ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់

ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាបរៀបចំតុបតែងកែលម្អ សោភ័ណភាពក្រុង ដើម្បីលើកម្ពស់សោភ័ណភាពក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ

2025/11/03 10:01:56 am        136
ខេត្តសៀមរាបបាននឹងកំពុងរៀបចំតុបតែងកែលម្អ សោភ័ណភាពក្រុងបន្ថែមទៀត ដើម្បីលើកម្ពស់សោភ័ណភាពក្រុងសៀមរាប នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ ។ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប ដោយមានការសហការពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបានរៀបចំតុបតែង កែលម្អសោភ័ណក្រុង ដើម្បីត្រៀមរៀបចំកម្មវិធីសាសនា កម្មវិធីផ្សារទឹក ជិះទូកលេងកម្សាន្ត និងកម្សាន្តជាច្រើន ចាប់ពីថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្ដោយដងស្ទឹងសៀមរាប។សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិចូលរួមឱ្យបានច្រើនកុះករចាប់ពីថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្ដោយដងស្ទឹងសៀមរាប៕

ពលរដ្ឋខ្មែរនៅតំបន់ច្រកអូរស្មាច់ធូរចិត្តឡើងវិញក្រោយកងទ័ពកម្ពុជា និងថៃ​ដក​អាវុធ​ធុន​ធ្ងន់​ឆ្ងាយ​ពី​តំបន់ព្រំដែន

2025/11/03 09:35:48 am        329
បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ច្រកព្រំដែនអន្តរជាតិអូរស្មាច់ មាន​អារម្មណ៍​ធូរ​ស្រាល​ចិត្ត​ជាង​មុន បន្ទាប់ពីកងទ័ពកម្ពុជា និងថៃ បានសម្រេចដកអាវុធធុនធ្ងន់ទៅមូលដ្ឋាន ដើម​វិញ​ ហើយពួកគាត់ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ហើយ​រំពឹង​ថា​នឹង​គ្មាន​ការផ្ទុះអាវុធទៀតនោះឡើយ។តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ ដែលកំពុងរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិត នៅតំបន់ច្រកព្រំដែន អូរ ស្មាច់ បាន​លើក​ឡើង​ថា នាពេលបច្ចុប្បន្នមានមនុស្សម្នាធ្វើដំណើរចេញចូលច្រើនឡើងវិញ និងបាន​ប្រកប​មុខ​របរ​ជាបណ្តើរៗឡើងវិញ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡំាពួ កម្ពុជា និងថៃ ហើយ​មួយ​វិញទៀតពួក​គាត់កាន់តែធូរស្បើយចិត្តបន្ថែមទៀត បន្ទាប់ពីកងទ័ពកម្ពុជា និង​ថៃ​ដក​អាវុ​ធ​ធុន​ធ្ងន់ និងយុទ្ធោបករណ៍ចេញឆ្ងាយពីតំបន់ជម្លោះ។ជាមួយគ្នានោះដែរ បងប្អូនប្រជាពលរដ្ឋតំបន់ច្រកព្រំដែនអូរស្មាច់ ក៏បានរំលឹកអំពីទុក្ខ​លំបាក​ខណៈ​ដែលកងទ័ពកម្ពុជា និងថៃ បានប៉ះទង្គិចគ្នាប្រដាប់ដោយអាវុធ ដោយបានធ្វើឲ្យ ពួក​គាត់​រត់​ចោល​ផ្ទះស​ម្បែង មានការភិតភ័យទាំងយប់ទាំងថ្ងៃ បារម្ភពីសុវត្ថិភាពគ្រប់បែបយ៉ាង តែ​យ៉ាង​ណា​ពេល​ក្តី​ពេលនេះពួកគាត់សប្បាយចិត្ត និងធូរចិត្ត​ឡើង​វិញ​ក្រោយ​ការ​ខិត​ខំ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​ដោះស្រាយជ​ម្លោះពីប្រដាប់ដោយអាវុធ មកជាតុចរចាដោយសន្តិវិធី។សូមរំលឹកថា ដើម្បីជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជា និងភាគីថៃក្នុងការគោរព និង​អនុវត្ត​នូវ​អ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពី​កិច្ច​ព្រម​ព្រៀង​សន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រម​ទាំងស្មារតីនៃកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែល​ប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ទើបនៅថ្ងៃទី៣១ ខែ​តុលា ​ឆ្នាំ២០២៥ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បាន​រៀបចំ​កិច្ច​ប្រជុំ​ពិសេស ​នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដោយ​បាន​ឯក​ភាព​គ្នា​លើ​ផែន​ការជាដំណាក់កាល នៃការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់។ ។តាមរយៈផែនការដែលបានឯកភាពគ្នានេះ ភាគីទាំងពីរបានកំណត់យកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ​២០២៥​ បានចាប់ផ្តើមនៃការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍​បំផ្លិច​បំផ្លាញ​ធុន​ធ្ងន់​សម្រាប់​ដំណាក់​កាលទី១ ដែលភាគីទាំងពីរត្រូវអនុវត្តដូចគ្នា នៅក្រោមការត្រួតពិនិត្យ និងអ្នក​សង្កេត​ការ​ណ៍ និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)ផងដែរ៕ អត្ថបទ៖ បាន ចក់ 

ប្រជាជនចិន ចាប់អារម្មណ៍មកលេងកម្ពុជា បន្ទាប់ពីបានរីករាយនឹង "ពិធីបុណ្យកម្ពុជា" នៅ​សាល​ពិព័រណ៍អន្តរជាតិ ទីក្រុងស៊ូចូវ

2025/11/03 09:21:38 am        290
កាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថា​បើក​សម្ពោធ​ព្រឹត្តិ​ការណ៍​ជំរុញ​ទេសចរណ៍​កម្ពុជា​ តាម​រយៈ​ការ​សម្តែង​សិល្បៈ "ពិធីបុណ្យកម្ពុជា" ដែលរៀបចំនៅសាលពិព័រណ៍អន្តរជាតិ ទីក្រុងស៊ូចូវ ខេត្ត​ជាំងស៊ូ ដោយមានការចូលរួមពីឯកឧត្តម Li Chuan អគ្គនាយករងមន្ទីរវប្បធម៌ និងទេ​សច​រណ៍ខេ​ត្ត​ជាំងស៊ូ, លោកស្រី Ji Jing អភិបាលរងក្រុងស៊ូចូវ និងតំណាងក្រុមហ៊ុនទេសចរណ៍ធំៗ នៅ​ក្នុងខេត្តជាំងស៊ូ និងខេត្តផ្សេងៗទៀតមកពីប្រទេសចិន អ្នកវិនិយោគិនចិន និងអន្តរជាតិ ព្រម​ទាំង​ភ្ញៀវ​កិត្តិយសប្រមាណ ៣០០នាក់។ថ្លែងក្នុងសុន្ទរកថាបើកព្រឹត្តិការណ៍ផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាតាមរយៈការសម្តែងសិល្បៈ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ជូនភ្ញៀវកិត្តិយស និងប្រជាជនចិន​ដែល​អញ្ជើញ​ចូល​រួម​ទស្សនា​ពី​សក្តានុពលទេសចរណ៍ និងសម្បត្តិវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ព្រមទាំងកា​លា​នុវត្ត​ភាព​វិនិយោគ​ដែលជាទីផ្សារទើបនឹងរះឡើង រួមទាំងកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាព យន្តការ​លើក​ទឹក​ចិត្ត​ដ៏​ទាក់​ទាញ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរា​ជា​ណា​ចក្រ​កម្ពុជា​។ ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់​ពី​ការ​ធានា​សុខ​សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរ​អន្តរជាតិពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា​ និងស្នើឱ្យប្រជាជនចិន និងអន្តរជាតិ​មក​ទស្សនា​កម្ពុជា​ឱ្យបានច្រើនឡើង៕

ផ្លូវជាតិលេខ៩២ ដែលជាផ្លូវក្រវាត់ព្រំដែនដ៏សំខាន់ត្រូវបានជួសជុលរួចរាល់ ១០០%

2025/11/02 06:53:06 pm        889
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ថា បន្ទាប់ពីអាកាសធាតុអំណោយផលគ្មានភ្លៀងអស់រយៈពេល ៧ថ្ងៃកន្លងមកនេះ ក្រុមការងារថែទាំផ្លូវនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបញ្ចប់ទាំងស្រុង ១០០% នូវការងារជួសជុល និងកែលម្អកំណាត់ផ្លូវជាតិលេខ៩២ ដែលជាផ្លូវក្រវាត់ព្រំដែនដ៏សំខាន់។លោក សំ លាងទ្រី បន្ថែមថា កំណាត់ផ្លូវនេះមានប្រវែង ៩២,២ គីឡូម៉ែត្រ តភ្ជាប់ពីព្រំប្រទល់ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ឆ្លងកាត់ឃុំកំពង់ស្រឡៅ១ ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ក្បែរព្រំដែនខ្មែរ-ឡាវ ទៅកាន់តំបន់បន្ទាយស្រមោច ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។លោក សំ លាងទ្រី បន្តថា សកម្មភាពជួសជុលរួមមាន ការថែមដីល្បាយថ្ម ការកៀរសម្រួល ការស្រោចទឹក ការកិនបង្ហាប់ ដែលការងារនេះមានគោលបំណងធានានូវភាពរលូន និងសុវត្ថិភាពសម្រាប់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋឡើងវិញ បន្ទាប់ពីផ្លូវនេះបានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀងកន្លងទៅ ដែលបានធ្វើឱ្យការធ្វើដំណើរមានការលំបាកខ្លាំងនៅតាមកន្លែងមួយចំនួន។លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានអំពាវនាវដ៏ទទូចដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវជាតិលេខ៩២ ទាំងអស់ សូមមេត្តាចូលរួមថែរក្សាផ្លូវសាធារណៈនេះឱ្យបានគង់វង្សយូរអង្វែង ព្រោះផ្លូវជាសម្បត្តិរួម និងសូមគោរពច្បាប់ចរាចរណ៍ ពេលធ្វើដំណើរលើផ្លូវថ្មីដែលល្អស្អាតនេះ។ សូមកុំចាក់ដីខ្ពស់ជាងផ្លូវ សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន។ សូមកុំចាក់ដីលុបលូ ឬលុបប្រឡាយបង្ហូរទឹក ដែលជាហេតុបង្កឱ្យមានការស្ទះ និងជន់លិចធ្វើឱ្យផ្លូវឆាប់ខូចខាតឡើងវិញ។ សូមកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដើម្បីរក្សាគុណភាព និងអាយុជីវិតរបស់ផ្លូវជាតិ។ ការចូលរួមរបស់អ្នកទាំងអស់គ្នា គឺជាកត្តាកំណត់ក្នុងការធានាថា ផ្លូវជាតិលេខ៩២ នឹងបម្រើប្រយោជន៍ដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋបានយូរអង្វែង៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដង្ហែអង្គកឋិនទានទៅកាន់ វត្តម្រុំខាងជើង ខេត្តកំពង់ស្ពឺ

2025/11/02 05:54:39 pm        826
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃអាទិត្យ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមពិធីដង្ហែអង្គកឋិនទានទៅកាន់វត្តម្រុំខាងជើង ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ពិធីបុណ្យកឋិនទានេះ ក៏មានការអញ្ជេីញចូលរួម​ពី​ឯកឧត្ដម​ប្រធានក្រុមប្រឹក្សាខេត្ត​ សមាជិក​ សមាជិកា​នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្ដម​អភិបា​លខេត្ត​ អភិបាលរងខេត្ត​ មន្ទីរអង្គភាពជុំវិញខេត្ត​ និងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ​៕បុណ្យកឋិន គឺជា​បុណ្យ​១​របស់​ព្រះពុទ្ធសាសនា ដែលមាន​រយៈពេល​២៩​ថ្ងៃ គឺ​ចាប់​ពីថ្ងៃ​១​រោច ខែអស្សុជ ដល់​ថ្ងៃ​១៥​កើត ខែ​ក​ក្តិ​ក​។ អាច​និយាយបានថា ពុទ្ធបរិស័ទ ចាប់ផ្តើម​ធ្វើបុណ្យ​កឋិន នៅក្រោយ​ថ្ងៃ​ចេញ​ព្រះវស្សា​។ ការចូល​ព្រះវស្សា​របស់​ព្រះសង្ឃ មាន​រយៈពេល​៣​ខែ​។ ​កឋិន​កាល គឺជា​រដូវ​ដែល​ប្រជា​ពុទ្ធបរិស័ទ នាំយក​សំពត់​ជា​គ្រឿង​ស្លៀកដណ្តប់​របស់​ព្រះសង្ឃ មាន​ចីពរ​ជាដើម ទៅ​ប្រគេន​ព្រះសង្ឃ​។ បច្ចុប្បន្ន គេ ឃើញ​ពុទ្ធបរិស័ទ មិន​ត្រឹមតែ​ប្រគេន​ចីវរ​ទេ នៅ​ប្រគេន​ទេយ្យទាន​ផ្សេងៗ​ទៀត ដូចជា គ្រឿង​បរិភោគ និង ថ្នាំសង្កូវ ជាដើម រួមទាំង​បច្ច័យ​ផងដែរ (​ថវិកា​)​។ ក្នុងនាមជាយុវជន និងជាពុទ្ធបរិសទ យើងត្រូវបន្តថែរក្សាកេរ្តិ៍មរតករបស់ដូនតា ជាពិសេសគឺបុណ្យកឋិនទាន ដែលជាពិធីបុណ្យក្នុងព្រះពុទ្ធសាសនា ដែលជាប្រពៃណីជាតិខ្មែរយើងផងដែរ៕

ពលរដ្ឋនៅព្រំដែនកម្ពុជា-ថៃ ខេត្ដព្រះវិហារ ទទូច​ដល់​សហគមន៍​អន្តរជាតិ​ជំរុញ​ថៃ​ឱ្យ​ដោះលែង​កងទ័ព​កម្ពុជា ១៨រូប

2025/11/02 05:46:34 pm        723
ប្រជាពលរដ្ឋខ្មែរ នៅស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ បានបន្ដអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យ​ជំរុញ​ថៃ​ឱ្យ​ដោះលែងកងទ័ពកម្ពុជា១៨រូបមកកម្ពុជាវិញ ដើម្បីបានជួបក្រុមគ្រួសារពួកគាត់ ខណៈ​ដែល​ប្រទេស​ទាំង​ពីរ បានចុះហត្ថលេខាកិច្ចព្រមព្រៀងសន្ដិភាព ដែល​មាន​សាក្សី​ច្បាស់​លាស់​ពី​សហគមន៍​អន្ដរជាតិ ជាពិសេសសហរដ្ឋអាមេរិក។ប្រជាពលរដ្ឋដែលទើបត្រឡបម់មកពីមណ្ឌលភៀសសឹក ដែលកំពុងរស់នៅភូមិត្រពាំងសង្កែលិច ឃុំ​ជាំ​ក្សាន្ដ បានលើកឡើងថា វីរកងទ័ពរបស់កម្ពុជា បានសាទរនឹងកិច្ចព្រមព្រៀងសន្ដិភាព ដែល​ផ្ដល់​សុខ​សន្ដិភាពដល់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ។ ប្រជាពលរដ្ឋបានលើកឡើងថា ការ​ពន្យា​ពេល​ដោះ​លែង​កងទ័ពកម្ពុជានេះ ធ្វើឱ្យគ្រួសារពួកគាត់មានការព្រួយបារម្ភខ្លាចពីសុខភាពកងទ័ព ខណៈ​ដែលកម្ពុជាចង់បានតែសន្ដិភាព។ ពួកគាត់ទទូចឱ្យសហគមន៍អន្ដរជាតិ ជំរុញទៅភាគីថៃ ដោះ​លែង​ដល់វីរកងទ័ពទាំង១៨រូបប្រគល់ឱ្យកម្ពុជា និងធានាបាននូវសុខសុវត្ថិភាពដល់​កង​ទ័ព​ទាំង​១៨​រូបនោះ។ ពលរដ្ឋបានលើកឡើងថា ជម្លោះនេះ នាំឱ្យបាត់បង់ទ្រព្យសម្បត្ដិ និង​ប៉ះ​ពាល់​ដល់​ការ​សិក្សា​របស់កូន​ៗ​ផង​ដែរ​។ ជាក់​ស្ដែង​ពួក​គាត់​ភៀស​ខ្លួន​ទៅ​កាន់​ទីតាំង​សុវត្ថិភាព​ជា​ច្រើន​ខែ​មក​ហើយទើបវិលត្រឡប់មកវិញនេះទេ។សូមបញ្ជាក់ថា កម្ពុជា ថៃ បានសម្រេចកែសម្រួលអាវុធ និង​យុទ្ធោបករណ៍​បំផ្លិច​បំផ្លាញ​ធុន​ធ្ងន់​ចេញ​ពី​ព្រំដែនកម្ពុជា-ថៃជាផ្លូវការ បន្ទាប់ពីកិច្ចប្រជុំ​ពិសេស​នៃ​គណៈ​កម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិ​ភាគ​កម្ពុជា-ថៃ (RBC) ដែលប្រព្រឹត្តនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅ​ច្រក​អន្តរជាតិ​អូរ​ស្មាច់ ​ខេត្តឧត្តរមានជ័យ។ការចាប់ផ្តើមដក និងកែសម្រួលអាវុធធុនធ្ងន់ ចេញពីតំបន់ព្រំដែននេះ មាន​ការ​ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជាជំហានវិវត្តន៍ដ៏សំខាន់មួយសម្រាប់កម្ពុជា និងថៃ ដែលបានបញ្ជាក់​ឡើង​វិញ​នូវ​ការ​ជឿ​ជាក់​រួម​គ្នា​នៃ​ប្រទេសទាំងពីរថា សន្តិភាពនៅតែអាច​មាន​ដរាប​ណា​ប្រជា​ជាតិ​នានា​មាន​សេចក្តី​ក្លាហាន និងសុភវិនិច្ឆ័យក្នុងការបន្តស្វែងរកសន្តិភាពជាមួយគ្នា៕

ក្រសួងវប្បធម៌ នឹងរៀបចំពិព័រណ៍សិល្បៈសិប្បកម្មអបអរខួប១០ឆ្នាំ ល្បែងទាញព្រ័ត្រចុះបញ្ជី UNESCO

2025/11/02 04:47:26 pm        482
នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សហការជាមួយអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ នឹងរៀបចំពិព័រណ៍សិល្បៈសិប្បកម្ម នាចុងខែវិចិ្ឆកា ឆ្នាំ២០២៥ខាងមុខនេះ នៅ​ផ្លូវ​ថ្មើជើងចតុម្មុខ (Walk Street) ទល់មុខវត្តឧណ្ណាលោម រាជធានីភ្នំពេញ ដើម្បី​អបអរ​សាទរ​ខួប​១០​ឆ្នាំ ល្បែងទាញព្រ័ត្រ ដែលបានចុះក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កាល​ពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅ។លោក រឿង សារ៉េត ប្រធានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ បានថ្លែងប្រាប់ BTV News នា​ថ្ងៃ​នេះ​ថា ​ក្នុងពិព័រណ៍នោះ នាយកដ្ឋាន បានរៀបចំបើកព្រឹតិ្តការណ៍ថ្មីមួយបន្ថែមទៀត គឺ​សិល្បៈ​នៃ​ការ​«ចាក់ចេក» តំណខ្មែរតាំងពីជំនាន់ដើម និងជាសិល្បៈដ៏កម្រ និងកាន់តែ​ឈាន​ទៅ​រក​ការ​បាត់​បង់​​។ ដូច្នេះនាយកដ្ឋាន និងលើកឡើងនូវកម្មវិធីនេះ ដើម្បីឲ្យសាធារណជន ក៏ដូច​ជា​ក្មួយ​ៗ​យុវជន បានទស្សនាផ្ទាល់នៅទីតាំងនោះ អំពីសិល្បៈនៃការ «ចាក់ចេក» ក៏ដូចជា៖ ក្រងនូវស្លឹក និង​សម្ភារៈផ្សេងៗទៀត ដែលជាវត្ថុអនុស្សាវរីយ៍។សូមរំលឹក​ឡើងវិញថា ក្នុងឆ្នាំ២០២៥នេះ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ បាន​រៀបចំ​ព្រឹតិ្តការណ៍​ធំៗ ចំនួន០២ នាចុងឆ្នាំ២០២៥នេះ គឺពិព័រណ៍ស្នាដៃមរតកមនុស្សរស់ មានរយៈពេល០៣ថ្ងៃ កាល​ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ និងពិព័រណ៍រូបថត ក្រោម​ប្រធាន​បទ«រួមគ្នាលើកតម្កើងមរតកវប្បធម៌អរូបី»រយៈពេល០៧ថ្ងៃ កាលពីថ្ងៃទី២៤ ដល់ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ២០២៥ ក្នុងសារមនី្ទរខ្លែងខ្មែរ រាជធានីភ្នំពេញ ដោយទទួល​បាន​ការ​គាំទ្រ​គួរ​ជា​ទីមោទន​សម្រាប់នាយកដ្ឋាន ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាពិសេសយុវជន សិស្ស និសិ្សត សាធារណជន ព្រមទាំងមានអ្នកចូលរួមតាមបណ្តាញសង្គមជាច្រើន បាន​បញ្ចេញ​នូវ​ចំណាប់​អារម្មណ៍សប្បាយរីករាយ៕ អត្ថបទ រដ្ឋា

FASMEC នឹងរៀបចំពិព័រណ៍ជំរុញការប្រើប្រាស់ផលិតផលខ្មែរលើកទី២ នៅថ្ងៃទី ៥-៦-៧ ខែវិចិ្ឆកានេះ

2025/11/02 04:09:45 pm        432
សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នឹង​រៀប​ចំ​ពិព័រណ៍​ជំរុញ​ការ​ប្រើ​ប្រាស់​ផលិត​​ផល​ខ្មែរលើកទី២ ចាប់ពីថ្ងៃទី ៥-៦-៧ ខែវិចិ្ឆកា ឆ្នាំ២០២៥ នៅមជ្ឍមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ នឹងមានសហគ្រាសក្នុងស្រុកចូលរួមតាំងបង្ហាញជាង ២៧០ សហគ្រាស និងមាន​ផលិត​ផល​ខ្មែរ​ប្រមាណជិត ៣០០ មុខ។ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និង​មធ្យម និងជាប្រធាន សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) លើក​ឡើង​ក្នុង​សន្និសីទ នៃគម្រោងរៀបចំពិព័រណ៍ «រួមគ្នាផលិតរួម គ្នាប្រើប្រាស់ផលិតផលជាតិ» នៅ​ថ្ងៃ​ទី៣១ ខែតុលា ឆ្នាំ២០២៥ នេះថា ជុំវិញការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរនេះ ឃើញ​ថា នៅក្នុងអំឡុងពិព័រណ៍លើកទី១ កាលពីខែកញ្ញាកន្លងទៅ ប្រជាពលរដ្ឋជាច្រើនកុះករ​បាន​គាំទ្រផលិតផលក្នុងស្រុក ដោយនឹកស្មានមិនដល់ និងបានលក់ដាច់ខ្លាំង ដោយ​មាន​បង​ប្អូន​ប្រជា​ពលរដ្ឋចូលរួមជាង ១០ ម៉ឺននាក់ នេះសបញ្ជាក់ឲ្យពីស្មារតីជាតិនិយម ងាកមកគាំទ្រ​ផលិត​ជាតិ​យើង​យ៉ាងច្រើនផុសផុល។ជុំវិញពលរដ្ឋ​ខ្មែរ​ងាកមកគាំទ្រផលិតផលជាតិបែបនេះ, ឧកញ៉ា តែ តាំងប៉ បានអំពាវនាវ​ដល់​ផលិករ​​ត្រូវផលិតនូវផលិត​ផលរបស់ខ្លួនឱ្យបានស្របតាមស្ដង់ដា គុណភាព សុវត្ថិភាព និង​អនាម័យ និងមិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃយកផលចំ​ណេញ​ក្នុងពេល ដែល​ប្រជា​ពលរដ្ឋ​ងាក​មក​គាំទ្រ​ផលិតផលក្នុងស្រុកនេះឡើយ។ចំណែកក្រុមអាជីវករ ដែលបានចូលរួមនៅក្នុងវេទិកាសារព័ត៌មាននៅថ្ងៃនេះដែរ ក៏បាន​សម្តែង​ការ​គាំទ្រ​ចំពោះ FASMEC ដែលបានខិតខំរៀបចំពិព័រណ៍លើកទី១ កាលពីខែកញ្ញាកន្លងទៅ ដោយ​ទទួល​បាន​ការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ពលរដ្ឋខ្មែរ និង សង្ឈឹមថា ការរៀបចំពិព័រណ៍លើកទី២ នៅ​ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ រឹតតែទទួលការគាំទ្រខ្លាំងជាងលើកទី១ផងដែរ។សូម​បញ្ជាក់ថា ការរៀបចំពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ លើកទី២ នៅមជ្ឈ​មណ្ឌល​សាល​សន្និបាត និងពិព័រណ៍កោះពេជ្រ គឺមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ៥-៦-៧ ខែវិចិ្ឆកា ឆ្នាំ២០២៥ គឺ​មាន​ផលិតផលខ្មែរសុទ្ធតែម្តង ប្រជាពលរដ្ឋខ្មែរអាចចូលរួមគាំទ្រ និងទស្សនាដោយសេរី ខណៈ​ដែល​ការជំរុញការផលិតផលិតផលក្នុងស្រុក ទាំងបរិមាណ និងគុណភាព សុវត្ថិភាព ធ្វើយ៉ាងណា បំពេញ​តម្រូវការប្រើប្រាស់ ក្នុងអំឡុងពេលប្រជាពលរដ្ឋកម្ពុជាធ្វើពហិការមិនប្រើប្រាស់ផលិតផលប្រទេសថៃ ដោយងាក​មក​គាំទ្រ និងផ្តល់តម្លៃចំពោះផលិតផលក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី

មន្រ្តីជាន់ខ្ពស់ជំរុញឱ្យសិស្សានុសិស្សប្រឹងប្រែងរៀនសូត្រឱ្យក្លាយជាធនធានមនុស្សល្អសម្រាប់សង្គមជាតិ

2025/11/02 03:57:25 pm        389
មន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល បានជំរុញឱ្យសិស្សានុសិស្សត្រូវបន្តប្រឹងប្រែងរៀនសូត្រឱ្យបានច្បាស់ លាស់ ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់សង្គម ជាតិ ដោយសារកម្ពុជា កំពុងត្រូវការកម្លាំងពលកម្មបែបចំណេះដឹងយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ឯកឧត្តម ហេង រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកលើកដែកពេលថ្លែងបើកបវេសន កាលឆ្នាំសិក្សា២០២៥-២០២៦នៅក្នុងវិទ្យាល័យហ៊ុន សែន កំពង់ភ្នំនិងប្រគល់រង្វាន់ដល់សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រលងថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៥ និង លោកគ្រូអ្នកគ្រូបង្រៀនថ្នាក់ទី១២ ទូទាំងស្រុកលើកដែកបានជំរុញឱ្យសិស្សានុ សិស្សត្រូវបន្តប្រឹងប្រែងរៀនសូត្រឱ្យបានច្បាស់លាស់ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់សង្គមជាតិ ដោយសារកម្ពុជាកំពុងត្រូវការកម្លាំងពលកម្មបែបចំណេះដឹងយ៉ាងច្រើនសន្ធឹកសន្ធាប់។ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភានៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំតាមរយៈការបន្តរិះរកវិធានការ និងយុទ្ធសាស្រ្តបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈប្រកប ដោយប្រសិទ្ធភាពខ្ពស់អភិបាលកិច្ចល្អនិងមានគណនេយ្យភាពចំពោះប្រជា ជន និងសហគមន៍ដោយពង្រឹងអភិបាលកិច្ចសាលារៀន និង ការលើកកម្ពស់សកម្មភាពបង្រៀននិងរៀន តម្រង់ឆ្ពោះទៅរកការកែលម្អលទ្ធផលនៃការសិក្សារបស់សិស្សកាន់តែប្រសើរឡើងប្រកបដោយវិន័យ សីលធម៌ គុណធម៌ និង ឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រកុលធីតាខ្មែរ និងជាទំពាំងស្នងឬស្សីរបស់ជាតិ ។  សូមជម្រាបថា នៅទូទាំងស្រុកលើកដែកមានសិស្សថ្នាក់ទី១២ ចំនួន ៥៣០ នាក់ (ស្រី ២៩៣នាក់) មកពីវិទ្យាល័យចំនួន ៣ បានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រលងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះជាលទ្ធផល វិទ្យាល័យ ហ៊ុន សែន កំពង់ភ្នំ សិស្សជាប់និទ្ទេសAចំនួន៧នាក់, វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែនពាមរាំងជាប់ និទ្ទេស A ចំនួន ៤នាក់ (ស្រី ២ នាក់), វិទ្យាល័យ សម្តេចអគ្គ មហាសេនាបតីតេជោហ៊ុនសែនក្អមសំណរសិស្សប្រឡងជាប់និទ្ទេស A ចំនួន១នាក់ (ស្រី ១នាក់)៕ អត្ថបទ.ភារម្យ 

កម្ពុជានឹងទទួលរងឥទ្ធិពលព្យុះទី២៥ «កាលម៉េហ្គី» កម្រិត៣០% នៅចន្លោះរវាងចាប់ពីថ្ងៃទី៦ ដល់​ទី៨ ខែវិច្ឆិកា

2025/11/02 12:05:19 pm        660
សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២៥ ឈ្មោះ កាលម៉េហ្គី (Kalmaegi)T2525 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែល​បក់​លើ​សមុទ្រ​ចិន​ខាង​ត្បូង សមុទ្រអានដាមម៉ែន អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើ​ព្រះរាជា​ណា​ចក្រ​កម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះ កាលម៉េហ្គី នេះ ទទួល​រងឥទ្ធិពលកម្រិត ៣០% នៅចន្លោះរវាងចាប់ពីថ្ងៃទី៦ ដល់ទី៨ ខែវិច្ឆិកា។ នេះបើ​យោង​តាម​សេចក្ដី​ជូនដំណឹងរបស់​ក្រសួងធនធានទឹក និងឧតុនិយម។ក្រសួងធនធានទឹកបានបញ្ជាក់ថា ​ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥៖១.តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្ដាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូត ខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ២៥%។២.តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៦៥%។ ៣.តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ បរិមាណទឹកភ្លៀងនឹងអាចកើនឡើងក្នុង កម្រិតមធ្យម និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥០%។ រលកសមុទ្របោក បក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ។យោងលើការព្យាករខាងលើ ក្រសួងអំពាវនាវដល់​សាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជា​ពិសេស​បង​ប្អូន​​ដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក។ ក្រសួងធនធានទឹក និងឧតុនិយម នឹង​បន្ត​ធ្វើកា​រ​តាម​ដាន ​និងវិភាគអំពី ស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងក​រណី​មា​ន​កា​រ​ប្រែ​ប្រួល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
06/06/2026 06:06 PM
ឯកអគ្គរដ្ឋទូត៖ ប៉ាគីស្ថាននៅតែរក្សាទំនាក់ទំនងជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ីរ៉ង់
06/06/2026 04:06 PM
CENTCOM៖ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ដែលបាញ់ឆ្ពោះទៅប្រទេសកូវ៉ែត និងបារ៉ែន
06/06/2026 04:06 PM
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
06/06/2026 04:06 PM
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
06/06/2026 04:06 PM
លោក PUTIN៖ រុស្ស៊ីនឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ នៅពេលស្ថានការណ៍ស្ងប់ស្ងាត់
06/06/2026 04:06 PM
សារព័ត៌មាន Politico ៖ ប្រទេសណាតូកំពុងពិភាក្សាអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
06/06/2026 03:06 PM
អៀរឡង់ដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូបមិនឲ្យចូលប្រទេសនេះ
06/06/2026 03:06 PM
ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM