ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

ព័ត៌មានជាតិ

ការចុះបញ្ជីរថយន្តអគ្គិសនីនៅក្រសួងកើនដល់ ១៥ ០០០គ្រឿង គិតត្រឹម៦ខែឆ្នាំ២០២៦

2026/07/22 10:19:15 pm        300
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា និន្នាការនៃការប្រើប្រាស់រថយន្ត​អគ្គិសនីនៅកម្ពុជាកំពុងមានកំណើនគួរឱ្យកត់សម្គាល់ ដោយ គិតត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ ការចុះបញ្ជីរថយន្តអគ្គិសនីកើនដល់ ១៥ ០០០គ្រឿង នៅទូទាំងប្រទេស។ ក្នុងនោះ គ្រាន់តែរយៈពេល ៦ខែឆ្នាំ២០២៦ ការចុះបញ្ជីរថយន្តអគ្គិសនីមានចំនួនជាង ៧ ០០០គ្រឿង កើនឡើង ១៣៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីរបាយការណ៍ចុះបញ្ជីរថយន្តអគ្គិសនីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សារវាងរដ្ឋ និងវិស័យឯកជន ស្តីពី ការជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជាទីស្តីការក្រសួង នាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦។​ កិច្ចប្រជុំនេះ ពិភាក្សាលើប្រធានបទស្តីពី ការជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង/ស្ថាប័ន នៃគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង និងតំណាងសមាគមដឹកជញ្ជូន ក្រុមហ៊ុនផ្គត់ផ្គង់យានយន្តអគ្គិសនី ប្រតិបត្តិករ និងវាគ្មិនកិត្តិយសជាច្រើនរូប។ កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋ និងវិស័យឯកជន តាមរយៈការផ្លាស់ប្តូរយោបល់គ្នា ការស្វែងយល់ពីការចូលរួមចំណែករបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងវិស័យយានយន្តអគ្គិសនី ការទទួលយកនូវតម្រូវការជាក់ស្តែង បញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន សំដៅជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែមានសន្ទុះកើនឡើងខ្លាំងបន្ថែមទៀត។ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ស្របតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីឆ្នាំ២០២៤-២០៣០ និន្នាការនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាយើង កំពុងមានកំណើនគួរឱ្យកត់សម្គាល់។ ជាក់ស្តែង គិតត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ ការចុះបញ្ជីយានយន្តអគ្គិសនីនៅទូទាំងប្រទេសសរុបមានចំនួន ២០ ៦០០ គ្រឿង ដែលក្នុងនោះរួមមាន រថយន្តចំនួន ១៥ ២៣៩ គ្រឿង ត្រីចក្រយានយន្តចំនួន ៨៦២ គ្រឿង និងទោចក្រយានយន្តចំនួន ៤ ៤៩៩ គ្រឿង។ គិតត្រឹមតែ ៦ខែ ដើមឆ្នាំ២០២៦ ការចុះបញ្ជីរហូតដល់ ៧ ៦៣២ គ្រឿង ដែលមានអត្រាកំណើនប្រមាណ ១៣៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥៕ អត្ថបទ៖ ធូ វិរៈ

មន្រ្ដីជំនាញ៖ ផ្នែកខាងក្រោម​ស្ទឹងព្រែកត្នោត គឺជាតំបន់អាទិភាពសម្រាប់កែលម្អគុណភាពទឹក និង​ការពារសុវត្ថិភាពទឹកស្អាតយកមកប្រើប្រាស់​

2026/07/22 10:03:02 pm        203
ភ្នំពេញ៖ មន្រ្តីជំនាញនៃក្រសួងបរិស្ថាន និង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅ​កាត់​ថា JICAបាន​លើកឡើងថា តាមលទ្ធផល​នៃ​ការ​តាម​ដាន​គុណភាព​ទឹក​ដែល​បាន​អនុវត្ត​ក្រោម​គម្រោង «ពង្រឹងសមត្ថភាពលើការគ្រប់គ្រង» ការបំពុលទឹក​ដំណាក់​ការ​ទីពីរ​ដែល​ផ្តោត​លើ​ស្ទឹង​ព្រែក​ត្នោតកន្លងមក បានបង្ហាញថា ខ្សែទឹកខាងក្រោមនៃ ស្ទឹងព្រែកត្នោត ជាពិសេស​តំបន់​ក្រុង​តាខ្មៅ គឺជាតំបន់អាទិភាពដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងចាត់វិធានការ​សម​ស្រប ​ដើម្បីកែលម្អគុណភាពទឹក និងការពារសុវត្ថិភាពនៃការប្រើប្រាស់ប្រភពទឹក។ លោក ជូ មុនីដារិន អគ្គនាយករង នៃអគ្គនាយកដ្ឋាគាំពារបរិស្ថានរបស់ក្រសួងបរិស្ថាន បាន​ថ្លែង​បើក​ក្នុង​​កិច្ចប្រជុំពិគ្រោះយោបល់រវាងភាគីពាក់ព័ន្ធ ស្តីពី គ្រប់គ្រង និងការកែលម្អគុណភាព​ទឹក​នៅ​តំបន់​ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៦នេះថា បញ្ហាគុណភាព​ទឹក​នៅ​តំបន់​នេះ មានភាពពាក់ព័ន្ធជាមួយការកើនឡើងនៃបន្ទុកសារធាតុបំពុលពីតំបន់ទី ប្រជុំជន តំបន់​លំនៅ​ឋាន និងប្រភពបំពុលផ្សេងៗ ដោយយោងលើសូចនាករប៉ារ៉ាម៉ែត្រសំខាន់ៗ ដែល អ្នកពាក់ព័ន្ធ​បាន​តាម​ដានជាពិសេសចំពោះ តម្រូវការអុកស៊ីសែនតាមបែបជីវសាស្រ្ត (BOD) អាសូត(N) និង​ផូស្វ័រ(P) ដែលជាសូចនាករសំខាន់សម្រាប់វាយតម្លៃ ស្ថានភាព និង​បន្ទុក​សារ​ធាតុ​បំពុល​ក្នុង​ប្រភព​ទឹក​។ លោក ជូ មុនីដារិន ថ្លែងទៀតថា បញ្ហាប្រឈមដែលកំពុងជួបប្រទះ មិនមែនជា​បញ្ហា​ដែល​អា​ច​ដោះ​ស្រាយ​បានដោយស្ថាប័នណាមួយ តែឯងនោះទេ។ វាពាក់ព័ន្ធនឹងការ​គ្រប់​គ្រង​សំណល់​រាវ​ពី​តំបន់​លំ​នៅ​ឋាន ការគ្រប់គ្រងអាងសិបទិច និង ការបូមសម្អាតកាកសំណល់ ការបំពុល​ពី​តំបន់​ឧស្សាហ​កម្ម ការគ្រប់គ្រងតំបន់ដីសើម ការប្រើប្រាស់ដីការ តាមដាន និងការចែករំលែក​ទិន្នន័យ​គុណ​ភាព​ទឹក ព្រមទាំងការយល់​ដឹង​របស់​សហគមន៍​អំពី​ការ​ប្រើ​ប្រាស់​ទឹក​ប្រកប​ដោយ​សុវត្ថិភាព​។ កិច្ចប្រជុំនេះ មានការគាំទ្រផ្នែកបច្ចេកទេស និងថវិកាពីទីភ្នាក់ងារសហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ ហៅកាត់ថា JICA ដែលមានការចូលរួមប្រមាណ ៦០នាក់​ មកពីក្រសួង/មន្ទីរ និង​ស្ថាប័នពាក់ព័ន្ធមួយចំនួន។ លោកបណ្ឌិត ម៉ូរ៉ាម៉ាសី យ៉ាសូហ៊ីតុ ប្រធានក្រុមការងារ JICA នៃ​គម្រោង​ការ​ពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹក ដែលបានធ្វើបទ​បង្ហាញ​ស្តីពី​ស្ថាន​ភាព​គុណ​ភាពទឹកនាពេលបច្ចុប្បន្ន ថា តំបន់ចំនួន ៥ នៃស្ទឹងព្រែកត្នោត​ត្រូវ​បាន​យក​គំរូ​មក​ត្រួត​ពិនិត្យ​តាម​ដានអំពីការបំពុលទឹក ដែលត្រូវយកមកពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំនាព្រឹកនេះ។  អ្នកជំនាញសង្ឃឹមថា អង្គប្រជុំនឹងទទួលបានការពិភាក្សា និងធាតុចូលយ៉ាងស៊ីជម្រៅសំខាន់ចំនួន ៥ រួមមាន ទី១. ការកែលម្អការគ្រប់គ្រងអាងប្រព្រឹត្តកម្មសំណល់រាវទីក្រុង និង​ប្រព័ន្ធ​បូម​សម្អាត​កាក​សំណល់​ឱ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយការ​បញ្ចេញ​សំណល់​រាវ​ដែល​មិន​បាន ប្រព្រឹត្តិ​កម្ម​ចូល​ទៅក្នុងប្រភពទឹក។ ទី២. ការពិចារណាលើការពង្រឹងប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើម និងដំ​ណោះ​ស្រាយ​ផ្អែកលើធម្មជាតិ (Nature-based Solutions) ជាវិធានការបំពេញបន្ថែម ដោយ​ត្រូវ​គិត​គូរឱ្យបានសមស្របទៅនឹង ផែនការអភិវឌ្ឍ ការប្រើប្រាស់ដី និងស្ថានភាព​ជាក់​ស្តែង​នៅ​តំបន់​គោលដៅ។ ទី៣. ការ​ពង្រឹងយន្តការចែករំលែកទិន្នន័យគុណភាពទឹករវាងស្ថាប័នពាក់ព័ន្ធ ដើម្បី​ធានាថា ទិន្នន័យអាច រប្រើប្រាស់បានទាន់ពេលវេលា មានភាពជឿជាក់ និង​អាច​គាំទ្រ​ដល់​ការ​សម្រេច​ចិត្តផ្អែកលើភស្តុតាង។ ទី៤. ការពង្រឹង​ការគ្រប់គ្រង និងការអនុវត្ត​វិធានការ​ចំពោះ​ការ​បំពុល​ពី​តំបន់ឧស្សាហកម្ម ដោយផ្អែកលើ ទិន្នន័យតាមដាន និងការវាយតម្លៃហានិភ័យ។ ទី៥. ការ​លើកកម្ពស់ការយល់ដឹងរបស់សហគមន៍ និងការផ្សព្វផ្សាយព័ត៌មានអំពីហានិភ័យ ដើម្បី​ជំរុញ​ការប្រើប្រាស់ទឹកប្រកបដោយសុវត្ថិភាព និងការពារសុខភាពសាធារណៈ៕ អត្ថបទ៖ ធូ វិរៈ

ក្រុមហ៊ុនឯកជនមកពីចិនចំនួន៧០ មកឈ្វេងយល់ឱកាសវិនិយោគនៅកម្ពុជា

2026/07/22 09:52:16 pm        848
សមាគមអតីតយុទ្ធជន និងនិវត្តជន នៅព្រឹកថ្ងៃទី២២ ខែកក្កដានេះ បាន​រៀបចំ​វេទិកា​កិច្ច​សហ​ប្រតិបត្តិ​ការធុរកិច្ច កម្ពុជា-ចិន ក្នុងគោលបំណងទទួលស្វាគមន៍ប្រតិភូក្រុមហ៊ុនឯកជន និងធុរជន​មក​ពី​តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិនចំនួន៧០ ដើម្បីបង្ហាញសក្តានុពលវិនិយោគរបស់កម្ពុជា ជា​ពិសេស​ផ្តោតសំខាន់លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តាក់​ទុន​លើ​វិស័យ​ឧស្សាហ​កម្ម​នានា ដើម្បីបង្កើតរោងចក្រ និងលើកកម្ពស់សេដ្ឋកិច្ច។ ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តនជនកម្ពុជា បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៍មានឱ្យដឹងថា វេទិកាកិច្ចសហប្រតិបត្តិការធុរកិច្ច កម្ពុជា-ចិន ធ្វើឡើងក្រោមប្រធានបទ «កម្ពុជាស្វាគមន៍ការវិនិយោគពីប្រទេសចិន ដើម្បីអនាគតរួមគ្នាព្រមទាំងអតីតយុទ្ធជន និងនិវត្តជន» ដែលជាផ្នែកដ៏សំខាន់មួយក្នុងការលើកកម្ពស់ជីវភាពរស់នៅអតីតយុទ្ធជន និងនិវត្តជន ហើយវេទិកានេះ ក៏នឹងនាំទៅដល់ការជួយជ្រោមជ្រែងក្នុងការបង្កើនកិច្ចការធុរកិច្ចនិងវិនិយោគនៅកម្ពុជា និងកាលានុវត្តភាពនៃការវិនិយោគដ៏មានសក្តានុពលនានានៅកម្ពុជា។ ដើម្បីលើកកម្ពស់កម្មវិធី ក៏ដូចជាដំណើរទស្សនកិច្ចក្រោយចប់វេទិកានេះទទួលបានជោគជ័យ ឯកឧត្តម ម៉ម វណ្ណឌី បានលើកឡើងដោយស្នើឱ្យភាគីពាក់ព័ន្ធមានការយកចិត្តទុកដាក់ ដោយស្វែងយល់ពីបរិយាកាសអំណោយផលនៃកិច្ចការធុរកិច្ចនិងវិនិយោគនៅកម្ពុជាដើម្បីលើកកម្ពស់ដំណើរការធុរកិច្ចចម្រុះជាប្រព័ន្ធ សំដៅចូលរួម និងធានាបាននូវផលិតភាពខ្ពស់ និងាករអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាព និងការដាក់ចេញនូវឱកាសសហប្រតិបត្តិការធុរកិច្ច និងវិនិយោគនានាដែលលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមសម្រាប់អតីតយុទ្ធជន និងនិវត្តជនជាដើម។ នៅក្នុងអង្គវេទិកា លោក ឈី ហ្វាង (Qi Fang) សមាជិកក្រុមប្រឹក្សានៃសមាគម ជីហ្វា (GIFA) និងជាប្រធានគណៈប្រតិភូសម្រាប់ក្រុមអ្នកវិនិយោគ បានលើកឡើងឱ្យដឹងថា ការដឹកនាំប្រតិភូពាណិជ្ជករមកកាន់កម្ពុជានាពេលនេះ គឺដើម្បីបន្តដើរតួនាទីជាស្ពានចម្លងនៃសមាគមទំនាក់ទំនងមិត្តភាពអន្តរជាតិក្វាងស៊ី បន្តរឹតចំណងមិត្តភាព រវាងក្វាងស៊ី និងកម្ពុជាឱ្យកាន់តែជិតស្និទ្ធ និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងកម្រិតខ្ពស់រវាងភាគីទាំងពីរលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ កិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងការផ្លាស់ប្តូរវប្បធម៌។ លោកបានបន្តថា មិនមែនជាទីបញ្ចប់នៃកិច្ចសហប្រតិបត្តិការនោះទេ ប៉ុន្តែជាចំណុចចាប់ផ្តើមថ្មីមួយសម្រាប់ភាគីទាំងពីរក្នុងការបង្កើតដៃគូសហប្រតិបត្តិការរយៈពេលវែង។ លោករំពឹងទៀតថា តាមរយៈការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនាពេលនេះ នឹងអាចជំរុញឱ្យមានកិច្ចសហប្រតិបត្តិការលើគម្រោងជាច្រើនទៀត ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការបន្ថែមទៀត និងបង្កើតយន្តការសហប្រតិបត្តិការដែលមានស្ថិរភាព និងប្រសិទ្ធភាពជាងមុន៕ អត្ថបទ៖ ឈិត បូរ៉ាវី  

ប្រមុខការទូតកម្ពុជា និងអូស្រ្ដាលី ជួបពិភាក្សាគ្នាពង្រឹង-ពង្រីកទំនាក់ទំនង ខណៈឆ្នាំ២០២៧ កម្ពុជា និងអូស្ត្រាលី នឹងប្រារព្ធខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត

2026/07/22 09:34:32 pm        225
នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។ក្នុងជំនួបខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយពេញចិត្តចំពោះវឌ្ឍនភាពឥតឈប់ឈរនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដែលស្តែងចេញតាមរយៈទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រជាជន និងប្រជាជន ព្រមទាំងការផ្លាស់ប្តូរ និងប្រាស្រ័យទាក់ទងគ្នាកម្រិតខ្ពស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាញឹកញាប់។ លើសពីនេះទៅទៀត ឆ្នាំ២០២៧ កម្ពុជា និងអូស្ត្រាលី នឹងប្រារព្ធខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត ហើយធ្វើសកម្មភាពរួមគ្នាផ្សេងៗទៀត ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនបន្ថែមអំពីបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ៕ 

កម្ពុជាប្រាប់ទៅកិច្ចប្រជុំពិសេសអាយឆានៅហ្វីលីពីនថា ជនភៀសសឹកកម្ពុជាជាង​ពីរម៉ឺននាក់​ទៀត​មិនទាន់អាចត្រឡប់ទៅផ្ទះវិញ ដោយសារយោធាថៃរារាំង

2026/07/22 08:37:07 pm        441
ភ្នំពេញ៖ តំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានបញ្ជាក់ប្រាប់ទៅក្នុងកិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២៦ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) អំពីស្ថានភាពជនភៀសសឹកកម្ពុជាជាងពីរម៉ឺននាក់ទៀតមិនទាន់អាចត្រឡប់ទៅផ្ទះវិញដោយសារយោធាថៃរារាំង រាយបន្លាលួស និងការដាក់ទូរកុងតឺន័រ ដែលការណ៍នេះ គឺជាការរំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ នេះបើតាម សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២៦ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស។ តំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា តំណាងរងកម្ពុជាប្រចាំអាយឆា និងជាសមាជិក គ.ស.ម.ក. បានបញ្ជាប់បែបនេះក្នុងឱកាស ដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២៦ របស់អាយឆា ចាប់ពីថ្ងៃទី១៧-២១ ខែកក្កដា ឆ្នាំ២០២៦ នៅរដ្ឋធានី ម៉ានីល សាធារណរដ្ឋហ្វីលីពីន។ កិច្ចប្រជុំនេះដឹកនាំដោយលោកជំទាវ Georgina Annhernandez Yang ប្រធាន ស្តីទីរបស់អាយឆា និងមានការចូលរួមពីតំណាង/តំណាងរងប្រទេសប្រចាំអាយឆា និងលេខាធិការដ្ឋានអាស៊ាន។ នៅក្នុងកិច្ចប្រជុំពិសេសលើកទី ១ ឆ្នាំ២០២៦ អាយឆាបានពិភាក្សាអំពីសកម្មភាពបន្ត ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសអាស៊ានស្តីពីសិទ្ធិទទួលបានបរិស្ថានដែលមានសុវត្ថិភាព ស្អាត សុខភាពល្អ និងប្រកបដោយចីរភាព ព្រមទាំងសេចក្តីប្រកាសអាស៊ានស្តីពីការលើកកម្ពស់សិទ្ធិទទួលបានការអភិវឌ្ឍ និងសិទ្ធិទទួលបានសន្តិភាព ឆ្ពោះទៅរក ការអភិវឌ្ឍប្រកបដោយបរិយាបន្ននិងចីរភាព។ អាយឆាកំពុងពិភាក្សាផងដែរ អំពីសំណើសេចក្តីប្រកាសអាស៊ានស្តីពី សិទ្ធិសុខភាពផ្លូវចិត្តរបស់កុមារក្នុងយុគសម័យឌីជីថល ដើម្បីដោះស្រាយផលប៉ះពាល់ស៊ីជម្រៅនិងឆាប់រហ័សនៃ បច្ចេកវិទ្យាឌីជីថលទៅលើសុខភាពផ្លូវចិត្តកុមារ។ ទន្ទឹមនេះ អោយឆាក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នតាមវិស័យអាស៊ាន ដៃគូខាងក្រៅ និងភាគីពាក់ព័ន្ធ ដើម្បីជំរុញការលើកកម្ពស់ និងការការពារសិទ្ធិ មនុស្ស។ កិច្ចប្រជុំក៏បានចែករំលែកអំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសសមាជិកអាស៊ាន នីមួយៗ ដូចជា ការបង្កើតច្បាប់ ឬលិខិតបទដ្ឋានគតិយុត្ត ការដាក់ចេញនូវកម្មវិធី ឬគោលនយោបាយ និងការផ្តួច ផ្តើមគំនិតផ្សេងៗ រួមទាំងវិធានការនានា ដើម្បីការលើកកម្ពស់និងការការពារសិទ្ធិមនុស្ស ក៏ដូចជាបញ្ហាប្រឈមនឹង កង្វល់ក្នុងវិស័យសិទ្ធិមនុស្ស ផងដែរ។ ដោយឡែក នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជំនួបប្រចាំឆ្នាំជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន អាយឆា បានរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព និងកម្មវិធីអាទិភាពរបស់អាយឆា ព្រមទាំងស្នើការពិនិត្យ និងសម្រេចចំពោះកម្មវិធី និងសកម្មភាពអាទិភាពរបស់អាយឆាសម្រាប់ឆ្នាំ២០២៧។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានកោតសសើរពីកិច្ចខិតខំរបស់អាយឆា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅក្នុងតំបន់។ ជាមួយគ្នានេះដែរ អាយឆាក៏មានកិច្ចជំនួបប្រចាំឆ្នាំជាមួយអគ្គលេខាធិការអាស៊ាន ដោយផ្តោតការពិភាក្សាលើវិធីសាស្ត្រក្នុងការបញ្ជ្រាបសិទ្ធិមនុស្សទៅក្នុងសសរស្តម្ភទាំងបីរបស់អាស៊ានក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងអាយឆា និងស្ថាប័នអាស៊ានតាមវិស័យដោយមានគាំទ្រពីលេខាធិការដ្ឋានអាស៊ាន។ គួរបញ្ជាក់ថា ក្នុងការចែករំលែកពីវិវឌ្ឍន៍ថ្មីៗ នៃសិទ្ធិមនុស្សក្នុងប្រទេសអាស៊ាន ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា បានជម្រាបជូនអំពីការផ្សព្វផ្សាយអនុសាសន៍នៃយន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) ជុំទី៤ របស់ប្រទេសកម្ពុជា ទៅកាន់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គភាពថ្នាក់ក្រោមជាតិ ព្រមទាំងកំពុងរៀបចំរបាយការណ៍ពាក់កណ្តាល អាណត្តិដើម្បីវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ទាំងនោះ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកឡើងពីស្ថានភាពរបស់ប្រជាជនភៀសសឹកកម្ពុជាជាង ២០ ០០០នាក់ ដែលនៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារការរារាំងពីសំណាក់យោធាថៃ តាមរយៈការរាយបន្លាលួស និងការដាក់ទូរកុងតឺន័រ។ ការណ៍នេះ គឺជាការរំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ជាថ្មីម្តងទៀត ឯកឧត្តមក៏បានបញ្ជាក់ឡើងវិញនូវកិច្ចព្រមព្រៀងឈប់បាញ់ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសនៅក្នុងចំណុចទី៤ ចែងយ៉ាងច្បាស់ថា៖ «ភាគីទាំងពីរយល់ព្រមអនុញ្ញាតឱ្យជនស៊ីវិល ដែលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួក គេវិញឱ្យបានឆាប់បំផុត ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ»។ ឯកឧត្តមបានអំពាវនាវឱ្យភាគីពាក់ព័ន្ធគោរពយ៉ាងពេញលេញនូវគោលការណ៍មនុស្សធម៌អន្តរជាតិ ការគោរពសិទ្ធិមនុស្ស ការការពារជនស៊ីវិល និងធានាថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់អាចវិលត្រឡប់ទៅលំនៅឋានវិញប្រកបដោយសុវត្ថិភាព ស្ម័គ្រចិត្ត សេចក្តីថ្លៃថ្នូរ និងនិរន្តរភាព។ ការខូចខាត ឬការបំផ្លិចបំផ្លាញវត្ថុស៊ីវិល រួមមានផ្ទះ សាលារៀន មណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ត្រូវតែទប់ស្កាត់ និងការពារស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិ។ ជាទីបញ្ចប់ កិច្ចប្រជុំបានសម្តែងនូវការកោតសរសើរដល់អោយឆាហ្វីលីពីន និងលេខាធិការដ្ឋានអាស៊ាន ដែលបានរៀបចំ និងសម្របសម្រួលកិច្ចប្រជុំបានយ៉ាងល្អ និងសម្រេចបាននូវលទ្ធផលគួរជាទីពេញចិត្ត៕

សម្ដេចតេជោ៖«នៅពេលគេនិយាយពីសិទ្ធិមនុស្ស គេត្រូវនិយាយពីសិទ្ធិនៃការរស់រានមានជីវិតជាមុនសិន»

2026/07/22 07:20:17 pm        218
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ទៅកាន់ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំនៅកម្ពុជាថា នៅពេលគេនិយាយពីសិទ្ធិមនុស្ស គេត្រូវនិយាយពីសិទ្ធិនៃការរស់រានមានជីវិតជាមុនសិន។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ក្នុងឱកាសបានអនុញ្ញាតឱ្យ លោក ថូម៉ាស់ អេនឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំនៅកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងនូវការអបអរសាទរចំពោះលោក អេនឌ្រូ ដែលទទួលបានការតែងតាំងធ្វើជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិជំនួសឱ្យលោក វីទីត ម៉ុនតាប៊ន ដែលបានលាលែងពីតួនាទីជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជាកាលពីថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២៥ ពេលកន្លងទៅ។ សម្ដេចតេជោសង្ឃឹមថា តាមរយៈជំនួបរវាងសម្ដេចតេជោ និងលោក អេនឌ្រូ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជានាពេលនេះ លោកនឹងអាចឈ្វេងយល់អំពីវឌ្ឍនភាពបន្ថែមទៀតអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាផងដែរ។ នៅក្នុងឱកាសនោះលោក អេនឌ្រូ បានសម្ដែងនូវការអរគុណជាអនេកប្បការ និងវាយម្លៃខ្ពស់ ចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីបានជួបសម្ដែងការគួរសមនាពេលនេះ។ លោកវាយតម្លៃខ្ពស់ថា ការដែលសម្ដេចតេជោ អនុញ្ញាតឱ្យលោកចូលជួបសម្ដែងការគួរសមនេះគឺជាសញ្ញាដ៏វិជ្ជមាន ដ៏ល្អមួយដែលបង្ហាញអំពីការផ្ដល់តម្លៃទៅលើការជជែកពិភាក្សាគ្នាអំពីបញ្ហាសិទ្ធិមនុស្ស ហើយលោកបានលើកឡើងថា កាលពីលោកធ្វើជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសមីយ៉ាន់ម៉ា គឺមិនមានឱកាសជួបជាមួយមេដឹកនាំកំពូលៗនោះឡើយ។ លោក អេនឌ្រូ បានសម្ដែងនូវការអបអរសាទរ និងសរសើរចំពោះកម្ពុជា, ដោយលោកបានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់ក្នុងការផ្ដល់សច្ចាប័នទាក់ទងទៅនឹងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិដែលនេះគឺជាចំណុចដ៏ល្អប្រសើរមួយដែលកម្ពុជាបានធ្វើហើយមានការកោតសរសើរពីសំណាក់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។ លោកបានលើកឡើងថា «លោកក៏បានតាមដានដែរអំពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ហើយលោកគ្រោងនឹងទៅជួបជនភៀសសឹកកម្ពុជា ដែលទទួលការលំបាកកើតចេញពីសង្គ្រាមរវាងកម្ពុជា និងថៃ។ លោកបន្តថា លោកចង់ទៅឃើញនូវទិដ្ឋភាពជាក់ស្ដែង និងផលលំបាករបស់ជនភៀសសឹកថាតើស្ថានភាពនៅពេលនោះជួបការលំបាកយ៉ាងដូចម្ដេចខ្លះ។ លោក អេនឌ្រូ បានលើកឡើងដែរថា ស្ថានភាពសិទិ្ធមនុស្សនៅក្នុងប្រទេសកម្ពុជា ចំពោះចំណុចខ្វះខាតមួយចំនួនដូចជាសិទ្ធិនៃការបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា»។ ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក អេនឌ្រូ អំពីចំណុចខ្វះខាតរបស់កម្ពុជាពាក់ព័ន្ធនឹងសេរីភាពនៃការបញ្ចេញមតិ, សម្ដេចតេជោ បានលើកលើងថា «នៅពេលដែលគេនិយាយអំពីសិទ្ធិមនុស្ស គេត្រូវនិយាយអំពីសិទ្ធិនៃការរស់រានមានជីវិតជាមុនសិន» ដែលជាការផ្ដល់អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះសិទ្ធិមញ្ចេញមតិអាចកើតមានទៅបាន គឺអាស្រ័យទៅលើសិទ្ធិរស់រានមានជីវិត ហើយមានសន្ដិភាព ស្ថិរភាពជាដើមទើបមានសិទ្ធិនៃការបញ្ចេញមតិ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោ បានលើកឡើងថា ការបញ្ចេញមតិទាំងឡាយរាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្នដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ឬក៏តាំងពីជំនាន់សម្ដេចតេជោនៅធ្វើជានាយករដ្ឋមន្រ្ដី គឺបានបើកសិទ្ធិសេរីភាពពេញលេញក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ឬការអនុវត្តសិទ្ធិមនុស្សដែរ ក៏ប៉ុន្ដែការអនុវត្តសិទ្ធិបញ្ចេញមតិនោះ គឺត្រូវតែឋិតនៅក្រោមក្របខណ្ឌច្បាប់ជាពិសេសគឺរដ្ឋធម្មនុញ្ញរបស់កម្ពុជាតែម្ដង។ សម្ដេចតេជោ បើកសិទ្ធិក្នុងាកររិះគន់ដើម្បីស្ថាបនា ក៏ប៉ុន្ដែបើការបញ្ចេញមតិបានប្រាសចាកពីច្បាប់ ពីរដ្ឋធម្មនុញ្ញរបស់កម្ពុជានោះមិនមែនជាសិទ្ធិនៃការបញ្ចេញមតិទេ។ យ៉ាងណាក៏ដោយសម្ដេចតេជោ បានលើកឡើងដែរថា ច្បាស់ណាស់ប្រទេសណាក៏ដោយនៅលើសកលលោក ការអនុវត្តប្រជាធិបតេយ្យ ឬសិទ្ធិមនុស្ស និងសេរីភាពនៃការបញ្ចេញមតិដែលជាការលើកឡើងនោះ គ្មានប្រទេសណាមួយដែលអនុវត្តបានល្អឥតខ្ចោះទេ គឺតែងតែមានចំណុចខ្វះខាត ក៏ប៉ុន្ដែការខ្វះខាតនោះត្រូវបានកែតម្រូវ និងស្ថាបនាជាបន្តបន្ទាប់។ សម្ដេចតេជោ សង្ឃឹមថា លោក អេនឌ្រូ នឹងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងជិតស្និទ្ធ ក្នុងការធ្វើយ៉ាងណាធ្វើឱ្យវឌ្ឍនភាពអំពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាកាន់តែល្អ៕ 

អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់

2026/07/22 07:16:08 pm        405
អ្នករាយការណ៍ពិសេស ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំ​នៅ​កម្ពុជា ចង់ទៅពិនិត្យស្ថានភាពជនភៀសសឹកម្ពុជានៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ​ដោយ​ផ្ទាល់​ភ្នែក ដើម្បីឈ្វេងយល់​ពី​ទុក្ខលំបាក​យ៉ាង​ពិតប្រាកដ​របស់​ជន​ភៀសសឹក​កម្ពុជា​ដែល​រង​គ្រោះ​ដោយ​សារ​សង្គ្រាមរវាងកម្ពុជា និងថៃ។ លោក ថូម៉ាស់ អេនឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេស ទទួល​បន្ទុក​ស្ថាន​ភាព​សិទ្ធិ​មនុស្សរ​បស់អង្គការសហប្រជាជាតិ (UN) ប្រចាំនៅកម្ពុជា បានលើកឡើង​នៅ​បំណង​របស់​លោក​បែប​នេះ ក្នុងឱកាស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​កម្ពុជា​ បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា នាព្រឹក​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងនូវការអបអរសាទរចំពោះលោក អេនឌ្រូ ដែលទទួល​បាន​ការ​តែង​តាំង​ធ្វើ​ជា​អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិជំនួសឱ្យលោក វីទីត ម៉ុនតាប៊ន ដែល​បាន​លា​លែង​ពី​តួនាទី​ជា​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​សិទ្ធិមនុ​ស្ស​នៅ​កម្ពុជា​កាលពីថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២៥ ពេលកន្លងទៅ។ សម្ដេចតេជោសង្ឃឹមថា តាមរយៈជំនួបរវាងសម្ដេចតេជោ និងលោក អេនឌ្រូ អ្នករាយ​ការណ៍​ពិសេស​របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជានាពេលនេះ លោកនឹងអាច​ឈ្វេង​យល់​អំពីវឌ្ឍនភាពបន្ថែមទៀតអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាដំណើរ​ការ​ប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាផងដែរ។ នៅក្នុងឱកាសនោះលោក អេនឌ្រូ បានសម្ដែងនូវការអរគុណជាអនេកប្បការ និងវាយម្លៃខ្ពស់ ចំពោះ​សម្ដេចតេជោដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី​បាន​ជួបស​ម្ដែង​ការ​គួរ​សម​នា​ពេល​នេះ។​ លោកវាយតម្លៃខ្ពស់ថា ការដែលសម្ដេចតេជោ អនុញ្ញាតឱ្យលោកចូល​ជួប​សម្ដែង​ការ​គួរ​សម​នេះ​គឺជាសញ្ញាដ៏វិជ្ជមាន ដ៏ល្អមួយដែលបង្ហាញ​អំពី​ការ​ផ្ដល់​តម្លៃ​ទៅ​លើ​ការ​ជជែក​ពិភាក្សា​គ្នា​អំពី​បញ្ហាសិទ្ធិមនុស្ស ហើយលោកបានលើកឡើងថា កាលពីលោកធ្វើ​ជា​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិប្រចាំនៅប្រទេសមីយ៉ាន់ម៉ា គឺមិនមានឱកាស​ជួប​ជាមួយ​មេដឹ​ក​នាំកំពូលៗនោះឡើយ។ លោកបានរម្លឹកឡើងថា នូវប្រសាសន៍របស់សម្ដេចតេជោ ក្នុងពេលដែល​លោក​ធ្វើ​ជា​អ្នក​រាយការណ៍​ពិសេសនៅប្រទេសមីយ៉ាន់ម៉ា ដែលក្នុងពេលនោះ នៅពេលដែលមានការ​កាត់​ទោស​ប្រហារ​ជីវិត​ចំពោះអ្នកទោសមីយ៉ាន់ម៉ា, សម្ដេចតេជោក៏បានអំពាវនាវឱ្យមានការបន្ធូបន្ថយទោស, ដោយ​លោកមានការចាប់អារម្មណ៍ និងរីករាយយ៉ាង​ខ្លាំង​ចំពោះ​ការ​អំពាវនាវរបស់​សម្ដេច​តេជោ​នា​ពេល​នោះ​ដែល​សម្ដេចតេជោ នៅដឹកនាំជានាយករដ្ឋមន្រ្ដី និងជាប្រធានអាស៊ានផងដែរ។ ជាការឆ្លើយតបសម្ដេចតេជោ បានអរគុណដែលលោកអេនឌ្រូ ដែលជាអ្នករាយ​ការណ៍​ពិសេស​របស់​អង្គកា​រសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានទទួលស្គាល់នូវ​ចំណុច​ល្អរ​បស់ក​ម្ពុជា​ជា​ពិសេសការផ្ដល់សច្ចាប័នក្នុងការទទួលស្គាល់សន្ធិសញ្ញាស្ដីពីសិទ្ធិមនុស្សអន្តរជាតិ និងកម្ពុជា​បាន​ទទួលយកអនុសាសន៍ជាង ៨០ភាគរយ ដែលនេះជាការទទួល​ស្គាល់​អំពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់កម្ពុជា។ សម្ដេចតេជោ ក៏បានអរគុណផង​ដែរ​ចំពោះ​ការចាប់​អារម្មណ៍​លើ​បញ្ហា​ព្រំដែ​នរវាងកម្ពុជា និងថៃ ជាពិសេសចំពោះ​ការ​គ្រោង​ចុះ​ទៅ​ពិនិត្យមើលស្ថានភាព​ដោយ​ផ្ទាល់​ចំពោះ​ការ​រស់នៅរបស់ជនភៀសសឹកកម្ពុ​ជា​នៅ​តាម​ព្រំដែន​ដែល​ទទួលរងផលប៉ះពាល់​កើត​ចេញ​ពី​សង្គ្រាម​រវាង​កម្ពុជា និងថៃ។ សម្ដេចតេជោ សង្ឃឹមថាលោក អេនឌ្រូ នឹងបានឃើញអំពីទិដ្ឋភាពជាក់ស្ដែងថា តើប្រជាជនកម្ពុជា​ដែល​ជា​ជនភៀសសឹកនោះទទួលរងនូវផលប៉ះពាល់ និងទុក្ខលំបាក​ពិត​ប្រាកដ​យ៉ាង​ដូច​ម្ដេច​ខ្លះ​ដោយ​ផ្ទាល់តែម្ដង។ សម្ដេចតេជោ ក៏បានពន្យល់ អំពីសារបាននៃការកើតឡើងជម្លោះ​ព្រំដែន​រវាង​កម្ពុជា និងថៃ ដល់អ្នករាយការណ៍ពិសេសរបស់អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុ​ក​សិទ្ធិមនុស្ស​ប្រចាំនៅកម្ពុជាឱ្យបានយល់ផងដែរ»៕

សម្ដេចធិបតី អញ្ជើញជួបពិភាក្សាការងារជាមួយ នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាមេរិក

2026/07/22 07:13:29 pm        263
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញជួបជាមួយ លោក Kash Patel នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សមាគមសហគ្រិនស្រ្តីកម្ពុជា​បង្កើតជំនួបបណ្តាញធុរកិច្ច ដើម្បីពង្រីកទីផ្សារ និងស្វែងរក​ដៃគូ​សហការ

2026/07/22 06:33:48 pm        335
សមាគមសហគ្រិនស្រ្តីកម្ពុជា បង្កើតជំនួបបណ្តាញធុរកិច្ច ដើម្បីពង្រីកឱកាសទីផ្សារ ការស្វែង​រកដៃ​គូសហការសេដ្ឋកិច្ច និងបង្កើន ការគាំទ្រផលិតផលរបស់សមាជិកា ព្រមទាំងពង្រឹងកិច្ច​សហប្រតិបត្តិការ​សហគ្រិនជាស្រ្តី និងបណ្ដាញសមាគមធុរកិច្ចផ្សេងៗ ទាំងក្នុង កម្រិតជាតិ​ និងអន្តរជាតិ។សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) បង្កើតកម្មវិធី «ជំនួបបណ្តាញធុរកិច្ច (Business Networking)» និងពិធីសម្ពោធ បើកការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ «ស្ត្រីជាចលករនៃកំណើនប្រកបដោយចីរភាព» ជំនួបបណ្តាញធុរកិច្ចគឺជា សកម្មភាពតភ្ជាប់រវាងម្ចាស់អាជីវកម្ម សហគ្រិន និងអ្នកវិនិយោគ ដើម្បីបង្កើតទំនាក់ទំនង ផ្លាស់ប្តូរបទពិសោធន៍ ស្វែងរកដៃគូសហការ និងពង្រីកទីផ្សារ នេះជាការផ្តល់ឱកាសមាសដល់ធុរជនក្នុងការជួបជុំគ្នា។លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) លើកឡើងថា កម្មវិធីដ៏មានសារៈសំខាន់នេះ រៀបចំ ឡើងក្នុងគោលបំណងពង្រីកឱកាសទីផ្សារ ស្វែងរកដៃគូសហការសេដ្ឋកិច្ច និងបង្កើនការគាំទ្រផលិតផលរបស់សមាជិកា នៅក្នុងស្ថាន ភាពកំពុងប្រឈម ដើម្បីឱ្យសហគ្រិនជាស្រ្តីអាចឈរជើងបាន នៅក្នុងកិច្ចដំណើរការអាជីវកម្មរបស់ខ្លួន ទាំងការផលិត និងការលក់នៅ លើទីផ្សារ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាជិកា និងបណ្ដាញសមាគមធុរកិច្ចផ្សេងៗ ទាំងក្នុងកម្រិតជាតិនិងអន្តរជាតិ។ ក្នុងពិធីនេះដែរ លោកជំទាវបានចែករំលែកនូវបទពិសោធន៍ និងគន្លឹះជោគជ័យនៅក្នុងការធ្វើអាជីវកម្ម ដើម្បីរួមគ្នាលើកកម្ពស់សហ- គ្រិនស្រ្តី ឱ្យក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ពង្រឹងសមភាពយេនឌ័រ និងកាត់បន្ថយ ភាពក្រីក្រ។ក្នុងឱកាសនោះដែរ, លោកជំទាវ ទ្រី សុខណា ប្រធានគម្រោង និងជាសមាជិកាក្រុមប្រឹក្សាភិបាល និងលោកជំទាវអ្នកឧកញ៉ា តាំង ហ្គិចលៀង ម្ចាស់ឧបត្ថម្ភផ្តាច់មុខ ក៏បានលើកឡើងពីការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមលើកទី៣ ប្រចាំឆ្នាំ២០២៦ គឺមាន គោលបំណងលើកកម្ពស់សមត្ថភាព និងបង្កើតភាពអង់អាចក្លាហានដល់សហគ្រិនស្ត្រីលើវិសយ័ធុរកិច្ច និងលើកទឹកចិត្តដល់សមាជិកា សមាគមសហគ្រិនស្ត្រីកម្ពុជាចូលរួមចុះឈ្មោះ ដើម្បីប្រកួតទៅតាមជំនាញអាជីវកម្មរៀងៗខ្លួន។សូមបញ្ជាក់ថា នៅក្នុងជំនួបបណ្តាញធុរកិច្ចនេះដែរ បានបង្កើតនូវបរិយាកាសដ៏ស្និទ្ធស្នាល និងពោរពេញដោយថាមពលធុរកិច្ច ទាំង ភ្ញៀវជាតិនិងអន្តរជាតិ បានរួមគ្នាបង្កើតបណ្ដាញទំនាក់ទំនង ការផ្លាស់ប្ដូរបទពិសោធន៍ និងការផ្គូរផ្គងពាណិជ្ជកម្ម ព្រមទាំងបាន ទស្សនាស្តង់តាំងបង្ហាញនូវផលិតផលជាច្រើនមុខ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា​ជំរុញការដាំដុះបន្លែសុវត្ថិភាព ជំរុញដល់​ការសង់ផ្ទះសំណាញ់ កើនដល់ជិត ៦ ០០០ខ្នង

2026/07/22 06:27:59 pm        122
ភ្នំពេញ៖ ដើម្បី​លើក​កម្ពស់ការផលិតបន្លែសុវត្ថិភាព រាជរដ្ឋាភិបាលបានជំរុញឱ្យមានការដាំដុះបន្លែក្នុង​ផ្ទះសំណាញ់ ដោយបច្ចុប្បន្ន​បាន​កើនដល់ជិត ៦,០០០ខ្នង នៅទូទាំងប្រទេស។ ការរីកចម្រើននេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កសិករក្នុងការផលិតបន្លែដែលមានសុវត្ថិភាព ស្របតាមការផ្សព្វផ្សាយបច្ចេកទេស ប៣ (បង្កើនធម្មជាតិ បន្ថយគីមី បង្កើនផល) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានគោលដៅបង្កើនគុណភាពផលិតផល ការពារសុខភាពអ្នកប្រើប្រាស់ និងលើកកម្ពស់ចំណូលរបស់កសិករ។ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ដើម្បីគាំទ្រការផលិតបន្លែសុវត្ថិភាព មន្ត្រីកសិកម្មឃុំបានផ្តល់ការបណ្តុះបណ្តាល និងណែនាំបច្ចេកទេស ប៣ ដល់កសិករចំនួន ១៨,៤៥៥គ្រួសារ ស្មើនឹងប្រមាណ ៣២% នៃកសិករដាំបន្លែទូទាំងប្រទេស។ ក្នុងចំណោមនោះ មាន ៤,៩២១គ្រួសារ កំពុងអនុវត្តបច្ចេកទេស ប៣ ជាក់ស្តែង។ឯកឧត្តម បន្តថា ការជំរុញការផលិតបន្លែសុវត្ថិភាពរបស់ក្រសួងកសិកម្ម បានជំរុញឱ្យកសិករកាន់តែងាកមកប្រើប្រាស់បច្ចេកទេសដាំដុះទំនើប ជាពិសេស ការសាងសង់ផ្ទះសំណាញ់សម្រាប់ផលិតបន្លែ ដែលបច្ចុប្បន្នបានកើនដល់ ៥,៨៨៣ខ្នង នៅទូទាំងប្រទេស។ ការរីកចម្រើននេះត្រូវបានចាត់ទុកថា ជាជំហានសំខាន់មួយក្នុងការលើកកម្ពស់ការផលិតបន្លែសុវត្ថិភាព បង្កើនគុណភាពផលិតផល ការពារសុខភាពអ្នកប្រើប្រាស់ និងបង្កើនប្រាក់ចំណូលរបស់កសិករ។ចំណែក លោក នៃ ច័ន្ទត្រា ម្ចាស់កសិដ្ឋាន C-TRA Green House ស្ថិតនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានប្រាប់ BTV ការដាំបន្លែលើទឹក ឬ Hydroponics គឺជាបច្ចេកទេសទំនើបមួយ​ដែលអាចគ្រប់​គ្រងគុណភាព, កាត់បន្ថយហានិភ័យពីអាកាសធាតុ, សត្វល្អិត, និងការប្រើប្រាស់សារធាតុគីមី ហើយជួយសន្សំសំចៃទឹក និងកម្លាំងពលកម្ម​ ជាពិសេស​ បន្លែដាំលើទឹកមានទីផ្សារនិងតម្លៃល្អ។​លោក បញ្ជាក់ថា បច្ចុប្បន្ន លោកមានផ្ទះសំណាញ់ដាំបន្លែចំនួន បីខ្នង និងផ្ទះសំណាញ់សម្រាប់បណ្តុះពូជមួយខ្នង ដែលផ្ទះសំណាញ់ទាំងអស់ បានផ្តល់ទិន្នផលជាមធ្យម១តោន ក្នុងពេលប្រមូលផលក្នុងមួយវគ្គ ចាប់ពីដាំរហូដល់ប្រមូលផលចំណាយពេលប្រមាណ ១ខែកន្លះ​។​ ក្រសួងកសិកម្មបានកំណត់គោលដៅក្នុងឆ្នាំ ២០២៦ ក្នុងការផ្សព្វផ្សាយបច្ចេកទេស ប៣ ឱ្យដល់កសិករដាំបន្លែ ១០០% នៅទូទាំងប្រទេស ដើម្បីលើកកម្ពស់ការផលិតបន្លែដែលមានសុវត្ថិភាព ស្របតាមតម្រូវការទីផ្សារ និងកាត់បន្ថយការពឹងផ្អែកលើសារធាតុគីមីក្នុងវិស័យកសិកម្ម៕អត្ថបទ៖ ធូ វិរៈ  

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
07/24/2026 08:07 PM
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
07/24/2026 08:07 PM