ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់

ព័ត៌មានជាតិ

គណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា (CTB) ចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ពិភពលោក ឆ្នាំ២០២៥

2025/11/04 02:24:06 pm        355
កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ (World Travel Market 2025) ដែលជាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិប្រចាំឆ្នាំដ៏ធំមួយក្នុងតំបន់អឺរ៉ុប ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស។កម្មវិធីពិព័រណ៍ទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ នេះ រំពឹងថានឹងមានអ្នកចូលរួមប្រមាណជាង ៥០០០០នាក់ ស្តង់ពិព័រណ៍ (Booths) ចំនួនជាង៤,០០០ ស្តង់មកពីជាង ១៨០ប្រទេសជុំវិញពិភពលោក។ ក្នុងអំឡុងពេលនៃការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនេះ ឯកឧត្តមរដ្ឋមន្រ្តីនឹងជួបពិភាក្សា ការងារជាមួយស្ថាប័នទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ធំៗ ក្នុងចក្រភពអង់គ្លេស ជាពិសេសទីផ្សារអឺរ៉ុប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញលំហូរភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជាបន្ថែមទៀត៕

កម្ពុជា-សហរដ្ឋអាមេរិក បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ

2025/11/04 01:13:56 pm        449
នាព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូសហរដ្ឋអាមេរិក ដែលដឹកនាំដោយ ឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតី និងគណៈប្រតិភូសហរដ្ឋអាមេរិក បានពិភាក្សាគ្នាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-សហរដ្ឋអាមេរិក ឱ្យកាន់តែស៊ីជម្រៅ នៅក្នុងវិស័យគន្លឹះ ជាពិសេស វិនិយោគ និងពាណិជ្ជកម្ម បន្ទាប់ពីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ កាលពីថ្ងៃទី២៦ ខែតុលា នៅទីក្រុងគូឡាឡាំពួ។ ឯកឧត្តមឧបការីក៏បានពិភាក្សាជាមួយសម្ដេចបវរធិបតី អំពីការតាមដានការអនុវត្តនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដែលបានចុះហត្ថលេខាដោយសម្តេចបវរធិបតី និងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្រ្តីថៃ កាលពីថ្ងៃទី២៦ ខែតុលា ដោយមានការចូលរួមធ្វើជាសាក្សី ពី ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump និង ឯកឧត្ដមនាយករដ្ឋមន្រ្តី Anwar Ibrahim នៃប្រទេសម៉ាឡេស៊ី។ ជាមួយគ្នានោះ, សម្ដេចបវរធិបតីបានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាប្ដេជ្ញាអនុវត្តតាមសេចក្ដីថ្លែងការណ៍រួមនេះ ដោយពិតប្រាកដ និងដោយស្មោះត្រង់ ក្នុងបំណងធ្វើយ៉ាងណាធានាបាននូវសុខសន្តិភាព និងស្ថិរភាព រវាងកម្ពុជា-ថៃ និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់ដែលមានសុខសន្តិភាព និងការអភិវឌ្ឍ នាពេលបច្ចុប្បន្ន និងអនាគត។ឆ្លៀតក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតីក៏បានបញ្ជាក់ជូនគណៈប្រតិភូសហរដ្ឋអាមេរិកអំពីការវាយតម្លៃខ្ពស់ និងអរគុណយ៉ាងជ្រាលជ្រៅដល់សហរដ្ឋអាមរិក ជាពិសេស ឯកឧត្តមប្រធានាធិបតី Donald J. Trump ដែលខិតខំស្វះស្វែងបង្កើតឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់កម្ពុជា-ថៃ នៅថ្ងៃទី២៨ ខែកក្កដា និងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។ ជាមួយនឹងការពេញចិត្ត និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់ប្រជាជនកម្ពុជាចំពោះឯកឧត្តមប្រធានាធិបតី Donald J. Trump, កម្ពុជា បានគាំទ្របេក្ខភាពឯកឧត្តមប្រធានាធិបតី សម្រាប់ពានរង្វាន់ណូបែលសន្តិភាព៕

កម្ពុជា-អាមេរិក ពិភាក្សាលើការពង្រឹងទំនាក់ទំនងទ្វេភាគី តាមរយៈការ​ពង្រីកកិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​មួយចំនួន

2025/11/04 12:04:10 pm        410
នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅទីស្តី​ការ​ក្រសួង​។ នៅក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំដែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​ឯកឧត្តម​ប្រធានាធិបតី ដូណាល់ ជេ ត្រាំ ចំពោះការដើរតួនាទីដ៏​សំខាន់​ក្នុង​ការ​ធានា​បាន​នូវ​កិច្ច​ព្រម​ព្រៀង​សន្តិភាពរវាងកម្ពុជា និងថៃនិងបានបញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់ក​ម្ពុជា ​ចំពោះកិច្ចព្រមព្រៀងសន្តិភាពនេះ។ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី តាមរយៈ​ការពង្រីក​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​វិស័យ​មួយចំនួនដូចជា ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ ការប្រយុទ្ធប្រឆាំងនឹង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែនជាដើម។

ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះត្រួតពិនិត្យការអនុវត្តការកែសម្រួលអាវុធ និង​យុទ្ធោបករណ៍​បំផ្លិចបំផ្លាញធុនធ្ងន់ ដំណាក់កាលទី១ ដែលបញ្ជូនត្រឡប់មក​ទីតាំងដើមវិញ នៅខេត្តកំពង់ស្ពឺ

2025/11/04 11:42:03 am        388
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១១:០៣នាទីព្រឹកនេះ ក្រុម​ការ​ងារ​សម្រប​សម្រួលក្រុមអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បាន​បន្ត​ធ្វើ​ការសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះត្រួត​ពិនិត្យ​ការ​អនុវ​ត្ត​ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១ ដែល​ត្រូវ​បាន​បញ្ជូនត្រឡប់មកកាន់ទីតាំងដើមវិញ ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។គួររំលឹកផងដែរថា អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ទាំងនេះត្រូវបាន​កែស​ម្រួល​ពី​ស្រុក​ជាំ​ក្សាន្ត និងស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៤៥​នាទី​កន្លងទៅ ស្របតាមការឯកភាពគ្នារវាងកម្ពុជានិងថៃ លើផែនការជាដំណាក់​កាល​នៃ​ការ​កែ​សម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់។សកម្មភាពខាងលើ គឺជាការបង្ហាញយ៉ាងច្បាស់ពីកាយវិការសុច្ឆន្ទៈ និងការ​បញ្ជាក់​ពី​ការតាំង​ចិត្ត​ដ៏​ម៉ឺង​ម៉ាត់​ឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពី​សន្តិភាព​រវាងកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានឯកឧត្តម​ប្រធានា​ធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ។ ជាមួយគ្នានេះ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ទាំងភាគីកម្ពុជា និងភាគីថៃ​នឹង​អនុវត្ត​ឱ្យ​បាន​ពេញ​លេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីកិច្ច​ព្រម​ព្រៀង​សន្តិភាពរវាងកម្ពុជានិងថៃ ដោយភាពស្មោះត្រង់ សុច្ឆន្ទៈ និងតម្លាភាព សំដៅចូល​រួម​ចំណែក​ដល់​ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិល​ត្រឡប់​ទៅ​រកប្រក្រតីភាពឡើងវិញឱ្យបានឆាប់៕

អាជីវករផ្សាសំរោង ខេត្តឧត្តរមានជ័យ​លក់ដាច់គ្រាន់បើ​ឡើងវិញ​ក្រោយ​ស្ថានភាព​ព្រំដែន​ ធូរស្រាល

2025/11/04 11:17:50 am        493
អាជីវករលក់ដូរ នៅផ្សាសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានលើកឡើងថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​នេះ ​ពោលគឺបន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពកូឡាឡំាពួ កម្ពុជា និងថៃ ពួក​គាត់បា​ន​លក់ដាច់​គ្រាន់​បើ​ជាង​មុន ហើយពួកគាត់រំពឹងថា ស្ថានភាពព្រំដែននឹងកាន់តែល្អ ប្រសើរ​ដូច​ដើម​នាពេលឆាប់ៗខាងមុខនេះ។តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បងប្អូន​អាជីវករ​ទាំង​នោះ​បាន​លើក​ឡើង​ថា នាពេលបច្ចុប្បន្នមានមនុស្សម្នាធ្វើដំណើរចេញចូល ក្នុង​ផ្សារ​ច្រើន​ឡើង​វិញ​គួរ​ឲ្យ​កត់​សម្គាល់ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡំាពួ កម្ពុជា និងថៃ ហើយ​មួយវិញទៀតពួកគាត់កាន់តែធូរស្បើយចិត្តបន្ថែមទៀតផងដែរ បន្ទាប់ពីកងទ័ពកម្ពុជា និង​ថៃ​ដក​អាវុធ​ធុនធ្ងន់ និងយុទ្ធោបករណ៍ចេញឆ្ងាយពីតំបន់ជម្លោះនោះ។ជាមួយគ្នានោះដែរ បងប្អូនអាជីវករផ្សាសំរោងក៏បាន​រំលឹក​អំពី​ទុក្ខ​លំបាក​ខណៈ​ដែល​កងទ័ពកម្ពុជា និងថៃបានប៉ះទង្គិចគ្នាប្រដាប់ដោយអាវុធ ដោយបានធ្វើឲ្យពួកគាត់រត់ចោលផ្ទះសម្បែង មិន​បាន​លក់​ដូរ​ ដោយមានការភិតភ័យទាំងយប់ទាំងថ្ងៃ តែយ៉ាង​ណា​​​ក្តី​​ពេលនេះពួកគាត់សប្បាយចិត្ត និង​ធូរ​ចិត្ត​ឡើងវិញក្រោយការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាលដោះស្រាយជម្លោះពីប្រដាប់ដោយអាវុធ មក​ជា​តុចចារដោយសន្តិវិធីនោះ។សូមរំលឹកថា ដើម្បីជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជា និងភាគីថៃក្នុងការគោរព និង​អនុវត្ត​នូវ​អ្វី​ដែល​បានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពី​កិច្ច​ព្រម​ព្រៀង​សន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រ​ម​ទាំងស្មារតីនៃកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ទើបនៅថ្ងៃទី៣១ ខែ​តុលា ឆ្នាំ២០២៥ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀប​ចំ​កិច្ច​ប្រជុំ​ពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដោយ​បាន​ឯកភាព​គ្នាលើផែនការជាដំណាក់កាល នៃការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់។តាម​រយៈផែនការដែលបានឯកភាពគ្នានេះ ភាគីទាំងពីរបានកំណត់យកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ​២០២៥ បានចាប់ផ្តើមនៃការអនុវត្តការកែសម្រួលអាវុធ និង​យុទ្ធោបករណ៍​បំផ្លិច​បំផ្លាញ​ធុន​ធ្ងន់​សម្រាប់​ដំណាក់កាលទី១ ដែលភាគីទាំងពីរត្រូវអនុវត្តដូចគ្នា នៅក្រោមការត្រួតពិនិត្យ និង​អ្នក​សង្កេត​ការណ៍ និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)ផងដែរ៕ អត្ថបទ៖ បាន ចក់

កម្ពុជា-តួកគីយ៉េ ប្តេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យបាន១ពាន់លានដុល្លារក្នុងពេលអនាគត

2025/11/04 10:01:54 am        403
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជា-តួកគីយ៉េ បានប្តេជ្ញាជំរុញពាណិជ្ជកម្មទេ្វភាគីឱ្យឈានដល់កម្រិត ១ពាន់លានដុល្លារ នៅក្នុងពេលអនាគតខាងមុខ ហើយក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញពាណិជ្ជករនិងអ្នកវិនិយោគតួកគីយ៉េ ឱ្យមកស្វែងរកកាលានុវត្តន៍ភាពធុរកិច្ច និងដៃគូរពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។ការប្តេជ្ញានេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Gürsel BARAN ប្រធានសភាពាណិជ្ជកម្មអង់ការ៉ា និងសហការី កាលពីព្រឹកថ្ងៃទី៣ ខែវិចិ្ឆកា ឆ្នាំ២០២៥ នៅទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ។នេះបើតាមបណ្តាញសង្គមរបស់ក្រសួងពាណិជ្ជកម្មបានផ្សាយនៅថ្ងៃទី៤ វិច្ឆិកានេះ។ជាកិច្ចចាប់ផ្តើម លោក Gürsel BARAN ប្រធានសភាពាណិជ្ជកម្មអង់ការ៉ា បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកជំទាវរដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញមកទស្សនកិច្ចនៅសភាពាណិជ្ជកម្មអង់ការ៉ា ដែលនេះជាដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ដំបូងបំផុតមកកាន់សភាពាណិជ្ជកម្មអង់ការ៉ា និងជាឱកាសដ៏វិសេសវិសាលសម្រាប់ពង្រីកនូវកិច្ចសហប្រតិបត្តិការលើការជំរុញពាណិជ្ជកម្មរវាងកម្ពុជា និងតួកគីយ៉េ។នៅក្នុងកិច្ចពិភាក្សានោះផងដែរ លោកជំទាវរដ្ឋមន្រ្តី និងលោកប្រធានសភាពាណិជ្ជកម្ម បានកត់សម្គាល់នូវវឌ្ឍនភាពពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគីយ៉េ និងបានផ្លាស់ប្តូរយោបល់គ្នាលើយន្តការនៃការជំរុញពាណិជ្ជកម្មទេ្វភាគីឱ្យឈានដល់កម្រិត ១ពាន់លានដុល្លារ នៅក្នុងពេលអនាគតខាងមុខ។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវរដ្ឋមន្រ្តីបានរំលេចនូវវិស័យអាទិភាពចំនួន៤ ដែលជាសក្តានុពលក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងនោះរួមមានវិស័យបរិក្ខាសុខាភិបាល វិស័យទេសចរណ៍ សុខភាព វិស័យវាយនភណ្ឌនិងសម្លៀកបំពាក់ និងវិស័យសំណង់ និងបានអញ្ជើញពាណិជ្ជករនិងអ្នកវិនិយោគតួកគីយ៉េ ឱ្យមកស្វែងរកកាលានុវត្តន៍ភាពធុរកិច្ចលើវិស័យទាំងនេះ និងដៃគូរពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។ជាការឆ្លើយតប លោកប្រធានសភាពាណិជ្ជកម្ម បានសន្យាថានឹងរៀបចំនូវដំណើរទស្សនកិច្ចរបស់ពាណិជ្ជករ និងអ្នកវិនិយោគតួកគីយ៉េទៅកាន់ប្រទេសកម្ពុជានាដើមឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីរៀបចំនូវព្រឹត្តិការណ៍ផ្គូរផ្គងអាជីវកម្មជាមួយនឹងក្រុមហ៊ុន-សហគ្រាសនៅប្រទេសកម្ពុជា។សូមគូសបញ្ជាក់ផងដែរថា សភាពាណិជ្ជកម្មអង់ការ៉ាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩២៣ និងមានសមាជិកជាក្រុមហ៊ុននិងសហគ្រាស ចំនួនជាង ១៧០,០០០ ដែលធ្វើឱ្យស្ថាប័ននេះក្លាយជាស្ថាប័នដ៏សំខាន់មួយសម្រាប់​​ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេសនៅក្នុងរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ៕

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះត្រួតពិនិត្យការអនុវត្តការកែសម្រួលអាវុធ និង​យុទ្ធោបករណ៍​បំផ្លិចបំផ្លាញធុនធ្ងន់ ដំណាក់កាលទី១ ដែលបញ្ជូនត្រឡប់មកទីតាំងដើមវិញ នៅក្នុងខេត្តកណ្តាល

2025/11/04 09:47:36 am        291
នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រុមការងារសម្របសម្រួល​ក្រុម​អ្នក​សង្កេតកា​រណ៍​របស់​ក្រសួង​ការ​ពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការសម្រប​សម្រួល​ជូន​ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ាន (AOT) ដើម្បីចុះត្រួតពិនិត្យការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍​បំផ្លិច​បំផ្លាញ​ធុនធ្ងន់សម្រាប់ដំណាក់កាលទី១ ដែលត្រូវបានបញ្ជូនត្រឡប់មកកាន់ទីតាំងដើមវិញ ដែល​ស្ថិតនៅក្នុងខេត្តកណ្តាល។ នេះបើតាមការបញ្ជាក់របស់​លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។គួររំលឹកផងដែរថា អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញ​ធុនធ្ងន់​ទាំង​នេះ​ត្រូវ​បាន​កែ​សម្រួល​ពី​ស្រុក​ជាំក្សាន្ត និងស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៨:​៤៥នា​ទី​កន្លងទៅ ស្របតាមការឯកភាពគ្នារវាងកម្ពុជានិងថៃ លើផែនការជា​ដំណាក់​កាល​នៃ​ការ​កែ​សម្រួល​អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់។សកម្មភាពខាងលើ គឺជាការបង្ហាញយ៉ាងច្បាស់ពីកាយវិការសុច្ឆន្ទៈ និងការបញ្ជាក់​ពី​ការ​តាំង​ចិត្ត​ដ៏​ម៉ឺង​ម៉ាត់​ឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពី​សន្តិភាព​រវាងកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមាន​ឯកឧត្តម​ប្រធានាធិបតី​សហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រា​ហ៊ីម ធ្វើជាសាក្សី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ។ ជាមួយគ្នានេះ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ទាំងភាគីកម្ពុជា និងភាគីថៃ​នឹង​អនុវត្ត​ឱ្យ​បាន​ពេញលេ​ញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីកិ​ច្ចព្រ​មព្រៀ​ងស​ន្តិភា​ពរ​វាងកម្ពុជានិងថៃ ដោយភាពស្មោះត្រង់ សុច្ឆន្ទៈ និងតម្លាភាព សំដៅចូលរួម​ចំណែក​ដល់កា​រលើ​កក​ម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញឱ្យបានឆាប់៕

សម្ដេចតេជោ និងសម្ដេចធិបតី ផ្ញើសារអបអរសាទរ និងជូនពរប្រជាពលរដ្ឋសប្បាយរីក​រាយ​ក្នុង​ព្រះរាជ​ពិធីបុណ្យអុំទូក

2025/11/04 08:55:47 am        328
តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារ​អបអរសាទរ និងជូនពរដល់បងប្អូនប្រជាពលរដ្ឋ​សប្បាយរីករាយក្នុងឱកាសនៃ​ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៥។ថ្វីត្បិតតែឆ្នាំនេះ រាជរដ្ឋាភិបាល មិនបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះខែ និងអកអំបុក នៅក្នុងរាជធានីភ្នំពេញ តែបងប្អូនប្រជាពលរដ្ឋ​អាចសប្បាយ​រីករាយ​ព្រះរាជ​ពិធី​​បុណ្យ​នេះបាននៅតាមបណ្តាខេត្តនានា។ កម្ពុជាសូមស្វាគមន៍បណ្ដាភ្ញៀវទេសចរជាតិ និងអន្តរជាតិ​មកពីគ្រប់ទិសទី​នៅ​ក្នុងឱកាស​ថ្ងៃឈប់សម្រាក​០៣ថ្ងៃនេះ និងសូមជូនពរជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗគ្នា៕

កម្ពុជា ត្រៀមទាក់ទាញភ្ញៀវ ពី ពិព័រណ៍ទេសចរណ៍ពិភពលោក និងមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិ

2025/11/03 09:55:59 pm        162
ដោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយ ទេសចរណ៍កម្ពុជា (CTB) ចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ (World Travel Market 2025) ដែលជាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិប្រចាំឆ្នាំដ៏ធំមួយក្នុងតំបន់អឺរ៉ុប ចាប់ពីថ្ងៃ ទី៤ ដល់ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស។យោងតាម សេចក្តីជូនដំណឹង របស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានបង្ហាញថា កម្មវិធីពិព័រណ៍ទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ នេះ រំពឹងថា នឹងមានអ្នកចូលរួមប្រមាណជាង ៥០ ០០០នាក់ ស្តង់ពិព័រណ៍ (Booths) ចំនួនជាង ៤ ០០០ ស្តង់មកពីជាង ១៨០ប្រទេសជុំវិញពិភពលោក។ ក្នុងអំឡុងពេលនៃការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនេះ ឯកឧត្តមរដ្ឋមន្ត្រី នឹងជួបពិភាក្សា ការងារជាមួយស្ថាប័នទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ធំៗ ក្នុងចក្រភពអង់គ្លេស ជាពិសេសទីផ្សារអឺរ៉ុប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញលំហូរភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជាបន្ថែមទៀត។បន្ទាប់ពីការចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិនេះ ឯកឧត្តមរដ្ឋមន្ត្រី នឹងដឹកនាំប្រតិភូជាន់ខ្ពស់ ក្រសួងទេសចរណ៍ចូលរួមមហាសន្និបាតលើកទី២៦ របស់អង្គការទេសចរណ៍សហប្រជាតិ (260 UN Tourism General Assembly) ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត ដែលជាកិច្ចប្រជុំដ៏ធំបំផុតរបស់ស្ថាប័នទេសចរណ៍ពិភពលោកមួយនេះ និងត្រូវបានរៀបចំឡើងនៅរៀងរាល់ ២ឆ្នាំម្ដង ដើម្បីប្រមូលផ្ដុំរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសជាសមាជិកជាង ១៦០ប្រទេស មកពិភាក្សា កំណត់ទិសដៅ និងអាទិភាពសម្រាប់ការអភិវឌ្ឍទេសចរណ៍សកល។អំឡុងពេលនៃការចូលរួមមហាសន្និបាតនេះ ឯកឧត្តមរដ្ឋមន្រ្តី នឹងអញ្ជើញចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីជាមួយប្រទេសសមភាគី ព្រមទាំង ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអារ៉ាប៊ីសាអូឌីត និងប្រទេសមួយចំនួនទៀតផងដែរ៕

កម្ពុជា-កូរ៉េ ពង្រឹង ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2025/11/03 08:54:39 pm        150
នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម ផាក អ៊ីល (Park Il) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ទទួលបន្ទុកបេសកកម្មពិសេស និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនឯកឧត្តម ឯកអគ្គរដ្ឋទូតថា ទំនាក់ទំនងកម្ពុជា-កូរ៉េស្ថិតក្នុងកម្រិតភាពជាដៃគូយុទ្ធសាស្រ្ត។ ឯកឧត្តមសន្តិបណ្ឌិត បានរំឭកថា ថ្នាក់ដឹកនាំកំពូលកម្ពុជា និងកូរ៉េ បានជួបពិភាក្សាគ្នា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កន្លងទៅ និងបានឯកភាពជាគោលការណ៍ចំពោះការបង្កើតក្រុមការងារ Task Force ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមសន្តិបណ្ឌិត បានរំលេចអំពីលទ្ធផលប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលក្នុងរយៈពេលយ៉ាងខ្លី សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ ទោះយ៉ាងណាក្តី ឯកឧត្តមសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនអាចបញ្ចប់ក្នុងរយៈពេលដ៏ខ្លីទេ ដូច្នេះយើងត្រូវបន្តរួមសហការគ្នាពីគ្រប់តួអង្គពាក់ព័ន្ធ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមិនទុកឱ្យជនល្មើសប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងឆបោក និងអូសទាញពលរដ្ឋបរទេសឱ្យមកធ្វើការក្នុងឧក្រិដ្ឋកម្មនៅកម្ពុជាឡើយ។ ឯកឧត្តមសន្តិបណ្ឌិត ក៏បានសម្តែងការត្រៀមលក្ខណៈ ក្នុងការសម្របសម្រួលជាមួយក្រុមការងារ Task Force ថ្មីនេះ។ ជាការឆ្លើយតប ឯកឧត្តម ផាក អ៊ីល (Park Il) បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានឯកភាពជាគោលការណ៍ក្នុងការបង្កើតក្រុមការងារ Task Force និងសង្ឃឹមថា កិច្ចពិភាក្សាលម្អិតចំពោះក្រុមការងារ Task Force នេះនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។ ការបង្កើតក្រុមការងារ Task Force នេះ បង្ហាញពីស្មារតីយកចិត្តទុកដាក់របស់ប្រទេសយើងទាំងពីរក្នុងការបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបង្ហាញថា កម្ពុជា និងកូរ៉េជាដៃគូជិតស្និទ្ធក្នុងការបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនទាំងនេះ។ ឯកឧត្តម ផាក អ៊ីល (Park Il) ក៏បានថ្លែងអំណរគុណកម្ពុជា ដែលកន្លងមកបានបញ្ជូនពលរដ្ឋកូរ៉េដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រលប់ទៅប្រទេសដើមវិញ។ អាជ្ញាធរកូរ៉េនឹងបន្តស៊ើបអង្កេតលើករណីពលរដ្ឋទាំងនោះ និងចែករំលែកលទ្ធផលជាមួយកម្ពុជាវិញ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះជំនួបនេះ ដែលនឹងនាំមកនូវកិច្ចសហប្រតិបត្តិការមួយដ៏ល្អប្រសើរទាំងក្នុងបច្ចុប្បន្ន និងអនាគត គាំទ្រគ្នាទៅវិញទៅមក និងផ្លាស់ប្តូរព័ត៌មាន ធ្វើយ៉ាងណាដើម្បីស្រាវជ្រាវ ស៊ើបអង្កេតឱ្យបានដល់ឫសគល់បណ្តាញអង្គការចាត់តាំងនៃឧក្រិដ្ឋកម្មនេះ ព្រមទាំងរួមចំណែករក្សាបាននូវសន្តិភាព ស្ថិរភាពក្នុងតំបន់ និងពិភពលោក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
06/06/2026 06:06 PM
ឯកអគ្គរដ្ឋទូត៖ ប៉ាគីស្ថាននៅតែរក្សាទំនាក់ទំនងជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ីរ៉ង់
06/06/2026 04:06 PM
CENTCOM៖ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ដែលបាញ់ឆ្ពោះទៅប្រទេសកូវ៉ែត និងបារ៉ែន
06/06/2026 04:06 PM
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
06/06/2026 04:06 PM
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
06/06/2026 04:06 PM
លោក PUTIN៖ រុស្ស៊ីនឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ នៅពេលស្ថានការណ៍ស្ងប់ស្ងាត់
06/06/2026 04:06 PM
សារព័ត៌មាន Politico ៖ ប្រទេសណាតូកំពុងពិភាក្សាអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
06/06/2026 03:06 PM
អៀរឡង់ដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូបមិនឲ្យចូលប្រទេសនេះ
06/06/2026 03:06 PM
ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM