មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-អាម៉េរិក ពិភាក្សាអំពីការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា

ព័ត៌មានជាតិ

ក្រុមការងារចុះជំរឿនមន្ត្រីជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈនៅក្នុងភូមិសាស្ត្រខណ្ឌទាំង៤នៃរដ្ឋបាលរាជធានីភ្នំពេញ ជួបពិភាក្សាគ្នា ពិនិត្យការងារឆ្ពោះទៅកាន់ការធ្វើជំរឿនមន្ត្រី

2025/11/14 04:38:23 pm        122
ភ្នំពេញ៖ ដើម្បីជំរុញបន្ថែមការអនុវត្តវិធានការគន្លឹះវិស័យអប់រំ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រាជរដ្ឋាភិបាល បានដាក់ចេញនូវការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ (មត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ)។ យុទ្ធនាការជំរឿនមន្ត្រីសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ ចាប់ផ្តើមនៅមូលដ្ឋានរាជធានីភ្នំពេញ ហើយនឹងត្រូវបន្តតាមបណ្តាខេត្តនានាទូទាំងប្រទេស។នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជំរឿននៅតាមគ្រឹះស្ថានសិក្សាសាធារណៈនៅភូមិសាស្ត្រខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌមានជ័យ និងខណ្ឌ៧មករា នៃរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារឆ្ពោះទៅកាន់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមភូមិសាស្ត្រទាំ៤។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រុមការងារចុះជំរឿនមន្ត្រីជាក់ស្តែងនៃភូមិសាស្ត្រខណ្ឌទាំង៤ ព្រមទាំងប្រធាន និងមន្ត្រីជំនាញនៃការិយាល័យអប់រំ យុវជន និងកីឡាខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌមានជ័យ និងខណ្ឌ៧មករា នៃរាជធានីភ្នំពេញ។ក្នុងកិច្ចប្រជុំនាព្រឹកនេះ ក្រុមការងារចុះជំរឿនមន្ត្រីជាក់ស្តែងនៃក្រសួងមុខងារសាធារណៈ បានបង្ហាញពីរំហូរនៃដំណើរការនៃការធ្វើជំរឿនមន្ត្រី ព្រមទាំងកិច្ចការងារនានា ដែលគាំទ្រដល់ការអនុវត្តការធ្វើជំរឿនមន្ត្រីជាក់ស្តែងនេះ។ ក្រោយពីបានស្តាប់របាយការណ៍វឌ្ឍនភាពការងាររបស់ប្រធានការិយាល័យ នៃខណ្ឌទាំង៤ ព្រមទាំងមតិយោបល់ដែលជាធាតុចូលដ៏សំខាន់ៗរបស់អង្គប្រជុំរួចមក ឯកឧត្តមប្រធានក្រុមការងារ បានធ្វើការកោតសរសើរដល់ការិយាល័យអប់រំដែលបានពិនិត្យ និងបញ្ចូលទិន្នន័យរួចរាល់តាមកាលកំណត់ និងបានសំណូមពរដល់ការិយាល័យអប់រំ ដែលពុំទាន់បានបញ្ចូលទិន្នន័យ សូមពន្លឿនការពិនិត្យ និងបញ្ចូលឱ្យបានឆាប់រួចរាល់ ដើម្បីជំរុញដល់ដំណើរការនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងនាពេលខាងមុខ។ គោលដៅនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងនេះ គឹដើម្បីទទួលបានទិន្នន័យជាក់លាក់ មានការឯកភាពគ្នា និងប្រើប្រាស់រួមគ្នា។

ព្រឹត្តិការណ៍ប្រកួតវាយកូនគោល ដោយកីឡាករលំដាប់ពិភពលោក ៦០នាក់ នឹងប្រារព្ធនៅកម្ពុជា សប្ដាហ៍ក្រោយ

2025/11/14 04:35:04 pm        134
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុនវឌ្ឍនៈ ហ្គោល រីហ្សត និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើការរៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនគោលពានរង្វាន់ Vattanac Legends Championship ដែលជាការប្រកួតកម្រិតអន្តរជាតិ និងជាលើកដំបូងក្នុងប្រទេសកម្ពុជា ដោយមានកីឡាករអាជីពថ្មីៗលំដាប់ពិភពលោកចំនួន ៦០នាក់ មកពី ១៦ប្រទេស (អាហ្សង់ទីន, បារាំង, ស៊ុយអ៊ែត, អេស្ប៉ាញ, ហូឡង់, អៀរឡង់, ស្កុតលែន, ឥណ្ឌា, ណូវែលសេឡង់, ប្រេស៊ីល, អូទ្រីស, អង់គ្លេស, អាល្លឺម៉ង់, សាធារណរដ្ឋអាហ្រិចខាងត្បូង, អៀរឡង់ខាងជើង និងអ៉ីតាលី) នឹងមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏អស្ចារ្យនេះ។ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កា នៅទីស្តីការក្រសួងទេសចរណ៍ នាល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា ក៏ដូចជា វឌ្ឍនៈ គ្រុប ដែលជានិច្ចជាកាលតែងតែបានចូលរួមសហការ ឧបត្ថម្ភគាំទ្រ សព្វគ្រប់បែបយ៉ាង តាមគ្រប់រូបភាព តាមគ្រប់មធ្យោបាយនៅរាល់ព្រឹត្តិការណ៍ទេសចរណ៍ ពិព័រណ៍ និងកម្មវិធីនានារបស់ក្រសួងទេសចរណ៍ ក៏ដូចជាបានជួយលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ព្រមទាំងកិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចថា ព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិ នឹងបង្ហាញពិភពលោកឃើញថា កម្ពុជា ជាគោលដៅសុវត្ថិភាព, មានសមត្ថភាព និងសម្បទាគ្រប់គ្រាន់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិបាន។ ក្រសួងទេសចរណ៍ គាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលពានរង្វាន់ Vattanac Legends Championship និងផ្តល់កិច្ចសហការរៀបចំព្រឹត្តិការណ៍នាពេលខាងមុខនេះ ឱ្យបានជោគជ័យ៕

រាជរដ្ឋាភិបាលកំពុងអនុវត្តយុទ្ធសាស្ត្រប្រែក្លាយផ្លូវជនបទពីដីល្បាយក្រួស​ ទៅជាផ្លូវកៅស៊ូ និងបេតុង

2025/11/14 04:31:18 pm        403
កំពង់ធំ៖ រាជរដ្ឋាភិបាល ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការ កំពុង​ខិតខំ​អនុវត្ត​នូវ​យុទ្ធ​សាស្ត្រ​សំខាន់ៗ គឺការប្រែក្លាយផ្លូវនៅទីជបទពីប្រភេទផ្លូវដីល្បាយក្រួស ទៅជាផ្លូវកៅស៊ូ និង​ផ្លូវ​ចាក់​បេតុង ដែលកាន់តែធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរងាយស្រួល ហើយជួយ​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ​បន្ថែម​ទៀត។ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យ និង​វាយ​តម្លៃ​លើការងារលើកកម្រិតគុណភាពផ្លូវ១ខ្សែ ប្រវែងជាង៥ពាន់ម៉ែត្រ មានចំនួន ២កំណាត់ (ផ្លូវ​កៅស៊ូ និងបេតុង) ប្រព័ន្ធលូ ស្ថិតក្នុងឃុំក្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ អនុវត្ត​ដោយ​នាយកដ្ឋាន​វិស្វកម្ម នៃក្រសួងការពារជាតិ បានថ្លែងថា រាជរដ្ឋាភិបាល បាននឹងកំពុង​ខិត​ខំ​អភិវឌ្ឍន៍​ប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើន ដោយបានដាក់ចេញ នូវ​យុទ្ធ​សាស្ត្រ​បញ្ចកោណ ដែលកំណត់អាទិភាពគន្លឹះ៥ រួមមានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេក​វិទ្យា​ឌីជីថល​ ជាបាវចនា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ។ឯកឧត្តម​បន្តថា ទន្ទឹមនេះ ក្រសួងអភិវឌ្ឍន៍ជនបទកំពុងពន្លឿនកិច្ចអភិវឌ្ឍន៍ និងជំរុញ​ការ​អនុវត្ត​នូវ​យុទ្ធសាស្ដ្រសំខាន់ៗ គឺទី១. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍​ជន​បទ​ប្រទាក់​ក្រឡា ​ខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវដីល្បាយក្រួស ទៅជាផ្លូវ​ក្រាល​កៅ​ស៊ូ​ពីរ​ជាន់​ និងផ្លូវបេតុង, ទី២. លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ តាម​រ​យៈជំរុញអត្រាគ្របដណ្ដប់ នៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ, ទី៣. ការជំរុ​ញ​អភិវឌ្ឍ​សហគមន៍ជនបទ និងចលនាភូមិគំរូ តាមរយៈការជំរុញអភិវឌ្ឍសហគមន៍ជនបទ និង​ចលនា​ភូមិគំរូ ដែលជាការអភិវឌ្ឍភូមិចម្រុះឱ្យប្រែក្លាយទៅជាភូមិគំរូ, ទី៤. លើកកម្ពស់​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋានបំណិនជីវិត និងទី៥. ការ​ពង្រឹងស្ថាប័ន និងកិច្ចការតាមរយៈបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់, ការ​រៀប​ចំនូវសណ្ដាប់ធ្នាប់ និងការពង្រឹងសាមគ្គីភាព ដើម្បី​ចូល​រួម​ចំណែក​អនុវ​ត្ត​ការ​ងារ​ប្រកប​ដោយ​ប្រសិទ្ធភាព និងការទទួលខុសត្រូវ។ជាមួយនេះ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈកម្មការអន្តរក្រសួង ដែលមានក្រសួង​អភិវឌ្ឍន៍​ជនបទ​ និងក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ​ដែលរស់​នៅអ​ម​សង​ខាង​ផ្លូវ​ សូមចូលរួមថែទាំផ្លូវទាំង ២កំណាត់នេះ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង និង​ជួយ​លើក​កម្ពស់ជីវភាពពលរដ្ឋនៅក្នុងមូលដ្ឋាន ។ រួមទាំងអំពាវនាវទៅដល់អាជ្ញាធរមូលដ្ឋាន ត្រូវ​ជួយ​ទប់​ស្កាត់នូវការដឹកលើសទម្ងន់ បណ្ដាលឲ្យផ្លូវឆាប់រងការខូចខាត៕ អត្ថបទ បាន សុខរិទ្ធិ 

សម្តេចប្រធានរដ្ឋសភា ស្នើឱ្យលើកកម្ពស់សមត្ថភាពផ្នែកបច្ចេកវិទ្យា និងការប្រើប្រាស់ AI ដល់កុមារី និងស្រ្តី

2025/11/14 04:30:23 pm        124
ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាជាតិ ស្តីពី «ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច» ដែលរៀបចំឡើងដោយក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥  សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានលើកឡើងនូវអនុសាសន៍ចំនួន៦ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការលើក​កម្ពស់សមភាពយេនឌ័រនៅកម្ពុជា។ ក្នុងចំណោមអនុសាសន៍ទំាង៦នោះ អនុសាសន៍មួយសម្តេចបានស្នើឱ្យបន្តរៀបចំនិងអនុវត្តគំនិតផ្តួចផ្តើមនានា ដើម្បីផ្តល់ភាពអង់អាចដល់«ស្រ្តីនិងក្មេងស្រី» តាមរយៈការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ ជំនាញបច្ចេកទេស ជំនាញទន់នានា និងភាពជាអ្នកដឹកនាំ រួមទាំង ការលើកកម្ពស់សមត្ថភាពផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ និង ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយសុវត្ថិភាព។ចំណែកអនុសាសន៍ផ្សេងទៀតសម្តេចប្រធានរដ្ឋសភា ស្នើឱ្យបន្តរៀបចំបរិយាកាសអំណោយផលផ្នែកគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត កម្មវិធីឆ្លើយតបនានា ដើម្បីពន្លឿនការអនុវត្តសេចក្តី ថ្លែងការណ៍និងផែនការសកម្មភាពទីក្រុងប៉េកាំង៣០+ ព្រមទាំងរបៀបវារៈអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០២០ ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ដែលមិនទុកអ្នកណាម្នាក់ឱ្យនៅឯកោ។សម្តេចរដ្ឋសភាធិបតី បានជំរុញឱ្យរួមគ្នាអនុវត្តផែនការយុទ្ធសាស្រ្ត «នារីរតនៈទី៦» និងផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រតាមវិស័យ នៅគ្រប់កម្រិត និងវិធានការគោល​នយោបាយនានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និង តួនាទីស្រ្តី នៅក្នុងអភិបាលកិច្ចនៅគ្រប់កម្រិត។បង្កើតបរិយាកាសអំណោយផល មេត្រីភាព និងប្រកបដោយសុវត្ថិភាព​នៅកន្លែងធ្វើការ នៅតាមសហគមន៍និងទីសាធារណៈ ការដោះស្រាយ បន្ទុកនៃការងារផ្ទះសម្បែង និងការងារថែទាំគ្មានប្រាក់កម្រៃសម្រាប់ «ស្រ្តីនិងក្មេងស្រី» ដែលអាចបង្កឱកាសពេញលេញដល់  «ស្រ្តីនិងក្មេងស្រី» ក្នុងការអភិវឌ្ឍសក្តានុពល របស់ខ្លួននៅក្នុងការងារ សាធារណៈនិងភាពជាអ្នកដឹកនាំ។សម្តេចរដ្ឋសភាធិបតី បានស្នើឱ្យពង្រីកយុទ្ធនាការសង្គមជាសាធារណៈ ក្នុងការផ្លាស់ប្តូរឥរិយាបថ និងផ្នត់គំនិតអវិជ្ជមានរបស់សង្គម រួមទាំងការលើកកម្ពស់ការចូលរួមពីបុរស និងក្មេងប្រុស ក្នុងការគាំទ្រដល់«ស្រ្តី និងក្មេងស្រី»ក្នុងភាពជាអ្នកដឹកនាំនៅគ្រប់កម្រិត និងគ្រប់ជំនាន់។កសាងជំនឿជឿជាក់ដល់«ស្រ្តី និងក្មេងស្រី» ដើម្បីបណ្តុះភាពជាគំរូ នៃភាពជាអ្នកដឹកនាំដល់«ស្រ្តីនិងក្មេងស្រី»ដទៃទៀត រួមនឹងការបង្កើន សំឡេងនិងការផ្តល់ការគាំទ្រគ្នាទៅវិញទៅមក ដែលអាចបង្កើននូវថាមពលជំរុញឱ្យមានសមធម៌សង្គមកាន់តែប្រសើរឡើង។សូមជម្រាបថា វេទិកាជាតិស្តីពី «ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច»ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ស្ត្រីនិងក្មេងស្រី ដើម្បីទាំងអស់គ្នា» ប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដោយមានអ្នកចូលរួមពីក្រសួអស្ថាប័ននានាថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន ផ្ទាល់និងតាមប្រព័ន្ធនិមិត្មប្រមាណជាង ២០០នាក់។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានកត់សម្គាល់ថាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ បានផ្តល់ឱកាសឱ្យស្រ្តីជាថ្នាក់ដឹកនាំគ្រប់កម្រិត ទទួលបាននូវបទពិសោធន៍ល្អៗ និងគន្លឹះល្អៗ នៃភាពជាអ្នកដឹកនាំរបស់ស្រ្តី និងស្វែងរកនូវវិធានការសមស្រប ដើម្បីឈានទៅសម្រេចបាននូវបេសកកម្មរួមគ្នា គឺការលើក កម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីនៅគ្រប់ទិដ្ឋភាព ទាំងក្នុងវិស័យសាធារណៈ វិស័យឯកជន នយោបាយ សេដ្ឋកិច្ច សង្គម ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕

ពលរដ្ឋ និងយុវជនជាច្រើន កំពុងបរិច្ចាគឈាម ដើម្បីផ្តល់ឈាមផ្តល់ក្តីស្រលាញ់សម្រាប់កម្ពុជា

2025/11/14 04:16:56 pm        345
នៅពហុកីឡដ្ឋានជាតិ មានប្រជាពលរដ្ឋ និងយុវជនជាច្រើន បាននឹង​កំពុង​បរិច្ចា​គឈាម​ក្នុង​ព្រឹត្តិការណ៍​បរិច្ចាគឈាម ដើម្បីផ្តល់ឈាម ផ្តល់ក្តីស្រលាញ់សម្រាប់កម្ពុជា ក្នុងនោះពលរដ្ឋ និង​យុវជន​សុទ្ធ​តែបង្ហាញការពេញចិត្តចំពោះសកម្មភាពមនុស្សធម៌មួយនេះ។ពលរដ្ឋនិងយុវជន បានប្រាប់ថា ពួកគាត់ពេញចិត្តណាស់ ហើយពេញ​ចិត្ត​ដោយ​ភាព​សប្បាយ​រីករាយ ដោយសង្ឃឹមថា ឈាមមួយយកំប្លោកៗរបស់ពួកគាត់ នឹងជួយ​សង្រ្គោះជី​វិត​ពលរដ្ឋ​ដែល​នឹង​ត្រូវ​ការ​ឈាមជាចាំបាច់ជាក់ជាពុំខាន។ចំណែកលោក គុជ ឆៃយ៉ា ប្រធានចាត់ការទូទៅក្រុមបាល់ទាត់ពិធិករកីឡាកម្ពុជា ឈាមឱសថ ដែល​មានតម្រូវការខ្ពស់ ក្នុងការជួយសង្គ្រោះជីវិតមនុស្សទូទៅដែលត្រូវការឈាមក្នុងមួយថ្ងៃៗ ពិសេស ដើម្បីត្រៀមបង្ការឈាមទុក ក្នុងកាលៈទេសៈណាមួយ ដែលមិនអាចនឹកស្មានដល់ ដើម្បី​មាន​ឈាម ជួយប្រជាពលរដ្ឋខ្មែរភ្លាមៗ ហើយក្រុមបាល់ទាត់ពិធិករកីឡាកម្ពុជា បានរួម​សហការ​គ្នា ដើម្បីឱ្យពលរដ្ឋ និងយុវជន រួមគ្នាផ្តល់ក្តីស្រលាញ់សម្រាប់កម្ពុជាទំាងអស់គ្នា ហើ​យស​ង្ឃឹម​ថា​រយៈ​ពេល​២​ថ្ងៃ បងប្អូន ប្រជាពលរដ្ឋ និងយុវជន នឹងនាំគ្នាមកបរិច្ចាគ​ឈាម​ច្រើន​។ជាមួយគ្នានេះ លោក សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល បាន ប្រាប់​ដែរ​ថា បច្ចុប្បន្ននេះ តម្រូវការឈាម មានការកើនឡើង ហើយរៀងរាល់៥នាទីម្តង កម្ពុជា​ត្រូវ​ការ​ឈាមមួយប្លោកដើម្បីជួយសង្គ្រោះជីវិតមនុស្ស ហើយក្នុងមួយថ្ងៃ ត្រូវការឈាមពី ៣៥០ប្លោក ទៅ​៤៥០ ប្លោក ហើយក្នុងមួយឆ្នាំកម្ពុជាត្រូវការឈាមប្រមាណជាង១សែន៧ម៉ឺនប្លោក ដូចនេះ​នៅ​តែ​ចង់​ឱ្យពលរដ្ឋខ្មែរ បន្តបរិច្ចាគឈាមថែម​ទៀត​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស។សូមបញ្ជាក់ថា ព្រឹត្តិការណ៍បរិច្ចាគឈាម ដើម្បីផ្តល់ឈាម ផ្តល់ក្តីស្រលាញ់សម្រាប់កម្ពុជា រៀប​ចំ​ឡើង​ដោយ​ក្រុមបាល់ទាល់ពិធីករកីឡាកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡំាពិក ដែលមាន​រយៈ​ពេល​២​ថ្ងៃ ចាប់ពីថ្ងៃទី១៤ និងទី១៥ខែវិច្ឆិកា ចាប់ពីម៉ោង ៧កន្លះព្រឹករហូតដល់ម៉ោង៥រសៀល៕

ឯកឧត្តម ហ៊ុន ម៉ានី បរិច្ចាគឈាម ដើម្បីផ្តល់ឈាម ផ្តល់ក្តីស្រលាញ់សម្រាប់កម្ពុជា

2025/11/14 04:09:17 pm        366
ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមប្រធានកិត្តិយស់ក្រុមបាល់ទាល់ពិធីករកីឡាកម្ពុជា បានអញ្ជើញ ចូល​រួមបរិច្ចាគឈាម ដើម្បីផ្តល់ឈាមផ្តល់ក្តីស្រលាញ់សម្រាប់កម្ពុជា ក្នុងគោលបំណងរួបរួម សាមគ្គីគ្នា ជាកម្លាំងតែមួយជាមួយប្រជាពលរដ្ឋកម្ពុជា និងរាជរដ្ឋាភិបាល។បញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅទីតាំងបរិច្ចាគឈាមនៅពហុកីឡដ្ឋានជាតិ ឯកឧត្តម ហ៊ុន ម៉ានី បាន​គូសបញ្ជាក់ថា សម្រាប់ក្រុមបាល់ទាល់ពិធីករកីឡា បានរៀបចំកម្មវិធីបរិច្ចាគឈាមនេះ ជា​លើកទី៣ហើយ ដោយលើកនេះជាលើកទី៣ ហើយដោយសារប្រទេសកម្ពុជា នៅតែ​មាន​តម្រូវ​ការ​ឈាមច្រើនក្នុងមួយថ្ងៃៗ ពិសេសដើម្បីត្រៀមបង្ការឈាមទុក ក្នុងកាលៈទេសៈណាមួយ ដែល​មិន​អាច​នឹកស្មានដល់ ហើយដើម្បីត្រៀមឱ្យមានឈាមទុកនៅក្នុងស្តុកជាមុន។ ឯកឧត្តម បាន​បន្ត​ទៀត​ថា ​ក្នុងនេះឯកឧត្តម ចង់ឱ្យបងប្អូនប្រជាពលរដ្ឋ យុវជន សិស្សនិស្សិត នាំគ្នាចូល​រួម​បរិច្ចា​គ​ឈាម ​ដើម្បីប្រជាជនកម្ពុជា ហើយដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ដែល​ត្រូវ​ទាហាន​ថៃ​បាញ់​រះ​បណ្តាលឱ្យរងរបួស នៅភូមិព្រៃចាន់ផងដែរ ជាមួយគ្នានេះឯកឧត្តម​ស្នើ​ឱ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ ត្រូវជឿជាក់លើការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។សូមបញ្ជាក់ថា បើយោងតាមមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបញ្ជាក់ថា រៀងរាល់៥នាទីម្តង កម្ពុជា​ត្រូវការឈាមមួយប្លោកដើម្បីជួយសង្គ្រោះជីវិតមនុស្ស ហើយក្នុងមួយថ្ងៃ ត្រូវការឈាមពី ៣៥០​ប្លោក ទៅ៤៥០ប្លោក ហើយក្នុងមួយឆ្នាំ​កម្ពុជា​ត្រូវ​ការ​ឈាម​ប្រមាណ​ជាង​១​សែន​៧​ម៉ឺន​ប្លោក​៕ អត្ថបទ៖ គង់ រ៉េន

ឯកឧត្តម គន់ គីម៖ សម្តេចតេជោ ហ៊ុន សែន មានចក្ខុវិស័យវែងឆ្ងាយគិតគូរពីសុខទុក្ខ​អតីតយុទ្ធជន និងនិវត្តជន

2025/11/14 04:00:28 pm        498
ព្រះវិហារ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាជិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះវិហារ ព្រមទាំងសំណេះសំណាលជាមួយនិវត្តជន ដែលពិធីនេះប្រព្រឹត្តនៅសាលប្រជុំ សាលាខេត្តព្រះវិហារ។ពិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ អ.ន.ក, ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត និងជាប្រធានសមាគមខេត្ត, ឧត្តមសេនីយ៍ទោ សួស ចាន់ដារ៉ា ស្នងការនគរបាលខេត្ត និងជាអនុប្រធានប្រចាំការសមាគមខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, តំណាងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, អភិបាលក្រុង-ស្រុក, ចៅសង្កាត់-មេឃុំ, លោក-លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, កងកម្លាំងទាំងបី, អតីតយុទ្ធជន និងនិវត្តជន សរុបចំនួនជាង ៣០០នាក់។បន្ទាប់ពី ឯកឧត្តម អភិបាលខេត្ត ប្រកាសប្តេជ្ញាចិត្ត, ឯកឧត្តម គន់ គីម មានប្រសាសន៍ថា យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម បានដាក់ចេញគោលការណ៍ក្នុងការកែសម្រួលសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតាមបណ្តារាជធានី-ខេត្ត, ក្រុង- ស្រុក និងសាខាសមាគមឃុំ-សង្កាត់ ដើម្បីផ្តល់លទ្ធភាពដល់ការអនុវត្តគោលការណ៍ និងការយកចិត្តទុកចិត្តជូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ដែលបានមកជ្រកក្រោមឆ័ត្រមួយរបស់សមាគម។ឯកឧត្តម គន់ គីម មានប្រសាសន៍កោតសរសើរចំពោះគណៈកម្មាធិការសមាគមខេត្តគ្រប់លំដាប់ថ្នាក់ ដែលតែងតែអនុវត្តតួនាទីក្នុងការសម្របសម្រួល ដើម្បីរៀបចំឱ្យអតីតយុទ្ធជនជួបការលំបាក ទទួលបានគោលនយោបាយ និងអត្ថប្រយោជន៍នានាពីរាជរដ្ឋាភិបាល។ ឯកឧត្តម គន់ គីម មានប្រសាសន៍រម្លឹកថា គោលបំណងចំបងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម មានចក្ខុវិស័យវែងឆ្ងាយគិតគូរដល់អតីតយុទ្ធជន និងនិវត្តជន ដែលជួបការលំបាកឱ្យទទួលបានអត្ថប្រយោជន៍ ដោយសារអតីតយុទ្ធជន និងនិវត្តជនទាំងអស់សុទ្ធសឹងតែជាអ្នកតស៊ូ ពលី និងលះបង់បម្រើជាតិមាតុភូមិដូចគ្នា និងជាកម្លាំងសាមគ្គីមួយដ៏រឹងមាំដែលបានរួមចំណែកការពារជាតិ ស្ថាបនា និងអភិវឌ្ឍន៍ជាតិមកទល់ពេលបច្ចុប្បន្ន។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម គន់ គីម បានណែនាំដល់គណៈកម្មាធិការសមាគមខេត្តគ្រប់លំដាប់ថ្នាក់ ត្រូវបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមការប្រគល់ភារកិច្ចរបស់ថ្នាក់ដឹកនាំសមាគម សំដៅធ្វើយ៉ាងណាឱ្យសមាជិកជាអតីតយុទ្ធជន និងនិវត្តជនទាំងអស់ទទួលបានការលើកកម្ពស់ជីវភាពរស់នៅកាន់តែប្រសើរឡើង។ជាចុងបញ្ចប់ ឯកឧត្តម គន់ គីម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ សូមរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍បន្ថែមទៀតពីរាជរដ្ឋាភិបាល៕

សម្ដេចធិបតី​ជួបពិភាក្សាតាម​ទូរសព្ទ​ជាមួយ​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​ អំពី​ការ​បន្ត​ស្វែង​រក​ដំណោះ​ស្រាយ​ជម្លោះ​ព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី

2025/11/14 03:43:20 pm        625
នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្រ្ដី​​​នៃ​កម្ពុជា បានជួបសន្ទានា​តាមទូរស័ព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី ដើម្បី​ពិភាក្សាអំពីការបន្តស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។ សម្ដេចធិបតីបានថ្លែងថា៖«នារសៀលនេះ ខ្ញុំបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីការបន្តស្វែងរក​ដំណោះ​ស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃដោយសន្តិវិធី»។ សម្ដេច​នាយករដ្ឋមន្រ្ដីបានថ្លែងអំណរគុណ ឯកឧត្ដម Anwar ដែលបាន​បន្ត​ដើរ​តួនាទី​យ៉ាង​សំខាន់ ​និងសកម្មក្នុងការសម្របសម្រួល ស្វែងរកដំណោះស្រាយដោយសន្តិវីធីរវាងកម្ពុជា និ​ង​ថៃ​។ សម្ដេចធិបតីបានបញ្ជាក់ថាកម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និង​ដោយ​ប្រើប្រាស់យន្តការដែលមានស្រាប់ និងបានឯកភាពគ្នាកន្លងមក ជាពិសេស​ស្រប​តាម​ស្មារតី​នៃ​សេចក្តី​ថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បី​ឈាន​ទៅ​ដល់​ការ​បញ្ចប់​ជម្លោះព្រំដែន និងកសាងសន្តិភាពរវាងប្រទេសទាំងពីរ៕

កម្ពុជាស្នើឱ្យគណៈប្រតិភូ Baiyi Club សិក្សាលើការវិនិយោគ និងជួយ​ជំរុញ​វិនិយោគិន​ចិន​មក​បណ្តាក់​ទុន

2025/11/14 03:34:36 pm        497
អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ស្នើឱ្យគណៈប្រតិភូ Baiyi Club សិក្សា​ស្វែង​យល់​ពី​ឱកាសវិនិយោគក្នុងការផលិតវត្ថុ ធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចនៅកម្ពុជា នឹង​នាំយ​ក​ម៉ាកល្បីៗរបស់ចិន ក៏ដូចជាការជំរុញវិនិយោគិនចិន មកបណ្តាក់ទុន វិនិយោគនៅកម្ពុជា។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ Baiyi Club ដឹកនាំដោយលោក វ៉ាង យ៉ុង (Wang Yong) ប្រធានក្រុមហ៊ុន Top Brand Union, ស្ថាបនិក Baiyi Club និងជាប្រធាន China Brand Festival ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដ៏មានឥទ្ធិពលមួយនៅប្រទេស ចិន ដើម្បីផ្សព្វផ្សាយម៉ាកយីហោចិនល្បីៗក្នុងវិស័យឧស្សាហកម្មផ្សេងៗ។ ឯកឧត្តមអគ្គលេខាធិការ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះគណៈប្រតិភូ និងបានលើកឡើងអំពីវត្តមានរបស់ម៉ាក យីហោល្បីៗរបស់ចិន កំពុងតែលេចឡើង និងមានប្រជាប្រិយភាពនៅកម្ពុជា ជាពិសេសក្នុងវិស័យយានយន្ត និងគ្រឿងអេទ្បិចត្រូនិច។ តាមរយៈជំនួបលើកនេះ ឯកឧត្តមសង្ឃឹមថា គណៈប្រតិភូដែលជាសមាជិកនៅក្នុងសម្ព័ន្ធធុរកិច្ច Baiyi Club នឹងនាំយកម៉ាកល្បីៗរបស់ចិន ក៏ដូចជាជំរុញវិនិយោគិនចិន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តមក៏បានជម្រាបជូនគណៈប្រតិភូពីទំនាក់ទំនងការទូត និងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ដែលត្រូវបាន យកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរ និងបានលើកទ្បើងពីភាពល្អប្រសើរ នៃស្ថានភាពវិនិយោគនៅ កម្ពុជា ដែលមានភាពបើកចំហ និងអំណោយផល ដោយឆ្លុះបញ្ចាំងតាមរយៈកំណើនវិនិយោគ។ រីឯទំហំវិនិយោគរបស់ចិន នៅតែរក្សា បាននូវចំណាត់ថ្នាក់លេខ១ ក្នុងរយៈពេលមួយទស្សវត្សរ៍នេះ។ ឯកឧត្តមអគ្គលេខាធិការ ក៏បានជម្រាបជូនថា កម្ពុជាបានមានគំនិតផ្តួច ផ្តើមឧស្សាហកម្មសមាហរណ សំដៅចាប់យកនូវការវិនិយោគរបស់ចិនក្នុងចង្កោមឧស្សាហកម្ម ដែលអាចធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ពិសេសការផលិតវត្ថុធាតុដើម និងផលិតផល ពាក់កណ្តាលសម្រេច បញ្ហានេះ,ឯកឧត្តម ស្នើឱ្យគណៈប្រតិភូគិតគូរពីការវិនិយោគក្នុងការ ផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចនៅកម្ពុជាដែលបច្ចុប្បន្នកំពុងមានសក្តានុពលខ្ពស់។ លោក វ៉ាង យ៉ុង បានជម្រាបជូនពីសាវតារបស់ Baiyi Club ដែលបានបង្កើតទ្បើងតាំងពីឆ្នាំ១៩៩៦ ដើម្បីចងក្រងជាសម្ព័ន្ធ ធុរកិច្ចចិន ផ្តោតទៅលើការអភិវឌ្ឍម៉ាកយីហោ (Brand) ឱ្យមានលក្ខណៈអន្តរជាតិ ជាពិសេសការស្វែងរកទីផ្សារដែលទើបតែងើបទ្បើង បច្ចុប្បន្ន Baiyi Club មានសមាជិកជាសហគ្រាសធំៗជាច្រើន ដែលមានកម្មវត្ថុអាជីវកម្មក្នុងវិស័យមួយចំនួនដូចជា យានយន្ត បរិស្ថាន មូលប័ត្រ និងការផលិតបរិក្ខារវេជ្ជសាស្ត្រជាដើម។ ជារួម សមាជិកគណៈប្រតិភូបានកត់សម្គាល់ឃើញថា កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធ ល្អប្រសើរ ហើយបរិស្ថានវិនិយោគពិតជាមានភាពអំណោយផល ក្នុងនោះសមាជិកគណៈប្រតិភូ បានបង្ហាញឆន្ទៈយ៉ាងមុតមាំ ក្នុងការ បណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ប្រមុខការពារជាតិកម្ពុជា-វៀតណាម អញ្ជើញជាអធិបតីលាបបង្គោលព្រំដែនលេខ១៧១, ទស្សនាការល្បាតកងទ័ពរួមគ្នា និងបញ្ចុះបឋមសិលាសាងសង់ហេដ្ឋា​រចនាសម្ព័ន្ធ​សាលា​បឋមសិក្សា សាំង សុវណ្ណ

2025/11/14 03:27:54 pm        678
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញជាអធិបតីភាព ពិធីលាបបង្គោលព្រំដែនលេខ ១៧១ ទស្សនាការល្បាតរួមគ្នារវាងកងទ័ពប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) និងបន្តដំណើរចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សាលារៀនបឋមសិក្សា សាំង សុវណ្ណ ដែលផ្តួចផ្ដើមសាងសង់ឡើងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ស្ថិតនៅស្រុកស្វាយទាប ឃុំស្វាយរំពារ ខេត្តស្វាយរៀង។ លោក ជា ហ៊ន អភិបាលស្រុកស្វាយទាប បានឱ្យដឹងថា ទូទាំងស្រុកស្វាយទាបមានសាលារៀនមានមត្តេយ្យសិក្សាសហគមន៍ និងមត្តេយ្យរដ្ឋចំនួន ៤២កន្លែង បឋមសិក្សាមាន២៥កន្លែង និងអនុវិទ្យាល័យ៦កន្លែង វិទ្យាល័យ២កន្លែង។ ដោយឡែកសាលាបឋមសិក្សា សាំង សុវណ្ណ ដើមឡើយ ដែលមានទីតាំងនៅក្នុងវត្តពោធិ៍ទន្ទឹម ស្ថិតនៅភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ដោយពិនិត្យឃើញស្ថានភាពតូចចង្អៀត ចំនួនសិស្ស កើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ និងចំនួនថ្នាក់រៀនមានចំនួនតិច មិនសមស្របទៅតាមនិយាមរបស់ក្រសួងអប់រំយុវជន និងកីឡា ឃើញស្ថានភាពបែបនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើការផ្តួចផ្តើមរកទិញដីនៅទីតាំងថ្មីសម្រាប់កសាងសាលាបឋមសិក្សា សាំង សុវណ្ណ ដោយមានប្រកាសលេខ៨០៣ អយកប្រក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ របស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការផ្លាស់ប្តូរឈ្មោះសាលាបឋមសិក្សា ពោធិ៍ទន្ទឹម ទៅជាសាលាបឋមសិក្សា សាំង សុវណ្ណ នាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើចាប់ផ្តើមទិញដី និងសាងសងហេដ្ឋារចនាសម្ព័ន្ធនានា លើផ្ទៃដី ចំនួន ៣១,៥៧០ មែត្រការ៉េ។ចំពោះការក៏សាងហេដ្ឋារចនាសម្ព័ន្ធសាលាបានស្ថាបនាលូកាត់ផ្លូវ៣ខ្សែ និងក្រាលថ្មមិច ធ្វើផ្លូវបានចាក់អាចម៌ដីបំពេញទីធ្លាសាលា សាងសង់របងថ្មព័ន្ធជុំវិញសាលា តបណ្តាញអគ្គីសនី នឹងបន្តសាងសង់អគារសិក្សាចំនួន៤ខ្នង អគារទីចាត់ការ ចំនួន១ខ្នង បណ្ណាល័យចំនួន១ខ្នង បន្ទប់អនាម័យចំនួន៣ខ្នង ទីលានបាល់ទាត់សួនកុមារ និងបំពាក់ឧបករណ៍ក្មេងលេងកំសាន្ត ប្រព័ន្ធលូចម្រោះទឹកកខ្វក់ ទម្រធុងទឹក និងធុងទឹកចម្រោះ បង្គោលដងទង់ជាតិ ក្លោងទ្វា និងស្លាកឈ្មោះសាលា រោងដាក់-កង់ម៉ូតូ ស្ថាបនាផ្លូវបេតុង ដាំដើមឈើ និងការងារសាងសង់មួយចំនួនទៀតដែលការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា គ្រោងចំណាយថវិកាចំនួន ២,០០១,៩៨៤ ដុល្លារផងដែរ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានថ្លែងថា ក្នុងនាមក្រសួងការពារជាតិកម្ពុជាសូមថ្លែងអំណរគុណនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារ ប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូអមដំណើរដែលបានអញ្ជើញមកចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់សាលា និងពិសារអាហារសាមគ្គី រៀបចំដោយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនាពេលនេះ គឺជាឱកាសមួយដ៏មានតម្លៃបន្ថែមទៀត ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលជាប្រពៃណីដ៏ល្អផូរផង់ជាយូរលង់ណាស់មកហើយ រវាងកងទ័ពប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា-វៀតណាម ដោយកន្លងមករដ្ឋាភិបាល និងកងទ័ពទាំងពីរតែងតែសហការ និងគាំទ្រដល់គ្នាទៅវិញទៅមក ទាំងវិស័យការពារជាតិ និងវិស័យផ្សេងៗទៀត ដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍប្រទេសជាតិបានយ៉ាងឆាប់រហ័ស។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ស្ថិតក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ គួរកត់សម្គាល់ផងដែរថា គឺចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយបណ្តាថ្នាក់ដឹកនាំរបសភាគីមិត្តវៀតណាមជាច្រើនលើកកន្លងមក ដែលជំនួបទាំងនេះ ជាការឆ្លុះបញ្ចាំង អំពីទំនាក់ទំនង មិត្តភាពល្អជិតស្និទ្ធដ៏យូរលង់ រវាងប្រទេស កម្ពុជា-វៀតណាម ដោយប្រកាន់ជំហរមិនប្រែប្រួលក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា និងបន្តគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧។ ជាពិសេសការពង្រីកកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ក្នុងកម្រិតខ្ពស់ ស្របតាមដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជនទាំងពីរ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា សម្រាប់ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ក៏សង្កេតឃើញមានការកើនឡើង ជាបន្តបន្ទាប់ នូវសកម្មភាពកិច្ចសហប្រតិបត្តិការរួមមាន៖ ការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក ការហ្វឹកហ្វឺន បណ្តុះបណ្តាលយោធិន ដើម្បីបង្កើនសមត្ថភាព ជាពិសេសមានការរៀបចំលំហាត់ សមយុទ្ធរួមគ្នា ដែលនឹងផ្តោតសំខាន់លើការសង្គ្រោះគ្រោះមហន្តរាយ និងកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា-ឡាវ-វៀតណាម សកម្មភាព ទាំងនេះ បានពង្រឹងនូវទំនាក់ទំនង និងបង្កើនជំនឿទុកចិត្តក្នុងវិស័យការពារជាតិ និងសន្តិសុខ ដើម្បីឈានទៅ ដល់ការ កសាងកិច្ចសហប្រតិបត្តិការយោធារួមគ្នា ដើម្បីចូលរួមជំរុញលើកកម្ពស់ចក្ខុវិស័យសន្តិសុខរួមសហ ប្រតិបត្តិការ និងសន្តិសុខ ប្រកបដោយនិរន្តរភាព ព្រមទាំងចូលរួមរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់រួមគ្នាផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM