សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្តាល
កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ
សាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ បានចូលរួមផ្សព្វផ្សាយផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា

ព័ត៌មានជាតិ

ឯកឧត្តម ឌិត ទីណា ទទួលជួបតំណាងអង្គការ WFP ដើម្បីពិភាក្សាការងារវិស័យស្បៀង និង​អាហារូបត្ថម្ភ​នៅកម្ពុជា

2025/10/28 01:36:27 pm        392
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២៧ តុលា ឆ្នាំ២០២៥ បានអញ្ជើញទទួលជួបជាមួយ លោកស្រី ឃ្យុងណាន់ ផាក (Kyungnan Park) តំណាង និងជានាយិកាប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដែល​ប្រព្រឹត្ត​ទៅនៅទីស្តីការក្រសួង។យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងក្រោយចប់ជំនួបនេះថា នាឱកាស​នោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍លោកស្រី ក្នុងការមកបំពេញការងារនៅកម្ពុជា ហើយ​បាន​ពិភាក្សាកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់វិស័យស្បៀង និងអាហារូបត្ថម្ភ ព្រមទាំង​ការ​ពិនិត្យ​លទ្ធភាពសហការជាមួយគ្នាក្នុងការបង្កើនគុណភាពអាហារូបត្ថម្ភ សម្រាប់ប្រជាជន និងកុមារកម្ពុជា។ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប ដែល​បាន​ផ្តល់​អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ជាពិសេស​ភាពងាយស្រួលក្នុងការ​ទទួល​អន្តរាគមន៍ ហើយក្នុងនោះ (WFP) អាចពិនិត្យលទ្ធភាពក្នុងការចូលរួមជួយគាំទ្រ​ភាពធន់នឹង​អាកាស​ធាតុ​របស់​ប្រជាកសិករ​ តាមរយៈគម្រោងធានារ៉ាប់រងផល​ប៉ះពាល់​ការប្រែប្រួល​អាកាស​ធាតុ និងគ្រោះមហន្តរាយ។ក្រសួងកសិកម្ម បានបញ្ជាក់បន្ថែមថា ជាការឆ្លើយតបរបស់ លោកស្រី ឃ្យុងណាន់ ផាក បានបង្ហាញគោលជំហរបន្តគាំទ្រ និងចូលរួមក្នុងការផ្តល់នូវកម្មវិធីអាហារូបត្ថម្ភ ដល់ប្រជាជន និងកុមារកម្ពុជា និងលើកកម្ពស់ក្នុងការកែប្រែឥរិយាបថ ដើម្បីវិស័យស្បៀងអាហារ និងអាហារូបត្ថម្ភក្នុងប្រទេសកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារជាកិច្ចការចាំបាច់ ដើម្បីគាំទ្រ ដល់ដំណើរការនៃការកែទម្រង់ ឆ្ពោះទៅកាន់ការគ្រប់គ្រងមុខងារសាធារណៈផ្អែកលើសមិទ្ធកម្ម

2025/10/28 01:14:34 pm        477
បាត់ដំបង៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ បានអញ្ជើញ​បើក​សិក្ខា​សាលា​ផ្សព្វផ្សាយ​ស្ដីពីកា​រជ្រើ​ស​រើស និង​ការ​គ្រប់​គ្រង​មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលប្រព្រឹត្តទៅសាលប្រជុំសាលាខេត្តបាត់ដំបង ដែល​មាន​សិក្ខាកាមសរុបចំនួនប្រមាណ៣០០នាក់។មានប្រសាសន៍ក្នុងពិធីបើក ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ជូនសិក្ខាកាមថា “ការ​ជ្រើស​រើស​មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ គឺជាយន្តការពិសេសថ្មីមួយរបស់រាជរដ្ឋាភិបាល នឹង​ជួយ​លើក​កម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានមនុស្ស និងដោះស្រាយ​បញ្ហា​ប្រឈម​ដែល​មាន​ក្នុង​ប្រព័ន្ធមុខងារសាធារណៈបែបអាជីពនាពេលបច្ចុប្បន្ន ដូចជាបញ្ហាលើស ប៉ុន្តែខ្វះមន្ត្រី កង្វះ​មន្ត្រី​មាន​ជំនាញពិតប្រាកដ ការអភិវឌ្ឍសមត្ថភាពមន្ត្រី ឱ្យស្របតាមការវិវត្តនៃសង្គម។ ការអនុវត្តបែបនេះ គឺជាកិច្ចការចាំបាច់ ដើម្បីគាំទ្រដល់ដំណើរការនៃការកែទម្រង់ឆ្ពោះទៅកាន់ការគ្រប់គ្រងមុខងារសាធារណៈ ផ្អែកលើសមិទ្ធកម្ម។” […] “យន្តការថ្មីនេះ ជារបៀបនៃការគ្រប់គ្រងធនធានមនុស្ស បែបប្រព័ន្ធនិយោជន៍ ដែលជារបៀបនៃការអនុវត្ត យ៉ាងទូលំទូលាយ ក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ នាពេលបច្ចុប្បន្ន។ ការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងដំណាក់កាលនេះ គឺជាការផ្លាស់ប្តូរមួយក្នុងទ្រង់ទ្រាយធំ និងមុតស្រួច ដែលមិនត្រឹមតែការកសាងលិខិតបទដ្ឋានគតិយុត្ត និងជំរុញឱ្យមានការផ្លាស់ប្តូរតែប៉ុណ្ណោះទេ ប៉ុន្តែជាការផ្លាស់ប្តូរផ្នត់គំនិត ការបញ្ជ្រាបទស្សនាទាន និងការបង្កើនចំណេះដឹង ដល់មន្ត្រីរាជការ ក៏ដូចជាប្រជាជនខ្មែរ ដើម្បីបង្កើនការគាំទ្រ ការចូលរួម និងជំនឿទុកចិត្ត លើការដឹកនាំរបស់រាជរដ្ឋាភិបាល។” ឯកឧត្តមបានបន្ថែម។ សូមជម្រាបថា សិក្ខាសាលាពេញមួយថ្ងៃនេះ នឹងមានការរៀបចំបទបង្ហាញចំនួន៣ រួមមាន៖ ទី១) ទស្សនាទានគោលនយោបាយក្នុងការកែទម្រង់មុខងារសាធារណៈ, ទី២) ការជ្រើសរើសនិងការគ្រប់គ្រងផ្អែកលើកិច្ចព្រមព្រៀងការងារ, និងទី៣) ការបំពេញការងាររបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ៕

ក្រសួងឧស្សាហកម្មកំពុងរៀបចំយន្តការសម្រួលនីតិវិធី ដើម្បីលើកទឹកចិត្តដល់អ្នកផលិតនិងអ្នកនាំចូល

2025/10/28 12:47:22 pm        163
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងរៀបចំយន្តការបន្ថែមតាមរយៈការសម្រួលនីតិវិធី និងកាត់បន្ថយ ចំណាយ ដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែច្រើនពីអ្នកផលិត និងអ្នកនាំចូលទំនិញ ខណៈការចុះបញ្ជីផលិតផលមានចំនួន តិចតួចនៅឡើយ។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងយុទ្ធនាការផ្សព្វ ផ្សាយអំពីការចុះបញ្ជីផលិតផល (ច.ប.ផ) នៅថ្ងៃទី២៧ តុលា ឆ្នាំ២០២៥ នេះថា ការចុះបញ្ជីផលិតផលមិនមែនជាការងារថ្មី ឬបន្ទុក បន្ថែមសម្រាប់អាជីវកម្មទេ ប៉ុន្តែយុទ្ធនាការនេះកើតចេញពីឆន្ទៈក្នុងការកែលម្អសេវា និងការគាំទ្រដល់វិស័យឯកជនយ៉ាងពិតប្រាកដ របស់ក្រសួង ហើយយុទ្ធនាការពេលនេះផងដែរ គឺស្របនិងកាលៈទេសៈ និងការឆ្លើយតបផ្ទាល់ទៅនឹងកង្វល់ និងសំណូមពររបស់ទីផ្សារ ទាំងអ្នកផលិត និងអ្នកប្រើប្រាស់ ក៏ដូចជាការវិវត្តនៃសភាពការណ៍ពាណិជ្ជកម្ម។ ការចុះបញ្ជីផលិតផល គឺជានីតិវិធីដែលផ្តល់អត្តសញ្ញា- ណដល់ផលិតផលគ្រប់ប្រភេទ និងគ្រប់ទម្រង់ដោយអនុលោមតាមស្តង់ដារកម្ពុជា CS001-2000 ស្តីពីការដាក់ស្លាកផលិតផល។ សម្រាប់អ្នកប្រើប្រាស់ ការចុះបញ្ជីផលិតផលផ្តល់នូវតម្លាភាព និងលទ្ធភាពស្វែងរកប្រភពទំនិញ និងម្ចាស់ស្របច្បាប់របស់ផលិតផល។ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ជុំវិញការចុះបញ្ជីឃើញថា នៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ វិទ្យាស្ថានស្តង់ដារកម្ពុជា ចុះបញ្ជី ផលិតផលបានចំនួន ៩.៥៣៥ ដែលជាចំនួនមួយតិចតួចនៅឡើយ បើធៀបនឹងចំនួនផលិតផលកំពុងចរាចរនៅលើទីផ្សារ បញ្ហានេះ ក្រសួងបានសម្រួលនីតិវិធី ដោយកាត់បន្ថយឯកសារតម្រូវសម្រាប់ពាក្យស្នើសុំ និងកាត់បន្ថយរយៈពេលនៃការផ្តល់អាជ្ញាបណ្ណ ច.ប.ផ. មកនៅត្រឹម៥ថ្ងៃ នៃថ្ងៃធ្វើការ ក្នុងករណីដែលមានសំណុំឯកសារត្រឹមត្រូវគ្រប់គ្រាន់។ ទន្ទឹមនឹងនេះ ពាក្យស្នើសុំតែមួយអាចប្រើប្រាស់ សម្រាប់ការចុះបញ្ជីផលិតផលច្រើនមុខ ក្នុងពេលតែមួយ ដោយការផ្តល់អាជ្ញាបណ្ណ ច.ប.ផ. នេះ មានសុពលភាពរយៈពេល៣ឆ្នាំ។សូមបញ្ជាក់ថា យុទ្ធនាការផ្សព្វផ្សាយអំពីការចុះបញ្ជីផលិតផល (ច.ប.ផ) នឹងមានរយៈពេល ១៤ ខែ ចាប់ថ្ងៃបើកយុទ្ធនាការដំបូងនេះ រហូតដល់ដំណាច់ឆ្នាំ២០២៦ ដោយផ្តល់ជូនការបញ្ចុះតម្លៃ និងការគាំទ្រពិសេសសម្រាប់ទាំងអ្នកផលិតក្នុងស្រុក និងក្រុមហ៊ុននាំចូល ផលិតផលនានា ក្នុងនោះសម្រាប់សហគ្រាសផលិត និងក្រុមហ៊ុននាំចូល ដែលចុះបញ្ជីផលិតផលច្រើនមុខក្នុងពេលតែមួយ នឹងទទួល បានការលើកទឹកចិត្តពិសេស គឺការបញ្ចុះតម្លៃ ១០% សម្រាប់ការចុះបញ្ជីផលិតផលពី ៥-១៩ មុខ, ១៥% សម្រាប់ការចុះបញ្ជី ផលិតផលពី ២០-៤៩, និង ២០% សម្រាប់ការចុះបញ្ជីផលិតផលលើសពី៥០មុខ ក្នុងពេលតែមួយ៕

សម្ដេចធិបតីឆ្លៀតជួបសំណេះសំណាលជាមួយប្រធានាធិបតីហ្វីលីពីន និង នាយករដ្ឋមន្ត្រីឡាវ ក្នុងឱកាសចូលរួមពិធីចុះហត្ថលេខាដំឡើង កម្រិតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០

2025/10/28 12:27:55 pm        256
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានឆ្លៀតជួបសំណេះសំណាលជាមួយ ឯកឧត្ដម Ferdinand Marcos Jr ប្រធានាធិបតីសាធារណរដ្ឋហ្វីលីពីន និង ឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជកម្មសេរី អាស៊ាន-ចិន ៣.០ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ឯកឧត្តម គង់ កន្នារតន៍ ចុះត្រួតពិនិត្យការសាងសង់ផ្ទះ និងជីកប្រឡាយទឹក ជូនគ្រួសារ​អតីត​យុទ្ធជន​ក្នុងខេត្តបាត់ដំបង

2025/10/28 12:25:53 pm        441
ឯកឧត្តម គង់ កន្នារតន៍ នាយកខុទ្ទកាល័យ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យការសាងសង់ផ្ទះ និងជីកប្រឡាយទឹក ជូនគ្រួសារអតីតយុទ្ធជន លើសម្បទានដីសង្គមកិច្ច ស្ថិតនៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ និងបន្តចុះពិនិត្យការសាងសង់ផ្ទះបន្ថែម ស្ថិតនៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលជាអំណោយដ៏ថ្លៃថ្លារបស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជន​កម្ពុជា។

សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៨ នៅទីក្រុងកូឡាឡាំពួ

2025/10/28 12:16:46 pm        309
នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា រួមជាមួយប្រមុខរាជរដ្ឋាភិបាល និងរដ្ឋាភិបាល នៃបណ្តាប្រទេស​អាស៊ាន​ទាំង១១ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៨ ដោយមាន​ការអញ្ជើញ​ចូលរួម​ជាសហប្រធានពីសំណាក់ ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជា​ប្រធាន​អាស៊ានឆ្នាំ២០២៥ និងឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណ​រដ្ឋ​ប្រជាមានិត​ចិន នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបានអញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន ៣.០ ផងដែរ។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានទាំង១១ និងនាយក​រដ្ឋ​មន្ត្រីចិន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំ​ពាក់ព័ន្ធ​នៅទី​ក្រុង​គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕

សម្តេចធិបតី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-នូវែលហ្សេឡង់ ដើម្បី​អបអរសាទរខួបទី៥០ ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលហ្សេឡង់

2025/10/28 12:08:50 pm        208
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ចូលរួម​ជាមួយ​ថ្នាក់ដឹកនាំអាស៊ានដទៃទៀត និងថ្នាក់ដឹកនាំប្រទេសនូវែលហ្សេឡង់ ក្នុងកិច្ច​ប្រជុំ​កំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-នូវែលហ្សេឡង់ ដើម្បីអបអរសាទរខួបទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលហ្សេឡង់ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ប្រទេសបារាំងប្រកាសតាមដានដោយយកចិត្តទុកដាក់ចំពោះការអនុវត្តជាក់ស្តែងលើកិច្ចព្រមព្រៀងសន្ដិភាពរបស់កម្ពុជា-ថៃ និងបន្តការដោះស្រាយជម្លោះព្រំដែន តាមរយៈការសន្ទនា និងច្បាប់​អន្តរជាតិ

2025/10/28 11:58:59 am        161
ដោយមានទំនាក់ទំនងជាមួយដៃគូអាស៊ាន និងសហរដ្ឋអាមរិក ប្រទេស​បារាំង​នឹង​តាម​ដាន​ដោយ​យក​ចិត្តទុកដាក់ចំពោះការអនុវត្តជាក់ស្តែងនូវការប្តេជ្ញាចិត្តរបស់កម្ពុជា និងថៃ លើការចុះហ​ត្ថ​លេខា​លើ​សេចក្តីថ្លែងការណ៍សន្តិភាពនៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០២៥​។ យោងតាម សេចក្តីថ្លែងការណ៍របស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង បានបញ្ជាក់ថា ប្រទេស​បារាំង​វាយតម្លៃខ្ពស់ចំពោះការចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​កំពូលអាស៊ានលើកទី៤៧នៅទីក្រុងគូឡាឡាំពួរ លើសេចក្តីថ្លែង​ការណ៍​សន្តិភាព​រវាង​ប្រទេស​កម្ពុជា និងប្រទេសថៃ ដោយមានវត្តមានប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន និង​សហ​រដ្ឋ​អាមេរិក។ សេចក្តីថ្លែងការណ៍រួមនេះអនុញ្ញាតឱ្យប្រទេសកម្ពុជា និងប្រទេស​ថៃ​ដោះស្រា​យ​ជម្លោះព្រំដែនដោយសន្តិវិធី ដែលមានភាពចាំបាច់សម្រាប់ស្ថិរភាពតំបន់។ប្រទេស​បារាំងវាយតម្លៃខ្ពស់ជាពិសេសចំពោះការចុះហត្ថលេខាលើ​ល័ក្ខខ័ណ្ឌ​យោង​សម្រា​ប់​ក្រុម​អ្នក​សង្កេត​ការណ៍អាស៊ាន ដែលនឹងអនុញ្ញាតឱ្យពន្លឿនការដាក់ពង្រាយនៅតាមមូលដ្ឋាន ការ​ប្តេជ្ញា​ចិត្ត​របស់ភាគីទាំងពីរក្នុងការដកអាវុធធុនធ្ងន់ចេញពីព្រំដែន ការបន្តការដោះមីន ក៏ដូចជា​ការ​ប្រកាស​របស់ប្រទេសថៃស្តីពីការដោះលែងទាហានកម្ពុជាដែលប្រទេសថៃកំពុងឃុំខ្លួន។ នេះ​បើ​តាម​ការ​បញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ដដែល៕

ពលរដ្ឋភៀសសឹក នៅមណ្ឌលវត្តពោធិ៍៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ បាននាំគ្នា​វិលត្រឡប់​ទៅ​កាន់​ផ្ទះសម្បែងវិញបណ្ដើរៗហើយ

2025/10/28 11:24:28 am        286
នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋភៀសសឹកស្ថិតនៅទីតាំង វត្តពោធិ៍​៥០០០​ដើម​ ក្នុងស្រុកគូលែន ខេត្តព្រះវិហារ បាននាំគ្នាវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ​បណ្ដើរ​ៗ​ហើយ​​ បន្ទាប់ពីកម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងសន្ដិភាពជាមួយគ្នា កាលពីថ្ងៃទី២៦ ខែ​តុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្រោម​អធិបតី​ភាព​ជា​សាក្សី​របស់​ឯកឧត្តម​ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម​។ប្រជាពលរដ្ឋភៀស នៅវត្ដពោធិ៍​៥០០០ដើម ស្រុកគូលែន ខេត្ដព្រះវិហារ បានលើកឡើងថា ការ​វិល​ត្រឡប់​ទៅកា​ន់លំនៅឋាននេះ មួយចំនួនការស្ម័គ្រចិត្ដ និងការរៀបចំពីអាជ្ញាធរខេត្ដ ដោយ​មាន​ការ​ដឹកជញ្ជូនតា​រថយន្ដ។ ពួកគាត់បានសម្ដែងការរីករាយ និង​អរគុណ​ដល់​រាជ​រដ្ឋាភិបាល​ដែល​បាន​ដោះស្រាយ​ជម្លោះព្រំដែនកម្ពុជា-ថៃ ឱ្យមានស្ថានភាពធូរស្រាលឡើងវិញ​ជា​បណ្ដើរៗ ។ ពួកគាត់​រំពឹង​និង​ជឿ​ជាក់​ថា ជម្លោះព្រំដែនរវាងប្រទេសទាំងពីរនឹងមានសន្ដិភាពឡើងវិញ ។ ពួក​គាត់​បាន​ថ្លែង​អំណរប្រមុខរាជរដ្ឋាភិបាលម្ពុជា ជាពិសេសប្រធានាធិបតីសហរដ្ឋអាមេរិក និង​ប្រធា​ន​​អាស៊ាន​ប្ដូរវេន ដែលបានបង្កើតឱ្យមានកិច្ចព្រមព្រៀងសន្ដិភាពព្រំដែនកម្ពុជា-ថៃនេះ។កិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា ថៃ ដែលបានធ្វើឡើងនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងមកនេះ ក្រោមអធិបតីភាពសនាយករដ្ឋមន្ត្រីនៃប្រទេស​ទាំងពីរ​កម្ពុជា-ថៃ និងក្រោមអធិបតីភាពសាក្សី​ឯកឧត្ដម ដូណាល់ ជេត្រាំ ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ និងនាយករដ្ឋមន្ដ្រីប្រទេសម៉ាឡេស៊ី ដែលក្នុងនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃកម្ពុជាក៏បានលើកការ​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​វីរ​ជន​កង​ទ័ព​ទាំង​១៨​រូប​ផង​ដែរ៕

រដ្ឋសភាកម្ពុជា និងរដ្ឋសភាហុងគ្រី ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួនពីរ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានិងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរ

2025/10/28 11:21:57 am        269
បន្ទាប់ពីជំនួបពិភាក្សារងារទ្វេភាគី រវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភាហុងគ្រី នៅព្រឹកថ្ងៃទី២៧ ខែតុលាឆ្នាំ២០២៥នេះ រួចមក ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នានិងបានអញ្ជើញធ្វើជាអធិបតីភាព ក្នុងការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរ ផងដែរ។ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូសភារវាងរដ្ឋសភានៃប្រទេសហុងគ្រី និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងឯកឧត្ដម ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភាហុងគ្រី។ ចំណែក អនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ រវាងអគ្គលេខាធិការដ្ឋាន រដ្ឋសភាប្រទេសទំាងពីរ បានចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការរដ្ឋសភា តំណាងឱ្យ ឯកឧត្តម ឡេង ប៉េងុង អគ្គលេខាធិការរដ្ឋសភាកម្ពុជានិង ឯកឧត្តម ជឺរជី ស៊ុច (György Such) អគ្គលេខាធិការរដ្ឋសភា ប្រទេសហុងគ្រី។អនុស្សារណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខានាពេលនេះ មានសារៈសំខាន់បំផុត នៅក្នុងការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ នៅគ្រប់កម្រិត      ទំាងក្នុងកម្រិតរដ្ឋសភានិងអគ្គលេខាធិការដ្ឋាន ដូចជាក្នុងការជំរុញឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ច ការចែករំលែកបទពិសោធន៍ ចែករំលែកព័ត៌មានគ្នាទៅវិញទៅមក ការបណ្តុះបណ្តាល និងការលើកកម្ពស់ភាពជាដៃគូ និងការបណ្តុះបណ្តាលកសាងសមត្ថភាពមន្រ្តី នៃរដ្ឋសភាប្រទេសទំាងពីរជាដើម។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងឯកឧត្ដម ឡាស្លូ កូវឺរ ចាត់ទុកអនុស្សារណៈនៃការយោគយល់គ្នា ដែលរដ្ឋសភាប្រទេសទំាងពីរបានចុះហត្ថលេខានាពេលនេះ ជាទំព័រប្រវត្តិសាស្រ្តថ្មីមួយ នៃទំនាក់ទំនងល្អរវាងប្រទេសទំាងពីរដែលមានតំាងពីយូរណាស់លុងណាស់ហើយនោះ។ អនុស្សារណៈនៃការយោគយល់គ្នានាពេលនេះ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋប្រទេសទំាងពីរ ក្នុងការលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ពីព្រោះរដ្ឋសភាប្រទេសទំាងពីរ ជាស្ថាប័នតំណាងឱ្យប្រជាពលរដ្ឋ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកPutin៖ បច្ចុប្បន្នលោកមិនឃើញមានហេតុផលណាមួយដើម្បីជួបជាមួយមេដឹកនាំអ៊ុយក្រែនទេ
06/06/2026 08:06 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្តាល
06/06/2026 07:06 AM
អ្នកវិភាគ៖ លោក Kim Jong Un អាចនឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោក Xi ដើម្បីបង្ហាញកម្លាំងកូរ៉េខាងជើង
06/05/2026 10:06 PM
កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”
06/05/2026 09:06 PM
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ
06/05/2026 09:06 PM
ស្នងការដឹកជញ្ជូនសហភាពអឺរ៉ុប៖ EU ពុំមើលឃើញកង្វះខាតប្រេងយន្តហោះនោះទេខណៈតម្លៃប្រេងហក់ឡើងខ្ពស់
06/05/2026 08:06 PM
លោក Putinនិយាយថា រុស្ស៊ីបានទាក់ទងអាមេរិកពាក់ព័ន្ធនឹងបញ្ហាវិបត្តិនៅប្រទេសគុយបា
06/05/2026 08:06 PM
អ្នកថែសន្តិភាព UNម្នាក់ ស្លាប់ និង ២នាក់ រងរបួស អំឡុងការផ្លោងគ្រាប់កាំភ្លើងត្បាល់នៅលីបង់
06/05/2026 08:06 PM
អាហ្វ្រិកខាងត្បូងបញ្ជូនបេ្រសិតទៅកាន់អាហ្វ្រិក និងទ្វីបផ្សេងទៀត ក្រោយការវាយប្រហាររើសអើងជនបរទេស
06/05/2026 08:06 PM
ក្រុមមេដឹកនាំជួបជុំគ្នា មុនកិច្ចប្រជុំកំពូល សហភាពអឺរ៉ុប-តំបន់បាល់កង់ខាងលិច នៅប្រទេសម៉ុនតេណេហ្គ្រូ
06/05/2026 08:06 PM