ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់

ព័ត៌មានជាតិ

ជនជាតិវៀតណាមសរុប ៣៤នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា តាម​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត ខេត្តស្វាយរៀង

2025/11/03 01:11:48 pm        300
នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តម​សេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៣៤នាក់ (ស្រី៣នាក់) ចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធ​ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (Online Scams)។ ក្នុងនោះដែរ នាយក​ដ្ឋាន​ស៊ើប​អង្កេត និងអនុវត្តនីតិវិធី បានទទួលពីនាយកដ្ឋានចារកម្ម នៃអគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ​៕

រដ្ឋមន្រ្ដីក្រសួងធនធានទឹក ដឹកនាំប្រតិភូអន្តរក្រសួង​ចុះពិនិត្យស្ថានភាព​ចំណុច​ប្រសព្វ​រវាងប្រឡាយ ផ្លូវជាតិ ប្រឡាយ និងផ្លូវក្រវ៉ាត់ក្រុង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និង​ខេត្តកណ្តាល

2025/11/03 01:06:40 pm        279
នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ និងខេត្តកណ្តាល បានអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួង ដើម្បីចុះពិនិត្យរួមគ្នាស្ថានភាពចំណុចប្រសព្វរវាងប្រឡាយនិងផ្លូវជាតិ និង ប្រឡាយ និងផ្លូវក្រវ៉ាត់ក្រុង ដែលបង្កជាឧបសគ្គដល់រំហូរទឹក ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល។សូមជម្រាបថា ការចុះពិនិត្យការងាររួមគ្នានាពេលនេះ មានវត្តមានចូលរួមពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារអន្តរក្រសួង បានអញ្ជើញចុះពិនិត្យជាក់ស្តែងនៅតាមទីតាំងចំនួនបី គឺ ទី១)ទីតាំងឆ្លងកាត់ផ្លូវរថភ្លើងទល់មុខប្រឡាយតាហោ ស្ថិតក្នុងសង្កាត់ភ្លើងឆេះរទេះ ទី២)ទីតាំងប្រឡាយជើងឯកប្រសព្វផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ពងទឹក និង ទី៣)ទីតាំងឆ្លងផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវព្រៃស៕ 

អ្នកជំនាញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្ម កម្ពុជា-អាមេរិក នឹងបង្កើនទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​កាន់​តែ​ខ្លាំង​ជាងមុន

2025/11/03 12:58:43 pm        502
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច មើលឃើញថា ក្រោយកម្ពុជា និងអាមេរិក​បាន​ចុះ​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មពន្ធបដិការជាមួយគ្នាកាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅ ក្រោម​អធិប​តី​ភា​ពស​ម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងឯកឧត្តម ដូណាល់ ត្រាំ ប្រធានា​ធិបតី​អាមេរិក​ធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្ម កាទូត ឬឈានដល់ទំនាក់ទំនងផ្នែកយោធា រវាង​ប្រទេ​ស​ទាំងពីរអាចនឹងមានសន្ទុះងើបឡើងវិញរឹតតែខ្លាំង ជា​ពិសេស​ការ​នាំ​ចេញ​នាំ​ចូល​ទំនិញ​សក្ដា​នុពលបានបន្ទាប់អត្រាពន្ធបដិការសូន្យភាគរយរវាងប្រទេសទាំងពីរ។ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានមើឃើញថា តាមរយៈ កិច្ច​ព្រម​ព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិក​កាល​ពី​ពេល​ថ្មី​ៗ​នេះ​កម្ពុជា​បាន​ទម្លាក់​អត្រា​នាំ​ចូល​ទំនិញអាមេរិករហូតដល់សូន្យភាគរយលើមុខទំនិញមួយចំនួនដូចជាកសិកម្ម ឧស្សាហកម្ម និង​ចំណី​អាហារជាដើម, ប៉ុន្ដែជាមួយគ្នានេះ អាមេរិក​ក៏​បាន​ទម្លាក់​អត្រា​ពន្ធ​បដិការ​រហូត​ដល់​សូន្យ​ភាគ​រយ​ដល់កម្ពុជាវិញផងដែរ មានដូចជា ប្រភេទទំនិញ លើផលិតផលវាយនភណ្ឌ ដែល​មាន​វត្ថុ​ធាតុ​ដើម​នៅកម្ពុជា (Organic) ក្រណាត់សេរីរាង្គ, ឬក្រណាត់កាតុង, ក្រណាត់សូត្រ និង​ក្រណាត់​បែប​ប្រពៃណី, បន្ទះសូឡា ឬបន្ទះពន្លឺព្រះអាទិត្យ, ទំនិញកសិកម្មសិរីរាង្គ, គ្រឿង​សង្ហា​រិម​ធ្វើ​អំពី​ឈើ និងទំនិញប្រភេទគ្រឿងវិចខ្ចប់ឬក្រដាស ដែលអាចរលាយទៅវិញបាន។ ចំណែក ឯកឧត្តមបណ្ឌិត សោ សុន្ទរ៍ធារី អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និង​ជា​សាស្រ្ដា​ចារ្យជំនាញសេដ្ឋកិច្ច បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក​មាន​តាំង​ពី​ទសវត្ស​រ៍​ឆ្នាំ១៩៥០ ទាំងទំនាក់ទំនងកាទូត និងពាណិជ្ជកម្ម, ហើយទំនាក់​ទំន​ង​ប្រទេស​ទាំង​ពីរ​បាន​ឈានដល់ដំណាក់កាលថ្មីមួយក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្រ្ដី​នៃ​កម្ពុជា​ ពិសេសតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗរវាងប្រទេសទាំងពីរ យើង​មាន​សុទិដ្ឋិនិយម និងសង្ឃឹមលើការពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងកាទូត​បន្ថែ​ម​ទៀត​រវាង​ប្រទេសទាំងពីរ។សូមជម្រាបថា មកដល់ពេលនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិក កំពុង​បន្ត​មាន​ការ​រីក​ចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ, ជាក់ស្ដែងរយៈពេល ៩ខែឆ្នាំ២០២៥នេះ ទំហំ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា និងអាមេរិក កើនឡើងរហូតទៅដល់ ៨.៣ ពាន់លានដុល្លារ ក្នុងនោះ​កម្ពុជា​នាំ​ចេញ​ទៅ​អាមេរិកមានរហូតទៅដល់ ៧.៩ ពាន់លានដុល្លារ ចំណែកអាមេរិក​នាំចូល​មក​កម្ពុជា​វិញ​មាន​ប្រមាណ ​៤០០ លានដុល្លារ, ចំនួននេះបើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០២៤ ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​រវាង​កម្ពុជា និងអាមេរិកមានការកើនឡើង ៥.១ ភាគរយ៕ 

ទូក-ង សារ៉ាយតេជោសែនជ័យ ទាក់ចិត្តភ្ញៀវទេសចរជាខ្លាំងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ

2025/11/03 12:14:03 pm        341
ដើម្បីអបអរក្នុងការប្រារព្ធពិធីនៃវប្បធម៌ខ្មែរ ដោយ​រួម​បញ្ចូល​គ្នានូ​វ​ភាព​ទាក់​ទាញ​បែប​ប្រពៃណី​ទំនើប​អំពី​តំណាល នៃពិធីបុណ្យអុំទូក អាកាសយានដ្ឋានអន្តរជាតិតេជោបានដាក់តាំងបង្ហាញ ទូក ង ឈ្មោះថា “សារាយតេជោសែនជ័យ” ដើម្បីឱ្យភ្ញៀវជាតិ និងអន្តរជាតិ បាន​ទស្សនា និង​ផ្តិត​រូបភាព​ពេលដែលធ្វើដំណើរចេញចូលកម្ពុជា។ជាមួយការដាក់តាំងបង្ហាញ ទូក ង “សារាយតេជោសែនជ័យ” ក្នុងគោល​បំណង​អបអរ​សាទរ​ព្រះរាជពិ​ធី​បុណ្យអំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងឈានមកដល់ ចាប់​ពី​ថ្ងៃទី​៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បាន​ទស្សនា និងអាចឈ្វេងយល់បន្ថែមអំពីសម្រស់ទូក ង របស់ខ្មែរ។ បន្ថែមពីនេះ ដើម្បី​ផ្សព្វ​ផ្សាយ​ប្រពៃណី​វប្បធម៌ទូក ង របស់ខ្មែរទៅកាន់មនុស្សមកពីជុំវិញពិភពលោកផងដែរ។ក្រុមប្រជា​ពលរដ្ឋដែលកំពុងរង់ចាំការហោះហើរទៅទិសដៅផ្សេងៗគ្នា ក្នុងឱកាសឈប់​សម្រាក​ពិធី​បុណ្យ​អុំទូកនេះ បាននិយាយដោយទឹកមុខសប្បាយរីករាយថា ការដាក់តាំងបង្ហាញទូក ង នេះ ពិ​ត​ជាមានសារៈសំខាន់ណាស់ និងមានអារម្មណ៍ថារំភើបផងដែរ ដោយសារមិននឹកស្មានថា កម្ពុជា​អាចធ្វើបានលើគ្រប់វិស័យ និងមានអ្វីដែលជារបស់ខ្លួនឯង ជាពិសេស​មាន​ថ្នាក់​ដឹកនាំ​ដ៏​ល្អ​ប្រកប​ដោយ​ប្រាជ្ញាឈ្លាសវៃ គតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន រហូតមកដល់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ដោយបានដឹកនាំប្រទេសឱ្យមានការរីកចម្រើនដូចសព្វថ្ងៃ និង​មាន​សុខ​សន្តិភាពយ៉ាងពេញលេញ។អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំជាង ២ ៦០០ហិកតា ជា​ប្រភេទ​លំដាប់ 4F ដែលមានសមត្ថភាពទទួលបានការហោះហើរ ពីឆ្ងាយឆ្លង​ទ្វីប​ដោយ​អាច​ឱ្យ​យន្ត​ហោះធុ​ន​ធំរហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន។ ជា​ពិសេស អាចទទួលអ្នកដំណើរឆ្លងកាត់បាន ១៣លាននាក់ ក្នុងមួយឆ្នាំ នៅក្នុងដំណាក់ទី១ ពីឆ្នាំ​២០២៥-២០៣០ និងកើនដល់ ៣០លាននាក់ នៅដំណាក់កាលទី២ ពីឆ្នាំ២០៣០-២០៥០៕ អត្ថបទ៖ ឈិត បូរ៉ាវី

ក្រសួងអភិវឌ្ឍន៍ជនបទ បន្តស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជនបទ ភ្ជាប់ទៅកាន់ទីប្រជុំជន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចពលរដ្ឋ

2025/11/03 12:02:13 pm        321
រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការ បាននឹងកំពុងខិតខំបន្តស្ថាបនាផ្លូវនៅទីជនបទ និងហេដ្ឋារចនាសម្ព័ន្ធជនបទ តភ្ជាប់ទៅកាន់ទីប្រជុំជន និងជួយសម្រួលដល់ប្រជាពលរដ្ឋដឹកនាំកសិផលទៅកាន់ទីផ្សារកាន់តែងាយស្រួល និងឆាប់រហ័សជាមុន ដែលការណ៍នេះ ក៏បានជួយលើកកម្ពស់កម្រិតជីវភាពរបស់ពលរដ្ឋ នៅក្នុងមូលដ្ឋាន ។ ក្នុងឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាស្ពានបេតុង ១កន្លែង ប្រវែង ៤៥ម៉ែត្រ ទទឹង ៨ម៉ែត្រ និងស្ថាបនាផ្លូវបេតុងសងខាងក្បាលស្ពានប្រវែង ១០០ម៉ែត្រ នៅភូមព្រៃប្រស់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ស្ថាបនាដោយនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ដែលដឹកនាំស្ថាបនាដោយឧត្តមសេនីយ៍ទោ នរិន្ទ្រ រិទ្ធ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ខណៈជាយុទ្ធសាស្ត្រអាទិភាពមួយរបស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិទី៧នេះ ចំណោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ។លោកជំទាវបន្តថា មួយវិញទៀត ការសម្រេចទៅបាននូវចក្ខុវិស័យ ឆ្នាំ២០៣០ ពលរដ្ឋមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០៥០ ប្រជាពលរដ្ឋមានចំណូលខ្ពស់ ក៏មិនអាចកាត់ផ្ដាច់បាននូវការកសាងផ្លូវគមនាគមន៍ ហើយផ្លូវជនបទ និងហេដ្ឋារចនាសម្ព័ន្ធជនបទ ក៏ជាចំណែកដ៏សំខាន់ ក្នុងការចូលរួមធ្វើឲ្យសម្រេចបាននូវគោលដៅនេះ ។លោកជំទាវ ឯក គន្ធវារី បានបន្ថែមថា ដូចនេះហើយ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ទើបក្រសួងអភិវឌ្ឍន៍ជនបទក្នុងយុទ្ធសាស្ត្រសំខាន់របស់ខ្លួន ចំពោះការអភិវឌ្ឍផ្លូវជនបទនេះ កំពុងប្រឹងប្រែងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដោយការខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវដីល្បាយក្រួសទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង ។លោកជំទាវអនុរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ និងស្ពាន រួមទាំងអ្នកធ្វើដំណើរពីទីកន្លែងនានា សូមចូលរួមថែទាំ ដើម្បីធានាថាអាចប្រើប្រាស់បានយូរអង្វែង បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងនោះមិនត្រូវសាងសង់ផ្ទះខ្ពស់ជាងផ្លូវ កាយកាប់គាស់ផ្លូវ ជាពិសេសនោះ មិនត្រូវដឹកលើសទម្ងន់ ដែលធ្វើឲ្យផ្លូវឆាប់រងការខូចខាត ៕ អត្ថបទ បាន សុខរិទ្ធិ

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១មេសា ឆ្នាំ​២០២៦​តទៅ

2025/11/03 11:45:13 am        265
ស្ពាន​មិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ដែលជា​ស្ពាន​ឆ្លង​ទន្លេមេគង្គ​ជា​ប្រវត្តិសាស្រ្ត​របស់​ខេត្ត​ក្រចេះ​​នឹង​បើកជូន​ប្រជាពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ ដោយ​មិន​មាន​ការ​បិទ​ចរាចរណ៍​ទៀតទេ។ នេះបើតាម​ការបញ្ជាក់របស់ឯកឧត្ដម ផន រឹម អ្នក​នាំពាក្យ​ក្រសួង​សាធារណ​ការ និង​ដឹកជញ្ជូន។បច្ចុប្បន្នស្ពាននេះ នៅបន្តសាងសង់បញ្ចប់(ការងារគំនូសចរាចរណ៍លើស្ពាន និង​ការ​ងារ​បំពាក់​បង្គោល​បំ​ភ្លឺ​ស្ពាន) ឱ្យបានមុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២៦ខាងមុខ។ដោយឡែក​ ក្រុមហ៊ុនសាងសង់នឹងបន្តការងារសាងសង់ផ្លូវមេតភ្ជាប់ និងផ្លូវខ្នែងបន្តទៀត ឱ្យ​បាន​រួច​រាល់​មុនកិច្ចសន្យា។គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គ​ក្រចេះ​សម្រេច​វឌ្ឍនភាព​សាងសង់៩៨,៣៦% ខណៈដែលគម្រោងទាំងមូលរួមមាន៖ ស្ពានមិត្ត​ភាព​កម្ពុជា​-ចិន មេគង្គក្រចេះ, ផ្លូវតភ្ជាប់ និងហេដ្ឋារចនា​សម្ព័ន្ធ​រណប​មួយចំនួន​ទៀត​សម្រេច​វឌ្ឍន​ភាព​៨៧,៣៩%។គួរបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ មានទីតាំង​ត្រើ​យខាង​កើត​ស្ថិត​នៅ​ត្រង់ភូ​មិ​តា​លុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុក​ព្រែកប្រសព្វ មានមុខកាត់ទទឹងជាង ១៣ម៉ែត្រ មានគន្លង​ផ្លូវ​សម្រាប់​រថយន្ត​ចរាចរណ៍​ចំនួន​២​គន្លង​ទៅ-​មក ,គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន២គន្លងទៅ-មក និងផ្លូវថ្មើរជើងចំនួន ២​គន្លង​ទៅ-​មក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង។ដំណែកផ្លូវ​តភ្ជាប់ប្រវែងជាង ៣២គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាល ស្ពានមានប្រវែងជាង ១៥​គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែងជាង ១៦គីឡូម៉ែត្រ។ ខ្សែ​ផ្លូវទាំងនេះសាងសង់ពង្រីក និងលើកកម្រិតគុណភាពដោយក្រាលបេតុងកៅស៊ូ(AC)កម្រាស់ ៧​សង់​ទីម៉ែត្រដូចគ្នា។ ក្នុងនោះកំណាត់ផ្លូវ៤ខ្សែ ប្រវែងជិត ២៧គីឡូម៉ែត្រ ស្ថាបនា​ពង្រីក​ទទឹង​ចាប់ពី​ ៩ម៉ែត្រ រហូតដល់ ១៣ម៉ែត្រ លើតួផ្លូវចាប់ពី ១១ម៉ែត្រ រហូតដល់ជិត ២០ម៉ែត្រ និង​កំណាត់​ផ្លូវ១ខ្សែ ប្រវែងជាង ៥គីឡូម៉ែត្រ ពង្រីកទទឹង ១៩ម៉ែត្រ លើតួផ្លូវ ៣០ម៉ែត្រ ដោយ​ពុះ​ទ្រូង​ផ្លូវ​នៅ​ចំកណ្តាលធ្វើសួនរុក្ខជាតិបៃតងប្រវែង ៤ម៉ែត្រផងដែរ។ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោម​អាទិភាព​គន្លឹះ​ទាំង​៥ ​"មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា" នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោ​យ​ក្នុង​កិច្ច​ការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការ​បង្កើន​ប្រសិទ្ធ​ភាព​នៃវិ​ស័យដឹកជញ្ជូន និងក៏ជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង និង​ជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋ​ដែល​រស់​នៅ​ត្រើយ​ខាង​លិច ទាំងការតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសាន មកកាន់ទី​ប្រជុំ​ជន​តភ្ជាប់​ពី​ខេត្ត​ក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ នៃបណ្តា​ខេត្ត​ដទៃ​ទៀត​៕

អ្នកជំនាញ៖ ទំនិញសក្ដានុពល៥ប្រភេទកម្ពុជា អាចនាំចេញទៅអាមេរិកក្នុងអត្រាពន្ធសូន្យភាគរយ

2025/11/03 11:29:26 am        210
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានឱ្យដឹងថា ក្រោយកម្ពុជា និងអាមេរិកបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មពន្ធបដិការជាមួយគ្នាកាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ធ្វើឱ្យទំនាក់ទំនាងពាណិជ្ជកម្មរវាងប្រទេសទាំងពីរអាចនឹងមានសន្ទុះងើបឡើងវិញរឹតតែខ្លាំង ក្នុងនោះក៏មានទំនិញសក្ដានុពលចំនួន៥ប្រភេទដែលប្រទេសអាមេរិកបានបន្ទាប់អត្រាពន្ធបដិការសូន្យភាគរយដល់កម្ពុជាក្នុងការនាំចេញទៅកាន់អាមេរិកផងដែរ។ បើតាមលោកបណ្ឌិត ជ័យ តិច ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិកថ្មីនេះ បានបញ្ជាក់ច្បាស់ៗមានដូចជា ប្រភេទទំនិញ វាយនភណ្ឌវត្ថុធាតុដើមនៅកម្ពុជា (Organic) ដូចជាការផលិតទី២ ក្រណាត់សេរីរាង្គ, ឬក្រណាត់កូតុង ក្រណាត់សូត្រ និងក្រណាត់បែបប្រពៃណីខ្មែរជាដើម, ទី២ បន្ទះសូឡា ឬបន្ទះពន្លឺព្រះអាទិត្យ បូករួមទាំងគ្រឿងបង្គំផ្សេងៗ, ទី៣ ប្រភេទទំនិញកសិកម្មសិរីរាង្គ, ទី៤ គ្រឿងសង្ហារឹមធ្វើអំពីឈើ និងទី៥ ទំនិញប្រភេទគ្រឿងវិចខ្ចប់ ឬក្រដាស ដែលអាចរលាយទៅវិញបាន។ សូមជម្រាបថា មកដល់ពេលនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិក កំពុងបន្តមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ, ជាក់ស្ដែងរយៈពេល ៩ខែឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក កើនឡើងរហូតទៅដល់ ៨.៣ ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅអាមេរិកមានរហូតទៅដល់ ៧.៩ ពាន់លានដុល្លារ ចំណែកអាមេរិកនាំចូលមកកម្ពុជាវិញមានប្រមាណ ៤០០ លានដុល្លារ, ចំនួននេះបើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិកមានការកើនឡើង ៥.១ ភាគរយ៕

ក្រុមហ៊ុនលំដាប់អន្តរជាតិនៅក្នុងស្រុកមួយ គ្រោងពង្រីកផលិតកម្មគ្រឿងបន្លាស់រ៉ូតដើម្បីការប្រកួតប្រជែងរបស់កម្ពុជា

2025/11/03 11:10:52 am        132
ប្រធានក្រុមហ៊ុនលំដាប់អន្តរជាតិនដែលកំពុងវិនិយោគនៅក្នុងស្រុក បង្ហាញនូវឆន្ទៈខ្ពស់លើការពិនិត្យ និងសិក្សាស៊ីជម្រៅ អំពីលទ្ធភាពពង្រីកការវិនិយោគ នៃការបង្កើតរោងចក្រផលិតគ្រឿងបន្លាស់រ៉ូត និងផលិតផលផ្សេងទៀតនៅកម្ពុជា នាពេលខាងមុខ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅចុងសប្តាហ៍កន្លងមកនេះ បានដឹកនាំគណៈប្រតិភូកម្ពុជារួមមាន ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, សមាគមឧកញ៉ាកម្ពុជា និងស្ថានអគ្គកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំក្រុងម៉ុងត្រេអាល់ បំពេញទស្សនកិច្ចនៅក្រុមហ៊ុន YKK Canada Inc. ដែលជាក្រុមហ៊ុនផលិតគ្រឿងបង្គុំសំលៀកបំពាក់ (រ៉ូត) ដ៏ល្បីល្បាញលើ ពិភពលោក និងជួបសម្តែងការគួរសម ព្រមទាំងពិភាក្សាការងារជាមួយ លោក Hugues Charbonneau ជាប្រធានក្រុមហ៊ុនផងដែរ។នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសក្តានុពលឧស្សាហកម្មវាយនភ័ណ្ឌកម្ពុជា ដែលឆ្លុះបញ្ចាំង តាមរយៈការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យកាត់ដេរ ស្បែកជើង និងសម្ភារធ្វើដំណើរ ដែលជាបច្ច័យនាំឱ្យមានតម្រូវការខ្ពស់ ចំពោះគ្រឿងបង្គុំដែលមានគុណភាពរូចជា រ៉ូត, ឡេវ ជាដើម។ បន្ថែមពីនោះ ឯកឧត្តមបានលើកឡើងអំពីច្បាប់វិនិយោគ ដែលផ្តល់ ការលើកទឹកចិត្តជាច្រើនដល់ក្រុមហ៊ុនផលិតគ្រឿងបន្លាស់ និងវត្ថុធាតុដើម ដើម្បីមកបណ្តាក់ទុននៅកម្ពុជា និងបានបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុន YKK នៅកម្ពុជា នឹងមិនត្រឹមតែបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនភាព ប្រកួតប្រជែងរបស់កម្ពុជា ក្នុងទីផ្សារនាំចេញសំលៀកបំពាក់ជាសកលផងដែរ។លោក Hugues Charbonneau បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព័ត៌មានលម្អិតដែលបានផ្តល់ជូន និងបាន កោតសរសើរចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបានបញ្ជាក់ថា YKK Canada តែងតែស្វែងរក ឱកាសពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់ដែលមានសក្តានុពល និងបានបង្ហាញឆន្ទៈក្នុងការជំរុញឱ្យមាន ការពិនិត្យនិងសិក្សា ស៊ីជម្រៅ អំពីលទ្ធភាពនៃការវិនិយោគលើការបង្កើតរោងចក្រផលិតគ្រឿងបន្លាស់រ៉ូត និងផលិតផលផ្សេងទៀតរបស់ខ្លួន នៅកម្ពុជានា ពេលខាងមុខ។សូមបញ្ជាក់ថា ចំពោះដំណើរទស្សនកិច្ចនាឱកាសនោះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីសិក្សាស្វែងយល់អំពីហេដ្ឋារចនា សម្ព័ន្ធគ្រប់គ្រងការងារ និងខ្សែចង្វាក់ផលិតកម្មទ្រង់ទ្រាយធំរបស់ក្រុមហ៊ុន YKK Canada សំដៅទាក់ទាញក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាព និងសិក្សាឱកាសពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ឧស្សាហកម្ម វាយនភ័ណ្ឌ និងកាត់ដេរដែលជាវិស័យធំមួយនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

ខេត្តព្រះវិហារបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ! Say No to Fake News»

2025/11/03 10:17:27 am        121
នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥  ខេត្តព្រះវិហារ បានបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ Say No to Fake News» ជាផ្លវការ ក្រោមការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អាជ្ញាធរក្រុង-ស្រុក យុវជន អ្នកផលិតមាតិការ ភ្នាក់ងារសារព័ត៌មាន វិទ្យុ ទូរទស្សន៍ និងគេហទំព័រជាច្រើនអង្គភាព ដើម្បីបង្ហាញការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត។យុទ្ធនាការនេះ ធ្វើឡើងក្រោមអធិបតីភាព លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ  តំណាងឯកឧត្តម គីម រិទ្ធី អភិបាល នៃគណ:អភិបាលខេត្ត នៅសាលប្រជុំប្រាសាទព្រះវិហារ អគាររដ្ឋបាលសាលាខេត្ត។ ក្រោយពិធីបើក អង្គពិធីទាំងមូលបានបន្តដង្ហែរក្បួនតាមដងផ្លូវសំខាន់ៗក្នុង ក្រុងព្រះវិហារ ដើម្បីផ្សព្វផ្សាយសារអប់រំ និងជំរុញការយល់ដឹងដល់សាធារណជនឱ្យរួមគ្នាទប់ស្កាត់ការរីកសាយភាយ នៃព័ត៌មានមិនពិត (Fake News) ព្រមទាំងលើកកម្ពស់ក្រមសីលធម៌ នៃការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការ ទទួលខុសត្រូវខ្ពស់ និងការពិចារណាឱ្យបានច្បាស់លាស់មុននឹងចែករំលែកព័ត៌មាន។ 

ទិវាជាតិអាហារូបត្ថម្ភលើកទី១២, សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍១១ចំណុច ដើម្បី​​ធានា​​សន្តិ​សុខស្បៀង និង​អាហា​រូបត្ថម្ភ លើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន

2025/11/03 10:09:49 am        195
ទិវាជាតិអាហារូបត្ថម្ភ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៦ ខែវិច្ឆិកា ក្នុង​គោល​បំណង​ផ្សព្វ​ផ្សាយ អប់រំ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈឱ្យបានទូលំទូលាយ អំពី​សារៈ​សំខាន់​ នៃ​វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្ស បង្កើន​ប្រ​សិទ្ធ​ភាពការងារ ជំរុញកំណើន សេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ទិវាជាតិអាហារូបត្ថម្ភ លើកទី១២ ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានជ្រើសរើសយក ប្រធាន​បទ «អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ» ស្របពេល​ដែល​អង្គ​ការ​សហប្រ​ជាជាតិ បានរៀបចំកិច្ច​ប្រជុំ​កំពូល​បូក​សរុប​លទ្ធផល​ស្តីពី​ប្រព័ន្ធ​ស្បៀងរ​បស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ លើកទី២ នៅទីក្រុង Addis Ababa ប្រទេសអេត្យូពី កាលពីថ្ងៃទី២៧-២៩ ខែកក្កដា ឆ្នាំ​២០២៥ ដែលពេលនោះ ឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន​អំពាវនាវឱ្យប្រទេសនានាលើសកលលោក ចូលរួមពន្លឿនបរិវត្តកម្មប្រព័ន្ធស្បៀង ឱ្យកាន់​តែ​មាន​ភាព​ធន់ ឆ្លាតវៃ និងបរិយាបន្ន ដើម្បីធានាថា មនុស្សគ្រប់ រូបមានលទ្ធភាព​ទទួល​បាន​អាហារ​មាន​សុវត្ថិភាព និង​អាហារូបត្ថម្ភត្រឹមឆ្នាំ២០៣០ ថែរក្សាបានសន្តិភាព ការពារភពផែនដី និង​វិបុល​ភាព​សង្គម​។ ប្រធានបទនេះ ក៏បានឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងនៅកម្ពុជា ដែលប្រជាជន​គ្រប់​រូប​ប្រាថ្នា​ចង់មានអាហារូបត្ថម្ភល្អ មានសុខភាពល្អ និងរស់នៅប្រកបដោយសុខសន្តិភាព។រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និង យុទ្ធសាស្ត្រនានាក្នុង​ការ​លើក​ស្ទួយ​សុខុមាល​ភាព​របស់ប្រជាជន ដែលជាកាតាលីករក្នុងការជំរុញឱ្យមានកំណើន សេដ្ឋកិច្ច វឌ្ឍនភាព និង​វិបុលភាពសង្គម។ក្នុងឱកាសដ៏ប្រពៃនៃការប្រារព្ធ ទិវាជាតិអាហារូបត្ថម្ភ លើកទី១២ ឆ្នាំ២០២៥ នេះ​រាជ​រដ្ឋាភិបាល​បាន​ផ្ដល់​នូវ​អនុសាសន៍១១ចំណុច​រួមមាន​៖១- ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ត្រូវបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងតួអង្គពាក់ព័ន្ធ ដើម្បីស្វែងរកធនធានសំដៅអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ ២០២៤-២០២៨ និងផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា លើក ទី២ ឆ្នាំ២០២៥-២០៣០ ឱ្យទទួលបានជោគជ័យ។២- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តពង្រឹងប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្មកសិកម្ម ប្រកបដោយនិរន្តរភាព ដើម្បីលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មដំណាំ សត្វ និងត្រី ដែលមានសក្តានុពល និងធានានិរន្តរភាពបរិស្ថាន និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំដំណាំ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ និងវារីវប្បកម្ម ព្រមទាំងកែលម្អគុណភាព និងសុវត្ថិភាពផលិតផលកសិកម្មសម្រាប់ប្រើប្រាស់ក្នុងស្រុកនិងនាំចេញ តាមរយៈ ការបង្កើតសហគមន៍កសិកម្មទំនើប ការដាក់ពង្រាយមន្ត្រីកសិកម្មតាមឃុំ ការស្រាវជ្រាវ និងផ្សព្វផ្សាយការ ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ឬនវានុវត្តន៍ ដូចជាកម្មវិធីសៀវភៅកសិកម្ម និងទិន្នន័យស្តីពីការដាំដុះ និងការពារ ផលិតផលស្បៀងអាហារដែលកើតចេញពីធម្មជាតិ ដើម្បីលើកកម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ។៣- ក្រសួងសុខាភិបាល ត្រូវបន្តអប់រំផ្សព្វផ្សាយឱ្យស្ត្រីទៅទទួលការប្រឹក្សាយោបល់ស្ដីពីអាហារូបត្ថម្ភ នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ឬប្រើប្រាស់កម្មវិធីប្រឹក្សាអាហារូបត្ថម្ភ ក្នុងអំឡុងពេលមានផ្ទៃពោះ និង ក្រោយសម្រាល និងបន្តផ្សព្វផ្សាយអំពីការបំបៅកូនដោយទឹកដោះម្តាយឱ្យបានល្អ រួមមានការចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយក្នុងម៉ោងដំបូងក្រោយសម្រាល និងបន្តការបំបៅកូនដោយទឹកដោះម្តាយឱ្យបានរហូត ដល់កូនមានអាយុយ៉ាងតិចបំផុត២ឆ្នាំ និងជំរុញឱ្យមាតា បិតា ឬអាណាព្យាបាល នាំកុមារដែលមានអាយុ ក្រោម២ឆ្នាំ ទៅមណ្ឌលសុខភាព ដើម្បីតាមដានសុខភាព និងការលូតលាស់របស់កុមារ និងសូមនាំកុមារដែល មានអាយុចាប់ពី៦ខែ ដល់៥៩ខែ ទៅទទួលគ្រាប់ថ្នាំជីវជាតិអា ឱ្យបានពីរដងក្នុងមួយឆ្នាំ ដើម្បីជួយដល់ការ លូតលាស់របស់កុមារ និងជួយពង្រឹងប្រព័ន្ធរាងកាយទប់ទល់នឹងការបង្ករោគផ្សេងៗ។៤- ក្រសួងពាណិជ្ជកម្ម និងក្រសួង ស្ថាប័នពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ «ចាប់ពីកសិដ្ឋានទៅ ដល់កន្លែងបរិភោគ” ត្រូវសហការ និងផ្ដល់ព័ត៌មានដល់គ្នា ដើម្បីកាត់បន្ថយការបាត់បង់ស្បៀងអាហារ និងការខ្ជះខ្ជាយម្ហូបអាហារ និងដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមានតាមខ្សែច្រវាក់ផលិតកម្មកែច្នៃ និងវេចខ្ចប់ ម្ហូបអាហារ ដោយធានាថា ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងប្រកាសស្តីពីការគ្រប់គ្រងអនាម័យ និងសុវត្ថិភាព ចំណីអាហារតាមដងផ្លូវ ព្រមទាំងគោលការណ៍ណែនាំផ្សេងៗទៀត ត្រូវបានអនុវត្តតាម និងផ្សព្វផ្សាយជា សាធារណៈ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងអ្នកប្រើប្រាស់។៥- ក្រសួងអប់រំ យុវជន និងកីឡា ត្រូវពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាព ចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅសាធារណៈនិងឯកជន និងហាមឃាត់ការទទួលទានការចែកចាយ ការដាក់តាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងនិងជុំវិញបរិវេណគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅ ត្រូវបន្តលើកកម្ពស់ការអប់រំអាហារូបត្ថម្ភដល់ សិស្សានុសិស្ស តាមរយៈកម្មវិធីផ្ដល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងការ ផ្តល់សេវាអប់រំស្ដីពីអាហារូបត្ថម្ភ។៦- គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ត្រូវបន្តកែលម្អប្រព័ន្ធស្បៀងបម្រុងកម្ពុជា ឱ្យមានលទ្ធភាពកាន់តែច្រើន គុណភាពកាន់តែខ្ពស់ និងអនុវត្តឱ្យបានរហ័សទាន់សភាពការណ៍ ប្រកបដោយ ប្រសិទ្ធភាព ដើម្បីធ្វើអន្តរាគមន៍ជួយប្រជាពលរដ្ឋ តាមរយៈការផ្ដល់ស្បៀង ការផ្ដល់គ្រាប់ពូជស្រូវ និងបន្លែ សម្រាប់ស្ដារការដាំដុះឡើងវិញ បន្ទាប់ពីរងការខូចខាតដោយសារគ្រោះមហន្តរាយធម្មជាតិ ឬគ្រោះអាសន្ននានា និងបន្តជំរុញការដាំដុះបន្លែមានសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់គ្រួសារ ចូលរួមលើកកម្ពស់អាហារូបត្ថម្ភ បង្កើន ភាពធន់ផ្នែកស្បៀង បង្កើនប្រាក់សន្សំ និងប្រាក់ចំណូល។៧- ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសុខាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរួមសហការជាមួយនឹង ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដើម្បីជំរុញការផ្គត់ផ្គង់និងប្រើប្រាស់ទឹកស្អាតនិងអនាម័យ ដែលគិតគូរដល់អាហារូបត្ថម្ភ។៨- ក្រសួងបរិស្ថាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវលើកកម្ពស់អាហារូបត្ថម្ភ និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ តាមរយៈសកម្មភាពនានា ដូចជាការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការគាំទ្រសហគមន៍តំបន់ ការពារធម្មជាតិ ការគ្រប់គ្រងតំបន់អេកូទេសចរណ៍ ការពង្រីកចលនាដាំដើមឈើដើម្បីបង្កើនគម្របបៃតង និងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឆ្ពោះទៅរកអព្យាក្រឹតកាបូន ដោយអនុវត្តតាមអនុសញ្ញាក្របខ័ណ្ឌ អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។៩- ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភជាតិ ក្រោមការដឹកនាំរបស់ក្រសួងផែនការ ត្រូវសម្របសម្រួល ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន បន្តពង្រឹងការអនុវត្តការ បញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ ឱ្យបានទូលំទូលាយ និងជំរុញការអនុម័តយុទ្ធសាស្ត្រជាតិស្តីពីការបញ្ចូល មីក្រូសារជាតិក្នុងចំណីអាហារ ឆ្នាំ២០២៥-២០៣០ ។១០- ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ រាជធានី ខេត្ត រដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន ធ្វើចលនាប្រជាពលរដ្ឋឱ្យដាំដុះដំណាំ និងចិញ្ចឹមសត្វ និងត្រី ជាលក្ខណៈគ្រួសារ តាមសហគមន៍ និងតាមសាលារៀន ដើម្បីបង្កើនភាពមានស្បៀងគ្រប់គ្រាន់ទាំងបរិមាណ គុណភាព សុវត្ថិភាព និងធានាឱ្យមានប្រភពស្បៀង អាហារចម្រុះមុខច្រើនជាងមុន និងត្រូវធ្វើចលនាយុវជនឱ្យយល់ដឹងអំពីរបៀបធ្វើម្ហូបអាហារខ្មែរ និងលើកកម្ពស់ ការបរិភោគអាហារចម្រុះបែបប្រពៃណីខ្មែរ ដោយប្រើប្រាស់អំបិល ស្ករ ខ្លាញ់ និងសារធាតុបន្ថែមរសជាតិផ្សេងៗ ក្នុងកម្រិតសមល្មម និងគាំទ្រដល់អ្នកផលិតម្ហូបអាហារខ្មែរដែលសម្បូរមីក្រូសារជាតិ និងមានសុវត្ថិភាព។១១- សូមបងប្អូនប្រជាពលរដ្ឋគ្រប់រូប រដ្ឋបាលថ្នាក់ក្រោមជាតិ ម្ចាស់ក្រុមហ៊ុនសិប្បកម្ម អ្នកប្រកបមុខ របរអាជីវកម្មម្ហូបអាហារ ផ្សារទំនើប ភោជនីយដ្ឋាននានា គ្រឹះស្ថានសិក្សា រមណីយដ្ឋានទេសចរណ៍ និងអ្នក លក់ដូរម្ហូបអាហារតាមដងផ្លូវ សូមចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក ដោយយកចិត្តទុកដាក់ខ្ពស់ក្នុង ការផលិត កែច្នៃ រក្សាទុក និងចែកចាយផលិតផលម្ហូបអាហារ ទាំងម្ហូបអាហារស្រស់ និងឆ្អិនស្រាប់ ឱ្យមាន អនាម័យ មានសុវត្ថិភាព និងមានគុណភាព ស្របតាមស្ដង់ដា បច្ចេកទេស និងលក្ខខណ្ឌតម្រូវស្តីពីអនាម័យ និងសុវត្ថិភាពម្ហូបអាហារ ស្របតាមពាក្យស្លោក «ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
06/06/2026 06:06 PM
ឯកអគ្គរដ្ឋទូត៖ ប៉ាគីស្ថាននៅតែរក្សាទំនាក់ទំនងជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ីរ៉ង់
06/06/2026 04:06 PM
CENTCOM៖ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ដែលបាញ់ឆ្ពោះទៅប្រទេសកូវ៉ែត និងបារ៉ែន
06/06/2026 04:06 PM
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
06/06/2026 04:06 PM
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
06/06/2026 04:06 PM
លោក PUTIN៖ រុស្ស៊ីនឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ នៅពេលស្ថានការណ៍ស្ងប់ស្ងាត់
06/06/2026 04:06 PM
សារព័ត៌មាន Politico ៖ ប្រទេសណាតូកំពុងពិភាក្សាអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
06/06/2026 03:06 PM
អៀរឡង់ដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូបមិនឲ្យចូលប្រទេសនេះ
06/06/2026 03:06 PM
ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM