ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់

ព័ត៌មានជាតិ

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវពលរដ្ឋចូលរួម​បង្ការ និង​ទប់​ស្កាត់​​គ្រោះថ្នាក់ចរាចរណ៍ តាមវិធានការ ១០ចំណុច ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​

2025/11/03 03:10:05 pm        448
ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស​ឈប់​សម្រាក​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់​ថ្ងៃ​ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាន​អំពាវ​នាវ​ដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តា​ខិតខំ​យក​ចិត្ត​ទុក​ដាក់​បង្កើន​ស្មារតី​ចូល​រួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បើកបរយានយន្ត តាមវិធានការ ១០ ចំណុច។វិធានការ បង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទាំង ១០ចំណុច នោះមានដូចខាងក្រោម៖១. មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។២. មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀនជាដាច់ខាត។៣. មិនត្រូវបត់ ឬ វ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរសព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។ ៤. មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត។៥. មិនត្រូវផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវ ផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។ ៦. ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។ ៧. ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ។ ៨. ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត។ ៩. ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាចាំបាច់ ពិសេសត្រួតពិនិត្យកង់ ចង្កូត ប្រាំង ភ្លើងបំភ្លឺ។ល។ មុនចេញដំណើរ។១០. ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌ និងការយោគយល់អធ្យាស្រ័យ។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សង្ឃឹមជឿជាក់លើអ្នកប្រើប្រាស់ផ្លូវគ្រប់រូបនឹងចូលរួមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមសេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវ សុវត្ថិភាព ក្នុងឱកាសឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ និងជានិច្ចកាលគ្រប់ពេលធ្វើដំណើរ សំដៅធានាឱ្យមានសណ្តាប់ធ្នាប់ សុខសុវត្ថិភាព សុភមង្គល ជីវភាពរុងរឿងស្រប តាមឆន្ទៈដ៏មុះមុតបស់រាជរដ្ឋាភិបាលក្នុងសម្រាលទុក្ខលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមគ្រប់រូបភាព ជាមួយនិងការពាររក្សាអធិបតេយ្យភាពទឹកដី និងសុខសន្តិភាពប្រកបដោយចីរភាព៕

កម្ពុជាចូលរួមក្នុងកិច្ចប្រជុំអង្គការបញ្ឈប់ជំងឺរបេងនៅហ្វីលីពីន ផ្ដោតលើ៦ចំណុចសំខាន់

2025/11/03 02:49:36 pm        143
ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​លើកទី៣៩ នៃក្រុមប្រឹក្សាភិបាល របស់អង្គការបញ្ឈប់ជំងឺរបេង ( 39th Stop TB Partnership Board Meeting ) ដែលបានប្រព្រឺត្តទៅ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង ចូលរួមកិច្ចប្រជុំខាងលើ ចាប់ពីថ្ងៃទី២៨ ដល់ទី៣០ ខែតុលា ឆ្នាំ​២០២៥ ដោយកិច្ចប្រជុំបានផ្តោតសំខាន់ចំណុចសំខាន់មួយចំនួនរួមមាន៖ ១. ពិនិត្យ​មើល​ស្ថាន​ភាព​នៃ​ជំងឺរបេងពិភពលោក រាប់ទាំងទិន្នន័យចុងក្រោយ ព្រមទាំងសង្កត់ធ្ងន់​លើ​សកម្ម​ភាព​ជា​បន្ទាន់ ដើម្បីដោះស្រាយបញ្ហា, ២. ផ្តល់ព័ត៌មានដល់សមាជិក នៃក្រុមប្រឹក្សាភិបាល របស់​អង្គការ ​Stop TB Partnership និងអ្នកចូលរួមអំពីបញ្ហាប្រឈម ដើម្បីបញ្ចប់ជំងឺរបេង នៅ​ឆ្នាំ​២០៣០​, ៣. ពិភាក្សាអំពីកិច្ចប្រឹងប្រែង និងសកម្មភាពចាំបាច់ សម្រាប់រយៈពេលនៅសល់ ៥ឆ្នាំ​ទៀត ដើម្បីសម្រេចបានគោលដៅ បញ្ចប់ជំងឺរបេង នៅឆ្នាំ២០៣០ និងរៀបចំផែនការ ដើម្បី​កំណត់​គោល​ដៅ ឆ្នាំ២០៣៥, ៤. ពិភាក្សាពីស្ថានភាពធនធានថវិកា ពិសេសនៅ​បណ្តា​ប្រទេស​ដែល​មាន​បន្ទុក​ជំងឺរបេងធ្ងន់ធ្ងរ និងរិះរកមធ្យោបាយ ដើម្បីបង្កើនថវិកា សម្រាប់បញ្ចប់ជំងឺរបេង, ៥. ពិនិត្យពិភាក្សាលើយុទ្ធសាស្ត្របញ្ចប់ជំងឺរបេង ក្នុងបរិបទនៃសុខភាពសកល ( Global Health) សម្រាប់អង្គការ Stop TB Partnership និង ៦. ដាក់ចេញនូវ​ផែន​ការ​សកម្ម​ភាព​ជា​យុទ្ធសាស្ត្រ សម្រាប់ឆ្នាំ ២០២៦ និងឆ្នាំបន្ត។គួរបញ្ជាក់ថា កិច្ចប្រជុំនេះ រៀបចំដោយអង្គការ Stop TB Partnership សហការជាមួយ ក្រសួង​សុខាភិបាល នៃប្រទេសហ្វីលីពីន និងធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានការចូលរួមពី ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់ នៃប្រតិភូសុខាភិបាល ប្រធាន អនុប្រធាន និងសមាជិក សមាជិកា នៃក្រុម​ប្រឹក្សា​ភិបាល​របស់អង្គការ Stop TB Partnership តំណាងអង្គការ WHO តំណាង​អង្គការ​មូល​និធិ​សកល​ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី និងតំណាងដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ អង្គការ​ក្រៅ​រដ្ឋាភិបាល អង្គការសង្គមស៊ីវិល អ្នកជំនាញឯកទេស និងអ្នកពាក់ព័ន្ធ​ព្រម​ទាំង​តំណាង​មក​ពី​ភាគី​ពាក់​ព័ន្ធ​ដទៃទៀត មកពីប្រទេសចំនួន ៤៧ ជុំវិញពិភពលោក សរុបមានចំនួន ១៨០រូប៕

ក្រុមគ្រូពេទ្យខេត្តកោះកុង ចុះបេសកម្មពិនិត្យព្យាបាលជំងឺទូទៅ អប់រំសុខភាពមាត់ធ្មេញ​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំថ្មដូនពៅ

2025/11/03 02:38:09 pm        211
ក្រុមគ្រូពេទ្យនៃមន្ទីរបង្អែកខេត្តកោះកុង នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ចុះបេសកម្ម​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ អប់រំសុខភាពមាត់ធ្មេញជូនប្រជាពលរដ្ឋនៅឃុំថ្មដូនពៅ ស្រុកថ្មបាំង។លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឲ្យដឹងថា រៀង​រាល់​១​ត្រី​មាស​ម្តង មន្ទីរពេទ្យរបស់លោក តែងមានបេសកម្មចុះត្រួតពិនិត្យព្យាបាលជំងឺទូទៅ អប់រំ​សុខភាព​ធ្មេញ​នៅ​តាមសហគមន៍ជូនពលរដ្ឋ។លោកវេជ្ជបណ្ឌិត បានបន្តថា ក្រៅពីការពិនិត្យព្យាបាលជំងឺ និងអប់រំសុខភាព ក្រុមគ្រូពេទ្យ​ស្រាវ​ជ្រាវ​ពី​ជំងឺ​ដែល​ប្រជាពលរដ្ឋកំពុងកើតមាន និងពង្រឹងប្រព័ន្ធ​បញ្ជូន​អ្នក​ជំងឺ​មក​កាន់​មន្ទីរ​ពេទ្យ​ខេត្ត​បាន​ឆាប់​រហ័ស។លោក ទិត្យ ប៉ុក និងអ្នកស្រី អុឹម សុខា ជាប្រជាពលរដ្ឋរស់នៅឃុំថ្មដូនពៅ បានចាត់ទុកថា បេសក​កម្មចុះពិនិត្យព្យាបាល និងអប់រំសុខភាពរបស់ក្រុមគ្រូពេទ្យនៅពេលនេះ ពិតជា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់ដែលនៅឆ្ងាយដាច់ស្រយោល។ពលរដ្ឋ បានបន្ថែមទៀតថា ពួកគាត់មិនចំណាយថវិកា និងពេលវេលា​ធ្វើ​ដំណើរ​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែ​កខេត្ត ហើយអាចព្យាបាលជំងឺបានដោយសុវត្ថិភាពផងដែរ។ ពលរដ្ឋឃុំថ្មដូនពៅ ក៏​សូម​អរគុណដល់ក្រុមគ្រូពេទ្យខេត្តដែលបានយកចិត្តដាក់ខ្ពស់លើការអប់រំសុខភាព និង​ព្យាបាល​ជំងឺ​ទូទៅ​ជូន​ដល់ពួកគាត់ឥតគិតថ្លៃ៕ អត្តបទ៖ ឈឹម មករា

មនី្ទរពេទ្យកាល់ម៉ែត បើកសិក្ខាសាលាស្តីពីការវះកាត់ជំងឺក្រពេញប្រូស្តាតរីកធំ និងដុំសាច់ប្លោកនោម ដោយបច្ចេកទេសឡាស៊ែ Holmium និងជំងឺវិបត្តិផ្លូវភេទ

2025/11/03 02:32:44 pm        178
ភ្នំពេញ ៖ មន្ទីរពេទ្យកាល់ម៉ែត ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយសមាគមវះកាត់ប្រព័ន្ធទឹកម៉ូត្រ នៃសាធារណៈរដ្ឋបារាំង(AFU) បានរៀបចំបើកសិក្ខាសាលាស្តីពីការវះកាត់ជំងឺក្រពេញប្រូស្តាតរីកធំ និងដុំសាច់ប្លោកនោម ដោយបច្ចេកទេសឡាស៊ែ Holmium និងជំងឺវិបត្តិផ្លូវភេទ, នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលសន្នីសីទ ជាន់ទី៨ នៃអគារតេជោសន្តិភាព។​សិក្ខាសាលាខាងលើនេះ ក្រោមវត្តមានឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត នៃក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ Richard Mallet អនុប្រធានសមាគមវះកាត់ប្រព័ន្ធទឹកម៉ូត្រ នៃសាធារណៈរដ្ឋបារាំង លោកស្រីសាស្រ្តាចារ្យ Gabrielle Mallet តំណាងរបស់សមាគមវះកាត់ប្រព័ន្ធទឹកម៉ូត្រនៃសាធារណៈរដ្ឋបារាំង និងឯកឧត្តម លោកជំទាវ អគ្គនាយករង ទីប្រឹក្សាអមថ្នាក់ដឹកនាំ លោក លោកសី្រ ប្រធានផ្នែក វេជ្ជបណ្ឌិតឯកទេស នាយសាល និងជំនួយការ និងនិស្សិតDES។ឯកឧត្តមសាស្រ្តាចារ្យ អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត បានថ្លែងថា ប្រទេសកម្ពុជា គ្រោងនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូល Francophonie (ហ្វ្រង់កូហ្វូននី) លើកទី២០  វត្តមានរបស់លោកសាស្ត្រាចារ្យនាពេលនេះ មិនត្រឹមតែបានបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងស្ថាប័នទាំងពីររបស់យើងនូវឆន្ទៈរួមគ្នារបស់អ្នកជំនាញក្នុងផ្នែកវេជ្ជសាស្ត្រដើម្បីអភិវឌ្ឍទាំងធនធានមនុស្ស និងបច្ចេកទេសទំនើបចុងក្រោយ ជាពិសេសការវះកាត់ដោយការឆ្កៀលដុំសាច់ប្រូស្តាត និងដុំរបស់ប្លោកនោម ដោយបច្ចេកទេសឡាស៊ែ Holmium នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែវាគឺជាការបង្ហាញពីចំណងមិត្តភាពរឹងមាំដ៏យូរអង្វែងរវាងប្រទេសបារាំង និងកម្ពុជាផងដែរ។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចំពោះការបន្តគាំទ្រដល់ការអភិវឌ្ឍន៍ផ្នែកថែទាំឯកទេសនៅក្នុងវិស័យសុខាភិបាល ជាពិសេសការជួយសម្របសម្រួលអញ្ជើញ និងការធ្វើទស្សនកិច្ច របស់សាស្ត្រាចារ្យ Richard Mallet នៅប្រទេសកម្ពុជា។ តាមរយៈសិក្ខាសាលាបែបវិទ្យាសាស្ត្រនេះ ជាឱកាសសម្រាប់ការចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ ការថែទាំ និងព្យាបាលដល់អ្នកជំនាញគ្រប់រូប ដើម្បីបង្កើនគុណភាពសេវាសុខាភិបាលឱ្យកាន់តែឈានទៅកម្រិតខ្ពស់បន្ថែមទៀត។ នេះជាជំហានថ្មីមួយទៀតនៅក្នុងដំណើរការកសាងសមត្ថភាពរបស់មន្ទីរពេទ្យកាល់ម៉ែត ក៏ដូចជាមន្ទីរពេទ្យថ្នាក់ជាតិ និងតាមបណ្តាខេត្ត នៅក្នុងផ្នែកឯកទេសUrologie ដូចជាការវះកាត់ laparoscopic និង robotic prostatectomy និង holmium laser enucleation (HoLEP) ដែលសុទ្ធតែជាបច្ចេកទេសដ៏ទំនើប និងពេញនិយមបំផុត ហើយយើងទាំងអស់គ្នាចង់ឃើញអ្នកជំនាញរបស់យើងប្រើប្រាស់វាឱ្យបានពេញលេញនៅក្នុងប្រទេសរបស់យើង និងបម្រើសេវាជូនតាមតម្រូវការឯកទេសថ្មីៗខាងលើប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមសាស្រ្តាចារ្យ បានបញ្ជាក់ផងដែរថា មន្ទីរពេទ្យកាល់ម៉ែត តែងប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នូវស្មារតីការងារជាក្រុមរវាងអ្នកជំនាញគ្រប់ឯកទេស សម្រាប់គ្រប់ករណីជំងឺស្មុគស្មាញនានា ដែលក្នុងនោះក៏រួមមានករណីក្រពេញប្រូស្តាតរីកធំ និងដុំសាច់ប្លោកនោមផងដែរ។ រាល់ការព្យាបាលដុំសាច់ក្រពេញប្រូស្តាត និងដុំសាច់ប្លោកនោម ត្រូវបានលើកយកមកពិភាក្សារៀងរាល់ថ្ងៃពុធ ក្នុងអំឡុងពេលកិច្ចប្រជុំពិគ្រោះយោបល់ពហុជំនាញរបស់យើង (MDT) ដោយប្រមូលផ្តុំអ្នកជំនាញខាង Urologist, Oncologist, Radiologist និង Pathologists។ ការងារជាក្រុមនេះអនុញ្ញាតឱ្យយើងផ្តល់ឱ្យអ្នកជំងឺរបស់យើងនូវវិធីសាស្រ្តព្យាបាលសមស្រប ដោយផ្អែកលើពិធីសារអន្តរជាតិ និងបទពិសោធន៍រួម។ យើងគាំទ្រយ៉ាងពេញទំហឹង ក្នុងការបន្តលើកកម្ពស់គុណភាពនៃការថែទាំ ព្យាបាល ការបណ្តុះបណ្តាល អ្នកជំនាញថែទាំសុខភាព និងការរួមបញ្ចូលនូវបច្ចេកវិទ្យាទំនើបៗ ដើម្បីបម្រើជូនអ្នកជំងឺរបស់យើង។ កិច្ចការនេះអាចសម្រេចទៅបាន លុះត្រាតែមានការសិក្សាស្រាវជ្រាវ និងការគាំទ្រពីដៃគូបច្ចេកទេសកម្រិតជាតិ និងអន្តរជាតិដូចជាលោកសាស្រ្តាចារ្យ Richard Mallet និង Gabrielle Mallet ជាដើម៕អត្ថបទ រដ្ឋា 

ក្រសួងអប់រំ៖ សាលារៀនចំនួន១០ នៅព្រំដែនកម្ពុជា-ថៃ ពុំទាន់អាចបើកដំណើរការ​បានទេ​សម្រាប់​បវេសនកាល​ឆ្នាំថ្មី

2025/11/03 02:19:32 pm        360
ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សាលារៀនចំនួន១០ នៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ ពុំទាន់អាចបើកដំណើរការនាពេលនេះបានទេ ដោយសារសាលារៀនទាំងនោះ រង​ការ​បំផ្លិច​បំផ្លាញខ្លាំង ពីការផ្ទុះអាវុធក្នុងជម្លោះព្រំដែន និងត្រូវមានការ​បោស​សម្អាត​មីន​ ដើម្បី​សុវត្ថិភាព​ជា​មុនសិន។បវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ បានចាប់ផ្ដើមនៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥។ គ្រឹះ​ស្ថានសិ​ក្សាសាធារណៈ ក៏បានចាប់ផ្ដើមដំណើរការសិក្សាជាថ្មី ក្នុងការបង្រៀន​ផ្ដល់​ចំណេះ​ដឹ​ង​ដល់​សិស្ស។ ស្របពេលដែលសាលារៀនទូទាំងប្រទេសកំពុងដំណើរការសិក្សានេះ ក៏មាន​សាលា​រៀន​ចំនួន ១០ នៅតាមបណ្ដោយព្រំដែន បន្តបិទទ្វាមិនអាចដំណើរការ។ សាលារៀនទាំង ១០​នោះ មានសាលារៀនចំនួន៧ស្ថិតនៅខេត្តឧត្តរមានជ័យ និងសាលាចំនួន ៣នៅខេត្តព្រះវិហារ។លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវន និងកីឡា បញ្ជាក់ថា ការ​មិន​ទាន់​អាច​បើក​ដំណើរ​ការ​បាន​នេះ ដោយសារសាលារៀនទាំង ១០ នោះ រងការបំផ្លាញខ្លាំង ពីការផ្ទុះ​អាវុធ​ក្នុង​ជម្លោះ​ព្រំដែន​កន្លងទៅ។ ក្រៅពីហេតុអាគារសិក្សាត្រូវបានបំផ្លិចបំផ្លាញទាមទារការជួសជុល ការ​សាង​សង់​ជា​ថ្មី សាលារៀនទាំងនោះ ក៏តម្រូវការឱ្យមាន​ការ​បោស​សម្អាត​អាវុធ​ជាតិ​ផ្ទុះ​ជា​មុន​សិន​ផង​ដែរ ដើម្បីសុវត្ថិភាព។ជាដំណោះស្រាយចំពោះមុខ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់​ចេញ​ឱ្យ​មាន​ការ​បង្រៀន​ជា​បណ្ដុំ​សិន​ ក្នុងពេលបច្ចុប្បន្ន ក្រោមការគាំទ្រពីអាជ្ញាធរ។នៅក្នុងថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី កន្លងទៅនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានអញ្ជើញចូលរួម លើកទឹកចិត្ត និង​នាំ​យក​អំណោយ​ជា​សម្ភារសិក្សាមួយចំនួន ជូនសិស្សនៅសាលារៀន ស្ថិតនៅខេត្តឧត្តរមានជ័យ ជា​ទីតាំង​ដែល​រងការប៉ះពាល់ដោយសារបញ្ហាជម្លោះព្រំដែនផងដែរ៕ អត្ថបទ៖ គឹម ហុក

គណៈកម្មការសេដ្ឋកិច្ចរដ្ឋសភា ប្រជុំផ្ទៃក្នុងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ចំនួន៣

2025/11/03 02:07:25 pm        50
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃរដ្ឋសភា នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ចំនួន៣ នៅវិមានរដ្ឋសភា។កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន លោកជំទាវ លេខាធិការ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា និងមន្រ្តីជំនួយការគណៈកម្មការ។ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា កិច្ចប្រជុំផ្ទៃក្នុងនាថ្ងៃនេះដើម្បីពិនិត្យលើរបៀបវារៈចំនួន៣ រួមមាន៖១-ពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។២-ពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។៣-ពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៣/១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។៣/២-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វ៊ីលីពីន ស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។៣/៣-ពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ។សូមជម្រាបថា ក្រោយពីគណៈកម្មការប្រជុំពិនិត្យពិភាក្សាចប់គណៈកម្មការបានឯកភាពគ្នាដោយរក្សាទុ កខ្លឹមសារដើមទាំងស្រុងដោយគ្រាន់ តែកែសម្រួលអក្ខរាវិរុទ្ធមួយចំនួនតែប៉ុណ្ណោះ។ គណៈកម្មការនឹងអញ្ជើញតំណាងរដ្ឋាភិបាលមកបំភ្លឺនៅចំណុចមួយចំនួនជាមួយគណៈកម្មការ និងអន្តរគណៈកម្មការនាពេលខាងមុខ មុនធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភាវិញ៕

គណៈកម្មការទី៥ រដ្ឋសភា ប្រជុំពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ចំនួន៣ ទាក់ទង​ការ​លុប​បំបាត់​ការ​យកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ

2025/11/03 01:59:21 pm        145
ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និង​ព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​គណៈកម្មការ ដើម្បីពិនិត្យ និងសិក្សាលើសេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​របៀបវារៈចំនួន៣។របៀបវារៈទាំងបីដែលត្រូវបានលើកយកមកពិភាក្សា រួមមាន៖១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជា ណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណ​រដ្ឋ​ប្រជាធិប​តេយ្យប្រជាមានិតឡាវ ស្តីពីការលុបបំបាត់​ការ​យក​ពន្ធ​ត្រួត​គ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។២- កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល​នៃ​សាធារណ​រដ្ឋ​ហ្វីលីពីន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និង​ការ​បង្ការ​ការ​គេចវេះពន្ធ និងការចៀសវាង ពន្ធ។៣-ពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជ រដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា ​និងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការ​បង្ការ​ការ​កិប​កេង​បន្លំពន្ធពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូល៕

ក្រសួងបរិស្ថានបន្តផ្តល់ជូនធុងសំរាមចំនួន ១៥៤ ធុង ដល់មូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាម ព្រមទាំងសាលាឃុំ-សង្កាត់នៅទូទាំងខេត្តកែប

2025/11/03 01:48:58 pm        134
នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាអធិបតីប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២៥ ក្រោមយុទ្ធនាការ «សម្អាតអនាម័យបរិស្ថាន និងចែកធុងសំរាម» ជូនដល់មូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាម ព្រមទាំងសាលាឃុំ-សង្កាត់នៅទូទាំងខេត្តកែប ចំនួន ១៥៤ធុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន តំណាងរដ្ឋបាលខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរ អង្គភាព ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើននាក់ នៅខេត្តកែប។ ឯកឧត្តម សាបូ អូហ្សាណូ បានថ្លែងថា ក្រសួងបរិស្ថានបានចែកជូនធុងសំរាម ចំនួន ៣ធុងសំរាមដល់គ្រប់សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ហើយការផ្តល់ធុងសំរាមនេះ គឺជាកិច្ចការសំខាន់ដែលអាចអប់រំប្រជាពលរដ្ឋឱ្យចេះទុកដាក់ និងញែកសំរាមតាមប្រភេទសំរាម ក៏ដូចជាជួយផ្តល់លទ្ធភាពឱ្យគ្រួសារដែលពុំមានលទ្ធភាពរកធុងសំរាមបាន អាចកាន់នាំយកសំរាមមកដាក់ក្នុងធុងតាមសាលារៀន មណ្ឌលសុខភាព និងវត្តអារាមបាន ដោយពុំចាំបាច់ចំណាយលើការប្រមូលសំរាមឡើយ និងម្យ៉ាងទៀត ក៏ជាការប្រមូលផ្តុំសំរាមដែលមានតម្លៃសេដ្ឋកិច្ចអាចលក់បាន ហើយជួយកាត់បន្ថយបរិមាណសំរាមយកទៅទុកដាក់នៅទីលាន និងផលប៉ះពាល់ដល់ប្រភពទឹក ព្រមទាំងសមុទ្រដ៏ស្រស់ស្អាតសម្រាប់ភ្ញៀវទេសចរណ៍មកកម្សាន្តផងដែរ។ការប្រារព្ធទិវានេះក្នុងគោលបំណងបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋឱ្យចេះស្រលាញ់ ថែរក្សាបរិស្ថាន និងជាពិសេសធ្វើការសម្អាតអនាម័យបរិស្ថានចេញពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវ ក្នុងការទុកដាក់សំណល់ដោយមិនបោះចោលពាសវាលពាសកាលនៅតាមទីសាធារណៈ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងសំដៅរួមចំណែកបញ្ជ្រាប បំផុសផ្នត់គំនិតសាធារណជនគ្រប់ស្រទាប់វណ្ណៈ ក្នុងការចូលរួមប្រតិបត្តិ ភាពស្អាត បៃតង និងចីរភាព ដោយការសម្អាតអនាម័យបរិស្ថានតាមលំនៅឋាន ទីសាធារណៈ ដោយទុកដាក់សំរាមក្នុងធុងឱ្យបានត្រឹមត្រូវ និងដាំដើមឈើដើម្បីភាពបៃតងស្រស់ប្រកបដាយផាសុខភាព។ក្នុងឱកាសនោះ រដ្ឋបាលខេត្តកែប បានថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំក្រសួងបរិស្ថាន ដែលបានប្រគល់សម្ភារគ្រប់គ្រងសំរាម សំណល់រឹង រួមមានធុងសំរាមក្នុងឱកាសទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា នាឆ្នាំនេះ ជូនដល់សាលារៀន វត្តអារាម មន្ទីរពេទ្យ មណ្ឌលសុខភាព ព្រមទាំងសាលាឃុំ-សង្កាត់ទូទាំងខេត្តកែប ដើម្បីបង្កើនភាពស្អាត និងអនាម័យ កាន់តែទាក់ទាញទេសចរណ៍មកទស្សនាខេត្តកែប ព្រមទាំងការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលជាផ្នែកមួយនៃការផ្លាស់ប្ដូរទម្លាប់ និងការយល់ដឹងរបស់ប្រជាពលរដ្ឋអំពី ភាពស្អាត សុខភាព និងការរស់នៅប្រកបដោយអនាម័យ ការរក្សាទីក្រុង ឬ ភូមិឋានឱ្យស្អាត គឺជាការរួមចំណែករបស់មនុស្សគ្រប់រូប។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀត ក្នុងការរៀបចំឱ្យផ្ទះយើងមានភាពស្អាត និងជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀត បន្តសម្អាតតាមលំនៅឋានរៀងៗខ្លួន ដើម្បីជំរុញឱ្យកម្ពុជា ដែលជាផ្ទះរបស់យើងស្អាត ប្រជាពលរដ្ឋមានសុខភាពល្អ មានបរិស្ថានស្អាត និងការស់នៅប្រកបដោយចីរភាព។ ការបង្កើនភាពស្អាតរបស់ប្រជាពលរដ្ឋនៅតាមផ្ទះ សម្អាតអនាម័យតាមកន្លែងការងារ និងមូលដ្ឋាននានា ជួយបង្កើនសោភ័ណភាព មានអនាម័យ ទាក់ទាញទេសចរណ៍ និងធ្វើឱ្យមានសុខភាពល្អ៕

គ្រួសារអតីតយុទ្ធជនពលី នៅស្រុកប្រាសាទបល្ល័ង្កទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លា​របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិ​ព្រឹទ្ធបណ្ឌិត

2025/11/03 01:44:11 pm        381
កំពង់ធំ៖ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក វណ្ណៈ សោភានិត អភិបាលស្រុក ប្រធានសមាគម​អតីត​យុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកប្រាសាទបល្ល័ង្ក បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ទៅប្រគល់ផ្ទះថ្មី ដែលទើបសាងសង់រួចនៅលើដីកម្មសិទ្ធិ របស់គ្រួសារអតីតយុទ្ធជនពលីដោយសារសង្គ្រាម មានដីតែមានជម្រករស់នៅមិនសមរម្យ នៅភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ លោកយាយ គល់ វួន បានរៀបរាប់ថា ប្ដីរបស់គាត់ឈ្មោះ រិទ្ធ រឿន ធ្លាប់បានបម្រើការនៅអង្គភាពយោធាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយត្រូវបានពលីនៅក្នុងសមរភូមិនិពេជ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ នៅឆ្នាំ១៩៩០ ។ បច្ចុប្បន្នលោកយាយ មានអាយុ ៦៦ ឆ្នាំ មានកូន និងចៅចំនួន ៥នាក់ នៅក្នុងបន្ទុក រស់នៅក្នុងផ្ទះតូចចង្អៀត ដោយប្រកបមុខរបរលក់ឱសថបុរាណបន្តិចបន្តួច និងកូនរបស់គាត់បានចេញទៅស៊ីឈ្នួលគេនៅខេត្តព្រះវិហារ ដើម្បីយកប្រាក់មកជួយដោះស្រាយស្បៀងអាហារហូបចុកប្រចាំថ្ងៃ ។ លោក វណ្ណៈ សោភានិត អភិបាលស្រុក ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានសូមគោរពថ្លៃអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិតពេជ ចន្ទមុន្នី ដែលបានផ្ដល់ផ្ទះមួយខ្នងថ្មីទៀត ជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងមានជីវភាពលំបាកខ្វះខាត និងមានជម្រករស់នៅមិនសមរម្យនៅស្រុកប្រាសាទបល្ល័ង្ក នាពេលនេះ និងសូមគោរពជូនពរសម្ដេច ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា នៅគ្រប់ថ្នាក់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនិងង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទុកជាចំណងដៃ តកូនតចៅ រស់នៅបានសមរម្យជារៀងរហូត ។ នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ និងថវិកាមួយចំនួនទៀត ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ក្រុមគ្រួសារលោកយាយ គល់ វួនសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនៅពេលនេះផងដែ៕

រយៈពេល១០ខែឆ្នាំនេះ កម្ពុជារកចំណូលបានពីរមណីយដ្ឋានអង្គរជាង ៣៥ លានដុល្លារ

2025/11/03 01:41:46 pm        163
ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មានប្រចាំខែរបស់គ្រឹះស្ថានអង្ករ បានអោយដឹងថា ក្នុងរយៈពេល១០ខែមកនេះ គ្រឹះស្ថានអង្គររកចំណូលបានជាង ៣៥លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ឱ្យភ្ញៀវទេសចរអន្តរជាតិជាង៧៦ម៉ឺននាក់។  ក្នុងរបាយការណ៍របស់គ្រឹះស្ថានអង្គរដដែល សម្រាប់ការលក់សំបុត្រចូលទស្សនា ប្រាសាទកោះកែ គិតចាប់ពីខែមករា រហូតដល់ខែតុលា ឆ្នាំ២០២៥ ទទួលបានចំណូលប្រមាណជាង២៣ម៉ឺនដុល្លារ។ ចំណែកចំណូលពីការលក់សំបុត្រទូកវិញ មានជាង១លានដុល្លារ។ ចំពោះស្ថិតិភ្ញៀវទេសចរបរទេសដែលបានទិញសំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ក្នុងខែតុលា មានត្រឹមតែជាង៦ម៉ឺននាក់ប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ មានការថយចុះប្រមាណជាង ១៨ភាគរយ។  សូមបញ្ជាក់ថា ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ រាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកាដែលប្រមូលបានពីវិស័យទេសចរណ៍នេះចូលទៅក្នុងមូលនិធិនៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាជាង១,៥លានដុល្លារ ដើម្បីជួយទ្រទ្រង់ក្នុងមូលនិធិសម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
06/06/2026 06:06 PM
ឯកអគ្គរដ្ឋទូត៖ ប៉ាគីស្ថាននៅតែរក្សាទំនាក់ទំនងជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ីរ៉ង់
06/06/2026 04:06 PM
CENTCOM៖ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ដែលបាញ់ឆ្ពោះទៅប្រទេសកូវ៉ែត និងបារ៉ែន
06/06/2026 04:06 PM
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
06/06/2026 04:06 PM
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
06/06/2026 04:06 PM
លោក PUTIN៖ រុស្ស៊ីនឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ នៅពេលស្ថានការណ៍ស្ងប់ស្ងាត់
06/06/2026 04:06 PM
សារព័ត៌មាន Politico ៖ ប្រទេសណាតូកំពុងពិភាក្សាអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
06/06/2026 03:06 PM
អៀរឡង់ដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូបមិនឲ្យចូលប្រទេសនេះ
06/06/2026 03:06 PM
ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM