មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-អាម៉េរិក ពិភាក្សាអំពីការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា

ព័ត៌មានជាតិ

ឯកឧត្តម ហង់ជួន ណារ៉ុន៖ «ប្រតិភូកាយ​រឹទ្ធិ​ជាតិ​កម្ពុជា​ទៅ​ចូល​រួម​ការ​បោះ​ជំរំ​នៅ​សិង្ហបុរី​ទាំង​អស់​ត្រូវ​ចង​ចាំជានិច្ចថា ខ្លួន​​ជា​ទូត​សុឆន្ទៈ​របស់​ជាតិ រាល់សកម្មភាព ឥរិយាបថ គឺបង្ហាញពីវប្បធម៌ សុជីវធម៌ និងមុខមាត់ជាតិយើង»

2025/11/14 01:16:12 pm        288
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសម និ​ង​សំណេះ​សំណាល​ជា​មួយ​ប្រតិ​ភូកាយរឹទ្ធិជាតិកម្ពុជាចំនួន ៣៨នាក់ ដែលនឹងចូល​រួម​ការបោះ​ជំរំ​កាយ​រឹទ្ធិអ​ន្តរ​ជាតិ​សិង្ហ​បុរី​ (Singapore International Jamboree 2025) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី ដោយមានការចូលរួមពីសំណាក់ លោកជំទាវ អគ្គ​នាយកនៃអគ្គនាយកដ្ឋានយុវជន និងជាប្រធានស្នងការ កាយរឹទ្ធិជាតិកម្ពុជា (ក.ជ.ក) ឯកឧត្តម លោក​ជំទាវ លោក លោកស្រី សមាជិក សមាជិកា ក.ជ.ក។នាឱកាស ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អបអរសាទរ​ដល់​ប្រតិភូ​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​ទាំង​៣៦នាក់ និងមេដឹកនាំកាយរិទ្ធិ២នាក់ ដែលមានឱកាសជាតំ​ណាង​ឱ្យកា​យ​រឹទ្ធិ​ជាតិ​កម្ពុជា ​ចូលរួមក្នុងការបោះជំរំអន្តរជាតិសិង្ហបុរី ដែលជាកិត្តិយសដ៏ធំធេងមួយ។ ដូច្នេះហើយ ក្នុង​ពេល​បំពេញបេសកកម្ម សូមប្រតិភូកាយរឹទ្ធិជាតិកម្ពុជាទាំងអស់ត្រូវចងចាំជានិច្ចថា ខ្លួន​គឺ​ជា​ទូត​សុឆន្ទៈ​របស់​ជាតិ រាល់សកម្មភាព ឥរិយាបថ និងការប្រាស្រ័យទាក់ទង គឺបង្ហាញពីវប្បធម៌ សុជីវធម៌ និងមុខមាត់របស់ប្រជាជនកម្ពុជាយើង ហើយត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បី​សិក្សា​រៀន​សូត្រ ផ្លាស់ប្ដូរបទពិសោធ និងពង្រីកចំណេះដឹងថ្មីៗពីមិត្តភក្ដិកាយរឹទ្ធិអន្តរជាតិ។ បន្ថែម​លើនេះ សូមក្រុមការងារ រៀបចំកិច្ចប្រជុំដោយឡែក ដើម្បីណែនាំប្រតិភូកាយរឹទ្ធិជាតិកម្ពុជា លម្អិត​លើកា​រត្រៀមខ្លួនបន្ថែម ពាក់ព័ន្ធនឹងដំណើរការនៃកម្មវិធី ការត្រៀមលក្ខណៈ និង​សម្ភា​រៈចាំ​បាច់ និងសំខាន់បំផុត គឺសុវត្ថិភាពទាំងផ្នែកសុខភាព រាងកាយ និងស្មារតី។តាង​នាមថ្នាក់ដឹកនាំកាយរិទ្ធិជាតិកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី បាន​ជូន​ពរ​ប្រតិភូ​កាយ​រិទ្ធិទាំង ៣៨នាក់ ឱ្យបំពេញបេសកកម្មប្រកបដោយភាពជោគជ័យ និងសូមយក​ឱកាស​ដ៏​មាន​តម្លៃនេះ ដើម្បីសិក្សារៀនសូត្រ​ឱ្យ​បាន​ទូលំ​ទូលាយ​ពី​ប្រទេស​សិង្ហបុរី​ដែល​ជា​ម្ចាស់​ផ្ទះ ​និងបណ្តាប្រទេសផ្សេងទៀតដែលចូលរួម ដើម្បីពង្រីកទស្សនៈវិស័យរបស់ខ្លួន និងត្រៀ​មខ្លួ​ន​ក្លាយ​ជា​ពលរដ្ឋសកលប្រកបដោយគុណភាព។ ទន្ទឹមនឹងការរៀនសូត្រនេះ ក្មួយៗក៏ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​វិន័យ ក្រមសីលធម៌ សណ្ដាប់ធ្នាប់ ច្បាប់របស់កាយរិទ្ធិ និងគោរ​ព​មេដឹ​ក​នាំ​ក្រុម​ឱ្យ​បាន​ម៉ឺង​ម៉ាត់ ហើយអ្វីដែលសំខាន់បំផុត គឺត្រូវរក្សាស្មារតីសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ និងយក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត​លើសុវត្ថិភាពផ្ទាល់ខ្លួន និងសុវត្ថិភាពក្រុមទាំងមូល រហូតដល់បញ្ចប់​បេសកកម្ម​ដោយ​ជោគ​ជ័យ និងវិលត្រឡប់មកកាន់ជាតិមាតុភូមិវិញ ប្រកបដោយសុខសុវត្ថិភាព។សូមបញ្ជាក់ថា សមាគមកាយរឹទិ្ធសិង្ហបុរី (Singapore Scout Association – SSA) រៀប​ចំ​ការ​បោះជំរំកាយរឹទ្ធិជំទង់ អន្តរជាតិសិង្ហបុរី(Singapore International Jamboree 2025) ចាប់ពី​ថ្ងៃ​ទី១៨ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីអបអរសាទរខួប ៦០ឆ្នាំ នៃឯករាជ្យ​ជាតិ​សិង្ហ​បុរី និងប្រមូលផ្តុំកាយរឹទិ្ធមកពីក្នុងតំបន់ ធើ្វការបណ្តុះបណ្តាល អភិវឌ្ឍសមត្ថភាព ផ្លាស់​ប្តូរ​បទ​ពិសោធ និងសិក្សារួមគ្នារវាងវប្បធម៌ចម្រុះ របស់ជាតិ​សាសន៍​មក​ពី​បណ្តាប្រ​ទេស​ជា​សមាជិក​អាស៊ាន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ តាមការរំពឹងទុកគណៈកម្មការរៀបចំជំរំ មាន​កាយ​រឹទិ្ធ​ចូល​រួម​ចំនួន​ប្រមាណ ១០០០នាក់ មកពីបណ្តាប្រទេស ជាសមាជិកតំបន់អាស៊ាន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក​៕

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ បេសកកម្មក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តី អាចសម្រេចទៅបានអាស្រ័យលើសន្តិភាព

2025/11/14 01:12:54 pm        160
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានសម្តែងការពេញចិត្តនិងអបអរសាទរចំពោះការសម្រេចបានជោគជ័យគួរជាទីមោទនៈក្នុងការលើកម្ពស់សមភាពយេនឌ័រនៅកម្ពុជា។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ក្នុងរយៈពេល ៣ ទសវត្សរ៍ កន្លងមកនេះ ក្រោមម្លប់សន្តិភាព និងស្ថិរភាពនយោបាយដ៏រឹងមាំ តាមរយៈការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់«ស្រ្តី និងក្មេងស្រី»។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងដូច្នេះ នៅក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកវេទិកាជាតិស្តីពី «ស្រ្តីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច» ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ស្ត្រីនិងក្មេងស្រី ដើម្បីទាំងអស់គ្នា» ដែលរៀបចំឡើងដោយក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ "សម្តេចតេជោ តែងតែយកចិត្តទុកដាក់ គាំទ្រ និងជំរុញការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ ដោយបានពន្លឿនដំណើរឆ្ពោះទៅសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ និងជាប្រយោជន៍ពុំអាចកាត់ថ្លៃបានសម្រាប់«ស្រ្តី និងក្មេងស្រី»ដោយបានដាក់ចេញ និង អនុវត្តគោលនយោបាយសមភាពយេនឌ័រនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព តាមរយៈយុទ្ធសាស្ត្រចតុកោណ ទាំងបួនដំណាក់កាល ដែលបានកំណត់ «ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ» និងបានបង្កើនឱ្យមានវត្តមានស្រ្តីកាន់តែច្រើនឡើងៗ នៅក្នុងថ្នាក់ធ្វើសេចក្តីសម្រេចចិត្ត និងជាតំណាង ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។"សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងមានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្តេជ្ញាពង្រឹងភាពជាប្រជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ក្នុងនោះ«ស្រ្តី គឺជាស្នូល»។ រាជរដ្ឋាភិបាលបានបន្តបង្កើនការវិនិយោគ សំខាន់ៗលើសមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តី ដែលក្នុងនោះមានវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ ការបង្កលក្ខណៈអំណោយផលដល់ស្រ្តីក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តលើផែនការគ្រួសារ, ការកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការលើកកម្ពស់ ទំនាក់ទំនងអន្តរជំនាន់។ សម្តេចធិបតី ក៏បានបញ្ជាក់យ៉ាងច្បាស់ថា «ពិភពលោកនឹងកាន់តែមានសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។ក្នុងក្របខណ្ឌអង្គនីតិប្បញ្ញត្តិ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រដ្ឋសភាបានអនុម័តច្បាប់នានាដែលមានលក្ខណៈទូលំទូលាយ និងឆ្លើយតបនឹងយេនឌ័រ ។ គោលនយោបាយសាធារណៈ និងច្បាប់បានគិតគូរ និងដោះស្រាយបញ្ហាប្រឈមរបស់«ស្រ្តីនិងក្មេងស្រី» ព្រមទាំងពង្រឹងសមត្ថភាពស្រ្តី តាមរយៈគំនិតផ្តួចផ្តើម និងវេទិកាសភាជាច្រើន រួមមានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តី ដែលជាសេនាធិការរបស់ស្ថាប័នរដ្ឋសភា ក្នុងការបញ្ជ្រាបយេនឌ័រ សំដៅរួមចំណែក ក្នុងការលើកកម្ពស់សមភាព យេនឌ័រ និងផ្តល់ភាពអង់អាចដល់«ស្រ្តីនិងក្មេងស្រី» និងការបង្កើតឱ្យមានវេទិកានិងកម្មវិធី ដែលផ្តោតទៅលើសិទ្ធិនិងសុខុមាលភាពរបស់ស្រ្តីនិងយុវជន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីផ្តល់នូវការងារសមរម្យ និងសម្រេចចក្ខុវិស័យរួម។ ទាំងនេះគឺជាកិច្ចការដ៏សំខាន់ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តី។នៅក្នុងវេទិកាដែលមានអ្នកចូលរួមផ្ទាល់និងតាមប្រព័ន្ធនិម្មិត សរុបប្រមាណជាង២០០នាក់ មកពីក្រសួងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូត ដៃគូអភិវឌ្ឍន៍ អង្គការ សមាគមនិង បណ្តាញសង្គមស៊ីវិល ស្ថាប័នស្រាវជ្រាវ វិស័យឯកជន និងនិស្សិត សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា បេសកកម្មក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តីអាចសម្រេចទៅបាន អាស្រ័យលើសន្តិភាព។ បើគ្មានសន្តិភាពគឺគ្មានអ្វីទាំងអស់ គ្មានការលើកកម្ពស់យេនឌ័រ គ្មានការអភិវឌ្ឍ ហើយអ្វីនៅសេសសល់គឺមានតែទុក្ខវេទនាសោកសៅ ការខ្ទេចខ្ទាំ ផេះផង់បន្សល់ពីភ្នក់ភ្លើងនៃសង្រ្គាម។ អ្នកដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតគឺស្រ្តីនិងកុមារ ដែលតែងតែទទួលរងការរំលោភបំពាន បៀតបៀន ជិះជាន់ និងអំពើហិង្សា គ្រប់ប្រភេទ។សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់ការរៀបចំ «វេទិកាជាតិ ស្តីពីស្រ្តីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច»ក្នុងគោលបំណង លើកកម្ពស់ភាពជាតំណាងរបស់ «ស្រ្តីនិងក្មេងស្រី» ដើម្បីពង្រឹងបណ្តាញសាមគ្គីភាពនិងគាំទ្រគ្នាទៅវិញទៅមក ក្នុងចំណោមថ្នាក់ដឹកនាំជាស្រ្តីនៅគ្រប់កម្រិតនិងគ្រប់ជំនាន់ ព្រមទាំងសំដៅជំរុញការគាំទ្រពីដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងតួនាទីរបស់ស្រ្តី ក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចនៅគ្រប់កម្រិត។ សម្តេចបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងកិច្ចការនារី និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរួមសហការគ្នារៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ឱ្យក្លាយជាព្រឹត្តិការណ៍ជាតិប្រចាំឆ្នាំ ដើម្បីផ្តល់ឱកាសឱ្យស្រ្តីជាថ្នាក់ដឹកនាំគ្រប់កម្រិត ទទួលបាននូវបទពិសោធន៍ល្អៗ និងគន្លឹះល្អៗ នៃភាពជាអ្នកដឹកនាំរបស់ស្រ្តី និងស្វែងរកនូវវិធានការសមស្រប ដើម្បីឈានទៅសម្រេចបាននូវបេសកកម្មរួមគ្នា គឺការលើក កម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីនៅគ្រប់ទិដ្ឋភាព ទាំងក្នុងវិស័យសាធារណៈ វិស័យឯកជន នយោបាយ សេដ្ឋកិច្ច សង្គម ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ឆ្លៀតនៅក្នុងឱកាសនោះ ជំនួសមុខឱ្យអង្គពីធីទាំងមូល សម្តេចប្រធានរដ្ឋសភាបានថ្កោលទោសដាច់អហង្ការ ចំពោះការបាញ់ប្រហាររបស់ទាហានថៃមកលើប្រជាជនខ្មែរ ដែលជាជនស៊ីវិលស្លូតត្រង់ ក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពី ថ្ងៃទីពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យប្រជាជនខ្មែរ ០១ រូប បាត់បង់អាយុជីវិត និងជាច្រើននាក់ទៀតរងរបួស។ការវាយប្រហារនេះ ជាអំពើឃោរឃៅយង់ឃ្នង អមនុស្សធម៌ ដែលមិនត្រឹមជាការំលោភបំពានលើអធិបតេយ្យរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទំាងរំលោភបំពានធ្ងន់ធ្ងរលើសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលនាយករដ្ឋមន្រ្តីនៃប្រទេសទំាងពីរបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលាថ្មីៗកន្លងទៅ អំឡុងពេលដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានវត្តមានជាសាក្សី ពី ឯកឧត្តម ដូណាល់ ត្រំា ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន។    ការបាញ់ប្រហារនេះ ក៏ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដល់ច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ក្នុងកាលៈទេសៈប្រទេសជាតិប្រឈមនឹងការគំរាមកំហែង និងភាពមិនប្រាកដប្រជាបែបនេះ ជាពេលវេលាសំខាន់ជាងពេលណាៗទាំងអស់ ដែលយើងទាំងអស់គ្នាត្រូវមានការជឿជាក់ និងការគាំទ្រពេញទំហឹងដល់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយជម្លោះព្រំដែន រក្សានិងការពារ សុខសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ កម្ពុជាត្រូវពង្រឹងសាមគ្គីភាពឱ្យកាន់តែខ្លាំងក្លាឡើង ដើម្បីប្រែក្លាយបញ្ហាទៅជាឱកាស ក្នុងការពង្រឹងភាពម្ចាស់ការ អធិបតេយ្យសេដ្ចកិច្ច និងភាពធន់របស់ជាតិឱ្យបានរឹងមាំ។ “យើងត្រូវចាំថា «ខ្មែរមានសាមគ្គី ខ្មែរខ្លាំង និងមានភាពធន់» ហើយអាចបោះជំហានទៅមុខ ដោយមានភាពជឿជាក់ និងក្តីសង្ឃឹម។”នេះជាការគូសបញ្ជាក់របស់សម្តេចប្រធានរដ្ឋសភា៕

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

2025/11/14 01:03:51 pm        102
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងជាហត្ថលេខីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដោយវត្តមានចូលរួមលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្ប:ករខ្មែរ នៅអគារវីងថៅវើ ដើម្បីបង្កើតភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលផ្ដោតលើការពង្រឹងការអភិវឌ្ឍកម្លាំងពលកម្មនៅកម្ពុជា លើកកម្ពស់ឱកាសការងារ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល និងជំរុញកិច្ចសហការយ៉ាងមានប្រសិទ្ធភាពរវាងភាគីទាំងពីរ។ ថ្លែងក្នុងពិធីនេះ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងពីកត្តាសុខសន្តិភាព បានផ្ដល់ឱកាសឱ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានលទ្ធភាពក្នុងការអភិវឌ្ឍរីកចម្រើនទាំងការកសាងធនធានមនុស្ស ដែលជាកត្តាសំខាន់មិនអាចខ្វះបាន ដើម្បីធានាបានថា កម្លាំងពលកម្មអាចឆ្លើយតបទៅនឹងបម្រែបម្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ដែលរហូតមកបច្ចុប្បន្នក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានបុត្រសម្ព័ន្ធលើវិស័យជាច្រើនចំនួន២២ ក្រុមហ៊ុន។ អ្នកឧកញ៉ា ក៏បានបង្ហាញពីក្តីរីករាយដោយបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន រួមទាំងសកម្មភាពជួយការងារសង្គម និងការងារមនុស្សធម៌ជាច្រើន ដើម្បីជួយដល់កម្មករនិយោជិត និងប្រជាជនកម្ពុជា។ នាក្នុងឱកាសនោះដែរ ឯកឧត្តម ហេង សួរ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការវិវត្តរីកចម្រើនឥតឈប់ឈររបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា ដែលជាក្រុមហ៊ុនវិនិយោគជនជាតិខ្មែរដ៏ធំជាងគេមួយចាប់ផ្តើមដំបូងនៅកម្ពុជា រហូតបង្កើតបានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន និងបានផ្តល់ឱកាសការងារជាច្រើនជូនដល់ប្រជាពលរដ្ឋកម្ពុជា និងបានចូលរួមទាក់ទាញវិនិយោគទុនថ្មីៗជាច្រើនមកកម្ពុជាជាបន្តបន្ទាប់ ហើយក៏មានការនាំមកនូវបច្ចេកវិទ្យាថ្មីៗសម្រាប់ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់លើសារ:សំខាន់ ការរក្សាបាននូវសន្តិភាព គឺជាការរក្សាបាននូវក្តីសង្ឈឹម និងការអភិវឌ្ឍ។ កន្លងមកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានសហការជាមួយក្រសួងការងារជាបន្តបន្ទាប់ ក្នុងការជួយសម្រួលក្នុងការផ្តល់សេវាសាធារណៈរបស់ក្រសួង ការផ្សព្វផ្សាយ និងផ្តល់ឱកាសការងារជាដើម។ ការចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ គឺជាការលើកកម្ពស់ភាពជាដៃគូរវាងស្ថាប័នទាំងពីរឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងចូលរួមចំណែកកាន់តែទូលំទូលាយក្នុងការពង្រឹងការអភិវឌ្ឍជំនាញសម្រាប់ប្រជាជនកម្ពុជា ដែលឆ្លើយតបទៅនឹងទស្សនវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំណត់យកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពចំបង។ទាំងឯកឧត្តមរដ្ឋមន្រ្តី និងអ្នកឧកញ៉ា សុទ្ធតែមានទស្សនរួមគ្នាថា បើចង់ឱ្យគ្រួសារមួយ ក្រុមហ៊ុន ឬស្ថាប័នមួយរីកចម្រើនទៅបាន ត្រូវការចាំបាច់នូវធនធានមនុស្សប្រកបដោយជំនាញវិជ្ជាជីវ: វិវត្តន៍តាមទាន់ការរីកចម្រើននៃបច្ចេកវិទ្យា មិនអាចពឹងផ្អែកលើចំណេះដឹង និងជំនាញដែលខ្លួនមានពីមុនទេ ត្រូវអភិវឌ្ឍខ្លួនជាប្រចាំដើម្បីបង្កើនជំនាញ (upskilling) និងផ្លាស់ប្តូរជំនាញ(Reskilling)។ជាចុងក្រោយ ឯកឧត្តមរដមន្រ្តី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលបានចាប់យកក្រសួងជាដៃគូសហការ ដោយបញ្ជាក់ថា ការចុះអនុស្សរណៈនាពេលនេះ មិនមែនដើម្បីប្រយោជន៍ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប តែឯង ឬក៏មិនមែនដើម្បីប្រយោជន៍របស់ក្រសួងទេ ប៉ុន្តែដើម្បីបង្កើនភាពជាដៃគូយ៉ាងជិតស្និទ្ធថែមទៀត ក្នុងការរួមគ្នាផ្តល់ជាប្រយោជន៍សម្រាប់បងប្អូនកម្មករនិយោជិត យុវជន សិស្ស និស្សិត និងប្រជាពលរដ្ឋកម្ពុជា ក្នុងស្មារតីខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយរកការងារឱ្យខ្មែរ៕

មន្រ្ដីជំនាញក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់ស្ទាក់ទឹកលេខ២ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

2025/11/14 12:50:31 pm        211
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោង( PMU MoWRAM) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់ស្ទាក់ទឹកលេខ២ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី ក្នុងការគ្រប់គ្រងវិស័យធនធានទឹកប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព ឧត្តមភាព និងឯករាជ្យភាពពេញលេញ ក្រុមការងារបច្ចេកទេសក្រសួងបានចុះធ្វើការពិនិត្យជាក់ស្តែង និងរៀបចំយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងការគ្រប់គ្រងវិស័យធនធានទឹកក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ក្រុមការងារសាងសង់ឱ្យយកចិត្តទុកដាក់ខ្ពស់លើគុណភាពស្របទៅតាមបទដ្ឋាន និងនិយាមឱ្យត្រឹមត្រូវ ជាពិសេសពន្លឿនកិច្ចការការងារសាងសង់ ដោយគិតគូរឱ្យបានហ្មត់ចត់លើការងារបរិស្ថាន សុវត្ថិភាពបុគ្គលិក កន្លែងស្នាក់នៅ កន្លែងធ្វើការ និងបន្ទប់អនាម័យ៕

ក្រសួងអប់រំប្រជុំពិភាក្សាអំពីលទ្ធផលការប្រឡងបាក់ឌុប និងការវាយ​តម្លៃ​សាលារៀន​គំរូ​សម្រាប់​សន្និបាតអប់រំ ២០២៦

2025/11/14 12:48:24 pm        223
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន​ដឹកនាំ​កិច្ច​ប្រជុំ​ពិភាក្សា​ស្តីពី លទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការវាយតម្លៃ​សាលា​រៀន​គំរូ​សម្រាប់​សន្និបាតអប់រំ២០២៦ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់​ដឹក​នាំ​ក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធនឹងការអនុវត្តសាលារៀនគំរូ និង​ការ​រៀប​ចំ​ប្រព័ន្ធ​អប់រំកន្លងមក។ គោលបំណងចម្បងនៃការវាយតម្លៃសាលារៀនគំរូ គឺដើម្បី​ស្វែង​រក​ផ្លូវ​ដែល​ត្រឹម​ត្រូវ​មួយ ក្នុងការជំរុញ និងលើកទឹកចិត្តឱ្យមា​ន​ការ​ប្រកួត​ប្រជែង​គ្នា​ប្រកប​ដោយ​គុណ​ភាព​ទាំង​សាលាក្នុងនិងក្រៅគម្រោង។ សម្រាប់កិច្ចការដ៏មានសារៈសំខាន់នេះ ត្រូវតែ​កំណត់​គោល​ការណ៍​វាយ​តម្លៃ​ច្បាស់​លាស់​ផ្អែក​លើ​សូចនាករ​ដែល​មិន​អាច​ប្រកែក​បាន​ដើម្បី​ធានា​បា​ន​នូវ​តម្លាភាព​ និងភាពត្រឹមត្រូវ។ ក្នុងនោះ លទ្ធផលសិក្សារបស់សិស្ស ត្រូវបានចាត់​ទុក​ជា​អាទិភាព​ស្នូល​ ដែលត្រូវវាស់ស្ទង់តាមកម្រិតសិក្សានីមួយៗ៖ កុមារតូច ត្រូវចុះពិនិត្យផ្ទាល់លើបរិស្ថាន និង​វិធី​សាស្ត្រ​បង្រៀនថ្មីៗរបស់លោកគ្រូ អ្នកគ្រូ។ សម្រាប់បឋមសិក្សា មានការ​វាយ​តម្លៃ​ផ្អែក​លើ​ស្តង់​ដាប្រ​ឡង​ដូចជា SEA-PLM និង PISA និងការអនុវត្តអំណានដំបូង និងគណិតវិទ្យាដំបូង។ រី​ឯ​មធ្យមសិក្សា ត្រូវវាយតម្លៃលើលទ្ធផលសិក្សានៃសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលឆ្លុះ​បញ្ចាំ​ង​ពី​សមត្ថភាពសិស្សមុនចូលឧត្តមសិក្សា។ គោលការណ៍ទាំងអស់នេះ គឺដើម្បីធានាភាពត្រឹមត្រូវ និង​គុណភាពអប់រំនៅកម្ពុជា។គួរបញ្ជាក់ថា ឆ្នាំនេះជាលើកទី៣នៃការវាយតម្លៃសាលារៀនគំរូ ដោយការវាយតម្លៃលើកទី១ ក្នុង​ពេលសន្និបាតអប់រំឆ្នាំ២០២៤ មានសាលារៀនគំរូសរុប ១២០ (សាលាមត្តេយ្យសិក្សា ១០, សាលា​បឋមសិក្សា ៤០, អនុវិទ្យាល័យ ១៥ និងវិទ្យាល័យ ៥៥) និងការវាយតម្លៃលើកទី២ ក្នុង​ពេល​សន្និបាតអប់រំឆ្នាំ២០២៥ មាន សាលារៀនគំរូសរុប ១៤៤ (សាលាមត្តេយ្យសិក្សា ២៤, សាលា​បឋមសិក្សា ៥០, អនុវិទ្យាល័យ ៥,វិទ្យាល័យ ៦០ និងសាលាគរុកោសល្យគំរូ ៥)។ បច្ចុប្បន្ន មានសាលារៀនគំរូ ២៦៤ (សាលាមត្តេយ្យ សិក្សា ៣៤, សាលាបឋមសិក្សា ៩០, អនុ​វិទ្យាល័យ ២០, វិទ្យាល័យ ១១៥និងសាលាគរុកោសល្យគំរូ ៥)។ សម្រាប់ឆ្នាំ ២០២៦​ខាង​មុខ​នេះ ​ក្រសួងគ្រោងវាយតម្លៃសាលារៀនគំរូ ប្រមាណ ១៥០សាលារៀន។សម្រាប់ការលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារបន្តពិនិត្យមើលលទ្ធផលនេះដោយយកចិត្តទុកដាក់ ដើម្បី​កំណត់ពីចំណុចខ្លាំង ចំណុចខ្សោយ និងតំបន់ដែលត្រូវកែលម្អបន្ថែម។ គោលការណ៍​នៃ​ការ​វាយ​តម្លៃទាំងអស់នេះ គឺដើម្បីធានាបានថា យើងកំពុងដើរលើគន្លងដែលត្រឹមត្រូវ ក្នុងការ​កសាង​ធន​ធានមនុស្សដែលមានគុណភាព សម្រាប់សង្គមជាតិ ឆ្លើយតបនឹង​ចក្ខុ​វិស័យ​របស់​រាជរដ្ឋាភិបាល​៕

អន្តរក្រសួងបើកកិច្ចប្រជុំចង្អៀតស្តីពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមដងស្ទឹង ព្រែក និងទំនប់អាងទឹក

2025/11/14 12:43:02 pm        213
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត ស្ដីពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមដងស្ទឹង ព្រែក និងទំនប់អាងទឹកនានា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។សូមជម្រាបថា កិច្ចប្រជុំដ៏មានសារសំខាន់នាពេលនេះ បានផ្តោតការពិភាក្សាលើចំណុចសំខាន់ៗមួយចំនួនដូចជា៖ ទី១)ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងកំណត់ចំណីស្ទឹងតាមតំបន់ស្ទឹងព្រែកត្នោត ទី២)បន្តជំរុញការចុះបញ្ជីផ្ទៃដីបឹង និងអាងទឹកតាមច្បាប់ទឹក ទី៣)ការរៀបចំសួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ទំនប់ ៧មករា និង ទី៥)បន្តអនុវត្តការងារការពារការទន្ទ្រាននៅបឹងទន្លេសាប៕

កម្ពុជា ប្ដេជ្ញាចិត្តជាថ្មីក្នុងការរួមចំណែកក្នុងប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ (អ.ស.ប.)

2025/11/14 12:40:26 pm        292
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក តាន់ អៀងដាវីឌ លេខាធិការទី១ នៃ​ស្ថាន​បេសក​កម្ម​កម្ពុជា បានចូលរួម និងធ្វើសេចក្តីថ្លែងការណ៍ ក្នុងកិច្ចពិភាក្សា​ក្រោម​ប្រធាន​បទ​ការ​ពិនិត្យ​ឡើង​វិញ​ដោយ​គ្រប់​ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាពនៃប្រតិបត្តិការរក្សាសន្តិភាព របស់គណៈកម្មាធិការ​កិច្ច​ការ​នយោបាយពិសេស និងការលុបបំបាត់អាណានិគម នៅទីស្នាក់ការអ.ស.ប. ទីក្រុងញូវយ៉ក។   នៅក្នុងសេចក្ដីថ្លែងការណ៍​ កម្ពុជាបានគូសបញ្ជាក់នូវចំណុចសំខាន់ៗ ដើម្បីពង្រឹង​ប្រតិបត្តិការ​ថែ​រក្សា​សន្តិភាព ដូចតទៅ៖ (១) ការឯកភាពនយោបាយរបស់ក្រុមប្រឹក្សាសន្តិសុខ (២) យុទ្ធសាស្ត្រ​ចាក​ចេញត្រូវស្របតាមបរិបទប្រទេសនីមួយៗ និងម្ចាស់ការដោយប្រទេសម្ចាស់ផ្ទះ (៣) ភាពជាដៃគូប្រកបដោយប្រសិទ្ធភាពរវាងបេសកកម្ម ប្រទេសម្ចាស់ផ្ទះ អង្គការតំបន់ និង​ស្ថាប័នរបស់អ.ស.ប. (៤) សារៈសំខាន់នៃការកសាងសមត្ថភាព និង (៥) ការ​ចូល​រួម​រប​ស់​ស្ត្រី​ក្នុ​​ងការរក្សាសន្តិភាព។សូមជម្រាបជូ​នថា គិត​ចាប់តាំងពីឆ្នាំ២០០៦ មក ប្រទេសកម្ពុជា​បាន​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព​ប្រមាណ ១០.០០០ នាក់ រួមមានស្ត្រីជាង៨០០ នាក់ ទៅកាន់បេសកកម្មចំនួន១០ នៅ​ទូទាំង​ពិភពលោក ដែលកងកម្លាំងកម្ពុជាបានរួមចំណែកការពារជនស៊ីវិល បោសសម្អាតមីន និង​កសាង​សហគមន៍ដែលរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម៕

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបើកវគ្គបណ្តុះ​បណ្តាល​ស្ដីពី​ភាពជាអ្នកដឹកនាំ​បរិវត្តកម្ម​ឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍​សម្រាប់ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល”

2025/11/14 12:34:48 pm        154
ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជាវ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរ​គមនាគមន៍ (ក.ប.ទ.) បានអញ្ជើញ​ជាអធិប​តីក្នុ​ង​ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​កម្រិតខ្ពស់​ស្ដីពី​ភាព​ជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍​សម្រាប់​ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋាភិ​បាល” ដល់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការប្រចាំការក្រសួង ស្ថាប័ន ក្នុងរាជរដ្ឋាភិបាល នៅ​សណ្ឋាគារសុខាឆ្នេរសុខា ខេត្តព្រះសីហនុ។ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការចូលរួមដ៏សកម្មរបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ក្នុងការជំរុញបរិវត្តកម្មឌីជីថល ភាពស៊ីសង្វាក់និងប្រទាក់ក្រឡាគ្នា នឹងចូលរួមចំណែកដ៏សកម្មក្នុងដំណើរការនៃបរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ជាចំណេះដឹងដល់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការប្រចាំការ លើបច្ចេកទេសនៃការគ្រប់គ្រងការផ្លាស់ប្តូរ (Change Management) ក្នុងការងារបរិវត្តកម្មឌីជីថល ផលប្រយោជន៍យុទ្ធសាស្ត្រនៃបរិវត្តកម្មឌីជីថលសម្រាប់ប្រតិបត្តិការរបស់រដ្ឋាភិបាល និងការកសាងការជឿទុកចិត្តលើការចាប់យកបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងការផ្តល់សេវាសាធារណៈ។សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលរយៈពេល ២ថ្ងៃនេះ មានគោលបំណងចែករំលែកចំណេះដឹងនិងបទពិសោធនៃការចាប់យកបច្ចេកវិទ្យាថ្មីៗសម្រាប់អ្នកដឹកនាំការងារបរិវត្តកម្មរដ្ឋាភិបាលឌីជីថលក្នុងវិស័យសាធារណៈ (Digital Government Transformation in Public Sector) ជាអាទិ៍ ការបញ្រ្ចាបនិងការចាប់យកបច្ចេកវិទ្យា, បញ្ញាសិប្បនិម្មិត (AI), អភិបាលកិច្ចទិន្នន័យ និងការចាប់យកបច្ចេកវិទ្យាថ្មីៗ ព្រមទាំងការអនុវត្តជាក់ស្ដែងនូវគម្រោងផ្លាស់ប្តូរឌីជីថល ដោយមានការចែករំលែកពីសំណាក់សាស្រ្តាចារ្យមកពីស្ថាប័នបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដ៏ល្បី HEC Paris និងវាគ្មិនអន្តរជាតិ ផងដែរ៕

មន្ត្រីក្រសួងមុខងារសាធារណៈជាង ៩៩% បានចូលរួមដោយផ្ទាល់ក្នុងការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់

2025/11/14 12:32:36 pm        154
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ បានបញ្ចប់ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីរបស់ខ្លួនដោយរលូន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងស្របតាមបទដ្ឋានគតិយុត្ត និងគោលការណ៍ដែលបានកំណត់។ការធ្វើជំរឿនមន្ត្រីរយៈពេល ៣ថ្ងៃនេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេងទៀត នៃរចនាសម្ព័ន្ធចំណុះក្រសួងមុខងារសាធារណៈ សរុបចំនួនប្រមាណជាង ៩៩% ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ មានកិច្ចសហការល្អ និងពេញចិត្តចូលរួមក្នុងយុទ្ធនាការធ្វើជំរឿននេះ។ គួរបញ្ជាក់ថា ចំនួនថ្នាក់ដឹកនាំ និងមន្ត្រីដែលអវត្តមានមិនបានអញ្ជើញមកក្នុងពេលនេះ កើតមានដោយសារ ស្ថានភាពចាំបាច់នានា ដូចជាកំពុងសម្រាកព្យាបាលជំងឺធ្ងន់ធ្ងរនៅមន្ទីរពេទ្យ និងកំពុងបំពេញបេសកកម្ម និងស្ថិតក្នុងវគ្គបណ្តុះបណ្តាលនៅក្រៅប្រទេសជាដើម។ ទោះបីជាយ៉ាងនេះក្តី ស្ថានភាពទាំងនោះ សុទ្ធតែត្រូវបានកត់ត្រាទុក ដោយមានឯកសារផ្លូវការបញ្ជាក់ពីមូលហេតុត្រឹមត្រូវ ឬឯកសារអះអាងនានាដែលគណៈកម្មការអាចទទួលស្គាល់ និងទទួលយកបាន៕

សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញសាកសួរសុខ​ទុក្ខពលរដ្ឋខ្មែរ​ស្លូតត្រង់ ៣រូប ដែលបាន​រងរបួស​ដោយការបាញ់ប្រហារពីយោធាថៃនៅភូមិព្រៃចាន់

2025/11/14 12:26:59 pm        281
ភ្នំពេញ៖ ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្ដី​នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចុះទៅសាកសួរសុខទុក្ខ​ដល់​បងប្អូន​ប្រជាជនពលរដ្ឋខ្មែរស្លូតត្រង់ ចំនួន៣រូប ដែលបានរងរបួសដោយ​ការបាញ់​ប្រហារ​ពី​យោធា​ថៃនៅភូមិព្រៃចាន់ កាលពីថ្ងៃរសៀលថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពី​បានយក​មក​ពិនិត្យ និងព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើការវះកាត់​ដោយ​ជោគជ័យ​សង្គ្រោះជីវិតនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ​រួចមក។សម្ដេចធិបតីបាន អរគុណដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ចរបស់យើងដែលបានចាត់វិធានការលឿនរហ័សក្នុងការអន្តរាគមន៍ជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋយើង ដែលរស់នៅទីនោះ ជាពិសេសអ្នករបួស ដោយជួយចាត់ចែងដឹកជញ្ជូនមកពិនិត្យ សង្គ្រោះនៅមន្ទីរពេទ្យបានទាន់ពេលវេលា។ព្រមជាមួយគ្នានេះ សម្ដេចក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់នៅមន្ទីរពេទ្យមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តទុកដាក់ធ្វើការវះកាត់ជួយសង្គ្រោះជីវិតបងប្អូនប្រជាជនខ្មែរស្លូតត្រង់របស់យើងទាំង៣រូប ប្រកបដោយជោគជ័យ និងសូមជូនពរដល់បងប្អូនទាំងអស់ដែលកំពុងសម្រាកព្យាបាលឆាប់ជាសះស្បើយ និងរឹងមាំឡើងវិញ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ជាថ្មីថា កម្ពុជានៅតែប្រកាន់យកជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រោះថាការដោះស្រាយដោយអំពើហឹង្សា ឬប្រើប្រាស់កម្លាំងប្រដាប់អាវុធ គឺមិនផ្តល់ផលប្រយោជន៍ណាមួយ ឬមិនបង្កលក្ខណ:វិជ្ជមានសម្រាប់ការដោះស្រាយបញ្ហា ព្រមទាំងបង្កហានិភ័យគ្រោះថ្នាក់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ថែមទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM