កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ
សាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ បានចូលរួមផ្សព្វផ្សាយផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា
យុវជន០២នាក់ជាសិស្សរងរបួសធ្ងន់ធ្ងរ ក្រោយគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកពីមុខយ៉ាងពេញទំហឹង

ព័ត៌មានជាតិ

ឯកឧត្តមប្រធានាធិបតីហុងគ្រី អបអរសាទរកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ

2025/10/28 11:14:44 am        127
ឯកឧត្ដម តាម៉ាស ស៊ូលយ៉ូក (Tamás Sulyok) ប្រធានាធិបតីហុងគ្រី បានចូលរួមអបអរសាទរកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីប្រទេសថៃ កាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៥នេះ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី។ ឯកឧត្តមប្រធានាធិបតី មានក្តីសង្ឃឹមថា បន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជានិងថៃ នឹងវិលទៅប្រក្រតីភាព ហើយប្រជាពលរដ្ឋទំាងសងខាងនឹងរស់នៅដោយសុខសន្តិភាព ឡើងវិញក្នុងពេលឆាប់ៗ។ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម តាម៉ាស ស៊ូលយ៉ូក (Tamás Sulyok) ប្រធានាធិបតីហុងគ្រី។ នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា និងឯកឧត្តមប្រធានាធិបតី បានពិភាក្សាគ្នាជាច្រើនពីតម្លៃសន្តិភាព។ ឯកឧត្តមប្រធានាធិបតី ប្រទេសហុងគ្រី បានគូសបញ្ជាក់ថា ជាទូទៅពលរដ្ឋ ត្រូវការសន្តិភាព ប៉ុន្តែក្នុងសម័យបច្ចុប្បន្ននេះ ប្រជាពលរដ្ឋងាយនឹងរងគ្រោះដោយសារសង្រ្គាមណាស់។ សង្រ្គាមងាយនឹងផ្ទុះឡើង ប៉ុន្តែវាជាការលំបាកបំផុតក្នុងការបញ្ចប់សង្រ្គាម។ ហុងគ្រីក៏ចង់ឃើញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ។ ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានពំានាំនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងការផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនដល់ ឯកឧត្តមប្រធានាធិបតីហុងគ្រី។ សម្តេចប្រធានរដ្ឋសភាក៏បានជម្រាបជូន ឯកឧត្តមប្រធានាធិបតី ពីលទ្ធផលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជា នៅប្រទេសហុងគ្រី ដែលទទួលបានលទ្ធផលជាទីមោទនៈ នៅក្នុងនោះសម្តេចបានអញ្ជើញទស្សនា សិក្សាស្វែងយល់ពីប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋហុងគ្រី និងបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំប្រទេសហុងគ្រី ប្រកបដោយផ្លែផ្កានៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ សម្តេចបានគូសបញ្ជាក់ថា នៅក្នុងជំនួបទ្វេភាគីរវាងសម្តេច និងឯកឧត្ដម ឡាស្លូ កូវឺរ ប្រធានរដ្ឋសភាហុងគ្រី ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរនាពេលកន្លងមក និងទៅអនាគត។ រដ្ឋសភាប្រទេសទំាងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាទំាងកម្រិតរដ្ឋសភា និងកម្រិតអគ្គលេខាធិការដ្ឋាន។ អនុស្សរណៈទំាងពីរនេះជា ឯកសារប្រវត្តិសាស្រ្ត បានបើកទំព័រថ្មីមួយទៀត ដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋទំាងសងខាង។ ឯកឧត្ដម តាម៉ាស ស៊ូលយ៉ូក បានបញ្ជាក់ថា ប្រទេសហុងគ្រី បានត្រៀមជាស្រេចនៅក្នុងការថ្វាយការស្វាគមន៍ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសហុងគ្រីដែលជានិមិត្តរូបដ៏សំខាន់នៃទំនាក់ទំនងដ៏យូរលង់និងរឹងមាំរវាងប្រទេសទំាងពីរ។ ឯកឧត្តមប្រធានាធិបតី បានគំាទ្រការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ដោយមានជំនឿមុតមាំថា គោលដៅអភិវឌ្ឍន៍របស់កម្ពុជា ឆ្នាំ២០៣០ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០នឹងសម្រេចបានដូចបំណងជាក់ជាមិនខានឡើយ។ ជាចុងបញ្ចប់សម្តេចប្រធានរដ្ឋសភា បានស្នើឯកឧត្តមប្រធានាធិបតី ជួយជំរុញសក្តានុពលថ្មីៗ ដែលប្រទេសទំាងពីរមានដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទំាងពីរ មានវិស័យពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ អប់រំ ជាដើម៕

ប្រធានរដ្ឋសភាប្រទេសហុងគ្រីរៀបចំពិធីលៀងសាយភោជន៍ អាហារថ្ងៃត្រង់ ស្វាគមន៍ជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា

2025/10/28 11:05:02 am        156
ក្រោយពីបញ្ចប់ជំនួបពិភាក្សាការងារទ្វេភាគី និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាប្រទេសទំាងពីររួចមក នៅក្នុងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នោះ ឯកឧត្ដម ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភានៃប្រទេសហុងគ្រី បានរៀបចំពិធីលៀងសាយភោជន៍ អាហារថ្ងៃត្រង់ ស្វាគមន៍ជូនគណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភាហុងគ្រី។ ប្រធានរដ្ឋសភាប្រទេសទំាងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាព របស់សម្តេចប្រធានរដ្ឋសភា នៅក្នុងប្រទេសហុងគ្រីនាឱកាសនេះ ថាជាព្រឹត្តិការណ៍សំខាន់ថ្មីមួយបង្ហាញពីការរីកចម្រើនកាន់តែខ្លំាងក្លាឡើងថែមទៀតនៃទំនាក់ទំនងប្រទេសទំាងពីរដែលមានតំាងពីរយូរលង់ណាស់មកហើយ និងដែលបានឈានដល់ខួបទី៧០ឆ្នាំនៅក្នុងឆ្នាំ២០២៦ខាងមុខនេះ។ អនុស្សរណៈនៃការយោគយល់គ្នាដែលរដ្ឋសភាប្រទេសទំាងពីរ បានចុះហត្ថលេខានៅពេលនេះ ជាទំព័រប្រវត្តិសាស្រ្តថ្មីនៃចំណងមិត្តភាពកិច្ចសហប្រតិបត្តិការ ការទូតសភាប្រទេសទំាងពីរ ដែលបានយកប្រជាពលរដ្ឋជាស្នូល និងការគោរពនិងជឿជាក់ ឱ្យតម្លៃគ្នាទៅវិញទៅមក។នៅក្នុងឱកាសទទួលទានអាហារថ្ងៃត្រង់នេះ ថ្នាក់ដឹកនាំប្រទេសទំាងពីរក៏បានចែករំលែកបទពិសោធន៍ និងទស្សនៈ ជុំវិញប្រវត្តិសាស្រ្តនៃទំនាក់ទំនងប្រទេសកម្ពុជា និងហុងគ្រី ព្រមទាំងបានលើកឡើងពីបញ្ហាវប្បធម៌ អរិយធម៌ បញ្ហាសេដ្ឋកិច្ច បញ្ហាសង្គមកិច្ច សុខុលមាលភាពពលរដ្ឋ រួមនឹងបញ្ហាអន្តរជាតិ ពិសេសតម្លៃសន្តិភាពផងដែរ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul

2025/10/28 11:00:10 am        287
នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រី ថៃ ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

សហគមន៍ខ្មែរនៅជប៉ុនចេញលិខិតអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួដែលបង្កើតឱ្យស្ថេរភាពតាមព្រំដែនកម្ពុជា-ថៃឡើងវិញ

2025/10/28 10:42:53 am        358
សហគមន៍ខ្មែរនៅប្រទេសជប៉ុន(CCJ)កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បាន​ចេញ​លិខិត​អបអរ​សាទរ​ចំពោះកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរវាងកម្ពុជា-ថៃក្រោមការ​សម្រប​សម្រួល​របស់​ប្រទេសម៉ា​ឡេស៊ី និងសហរដ្ឋអាមេរិក ដើម្បី​ឈាន​ទៅ​រក​ប្រក្រតីភាព​នៃ​ទំនាក់​ទំនង​រវាង​ប្រជា​ជាតិ​ទាំងពីរ និងប្រែក្លាយតំបន់ព្រំដែនមានជម្លោះទៅជាតំបន់សន្តិភាព មិត្តភាព សហ​ប្រតិ​បត្តិការ និងអភិវឌ្ឍន៍រួម។ ជាមួយគ្នាកិច្ចព្រមព្រៀងដ៏សំខាន់នាពេលនេះ សហគមន៍ខ្មែរនៅប្រទេសជប៉ុន ក៏បានថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ និងសូមសម្ដែងការអបអរសាទរចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកម្ពុជា និងនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ រួម​ទាំង​មេ​ដឹក​នាំ​ម៉ាឡេស៊ី និងប្រធានាធិបតី​អាមេរិក​ដែល​ផ្ដល់​ការ​គាំទ្រ​ពេញ​ទំហឹង​រហូត​ឈាន​សម្រេច​បាន​កិច្ច​ព្រម​ព្រៀងសន្តិភាពកម្ពុជា-ថៃ ជាថ្ងៃប្រវត្តិសាស្ត្រដែលគ្រប់គ្នាចង់បាន។ “យើងខ្ញុំក៏​សូមថ្លែងអំណរគុណចំពោះការចូលរួមគាំទ្ររបស់សាធារណរដ្ឋ ប្រជាមានិតចិន និងសហគមន៍អន្តរជាតិ ក្នុងដំណើរការចរចាស្វែងរកសន្តិភាពដ៏មានតម្លៃនេះ”។នេះបើយោងតាមលិខិតដដែល។ សម្រាប់សហគមន៍ខ្មែរនៅជប៉ុន សន្តិភាព គឺទ្រព្យដ៏ពិសិដ្ឋមិនអាចកាត់ថ្លៃបាន ដែលជាបំណងប្រាថ្នាតែមួយគត់របស់ប្រជាពលរដ្ឋគ្រប់រូប និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមការពារថែរក្សាឱ្យបានគង់វង្ស។ កម្ពុជា និងថៃជាអ្នកជិតខាងអចិន្ត្រៃយ៍ ដែលចាំបាច់ត្រូវខិតខំប្រឹងប្រែងរួមគ្នាធ្វើយ៉ាងណារក្សាឱ្យបាន នូវសុខសន្តិភាព ស្ថិរភាព សុខដុមរមនា និងការអភិវឌ្ឍរួម ដោយឈរលើមូលដ្ឋាននៃការគោរពគ្នានិងការឱ្យតម្លៃ គ្នាទៅវិញទៅមក ការយោគយល់គ្នាការជឿទុកចិត្តគ្នា ដើម្បីផលប្រយោជន៍រួម ដោយផ្អែកលើស្មារតីនៃអ្នកជិតខាងល្អ តាមរយៈការប្រកាន់ខ្ជាប់នូវវប្បធម៌សន្ទនាការទូត និងការគោរពច្បាប់អន្ដរជាតិ។ទន្ទឹមនឹងនេះ សហគមន៍ខ្មែរនៅជប៉ុន មានក្តីសង្ឃឹមយ៉ាងមុតមាំថា បណ្តាប្រទេសជាមិត្ត សហគមន៍អាស៊ាន សហគមន៍អន្តរជាតិ និងដៃគូនានានឹងបន្តគាំទ្រចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងវិលទៅរកប្រក្រតីភាពឡើងវិញរវាង កម្ពុជា-ថៃ ដើម្បីធានាសម្រេចបានជាផ្លែផ្កានៃសេចក្ដីថ្លែងការណ៍រួមនេះ៕

សមាគមខ្មែរចំនួន៦ នៅកូរ៉េខាងត្បូងចេញញត្តិគាំទ្រសម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេច​បាន​ជោគជ័យ​ប្រវត្តិសាស្ត្រកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

2025/10/28 10:05:42 am        238
សមាគមខ្មែរចំនួន៦ ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៥​នេះ បានចេញញត្តិគាំទ្រ និងសម្តែងក្តីសោមនស្សរីករាយចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះជោគជ័យជាប្រវត្តិសាស្ត្រ​ក្នុង​ការ​សម្រេច​បាននូវកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុង​គូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។សមាគមទាំង ៦នោះ រួមមាន៖ សមាគមខ្មែររួមគ្នាដើម្បីខ្មែរ នៅសាធារណរដ្ឋកូរ៉េ, សមាគម​បញ្ញា​វន្ត​ខ្មែរ​នៅកូរ៉េ, សមាគមស្ត្រីខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ, សមាគមខ្មែរជួយខ្មែរនៅក្រុងហ្វាងសុង សាធារណរដ្ឋកូរ៉េ, សមាគមកម្ពុជាសាមគ្គី, និងសមាគមអភិវឌ្ឍន៍អនាគតកូរ៉េ-កម្ពុជា។នៅក្នុងញត្តិគាំទ្រសមគមទាំង ៦បានលើកឡើងថា សមិទ្ធផលជាប្រវត្តិសាស្ត្រនេះ គឺជា​សក្ខីភាព​បញ្ជាក់​យ៉ាងច្បាស់អំពីភាពប៉ិនប្រសប់ គតិបណ្ឌិត និង ការដឹកនាំយ៉ាងខ្ពង់ខ្ពស់របស់ សម្ដេច​ធិបតី ក្នុងការអនុវត្តនូវ “យុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀម” ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។ កិច្ច​ព្រមព្រៀងនេះនឹងនាំមកនូវសន្តិភាព ស្ថិរភាព និងការស្តាឡើងវិញនូវ ទំនាក់ទំនង​ល្អរវាង​ប្រទេស​ទាំងពីរ ដែលនឹងបើកទំព័រថ្មីមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និង សុខមាលភាព​របស់​ប្រជាពលរដ្ឋ​តាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងទូទាំងប្រទេស។សហគមន៍ខ្មែរនៅកូរ៉េបន្ថែមថា ការខិតខំប្រឹងប្រែងរបស់ សម្ដេចធិបតី ក្នុងការសម្រេច​បាន​នូវ​កិច្ច​ព្រម​ព្រៀងនេះ គឺពិតជាគំរូវីរភាពមួយសម្រាប់អ្នកដឹកនាំជំនាន់ក្រោយ ដែល​ជាយុវជន​ទាំងអស់​គ្នា​សូមប្តេជ្ញា បន្តគាំទ្រ និងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តតាមគំនិតផ្តួចផ្តើម និង​ទស្សនៈ​ដឹកនាំ​ដ៏​ត្រឹមត្រូវរបស់ សម្ដេចធិបតី ដើម្បីរួមចំណែកដល់ការកសាង និងថែរក្សាសន្តិភាព ស្ថិរភាព និង​ការរីកចម្រើនរបស់ប្រទេសជាតិនៃយើង៕

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ កោះរ៉ុងកំពុងក្លាយជាកន្លែងទាក់ទាញការវិនិយោគ និងទេសចរណ៍

2025/10/28 09:58:44 am        305
ព្រះសីហនុ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគ​រូបនី​យ​ក​ម្ម និងសំណង់ អះអាងថា កោះរ៉ុង ខេត្តព្រះសីហនុ នៅតែជាកន្លែងដ៏ទាក់ទាញ សម្រាប់​ការ​វិនិយោគ​ផ្ទាល់​ពីបរទេស ពិសេសលើវិស័យទេសចរណ៍ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនឯកជន កំពុង​បោះទុ​នបន្ថែម អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីបម្រើដល់វិស័យទេសចរណ៍ ។ក្នុង​ពិធីបញ្ចុះបឋមសិលាសាងសង់អគារពហុមុខងារ និងសណ្ឋាគារប្រណិតនៃគម្រោងផត អ៊ីវស៍ ផាលេស (Port Yves Palace) របស់ក្រុមហ៊ុន MBIS Development Co.,Ltd. កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅក្នុងឆ្នេរកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ឯក​ឧត្តម​ឧប​នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការសាងសង់នូវអគារពហុមុខងារ និងសណ្ឋាគារប្រណិត ជាការ​វិនិយោគដ៏ត្រឹមត្រូវបំផុត ដើម្បីស្វាគមន៍ និងទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើន ដែល​មក​សម្រាក​លំហែកំសាន្តនៅកោះរ៉ុង ក៏ដូចជាបង្កើតការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ។ គម្រោងនេះមិនត្រឹមតែជាអគារពហុមុខងារ និងសណ្ឋាគារប្រណិតប៉ុណ្ណោះទេ ប៉ុន្តែនេះ​ជា​និមិត្ត​រូប​មួយ នៃការកកើតជីវិតថ្មីមួយទៀត សម្រាប់អ្នកកោះរ៉ុង ជាសសរទ្រូង និងឆ្អឹងខ្នងសេដ្ឋកិច្ច សម្រាប់​អ្នក​កោះរ៉ុងផងដែរ ។ ឯកឧត្តម ក៏បានបណ្ដុះគំនិតដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវយល់ឱ្យបានច្បាស់អំពីប្រភេទទេសចរណ៍ ត្រូវយល់ឱ្យបានច្បាស់ពីគោលបំណង របស់អ្នកទេសចរណ៍ ដែលមកទីនេះ ត្រូវការការលំហែបែបស្ងប់ស្ងាត់ ជាមួយធម្មជាតិស្រស់ត្រកាល ស្រូបយកខ្យល់អាកាសបរិសុទ្ធពីសមុទ្រ ហើយទាំងនេះ គឺជាអ្វីដែលទាំងអស់គ្នា ជាអ្នកកោះរ៉ុងត្រូវយល់ដឹង និងគិតគូរធ្វើយ៉ាងណា ដើម្បីទាក់ទាញទេសចរណ៍ឱ្យមកកាន់ទីនេះ បានកាន់តែច្រើនថែមទៀត តាមរយៈសក្តានុពលទេសចរណ៍ដ៏សំបូរបែប ដែលមានស្រាប់ ។ ឆ្លើយតបនឹងសម្ទុះនៃការវិនិយោគ និងទេសចរណ៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា នឹងរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ នៅលើកោះរ៉ុងបន្ថែមទៀត ដូចជាការធ្វើផ្លូវ ដាក់អំពូលភ្លើង បំពាក់កាមេរ៉ាសុវត្ថិភាព រៀបចំប្រព័ន្ធចម្រោះទឹកស្អាត កសាងទីតាំងស្តុកទឹកស្អាត ការគ្រប់គ្រងសំរាម រៀបចំសហគមន៍ មានការដាំបន្លែ និងចិញ្ចឹមសត្វ និងជំរុញទៅអាជ្ញាធរត្រូវពង្រឹងនូវសន្តិសុខ ដើម្បីធ្វើឲ្យអ្នកវិនិយោគ និងភ្ញៀវបរទេសមានភាពកក់ក្ដៅ និងស្នាក់នៅប្រកបដោយសុវត្ថិភាព ហើយសប្បាយរីករាយ ។លោកស្រី IWONA MAGDA KMIECIK នាយិកាប្រតិបត្តិ M.B.I.S APSARA RESORT លើកឡើងថា គម្រោង ផត អ៊ីវស៍ ផាលេស នឹងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ជាពិសេស រួមចំណែកចូលរួមជំរុញចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០២៥ជាប្រទេសមានចំណូលខ្ពស់ ជាងនេះទៅទៀតផ្តល់ឱកាសការងារអចិន្ត្រៃយ៍ដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណជា ១ ០០០កន្លែង ក្នុងអំឡុងពេលសាងសង់ និងដំណាក់កាលចាប់ផ្តើម ។លោកស្រីបន្តថា គម្រោងនេះ ជាការកសាងនូវវប្បធម៌ ការយោគយល់ និងប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ហើយប្រតិបត្តិការនៃគម្រោងនឹងត្រូវធ្វើឡើងដោយយកចិត្តទុកដាក់ចំពោះបរិស្ថាន ដោយការការពារធម្មជាតិ និងរួមចំណែកដល់អាយុជីវិតយូរអង្វែង សម្រាប់ភពផែនដី និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព អាចកសាងនូវអ្វីដែលស្រស់ស្អាតសម្រាប់ប្រទេសជាតិកម្ពុជា និងសម្រាប់មនុស្សជំនាន់ក្រោយ៕ អត្ថបទ បាន សុខរិទ្ធិ

រដ្ឋសភា កម្ពុជា-ហុងគ្រី ពង្រឹងទំនាក់ទំនងការទូតដើម្បីលើកកម្ពស់ផលប្រយោជន៍ពលរដ្ឋ និងសុខសន្តិភាព

2025/10/28 09:58:36 am        197
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និឯកឧត្ដម ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភាហុងគ្រី បានឯកភាពរួមគ្នាលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទំាងពីរ ក៏ដូចជាដើម្បីការពារ និងលើកកម្ពស់សុខសន្តិភាព នៅក្នុងពិភពលោក ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាសកល។ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភាហុងគ្រី ក្នុងឱកាសដែលសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅប្រទេសហុងគ្រី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ខែតុលា ឆ្នាំ២០២៥។ ឯកឧត្ដម ឡាស្លូ កូវឺរ បានវាយតម្តៃខ្ពស់ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព របស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅក្នុងឱកាសនេះ។ សម្តេចរដ្ឋសភាធិបតី ជាប្រធានរដ្ឋសភាកម្ពុជាដំបូងគេ ដែលបានបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅហុងគ្រី ខណៈកាលពីឆ្នាំ២០១៥ ឯកឧត្តមប្រធានរដ្ឋសភាហុងគ្រី បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា។ នៅដើមឆ្នាំ២០២៥ កន្លងមកនេះ លោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានទី១ រដ្ឋសភាហុងគ្រី ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ផងដែរ។ចំណែកខាងស្ថាប័ននីតិប្រតិបត្តិវិញកាលពីឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្រ្តី បានបំពេញទស្សនកិច្ចចំនួនពីរលើក នៅប្រទេសហុងគ្រី ។ ក្នុងឆ្នាំ២០១៩ ដដែលនោះ ឯកឧត្តម ចាណូស អាឌឺ (Janos Ader) អតីតប្រធានាធិបតីហុងគ្រី បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។ បន្ថែមពីនេះ ប្រទេសហុងគ្រី កំពុងត្រៀមរៀបចំថ្វាយបដិសណ្ឋារកិច្ច ព្រះរាជដំណើរទស្សនកិច្ចរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសហុងគ្រី នាដើមឆ្នាំ២០២៦ខាង មុខនេះដែរ។ឯកឧត្ដម ឡាស្លូ កូវឺរ បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំរបស់ប្រទេសទំាងពីរ ទំាងស្ថាប័នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ជាបន្តបន្ទាប់នេះ បានបង្ហាញពីចំណងមិត្តភាពកិច្ចសហប្រតិបត្តិការដ៏ល្អ និងរឹងមាំ។ នៅក្នុងឆ្នាំ២០២៦ ខាងមុខ ដែលជាខួប៧០ឆ្នាំនៃទំនាក់ទំនងមិត្តភាពកម្ពុជា-ហុងគ្រី កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរនឹងត្រូវពង្រឹងពង្រីកបន្ថែមទៀត។ ហុងគ្រីនឹងជំរុញការបើកស្ថានទូតរបស់ខ្លួននៅកម្ពុជា ក្នុងពេលឆាប់ៗនេះ និងដំឡើងចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជាពី១៥នាក់ទៅ៣០នាក់ក្នុងមួយឆ្នាំ។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានថ្លែងអំណរគុណយ៉ាងជា្រលជ្រៅជូនឯកឧត្តម ប្រធានរដ្ឋសភា ដែលបានទទួលស្វាគមន៍គណៈប្រតិភូរដ្ឋភាកម្ពុជា យ៉ាងកក់ក្តៅជាទីបំផុត។ សម្តេចបានលើកឡើងថាកម្ពុជា និងហុងគ្រី ជាមិត្តដ៏ល្អស្មោះត្រង់ ជឿជាក់ និងផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក។ ហុងគ្រីជាមិត្តដ៏ល្អរបស់កម្ពុជាឆ្លងទ្វីប។ ចំណងមិត្តភាពកម្ពុជានិងហុងគ្រី មិនត្រឹមតែផ្តល់តម្លៃសម្រាប់ពលរដ្ឋទំាងពីរប្រទេសប៉ុណ្ណោះទេ តែជាច្រកនៃទំនាក់ទំនងអាស៊ី និងអ៉រ៉ុប ថែមទៀតផង។សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន មិនបានកាត់ផ្តាច់ពីការគំាទ្ររបស់ហុងគ្រីបានឡើយ។ សម្តេចរដ្ឋសភាធិបតី បានអរគុណដល់ហុងគ្រី ដែលបានយកចិត្តទុកដាក់ ដល់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសហុងគ្រីនៅក្នុងនោះមានការផ្តល់ប័ណ្ណក្នុងការព្យាបាលជំងឺដោយមិនគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ដល់និស្សិតកម្ពុជា ជាដើម។ ក្នុងនាមជាអតីតនិស្សិត ធ្លាប់បានសិក្សានៅប្រទេសហុងគ្រី កាលពីដើមទសវត្សរ៍ឆ្នាំ៨០ សម្តេចប្រធានរដ្ឋសភាវាយតម្លៃខ្ពស់ពីការរីកចម្រើនរបស់ប្រទេសហុងគ្រី។ បច្ចុប្បន្នហុងគ្រីជាប្រទេសមួយដែលនាំមុខខាងវិស័យកសិកម្ម ធនធានទឹក បរិស្ថាន និងបច្ចេកវិទ្យា។ សម្តេចបានស្នើ ឯកឧត្តមប្រធានរដ្ឋសភាហុងគ្រី ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទំាងនោះបន្ថែមទៀតនៅកម្ពុជា ។ ជាពិសេសជំរុញទេសចេណ៍ វិនិយោគ ពាណិជ្ជកម្ម ក្នុងការនាំមកនូវផលប្រយោជន៍ជូនពលរដ្ឋប្រទេសទំាងពីរ។សម្តេចរដ្ឋសភាធិបតី បានពំានាំនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងការផ្តាំផ្ញើរសាកសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនដល់ ឯកឧត្តមប្រធានរដ្ឋសភា ផងដែរ។ ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភាក៏បានជម្រាបជូន ឯកឧត្តមប្រធានរដ្ឋសភាហុងគ្រី ពីកិច្ចព្រមព្រៀងសន្តិភាពដែលនាយរដ្ឋមន្រ្តីកម្ពុជានិងថៃ បានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ប៉ុន្មានថ្ងៃមុននេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានជាសាក្សី របស់ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម Dato’ Seri Anwar bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី ក្រោយប្រទេសទំាងពីរមានជម្លោះព្រំដែនជាមួយគ្នាប្រមាណជា៥ខែមកនេះ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថាកិច្ចព្រមព្រៀងសន្តិភាពនេះ ជាបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋកម្ពុជា។ កម្ពុជាមិនចង់បានសង្រ្គាមទៀតនោះឡើយ។ កម្ពុជាបានឆ្លងកាត់សង្រ្គាមអស់រយៈពេលជាង៣ទសវត្សរ៍កន្លងមកនេះ បានហែរឆ្លងការលំបាកជាច្រើន។ ការទទួលបានសន្តិភាពដូចសព្វថ្ងៃ ជាការលំបាកណាស់។ សន្តិភាពដែលកម្ពុជាទទួលបាន ដោយសារថ្នាក់ដឹកនាំ មានសម្តេចតេជោ ហ៊ុន សែន ដែលបិតាសន្តិភាព បានយកអាយុជីវិតជាដើមទុន ក្នុងការទទួលបានសុខសន្តិភាព។ សម្តេចប្រធានរដ្ឋសភាបានស្នើដល់ប្រទេសហុងគ្រី ជួយគំាទ្រ លើកទឹកចិត្តដល់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនេះ ឱ្យបានស្ថិតស្ថេរយូរអង្វែងតទៅ ដើម្បីធ្វើយ៉ាងណាឱ្យបន្ទាត់ព្រំដែនរបស់កម្ពុជា និងថៃ វិលទៅប្រក្រតីភាពឡើងវិញ។ ទំាងសម្តេចប្រធានរដ្ឋសភានិង ឯកឧត្តមប្រធានរដ្ឋសភាហុងគ្រី បានវាយតម្លៃខ្ពស់ចំពោះគុណតម្លៃសន្តិភាព។ មានសន្តិភាពទើបមានការអភិវឌ្ឍ និងមានអ្វីៗគ្រប់យ៉ាង៕

ព្រឹកនេះយោធភូមិភាគទី៤ កម្ពុជា និងយោធភូមិភាគ២ថៃ ជួបប្រជុំជាមួយ​អ្នកសង្កេតការណ៍​អាស៊ាន (AOT) នៅច្រកព្រំដែនអូរស្មាច់

2025/10/28 09:45:34 am        389
ឧត្តរមានជ័យ៖នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ កងទ័ពនៃយោធភូមិភាគទី៤ ​របស់​កម្ពុជា និងកងទ័ពនៃយោធភូមិភាគ២របស់ថៃ ជួបប្រជុំជាមួយអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ។ កិច្ចប្រជុំនាព្រឹកថ្ងៃនេះ ធ្វើឡើងជជែកពីការអនុវត្តតាមស្មារតី​នៃសេចក្តីថ្លែងការណ៍​រួមស្តីពី​សន្តិភាព​រវាងកម្ពុជា-ថៃ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

កម្ពុជា និងអូស្ត្រាលី ឯកភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត

2025/10/27 09:00:30 pm        242
នារសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងអូស្ត្រាលី បន្ទាប់ពីជំនួបទ្វេភាគីរវាង សម្ដេចបវរធិបតី និងឯកឧត្តម Anthony Albanese កាលពីខែមីនា ឆ្នាំ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ជិត៦០០លានដុល្លារ ក្នុងឆ្នាំ២០២៤ និងបានអរគុណអូស្ត្រាលីដែលបានបង្កើនចំនួនអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា តាមសំណើរបស់សម្តេចបវរធិបតី ពី ៥០កន្លែង ឡើងដល់ ៦២កន្លែង សម្រាប់ឆ្នាំ២០២៥។ សម្ដេចបវរធិបតីក៏បានកត់សម្គាល់វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យការពារជាតិ និងសន្តិសុខ ដោយនាវាចម្បាំង HMAS Ballarat របស់កងទ័ពជើងទឹកអូស្ត្រាលី បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបានធ្វើទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាម នាថ្ងៃទី១០-១៥ ខែតុលា ឆ្នាំ២០២៥កន្លងទៅ។ ជាការឆ្លើយតប, ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី បានឯកភាពចំពោះការវាយតម្លៃរបស់សម្ដេចបវរធិបតី ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច, សន្តិសុខ និងការពារជាតិ ព្រមទាំងការផ្លាស់ប្ដូរប្រជាជននិងប្រជាជន។ ជាមួយគ្នានេះ, ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលីបានរំលឹកអំពីដំណើរទស្សនកិច្ចរបស់រូបឯកឧត្តមនៅកម្ពុជាចំនួន ៣លើកកន្លងមក និងបានកត់សម្គាល់អំពីសក្កានុពលរបស់កម្ពុជាក្នុងវិស័យទេសចរណ៍ផងដែរ។ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មសាយប័រ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលីបានចាត់ទុកបញ្ហាទាំងនេះជាបញ្ហាប្រឈមរបស់ប្រទេសទាំងអស់។ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានស្វាគមន៍ការវិវត្តជាវិជ្ជមានចំពោះដំណោះស្រាយនៃជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងថៃ និងបានវាយតម្លៃខ្ពស់អំពីភាពជាអ្នកដឹកនាំរបស់សម្ដេចបវរធិបតី ក្នុងដំណើរការរកដំណោះស្រាយនេះ។ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលីថែមទៀត៕

កម្ពុជា-នូវែលហ្សេឡង់ ឯកភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត

2025/10/27 08:50:52 pm        178
នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Christopher Luxon នាយករដ្ឋមន្ត្រី នូវែលហ្សេឡង់ បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងនូវែលហ្សេឡង់។ សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីសក្តានុពលនៃការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី។ សម្ដេចបវរធិបតីបានជម្រាបជូនអំពីការអភិវឌ្ឍ និងអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជា រួមទាំងការធ្វើពិពិធកម្មទៅលើទីផ្សារនាំចេញ និងប្រភេទផលិតផលនាំចេញ។ ទន្ទឹមនេះ កម្ពុជាក៏មានសក្តានុពលជាច្រើនទៀត ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីនានា។ ដោយយោងលើសក្តានុពលទាំងនេះរបស់កម្ពុជា, សម្ដេចបវរធិបតីបានស្នើឯកឧត្តមនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ ជួយជំរុញវិនិយោគិននូវែលហ្សេឡង់ពិនិត្យលទ្ធភាពក្នុងការវិនិយោគនៅកម្ពុជា។ជាការឆ្លើយតប, ឯកឧត្តមនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានចំណុចខ្លាំងរៀងៗខ្លួនដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក និងឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរថែមទៀត។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានគាំទ្រការបង្កើត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង អាស៊ាន និងនូវែលហ្សេឡង់”។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្ដូរទស្សនៈគ្នាទៅលើបញ្ហាតំបន់ និងសកលមួយចំនួន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកវិភាគ៖ លោក Kim Jong Un អាចនឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោក Xi ដើម្បីបង្ហាញកម្លាំងកូរ៉េខាងជើង
06/05/2026 10:06 PM
កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”
06/05/2026 09:06 PM
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ
06/05/2026 09:06 PM
ស្នងការដឹកជញ្ជូនសហភាពអឺរ៉ុប៖ EU ពុំមើលឃើញកង្វះខាតប្រេងយន្តហោះនោះទេខណៈតម្លៃប្រេងហក់ឡើងខ្ពស់
06/05/2026 08:06 PM
លោក Putinនិយាយថា រុស្ស៊ីបានទាក់ទងអាមេរិកពាក់ព័ន្ធនឹងបញ្ហាវិបត្តិនៅប្រទេសគុយបា
06/05/2026 08:06 PM
អ្នកថែសន្តិភាព UNម្នាក់ ស្លាប់ និង ២នាក់ រងរបួស អំឡុងការផ្លោងគ្រាប់កាំភ្លើងត្បាល់នៅលីបង់
06/05/2026 08:06 PM
អាហ្វ្រិកខាងត្បូងបញ្ជូនបេ្រសិតទៅកាន់អាហ្វ្រិក និងទ្វីបផ្សេងទៀត ក្រោយការវាយប្រហាររើសអើងជនបរទេស
06/05/2026 08:06 PM
ក្រុមមេដឹកនាំជួបជុំគ្នា មុនកិច្ចប្រជុំកំពូល សហភាពអឺរ៉ុប-តំបន់បាល់កង់ខាងលិច នៅប្រទេសម៉ុនតេណេហ្គ្រូ
06/05/2026 08:06 PM
អាមេរិកបង្កើនសម្ពាធលើគុយបា ខណៈពួកគេដាក់ទណ្ឌកម្មលោកប្រធានាធិបតី Diaz-Canel
06/05/2026 08:06 PM
រដ្ឋមន្រ្តីការពារជាតិអាមេរិកចាត់ទុកបាតុកម្មនៅបូលីវីថា ប្រៀបបាននឹងការផ្តួលរំលំរដ្ឋាភិបាល
06/05/2026 08:06 PM