អាជ្ញាធររាជធានីភ្នំពេញបន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំចំនួន ៨២ទីតាំង រកឃើញជនបរទេសខ្លះពុំមានលិខិតឆ្លងដែន និងផាកពិន័យម្ចាស់ ឬអ្នកគ្រប់គ្រង ៣ទីតាំង
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស ២៦នាក់ ពាក់ព័ន្ធករណី Online Scams
សម្តេចតេជោ ហ៊ុន សែន៖ «គ្មានការយោគយល់ណាមួយ ចំពោះទីកន្លែងណាក៏ដោយ ដែល​បើក​ឱកាស​ឲ្យ​ពួក​ឆបោក​តាម​ប្រព័ន្ធអនឡាញ ធ្វើសកម្មភាព»
មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសណែនាំឱ្យគ្រប់ជំនាញទាំងអស់បង្កើនការយកចិត្តទុកដាក់បង្ក្រាប Online Scams និងបទល្មើសផ្សេងៗ

ព័ត៌មានជាតិ

ក្រុមការងារ​ចម្រុះធ្វើការឃាត់ខ្លួនបុរសសញ្ជាតិខ្មែរម្នាក់​ដែល​ប្រព្រឹត្ត​បទ​ល្មើស​រំលោភ​សេព​សន្ថវៈ​ជា​ច្រើន​ករណី និងបានប្រើប្រាស់បណ្តាញ Telegram ដើម្បីផលិត និងចែកចាយ​រូបភាព​អាស​អាភាស​លើ​កុមារ (CSAM)

2025/11/18 01:28:33 pm        328
ក្រុមការងារចម្រុះ "FOXTROT 25" ដែលមានសមាសភាព​ចូល​រួម​ពី​អគ្គស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​នៃក្រសួងមហាផ្ទៃ, នាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, ស្នង​ការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, ការិយាល័យសន្តិតសុខមាតុភូមិ (HSI) នៃស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក និងអង្គភាពការពារកុមារ (CPU) បានសហការ​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​សកម្មភាព​របស់​បុរសជាជនសង្ស័យម្នាកដែលរស់នៅក្រុងប៉ោយប៉ែត បន្ទាប់ពីបានរក​ឃើញ​រូប​ភាព​អាស​អាភាសលើកុមារកម្ពុជា ត្រូវបានផលិតនិងបង្ហោះទៅលើប្រព័ន្ធអនឡាញ។ជាលទ្ធផលនៃការស៊ើបអង្កេត និងការឆែកឆេរបរិវេណរស់នៅជាច្រើនទីតាំង បុរស​អាយុ​២៩​ឆ្នាំ​ម្នាក់​ត្រូវ​បានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូន​ទៅ​ផ្តន្ទា​ទោស​តាម​ច្បាប់​នៅសា​លាដំ​បូង​ខេត្តប​ន្ទាយ​មាន​ជ័យ​ ពីបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសលើកុមារ និងពីបទផ​លិត​ចែក​ចាយ​រូប​ភាព​អាសអា​ភាសលើកុមារ។ ជនសង្ស័យនេះត្រូវបានសមត្ថកិច្ចធ្វើការឃុំឃាំង។ការស៊ើបអង្កេតនេះនៅកំពុងដំណើរការនៅឡើយ ហើយជនរងគ្រោះជាច្រើនរូបក៏ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណ។ យើងជឿជាក់ថាបន្ទាប់ពីបានធ្វើកោសល្យវិច័យពេញលេញទៅលើសម្ភារៈឌីជីថលជាច្រើនដែលត្រូវបានដកហូត នោះយើងនឹងរកឃើញជនរងគ្រោះជាច្រើននាក់បន្ថែមទៀត។"បុគ្គលម្នាក់នេះគឺជាហានិភ័យដ៏ធំទៅដល់កុមារ។ ខ្ញុំសូមថ្លែងការកោតសរសើរចំពោះកិច្ចការដ៏ល្អរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការស៊ើបអង្កេតនេះ ជាពិសេសចំពោះការឆ្លើយតបយ៉ាងរហ័សរបស់រាជរដ្ឋាភិបាលកម្ពុជា, អគ្គស្នងការដ្ឋាននគរបាលជាតិ, ក្រសួងមហាផ្ទៃ និងការិយាល័យ HSI ដែលបានគាំទ្រការស៊ើបអង្កេតនេះ និងឈានដល់ដំណាក់កាលឃាត់ខ្លួនមុខសញ្ញា។" - លោក James McCabe នាយកប្រតិបត្តិអង្គភាពការពារកុមារ (CPU)។ការស៊ើបអង្កេតនេះគឺជាឧទាហរណ៍ដ៏ល្អមួយ ដែលបង្ហាញពីភាពប្តេជ្ញារបស់គ្រប់ស្ថាប័ន្នពាក់ព័ន្ធ ចំពោះកិច្ចការការពារកុមារ ពីជនប្រមាញ់នៅតាមប្រព័ន្ធអនឡាញ។ នេះជាសារដាស់តឿនទៅកាន់គ្រប់បុគ្គលដែលគិតថាកម្ពុជាពុំមានលទ្ធភាពស៊ើបអង្កេតទៅលើបទល្មើសលើកុមារតាមប្រព័ន្ធអនឡាញ។ ប្រសិនបើនរណាម្នាក់ផលិតរូបភាពអាសអាភាសលើកុមារកម្ពុជា ហើយចែកចាយតាមប្រព័ន្ធអនឡាញ យើងនឹងឆ្លើយតបដោយបើកការស៊ើបអង្កេត និងឃាត់ខ្លួនបុគ្គលនោះ។សូមថ្លែងអំណរគុណដល់ស្ថាប័ន្នពាក់ព័ន្ធទាំងអស់ និងអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរមួយនេះ។ នេះជាឧទាហរណ៍ដ៏ល្អមួយដែលបង្ហាញពីសមត្ថភាព និងភាពប្តេជ្ញារបស់ប្រទេសកម្ពុជាក្នុងការការពារកុមារទាំងក្នុងប្រទេស និងតាមប្រព័ន្ធអនឡាញ៕ 

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណាយជូនដល់កងកម្លាំងប្រដាប់អាវុធឈរជើងការពារព្រំដែន ខេត្តកោះកុង

2025/11/18 01:25:26 pm        207
កោះកុង៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារ អមដំណើរដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និង នាំយកអំណោយ ប្រគល់ជូនកងកម្លាំងប្រដាប់អាវុធ ឈរជើងការពារតាមបណ្តោយព្រំដែន ខេត្តកោះកុង។ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកិះកុង បានថ្លែងនូវការស្វាគមន៍យ៉ាងរ៉ាក់ទាក់កក់ក្តៅ ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ភ្ញៀវកិត្តិយសទាំងអស់និង បានធ្វើសេចក្តីរាយការណ៍ សង្ខេបអំពីសកម្មភាពអនុវត្ត ភារកិច្ច ការពារជាតិ របស់អង្គភាពតំបន់ប្រតិបត្តិការសឹករងកោះកុងនាពេលកន្លងមក។មានមតិសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធនាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមុខងារសាធារណៈ បានពាំនាំនូវការផ្តាំផ្ញើសាក សួរសុខ ទុក្ខពីសំណាក់ សម្តេច អគ្គ មហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ សភា នៃព្រះរាជាណាចក្រកម្ពុជា .សម្តេចគតិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល តែងតែយក ចិត្តទុក ដាក់ ចំពោះសុខទុក្ខរបស់ បងប្អូនកងកម្លាំង យើងគ្រប់ពេលវេលា ។.ឯកឧត្តមបានសំដែងនូវមនោសញ្ចេតនានឹករលឹក និងបានថ្លែងនូវការកោតសរសើរ ចំពោះគំរូវីរៈភាព របស់បង ប្អូន កងទ័ព យើង ដែលបាន លះបង់សាច់ស្រស់ ឈាមស្រស់ ការពារជាតិ ប្រយុទ្ធប្រឆាំងការ ឈ្លានពានរបស់សត្រូវសៀម យ៉ាងអង់អាច ក្លាហាន ការពារបូរណ ភាពទឹកដី មិនឲ្យបាត់បង់សូម្បី ១មីលីម៉ែត្រ ណាឡើយ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បាននាំយកអំណោយជាថវិកាចំនួន ៨ ០០០ ០០០ រៀល ជូនដល់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង សំរាប់កសាងរបងទីបញ្ជាការ និង ប្រគល់ជូនដល់កងកម្លាំងជួរមុខ ចំនួន៦ អង្គភាព ដោយក្នុង១អង្គភាពទទួលបានថវិកា ៤ ០០០ ០០០ រៀល អង្ករ ១ តោន , មីជាតិ ៥០ កេស , ទឹកស៊ីអ៊ីវ ៥០យួរ, ទឹកត្រី ៥០យួរ, ត្រីខកំប៉ុង ៥កេស ,ទឹកសុទ្ធ ៣០កេស ៕

ក្រសួងស្ថាប័នរាជរដ្ឋាភិបាល សហជីព និងសង្គមស៊ីវិលនៅកម្ពុជា ថ្កោល​ទោសករណី​រំលោភ​សេព​សន្ថវៈ និងការប្រើ​អំពើហិង្សា​ដោយ​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ​ម​ក​លើ​ពលករ​ទេសន្តរ​ប្រវេសន៍​ខ្មែរ

2025/11/18 01:23:08 pm        183
បណ្ដាក្រសួង ស្ថាប័នរាជរដ្ឋាភិបាល សហជីព និងអង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​បន្ត​ចេញ​សេចក្តីថ្លែងការណ៍ ថ្កោលទោសករណីរំលោភសេពសន្ថវៈ និងការប្រើអំពើហិង្សា ដោយ​ក្រុម​ទាហានឈុតខ្មៅថៃមកលើពលករទេសន្តរប្រវេសន៍ខ្មែរ ដែលធ្វើដំណើរ​ត្រឡប់​មក​ប្រទេស​កម្ពុជា។ ក្នុងនោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងកិច្ចការនារីកម្ពុជា បានសម្តែង​ការ​សោក​ស្តាយ​យ៉ាងខ្លាំងបំផុត និងប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដែល​ក្រុមទាហានឈុតខ្មៅថៃបានធ្វើ មកលើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរចំនួន១៣នាក់ ដោយ​បានប្រើអំពើហិង្សាយ៉ាងសាហាវយង់ឃ្នងក្នុងរូបភាព ជាការវាយដំ ទាត់ធាក់ អុកស្វាយ​កាំភ្លើង ជំរិតទារប្រាក់ និងអំពើថោកទាបជាករណីរំលោភសេពសន្ថវៈ (រំលោភបូក) ដោយទាហានឈុតខ្មៅថៃចំនួន៧នាក់ទៅលើពលករខ្មែរជាស្ត្រី ១នាក់ ដែលករណីនេះបានកើតឡើងនៅក្នុង ខេត្តចាន់បុរី នៃប្រទេសថៃ ជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង នៃប្រទេសកម្ពុជានៅពេលដែលពលករខ្មែរ បានធ្វើដំណើរចេញពីប្រទេសថៃត្រឡប់មកប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ ខណៈពេលដែលច្រកព្រំដែនគោកកម្ពុជា-ថៃត្រូវបានបិទដោយឯកតោភាគីពីភាគីថៃ។ ក្រសួង ស្ថាប័នរបស់កម្ពុជា បានអំពើអមនុស្សធម៌ទាំងនេះ ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស សិទ្ធិពលករទេសន្តរប្រវេសន៍ និងសិទ្ធិស្ត្រី ដែលមានចែងក្នុង លិខិតុបករណ៍របស់អង្គការសហប្រជាជាតិ (UN) អង្គការអន្តរជាតិខាងការងារ (ILO) អង្គការអន្តរជាតិទេសន្តរ ប្រវេសន៍ (IOM) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)។ ក្រសួងការងារបានបញ្ជាក់ថា ក្រសួងបាននឹងកំពុងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការ ចាត់វិធានការផ្លូវច្បាប់ដើម្បីស្វែងរកយុត្តិធម៌ និងផ្តល់ការថែទាំសុខភាពផ្លូវកាយនិងផ្លូវចិត្តជូនដល់ជនរងគ្រោះ តាមរយៈសេវាគាំទ្ររបស់មណ្ឌលធនធានពលករទេសន្តរប្រវេសន៍ (MRC)។ជាមួយគ្នានេះតំណាង សហភាព អង្គការ សហជីព សមាគម និងសហគមន៍ សរុបចំនួន ២១៦ ដែលកំពុងបំពេញការងារយ៉ាងសកម្មជាមួយកម្មករទាំងក្នុង និងក្រៅប្រព័ន្ធសេដ្ឋកិច្ច យុវជន សិទ្ធិស្ត្រី និងប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាក៏បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើហិង្សា និងការរំលោភបំពានផ្លូវភេទដ៏សាហាវ ដែលបានប្រព្រឹត្តទៅលើពលការិនីចំណាកស្រុកកម្ពុជា ដោយកងទ័ពឈុតខ្មៅថៃនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃនេះផងដែរ។ តំណាង សហភាព អង្គការ សហជីព សមាគម និងសហគមន៍ ចាត់ទុក អំពើនេះគឺជាការ រំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិជាតិនៃពលករចំណាកស្រុក ដែលត្រូវបានការពារយ៉ាងខ្ជាប់ខ្ជួនដោយច្បាប់ជាតិ ធម្មនុញ្ញ លិខិតតុបករណ៍អាស៊ាន ច្បាប់អន្តរជាតិ និងអនុសញ្ញា CEDAW។ ក្រៅពីនេះ សមាគមពលរដ្ឋខ្មែរទាំង ៦ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ក៏បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើចាប់រំលោភដ៏សាហាវយង់ឃ្នងលើពលករស្រ្តីខ្មែរ ដោយទាហានឈុតខ្មៅសៀម ៧នាក់ផងដែរ។ សមាគមពលរដ្ឋខ្មែរទាំង ៦ ទាមទារជាបន្ទាន់ទៅកាន់រដ្ឋាភិបាលថៃឱ្យចាត់វិធានការភ្លាមៗ និងម៉ឺងម៉ាត់ ដោយបើកការស៊ើបអង្កេតដោយតម្លាភាព និងឈានដល់ការចាប់ខ្លួនជនប្រព្រឹត្តទាំង ៧ នាក់នោះមកផ្តន្ទាទោសតាមច្បាប់ជាធរមានដោយគ្មានការយោគយល់ដើម្បីធានាថាជនរងគ្រោះទទួលបានយុត្តិធម៌ពេញលេញ ការការពារ សន្តិសុខ និងសំណងសមរម្យសម្រាប់ការព្យាបាល ផ្លូវកាយ និងផ្លូវចិត្តដែលបានបាត់បង់ រួមទាំងត្រូវចាត់វិធានការវិន័យ និងផ្លូវច្បាប់ជាអតិបរមាទៅលើអង្គភាព ឬមេបញ្ជាការដែលពាក់ព័ន្ធ ឬធ្វេសប្រហែសបណ្តាលឱ្យមានការកើតឡើងនូវរឿងហេតុនេះ៕ 

អ្នកជំនាញស្រូវអង្ករ អំពាវនាវកសិករបន្ថយចំណាយថ្លៃដើមផលិត និងងាកពង្រឹងគុណភាព ដើម្បីប្រកួតប្រជែងទីផ្សារ

2025/11/18 01:06:12 pm        577
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកជំនាញវិស័យស្រូវអង្ករ បាន​អំពាវ​នាវ​ដល់​ប្រជា​កសិករ​ផលិត​ផល​ស្រូវ​គួរ​តែកាត់បន្ថយថ្លៃដើមផលិត និងងាកមកដាំដុះ​ពូជ​ស្រូវ​ដែល​មាន​គុណ​ភាព​ខ្ពស់ និងលើកកម្រិតស្តង់ដារសុវត្ថិភាពអង្ករ ដើម្បីបំពេញតម្រូវការទីផ្សារនាំចេញ និង​ខណៈ​រាជ​រដ្ឋាភិបាលក្នុងអាណត្តិនេះ ចង់បានគុណភាពច្រើនជាងបរិមាណ។ឯកឧត្តម យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកានេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ដើម្បីជួយ​ទ្រទ្រង់​ដល់​ការ​ផលិត និងជំរុញឱ្យការផលិតនៅកម្ពុជាកាន់តែភាពប្រកួតប្រជែងខ្ពស់។ សកម្មភាពធំៗ ដែល​ក្រសួង​កសិកម្ម ជាសេនាធិការរបស់រាជរដ្ឋាភិបាល គឺបានដាក់ចេញ រួមមាន ការក​សាង​សហគមន៍​កសិកម្មទំនើប និងជំរុញឱ្យកសិករដាំដុះ នូវពូជស្រូវដែលមានគុណភាព ដើម្បីឆ្លើយ​តប​ទៅ​តម្រូវការនៃទីផ្សារ។ពាក់ព័ន្ធទៅនឹងស្ថានភាពទីផ្សារតម្លៃស្រូវក្នុងពេលនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា រឿង​ដែលត្រូវដោះស្រាយ ទី១.កន្លែងណាដែលអត់មានអ្នកទិញ នឹងតម្រង់ទិសទៅជួយទិញ ទី២. នឹង​ការពារតម្លៃ កុំឱ្យមានការក្រឡុក​ទីផ្សារ​ឬ​ការ​ទម្លាក់​តម្លៃ​ស្រូវ​ជាដើម​ដោយ​ចេតនា​ក្នុង​ការ​យក​កេង​ចំណេញ យើងនឹងធ្វើការងារនេះគ្រប់ទីកន្លែង ទី៣.នឹងបន្តពង្រឹងកសិករ ពិសេសទៅ​លើ​គុណភាព និងការសហការគ្នាក្នុងការច្រូត ក្នុងការលក់ ដើម្បីឱ្យកសិករងាយស្រួលលក់ ហើយ​អ្នក​ទិញ​ក៏ងាយស្រួលទិញ ប្រសិនបើនៅរាយប៉ាយ មិនសហការគ្នា មិនប្រមូលផ្តុំគ្នា នោះនឹង​ពិបាក​ដល់​ការទិញ និងការលក់ ខណៈការងារទាំងនេះ មន្រ្តីកសិកម្មឃុំទូទាំងប្រទេសបានកំពុងធ្វើការយ៉ាងសកម្មទាំងថ្ងៃ ទាំងយប់។ឧកញ៉ា សុង សារ៉ន ម្ចាស់រោងម៉ាស៊ីនស្រូវ និងជាអ្នកនាំចេញ នៃក្រុមហ៊ុន អេមរុ រាយស៍ (ខេមបូឌា) បានឱ្យ ប៊ីធីវី ដឹងដែរថា ជាការលើកទឹកចិត្តដល់បងប្អូនកសិករ គឺឱ្យធ្វើការប្រយ័ត្នប្រយែងក្នុងការដាំដុះ ជាពិសេសទៅលើការប្រើប្រាស់ថ្នាំពុល និងជីដើម្បីកាត់បន្ថយចំណាយ ដោយសារនៅឆ្នាំ២០២៦ ស្ថានភាពក៏មិនទាន់ស្រួលទេ តាមមើលតម្លៃស្រូវអង្ករនឹងបន្តចុះទៀតនៅឆ្នាំ២០២៦ ដូច្នេះធ្វើម៉េចព្យាយាមកាត់បន្ថយចំណាយទៅលើការប្រើប្រាស់ជី ថ្នាំពុល និងចំណាយផ្សេងៗដែលខ្ជះខ្ជាយក្នុងការដាំដុះស្រូវ។ លោកសង្ឃឹមថា នៅចុងឆ្នាំ២០២៦ ស្ថានភាពនឹងល្អប្រសើរត្រឡប់មកវិញ និងមិនដូចឆ្នាំ២០២២ ប៉ុន្តែសង្ឃឹមថា នឹងងាកមកប្រក្រតីឡើងវិញ។ពាក់ព័ន្ធវិស័យស្រូវអង្ករនេះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យកសិករ ក៏ដូចជាសហគមន៍យកចិត្តទុកដាក់ ការប្រើប្រាស់ពូជក្នុងស្រុក ក្នុងនោះមានពូជផ្ការំដួល និងសែនក្រអូប។ ចំពោះផ្ការំដួល មានការទទួលស្គាល់ច្រើន ពីប្រជាពលរដ្ឋដោយសារមានលក្ខណៈធន់ទៅនឹងអាកាសធាតុ និងជាពូជប្រកាន់រដូវ។ ដោយឡែក ពូជសែនក្រអូប នៅត្រូវការឱ្យប្រជាពលរដ្ឋយើងចូលរួម ដើម្បីទ្រទ្រង់ដល់ទីផ្សារនាំចេញ។សូមបញ្ជាក់ថា គិតក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី១៥ ខែវិច្ឆិកា រោងម៉ាស៊ីនកិនស្រូវជាដៃគូរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តប្រមូលទិញស្រូវក្នុងចំនួនកើនឡើងប្រមាណជាង ១៥ម៉ឺនតោន ពីប្រជាកសិករនៅទូទាំងប្រទេស។ ដោយឡែក គិតក្នុងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ រោងម៉ាស៊ីនកិនស្រូវជាដៃគូរបស់ក្រសួង បានបន្តប្រមូលទិញស្រូវពីប្រជាកសិករទូទាំងប្រទេស មានចំនួនប្រមាណជាង ១ម៉ឺន ៧ពាន់តោន៕ អត្ថបទ៖ ឈិត បូរ៉ាវី 

CHRC៖ ការរំលោភផ្លូវភេទគឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដែលត្រូវផ្តន្ទាទោសដោយគ្មានការលើកលែង

2025/11/18 12:59:59 pm        149
ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីថ្លែងការណ៍ចាត់ទុក ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអំពើជាបន្តបន្ទាប់របស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា ដែលមានលក្ខណៈព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌ ព្រមទាំងផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ និងចាត់ទុក «ការរំលោភផ្លូវភេទគឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោស ដោយគ្មានការលើកលែង»។គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ចាត់ទុកអំពើទាំងនោះ បានចាប់ផ្តើមពីការរើសអើង ការគំរាមកំហែង និងការបង្កអំពើហិង្សាក្រោមរូបភាព ផ្សេងៗចំពោះពលករកម្ពុជា ដែលកំពុងធ្វើការក្នុងប្រទេសថៃ។ បន្ទាប់មក មានការប្រើប្រាស់បន្លាលួសព័ទ្ធ យកផ្ទះ ដី និងស្រែចម្ការប្រជាពលរដ្ឋកម្ពុជា និងការប្រើឧបករណ៍បំពងសំឡេងដែលមានលក្ខណៈជាការ ធ្វើទុក្ខបុកម្នេញ ដែលនាំឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តពលរដ្ឋស៊ីវិលកម្ពុជា ជាពិសេសទៅលើស្ត្រី កុមារ ជនមានពិការភាព និងអ្នកជំងឺ ជាដើម។ បន្ថែមពីនេះកងទ័ពកម្ពុជាចំនួន១៨នាក់ កំពុងស្ថិតនៅក្រោមការឃុំខ្លួនខុសច្បាប់ពីសំណាក់យោធាថៃ ដោយគិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មានរយៈពេល១១២ ថ្ងៃហើយ ដែលផ្ទុយនឹងខ្លឹមសារនៃសេចក្តីប្រកាសរួម ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ទាហានថៃបើកការវាយប្រហារដោយគ្មានមូលហេតុមកលើ ប្រជាជនកម្ពុជាស្លូតត្រង់ បណ្តាលឱ្យស្លាប់និងរបួស ហើយរាប់រយគ្រួសារទៀតត្រូវបង្ខំចិត្តចាកចេញពីផ្ទះ សម្បែងទាំងយប់។គ.ស.ម.ក. បញ្ជាក់ថា ហេតុការណ៍ថ្មីៗនេះពលករចំណាកស្រុកជាស្ត្រីខ្មែរម្នាក់ អាយុ ១៨ឆ្នាំ ត្រូវបាន ទាហានឈុតខ្មៅថៃ៧នាក់ ចាប់រំលោភបូកយ៉ាងព្រៃផ្សៃ នៅពេលដែលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញ នាយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។គ.ស.ម.ក. ថ្កោលទោសអំពើគួរឱ្យស្អប់ខ្ពើមនេះ និងសូមគូសបញ្ជាក់ថា ការរំលោភផ្លូវភេទ គឺជា បទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសដោយគ្មានការលើកលែង។ គ.ស.ម.ក. សូមគូសបញ្ជាក់ផងដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែក្រើនរម្លឹក និងណែនាំដល់ប្រជាពលរដ្ឋកម្ពុជា កុំឱ្យមានរើសអើង ឬប្រើហិង្សា លើប្រជាពលរដ្ឋថៃ អ្នកជំនួញថៃ ក៏ដូចជាជនជាប់ទោសដែលជាជនជាតិថៃក្នុងពន្ធនាគារនៅក្នុងប្រទេស កម្ពុជា។គ.ស.ម.ក. ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចថៃចាត់វិធានការជាបន្ទាន់ ដើម្បីនាំយកឧក្រិដ្ឋជនមក ផ្តន្ទាទោសតាមច្បាប់ ព្រមទាំងផ្តល់យុត្តិធម៌ និងសំណងផ្សេងៗដល់ជនរងគ្រោះ។ បន្ថែមលើនេះ សូម សហគមន៍អន្តរជាតិមេត្តាជួយជំរុញដល់ភាគីថៃឱ្យទទួលខុសត្រូវចំពោះករណីទាំងនេះ និងធានាថា ភាគីថៃ គោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិជាធរមាន។ ប្រសិនបើ ប្រទេសថៃមិនដោះស្រាយ ករណីទាំងនេះឱ្យទាន់ពេលវេលា និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះនោះទេ ឆ្លុះបញ្ចាំងថា ប្រទេសថៃមិន ត្រឹមតែជាប្រទេសគ្មានច្បាប់ទម្លាប់ប៉ុណ្ណោះទេ តែក៏ជាប្រទេសដែលការពារឧក្រិដ្ឋជនផងដែរ។ គ.ស.ម.ក. បញ្ជាក់ថា ប្រទេសកម្ពុជាប្រកាន់ខ្ជាប់គោលការណ៍ច្បាប់អន្តរជាតិ និងការគោរពគ្នាទៅវិញទៅមក៕

អភិបាលខេត្តបាត់ដំបង ណែនាំអាជ្ញាធរពាក់ព័ន្ធ និងក្រុមគ្រូពេទ្យ​បន្ត​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ថែ​ទាំ​សុខ​ភាព​ផ្លូវកាយ និងផ្លូវចិត្ត​យុវតី​រងគ្រោះដោយអំពើរំលោភបំពានពីទាហានឈុតខ្មៅថៃ

2025/11/18 12:55:04 pm        281
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និង​ជា​ប្រធាន​គណៈ​កម្មា​ធិការសាខាកាកបាទក្រហមកម្ពុជាខេត្តភិបាលខេត្តបាត់ដំបងណែនាំអាជ្ញាធរពាក់ព័ន្ធ និង​ក្រុម​គ្រូ​ពេទ្យបន្តយកចិត្តទុកដាក់ខ្ពស់បំផុតលើការថែទាំសុខភាពផ្លូវកាយ និងផ្លូវ​ចិត្ត​របស់​យុវ​តីជា​ពលកររងគ្រោះដោយអំពើរំលោភបំពានពីទាហានឈុតខ្មៅថៃ ខណៈស្ថាន​ភាព​បាន​ល្អប្រ​សើរ​ឡើង​វិញ​ជាបន្តបន្ទាប់។ឯកឧត្តមបានណែនាំបែបនេះក្នុងឱកាស ដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ស្រ្តីពលករខ្មែររងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ករណីរំលោភបំពានលើរាងកាយដ៏ព្រៃផ្សៃនេះ បានកើតឡើងកាលពីយប់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅតំបន់ព្រំដែនជាប់ខេត្តចាន់បុរី ប្រទេសថៃ ជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង នៅពេលដែលស្ត្រីរងគ្រោះ (អាយុ ១៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ) និងពលករខ្មែរប្រុសស្រីជាង ១០នាក់ទៀត កំពុងធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជាវិញ។ ក្នុងពេលនោះក្រុមទាហានឈុតខ្មៅថៃប្រមាណ ៧នាក់ បានចាប់វាយដំ ទាត់ធាក់ ធ្វើទារុណកម្មលើ ពលករប្រុសៗ និងបានចាប់រំលោភបំពានរាងកាយនារីរងគ្រោះរូបនេះ ព្រមទាំងជំរិតទារប្រាក់ និងប្លន់យកទ្រព្យសម្បត្តិមួយចំនួនផងដែរ។ក្នុងឱកាសនៃការចុះសួរសុខទុក្ខនេះ ឯកឧត្តម សុខ លូ បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង និងបានថ្កោលទោសដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ និងឃោរឃៅបំផុតរបស់ក្រុមទាហានឈុតខ្មៅថៃ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស និងសិទ្ធិស្ត្រី។ឯកឧត្តមអភិបាលខេត្តក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ និងបានលើកទឹកចិត្តដល់ស្រី្តរងគ្រោះ និងក្រុមគ្រួសារ ឱ្យមានស្មារតីរឹងមាំឡើងវិញ។ ឯកឧត្តមក៏បានបន្តមានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធ និងក្រុមគ្រូពេទ្យបានបន្តយកចិត្តទុកដាក់ខ្ពស់បំផុតលើការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ជនរងគ្រោះ ខណៈស្ថានភាពយុវតីរងគ្រោះបានល្អប្រសើរឡើងវិញជាបន្តបន្ទាប់។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងថ្កោលទោសអំពើដ៏ស្មោកគ្រោករបស់ក្រុមទាហានឈុតខ្មៅថៃនេះ។ក្រុមគ្រួសារជនរងគ្រោះបានបង្ហាញភាពកក់ក្ដៅនិងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំដែលបានយកចិត្តទុកដាក់ពីសុខទុក្ខ និងផ្ដល់ការព្យាបាលប្រកបដោយការយកចិត្តទុកដាក់ខ្ពស់៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតជិត១ពាន់គ្រួសារនៅខេត្តក្រចេះ

2025/11/18 12:36:48 pm        161
ដោយក្តីអាណិតអាសូរចំពោះប្រជាជនងាយរងគ្រោះបំផុត និងតាមការស្នើសុំរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ៩១០គ្រួសារ រស់នៅស្រុកអូរគ្រៀងសែនជ័យ និងស្រុកសំបូរ ខេត្តក្រចេះ។ពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយខាងលើនេះ ប្រព្រឹត្តទៅនៅទីតាំងចំនួន២គឺ៖- ទីតាំងទី១ នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង សម្រាប់ប្រជាជនងាយរងគ្រោះបំផុត ៤៥០គ្រួសារ មកពីឃុំចំនួន៥ នៃស្រុកអូរគ្រៀងសែនជ័យ។ - ទីតាំងទី២ នៅភូមិសំបូរ ឃុំសំបូរ សម្រាប់ប្រជាជនងាយរងគ្រោះបំផុត ៤៦០គ្រួសារ មកពីឃុំចំនួន៦ នៃស្រុកសំបូរ។ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការរងទី២ បានពាំនាំនូវព្រះរាជសវនីយ៍របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ដ៏ជ្រាលជ្រៅ ជាពិសេសការខ្វល់ខ្វាយពីសុខទុក្ខនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់លោកយាយលោកតា និងបងប្អូនប្រជាជនងាយរងគ្រោះបំផុតដែលជាចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រេីន ជនមានពិការភាព កុមារកំព្រា និងអ្នកផ្ទុកមេរោគអេដស៍ជាដេីម។ឯកឧត្តមអគ្គលេខាធិការរងទី២ បានជម្រាបជូនពីសកម្មភាពសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋ ដូចជាការចូលរួមលេីកកម្ពស់សុខុមាលភាពស្ត្រី និងកុមារ តាមរយៈការផ្តល់ថវិកា ៥លានដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យហ្លួងម៉ែ ដែលជាមន្ទីរពេទ្យឯកទេសជំងឺមហារីក និងការផ្តល់ថវិកា ១លានដុល្លារជារៀងរាល់ឆ្នាំ ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផាជាដេីម។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការរងទី២ បាននាំនូវការផ្តាំផ្ញេីពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាជនទាំងអស់សូមយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដោយត្រូវផ្លាស់ប្តូរឥរិយាបថក្នុងការស់នៅ និងការហូបចុក ដោយត្រូវមានអានាម័យជាប់ជានិច្ច ពិសាទឹកដាំពុះ និងត្រូវស្រលាញ់ខ្លួនឱ្យស្ងួនចំណី ដើម្បីជៀសផុតពីជំងឺមិនឆ្លងសំខាន់ចំនួន៤ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃ ដែលបាននិងកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្នតាមរយៈការបរិភោគមិនបានត្រឹមត្រូវដូចជាផ្អែកពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹង និងការជក់បារីជាដើម។ជាមួយគ្នានេះ សូមប្រជាជនទាំងអស់ត្រូវគេងក្នុងមុងជាប់ជានិច្ច និងលុបបំបាត់ជម្រកមូសខ្លាដើម្បីការពារពីជំងឺគ្រុនឈាម គ្រុមចាញ់។ សូមសម្អាតបរិស្ថានជុំវិញផ្ទះ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ហើយកុំដុតសំរាមដែលជាប្លាស្ទិក ព្រោះថាផ្សែងរបស់វា អាចបណ្ដាលឱ្យប៉ះពាល់ទៅដល់សុខភាពយើង។ដោយឡែក ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលជាគោរមងារទាំង២ ទទួលបានពីអង្គការសហប្រជាជាតិ, បានអំពាវនាវដល់ស្ត្រីមានផ្ទៃពោះសូមទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់យ៉ាងតិចណាស់ឱ្យបាន៤ដងមុនពេលសម្រាល ហើយត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីសុវត្ថិភាពទាំងម្តាយនិងកូនជៀសផុតពីគ្រោះថ្នាក់ផ្សេងៗ និងការចម្លងជំងឺពីម្តាយទៅកូនពិសេសជំងឺអេដស៍។ ចំពោះស្ត្រីដែលទើបសម្រាលកូនរួចសូមទៅពិនិត្យសុខភាព ពិសេសនាំកូនទៅទទួលថ្នាំបង្កាឱ្យបានគ្រប់ចំនួនដើម្បីឱ្យកូនមានសុខភាពល្អជៀសផុតពីជំងឺផ្សេងៗ។ ទន្ទឹមនឹងនេះក៏សូមចូលរួមទប់ស្កាត់ការចម្លងមេរោគអេដស៍ ដែលបច្ចុប្បន្ននេះកេីត មានឡេីងចំពោះយុវវ័យ និងក្រុមប្រឈមខ្ពស់។ ឯកឧត្តម ក៏បានអំពាវនាវដល់អាណាព្យាបាលគ្រប់រូបដែលមានកូនតូចត្រូវប្រុងប្រយ័ត្នកុំឱ្យកូនផឹកគ្រឿងកំប៉ុងដែលមានជាតិផ្អែមច្រើន ពីព្រោះថាភេសជ្ជៈទាំងនេះមិនល្អសម្រាប់សុខភាពកុមារនោះទេ។ ម្យ៉ាងវិញទៀត សូមចូលរួមទប់ស្កាត់កូនចៅ ជៀសវាងការប្រេីប្រាស់បារីអេឡិចត្រូនិច ដែលបង្កផលប៉ះពាល់ដល់សុខភាពផងដែរ។ ឯកឧត្តម វ៉ា ថន ក្នុងនាមប្រជាជនទទួលផលទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនទុកនរណាម្នាក់ចោលឡេីយ បេីទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់៕

ក្រុមប្រតិបត្តិការបច្ចេកទេសនៃភាគីកម្ពុជានិងថៃជួបប្រជុំគ្នានៅប៉ោយប៉ែត ដើម្បីរៀបចំផែនការអនុវត្តការងារតាមស្មារតីបែបបទបច្ចេកទេស TI

2025/11/18 12:34:33 pm        344
បន្ទាយមានជ័យ ៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឱ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា បន្ទាប់ពីទទួលបានអនុម័តពីគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) នៃប្រទេសទាំងពីរកម្ពុជា-ថៃ លើបែបបទណែនាំបច្ចេកទេស (Technical Instruction) ប្រធានក្រុមប្រតិបត្តិការបច្ចេកទេសនៃភាគីកម្ពុជានិងភាគីថៃ បានជួបប្រជុំគ្នានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីរៀបចំផែនការអនុវត្តការងារតាមស្មារតី បែបបទណែនាំបច្ចេកទេស (Technical Instruction)។ ក្រុមវាស់វែងចម្រុះនៃប្រទេសទាំងពីរ នឹងចុះពិនិត្យទីតាំង និងដំណើរការការងារបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ ៤២ ដល់ ៤៧ ស្ថិតក្នុងភូមិសាស្រ្ត ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ របស់ថៃ។ ការចុះបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ ៤២ និងលេខ៤៧ ធ្វើឡើងតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) កម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

កម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនជនសង្ស័យចំនួន៣០នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងបាវិត

2025/11/18 12:31:08 pm        584
នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនសង្ស័យចំនួន ៣០ នាក់ ជាជនជាតិវៀតណាម ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងពីរកន្លែង ស្ថិតនៅផ្ទះល្វែងលេខ F23 ក្នុងបុរី លី ចូវ និងទីតាំងកាស៊ីណូ ហេងៗ ២ស្ថិតនៅសង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ក្នុងប្រតបត្តិការនេះដែរ សមត្ថកិច្ចបានដកហូតសម្ភារៈជាវត្ថុតាង រួមមាន កុំព្យូទ័រលើតុ (All in one) ចំនួន ១១៥គ្រឿង, កុំព្យូទ័រយួរដៃចំនួន ២គ្រឿង, ធុងPC ចំនួន១០គ្រឿង, ទូរសព្ទចំនួន ៧គ្រឿង, Monitor ចំនួន ១៥គ្រឿង និងទូ ទូរសព្ទ(Call Center) ចំនួន ១៦ទូ, លិខិតឆ្លងដែនចំនួន ៦ក្បាល។ប្រតិបត្តិការនេះ ត្រូវបានដឹកនាំធ្វើ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងមានការចូលរួមពីអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពខេត្តខេត្តស្វាយរៀង អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យទាំងពីរ និងបានឈានដល់ការ ឃាត់ខ្លួនជនសង្ស័យពាក់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើនេះ។ ក្នុងចំណោមជនសង្ស័យទាំងនោះ មាន២១ នាក់ ជាមុខសញ្ញាចាស់ ដោយពួកគេបានធ្វើសកម្មភាព ឆបោកតាមរយៈរូបភាព លួងលោមឱ្យជនរងគ្រោះដាក់ទុនវិនិយោគលើគម្រោងផ្សេងៗ ដែលជាការវិនិយោគក្លែងក្លាយ និងតាមរូបភាពលួងលោមឱ្យជនរងគ្រោះ ដំឡើងកម្មវិធី ដើម្បីចូលគ្រប់គ្រងព័ត៌មានអត្តសញ្ញាណ និងគណនីធនាគាររបស់ជនរងគ្រោះ។ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញបច្ចុប្បន្នកំពុងសហការជាមួយ ភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការ ផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកឯ ទីតាំងខាងលើត្រូវបានបិទបណ្តោះអាសន្ន ។សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕

ប្រតិភូសមាជិក ស.ស.យ.ក ចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេងកម្ពុជា និងឡាវ ឆ្នាំ២០២៥

2025/11/18 11:04:04 am        178
កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥លោកជំទាវ សួស រដ្ឋាវី សមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក និងជាប្រធានគណៈប្រតិភូបានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក.ចំនួន ២០ រូប ចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេងកម្ពុជា និងឡាវ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងការអភិវឌ្ឍយុវជន» ដែលនឹងរួមបញ្ចូលនូវបឋកថាពិសេស និងកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួនដូចជា ការងារយុវជន សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍន៍បៃតង នៅវិទ្យាស្ថានផ្លាស់ប្តូរយុវជនអន្តរជាតិ ខេត្តស្វយ័តជនជាតិជ័ង នៃសាធារណរដ្ឋប្រជាមានិតចិន។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ZOU Xianglei អនុប្រធានសហព័ន្ធយុវជនខេត្តក្វាងស៊ី គណ:ប្រតិភូយុវជនឡាវចំនួន ២០ រូប និងសមាជិកសហព័ន្ធយុវជនចិនជាច្រើនរូប។ ជាកិច្ចចាប់ផ្ដើម លោកជំទាវ ZOU Xianglei អនុប្រធានសហព័ន្ធយុវជនខេត្តក្វាងស៊ី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការអញ្ជើញមកដល់របស់គណ:ប្រតិភូយុវជនកម្ពុជា និង គណ:ប្រតិភូឡាវ ទាំងអស់ដែលបង្ហាញពីការកិច្ចសហការយ៉ាងល្អរវាងយុវជនកម្ពុជា-ឡាវ-ចិន។ លោកជំទាវបានបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងសសយក និង វិទ្យាស្ថានផ្លាស់ប្តូរយុវជនអន្តរជាតិក្វាងស៊ីគោលបំណងរក្សាចំណងមិត្តភាព សាមគ្កីភាព និងពង្រឹងកិច្ចសហប្រតិបត្តិការណ៍អភិវឌ្ឍន៍សមត្ថភាពថ្នាក់ដឹកនាំវ័យក្មេងរបស់យុវជនកម្ពុជា។ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ លោកជំទាវ សួស រដ្ឋាវី បានសំដែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំសហព័ន្ធយុវជនក្វាងស៊ី និងនាយកវិទ្យាស្ថានផ្លាស់ប្តូរយុវជនអន្តរជាតិចិន(ក្វាងស៊ី) ដែលបានផ្តល់ឱកាសដល់យុវជនកម្ពុជា ក្នុងការទទួលបាននូវចំណេះដឹងថ្មីៗ ផ្លាស់ប្តូរទស្សន: បទពិសោធន៍ និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងការអភិវឌ្ឍយុវជន ជាពិសេសសំដៅដល់តួនាទីយុវជន ឆ្លើយតបនឹងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងអភិវឌ្ឍន៍បៃតង។ យុវជនគឺជាមុខមាត់នៃការផ្លាស់ប្តូរ និងមូលធនសំខាន់បំផុតនៃការអភិវឌ្ឍប្រទេស។ ក្នុងសម័យឌីជីថលនេះ បច្ចេកវិទ្យាកំពុងផ្លាស់ប្តូររបៀបរស់នៅ និងការងាររបស់យើងយ៉ាងឆាប់រហ័ស ដូចនេះសម្រាប់យុវជនកម្ពុជា នេះជាឱកាសដ៏ល្អក្នុងការបង្កើតអាជីវកម្មឌីជីថល ការច្នៃប្រឌិតកម្មវិធីបច្ចេកវិទ្យា ការអភិវឌ្ឍសេវាឌីជីថលសម្រាប់សហគមន៍ ឬសូម្បីតែការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយដល់ការគ្រប់គ្រងធនធានធម្មជាតិ។ យុវជនត្រូវមានចក្ខុវិស័យឆ្ពោះទៅមុខ ចេះប្រើប្រាស់បច្ចេកវិទ្យាដោយមានគុណធម៌ និងទំនួលខុសត្រូវ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចឌីជីថលក្លាយជាកត្តាលីករនៃការរីកចម្រើនប្រកបដោយភាពចីរភាព។សូមជម្រាបដែរថា សិក្ខាសាលានេះរៀបឡើងចំដោយសហព័ន្ធយុវជនទូទាំងប្រទេសចិន (ACYF) ក្នុងគោលបំណង ផ្តល់ឱកាសឱ្យយុវជនបង្ហាញសមត្ថភាពរបស់ពួកគេ និងទទួលបានចំណេះដឹងជាពុទ្ធិបន្ថែមអំពីការអភិវឌ្ឍដ៏ខ្លាំងក្លារបស់ប្រទេសចិន ជាពិសេសមិត្តភាពរវាងយុវជនកម្ពុជា និងចិន ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងណាននីងតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី និង ទីក្រុងសានទូ ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធររាជធានីភ្នំពេញបន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំចំនួន ៨២ទីតាំង រកឃើញជនបរទេសខ្លះពុំមានលិខិតឆ្លងដែន និងផាកពិន័យម្ចាស់ ឬអ្នកគ្រប់គ្រង ៣ទីតាំង
06/03/2026 03:06 PM
អាមេរិក ទទូចថាបទឈប់បាញ់នៅតែបន្ត ទោះបីមានការវាយប្រហារការពារខ្លួនទៅលើកោះ Qeshm របស់អ៊ីរ៉ង់ក៏ដោយ
06/03/2026 03:06 PM
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស ២៦នាក់ ពាក់ព័ន្ធករណី Online Scams
06/03/2026 03:06 PM
តើមានអ្វីកើតឡើងនៅថ្ងៃទី៩៦នៃសង្គ្រាមនៅអ៊ីរ៉ង់ ខណៈអាមេរិកនិងអ៊ីរ៉ង់ មានការវាយប្រហារថ្មី
06/03/2026 03:06 PM
មេដឹកនាំថ្មីរបស់​សូឡូម៉ុន ពិនិត្យ​កតិកាសញ្ញាសន្តិសុខជាមួយចិន និងស្វែងរកសន្ធិសញ្ញាជាមួយអូស្ត្រាលី
06/03/2026 03:06 PM
ជប៉ុនបដិសេធការទាមទាររបស់កោះ​តៃវ៉ាន់ សម្រាប់ការពិភាក្សា​ ជុំវិញការកំណត់ព្រំដែនជាមួយហ្វីលីពីន
06/03/2026 03:06 PM
អាមេរិកស្នើដាក់​អត្រា​យ៉ាង​ហោចណាស់​​ ១០% ខណៈលោក Trump កំពុងសាងជញ្ជាំងពន្ធឡើងវិញ
06/03/2026 03:06 PM
ក្រសួងរតនាគារអាមេរិកចេញទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ ដោយ​ផ្តោតលើការដោះដូរ​រូបិយប័ណ្ណគ្រីបតូ
06/03/2026 03:06 PM
អាមេរិកសម្លឺង​ដល់​ការ​បើក​ច្រកសមុទ្រ Hormuz ដោយ​ទម្រង់ស្ងាត់ៗ ​​សម្រាប់​គម្រោង Project Freedom
06/03/2026 03:06 PM
ក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ចំនួន ២ ប្រកាសពីការកំណត់អាវុធឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ
06/03/2026 03:06 PM