ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់

ព័ត៌មានជាតិ

ឯកឧត្តម គន់ គីម អញ្ជើញ​ជា​អធិបតី​បញ្ចុះ​បឋម​សិលា​សាង​សង់​ទី​ស្នាក់​ការ​សមាគម​អតីត​យុទ្ធជន ​និង​និវត្តជន​កម្ពុជាខេត្តកណ្តាល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោក​ជំទាវ​បណ្ឌិត

2025/11/02 11:50:14 am        275
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគម​អតីត​យុទ្ធជន និងនិវត្តជនកម្ពុជា នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលាសាងសង់ទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល ជា​​អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ស្ថិត​នៅ​ភូមិ​ព្រែក​សំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ពិធីបញ្ចុះបឋមសិលានេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ អ.ន.ក, ឯកឧត្តម គួច ចំរើន អភិ​បាល​ខេត្ត និងជាប្រធានកិត្តិយស អ.ន.ក ខេត្ត, ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងខេត្ត និងជាប្រធាន អ.ន.ក ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, ស្នងការ​នគរបាល​ខេត្ត, លោក-លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន។

បេក្ខជនប្រឡងជាប់គ្រូផ្អែកលើកិច្ចព្រមព្រៀងការងារ ចាប់ប៉ុស្តិ៍​សាលារៀន​សម្រាប់​ចេញ​ទៅ​បង្រៀន​ឆ្នាំ​សិក្សាថ្មីនេះ

2025/11/02 11:39:35 am        306
បេក្ខជនប្រឡងជាប់គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ទាំង ៣ ០២៤​នាក់​នៅ​ខេត្ត​គោល​ដៅ​ទាំង​៥ នៅថ្ងៃនេះបានចាប់ផ្ដើមចាប់ប៉ុស្តិ៍សាលារៀន សម្រាប់ការ​ចេញ​ទៅ​បង្រៀន​នៅ​ក្នុង​បវេសន​កាល​ឆ្នាំសិក្សាថ្មី ២០២៥-២០២៦នេះ។ ការចាប់ប៉ុស្តិ៍សាលារៀននេះ គឺផ្ដល់អទិភាព​មុន​ចំពោះ​បេក្ខជនដែលទទួលបានពិន្ទុខ្ពស។នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ក៏ដូចជាតំណាងមកពីក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីមកពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បានជួបសំណេះសំណាល​ជាមួយ​បេក្ខជន​ប្រឡង​ជាប់​គ្រូ​បង្រៀន​ផ្អែក​លើ​កិច្ច​ព្រម​ព្រៀងទាំង ៣ ០២៤នាក់។ ភ្ជាប់ជាមួយការសំណេះសំណាលនេះ បេក្ខជនទាំងអស់ ក៏​ត្រូវ​ចាប់​ប៉ុស្តិ៍សាលារៀន ដើម្បីចេញទៅបង្រៀននៅថ្ងៃចន្ទ ដើមសប្ដាហ៍ខាងមុខផងដែរ។ ការ​ចាប់​ប៉ុស្តិ៍សា​លារៀ​ននៅថ្ងៃនេះ ជាភាពចាំបាច់។ បេក្ខជនដែលខកខាន ក្នុងការចាប់ប៉ុស្តិ៍នាថ្ងៃនេះ មាន​ន័យថាបោះបង់។ ការចាប់ប៉ុស្តិ៍សាលារៀននេះដែរ គឺផ្ដល់អទិភាពជូនបេក្ខជន ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេជ្រើសរើសមុន។ក្នុងថ្ងៃចាប់ប៉ុស្តិ៍សាលារៀននេះដែរ ពួកគាត់ជាបេក្ខជនដែលបានប្រឡងជាប់ បានលើកឡើងពីក្ដី​សប្បាយ​រីក​រាយ ក្នុងការសម្រេចបំណងធ្វើជាគ្រូបង្រៀន។ អ្នកខ្លះមានបទពិសោធន៍ បង្រៀន​កន្លង​មក អ្នកខ្លះពុំទាន់មានបទពិសោធន៍បង្រៀននោះទេ តែភាពជារួមមួយគឺ ពួកគេនឹងខិត​ខំ​បំពេញ​តួនាទីជាគ្រូបង្រៀនឱ្យបានល្អបំផុត ដើម្បីជាផ្នែកមួយជួយបណ្ដុះធនធានមនុស្ស តាំង​ពី​នៅ​វ័យ​ក្មេង។ឯកឧត្តម ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងកា​ល​ពី​ថ្ងៃ​ប្រកាស​លទ្ធផលដែរថា ភ្ជាប់ជាមួយការចេញទៅបង្រៀន អ្នកប្រឡងជាប់ទាំង​អស់ក៏ត្រូវ​ទទួល​ការ​បណ្ដុះ​បណ្ដាល​ផងដែរ។ បណ្ដុះបណ្ដាលតាមរយៈ អនឡាញ និងទទួលការបណ្ដុះបណ្ដាល​ផ្ទាល់នៅ​តាម​សាលាគរុកោសល្យ។ការបណ្ដុះបណ្ដាល​នេះ អាចផ្តោតសំខាន់លើ វិធីសាស្ត្របង្រៀន។ មួយវិញទៀត ពួកគេ​អាច​សិក្សា​បន្ថែម ពីគ្រូបង្រៀនរៀមច្បង ដែលកំពុងបង្រៀននៅតាមសាលារៀនជាក់ស្ដែងផងដែរ។ឯកឧត្តមបញ្ជាក់ដែរថា អ្នកប្រឡងជាប់ជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ សុទ្ធ​តែមា​ន​កម្រិត​ចំណេះដឹងខ្ពស់ រៀនចប់ថ្នាក់បរិញ្ញាបត្រ។ វត្តមានគ្រូប​ង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ជាការដោះស្រាយការប​ង្រៀន​ផ្គួប​ថ្នាក់​ដែល​មាន​សិស្ស​ច្រើន​ហួសកំណត់ក្នុងថ្នាក់រៀន។គួរបញ្ជាក់ដែរថា គ្រូបង្រៀនផ្អែកលើ​កិច្ច​ព្រម​ព្រៀង​ការងា​រ​នេះ​ ត្រូវចុះកិច្ចព្រមព្រៀងបំពេញការងាររយៈពេល ១ឆ្នាំ។ ការវាយតម្លៃ ត្រូវធ្វើនៅចុងឆ្នាំ ករណី​បំពេញ​ការងារបានល្អ គឺអាចបន្តកិច្ចព្រមព្រៀងការងារ ករណីមិនបំពេញការងារបានល្អ អាច​ឈាន​ដល់​ការបញ្ចប់កិច្ចព្រមព្រៀងការងារ៕ អត្ថបទ៖ គឹម ហុក

អាកាសយានដ្ឋានអន្តរជាតិតេជោ អបអរសាទរ​ការបើក​សម្ពោធ​ជាមួយ​នឹង​ឱកាស​ឈ្នះ​រង្វាន់​ពិសេស​

2025/11/02 11:16:56 am        249
ភ្នំពេញ៖ រយៈពេលជិតពីរខែចាប់តាំងពីការបើកដំណើរការជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ​២០២៥​ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) កំពុងចាប់ផ្តើម​ជាមួយនឹ​ង​យុទ្ធនា​ការ​ចាប់​រង្វាន់​លើក​ដំបូង​របស់​ខ្លួន ដែលប្រែក្លាយរាល់ការមកទស្សនាលេងកម្សាន្ត ឬការ​ធ្វើ​ដំណើរ​នៅ​អាកាស​យាន​ដ្ឋាន​ជាឱកាសឈ្នះរង្វាន់ធំ។អបអរ​សាទរអាកាសយានដ្ឋានថ្មីរបស់កម្ពុជាជាមួយនឹងរង្វាន់ពិសេសចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ សម្រាប់រាល់ការចំណាយចាប់ពី ៣០​ដុល្លារ​អាមេរិក​ឡើង​ទៅ លើការញ៉ាំអាហារនៅភោជនីយដ្ឋាន និងទិញទំនិញតាមបណ្តាហាង លោក​អ្នក​នឹង​ទទួល​បាន​ឆ្នោត​ផ្សង​សំណាងចំនួន ១សន្លឹក ដែលរង្វាន់ទាំងនោះរួមមាន ផ្ទះ រថយន្ត ការ​ស្នាក់​នៅ​សណ្ឋាគារ និងរង្វាន់ជាច្រើនផ្សេងទៀត។ ការចាប់រង្វាន់នឹងធ្វើឡើងចំនួន២លើក លើកទីមួយក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ (ខែមេសា ឆ្នាំ២០២៦) និងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃខួបលើកទីមួយរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦)។ ព្រឹត្តិការណ៍ទាំងពីរនឹងត្រូវបានបើកឲ្យចូលរួមសម្រាប់ទាំងអ្នកទស្សនា និងអ្នកធ្វើដំណើរ ជា​មួយ​នឹង​អ្ន​កឈ្នះ​នឹងត្រូវបានប្រកាសតាមរយៈការផ្សព្វផ្សាយផ្លូវការរបស់អាកាសយានដ្ឋាន។ចាប់​តាំង​ពីបើកដំណើរការមក អាកាសយានដ្ឋានអន្តរជាតិតេជោ បានឃើញ​ចំនួន​អ្នក​ដំណើរ​កើន​ឡើង ​និងការពង្រីកការតភ្ជាប់ក្រុមហ៊ុនអាកាសចរណ៍ ដែលបញ្ជាក់​ពី​តួនាទី​របស់​ខ្លួន​ជា​ច្រក​ទ្វារ​អន្តរជាតិ​ដ៏​សំខាន់របស់ប្រទេសកម្ពុជា។ កម្មវិធីនេះសូមចូលរួមអបអរសាទរ ស្របគ្នា​ទៅ​នឹង​ការ​សម្តែង​នូវ​ការកោតសរសើរចំពោះអ្នកដំណើរ ហាងទំនិញ និងដៃគូចំពោះការ​គាំទ្រ​របស់​លោក​អ្នក​៕

កាស៊ីណូ ស៊ីលវើរ ស្តារនៅក្រុងបាវិតត្រូវបានព្យួរអាជ្ញាប័ណ្ណបន្ទាប់ពី រកឃើញ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា

2025/11/02 11:08:13 am        310
លេខាធិការដ្ឋាននៃគណកម្មការចំពោះកិច្ចប្រឆាំងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានដឹកនាំ និងសម្របសម្រួល ជាមួយគណៈ​កម្មការ​គ្រប់​គ្រង​ល្បែង​ពាណិជ​កម្ម​កម្ពុជា​(គ.ល.ក.) និង កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រះរាជអាជ្ញាសាលា ដំបូង​ខេត្តស្វាយរៀង នៅថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៥ នេះ បានចុះឆែកឆេរទីតាំង សង្ស័យ​ពាក់​ព័ន្ធ​នឹង​ការ​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងកាស៊ីណូ ស៊ីលវើរ ស្តារ ស្ថិតក្នុងភូមិ​សាស្រ្ត​ខេត្ត​ស្វាយរៀង​។ប្រតិបត្តិការនេះ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២៣នាក់ ក្នុងនោះមា​ន​ជន​ជាតិ​ស្រី​លង្កា​មាន​ចំនួន ៦នាក់(ស្រ្តី១នាក់) ប៉ាគីស្ថាន ៧នាក់(ស្រ្តី ២នាក់) ហ្វីលីពីន ២នាក់(ស្រី ២នាក់)​ នេប៉ាល់ ២នាក់(ស្រ្តី២នាក់) ឥណ្ឌា ១នាក់ នីហ្ស៊េរីយ៉ា ១នាក់ អាល់ហ្ស៊េរី ១នាក់ (ដែល​សមត្ថកិច្ចសង្ស័យជាជនរងគ្រោះ) និង ជនសង្ស័យជាមុខសញ្ញាមេខ្លោងចំនួន ៣នាក់ (ចិន​តៃវ៉ាន់១នាក់ និងម៉ាឡេស៊ីចំនួន ២នាក់) ជាមួយនឹងការដកហូតវត្ថុតាងរួមមាន Call Center​២៤ទូរ, លិខិតឆ្លងដែន១៩ក្បាល និងទូរសព្ទដៃ២០ គ្រឿង។បន្ទាប់ពីទទួលបានភស្តុតាងគ្រប់គ្រាន់ គណ:កម្មការគ្រប់គ្រងល្បែង ពាណិជ្ជ​កម្ម​កម្ពុជា​(គ.ល.ក.) បានសម្រេចចាត់វិធានព្យួរអាជ្ញាប័ណ្ណ ចំពោះកាស៊ីណូ ស៊ីលវើរ ស្តារ មិនឲ្យ​ដំណើរ​ការ​អាជីវកម្មបន្តទៀតទេ។សមត្ថកិច្ចបានបញ្ជូនមុខសញ្ញាមេខ្លោងទាំង៣នាក់ មានជន​ជាតិ​ចិន​តៃវ៉ាន់​ ១នាក់ និងម៉ាឡេស៊ី២នាក់ ទៅតុលាការខេត្តស្វាយរៀង ដើម្បីអនុវត្ត​នីតិ​វិធី​ផ្តន្ទា​ទោស​តាម​ច្បាប់​នៃ​ព្រះរាជាណាចក្រកម្ពុជា។ ចំណែកឯជនបរទេស២០នាក់ ត្រូវបាន​ប្រគល់​ជូន​អគ្គ​នាយក​ដ្ឋាន​ អន្តោប្រវេសន៍ ដើម្បីរៀបចំបែបបទបន្តនីតិវិធី​និរទេសចេញពីកម្ពុជា។សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថ​កិច្ច​ចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹង​បំផុត​ចំពោះ​មេ​ខ្លោង​ទាំង​ឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការ​លើក​លែង​ឡើយ​៕

ពលរដ្ឋនៅតំបន់អតីតជម្លោះបង្ហាញភាពរីករាយ និងសាទរក្រោយយោធាកម្ពុជា និងថៃ​សម្រេច​ដក​អាវុធ​ធុន​ធ្ងន់​ទៅមូលដ្ឋានដើមវិញ

2025/11/02 10:53:51 am        354
បងប្អូនប្រជាពលរដ្ឋខ្មែរ ដែល​រស់នៅតាម​តំបន់​អតីត​ជម្លោះ​រហូត​ដល់​ឈាន​ដល់​ការ​ផ្ទុះ​អាវុធ​រវាង​កង​ទ័ពក​ម្ពុជា និងថៃ សម្តែងការសាទរ និងរីករាយជាខ្លាំងក្រោយកងទ័ពប្រទេសទាំងពីរ សម្រេច​កែ​សម្រួល​ដោយ​ដក​អាវុធ និងយុទ្ធោបករណ៍ធុនធ្ងន់វិលទៅរកមូលដ្ឋានដើមវិញ ហើយពួ​ក​គាត់​រំពឹង​ថា នឹងគ្មានជម្លោះបែបនេះបន្តទៅទៀតផងដែរ។ថ្លែងប្រាប់ទូរទស្សន៍BTV នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បន្ទាប់ពីកងទ័ពកម្ពុជា និង​ថៃ​ធ្វើការ​កែ​សម្រួល​អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់នោះ បងប្អូន​ប្រជាព​លរដ្ឋ​ដែល​រស់​នៅ​សង្កាត់​អូរ​គ្រាល និងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានលើក ឡើងថា ពួក​គាត់​ពិត​ជា​សប្បាយ​ខ្លាំងណាស់ ហើយថែមទាំងលែងមានការភ័យខ្លាចទៀតដែរ ដោយ​បាន​ដឹង​ថា​កង​ទ័ព​កម្ពុជា និងថៃសម្រេចដកអាវុធធុនធ្ងន់ទៅវិញ ហើយពួកគាត់ក៏សូម បួសសួង​កុំឲ្យ​សង្រ្គាម​ផ្ទុះ​អាវុធ​នេះ​កើត​មានបន្ត​ទៀតផងដែរ។តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTVនេះដែរ បងប្អូនប្រជាពលរដ្ឋ ដែលកំពុង រស់​នៅ​តាម​ព្រំដែន​កម្ពុជា​ និងថៃនេះ ក៏បានបង្ហាញការ​ការជឿ​ជាក់​លើ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​នេះដោ​យស​ន្តិវិធី និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំប្រទេសគ្រប់ លំដាប់ថ្នាក់ ដែល​បាន​ខិតខំ​យ៉ាងសកម្មក្នុងការចរចា​ កែប្រែស្ថានការណ៍ពីការជម្លោះប្រដាប់ អាវុធ មក​ពិភាក្សា​គ្នា​ដោយ​សន្តិ​វិធីរហូតបានធ្វើឲ្យគាត់បានវិលត្រឡប់មកផ្ទះសម្បែងវិញ អាចប្រកបមុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ដោយគ្នានការភ័យខ្លាចនោះ។សូមរំលឹកថា ដើម្បីជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជា និងភាគីថៃក្នុងការគោរព និង​អនុវត្ត​នូវ​អ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពី​កិច្ច​ព្រម​ព្រៀង​សន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រម​ទាំងស្មារតីនៃកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែល​ប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ទើបនៅថ្ងៃទី៣១ ខែ​តុលា ឆ្នាំ២០២៥ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិសេស ​នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដោយបាន​ឯកភាព​គ្នា​លើផែ​ន​ការជាដំណាក់កាល នៃការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់។តាម​រយៈផែនការដែលបានឯកភាពគ្នានេះ ភាគីទាំងពីរបានកំណត់យកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ​២០២៥​ម្សិល​មិញ គឺជាថ្ងៃចាប់ផ្តើមនៃការអនុវត្តការកែសម្រួលអាវុធ និង​យុទ្ធោបករណ៍​បំផ្លិច​បំផ្លាញ​ធុន​ធ្ងន់​សម្រាប់​ដំណាក់​កាល​ទី១ ដែលភាគីទាំងពីរត្រូវអនុវត្តដូចគ្នា នៅក្រោម​ការ​ត្រួត​ពិនិត្យ ​និងអ្នកសង្កេតការណ៍ និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)​ផង​ដែរ​៕ អត្ថបទ៖ បាន ចក់

រដ្ឋបាលខេត្តមណ្ឌលគិរី សហការជាមួយមន្ទីរទេសចរណ៍ខេត្ត រៀបចំព្រឹត្តិការណ៍ “សម្លព្រូង​បំពង់​ប្ញស្សី” លើកទី១ រយៈពេល៣ថ្ងៃ ដើម្បីលើកស្ទួយមុខម្ហូបជនជាតិដើមភាគតិច

2025/11/02 10:08:52 am        242
រដ្ឋបាលខេត្តមណ្ឌលគិរី និងមន្ទីរទេសចរណ៍ខេត្ត បានសហការរៀបចំពិធីបើកព្រឹត្តិការណ៍ “សម្ល​ព្រូង​បំពង់​ប្ញស្សី” លើកទី១ ឆ្នាំ២០២៥ រយៈពេល៣ថ្ងៃ គឺ​នៅថ្ងៃអង្គារ-ពុធ-ព្រហស្បតិ៍ ទី៤-៥-៦ ខែ​វិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណសួនច្បារដំរីដែក ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ នេះ​បើ​យោង​តាម​​សេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍។ព្រឹត្តិការណ៍ “សម្លព្រូងបំពង់ប្ញស្សី” រៀបចំឡើងក្នុងគោលបំណង​ ដើម្បីលើក​ស្ទួយ​មុខម្ហូប​របស់​បង​ប្អូ​នជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី ព្រមទាំង​​ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និង​អន្តរ​ជាតិ​ មកទស្សនាកម្សាន្តតំបន់ទេសចរណ៍ និង​ស្វែង​យល់​អំពីប្រពៃណី​វប្បធម៌​របស់​ជន​ជាតិ​ដើម​ភាគ​តិច នារដូវកាលបៃតង ក្នុងខេត្តមណ្ឌលគិរី។ ក្នុងព្រឹត្តិការណ៍នេះ ក៏មានការដាក់តាំងបង្ហាញនូវសម្លព្រូងបំពង់ឫស្សី ដើម្បី​ភ្លក់​នូវ​រស​ជាតិ​ដើ​ម​ដោយ​សេរី និងមានការសម្ដែង​សិល្បៈរបាំប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច ជាមួយ​កម្ម​វិធី​កម្សាន្ត​​​ជាច្រើន ព្រមទាំងមានការដាក់​តាំង​បង្ហាញ​នូវ​ផលិតផ​លផ្លែ​ឈើជា​ច្រើន​​ប្រភេទ​របស់​ខេត្ត​មណ្ឌល​គិរីផងដែរ៕

រដ្ឋមន្រ្តីក្រសួងការងារ៖ ដើម្បីឆ្លើយតបនឹងបម្រែបម្រួលឌីជីថលនីយកម្ម និងស្វ័យប្រវត្តិកម្ម ការពង្រឹងជំនាញ TVET និងជំនាញបច្ចេកវិទ្យា គឺជាកត្តាចាំបាច់បំផុត

2025/11/02 09:00:03 am        231
ព្រឹត្តិការណ៍ប្រចាំឆ្នាំលើកទី១៥ នៃពិធីបើកពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥ ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅ​ថ្ងៃ​ទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកោះពេជ្រ ដែលមានអ្នកចូលរួមមកពីគ្រប់មជ្ឈដ្ឋាន ប្រមាណ​ជាង ១ ៨០០នាក់ គឺជាវេទិកាដើម្បីពង្រឹងទំនាក់ទំនងល្អ និងកាន់តែជិតស្និទ្ធរវាង​រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និយោជក រោងចក្រ សហគ្រាស កម្មករនិយោជិត គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) សិស្ស និស្សិត យុវជន និងអ្នកស្វែ​ង​រក​ការ​ងារធ្វើ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកពីសារៈសំខាន់ដែលផ្តើមចេញពីកត្តាគ្រឹះ​នៃការរក្សាបាននូវសុខសន្តិភាព ដែលផ្តល់ឱកាសឱ្យប្រទេសកម្ពុជាអាច​ទាក់ទាញជំនឿទុកចិត្តពីអ្នកវិនិយោគទុន បង្កើតការងារ រក្សាការងារ និងបង្កើនការងារជូនប្រជាពលរដ្ឋ ជាពិសេសយុវជនក្រោមការដឹកនាំប្រកបដោយភាពឆ្លាតវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ វេទិកានេះ បានផ្តល់ឱកាសឱ្យអ្នកស្វែងរកការងារ អាចជួបដោយផ្ទាល់ និងសម្ភាសន៍ភ្លាមៗជាមួយនិយោជក ដែលកំពុងមានតម្រូវការជ្រើសរើសកម្លាំងពលកម្មជាក់ស្តែងចំនួនជាង ៣ម៉ឺនកន្លែង។ ទន្ទឹមនេះ វាគ្មិនជាច្រើនរូប នឹងចែករំលែកបទពិសោធក្នុងការចាប់យកអាជីព ចំណេះដឹង ចំណេះធ្វើ សំដៅដល់ការបណ្តុះផ្នត់គំនិត កែប្រែឥរិយាបថ និងបង្កើនការយល់ដឹងអំពីផលិតភាព និងការប្រកួតប្រជែង។កន្លងទៅនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បាននិងកំពុងបន្តកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋាន ក្នុងការសម្របសម្រួលរកការងារជូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករដែលវិលត្រឡប់ពីប្រទេសថៃ ដោយគិតមកត្រឹមខែតុលានេះ សរុបប្រមាណ ៤៦ម៉ឺនកន្លែង និងមានអ្នកទទួលបានការងារសរុបប្រមាណ ២៧ម៉ឺននាក់។ឯកឧត្តម បានបញ្ជាក់ថា បច្ចុប្បន្នដើម្បីឆ្លើយតបនឹងបម្រែបម្រួលយ៉ាងលឿន ជាពិសេសឌីជីថលនីយកម្ម និងស្វ័យប្រវត្តិកម្ម ការលើកកម្ពស់ផលិតភាព ដោយប្រែក្លាយកម្លាំងពលកម្មជំនាញ និងមានផលិតភាពខ្ពស់ តាមរយៈការពង្រឹងជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងជំនាញបច្ចេកវិទ្យា គឺជាកត្តាចាំបាច់បំផុត។ ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមក្នុងកិច្ចការនេះឱ្យទូលំទូលាយ ទាំងកម្រិតជាតិ កម្រិតវិស័យឯកជន កម្រិតសហគ្រាស គ្រឹះស្ថាន និងកម្រិតកម្មករនិយោជិតម្នាក់ៗ។ នៅកម្រិតវិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហការគ្នា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ ចាប់យកមកអនុវត្តនូវស្តង់ដា និងការអនុវត្តល្អៗ ព្រមទាំងផ្តល់ការបណ្តុះបណ្តាលលើកកម្ពស់ជំនាញកម្លាំងពលកម្មជាក់លាក់តាមវិស័យនីមួយៗ។ នៅកម្រិតសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុននីមួយៗជាអ្នកនាំមុខ ក្នុងការផ្តួចផ្តើមដើម្បីចាប់យកផ្នត់គំនិតបត់បែនលឿន និងភាពស្របគ្នាល្អ, ការធ្វើនវានុវត្តន៍ និងវិនិយោគលើបច្ចេកវិទ្យា សំដៅឱ្យការប្រកួតប្រជែងកាន់តែមានប្រសិទ្ធភាព។ រីឯកម្មករនិយោជិតវិញ ត្រូវប្រកាន់យកនូវឥរិយាបថ និងផ្នត់គំនិតក្នុងការបន្តលើកកម្ពស់ និងពង្រីកជំនាញ ឱ្យមានភាពបត់បែនលឿន ឆ្លើយតបទាន់ទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា។ លើសពីនេះទៀត សហជីពក៏មានតួនាទីយ៉ាងសំខាន់ ក្នុងការជួយកម្មករនិយោជិតឱ្យទទួលបានជំនាញថ្មី និងរក្សាទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយភាពសុខដុមរមនា។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ សហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF), ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA), និងដៃគូដែលមិនអាចខ្វះបាន គឺអង្គការអន្តរជាតិខាងការងារ (ILO) ដែលមានការជួយឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ និងមានស្តង់ចំនួន ១៨៧៕ 

យោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ចាប់ផ្តើមនៃការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ ក្រោមការសង្កេតការណ៍ពីក្រុម AOT

2025/11/01 07:56:03 pm        329
ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជា និងភាគីថៃក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងស្មារតីនៃកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ទើបនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដោយបានឯកភាពគ្នាលើផែនការជាដំណាក់កាល នៃការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់។ នេះ បើតាម សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ តាមរយៈផែនការដែលបានឯកភាពគ្នានេះ ភាគីទាំងពីរបានកំណត់យកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៤៥នាទី គឺជាថ្ងៃចាប់ផ្តើមនៃការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១ ដែលភាគីទាំងពីរត្រូវអនុវត្តដូចគ្នា នៅក្រោមការសង្កេតការណ៍ និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ សូមគូសបញ្ជាក់ផងដែរថា ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១នេះ នឹងត្រូវធ្វើឡើងក្នុងរយៈពេល ០៣ (បី) សប្តាហ៍ គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ដើម្បីបង្ហាញពីការកាយវិការប្រកបដោយសុច្ឆន្ទៈ ភាគីទាំងពីរបានធ្វើការដកដោយផ្នែកនៃជំហានទីមួយ សម្រាប់ជានិមិត្តរូប ដោយបានដករថពាសដែកចំនួន ២គ្រឿងរបស់ភាគីម្ខាងៗឱ្យត្រឡប់ទៅកាន់ទីតាំងដើមវិញ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទីយប់។សម្រាប់ភាគីកម្ពុជា ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ នៅក្នុងដំណាក់កាលទី១នេះ បានប្រព្រឹត្តទៅនៅទីតាំងចំនួន ០២ រួមមាន៖ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ។ ដោយឡែក ភាគីថៃក៏នឹងធ្វើការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ នៅក្នុងដំណាក់កាលទី១នេះផងដែរ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរនឹងអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដោយភាពស្មោះត្រង់ សុច្ឆន្ទៈ និងតម្លាភាព សំដៅចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់ ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរជាច្រើនជំនាន់តទៅមុខទៀត៕

ឯកឧត្តម សាយ សំអាល់៖ ការរស់នៅបានសុខក្នុងសន្តិភាព ធ្វើឲ្យជាតិសាសន៍នានានៅកម្ពុជារួមគ្នាប្រឆាំងសង្គ្រាម

2025/11/01 06:42:48 pm        312
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ការរស់នៅប្រកបដោយភាពសុខសាន្ត ក្រោមដំបូលសន្តិភាព ធ្វើឲ្យជាតិសាសន៍នានា ដែលរស់នៅក្នុងប្រទេសកម្ពុជា បានរួមគ្នាប្រឆាំងទៅនឹងសង្គ្រាម ។ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ វិហារឥស្លាមម៉ាស្ជិតគៀនឃ្លាំង ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា បច្ចុប្បន្ននេះ ក្រោមការត្រួសត្រាយផ្លូវពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាកំពុងមានភាពសុខដុមនីយកម្ម នៃសាសនានានា ដោយពលរដ្ឋម្នាក់ៗ អាចមានសិទ្ធិ ក្នុងការគោរពជំនឿសាសនារៀងៗខ្លួន មិនមានការឃាត់ឃាំង ឬការរើសអើងនោះឡើយ ។ឯកឧត្តមបន្តថា ឆ្លើយតបទៅនឹងការផ្ដល់សិទ្ធិសេរីភាព យ៉ាងទូលំទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជានេះហើយ ទើបធ្វើឲ្យពលរដ្ឋខ្មែរ បងប្អូនខ្មែរឥស្លាម និងគ្រិស្តបរិស័ទជាដើម មានភាពកក់ក្ដៅ រស់នៅដោយភាពសុខសាន្ត ពិសេសបានរួមគ្នាប្រឆាំងទៅនឹងសង្គ្រាម ជាក់ស្ដែងកាលពីផ្ទុះករណីថ្ងៃទី២៤ ដល់២៨ ខែកក្កដា ឆ្នាំ២០២៥ គ្រប់សាសនាទាំងអស់នៅកម្ពុជា បានរួមគ្នាប្រឆាំងនឹងអំពើឈ្លានពាន បំផ្លាញសន្តិភាពនៅកម្ពុជា ដែលនេះបង្ហាញពីសាមគ្គីភាព ។ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនខ្មែរឥស្លាមបន្តថែទាំពូនជ្រុំសុខសន្តិភាពនៅកម្ពុជា ដើម្បីបន្តរស់នៅដោយសុខដុម មានអធ្យាស្រ័យដល់គ្នា ចេះយោគយល់គ្នា និងបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងសូមអបអរសាទរ ចំពោះសមិទ្ធផលថ្មី របស់បងប្អូនសាសនិកមុស្លិមនៅកម្ពុជា គឺវិហារឥស្លាមម៉ាស្ជិតគៀនឃ្លាំង ជាទីកន្លែងសម្រាប់ប្រតិបត្តិសាសនា ជាទីគោរពសក្ការៈ និងការសិក្សា ។ក្នុងឱកាសនោះ ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ក្នុងនាមជាសាសនិកឥស្លាម បានសម្ដែងនូវការថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់សិទ្ធិសេរីភាព ដល់បងប្អូនខ្មែរឥស្លាម អាចប្រតិបត្តិសាសនា តាមទំនៀមទម្លាប់ មិនមានការរើសអើង ។ជាមួយនេះឯកឧត្តម ក៏បានប្ដេជ្ញាបន្តចូលរួមថែរក្សាសុខសន្តិភាព និងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយរួបរួមសាមគ្គីជាធ្លុងមួយ ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ប្រឆាំងនឹងអំពើឈ្លានពាន និងទប់ស្កាត់មិនឲ្យមានសង្គ្រាមនៅកម្ពុជា ។លោក ទត ស៊ូហ្វី ដែលជាអ៊ីម៉ាំម៉ាស្ទិត បានឲ្យដឹងថា វិហារឥស្លាមម៉ាស្ជិតគៀនឃ្លាំង ស្ថិតលើដីទំហំ៤៤១ម៉ែត្រការ៉េ មានផ្ទៃអាគារចំនួន៦២៤ម៉ែត្រការ៉េ រួមទាំងបន្ទប់ទឹក ។ ស្ថាបត្យកម្មវិហារនេះមានកម្ពស់១៦.១ម៉ែត្រ មានពីរជាន់ ដែលអាចផ្ទុកសាសនិកប្រតិបត្តិពិធីសាសនាបានចន្លោះពី ២០០ ទៅ៤០០នាក់ ។ ក្រៅពីនេះ នៅជាន់ផ្ទាល់ដីក៏មានបន្ទប់សិក្សាទំហំ ៤០ម៉ែត្រការ៉េ សម្រាប់កម្មវិធីអប់រំសាសនាឥស្លាម និងបន្ទប់ដាក់ឥវ៉ាន់ទំហំ ១៦ម៉ែត្រការ៉េ ដែលមានតួនាទីគាំទ្រការប្រើប្រាស់ប្រចាំថ្ងៃរបស់ម៉ាស្ជិត ៕ អត្ថបទ បាន សុខរិទ្ធិ 

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភានិវត្តន៍មកកាន់មាតុប្រទេសវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី និងចូលរួមវេទិកាសន្តិភាពប៉ារីស នៅប្រទេសបារំាង

2025/11/01 06:15:09 pm        2830
នៅរសៀលថ្ងៃទី១ ខែវិចិ្ឆកាឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព និងទទួលបានលទ្ធផល ជាទីមោទនៈក្នុងការបំពេញបេសកកម្មការទូតសភា នាំមកនូវផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។ អំឡុងពេលបំពេញទស្សនកិច្ចនេះ សម្តេចប្រធានរដ្ឋសភាបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម តាម៉ាស ស៊ូលយ៉ូក (Tamás Sulyok) ប្រធានាធិបតីហុងគ្រី បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្ដម ឡាស្លូ កូវឺរ ប្រធានរដ្ឋសភាហុងគ្រី និងថ្នាក់ដឹកនាំរដ្ឋសភាហុងគ្រីមួយចំនួនទៀត។ រដ្ឋសភាប្រទេសទំាងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរ នៅក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជា នៅក្នុងប្រទេសហុងគ្រីនេះ។អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសភារវាងរដ្ឋសភា និង អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរ។ អនុស្សរណៈនៃការយោគយល់គ្នានេះ មានសារៈសំខាន់បំផុត នៅក្នុងការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ នៅគ្រប់កម្រិតទំាងក្នុងកម្រិតរដ្ឋសភា និងអគ្គលេខាធិការដ្ឋាន ដូចជាការជំរុញឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក ការចែករំលែកបទពិសោធន៍ និងព័ត៌មាន ការលើកកម្ពស់ភាពជាដៃគូ និងការបណ្តុះបណ្តាល ការកសាងសមត្ថភាពមន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភានៃប្រទេសទាំងពីរជាដើម។ចំពោះការចូលរួមវេទិកាសន្តិភាពប៉ារីសលើកទី៨ នៅប្រទេសបារំាងវិញ សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធជាច្រើន ដូចជាកិច្ចប្រជុំពេញអង្គ ក្រោមមូលបទ «សម្ព័ន្ធភាពថ្មី ដើម្បីសន្តិភាព មនុស្ស និងភពផែនដី» មានដូចជាកិច្ចពិភាក្សាតុមូល ស្តីពី «ចំពោះមុខការបែកបាក់៖ អធិបតេយ្យក្នុង សណ្តាប់ធ្នាប់ពិភពលោកដែលមានការបែកខ្ញែក »   កិច្ចពិភាក្សា «ការបែកបាក់ និងការប្រឈមមុខដាក់គ្នា៖ ការផ្លាស់ប្តូរភូមិសាស្រ្តនយោបាយនៅអាស៊ី» ជាដើម។ សារសំខាន់របស់កម្ពុជានៅក្នុងវេទិកាសន្តិភាពប៉ារីសលើកទី៨គឺ តម្លៃសន្តិភាព និងការចង់ឃើញពិភពលោកមានសុខសន្តិភាពដូចៗគ្នា។ កម្ពុជាបានប្រកាន់យកនូវគោលនយោបាយការបរទេស “មិត្តជាមួយគ្រប់ប្រទេសទាំងអស់ ដោយមិនយកប្រទេសណាមួយជាសត្រូវ”។ គោលនយោបាយការបរទេសរបស់កម្ពុជាគឺចាក់ឫសយ៉ាងជ្រៅនៅក្នុងគុណតម្លៃនៃសន្តិភាព សុខដុមរមនា និងច្បាប់អន្តរជាតិ។ ចំពោះមុខសហគមន៍អន្តរជាតិ សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ សារជាថ្មីពីតម្លៃធំធេង នៃកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា កន្លងមកនេះ ក្រោមវត្តមានជាសាក្សីរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី។ កិច្ចព្រមព្រៀងសន្តិភាព គឺជំហានដ៏សំខាន់ ដើម្បីស្តារឡើងវិញនូវប្រក្រតីភាព និងសន្តិភាពយូរអង្វែងរវាងព្រះរាជាណាចក្រទាំងពីរ។ ក៏ប៉ុន្តែដំណើរការនេះស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយ។ ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ដើម្បីចូលរួមតាមដានយ៉ាងជិតដិតក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនេះ។សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ថា កម្ពុជាបានប្តេជ្ញាចិត្តចំពោះគោលការណ៍ សន្តិសហវិជ្ជមាន គឺភាពជាអ្នកជិតខាងល្អ និង មិត្តភាពនិងមជ្ឈភាពអាស៊ាន ព្រមទាំងបានផ្តល់អាទិភាពចំពោះអ្នកជិតខាងភូមិផងរបងជាប់គ្នានៅក្នុងការចូលរួមជាមួយតួអង្គខាងក្រៅ។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នៅប្រទេសហុងគ្រី ក៏ដូចជាការចូលរួមវេទិកាសន្តិភាពប៉ារីសលើកទី៨ នៅសាធារណរដ្ឋបារំាង គឺជាបុរេសកម្មនៃការងារការទូតសភា ក្នុងការស្វែងរកផលប្រយោជន៍ជូនប្រជាពលរដ្ឋក៏ដូចជាការចូលរួមចំណែកលើកកម្ពស់សុខសន្តិភាពជូនពិភពលោក។ ការទូតសភារបស់កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ត្រូវបានមជ្ឈដ្ឋានអន្តរជាតិ វាុយតម្លៃខ្ពស់ពីតួនាទីសំខាន់របស់កម្ពុជា ក្នុងការលើកកម្ពស់សុខសន្តិភាព វិបុលភាព ប្រកបដោយបរិយាបន្នជូនប្រជាពលរដ្ឋ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
06/06/2026 06:06 PM
ឯកអគ្គរដ្ឋទូត៖ ប៉ាគីស្ថាននៅតែរក្សាទំនាក់ទំនងជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ីរ៉ង់
06/06/2026 04:06 PM
CENTCOM៖ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ដែលបាញ់ឆ្ពោះទៅប្រទេសកូវ៉ែត និងបារ៉ែន
06/06/2026 04:06 PM
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
06/06/2026 04:06 PM
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
06/06/2026 04:06 PM
លោក PUTIN៖ រុស្ស៊ីនឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ នៅពេលស្ថានការណ៍ស្ងប់ស្ងាត់
06/06/2026 04:06 PM
សារព័ត៌មាន Politico ៖ ប្រទេសណាតូកំពុងពិភាក្សាអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
06/06/2026 03:06 PM
អៀរឡង់ដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូបមិនឲ្យចូលប្រទេសនេះ
06/06/2026 03:06 PM
ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM