លោក គីម រិទ្ធី ៖«ការសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព និងបន្តកសាងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន»
ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងធ្វើតេស្តRPLដល់អតីតពលករមកពីថៃ ដើម្បីបំប្លែងបទពិសោធន៍ការងារទៅជាវិញ្ញាបនបត្រទទួលស្គាល់ជំនាញផ្លូវការ
ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និង​ការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ (កម្រិតសាលាមត្តេយ្យសិក្សា) នៅខេត្តព្រះសីហនុ

2025/11/10 12:37:40 pm        228
នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ សម្រាប់កម្រិតសាលាមត្តេយ្យសិក្សា ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១០ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ។ សិក្ខាសាលានេះជាផ្នែកមួយនៃការចូលរួមពង្រឹងការផ្ដល់សេវាសាធារណៈគំរូតាមរយៈចលនាប្រឡងប្រណាំងក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ឆ្នាំ២០២៤។ តួយ៉ាងក្នុងខេត្តព្រះសីហនុ មានអង្គភាពចំនួន៣ ដែលទទួលបានចំណាត់ថ្នាក់ល្អ ក្នុងនោះ៖ សាលាមត្តេយ្យធនធាន ក្រុងព្រះសីហនុ ជាប់ចំណាត់ថ្នាក់លេខ១ វិទ្យាល័យ ហ៊ុន សែន វាលរេញ ជាប់ចំណាត់ថ្នាក់លេខ៥ និងមន្ទីរពេទ្យបង្អែកខេត្ត ជាប់ចំណាត់ថ្នាក់លេខ៧។ មានប្រសាសន៍ស្វាគមន៍ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានលើកឡើងអំពីស្ថានភាពទូទៅរបស់ខេត្តព្រះសីហនុ ព្រមទាំងសមិទ្ធផលនានា ដែលជាភាពជោគជ័យក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាជនបានល្អប្រសើរ កើតចេញពីគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។ ឯកឧត្ដមអភិបាលខេត្ត ក៏បានបង្ហាញពីសារៈសំខាន់នៃសិក្ខាសាលា និងការជឿជាក់យ៉ាងមុតមាំថា តាមរយៈសិក្ខាសាលានៅពេលនេះ អ្នកពាក់ព័ន្ធទាំងអស់ អាចស្វែងយល់ និងដកស្រង់បទពិសោធពីគ្នាទៅវិញទៅមក ដើម្បីបង្កើនការអភិវឌ្ឍអង្គភាពរៀងៗខ្លួន និងការចូលរួមចំណែកគាំទ្រគ្នាជាបន្តទៀត ក្នុងការជំរុញការផ្ដល់សេវាសាធារណៈកាន់តែប្រសើរជូនដល់ប្រជាជនយើង។សូមជម្រាបដែរថា បន្ទាប់ពីពិធីប្រកាសបើកអង្គសិក្ខាសាលារួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងគណៈប្រតិភូ អញ្ជើញធ្វើទស្សនកិច្ចនៅតាមស្តង់ពិព័រណ៍នានាស្ដីពីឧត្ដមានុវត្តន៍និងនវានុវត្តន៍នៃការគ្រប់គ្រងនិងការផ្ដល់សេវាសាធារណៈរបស់អង្គភាពជ័យលាភីផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ ដែលបានដាក់តាំងបង្ហាញពីសមិទ្ធផលសំខាន់ៗរបស់ខ្លួន នៅក្នុងបរិវេណទីធ្លានៃទីកន្លែងសិក្ខាសាលា។ ទន្ទឹមនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានបន្តទស្សនកិច្ចនៅ សាលាមត្តេយ្យធនធាន ក្រុងព្រះសីហនុ ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ១ សម្រាប់កម្រិតសាលាមត្តេយ្យសិក្សា និងជួបផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិក និងប្រជាពលរដ្ឋ ក្នុងសហគមន៍ដែលគាំទ្រសាលា។សិក្ខាសាលារយៈពេល២ថ្ងៃ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងមុខងារសាធារណៈ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ចំណុះរដ្ឋបាលខេត្ត ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត នាយក នាយិកាសាលាមត្តេយ្យសិក្សានៅទូទាំងប្រទេស សរុបប្រមាណជិត៦០០នាក់។

ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅតាម​រច​នា​សម្ព័ន្ធ​របស់​ក្រសួង​មុខ​ងារ​សាធារណៈ នឹងចាប់ផ្តើមពីថ្ងៃស្អែកនេះតទៅ

2025/11/10 12:22:07 pm        228
ដើម្បី​ចូលរួម​ឱ្យ​ដំណើរ​ការ​នៃ​កា​រ​ចុះ​ធ្វើ​ជំរឿន​មន្ត្រី​ជាក់​ស្តែង​នៅ​ក្រសួង​មុខ​ងារ​សាធារណៈ​ប្រព្រឹត្ត​ទៅ​បាន​រលូន និងទាន់ពេលវេលា ក្រុមការងារជំរឿនក្រសួងមុខងារសាធារណៈ បាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិនិត្យ​វឌ្ឍនភាពការងារឆ្ពោះទៅកាន់ការជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងមុខងារសាធារណៈ ក្រោម​ការដឹកនាំដោយ ឯកឧត្ដម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង​ជា​ប្រធានក្រុមការងារជំរឿនក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំប្រព្រឹត្តទៅនៅទីស្តីការក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយ​មាន​ការអញ្ជើញចូលរួមពីប្រធាន អនុប្រធាន និងសមាជិក នៃក្រុមការងារ​ជំរឿន​ក្រសួង​មុខ​ងារ​សា​ធារណៈ ដើម្បីធ្វើការបែងចែកតួនាទីភារកិច្ចរបស់ក្រុមការងារនីមួយៗ ដោយបាន​គិត​គូរ​ទៅ​លើ​បច្ចេកទេស និងការងារផ្សេងៗ ដែលគាំទ្រដល់ដំណើរការ នៃការធ្វើ​ជំរឿន​ម​ន្ត្រីជា​ក់​ស្តែង​របស់​ក្រសួងមុខងារសាធារណៈ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១២-១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅទីស្តីការក្រសួងមុខងារសាធារណៈ​ និងសាលាភូមិន្ទរដ្ឋបាល។ស្របពេលជាមួយគ្នានេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និង​ជំរឿន​មន្ត្រី​ជាក់​ស្ដែង​នៅ​តាម​រចនា​សម្ព័ន្ធរបស់ក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្ដម សុខ សង្វារ រដ្ឋ​លេខាធិការ​ក្រសួង​មុខងារសាធារណៈ និងជាប្រធានក្រុមការងារ បាន និងកំពុងរៀប​ចំ​ទីតាំង​ដំណើរ​ការ​ នៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនា​សម្ព័ន្ធ​ក្រសួង​មុខងារសាធារណៈ។សូមជូនដំណឹងដល់គ្រប់មន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេងៗទៀត ដែលបម្រើការងារជាក់ស្តែង នៅតាមអង្គភាពចំណុះទីស្តីការក្រសួងមុខងារសាធារណៈ ត្រូវចូលរួមសហការអនុវត្ត និងត្រូវមកបង្ហាញខ្លួន ក្នុងពេលចុះជំរឿន តាមទីតាំង នៃអង្គភាពសាមីខ្លួនបម្រើការងារជាក់ស្តែង និងតាមកាលបរិច្ឆេទដែលបានកំណត់ ដោយភ្ជាប់មកនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ(ច្បាប់ដើម) ក្នុងករណីមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវភ្ជាប់មកនូវលិខិតឆ្លងដែន ឬប័ណ្ណមន្ត្រីរាជការ (ចេញដោយក្រសួងដែលមានបិទរូបថត)៕

កម្លាំងយោធា បើកប្រតិបត្តការបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុង ក្នុង​ភូមិសាស្ដ្រ​ស្រុក​កំពង់​ត្រឡាច​

2025/11/10 12:07:22 pm        246
កំពង់ឆ្នាំង៖ កម្លាំងយោធា ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជា​ការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ឆ្នាំង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចុះបង្ក្រាប​បទ​ល្មើសនេ​សាទ​(របាំង​ស្បៃមុង) ក្នុងភូមិសាស្ត្រ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ប្រតិបត្តិការនេះ នឹង​បន្ត​ជា​រៀង​រហូតដោយត្រូវធ្វើទាំងក្នុងទន្លេសាប ព្រែក បឹង តំបន់អភិរក្ស ដែលមានបទ​ល្មើស​នេសាទ​ទាំង​នេះ។លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានថ្លែងថា៖ នៅចំណុចក្នុងឃុំកំពង់ត្រឡាច ឃុំអំពិលទឹក ស្រុក​កំពង់​ត្រឡាច​ ខេត្តកំពង់ឆ្នាំង គឺជាទីតាំងដែល​កើត​មាន​បទ​ល្មើស​របាំង​ស្បៃ​មុង​ច្រើន​ជាង​គេ​ក្នុង​ខេត្ត​ ដែលកន្លងមកកម្លាំងតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង កម្លាំងទ័ពពិសេស៩១១ កង​ពល​តូច​លេខ​៧០ និងកម្លាំងកងទ័ពនៅអង្គភាពផ្សេងៗទៀត បានចូលរួម​សហការ​ចុះ​បង្ក្រាប​បទ​ល្មើស​នៅ​តាមដងទន្លេសាប ព្រែក បឹងបួរក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងទាំងអស់ ព្រោះ​ក្នុង​រយៈ​ពេល​នេះ ​កម្លាំងកងទ័ពកំពុងចុះបង្ក្រាបបទល្មើសនេសាទជាបន្តបន្ទាប់។ ការដាក់​បទ​ល្មើស​នេសាទ​ មានរបាំងស្បៃមុង របាំងសាច់អួនវែងៗខុសច្បាប់ របាំងបិទភ្ជិតព្រែក ការរុញជន ឬ​រុញ​យ៉ាំង​កាវ ​ការដាក់សម្រាស់ ការឆក់ត្រជាក់ ឬឆក់ក្តៅ សុទ្ធតែជាបទល្មើ​ស​នេសាទ​ដែល​បំផ្លាញ​ពូជ​មច្ឆា​ជាតិ​ ដោយមិនអាចលើកលែងអោយបានឡើយ។ កងកម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង និ​ង​កម្លាំងកងទ័ពនៃអង្គភាពផ្សេងទៀត នឹងបន្តការបង្ក្រាបបទល្មើសរបាំងសាច់អួន របាំងស្បៃមុង និង​សម្រាស់ ដូចភ្លៀងរលឹម មិនអោយកើតមានបទល្មើសធំៗ វែងៗ ក្នុងដែន​ទឹក​ខេត្ត​កំពង់ឆ្នាំង​ទៀត​ឡើយ​។កន្លងមក កម្លាំងចម្រុះដឹកនាំដោយកម្លាំងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងមន្ទីរកសិកម្ម រួម​និង​អាជ្ញាធរខេត្តស្រុកឃុំ បាន និងកំពុងបង្ក្រាបបទល្មើសសម្រាស់ បទល្មើសរបាំងសាច់អួន និងរ​បាំង​ស្បៃមុ​ងជាបន្តបន្ទាប់ ក៏ប៉ុន្តែគេសង្កេតឃើញថានៅរដូវបើកនេសាទនេះ មានបទ​ល្មើស​របាំង​ស្បៃមុ​ង​កើតឡើងជាច្រើនដែលអ្នកដាក់របាំងនេះជាអ្នកភូមិនៅក្បែរៗនោះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រើកម្លាំងយោធា ជួយដល់ការងារកម្លាំងជលផល និងកម្លាំងចម្រុះ ធ្វើ​យ៉ាង​ណាបង្ក្រាបទាល់តែអស់ ដើម្បីអោយពូជត្រីទឹកសាបនៅកម្ពុជាសំបូរឡើងវិញ និង​មាន​និរន្តរ​ភាព​៕ កាំង ហុងវាស្នា

រាជរដ្ឋាភិបាលគ្រោងប្រមូលចំណូលថវិការដ្ឋឆ្នាំ២០២៦ ក្នុងរង្វង់ ៣២,៧ ទ្រីលានរៀល ត្រូវជាង ១៥% នៃ ផសស

2025/11/10 11:55:29 am        472
រាជរដ្ឋាភិបាលគ្រោងប្រមូលចំណូលសរុបថវិការដ្ឋឆ្នាំ២០២៦ ក្នុងរង្វង់ ៣២,៧ ទ្រីលានរៀល សមមូលនឹងប្រមាណ ៨,១ ប៊ីលាន ដុល្លារអាម៉េរិក ត្រូវជាង ១៥% នៃ ផសស ដោយមានគោលដៅបង្កើនចំណូលចរន្តថវិការដ្ឋ ឲ្យបានស្មើនឹង ១៤,៥៦% នៃ ផសស។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងសិក្ខា សាលា ស្ដីពីការស្វែងយល់អំពីការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ចំណូលសរុបថវិការដ្ឋ ឬហៅថា ចំណូលសរុបថវិកាជាតិ ត្រូវបានគ្រោងចំនួនប្រមាណ ៣២,៧ ទ្រីលានរៀល សមមូលនឹងប្រមាណ ៨,១ ប៊ីលានដុល្លារអាម៉េរិក, ត្រូវជា ១៥,០៩% នៃ ផសស។ ឈរលើមូលដ្ឋាននេះ, ក្របខណ្ឌថវិកាឆ្នាំ២០២៦ មានគោលដៅបង្កើនចំណូលចរន្តថវិការដ្ឋឲ្យបាន ស្មើនឹង ១៤,៥៦% នៃ ផសស។ចំណែកចំណាយសរុបថវិការដ្ឋ ឬហៅថាចំណាយសរុបថវិកាជាតិវិញ, ត្រូវបានគ្រោងចំនួនប្រមាណ ៤០,៩ ទ្រីលានរៀល សមមូលនឹងប្រមាណ ១០,១ ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ១៨,៨៥% នៃ ផសស, កើនឡើង ៧,៨% ធៀបនឹងច្បាប់ឆ្នាំ ២០២៥, ក្នុងនោះចំណាយចរន្តថវិការដ្ឋ ត្រូវបានគ្រោងចំនួន ២៧,៣ ទ្រីលានរៀល, សមមូលនឹងប្រមាណ ៦,៨ ប៊ីលានដុល្លារអាម៉េរិក ត្រូវជា ១២,៥៩% នៃ ផសស, កើនឡើង ៤,៨% ធៀបនឹងច្បាប់ឆ្នាំ២០២៥។ចំណែកការកំណត់ពិតាននៃការខ្ចីវិញ នៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ, រាជរដ្ឋាភិបាលគ្រោងធ្វើការខ្ចីក្នុងប្រទេស តាមរយៈការ បោះផ្សាយមូលបត្ររដ្ឋចំនួន ២,១ ទីលានរៀល, សមមូលនឹងប្រមាណ ៥២៤ លានដុល្លារអាម៉េរិក សម្រាប់ហិរញ្ញប្បទានលើចំណាយ វិនិយោគ និងរក្សាតុល្យភាពថវិកាជាតិ។ ជាមួយគ្នានេះ, រាជរដ្ឋាភិបាលក៏បានកំណត់ទំហំនៃការខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និង ដៃគូអភិវឌ្ឍន៍ ចំនួន ២,២៥ ប៊ីលានអេសដេអ៊ែ, សមមូលនឹងប្រមាណ ៣,១ ប៊ីលានដុល្លារអាម៉េរិក, កើនចំនួន ២២៥ លាន អេសដេអ៊ែ ពីឆ្នាំ២០២៥។ជារួមថវិកាឆ្នាំ២០២៦, នៅក្នុងក្របខណ្ឌថវិការដ្ឋ ឬក្របខណ្ឌថវិកាជាតិ ដែលបូករួមនូវថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលអាចរក្សាអតិរេកថវិកាចរន្ត ឲ្យស្ថិតក្នុងកម្រិតប្រមាណ ១,៩៨% នៃផសស នៅឆ្នាំ២០២៦, ដែលជាលទ្ធផល, ឱនភាពសរុប ថវិកាថ្នាក់ជាតិ នឹងមានទំហំស្មើនឹង -៣,៧៦% នៃ ផសស ។ ក្នុងនោះ (ទី១), រាជរដ្ឋាភិបាលនឹងមានតម្រូវការហិរញ្ញប្បទាន ក្នុងទំហំ ៣,៧៦% នៃ ផសស, ត្រូវជាប្រមាណ ៨,២ ទ្រីលានរៀល, ដើម្បីបំពេញឱនភាពថវិកាជាតិ។ (ទី២). មានតម្រូវការហិរញ្ញប្បទានក្នុងទំហំ ១,២៣% នៃ ផសស, ត្រូវជាប្រមាណ ២,៧ ទ្រីលានរៀល, សម្រាប់ការទូទាត់ប្រាក់ខ្ចី ដើម្បីរំលស់បំណុលសាធារណៈក្នុងប្រទេស និង ក្រៅប្រទេស; និង (ទី៣).មានតម្រូវការហិរញ្ញប្បទាន សម្រាប់ការបង្វិលសងលើអាករលើតម្លៃបន្ថែម ក្នុងទំហំ ០,២១% នៃ ផសស, ត្រូវជាប្រមាណ ៤៤៥ ប៊ីលានរៀលផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ថ្ងៃនេះជាថ្ងៃទី១០៤ហើយដែលវីរកងទ័ពកម្ពុជា១៨​រូបត្រូវបានចាប់​ខ្លួន​ស្ថិត​ក្រោម​ការ​ឃុំគ្រង​របស់​យោធា​ថៃ​

2025/11/10 11:48:40 am        295
ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គឺជាថ្ងៃទី១០៤ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨ រូប ត្រូវ​បាន​ចាប់​ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បន្តអំពាវនាវឱ្យភាគីថៃ ដោះលែង​ពួក​គាត់​ត្រឡប់​មក​វិញ​ឱ្យ​បាន​ឆាប់​រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និង​ប្រកប​ដោយ​សុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។សូមគូស​បញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុង​ធ្វើ​ការ​យ៉ាង​សស្រាក់​សស្រាំ​ឥត​ឈប់​ឈរ​ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគី​ថៃ​ដោះ​លែង​កង​កម្លាំង​របស់​យើង​ទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយ​សុខ​សុវត្ថិភាព​។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះ​បង់​កង​កម្លាំង​របស់​យើង​ណា​ម្នាក់ចោលនោះឡើយទោះក្នុងកាលៈទេសៈណាក៏ដោយ៕

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន៖ ឆ្នាំ២០២៦ សេដ្ឋកិច្ចកម្ពុជាព្យាករអាចនឹងសម្រេចកំណើន ៥% ខណៈរយៈពេល៩ខែឆ្នាំនេះ ស្ថានភាពសេដ្ឋកិច្ចសម្រេចបានកំណើនក្នុងរង្វង់ ៥,២%

2025/11/10 11:42:46 am        457
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានថ្លែងបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២៦, សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា អាចនឹងសម្រេចបាន កំណើន ៥% ដូចគ្នាទៅនឹងការរំពឹងទុកក្នុងក្របខណ្ឌ MTFF, ប៉ុន្តែ មានការកែសម្រួលនូវ អត្រាកំណើន ទៅតាមវិស័យ និង អនុវិស័យនីមួយៗ ខណៈរយៈពេល ៩ ខែដើមឆ្នាំ ២០២៥នេះស្ថានភាពសេដ្ឋកិច្ចកម្ពុ សម្រេចបានកំណើនក្នុង រង្វង់ ៥,២%, ពោលគឺ ដូចគ្នាទៅនឹងការវាយតម្លៃក្នុងក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម (MTFF) កាលពីខែ មេសា ឆ្នាំ ២០២៥ កន្លងទៅ ។ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ថ្លែងបញ្ជាក់បែបនេះ ក្នុងសិក្ខាសាលា ស្តីពីការស្វែងយល់អំពីការកសាងក្របខណ្ឌ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុ សាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦ ថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២៥នេះ នៅវិមានរដ្ឋសភា។ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ បានថ្លែងថា ជាបរិការណ៍រួម នៃការរៀបចំក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ឆ្នាំ ២០២៦ ក្របខណ្ឌគោលនយោបាយម៉ាក្រូ-សេដ្ឋកិច្ច ឆ្នាំ ២០២៦ ត្រូវបានរៀបចំឡើង ក្នុងបរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជា បន្តត្រូវបានហ៊ុមព័ទ្ធ ដោយអន្តរកាលនៃពហុវិបត្តិ ដែលមិនចំណុះនឹងការគ្រប់គ្រងរបស់កម្ពុជា នោះឡើយ, ជាអាទិ៍៖ ការប្រែប្រួលយ៉ាងរហ័សនៃរបត់គោលនយោបាយពាណិជ្ជកម្មសកល ដែលកាន់តែមានទំនោរទៅរកចរន្តគាំពារនិយម និង ឯកតោនិយម តាមរយៈ គោល-នយោបាយពន្ធគយបដិការ, ការបន្តបិទខ្ទប់ព្រំដែនគោក រវាងកម្ពុជា-ថៃ ។ល។ ក្នុង បរិការណ៍នេះ, ទស្សនវិស័យសេដ្ឋកិច្ច, ទាំងក្នុងកម្រិតសកល, តំបន់, និង រួមទាំងកម្ពុជា ផង, ហាក់មានទំនោរទៅជួបប្រឈមនឹងហានិភ័យ ច្រើនជាងកាលានុវត្តភាព, ដែល ទាមទារនូវការតាមដានឲ្យបានជាប្រចាំ និង កាន់តែខ្ជាប់ខ្ជួនបំផុត អំពីការវិវត្តនៃស្ថាន-ភាពសង្គម-សេដ្ឋកិច្ច, ជាពិសេស ការគិតគូរអំពីកម្មវិបាក និង បច្ច័យ មកលើស្ថានភាព ម៉ាក្រូសេដ្ឋកិច្ចក្នុងស្រុក, សម្រាប់តម្រែតម្រង់ទិសដៅគោលនយោបាយ និង រៀបចំវិធានការ ឆ្លើយតប ឲ្យបានទាន់ពេល ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពខ្ពស់ ក្នុងករណី ចាំបាច់ ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានបន្តថា ផ្អែកតាមការវិវត្តជាបន្តបន្ទាប់ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៥ នេះ, ក្រុម-ការងារនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានវាយតម្លៃឡើងវិញ លើស្ថានភាពសេដ្ឋកិច្ច ដោយរំពឹងថា ជារួម, សេដ្ឋកិច្ចកម្ពុជា ឆ្នាំ ២០២៥ អាចនឹងសម្រេចបានកំណើន ក្នុង រង្វង់ ៥,២%, ពោលគឺ ដូចគ្នាទៅនឹងការវាយតម្លៃក្នុងក្របខណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យម (MTFF) កាលពីខែ មេសា ឆ្នាំ ២០២៥ កន្លងទៅ។ ក៏ប៉ុន្តែ, កំណើន តាមវិស័យ និង អនុវិស័យមួយចំនួន មានការប្រែប្រួល, ដោយវិស័យខ្លះ ត្រូវបានវាយ-តម្លៃថា នឹងអាចសម្រេចបាន នូវកំណើនខ្ពស់ជាងការរំពឹងទុក, វិស័យខ្លះ នឹងអាច សម្រេចបាននូវកំណើន ដូចការរំពឹងទុក, និង វិស័យខ្លះទៀត នឹងអាចសម្រេចបាន នូវកំណើនទាបជាងការរំពឹងទុក, សហរដ្ឋអាម៉េរិក និង ការបន្តបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ ។ ចំពោះកំណើនលម្អិត តាមវិស័យ និង អនុវិស័យនីមួយៗ, សហការីរបស់ខ្ញុំ នឹងរាយការណ៍លម្អិត ក្នុងបទបង្ហាញ ជូនអង្គសិក្ខាសាលា នាពេលបន្តិចទៀតនេះ ។ បើតាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទោះជាយ៉ាងនេះក្តី, ដោយសារស្ថានភាពមិនទាន់ច្បាស់លាស់មួយចំនួន, ស្ថានភាពសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៦ អាចជួបប្រឈមនឹងភាព-មិនប្រាកដប្រជាខ្ពស់, ដែលជាយថាហេតុ, ប្រការនេះធ្វើឲ្យកំណើនសេដ្ឋកិច្ច ជារួម អាចនឹងមិនសម្រេចបានដូចការរំពឹងទុក។ ដូច្នេះ, ក្នុងការគ្រប់គ្រងសភាពការណ៍ ដែលមានភាពមិនប្រាកដប្រជាខ្ពស់បែបនេះ, រាជរដ្ឋាភិបាល នៅតែបន្តប្រកាន់ខ្ជាប់នូវ ទស្សនវិជ្ជារួមនៃសកម្មភាពគោលនយោបាយរបស់ខ្លួន គឺ៖ «សង្ឃឹម សម្រាប់ស្ថានភាព ប្រសើរ, តែត្រៀមខ្លួន សម្រាប់ស្ថានភាពអាក្រក់» (Hope for the Best, But Prepare for the Worst) ។ ឈរលើមូលដ្ឋាននៃអភិក្រមនេះ, កម្ពុជានឹងអាចតស៊ូ ដើម្បីរស់រាន ត្បិតស្ថានភាពសេដ្ឋកិច្ច នឹងពុំអាចវិលត្រលប់ទៅរកប្រក្រតីភាពវិញភ្លាមៗ ដូចបរិបទ មុន មានការបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ នោះទេ។ ទោះជាយ៉ាងណា, ជារួម, កម្ពុជា នៅតែ រក្សាបាននូវចលនការកំណើនមួយដ៏ល្អនៅឡើយ, ដែលត្រូវបានគាំទ្រដោយវិស័យបម្រើ ការនាំចេញ គួបផ្សំនឹងការបន្តនិន្នាការល្អនៃការប្រើប្រាស់ក្នុងស្រុក និង ចរន្តងាកមក គាំទ្រ និង ប្រើប្រាស់ផលិតផលក្នុងស្រុក។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ឈរលើមូលដ្ឋាននៃការវាយតម្លៃនេះ, ផសស ថ្លៃបច្ចុប្បន្ន ឆ្នាំ ២០២៦ នឹងស្ថិតក្នុងរង្វង់ ២១៧ ០៦៣ ប៊ីលានរៀល, សម មូលនឹងប្រមាណ ៥៣ ៧៩៩ លានដុល្លារអាម៉េរិក, ខណៈដែល ផសស សម្រាប់ មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនដល់ ៣ ០២០ ដុល្លារអាម៉េរិក ។ ជាមួយគ្នានេះ, សូចនាករផ្នែកម៉ាក្រូសេដ្ឋកិច្ចផ្សេងទៀត ក៏ត្រូវបានរំពឹងថា នឹងបន្តមានស្ថិរភាព, ក្នុងនោះ អត្រាអតិផរណា ត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៨% ក្នុងឆ្នាំ ២០២៦ ក្រោមការរំពឹងទុកនៃការបន្តរក្សាបានស្ថិរភាពនៃថ្លៃទំនិញអន្តរជាតិ, ជាពិសេស ថ្លៃ ប្រេងឥន្ធនៈ, ស្របពេលដែលការប្រើប្រាស់ក្នុងស្រុក និង សកម្មភាពចាយវាយ នៅ បន្តមាននិន្នាការវិជ្ជមាន ។ អត្រាប្តូរប្រាក់ផ្លូវការ (រៀល/ដុល្លារអាម៉េរិក) ត្រូវបានរំពឹង ថា នឹងអាចរក្សាបានក្នុងរង្វង់ ៤ ០៣៥ រៀល/ដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៦ ។ ចំណែកឯ ទុនបម្រុងអន្តរជាតិសរុប ត្រូវបានរំពឹងថា នឹងបន្តកើនដល់ ២៧ ៩៨៩ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៦ ដែលអាចធានាការនាំចូលបាន ៧,៩ ខែ ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា សម្រាប់ឆ្នាំ ២០២៦, សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា អាចនឹងសម្រេចបាន កំណើន ៥% ដូចគ្នាទៅនឹងការរំពឹងទុកក្នុងក្របខណ្ឌ MTFF, ប៉ុន្តែ មានការកែសម្រួលនូវ អត្រាកំណើន ទៅតាមវិស័យ និង អនុវិស័យនីមួយៗ ។ បើពិនិត្យជារួម, «ក្របខណ្ឌ ហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម (MTFF) ឆ្នាំ ២០២៦-២០២៨» ដែលត្រូវ បានដាក់ចេញ កាលពីខែ មេសា ឆ្នាំ ២០២៥ នៅតែមានភាពសមស្រប សម្រាប់ប្រើប្រាស់ ជាមូលដ្ឋាន ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០២៦ ដើម្បីធានានូវ ភាពទាន់ពេលនៃការបញ្ចប់ការរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ស្របតាម ប្រតិទិនកំណត់ ក្នុងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ។ ទន្ទឹមនេះ, ខ្ញុំក៏សូមជម្រាប ជូនដែរថា, ជាគោលការណ៍, លទ្ធផលជាក់ស្តែងសម្រាប់ឆ្នាំ ២០២៥ និង ការវាយតម្លៃ ឡើងវិញ អំពីកំណើនឆ្នាំ ២០២៦ នឹងត្រូវបានធ្វើឡើងម្តងទៀត នៅដើមឆ្នាំ ២០២៦ សម្រាប់ការរៀបចំ MTFF ឆ្នាំបន្ទាប់ ។ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ថ្លែងថា ជាការពិត, កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៦, ដែលត្រូវបានព្យាករថា អាចនឹងសម្រេច បានក្នុងអត្រា ៥% នេះ, មានកំណើនថមថយបន្តិច បើធៀបឆ្នាំ ២០២៥, ដែលឆ្លុះ-បញ្ចាំងពីកម្មវិបាក នៃការអនុវត្តពន្ធគយបដិការ មកលើវិស័យបម្រើការនាំចេញ គួបផ្សំ នឹងការរំពឹងទុក នូវបច្ច័យនៃការអូសបន្លាយនៃការបិទខ្ទប់ព្រំដែនគោក កម្ពុជា-ថៃ៕

ព្រឹកនេះក្រុមការងារ CMAC និង TMAC បើកកិច្ចប្រជុំបន្តពិភាក្សាលម្អិតអំពីតំបន់សាកល្បងដោះមីនស្ថិតនៅឃុំអូរបីជាន់

2025/11/10 11:31:27 am        199
នៅព្រឹកនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង ១០:៣០នាទី ក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងក្រុម ការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) បានបើកកិច្ចប្រជុំតាមប្រព័ន្ធ VTC ដើម្បីបន្តពិភាក្សាលម្អិតអំពីតំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន ដែលស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខ ឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ស្របតាមការសម្រេចរបស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំពិភាក្សា និងការអនុវត្តការងារត្រូវគោរពតាមគោលការណ៍ និងនិយាមនីតិវិធីប្រតិបត្តិ (SOP) ដែល ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៃប្រទេសទាំងពីរបានឯកភាពគ្នា។គួរបញ្ជាក់ផងដែរថា ការងារដោះមីនមនុស្សធម៌នេះ ត្រូវគោរពតាមគោលការណ៍ការពារអធិបតេយ្យ និងបូរណភាពទឹកដីដោយម៉ឺងម៉ាត់ ព្រមទាំងឈរលើស្មារតីគោរពគ្នាទៅវិញទៅមក។

សមត្ថកិច្ចចម្រុះ ឃាត់ខ្លួនជនសង្ស័យ ២៦៣ នាក់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅសីហនុ

2025/11/10 11:20:55 am        338
ព្រះសីហនុ៖ ជនសង្ស័យចំនួន២៦៣នាក់ (ស្ត្រី ១៧នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងអតីតកាស៊ីណូ ហ្គាឡាក់ស៊ី វើលដ៍ ស្ថិតនៅក្រុមទី៦ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scam)។ជនសង្ស័យដែលបានឃាត់ខ្លួនទាំង២៦៣នាក់នោះ រួមមានៈ ជនជាតិប៉ាគីស្ថាន ១១នាក់ , បង់ក្លាដេស២៣នាក់, ចិន ២០៧នាក់ (ស្ត្រី ០៧នាក់), ស្ត្រីមីយ៉ាន់ម៉ា ០៦នាក់, នេប៉ាល់ ០៤នាក់, វៀតណាម ០៧នាក់ (ស្ត្រី ០៣នាក់) , ម៉ាឡេស៊ី ០៤នាក់ និងស្ត្រីជនជាតិឡាវ០១នាក់ ។ ចំណែក វត្ថុតាងដកហូត មាន កុំព្យូទ័រលើតុ 860 គ្រឿង, ទូរស័ព្ទ 4,129 គ្រឿង, កុំព្យូទ័រយួរដៃ 16 គ្រឿង និងiPad 14 គ្រឿង។ប្រតិបត្តិការនោះ ត្រូវបានដឹកនាំធ្វើឡើងកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីលេខាធិការដ្ឋាន នៃគណកម្មការចំពោះកិច្ចប្រឆាំងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងមានការចូលរួមសហការពីអគ្គស្នងការដ្ឋាននគរបាលជាតិ , អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពខេត្តព្រះស៊ីហនុ អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីលោកឈីវ អ៉ិចគង់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ  ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យ និងឈានដល់បានឃាត់ខ្លួនជនសង្ស័យពាក់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ខាងលើនេះ។ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញ បច្ចុប្បន្នកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀតឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។   ចំណែកឯ ទីតាំងខាងលើត្រូវបានបិទបណ្តោះអាសន្ន និងប្រគល់ជូននគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុជាអ្នកគ្រប់គ្រងរង់ចាំដល់មានបទបញ្ជាថ្មី។សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕

ការដោះដូរពាណិជ្ជរបស់កម្ពុជា ក្នុងរយៈពេល១០ខែ មានទំហំទឹកប្រាក់ជាង ៥២ ពាន់លានដុល្លារ

2025/11/10 11:12:25 am        166
ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២៥ មានទំហំទឹកប្រាក់សរុបជាង ៥២ ពាន់លាន ដុល្លារអាម៉េរិក ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទឹកប្រាក់ជិត ២៥ ពាន់លានដុល្លារ ខណៈការនាំចូលទំនិញមានទឹក ប្រាក់សរុបជិត ២៧ ពាន់លានដុល្លារ។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២៥នេះ, ក្នុងនោះការធ្វើពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូរសំខាន់ៗ របស់កម្ពុជា មានទំហំទឹកប្រាក់សរុបប្រមាណជាង ៥២,៥ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៦% បើប្រៀបធៀបរយៈពេល ១០ ខែ ឆ្នាំ២០២៤ (មានត្រឹមជាង ៤៥ ពាន់លានដុល្លារអាម៉េរិកប៉ុណ្ណោះ)។ចំណែកការនាំចេញ-ចូលវិញ នៅក្នុងរយៈពេល ១០ ខែនេះដែរ, ក្នុងនោះសម្រាប់ពាណិជ្ជកម្មនៃការនាំចេញររបស់កម្ពុជា ទៅ កាន់ទីផ្សារអន្តរជាតិ មានទឹកប្រាក់សរុបប្រមាណជិត ២៥ ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង ១៥% បើប្រៀបធៀបរយៈពេល ១០ ខែ ឆ្នាំ២០២៤ (ដែលមានចំនួនជាង ២១ ពាន់លានដុល្លារអាម៉េរិក)។ ចំណែកការនាំចូលទំនិញវិញឃើញថា មានទឹកប្រាក់ សរុបជាង ២៧ ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង ១៧% ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន (មានទឹកប្រាក់ជាង ២៣ ពាន់លាន ដុល្លារអាម៉េរិកប៉ុណ្ណោះ)។សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជានេះ ក្នុងនោះជញ្ជីងពាណិជ្ជកម្ម (នាំចេញ-នាំចូល) ក្នុងរយៈពេល១០ ខែ ឆ្នាំ២០២៥នេះ មានតម្លៃខុសគ្នាបន្តិចបន្ទួច ដែលនេះបានបង្ហាញឱ្យឃើញពីការរប្រកួតប្រជែង មានតុល្យភាពប្រហាក់ប្រហែលគ្នា ជាពិសេសបានបង្ហាញអំពីទំនោរនៃការនាំចេញរបស់កម្ពុជាមានកំណើនល្អប្រសើរ៕អត្ថបទ៖ សុន រ៉ាឌី, 

ឆ្នាំ២០២៥ ជាលើកទី៧ ដែលកម្ពុជាបានឈ្នះពានរង្វាន់អង្ករល្អបំផុតនៅលើពិភពលោក

2025/11/10 11:01:59 am        223
 ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២៥នេះ អង្ករក្រអូបប្រណិតកម្ពុជា ម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ពូជស្រូវផ្ការំដួល បានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោកជាលើកទី៧ ក្នុងការប្រកួតអង្ករល្អផ្តាច់គេលើពិភពលោក នៅក្នុងកម្មវិធី «សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៥» ។លោក លន់ យ៉េង អគ្គលេខាធិការ នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី កាលពីល្ងាចថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅថា កម្ពុជាតែងតែចូលរួមកម្មវិធីសន្និសីទស្រូវអង្ករពិភពលោកជារៀងរាល់ឆ្នាំ ដែលចាប់ផ្តើមតាំងពីឆ្នាំ២០០៩មកម្ល៉េះ។ ហើយកម្ពុជាក៏តែងតែយកសំណាកគំរូអង្ករទៅចូលរួមប្រកួត ដែលមកដល់ពេលនេះ កម្ពុជាទទួលបានឈ្នះពានរង្វាន់ចំនួន៧លើក។ លោកអគ្គលេខាធិការ បានរៀបរាប់បន្តថា នៅក្នុងកម្មវិធីប្រកួតប្រជែងនេះ បើតាមគណៈកម្មការរៀបចំបានឱ្យដឹងថា មានសំណាកអង្ករប្រមាណជាង ៣០ប្រភេទ មកពីប្រទេសផ្សេងៗជាច្រើន ក្នុងនោះក៏បានវាយតម្លៃថា អង្ករកម្ពុជាល្អដាច់គេលើពិភពលោក។ លោកបានបន្តថា ទាក់ទិនការនាំយកសំណាកអង្ករទៅចូលរួមប្រកួតនេះ គឺបាននាំយកពូជស្រូវជាច្រើនប្រភេទ ប៉ុន្តែជាលទ្ធផល មានតែពូជស្រូវផ្ការំដួល ដែលគណៈកម្មការវាយតម្លៃថា មានគុណភាពល្អ។ ជាមួយនេះ លោកបានថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដែលបានខិតខំស្រាវជ្រាវ និងបញ្ចេញនូវពូជស្រូវល្អ និងប្រជាកសិករកម្ពុជាដែលបានខិតខំធ្វើការងារបានយ៉ាងល្អក្នុងការដាំដុះ និងបានអរគុណក្រសួង ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសម្រិតសម្រាំងនិង កិនកែច្នៃអង្ករបានយ៉ាងល្អ រហូតទទួលបានជ័យជំនះជូនប្រទេសជាតិ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃម្សិលមិញ ក៏បានផ្ញើសារអបអរសាទរ អង្ករក្រអូបប្រណិតកម្ពុជា ម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ពូជស្រូវផ្ការំដួល បានឈ្នះពានរង្វាន់ជាអង្ករប្រណិតល្អបំផុតលើពិភពលោក (World Best Rice) ជាលើកទី៧ ក្នុងកម្មវិធី សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៥ផងដែរ។សូមជម្រាបជូនថា នេះគឺជាលើកទី៧ ហើយ ដែលកម្ពុជាឈ្នះពានរង្វាន់អង្ករល្អបំផុត ក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ ដោយ លើកទី១ ទទួលបានកាលពីឆ្នាំ២០១២, លើកទី២ នៅឆ្នាំ២០១៣, លើកទី៣ នៅឆ្នាំ២០១៤, លើកទី៤ នៅឆ្នាំ២០១៨, លើកទី៥ នៅឆ្នាំ២០២២, លើកទី៦ នៅឆ្នាំ២០២៤, និងចុងក្រោយគឺនៅឆ្នាំ២០២៥។ អង្ករម៉ាក "ម្លិះអង្គរ" ជាអង្ករដែលមានគុណភាព និងទុកចិត្តបានសម្រាប់ អង្ករក្រអូបប្រណិតកម្ពុជា៕អត្ថប ឈិត បូរ៉ាវី  

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក គីម រិទ្ធី ៖«ការសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព និងបន្តកសាងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន»
06/07/2026 06:06 PM
ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច
06/07/2026 05:06 PM
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងធ្វើតេស្តRPLដល់អតីតពលករមកពីថៃ ដើម្បីបំប្លែងបទពិសោធន៍ការងារទៅជាវិញ្ញាបនបត្រទទួលស្គាល់ជំនាញផ្លូវការ
06/07/2026 04:06 PM
ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
06/07/2026 04:06 PM
អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ ជួបសំណេះសំណាល និងផ្សព្វផ្សាយច្បាប់សំខាន់ៗជូនពលរដ្ឋឃុំកំពង់ពោធិ៍
06/07/2026 04:06 PM
ឯកឧត្តម គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការ អ.ន.ក.ខេត្តតាកែវ
06/07/2026 03:06 PM
ឆ្មាំល្បាតឆ្នេរកោះតៃវ៉ាន់និយាយថា ខ្លួនបានដាក់ពង្រាយនាវាដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការរបស់ចិន
06/07/2026 03:06 PM
សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនចង្ហាន់សមណសិស្សជាង១ពាន់អង្គ/នាក់ ក្នុងឱកាសប្រឡងធម្មវិន័យ
06/07/2026 03:06 PM
បារាំង និងសម្ព័ន្ធមិត្តសម្លឹងរកការចាត់វិធានការថ្នាក់ជាតិ ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលលើបញ្ហាតំបន់ West Bank
06/07/2026 02:06 PM
ករណីឆ្លងជំងឺអេបូឡាហក់ឡើងជាង ៤០០នាក់ ខណៈក្ដីបារម្ភកើនឡើងពីការផ្ទុះឡើងនៃជំងឺនេះនៅអាហ្វ្រិកកណ្តាល
06/07/2026 02:06 PM