សម្តេចតេជោ ហ៊ុន សែន៖ «គ្មានការយោគយល់ណាមួយ ចំពោះទីកន្លែងណាក៏ដោយ ដែល​បើក​ឱកាស​ឲ្យ​ពួក​ឆបោក​តាម​ប្រព័ន្ធអនឡាញ ធ្វើសកម្មភាព»
មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសណែនាំឱ្យគ្រប់ជំនាញទាំងអស់បង្កើនការយកចិត្តទុកដាក់បង្ក្រាប Online Scams និងបទល្មើសផ្សេងៗ
ស្ថានទូតខ្មែប្រចាំនៅសាធារណរដ្ឋកូរ៉េ ចុះ MOU ជាមួយមន្ទីរពេទ្យដៃគូ ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋខ្មែរនៅកូរ៉េ
ក្រុមការងារអភិវឌ្ឍវិស័យឯកជនប្រមូលធាតុចូល និងលក្ខខណ្ឌនានា គាំទ្រការផលិតស៊ីម៉ងត៍ក្នុងស្រុក

ព័ត៌មានជាតិ

មន្ទីរពេទ្យចំនួន១២ ត្រូវបានទទួលស្គាល់ជាផ្លូវការជាមន្ទីរពេទ្យគំរូចិញ្ចឹមកូនដោយទឹកដោះម្ដាយ

2025/11/18 02:58:11 pm        204
ភ្នំពេញ៖ មន្ទីរពេទ្យស្ថិតក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ ដែលជាមន្ទីរពេទ្យគំរូចិញ្ចឹមកូនដោយទឹកដោះម្ដាយ (CoE) ខណៈលទ្ធល្អជាទីគាប់ចិត្តនេះ ក៏​ត្រូវ​បានអង្គការអន្តរជាតិ ដែលជាដៃគូបានផ្សព្វផ្សាយទៅកាន់ពិភពលោក ក្នុង​នាម​ជា​ប្រទេស​គំរូ។មន្ទីរពេទ្យគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ រួមមាន មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, មន្ទីរ​ពេទ្យ​ខេត្ត​ស្ទឹងត្រែង, កោះកុង, ក្រចេះ, សៀមរាប, ព្រះវិហារ, រតនគិរី, មណ្ឌលគិរី, ពោធិ៍សាត់, តាកែវ, ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ។នៅក្នុង​ពិធីប្រកាសទទួលស្គាល់ជាផ្លូវការ មន្ទីរពេទ្យគំរូចិញ្ចឹមកូន ដោយទឹកដោះម្ដាយ នៅទី១៨ ខែ​វិច្ឆិកា ឆ្នាំ២០២៥ លោកស្រី Edel Cribbin ប្រធានផ្នែកកិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍ​ស្ថាន​ទូត​អៀរ​ឡង់ទទួលបន្ទុកប្រទេសកម្ពុជា វៀតណាម ឡាវ លើកឡើងថា ការចិញ្ចឹម កូន​ដោយ​ទឹក​ដោះ គឺជាអន្តរាគមន៍មួយដ៏សាកសិទ្ធ និងមានប្រសិទ្ធភាពចំណាយខ្ពស់ណាស់ សម្រាប់​ឲ្យ​កុមារ​រស់​រាន និងការវវឌ្ឍន៍បានល្អ។ ការបំបៅកូនដោយទឹកដោះម្ដាយ គឺបានជួយសង្គ្រោះជីវិតកុមារ ធ្វើ​ឲ្យ​អាហារូបត្ថម្ភមានភាពប្រសើរឡើង ក៏ដូចជាពង្រឹងនូវប្រព័ន្ធភាពស៊ាំ និងជួយ​គាំទ្រកា​រ​អភិវឌ្ឍ​ផ្នែកចំណេះដឹង និងសុខមាលភាពរយៈពេលវែង។លោកស្រីបន្តថា ការចិញ្ចឹមកូនដោយទឹកដោះម្ដាយរហូតដល់ ៨៥ភាគរយ ក្នុងចំណោម​មន្ទីរ​ពេទ្យ​ដែល​បាន​ចូលរួមអនុវត្ត CoE របស់កម្ពុជានេះ ជាអត្រាមួយខ្ពស់ បើធៀបនឹងប្រទេស​ជា​ច្រើន​ទៀត ​នៅលើពិភពលោក ហើយលទ្ធផលល្អ នៃការអនុវត្តរបស់កម្ពុជានេះ ក៏ត្រូវនាំ​យក​ទៅ​ផ្សព្វ​ផ្សាយ ដើម្បីធ្វើជាគំរូដល់បណ្ដាប្រទេសផ្សេងៗទៀតផងដែរ ។លោក​ជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា លទ្ធផលទាំងអស់នេះ បានបង្ហាញពីកិច្ចខិតខំរបស់គ្រប់ភាគីទាំងអស់ ទើបធ្វើឲ្យមានលទ្ធផលល្អ ។ ជាមួយនេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានជំរុញបន្ថែមដល់បណ្ដាមន្ទីរពេទ្យទាំងអស់ ត្រូវ​បន្ត​ចូលរួមផ្សព្វផ្សាយបន្ថែមដល់ម្ដាយទាំងឡាយ ត្រូវយល់ដឹងពីអត្ថប្រយោជន៍នៃទឹកដោះម្ដាយ ជា​ពិសេសទឹកដោះដំបូង ដែលបានជួយច្រើន ក្នុងការលូតលាសរបស់កុមារ ។គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២៣ មានមន្ទីរពេទ្យចំនួន២០ បានចូល​រួម​អនុវត្ត​ជា​មន្ទីរ​ពេទ្យ​គំរូ​ចិញ្ចឹម​កូន​ដោយទឹកដោះម្តាយនៅកម្ពុជា ហើយលទ្ធផល​ដំបូង​បាន​បង្ហាញ​ថា​ការ​បំបៅ​ដោះកូ​ន​ក្នុង​ម៉ោង​ដំបូង នៃការសម្រាលមានអត្រាខ្ពស់រហូតដល់ ៨៥ភាគរយ ក្នុងចំណោម​មន្ទីរ​ពេទ្យ​ដែល​បាន​ចូល​រួមអនុវត្ត CoE ។ របាយការណ៍នេះ ពិពណ៌នាអំពីដំណើរការ ធាតុផ្សំ បទពិសោធន៍​ទទួល​បាន និងសក្តានុពលក្នុងការពង្រីកបន្ថែម នូវមន្ទីរពេទ្យគំរូ​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ក្នុង​ប្រទេសកម្ពុជា ។ សមាជិកដែលបានចូលរួមដំណើរការវាយតម្លៃមាន ក្រុមការងារវាយតម្លៃ នៃ​មជ្ឈ​មណ្ឌលជាតិគំាពារមាតា និងទារក ក្រុមការងារវាយតម្លៃនៃមន្ទីរពេទ្យកុមារជាតិ ក្រុម​ការ​ងារ​គម្រោង ​A&T/FHI 360 ប្រចាំប្រទេសកម្ពុជា និងក្រុមការងារនៃអង្គការហេឡែន ខេលល័រ អន្តរ​ជាតិប្រ​ចាំប្រទេសកម្ពុជា៕ អត្ថបទ បាន សុខរិទ្ធិ  

សិក្ខាសាលារយៈពេល២ថ្ងៃ ផ្ដល់ឱកាសដល់សិក្ខាកាមឈ្វេងយល់ និងផ្លាស់ប្ដូរបទពិសោធគ្នា ស្ដីពី ការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ​ក្នុងវិស័យសុខាភិបាលប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ

2025/11/18 02:33:33 pm        174
ខេត្តកោះកុង៖ សិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ សម្រាប់កម្រិតមន្ទីរពេទ្យបង្អែកផ្តល់សំណុំសកម្មភាពបង្គ្រប់កម្រិត១ (CPA1) និងកម្រិត២ (CPA2) ដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នាថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តកោះកុង បានផ្ដល់ជូនសិក្ខាកាមនូវវេទិកានៃការធ្វើបទបង្ហាញ ស្ដីពីការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ប្រធានមន្ទីរពេទ្យបង្អែកចំនួន៨ ដែលបានជាប់ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤។ វាគ្មិនដែលជាប្រធានមន្ទីរពេទ្យបង្អែកចំនួន៨ បានធ្វើបទបង្ហាញពីលទ្ធផលការងារ បទពិសោធក្នុងការគ្រប់គ្រង និងទិសដៅការងារបន្តរបស់មន្ទីរពេទ្យរបស់ខ្លួន ជូនដល់សិក្ខាកាម រួមមាន៖ (១)ប្រធានមន្ទីរពេទ្យបង្អែកអង្គស្នួល; (២)ប្រធានមន្ទីពេទ្យបង្អែកព្រះស្តេច; (៣)ប្រធានមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច; (៤)ប្រធានមន្ទីរពេទ្យបង្អែកក្រគរ; (៥)ប្រធានមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ; (៦)ប្រធានមន្ទីរពេទ្យបង្អែកបាធាយ; (៧)ប្រធានមន្ទីរពេទ្យបង្អែកពញាឮ និង (៨)ប្រធានមន្ទីរពេទ្យបង្អែកអង្គរជ័យ។ ក្រោយចប់បទបង្ហាញទាំង៨ប្រធានបទខាងលើ សិក្ខាកាមមានឱកាសសួរសំណួរ ទៅកាន់វាគ្មិនទាំង៨រូប អំពីបទពិសោធល្អៗ ក្នុងការដោះស្រាយបញ្ហាដែលបានកើតឡើងនាពេលកន្លងមក និងចំណេះថ្មីៗ ស្ដីពីការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ ជាពិសេសពាក់ព័ន្ធនឹងឧត្ដមានុវត្តន៍ និងនវានុវត្តន៍ ដែលធ្វើឱ្យមន្ទីរពេទ្យទទួលបានភាពជោគជ័យ ក្នុងការងារផ្ដល់សេវាសុខាភិបាលជូនដល់ប្រជាជននៅតាមមូលដ្ឋាននីមួយៗ ឱ្យកាន់តែល្អប្រសើរឡើង និងគន្លឹះសំខាន់ៗ នៃការទទួលបានការចូលរួមសាមគ្គីគាំទ្រពីបុក្គលិក គ្រូពេទ្យក្នុងអង្គភាព អាជ្ញាធរនៅមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។បន្ទាប់ពីវេទិកានៃបទបង្ហាញនិងសំណួរ-ចម្លើយ និងការពិភាក្សានៅថ្ងៃទី១នៃសិក្ខាសាលា សិក្ខាកាមត្រូវបានរៀបចំឱ្យមានដំណើរទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដើម្បីពិនិត្យសក្តានុពល និងការរីកចម្រើន នៅថ្ងៃទី២នៃសិក្ខាសាលាផងដែរ៕

នាវាទេសចរណ៍ MS Westerdam ដឹកភ្ញៀវទេសចរជិត ២ពាន់នាក់ ចូលចតកំពង់ផែស្វយ័ត​អន្តរជាតិ​ក្រុងព្រះសីហនុជាថ្មីដើម្បីទស្សនាកម្ពុជា

2025/11/18 02:11:03 pm        256
ព្រះសីហនុ៖ នាវាទេសចរណ៍ MS Westerdam នៅវេលាម៉ោង ៦៖២០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចូលចតនៅកំពង់ផែស្វយ័តអន្តរជាតិ ក្រុងព្រះសីហនុ រយៈពេល១ថ្ងៃ នាំភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ មកទស្សនាខេត្តព្រះសីហនុ។នាពេលវេលាជាថ្មីម្តងទៀតនេះ ពោលគឺជាលើកទី២ហើយ ដែលនាវាទេសចរណ៍ MS Westerdam ដ៏ល្បីល្បាញសញ្ជាតិ Holland បាននាំភ្ញៀវចូលទស្សនាប្រទេសកម្ពុជាលើកនេះ ដោយបានផ្ទុកភ្ញៀវទេសចរចំនួន១៨៥០នាក់ ស្រី៩៩២នាក់ មាន៤៣សញ្ជាតិ ក្នុងមាននាវិកចំនួន៨០៤នាក់ ស្រី១៥៦នាក់ មាន៣៩សញ្ជាតិ ក្នុងនោះភ្ញៀវដែលមានច្រើនជាងគេ គឺមកពីសហរដ្ឋអាមេរិក អូស្ត្រាលី និងប្រទេសកាណាដា។ នាវាទេសចរណ៍នេះ និងចាកចេញពីកំពង់ផែក្រុងព្រះសីហនុ បន្តទៅប្រទេសផ្សេងទៀត នៅម៉ោង៨យប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើតាមការឲ្យដឹងពីមន្ត្រីជំនាញកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នៅព្រឹកនេះផ្ទាល់។គួររំលឹកថា អំឡុងពេលមានជំងឺកូវីដ១៩ ក្រោយរសាត់អណ្តែតលើសមុទ្រ ដោយសារការហាមឃាត់ពីបណ្តាប្រទេសមួយចំនួនក្នុងតំបន់ (មិនឲ្យកប៉ាល់នេះចូលចត) សម្តេចតេជោ ហ៊ុន សែន ក៏បានជួយសង្គ្រោះដោយអនុញ្ញាតឲ្យកប៉ាល់ទេសចរណ៍ MS Westerdam ចូលចតនៅកំពង់ផែស្វយត័ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីជួយដោះស្រាយ និងសម្រួលការងារផ្សេងៗ ក្នុងន័យមនុស្សធម៌ដល់មនុស្សចម្រុះជាតិសាសន៍លើកប៉ាល់ទេសចរណ៍ MS Westerdam សរុបជាង២២០០នាក់។អំឡុងពេលនោះ សម្តេចតេជោ បានថ្លែងថា ប្រទេសកម្ពុជា បានធ្វើនូវកិច្ចការទាក់ទងនឹងដំណើរ នៃការគោរពសិទ្ធិមនុស្ស គឺសិទ្ធិរស់រានមានជីវិត សិទ្ធិមិនត្រូវបានគេរើសអើង និងសិទ្ធិមនុស្ស ហើយក្រុមភ្ញៀវទេសចរ បានវិលត្រឡប់ទៅកាន់ប្រទេសវិញដោយសុវត្ថិភាព សម្រាប់អ្នកដំណើរទាំងជាង ២,២០០នាក់ នៅលើកប៉ាល់នេះ។ព្រឹត្តិការណ៍មនុស្សធម៌ ដែលសម្តេចតេជោ ហ៊ុន សែន បានធ្វើនាពេលនោះ ធ្វើឲ្យកម្ពុជាល្បីរន្ទឺពេញពិភពលោក ជាមួយនឹងពាក្យថា «កម្ពុជាតូច តែបេះដូងធំ»៕

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញឱកាសវិនិយោគដ៏ទូលំទូលាយនៅកម្ពុជាដល់គណៈប្រតិភូសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អាស៊ី

2025/11/18 02:06:17 pm        133
ភ្នំពេញ៖ នៅព្រឹកទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ច ចិន-អាស៊ី ដឹកនាំដោយ លោក CHEN Jun អនុប្រធានប្រតិបត្តិ និងជាអគ្គលេខាធិការនៃសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អាស៊ី ដោយផ្តោតសំខាន់លើការសិក្សាពិនិត្យលទ្ធភាពក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ក្នុងក្របខណ្ឌតំបន់អាស៊ី។ក្នុងជំនួបនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់អំពីឱកាសវិនិយោគដ៏ទូលំទូលាយនៅក្នុងប្រទេសកម្ពុជា ក្រោមការសម្របសម្រួលរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបម្រើការជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍, ការវិនិយោគឯកជន, និងតំបន់សេដ្ឋកិច្ចពិសេស (SEZs)។ ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរអំពី កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ ដែលបានផ្តល់នូវភាពច្បាស់លាស់សម្រាប់វិនិយោគិន។ជាការឆ្លើយតប លោក CHEN Jun ក្នុងនាមគណៈប្រតិភូទាំងអស់ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានផ្តល់ឱកាសដល់គណៈប្រតិភូសមាគមបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ និងបានបង្ហាញនូវឆន្ទៈក្នុងការជម្រុញ និងនាំយកក្រុមហ៊ុនជាសមាជិកដែលមានសក្តានុពលខ្ពស់ផ្នែកបច្ចេកវិទ្យា និងឧស្សាហកម្មកែច្នៃនានា មកសិក្សាពិនិត្យលទ្ធភាព និងស្វែងរកឱកាសមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ៕

រាជរដ្ឋាភិបាល អំពាវនាវដល់ពលរដ្ឋចូលរួមផ្សព្វផ្សាយឱ្យបានសកម្មគ្រប់មជ្ឈដ្ឋានអំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀនដោយ​ «ម្នាក់ៗមិនពាក់ព័ន្ធនឹងគ្រឿងញៀន»

2025/11/18 02:04:22 pm        186
សភាពការណ៍គ្រឿងញៀនទាំងតំបន់ និងសកលលោកនៅតែបន្តវិវត្តន៍ប្រែប្រួលគួរឱ្យព្រួយបារម្ភ ហើយកម្ពុជាយើងបានទទួលរងឥទ្ធិផលពីការវិវត្តន៍នេះ ឆ្លើយតបទៅនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំងគ្រឿងញៀនមានចំនួន ១០លើ, សារាចរណែនាំ និងបទបញ្ជាផ្សេងៗ សំដៅដល់ការធ្វើយ៉ាងណារួមគ្នាជាចលនាជាតិមួយក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីកសាងសហគមន៍គ្មានគ្រឿង។ ការងារផ្សព្វផ្សាយអប់រំជាកិច្ចការអាទិភាព និងត្រូវបានចាត់ទុកថាជាយន្តការដ៏មានប្រសិទ្ធក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលកន្លងមកមានស្ថានីយ៍ទូរទស្សន៍ វិទ្យុ សិល្បៈករ-សិល្បៈការិនី ពិធីករ-ពិធីការិនី អ្នកផលិតមាតិកា បានចូលរួមចំណែកយ៉ាងសកម្មក្នុងការបញ្ជ្រាបនូវការយល់ដឹងអំពីបញ្ហាគ្រឿងញៀន ទៅកាន់គ្រប់មជ្ឈដ្ឋាន។ ក្នុងគោលបំណងបន្តជំរុញស្មារតី និងចលនាជាតិតែមួយ ដើម្បីចូលរួមផ្សព្វផ្សាយ អប់រំ ឱ្យបានសកម្មគ្រប់មជ្ឈដ្ឋាន អំពីផលប៉ះពាល់និងវិនាសកម្មនៃគ្រឿងញៀន ដោយម្នាក់ៗមិនពាក់ព័ន្ធនឹងគ្រឿងញៀន, ក្រសួងព័ត៌មាន ក្នុងនាមជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានបើក «យុទ្ធនាការផ្សព្វផ្សាយអប់រំ ស្តីពីបញ្ហាគ្រឿងញៀន» នៅទីរួមខេត្តស្វាយរៀង នៅព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានសមាសភាពចូលរួមពីអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត, មន្រ្តីរាជការ, កងកម្លាំងប្រដាប់អាវុធ, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស និងយុវជន យុវនារី ចំនួនប្រហែលជាង ៥០០ នាក់។

មន្រ្ដីជំរុញពលរដ្ឋឱ្យរាយការណ៍ពីករណីគ្រឿងញៀនតាមរយៈ App NoDrugs ដើម្បីកម្ពុជា​គ្មាន​គ្រឿង​ញៀន

2025/11/18 01:50:14 pm        166
កម្មវិធីទូរស័ព្ទដៃ ឬហៅថា APP ដែលមានឈ្មោះថា NO DRUGS យើងអាចពង្រឹង និង​ពង្រីក​វិសា​ល​ភាពនៃការផ្សព្វផ្សាយអប់រំ ឱ្យបានទៅដល់​ប្រជាពលរដ្ឋ​ស្ទើរ​គ្រាប់​អ្នក​ដែល​មាន​ទូរស័ព្ទ​ដៃ​ប្រើ មិនថា ចាស់ឬក្មេង នៅទីប្រជុំជន នៅជនបទ ឬនៅក្រៅប្រទេសឡើយ គឺពួក​គាត់​អាច​ទទួល​បាន​ព័ត៌មាន ទទួលបានការអប់រំ ទទួលបានការកម្សាន្តសប្បាយ។ ជាមួយគ្នានោះក៏អាចចូលរួមជាយោបល់ លើកជាសំណូមពរ ផ្តល់ជាព័ត៌មាន ឬរាយការណ៍​ជូន​សមត្ថកិច្ច​ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដើម្បីទទួលបានការឆ្លើយតប ឬកិច្ចអន្តរាគមន៍​តាម​បញ្ហា​ដែល​ពួកគាត់បានជួបប្រទះ ក្នុងនោះរួមទាំងការឆ្លើយតបចំពោះបងប្អូនដែលមានកូនចៅ ឬញាតិមិត្តញៀនគ្រឿងញៀន ក៏អាចស្វែងរកព័ត៌មាន និង​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​តាម​រយៈ​កម្ម​វិធី​ទូរស័ព្ទ​ដៃ​នេះផងដែរ។ ម្យ៉ាងទៀត អ្នកចូលមើល ក៏អាចទទួលបាន​នូវ​ចំណេះដឹ​ង​ទូទៅ​ពា​ក់​ព័ន្ធ​នឹង​គ្រឿង​ញៀន និងចំណេះដឹងពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពបំណិនជីវិត ដែលជាមូលដ្ឋាន ក្នុង​ការ​បង្ការ និងការពារខ្លួន ការពារគ្រួសារ ក៏ដូចជាមិត្តភក្តិ កុំឱ្យពាក់ព័ន្ធ ឬចាញ់ការ​បោក​បញ្ឆោទ​ឱ្យ​ទៅ​ប្រើប្រាស់គ្រឿងញៀន។ ការរាយការណ៍តាមរយៈកម្មវិធីទូរស័ព្ទដៃ App NoDrugs ធានាបាននូវសុវត្ថិភាព និងការសម្ងាត់ ១០០%។ ការផ្សព្វផ្សាយពីការប្រើប្រាស់ និងគុណសម្បត្តិនៃកម្មវិធីទូរស័ព្ទដៃខាងលើនេះ ត្រូវ​បាន​ធ្វើ​ឡើងនៅក្នុង«យុទ្ធនាការផ្សព្វផ្សាយអប់រំ ស្តីពីបញ្ហាគ្រឿងញៀន» នៅទីរួមខេត្តស្វាយរៀង នៅព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមាន​សមាសភាព​ចូល​រួម​ពី​អគ្គ​លេខា​ធិការ​ដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន, ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត, មន្រ្តីរាជការ, កងកម្លាំងប្រដាប់​អាវុធ, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស និងយុវជន យុវនារី ចំនួនប្រហែលជាង ៥០០ នាក់ ដែលរៀបចំដោយក្រសួងព័ត៌មាន ក្នុងនាមជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់៕

សម្ដេចតេជោ អរគុណប្រទេសអូទ្រីសបានចូលរួមចំណែកក្នុងវិស័យដោះមីន, អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងកិច្ចសហប្រតិបត្តិការជាច្រើនទៀតជាមួយកម្ពុជា​

2025/11/18 01:45:38 pm        153
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អរគុណចំពោះអូទ្រីសដែលបានចូលរួមចំណែកនៅក្នុងវិស័យដោះមីន និងជួយជ្រោមជ្រែងដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា រួមទាំងកិច្ចសហប្រតិបត្តិការជាច្រើនទៀតដែលកម្ពុជា និងអូទ្រីសបានធ្វើជាមួយគ្នានាពេលកន្លងទៅ។ឯកឧត្តម ជា ធីរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអូទ្រីស ប្រចាំកម្ពុជានៃជួបសម្ដែងការគួរសម និងជម្រាបលានៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ថា  នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែនបានសម្ដែងនូវក្តីរីករាយ និងស្វាគមន៍ឯកឧត្តម និងគណៈប្រតិភូ និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកឧត្តមជាឯកអគ្គរដ្ឋទូត ក្នុងពេលឯកឧត្តមបំពេញបេសកកម្មការងារ ថ្វីត្បិតតែពេលនេះ ឯកឧត្តមបានផុតអាណត្តិក៏ពិតមែន ប៉ុន្តែសម្ដេចតេជោបានបញ្ជាក់ថា បេសកកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនៅកម្ពុជា បានចូលរួមចំណាយយ៉ាងសំខាន់នៅក្នុង ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងកម្ពុជានិងអូទ្រីស។ឯកឧត្តមឯកអគ្គរដ្ឋទូតអូទ្រីសបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យឯកឧត្តម និងប្រតិភូបានចូលជួបសម្ដែងការគួរសមនៅពេលនេះ។ ឯកឧត្តមបានបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងអូទ្រីស ដែលមាននាពេលកន្លងមក ហើយបច្ចុប្បន្នកំពុងតែពង្រីកបន្ថែមទៀត ក្នុងនោះឯកឧត្តមក៏បានរំលេចអំពី ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ដែលឯកឧត្តមបានឃើញប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងនោះមានអគារខ្ពស់ៗជាច្រើននាពេលបច្ចុប្បន្ននេះ។ ឯកឧត្តមក៏បានរំលេចនៅក្នុងក្របខ័ណ្ឌទំនាក់ទំនងទ្វេភាគី ដោយឯកឧត្តមបានបញ្ជាក់ថា កន្លងមកអូទ្រីសបានចូលរួមចំណែកនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា នៅក្នុងវិស័យដោះមីន រួមមានការជួយជ្រោមជ្រែងដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហើយឯកឧត្តមរំពឹងថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងកើនឡើងនាពេលខាងមុខ ដោយនៅក្នុងខែក្រោយនេះ អ្នកវិនិយោគរបស់អូទ្រីសនឹងមកទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងរកឱកាសវិនិយោគ។ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណចំពោះអូទ្រីសដែលបានចូលរួមចំណែក នៅក្នុងវិស័យដោះមីន ក្នុងការជួយជ្រោមជ្រែងដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា រួមទាំងកិច្ចសហប្រតិបត្តិការមួយចំនួនទៀត ដែលកម្ពុជានិងអូទ្រីសបានធ្វើជាមួយគ្នានាពេលកន្លងទៅ។ សម្ដេចក៏បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលធ្វើយ៉ាងណាជំរុញវិស័យពាណិជ្ជកម្ម រវាងកម្ពុជា និងអូទ្រីសមានការកើនឡើង។ សម្ដេចតេជោបញ្ជាក់ថា បច្ចុប្បន្ន ស្ថានភាពទំនាក់ទំនងនយោបាយការបរទេសរវាងប្រទេសទាំងពីរមានភាពរីកចម្រើនហើយ ដូច្នេះទាមទារបន្ថែមទៀតនូវការពង្រីកទំហំពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ ឱ្យមានការរីកចម្រើនទៅជាមួយគ្នា។ សម្ដេចតេជោក៏ចង់ឃើញនូវកិច្ចសហប្រតិបត្តិការនយោបាយបន្ថែមទៀតរវាងប្រទេសទាំងពីរ នៅក្នុងក្របខ័ណ្ឌនយោបាយ ជាពិសេសនៅទំនាក់ទំនងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីស្វែងរកនៅយន្តការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាជាបន្តបន្ទាប់ទៀត៕

សេនានុព័ន្ធចក្រភពអង់គ្លេសថ្មីសម្តែងការសោកស្ដាយចំពោះការបាត់បង់អាយុជីវិតពលរដ្ឋកម្ពុជា និងជំរុញឱ្យភាគីថៃធ្វើការដោះលែងកងទ័ពកម្ពុជាទាំង១៨រូបមកកម្ពុជាវិញ

2025/11/18 01:34:56 pm        345
ភ្នំពេញ៖ លោក វរសេនីយ៍ឯក ជូលៀន អ.អិល.ស្មីត សេនានុព័ន្ធចក្រភពអង់គ្លេសថ្មីប្រចាំកម្ពុជា បានសម្តែងការសោកស្ដាយចំពោះការបាត់បង់អាយុជីវិតពលរដ្ឋកម្ពុជា និងជំរុញឱ្យភាគីថៃធ្វើការដោះលែងកងទ័ពកម្ពុជាទាំង១៨រូបមកកម្ពុជាវិញ។លោក វរសេនីយ៍ឯក ជូលៀន អ.អិល.ស្មីត សេនានុព័ន្ធចក្រភពអង់គ្លេសថ្មីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅក្រុងហាណូយ ប្រទេសវៀតណាម បានថ្លែងបែបនេះ ក្នុងឱកាសឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាននៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអបអរសាទរចំពោះលោក វរសេនីយ៍ឯក ជូលៀន អ.អិល.ស្វីត ដែលត្រូវបានតែងតាំងជាសេនានុព័ន្ធយោធាអង់គ្លេសថ្មី ប្រចាំកម្ពុជា ដោយជឿជាក់ថា ក្រោមបេសកកម្មការទូតរបស់លោកវរសេនីយ៍ឯក នឹងជំរុញបន្ថែមនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសយើងទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។ឯកឧត្តម បានរំលេចពីទំនាក់ទំនងការទូតវាងកម្ពុជានិងអង់គ្លេសតាំងពីឆ្នាំ១៩៥៣ ហើយទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរមានការកើនឡើងជាលំដាប់ ក្នុងនោះលើវិស័យយោធា អង់គ្លេសបានផ្តល់អាហារូបករណ៍រាជបណ្ឌិតសភាយោធាសេនហើសដល់សិក្ខាកាមកម្ពុជាជាបន្តបន្ទាប់ ដែលជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-អង់គ្លេស ក្រោមការចង្អុលបង្ហាញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពេលសម្តេចនៅជាមេបញ្ជាការកងទ័ពជើងគោក។ឯកឧត្តមជឿជាក់ថា កងទ័ពប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយថែមទៀត តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរព័ត៌មានទប់ស្កាត់អំពើភេរវកម្ម ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននានា បន្តកិច្ចសហប្រតិបត្តិការលើការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ បង្កើនកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ព ការធ្វើលំហាត់យោធា និងការចូលចតនាវា។នៅក្នុងឱកាសនោះ ឯកឧត្តម ក៏បានជម្រាបជូនសេនានុព័ន្ធចក្រភពអង់គ្លេស អំពីបច្ចុប្បន្នភាព និងការវិវឌ្ឍនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ និងយន្តការដែលបានឯកភាពគ្នាកន្លងមក ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ជាកិច្ចឆ្លើយតប វរសេនីយ៍ឯក ជូលៀន អ.អិល.ស្មីត បានសម្ដែងនូវការសប្បាយរីករាយចំពោះសិក្ខាកាមកម្ពុជាបានទៅសិក្សានៅសាលារាជបណ្ឌិត្យសភាយោធាសេនហើស ចក្រភពអង់គ្លេស និងបានផ្តល់អាហាររូបករណ៍បន្ថែមដល់សិក្ខាកាមកងទ័ពកម្ពុជាដើម្បីទៅធ្វើការបណ្ដុះបណ្ដាលផ្នែកកងទ័ពជើងទឹកនៅចក្រភពអង់គ្លេស។លោកវរសេនីយ៍ឯក ជូលៀន អ.អិល.ស្មីត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការគាំទ្រដល់ដំណើរបំពេញទស្សនកិច្ចរបស់នាវាអង់គ្លេសនៅព្រះរាជាណាចក្រកម្ពុជា ដោយលោកវរសេនីយ៍ឯក បញ្ជាក់ថា នៅឆ្នាំ២០២៦ខាងមុខ នាវារបស់អង់គ្លេសនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាម្ដងទៀត។ពាក់ព័ន្ធស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ លោកវរសេនីយ៍ឯក បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ ធ្វើយ៉ាងណាឱ្យមានស្ថេរភាពនៅតំបន់ព្រំដែន ដោយគាំទ្រចំពោះកិច្ចខិតខំការទូត កិច្ចសន្ទនាដោយសន្តិវិធី ភាពស្ងប់ស្ងាត់ ជាពិសេស ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។លោកវរសេនីយ៍ឯក បានបញ្ជាក់ថា សហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់តាមដានយ៉ាងដិតដល់ចំពោះស្ថានការណ៍វិវត្តន៍នៅតំបន់ព្រំដែនប្រទេសទាំងពីរ និងបានសម្ដែងការគាំទ្រចំពោះជំហរកម្ពុជា ដែលកន្លងមកបានប្រកាន់ភ្ជាប់នូវភាពអត់ធ្មត់ និងច្បាប់អន្តរជាតិ ហើយលោកថានឹងទៅពិនិត្យមើលផ្ទាល់កន្លែងជនភៀសសិក នៅខេត្តបន្ទាយមានជ័យ តាមរយៈក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP)។លោកសេនានុព័ន្ធចក្រភពអង់គ្លេស បានសម្តែងការសោកស្ដាយចំពោះការបាត់បង់អាយុជីវិតប្រជាពលរដ្ឋកម្ពុជា និងបានជំរុញឲ្យភាគីថៃធ្វើការដោះលែងកងទ័ពកម្ពុជាទាំង ១៨ រូប មកឲ្យកម្ពុជាវិញ ដើម្បីឱ្យពួកគាត់បានជួបជុំក្រុមគ្រួសារ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ៕

ក្រុមការងារ​ចម្រុះធ្វើការឃាត់ខ្លួនបុរសសញ្ជាតិខ្មែរម្នាក់​ដែល​ប្រព្រឹត្ត​បទ​ល្មើស​រំលោភ​សេព​សន្ថវៈ​ជា​ច្រើន​ករណី និងបានប្រើប្រាស់បណ្តាញ Telegram ដើម្បីផលិត និងចែកចាយ​រូបភាព​អាស​អាភាស​លើ​កុមារ (CSAM)

2025/11/18 01:28:33 pm        328
ក្រុមការងារចម្រុះ "FOXTROT 25" ដែលមានសមាសភាព​ចូល​រួម​ពី​អគ្គស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​នៃក្រសួងមហាផ្ទៃ, នាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, ស្នង​ការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, ការិយាល័យសន្តិតសុខមាតុភូមិ (HSI) នៃស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក និងអង្គភាពការពារកុមារ (CPU) បានសហការ​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​សកម្មភាព​របស់​បុរសជាជនសង្ស័យម្នាកដែលរស់នៅក្រុងប៉ោយប៉ែត បន្ទាប់ពីបានរក​ឃើញ​រូប​ភាព​អាស​អាភាសលើកុមារកម្ពុជា ត្រូវបានផលិតនិងបង្ហោះទៅលើប្រព័ន្ធអនឡាញ។ជាលទ្ធផលនៃការស៊ើបអង្កេត និងការឆែកឆេរបរិវេណរស់នៅជាច្រើនទីតាំង បុរស​អាយុ​២៩​ឆ្នាំ​ម្នាក់​ត្រូវ​បានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូន​ទៅ​ផ្តន្ទា​ទោស​តាម​ច្បាប់​នៅសា​លាដំ​បូង​ខេត្តប​ន្ទាយ​មាន​ជ័យ​ ពីបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសលើកុមារ និងពីបទផ​លិត​ចែក​ចាយ​រូប​ភាព​អាសអា​ភាសលើកុមារ។ ជនសង្ស័យនេះត្រូវបានសមត្ថកិច្ចធ្វើការឃុំឃាំង។ការស៊ើបអង្កេតនេះនៅកំពុងដំណើរការនៅឡើយ ហើយជនរងគ្រោះជាច្រើនរូបក៏ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណ។ យើងជឿជាក់ថាបន្ទាប់ពីបានធ្វើកោសល្យវិច័យពេញលេញទៅលើសម្ភារៈឌីជីថលជាច្រើនដែលត្រូវបានដកហូត នោះយើងនឹងរកឃើញជនរងគ្រោះជាច្រើននាក់បន្ថែមទៀត។"បុគ្គលម្នាក់នេះគឺជាហានិភ័យដ៏ធំទៅដល់កុមារ។ ខ្ញុំសូមថ្លែងការកោតសរសើរចំពោះកិច្ចការដ៏ល្អរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការស៊ើបអង្កេតនេះ ជាពិសេសចំពោះការឆ្លើយតបយ៉ាងរហ័សរបស់រាជរដ្ឋាភិបាលកម្ពុជា, អគ្គស្នងការដ្ឋាននគរបាលជាតិ, ក្រសួងមហាផ្ទៃ និងការិយាល័យ HSI ដែលបានគាំទ្រការស៊ើបអង្កេតនេះ និងឈានដល់ដំណាក់កាលឃាត់ខ្លួនមុខសញ្ញា។" - លោក James McCabe នាយកប្រតិបត្តិអង្គភាពការពារកុមារ (CPU)។ការស៊ើបអង្កេតនេះគឺជាឧទាហរណ៍ដ៏ល្អមួយ ដែលបង្ហាញពីភាពប្តេជ្ញារបស់គ្រប់ស្ថាប័ន្នពាក់ព័ន្ធ ចំពោះកិច្ចការការពារកុមារ ពីជនប្រមាញ់នៅតាមប្រព័ន្ធអនឡាញ។ នេះជាសារដាស់តឿនទៅកាន់គ្រប់បុគ្គលដែលគិតថាកម្ពុជាពុំមានលទ្ធភាពស៊ើបអង្កេតទៅលើបទល្មើសលើកុមារតាមប្រព័ន្ធអនឡាញ។ ប្រសិនបើនរណាម្នាក់ផលិតរូបភាពអាសអាភាសលើកុមារកម្ពុជា ហើយចែកចាយតាមប្រព័ន្ធអនឡាញ យើងនឹងឆ្លើយតបដោយបើកការស៊ើបអង្កេត និងឃាត់ខ្លួនបុគ្គលនោះ។សូមថ្លែងអំណរគុណដល់ស្ថាប័ន្នពាក់ព័ន្ធទាំងអស់ និងអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរមួយនេះ។ នេះជាឧទាហរណ៍ដ៏ល្អមួយដែលបង្ហាញពីសមត្ថភាព និងភាពប្តេជ្ញារបស់ប្រទេសកម្ពុជាក្នុងការការពារកុមារទាំងក្នុងប្រទេស និងតាមប្រព័ន្ធអនឡាញ៕ 

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណាយជូនដល់កងកម្លាំងប្រដាប់អាវុធឈរជើងការពារព្រំដែន ខេត្តកោះកុង

2025/11/18 01:25:26 pm        207
កោះកុង៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារ អមដំណើរដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និង នាំយកអំណោយ ប្រគល់ជូនកងកម្លាំងប្រដាប់អាវុធ ឈរជើងការពារតាមបណ្តោយព្រំដែន ខេត្តកោះកុង។ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកិះកុង បានថ្លែងនូវការស្វាគមន៍យ៉ាងរ៉ាក់ទាក់កក់ក្តៅ ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ភ្ញៀវកិត្តិយសទាំងអស់និង បានធ្វើសេចក្តីរាយការណ៍ សង្ខេបអំពីសកម្មភាពអនុវត្ត ភារកិច្ច ការពារជាតិ របស់អង្គភាពតំបន់ប្រតិបត្តិការសឹករងកោះកុងនាពេលកន្លងមក។មានមតិសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធនាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមុខងារសាធារណៈ បានពាំនាំនូវការផ្តាំផ្ញើសាក សួរសុខ ទុក្ខពីសំណាក់ សម្តេច អគ្គ មហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ សភា នៃព្រះរាជាណាចក្រកម្ពុជា .សម្តេចគតិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល តែងតែយក ចិត្តទុក ដាក់ ចំពោះសុខទុក្ខរបស់ បងប្អូនកងកម្លាំង យើងគ្រប់ពេលវេលា ។.ឯកឧត្តមបានសំដែងនូវមនោសញ្ចេតនានឹករលឹក និងបានថ្លែងនូវការកោតសរសើរ ចំពោះគំរូវីរៈភាព របស់បង ប្អូន កងទ័ព យើង ដែលបាន លះបង់សាច់ស្រស់ ឈាមស្រស់ ការពារជាតិ ប្រយុទ្ធប្រឆាំងការ ឈ្លានពានរបស់សត្រូវសៀម យ៉ាងអង់អាច ក្លាហាន ការពារបូរណ ភាពទឹកដី មិនឲ្យបាត់បង់សូម្បី ១មីលីម៉ែត្រ ណាឡើយ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បាននាំយកអំណោយជាថវិកាចំនួន ៨ ០០០ ០០០ រៀល ជូនដល់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង សំរាប់កសាងរបងទីបញ្ជាការ និង ប្រគល់ជូនដល់កងកម្លាំងជួរមុខ ចំនួន៦ អង្គភាព ដោយក្នុង១អង្គភាពទទួលបានថវិកា ៤ ០០០ ០០០ រៀល អង្ករ ១ តោន , មីជាតិ ៥០ កេស , ទឹកស៊ីអ៊ីវ ៥០យួរ, ទឹកត្រី ៥០យួរ, ត្រីខកំប៉ុង ៥កេស ,ទឹកសុទ្ធ ៣០កេស ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បើក Soccer League នឹងរំលេចទស្សនីយភាពជាច្រើន ពិសេសការច្រៀងចម្រៀងជាតិ ដើម្បីលើកទឹកចិត្តវីរកងទ័ព និងជនភៀសសឹក
06/03/2026 02:06 PM
សមាជិកសភា៖ អ៊ីរ៉ង់ចង់ធ្វើជាតូបនីយកម្មច្រកសមុទ្រហ័រមូស
06/03/2026 02:06 PM
មេដឹកនាំសហគមន៍លីបង់នឹងដាក់ពាក្យប្តឹងប្រឆាំងការគាំទ្ររបស់អាមេរិកចំពោះសង្គ្រាមរបស់អ៊ីស្រាអែលនៅលីបង់
06/03/2026 02:06 PM
អ្នកជំនាញ៖ អ៊ីរ៉ង់មានតួនាទីសំខាន់នៅក្នុងដំណើរការរំសាយអាវុធរបស់ក្រុមហេសបូឡា
06/03/2026 02:06 PM
FIFA បើកដំណើរការមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិសម្រាប់ World Cup នៅក្រុង Dallas
06/03/2026 02:06 PM
ក្រុមហ៊ុនអឺរ៉ុបជាច្រើនទទួលស្គាល់ថា មានការលំបាកក្នុងការផលិតអាវុធល្បឿនលឿនជាងសំឡេង
06/03/2026 02:06 PM
មូស្គូ៖ រុស្ស៊ីត្រៀមធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអាមេរិកឡើងវិញ ប្រសិនបើផលប្រយោជន៍របស់ខ្លួនត្រូវបានគោរព
06/03/2026 02:06 PM
UN ស្នើជម្រើសដើម្បីជួយបញ្ចប់ជម្លោះអ៊ីស្រាអែល-ក្រុមហេសបូឡា បន្ទាប់ពីកងកម្លាំងរក្សាសន្តិភាពចាកចេញពីលីបង់
06/03/2026 02:06 PM
ស្ត្រីមានផ្ទៃពោះ ១៣.៥០០នាក់ នៅលីបង់ តស៊ូស្វែងរកការថែទាំដែលមានសុវត្ថិភាព ខណៈអ៊ីស្រាអែលបន្តវាយប្រហារ
06/03/2026 02:06 PM
រុស្ស៊ី៖ UN និង IAEA កំពុងប្រកាន់យកជំហរអព្យាក្រឹតចំពោះបញ្ហារោងចក្រនុយក្លេអ៊ែរ ZAPOROZHYE
06/03/2026 02:06 PM