លោក គីម រិទ្ធី ៖«ការសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព និងបន្តកសាងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន»
ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងធ្វើតេស្តRPLដល់អតីតពលករមកពីថៃ ដើម្បីបំប្លែងបទពិសោធន៍ការងារទៅជាវិញ្ញាបនបត្រទទួលស្គាល់ជំនាញផ្លូវការ
ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ

ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះឃាត់ខ្លួនជនសង្ស័យចំនួន៣៧នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត

2025/11/12 12:23:35 pm        545
បន្ទាយមានជ័យ៖ ជនសង្ស័យចំនួនចំនួន៣៧ នាក់ ក្នុងនោះមានស្រ្តី០៨នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីតាំងកាស៊ីណូម៉ារីណាន ស្ថិតក្នុងបុរីសានហូរ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញបានបង្ហាញ ថាមានការសង្ស័យ មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scam)។ជនសង្ស័យដែលបានឃាត់ខ្លួនទាំង៣៧នាក់នោះមានជនជាតិចិនចំនួន ៥នាក់, ឥណ្ឌូនេស៊ីចំនួន ៣០នាក់ និងជនជាតិខ្មែរ២នាក់ផងដែរ ត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធនឹង ការប្រព្រឹត្តសកម្មភាពឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា មានគោលដៅចំពោះពលរដ្ឋនៅក្នុងប្រទេសផ្សេងៗ ក្រោមរូបភាពក្លែងបន្លំជាសមត្ថកិច្ច, ការក្លែងបន្លំនិងផ្តល់កម្ចីអនឡាញ, បន្លំជាអាជីវកម្មប្តូរប្រាក់ខុសច្បាប់ទៅប្រទេសដទៃ និងការប្តូររូបិយប័ណ្ណឌីជីថល។ ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានដកហូតសម្ភារៈជា វត្ថុតាង រួមមានកុំព្យូទ័រចំនួន៦៥គ្រឿង ទូរសព្ទចំនួន៦៣គ្រឿង និងអត្តសញ្ញាណបណ្ណសញ្ជាតិថៃចំនួន ២៦កាត ។ ប្រតិបត្តិការនេះ ត្រូវបានអនុវត្តដោយកម្លាំងចម្រុះនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ, គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ដោយមានការចូលរួមសម្របសម្រួលពី លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការ ឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ព្រមទាំងសម្របសម្រួលនីតិវិធីពីលោកសំរឹទ្ធ សុខុនព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ  ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យ និងបានឈានដល់ការឃាត់ខ្លួន ជនសង្ស័យជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ដូចបានរៀបរាប់ខាងលើនេះ។ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញ បច្ចុប្បន្នកំពុងសហការជាមួយ ភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀតឈានទៅចាត់វិធានការ ផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកឯ ទីតាំងខាងលើត្រូវបានបិទបណ្តោះអាសន្ន។សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕

អតីតយុទ្ធជនពិការមួយគ្រួសារក្នុងស្រុកបារាយណ៍ទទួលបានអំណោយផ្ទះថ្មីពីសម្ដេចតេជោ ហ៊ុន សែន

2025/11/12 12:19:33 pm        165
នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត​កំព​ង់​ធំ ​អមដំណើរដោយលោក ឃន ចាន់ថៃ អភិបាលស្រុក ប្រធានសមាគមអតីតយុទ្ធជន និង​និវត្តជន​កម្ពុជា​ ស្រុកបារាយណ៍ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ទៅប្រគល់​ផ្ទះ​ថ្មី​មួយ​ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ព្រម​ទាំង​សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនអតីត​យុទ្ធ​ជនពិការ​មួយរូ​ប​ដោយ​សារ​សង្គ្រាម ដែលគាត់មានដីតែមានជម្រករស់នៅមិនសមរម្យ ដែលស្ថិតនៅភូមិថ្នល់ថ្មី ឃុំ​បារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ អតីតយុទ្ធជនពិការមួយរួប​ដែលទទួលបានអំណោយផ្ទះថ្មីនេះ ឈ្មោះលោក យិន សារី អាយុ ៥៣ ឆ្នាំ មានឋានន្តរសក្ដិនាយឯក បានរៀបរាប់ថា លោកធ្លាប់​បាន​ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​នៅ​ឆ្នាំ​១៩៩០ នៅអង្គភាពស៊ើបការណ៍ យោធាខេត្តកំពង់ធំ ។ នៅឆ្នាំ ១៩៩២ លោក​បាន​ចុះ​ការ​ពារ​ខ្សែ​រថយន្តដឹកសម្ភារៈពីខេត្តកំពង់ធំ ទៅកាន់ខេត្តព្រះវិហារ ហើយ​ត្រូវ​ខ្មាំង​ពួន​ស្ទាក់​វាយ​សង្រ្គប់​នៅចំ​ណុចភ្នំដែក ស្រុករវៀង បណ្ដាលឱ្យរងរបួសពេញខ្លួនដោយអំបែងគ្រាប់។ សព្វថ្ងៃ លោក យិន សារី រ​ស់នៅជាមួយភរិយា និងមានកូននៅក្នុងបន្ទុកចំនួន ៥នាក់ ក្នុងផ្ទះតូចចង្អៀត ហើយ​មានជីវភាពលំបាកខ្វះខាត ព្រមទាំងមានជំងឺប្រចាំកាយដោយរបួសចាស់សើរើផងដែរ។ ឧត្តម​សេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនិងង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំង​ស្មាត​ប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅខាងក្រោយប្រវែង ៣ម៉ែត្រ ព្រម​ទាំង​មាន​បង្គន់​អនាម័យសម្រាប់ប្រើប្រាស់ផងដែរ។ ផ្ទះថ្មីនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុ​ប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទុកជាចំណងដៃ ដល់​ក្រុម​គ្រួសារ​អតីតយុទ្ធជនពិការដោយសារសង្គ្រាម បានរស់មរម្យជារៀងរហូតតទៅ ។ នៅក្នុង​ឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោក ឃន ចាន់ថៃ ក៏បាន​នាំ​យក​នូវ​ស្បៀង​អា​ហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ សំលៀកបំពាក់ ចាន ឆ្នាំង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ មួយចំនួនទៀត ដែលជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ក្រុមគ្រួសារលោក យិន សារី សម្រាប់​ដោះ​ស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនេះផងដែរ ។លោក ឃន ចាន់ថៃ អភិបាលស្រុក ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុក​បាយ​រាយណ៍ ខេត្តកំពង់ធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលបានផ្ដល់ផ្ទះមួយខ្នងថ្មីទៀតជូនក្រុមគ្រួសារអតីតយុទ្ធជន ដែល​កំពុងមានជីវភាពលំបាកខ្វះខាត និងមានជម្រករស់នៅមិនសមរម្យនៅស្រុកបារាយណ៍ នា​ពេល​នេះ និងសូមគោរពជូនពរសម្ដេច ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹក​នាំ​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធជន និងនិវត្តជនកម្ពុជា នៅគ្រប់ថ្នាក់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបី​ឃ្លៀង​ឃ្លាត​ឡើយ៕

ឯកឧត្តម គន់ គីម អញ្ជើញប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល

2025/11/12 12:11:08 pm        133
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និង​ជា​អគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​សមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល ព្រម​ទាំង​សំណេះសំណាលជាមួយនិវត្តជន ដែលពិធីនេះប្រព្រឹត្តនៅសាលប្រជុំ មជ្ឈ​មណ្ឌល​គរុកោសល្យ​ភូមិភាគ ស្ថិតក្នុងក្រុងតាខ្មៅ។ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានសមាគមខេត្ត, មេ​បញ្ជា​ការតំបន់ប្រតិបត្តិការសឹករងខេត្ត ជាអនុប្រធានប្រចាំការសមាគមខេត្ត, ស្នងការ​នគរបាល​ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, អភិបាលក្រុង-ស្រុក, លោក-លោក​ស្រី​ប្រធាន​មន្ទីរ​អង្គ​ភាព​ជុំវិញខេត្ត, កងកម្លាំងទាំងបី និងនិវត្តជន សរុបចំនួនជាង ៤០០នាក់៕

ក្រុមសមាជិកព្រឹទ្ធសភា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមអភិវឌ្ឍន៍សុខុមាលភាពកម្ពុជា-បារាំង ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកគិរីវង់ ខេត្តតាកែវ

2025/11/12 12:04:00 pm        106
នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ (ខេត្តកំពត ខេត្តតាកែវ និងខេត្តកែប) ដឹកនាំដោយឯកឧត្តម ឈួន ឆាម ប្រធានស្តីទីក្រុម បាន​សហការ​ជា​មួយ​ក្រុម​គ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមអភិវឌ្ឍន៍សុខុមាលភាពកម្ពុជា-បារាំង អញ្ជើញ​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទីក្រុម បានពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ព្រឹទ្ធសភា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងគិតគូរ​អំពី​សុខ​ទុក្ខ​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានសម្តែងនូវសោមនស្សរីករាយក្រៃលែង ដោយ​បាន​សហការ​ជាមួយ​សមាគម​អភិវឌ្ឍន៍​សុខុមាលភាពកម្ពុជា-បារាំង ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាជនជាតិបារាំង-កម្ពុជា មក​ពិនិត្យ​ព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ នា​ពេល​នេះ ក្នុងគោលបំណងសំខាន់ គឺការពិគ្រោះជំងឺ និងពិនិត្យ​ព្យាបាល​ជំងឺ​ជូន​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដោយ​មិនយកកម្រៃ និងដើម្បីឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន របស់យើង មាន​សុខ​ភាព​ល្អ​គ្រប់​ៗ​គ្នា​។ តាងនាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ឯកឧត្តមបាន​ថ្លែង​អំណ​រគុណចំ​ពោះ​ថ្នាក់​ដឹក​នាំ​ស្រុក និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុកគិរីវង់ និងសមាគមអភិវឌ្ឍន៍សុខុមាលភាពកម្ពុជា-បារាំង ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ធ្វើឱ្យកម្ម​វិធី​របស់​យើង​នៅ​ថ្ងៃ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​តាមកម្មវិធីគ្រោងទុក។បន្ទាប់មកនៅព្រឹកថ្ងៃដដែលនេះ ស្ថិតនៅវត្តគិរីចុងកោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បាន​អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងមេភូមិនៅឃុំគិរីចុងកោះ ស្រុក​គិរីវង់ ខេត្តតាកែវ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពនៃការអនុវត្តការងាររបស់ឃុំ ដែល​បាន​និង​កំពុង​មាន​ការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ជាពិសេសការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ បាន​យ៉ាង​ល្អ​ប្រសើរ៕

កម្ពុជា និងអឺរ៉ុបបើកសម្ពោធពិព័រណ៍ការសិក្សានៅប្រទេសក្នុងសហភាពអឺរ៉ុបលើកទី៤ និងកិច្ចសន្ទនារវាងសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងវិស័យឯកជន

2025/11/12 11:56:30 am        148
នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម អ៊ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងបើកសម្ពោធ កិច្ចសន្ទនារវាងសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងវិស័យឯកជន នៃប្រទេសកម្ពុជា និងអឺរ៉ុប ដែលជាផ្នែកមួយនៃ ពិព័រណ៍ការសិក្សានៅប្រទេសក្នុងសហភាពអឺរ៉ុប លើកទី៤ (Study in Europe Fair) សម្រាប់សិស្សនិស្សិតកម្ពុជា និងមានការចូលរួមពីសំណាក់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ តំណាងសាកលវិទ្យាល័យជាច្រើនមកពីប្រទេសក្នុងសហភាពអឺរ៉ុប ភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ មាតាបិតា អ្នកអាណាព្យាបាលសិស្សនិស្សិត សាធារណៈជន ភ្ញៀវជាតិ និងអន្តរជាតិ។ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកចូលរួមទាំងអស់ ជាពិសេសដៃគូកិត្តិយសមកពីទ្វីបអឺរ៉ុប ដែលបានចូលរួមក្នុងកិច្ចសន្ទនានេះ ដើម្បីពង្រឹងចំណងនៃកិច្ចសហប្រតិបត្តិការអប់រំ និងស្រាវជ្រាវជាមួយប្រទេសកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ចំពោះការរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ និងបានគាំទ្រយ៉ាងសកម្មក្នុងការកែទម្រង់វិស័យអប់រំនៅកម្ពុជា។ សហភាពអឺរ៉ុប គឺជាដៃគូដ៏រឹងមាំបំផុតមួយរបស់កម្ពុជា ក្នុងការលើកកម្ពស់ឧត្តមសិក្សា ការអភិវឌ្ឍសមត្ថភាព និងនវានុវត្តន៍ ហើយកិច្ចសន្ទនានេះ គឺជាសមិទ្ធផលដ៏សំខាន់មួយទៀតនៅក្នុងភាពជាដៃគូដែលកំពុងរីកចម្រើនរបស់យើង ដែលមានមូលដ្ឋានយ៉ាងរឹងមាំលើគោលការណ៍រួមនៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការអប់រំ និងកម្មវិធីផ្លាស់ប្ដូរនានា។ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ រាជរដ្ឋាភិបាលបានកំណត់ ការអប់រំ STEM ជាអាទិភាពកំពូល ដោយវិនិយោគលើមូលដ្ឋានគ្រឹះចំណេះដឹងកម្រិតខ្ពស់សម្រាប់មនុស្សជំនាន់ក្រោយ ដែលមានសារៈសំខាន់ជាពិសេសក្នុងយុគសម័យនៃបញ្ញាសិប្បនិម្មិត(AI) ដែលទាមទារឱ្យយើងពង្រឹងទាំងផ្នែកវិទ្យាសាស្ត្រ (STEM) និងសមត្ថភាពគិតពិចារណា (ទស្សនវិជ្ជា)។ ជាមួយគ្នានេះ សូមថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ក្នុងការបណ្តុះបណ្តាលនិស្សិត និងអ្នកវិទ្យាសាស្ត្រកម្ពុជាតាមរយៈកម្មវិធីនានា ដូចជា Erasmus+ ជាដើម។ ក្នុងបរិបទនេះ ការគាំទ្ររបស់សហភាពអឺរ៉ុប ក្រោមជំនួយឧបត្ថម្ភថ្មីចំនួនពីរ ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុបដល់គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក្រោមកម្មវិធី Erasmus+ Capacity Building in Higher Education (CBHE) គឺស្របគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងចក្ខុវិស័យជាតិរបស់កម្ពុជា ដោយជំនួយឧបត្ថម្ភទាំងនេះ នឹងជួយបង្កើនសមត្ថភាពស្ថាប័ន ការអភិវឌ្ឍកម្មវិធីសិក្សា និងកិច្ចសហប្រតិបត្តិការអន្តរជាតិបន្ថែមទៀត ដែលជួយគាំទ្រដល់គ្រឹះស្ថានឧត្តមសិក្សារបស់យើងដើម្បីបំពេញតម្រូវការនៃសេដ្ឋកិច្ចសតវត្សរ៍ទី ២១។ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈប្រតិភូសហភាពអឺរ៉ុប ឯកអគ្គរដ្ឋទូតទាំងអស់នៃប្រទេសជាសមាជិកអឺរ៉ុប តំណាងនៃសាកលវិទ្យាល័យ វិទ្យាស្ថាន និងវិស័យឯកជនទាំងអស់នៃប្រទេសទាំងពីរដែលបានចូលរួម និងផ្តល់កិត្តិយសដ៏ថ្លៃថ្លាដល់វេទិកានេះ ដោយជឿជាក់ថា កិច្ចសន្ទនា និងភាពជាដៃគូបន្តរវាងកម្ពុជា និងអឺរ៉ុប នឹងបើកផ្លូវសម្រាប់គម្រោងស្រាវជ្រាវរួម ការផ្លាស់ប្តូរការសិក្សារបស់និស្សិត និងការអន្តរភាវូបនីយកម្ម (internationalization) នៃឧត្តមសិក្សា។ តាមរយៈកិច្ចសហការ និងកិច្ចសន្ទនាគ្នានេះ នឹងអាចបង្កើតតម្លៃរួមសម្រាប់សន្តិភាព ស្ថិរភាព និងការរកឃើញវិទ្យាសាស្ត្រថ្មីៗ ព្រមទាំងផ្តល់ឱកាសកាន់តែច្រើនក្នុងការផ្លាស់ប្តូរនិស្សិត និងការពង្រីកគម្រោងស្រាវជ្រាវរួម ក្នុងគោលដៅអភិវឌ្ឍធនធានមនុស្សដ៏សំខាន់សម្រាប់អនាគតនៃប្រទេសកម្ពុជា។សូមជម្រាបថា កិច្ចសន្ទនានេះ បានប្រមូលផ្តុំអ្នកតំណាងជាង ១០០នាក់មកពីគ្រឹះស្ថានឧត្តមសិក្សា វិទ្យាស្ថានស្រាវជ្រាវ និងអង្គការវិស័យឯកជនអឺរ៉ុប រួមជាមួយអ្នកតំណាងប្រហែល ២០០ នាក់មកពីគ្រឹះស្ថានឧត្តមសិក្សា និងស្ថាប័នកម្ពុជា។ ការចូលរួមដ៏សម្បូរបែបនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់យើងក្នុងការលើកកម្ពស់ឧត្តមភាពសិក្សា និងការតភ្ជាប់ការអប់រំជាមួយនវានុវត្តន៍ និងឧស្សាហកម្ម៕

ថ្ងៃនេះជាថ្ងៃទី១០៦ដែលវីរកងទ័ពកម្ពុជា១៨រូបត្រូវបានចាប់ខ្លួន និងក្រោមការឃុំគ្រងរបស់យោធាថៃ

2025/11/12 11:50:26 am        193
ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ជាថ្ងៃទី១០៦ ហើយដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប​ត្រូវ​បាន​ចាប់​ខ្លួន​ និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ ក្រោយភាគីថៃបាន​រំលោភ​កិច្ច​ព្រម​ព្រៀង​​ឈ​ប់បាញ់កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។ក្រសួង​ការពារជាតិកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកានេះ បានបន្តអំពាវនាវឱ្យភាគីថៃ ដោះ​លែង​វីរ​កង​ទ័ព​កម្ពុជាចំនួន ១៨រូប ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់​អាច​វិល​ត្រឡប់​មក​ជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាម​ច្បាប់​មនុស្ស​ធម៌​អន្តរ​ជាតិ។សូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវ​គ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះ​លែង​កង​កម្លាំង​របស់​យើង​ទាំង​១៨នា​ក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែល​បោះប​ង់​កង​កម្លាំ​ង​របស់​យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។សូមរម្លឹកថាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្រ្តី​នៃកម្ពុជា និងអតីតនាយករដ្ឋមន្រ្តីស្តីទីថៃ លោក Phumtham Wechayachai បាន​ឯក​ភាព​គ្នា​ទទួល​យកបទឈប់បាញ់ តាមរយៈការចុះកិច្ចព្រមព្រៀងឈប់បាញ់ជាមួយគ្នា នៅ​ទី​ក្រុង​កូឡា​ឡាំពួ​រ ប្រទេសម៉ាឡេស៊ី។ លទ្ធផលនេះកើតឡើងក្រោមការសម្របសម្រួលរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ឯកឧត្តម Anwar Ibrahim និងមានការសហការជំរុញដោយឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និង​មាន​ការចូលរួមពីតំណាងប្រទេសចិន។បន្ទាប់​ពី​ទទួលបានបទឈប់បាញ់, រហូតដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ភាគីទាំងពីរ​បាន​ឯកភាព​គ្នា​ចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃមួយទៀត ចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក អនុទីន ចាន់វីរៈកុល នាយករដ្ឋមន្រ្តីថៃ ក្រោម​អធិបតី​ភាពសាក្សីពីឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងឯកឧត្តម នាយក​រដ្ឋ​មន្រ្តី​ម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន នៅអំឡុងកិច្ចប្រជុំកំពូលអាស៊ាន។ តាមរយៈ​កិច្ច​ព្រម​ព្រៀង​នេះ​ក៏​បាន​បញ្ជា​ក់​ពីការ​ដោះលែង​ជា​បន្ទាន់​នូវ​វីរកង​ទ័ព​កម្ពុជា​ទាំង​១៨​រូប​ស្របតា​ម​ច្បាប់​មនុស្ស​ធម៌​អន្តរជាតិ​ផង​ដែរ៕

អ្នកនាំពាក្យក្រសួងការងារ បន្តអំពាវនាវបងប្អូនប្រជាពលរដ្ឋកុំឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ដោយ​គួរ​តែ​ស្វែង​រក​ការងារក្នុងស្រុកវិញ

2025/11/12 11:42:03 am        198
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​អំពាវ​នាវ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​កុំឆ្លង​ដែន​ដោយ​ខុសច្បាប់ទៅប្រទេសថៃ ដោយគួរតែស្វែងរកការងារក្នុងស្រុកវិញល្អជាង ព្រោះ​ទទួល​បាន​ប្រាក់​ឈ្នួល​សមរម្យ និងអត្ថប្រយោជន៍ជាច្រើន។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មាន​ប្រសាស​ន៍​ថ្ងៃ​ទី​១២​​ខែវិច្ឆិកានេះថា បងប្អូនប្រជាពលរដ្ឋ មិនគួរឆ្លងដែនដោយខុសច្បាប់ ដើម្បីស្វែង​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​នោះ​ទេ ដោយពួកគាត់គួរតែស្វែងរកឱកាសការងារក្នុងស្រុកវិញ ព្រោះ​ការ​ងារ​ក្នុង​ស្រុក​សំបូរ​បែប សុវត្ថិភាពជាង ចំណាយតិចជាង និងទទួលបានប្រាក់ឈ្នួលសមរម្យ រួម​ទាំង​អត្ថ​ប្រយោជន៍​ការ​ថែ​ទាំ​សុខភាព និងប្រាក់សោធន ដែលនៅប្រទេសថៃ មិនមាននោះឡើយ។ អ្នកនាំពាក្យក្រសួងការងារ​បានបន្ថែមថា «ខ្ញុំបន្តអំពាវនាវដោយទទូច សូម​បង​ប្អូន​ប្រជា​ពលរដ្ឋ​កុំឆ្លង​ដែន​ដោយខុសច្បាប់ទៅប្រទេសថៃ ដែលអាចប្រឈមនឹងបញ្ហានានា ហើយ​គួរ​តែ​ស្វែង​រក​ការ​ងារក្នុងស្រុកវិញល្អជាង ដោយបងប្អូនអាចទាក់ទងមកលេខ ១២៩៧ ដើម្បីឱ្យក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយស្វែងរកការងារឱ្យធ្វើ»។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ ក៏បានឱ្យដឹងដែរថា ក្រសួង នឹងរៀបចំ “ពិព័រណ៍ការងារ សន្តិ​សុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បង​ប្អូនអតីត​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ”​ នៅតាមបណ្តាខេត្តចំនួន៣ គឺថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តបាត់ដំបង, ថ្ងៃ​ទី​២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ និងថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅខេត្តសៀមរាប ដែលផ្ដល់ឱកាសការងារចំនួន៧៥ ៣០២កន្លែង។ គួរឱ្យដឹងថា ក្នុងរយៈពេល៣ខែកន្លងមកនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការ​ជា​មួយ​វិស័យឯកជន សហជីព និងអ្នកពាក់ព័ន្ធផ្សេងទៀត បានជួយ​ស្វែង​រក​ការងារ​ឱ្យ​បង​ប្អូន​ពលករ​ខ្មែរ​ត្រឡប់មកពីថៃវិញ បានជាង៣៤ម៉ឺននាក់ ដោយក្នុងនោះប្រមាណ២៧ម៉ឺននាក់ បាន​ចូល​ធ្វើ​ការនៅក្នុងក្រមហ៊ុន សហគ្រាស និងរោងចក្រផ្លូវការ ហើយប្រមាណ ៧ម៉ឺន​នាក់​ផ្សេង​ទៀត បានទទួលការងារនៅតាមសហគ្រាសខ្នាតតូច និងមធ្យម សិប្បកម្ម ភោជនីយដ្ឋាន និង​នៅ​តាម​ការដ្ឋានសំណង់ ជាដើម។ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បាន​បន្ត​អំពាវ​នាវ​ដល់​បង​ប្អូន​ពលករ​ដែល​មិន​ទាន់​ទទួលបានការងារធ្វើ សូមទាក់ទងមកលេខ១២៩៧ ដើម្បីទទួលបាន​ឱកាស​ការងា​រ​ធ្វើ​ ឬចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ៕

អាជីវករនៅផ្សារព្រំថ្មី ខេត្តប៉ៃលិនបន្តពហិការទំនិញថៃ និងប្រាក់បាតថៃ លើក​ស្ទួយ​ទំនិញ​ក្នុង​ស្រុក

2025/11/12 10:52:12 am        777
អាជីវករលក់ដូរនៅផ្សារព្រំថ្មី ខេត្តប៉ៃលិន ជាប់ច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ បន្ត​ពហិការ​មិន​លក់​ទំនិញ​ថៃ ​លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលខ្មែរ និងទំនិញខ្មែរ ដើម្បីពង្រឹងសេដ្ឋកិច្ចក្នុងស្រុក។ បន្ថែម​លើស​ពីនេះ អាជីករ​បាន​អំពាវនាវ​អោយ​ភាគីថៃ​គោរព​នូវ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ដែល​ចុះ​ហត្ថ​លេខា​រួម​គ្នាកន្លងមក ព្រោះប្រជាជនកម្ពុជា ពិតជាស្រលាញ់សន្តិភាព មិន​ចង់​អោយ​មាន​សង្រ្គាម​នោះទេ។ មកដល់ពេលនេះច្រកទ្វារអន្តរជាតិព្រំខេត្តប៉ៃលិន ជាប់នឹងខេត្តចន្ទបុរី ប្រទេសថៃ បន្ត​បិទ​ដោយ​ឯក​តោភា​គី ដែលគ្មានទំនិញថៃចេញចូល និងគ្មានសូម្បីតែពលរដ្ឋ​ក៏មិនអាចចេញចូលបានដែរ។ បើ​ទោះ​បី​ជា​យ៉ាង​នេះក្តី អាជីវករលក់ដូរនៅផ្សារព្រំថ្មី ជាប់ទៅនឹង ច្រកទ្វារ នៅតែ​បន្ត​លក់​ដាច់​ជា​ធម្មតា​។ បន្ថែមលើសពីនេះអាជីវករ បានអះអាងថា ទោះបីជាគ្មានទំនិញថៃ ក៏អាជីវករនៅផ្សារព្រំ មាន​ទំនិញលក់ដូរបំពេញតម្រូវការដល់ប្រជាពលរដ្ឋនៅក្នុងស្រុកដោយគ្មានការខ្វះខាត។ ជំនួស​នូវ​ទំនិញ​ថៃ អាជីវករផ្សារព្រំ បាននិងកំពុងល​ក់ដូរនូវទំនិញក្នុងស្រុក ដើម្បី​លើក​កម្ពស់​សេដ្ឋកិច្ច​ជាតិ​ ដើម្បីពលរដ្ឋមានការងារធ្វើ​កសិករមានទីផ្សារ រួមនឹងបណ្តុះនូវស្មារតី​គាំទ្រផលិតផលជាតិ។ ក្រៅពីការលក់ដូរ អាជីវករក៏បង្ហាញក្តីបារម្ភចំពោះទង្វើរបស់ភាគីថៃ ដែលមកដល់ពេលនេះ មាន​ការ​ប្រែ​​ប្រួលដោយមិនគោរពនូវសេចក្តីថ្លែងការណ៍រួមសន្តិភាពកម្ពុជា-ថៃ ដែល​នាំ​ឱ្យ​ប៉ះពា​ល់​ដល់​ការ​កសា​ង​សន្តិភាពឡើងវិញរវាងប្រទេសទាំងពីរ។ ដូច្នេះហើយ អាជីវករ បាន​អំពាវ​នាវ​អោយ​ភាគី​ថៃ​គោរព​អោយ​បាននូវកិច្ចព្រមព្រៀងសន្តិភាពដែលមានលោកដូណាត្រាំប្រធានាធិបតីអាមេរិក និងលោក អាន់វ៉ា អ៊ី​ប្រាហ៊ីម ជាសាក្សី៕

វេទិកា និងពិព័រណ៍កសិកម្មកម្ពុជានឹងចាប់ផ្តើមផ្លូវការនៅថ្ងៃទី១៣ ខែវិច្ឆិកាស្អែកនេះ នៅកោះពេជ្រ

2025/11/12 10:46:26 am        196
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំកម្មវិធីវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ហៅកាត់ថា កាហ្វេ២៥ (CAFE25) រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីបង្ហាញសក្តានុពលដ៏សម្បូរបែបនៃកសិកម្មកម្ពុជា ពិសេសចង់ជំរុញឱ្យកសិករបានយល់ដឹងអំពីសក្តានុពលនៃផលិតផលកសិកម្ម និងជាឱកាសផ្គូរផ្គងកសិករ និងដៃគូពាណិជ្ជកម្ម។យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ពិធីបើកព្រឹត្តការណ៍នេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ព្រឹត្តិការណ៍នេះ នឹងក្លាយជាវេទិកាដ៏រស់រវើក មានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញការច្នៃប្រឌិត ក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា។ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ព្រឹត្តិការណ៍កាហ្វេ២៥ មិនមែនគ្រាន់តែជាពិព័រណ៍ ឬវេទិកាប៉ុណ្ណោះទេ ប៉ុន្តែជាថ្នាលដ៏សំខាន់សម្រាប់កសិករ អ្នកកែច្នៃ ពាណិជ្ជករ អ្នកវិនិយោគ និងអ្នកតាក់តែងគោលនយោបាយ ក្នុងការចែករំលែកគំនិត បង្កើតភាពជាដៃគូ និងស្វែងរកឱកាសថ្មីៗសម្រាប់ការកសាងភាពជាដៃគូយូរអង្វែង។ លក្ខណៈពិសេសរបស់ព្រឹត្តិការណ៍នេះ នឹងមិនបញ្ចប់ត្រឹមតែព្រឹត្តិការណ៍ប៉ុណ្ណោះទេ ប៉ុន្តែនឹងមានសកម្មភាពបន្តជាច្រើនទៀត ដើម្បីអនុញ្ញាតឱ្យភាគីពាក់ព័ន្ធបន្តទំនាក់ទំនង ចូលរួមសកម្មភាព និងសហការជាមួយគ្នា ដើម្បីស្វែងរក និងអនុវត្តចក្ខុវិស័យរួមសម្រាប់វិស័យកសិស្បៀងអាហារនៅកម្ពុជា។ ហើយកិច្ចសហការនេះ មានគោលបំណងដើម្បីធ្វើឱ្យកម្ពុជាក្លាយជាទិសដៅដ៏ទាក់ទាញក្នុងតំបន់សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យកសិស្បៀងអាហារ។ សូមបញ្ជាក់ថា វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ នឹងមានមានស្តង់ចំនួនប្រមាណ ៤០០ស្តង់ ដែលដាក់តាំងបង្ហាញផលិតផលកសិកម្ម គ្រឿងចក្រកសិកម្មទំនើបៗ បច្ចេកវិទ្យាដ្រូនកសិកម្ម បច្ចេកវិទ្យាកែច្នៃ ធាតុចូលកសិកម្ម និងសេវាកម្មផ្សេងៗ។ ម្ចាស់អាជីវកម្មកសិកម្ម អ្នកវិនិយោគ និងកសិករ នឹងត្រូវបានផ្សាភ្ជាប់គ្នាតាមរយៈកម្មវិធីផ្គូផ្គងពាណិជ្ជកម្ម ការសាកល្បង និងទទួលបទពិសោធន៍ផ្ទាល់ជាមួយបច្ចេកវិទ្យាកសិកម្មទំនើបៗ និងចូលរួមសិក្ខាសាលាអប់រំដែលរៀបចំឡើងសម្រាប់ចែករំលែកចំណេះដឹង និងបង្កើនជំនាញ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កម្ពុជា-តួកគីយ៉េ ប្តេជ្ញាអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែងជំរុញកំណើនភ្ញៀវទេសចរ និងការវិនិយោគវិស័យទេសចរណ៍ប្រទេសទាំងពីរ

2025/11/12 10:43:44 am        167
កម្ពុជា-តួកគីយ៉េ ប្តេជ្ញាអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះ​ជាក់ស្តែងប្រកប​ដោយប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងការវិនិយោគក្នុង​វិស័យ​ទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែមានសន្ទុះបន្ថែមទៀត។ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ចូលរួមមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិលើកទី២៦ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ស៊ីជម្រៅជាមួយឯកឧត្តម Nadir Alpaslan អនុរដ្ឋមន្រ្តីវប្បធម៌ និងទេសចរណ៍តួកគីយ៉េ ស្តីពីការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរដែលបានចុះកន្លងមក ឱ្យកាន់តែជាក់ស្តែង និងប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់តាមរយៈការបង្កើតក្រុមការងារបច្ចេកទេស ផែនការសកម្មភាព និងព្រឹត្តិការណ៍ជំរុញទេសចរណ៍ជាដើម ដើម្បីបង្កើនកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងសន្ទុះវិនិយោគលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ស្របពេលដែលមានការតភ្ជាប់តាមផ្លូវអាកាសនាពេលខាងមុខរវាងទីក្រុងអ៊ីស្តាន់ប៊ុល និងរាជធានីភ្នំពេញ ដោយក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក គីម រិទ្ធី ៖«ការសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព និងបន្តកសាងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន»
06/07/2026 06:06 PM
ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច
06/07/2026 05:06 PM
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងធ្វើតេស្តRPLដល់អតីតពលករមកពីថៃ ដើម្បីបំប្លែងបទពិសោធន៍ការងារទៅជាវិញ្ញាបនបត្រទទួលស្គាល់ជំនាញផ្លូវការ
06/07/2026 04:06 PM
ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
06/07/2026 04:06 PM
អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ ជួបសំណេះសំណាល និងផ្សព្វផ្សាយច្បាប់សំខាន់ៗជូនពលរដ្ឋឃុំកំពង់ពោធិ៍
06/07/2026 04:06 PM
ឯកឧត្តម គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការ អ.ន.ក.ខេត្តតាកែវ
06/07/2026 03:06 PM
ឆ្មាំល្បាតឆ្នេរកោះតៃវ៉ាន់និយាយថា ខ្លួនបានដាក់ពង្រាយនាវាដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការរបស់ចិន
06/07/2026 03:06 PM
សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនចង្ហាន់សមណសិស្សជាង១ពាន់អង្គ/នាក់ ក្នុងឱកាសប្រឡងធម្មវិន័យ
06/07/2026 03:06 PM
បារាំង និងសម្ព័ន្ធមិត្តសម្លឹងរកការចាត់វិធានការថ្នាក់ជាតិ ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលលើបញ្ហាតំបន់ West Bank
06/07/2026 02:06 PM
ករណីឆ្លងជំងឺអេបូឡាហក់ឡើងជាង ៤០០នាក់ ខណៈក្ដីបារម្ភកើនឡើងពីការផ្ទុះឡើងនៃជំងឺនេះនៅអាហ្វ្រិកកណ្តាល
06/07/2026 02:06 PM