មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-អាម៉េរិក ពិភាក្សាអំពីការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា

ព័ត៌មានជាតិ

យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បើកវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពមន្ត្រីវ័យក្មេង ដើម្បីចីរភាព និងនិរន្តរភាព នៃការដឹកនាំរយៈពេលយូរអង្វែងរបស់គណបក្ស» ជំនាន់ទី២

2025/11/15 04:21:29 pm        246
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ផ្នែកក្រសួង-ស្ថាប័ន សហការជាមួយផ្នែកបណ្តុះបណ្តាល នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការពង្រឹងសមត្ថភាពមន្ត្រីវ័យក្មេង ដើម្បីចីរភាព និងនិរន្តរភាពនៃការដឹកនាំរយៈពេលយូរអង្វែងរបស់គណបក្ស» ជំនាន់ទី២ ជូនយុវជនគណបក្សប្រជាជនកម្ពុជាក្រសួង ស្ថាប័នទាំង៤៣ និងជំនួយការផ្នែកក្រសួង-ស្ថាប័ន។ក្នុងពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់ កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈ កម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល,ឯកឧត្តម កែម សម្បត្តិ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការកណ្តាល និងឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្ដាល និងគ្រូឧទ្ទេស ព្រមទាំងលោក លោកស្រី ជាសិក្ខាកាមសរុបប្រមាណ ១៧៤នាក់។

គណៈកម្មាធិការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅខេត្តតាកែវ

2025/11/15 03:22:07 pm        265
កាកែវ ៖ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ បើកយុទ្ធនាការផ្សព្វផ្សាយចុះឈ្មោះតាមថ្នាលឌីជីថលអ្នក សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅខេត្តតាកែវ ដើម្បីលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពន្លឿនសេដ្ឋកិច្ចទៅក្នុងសេដ្ឋកិច្ចប្រព័ន្ធ។​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក) នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ អញ្ជើញចូលរួមជាអធិបតី នៃកម្មវិធីយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្តតាកែវ យុទ្ធនាការនេះមាន គោលបំណងផ្សព្វផ្សាយ និងជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង ការថែបំប៉នអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងអាចឈានទៅក្នុងប្រព័ន្ធ។ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាកិច្ចការអាទិភាព និង ចាំបាច់ ដើម្បីជំរុញការចូលរួមរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងការបង្កើតតម្លៃបន្ថែមក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ព្រមទាំងចូលរួមដោយផ្ទាល់ក្នុងការកាត់បន្ថយអត្រាភាពក្រីក្រ និងវិសមភាពសង្គម។ ជុំវិញយុទ្ធនានេះ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ បាននិងកំពុងជំរុញបន្តផ្សព្វផ្សាយនៅតាម បណ្តាខេត្តនានា ជាក់ស្តែងនៅក្នុងខេត្តតាកែវនាពេលនេះ ធ្វើយ៉ាងណាឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានយល់ដឹងបន្ថែមអំពីអត្ថប្រយោ- ជន៍នៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីលើកកម្ពស់អំពីគុណតម្លៃ ការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់ នៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។ សេដ្ឋកិច្ចក្រៅប្រព័ន្ធដើរតួនាទីសំខាន់ណាស់ ទាំងក្នុងប្រទេសកំពុងអភិវឌ្ឍ និងអភិវឌ្ឍ ក្នុងនោះការ ប្រកបមុខរបរ និងការធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាប្រភពចំណូលដ៏សំខាន់របស់ប្រជាជន ដោយការចាប់ផ្តើមសកម្មភាព អាជីវកម្ម និងមុខរបរ និងការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះឯង។  សូមបញ្ជាក់ថា នៅឆ្នាំ២០២៣ កន្លងមកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍក្រៅប្រព័ន្ធឆ្នំា២០២៣- ២០២៨ ដែលការដាក់ចេញនូវយុទ្ធសាស្រ្តនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងជាប្រទីបបង្ហាញផ្លូវដ៏សំខាន់ ត្រួសត្រាយផ្លូវនៅតាមគន្លងមួយ ដែលពោរពេញទៅដោយភាពស្មុគស្មាញ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការអភិវឌ្ឍ សេដ្ឋកិច្ច ក្រៅប្រព័ន្ធនេះ ក៏នឹងក្លាយជាកាតាលីករជួយជំរុញ និងលើកទឹកចិត្តឱ្យបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន អង្គការជាតិនិងអន្តរជាតិ និងសមាគមនានា ដែលបាននិងកំពុងខិតខំលើកស្ទួយសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោលតាមសមត្ថកិច្ចរៀងៗខ្លួន និងដាច់ដោយឡែកពីគ្នា៕អត្ថបទ៖ សុន រ៉ាឌី

ពលរដ្ឋខ្មែររស់នៅអាមេរិក និងអូស្រ្តាលី បន្តថ្កោលទោសចំពោះទាហានថៃដែលបាញ់ប្រហារមកលើពល រដ្ឋខ្មែរនៅភូមិព្រៃចាន់

2025/11/15 03:10:44 pm        359
ពលរដ្ឋខ្មែររស់នៅ សហរដ្ឋអាមេរិក និង អូស្ត្រាលី បានបន្តចេញវិដេអូឃ្លីបប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើបាញ់ប្រហារបង្កដោយភាគីថៃ មកលើពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យពលរដ្ឋខ្មែរម្នាក់ស្លាប់បាត់បង់ជីវិត និង៣នាក់រងរបួស កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅនេះ។ តាមរយៈវិដេអូឃ្លីបជាបន្តបន្ទាប់ដាច់ដោយឡែកពីគ្នានេះ បងប្អូនប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសទាំងនោះបានចាត់ទុកថា ទង្វើរបស់ទាហានថៃដែលបានបាញ់ប្រហារប្រជាជនខ្មែរស្លូតត្រង់នេះ គឺជាទង្វើដ៏ព្រៃផ្សៃអមនុស្សធម៌ ហើយក្នុងនាមប្រជាពលរដ្ឋខ្មែរសូមថ្កោលទោសយ៉ាងដាច់អហង្ការ និងសូមអំពាវ នាវឲ្យសហគមន៍អន្តរជាតិ ក៏ដូចជាឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី អាមេរិកជួយដាក់សម្ពាធទៅលើ កងទ័ពថៃ ក៏ដូចជារដ្ឋាភិបាលថៃឲ្យគោរពកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួ និងកិច្ចព្រមព្រៀងទាំងឡាយ របស់កម្ពុជា និងថៃផងដែរ។ សូមបញ្ជាក់ថា ទង្វើដ៏អមនុស្សធម៌របស់ភាគីថៃនេះ គឺខុសច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់អន្តរជាតិ ហើយផ្ទុយទៅនឹងស្មារតីមនុស្សធម៌ ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ជាពិសេស ការឯកភាពឱ្យយន្តការ គណៈកម្មាការចម្រុះព្រំដែន (JBC) ចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន និងត្រូវរក្សាស្ថានភាពដើម ដដែលរហូតដល់ការវាស់វែងត្រូវបានបញ្ចប់ និងរង់ចាំការសម្រេចដោយ JBC៕

ក្រុមគ្រូពេទ្យមន្ទីរពេទ្យព្រះអង្គឌួង បានចុះពិនិត្យសុខភាពភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខេត្តតាកែវ

2025/11/15 03:01:52 pm        347
តាកែវ ៖ នាព្រឹកថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០២៥នេះ លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកកោះអណ្តែត ខេត្តតាកែវ។​លោកសាស្ត្រាចារ្យរង លូ លីឃាង បានថ្លែងថា កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយមន្ទីរពេទ្យព្រះអង្គឌួង ដែលជាមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាព នឹងមន្ទីរពេទ្យបង្អែកខេត្តតាកែវ ក្នុងគោលបំណងជួយពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែល្អ ប្រសើរឡើង ហើយកម្មវិធីនេះអាចប្រព្រឹត្តិទៅបាន ដោយមានការសហការយ៉ាងជិតស្និទ្ធពីរដ្ឋបាល ខេត្តតាកែវ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ និងមន្ទីរពេទ្យបង្អែកកោះអណ្តែត ជាពិសេសទទួលបានការគាំទ្រមូលនិធិពីមូលនិធិ ហ្វ្រេដហូឡូ កម្ពុជា (Fred Hollows Foundation) ដែលជាដៃគូសំខាន់ក្នុងការជំរុញ ការអភិវឌ្ឍន៍វិស័យសុខភាពភ្នែកនៅកម្ពុជា។ ការចូលរួមដ៏សកម្មរបស់យើងទាំងអស់គ្នានេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងការថែរក្សាសុខភាពជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺភ្នែក ឱ្យបានទាន់ពេលវេលា គឺជាកត្តាសំខាន់ក្នុងការការពារ និងថែរក្សាការពារភ្នែក ដ៏មានតម្លៃរបស់យើងគ្រប់ៗគ្នា។ជាមួយគ្នានោះដែរ ឯកឧត្តម ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ ព្រមទាំងបងប្អូនប្រជាពលរដ្ឋរស់នៅឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ បានបង្ហាញចំណាប់អារម្មណ៍រួមគ្នាថា ថ្ងៃនេះមនី្ទរសុខាភិបាលខេត្តតាកែវ ពិតជាមានសេចកី្តសោមនស្សរីករាយ និងកិតិ្តយសដោយលោកសាស្ត្រាចារ្យរង លូ លីឃាង និងមូលនិធិ Fred Hollows Foundation អញ្ជើញចូលរួមចុះពិនិត្យ ព្យាបាលជំងឺភ្នែក និងផ្តល់វ៉ែនតា ជូនដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ព្រោះថាស្រុកកោះអណ្តែត គឺជាស្រុកមួយ នៅជាប់ព្រំដែន កម្ពុជា-វៀតណាម ហើយ៦ខែគោក និង៦ខែទឹក។ ដូច្នេះក្នុងនាមមនី្ទរសុខាភិបាលខេត្ត មន្រី្តសុខាភិបាល រួមនិងប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរ អរគុណដ៏ជ្រាវជ្រៅជាទីបំផុត ចំពោះទឹកចិត្តក្នុងការជួយ ជាជំនួយដោយឥតគិតថ្លៃនេះ។ជាចុងក្រោយ លោកស្រី សំ សុជា នាយិកា កម្មវិធីមូលនិធិ Fred Hollows Foundation ពិតជាមានសេចកី្តរីករាយយ៉ាងក្រៃលែង ដែលបានឃើញបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកចូលរួមពិនិត្យភ្នែក ព្រមទាំងទទួលយកសេវាការព្យាបាល ការថែទាំ ឬមួយក៏ត្រូវការប្រើប្រាស់វ៉ែនតា និងសូមអរគុណដល់លោកសាស្រ្តាចារ្យរង នាយកមនី្ទរពេទ្យព្រះអង្គឌួង បានដឹកនាំសហការី ក៏ដូចជាមនី្ទរពេទ្យបង្អែក និងមនី្ទរសុខាភិបាលខេត្តតាកែវ បានសហការគ្នាយ៉ាងល្អ ក្នុងការគាំទ្រដើម្បីផ្តល់សេវាពិនិត្យ ពិគ្រោះ ព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃផងដែរ៕ អត្ថបទ រដ្ឋា

ពលរដ្ឋភៀសសឹក ៥០០គ្រួសារមកពីភូមិព្រៃចាន់ និងភូមិជោគជ័យ បានទទួលអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

2025/11/15 02:56:34 pm        178
បន្ទាយមានជ័យ ៖ នៅព្រឹក ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្ដម អ៊ុ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ និង លោក ផែង វណ្ណៈ បាន នាំយក អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី មកចែក ជូនប្រជាពលរដ្ឋ ភៀស សឹកមកពីភូមិ ព្រៃចាន់ និង ភូមិ ជោគជ័យ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចំនួន ៥០០ គ្រួសារ ដែលកំពុងស្នាក់នៅ ក្នុងមណ្ឌលសុវត្ថិភាព វត្តច័ន្ទស៊ីសាមគ្គីរតនារាម ដោយ ក្នុងមួយ គ្រួសារ ៗទទួលបាន អង្ករ២៥ គីឡូ ក្រាម មី១កេស ថ្នាំមូស ២ដបទឹក សុទ្ធ១យួរ ទឹក ត្រី១ដប មុង១ ភួយ១ ខ្នេីយ១ ថវិកា១០ម៉ឺន រៀល ។ ឯកឧត្តម អ៊ុ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ បានពាំនាំនូវ ប្រសាសន៍ ផ្ដាំផ្ញើ សាកសួរសុខទុក្ខ បងប្អូន ប្រជាពលរដ្ឋ ជនភៀសសឹក ពី សំណាក់ សម្ដេច ធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ បណ្ឌិត ដែលជានិច្ចកាល សម្ដេច ធិបតី និង លោកជំទាវ បណ្ឌិត តែងតែគិតគូរយកចិត្តទុកដាក់ជាប់ជាប្រចាំ ចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ ពេលវេលា គ្រប់ ទីកន្លែង ។សូមបញ្ជាក់ថាបងប្អូន ប្រជាពលរដ្ឋ ជនភៀសសឹកទាំងអស់ បានចាកចេញពីផ្ទះនៅភូមិព្រៃចាន់ និងភូមិ ជោគជ័យ មកមណ្ឌលសុវត្ថិភាព បន្ទាប់ពីទាហានថៃបានបេីកការបាញ់ ប្រហារ មកលេី ប្រជាពលរដ្ឋ ស្លូតត្រង់ នៅភូមិ ព្រៃចាន់ កាលពីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ បណ្ដាលឱ្យពលរដ្ឋ ស្លូតត្រង់ស្លាប់ម្នាក់ និងរងរបួស ធ្ងន់ ៣នាក់ ៕

ក្រសួងសេដ្ឋកិច្ចចេញសារាចរដាក់ឱ្យប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ច ដល់អង្គភាពចំនួន៦

2025/11/15 02:50:21 pm        86
 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ចេញសារាចរនៃការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ច តាមប្រព័ន្ធវិក្កយបត្រ អេឡិចត្រូនិកកម្ពុជាដំណាក់កាលទី១ ជំហានទី៣ ដល់អង្គភាពថ្នាក់កណ្ដាល អង្គភាពលទ្ធកម្មថ្នាក់កណ្ដាល និងអង្គភាពទទួលបន្ទុក ហិរញ្ញវត្ថុ នៃក្រសួងចំនួន៦។ ​ស្របតាម "យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១" របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, ក្របខ័ណ្ឌគោលនយោ បាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងផែនការសកម្មភាពរួមមាន៖ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដំណាក់កាលទី៤, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំ និងបញ្ចប់ការអភិវឌ្ឍប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជារួច រាល់ និងបានដាក់ឱ្យអនុវត្តជាកាតព្វកិច្ច ដល់អង្គភាពថ្នាក់កណ្តាលក្រសួងចំនួន៨ ជាផ្លូវការរួចរាល់គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥។ដើម្បីជំរុញការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិក, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ចេញនូវសារាចរស្តីពីការប្រើប្រាស់វិក្កយ បត្រអេឡិចត្រូនិកជាកាតព្វកិច្ច តាមប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជាជាជំហានៗ ដែលចាប់ផ្តើមអនុវត្តចំពោះប្រតិបត្តិការវិក្កយ បត្ររវាងក្រុមហ៊ុន ឬអ្នកផ្គត់ផ្គង់ជាមួយក្រសួង-ស្ថាប័នរដ្ឋ។ សារាចរនេះមានវិសាលភាពចំពោះអង្គភាពថ្នាក់កណ្ដាល អង្គភាពលទ្ធកម្ម ថ្នាក់កណ្ដាល និងអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ នៃក្រសួងចំនួន៦រួមមាន៖ ១-ក្រសួងអភិវឌ្ឍន៍ជនបទ, ២-ក្រសួងរ៉ែ និងថាមពល, ៣-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ៤-ក្រសួងសុខាភិបាល, ៥-ក្រសួងសាធារណការ និងដឹកជញ្ជូន និង ៦-ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, អង្គភាពពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រុមហ៊ុន ឬអ្នកផ្គត់ផ្គង់ដែលពាក់ព័ន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សារាចរនេះគ្របដណ្ដប់លើវិក្កយបត្រសម្រាប់ការស្នើសុំទូទាត់ចំណាយ ដែលឆ្លងកាត់ការអនុវត្ត នីតិវិធីកិច្ចលទ្ធកម្មសាធារណៈ។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំដល់អង្គភាព និងក្រុមហ៊ុន ឬអ្នកផ្គត់ផ្គង់នៃក្រសួងទាំង៦ ព្រមទាំងអង្គភាពពាក់ ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដូចតទៅ៖ ត្រូវទទួលយកតែវិក្កយបត្រអេឡិចត្រូនិកប៉ុណ្ណោះ សម្រាប់ការទូទាត់ចំណាយតាម នីតិវិធីលទ្ធកម្មសាធារណៈ។ត្រូវផ្ដល់ដំណឹងទៅក្រុមហ៊ុនឬអ្នកផ្គត់ផ្គង់របស់ខ្លួន ឱ្យចុះឈ្មោះចូលជាសមាជិកនៃប្រព័ន្ធវិក្កយបត្រអេឡិច ត្រូនិកកម្ពុជា ដើម្បីប្រើប្រាស់វិក្កយបត្រជាទម្រង់អេឡិចត្រូនិក ក្នុងករណីមិនទាន់ក្លាយជាសមាជិក។ អង្គភាពថ្នាក់កណ្តាល អង្គភាព លទ្ធកម្មថ្នាក់កណ្តាល និងអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុនៃក្រសួងទាំង ៦ នឹងក្លាយជាសមាជិកនៃប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក កម្ពុជាដោយស្វ័យប្រវត្តិ។ ចំណែកក្រុមហ៊ុនឬអ្នកផ្គត់ផ្គង់៖ ១. ការចេញវិក្កយបត្រទៅនៃក្រសួងទាំង ៦ ខាងលើ ត្រូវតែជាវិក្កយបត្រអេឡិចត្រូនិក, ២. ត្រូវចុះឈ្មោះជាសមាជិកនៃប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ដើម្បីអាចប្រើប្រាស់ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជាបាន។ ការ ចុះឈ្មោះជាសមាជិកត្រូវអនុវត្តតាមវិធាន និងនីតិវិធីចូលជាសមាជិកនៃប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា។ ៣. វិក្កយបត្រអេឡិច ត្រូនិក អាចបង្កើតតាមរយៈផតថលវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ឬប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការចេញវិក្កយបត្រណាមួយ ដែលបានចុះបញ្ជីទទួលស្គាល់ និងបានដំណើរការសន្ធានកម្មរួចរាល់ ជាមួយនឹងប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា។ចំពោះអគ្គនាយកដ្ឋានពាក់ព័ន្ធក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៖ ១. អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល មានតួនាទីជាប្រតិបត្តិករ នៃប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា។ ២. អគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានរតនាគារជាតិ ត្រូវចូលរួមត្រួតពិនិត្យ និងពង្រឹង លើការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិក ដែលតម្រូវឱ្យអង្គភាពស្នើសុំទូទាត់ចំណាយនៃក្រសួងទាំង ៦ ភ្ជាប់មកជាមួយបន្ថែមនូវវិក្កយ បត្រអេឡិចត្រូនិក ក្នុងរំហូរនីតិវិធីស្នើសុំទូទាត់តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៕ អត្ថបទ៖ សុន រ៉ាឌី

​​ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី ”បច្ចេកទេសក្នុងការប្រើប្រាស់បណ្ដាញសង្គម” ដល់សមាជិកក្រុមជំនួយការផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម

2025/11/15 02:35:13 pm        85
នៅវិមាន៧មករា៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវគ្គបណ្តុះបណ្តាលស្តីពី ”បច្ចេកទេសក្នុងការប្រើប្រាស់បណ្ដាញសង្គម” ដល់សមាជិកក្រុមជំនួយការ ផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម ដោយអមដំណើរដោយឯកឧត្តមអនុប្រធាន និងសមាជិកផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម ចំនួន ៣០០នាក់ផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម បានខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ក្នុងការអនុវត្តឱ្យបានសម្រេចនូវផែនការសកម្មភាពឆ្នាំ២០២៥ ក៏ដូចជាសេចក្តីណែនាំ ស្តីពីការងារអាទិភាពចំពោះមុខ សម្រាប់អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា គ្រប់ថ្នាក់ និងគ្រប់ផ្នែក ដើម្បីអនុវត្តឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នីតិកាលទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨ របស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។កម្មវិធីបណ្តុះបណ្តាល ស្តីពី ”បច្ចេកទេសក្នុងការប្រើប្រាស់បណ្ដាញសង្គម” ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើនការយល់ដឹងរបស់សិក្ខាកាមទៅលើព្រឹត្តិការណ៍ ការវាយតម្លៃព្រឹត្តិការណ៍ ការយល់ដឹងអំពីប្រភពព័ត៌មាននានា ជាពិសេសរបៀបរបបនៃការប្រើប្រាស់បណ្ដាញសង្គមឱ្យមានប្រសិទ្ធភាព ដើម្បីបម្រើប្រយោជន៍រួមជូនដល់គណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្ស។ ពង្រឹងសមត្ថភាពរបស់សិក្ខាកាមក្នុងការប្រមូល តាមដាន ឆ្លើយតប និងក្ដាប់ស្ថានការណ៍ព័ត៌មាន ដែលមានចរិតវាយប្រហារមកលើគណបក្ស ក៏ដូចជាថ្នាក់ដឹកនាំគណបក្ស ប្រកបដោយវិជ្ជាជីវៈ។ បំពេញនូវតម្រូវការ និងលើកកម្ពស់ប្រសិទ្ធភាពការងារ របស់ផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម។ ឯកឧត្តម ប៉េង ពោធិ៍នា ប្រធានផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម ជំរុញឱ្យសិក្ខាកាមទាំងអស់ត្រងត្រាប់ស្តាបការពន្យល់របស់លោកគ្រូឧទ្ទេស ដើម្បីបំពេញចំណេះដឹងបន្ថែមអំពីព្រឹត្តិការណ៍ ប្រភពព័ត៌មាន អាចវិភាគ បែងចែក និងវាយតម្លៃប្រភពព័ត៌មាន ជាពិសេសអាចប្រមូលផ្ដុំកម្លាំង វាយបក ឆ្លើយតប ទប់ស្កាត់ ព័ត៌មានក្លែងក្លាយ ។ យល់ដឹងអំពីការប្រើប្រាស់កម្មវិធី Facebook និងកម្មវិធីទំនាក់ទំនងសង្គមផ្សេងៗ ប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព។យល់ដឹងអំពីហានិភ័យលើបណ្តាញអ៊ីនធឺណែត និងកម្មវិធីទំនាក់ទំនងសង្គម (Social Media)។យល់ដឹងអំពីសុវត្ថិភាពក្នុងអំឡុងពេលបង្កើតគណនី និងពេលប្រើប្រាស់កម្មវិធី Facebook។ យល់ដឹងអំពីមុខងារ(Tools)នីមួយៗ នៃកម្មវិធី Facebook បានច្បាស់លាស់ជាងមុន៕

ក្រុមការងាររបស់មន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា និងបន្លែ ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ

2025/11/15 02:31:45 pm        148
នៅថ្ងៃទី១៥​ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលផលត្រកួន ស៊ុតទា ដែលបានដាំដុះ និងចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀលដើម្បីជូនដល់កងទ័ពជួរមុខនូវស៊ុតទាចំនួន ១ ០២០គ្រាប់ ត្រកួនចំនួន ១៥០គីឡូក្រាម និងស្ពៃចង្កឹះចំនួន៥០ គីឡូក្រាម។សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១៥​ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមស្មារតី «ខ្មែរតែមួយ» ដែលជាអំណោយរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននាំយកស្បៀងបរិភោគជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ​ សរុប៣០លើករួមមាន៖ ស្ពៃក្រញ៉ាញ់ចំនួន ៧ ០០០គីឡូក្រាម ត្រកួន ៧​ ៣២០គីឡូក្រាម ស្ពៃចង្កឹះចំនួន៥០ គីឡូក្រាម​ គោសាច់៣ក្បាល ស៊ុតទា ២៨​ ៥៤០គ្រាប់ ទំពាំង ២០គីឡូក្រាម និងត្រីអណ្ដែងចំនួន៨២៦គីឡូក្រាម៕

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជេីញជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ នៅស្រុកអូរជ្រៅ និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

2025/11/15 02:28:56 pm        94
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំនៅស្រុកអូរជ្រៅ និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ជំនួបសំណេះសំណាលនេះ គឺដើម្បីពិភាក្សាពីសក្ដានុពលនៃតំបន់នីមួយៗ ការពង្រឹងការប្រមូលទិន្នន័យទីផ្សារស្រូវ និងការជួយដោះស្រាយការកកស្ទះដើម្បីរក្សាលំហូរទីផ្សាររបស់ប្រជាកសិករ៕

ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករមកពីប្រទេសថៃ នៅស្រុកថ្មគោល ខេត្តបាត់ដំបង នាំមកនូវឱកាសការងាររាប់ម៉ឺនកន្លែង

2025/11/15 02:25:39 pm        115
(បាត់ដំបង)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ ដោយនាំយកឱកាសការងារប្រមាណជាង ១,១ម៉ឺនកន្លែង និងព័ត៌មានស្តីពីអត្ថប្រយោជន៍នៃរបបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដោយឥតគិតថ្លៃ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅវត្តសុវណ្ណបុប្ផារាមថ្មគោល ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលស្រុកថ្មគោល សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យឯកជន សមាគមមិត្តយើង អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធផ្សេងទៀត ដែលមានអ្នកចូលរួមប្រមាណ១៥០០នាក់។ ក្នុងពិព័រណ៍លើកទី ៥៧៣នេះ មានក្រុមហ៊ុន រោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២០ បានចូលរួមសម្ភាសន៍ និងជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ផងដែរ។ជាមួយគ្នានេះ បងប្អូនអតីតពលករ និងអ្នកចូលរួមទាំងអស់ បានទទួលការដឹកជញ្ជូន អាហារ ភេសជ្ជៈ និងកាហ្វេ ព្រមទាំងទទួលបានការកាត់សក់ពីអ្នកជំនាញ ដោយឥតគិតថ្លៃថែមទៀតផង។ ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានលើកឡើងថា ការធ្វើការងារនៅក្នុងស្រុកមានភាពល្អប្រសើរជាងការធ្វើការនៅប្រទេសថៃ ដូចជា ការទទួលបានអត្ថប្រយោជន៍ ប.ស.ស. ការព្យាបាលជំងឺដោយឥតគិតថ្លៃ ការទទួលបានប្រាក់សោធន ការរស់នៅជួបជុំក្រុមគ្រួសារ អាចចូលរួមពិធីបុណ្យប្រពៃណី ក៏ដូចជាពិធីជួបជុំនានាបានច្រើន ហើយម្យ៉ាងទៀតដោយសារយើងខ្មែរដូចគ្នា គឺភាពងាយស្រួលក្នុងការទំនាក់ទំនង និងយោគយល់គ្នា ជាពិសេសនៅកន្លែងធ្វើការ។ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី បានអំពាវនាវឱ្យបងប្អូនពលករត្រឡប់មកពីប្រទេសថៃ ក៏ដូចជាយុវជនដែលកំពុងស្វែងរកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ប្រសិនបើមានចម្ងល់ផ្សេងៗ ពាក់ព័ន្ធវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេសការស្វែងរកការងារធ្វើ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM