អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា
អ្នកជំនាញការអាដហុក អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលប្រាសាទបក្សីចាំក្រុង និងកំពង់ទឹកយសោតដាក
រដ្ឋមន្រ្ដីក្រសួងការងារ ចុះជួបសំណេះសំណាល និង​ទទួល​ទាន​អាហារ​ជាមួយ​បងប្អូន​កម្មករ​និយោជិត​នៅ​រោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង
ក្រសួងកសិកម្មធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី៦របស់ក្រុមការងារជំនាញអនុវត្តវារីវប្បកម្មល្អអាស៊ាន (6th EWG-ASEAN GAqP)

ព័ត៌មានជាតិ

CHRC៖ ការរំលោភផ្លូវភេទគឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដែលត្រូវផ្តន្ទាទោសដោយគ្មានការលើកលែង

2025/11/18 12:59:59 pm        149
ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីថ្លែងការណ៍ចាត់ទុក ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអំពើជាបន្តបន្ទាប់របស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា ដែលមានលក្ខណៈព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌ ព្រមទាំងផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ និងចាត់ទុក «ការរំលោភផ្លូវភេទគឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោស ដោយគ្មានការលើកលែង»។គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ចាត់ទុកអំពើទាំងនោះ បានចាប់ផ្តើមពីការរើសអើង ការគំរាមកំហែង និងការបង្កអំពើហិង្សាក្រោមរូបភាព ផ្សេងៗចំពោះពលករកម្ពុជា ដែលកំពុងធ្វើការក្នុងប្រទេសថៃ។ បន្ទាប់មក មានការប្រើប្រាស់បន្លាលួសព័ទ្ធ យកផ្ទះ ដី និងស្រែចម្ការប្រជាពលរដ្ឋកម្ពុជា និងការប្រើឧបករណ៍បំពងសំឡេងដែលមានលក្ខណៈជាការ ធ្វើទុក្ខបុកម្នេញ ដែលនាំឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តពលរដ្ឋស៊ីវិលកម្ពុជា ជាពិសេសទៅលើស្ត្រី កុមារ ជនមានពិការភាព និងអ្នកជំងឺ ជាដើម។ បន្ថែមពីនេះកងទ័ពកម្ពុជាចំនួន១៨នាក់ កំពុងស្ថិតនៅក្រោមការឃុំខ្លួនខុសច្បាប់ពីសំណាក់យោធាថៃ ដោយគិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មានរយៈពេល១១២ ថ្ងៃហើយ ដែលផ្ទុយនឹងខ្លឹមសារនៃសេចក្តីប្រកាសរួម ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ទាហានថៃបើកការវាយប្រហារដោយគ្មានមូលហេតុមកលើ ប្រជាជនកម្ពុជាស្លូតត្រង់ បណ្តាលឱ្យស្លាប់និងរបួស ហើយរាប់រយគ្រួសារទៀតត្រូវបង្ខំចិត្តចាកចេញពីផ្ទះ សម្បែងទាំងយប់។គ.ស.ម.ក. បញ្ជាក់ថា ហេតុការណ៍ថ្មីៗនេះពលករចំណាកស្រុកជាស្ត្រីខ្មែរម្នាក់ អាយុ ១៨ឆ្នាំ ត្រូវបាន ទាហានឈុតខ្មៅថៃ៧នាក់ ចាប់រំលោភបូកយ៉ាងព្រៃផ្សៃ នៅពេលដែលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញ នាយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។គ.ស.ម.ក. ថ្កោលទោសអំពើគួរឱ្យស្អប់ខ្ពើមនេះ និងសូមគូសបញ្ជាក់ថា ការរំលោភផ្លូវភេទ គឺជា បទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសដោយគ្មានការលើកលែង។ គ.ស.ម.ក. សូមគូសបញ្ជាក់ផងដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែក្រើនរម្លឹក និងណែនាំដល់ប្រជាពលរដ្ឋកម្ពុជា កុំឱ្យមានរើសអើង ឬប្រើហិង្សា លើប្រជាពលរដ្ឋថៃ អ្នកជំនួញថៃ ក៏ដូចជាជនជាប់ទោសដែលជាជនជាតិថៃក្នុងពន្ធនាគារនៅក្នុងប្រទេស កម្ពុជា។គ.ស.ម.ក. ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចថៃចាត់វិធានការជាបន្ទាន់ ដើម្បីនាំយកឧក្រិដ្ឋជនមក ផ្តន្ទាទោសតាមច្បាប់ ព្រមទាំងផ្តល់យុត្តិធម៌ និងសំណងផ្សេងៗដល់ជនរងគ្រោះ។ បន្ថែមលើនេះ សូម សហគមន៍អន្តរជាតិមេត្តាជួយជំរុញដល់ភាគីថៃឱ្យទទួលខុសត្រូវចំពោះករណីទាំងនេះ និងធានាថា ភាគីថៃ គោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិជាធរមាន។ ប្រសិនបើ ប្រទេសថៃមិនដោះស្រាយ ករណីទាំងនេះឱ្យទាន់ពេលវេលា និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះនោះទេ ឆ្លុះបញ្ចាំងថា ប្រទេសថៃមិន ត្រឹមតែជាប្រទេសគ្មានច្បាប់ទម្លាប់ប៉ុណ្ណោះទេ តែក៏ជាប្រទេសដែលការពារឧក្រិដ្ឋជនផងដែរ។ គ.ស.ម.ក. បញ្ជាក់ថា ប្រទេសកម្ពុជាប្រកាន់ខ្ជាប់គោលការណ៍ច្បាប់អន្តរជាតិ និងការគោរពគ្នាទៅវិញទៅមក៕

អភិបាលខេត្តបាត់ដំបង ណែនាំអាជ្ញាធរពាក់ព័ន្ធ និងក្រុមគ្រូពេទ្យ​បន្ត​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ថែ​ទាំ​សុខ​ភាព​ផ្លូវកាយ និងផ្លូវចិត្ត​យុវតី​រងគ្រោះដោយអំពើរំលោភបំពានពីទាហានឈុតខ្មៅថៃ

2025/11/18 12:55:04 pm        281
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និង​ជា​ប្រធាន​គណៈ​កម្មា​ធិការសាខាកាកបាទក្រហមកម្ពុជាខេត្តភិបាលខេត្តបាត់ដំបងណែនាំអាជ្ញាធរពាក់ព័ន្ធ និង​ក្រុម​គ្រូ​ពេទ្យបន្តយកចិត្តទុកដាក់ខ្ពស់បំផុតលើការថែទាំសុខភាពផ្លូវកាយ និងផ្លូវ​ចិត្ត​របស់​យុវ​តីជា​ពលកររងគ្រោះដោយអំពើរំលោភបំពានពីទាហានឈុតខ្មៅថៃ ខណៈស្ថាន​ភាព​បាន​ល្អប្រ​សើរ​ឡើង​វិញ​ជាបន្តបន្ទាប់។ឯកឧត្តមបានណែនាំបែបនេះក្នុងឱកាស ដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ស្រ្តីពលករខ្មែររងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ករណីរំលោភបំពានលើរាងកាយដ៏ព្រៃផ្សៃនេះ បានកើតឡើងកាលពីយប់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅតំបន់ព្រំដែនជាប់ខេត្តចាន់បុរី ប្រទេសថៃ ជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង នៅពេលដែលស្ត្រីរងគ្រោះ (អាយុ ១៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ) និងពលករខ្មែរប្រុសស្រីជាង ១០នាក់ទៀត កំពុងធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជាវិញ។ ក្នុងពេលនោះក្រុមទាហានឈុតខ្មៅថៃប្រមាណ ៧នាក់ បានចាប់វាយដំ ទាត់ធាក់ ធ្វើទារុណកម្មលើ ពលករប្រុសៗ និងបានចាប់រំលោភបំពានរាងកាយនារីរងគ្រោះរូបនេះ ព្រមទាំងជំរិតទារប្រាក់ និងប្លន់យកទ្រព្យសម្បត្តិមួយចំនួនផងដែរ។ក្នុងឱកាសនៃការចុះសួរសុខទុក្ខនេះ ឯកឧត្តម សុខ លូ បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង និងបានថ្កោលទោសដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ និងឃោរឃៅបំផុតរបស់ក្រុមទាហានឈុតខ្មៅថៃ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស និងសិទ្ធិស្ត្រី។ឯកឧត្តមអភិបាលខេត្តក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ និងបានលើកទឹកចិត្តដល់ស្រី្តរងគ្រោះ និងក្រុមគ្រួសារ ឱ្យមានស្មារតីរឹងមាំឡើងវិញ។ ឯកឧត្តមក៏បានបន្តមានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធ និងក្រុមគ្រូពេទ្យបានបន្តយកចិត្តទុកដាក់ខ្ពស់បំផុតលើការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ជនរងគ្រោះ ខណៈស្ថានភាពយុវតីរងគ្រោះបានល្អប្រសើរឡើងវិញជាបន្តបន្ទាប់។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងថ្កោលទោសអំពើដ៏ស្មោកគ្រោករបស់ក្រុមទាហានឈុតខ្មៅថៃនេះ។ក្រុមគ្រួសារជនរងគ្រោះបានបង្ហាញភាពកក់ក្ដៅនិងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំដែលបានយកចិត្តទុកដាក់ពីសុខទុក្ខ និងផ្ដល់ការព្យាបាលប្រកបដោយការយកចិត្តទុកដាក់ខ្ពស់៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតជិត១ពាន់គ្រួសារនៅខេត្តក្រចេះ

2025/11/18 12:36:48 pm        161
ដោយក្តីអាណិតអាសូរចំពោះប្រជាជនងាយរងគ្រោះបំផុត និងតាមការស្នើសុំរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ៩១០គ្រួសារ រស់នៅស្រុកអូរគ្រៀងសែនជ័យ និងស្រុកសំបូរ ខេត្តក្រចេះ។ពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយខាងលើនេះ ប្រព្រឹត្តទៅនៅទីតាំងចំនួន២គឺ៖- ទីតាំងទី១ នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង សម្រាប់ប្រជាជនងាយរងគ្រោះបំផុត ៤៥០គ្រួសារ មកពីឃុំចំនួន៥ នៃស្រុកអូរគ្រៀងសែនជ័យ។ - ទីតាំងទី២ នៅភូមិសំបូរ ឃុំសំបូរ សម្រាប់ប្រជាជនងាយរងគ្រោះបំផុត ៤៦០គ្រួសារ មកពីឃុំចំនួន៦ នៃស្រុកសំបូរ។ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការរងទី២ បានពាំនាំនូវព្រះរាជសវនីយ៍របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ដ៏ជ្រាលជ្រៅ ជាពិសេសការខ្វល់ខ្វាយពីសុខទុក្ខនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់លោកយាយលោកតា និងបងប្អូនប្រជាជនងាយរងគ្រោះបំផុតដែលជាចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រេីន ជនមានពិការភាព កុមារកំព្រា និងអ្នកផ្ទុកមេរោគអេដស៍ជាដេីម។ឯកឧត្តមអគ្គលេខាធិការរងទី២ បានជម្រាបជូនពីសកម្មភាពសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋ ដូចជាការចូលរួមលេីកកម្ពស់សុខុមាលភាពស្ត្រី និងកុមារ តាមរយៈការផ្តល់ថវិកា ៥លានដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យហ្លួងម៉ែ ដែលជាមន្ទីរពេទ្យឯកទេសជំងឺមហារីក និងការផ្តល់ថវិកា ១លានដុល្លារជារៀងរាល់ឆ្នាំ ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផាជាដេីម។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការរងទី២ បាននាំនូវការផ្តាំផ្ញេីពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាជនទាំងអស់សូមយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដោយត្រូវផ្លាស់ប្តូរឥរិយាបថក្នុងការស់នៅ និងការហូបចុក ដោយត្រូវមានអានាម័យជាប់ជានិច្ច ពិសាទឹកដាំពុះ និងត្រូវស្រលាញ់ខ្លួនឱ្យស្ងួនចំណី ដើម្បីជៀសផុតពីជំងឺមិនឆ្លងសំខាន់ចំនួន៤ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃ ដែលបាននិងកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្នតាមរយៈការបរិភោគមិនបានត្រឹមត្រូវដូចជាផ្អែកពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹង និងការជក់បារីជាដើម។ជាមួយគ្នានេះ សូមប្រជាជនទាំងអស់ត្រូវគេងក្នុងមុងជាប់ជានិច្ច និងលុបបំបាត់ជម្រកមូសខ្លាដើម្បីការពារពីជំងឺគ្រុនឈាម គ្រុមចាញ់។ សូមសម្អាតបរិស្ថានជុំវិញផ្ទះ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ហើយកុំដុតសំរាមដែលជាប្លាស្ទិក ព្រោះថាផ្សែងរបស់វា អាចបណ្ដាលឱ្យប៉ះពាល់ទៅដល់សុខភាពយើង។ដោយឡែក ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលជាគោរមងារទាំង២ ទទួលបានពីអង្គការសហប្រជាជាតិ, បានអំពាវនាវដល់ស្ត្រីមានផ្ទៃពោះសូមទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់យ៉ាងតិចណាស់ឱ្យបាន៤ដងមុនពេលសម្រាល ហើយត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីសុវត្ថិភាពទាំងម្តាយនិងកូនជៀសផុតពីគ្រោះថ្នាក់ផ្សេងៗ និងការចម្លងជំងឺពីម្តាយទៅកូនពិសេសជំងឺអេដស៍។ ចំពោះស្ត្រីដែលទើបសម្រាលកូនរួចសូមទៅពិនិត្យសុខភាព ពិសេសនាំកូនទៅទទួលថ្នាំបង្កាឱ្យបានគ្រប់ចំនួនដើម្បីឱ្យកូនមានសុខភាពល្អជៀសផុតពីជំងឺផ្សេងៗ។ ទន្ទឹមនឹងនេះក៏សូមចូលរួមទប់ស្កាត់ការចម្លងមេរោគអេដស៍ ដែលបច្ចុប្បន្ននេះកេីត មានឡេីងចំពោះយុវវ័យ និងក្រុមប្រឈមខ្ពស់។ ឯកឧត្តម ក៏បានអំពាវនាវដល់អាណាព្យាបាលគ្រប់រូបដែលមានកូនតូចត្រូវប្រុងប្រយ័ត្នកុំឱ្យកូនផឹកគ្រឿងកំប៉ុងដែលមានជាតិផ្អែមច្រើន ពីព្រោះថាភេសជ្ជៈទាំងនេះមិនល្អសម្រាប់សុខភាពកុមារនោះទេ។ ម្យ៉ាងវិញទៀត សូមចូលរួមទប់ស្កាត់កូនចៅ ជៀសវាងការប្រេីប្រាស់បារីអេឡិចត្រូនិច ដែលបង្កផលប៉ះពាល់ដល់សុខភាពផងដែរ។ ឯកឧត្តម វ៉ា ថន ក្នុងនាមប្រជាជនទទួលផលទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនទុកនរណាម្នាក់ចោលឡេីយ បេីទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់៕

ក្រុមប្រតិបត្តិការបច្ចេកទេសនៃភាគីកម្ពុជានិងថៃជួបប្រជុំគ្នានៅប៉ោយប៉ែត ដើម្បីរៀបចំផែនការអនុវត្តការងារតាមស្មារតីបែបបទបច្ចេកទេស TI

2025/11/18 12:34:33 pm        344
បន្ទាយមានជ័យ ៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឱ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា បន្ទាប់ពីទទួលបានអនុម័តពីគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) នៃប្រទេសទាំងពីរកម្ពុជា-ថៃ លើបែបបទណែនាំបច្ចេកទេស (Technical Instruction) ប្រធានក្រុមប្រតិបត្តិការបច្ចេកទេសនៃភាគីកម្ពុជានិងភាគីថៃ បានជួបប្រជុំគ្នានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីរៀបចំផែនការអនុវត្តការងារតាមស្មារតី បែបបទណែនាំបច្ចេកទេស (Technical Instruction)។ ក្រុមវាស់វែងចម្រុះនៃប្រទេសទាំងពីរ នឹងចុះពិនិត្យទីតាំង និងដំណើរការការងារបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ ៤២ ដល់ ៤៧ ស្ថិតក្នុងភូមិសាស្រ្ត ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ របស់ថៃ។ ការចុះបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ ៤២ និងលេខ៤៧ ធ្វើឡើងតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) កម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

កម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនជនសង្ស័យចំនួន៣០នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងបាវិត

2025/11/18 12:31:08 pm        584
នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនសង្ស័យចំនួន ៣០ នាក់ ជាជនជាតិវៀតណាម ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងពីរកន្លែង ស្ថិតនៅផ្ទះល្វែងលេខ F23 ក្នុងបុរី លី ចូវ និងទីតាំងកាស៊ីណូ ហេងៗ ២ស្ថិតនៅសង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ក្នុងប្រតបត្តិការនេះដែរ សមត្ថកិច្ចបានដកហូតសម្ភារៈជាវត្ថុតាង រួមមាន កុំព្យូទ័រលើតុ (All in one) ចំនួន ១១៥គ្រឿង, កុំព្យូទ័រយួរដៃចំនួន ២គ្រឿង, ធុងPC ចំនួន១០គ្រឿង, ទូរសព្ទចំនួន ៧គ្រឿង, Monitor ចំនួន ១៥គ្រឿង និងទូ ទូរសព្ទ(Call Center) ចំនួន ១៦ទូ, លិខិតឆ្លងដែនចំនួន ៦ក្បាល។ប្រតិបត្តិការនេះ ត្រូវបានដឹកនាំធ្វើ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងមានការចូលរួមពីអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពខេត្តខេត្តស្វាយរៀង អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យទាំងពីរ និងបានឈានដល់ការ ឃាត់ខ្លួនជនសង្ស័យពាក់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើនេះ។ ក្នុងចំណោមជនសង្ស័យទាំងនោះ មាន២១ នាក់ ជាមុខសញ្ញាចាស់ ដោយពួកគេបានធ្វើសកម្មភាព ឆបោកតាមរយៈរូបភាព លួងលោមឱ្យជនរងគ្រោះដាក់ទុនវិនិយោគលើគម្រោងផ្សេងៗ ដែលជាការវិនិយោគក្លែងក្លាយ និងតាមរូបភាពលួងលោមឱ្យជនរងគ្រោះ ដំឡើងកម្មវិធី ដើម្បីចូលគ្រប់គ្រងព័ត៌មានអត្តសញ្ញាណ និងគណនីធនាគាររបស់ជនរងគ្រោះ។ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញបច្ចុប្បន្នកំពុងសហការជាមួយ ភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការ ផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកឯ ទីតាំងខាងលើត្រូវបានបិទបណ្តោះអាសន្ន ។សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕

ប្រតិភូសមាជិក ស.ស.យ.ក ចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេងកម្ពុជា និងឡាវ ឆ្នាំ២០២៥

2025/11/18 11:04:04 am        178
កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥លោកជំទាវ សួស រដ្ឋាវី សមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក និងជាប្រធានគណៈប្រតិភូបានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក.ចំនួន ២០ រូប ចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេងកម្ពុជា និងឡាវ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងការអភិវឌ្ឍយុវជន» ដែលនឹងរួមបញ្ចូលនូវបឋកថាពិសេស និងកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួនដូចជា ការងារយុវជន សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍន៍បៃតង នៅវិទ្យាស្ថានផ្លាស់ប្តូរយុវជនអន្តរជាតិ ខេត្តស្វយ័តជនជាតិជ័ង នៃសាធារណរដ្ឋប្រជាមានិតចិន។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ZOU Xianglei អនុប្រធានសហព័ន្ធយុវជនខេត្តក្វាងស៊ី គណ:ប្រតិភូយុវជនឡាវចំនួន ២០ រូប និងសមាជិកសហព័ន្ធយុវជនចិនជាច្រើនរូប។ ជាកិច្ចចាប់ផ្ដើម លោកជំទាវ ZOU Xianglei អនុប្រធានសហព័ន្ធយុវជនខេត្តក្វាងស៊ី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការអញ្ជើញមកដល់របស់គណ:ប្រតិភូយុវជនកម្ពុជា និង គណ:ប្រតិភូឡាវ ទាំងអស់ដែលបង្ហាញពីការកិច្ចសហការយ៉ាងល្អរវាងយុវជនកម្ពុជា-ឡាវ-ចិន។ លោកជំទាវបានបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងសសយក និង វិទ្យាស្ថានផ្លាស់ប្តូរយុវជនអន្តរជាតិក្វាងស៊ីគោលបំណងរក្សាចំណងមិត្តភាព សាមគ្កីភាព និងពង្រឹងកិច្ចសហប្រតិបត្តិការណ៍អភិវឌ្ឍន៍សមត្ថភាពថ្នាក់ដឹកនាំវ័យក្មេងរបស់យុវជនកម្ពុជា។ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ លោកជំទាវ សួស រដ្ឋាវី បានសំដែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំសហព័ន្ធយុវជនក្វាងស៊ី និងនាយកវិទ្យាស្ថានផ្លាស់ប្តូរយុវជនអន្តរជាតិចិន(ក្វាងស៊ី) ដែលបានផ្តល់ឱកាសដល់យុវជនកម្ពុជា ក្នុងការទទួលបាននូវចំណេះដឹងថ្មីៗ ផ្លាស់ប្តូរទស្សន: បទពិសោធន៍ និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងការអភិវឌ្ឍយុវជន ជាពិសេសសំដៅដល់តួនាទីយុវជន ឆ្លើយតបនឹងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងអភិវឌ្ឍន៍បៃតង។ យុវជនគឺជាមុខមាត់នៃការផ្លាស់ប្តូរ និងមូលធនសំខាន់បំផុតនៃការអភិវឌ្ឍប្រទេស។ ក្នុងសម័យឌីជីថលនេះ បច្ចេកវិទ្យាកំពុងផ្លាស់ប្តូររបៀបរស់នៅ និងការងាររបស់យើងយ៉ាងឆាប់រហ័ស ដូចនេះសម្រាប់យុវជនកម្ពុជា នេះជាឱកាសដ៏ល្អក្នុងការបង្កើតអាជីវកម្មឌីជីថល ការច្នៃប្រឌិតកម្មវិធីបច្ចេកវិទ្យា ការអភិវឌ្ឍសេវាឌីជីថលសម្រាប់សហគមន៍ ឬសូម្បីតែការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយដល់ការគ្រប់គ្រងធនធានធម្មជាតិ។ យុវជនត្រូវមានចក្ខុវិស័យឆ្ពោះទៅមុខ ចេះប្រើប្រាស់បច្ចេកវិទ្យាដោយមានគុណធម៌ និងទំនួលខុសត្រូវ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចឌីជីថលក្លាយជាកត្តាលីករនៃការរីកចម្រើនប្រកបដោយភាពចីរភាព។សូមជម្រាបដែរថា សិក្ខាសាលានេះរៀបឡើងចំដោយសហព័ន្ធយុវជនទូទាំងប្រទេសចិន (ACYF) ក្នុងគោលបំណង ផ្តល់ឱកាសឱ្យយុវជនបង្ហាញសមត្ថភាពរបស់ពួកគេ និងទទួលបានចំណេះដឹងជាពុទ្ធិបន្ថែមអំពីការអភិវឌ្ឍដ៏ខ្លាំងក្លារបស់ប្រទេសចិន ជាពិសេសមិត្តភាពរវាងយុវជនកម្ពុជា និងចិន ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងណាននីងតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី និង ទីក្រុងសានទូ ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន៕

ក្រុមឧក្រិដ្ឋជនមួយក្រុមចូលក្នុងតុលាការខេត្តស្វាយរៀងបាញ់រំដោះជនសង្ស័យ

2025/11/18 10:45:41 am        1256
ស្វាយរៀង៖ ភ្នាក់ងារទូរទស្សន៍ BTV បានរាយការណ៍ឱ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មានក្រុមឧក្រិដ្ឋជនមួយក្រុមបានសម្រុកចូលក្នុងបរិវេណសាលាដំបូងខេត្តស្វាយរៀង ដោយមាន​ប្រដាប់អាវុធផងនោះ បានភ្ជង់សមត្ថកិច្ចរំដោះយកជនសង្ស័យដែលសមត្ថកិច្ចកំពុង​ដឹកតាមរថយន្តនាំយកចូលតុលាការបន្តនីតិវិធី។តាមប្រភពព័ត៌មានឱ្យដឹងថា ក្រុមឧក្រិដ្ឋជនបានប្រើរថយន្តមួយគ្រឿងម៉ាក លុចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2CA-0692 ចូលភ្ជង់សមត្ថកិច្ច​ពេលដឹកជនសង្ស័យ​មួយក្រុមនាំ​មកឱ្យតុលាការអនុវត្តនីតិវិធីច្បាប់ ខណៈដែលរថយន្តដឹកជនសង្ស័យឈប់ក្នុងបរិវេណតុលាការ ក្រុមឧក្រិដ្ឋជនក៏ដកអាវុធភ្ជង់ ហើយនាំជនសង្ស័យឡើងរថយន្តលុចស៊ីសបើកគេចចេញទៅ។ ភ្លាមៗសមត្ថកិច្ចបានអន្តរាគមន៍ដែរ តែក្រុមឧក្រិដ្ឋជន បានបើកការបាញ់ប្រហារមកលើសមត្ថកិច្ច ហើយសមត្ថកិច្ចក៏ផ្ទុះអាវុធការពារតបតវិញ។មកដល់ម៉ោង១០៖៣០នាទីព្រឹក ប្រភពព័ត៌មានបានឱ្យដឹងថា សមត្ថកិច្ចបាននឹងកំពុងដេញតាមរថយន្តក្រុមឧក្រិដ្ឋជន៕

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកថៃជាប្រទេសការពារឧក្រិដ្ឋជនប្រសិនបើមិនចាត់វិធានការទៅលើទាហានខ្លួន៧នាក់ ដែលរំលោភស្រ្តីខ្មែរ

2025/11/18 10:19:51 am        206
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើឲ្យសមត្ថកិច្ចថៃចាត់វិធានការជាបន្ទាន់ ដល់ទាហានឈុតខ្មៅថៃចំនួន៧នាក់ ដែលបានប្រព្រឹត្តអំពើស្មោគគ្រោក ដោយបានរំលោភទៅលើយុវតីខ្មែរម្នាក់យ៉ាងឃោរឃៅកាលពីកន្លងទៅថ្មីៗនេះ ហើយប្រសិនបើភាគីថៃមិនដោះស្រាយបញ្ហានេះជាបន្ទាន់ និងរកយុត្តិធម៌ដល់ជនរងគ្រោះទេនោះ មានន័យថាប្រទេសថៃ គ្មានច្បាប់ទម្លាប់ និងជាប្រទេសដែលការពារឧក្រិដ្ឋជន។ យោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានចេញនៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានលើកឡើងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) សូមថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើឃោរឃៅរបស់ទាហានឈុតខ្មៅថៃ៧នាក់ ដែលបានរំលោភទៅលើយុវតី ដែលជាពលករខ្មែរម្នាក់ ហើយសូមស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចថៃ ចាត់វិធានការជាបន្ទាន់ ដើម្បីនាំយកឧក្រិដ្ឋជនមកផ្តន្ទាទោសតាមច្បាប់ ព្រមទាំងផ្តល់យុត្តិធម៌ និងសំណងផ្សេងៗដល់ជនរងគ្រោះ។ បន្ថែមពីនេះគ.ស.ម.ក. ក៏សូមសហគមន៍អន្តរជាតិមេត្តា ជួយជំរុញដល់ភាគីថៃឲ្យទទួលខុសត្រូវចំពោះករណីទាំងនេះ និងធានាថា ភាគីថៃគោរពតាមកាតព្វកិច្ច របស់ខ្លួនក្រោមច្បាប់សិទ្ធិមនុស្សងន្តរជាតិជាធរមាន។គ.ស.ម.ក. បានសង្កត់ធ្ងន់ថា«ប្រសិនបើប្រទេសថៃមិនដោះស្រាយករណីនេះឲ្យទាន់ពេលវេលា និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះនោះទេ ឆ្លុះបញ្ចាំងថា ប្រទេសថៃមិនត្រឹមតែជាប្រទេសគ្មានច្បាប់ទម្លាប់ ប៉ុណ្ណោះទេ តែក៏ជាប្រទេសដែលការពារឧក្រិដ្ឋជនផងដែរ»។គណៈកម្មាសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ផងដែរថា ការរំលោភផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការ រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោស ដោយគ្មានការលើកលែង ហើយគ.ស.ម.ក.សូមថ្កោល ទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអំពើជាបន្តបន្ទាប់របស់យោធាថៃមកលើប្រជាជនកម្ពុជា ដែលមានលក្ខណៈ ព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌ព្រមទាំងផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌ អន្តរជាតិ។គ.ស.ម.ក.ក៏បានរៀបរាប់ផងដែរអំពើរបស់ភាគីថៃ បានចាប់ផ្តើមពីការរើសអើង ការគំរាមកំហែង និងការ បង្ករអំពើហិង្សាក្រោមរូបភាពផ្សេងៗចំពោះពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃ។ បន្ទាប់មកការប្រើប្រាស់បន្លាលួសព័ទ្ធយកផ្ទះ ដី និងស្រែចម្ការប្រជាពលរដ្ឋកម្ពុជា និងការប្រើឧបករណ៍បំពងសំ ឡេង ដែលមានលក្ខណៈជាការធ្វើទុក្ខបុកម្នេញ ដែលនាំឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវ កាយ និងផ្លូវចិត្តពលរដ្ឋស៊ីវិលកម្ពុជា ជាពិសេសទៅលើស្រ្តី កុមារ ជនមានពិការភាព និងអ្នកជំងឺជាដើម។បន្ថែមពីនេះកងទ័ពកម្ពុជាចំនួន១៨នាក់កំពុងស្ថិតនៅក្រោមការឃុំខ្លួនដោយខុសច្បាប់ពីសំណាក់ យោធាថៃ។ ថ្ងៃទី១២ ខែវិច្ឆិកា ទាហានថៃបើការវាយប្រហារដោយគ្មានមូលដ្ឋានមកលើប្រជាជនកម្ពុជា ស្លូតត្រង់ បណ្តាលឲ្យស្លាប់ និងរងរបួស ហើយរាប់រយគ្រួសារទៀតត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងទាំង យប់។ ហេតុការណ៍ថ្មីៗនេះ ពលករចំណាកស្រុកជាស្រ្តីខ្មែរម្នាក់ អាយុ១៨ឆ្នាំ ត្រូវបានទាហានឈុតខ្មៅថៃ ៧នាក់ចាប់រំលោភបូកយ៉ាងព្រៃផ្សៃ នៅពេលដែលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញ នាយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅនេះ។ គ.ស.ម.ក. «សូមថ្កោលអំពើគួរឲ្យស្អប់ខ្ពើមនេះ និងសូំគូសបញ្ជាក់ថាការផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសដោយគ្មានការលើកលែង»៕ អត្ថបទបាន ចក់

បណ្តាសហជីពកម្មករកម្ពុជាទទួចឲ្យUN ជំរុញរដ្ឋាភិបាលថៃ ចាប់ទាហានថៃទាំង៧នាក់ មកផ្តន្ទាទោសឲ្យបានឆាប់ ក្រោយរំលោភដល់យុវតីខ្មែរ

2025/11/18 10:04:47 am        504
បណ្តាសហភាព សហជីពកម្ពុជា ដែលការពារសិទ្ធិដល់កម្មករក្នុងស្រុក និងពលករក្រៅស្រុក បានប្រកាស ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏ស្មោកគ្រោករបស់ទាហានថៃចំនួន៧នាក់ ដែលបានរំលោភ ទៅលើយុវតី ដែលជាពលករខ្មែរម្នាក់យ៉ាងព្រៃផ្សៃកាលពីកន្លងទៅថ្មីៗនេះ ហើយពួកគេបានអំពាវនាវយ៉ាង ទទួចដល់អង្គការសហប្រជាជាតិ សហគមន៍អាស៊ាន គប្បីធ្វើការជំរុញដល់រដ្ឋាភិបាលថៃ ឲ្យចាប់បុគ្គលទាំង ៧នាក់នោះ យកមកផ្ទន្ទាទោសឲ្យបានឆាប់ស្របទៅតាមច្បាប់ជាធរមាន។យោងតាមសេចក្តីថ្លែងការណ៍ថ្កោលទោស របស់សហភាពសហជីពទាំងនោះ ដែលមានសមាជិក រាប់សែននាក់ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើហិង្សា និងការរំលោភបំពានផ្លូវភេទ យ៉ាងសាហាវ ដែលបានប្រព្រឹត្តទៅលើពលការិនីចំណាកស្រុកកម្ពុជា ដោយកងទ័ពឈុតខ្មៅថៃនៅតាម តំបន់ព្រំដែនកម្ពុជា-ថៃ ខណៈអំពើនេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិមនុស្ស សិទ្ធិស្រ្តី និងសិទ្ធិ ជាតិនៃពលករចំណាកស្រុក ដែលត្រូវបានការពារយ៉ាងខ្ជាប់ខ្ជួនដោយច្បាប់ជាតិ ធម្មនុញ្ញ លិខិតុបករណ៍អា ស៊ាន ច្បាប់អន្តរជាតិ និងអនុសញ្ញាជាច្រើនទៀត។បណ្តាសហភាព សហជីពទាំងនោះ បានចាត់ទុកថា ករណីរំលោភបំពានយ៉ាងឃោឃៅ ដែលមិន អាចទទួលយកបាននេះ មិនត្រឹមតែជាអំពើអមនុស្សធម៌ទៅលើជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជា ការបំពានលើគោលការណ៍មនុស្សធម៌ របស់សមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានបំណងលើក កម្ពស់ និងធានាសិទ្ធិមនុស្សក្នុងតំបន់។ មួយវិញទៀតបណ្តាសហភាព សហជីពទាំងនោះក៏មានការព្រួយ បារម្ភផងដែរចំពោះវប្បធម៌និទណ្ឌភាព និងការមិនគោរពសិទ្ធិនារី ពាក់ព័ន្ធនឹងកងកម្លាំងយោធាឈុតខ្មៅ របស់ថៃ ដែលបង្កហានិភ័យធ្ងន់ធ្ងរ សុវត្ថិភាព និងសិទ្ធិរបស់ពលការិនីកម្ពុជា និងក្រុមជនក្រីក្រចំណាក ស្រុកដទៃទៀត។យ៉ាងណាក៏ដោយ បណ្តាសហភាព សហជីព បានស្នើសុំយ៉ាងទទួចដល់អង្គសហប្រជាជាតិ និងអង្គការអន្តរជាតិ រួមទាំងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស គប្បីចេញសេចក្តីថ្លែង ការណ៍ថ្កោលទោសឲ្យបានម៉ឺងម៉ាត់ទៅលើកងទ័ពឈុតខ្មៅថៃ និងត្រូវមានការស៊ើបអង្កេតឯករាជ្យ ដើម្បីធានាការទទួលខុសត្រូវតាមផ្លូវច្បាប់ និងគប្បីជំរុញឲ្យរដ្ឋាភិបាលថៃ ឲ្យអនុវត្តវិធានការឆ្លើយតបជាបន្ទាន់ ដោយត្រូវចាប់ទាហានឈុតខ្មៅទាំង៧នាក់នោះយកមកផ្តន្ទាទោសស្របទៅតាមច្បាប់ជាធរមាន។បណ្តាសហភាព សហជីពនោះ បានអំពាវនាវឲ្យរដ្ឋាភិបាលថៃ និងកងទ័ពរបស់ថៃ ត្រូវទទួលស្គាល់ និងទទួលខុសត្រូវពេញលេញលើអំពើដ៏ឃោឃៅនេះ ហើយបញ្ចប់វប្បធម៌និទណ្ឌភាព ដែលនាំឲ្យអំពើបំពានលើស្រ្តីកើតឡើងជាបន្តបន្ទាប់ ត្រូវចាត់វិធានការដាក់ទណ្ឌកម្មច្បាស់លាស់ លើមន្រ្តី និងកងទ័ព ទាំងនោះដើម្បីធានាយុត្តិធម៌ដល់ជនរងគ្រោះ៕ អត្ថបទបាន ចក់

នាវាទេសចរណ៍បរទេស មួយគ្រឿង ផ្ទុកមនុស្សជាង ២០០០នាក់ ចូលសំចតទូរទស្សនកិច្ចនៅកម្ពុជា

2025/11/18 09:38:11 am        58
នាយនាវីទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន គ.ជ.ស.ស. ប្រាប់ថា មាននាវាទេសចរណ៍បរទេស ១ គ្រឿង ឈ្មោះ WESTERDAM សញ្ជាតិ Holand ផ្ទុកមនុស្សចម្រុះជាតិសាសន៍ជាង ២.៦៥៤នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅវេលាម៉ោង ០៦:២០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ មនុស្សចម្រុះជាតិសាសន៍ជាង ២.៦៥៤នាក់ ក្នុងនោះមានភ្ញៀវទេសចរសរុបចំនួន ១.៨៥០នាក់ ស្រី ៩៩២នាក់ (៤៣សញ្ជាតិ) និងនាវិកចំនួន ៨០៤នាក់ ស្រី ១៥៦នាក់ (៣៩សញ្ជាតិ) ចំនួនភ្ញៀវដែលមានច្រើនជាងគេគឺ USA, AUS និង CANADA ។ នាវានេះ បានធ្វើដំណើរទេសចរណ៍មកពីប្រទេសវៀតណាម នឹងបន្ត្ដំណើរទេសចរណ៍អន្តរជាតិទៅប្រទេស ថៃ នៅយប់ថ្ងៃ ខែ ឆ្នាំដដែល ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា
06/03/2026 04:06 PM
អ្នកជំនាញការអាដហុក អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលប្រាសាទបក្សីចាំក្រុង និងកំពង់ទឹកយសោតដាក
06/03/2026 04:06 PM
យោធាស្វែងរកការកាត់ទោសទាហានឥណ្ឌូនេស៊ីឲ្យជាប់ពន្ធនាគារសម្រាប់ការវាយប្រហារដោយទឹក អាស៊ីត
06/03/2026 04:06 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះជួបសំណេះសំណាល និង​ទទួល​ទាន​អាហារ​ជាមួយ​បងប្អូន​កម្មករ​និយោជិត​នៅ​រោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង
06/03/2026 04:06 PM
ក្រសួងកសិកម្មធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី៦របស់ក្រុមការងារជំនាញអនុវត្តវារីវប្បកម្មល្អអាស៊ាន (6th EWG-ASEAN GAqP)
06/03/2026 04:06 PM
UN៖ នីតិវិធីត្រួតពិនិត្យថ្មី ពន្យារពេលការការដឹកជញ្ជូនជំនួយចូលតំបន់ហ្កាហ្សា
06/03/2026 04:06 PM
លោក Rubio៖ អ៊ីស្រាអែល ដណ្តើមយកតំបន់ហ្កាហ្សា៧០ភាគរយពុំមែនជាផ្នែកនៃផែនការរបស់អាមេរិកទេ
06/03/2026 04:06 PM
មនុស្សយ៉ាង​ហោច​ណាស់​ ២១នាក់ស្លាប់​នៅ​ក្នុងអគ្គិ​ភ័យឆាប​ឆេះ​សណ្ឋាគារ ក្នុងរដ្ឋធានីរបស់​ឥណ្ឌា
06/03/2026 04:06 PM
ការវាយប្រហារតាមអ៊ីនធឺណិត បញ្ចេញព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់គ្រួសារចំនួន៦សែនគ្រួសារនៅហ្កាហ្សា
06/03/2026 04:06 PM
រដ្ឋមន្ត្រីការពារជាតិបូលីវីលាលែងពីតំណែង ខណៈការតវ៉ាប្រឆាំងរដ្ឋាភិបាលមាន​សភាព​កាន់តែខ្លាំងឡើង​ៗ
06/03/2026 04:06 PM