មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-អាម៉េរិក ពិភាក្សាអំពីការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា

ព័ត៌មានជាតិ

​ក្រសួងការពារជាតិ បង្ហាញវត្តមានក្រុម AOT ក្នុងអំឡុងពេលធ្វើកោសល្យវិច័យសពជនស៊ីវិលកម្ពុជា ដែលរងគ្រោះបាត់បង់ជីវិតដោយការបាញ់ប្រហារនៅព្រំដែន កម្ពុជា-ថៃ

2025/11/14 08:22:40 pm        252
នារាត្រី ថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អញ្ជើញមកដល់មន្ទីរពេទ្យកម្ពុជា-ជប៉ុនមង្គលបុរី ដើម្បីពិនិត្យប្រជាជនស៊ីវិលកម្ពុជាដែលត្រូវបានរងរបួសដោយសារការបាញ់ប្រហារ។ បន្ទាប់មកក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏បានចូលរួមពិនិត្យការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញកម្ពុជាលើសពជនរងគ្រោះដែលបាត់បង់ជីវិត ឈ្មោះ ឌី ណៃ ហៅសល់ ភេទប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅភូមិព្រៃចាន់ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពរបស់ជនរងគ្រោះ និងផលប៉ះពាល់ ដោយសារហេតុការណ៍ដែលកងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារយ៉ាងកំរោលដោយគ្មានហេតុផលមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ គួររំលឹកផងដែរថា នៅក្នុងហេតុការណ៍យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជានោះ ចំនួនពីរលើក និងបានបង្កឱ្យប្រជាជនស៊ីវិលកម្ពុជារងរបួសសរុបចំនួន ០៣នាក់ និងបាត់បង់ជីវិតចំនួន ០១នាក់។កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។ ព្រះរាជាណាចក្រកម្ពុជា សូមឱ្យមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ និងសូមអំពាវនាវឱ្យមានការចូលរួមពីភាគីបរទេសដែលមានជំនាញ ដើម្បីស្វែងរកការពិត ការទទួលខុសត្រូវ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហាររបស់យោធាថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕

​​កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ សហការជាមួយមន្រ្តី (ក.ប.ប) ខេត្ត ចុះត្រួតពិនិត្យ និងបង្រ្កាបបានប្រហិតកែច្នៃបង្កក គ្មានសុវត្ថិភាព បង្កប៉ះពាល់សុខភាពអ្នកប្រើប្រាស់

2025/11/14 08:21:33 pm        615
​ពោធិ៍សាត់ ៖ ក្រោមបញ្ជាផ្ទាល់ពីឯកឧត្តមឧត្តមសេនីយ៍ទោ ស ថេង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ សហការជាមួយមន្ត្រី (ក.ប.ប)ខេត្ត ដោយបានការសម្របសម្រួលពីឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យ និងបង្ក្រាបបានផលិតផលកែច្នៃពីត្រីសមុទ្របង្កក រួមមានប្រហិតត្រី និងប្រហិតក្តាម សង្ស័យគ្មានសុវត្ថិភាព បង្កឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ដែលដឹកតាមរថយន្តដឹកជញ្ជូនអ្នកដំណើរ ចំនួន៦៨កេស លើ០២មុខ ស្មើនឹង១តោន ៦០គីឡូក្រាម ដើម្បីយកទៅដុតបំផ្លាញចោល។លោកវរសេនីយ៍ឯក ភុំ ផៃឌឿន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទទួលផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានឱ្យដឹងថា ផលិតផលកែច្នៃពីត្រីសមុទ្របង្កក រួមមានប្រហិតត្រី និងប្រហិតក្តាម ដែលសង្ស័យគ្មានគុណភាពខាងលើនេះ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយមន្ត្រី (ក.ប.ប)ខេត្ត ធ្វើការឃាត់បាន នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ លោកស្នងការរងបន្តថា ផលិតផលកែច្នៃពីត្រីសមុទ្របង្កកនោះ ដឹកតាមរថយន្តមួយគ្រឿង របស់សមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ម៉ាក KIA GRANBIRD ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3E-2050 ក្នុងទិសដៅពីឬស្សីកែវ រាជធានីភ្នំពេញ ឆ្ពោះទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកស្នងការរង បានបន្ថែមថា ក្រោយត្រួតពិនិត្យ និងបង្ក្រាបបាន កម្លាំងរបស់លោក បានធ្វើកំណត់ហេតុដកហូតរថយន្ត និងទំនិញបណ្តោះអាសន្ន ដើម្បីចាត់ការបន្តតាមនីតិវិធី និងបានដឹកយកដុតបំផ្លាញចោលនេះ នៅទីលានចាក់សំរាម ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ប្រភពពីលោក អ៊ូ ម៉ានរិន ប្រធានសាខា (ក.ប.ប) ខេត្តពោធិ៍សាត់ បានឱ្យដឹងដែរថា ផលិតផលកែច្នៃពីត្រីសមុទ្របង្កក រួមមានប្រហិតត្រី និងប្រហិតក្តាម ដែលសង្ស័យគ្មានគុណភាពខាងលើនេះ គឺជាទំនិញរបស់ប្រទេសថៃ គ្មានប្រភព គ្មានឯកសារច្បាស់លាស់ មួយវិញទៀត គឺគ្មានការវេចខ្ចប់រក្សាទុកក្នុងសីតុណ្ហភាពត្រឹមត្រូវ ដែលអនុលោមតាមលក្ខខណ្ឌតម្រូវម្ហូវអាហារ។ សម្រាប់បញ្ញើរដឹកតាមរថយន្តខាងលើ ក៏គ្មានប្រភពម្ចាស់ច្បាស់ទំនិញច្បាស់លាសផងដែរ។ ដូច្នេះហើយ ផលិតផលនេះសង្ស័យខូយគុណភាពទាំងអស់ ដាច់ខាតត្រូវដកហូត និងត្រូវយកទៅដុតកំទេចចោល៕

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ផ្សព្វផ្សាយបេសកកម្ម ដល់មន្ត្រីអង្គភាពពាក់ព័ន្ធ ខេត្តកោះកុង

2025/11/14 07:48:27 pm        128
នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ អំពី បេសកកម្ម នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តកោះកុង។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងអគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង, ឯកឧត្តម ហាក់ ឡេង អភិបាលរងខេត្ត តំណាង លោកជំទាវ អភិបាលខេត្តកោះកុង, ឯកឧត្តមប្រធានសាលាដំបូង, លោកជំទាវព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង, ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក., សមាជិកក្រុមប្រឹក្សាខេត្ត និងដោយមានការចូលរួមពីមន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តកោះកុង រួមមាន តំណាងស្នងការដ្ឋាននគរបាលខេត្ត, ប្រធានមន្ទីរពាក់ព័ន្ធ, ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក, អភិបាលក្រុង-ស្រុក, ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត, ប្រធានការិយាល័យនីតិកម្មនិងសម្រុះសម្រួលវិវាទមូលដ្ឋានក្រុង-ស្រុក, និងមេឃុំ ចៅសង្កាត់ ទូទាំងខេត្តកោះកុង សរុបចំនួន ២០០ រូប។សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីបេសកកម្ម និងសារៈសំខាន់នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដែលជាស្ថាប័នថ្មីមួយរបស់រាជរដ្ឋាភិបាល ជូនដល់មន្ត្រីថ្នាក់ក្រោមជាតិ ដែលជាតួអង្គនៅកៀកជិតនឹងប្រជាពលរដ្ឋ និងជាអ្នកផ្តល់សេវាដោះស្រាយវិវាទដោយផ្ទាល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ បន្ថែមពីនេះ អ.ដ.ក. គឺត្រូវបានបង្កើតឡើងដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទបច្ចុប្បន្ននៅកម្ពុជា សំដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រព័ន្ធយុត្តិធម៌ និងលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌ សម្រាប់បុគ្គលគ្រប់រូបនៅមូលដ្ឋាន និងសហគមន៍ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែប្រសើរឡើង តាមរយៈ ១. ការរក្សាបាននូវចរិតនៃការដោះស្រាយវិវាទក្នុងមូលដ្ឋានស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និង ២. ការបញ្ចប់វិវាទ ឬរំលត់វិវាទដែលកើតមាននៅមូលដ្ឋានជាក់ស្តែង សំដៅចូលរួមកាត់បន្ថយនូវសំណុំរឿងនៅតាមសាលាជម្រះក្តី។ក្នុងឱកាសនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក៏បានជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកោះកុង អំពីលទ្ធភាព នៃការចុះអនុស្សរណ:នៃការយោគយល់គ្នា (MOU) លើកិច្ចសហប្រតិបត្តិការសម្រុះសម្រួលផ្សះផ្សាវិវាទ។ ទន្ទឹមនេះ ភាគីទាំងពីរ ក៏បានលើកទ្បើងអំពីសារសំខាន់នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីធានាបានសុខដុមរមនាក្នុងសង្គមជាតិ ក៏ដូចជាបានឯកភាពគ្នាពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការរវាង ស្ថាប័នទាំងពីរ ក្នុងការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពនៃការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ពិសេសសម្រាប់ជាប្រយោជន៍របស់ប្រជាពលរដ្ឋនៃខេត្តកោះកុង៕

អគ្គនាយក CMAC ឆ្លើយតប ៣ហេតុការណ៍ ចំពោះភាគីថៃបំភ្លៃគ្មានការអៀនខ្មាស លាបពណ៌ មកកម្ពុជា

2025/11/14 07:34:09 pm        302
នារាត្រីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC បានបង្ហោះសារលើបណ្ដាញសង្គមផ្លូវការ ឆ្លើយតប ៣ហេុតការណ៍ ចំពោះភាគីថៃ ដែលបានបំភ្លៃ លាបពណ៌ មកកម្ពុជាជាបន្តបន្ទាប់។ឯកឧត្តម ហេង រតនា បានលើកឡើងថា បោកប្រោសរាស្ត្រខ្លួនឯង ឱ្យក្រែងចិត្តរាស្ត្រដទៃផង! ជាន់ផ្ទុះគ្រាប់មីន អាងបង្កសង្គ្រាមឈ្លានពាន អាងហែកចោលកិច្ចព្រមព្រៀងសន្តិភាព។ គ្រាន់តែចង់បង្ហាញជាឧទាហរណ៍ជាក់ស្តែងខ្លីៗពីទង្វើគ្មានការអៀនខ្មាស។១. ផ្ទុះគ្រាប់មីន អាងចោទប្រកាន់កម្ពុជាលួចដាក់មីនថ្មី៖ ឈរលើភាពជាក់ស្តែងការផ្ទុះគ្រាប់មីនចាស់ឬគ្រាប់ដាក់ថ្មីជាបញ្ហាមួយហើយ ប៉ុន្តែបញ្ហាសំខាន់ជាងនោះ តើការផ្ទុះគ្រាប់មីននោះនៅបូរណភាពទឹកដីរបស់អ្នកណា? តើអ្វីជាមូលហេតុពិតប្រាកដនៃបញ្ហា ដោយការផ្ទុះគ្រាប់មីន ឬការឈ្លានពានទឹកដីចូលក្នុងចម្ការមីនសំណល់សង្គ្រាមរបស់កម្ពុជា? ២. គ្រាប់បែកចង្កោមប្រភេទM85 របស់ថៃសំណល់សង្គ្រាម ផ្ទុះស្លាប់ក្មេងប្រុសអាយុ១០ឆ្នាំ និងឪពុករងរបួសជាទម្ងន់ កាលពីថ្ងៃទី២៥ ខែតុលា ក៏ចោទថាខ្មែរបន្លំលាបពណ៌ថៃ ដោយសំអាងថាគ្រាប់បែកចង្កោមថៃបាញ់មកផ្ទុះទាំងអស់ ដោយបកស្រាយថាគ្រាប់បែកចង្កោមទាំងនោះកំណត់ផ្ទុះកម្ទេចដោយខ្លួនឯង self destruction គ្មានគ្រាប់បែកចង្កោមនៅសល់ទេ!! កម្ពុជា បានរក្សាទុកភស្តុតាងគ្រាប់បែកចង្កោមថៃបាញ់នោះ មួយចំនួនជូនដេីម្បីពិនិត្យជាក់ស្តែងប្រសិនជាចង់ឃើញពិតប្រាកដ។ ៣. ទាហានថៃបាញ់ប្រហារលេីជនសុីវិលជាប្រជាពលរដ្ឋនៅភូមិព្រៃចាន់ មានម្នាក់ស្លាប់និងរងរបួសចំនួន៣ ថៃមិនត្រឹមតែប្រកែកថាមិនបានបាញ់ទេ ប៉ុន្តែថែមទាំងចោទថាកងទ័ពកម្ពុជាជាអ្នកបាញ់ប្រជាពលរដ្ឋខ្លួនឯង និងចោទថាអ្នកស្លាប់នោះ ជាការស្លាប់ក្លែងក្លាយ (Cambodian Fake Death!)។ ឯកឧត្តម ហេង រតនា លើកឡើងបន្ថែមថា ឥឡូវក្រសួងមហាផ្ទៃបានស៊ើបអង្កេត និងមានភស្តុតាងគ្រប់គ្រាន់ មនុស្សស្លាប់ និងរងរបួសដោយត្រូវគ្រប់បាញ់ប្រហាររបស់ថៃ មិនក្លែងបន្លំមនុស្សស្លាប់ និងរងរបួសស្អីនោះទេ។ សង្គមស៊ីវិល័យ និងសម័យឌីយីថល យុទ្ធសាស្ត្រប្រែ និងលាបពណ៌បែបនេះ អាចរងនូវភាពអាម៉ាស់មិនខានឡើយ៕

ក្រសួងមហាផ្ទៃបង្ហាញលទ្ធផលកោសល្យវិច័យ ខណៈបណ្ដាញព័ត៌មានថៃផ្សាយថា ពុំមានការស្លាប់នៅភូមិព្រៃចាន់

2025/11/14 06:47:02 pm        962
ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចេញ សេចក្តីបញ្ជក់ព័ត៍មាន ជម្រាបជូនសាធារណជនជ្រាបថា នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានបណ្តាញព័ត៌មានថៃ បានផ្សព្វផ្សាយថា ពុំមានប្រជាពលរដ្ឋខ្មែរស្លាប់ ក្នុងករណីទាហានថៃបានបើកការបាញ់ប្រហារលើអ្នកភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា នោះឡើយ ក្រៅពីជនរងគ្រោះ ៣នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ក្រសួងមហាផ្ទៃ សូមបញ្ជាក់ជូនថា កម្លាំងប្រដាប់អាវុធថៃ បានបើកការបាញ់ប្រហារដោយបើ អាវុធវែង ប្រភេទ «M16» ជាច្រើនគ្រាប់មកលើប្រជាពលរដ្ឋខ្មែរ ក្នុងភូមិព្រៃចាន់ បណ្តាលឱ្យបាត់បង់ជីវិត ចំនួន១នាក់ និងរបួសធ្ងន់ចំនួន៣នាក់។ ជនរងគ្រោះបាត់បង់ជីវិត ឈ្មោះ ឌី ណៃ (ហៅសល់) ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិព្រៃចាន់។ លទ្ធផលកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញកម្ពុជា រកឃើញថា នៅ ផ្នែកក្បាលនៃសពមានស្នាមដាច់រលាត់ស្បែកមុខ ទំហំ ៥មីលីម៉ែត្រ ផ្នែកដងខ្លួនមានស្នាមដាច់ធ្លុះមួយ កន្លែងរាងទ្រវែងលើដើមដោះខាងឆ្វេង ទំហំ ២គុណ និង៣សង់ទីម៉ែត ទិសដៅបញ្ឆិតចូលក្នុងដងខ្លួនពី ឆ្វេងទៅស្តាំ និងមានក្បាលគ្រាប់កាំភ្លើងបៀមក្រោមស្បែកលើឆ្អឹងជំនីខាងស្តាំផ្នែកខាងក្រោយចំនួនមួយ កន្លែង។ គណៈកម្មការជំនាញបានវះកាត់យកក្បាលគ្រាប់នោះចេញ នៅចំពោះមុខក្រុមអ្នកសង្កេតការណ៍ អាស៊ាន (AOT) ដោយឃើញច្បាស់ថាក្បាលគ្រាប់នោះ មាន ០១គ្រាប់ ទំហំមុខកាត់ ៥.៧មីលីម៉ែត្រគុណ បណ្ដោយក្បាលគ្រាប់ ២៣មីលីម៉ែត្រ មានខ្សែទៅវិល (រ៉ៃយ៉ា ) ចំនួន ៦ខ្សែ (វិលស្តាំ)។ជាមួយគ្នានេះ គណៈកម្មការកោសល្យវិច័យរកឃើញទៀតថា កន្លែងកើតហេតុទី១ មាន ប្រជាពលរដ្ឋខ្មែរ៣នាក់រងរបួសធ្ងន់ នៅទីតាំងដែលមានចម្ងាយពីគោលដៅកម្លាំងប្រដាប់អាវុធថៃបាញ់ ចេញប្រហែល១០០ម៉ែត្រ។ ឯទី២ ជាទីតាំងជនរងគ្រោះបាត់បង់ជីវិតនៅហ្នឹងកន្លែង ចម្ងាយពីគោលដៅ កម្លាំងប្រដាប់អាវុធថៃបាញ់ចេញប្រហែល ១៨០ម៉ែត្រ ដោយកម្លាំងប្រដាប់អាវុធថ បានបាញ់ចេញពី ទីតាំង២កន្លែង ឆ្ពោះមកគោលដៅតែមួយ ក្នុងភូមិព្រៃចាន់។ជារួម ជនរងគ្រោះឈ្មោះ ឌី ណៃ (ហៅសល់) ពិតជាបានស្លាប់ដោយសារការបាញ់ប្រហាររបស់ កម្លាំងប្រដាប់អាវុធថៃ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រាកដមែន ពោលគឺមិនដូចការផ្សព្វផ្សាយបំភ្លៃការពិត និងបង្វែរសភាពការណ៍របស់បណ្ដាញព័ត៌មានថៃឡើយ។ ច្បាស់ណាស់ គឺគ្រាប់កាំភ្លើងបានបាញ់ចូលក្នុងធ្លុះសួត ដាច់សសៃឈាមធំៗ និងមានគ្រាប់បៀមនៅផ្នែកខ្នងខាងស្តាំនៃសព ប្រាកដមែន៕

កម្ពុជា និងភា្នក់ងារអភិវឌ្ឍន៍លិចតិនស្តាញ ចុះអនុស្សរណៈ ដើម្បីពង្រឹងការអប់រំបែបឌីជីថលនៅកម្ពុជា

2025/11/14 06:34:29 pm        142
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Pius Frick អ្នកសម្របសម្រួលប្រចាំប្រទេសរបស់ភា្នក់ងារអភិវឌ្ឍន៍លិចតិនស្តាញ(Liechtenstein Development Service - LED) បានចុះអនុស្សរណៈ ស្តីពី ការអនុវត្តគម្រោង "សម្ភារៈសិក្សាឌីជីថលសម្រាប់ អ.ប.វ.- ដំណាក់កាលទី២" ដើម្បីពង្រឹងការអប់រំបែបឌីជីថលនៅកម្ពុជា នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។អនុស្សរណៈដែលសមភាគីទាំងពីរបានចុះនាពេលនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមអភិវឌ្ឍសម្ភារៈសិក្សាឌីជីថលដែលមានគុណភាពអប់រំតាមស្តង់ដារ TVET និងចូលរួមក្នុងការកសាងយន្តការប្រកបដោយចីរភាព ជំរុញការអភិវឌ្ឍឌីជីថលក្នុងវិស័យបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយស្របតាម “គោលនយោបាយសេដ្ឋកិច្ចឌីជីថល និងសង្គមកម្ពុជា ឆ្នាំ២០២១-២០២៥”។ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ភា្នក់ងារអភិវឌ្ឍន៍លិចតិនស្តាញ (LED) ដែលបានទុកចិត្ត និងបានធ្វើការជាមួយក្រសួងយ៉ាងជិតស្និទ្ធក្នុងអំឡុងនៃការអនុវត្តគម្រោង "សម្ភារៈសិក្សាឌីជីថលសម្រាប់ អ.ប.វ.- ដំណាក់កាលទី១" កាលពីពេលកន្លងទៅ ដែលសម្រេចបានផ្លែផ្កាយ៉ាងល្អប្រសើរ ដោយបានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជំនាញបច្ចេកទេសរបស់សិស្ស និស្សិត, ពង្រឹងសមត្ថភាពដល់អ្នកបណ្ដុះបណ្ដាលផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ការអនុវត្តនូវគម្រោងសម្ភារៈសិក្សាឌីជីថលសម្រាប់គម្រោង អ.ប.វ. ដំណាក់កាលទី២នេះ មានសារៈសំខាន់សម្រាប់ការអនុវត្តថ្នាលសិក្សាតាមប្រព័ន្ធឌីជីថលនៅតាមគ្រឹះស្ថាន អ.ប.វ. ជាពិសេសគឺពង្រីកឱកាសបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាម និងគ្រូបង្វឹក ឱ្យកាន់តែទូលំទូលាយ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចនូវចក្ខុវិស័យក្នុងការបើកទូលាយនូវថ្នាលបណ្តុះបណ្តាលឌីជីថលនេះ ដល់វិស័យឯកជនផងដែរ ដែលជួយក្នុងការបង្កើនជំនាញបន្ថែមសម្រាប់បុគ្គលិកបម្រើការងារ និងអ្នកហាត់ការនៅតាមស្ថាប័នឯកជន។  ជាការឆ្លើយតប លោក Pius Frick បានសម្ដែងក្ដីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបត្តិការនេះ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តគម្រោង "សម្ភារៈសិក្សាឌីជីថលសម្រាប់ អ.ប.វ. - ដំណាក់កាលទី២" ដែលនឹងចូលរួមចំណែងក្នុងការកសាងសមត្ថភាព តាមរយៈការរៀនផង និងអនុវត្តផង៕

ក្រសួងអភិវឌ្ឍន៍ជនបទ ត្រួតពិនិត្យសេចក្ដីព្រាងសៀវភៅណែនាំ ស្ដីពីការអភិវឌ្ឍ “ភូមិគំរូ”

2025/11/14 06:30:38 pm        147
នារសៀលថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសេចក្ដីព្រាងសៀវភៅណែនាំ ស្ដីពីការអភិវឌ្ឍ “ភូមិគំរូ” មុននឹងធ្វើការបោះពុម្ពលើកទី១ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ជាថ្នាក់ដឹកនាំ និងលោក លោកស្រី មន្ដ្រីបច្ចេកទេសផងដែរ។បន្ទាប់ពីអង្គប្រជុំបានពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងចដោយល្អិតល្អន់ រួចមក ឯកឧត្តមរដ្ឋមន្ដ្រី បានសម្តែងនូវការថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសទាំងអស់ ដែលបានខិតខំរៀបចំឯកសារដ៏មានសារសំខាន់នេះ ដោយសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ។សូមជម្រាបជូនដែរថា ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងដាក់ចេញនូវសៀវភៅណែនាំស្ដីពីការអភិវឌ្ឍ “ភូមិគំរូ” បោះពុម្ពលើកទី១ ដែលមានគោលបំណងតម្រង់ទិសដល់ការអភិវឌ្ឍភូមិគំរូឱ្យមានប្រសិទ្ធភាព ប្រកបដោយបរិយាបន្ន និងចីរភាព ដោយមានកិច្ចសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយនានា និងគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ ភ) ដើម្បីចូលរួមអនុវត្តឱ្យសម្រេចបានជោគជ័យ នូវការអភិវឌ្ឍចម្រុះនិងការអនុវត្ត “ចលនាភូមិគំរូ” ដូចមានក្នុងយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជួបផ្ដល់អនុសាសន៍ដល់យុវជនកាយឫទ្ធិមុននឹងទៅចូលរួមបោះជំរំកាយឫទ្ធិនៅសិង្ហបុរី

2025/11/14 05:35:54 pm        156
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ដល់គណៈប្រតិភូកាយឫទ្ធិនារីកម្ពុជា ចំនួន៣៨នាក់ មុននឹងទៅចូលរួមកម្មវិធីបោះជំរំកាយឫទ្ធិជំទង់អន្តរជាតិ ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី (Singpore International Jamboree 2025) ។ ក្នុងឱកាសនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍ថា ការទៅចូលរួមកម្មវិធីបោះជំរំ កាយឫទ្ធិយុវជនជំទង់អន្តរជាតិ នៅសិង្ហបុរីនេះ យុវជនកម្ពុជានឹងទទួលបាននូវបទពិសោធន៍ល្អៗ ពីយុវជនបណ្ដាប្រទេសនានាដែលចូលរួម ក៏ដូចជាការដោះដូរវប្បធម៌រវាងគ្នា ។លោកជំទាវបណ្ឌិតបន្តថា ការបោះជំរំកាយឫទ្ធិយុវជនជំទង់អន្តរជាតិ ជាអត្តសញ្ញាណចលនារបស់កាយឫទ្ធិ ជាវិធីសាស្ត្រអប់រំបែបកាយឫទ្ធិដល់កុមារ និងយុវជន ការសិក្សានិងអនុវត្តដោយផ្ទាល់ ដែលនៅក្នុងសាលាមិនបានបង្រៀន និងការ សិក្សាជាច្រើនទៀត ដែលគណៈប្រតិភូយុវជនកាយឫទ្ធិកម្ពុជា នឹងទទួលបាន ។ជាមួយនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានផ្ដាំផ្ញើទៅដល់យុវជនកម្ពុជា ដែលនឹងត្រូវចូលរួមការបោះជំរំកាយឫទ្ធិជំទង់អន្តរជាតិ នៅសិង្ហាបុរី ត្រូវខិតខំរៀនសូត្រឈ្វេងយល់ពីវប្បធម៌នៃយុវជនមកពីបណ្ដាប្រទេសចូលរួម ការផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ខ្មែរ ទេសចរណ៍ និងសក្ដានុពលផ្សេងៗរបស់កម្ពុជា ទៅកាន់យុវជនទាំងអស់នោះ ជាពិសេសត្រូវរក្សាសីលធម៌ ប្រពៃណី មានសុជីវធម៌ រក្សាសុខភាព សេចក្តីថ្លែថ្នូរ ចេះរួបរួមសាមគ្គីគ្នា ចេះយកអាសារគ្នា គោរពច្បាប់ វិន័យ និងបទបញ្ជាផ្សេងៗរបស់កម្មវិធី ជាពិសេស ត្រូវលើកមុខលើកមាត់ប្រទេសជាតិយើង ដើម្បីឲ្យមានឱកាសបន្តចូលរួមព្រឹត្តិការណ៍អន្តរជាតិបែបនេះ សម្រាប់ប្អូនៗជំនាន់ក្រោយ ។កញ្ញា ហូយ សុភារី កាយឫទ្ធិជំទង់ តំណាងប្រតិភូយុវជនកាយឫទ្ធិជាតិកម្ពុជា បានប្ដេជ្ញាថា នឹងចូលរួមយ៉ាងសកម្ម និងប្រកបដោយទំនួលខុសត្រូវខ្ពស់ជាមួយកម្មវិធីក្នុងជំរំ បង្ហាញឱ្យអស់ពីសមត្ថភាព និងទេពកោសល្យរបស់យុវជនកម្ពុជា ចែករំលែក វប្បធម៌ និងអរិយធម៌ដ៏អស្ចារ្យរបស់កម្ពុជា ទៅកាន់សមាជិកជំរំ ហើយថែរក្សាសុខភាព និងសុវត្ថិភាពខ្លួន ដើម្បីចូលរួមឱ្យពេញទំហឹង និងត្រឡប់មកវិញដោយជោគជ័យ ពិសេសនាំមកនូវកិត្តិយសជូនជាតិមាតុភូមិ ខណៈបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមយ៉ាងសកម្ម ដើម្បីបង្ហាញពីចំណេះដឹងសមត្ថភាព វប្បធម៌ អរិយធម៌ដ៏ផូរផង់របស់កម្ពុជា ។កញ្ញាបន្តថា នឹងបង្ហាញពីសក្តានុពលរបស់យុវជនកម្ពុជា ដែលកំពុងតែរីកចម្រើន លូតលាស់ឥតឈប់ឈរទាំងបញ្ញា ស្មារតី ជូនមិត្តក្នុងជំរំ ។ កម្មវិធីនេះក៏ជាឱកាសបានបង្ហាញពី “ស្មារតីកម្ពុជាតែមួយ”។ កម្ពុជាដែលស្ថិតក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែភ នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលពោរពេញដោយឱកាស ការអភិវឌ្ឍលើគ្រប់វិស័យ និងឥតឈប់ឈរ ពិសេសស្មារតីរួបរួមដែលធ្វើឱ្យកម្ពុជារឹងមាំ និងបានឆ្លងកាត់ឧបសគ្គដោយជោគជ័យ រហូតទទួលស្គាល់ពីអន្តរជាតិ ។កញ្ញា ហូយ សុភារី បានបន្ថែមថា បន្ទាប់អំពីចូលរួមការបោះជំរំ នឹងអាចអភិវឌ្ឍខ្លួនឯងមួយកម្រិតទៀត ឱ្យក្លាយជាយុវជន ដែលមានទំនួលខុសត្រូវខ្ពស់ ចេះសហការរស់នៅ និងធ្វើការជាមួយគ្នាដោយក្តីសុខដុម ពិសេសត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមជាមួយអ្នកជំនាន់មុន ដើម្បីការពារប្រទេសជាតិ នៅពេលដែលប្រទេសជាតិត្រូវការ ហើយគោរពច្បាប់ និងបទបញ្ជានានារបស់ជំរំ ។លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ការបោះជំរំកាយឫទ្ធិជំទង់អន្តរជាតិសឹង្ហបុរី ចាប់ពីថ្ងៃទី១៨ ដល់ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាកម្មវិធីសម្រាប់កាយឫទ្ធិជំទង់ចន្លោះអាយុ១៣ដល់១៧ឆ្នាំ រៀបចំឡើងក្នុងគោលបំណង ដើម្បីអបអរសាទរខួប៦០ឆ្នាំ នៃឯករាជ្យជាតិសឹង្ហបុរី និងប្រមូលផ្តុំកាយឫទ្ធិ មកពីក្នុងតំបន់ធ្វើការបណ្តុះបណ្តាល អភិវឌ្ឍសមត្ថភាព ផ្លាស់ប្តូរបទពិសោធន៍ និងសិក្សារួមគ្នារវាងវប្បធម៌ចម្រុះ របស់ជាតិសាសន៍ មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាង៣ប្រទេស ៕អត្ថបទ បាន​ សុខរិទ្ធិ

អគ្គនាយកដ្ឋានគយ បន្តបើកវេទិកាគយកម្ពុជា ក្រោមមូលបទ “រដ្ឋបាលគយក្នុងបរិបទបច្ចេកវិទ្យាឌីជីថល”

2025/11/14 05:28:38 pm        114
ភ្នំពេញ៖ គិតមកដល់ពេលនេះ ជាលើកទី៣ ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តរៀបចំវេទិកាគយកម្ពុជា ដែលឆ្នាំនេះធ្វើឡើងក្នុងមូលបទ “រដ្ឋបាលគយក្នុងបរិបទបច្ចេកវិទ្យាឌីជីថល” មានគោលបំណងផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃឌីជីថលូបនីយកម្មនីតិវិធីគយ និងការផ្តល់សេវាសាធារណៈ ដើម្បីបង្កើនកិច្ចសម្រួលពាណិជ្ជកម្ម អនុលោមភាព និងបរិយាកាសធុរកិច្ចនៅកម្ពុជា ក៏ដូចជាផ្ដល់ឱកាសជជែកពិភាក្សា និងផ្តល់មតិលើការអនុវត្តជាក់ស្តែង។វេទិកានេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណ:កម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ព្រមទាំងមានវត្តមានចូលរួមពីសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា, សមាគមធុរកិច្ច, ធុរជននាំចេញ-នាំចូល, មន្ត្រីគយនិងរដ្ឋាករ និងអ្នកសារព័ត៌មានមួយចំនួន ផងដែរ។ក្នុងមតិចំណាប់អារម្មណ៍ អ្នកឧកញ៉ា គិត ម៉េង បានគូសរំលេចពីកិច្ចសហការល្អរវាងសភាពាណិជ្ជកម្មកម្ពុជា និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅក្នុងយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ដែលបានជួយលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរពីមួយពេលទៅមួយពេល។ សម្រាប់វេទិកាគយកម្ពុជាលើកទី៣ នេះ អ្នកឧកញ៉ា បានកត់សម្គាល់ពីភាពចាំបាច់ និងសារៈប្រយោជន៍នៃបច្ចេកវិទ្យាឌីជីថល សម្រាប់ជំរុញកំណើន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច ដែលទាមទារឱ្យទាំងផ្នែកឯកជន និងសាធារណៈត្រូវចាប់យកបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងស្ថាប័នខ្លួន និង ជាពិសេសបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសម្រេចបានក្នុងការកែទម្រង់និងទំនើបកម្មស្ថាប័ន។ ការធ្វើឌីជីថលូបនីយកម្មនេះបញ្ជាក់ពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែទម្រង់ឈានទៅធានាឱ្យបាននូវប្រសិទ្ធភាព តម្លាភាព និងការអនុវត្តតាមស្តង់ដាអន្តរជាតិ ក៏ដូចជាដើម្បីបង្កើនល្បឿននៃការបញ្ចេញទំនិញពីគយ ជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងបរិបទសេដ្ឋកិច្ចឌីជីថល ផងដែរ។ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះអង្គវេទិកា ឯកឧត្ដមបណ្ឌិត គុណ ញឹម បានបញ្ជាក់ពីសារៈសំខាន់នៃវេទិកាគយកម្ពុជា ដែលជាយន្តការបញ្ជ្រាបការយល់ដឹងបន្ថែមអំពីនីតិវិធីគយ និងបង្កើនកិច្ចសហការរវាងរដ្ឋបាលគយនិងផ្នែកឯកជន ដើម្បីរួមគ្នាលើកស្ទួយវប្បធម៌សារពើពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា។ បន្ថែមលើនេះ ឯកឧត្តម បានសង្កត់ធ្ងន់ថា ទិសដៅក្លាយជារដ្ឋបាលគយឌីជីថល គឺជាការចាំបាច់ដែលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបាននិងកំពុងជំរុញអនុវត្តឱ្យបានជោគជ័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពជឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធ។ ទិសដៅនេះមានសង្គតិភាពជាមួយ “យុទ្ធសាស្ត្របច្ចកោណ-ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលផ្តល់អាទិភាពដល់ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ជាពិសេស បច្ចេកវិទ្យាឌីជីថល ជាសសរស្តម្ភនៃការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូ ក៏បានសង្ខេបអំពីវឌ្ឍនភាពសំខាន់ៗរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានាពេលថ្មីៗនេះ លើការធ្វើបរិវត្តកម្មឌីជីថលនីតិវិធីគយនិងការផ្តល់សេវាសាធារណៈ និងការអនុវត្តវិធានការចំនួន ១៤ចំណុច ពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ ដែល សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩។វេទិកាគយកម្ពុជាលើកទី៣ បានប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញរបស់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ស្ដីពីបច្ចុប្បន្នភាព នីតិវិធីគយក្នុងបរិបទឌីជីថល និងមានកិច្ចពិភាក្សារវាងវាគ្មិនមកពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងផ្នែកឯកជន លើប្រធានបទអំពីដំណើរការនីតិវិធីនាំចូល-នាំចេញតាមថ្នាលប្រព័ន្ធអនឡាញរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមទាំងមានការលើកឡើងជាសំណួរនិងសំណូមពរពីសមាជិកអង្គវេទិកា លើការអនុវត្តជាក់ស្តែងពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ កិច្ចសម្រួលពាណិជ្ជកម្ម ការបំពេញបែបបទគយ ការពង្រឹងអនុលោមភាព និងប្រតិបត្តិការគយផ្សេងទៀតជាដើម៕

សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងនឹងចាប់ផ្តើមការដាំដុះនាពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ

2025/11/14 04:42:01 pm        114
សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង នឹងចាប់ផ្ដើមការដាំដុះម្ទេសនាពាក់កណ្ដាល ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ ដែលនេះជាជំហានដំបូងនៃផែនការចងក្រងសហគមន៍កសិកម្មទំនើបក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ជាភូមិដ្ឋានអតីតយុទ្ធជន និងនិវត្តជន ក្នុងភូមិសាស្រ្ត ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ឯកឧត្តម ឈឿង គិរីរ័ត្ន ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ក្រុមការងារព័ត៌មានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កាលពេលថ្មីៗកន្លងទៅនេះថា បន្ទាប់ពីចុះពិនិត្យទីតាំងភូមិសាស្រ្តដើម្បីសិក្សាផ្ទៃដីដាំដុះ និងប្រមូលចងក្រងសមាជិកសហគមន៍ ព្រមទាំងបណ្ដុះបណ្ដាលបច្ចេកទេសដាំដុះរួចមក ពោលគឺនៅពាក់កណ្ដាលខែវិច្ឆិកានេះ សមាជិកសហគមន៍របស់យើងនឹងអនុវត្តការងារដាំកូនម្ទេស លើផ្ទៃដីសរុប ៣០ហិកតា ហើយគ្រោងប្រមូលផលចាប់ពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២៦ខាងមុខ។ ឯកឧត្តម ឈឿង គិរីរ័ត្ន បានបន្តឱ្យដឹងថា សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង គឺការអនុវត្តផែនការធ្វើពិពិធកម្មបង្វែរចេញពីការដាំដំឡូងមី ទៅរកផលិតកម្មម្ទេស បន្លែស្លឹក និងការចិញ្ចឹមមាន់ ហើយបច្ចុប្បន្នសហគមន៍កំពុងតែរីកចម្រើនទៅមុខជាបន្តបន្ទាប់តាមផែនការអាជីវកម្មដែលបានគ្រោងទុកដើម្បីក្លាយជាគំរូនៃសហគមន៍កសិកម្មទំនើប ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើន ប្រាក់ ចំណូលកសិករក្នុងមូលដ្ឋាន ការបង្កើតការងារជនបទ និងផ្គត់ផ្គង់ម្ទេស បន្លែ ស៊ុតមាន់ និងសាច់មាន់។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការចងក្រងជាសហគមន៍កសិកម្មទំនើប នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ពុកម៉ែបងប្អូនប្រជាកសិករយើង ជាពិសេសការជួយកាត់បន្ថយថ្លៃដើមតាមការប្រមូលទិញដុំ ការធានាទីផ្សារនិងតម្លៃ តាមរយៈការចុះកិច្ចសន្យាលក់ទុកមុន និងជួយសម្រួលដល់ការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ជាក់ស្ដែងនៅសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង បានទទួលការអភិវឌ្ឍន៍រួមតាមរយៈយន្តការត្រីវិស័យ ដែលមានការចូលរួមពីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ, ក្រសួងធនធានទឹក និងឧត្តុនិយម ព្រមទាំងក្រសួងអភិវឌ្ឍន៍ជនបទ។គួរជម្រាបថា សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ត្រូវបានបង្កើតឡើងនាថ្ងៃទី ៦ ខែមិនា ឆ្នាំ២០២៥ ដែលចងក្រងសមាជិកដែលជាគ្រួសារអតីតយុទ្ធជន និងនិវត្តជន ចំនួន១៦៣ គ្រួសារ ដែលកំពុងរស់នៅបង្កបង្កើនផលក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM