សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីនាំយកអំណោយមនុស្សធម៌សម្រាលទុក្ខលំបាក ជូនលោកតាលោកយាយចាស់ជរាគ្មានទីពឹងនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ
កម្ពុជាបន្តស្នើទៅថៃឱ្យរៀបចំកិច្ចប្រជុំពិសេសបន្ទាន់ JBC និងជំរុញឱ្យបន្តអនុវត្តការងារនៅលើដីជាក់ស្តែង
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជានឹងចាត់វិធានការ​តាមផ្លូវច្បាប់ចំពោះម្ចាស់កាស៊ីណូផ្តល់ទីតាំងឱ្យក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើស Online Scams
សម្ដេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតជាមួយ ប្រធានាធិបតីបារាំង, អគ្គនាយក WHO និងមេដឹកនាំប្រទេសមួយចំនួនទៀត

ព័ត៌មានជាតិ

អនុស្សរណៈកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន៥ ត្រូវបានចុះហត្ថលេខា​ក្នុងវេទិកា​ជំរុញ​ពាណិជ្ជ​កម្ម វិនិយោគ និងទេសចរណ៍កម្ពុជា នៅទីក្រុងណាននីង

2025/09/18 04:48:17 pm        323
នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើក​ទី​២២ ក្រសួងពាណិជ្ជកម្មបានសហការជាមួយលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន រៀប​ចំ​វេទិកា​ជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា ក្រោមអធិបតិភាពឯកឧត្តម សំហេង បូរ៉ា រដ្ឋ​លេខា​ធិការ និងឯកឧត្តម He Wenhao អនុប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​សភា​ប្រជាជន នៃ​តំបន់​ស្វយ័តក្វាងស៊ី ក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញបរិយាកាសធុរកិច្ច វិនិយោគ និង​ទេសចរណ៍​នៅព្រះរាជាណាចក្រកម្ពុជា។ វេទិកានេះ មានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំមកពីក្រសួងពាណិជ្ជកម្ម ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ សហគ្រាស និងក្រុមហ៊ុនដែលមានសក្តានុពលមកពីសម្ព័ន្ធសហគ្រិនតំបន់ ក្វាងទុង-ហុង​កុង-ម៉ាកាវ Greater Bay Area (GBA) ព្រមទាំងពាណិជ្ជករ វិនិយោគិនចិន និងបរទេស យ៉ាង​ច្រើនកុះករ។ ក្នុងឱកាសនៃវេទិកានេះ ក៏មានការ​ចុះ​អនុស្សរណៈ​នៃ​កា​រយោគ​យល់​គ្នា​ចាប់​ដៃ​គូ​កិច្ច​សហ​ប្រតិបត្តិ​ការ​ពាណិជ្ជកម្មលើផលិតផលសក្តានុពល និងជំរុញផ្នែកវេជ្ជសាស្ត្រនៅកម្ពុជា ចំនួន ៥ រួមមាន ១-ក្របខណ្ឌកិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​លើ​ការ​នាំ​ចេញ​ដំឡូង​មី​ទៅកា​ន់​ប្រទេស​ចិន, ២-កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងវិស័យវេជ្ជសាស្ត្រកម្ពុជា, ៣-កិច្ចសហ​ប្រតិបត្តិកា​រ​លើ​វិស័យកសិកម្ម ឧស្សាហកម្មម្ហូបអាហារ និងកិច្ចសហប្រតិបត្តិការវប្បធម៌, ៤-កិច្ចសហ​ប្រតិបត្តិការ​លើ​ការទិញ-លក់ផ្លែមៀនសម្ងួតកម្ពុជា, និង ៥-កិច្ចសហប្រតិបត្តិការលើការទិញ-លក់​គ្រាប់​ស្វាយ​ចន្ទីកម្ពុជា។ ដើម្បីជំរុញ​ដល់​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន ឱ្យកាន់តែ​ស៊ីជម្រៅ និងមានប្រសិទ្ធភាពបន្ថែមទៀត វេទិកាក៏មាន​ការ​ធ្វើ​បទ​បង្ហាញ​ដោយ​វា​គ្មិន​កិត្តិយស​ដែល​អញ្ជើញមកពីស្ថាប័នរដ្ឋ និងវិស័យឯកជន ចំនួន៦រូប រួមមាន៖ តំណាងក្រសួង​ពាណិជ្ជ​កម្ម​ តំណាងក្រសួងទេសចរណ៍ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងរដ្ឋបាល​ខេត្ត​ព្រះសីហនុ ​តំណាងសមាគមវាយនភ័ណ្ឌ សំលៀកបំពាក់ ស្បែកជើង និងទំនិញធ្វើ​ដំណើរ​នៅ​កម្ពុជា​ (TAFTAC) និង តំណាងក្រុមហ៊ុន Coastal City Development Group៕

គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញចូលរួមពិធីបើកមហាសន្និបាតអាយប៉ា លើកទី៤៦ ដែលសភាប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះ នៅក្នុងទីក្រុងគូឡាឡាំពួ

2025/09/18 04:36:37 pm        308
មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ដែលរដ្ឋសភាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ បា នប្រារព្ធពិធីបើកជាផ្លូវការ យ៉ាងអធិកអធមនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អាវ៉ាង ប៊ីមី អាវ៉ាង អាលី បាសារ Awang Bemee Awang Ali Basah ប្រធានព្រឹទ្ធសភានៃប្រទេសម៉ាឡេស៊ី និងឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភាប្រទេសម៉ាឡេស៊ី និងជាប្រធានអន្តរសភាអាស៊ាន(អាយប៉ា/AIPA) លើកទី៤៦ ព្រមទាំងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម (Dato’ Seri Anwar bin lbrahim) នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី ផងដែរ។មហាសន្និបាតអាយប៉ាលើកទី៤៦ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ “សភាទៅមុខសម្រាប់កំណើនប្រកបដោយបរិយាបន្ន និងអាស៊ានប្រកបដោយចីរភាព” ដោយមានថ្នាក់ដឹកនាំគណៈប្រតិភូសភា  បណ្តាប្រទេសសមាជិកអាស៊ាន និងបណ្តាប្រទេសសង្កេតការណ៍អាយប៉ា ដៃគូរបស់អាយប៉ា ប្រមាណ៩០០ នាក់ចូលរួម។អន្តរសភាអាស៊ាន (អាយប៉ា) ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យប្រជាពលរដ្ឋប្រមាណជិត៧០០លាននាក់។ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ មហាសន្និបាតប្រចាំឆ្នាំរបស់ AIPA បំពេញការងារការទូតសភាក្នុងការប្រមូលផ្តុំនូវមតិ យោបល់ ទស្សនៈតំណាងពលរដ្ឋ ជាដៃគូមិនអាចខ្វះបានរបស់អាស៊ាន ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ជាសហគមន៍តែមួយប្រកបដោយចីរភាព វិបុលភាព និងបរិយាបន្ន ។ ថ្នាក់ដឹកនាំនីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិប្រទេសម៉ាឡេស៊ី បានថ្លែងអំណរគុណជ្រាលជ្រៅដល់សមាជិកអាយប៉ា សភាសង្កេតការណ៍ និងដៃគូរបស់អាយប៉ាទំាងអស់ ដែលបានមកជួបជុំគ្នានៅក្នុងទីក្រុងគូឡាឡំាពួ បង្ហាញពីសាមគ្គីភាព ការរួមសហការគ្នា នៅក្នុងការលើកម្ពស់យន្តការសភា កិច្ចសហប្រតិបត្តិការ និងការភ្ជាប់ទំនាក់ទំនង ដើម្បីសន្តិភាព វិបុលភាព និងការរីកចម្រើនប្រកបដោយចីរភាពជូនប្រជាពលរដ្ឋ។ ថ្លែងបើកនៅក្នុងអង្គមហាសន្និបាតអាយប៉ាលើកទី៤៦ នេះ ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល បានបញ្ចាក់ថា ការជ្រើសយកមូលបទសម្រាប់ឆ្នាំនេះ“សភាទៅមុខសម្រាប់កំណើនប្រកបដោយបរិយាបន្ន និងអាស៊ានប្រកបដោយចីរភាព”ពិតជាសមស្រប និងសំខាន់បំផុត ព្រោះមូលបទនេះ ស្របទៅនឹងមូលបទរបស់អាស៊ានលើកទី៤៦ “បរិយាបន្ននិងចីរភាព” និងខណៈពេលតំបន់និងពិភពលោកកំពុងជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ហើយតួនាទីសភា ដែលជាតំណាងឱ្យពលរដ្ឋ មានតួនាទីសំខាន់នៅក្នុងការសម្របសម្រួល ដោះស្រាយបញ្ហាដោយសន្តិវិធី។ ឯកឧត្តមបានគូសបញ្ជាក់ថាអាស៊ាន ជាតំបន់ស្រស់បំព្រង ពោរពេញដោយសក្តានុពលសេដ្ឋកិច្ច សង្គម នយោបាយ វប្បធម៌ ដូច្នេះសាមគ្គីភាពរបស់អាស៊ាននិងដៃគូនានា ពិតជាមានតម្លៃណាស់ក្នុងការនាំមកនូវវិបុលភាព ដល់អាស៊ាន។ ទំាងអស់នេះមិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់សមាជិកអាយប៉ានោះឡើយ។ ថ្នាក់ដឹកនាំសភាប្រទេសម៉ាឡេស៊ី បានសង្កត់ធ្ងន់ថាការជួបជុំគ្នានាពេលនេះ គឺជាឱកាសមួយដ៏ល្អ ដើម្បីចែករំលែកនូវទស្សនៈ យោបល់ និងសំដែងនូវឆន្ទៈ ក្នុងការឈានទៅសម្រេចបានការកសាងសហគមន៍អាស៊ាន ដែលមានសេដ្ឋកិច្ចកាន់តែរឹងមាំ ធន់ និងប្រជាពលរដ្ឋមានជីវភាពរុងរឿង។ ប្រធានមហាសន្និបាតបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អាយប៉ាដែលតំណាងឲ្យសំឡេង សិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងមូលរបស់អាស៊ាន ត្រូវខិតខំតាក់តែង ផ្សព្វផ្សាយ និងលើកកម្ពស់ការអនុវត្តច្បាប់ ដើម្បីរួមចំណែកដល់ការកសាងសហគមន៍អាស៊ានប្រកបដោយសុខសន្តិភាព វិបុលភាព និងចីរភាព។បន្ទាប់ពីពិធីបើកជាផ្លូវការនេះហើយ មហាសន្និបាតអាយប៉ានឹងដំណើរកិច្ចប្រជុំពេញអង្គលើកទី១ ដែលនៅក្នុងនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញថ្លែងបទអន្តរាគមន៍ ជូនដល់មហាសន្និបាតផងដែរ៕

គ.ជ.អ.ប, UNDP និងអង្គការ CPDD បិទបញ្ចប់គម្រោង «ការពង្រឹងតម្លាភាព និង​គណនេយ្យភាព ក្នុងអភិបាលកិច្ចមូលដ្ឋាន តាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ»

2025/09/18 04:24:06 pm        440
ភ្នំពេញ៖ នៅ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) សហការជាមួយ​កម្ម​វិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ(UNDP) ប្រចាំនៅកម្ពុជា និងអង្គការ CPDD បានរៀបចំសិក្ខា​សាលា​ស្តីពី​ការ​ផ្សព្វ​ផ្សាយលទ្ធផល និងបិទបញ្ចប់គម្រោង «ការពង្រឹងតម្លាភាព និងគណនេយ្យ​ភាព​ក្នុង​អភិបាល​កិច្ច​មូលដ្ឋានតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ (STA Project)» នៅសណ្ឋាគារ​ហៃយ៉ាត់ ​រីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង​ជា​ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.។សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា តំណាង UNDP ប្រចាំកម្ពុជា ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាល​ក្រុង​គោល​ដៅទាំង៣ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល សរុបចំនួន១៧៨រូប ស្រី៤៧រូប។ដោយទទួលបានហិរញ្ញប្បទានឥតសំណងពីរាជរដ្ឋាភិបាលជប៉ុន តាមរ​យៈ​កម្ម​វិធី​អភិវឌ្ឍន៍​សហ​ប្រជា​ជាតិ​(UNDP) ប្រចាំនៅកម្ពុជា លេខាធិការដ្ឋាន គ.ជ.អ.ប. បានអនុវត្តគម្រោង «ការពង្រឹង​តម្លាភាព និងគណនេយ្យភាពក្នុងអភិបាលកិច្ចមូលដ្ឋានតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ (STA Project)» ចាប់ពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ដល់ខែកញ្ញា ឆ្នាំ២០២៥ (៣ឆ្នាំ)។ក្នុងគោលបំណងដើម្បីបង្កើនការចូលរួម និងការទទួលយោបល់ត្រលប់របស់ប្រជាពលរដ្ឋ ការ​បំពេញ​ការងារ និងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការគាំទ្រការ​អនុវត្ត​គោល​នយោបាយ​នៅថ្នា​ក់ជាតិ ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយ​តបទៅនឹងតម្រូវការជាអាទិភាពនានានៅតាមមូលដ្ឋាន ដែលផ្តល់ផល​ប្រយោជន៍​ដល់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ស្របទៅតាមគោលបំណង និងគោលដៅរបស់​កម្ម​វិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២។ថ្លែងក្នុងពិធីបើកកម្មវិធីនេះ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា «សមិទ្ធផលទាំងឡាយដែលទទួលបានពីគម្រោង STA បានផ្តល់ជាមូល​ដ្ឋាន​គន្លឹះ​សម្រាប់​រួម​ចំណែកដល់ការតម្រង់ទិស និងពង្រឹងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និង​វិសហ​មជ្ឈការ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល​កម្ពុជា​ ជាពិសេសការគាំទ្រការអនុវត្តគោលនយោបាយនៅថ្នាក់ជាតិ និងការរៀប​ចំ​តាក់​តែង​ផែន​ការ​អនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២»៕

កម្ពុជា បដិសេធការចោទប្រកាន់របស់ថៃដោយគ្មានមូលដ្ឋានថា កម្ពុជាដាក់មីនតាមបណ្ដោយព្រំដែន

2025/09/18 03:39:30 pm        405
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងម្តងហើយម្តងទៀតរបស់ភាគីថៃថា កម្ពុជាបានប្រើប្រាស់ និងបន្ត ដាក់មីនប្រឆាំងមនុស្ស នៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ។ ក្រសួងការពារជាតិសូមគូស បញ្ជាក់សាជាថ្មីម្តងទៀតថា កម្ពុជាមិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីឡើយ និងប្រកាន់ ខ្ជាប់នូវការគោរពអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំង មនុស្សនេះ។ ដូច្នេះការចោទប្រកាន់បំភ្លៃខុសពីការពិតទាំងនេះរបស់ភាគីថៃមកលើកម្ពុជា គឺមិនត្រឹមតែធ្វើ ឱ្យកើនឡើងភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ជំនឿទុកចិត្តគ្នាទៅវិញ ទៅមក។ ក្នុងន័យនេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមស្នើភាគីថៃប្រកាន់ខ្ជាប់នូវគោលការណ៍ ដែលភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នា ដូចមានចែងនៅក្នុងកំណត់ហេតុរួមនៃកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)ទាំងអស់ រួមទាំងស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន ដែលបានបញ្ជាក់ថាភាគីទាំងពីរ ត្រូវចៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយដើម្បី កាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយ ផល សម្រាប់កិច្ចសន្ទនាដោយសន្តិវិធីដែលជាចំណែកមួយ ក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ មានប្រសិទ្ធភាព និងការត្រឡប់មកប្រក្រតីភាពឡើងវិញ។ឆ្លៀតក្នុងឱកាសនេះ កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយភាគីថៃនៅគ្រប់កម្រិត ដើម្បី លើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ សម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនយើងទាំងពីរ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អំពាវនាវកុំប្រើ “ច្បាប់ព្រៃ និងការអនុវត្តច្បាប់​អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន

2025/09/18 03:13:25 pm        567
ថ្លែងនៅក្នុងមហាសន្និបាតអាយប៉ា (AIPA) លើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវសូមកុំឱ្យមានប្រើប្រាស់ “ច្បាប់ព្រៃ និងការអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃទៀតឡើយ។សុន្ទរកថាទាំងស្រុង៖

កម្ពុជាចូលរួម "អនុវេទិកា ស្តីពី កិច្ចសហប្រតិបត្តិការគ្រប់គ្រងទេសន្តរប្រវេសន៍" នៅចិន

2025/09/18 02:58:14 pm        204
នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ លួ រ៉ាបូ អគ្គនាយករង​អន្តោ​ប្រវេសន៍ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំ​គណៈ​ប្រតិភូ​កម្ពុជា​ចូលរួម "អនុវេទិកា ស្តីពី កិច្ចសហប្រតិបត្តិការគ្រប់គ្រងទេសន្តរប្រវេសន៍" (The Sub Forum on Migration Management Cooperation) នៃវេទិកា ស្តីពី កិច្ចសហ​ប្រតិបត្តិ​ការ​សន្តិសុ​ខ​សាធារណ:សកលឆ្នាំ២០២៥ (The 2025 Global Public Security Cooperation Forum) រៀបចំដោយរដ្ឋបាលអន្តោប្រវេសន៍ជាតិចិន នៅទីក្រុងលានយុងហ្គាំង (Lianyungang) ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន។វេទិកានេះ មានវត្តមានចូលរួមពីតំណាងស្ថាប័នអន្តោប្រវេសន៍ និងស្ថាប័នពាន់ព័ន្ធ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីខាងកើត អាស៊ីខាងត្បូង អាស៊ីកណ្តាល អាស៊ីប៉ាស៊ីហ្វិច អ៊ឺរ៉ុប អាមេរិក​ខាងជើង រដ្ឋបាលស្វ័យតហុងកុង រដ្ឋបាលស្វ័យតម៉ាកាវ អង្គការ IOM, UNHCR, UNODC, INTERPOL និងទីភ្នាក់ងារអនុវត្តច្បាប់អន្តរជាតិ Mekong-Lancang សរុប ១៧០ នាក់។អនុវេទិកាបានដំណើរការប្រព្រឹត្តិទៅ ក្រោមសុន្ទរកថាបើករបស់ លោកស្រី Amy Pope អគ្គនាយិកាអង្គការ IOM ដែលបានរំលេចចំនួនជនទេសន្តរប្រវេសន៍ក្នុងពិភពលោកមានជាង ៣០៤ លាននាក់ ក្នុងនោះជាង ៨៣ លាននាក់ ត្រូវបង្ខំឲ្យផ្លាស់ទីលំនៅ ដោយសារកត្តាបម្រែបម្រួលអាកាសធាតុ ការប៉ះទង្គិចប្រដាប់អាវុធ និងអស្ថិរភាពសេដ្ឋកិច្ច និងដែលមួយចំនួនទៀត រងគ្រោះដោយអំពើជួញដូរមនុស្ស រត់ពន្ធមនុស្ស និងឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (Telecom Fraud) និងសុន្ទរកថាបើករបស់ លោក Filippo Grandi ប្រធានអង្គការ UNHCR បានរំលេចអំពីបញ្ហាប្រឈមរបស់ប្រជាជនជាង ១២០ លាននាក់ ក្នុងពិភពលោក ត្រូវបង្ខំឲ្យភៀសខ្លួនពីទីលំនៅរបស់ខ្លួនដោយវិបត្តិគ្រោះធម្មជាតិ និងសង្រ្គាម ដែលត្រូវការជាចាំបាច់នូវជំនួយគាំទ្រ និងដោះស្រាយពីគ្រប់បណ្តាប្រទេសពាក់ព័ន្ធក្នុងពិភពលោក និងបន្ទាប់ទៀតគឺសុន្ទរកថាបើករបស់ ឯកឧត្តម Wang Zhizhong អនុរដ្ឋមន្រ្តីសន្តិសុខសាធារណ: និងជាប្រធានរដ្ឋបាលអន្តោប្រវេសន៍ជាតិ នៃសាធារណ:រដ្ឋប្រជាមានិតចិន ដោយឆ្លុះបញ្ចាំងអំពីទស្សនវិស័យ និងគោលនយោបាយអន្តោប្រវេសន៍ និងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនជាមួយបណ្តាបណ្តាប្រទេសចំនួន៣៦ និងអង្គការអន្តរជាតិសំខាន់ៗចំនួន ០៥ ដូចជា IOM, UNHCR, INTERPOL, BRICS និង SCO ។របៀបវារៈបន្ទាប់នៃអនុវេទិកា ក៏មានចូលរួមពីបណ្តាប្រទេសនៃតំបន់នីមួយៗសរុបចំនួន ០៩ ប្រទេស និងរដ្ឋបាលស្វ័យត ០១ ធ្វើបទបង្ហាញក្រោមមូលបទ "លើកកម្ពស់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីរួមគ្នាដោះស្រាយហានិភ័យ និងបញ្ហាប្រឈមនៃអភិបាលទេសន្តរប្រវេសន៍អន្តរជាតិក្នុងស្ថានភាពវវិត្តន៍"៕ 

លោកជំទាវ ពុំ ចន្ទីនី ជួបសំណេះសំណាលជាមួយនិវត្តន៍ជន និងគ្រួសារនិវត្តន៍ជន កាកបាទ​ក្រហម​កម្ពុជាដែលបានទទួលមរណភាព

2025/09/18 02:23:18 pm        172
កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិ​ខ្មែរ ​ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានរៀបចំ​ពិធី​សំណេះ​សំណាល​ជាមួយ​និវត្តន៍ជន កាកបាទក្រហមកម្ពុជា ចំនួន៣៦នាក់ និងគ្រួសារនិវត្តន៍ជន ដែលបានទ​ទួល​មរណ​ភាព​ចំនួន ២៣នាក់ សរុបចំនួន៥៩នាក់ ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងអន្តរជាតិ និង​ពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាក​បាទក្រហមកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីកាក​បាទ​ក្រហម​ជា​ច្រើន​នាក់​ផង​ដែរ​។ក្នុង​ឱកាស​នេះលោកជំទាវអគ្គលេខាធិការ បានផ្តាំផ្ញើសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹងរលឹក ទោះបីសម្តេចមិនបានអញ្ជើញមកផ្ទាល់ក៏ដោយ តែ​មនោ​សញ្ចេតនាតែងតែគិតគូរ ពីសុខទុក្ខរបស់ លោកពូអ្នកមីងជានិច្ច។ លោកពូអ្នក​មីង​ជា​និវត្តន៍​ជន​កាកបាទក្រហមកម្ពុជា បានធ្វើពលិកម្មគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បំពេញ​ការងារមនុស្សធម៌ជាមួយ កាកបាទក្រហមកម្ពុជា តាំងពីដើមរហូតមក ដែលអ្នក​ខ្លះ​បាន​បំពេញ​ការ​ងារមុនពេល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើ​ជា​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​មក​ម្លេះ​ក៏​មាន​។លោក​ជំទាវអគ្គលេខាធិការបន្តថា សមិទ្ធផល ស្នាដៃ និងជោគជ័យ តាំងពីដើមរហូតដល់បច្ចុប្បន្ន ក៏​ដូច​ជា​ទៅអនាគត គឺបានដោយសារការចូលរួម ពីបងប្អូននិវត្តន៍ជន និងមន្ត្រី អ្នកស្ម័គ្រចិត្ត យុវជន កាកបាទក្រហមកម្ពុជា យើងទាំងអស់ ដែលបាននិងកំពុង ជួយសម្រាល​ការ​លំបាក​ដល់ប​ង​ប្អូន​ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដូចជាគ្រោះ​ទឹក​ជំនន់​ ខ្យល់កន្ត្រាក់ ភ្លើងឆេះផ្ទះ។ល។ ជាពិសេសបានរួមចំណែកធ្វើឱ្យ កាកបាទក្រហមកម្ពុជា មាន​ឈ្មោះល្បី​រន្ទឺ ខ្ពស់មុខ ខ្ពស់មាត់ លើឆាកអន្តរជាតិ។ជាមួយគ្នានោះលោកជំទាវអគ្គលេខាធិការ បានជូនពរដល់និវត្តន៍ជនទាំងអស់ ជាពិសេសក្នុង​ឱកាស​បុណ្យភ្ជុំ​បិណ្ឌ២០២៥នេះ សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និង​ជួប​ប្រទះ​តែ​នឹ​ងព្រះពុ​ទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ ក្រុម​លោក​អ៊ំ លោកពូ និវត្តន៍ជនទាំងអស់ សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ កាកបាទក្រហម​កម្ពុជា​ទាំង​អស់ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅតែយកចិត្តទុក្ខ​ដាក់​ដល់​ក្រុម​លោក​ និងមន្ត្រីបុគ្គលិកដែលចូលនិវត្តន៍ទាំងអស់ និងតែងតែឧបត្ថម្ភ​ថវិកា​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំខ្មែរ និងទិវាមនុស្សចាស់កម្ពុជា និងអន្តរជាតិ ជារៀងរាល់ឆ្នាំ និងសូមបួង​សួងដល់​វត្ថុ​ស័ក្ក​សិទ្ធិ​ក្នុង​លោក សូមឲ្យ មន្ត្រី ថ្នាក់ដឹកនាំកាកបាទក្រហមម្ពុជា ជាពិសេសសម្តេចប្រធាន មាន​សុខ​ភាព​បរិបូរណ៍ និងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមជួបតែសុខសប្បាយ និងធ្វើដំណើរ​ទៅ​ទី​ណាសូ​ម​ប្រកប​ដោយ​សុវត្ថិភាពជានិច្ច។សូមជម្រាបថានៅក្នុងឱកាស ទិវាមនុស្សចាស់កម្ពុជា និងអន្តរជាតិ និងពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០២៥​នេះ​ ក្រុមគ្រួសារនិវត្តន៍ជន កាកបាទក្រហមកម្ពុជា ទាំងអស់ក្នុងគ្រួសារ​ទទួ​ល​បាន​កូន​សៀវ​ភៅ​អប់រំផ្លូវចិត្ត ក្រោមចំណងជើងថា «ព្រះធម៌ និង ជីវិត» ដែលរៀបរៀងដោយ ភិក្ខុវ​ជិរប្ប​ញ្ញោ ​គូ សុភាព ម្នាក់១ក្បាល និងថវិកាមួយចំនួន៕ អត្ថបទ៖ សំ ងីម 

សម្ដេចធិបតី ផ្ញើលិខិតជម្រាបទៅអគ្គលេខាធិការUNថា ស្ថានការណ៍ថ្មីៗ នៅតាមព្រំដែនកម្ពុជា-ថៃ បង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពមិនត្រឹមតែសម្រាប់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់តំបន់ទាំងមូល

2025/09/18 02:09:30 pm        277
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារលិខិតផ្ញើជូនឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា ស្ថានការណ៍ថ្មីៗ នៅតាមព្រំដែនកម្ពុជា-ថៃ បង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាព មិនត្រឹមតែសម្រាប់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេថែមទាំងប៉ះពាល់ដល់តំបន់ទាំងមូលផងដែរ។សម្ដេចធិបតី បានជម្រាបជូន ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិថា បទឈប់បាញ់ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងឮត្រាចាយ៉ា បានបញ្ឈប់ការប្រយុទ្ធគ្នាទ្រង់ទ្រាយធំដែលបានផ្ទុះឡើងពីថ្ងៃទី២៤ ខែកក្កដា ក្នុងខេត្តព្រះវិហារ និង ខេត្តឧត្តរមានជ័យ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា។ តែគួរឱ្យសោកស្តាយ ដែលសកម្មភាព ល្មើសនឹងបទឈប់បាញ់របស់កម្លាំងយោធាថៃ នៅតែបន្តឥតឈប់ និងថែមទាំងបានពង្រីកហួស ចេញ ពីតំបន់ជម្លោះប្រដាប់អាវុធកន្លងមកទៀតផង។តាមសារលិខិតសម្ដេចធិបតីបានបញ្ជាក់ថាចាប់តាំងពីថ្ងៃទី១២ ខែសីហា កម្លាំងយោធាថៃបានពង្រីកតំបន់ជម្លោះ តាមរយៈការរាយលួស បន្លា ដាក់របាំងឃាំង ចេញឱសានវាទបណ្តេញពលរដ្ឋខ្មែរចេញពីដីលំនៅដ្ឋានដែលពួកគេបានរស់នៅ ដ៏យូរលង់មកហើយ នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ នៃខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅភាគ ពាយព្យនៃប្រទេសកម្ពុជា និងស្ថិតក្នុងចម្ងាយប្រមាណ ២០០គីឡូម៉ែត្រ ពីតំបន់ជម្លោះ ដូចរៀបរាប់ខាងលើ។ ប្រជាពលរដ្ឋខ្មែរចំនួន ២៥ គ្រួសារ ត្រូវបានរារាំងមិនឱ្យចូលផ្ទះសម្បែង និងស្រែចំការរបស់ ពួកគេ ហើយថ្មីៗនេះ អ្នកនាំពាក្យយោធាថៃក៏បានគំរាមកំហែងធ្វើការបណ្តេញចេញថែមទៀតនាពេលដ៏ខ្លីខាងមុខ ដែលនឹងប៉ះពាល់ដល់អ្នកភូមិរាប់រយគ្រួសារ ដែលមានសមាជិកសរុបប្រមាណជាង ១០០០ នាក់។ដោយឡែក ផ្អែកលើប្រភពគួរឱ្យទុកចិត្តបាន យោធាថៃមានបំណងប្រើប្រាស់កម្លាំងដើម្បីដណ្តើម យកទឹកដីនៅទីតាំងចំនួន ១៧ ផ្សេងទៀត នៅក្នុងតំបន់ ចាប់ពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ដែលស្ថិតនៅប៉ែកខាងលិច និងប៉ែកនិរតី នៃប្រទេសកម្ពុជា។សម្ដេចធិបតីបានបញ្ជាក់ថា សកម្មភាពឯកតោភាគីខាងលើរបស់យោធាថៃ គឺផ្អែកលើផែនទីខ្នាត ១/៥០,០០០ គូសជា ឯកតោភាគី ដែលផ្ទុយពីផែនទីខ្នាត ១/២០០,០០០ ដែលភាគីទាំងសងខាងបានព្រមព្រៀងគ្នា និងជា លទ្ធផលនៃការងារខណ្ឌសីមាព្រំដែនរបស់គណៈកម្មការព្រំដែនរវាងឥណ្ឌូចិន និងសៀម ដែលបង្កើត ឡើងតាមអនុសញ្ញា ឆ្នាំ១៩០៤ និង សន្ធិសញ្ញា ឆ្នាំ១៩០៧ រវាងបារាំង និងសៀម ទទួលស្គាល់ដោយ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងថែមទាំងត្រូវបានបញ្ជាក់ការទទួលស្គាល់ដោយកម្ពុជា និងថៃ ក្នុងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះ ហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ (អនុស្សរណៈ ឆ្នាំ២០០០)។ អនុស្សរណៈ ឆ្នាំ២០០០នេះ ត្រូវបានចុះបញ្ជីនៅអង្គការសហប្រជាជាតិដោយប្រទេសថៃ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១ និង មានបោះពុម្ពផ្សាយនៅក្នុងបញ្ជីកម្រងសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ។សកម្មភាពឯកតោភាគីរបស់ថៃ គឺជាការប៉ុនប៉ងធ្វើការកំណត់ខណ្ឌសីមាព្រំដែនជាឯកតោភាគី តាមរយៈការប្រើប្រាស់កម្លាំង ដែលជាការបំពានដោយផ្ទាល់លើអនុស្សរណៈ ឆ្នាំ២០០០ អាណត្តិរបស់ គណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ(JBC) និងការប្តេជ្ញាចិត្តដែលបានកត់ត្រាក្នុងកិច្ចប្រជុំនៃគណៈ កម្មាធិការព្រំដែនទូទៅ (GBC) នឹងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) នាពេលថ្មីៗនេះ ដែលថា «ភាគីទាំងពីរបានព្រមព្រៀងគ្នាមិនធ្វើសកម្មភាពបង្កហេតុដែលអាចបង្កើនភាពតានតឹង...ឬពង្រីកវិសាលភាព និងទំហំជម្លោះ»។វិធានការជាឯកតោភាគីទាំងនេះ រួមទាំងការអនុវត្តក្រៅដែនដីនៃច្បាប់អាជ្ញាសឹកថៃ គឺជាការរំលោភលើអធិបតេយ្យរបស់កម្ពុជា ដែលមិនអាចទទួលយកបាន និងជាការរំលោភយ៉ាងជាក់ច្បាស់ ចំពោះច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ លើសពីនេះសកម្មភាពឯកតោភាគីទាំងនេះមិនត្រឹមតែ ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កឱ្យមានហានិភ័យនៃការប្រឈមមុខ ដាក់គ្នាដោយហិង្សា។ក្នុងស្មារតីបន្ធូរស្ថានការណ៍ និងមជ្ឈភាពអាស៊ាន សម្ដេចធិបតី បានស្នើសុំជំនួយពីឯកឧត្តមអគ្គលេខាធិការ UN ក្នុងនាមជាប្រធានអាស៊ាន ដើម្បីជំរុញឱ្យប្រទេសថៃ៖ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះបទឈប់បាញ់ និងកិច្ចព្រមព្រៀងពាក់ព័ន្ធដែលសម្រេចបាន នៅទីក្រុងពុត្រាចាយ៉ា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំ GBC និង RBC នា ពេលថ្មីៗនេះ ហើយបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពជាឯកតោភាគី ដែលអាចបង្កើនភាព តានតឹង និងពង្រីកទំហំ និងវិសាលភាពនៃជម្លោះ។ ហាមប្រើកម្លាំងប្រឆាំងជនស៊ីវិល និងទ្រព្យសម្បត្តិ។ រុះរើឧបសគ្គដែលទើបដាក់ថ្មីៗ ដូចជាលួសបន្លា និងសំបកកង់រថយន្ត ក្នុងតំបន់ដែលប្រជាពលរដ្ឋខ្មែរបាននិងកំពុងរស់នៅរាប់ទសវត្សរ៍ និងក្នុងតំបន់ដែលការកំណត់ខណ្ឌសីមាព្រំដែននៅមិនទាន់បានដោះស្រាយបញ្ចប់។សម្ដេចធិបតីស្នើឱ្យបញ្ឈប់ផែនការបណ្តេញចេញដោយបង្ខំ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានបណ្តេញ ចេញរួចហើយ អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋាន និងដីរបស់ពួកគេវិញ។ បញ្ឈប់ការប្រើប្រាស់ ឬគ្រោងប្រើប្រាស់កម្លាំងយោធា ដើម្បីធ្វើការកំណត់ខណ្ឌសីមាព្រំដែនជា ឯកតោភាគី ហើយអនុញ្ញាតឱ្យយន្តការទ្វេភាគីដែលមានស្រាប់ ដូចជា JBC បន្តធ្វើការងារ ដោយសន្តិវិធី ដោយផ្អែកលើមូលដ្ឋានកិច្ចព្រមព្រៀង អនុសញ្ញា និងសន្ធិសញ្ញា និងច្បាប់អន្តរជាតិ ដែលមានស្រាប់ និងដោះលែងជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ព្រមទាំង បញ្ជូនត្រឡប់វិញ យោធិនកម្ពុជាចំនួន ១៨រូប ដែលកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់ភាគីថៃ។សម្ដេចធិបតីបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធ្វើការជាមួយប្រទេសថៃ និងអាស៊ាន ដើម្បីរក្សាស្ថិរភាព ជំរុញកិច្ចសហ ប្រតិបត្តិការ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនយើង។បន្ទាប់ពីបានទទួលព័ត៌មានខាងលើ និងក្នុងស្មារតីនៃការប្តេជ្ញាចិត្តរួមចំពោះសន្តិភាព និងការសន្ទនាក្នុងន័យស្ថាបនា សម្ដេចសង្ឃឹមជឿជាក់ថា ឯកឧត្តមអគ្គលេខាធិការ UN នឹងពិចារណាផ្តល់ការគាំទ្រដ៏មានតម្លៃតាមរយៈយន្តការសមស្របដើម្បីជួយជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រសិទ្ធភាពនូវបទឈប់បាញ់ និងកិច្ចព្រមព្រៀងនានាដែលកម្ពុជា-ថៃសម្រេចបាន។ ការដឹកនាំ និងការចូលរួមចំណែកជាបន្តទៀតរបស់ឯកឧត្តម ពិតជាមានសារៈសំខាន់ណាស់ក្នុងការរក្សាស្ថិរភាព និងជំរុញដំណោះស្រាយ សន្តិវិធីចំពោះ ស្ថានភាពបច្ចុប្បន្ន៕

អាជ្ញាធរមីន និងស្ថានទូតឥណ្ឌា ចុះអនុស្សារណៈនៃការយោគយល់គ្នា ក្នុងការ អនុវត្តការងារ​បោស​សម្អាតមីន ក្រោមការគាំទ្រពីគម្រោងផ្តល់ផលរហ័សរបស់រដ្ឋាភិបាលឥណ្ឌា ដើម្បីត្រៀម​ប្រកាសភូមិ​មួយក្នុងខេត្តពោធិ៍សាត់ជាភូមិគ្មានមីន

2025/09/18 02:07:49 pm        172
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋ មន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជានាថ្ងៃ ទី ១៨ ខែកញ្ញា ឆ្នាំ​២០២៥ នេះស្ថិតនៅទីស្នាក់ ការអាជ្ញាធរមីន បានអញ្ជើញចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការ បោសសម្អាតមីនក្នុងភូមិព្រៃអណ្តូង ឃុំប្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដើម្បីប្រកាសជាភូមិអស់មីន ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលឥណ្ឌា តាម រយៈការអនុវត្តគម្រោងផ្តល់ផលរហ័សនៅកម្ពុជា “Quick Impact Projects” រវាងអាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា។ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើក ឡើងថា ការចុះអនុស្សរណៈយោគយល់គ្នាថ្ងៃនេះ គឺជាសក្ខីភាពជាក់ស្តែងមួយបន្ថែមទៀតដ៏រស់រវើកនៃទំនាក់ទំនងល្អជាប្រពៃណីជាប្រវត្តិសាស្រ្ត និងមិត្តភាពយូរអង្វែងរវាងរដ្ឋាភិ បាលនិងប្រជាជនឥណ្ឌា-កម្ពុជា ដែលបានឆ្លង កាត់រាប់សហស្សវត្សរ៍ និងបន្តរីកចម្រើនគួរឱ្យកត់សម្គាល់។ឯកឧត្តមបន្តទៀតថា ការឧបត្ថម្ភគាំទ្ររបស់រដ្ឋាភិបាលឥណ្ឌាក្នុងវិស័យសកម្ម ភាពមីន ទាំងការបោសសម្អាតមីន និងសង្រ្គោះជនរងគ្រោះដោយសារមីន គឺបានឆ្លុះបញ្ចាំងពីភាពជាដៃគូយ៉ាងរឹងមាំ និងតែងតែជួយគ្នាទៅវិញទៅមក ក្នុងចំណោមប្រទេសជាមិត្ត និងដៃគូដទៃទៀត ក្នុងការរួមចំណែកជា មួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យកម្ពុជាអាចសម្រេចនូវគោលដៅមួយគ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម ស្របតាមចក្ខុវិស័យដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ឯកឧត្តម លី ធុជ គូសបញ្ជាក់ទៀតថា ការគាំទ្រដ៏សប្បុរសរបស់ឥណ្ឌា មិនត្រឹមតែជាការបោសសម្អាតមីនប៉ុណ្ណោះទេ វាជាការឈូសឆាយផ្លូវទៅកាន់ការស្តារឡើងវិញនូវភាពថ្លៃថ្នូររបស់សហគមន៍ និងការពង្រីកសក្តានុពលគ្មានដែនកំណត់របស់កម្ពុជា ចាប់តាំងពីខេត្ត កោះកុង ដល់ខេត្តពោធិ៍សាត់ ចាប់ពីការ ប្រកាសភូមិគ្មានមីន រហូតដល់គំនិតផ្តួច ផ្តើម "ឥណ្ឌាដើម្បីមនុស្សជាតិ" ក្នុងការផ្តល់អវ:យវៈសិប្បនិមិត្តដល់ជនរងគ្រោះ។តាងនាមឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះ ឯកឧត្តម Vanlalvawna Bawitlung និងសហការី ដែលបានចូលរួមបន្តពង្រីកចំណងមិត្តភាពរវាងប្រជាជាតិទាំង ពីរ និងលះបង់ឥតឈប់ឈរជាមួយរាជរដ្ឋាភិ បាលកម្ពុជា ក្នុងការដោះស្រាយនូវមរតកសង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា និងលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជននៅតាមសហគមន៍ តាម រយៈការអនុវត្តគម្រោងផ្តល់ផលរហ័ស របស់រដ្ឋាភិបាលឥណ្ឌា។ជាមួយគ្នានោះផងដែរ ឯកឧត្តម Vanlal vawna Bawitlung បានលើកឡើងថា ការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ គឺបានឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងឥណ្ឌានិងកម្ពុជា ដែលត្រូវបានកសាងឡើងដោយទំនុក ចិត្ត សុច្ឆន្ទៈ និងការប្តេជ្ញាចិត្តរួមគ្នា។ នេះជាការអនុវត្តគម្រោងបោស សម្អាតមីនលើកទីបី ក្រោមការគាំទ្រពីគម្រោងផ្តល់ផលរហ័សនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា រវាងស្ថានទូត និងអាជ្ញាធរមីន ហើយផ្ទៃដីចំនួន ២០ហិកតា នឹងត្រូវបានរំដោះចេញពីគ្រាប់មីន និងមានអ្នកទទួលផលប្រមាណជា ១.០០០ នាក់ នៅភូមិព្រៃអណ្តូង ក្នុងខេត្តពោធិ៍សាត់ នឹងត្រូវប្រកាសជាភូមិគ្មានមីន ដែលអាចរួម ចំណែកផ្តល់ឱកាសជាច្រើនទៀតសម្រាប់អនាគតកាន់តែប្រសើរ និងសុវត្ថិភាព។ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានវាយតម្លៃថា ការ បោសសម្អាតមីន ពិតជាបានស្តារឡើងវិញនូវទំនុកចិត្ត និងសេចក្តីថ្លៃថ្នូររបស់សហគមន៍ដែលរស់នៅជុំវិញតំបន់រងផលប៉ះពាល់ទាំងនោះ។ វាក៏អាចឱ្យពួកគាត់បន្តសកម្មភាពសេដ្ឋកិច្ច និងផ្តល់សិទ្ធិអំណាចឱ្យពួកគាត់ សម្រេចបាននូវអនាគតដ៏ត្រចះ ត្រចង់។ ជាមួយនឹងគម្រោងនេះ នឹងអាចឱ្យកម្ពុជាខិតទៅជិតការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសគ្មានមីននៅឆ្នាំ ២០៣០៕

ក្រសួងការងារ រៀបចំ​សិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីលើសេចក្តីព្រាងច្បាប់​ស្តីពី«សុវត្ថិភាព និងសុខភាពការងារ​​»

2025/09/18 01:13:17 pm        277
នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ធាគារ Oakwood Premier ភ្នំពេញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​រៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីលើសេចក្តីព្រាងច្បាប់​ស្តីពី​៖ «សុវត្ថិភាព និងសុខភាពការងារ​​» ក្រោម​អធិបតីភាព​ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការ​ប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ ​រដ្ឋមន្រ្តីក្រសួងការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ រួមទាំងថ្នាក់ដឹកនាំ នៃ​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ និងមានការចូលរួមពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក ដោយមានការចូលរួមពីតំណាងភាគីអង្គការអន្តរជាតិខាងការងារ(ILO) ព្រមទាំងអង្គភាពក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការដៃគូរពាក់ព័ន្ធដែលមានអ្នកចូលរួមសរុបចំនួនប្រមាណ ១៣៥រូប។សិក្ខាសាលា​លើសេចក្តីព្រាងច្បាប់នេះមានគោលបំណងកំណត់ និងគ្របដណ្តប់លើបញ្ហាពាក់ព័ន្ធអំពីប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនិងសុខភាពការងារនៅតាមសហគ្រាស គ្រឹះស្ថាន ស្របតាមស្តង់ដារអន្តរជាតិខាងការងារ(ILO) និងលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ ដើម្បីបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ការងារនិងជំងឺវិជ្ជាជីវៈ សំដៅធានាឱ្យមានបរិយាកាសការងារល្អប្រកបដោយផាសុកភាព លើកកម្ពស់ផលិតភាពការងារ និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ​ ព្រមទាំងធានាបាននូវសុវត្ថិភាពនិងសុខភាពការងារនៅកន្លែងធ្វើការ។ថ្លែងទៅកាន់អង្គពិធីទាំងមូល លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការ​ប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ ​រដ្ឋមន្រ្តីក្រសួងការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បានគូសបញ្ជាក់អំពីភាពចាំបាច់ និងសារៈសំខាន់នៃច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ដើម្បីចូលរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យរបស់កម្ពុជានាឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ក្នុងន័យនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញបេសកកម្មក្នុងការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ ដើម្បីធានាថា ប្រជាពលរដ្ឋខ្មែរអាចទទួលបានការងារប្រកបដោយគុណភាព ដែលជាប្រភេទការងារសមរម្យស្របតាមនិយមន័យសកល ដែលត្រូវបានកំណត់ដោយអង្គការ ILO ដែលកម្ពុជាជាសមាជិក។ ដើម្បីជាធាតុចូលសម្រាប់កិច្ចពិភាក្សានាថ្ងៃនេះ លោកជំទាវ សូមលើកទឹកចិត្តដល់ត្រីភាគីកម្ពុជា ក្នុងការពិភាក្សាដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ សំដៅធានាឱ្យបាននូវការកំណត់អំពីវិសាលភាព និងគោលបំណងនៃបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់នេះ ព្រមទាំងដាក់ចេញនូវវិធានការក្នុងការធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយធ្វើការកំណត់នូវតួនាទីនិងភារកិច្ចរបស់គ្រប់ភាគីពាក់ព័ន្ធគឺពិតជាមានសារៈសំខាន់ ក្នុងការពិភាក្សានាថ្ងៃនេះ។ជាមួយគ្នានេះដែរតាមរយៈសិក្ខាសាលានេះ ឯកឧត្តម លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមថ្លែងអំណរគុណចំពោះអង្គការអន្តរជាតិខាងការងារ(ILO) ចំពោះការចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា សំដៅសម្រេចឱ្យបាននូវការងារសមរម្យសម្រាប់ទាំងអស់គ្នា ដោយមិនទុកបុគ្គលណាម្នាក់ចោលនោះឡើយ ហើយជាពិសេសជាមួយគ្នានេះដែរតាមរយៈសិក្ខាសាលាសម្រាប់មួយថ្ងៃពេញនេះ បាន​រៀបចំបែងចែកកិច្ចពិភាក្សា​ជា​ក្រុម ដោយមួយក្រុមៗមានតំណាងរដ្ឋាភិបាល តំណាងភាគីនិយោជក តំណាងភាគីកម្មករនិយោជិត និងតំណាងអង្គការដៃគូអភិវឌ្ឍ ព្រមទាំងមានក្រុមការងារសម្របសម្រួលផ្នែកសុវត្ថិភាព និងសុខភាពការងារតាមក្រុមនីមួយៗ ដើម្បីសំយោគ​រិះរកប្រមូលនូវធាតុចូលសំខាន់ៗនូវសេចក្តីព្រាងច្បាប់ ដើម្បីធានាឱ្យសេចក្តីព្រាងច្បាប់មួយនេះមានប្រសិទ្ធភាព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រភពប៉ាគីស្ថាន៖ កិច្ចប្រឹងប្រែង ដើម្បីសម្រួលដល់ការចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងបន្ត
04/07/2026 08:04 PM
អាមេរិកវាយប្រហារគោលដៅយោធាលើកោះ Kharg របស់អ៊ីរ៉ង់ ខណៈលោក Vance ប្រាប់ថា គ្មានការប្តូរយុទ្ធសាស្ត្រទេ
04/07/2026 08:04 PM
ប្រេងឡើងថ្លៃ និងកង្វះខាតប្រេង រុញច្រានឲ្យអ្នកប្រើប្រាស់ប៉ាគីស្ថានងាកមករកម៉ូតូអគ្គិសនី
04/07/2026 08:04 PM
លោក Trumpថា សង្គមមនុស្សទាំងមូលនឹងត្រូវស្លាប់នៅយប់នេះ បើសិនជាអ៊ីរ៉ង់មិនបង្កើតកិច្ចព្រមព្រៀង
04/07/2026 08:04 PM
[UPDATE] លោក Trump បញ្ជាក់ថា «អារ្យធម៌ទាំងមូលនឹងលែងមាននៅយប់នេះ» បើអ៊ីរ៉ង់មិនធ្វើកិច្ចព្រមព្រៀង
04/07/2026 08:04 PM
ចិនសង្ឃឹមថា ភាគីពាក់ព័ន្ធនឹងសង្រ្គាមអ៊ីរ៉ង់អាចក្តាប់ឱកាស ដើម្បីសន្តិភាព និងចាប់ផ្តើមកិច្ចពិភាក្សាឡើងវិញ
04/07/2026 08:04 PM
អ៊ីរ៉ង់គំរាមរំខានការផ្គត់ផ្គង់ប្រេង និងឧស្ម័ន ក្នុងតំបន់ «ជាច្រើនឆ្នាំ» បើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលត្រូវបានវាយប្រហារ
04/07/2026 08:04 PM
WHO ៖ ការជម្លៀសផ្នែកវេជ្ជសាស្រ្តនៅតំបន់ហ្កាហ្សា បានផ្អាក ក្រោយកម្មករជាប់កិច្ចសន្យាម្នាក់ត្រូវបានសម្លាប់
04/07/2026 08:04 PM
BREAKING NEWS ៖ សង្គមមនុស្សទាំងមូលនឹងត្រូវស្លាប់នៅយប់នេះ បើសិនជាអ៊ីរ៉ង់មិនបង្កើតកិច្ចព្រមព្រៀង
04/07/2026 08:04 PM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីនាំយកអំណោយមនុស្សធម៌សម្រាលទុក្ខលំបាក ជូនលោកតាលោកយាយចាស់ជរាគ្មានទីពឹងនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ
04/07/2026 08:04 PM