មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-អាម៉េរិក ពិភាក្សាអំពីការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា

ព័ត៌មានជាតិ

រយៈពេល១០ខែ ឆ្នាំនេះ ខេត្តតាកែវទទួលបានគម្រោងវិនិយោគថ្មីសរុប ១៥៣ គម្រោង

2025/11/17 03:12:23 pm        200
រយៈពេល១០ ខែ ឆ្នាំ២០២៥នេះ, ខេត្តតាកែវទទួលបានគម្រោងវិនិយោគថ្មីសរុប ១៥៣ គម្រោង ក្នុងនោះចំនួន ១៤៩ គម្រោង បានសាងសង់រួចរាល់ ដោយរោងចក្រទាំងនោះវិនិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ លើកឡើងក្នុងយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថល អ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ នៅខេត្តតាកែវ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ខេត្តតាកែវគឺជាខេត្តដែលមានសក្តានុពល និងមានភាពអំណោយ ផលដល់បរិយាកាសវិនិយោគ ជាក់ស្តែងគិតមកដល់ពេលនេះ ខេត្តតាកែវមានរោងចក្រ សហគ្រាស កំពុងដំណើរការសរុបចំនួន ៨១៩ និងមានកម្មករនិយោជិតសរុបចំនួនជាង ១២ នាក់ (ស្រីជាង៨ម៉ឺននាក់) រួមមានវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង មានចំនួន ១៣៥ សហគ្រាស មានកម្មករនិយោជិតជាង ១០ម៉ឺននាក់ និងក្រៅពីកាត់ដេរមានចំនួន ៦៨៤ សហគ្រាស មានកម្មករ និយោជិតសរុបជាង ២ម៉ឺននាក់។ឯកឧត្តម បន្តឱ្យដឹងទៀតថា ចំណែករោងចក្រធុនធំវិញ ដែលកំពុងសាងសង់ និងដំណើរ មានចំនួន ១៩៧ រោងចក្រ មាន កំលាំងពលកម្មសរុបជិត ៩ម៉ឺននាក់ (ស្រីជាង៦ម៉ឺននាក់) និងសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម កំពុងដំណើរការមានចំនួន ៧៦៨មូលដ្ឋាន មានកំលាំងពលកម្មសុរបជាង ១ម៉ឺននាក់។ ជុំវិញគម្រោងវិនិយោគនេះ តាមរយៈអនុគណកម្មាធិការខេត្ត នៅក្នុងរយៈ ពេល ១០ខែ ឆ្នាំ២០២៥ បានសម្រេចចុះបញ្ជីវិនិយោគចំនួន ៤៥ ក្រុមហ៊ុន ប្រើប្រាស់ទុនវិនិយោគ ជាង ១៤៨ លានដុល្លារអាម៉េរិក គម្រោងវិនិយោគទាំងនោះមាន៖ គម្រោងផលិតគ្រឿងសង្ហារឹម, សម្ភារៈផ្ទះបាយ, សម្ភារៈវេចខ្ចប់, សម្លៀកបំពាក់, ឧបករណ៍ហាត់ ប្រាណ, ប្លាស្ទិក, ខ្សែប្រាំងនិងហ្គ័រ សម្រាបរថយន្ត ម៉ូតូ និងកង់ជាដើម។ សរុបជារួម ក្នុងរយៈពេល១០ខែនេះដែរ តាមរយៈការផ្តល់ចុះ បញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអនុគណកម្មាធិការខេត្ត ធ្វើឱ្យខេត្តតាកែវទទួលបានរោងចក្រថ្មី មានចំនួនប្រមាណ ១៥៣ គម្រោង ក្នុងនោះចំនួន ១៤៩ គម្រោងបានសាងសង់រួចរាល់។សូមបញ្ជាក់ថា នៅក្នុងរយៈពេល១០ ខែ ឆ្នាំ២០២៥នេះ, គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេច ចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន៥៧៥គម្រោង ក្នុងទំហំទុនវិនិយោគទឹកប្រាក់ប្រមាណ ៩,២ ប៊ីលានដុល្លារអាម៉េរិក ដោយបានកើនឡើងចំនួន ២២៩ គម្រោង ស្មើនឹងប្រមាណ ៦៦% ខណៈទុនវិនិយោគមានការកើនឡើង ជិត ៣,៧ ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានគម្រោង វិនិយោគត្រឹមតែ ៣៤៦ គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៥ប៊ី លានដុល្លារអាម៉េរិកប៉ុណ្ណោះ៕ អត្ថបទ៖ សុន រ៉ាឌី,

ផ្លូវជនបទប្រវែងជិត ១៧០គីឡូម៉ែត្រ បានរក្សាគុណភាពល្អ បម្រើគ្រប់អន្តរវិស័យនៅខេត្តត្បូងឃ្មុំ

2025/11/17 03:10:28 pm        195
ផ្លូវជនបទក្រាលកៅស៊ូចំនួន ១១ខ្សែ ប្រវែងជិត ១៧០ គីឡូម៉ែត្រ នៅក្នុងខេត្តត្បូងឃ្មុំ ដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ ជនបទ ត្រូវបានថែទាំរក្សាប្រកបដោយគុណភាពល្អប្រសើរ បម្រើនូវគ្រប់អន្តរវិស័យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។   លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុង ការចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី២ លើការងារថែទាំប្រចាំក្រាលកៅស៊ូ DBST ចំនួន១១ខ្សែ ប្រវែងសរុបជិត ១៧០ គីឡូម៉ែត្រ ស្ថិតក្នុងស្រុកចំនួន៥ និងក្រុងចំនួនពីរ ក្នុងខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកជំទាវបានលើកឡើងពីគុណបំណាច់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា, សម្តេចបានជំរុញអភិវឌ្ឍប្រទេសសម្រេចបាននូវសមិទ្ធផលជាច្រើនគួជាទីមោទនៈ។ ភាពជោគជ័យដ៏ត្រចះ ត្រចង់នេះ បានកើតចេញពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានដ៏សំខាន់ សម្រាប់រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។លោកជំទាវ បន្តថា ទាក់ទងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទវិញ ឃើញថា ក្រសួងអភិវឌ្ឍន៍ជនបទដែលសេនាធិការរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជំរុញបង្កើតហេដ្ឋា រចនាសម្ព័ន្ធផ្លូវជនបទ ឱ្យឆ្លើយតបទៅនិងការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ និងបានកំពុងជំរុញអភិវឌ្ឍជាបន្តបន្ទាប់ បង្កើត ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឱ្យប្រទាក់ក្រឡា និងរឹងមាំ ជាក់ស្តែងផ្លូវជនបទក្រាលកៅស៊ូចំនួន ១១ខ្សែ ប្រវែងជិត ១៧០ គីឡូម៉ែត្រ នេះជា ដើម ដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានថែទាំរក្សាប្រកបដោយគុណ បម្រើដល់គ្រប់អន្តរវិស័យ ដើម្បីចូលរួម ចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។លោកជំទាវក៏បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់នាយកដ្ឋានផ្លូវលំជនបទ លើការងារថែទាំ ប្រចាំផ្លូវក្រាលកៅស៊ូ DBST រហូតដល់បញ្ចប់សុពលភាព ព្រោះផ្លូវជនបទមានសារៈសំខាន់ណាស់ មិនថាផ្លូវនៅទីប្រជុំ ឬនៅតាមជនបទ នោះឡើយ កាលណាយើងមានផ្លូវគ្រប់បណ្តប់ទូទាំងប្រទេស វានឹងចូលរួមចំណែកជំរុញដល់ដំណើរការអន្តរកម្មសេដ្ឋកិច្ច តាមរយៈការ ដឹកជញ្ជូនកសិផលពីជនបទចូលទីផ្សារ រោងចក្រ និងសហគ្រាសនានា និងសម្រួលដល់ការធ្វើកសិកម្មរបស់កសិករនៅមូលដ្ឋាន តាមរយៈ ការដឹកជញ្ជូនសម្ភារៈកសិកម្ម និងផលិតកម្មបម្រើដល់វិស័យកសិកម្មជាដើម នេះក៏ជាការលើកកម្ពស់ផលិតភាពដល់កសិករ ជំរុញដល់ការ ធ្វើកសិកម្មឱ្យកាន់តែប្រសើរ សំដៅដល់ការចូលរួមជាមួយរាជរដ្ឋាភិបាល ពង្រឹងដល់ការផ្គត់ផ្គង់សន្តិសុខស្បៀង និងជំរុញដល់ទីផ្សារនាំ ចេញរបស់កម្ពុជាផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្រ្ដីកសិកម្ម៖កម្មវិធី CAFE25 ជាការរកដំណោះស្រាយបញ្ហាពាក់ព័ន្ធឱ្យផលិតផលកសិកម្មផ្សារភ្ជាប់ទីផ្សារ

2025/11/17 03:00:39 pm        223
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ព្រឹត្តការណ៍វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) គឺជាការគិតគូររកដំណោះស្រាយបញ្ហាពាក់ព័ន្ធឱ្យផលិតផលកសិកម្ម ផ្សារភ្ជាប់ទីផ្សារ និងតម្រូវការជាក់ស្តែងទាំងបរិមាណ គុណភាព និងតម្លៃ ជាពិសេសការចូលរួមគ្រប់តួអង្គពាក់ព័ន្ធទាំងវិស័យធនាគារ បច្ចេកទេសកសិកម្ម កសាងទំនុកចិត្តរួមគ្នា និងផ្តល់ផលចំណេញទាំងអស់គ្នា។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបិទ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកាកន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានគូសបញ្ជាក់ថា កម្មវិធី CAFE25 នេះដែរ ក៏ការផ្សារភ្ជាប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម រួមមាន៖ កសិករ អ្នកកែច្នៃ ពាណិជ្ជករ វិនិយោគិន និងដៃគូអភិវឌ្ឍន៍នានា ចាប់យកឱកាសថ្មីៗសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យ-កសិស្បៀងអាហារនៅកម្ពុជាផងដែរ។ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ដៃគូអភិវឌ្ឍន៍នានា ជាពិសេសអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) ដែលជាដៃគូជិតស្និត អង្គការ វិស័យឯកជន និងនិស្សិតស័្មគ្រចិត្តទាំងអស់ ដែលបានខិតខំលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តដើម្បីដំណើរការកម្មវិធី CAFE25 បានបញ្ចប់ដោយជោគជ័យ និងមានការគាំទ្រពេញទំហឹងពីសំណាក់បងប្អូនទាំងអស់ សំដៅលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញវិនិយោគិនក្នុងស្រុកនិងក្រៅប្រទេស និងជំរុញការកែច្នៃក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ប្រជាជនងាយរងគ្រោះបំផុត ១.០១៥ គ្រួសារនៅខេត្តស្ទឹងត្រែង ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

2025/11/17 02:02:45 pm        163
កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្ដុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាជនងាយរងគ្រោះបំផុត និងប្រជាជនរងគ្រោះដោយគ្រោះមហន្តរាយ ឬវិបត្តិភ័យផ្សេងៗ ដោយគ្មានការរើសអើងអ្វីឡើយ តាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។ជាក់ស្តែង, ឆ្លើយតបតម្រូវការបន្ទាន់របស់ប្រជាជនងាយរងគ្រោះបំផុត និងតាមការស្នើសុំរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងឯកឧត្តម សរ សុពុត្រា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង និងមានការអញ្ជើញចូលរួមពីឯកឧត្តម ផៃ ប៊ុនឈឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ១.០១៥គ្រួសារ រស់នៅស្រុកបុរីអូរស្វាយសែនជ័យ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។- ពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយខាងលើនេះ ប្រព្រឹត្តទៅនៅទីតាំងចំនួន២គឺ៖- ពេលព្រឹក ទីតាំងទី១ នៅភូមិអូរស្វាយ ឃុំអូរស្វាយ សម្រាប់ប្រជាជនងាយរងគ្រោះបំផុត ៥០៣គ្រួសារ មកពីភូមិចំនួន២២ ឃុំចំនួន៣ នៃស្រុកបុរីអូរស្វាយសែនជ័យ។ ពេលរសៀល ទីតាំងទី២ នៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង សម្រាប់ប្រជាជនងាយរងគ្រោះបំផុត ៥១២គ្រួសារ មកពីភូមិចំនួន១៧ ឃុំចំនួន៧ នៃស្រុកសៀមបូក។ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការរងទី២ បានពាំនាំនូវព្រះរាជសវនីយ៍របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះធានកិត្តិយស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ដ៏ជ្រាលជ្រៅជាមួយលោកយាយលោកតា បងប្អូនប្រជាជនងាយរងគ្រោះទាំងអស់ រួមជាមួយការគិតគូរអំពីសុខទុក្ខនិងជីវភាពរស់នៅប្រចាំថ្ងៃ គ្រប់ពេលវេលាគ្រប់ទីកន្លែង។ ទន្ទឹមនឹងការគិតគូរពីជីវភាព តាមរយៈឯកឧត្តម យូ ឡាណា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាជនទាំងអស់សូមយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដោយត្រូវផ្លាស់ប្តូរឥរិយាបថក្នុងការស់នៅ និងការហូបចុក ដោយត្រូវមានអានាម័យជាប់ជានិច្ច ពិសាទឹកដាំពុះ និងត្រូវស្រលាញ់ខ្លួនឱ្យស្ងួនចំណី ដើម្បីជៀសផុតពីជំងឺមិនឆ្លងសំខាន់ចំនួន៤ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃ ដែលបាននិងកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្នតាមរយៈការបរិភោគមិនបានត្រឹមត្រូវដូចជាផ្អែកពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹង និងការជក់បារីជាដើម។ជាមួយគ្នានេះដែរ សូមប្រជាជនទាំងអស់ត្រូវគេងក្នុងមុងជាប់ជានិច្ចដើម្បីការពារពីជំងឺគ្រុនឈាម ព្រោះនៅក្នុងកញ្ចប់ឃីតដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា មានមុងស្រាប់ដែលបានចែកជូននាពេលនេះ ជាមួយគ្នានេះសូមសម្អាតអនាម័យបរិស្ថានឱ្យបានស្អាត ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ លុបបំផុតជម្រកមូសខ្លាដែលជាប្រភពចម្លងជំងឺគ្រុនឈាម។ ដោយឡែក ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលជាគោរមងារទាំង២ ទទួលបានពីអង្គការសហប្រជាជាតិ, បានអំពាវនាវសូមបងប្អូនជាស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូន និងស្ត្រីមានកូនតូច បង្កើនការយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ទាំងសុខភាពផ្លូវចិត្ត និងផ្លូវកាយ ចំពោះស្ត្រីមានផ្ទៃពោះសូមទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់យ៉ាងតិចណាស់ឱ្យបាន៤ដងមុនពេលសម្រាល ហើយត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីសុវត្ថិភាពទាំងម្តាយនិងកូនជៀសផុតពីគ្រោះថ្នាក់ផ្សេងៗ និងការចម្លងជំងឺពីម្តាយទៅកូនពិសេសជំងឺអេដស៍។ ចំពោះស្ត្រីដែលទើបសម្រាលកូនរួចសូមទៅពិនិត្យសុខភាព ពិសេសនាំកូនទៅទទួលថ្នាំបង្កាឱ្យបានគ្រប់ចំនួនដើម្បីឱ្យកូនមានសុខភាពល្អជៀសផុតពីជំងឺផ្សេងៗ។ មួយវិញទៀតសូមអាណាព្យាបាលគ្រប់រូបដែលមានកូនតូចត្រូវប្រុងប្រយ័ត្នកុំឱ្យកូនផឹកគ្រឿងកំប៉ុងដែលមានជាតិផ្អែមច្រើន ពីព្រោះថាភេសជ្ជៈទាំងនេះមិនល្អសម្រាប់សុខភាពកុមារនោះទេ។ឯកឧត្តម សរ សុពុត្រា ក្នុងនាមប្រជាជនទទួលផលទាំងអស់ បានថ្លែងពីការយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនទុកនរណាម្នាក់ចោលឡើយ បើទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់៕

អន្តរគណៈកម្មការ នៃរដ្ឋសភា ប្រជុំពិភាក្សាលើសេចក្ដីព្រាងច្បាប់ចំនួន២ ពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ ជាមួយតំណាងរដ្ឋាភិបាល

2025/11/17 01:54:57 pm        141
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញប្រជុំ និងពិភាក្សា លើសេចក្ដីព្រាងច្បាប់ចំនួន២ជាមួយតំណាងរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី នៅវិមានរដ្ឋសភា។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន លោកជំទាវលេខាធិការ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការជំនាញនានារបស់រដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា អាជ្ញាធរសវនកម្មជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ក្រុមប្រឹក្សាអ្នកច្បាប់របស់រដ្ឋសភា និងមន្រ្តីជំនួយការគណៈកម្មការមួយចំនួនទៀត។ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះគឺដើម្បីពិនិត្យលើរបៀបវារៈចំនួន២ រួមមាន៖១-ពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ និង២-ពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដែលគណៈកម្មការទី២ នៃរដ្ឋសភា បានប្រជុំរួចរាល់ហើយ និងថ្មីៗនេះ រដ្ឋសភា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានធ្វើសិក្ខាសាលាផ្សព្វផ្សាយរួចរាល់ហើយដែរ ដែលនៅថ្ងៃនេះគណៈកម្មការជំនាញនានារបស់រដ្ឋសភាចង់បានការបំភ្លីបន្ថែមទៀតនូវចម្ងល់មួយចំនួនដើម្បីឱ្យកាន់តែយល់ច្បាស់លើសេចក្តីព្រាងច្បាប់ទាំងពីរខាងលើ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយគោរពទាំងស្រុងទាំងកាលវសាន ទាំងខ្លឹមសារតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/០២២៣/០០១ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដោយផ្អែកលើការបូកសរុបទិន្នន័យចំណូល និងចំណាយថវិកាដែលត្រូវបានកត់ត្រាទុកដោយគណនេយ្យករសាធារណៈ និងការផ្ទៀងផ្ទាត់ត្រឹមត្រូវ នៃទិន្នន័យទាំងនេះជាមួយអាណាប័កពាក់ព័ន្ធទាំងថវិកាជាតិ និងថវិការថ្នាក់ក្រោមជាតិ។ឯកឧត្តម បានបន្តថា ចំណែកសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសាធារណៈសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងក្នុងបរិការណ៍ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាកំពុងបន្តជំរុញអនុវត្តយ៉ាងសស្រាក់សស្រាំនូវបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តរបស់ខ្លួនជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងឥតរាថយក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី និងថែរក្សាសុខសន្តិភាព និងប្រជាជនក៏ដូចជាក្នុងការពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកិច្ចការកែទម្រង់កាន់តែស៊ីជម្រៅលើគ្រប់វិស័យលើមាគ៌ាបន្តឈានទៅសម្រេចថាន:ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាពេលខាងមុខ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ថវិកាឆ្នាំ ២០២៦ ត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ ស្របតាមក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨ និងឈរលើការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើទិដ្ឋភាពធំៗចំនួន ៣ រួមមាន៖ ១)- និន្នាការថមថយនៃចំណូល ២)-សម្ពាធនៃតម្រូវការចំណាយដែលមានការកើនឡើង ហើយដែលមុខសញ្ញាខ្លះត្រូវមានកំណើនជាចាំបាច់ ពិសេស កិច្ចការការពារអធិបតេយ្យ និងបូរណភាពទឹកដី ប្រាក់សោធន កម្មវិធីគាំពារសង្គម បដិភាគនៃការវិនិយោគ សេវាបំណុលជាដើម និង ៣)-ការស្រកស្រុតនៃប្រាក់សន្សំរបស់រាជរដ្ឋាភិបាលដោយសារផលវិបាកនៃវិបត្តិជំងឺកូវីដ-១៩ និង វិបត្តិផ្សេងទៀត ជាបន្តបន្ទាប់ ហើយដែលមិនទាន់ អាចស្តារឡើងវិញបាននៅឡើយ»។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ទោះបីជាជួបប្រទះនឹងបញ្ហាប្រឈមយ៉ាងណាក៏ដោយ គម្រោងថវិកាឆ្នាំ ២០២៦ ត្រូវបានរៀបចំ ដោយមានតុល្យភាព ដោយមិនប្រើប្រាស់ប្រាក់សន្សំរបស់រាជរដ្ឋាភិបាល ព្រមទាំង ធានាបាននូវចីរភាព ស្របតាម «ជំហរគោលនយោបាយពង្រឹងស័ក្តិសិទ្ធិភាពថវិកា ដើម្បីទ្រទ្រង់ស្ថិរភាព និងកំណើន ផ្តោតការយកចិត្តទុកដាក់ជាពិសេស លើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ការអភិវឌ្ឍមូលធនមនុស្ស ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល។ឯកឧត្តម ឈាង វុន ប្រធានគណ:កម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានថ្លែងអំណរគុណជូនតំណាងរដ្ឋាភិបាល ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការតាក់តែងនូវសេចក្តីព្រាងច្បាប់ទាំងពីរខាងលើ និងបានអញ្ជើញមកពន្យល់បកស្រាយយ៉ាងក្បោះក្បាយនូវខ្លឹមសារសំខាន់ៗនៃសេចក្ដីព្រាងច្បាប់ ក៏ដូចជាបកស្រាយរាល់ចម្ងល់របស់គណកម្មការ រហូតទទួលបានការឯកភាពយល់ព្រមទាំងស្រុង ពីអន្តរគណ:កម្មការ នៃរដ្ឋសភា។ ឯកឧត្តម ឈាង វុន បញ្ជាក់ថា ឯកឧត្តម នឹងធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាដើម្បីសម្រេចដាក់បញ្ចូលសេចក្ដីព្រាងច្បាប់ទាំងពីរនៅក្នុងរបៀបវារ:នៃសម័យប្រជុំរដ្ឋសភានាពេលខាងមុខ៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា នៃទិវាចម្រើនជន្មាយុ

2025/11/17 01:49:07 pm        138
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃចន្ទទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតជូនពរ គោរពជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា នៃទិវាចម្រើនជន្មាយុ ដែលសារលិខិតមានខ្លឹមសារថា៖ ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា នៃទិវាចម្រើនជន្មាយុ សម្តេចមហារដ្ឋសភាធិការធិបតី នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្នុងនាមខ្ញុំផ្ទាល់ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមប្រកបដោយ សេចក្តីសោមនស្សរីករាយ និងសូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ជូន សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាភ្លឺថ្លាវាងវៃ មានជន្មាយុយឺនយូរ និងសូមបានទទួល ជោគជ័យក្នុងភារកិច្ច ជូនជាតិ មាតុភូមិកម្ពុជា ជារៀងដរាបតទៅ។ជាមួយគ្នានេះ ខ្ញុំ និងសហការីទាំងអស់ សូមយកឱកាសដ៏វិសេសវិសាលនេះសម្តែងនូវការកោត សរសើរដោយស្មោះ ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ដែលជាស្ត្រីថ្នាក់ដឹកនាំដ៏ឧត្តុង្គឧត្តមមួយរូប ពោរពេញទៅដោយគុណធម៌ គតិបណ្ឌិត ជ្រៅជ្រះ មានការទទួលខុសត្រូវខ្ពស់ និងបានលះបង់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ជម្នះគ្រប់ឧបសគ្គ ដើម្បីបម្រើផលប្រយោជន៍ជាតិ ប្រកបដោយសមត្ថភាព និងមានគុណតម្លៃខ្ពស់ ក្នុងស្ថាប័ននីតិប្បញ្ញត្តិ លើដំណើរការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ជាពិសេសបានចូលរួមចំណែកបំពេញភារកិច្ចដ៏ធំធេង ក្នុងស្ថាប័នមនុស្សធម៌ ជួយជ្រោមជ្រែងពង្រឹងនិរន្តរភាពសមាគមជាតិកាកបាទក្រហមកម្ពុជា ផ្តល់នូវ អនុសាសន៍ប្រកបដោយគតិបណ្ឌិតជំរុញដល់ការអភិវឌ្ឍទាំងនៅថ្នាក់កណ្តាល និងសាខា ទទួលបានជោគជ័យ ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។ស្ថិតក្នុងថ្ងៃចម្រើនជន្មាយុដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមបួងសួង ដល់តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយ អភិបាលប្រោះព្រំ គ្រងរក្សា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ព្រមទាំងក្រុមគ្រួសារ ជាទី ស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្រសួងបរិស្ថានបានចាត់បញ្ជូនមន្រ្តីជំនាញចុះពិនិត្យនិងធ្វើការទប់ស្កាត់បន្ទាន់ការលេចធ្លាយប្រេងចេញពីទូរថភ្លើង ដែលបានក្រឡាប់ធ្លាក់ផ្លូវនៅក្នុងភូមិសាស្រ្តស្រុកបាកាន ខេត្តពោធិ៍សាត់

2025/11/17 01:07:27 pm        201
ក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ បានចាត់ក្រុមការងារជំនាញសហការជាមួយមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋាន ធ្វើការចុះពិនិត្យករណីការលេចធ្លាយប្រេងម៉ាស៊ូត ចេញពីទូរថភ្លើង ដែលដឹកតាមរថភ្លើង ខ្សែរត់ចេញពីរាជធានីភ្នំពេញឆ្ពោះ ទៅខេត្តបាត់ដំបង។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថាករណីនេះកើតឡើង នៅវេលាម៉ោងប្រមាណ ០៦:០០នាទី ព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លើកំណាត់ផ្លូវដែក ចន្លោះគីឡូ១៩១-១៩២ ក្នុងភូមិសាស្ត្រភូមិដើមច្រេស ព្រំប្រទល់រវាងឃុំបឹងខ្នារ និងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្នុងជំហានដំបូង ក្រុមការងាររកឃើញទូររថភ្លើងចំនួន៣ ត្រូវបានក្រឡាប់ និងលេចធ្លាយប្រេងចេញមកក្រៅ ចំនួន២ទូរ។ សូមបញ្ជាក់ថាទូរនីមួយមួយៗ បានដឹកប្រេងចំណុះ 66000លីត។ ឧបទ្ទេវហេតុនេះ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ។ក្រុមការងារជំនាញ បាននិងកំពុងចុះពិនិត្យមើលទំហំ នៃការលេចធ្លាយ មានបរិមាណសំណល់ប្រេងអណ្តែតច្រើនលើទីវាលស្រែក្បែរលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ រស់នៅក្បែរកន្លែងកើតហេតុ។ សូមបញ្ជាក់ថាក្រោយមានឧទ្ទេវហេតុ ប្រជាពលរដ្ឋមួយចំនួនបាននិងកំពុងស្រង់ប្រេងយកទុកប្រើប្រាស់ផងដែរ។

សម្ដេចតេជោ អំពាវនាវពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ខណៈការចរចាកម្ពុជា-ថៃ ឈានដល់កម្រិតកំពូល

2025/11/17 12:57:30 pm        187
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បន្តអំពាវនាវដល់ប្រជាពលរដ្ឋទុកចិត្តលើរាជរដ្ឋាភិបាលលើការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ខណៈឥឡូវនេះការចរចារវាងប្រទេសទាំងពីរបានឈានទៅដល់កម្រិតកំពូល ដែលមានមហាអំណាចចូលរួមដោះស្រាយ ដូច្នេះសូមស្ដាប់តាមការញុះញង់ឱ្យផ្ទុះអាវុធរបស់ក្រុមជ្រុលនិយមក្រៅស្រុក។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ជាថ្មីបែបនេះក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រើប្រាស់កម្លាំងប្រដាប់អាវុធ គ្មានផលចំណេញនោះទេ ដូច្នេះសូមបញ្ឈប់ការញុះញង់ឱ្យរាជរដ្ឋាភិបាលប្រើប្រាស់កម្លាំងប្រដាប់អាវុធ ខណៈការចរចារវាងកម្ពុជា-ថៃ បានដើរដល់កម្រិតកំពូលហើយ។សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៤ វិច្ឆិកា ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។ ក្នុងឱកាសនោះ ឯកឧត្តមប្រធានាធិបតី Trump បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា ឯកឧត្តមចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជា និងថៃ។ ឯកឧត្ដមប្រធានាធិបតីបានប្រកាស បន្តតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់ ដើម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡើងវិញនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ 

សម្ដេចតេជោ៖ ប៉ុន្មានខែមកនេះកម្ពុជា និងថៃ កំពុងស្ថិតនៅក្នុងស្ថានភាពចាញ់ចាញ់ទាំងសងខាង

2025/11/17 12:47:19 pm        334
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការវិលទៅរកសន្ដិភាព គឺជាការវិលទៅរកស្ថានភាពឈ្នះឈ្នះ ខណៈប៉ុន្មានខែកន្លងមកនេះ ប្រទេសកម្ពុជា និងថៃ កំពុងស្ថិតនៅក្នុងស្ថានភាពចាញ់ចាញ់ទាំងសងខាង។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ជាថ្មីបែបនេះក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។សម្ដេចតេជោ បានថ្លែងថា កត្តាជម្លោះព្រំដែនរវាងកម្ពុជា-ថៃប៉ុន្មានខែមកនេះ ស្ថិតក្នុងស្ថានភាពចាញ់ចាញ់ ព្រោះប្រជាជនត្រូវរត់លូនគេច និងប៉ះពាល់ដល់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងនោះភាគីថៃដែលមានទំហំពាណិជ្ជកម្មនាំចូលកម្ពុជាមានទំហំធំជាង គឺមានការខាតបង់ច្រើនជាងកម្ពុជា។ សម្ដេចតេជោបញ្ជាក់ថា អ្នកប្រើប្រាស់ គឺជាចៅហ្វាយ, ទំហំពាណិជ្ជកម្មដែលថៃនាំចូលកម្ពុជាមួយឆ្នាំ ៥០០០លានដុល្លារ សម្រាប់ប្រជាពលរដ្ឋថៃ មិនតូចនោះទេដែលខាត់បង់ ទំនិញដែលនាំចូលមកកម្ពុជា។ ក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ និងអ្នកជំនួញនៅក្នុងស្រុករួមគ្នាលើកកម្ពស់ការផលិត ផលិតផលក្នុងស្រុក ឈប់ពឹងផ្អែកលើផលិតផលទំនិញនាំចូលពីថៃ ហើយការប្រើប្រាស់ផលិតផលក្នុងស្រុកនេះនឹងជំរុញឱ្យចរន្តសេដ្ឋកិច្ចជាតិមានការរីកចម្រើនបន្ថែមទៀត៕ 

សម្ដេចតេជោ ចាត់ទុកវីរកងទ័ពកម្ពុជា១៨នាក់ ដែលថៃចាប់ខ្លួន បានពលីកម្មជីវិតដើម្បីជាតិរួចទៅហើយ

2025/11/17 12:42:13 pm        198
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា បញ្ហាកងទ័ពកម្ពុជាទាំង១៨រូប ដែលត្រូវបានយោធាថៃប្រើល្បិចចាប់ខ្លួន ក្រោយបទឈប់បាញ់ប៉ុន្មានម៉ោង, សម្ដេចបានចាត់ទុកពួកគាត់ពលីកម្ម ដើម្បីជាតិស្រាប់ទៅហើយ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ជាថ្មីបែបនេះក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។សម្ដេចតេជោបានថ្លែងថា តាំងពីម៉ោងដំបូងដែលគេចាប់ខ្លួនកងទ័ពកម្ពុជាទាំង១៨រូប គឺច្បាស់ណាស់ភាគីថៃដើម្បីដោះដូរជាមួយអ្វីមួយ។ សម្ដេចបានបន្តថា កន្លងទៅកងយោធពលភូមិន្ទថៃ អះអាងថា នឹងដោះលែងយោធាកម្ពុជាទាំង១៨រូប នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ទាហានកម្ពុជា១៨នេះ គឺស្ថិតក្នុងចំនួន២០រូប ដែលត្រូវបានទាហានថៃចូលមកចាប់ខ្លួន នៅច្រកអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោយបទឈប់បាញប្រកាសចូលជាធរមានតែប៉ុន្មានម៉ោង។ ក្រោយចាប់ខ្លួនទាហានទាំង២០រូបនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ភាគីថៃបានដោះលែងយោធាកម្ពុជា២រូបមកវិញដោយមានអាការៈខុសប្រក្រតីមានម្នាក់ធ្លាក់ខ្លួនពិការ និងវង្វេងស្មារតី។ ប៉ុន្តែការដោះលែងទាហានកម្ពុជា១៨រូបទៀតមកទល់ពេលនេះមិនទាន់មាននោះឡើយ។សូមជម្រាបថា គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០២៥ ជាថ្ងៃទី១១១ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាបន្តអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ការដោះលែងយោធាខ្មែរទាំង១៨រូប គឺស្ថិតក្នុងចំណោមលក្ខខណ្ឌមួយ ក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលមានការចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថៃ ដែលមានសាក្សីដោយប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី បង្ហាញរដ្ឋាភិបាលដែល​មាន​ស្ត្រីភាគច្រើនជាលើកដំបូងរបស់ដាណឺម៉ាក
06/03/2026 06:06 PM
​ណាតូនឹងចាប់ផ្តើមសមយុទ្ធសមុទ្របាល់ទិកកម្រិត​តូច​ជាងមុន​ ខណៈមានការប្រកួតប្រជែង​ដាក់​​ពង្រាយយោធា
06/03/2026 06:06 PM
គេហទំព័រព័ត៌មាន៖ នាយករដ្ឋមន្ត្រីថ្មីរបស់ឡាតវី មានបំណងផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី
06/03/2026 06:06 PM
អ្នកជំនាញយោធា៖ អ៊ុយក្រែនបាត់បង់កងទ័ពនិងទាហានស៊ីឈ្នួលជាង ៣១.០០០នាក់ នៅក្នុងខែ ឧសភា
06/03/2026 06:06 PM
អ៊ុយក្រែនអំពាវនាវឲ្យមានការសន្ទនាជាមួយប៉ូឡូញ ខណៈភាពតានតឹងផ្ទុះឡើង​ ដោយសារ​ឈ្មោះ​អង្គភាពយោធា
06/03/2026 06:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-អាម៉េរិក ពិភាក្សាអំពីការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
06/03/2026 06:06 PM
មនុស្សរាប់រយនាក់រត់គេចខ្លួន ខណៈហ្វូងមនុស្សប្រឆាំងនឹងជនអន្តោប្រវេសន៍អាហ្វ្រិកខាងត្បូង ដើរពីផ្ទះមួយទៅផ្ទះមួយ
06/03/2026 05:06 PM
ជប៉ុនមាន​ក្ដី​បារម្ភយ៉ាងខ្លាំង ចំពោះប្រតិបត្តិការថ្មើរជើង​​របស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់
06/03/2026 05:06 PM
នាយករដ្ឋមន្ត្រី៖ ហុងគ្រីត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាអ៊ុយក្រែន
06/03/2026 05:06 PM
ប្រទេសឈូងសមុទ្រថ្កោលទោសការវាយប្រហារជាថ្មីរបស់អ៊ីរ៉ង់ដែលកំណត់គោលដៅលើប្រទេសកូវ៉ែត និងបារ៉ែន
06/03/2026 05:06 PM