ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់

ព័ត៌មានជាតិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ហែរអង្គកឋិនទានមហាសាមគ្គីទៅវត្តទួលអង្គញ់ ទទួលបានបច្ច័យចំនួនជាង ១ម៉ឺនដុល្លារ

2025/11/05 04:43:58 pm        992
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីអង្គកឋិនទានដង្ហែរទៅមកកាន់វត្តទួលអង្គញ់ ស្ថិតក្នុងភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ១៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ទទួលបានបច្ច័យចំនួនជាង ១ម៉ឺនដុល្លារអាមេរិក ។ក្នុងពិធីនោះផងដែរក៏បានយាង្គអញ្ជើញចូលរួមរបស់សម្តេចព្រះរាជបុត្រីព្រះអនុជនរោត្តម អរុណរស្មី លោកជំទាវ ហង់ ភារី អ៊ឹមសិទ្ធិ ព្រមទាំងក្រុមគ្រួសារ លោកជំទាវ ណុព្វ ស៊ីដារ៉ា ប៉ុល សារឿន រួមជាមួយ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងធម្មការ និងសាសនា ថ្នាក់ដឹកនាំស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទ្ធចំណុះជើងវត្តយ៉ាងច្រើនកុះករ។ថ្លែងក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកជំទាវ អ៊ឹម ប៉ូលីការ លោកជំទាវ ហង្ស ភារី អ៊ឹម សិទ្ធិ ព្រមទាំងក្រុមគ្រួសារ ក៏ដូចជា ក្រុមការងារ ពុទ្ធបរិស័ទ្ធជិតឆ្ងាយដែលបានរួមគ្នាកសាង នូវសមិទ្ធិផលយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងវត្តទួលអង្គញ់នេះ។ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាឲ្យ​បាន​គង់វង់​នូវសមិទ្ធផលនៅក្នុងវត្តទួលអង្គញ់ ដែលជាទីកន្លែងគោរពប្រតិបត្តិសាសនា និងមួយចំណែកទៀត​ចូលរួមលើកស្ទួយនូវវិស័យព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ ទន្ទឹមនឹងនោះផងដែរ សម្តេចកោតសសើរដល់រដ្ឋបាលខេត្ត ដែលបានទទួល​យកនូវពលករចំណាក​ស្រុកដែលបានត្រលប់ពីធ្វើការនៅប្រទេសថៃ ក្នុងអំឡុងពេលដែលមានជម្លោះព្រំដែនកម្ពុជា-ថៃ និងបានផ្តល់ឱកាសការងារក្នុងខេត្តស្វាយរៀងជូនដល់ពួកគាត់ ដើម្បីជួយសម្រួល​ដល់ជីវភាពប្រចាំថ្ងៃ។ បុណ្យកឋិន ជាពិធីបែបព្រះពុទ្ធ​សាសនាបុណ្យមួយ​ចាប់ផ្ដើមធ្វើ​បន្ទាប់ពីបុណ្យចេញវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមាន​ទំនេរវត្ដណាមួយ ត្រូវបានខកខានឡើយដូច្នេះគេតែងតែឃើញ ក្បួនកឋិនទានតែងបាន​ដង្ហែទៅកាន់​ទីអារាមរៀងៗ ខ្លួនចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក ហើយបើទីអារាមណាមួយ មិនមានកឋិនណាមួយហែរចូលទេទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ។សម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា ពិធីបុណ្យប្រព្រឹត្តទៅបានដោយសាតែប្រទេសជាតិ​មានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគោរព និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនទៅតាមគន្លង ទំនៀមទម្លាប់​ប្រពៃណីព្រះពុទ្ធសាសនា ដោយថ្ងៃដំបូងត្រូវមានពិធីក្រុងពាលី សូត្រមន្ត សម្តែងធម៌ទេសនា និង​ថ្ងៃបន្ទាប់គឺមានពិធីដង្ហែអង្គកឋិនទានជុំវិញព្រះវិហារ និងថ្វាយគ្រឿងសក្ការៈបូជា ថ្វាយចំពោះ​ព្រះពុទ្ធរូបស្នងអង្គព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង ​និងបានប្រារព្ធនូវបទនមស្ការ ព្រះរតនត្រ័យ ថ្វាយបង្គំព្រះ សមាទានសីល ដើម្បីគោរពរំឭកដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ៕

កុមាររងផលប៉ះពាល់ជម្លោះកម្ពុជា-ថៃ ជាង១ ៦០០នាក់ ទទួលស្បៀង និងសាច់ប្រាក់ ពីអង្កការកែប្រែសហគមន៍

2025/11/05 04:30:49 pm        851
ឧត្តរមានជ័យ៖ អង្កការកែប្រែសហគមន៍ (CTO) បានរៀបចំកម្មវិធីចែកជំនួយសង្គ្រោះបន្ទាន់នូវ ស្បៀង សម្ភារ និងសាច់ប្រាក់ ជូនដល់ប្អូនៗកុមារ ចំនួន ១ ៦០៣នាក់ ក្នុងគម្រោងដែលរងផលប៉ះពាល់ពីបញ្ហាសង្គ្រាមជម្លោះព្រំដែនកម្ពុជាថៃកន្លងមក ដែលពិធីនេះបានរៀបចំឡើងនៅ សាលាបឋមសិក្សាថ្នល់បត់ ភូមិថ្នល់បត់ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី ៥ខែ វិច្ឆិកា ឆ្នាំ២០២៥នេះ ។លោក យិញ យ៉ា នាយកប្រតិបត្តិអង្គការកែប្រែសហគមន៍ CTO បានមានប្រសាសន៍បញ្ជាក់ថា ការរៀបចំកម្មវិធីចែកជំនួយសង្គ្រោះ ស្បៀង សម្ភារ និងសាច់ប្រាក់ដល់កុមារនាពេលនេះ ក្នុងគោលបំណងរួមចំណែកជួយកុមារ និងគ្រួសារកុមារឲ្យទទួល​បានស្បៀង​ដើម្បីជាការនូវសម្រាលការខ្វះខាតក្នុងជីវភាព និងការលើកកំពស់សុខុមាលភាពដល់កុមារផងដែរ។ លោកបន្តថា កម្មពិធីនេះគឺជាការួមចំណែកមួយយ៉ាងសំខាន់ក្នុងការការងារ​មនុស្សធម៌​ដើម្បីជួយដល់កុមារនៅកម្ពុជាដែលមានជីវភាពខ្វះខាត់ទទួលបាននូវសម្ភារសិក្សា ដើម្បីទទួលបាន​ឱកាសសិក្សាដ៏សមស្រប។លោកបញ្ជាក់បន្តថា អង្គការកែប្រែសហគមន៍ (CTO) កំពុងអនុវត្តគម្រោងកម្មវិធីសិទ្ធិមូលដ្ឋាន (Local Right Program) និងគម្រោងផ្តល់ឱកាសសិក្សាដល់កុមារក្រៅសាលា (OOSC)។ គម្រោងនេះធ្វើការជាដៃគូជាមួយអង្គការ Action Aid និង អង្គការ Aid et Action ក្នុង​ខេត្តមាន​យុទ្ធសាស្ត្រ​ចំនួន៥ គឺខេត្តឧត្តរមានជ័យ កំពង់ធំ ពោធិសាត់ កោះកុង និងខេត្តកំពត ជាមួយនឹង​អង្គការ​ដៃគូរចំនួន១២ ទៀតដែលបានអនុវត្តគម្រោងតាមបណ្តាខេត្តទាំង ៥ខាងលើ។ទន្ទឹមគ្នានោះ លោកស្រី ចាន់សោភ័ណ ប្រធានកម្មវិធី អង្គការ អាក់សិនអេត បានមាន ប្រសាសន៍ថា ក្រោយផ្ទុះអាវុធ ដោយបញ្ហាជម្លោះព្រំដែនខ្មែរ-ថៃ នៅថ្ងៃទី២៤ កក្កដា ២០២៥ កន្លងមកនេះ មានប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារបានជម្លៀសចេញពីលំនៅដ្ឋានដើម្បីសុវត្ថិភាព ដែលខ្លះបាន​ស្នាក់នៅ​ជំរុំសុវត្ថិភាពនិងខ្លះទៀតស្នាក់នៅកន្លែងបណ្តោះអាសន្នដែលអាជ្ញាធររៀបចំក្នុង និង​ក្រៅខេត្ត ហើយមួយចំនួនទៀតបានទៅស្នាក់នៅបណ្តោះអាសន្នតាមផ្ទះ​សាច់ញាតិ។ លោកស្រី បន្តថា ទន្ទឹមគ្នានេះផងដែរ អង្គការក៏តែងតែបានចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសជាមួយ​រដ្ឋបាលថ្នាក់ក្រោមជាតិធ្វើការងារឆ្លើយតបទៅនឹងបញ្ហាគ្រោះមហន្ត រាយនេះបានជាបន្ត​បន្ទាប់ផងដែរ។​ក្នុងឱកាសនោះដែរ លោក ផុន ចាន់នឹល អភិបាលក្រុងសំរោង និង លោក ប៉ិច រតនា ជាប្រធានមន្ទីរ អប់រំយុវជន និងកីឡា ខេត្តឧត្តរមានជ័យ បានថ្លែងនៅអំណរគុណចំពោះអង្គការកែប្រែសហគមន៍ (CTO) និងអង្គកាជាដៃគូ ជាពិសេស អង្គការ អាក់សិនអេត និងអង្គការអេត អេអាក់ស្យុង ដែល​បានរួមគ្នាឆ្លើយតបនូវតម្រូវការបន្ទាន់ចំនួនបីលើករួមមកហើយ លើគ្រួសារដែលស្នាក់​នៅក្នុង​ជំរុំវត្តថ្មកំបោរ និងវត្តបាត់ថ្កៅ ដែលមានជាសម្ភារប្រើប្រាស់ ស្បៀង និងសាច់ប្រាក់ ក៏ដូចជាសម្ភារ​ស្តុកទឹកស្អាត អនាម័យ និងជាសម្ភារសិក្សាដល់កុមារ។គួរបញ្ជាក់ថា អំណោយដែលចែកជូនដល់កុមារចំនួនទាំង ១ ៦០៣ នាក់នាពេលនេះក្នុងម្នាក់ៗ ទទួលបានត្រីខ ២យួរ ស្មើ ២០កំប៉ុង និងថវិកា ៥ម៉ឺនរៀល ដោយក្នុងនោះកុមារ​នៅក្នុងសង្កាត់​កូនក្រៀលមានចំនួន ៣៤៥នាក់ផងដែរ៕ អត្ថបទ៖ ឃិន សារិទ្ធ​

បណ្តាញព័ត៌មានអន្តរជាតិ BBC នឹងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងម្ហូបអាហារកម្ពុជា ដល់ពិភពលោក

2025/11/05 04:10:40 pm        599
ឯកឧត្តម រដ្ឋមន្រ្តី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយ លោក John Williams ទទួលបន្ទុកការផ្សាយប្រចាំតំបន់អាស៊ីអគ្នេយ៍ និងសិង្ហបូរី និង លោក Nick Kwek ជាពិធីករកម្មវិធីម្ហូបអាហារជុំវិញពិភពលោក នៃបណ្តាញ BBC Global News Limited ដើម្បីជួយផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសគឺការផ្សព្វផ្សាយអំពីម្ហូបអាហារដ៏ឆ្ងាញ់ពិសាររបស់កម្ពុជា។ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអញ្ជើញអ្នកកាសែតទាំងពីររូបមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាក្នុងពេលឆាប់ៗ ដើម្បីមកទស្សនា និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនអង់គ្លេស និងពិភពលោកទាំងមូល។គួរបញ្ជាក់ថា ជំនួបនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តមរដ្ឋមន្រ្តី បំពេញទស្សនកិច្ចដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នាទីក្រុងឡុងដ៏ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ៕

ក្រោយបញ្ចប់ការជួសជុល ទំនប់អាងទឹកសួង៧៨ នឹងជួយផ្គត់ផ្គង់ទឹក ដល់ប្រជាពលរដ្ឋជាង ១៧០០ គ្រួសារ នៅស្រុកជីក្រែង ខេត្តសៀមរាប

2025/11/05 03:59:04 pm        376
ក្រោយពេលជួសជុលទំនប់ និងសាងសង់សំណង់សិល្បការ្យរួច អាងទឹកសួង៧៨ មានលទ្ធភាពតម្កល់ទឹកទុកបម្រើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្មរដូវវស្សាប្រមាណ ១៣២៥ហិកតា រដូវប្រាំងប្រមាណ ២២៣១ហិកតា និងដំណាំរួមផ្សំប្រមាណ ៣០ហិកតា របស់ប្រជាពលរដ្ឋប្រមាណ ១៧៣៩គ្រួសារ ក្នុងភូមិចំនួន១២ នៃឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។ តួទំនប់បានក្លាយជាផ្លូវគមនាគមន៍សម្រាប់ធ្វើដំណើរឆ្លងកាត់ពីមូលដ្ឋានមកទីប្រជុំជនបានល្អប្រសើរ បម្រើឱ្យការជញ្ជូនកសិកផល និងផលនេសាទ ព្រមទាំងជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញប្រកបដោយសក្តានុពលក្នុងមូលដ្ឋាន។ គម្រោងនេះក៏ជួយបង្កើនទិន្នផលកសិកម្ម និងលើកកម្ពស់ជីវភាពគ្រួសារកសិករឱ្យមានកំណើនប្រាក់ចំណូលប្រសើរជាងមុន។ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពអាងទឹកនេះឡើងវិញ ក្រសួងធនធានទឹក និងឧតុនិយម ដែលមាននាយកដ្ឋានវិស្វកម្មជាសេនាធិការ បានអនុវត្តការងារជួសជុលទំនប់អាងទឹកសួង៧៨ ជាបីជំហាន ដែលជំហាន១ ក្នុងឆ្នាំ២០២៤ ជំហាន២ ក្នុងឆ្នាំ២០២៥ និងជំហាន៣ គ្រោងអនុវត្តក្នុងឆ្នាំ២០២៦។ នៅជំហាន២ ក្នុងឆ្នាំ២០២៥ នេះ ការងារជួសជុល និងសាងសង់សំខាន់ៗ រួមមាន៖ ១. ជួសជុលទំនប់អាងទឹកប្រវែង ៤៨០០ម៉ែត្រ ២. សាងសង់លូជ្រុងចំនួន ២កន្លែង ៣. សាងសង់ទ្វារទឹក(ទ្វារ២) ចំនួន ៣កន្លែង ៤. សាងសង់ទ្វារទឹក(ទ្វារ៣) ចំនួន ១កន្លែង ៥. សាងសង់ទ្វារទឹក(ទ្វារ៤) ចំនួន ១កន្លែង។បើតាម លោក ប៉ុន ថន ប្រធានគ្រប់គ្រងការដ្ឋាន នៃគម្រោងជួសជុលទំនប់អាងទឹកសួង៧៨ បានមានប្រសាសន៍ឱ្យដឹងថា ក្នុងរយៈពេលពីរឆ្នាំនេះ ក្រុមការងារកសាងទំនប់បានប្រមាណ ៩គីឡូម៉ែត្រ ហើយនៅសល់ប្រវែងប្រហែល ៥គីឡូម៉ែត្រ ទៀតទៅដល់ស្រុកស្ទោង។ លោកបានបន្ថែមថា ក្រុមការងារបានបំពាក់សំណង់សិល្បការ្យ ដើម្បីរំដោះទឹក និងស្ដុកទឹកទុក ដើម្បីតម្កល់ទឹកផ្គត់ផ្គង់ទៅដល់ផ្ទៃដីបង្កបង្កើនផលកសិកម្មរបស់ប្រជាពលរដ្ឋនៅផ្នែកខាងក្រោមឱ្យបានគ្រប់គ្រាន់។គួរបញ្ជាក់ថា ទំនប់អាងទឹកសួង៧៨ ស្ថិតក្នុងឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប បានកសាងឡើងតាំងពីសម័យប៉ុល ពត មានតួនាទីស្ទាក់ទឹកពីប្រភពទឹកស្ទឹងជីក្រែង និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ ដើម្បីជួយស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ដំណាំរួមផ្សំ និងការប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ទំនប់អាងទឹកសួង៧៨ បានជួបប្រទះការហូរច្រោះដាច់ដោយសារជំនន់ទឹកភ្លៀងនារដូវវស្សា មានសភាពទ្រុឌទ្រោមខ្លាំង និងមានការខូចខាតស្ទើរទាំងស្រុង ហើយសំណង់សិល្បការ្យដែលបំពាក់នៅលើទំនប់មិនអាចគ្រប់គ្រង និងបញ្ជាទឹកបាន ដែលបណ្តាលឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានជួបការលំបាកកង្វះទឹកប្រើប្រាស់សម្រាប់ការងារបង្កបង្កើនផលកសិកម្ម និងការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕

ថ្លែងក្នុងកិច្ចប្រជុំកំពូលពិភពលោក កម្ពុជាបង្ហាញបេសកកម្មគោលសំខាន់ចំនួន៤ ដើម្បីសម្រេចបាននូវចក្ខុវិស័យ អភិវឌ្ឍន៍ប្រកបដោយចីរភាព

2025/11/05 03:48:37 pm        377
ឯកឧត្តមបណ្ឌិតសភារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុង “កិច្ចប្រជុំកំពូលពិភពលោក លើកទី២ សម្រាប់ការអភិវឌ្ឍសង្គម” (The Second World Summit for Social Development) នៅទីក្រុងដូហា ប្រទេសកាតា។ក្នុងនាម សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិតសភារ្យ ហង់ជួន ណារ៉ុន បានថ្លែងបទអន្តរាគមន៍នាឱកាសកិច្ចប្រជុំកំពូលនេះ ដោយបានលើកឡើងថា "សន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍គ្រប់ទម្រង់" ការប្តេជ្ញាចិត្តចំពោះសន្តិភាពរបស់កម្ពុជា មានលក្ខណៈជាសកល ដោយជាថ្មីម្តងទៀត កម្ពុជាសូមចូលរួមអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សានាពេលថ្មីៗនេះ និងការសម្រេចបាននូវការចុះហត្ថលេខាជាប្រវត្តិសាស្ត្រនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួររវាងកម្ពុជា-ថៃ ដែលទាំងនេះជាសក្ខីភាពឆ្លុះបញ្ចាំងពីថាមពលនៃការបន្តកិច្ចសន្ទនា និងចំណងការទូតដើម្បីបញ្ចប់អរិភាព និងកសាងស្ថិរភាពសម្រាប់ការអភិវឌ្ឍ។ បច្ចុប្បន្ន កម្ពុជាបាន និងកំពុងបន្តបេសកកម្មគោលសំខាន់ចំនួន៤ ដើម្បីសម្រេចបាននូវចក្ខុវិស័យ ឆ្ពោះទៅកាន់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) រួមមាន៖១. កិច្ចគាំពារសង្គមជាសិទ្ធិអធិបតេយ្យ៖ ស្ថេរភាពសង្គមគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ យើងប្តេជ្ញាចិត្តលុបបំបាត់ភាពក្រីក្រដោយកំណត់យកកិច្ចគាំពារសង្គមមិនត្រឹមតែជាបេះដូងនៃគោលនយោបាយរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែជាសិទ្ធិអធិបតេយ្យភាព និងសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋគ្រប់រូប។២. ការវិនិយោគលើមូលធនមនុស្ស និងការងារសមរម្យ៖ យើងត្រូវតែធានាលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពសម្រាប់ទាំងអស់គ្នា។ ការអប់រំគឺជាភាពស្មើគ្នាដ៏ធំបំផុត ហើយប្រជាជនរបស់យើងគឺជាធនធានដ៏ធំបំផុតរបស់យើង។ យើងកំពុងវិនិយោគយ៉ាងច្រើនលើយុវជនរបស់យើង ដោយផ្តោតលើការអប់រំស្ទែម (STEM) និងការបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET) ដើម្បីឱ្យពួកគេមានជំនាញដែលស្របទៅនឹងតម្រូវការទីផ្សារ ដើម្បីជំរុញឧស្សាហូបនីយកម្មរបស់យើង។៣. ភាពធន់នឹងអាកាសធាតុ បរិយាបន្ន និងសមភាពយេនឌ័រ៖ សមភាពយេនឌ័រ និងបរិយាបន្នគឺជាកត្តាចម្បងឈានទៅរកការរីកចម្រើនប្រកបដោយចីរភាព។ គោលការណ៍នេះនាំយើងទៅរកការពារសិទ្ធិជនពិការ បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ជនជាតិដើមភាគតិច និងការពង្រឹងសុខុមាលភាពជាសកល។៤. ការទាញយកអត្ថប្រយោជពីបច្ចេកវិទ្យា និងសកម្មភាពអនុវត្ត៖ យើងត្រូវទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យារួមទំាងបញ្ញាសិប្បនិម្មិត បម្រែបម្រួលឌីជីថល ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងសមភាព។គួរបញ្ជាក់ថា សមាសភាពគណៈប្រតិភូកម្ពុជា ដែលរួមដំណើររួមមាន ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងផែនការ, និងក្រុមប្រឹក្សាជាតិគាំពារសង្គម។ កិច្ចប្រជុំកំពូលនេះ មានការចូលរួមពីសំណាក់ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងរដ្ឋមន្ត្រី ដែលជាតំណាងប្រទេសសមាជិកអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិទូទាំងពិភពលោក ដែលជាដៃគូសន្ទនា និងដៃគូពាក់ព័ន្ធ៕

កម្ពុជា-តួកគីយ៉េ មានលទ្ធភាពខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យរឹតតែខ្លាំងបន្ថែមទៀត

2025/11/05 03:35:50 pm        117
នៅល្ងាចថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងអំឡុងពេលនៃការចូលរួមកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគីយ៉េ លើកទី៤ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ Ömer BOLAT នៅទីស្ដីការក្រសួងពាណិជ្ជកម្មតួកគីយ៉េ ដើម្បីពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងតួកគីយ៉េ។ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការកើនឡើងជាលំដាប់នៃទំហំពាណិជ្ជកម្ម និងការបំពេញឱ្យគ្នាទៅវិញទៅមក នៃសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានកត់សម្គាល់ថា កម្ពុជា និងតួកគីយ៉េ មានលទ្ធភាពខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យរឹតតែខ្លាំងបន្ថែមទៀត ដោយប្រទេសទាំងពីរមិនត្រឹមតែជាទីផ្សារដែលមានសក្ខានុពលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វាឈានទៅកាន់ទីផ្សារតំបន់រៀងៗខ្លួន ដូចជាតួកគីយ៉េជាច្រកទ្វាសម្រាប់កម្ពុជាចូលទៅកាន់ទីផ្សារអឺរ៉ុប ហើយកម្ពុជាក៏ជាច្រកទ្វាសម្រាប់តួកគីយ៉េចូលទៅកាន់ទីផ្សារអាស៊ាន និងតំបន់នៃកិច្ចព្រមព្រៀង RCEP ផងដែរ។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្តទៀត ហើយក៏បានលើកទឹកចិត្តឱ្យវិស័យឯកជនរបស់ប្រទេសទាំងពីរពិនិត្យលទ្ធភាពបង្កើនទំនាក់ទំនង និងពិភាក្សាដើម្បីបង្កើតភាពជាដៃគូ និងឈ្វេងយល់អំពីកាលានុវត្តភាពធុរកិច្ច ហើយក្រសួងទាំងពីរនឹងសហការរៀបចំវេទិកាផ្គូផ្គងធុរកិច្ច ពិព័រណ៍ពាណិជ្ជកម្ម និងកម្មវិធីជំរុញវិស័យពាណិជ្ជកម្មនានារវាងវិស័យឯកជននៃប្រទេសទាំងពីរ៕

កម្ពុជាចូលរួមពិធីបើកពិព័រណ៍ទេសចរណ៍ពិភពលោក ជាមួយ ១៨០ប្រទេស នៅអង់គ្លេស

2025/11/05 02:51:55 pm        571
កម្ពុជា ចូលរួម ពិធីបើកពិព័រណ៍ទេសចរណ៍ពិភពលោក (World Travel Market) និងវេទិកាពិភាក្សាថ្នាក់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ (Ministers’ Summit at World Travel Market in association with UN Tourism and WTTC) នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ជាមួយអ្នកចូលរួមប្រមាណ ១៨០ប្រទេសជុំវិញពិភពលោក។ដោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) បានអញ្ជើញចូលរួមកម្មវិធីបើកពិព័រណ៍ទេសចរណ៍ពិភពលោក (World Travel Market) និងវេទិកាពិភាក្សាថ្នាក់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ (Ministers’ Summit at World Travel Market in association with UN Tourism and WTTC) ក្រោមប្រធានបទស្តីអំពី Reimagining Tourism Investment Models: Building Next-Generation Incentives ដែលមានការចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍ជាង ៥០ប្រទេស តំណាងរបស់អង្គការសហប្រជាជាតិទេសចរណ៍ (UN Tourism) និងក្រុមប្រឹក្សាទេសចរណ៍ពិភពលោក (WTTC) អ្នកជំនាញវិស័យទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ធំៗ និងសារព័ត៌មានអន្តរជាតិជាច្រើនស្ថាប័នរួមទាំង BBC News ជាច្រើនរូប។ ពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) ជាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិប្រចាំឆ្នាំដ៏ធំមួយក្នុងតំបន់អឺរ៉ុប ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលមានអ្នកចូលរួមពីវិស័យទេសចរណ៍ប្រមាណជាង ៥០ ០០០នាក់ ស្តង់ពិព័រណ៍ (Booths) ចំនួនជាង ៤ ០០០ ស្តង់មកពីជាង ១៨០ប្រទេសជុំវិញពិភពលោក ដោយព្រះរាជាណាចក្រកម្ពុជាបានរៀបចំពន្លាទេសចរណ៍ដ៏ធំ និងស្រស់ស្អាត៕

មន្ទីរសាធារណៈការខេត្តកណ្ដាល បានជួសជុល ថែទាំគ្រប់ខ្សែផ្លូវ ទាំងផ្លូវជាតិ ផ្លូវខេត្ត

2025/11/05 02:28:47 pm        369
ក្រោយសង្កេតឃើញថា ផ្លូវថ្នល់មួយចំនួនបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនារដូវវស្សា និងការដឹកជញ្ជូនទំនិញ មន្ទីរសាធារណការ បានសម្រុកធ្វើការជួសជុល ថែទាំ គ្រប់ខ្សែផ្លូវ ទាំងផ្លូវជាតិ ផ្លូវខេត្ត តាមមូលដ្ឋានស្រុកនីមួយៗ ដែលមានប្រវែងសរុប ៥១៨ គីឡូម៉ែត្រ ។ក្នុងនាមជាសេនាធិការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្នាក់ក្រោមជាតិ និងរដ្ឋបាលខេត្តកណ្តាល មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល ក្រោមការដឹកនាំរបស់ លោក បូរី វង្សសានិត្យ បានយកចិត្តទុកដាក់ខ្ពស់ និង ចាត់ អោយ លោក ប៉ែត សារ៉ាត់ អនុប្រធាន មន្ទីរ ទទួលបន្ទុក និង ក្រុម កាការងារថែទាំ បណ្តាញផ្លូវ ថ្នល់ ស្ពាន លូ និងសំណង់សិល្បការ្យនានាក្នុងភូមិសាស្ត្រខេត្តកណ្តាលទាំងមូល ដើម្បី ធានាបានហេដ្ឋារចនាសម្ព័ន្ធដែលអាចប្រើប្រាស់បានយូរអង្វែង បម្រើដល់ការធ្វើចរាចរប្រចាំថ្ងៃ ការដឹកជញ្ជូនទំនិញ និងកសិផល និងការតភ្ជាប់ប្រព័ន្ធភស្តុភារកម្មរាជធានីភ្នំពេញ ទៅបណ្តាខេត្ត រួមទាំងប្រទេសជិតខាង។ភូមិសាស្ត្រខេត្តកណ្តាល ក៏ដូចជាខេត្តមួយចំនួនទៀតដែរ ស្ថិតនៅក្នុងតំបន់ទំនាប ដែលបណ្តាញហេដ្ឋារចនាសម័្ពន្ធងាយរងគ្រោះខ្លាំងដោយសារជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ។ មន្ទីរបានធ្វើការបែងចែកក្រុមការងារជា ក្រុមរួមមាន៖ ក្រុមថែទាំប្រចាំមាន ០៥ក្រុមក្រុមថែទាំប្រចាំឈរជើងនៅមូលដ្ឋានស្រុក មុខកំពូល ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងក្រុងអរិយក្សត្រ ក្រុមថែទាំប្រចាំឈរជើងនៅមូលដ្ឋានស្រុក កណ្តាលស្ទឹង ស្រុកអង្គស្នួល និងស្រុកពញ្ញាឮ  ក្រុមថែទាំប្រចាំឈរជើងនៅមូលដ្ឋានស្រុក លើកដែក ស្រុកកៀនស្វាយ ស្រុកកោះធំ និងក្រុងសំពៅពូន  ក្រុមថែទាំប្រចាំឈរជើងនៅមូលដ្ឋានក្រុងតាខ្មៅ និងស្រុកស្អាង ក្រុមគ្រឿងចក្រធុនធំមាន ០៥ក្រុម ។ក្រុមសម្រួលគ្រឹះ កៀរចិញ្ចើមរំដោះទឹក ឈរជើងនៅមូលដ្ឋានស្រុក មុខកំពូល ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងក្រុងអរិយក្សត្រ មាន ០២ក្រុមក្រុមសម្រួលគ្រឹះ កៀរចិញ្ចើមរំដោះទឹក ឈរជើងនៅមូលដ្ឋានស្រុក កណ្តាលស្ទឹង ស្រុក អង្គស្នួល និងស្រុកពញ្ញាឮ មាន ០១ក្រុម ក្រុមសម្រួលគ្រឹះ កៀរចិញ្ចើមរំដោះទឹក ឈរជើងនៅមូលដ្ឋានស្រុក លើកដែក ស្រុកកៀនស្វាយ ស្រុកកោះធំ និងក្រុងសំពៅពូន មាន ០២ក្រុមក្រុមការងារកាត់ស្មៅ និង សំអាត សំណង់ សិល្បការ ផ្លូវ ថ្នល់ ៖ មាន ០២ក្រុម បច្ចុប្បន្នកំពុងធ្វើការកាត់សម្អាតស្មៅ សួនច្បារកណ្តាលទ្រូងផ្លូវ សង្ខាងផ្លូវ នានាក្នុងភូមិសាស្ត្រខេត្ត។ដើម្បីពង្រឹងការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ក៏ដូចជាប្រជាពលរដ្ឋទូទៅ មន្ទីរសាធារណការ និងដឹកជញ្ជូន បេ្តជ្ញាចិត្តខ្ពស់ ធ្វើការថែទាំផ្លូវ ថ្នល់ ស្ពាន និងសំណង់សិល្បការ្យនៅក្នុងភូមិសាស្ត្រខេត្ត ធានាដល់ការធ្វើចរាចរ ការដឹកទំនិញ និងការតភ្ជាប់ពីតំបន់មួយ ទៅតំបន់មួយ កាន់តែប្រសើរឡើង។លើសពីនេះ មន្ទីរក៏សូមថ្លែងអណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានចង្អុលបង្ហាញ ណែនាំអាជ្ញាធរមូលដ្ឋាន បានចូលរួមសហការ ពិសេសការងាររំដោះទឹកលើដងផ្លូវ អ្នកសារព័ត៌មាន និងមហាជនទូទៅ ដែលបានជូនដំណឹងអំពីចំណុចផ្លូវដែលរងការខូចខាតខ្លាំង​ដោយសារកត្តាទឹកភ្លៀង ឬការបាក់ស្រុតដីជាដើម។

ព្រះរាជពិធីបុណ្យអុំទូក ខេត្តកំពត បាននាំមកនូវ ភាពសប្បាយរីករាយ និងបរិយាកាសអធិកអធម

2025/11/05 02:07:22 pm        524
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅខេត្តកំពត បាននាំមកនូវ ភាពសប្បាយរីករាយ និងបរិយាកាសអធិកអធម ដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តាមបណ្តារមណីយដ្ឋាននានា បានរៀបចំយ៉ាងស្រស់ស្អាត និងមានសណ្តាប់ធ្នាប់ដើម្បីទទួលភ្ញៀវទេសចរ។នៅតាមបណ្តោយដងព្រែកកំពង់បាយ រដ្ឋបាលខេត្តបានរៀបចំតាំងលម្អភ្លើងពណ៍ដ៏ស្រស់ស្អាតសម្រាប់ភ្ញៀវទេសចរទស្សនាកម្សាន្តនាពេលរាត្រី។ ភាពរីករាយនេះមិនត្រឹមតែជាការកម្សាន្ត ប៉ុណ្ណោះទេ តែជាការបង្ហាញយ៉ាងច្បាស់អំពី ការថែរក្សាប្រពៃណីវប្បធម៌ ដ៏សម្បូរបែប របស់ខ្មែរ ក្នុងលក្ខណៈជាមហាគ្រួសារខ្មែរ តែមួយក្រោមម្លប់សន្តិភាព។គួរបញ្ជាក់ថា ពិធីបុណ្យអុំទូក និង បណ្តែតទីប មានគោលបំណង៖- សងគុណ និង សុំខមាទោសទឹកដីដលយើងបានបន្ទោរបង់របស់មិនល្អទៅលើ- ជាការសមយុទ្ធ និង រំលឹកជោគជ័យកងទ័ពជើងទឹកខ្មែរលើសត្រូវឈ្លានពាន- រំលឹកគុណពុទ្ធ និង បូជាព្រះចង្កូមកែវដែលតិដ្ឋានទុកឯពិភពនាគ៕

កម្ពុជា ចូលរួមព្រឹត្តិការណ៍ដ៏ធំ នៃកម្មវិធីសម្ពោធ “ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៨” ជាមួយតំណាងជាង ១៥០ប្រទេស

2025/11/05 01:37:04 pm        468
នាព្រឹកថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធជាផ្លូវការនៃព្រឹត្តិការណ៍ «ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៨ - 8th China International Import Expo» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជាតិសៀងហៃ ទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម Li Qiang នាយករដ្ឋមន្ត្រីចិន ឯកឧត្តមនាយករដ្ឋមន្ត្រី Georgia ឯកឧត្តមនាយករដ្ឋមន្ត្រីសែប៊ី និងមានការចូលរួមពីតំណាងប្រទេសចូលរួមទាំង ១៥០ ប្រទេស/តំបន់ និងអង្គការអន្តរជាតិ ដូចជា អង្គការពាណិជ្ជកម្មពិភពលោក WTO, មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ITC, UNDP, UNCTAD, FAO និង UNIDO ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍នេះនឹងប្រព្រឹត្តទៅរយៈពេល ៥ ថ្ងៃ គឺចាប់ពីថ្ងៃទី ៥-១០ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រោមប្រធានបទ «យុគសម័យថ្មី អនាគតរួម» ដោយមានអ្នកចូលរួមតាំងបង្ហាញបរទេសប្រមាណជាង ៤ ០០០ ហើយ ពិព័រណ៍នេះ គឺជាព្រឹត្តិការណ៍កម្រិតអន្តរជាតិដ៏ធំមួយរបស់ប្រទេសចិន ដើម្បីគាំទ្រដល់ការធ្វើសេរីភាវូពាណិជ្ជកម្ម និងសេដ្ឋកិច្ចសកល ដើម្បីបើកទូលាយនូវទីផ្សារប្រទេសចិនទៅកាន់ពិភពលោក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
06/06/2026 06:06 PM
ឯកអគ្គរដ្ឋទូត៖ ប៉ាគីស្ថាននៅតែរក្សាទំនាក់ទំនងជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ីរ៉ង់
06/06/2026 04:06 PM
CENTCOM៖ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ដែលបាញ់ឆ្ពោះទៅប្រទេសកូវ៉ែត និងបារ៉ែន
06/06/2026 04:06 PM
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
06/06/2026 04:06 PM
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
06/06/2026 04:06 PM
លោក PUTIN៖ រុស្ស៊ីនឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ នៅពេលស្ថានការណ៍ស្ងប់ស្ងាត់
06/06/2026 04:06 PM
សារព័ត៌មាន Politico ៖ ប្រទេសណាតូកំពុងពិភាក្សាអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
06/06/2026 03:06 PM
អៀរឡង់ដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូបមិនឲ្យចូលប្រទេសនេះ
06/06/2026 03:06 PM
ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM