ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់

ព័ត៌មានជាតិ

ប្រុងប្រយ័ត្នធ្វើចរាចរណ៍ឱកាសបុណ្យអុំទូក ខណៈ ១១ថ្ងៃ ចុងខែតុលា មានគ្រោះថ្នាក់ ៧៣ករណី ស្លាប់ ៥១នាក់

2025/11/03 07:21:11 pm        1813
ភ្នំពេញ ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា រយៈពេល ១១ថ្ងៃ គិតចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បន្តកើតឡើងចំនួន ៧៣ករណី បណ្តាលឱ្យមានមនុស្សស្លាប់ ៥១នាក់ និងរងរបួសធ្ងន់ស្រាល ៨៨នាក់។ លោក ទូច សុឃៈ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនោះ កើតមានជាអាទិ៍ នៅថ្ងៃទី២១តុលា មាន៨ករណី ស្លាប់៩នាក់ របួស១៣នាក់, ថ្ងៃទី២២ មាន៣ករណី ស្លាប់២នាក់ របួស៧នាក់, ថ្ងៃទី២៣ មាន៦ករណី ស្លាប់៥នាក់ របួស៥នាក់, ថ្ងៃទី២៤ មាន៩ករណី ស្លាប់៦នាក់ របួស៨នាក់, ថ្ងៃទី២៥ មាន៧ករណី ស្លាប់៦នាក់ របួស៩នាក់, ថ្ងៃទី២៦ មាន៧ករណី ស្លាប់៤នាក់ របួស១១នាក់, ថ្ងៃទី២៧ មាន៥ករណី ស្លាប់៣នាក់ របួស៧នាក់, ថ្ងៃទី២៨ មាន៥ករណី ស្លាប់៤នាក់ របួស៣នាក់, ថ្ងៃទី២៩ មាន១០ករណី ស្លាប់៣នាក់ របួស១២នាក់, ថ្ងៃទី៣០ មាន៧ករណី ស្លាប់៤នាក់ របួស៦នាក់ និងថ្ងៃទី៣១ មាន៦ករណី ស្លាប់៥នាក់ របួស៧នាក់។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្ថែមទៀតថា គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងទាំងនោះ មាននៅតាមមូលដ្ឋានរួមមាន រាជធានីភ្នំពេញ ខេត្តកំពត កែប កំពង់ចាម កំពង់ឆ្នាំង ស្វាយរៀង សៀមរាប កណ្តាល កំពង់ស្ពឺ ព្រះសីហនុ តាកែវ ព្រៃវែង កំពង់ធំ ព្រះវិហារ បន្ទាយមានជ័យ កោះកុង មណ្ឌលគិរី កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង ក្រចេះ ស្ទឹងត្រែង ឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ។ គួរកត់សម្គាល់ថា នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្ដីអំពាវនាវ ស្ដីពីការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅនៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា។ គណៈកម្មាធិការ បានអំពាវនាវអ្នកប្រើប្រាស់ផ្លូវទាំងអស់ ខិតខំយកចិត្តទុកដាក់បង្កើនស្មារតីចូលរួមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងបើកបរយានយន្តតាមវិធានការទាំង១០ចំណុច រួមមាន ១. មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។ ២. មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀនជាដាច់ខាត។ ៣. មិនត្រូវបត់ ឬ វ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរសព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។ ៤. មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត។ ៥. មិនត្រូវផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវ ផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។ ៦. ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។ ៧. ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ។ ៨. ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត។ ៩. ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាចាំបាច់ ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្រ្វាំង ភ្លើងបំភ្លឺ។ល។ មុនចេញដំណើរ និង១០. ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌ និងការយោគយល់អធ្យាស្រ័យ។ ភ្ជាប់នឹងសារអំពាវនាវខាងលើ លោក ទូច សុឃៈ បានក្រើនរំលឹកទទូចទៅកាន់អ្នកបញ្ជាយានយន្ត និងអ្នកដំណើរលើដងផ្លូវទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ និងមានស្មារតីបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលា ដ្បិតសកម្មភាពចរាចរណ៍លើដងផ្លូវ នឹងមានភាពមមាញឹកខ្លាំង ងាយប្រឈមនឹងគ្រោះថ្នាក់ មិនថាលើផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខេត្ត និងសូម្បីតែផ្លូវតាមសហគមន៍ភូមិ ឃុំ ខណៈបច្ចុប្បន្ន មានផ្លូវកៅស៊ូ បេតុង និងគ្រួសក្រហមកាន់តែច្រើន៕

កម្ពុជាប្តេជ្ញាគាំទ្របេសកកម្ម អង្គការយូណេស្កូ ក្នុងការស្ថាបនាសន្តិភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១

2025/11/03 06:38:35 pm        174
នៅទីក្រុងសាម៉ាកាន់ ប្រទេសអ៊ូសបេគីស្តង់ នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញថ្លែងសន្ទរកថា អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអង្គមហាសន្និបាតលើកទី៤៣ នៃអង្គការយូណេស្កូ ដោយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្របេសកកម្មរបស់អង្គការយូណេស្កូក្នុងការស្ថាបនាសន្តិភាព តាមរយៈការអប់រំ វប្បធម៌ វិទ្យាសាស្ត្រ និងទំនាក់ទំនង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បញ្ជាក់បន្ថែមថា ដោយធ្លាប់រងគ្រោះនូវអំពើប្រល័យពូជសាសន៍ និងសង្គ្រាមនាពេលកន្លងមក កម្ពុជាបានដឹងច្បាស់ពីផលវិបាកនៃការបំផ្លិចបំផ្លាញរបស់សង្គ្រាម និងតម្លៃមិនអាចកាត់ថ្លៃបានរបស់សន្តិភាពដែលជាមូលដ្ឋានសម្រាប់ការរីកចម្រើន និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។ នៅក្នុងវិស័យអប់រំ កម្ពុជាផ្តោតសំខាន់លើបំណិនមូលដ្ឋានសម្រាប់ការសិក្សា ការថែទាំកុមារតូច ការ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ការសិក្សាពេញមួយជីវិត និងសមត្ថភាពឌីជីថល ដើម្បីរៀបចំយុវជនឲ្យក្លាយជាសសរទ្រូងដ៏រឹងមាំ និងជាទំពាំងស្នងឬស្សីដែលមាន គុណភាពដើម្បីប្រឈមជាមួយនឹងបញ្ហាអាកាសធាតុ និងកសាងសេដ្ឋកិច្ចជាតិនាពេលអនាគត។កម្ពុជាជាប្រទេសសមាជិកមួយដែលបានផ្តល់សច្ចាប័នគ្រប់អនុសញ្ញាវប្បធម៌ទាំងអស់របស់អង្គការ យូណេស្កូ ដែលឆ្លុះបញ្ចាំងអំពីការតាំងចិត្តដ៏មុតមាំរបស់កម្ពុជាក្នុងការការពារ និងលើកតម្កើងសម្បត្តិបេតិកភណ្ឌវប្បធម៌ តាមរយៈការការពារនិងទប់ស្កាត់ការជួញដូរវត្ថុបុរាណដោយខុសច្បាប់ ព្រមទាំងអំពាវនាវឲ្យសារមន្ទីរធំៗនិងអ្នកប្រមូលសមុច្ច័យឯកជននានាធ្វើការពិភាក្សាដើម្បីប្រគល់វត្ថុបុរាណមកកាន់ប្រទេសដើមវិញ។ ការបញ្ចូលការអប់រំបេតិកភណ្ឌទៅក្នុងកម្មវិធីសិក្សា ការលើកកម្ពស់តួនាទីនិងពង្រឹងភាពជាម្ចាស់ការរបស់សហគមន៍ត្រូវបានជំរុញឲ្យមានភាពរីកចម្រើនបន្ថែមទៀត។ ក្នុងនោះ ឧស្សាហកម្មច្នៃប្រឌិតក៏បានចូលរួមចំណែកអភិវឌ្ឍដល់ស្ត្រី យុវជន និងសេដ្ឋកិច្ចក្នុងតំបន់។ បន្ថែមពីនោះ កម្ពុជាក៏បានពង្រឹងបន្ថែមនូវការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពបេតិកភណ្ឌពិភពលោកទាំងរូបីនិងអរូបី។កម្ពុជាបានបង្ហាញអំពីសារៈសំខាន់នៃភាពជាដៃគូជាមួយអង្គការយូណេស្កូ ដោយបន្តលើកស្ទួយការអប់រំ វប្បធម៌ វិទ្យាសាស្ត្រ និងទំនាក់ទំនង ឲ្យស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០ ហើយអំពាវនាវឲ្យមានប្រព័ន្ធព័ត៌មានដែលប្រកបដោយតុល្យភាពនិងមានក្រមសីលធម៌ខ្ពស់ ព្រមទាំងការគោរពដល់ភាពចម្រុះគ្នានៃវប្បធម៌។លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានលើកឡើងអំពីការប៉ះទង្គិចនៅតាមព្រំដែនកម្ពុជា-ថៃកន្លងទៅដែលបានបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ បេតិកភណ្ឌវប្បធម៌ពិភពលោក “ប្រាសាទព្រះវិហារ” ។ កម្ពុជាបង្ហាញនូវការសោកស្ដាយយ៉ាងខ្លាំងចំពោះការខូចខាតដែលមិនអាចស្ដារឡើងបាននូវស្នាដៃវប្បធម៌ដ៏មានគុណតម្លៃ និងកម្រមួយនេះ។ ទន្ទឹមគ្នានឹងនេះដែរ កម្ពុជាក៏សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរវាង កម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងមកថ្មីៗនេះ ដែលមានការគាំទ្រ និងសាក្សីដោយផ្ទាល់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម។ កម្ពុជាសង្ឃឹមយ៉ាងជ្រាលជ្រៅថា បណ្ដាប្រទេសជាសមាជិកអង្គការយូណេស្កូទាំងអស់ នឹងបន្តប្តេជ្ញារួមគ្នាក្នុងការការពារ និងថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ពិភពលោក៕

ក្រសួងប្រៃសណីយ៍ ផ្ដល់ឱកាសជូនភាគីពាក់ព័ន្ធ ពិភាក្សាអំពីគោលនយោបាយពាក់ព័ន្ធនឹងអ៊ីនធឺណិត

2025/11/03 06:30:10 pm        228
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងរៀបចំ “វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥” ជាព្រឹត្តិការណ៍អមក្នុង “វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” ក្នុងគោលបំណងផ្តល់ឱកាសជូនក្រសួង ស្ថាប័នសាធារណៈ វិស័យឯកជន គ្រឹះស្ថានអប់រំនិងស្រាវជ្រាវ សង្គមស៊ីវិល និងសហគមន៍បច្ចេកវិទ្យា នូវការពិភាក្សាអំពីគោលនយោបាយពាក់ព័ន្ធនឹងអ៊ីនធឺណិតថ្នាក់ជាតិ និងជំរុញការចាប់យកឧត្តមានុវត្តន៍ពីវេទិកាអភិបាលកិច្ចអ៊ីនធឺណិតក្នុងកម្រិតតំបន់ និងពិភពលោកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។ វេទិកាថ្នាក់ជាតិនេះ មានមូលបទ ស្តីពី “ការកសាងសង្គមឌីជីថលកម្ពុជាប្រកបដោយបរិយាបន្ន” ដោយបែងចែកមូលបទរងចំនួនបី រួមមាន៖ ១. សុវត្ថិភាពលើប្រព័ន្ធអនឡាញក្នុងយុគសម័យបញ្ញាសិប្បនិមិត្ត (AI) ២. ការតភ្ជាប់អ៊ីនធឺណិតជាសកលនិងប្រកបដោយអត្ថន័យ និង ៣. ការលើកកម្ពស់យុវជនសម្រាប់អនាគតឌីជីថល។ដើម្បីធានាការរៀបចំកម្មវិធីនេះប្រកបដោយបរិយាបន្ន ក.ប.ទ. ក្រសួង សូមអញ្ជើញភាគីពាក់ព័ន្ធទាំងអស់ដែលមានចំណាប់អារម្មណ៍ ដាក់ពាក្យចូលរួមសហការរៀបចំសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាល ចំនួន ១២ ក្រោមមូលបទ និងមូលបទរងខាងលើ ដោយដាក់ពាក្យតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/callforsessions ឬ ស្កេន QR Code ដូចមានភ្ជាប់ជូនខាងក្រោម ត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.cambodiaigf.kh ឬទាក់ទងតាមទូរសព្ទលេខ ០៨១ ៣៤៩ ៦៦១ ឬអ៊ីម៉ែល [email protected]។គួរបញ្ជាក់ថា វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥” នឹងបើកជូនសាធារណជនចូលរួមដោយឥតគិតថ្លៃ។

មូលនិធិអាកាសធាតុបៃតង ផ្ដល់ថវិកា៩.៨លានដុល្លារ ដល់កម្ពុជាសម្រាប់ការងារឆ្លើយតប បញ្ហាប្រែប្រួលអាកាសធាតុ

2025/11/03 05:57:29 pm        218
ភ្នំពេញ៖ មូលនិធិអាកាសធាតុបៃតង (GCF) បានផ្ដល់ថវិកាប្រមាណ ៩.៨លានដុល្លារអាមេរិក ទៅដល់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) សម្រាប់អនុវត្តការងារឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ។យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា បានឲ្យ ដឹងថា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំលើកទី៤៣ របស់ក្រុមប្រឹក្សាមូលនិធិអាកាសធាតុបៃតង គម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (LGCC-3) ត្រូវបានអនុម័តជាផ្លូវការ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដែលទស្សនវិស័យគម្រោងនេះ ដើម្បីបញ្ជ្រាបការឆ្លើយតបការទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុងវិស័យសំខាន់ៗដូចជាកសិកម្ម សុខាភិបាល ទឹក និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីការពារសហគមន៍ដែលងាយរងគ្រោះបំផុតនៅកម្ពុជា ។ប្រភពបានបន្តថា គម្រោងនេះនឹងជួយគាំទ្របច្ចេកទេស ធនធាន និងសមត្ថភាព ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការបញ្ជ្រាបការបន្ស៊ាំខ្លួន ទៅនឹងការប្រែប្រួលអាកាសធាតុ នៅក្នុងដំណើរការកសាងផែនការ និងថវិកាសម្រាប់វិនិយោគ ស្របសកម្មភាពបន្សុំាដែលលើកឡើង ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ នៅសហគមន៍មូលដ្ឋាន ។ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធាននៃលេខាធិការដ្ឋាន គ.ជ.អ.ប. និង ជានាយកគម្រោង LGCC-3 បានថ្លែងថា ថវិកាដែលទទួលបានពីមូលនិធិអាកាសធាតុបៃតង គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីជាច្រកឱ្យមានហិរញ្ញប្បទាន សម្រាប់ការកសាងនូវសមត្ថភាព ជំនួយបច្ចេកទេស និងវិនិយោគក្នុងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ នៅថ្នាក់មូលដ្ឋាន ដើម្បីធ្វើឱ្យមានការវិវឌ្ឍន៍ដ៏ល្អប្រសើរក្នុងការកសាងនូវភាពធន់នឹងអាកាសធាតុ។ ត្បិតកម្ពុជាកំពុងវិវត្តន៍ខ្លួនចេញពីប្រទេស ដែលមានការអភិវឌ្ឍតិចតួចក៏ពិតមែន ប៉ុន្តែនៅមានបណ្ដាខេត្តនានាដែលនៅតែបន្តជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន តួយ៉ាងដូចជាភាពក្រីក្រ និងភាពងាយរងគ្រោះ ដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ។លោក HEMANT Mandal ប្រធាននាយកដ្ឋានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក មូលនិធិអាកាសធាតុបៃតង លើកឡើងថា “គម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣នេះ ជាគម្រោងដំបូងបង្អស់របស់ គ.ជ.អ.ប.ដែលទទួលបានឱកាសបង្ហាញពីការប្តេជ្ញាចិត្តក្នុងកិច្ចប្រជុំលើកទី៤៣ របស់ក្រុមប្រឹក្សាភិបាល នៃមូលនិធិអាកាសធាតុបៃតង ក្នុងការទទួលយកគម្រោងមកអនុវត្ត ដើម្បីពង្រឹងភាពជាម្ចាស់ និងជំរុញលើកកម្ពស់ផែនការបន្ស៊ាំ ដោយដឹកនាំ និងអនុវត្តផ្ទាល់នៅថ្នាក់មូលដ្ឋាន ក្នុងការធានាដល់ការបង្កើនភាពធន់នឹងអាកាសធាតុ ក្នុងវិស័យកសិកម្ម ទឹក សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធដើម្បីជំរុញឱ្យកម្ពុជា ឈានឆ្ពោះរកភាពធន់ បរិយាបន្ន ចីរភាពទៅអនាគតសម្រាប់ទាំងអស់គ្នា ។ លោកបន្តថា ទន្ទឹមនេះ LGCC-3 នឹងគាំទ្រដល់ការចូលរួមក្នុងការធ្វើសេចក្ដីសម្រេចចិត្ត ការធ្វើផែនការបង្ការហានិភ័យទុកជាមុន ការអនុវត្ត និងតាមដានការវិនិយោគ ដែលអាចបន្ស៊ាំនឹងអាកាសធាតុនៅមូលដ្ឋាន រួមទាំងការបញ្ចូលជាប្រព័ន្ធ ដល់ការសម្របសម្រួលការវាយតម្លៃមូលនិធិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុផ្អែកលើលទ្ធផលនៃការអនុវត្ត ដោយចូលរួមអនុវត្តយន្តការបែងចែកហិរញ្ញប្បទានអាកាសធាតុពីថ្នាក់ជាតិទៅដល់ថ្នាក់ក្រោមជាតិ ។ សរុបជារួម LGCC-3 នឹងត្រួសត្រាយផ្លូវ សម្រាប់បញ្ចូលជាប្រព័ន្ធ នៃភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ទៅក្នុងផែនការអភិវឌ្ឍនៅមូលដ្ឋាន ដើម្បីបង្កើនការវិនិយោគ ដែលសមស្របទៅនឹងអាកាសធាតុនៅរដ្ឋបាលថ្នាក់ក្រោមជាតិទូទាំងព្រះរាជាណាចក្រកម្ពុជា ៕អត្ថបទ បាន សុខរិទ្ធិ 

សហគ្រាស អគ្គិសនី ទូកមាស ស្វែងរកជនខិលខូច កែច្នៃនាឡិកាស្ទង់អគ្គិសនីឱ្យដើរយឺត ក្រោយរកឃើញជាង ១០០គ្រឿង

2025/11/03 04:46:35 pm        123
សហគ្រាស អគ្គិសនី ទូកមាស កំពុងសហការជាមួយអ្នកប្រើប្រាស់ ដែលនាឡិកាស្ទង់របស់ពួកគាត់ត្រូវបានកែច្នៃ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ស្វែងរកបុគ្គលខិលខូចជាអ្នកកែច្នៃ នាឡិកាស្ទង់អគ្គិសនីឱ្យដើរយឺត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញករណីលួចកែច្នៃ នាឡិកាស្នង់អគ្គិសនីឱ្យដើរយឺត ដោយ អាជ្ញាធរអគ្គិសនីកម្ពុជា សង្កេតឃើញថា មានករណីជនខិលខូច ដើរបោកបញ្ឆោតអ្នកប្រើប្រាស់ នៅតំបន់ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស និងឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ឋិតក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់សហគ្រាស អគ្គិសនី ទូកមាស ឱ្យជួលពួកគេកែច្នៃនាឡិកាស្ទង់ ដើម្បីឱ្យចំនួនអគ្គិសនី (kWh) ប្រើប្រាស់ប្រចាំខែថយចុះតិចជាងធម្មតា។ក្នុងជំហានដំបូងនេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានរកឃើញមាននាឡិកាស្ទង់អគ្គិសនី នៅតំបន់ខាងលើ ចំនួនជាង ១០០គ្រឿង ត្រូវបានគេកែច្នៃ។ ពេលនេះ សហគ្រាស អគ្គិសនី ទូកមាស កំពុងសហការជាមួយអ្នកប្រើប្រាស់ ដែលនាឡិកាស្ទង់របស់ពួកគាត់ត្រូវបានកែច្នៃ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ស្វែងរកបុគ្គលជាអ្នកកែច្នៃ នាឡិកាស្ទង់ទាំងនោះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ដូច្នេះ អាជ្ញាធរអគ្គិសនីកម្ពុជាសូមអំពាវនាវដល់អ្នកប្រើប្រាស់អគ្គិសនីឋិតក្នុងតំបន់ខាងលើ មេត្តាជួយ សហការជាមួយសហគ្រាស អគ្គិសនី ទូកមាស និងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធនឹងកិច្ចការនេះ។ជាមួយគ្នានេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានអំពាវនាវដល់អ្នកប្រើប្រាស់អគ្គិសនីទូទៅ មេត្តាកុំប៉ះពាល់ ឬ ចូលរួមកែច្នៃនាឡិកាស្ទង់ជាដាច់ខាត ព្រោះជាទង្វើខុសច្បាប់៕

ពិព័រណ៍ការងាររយៈពេលពីរថ្ងៃមានអ្នកចូលរួមជិត១០ម៉ឺននាក់ និងអ្នកដាក់ពាក្យស្នើសុំការងារជិតពីរម៉ឺននាក់

2025/11/03 04:38:14 pm        115
ភ្នំពេញ៖  ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ នៅថ្ងៃទី១-២ ខែវិច្ឆិកានេះ បានបញ្ចប់ទៅប្រកបដោយជោគជ័យ និងភាពរលូន ដោយមានអ្នកចូលរួមទស្សនាផ្ទាល់ និងតាមអនឡាញលើសពីការរំពឹងទុក ក្នុងនោះមាន អ្នកចូលរួមជិត១០ម៉ឺននាក់ និងអ្នកដាក់ពាក្យស្នើសុំការងារជិតពីរម៉ឺននាក់។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ តាមរយៈលទ្ធផលនេះ អ្នកនាំពាក្យក្រសួងការងារ ក៏ដូចជាទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណចំពោះដៃគូសហការរៀបចំទាំងអស់ និងបណ្តាក្រុមហ៊ុន សហគ្រាស ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងតាំងបង្ហាញឱកាសការងារ និងជ្រើសរើសបុគ្គលិកនៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ រយៈពេលពីរថ្ងៃនេះ ប្រកបដោយភាពជោគជ័យ និងទទួលបានការសាទរពីសំណាក់ បងប្អូនយុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារ និងសាធារណជនជាច្រើនម៉ឺននាក់ដែលបានមកចូលរួម។ អ្នកនាំពាក្យក្រសួងការងារ ក៏បានថ្លែងអំណរគុណចំពោះវាគ្មិនទាំងអស់ ដែលបានចូលរួមចែករំលែកបទពិសោធន៍ ចំណេះដឹង គន្លឹះសំខាន់ៗ ទាក់ទងនឹងផលិតភាពការងារ សហគ្រិនភាព និងភាពជាអ្នកដឹកនាំ នៅក្នុងសិក្ខាសាលាស្តីពី «វីថីឆ្ពោះទៅរកផលិតភាព៖ ផ្សាយភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ» និងការចែករំលែកបទពិសោធន៍ពីភាពជោគជ័យក្នុងអាជីព ដោយមានការចូលរួមស្តាប់ពីសំណាក់យុវជន សិស្ស/និស្សិត និងសាធារណជនជាច្រើន។ អ្នកនាំពាក្យក្រសួងការងារបញ្ជាក់ថា៖«ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ នៅថ្ងៃទី១-២ ខែវិច្ឆិកានេះ មានអ្នកចូលរួមទស្សនាពិព័រណ៍ សរុប ៩៥,៥២២នាក់ ក្នុងនោះអ្នកចូលរួមដោយផ្ទាល់ ៣១,៤៧៦ នាក់ និងចូលរួមតាមអនឡាញ ៦៤,០៤៦នាក់។ ក្នុងនោះអ្នកដាក់ពាក្យស្នើសុំការងារ (CV) ដែលទទួលបានដោយផ្ទាល់ និងតាមអនឡាញ សរុប ១៧,៤០៤ CV។ ជាលទ្ធផល ចំនួនអ្នកជាប់ការងារបឋម សរុប ២,០៤១នាក់។អ្នកនាំពាក្យបញ្ជាក់ថា ក្រុមហ៊ុនភាគច្រើនបានបង្ហាញភាពពេញចិត្តចំពោះការចូលរួមក្នុងពិព័រណ៍ការងារនេះ ដោយពួកគេបានទទួលឱកាសជួបជាមួយនិស្សិត និងបេក្ខជនជាច្រើន ដែលមានចំណាប់អារម្មណ៍ និងមានសមត្ថភាពតាមបែបវិជ្ជាជីវៈ៕

សាលារៀននៅតំបន់ព្រំដែនខេត្តឧត្តរមានជ័យ ចាប់ផ្ដើមបើក​បង្រៀន​ធម្មតា​ឡើង​វិញ​ក្រោយ​បិទ​មួយ​រយៈ

2025/11/03 04:07:32 pm        506
សាលារៀននៅតាមបណ្តោយព្រំដែន ដែលជាតំបន់ក្តៅជាមួយភាគីថៃ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ បានបើកដំណើរការបង្រៀនឡើងវិញជាធម្មតា ក្រោយបិទអស់រយៈ ជាងបីខែ បន្ទាប់​ពី​មានការប៉ះទង្គិចគ្នាប្រដាប់ដោយអាវុធជាមួយភាគីថៃ។លោកគ្រូ អ្នកគ្រូ ដែលបានកំពុងបង្រៀននៅសាលា ដែលស្ថិត​នៅ​តាម​បណ្តោយ​ព្រំដែន​ជម្លោះ​ជាមួយ​ភាគី​ថៃនោះ បានបង្ហាញអារម្មណ៍ធូរស្រាលចិត្ត និងប្រកបដោយភាពជឿជាក់ ក្រោយ​ស្ថាន​ភាព​នៅតំបន់របស់ពួកគាត់មានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីមាន​ដំណោះ​ស្រាយ​របស់​រាជ​រដ្ឋាភិបាល​ដោយសន្តិវិធី រហូតបានឲ្យមានការបើកបង្រៀនឡើងវិញនាពេលនេះ។លោកគ្រូអ្នកគ្រូ នៅសាលាបឋមសិក្សាហនុមាន ស្ថិតនៅឃុំគោកម៉ន ស្រុកបន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ បានលើកឡើងថា សាលាបឋម​សិក្សា​មួយ​នេះ​បាន​បង្ខំបិទ​អស់​រយៈ​ពេល​ជាង​បី​ខែ​មក​ហើយ បន្ទាប់ពីមានការប៉ះទង្គិចគ្នាប្រដាប់ដោយអាវុធជាមួយភាគីថៃ ហើយ សិស្សានុសិស្ស និង​លោកគ្រូអ្នកគ្រូ រួមទំាងប្រជាពលរដ្ឋនៅតំបន់នេះបានរត់ភៀសសឹករកកន្លែងមានសុវត្ថិ ប៉ុន្តែ​ក្រោយ​មាន​កិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព កូឡាឡាំពួ រវាងកម្ពុជា និង​ថៃ​បាន​ធ្វើ​ប្រជាពលរដ្ឋនៅតំបន់នេះវិលត្រឡប់មកវិញជាបន្តបន្ទាប់ និងបាត់ភាព​ភ័យ​ខ្លាច​ដូច​មុន​ផង​ដែរ​។ជាមួយគ្នានោះដែរ លោកគ្រូអ្នកគ្រូ នៅសាលាបឋមសិក្សា ហនុមាន ក៏បានបង្ហាញក្តីរំពឹងថា ថ្នាក់​ដឹក​នាំ​កម្ពុជា និងថៃនឹងមានដំណោះស្រាយជាមួយគ្នាបន្តទៀតដោយសន្តិវិធី ដើម្បីបញ្ជៀស​ការ​ប៉ះគ្នា​ដោយ​អាវុធ លុបបំបាត់ភាពភ័យខ្លាចរបស់ប្រជាជននៃប្រទេសទាំងពីរ ដែលកំពុង​រស់​នៅ​តាម​ព្រំដែន។ ជាមួយគ្នានេះ លោកគ្រូ អ្នកគ្រូ រំពឹងផងដែរថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃនឹង​មាន​ភាព​ធូរស្រាល និងភាពល្អប្រសើរឡើងវិញនាពេលឆាប់ៗខាងមុខនេះ ដើម្បីជា​ឱកាស​ផ្តល់​ការ​សិក្សា​ដល់​សិស្សា​នុសិស្ស​នៅ​តាម​ព្រំដែន​នៃប្រ​ទេស​ដែល​ជាភូមិ​ផង​របង​តែមួ​យ​ជា​មួយ​គ្នា​នេះ​៕ អត្ថបទ៖ បានចក់

ព្រះមេគណខេត្តស្វាយរៀងរំលឹកថ្ងៃ៧មករាធ្វើឱ្យសាសនារស់រានមានជីវិតឡើងវិញ

2025/11/03 04:07:20 pm        120
ស្វាយរៀង ៖ ស្របកាលវេលាដែលប្រជាពុទ្ធបរិស័ទកំពុងរីករាយនឹងការប្រារព្ធធ្វើពិធីបុណ្យកឋិនទាន ព្រះមេគណ ខេត្តស្វាយរៀង បានមានថេរដីការំលឹកថា ព្រះពុទ្ធសាសនា បានរស់រានមានជីវិតឡើងវិញ ដោយសារថ្ងៃ៧ មករា ដែលរហូតមកដល់ពេលនេះ វិស័យព្រះពុទ្ធសាសនាបាននឹងកំពុងមានការរីកចម្រើនទៅមុខជានិច្ច។​ឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង ព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះមេគណខេត្ត ព្រះគ្រូ ញឹម ច័ន្ទថៃ គ្រូសូត្រសាំ្ត វត្តព្រះពន្លា និងឯកឧត្តម លោកជំទាវ លោក លោកស្រី ពុទ្ធបរិស័ទ ក្នុង និងក្រៅខេត្ត នៅថ្ងៃទី២ ទី៣ ខែវិឆ្ឆិកា ឆ្នាំ២០២៥ បានផ្តើមធ្វើបុណ្យកឋិនដង្ហែ ទៅវេរប្រគេនដល់ព្រះ សង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមា វត្តជម្ពូព្រឹក្សា ក្រុងស្វាយរៀង និងវត្តព្រះពន្លា ស្រុកកំ ពង់រោទិ៍ ខេត្ត ស្វាយរៀង និងប្រមូលបច្ច័យកសាងសមិទ្ធិផលនានានៅក្នុងទីរាមទាំង២ខាងលើ ។បន្ទាប់ពីព្រះសង្ឃ និងពុទ្ធបរិសទ័ដង្ហែរអង្គកឋិនប្រទស្សិន ព្រះវិហារ៣ជុំនិងប្រគេនជីវរ បរិក្ខាក ឋិន បច្ច័យដល់សង្ឃគ្រង និងប្រើប្រាស់ តាមប្រពៃណីជាតិខ្មែររួចមក ព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះមេ គណខេត្ត ជួសមុខឱ្យព្រះសង្ឃ វត្តព្រះពន្លា បានមានសង្ឃដីកាសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំ ពោះឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានរួមវិភាគទាន ធ្វើបុណ្យកឋិនទានដង្ហែវេរប្រគេនដល់ព្រះសង្ឃ ពិសេសធ្វើការប្រមូលបច្ច័យ ដើម្បីកសាងសមិទ្ធផលថ្មីៗ លើវិស័យព្រះពុទ្ធសាសនាបន្ថែម បន្ទាប់ពីសមិទ្ធផលមួយចំនួនបានកើតមានឡើងក្រោមការដឹកនាំរបស់ គណបក្ស ក៏ដូចជារាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តដឹកនាំអភិវឌ្ឍជាតិក្រោមម្លប់ សន្តិភាព ។ព្រះវិសុទ្ធិញ្ញាណមុំ សយ បានមានសង្ឃដិការបន្តថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់ជាតិ សាសនានេះ ត្រូវបានរស់រានឡើងវិញក្នុងថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ក្នុងនោះខេត្តស្វាយរៀង វត្តអារាម ត្រូវបានព្រះសង្ឃ ពុទ្ធបរិសទ័ ធ្វើការរៀបចំ និងកសាង សមិទ្ធផលឡើងវិញជាបន្តបន្ទាប់ និងមានវត្តខ្លះក្នុងខេត្ត បានរៀបចំទៅជារមណីយដ្ឋាន ដើម្បីធ្វើការទាក់ ទាញភ្ញៀវឱ្យចូលទស្សនាមកលេងកម្សាន្ត និងធ្វើបុណ្យ បន្ថែមលើរមណីយដ្ឋានរបស់ខេត្តដែលបាន បន្សល់ទុក។អត្ថបទ៖ ភា សារិត

គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះព្យាបាលជំងឺជូនជនភៀសសឹកតាមបន្ទាត់ព្រំដែននៅខេត្តឧត្តរមានជ័យ

2025/11/03 03:50:55 pm        183
ខ្មែរស្រលាញ់ខ្មែរ  ខ្មែរជួយខ្មែរ  ខ្មែរសាមគ្គី ខ្មែរឈ្នះ គ្រប់ស្ថានភាព  កងទ័ពអាវស ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នៅប្រកៀកស្មាជាមួយវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ គ្រប់គ្រាលំបាក បានបន្ត ចុះពិនិត្យ ព្យាបាលជំងឺជូនជនភៀសសឹកតាមបន្ទាត់ព្រំដែននៅខេត្តឧត្តរមានជ័យ។ កាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅជំរុំវត្តសុគន្ធារាមគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ឯកឧត្តម លេង ផាលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ថ្នាក់កណ្តាល ចំនួន ២០នាក់ ស្រី ៥នាក់ ចុះអប់រំសុខភាព ពិនិត្យ ពិគ្រោះព្យាបាលជំងឺ ចែកថ្នាំ និងស្បៀងអាហារ ជូនដល់ជនភៀសសឹកដែលផ្ទុះអាវុធតាមបន្ទាត់ព្រំដែន និងផ្តល់សេវាដោយឥតគិតថ្លៃ បានចំនួន ២១៣នាក់ ស្រី១៤៤នាក់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី។ ចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ សម្របសម្រួលដោយ ឯកឧត្តម គឹម រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ រួមទាំងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ថ្នាក់កណ្តាល ចំនួន ២៨២នាក់ បាននាំយកសម្ភារបរិក្ខារថ្នាំពេទ្យ និងស្បៀងអាហារមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រ ចិត្តឯកឧត្តម ហ៊ុន ម៉ានី សហការជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត គួង ឡូ អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តព្រះវិហារ និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ, ឯកឧត្តមវេជ្ជបណ្ឌិត ឃ្លោក ហួត អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តឧត្តរមានជ័យ និងជាប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តមវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តបន្ទាយមានជ័យ និងជាប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ មន្ទីរសុខាភិបាលខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ សហភាពសហព័ន្ធយុវជនកម្ពុជា អាជ្ញាធរដែលពាក់ព័ន្ធផងដែរ ។ ជាមោទនៈភាពរបស់ប្រទេស និងប្រជាជនកម្ពុជា ឯកឧត្តម លេង ផាលី សូមគោរពចូលរួមសម្តែងការអបអរសាទរយ៉ាងក្លៀវក្លាបំផុត ជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូ និងសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដ៏មានសារៈសំខាន់ ជាតម្លៃនៃប្រវត្តិសាស្ត្រកាលពីថ្ងទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ដូណាល់ ជេ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន ធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាព។ ឯកឧត្តម បន្តថា ការចុះអប់រំសុខភាព ពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ចែកថ្នាំ និងស្បៀងអាហារ ជូនដល់ជនភៀសសឹកដែលផ្ទុះអាវុធតាមបន្ទាត់ព្រំដែន និងផ្តល់សេវាដោយឥតគិតថ្លៃ បានចំនួន ១៥១,៧៩០នាក់ (ដប់ប្រាំម៉ឺន មួយពាន់ ប្រាំពីររយកៅសិបនាក់) ស្រី ៩១,០៥២នាក់ (ប្រាំបួនម៉ឺន មួយពាន់ ហាសិបពីរនាក់) ។ ក្នុងពេលជាមួយគ្នានេះដែរ ឯកឧត្តម លេង ផាលី ក៏បានផ្ដាំផ្ញើរសួរសុខទុកពីសំណាក់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ពិសេសក្នុងនាមជានីតិបុគ្គល នៃក្រុមគ្រួសារស.ស.យ.ក. ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមក្នុងចលនាសង្គមជាតិ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ស.ស.យ.ក. បន្ថែមទៀត។ តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពី ស្មារតី ២ ធ្នូ ដោយសមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី មកពីប្រភព មានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគំរូដល់សង្គមជាតិ។ ឯកឧត្តម លេង ផាលី បានបញ្ជាក់ថា ការចូលរួមសកម្មភាពបម្រើសង្គម ជាការរៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជន ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។ ក្នុងរយៈពេល ១៤ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១ វិច្ឆិកា ឆ្នាំ២០២៥) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិក សមាជិកាចំនួន ៣៦,០០០នាក់ (បីម៉ឺន ប្រាំមួយពាន់ នាក់) ក្នុងនោះស្ត្រីមានចំនួន ២៣,៦៣៥នាក់ (ពីរម៉ឺន បីពាន់ ប្រាំមួយរយ សាមសិបប្រាំ នាក់) ដែលមាន ២៨សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី- ខេត្ត សាខា និងសាកលវិទ្យាល័យ ចំនួន ៣សាខា) ដឹកនាំសម្របសម្រួលដោយ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យ ពិគ្រោះ ព្យាបាលជំងឺជូនប្រជាជនផ្តល់សេវា ដោយឥតគិតថ្លៃ បានចំនួន ចំនួន ២,៣១៧លើក ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ១៣,៤៨៤,៣៤៦(ដប់បីលាន សែសិបប្រាំបីម៉ឺន បួនពាន់បីរយសែសិបប្រាំមួយ នាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៩៣៣,៦៦៣នាក់ (ប្រាំមួយលាន កៅសិបបីម៉ឺន បីពាន់ប្រាំមួយរយហុកសិបបី នាក់) គិតត្រឹមថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ច្រើនជាងចំនួន ៣ ភាគ ៤ នៃប្រជាជនសរុបទូទាំងប្រទេស ដែលមានចំនួន ១៧,៥៧៧,៧៦០ នាក់ (ដប់ប្រាំពីរលាន ហាសិបប្រាំពីរម៉ឺនប្រាំពីរពាន់ប្រាំពីររយហុកសិប នាក់) ធៀបនឹងឆ្នាំ២០២៥ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៧៤,២១៧,៣០០ដុល្លារ (ប្រាំមួយរយចិតសិបបួនលាន ម្ភៃមួយម៉ឺនប្រាំពីរពាន់បីរយ ដុល្លារសហរដ្ឋអាមេរិក)។ ក្នុងពេលកន្លងមកនេះ ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤,៦០១នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៩១១,២០៣ដូស (ដប់មួយលានកៅសិបមួយម៉ឺនមួយពាន់ពីររយបីដូស)ក្នុង ២៥ រាជធានី-ខេត្ត។ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំ ផ្តល់សេវាដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយសាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ជាចុងក្រោយឯកឧត្តម ប្រធានប្រតិបតិ្តក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ការចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាជន គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ។ បញ្ហាសុខភាពគឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។ ដូចសព្វមួយដង ប្រជាជនពិតជាមានក្តីរំភើបកក់ក្តៅឥតឧបមា គោរពថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះ សម្តេចតេជោ ហ៊ុន សែន សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុង សកម្មភាពមនុស្សធម៌នេះ ជូនដល់ប្រជាជនជារៀងរហូតមក គឺកើតចេញពីការឧបត្ថម្ភគាំទ្រ និងការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លោកតែងតែខ្វល់ខ្វាយគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាជនដែលជួបការលំបាកក្នុងគ្រប់កាលៈទេសៈ៕អត្ថបទ រដ្ឋា

ធុរកិច្ចជាតិនិងអន្តរជាតិ ចែករំលែកនូវគន្លឹះជោគជ័យ និងការស្វែងរកដៃគូពង្រីកអាជីវកម្ម

2025/11/03 03:26:42 pm        201
ភ្នំពេញ៖ ធុរកិច្ចជាតិនិងអន្តរជាតិល្បីៗ ចែករំលែកនូវបទពិសោធន៍ និងបង្ហាញនូវគន្លឹះភាពជោគជ័យលើវិស័យការងារ អាជីវកម្ម និង ពាណិជ្ជកម្មដល់សហគ្រិនក្នុងស្រុក ជាពិសេសការជំរុញពង្រឹងនិងពង្រីកទំនាក់ទំនង ការផ្គូផ្គង់ពាណិជ្ជកម្ម នៃការធ្វើធុរកិច្ចបណ្តា ប្រទេសក្នុងអាស៊ានឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។​ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងនៅក្នុងជំនួបធុរកិច្ចវិស័យឯកជនរវាងសហគ្រិន កម្ពុជា សឹង្ហបុរី និងមីយ៉ាម៉ាឆ្នាំ២០២៥ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ជុំវិញការធ្វើពាណិជ្ជកម្ម និងវិនិយោគ, សមាគមបាន យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ធុរកិច្ចដែលជាសមាជិក តាមរយៈការបណ្តុះបណ្តាលជំនាញ ការស្វែងរកទីផ្សារ និងការចាប់ដៃគូរ អាជីវកម្មជាដើម ដែលជាគោលដៅសំខាន់ ជំរុញដល់កិច្ចដំណើរការអាជីវកម្មរបស់ពួកគាត់ ក្នុងនោះប្រសិនអាជីវកម្មដំណើរការ ប្រកបដោយជោគជ័យ មិនត្រឹមជួយបង្កើតប្រាក់ចំណូលដល់ពួកគាត់ប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារជូនប្រជាពលរដ្ឋ ជាពិសេស ការចូលរួមក្នុងសេដ្ឋកិច្ចជាតិផងដែរ។ឯកឧត្តមបណ្ឌិត បន្តថា ជុំវិញបញ្ហានេះ សមាគមបានបង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធជាច្រើន ទាំងជាតិ និងអន្តរជាតិ ក្នុងគោលដៅបង្ហាញពីសក្តានុពលគ្នាទៅវិញទៅមក ទាំងផ្នែកពាណិជ្ជកម្ម និងការវិនិយោគ ជាក់ស្តែងការរៀបចំជំនួប ជំនួបធុរកិច្ចរវាងកម្ពុជា-សឹង្ហបុរី-មីយ៉ាម៉ា នៅពេលនេះ នឹងជួយដល់សហគ្រិននៃបណ្តាប្រទេសទាំងបី បានចែករំលែកនូវបទពិសោធន៍ និងបង្ហាញគន្លឹះអំពីភាពជោគជ័យលើវិស័យការងារ អាជីវកម្ម និងពាណិជ្ជកម្មបន្ថែម ការស្វែងដៃគូពាណិជ្ជកម្ម និងវិឱកាសនិយោគ ផងដែរ, ជាពិសេសការបង្កើតនូវកិច្ចសហប្រតិបត្តិការ ជំរុញនាំចេញទំនិញរបស់កម្ពុជា ទៅកាន់បណ្តាប្រទេសទាំងនេះបន្ថែម ដើម្បី ជំរុញការធ្វើពាណិជ្ជកម្មរបស់កម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត។ក្នុងជំនួបធុរកិច្ចនេះដែរ, លោកបណ្ឌិត Soe Hein ស្ថាបនិក និងជាសាកលវិទ្យាធិការនៃ IMU University Edtech ប្រទេសភូមា បានធ្វើការចែករំលែកនូវចំណេះដឹង និងជំនាញមួយចំនួន ដល់សហគ្រិនក្នុងស្រុកផងដែរដូចជា ចំណេះដឹងទូទៅ និង វិស័យបច្ចេកវិទ្យាជាដើម ។ លោកបណ្ឌិត លើកឡើងបន្ថែម ចំណែកទាក់ទងវិស័យបច្ចេកវិទ្យាឌីថលវិញ ឃើញថា ពិភពលោក បាន កំពុងបង្កើតផែនការសកម្មភាពបង្រៀនដល់សិស្ស និស្សិត លើភាវូបនីកម្មរីកចម្រើនផ្នែកបច្ចេកវិទ្យា និងប្រទេសនីមួយៗក៏បានបង្កើត នូវកម្មវិធីជាច្រើន ទាំងការចងក្រងជាសៀវភៅ ការដាក់ចូលទៅកាន់ផេក វេបសាយ ឬឆានែល ផ្សេងៗដូចជា នៅក្នុង Youtube ឬ Google ជាដើម ដែលសុទ្ធសឹងជាមូលដ្ឋានសម្រាប់អ្នកសិក្សាស្រាវជ្រាវ ជាពិសេសសហគ្រិន អាចស្វែងរកកម្មវិធីដែលជាតម្រូវការ វាអាចក្លាយជាផ្លូវដ៏សំខាន់នាំឱ្យយើងបានជោគជ័យ។ចំណែកបណ្ឌិត Jonathon Chua នាយកប្រតិបត្តិនៃការតភ្ជាប់អាជីវកម្មអាស៊ី មកពីប្រទេសសឹង្ហបុរី បានធ្វើការចែករំលែកនូវ បទពិសោធន៍មួយចំនួន និងបង្ហាញគន្លឹះអំពីភាពជោគជ័យលើវិស័យការងារ ជាពិសេសការធ្វើអាជីវកម្ម និងពាណិជ្ជកម្មដល់ សហគ្រិនក្នុងស្រុក និងសហគ្រិនមកពីបណ្តាប្រទេសអាស៊ានមួយចំនួន ដើម្បីចាប់យកឱកាសពង្រឹង និងពង្រីកខ្សែច្រវាក់ផលិតកម្ម ការផ្គត់ផ្គង់ទំនិញលើទីផ្សារ ការពង្រីកលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ទៅកាន់ប្រទេសក្នុងតំបន់ និងទៅកាន់ពិភពលោក ផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
06/06/2026 06:06 PM
ឯកអគ្គរដ្ឋទូត៖ ប៉ាគីស្ថាននៅតែរក្សាទំនាក់ទំនងជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ីរ៉ង់
06/06/2026 04:06 PM
CENTCOM៖ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ដែលបាញ់ឆ្ពោះទៅប្រទេសកូវ៉ែត និងបារ៉ែន
06/06/2026 04:06 PM
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
06/06/2026 04:06 PM
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
06/06/2026 04:06 PM
លោក PUTIN៖ រុស្ស៊ីនឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ នៅពេលស្ថានការណ៍ស្ងប់ស្ងាត់
06/06/2026 04:06 PM
សារព័ត៌មាន Politico ៖ ប្រទេសណាតូកំពុងពិភាក្សាអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
06/06/2026 03:06 PM
អៀរឡង់ដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូបមិនឲ្យចូលប្រទេសនេះ
06/06/2026 03:06 PM
ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM