ្ឋជនមកផ្តន្ទាទោសតាមច្បាប់ និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ដោយគ្មានការលើកលែង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តេជោលីគ រកឃើញក្រុមខ្លាំងឡើងជុំទី២ ខណៈបញ្ជាការដ្ឋានអង្គរក្ស ជាក្រុមតែមួយគត់ មិនស្គាល់ចាញ់
06/03/2026 01:06 PM
ក្រុមការងារអភិវឌ្ឍវិស័យឯកជនប្រមូលធាតុចូល និងលក្ខខណ្ឌនានា គាំទ្រការផលិតស៊ីម៉ងត៍ក្នុងស្រុក
06/03/2026 12:06 PM
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់បង្កើនថវិកាការពារជាតិមិនចាំបាច់កាត់ពីវិស័យផ្សេងទេ
06/03/2026 12:06 PM
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ទទួល​បាន​ការលើកលែងទោសពីព្រះមហាក្សត្រ
06/03/2026 12:06 PM
សម្ដេចធិបតី៖ បរិការណ៍ពិភពលោកបច្ចុប្បន្ន កម្ពុជាត្រូវពន្លឿនការកែទម្រង់លើវិស័យសេដ្ឋកិច្ច និងការពារជាតិ
06/03/2026 12:06 PM
សម្ដេចតេជោ ហ៊ុន សែន ណែនាំមន្រ្ដីត្រូវបម្រើប្រជាជនដោយស្មោះត្រង់ និង​លុប​បំបាត់​ទង្វើ​ខុស​ឆ្គង​ចំពោះ​ពលរដ្ឋ
06/03/2026 12:06 PM
ចិន រិះគន់ប្រមុខការពារជាតិហ្វីលីពីនជុំវិញការលើកឡើងពី «ការគំរាមកំហែង» របស់ចិន
06/03/2026 12:06 PM
សម្តេចតេជោ ហ៊ុន សែន៖ កំពង់ធំជាគោលដៅការចាប់អារម្មណ៍លើការវិនិយោគកែច្នៃស្វាយចន្ទី ខណៈ​មហិច្ឆតាកម្ពុជាចង់ប្រែក្លាយជាអធិរាជស្វាយចន្ទី
06/03/2026 12:06 PM
ក្រុមអ្នកតវ៉ា ដុតសំបកកង់រថយន្ត បន្តទាមទារឱ្យប្រធានាធិបតីប្រទេសបូលីវី ចុះចេញពីតំណែង
06/03/2026 11:06 AM
អង្គការឧតុនិយមពិភពលោក(WMO)៖ បាតុភូត El Nino បង្កើនហានិភ័យអាកាសធាតុធ្ងន់ធ្ងរ
06/03/2026 11:06 AM