ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា
អ្នកជំនាញការអាដហុក អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលប្រាសាទបក្សីចាំក្រុង និងកំពង់ទឹកយសោតដាក

ព័ត៌មានជាតិ

ជីវភាពប្រជាកសិករល្អជាងមុន ក្រោយពេលចូលជាសមាជឹកសហគមន៍កសិកម្មជ័យជំនះ

2025/11/17 06:24:35 pm        240
កំពង់ឆ្នាំង ៖ តាមការបញ្ជាក់អោយដឹងពីប្រជាកសិករជាសមាជឹកក្នុងសហគមន៍កសិកម្មជ័យជំនះ ដែលស្ថិតក្នុងភូមិគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ថា តាំងពីប្រជាកសិករជាង២ពាន់នាក់បានចូលជាសមាជឹកសហគមន៍កសិកម្មជ័យជំនះមក ពួកគាត់មានការងារមមាញឹកខ្លាំងក្នុងមុខរបរដាំដុះ ជាពិសេសគឺការដាំដំណាំស្រូវតាមបច្ចេកទេសទំនើបរបស់មន្ទីរកសិកម្ម ហើយសព្វថ្ងៃជីវភាពពួកគាត់បានល្អជាងមុន និងមិនមានពេលទំនេរច្រើនដូចមុនទៀតឡើយ។ ​ប្រជាកសិករម្នាក់បានអោយដឹងថា៖ ការបង្កើតសហគមន៍កសិកម្មនៅតាមភូមិឃុំរបស់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ គឺបង្កើតអោយប្រជាកសិករមានការងារធ្វើ និងមានប្រាក់ចំណូលជារៀងរាល់ថ្ងៃ បង្កើនជីវភាពក្នុងគ្រួសារប្រជាកសិករ។ ដំណាំកសិកម្មដែលបងប្អូនប្រជាកសិករក្នុងភូមិគោកបន្ទាយ ឃុំគោកបន្ទាយបានធ្វើជាមួយសហគមន៍កសិកម្មជ័យជំនះនេះ គឺដំណាំស្រូវឈ្មោះ «ស្រូវក្រវ៉ាន់» ដែលប្រភេទស្រូវនេះក្រអូប បាយទន់ និងមានប្រជាពលរដ្ឋខ្មែរទទួលទានច្រើន និងលក់ដាច់ខ្លាំង។ ការផលិតស្រូវប្រភេទនេះ ទាមទារអោយប្រជាកសិករយកចិត្តទុកដាក់ អំណត់ និងប្រើបច្ចេកទេសដែលបង្ហាត់បង្រៀនពីមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង តាំងពីការធ្វើជីកំប៉ុសដាក់អោយស្រូវមានដើម ឬស ស្លឹក និងផ្លែល្អ។ ក្រៅពីដំណាំស្រូវ ប្រជាកសិករនៅបានដាំដំណាំរួមផ្សំជាច្រើនទៀតដែលមិនបានប្រើប្រាស់សារធាតុគីមី មានត្រសក់ ល្ពៅ សណ្តែកគួរ ននោង សាឡាត់ ដំឡូងបារាំង ត្រប់ និងបន្លែបង្កាជាច្រើនមុខទៀត សំរាប់លក់ជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអ្នកនៅក្នុងឃុំស្រុកខេត្ត និងអ្នកដំណើរតាមផ្លូវជាតិលេខ៥ ព្រោះមន្ទីរកសិកម្មបានបង្កើតផ្សារសហគមន៍មួយ នៅទួលក្រឡាញ់ ក្រុងកំពង់ឆ្នាំង និងបានប្រមូលផលិតផលតាមសហគមន៍មកលក់នៅទីនោះ។លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាកសិករតាមសហគមន៍កសិកម្មទាំងអស់ ត្រូវយកចិត្តទុកដាក់ លើការផលិតដូចជាបន្លែបង្កា ស្រូវ និងការចិញ្ចឹមសត្វទៅតាមស្តង់ដារ និងបច្ចេកទេសរបស់មន្ទីកសិកម្ម ដើម្បីធានាអោយបាននូវគុណភាពល្អ មិនប៉ះពាល់ដល់សុខភាព ជាពិសេសអាចលក់បានក្នុងតម្លៃល្អទៀតផង៕ អត្ថបទ ៖ ហុង វាសនា

អតីតពលករខ្មែរមកពីថៃប្រមាណជាង ២ពាន់នាក់ បានចូលរួម និងទទួលបានឱកាសការងារពីពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ក្រសួងការងារ

2025/11/17 05:47:57 pm        174
(ភ្នំពេញ)៖ អតីតពលករខ្មែរមកពីប្រទេសថៃប្រមាណជាង ២ពាន់នាក់ក្នុងស្រុកថ្មគោល និងស្រុកមោងឫស្សី ខេត្តបាត់ដំបង បានចូលរួមពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង វិស័យឯកជន សមាគមមិត្តយើង អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធផ្សេងទៀត។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ លោកបញ្ជាក់ថា «លទ្ធផលពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅខេត្តបាត់ដំបង កាលពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានអ្នកចូលរួមសរុប ២ ១៩៤នាក់ ក្នុងនោះអ្នកសម្ភាសជាប់ការងារបឋមចំនួន ៤៤៤នាក់»។បើតាមអ្នកនាំពាក្យរូបនេះដដែល អតីតពលករដែលមិនទាន់ទទួលបានការងារភ្លាមៗក្នុងពិព័រណ៍នោះ មន្ត្រីនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងទាក់ទងភ្ជាប់ទំនាក់ទំនងជាមួយសហគ្រាស ក្រុមហ៊ុន រោងចក្របន្ថែមទៀត។ សូមបញ្ជាក់ថា នៅខែវិច្ឆិកានេះ ដើម្បីស្វែងរកការងារជូនបងប្អូនពលករខ្មែរដែលមកពីប្រទេសថៃ ក្រសួងការងារបានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ៣ខេត្តដែលរួមមាន ខេត្តបាត់ដំបងនៅថ្ងៃទី១៥-១៦ ក្នុងស្រុកថ្មគោល និងស្រុកមោងឫស្សី ខេត្តបន្ទាយមានជ័យនៅថ្ងៃទី២២-២៣ ក្នុងស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី និងខេត្តសៀមរាបនៅថ្ងៃទី២៩-៣០ ក្នុងស្រុកសូត្រនិគម និងស្រុកពួក។ គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គឺជាលើកទី៥៧៤ ហើយដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយភាគីពាក់ព័ន្ធបានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីផ្តល់ឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម(ប.ស.ស.)។  ទន្ទឹមនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យបងប្អូនអតីតពលករដែលមកពីប្រទេសថៃដែលខកខានមិនបានចូលរួមពិព័រណ៍ឱ្យទាក់ទងប្រព័ន្ធទូរសព្ទ Hotline លេខ “១២៩៧” ដើម្បីទទួលបានឱកាសការងារ និងការចុះឈ្មោះរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃដែលអាចទាក់ទងបាន ៧ថ្ងៃក្នុងមួយសប្តាហ៍ផងដែរ៕

អន្តរគណៈកម្មការនៃរដ្ឋសភា ប្រជុំពិភាក្សាលើសេចក្ដីព្រាងច្បាប់ចំនួន ៣ជាមួយតំណាងរាជរដ្ឋាភិបាល

2025/11/17 04:20:52 pm        108
អន្តរគណៈកម្មការរដ្ឋសភា ដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) និងឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ តំណាងគណ:កម្មការជំនាញនានា នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុព្រមទាំងសហការី ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ចំនួន៣ នៅវិមានរដ្ឋសភា។ សេចក្តីព្រាងច្បាប់ដែលត្រូវបានលើកយកមកពិភាក្សារួមមាន៖១.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ២.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ៊្វីលីពីន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ៣.ពិធីសារទី២ដើម្បីធ្វើវិសោធនកម្មលើ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរីស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានធ្វើការពន្យល់អំពីសេចក្តីព្រាងច្បាប់ម្តងមួយៗដល់គណ:កម្មការជំនាញរដ្ឋសភា។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានពន្យល់ថា កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នាគឺមានគោលដៅកាត់បន្ថយនូវផលប៉ះពាល់នានាដែលអាចកើតឡើងពាក់ព័ន្ធនឹងការយកពន្ធនេះ។ នៅក្នុងការចរចា កម្ពុជាប្រកាន់ខ្ជាប់នូវ ជំហររបស់ខ្លួន ស្របតាមក្របខ័ណ្ឌគោលនយោបាយដែលបានដាក់ចេញ ដើម្បីការពារឱ្យបានជាអតិបរមានូវ សិទ្ធិយកពន្ធរបស់ខ្លួន ដែលក្នុងនោះកម្ពុជាសម្រេចបាននូវ៖១- លក្ខខណ្ឌទូលំទូលាយដែលផ្តល់ប្រយោជន៍ដល់កម្ពុជាក្នុងការកំណត់ពន្ធតាមរយៈគ្រឹះស្ថានអចិន្ត្រៃយ៍២- ការយកពន្ធលើបុព្វលាភធានារ៉ាប់រងដែលលក់ដោយសហគ្រាសអនិវាសនជន៣- ការយកពន្ធលើការដឹកជញ្ជូនអន្តរជាតិតាមផ្លូវទឹក៤- ការយកពន្ធតាមរយៈសួយសារលើការជួលឧបករណ៍ឧស្សាហកម្ម ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ៥- ការយកពន្ធកាត់ទុកលើកម្រៃសេវាបច្ចេកទេស៦- ការរក្សាបាននូវអត្រាពន្ធកាត់ទុកខ្ពស់ ចៀសវាងបាននូវផលប៉ះពាល់ខ្លាំងលើចំណូលពន្ធជាតិ៧- ការយកពន្ធលើចំណូលផ្សេងៗរបស់អនិវាសនជន៨- ការដាក់បញ្ចូលបទប្បញ្ញត្តិស្តីពីការផ្តល់ឥណទានពន្ធចំពោះពន្ធដែលទទួលបានការអនុគ្រោះ សម្រាប់គម្រោងវិនិយោគដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ក្នុងគោលបំណងផ្តល់ប្រយោជន៍ សម្រាប់ធានាភាពទាក់ទាញនៃការវិនិយោគផ្ទាល់មកពីបរទេសតាមរយៈការផ្តល់ការលើកទឹកចិត្ត ផ្នែកពន្ធដារ ដែលមានចែងក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ បទប្បញ្ញត្តិដែលកម្ពុជាទាមទារបានខាងលើនេះមានលក្ខណៈពិសេសដោយសារជាទូទៅបណ្តាប្រទេសដទៃមិនធ្លាប់ទាមទារបានឡើយ។ មួយវិញទៀតដើម្បីបំពេញកាតព្វកិច្ចក្រោមក្របខ័ណ្ឌ អាស៊ានដូចបានរៀបរាប់នេះ និងដើម្បីទាក់ទាញនិងសម្រួលការវិនិយោគនិងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងទប់ស្កាត់និងបង្ក្រាបការគេចវេះពន្ធទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ព្រះរាជាណាចក្រកម្ពុជាបាន និងកំពុងចរចាកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធនិងការចៀសវាងពន្ធជាមួយបណ្តារដ្ឋសមាជិកអាស៊ាន អាស៊ានបូកបី និងបណ្តាប្រទេសឬយុត្តាធិការមួយចំនួនទៀត ផងដែរ។ឯកឧត្តម សួស យ៉ារ៉ា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងសហការី ដែលបានយកចិត្តទុកដាក់លើការកសាងសេចក្តីព្រាងច្បាប់ក៏ដូចជាកិច្ចព្រមព្រៀងមួយចំនួនពាក់ព័ន្ធនឹងពន្ធត្រួតស៊ីគ្នាដើម្បីតម្កល់ផលប្រយោជន៍ជាតិជាធំ។ សេចក្តីព្រាងច្បាប់ទាំងបី ត្រូវបានគណៈកម្មការជំនាញនៃរដ្ឋសភា សម្រេចឯកភាពជាមួយតំណាងរាជរដ្ឋាភិបាល ដោយគណៈកម្មការនឹងធ្វើសេចក្តីរាយការណ៍ជូនសម្តេចប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីគោរពស្នើសុំដាក់បញ្ចូលសេចក្តីព្រាងច្បាប់ទាំងនេះ ទៅក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខនេះ៕

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ អាណត្តិទី៤ ឆ្នាំ ២០២៥

2025/11/17 03:52:35 pm        134
វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ អាណត្តិទី៤ ឆ្នាំ២០២៥ ដើម្បីស្ដាប់នូវបញ្ហាប្រឈម សំណូមពរ និងដោះស្រាយនូវសំណើរ ដែលជាតម្រូវការចំបាច់នានារបស់ប្រជាពលរដ្ឋក្នុងក្រុងព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលរៀបចំធ្វើឡើងនៅបរិវេណរមណីយដ្ឋានទំនប់៩៥ នាព្រឹកថ្ងៃទី១៧ ខែ វិឆ្ឆិកា ឆ្នាំ២០២៥។មានប្រសាសន៍បើកអង្គវេទិកា ឯកឧត្តម ប្រាក់ សុវណ្ណ បានអោយដឹងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាថ្ងៃនេះ គឺជាការផ្តល់ឱកាសឲ្យមានការប្រាស្រ័យ ទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលក្រុង រដ្ឋបាលសង្កាត់ និងប្រជាពលរដ្ឋ តំណាងអង្គការសមាគម និងវិស័យឯកជន ដើម្បីផ្លាស់ប្តូរនូវបទ ពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្តព្រះវិហារ ប្រកបដោយចីរភាព និងប្រសិទ្ធភាព។ ដូច្នេះវត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីនាឱកាសនេះ គឺមានសារៈសំខាន់បំផុត ដែលនឹងលើកឡើងនូវមតិយោបល់ សំណើសំណូមពរ និងអនុសាសន៍ សម្រាប់កែលម្អ ដល់ការអភិវឌ្ឍមូលដ្ឋាន នៃខេត្តព្រះវិហារ នេះឲ្យបានផុសផុល ព្រោះយើងទាំងអស់គ្នាចង់បាននូវ ការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង និងសង្កាត់ឲ្យបានកាន់តែ ល្អប្រសើរឡើង។នៅក្នុងឱកាសនោះដែរ ឯកឧត្តម គីម រិទ្ធី ក៏បានជម្រាបជូនអំពីរបាយការណ៍ស្តីពី សមិទ្ធផល សម្រេចបានក្នុងខេត្តព្រះវិហារ បញ្ហាប្រឈម នាឆ្នាំកន្លងមក របស់រដ្ឋបាលខេត្ត និងបទបង្ហាញពីសកម្មភាពអាទិភាព និងកម្មវិធីវិនិយោគនៅក្នុងឆ្នាំបន្ទាប់ទៀត។ ឯកឧត្តមបានបន្តទៀតថា គ្រប់លទ្ធផលសកម្មភាពទាំងអស់មានការវិវត្ត និងរីកចម្រើនគួរឲ្យកត់សម្គាល់ ទាំងលើវិស័យ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ វិស័យសេដ្ឋកិច្ច សង្គមកិច្ច និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ជារួមរាល់ការរីកចម្រើនទាំងនេះ ដោយសារមានការ ដឹកនាំដ៏ឃ្លៀសវៃប្រកប ដោយគតិបណ្ឌិត ពីរាជរដ្ឋាភិបាល ក្រសួងស្ថាប័នជាតិ និងមានការ ដឹកនាំផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត ព្រមទាំង មានការចូលរួមសហការគ្នាអនុវត្ត បានល្អប្រសើរតាមផ្នែក និងជំនាញរៀងៗខ្លួន ពីអាជ្ញាធរមូលដ្ឋាន គ្រប់ មន្ទីរ អង្គភាពជុំវិញខេត្ត សមត្ថកិច្ចពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋាន។ តាមរយៈការសម្របសម្រួលវេទិកានាព្រឹកនេះ យើងសង្កេតឃើញថា ដំណើការនៃវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត បានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការ ចូលរួមពីគ្រប់ជំនាញពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋ អង្គការ សមាគម សាសនា តំណាងគណៈ កម្មការនានា បាននាំគ្នាចូលរួមយ៉ាងសកម្ម បញ្ចេញមតិយោបល់យ៉ាងផុសផុល ដែលទាក់ទងទៅ និងបញ្ហាមួយចំនួនដូចជា ផ្លូវ ស្ពាន បរិស្ថាន ប្រជាការពារ ដីធ្លី សន្តិសុខ និងបញ្ហាតម្លៃស្រូវជាដើម។ អង្គវេទិកាបានធ្វើការឆ្លើយតប និងបកស្រាយបំភ្លឺសំណួរ សំណូមពរដែលបានលើកឡើង ចំពោះសំណួរ និងសំណូមពរដែលនៅសល់ និងយកទៅពិភាក្សាដោះស្រាយ ជាមួយជំនាញពាក់ព័ន្ធជាបន្តទៀត។

សន្និសីទគ្រូបង្រៀនឆ្នាំ២០២៥ ផ្ដោតលើ ការស្រាវជ្រាវ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត AI

2025/11/17 03:52:22 pm        189
នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធី បើកសន្និសីទគ្រូបង្រៀនថ្នាក់ជាតិឆ្នាំ២០២៥ ក្រោមប្រធានបទ "គ្រូបង្រៀនជាបេះដូងនៃកំណែទម្រង់វិស័យអប់រំ៖ ការស្រាវជ្រាវ គោលនយោបាយ និងការអនុវត្តសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិតប្រកបដោយក្រមសីលធម៌" ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និង កីឡា តំណាងដៃគូអភិវឌ្ឍ អ្នកសិក្សាជាគណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀននៃកម្មវិធីលើកកម្ពស់គុណវុឌ្ឍមកពីអនុវិស័យបឋមសិក្សា និងមធ្យមសិក្សា ចូលរួមផ្ទាល់ចំនួន ២០០នាក់ និងតាមប្រព័ន្ធអនឡាញប្រមាណ ៥០០នាក់។ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីសារៈសំខាន់នៃ សន្និសីទគ្រូបង្រៀនថ្នាក់ជាតិឆ្នាំ២០២៥ ដែលបានលើកយក ប្រធានបទ “គ្រូបង្រៀនជាបេះដូងនៃកំណែទម្រង់វិស័យអប់រំ៖ ការស្រាវជ្រាវ គោលនយោបាយ និងការអនុវត្តសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិតប្រកបដោយក្រមសីលធម៌” ដ៏មានអត្ថន័យជ្រាលជ្រៅ បង្ហាញអំពីទិសដៅគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការកសាងមូលដ្ឋានគ្រឹះរបស់គ្រូបង្រៀន ឆ្លើយតបទៅនឹងបរិវត្តកម្មវិស័យអប់រំនៅកម្ពុជា ផ្តោតលើការប្រើប្រាស់ និងការចេះទាញយកអត្ថប្រយោជន៍ជាអតិបរិមានៃការរីកចម្រើនបច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការលើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍបំណិនឌីជីថលដល់គ្រូបង្រៀននៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលក្នុងតំបន់ និងពិភពលោក ដែលនឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានយ៉ាងច្រើនដល់វិស័យអប់រំនៅកម្ពុជា។ បច្ចុប្បន្ន វិទ្យាស្ថានគរុកោសល្យ និងសាលារៀនជំនាន់ថ្មី បានចាប់ផ្តើមធ្វើសមាហរណកម្មបច្ចេកវិទ្យាអប់រំ (EdTech) និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្រៀនដោយមើលឃើញថា នវានុវត្តន៍ និងការធ្វើសមាហរណកម្មពិតជាផ្តល់នូវភាពងាយស្រួលដល់ការបង្រៀន ការរៀន និងការស្រាវជ្រាវ ក៏ដូចជាការងាររដ្ឋបាលសិក្សា និងរង្វាយតម្លៃការសិក្សាជាដើម។ ការអភិវឌ្ឍគ្រូបង្រៀន ត្រូវការនូវគោលនយោបាយអប់រំគ្រូបង្រៀនដែលគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃតម្រូវការអប់រំជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់ឋានៈរបស់គ្រូបង្រៀននៅក្នុងសង្គម។ ហេតុដូចនេះហើយ ទើបគោលនយោបាយស្តីពី គ្រូបង្រៀន ត្រូវបានអភិវឌ្ឍ និងកែលម្អជាបន្តបន្ទាប់ ដើម្បី៖ ១. ទាក់ទាញ និងលើកទឹកចិត្តអ្នកមានសមត្ថភាពឱ្យប្រកបវិជ្ជាជីវៈជាគ្រូបង្រៀន ២. ធានាការបណ្តុះបណ្តាលមុនពេលបម្រើការងារជាគ្រូបង្រៀន ៣. ធានាការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀនក្នុងពេលបម្រើការងារជាប់ជាប្រចាំ និង ៤. ធានាលក្ខខណ្ឌចាំបាច់ចំពោះគ្រូបង្រៀនក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍ និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រដល់កំណែទម្រង់គ្រូបង្រៀន ជាពិសេសបានរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះឡើង ដោយសូមលើកទឹកចិត្តឱ្យមានការចែករំលែកជាអតិបរមាពីវាគ្មិនជំនាញ តាមរយៈកិច្ចពិភាក្សា និងបទបង្ហាញ ដែលពោរពេញទៅដោយទស្សនាទានល្អៗសម្រាប់យកទៅអនុវត្តដាក់ចេញជាសកម្មភាពជាក់ស្ដែងនៅក្នុងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព និងសង្ឃឹមថា សន្និសីទនេះជាប្រភពនៃគំនិតថ្មីៗ កិច្ចសហប្រតិបត្តិការថ្មីៗ និងជំរុញទឹកចិត្តអ្នកគ្រូបង្រៀនទាំងអស់ឱ្យបន្តបេសកកម្មផ្តល់នូវការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ក្នុងបុព្វហេតុកសាងធនធានមនុស្សរឹងមាំសម្រាប់ប្រទេសជាតិ។គួរបញ្ជាក់ សន្និសីទនេះរៀបចំឡើងក្នុងគោលបំណង៖ ១. លើកកម្ពស់ឧត្តមានុវត្តន៍ តាមរយៈការចែករំលែក និងពិភាក្សាអំពីឧត្តមានុវត្តន៍នៃយុទ្ធសាស្រ្ត និងវិធីសាស្រ្តបង្រៀន ដែលមានប្រសិទ្ធភាពក្នុងការលើកកម្ពស់ការសិក្សារបស់សិស្ស ២. ផ្សារភ្ជាប់ ការស្រាវជ្រាវទៅនឹងការអនុវត្ត ដោយមានការធ្វើបទបង្ហាញអំពីការសិក្សាថ្មីៗ និងផលជះ ជាក់ស្តែង ៣. ការអប់រំឌីជីថល រួមមានបង្ហាញការរួមបញ្ចូលឧបករណ៍ និងធនធានឌីជីថល ទៅក្នុងការបង្រៀននិងរៀន ដើម្បីបង្កើនការចូលរួម និងលើកកម្ពស់លទ្ធផលសិក្សាសិស្ស ៤. គំនិតផ្តួចផ្តើមសហការរួមគ្នា តាមរយៈការផ្តល់នូវវេទិកាសម្រាប់ការចែករំលែកលទ្ធផលស្រាវជ្រាវរួមគ្នា ដំណើរការរៀបចំគោលនយោបាយ ទស្សនៈវិស័យសាលារៀន និងការបង្រៀនក្នុងការកែទម្រង់សាលារៀន និង ៥. ស្ថានភាពនិងវិជ្ជាជីវៈគ្រូបង្រៀន តាមរយៈការ ស្វែងរកយុទ្ធសាស្ត្រកែលម្អ គុណវុឌ្ឍិគ្រូបង្រៀន ការគាំទ្រជាប្រព័ន្ធ ការពង្រាយគ្រូបង្រៀន និងលក្ខខណ្ឌការងាររបស់គ្រូបង្រៀន៕

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង

2025/11/17 03:48:03 pm        177
នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង។ ពិធីនេះប្រព្រឹត្តទៅនៅមជ្ឍមណ្ឌលស៊ូននឹង អគារC ជាន់ផ្ទាល់ដី ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយមានការចូលរួមពីសំណាក់ ប្រធាន ស.ស.យ.ក.ខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តកោះកុងសរុបប្រមាណជាង ៥១២រូប។ជាកិច្ចចាប់ផ្ដើម លោកជំទាវ មិថុនា ភូថង ប្រធាន ស.ស.យ.ក.ខេត្តកោះកុង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្ដៅផ្ដល់ជូនចំពោះវត្តមានរបស់បងប្រធានលើទឹកដីខេត្តកោះកុង សារជាថ្មី។ លោកជំទាវបានលើកឡើងថា ដោយសារមើលឃើញពីទឹកចិត្ត ឆន្ទៈមោះមុត និងការលះបង់របស់បងប្រធាន និងថ្នាក់ដឹកនាំ ស.ស.យ.ក. បានក្លាយជាគំរូ និងជាកត្តាជំរុញទឹកចិត្តឱ្យយុវជនឱ្យចូលរួមកាន់តែច្រើន ដែលក្នុងរយៈពេលជាង ១ទសវត្សរ៍នេះ ស.ស.យ.ក.ខេត្តកោះកុង បានកើនឡើងពីសមាជិក ៨៧នាក់ រហូតមានដល់ជាង ៣ពាន់នាក់ ដែលមានរចនាសម្ព័ន្ធគ្រប់ជាន់ថ្នាក់ផងដែរ។ ទន្ទឹមនឹងនេះ លោកជំទាវក៏បានរាយការណ៍អំពីវឌ្ឍនភាពការងារ សមាជិក សមាជិកា ស.ស.យ.ក. ដែលបានអនុវត្តកន្លងមកក្នុងខេត្តកោះកុង ដែលទទួលបានលទ្ធផលជាទីគាប់ចិត្ត។ នៅក្នុងនោះមានកិច្ចការសំខាន់គឺការជួយសម្របសម្រួលពលករដែលត្រឡប់មកពីប្រទេសថៃ៕

កម្ពុជា ត្រៀមប្ដឹងទៅ ៣ស្ថាប័ន ករណីកងកម្លាំងប្រដាប់អាវុធថៃ ៧នាក់ រំលោភបូក លើនារីពលករកម្ពុជា

2025/11/17 03:35:21 pm        1772
លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃកម្ពុជា នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បាន ចេញសារបញ្ជាក់ករណីក្រុមទាហានថៃ រំលោភយុវតីខ្មែរ និង​ចំណាត់​ការ​បន្ទាន់​របស់កម្ពុជា ដោយកម្ពុជា ត្រៀមប្ដឹងទៅ ៣ស្ថាប័នខាងថៃ និងអន្តរជាតិ ដើម្បីរកយុត្តិធម៌ ករណី​កង​កម្លាំងប្រដាប់អាវុធថៃ ៧នាក់ រំលោភបូក។លោកបណ្ឌិត ទូច សុឃៈ លើកឡើងបន្តថា ជានីតិវិធី ជាវិធានការរបស់កម្ពុជា ទី១ អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាលជាតិក្រសួងមហាផ្ទៃនឹងធ្វើបណ្ដឹង ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិថៃ ទី២ គឺ​ធ្វើ​បណ្ដឹងតវ៉ាតាមរយៈទូតរបស់ថៃ ទី៣ ធ្វើបណ្ដឹងតវ៉ាតាមរយៈអង្គការអន្តរជាតិ ដើម្បី​ឱ្យ​សមត្ថ​កិច្ច​ថៃ តាមចាប់ជនល្មើសយកមកអនុវត្តទោស ផ្តល់យុត្តិធម៌ដល់ នារីពលករខ្មែរ ដែលយើង​មិន​អាច​ទទួល​យកដាច់ខាតចំពោះអំពើអមនុស្សធម៌ បាត់បង់ភាពជាមនុស្ស អំពើស្មោគ​គ្រោក​នេះ​ជា​ដាច់​ខាត ដែលមិនមែនសម្រាប់តែប្រជាពលរដ្ឋខ្មែរទេ ទោះជាតិសាសន៍​ណា​ក៏​ដោយ​ក៏​មិន​អាច​ទទួល​យ​កបា​ននូវអំពើដ៏ថោកទាបនេះជាដាច់ខាត។ យើងទទូចឱ្យសមត្ថកិច្ចរបស់ថៃត្រូវតែស្វែងរកចាប់ខ្លួនជនទាំង ៧នាក់ និងអ្នកពាក់ព័ន្ធទាំងអស់នេះ យកមកផ្ដន្ទាទោសឱ្យបានជាដាច់ខាត ហើយប្រកាសជាសាធារណៈ ឱ្យប្រជាជនថៃ ប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទូទាំងពិភពលោកបានដឹងថា ខ្លួន (ថៃ) បានចាត់ការលើជនល្មើសដែលជាកងកម្លាំងសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន (ថៃ) ពិតមែន។លោកបណ្ឌិត ទូច សុឃៈ បញ្ជាក់ថា ករណីធ្វើបាបពលករខ្មែរ និងចាប់រំលោកនារីខ្មែរ ពិតជាកើតមានឡើងមែន នៅពេលពលករខ្មែរចាកចេញពីប្រទេសថៃចូលមកទឹកដីកម្ពុជា ប៉ុន្តែហេតុការណ៍កើតឡើងនៅពេលពលករខ្មែរស្ថិតនៅលើទឹកដីថៃនៅឡើយ។ ពលករខ្មែរជាង ១០នាក់ ដែលមានតែ នារីម្នាក់នោះទេ។ ខាងកម្លាំងប្រដាប់អាវុធថៃបានបំបែក ពលករជា ២ក្រុម ១ក្រុម គឺប្អូនស្រីតែម្នាក់ និង ១ក្រុមទៀតគឺបុរសសុទ្ធ។ ឱកាសនោះហើយ ដែលកម្លាំងប្រដាប់អាវុធថៃបានប្រព្រឹត្តបទល្មើសដ៏ស្មោកគ្រោក និងបាត់បង់ភាពជាមនុស្ស ដោយបានចាប់រំលោភបូកចំនួន ៧នាក់ទៅលើ ពលករនារីខ្មែរម្នាក់។លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា ពេលមកដល់កម្ពុជាវិញ ប្អូនស្រីក៏បានស្ទុះស្ទាមកកាន់ស្នងការដ្ឋានខេត្តបាត់ដំបង ដាក់ពាក្យប្ដីស្វែងរកយុត្តិធម៌។ ស្នងការដ្ឋានខេត្តបាត់ដំបង បានយកចិត្តទុកដាក់ជាទីបំផុតក្នុងការទទួលពាក្យប្ដឹង ព្រមទាំងគាំពារផ្នែកផ្លូវចិត្តផ្លូវកាយផ្សេងៗដល់ប្អូនស្រី។ អគ្គស្នងការដ្ឋាននគរបាលជាតិចំណុះក្រសួងមហាផ្ទៃ បានចាត់តាំងក្រុមការងារជំនាញដឹកនាំដោយ អគ្គស្នងការរងជំនាញទទួលផែនផ្សេងៗចុះមកសហការជាមួយ ស្នងការដ្ឋានខេត្តបាត់ដំបង ដើម្បីធ្វើការងារជំនាញ ការងារបច្ចេកទេស ការងារកសាងឯកសារ ឬប្រមូលភស្តុតាងឱ្យបានមូល ដែលឥឡូវក្រុមការងារមិនទាន់បញ្ចប់ការបំពេញការងារជំនាញ ទៅលើករណី រំលោភបូកពីកម្លាំងប្រដាប់អាវុធថៃ ដែលបាត់បង់ភាពជាមនុស្ស មកលើប្អូនស្រីដែលជាជនជាតិខ្មែរ។គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះដែរ ក្នុងដំណើរការងារទៅកាន់ខេត្តបន្ទាយមានជ័យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រួមជាមួយភរិយា បានឆ្លៀតចូលសួរសុខទុក្ខប្អូនស្រីពលករខ្មែរ ធ្វើការងារនៅប្រទេសថៃ ដែលត្រូវបានទាហានឈុតខ្មៅរបស់ថៃ រំលោភបំពានលើរាងកាយ ក្នុងពេលនាង និងពលករខ្មែរប្រុសស្រី ជាង ១០នាក់ ធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាវិញ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកទង្វើបំពាននេះ គឺជាទង្វើស្មោកគ្រោក ដែលអគ្គស្នងការនគរបាលជាតិកំពុងចាត់វិធានការណ៍។ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់ពលករខ្មែរដែលចង់ត្រឡប់មកប្រទេសកម្ពុជាវិញ សូមជូនដំណឹងដល់សាច់ញាតិ ឬទាក់ទងមកអាជ្ញាធរកម្ពុជា ដើម្បីរៀបចំពេលវេលា ជូនដំណឹងច្បាស់លាស់សម្រួលដល់ពួកគាត់ អាចត្រឡប់មកវិញដោយសុវត្ថិភាព និង ត្រូវប្រុងប្រយ័ត្នការធ្វើដំណើរតែម្នាក់ឯង សូមធ្វើដំណើរជាក្រុម ជៀសវាងក្រុមជ្រុលនិយមថៃធ្វើបាបក្រោមរូបភាពអមនុស្សធម៌ណាមួយ៕

អ្នកឧកញ៉ា លាង ម៉េង ចុះប្រមូលទិញស្រូវពីគ្រួសារកងទ័ពជួរមុខនៅខេត្តព្រះវិហារ និងបានប្រកាសបន្ដទិញជារៀងរាល់ឆ្នាំ​ ក្នុងបរិមាណ​៥ពាន់តោនពីកសិករ!

2025/11/17 03:26:16 pm        221
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក ជីបម៉ុង គ្រុប និងជាប្រធានក្រុមអគ្គនាយកនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានដឹកនាំក្រុមការងារ ចុះមកដល់ភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដេីម្បីផ្សព្វផ្សាយ និងប្រមូលទិញផលស្រូវពីបងប្អូនប្រជាកសិករ គ្រួសារវីរៈកងទ័ពជួរមុខ ដែលកំពុងតែប្រឈមនឹងបញ្ហាតម្លៃស្រូវធ្លាក់ចុះនៅក្នុងរដូវប្រមូលផលនេះ។ដោយបានមើលឃើញពីទុក្ខលំបាករបស់កសិករ ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស បានសម្រេចចិត្តចូលរួមចំណែកទិញស្រូវពីគ្រួសារកងទ័ពទាំងនោះ ក្នុងតម្លៃខ្ពស់ជាងទីផ្សារ ពោលគឺ ១,០០០ រៀល ក្នុងមួយគីឡូក្រាម សម្រាប់បរិមាណសរុប ៥,០០០ តោន ក្នុងមួយឆ្នាំ ជារៀងរាល់ឆ្នាំ។ ការទិញក្នុងតម្លៃនេះ គឺខ្ពស់ជាងតម្លៃទីផ្សារបច្ចុប្បន្នស្ទើរតែ ទ្វេដង ខណ:បច្ចុប្បន្ននេះ តម្លៃទីផ្សារស្រូវនៅក្នុងខេត្តព្រះវិហារ មានតម្លៃត្រឹមតែចន្លោះពី ៥៥០៛ ទៅ ៦០០៛ ក្នុងមួយគីឡូក្រាម ជាតម្លៃជាក់ស្ដែងដែលឈ្មួញទិញពីកសិករ។ថ្លែងក្នុងឱកាសនោះ អ្នកឧកញ៉ា លាង ម៉េង បានលើកឡើងថា ក្នុងនាមលោកជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ជីបម៉ុង ពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានចុះមកផ្ទាល់ ជួបជាមួយប្រជាកសិករ ជាពិសេសបងប្អូនដែលជាភរិយារបស់គ្រួសារវីរៈកងទ័ពនៅតំបន់នេះ។ លោកបានបន្ថែមថា ក្នុងនាមយើងជាខ្មែរដូចគ្នា ជាក់ស្ដែងដូចរូបលោកផ្ទាល់គឺជាចលករមួយ ដើម្បីចូលរួមផ្សព្វផ្សាយថា នៅពេលកសិករយើងជួបបញ្ហាអ្វីមួយ យើងអាចចេញមុខមកជួយដល់ពួកគាត់ឱ្យបានទាន់ពេលវេលា។ លោកបានបញ្ជាក់ទៀតថា ការសម្រេចចិត្តទិញស្រូវក្នុងតម្លៃនេះ ក៏ជាការលើកទឹកចិត្ត និងថ្លែងអំណរគុណ ដល់ការលះបង់របស់វីរៈកងទ័ព ដែលបានការពារបូរណភាពទឹកដី និងថែរក្សាសុខសន្តិភាពផងដែរ។គួរបញ្ជាក់ផងដែរថា ការប្រកាសទិញស្រូវក្នុងតម្លៃខ្ពស់នេះ មិនត្រឹមតែជួយសម្រួលដល់ជីវភាពគ្រួសារកងទ័ពជួរមុខដែលកំពុងជួបការលំបាកប៉ុណ្ណោះទេ តែវាក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស តាមរយៈលោកអ្នកឧកញ៉ា លាង ម៉េង ផងដែរ។ សកម្មភាពមនុស្សធម៌នេះ គឺជាគំរូដ៏ល្អមួយក្នុងការចូលរួមដោះស្រាយបញ្ហាសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាកសិករនៅតាមតំបន់ដាច់ស្រយាល ដោយធានាបាននូវប្រាក់ចំណេញសមរម្យសម្រាប់ពួកគាត់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកសិក្ខាសាលា​ចែករំលែក​បទ​ពិសោធ​នៃ​ការ​គ្រប់​គ្រង និងការ​ផ្តល់​សេវា​សាធារណៈ​របស់​ជ័យលាភី​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ​ក្នុង​វិស័យ​សុខាភិបាល ឆ្នាំ២០២៤ សម្រាប់កម្រិតមន្ទីរពេទ្យបង្អែក CPA1 & CPA2

2025/11/17 03:25:14 pm        176
ខេត្តកោះកុង៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាស្តីពី ការចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ សម្រាប់កម្រិតមន្ទីរពេទ្យបង្អែកផ្តល់សំណុំសកម្មភាពបង្គ្រប់កម្រិត១ (CPA1) និងកម្រិត២ (CPA2) ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តកោះកុង។នាព្រឹកនេះ លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍ស្វាគមន៍សិក្ខាសាលា និងរៀបរាប់អំពីស្ថានភាពភូមិសាស្ត្រ លក្ខណៈទូទៅរបស់ខេត្តកោះកុង ព្រមទាំងសមិទ្ធផលនានា ជាពិសេសភាពជោគជ័យសម្រេចបានលើវិស័យសុខាភិបាលនៅខេត្តកោះកុង ដោយទទួលបានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការចូលរួមលើកកម្ពស់ ប្រសិទ្ធភាព និងអភិវឌ្ឍសមត្ថភាព ផ្តល់សេវាថែទាំសុខភាព ជូនប្រជាជនកាន់តែប្រសើរឡើង។ ក្នុងពិធីបើកសិក្ខាសាលានាពេលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា នៅក្នុងក្របខណ្ឌ នៃការលើកកម្ពស់គុណភាពសេវាសុខាភិបាល នៅមូលដ្ឋាន រាជរដ្ឋាភិបាលបានផ្តោតចម្បងលើ ការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន តាមរយៈការដាក់ចេញឱ្យអនុវត្តវិធានការគន្លឹះជាក់ស្តែង រួមមាន៖ (១)ការពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក (២)ការអភិវឌ្ឍ សមត្ថភាពស្ថាប័នសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និង (៣)ការកសាងភាព ជាដៃគូរឹងមាំ រវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន។ "ក្នុងស្មារតីនេះ ក្រសួងមុខងារសាធារណៈ បានសហការជាមួយក្រសួងសុខាភិបាល ដើម្បីរៀបចំការប្រឡងជ្រើសរើសមន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល ផ្អែកលើកិច្ចព្រមព្រៀងការងារ ចំនួន ៦៩៩នាក់ ដើម្បីបំពេញចំនួនមន្ត្រីសុខាភិបាលឱ្យបានយ៉ាងតិច ៧រូប នៅតាមមណ្ឌលសុខភាពនៅទូទាំងប្រទេស និងឈានទៅការបំពេញឱ្យបានគ្រប់ យ៉ាងតិច ៨រូប នាពេលខាងមុខ។" ឯកឧត្តមបានបន្ថែម។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា "ការពង្រឹងអភិបាលកិច្ច និងការកែលម្អគុណភាពសេវាសុខាភិបាលមូលដ្ឋាន គឺជាការរួមចំណែកដ៏មានតម្លៃ ក្នុងការចូលរួមអនុវត្តគោលនយោបាយ និងវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងការលើកកម្ពស់គុណភាព, ពង្រីកវិសាលភាព គ្របដណ្តប់ និងបង្កើនប្រសិទ្ធភាពនៃសេវាសុខាភិបាលនៅកម្ពុជា។"សូមជម្រាបថា បន្ទាប់ពីពិធីប្រកាសបើកអង្គសិក្ខាសាលារួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចុះទស្សនកិច្ច តាមស្តង់ពិព័រណ៍នានារបស់អង្គភាពជ័យលាភីផ្តល់សេវា សាធារណៈគំរូចំណាត់ថ្នាក់លេខ១ ដល់លេខ ៥ ក្នុងវិស័យសុខាភិបាល (CPA1+CPA2) ឆ្នាំ២០២៤ បានដាក់តាំងបង្ហាញពីសមិទ្ធផលសំខាន់ៗរបស់ខ្លួន នៅក្នុងបរិវេណសាលមហោស្រពខេត្តកោះកុង ផងដែរ។ លើសពីនេះនាព្រឹកដដែល ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញទស្សនកិច្ចមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលទទួលបានជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ១ សម្រាប់មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត២ (CPA2) និងជួបផ្ទាល់ជាមួយ បុគ្គលិក លោកគ្រូអ្នកគ្រូពេទ្យ ព្រមទាំងប្រជាពលរដ្ឋក្នុងសហគមន៍ដែលគាំទ្រមន្ទីរពេទ្យបង្អែកខេត្តកោះកុង ផងដែរ។សិក្ខាសាលារយៈពេល ២ថ្ងៃនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងមុខងារសាធារណៈ អភិបាលនៃគណៈអភិបាលខេត្តកោះកុង អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ចំណុះរដ្ឋបាលខេត្ត ប្រធានមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិរាជធានី-ខេត្ត ប្រធានមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត១ និងកម្រិត២ ទូទាំងប្រទេស សរុបប្រមាណ ៤៥០នាក់៕

រយៈពេល១០ខែ ឆ្នាំនេះ ខេត្តតាកែវទទួលបានគម្រោងវិនិយោគថ្មីសរុប ១៥៣ គម្រោង

2025/11/17 03:12:23 pm        200
រយៈពេល១០ ខែ ឆ្នាំ២០២៥នេះ, ខេត្តតាកែវទទួលបានគម្រោងវិនិយោគថ្មីសរុប ១៥៣ គម្រោង ក្នុងនោះចំនួន ១៤៩ គម្រោង បានសាងសង់រួចរាល់ ដោយរោងចក្រទាំងនោះវិនិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ លើកឡើងក្នុងយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថល អ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ នៅខេត្តតាកែវ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ខេត្តតាកែវគឺជាខេត្តដែលមានសក្តានុពល និងមានភាពអំណោយ ផលដល់បរិយាកាសវិនិយោគ ជាក់ស្តែងគិតមកដល់ពេលនេះ ខេត្តតាកែវមានរោងចក្រ សហគ្រាស កំពុងដំណើរការសរុបចំនួន ៨១៩ និងមានកម្មករនិយោជិតសរុបចំនួនជាង ១២ នាក់ (ស្រីជាង៨ម៉ឺននាក់) រួមមានវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង មានចំនួន ១៣៥ សហគ្រាស មានកម្មករនិយោជិតជាង ១០ម៉ឺននាក់ និងក្រៅពីកាត់ដេរមានចំនួន ៦៨៤ សហគ្រាស មានកម្មករ និយោជិតសរុបជាង ២ម៉ឺននាក់។ឯកឧត្តម បន្តឱ្យដឹងទៀតថា ចំណែករោងចក្រធុនធំវិញ ដែលកំពុងសាងសង់ និងដំណើរ មានចំនួន ១៩៧ រោងចក្រ មាន កំលាំងពលកម្មសរុបជិត ៩ម៉ឺននាក់ (ស្រីជាង៦ម៉ឺននាក់) និងសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម កំពុងដំណើរការមានចំនួន ៧៦៨មូលដ្ឋាន មានកំលាំងពលកម្មសុរបជាង ១ម៉ឺននាក់។ ជុំវិញគម្រោងវិនិយោគនេះ តាមរយៈអនុគណកម្មាធិការខេត្ត នៅក្នុងរយៈ ពេល ១០ខែ ឆ្នាំ២០២៥ បានសម្រេចចុះបញ្ជីវិនិយោគចំនួន ៤៥ ក្រុមហ៊ុន ប្រើប្រាស់ទុនវិនិយោគ ជាង ១៤៨ លានដុល្លារអាម៉េរិក គម្រោងវិនិយោគទាំងនោះមាន៖ គម្រោងផលិតគ្រឿងសង្ហារឹម, សម្ភារៈផ្ទះបាយ, សម្ភារៈវេចខ្ចប់, សម្លៀកបំពាក់, ឧបករណ៍ហាត់ ប្រាណ, ប្លាស្ទិក, ខ្សែប្រាំងនិងហ្គ័រ សម្រាបរថយន្ត ម៉ូតូ និងកង់ជាដើម។ សរុបជារួម ក្នុងរយៈពេល១០ខែនេះដែរ តាមរយៈការផ្តល់ចុះ បញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអនុគណកម្មាធិការខេត្ត ធ្វើឱ្យខេត្តតាកែវទទួលបានរោងចក្រថ្មី មានចំនួនប្រមាណ ១៥៣ គម្រោង ក្នុងនោះចំនួន ១៤៩ គម្រោងបានសាងសង់រួចរាល់។សូមបញ្ជាក់ថា នៅក្នុងរយៈពេល១០ ខែ ឆ្នាំ២០២៥នេះ, គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេច ចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន៥៧៥គម្រោង ក្នុងទំហំទុនវិនិយោគទឹកប្រាក់ប្រមាណ ៩,២ ប៊ីលានដុល្លារអាម៉េរិក ដោយបានកើនឡើងចំនួន ២២៩ គម្រោង ស្មើនឹងប្រមាណ ៦៦% ខណៈទុនវិនិយោគមានការកើនឡើង ជិត ៣,៧ ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានគម្រោង វិនិយោគត្រឹមតែ ៣៤៦ គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៥ប៊ី លានដុល្លារអាម៉េរិកប៉ុណ្ណោះ៕ អត្ថបទ៖ សុន រ៉ាឌី,

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សរាប់រយនាក់រត់គេចខ្លួន ខណៈហ្វូងមនុស្សប្រឆាំងនឹងជនអន្តោប្រវេសន៍អាហ្វ្រិកខាងត្បូង ដើរពីផ្ទះមួយទៅផ្ទះមួយ
06/03/2026 05:06 PM
ជប៉ុនមាន​ក្ដី​បារម្ភយ៉ាងខ្លាំង ចំពោះប្រតិបត្តិការថ្មើរជើង​​របស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់
06/03/2026 05:06 PM
នាយករដ្ឋមន្ត្រី៖ ហុងគ្រីត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាអ៊ុយក្រែន
06/03/2026 05:06 PM
ប្រទេសឈូងសមុទ្រថ្កោលទោសការវាយប្រហារជាថ្មីរបស់អ៊ីរ៉ង់ដែលកំណត់គោលដៅលើប្រទេសកូវ៉ែត និងបារ៉ែន
06/03/2026 05:06 PM
​មនុស្ស​ត្រូវបាន​ចាប់​ជាចំណាប់​ខ្មាំង​ ខណៈការគំរាមកំហែងដោយ​គ្រាប់បែកបង្ក​​ឲ្យ​មាន​ការជម្លៀស នៅរដ្ឋ California
06/03/2026 05:06 PM
ចិនជំរុញឲ្យ​សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ «គោរព» បទឈប់បាញ់ អំឡុប​ពេលមាន «សង្គ្រាមថ្មី​»
06/03/2026 05:06 PM
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
06/03/2026 05:06 PM
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
06/03/2026 04:06 PM
អាមេរិកច្រានចោលរបាយការណ៍អំពីការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើទីស្នាក់ការកណ្តាលកងនាវាទី៥ របស់ខ្លួន
06/03/2026 04:06 PM
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា
06/03/2026 04:06 PM